Author: វល័ក្ខ

  • កម្ពុជា ដែលជាសមាជិកអាស៊ាន កំពុងបន្តបោះជំហានទៅកាន់តំណែងជាអធិរាជគ្រាប់ស្វាយចន្ទីតាមមហិច្ឆតាគ្រោងទុក ខណៈពេលបច្ចុប្បន្នកំពុងបង្ហាញខ្លួននៅលើទីផ្សារសហភាពអឺរ៉ុប

    កម្ពុជា ដែលជាសមាជិកអាស៊ាន កំពុងបន្តបោះជំហានទៅកាន់តំណែងជាអធិរាជគ្រាប់ស្វាយចន្ទីតាមមហិច្ឆតាគ្រោងទុក ខណៈពេលបច្ចុប្បន្នកំពុងបង្ហាញខ្លួននៅលើទីផ្សារសហភាពអឺរ៉ុប

    ភ្នំពេញ ៖ ជាមួយនឹងមហិច្ឆតាដែលបានគ្រោងទុកឈានទៅរកតំណែងជាអធិរាជ និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក បច្ចុប្បន្ននេះ ក្រៅពីមានការវិវត្ត និងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើការកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែមនោះ គ្រាប់ស្វាយចន្ទីកម្ពុជាក៏កំពុងទទួលបានការស្វាគមន៍ និងគាំទ្រគួរឱ្យកត់សម្គាល់នៅលើទីផ្សារអន្តរជាតិ ជាពិសេស សហភាពអឺរ៉ុបតែម្ដង ដែលតាមរយៈតែក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាតែមួយប៉ុណ្ណោះ ទទួលបានការបញញជាទិញពីទីផ្សារអឺរ៉ុបក្នុងដំណាក់ដំបូងរហូតដល់ទៅ២៥០តោន។

    ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាដើម្បីនាំចេញ និងទទួលបានការបញ្ជាទិញពីទីផ្សារអឺរ៉ុបមួយនេះមានឈ្មោះថា MIRARTH Agri Tech មានទីតាំងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទើបតែដំណើរការនៅចុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីទំហំ ១,៥០០ តោនក្នុងមួយឆ្នាំ។

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងដែរថា បច្ចុប្បន្ន ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសមានប្រមាណ៥៨ម៉ឺនហិកតា តែពីរឬ៣ឆ្នាំទៀតអាចនឹងកើនឡើងជាង៦០ម៉ឺនហិកតា។ទទួលផលក្នុងឆ្នាំ២០២៤ មានចំនួន៨៧ម៉ឺនតោន ក្នុងនោះ៨៥ភាគរយបាននាំចេញប្រទេសវៀតណាម នៅសល់ជាង១០ភាគរយកែច្នៃនៅក្នុងស្រុកនិងមួយចំនួនទៀតនាំគ្រាប់ឆៅទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។

    ដោយឡែក ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាមានសម្តថភាពផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ ម៉ឺនតោន កើន២៦ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមបានជាង៧៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ពាន់ ១១០លានដុល្លារអាមេរិក កើន ៣១ភាគរយ ខណៈតម្លៃកើន ៩ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕

  • អគារជាប់គាំងចំនួន ១៦គម្រោងនៅខេត្តព្រះសីហនុ ទទួលបានការបន្តសកម្មភាពសាងសង់ និងវិនិយោគឡើងវិញក្រោមការទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    អគារជាប់គាំងចំនួន ១៦គម្រោងនៅខេត្តព្រះសីហនុ ទទួលបានការបន្តសកម្មភាពសាងសង់ និងវិនិយោគឡើងវិញក្រោមការទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្រប​ខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ៖ អង្គប្រជុំបានសម្រេចជាគោលការ​ណ៍​ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។

    ឯកឧត្តមបណ្ឌិត បានបន្តថា៖ ក្នុងចំណោមគម្រោងវិនិយោគ និងធុរកិច្ចទាំង ៤៨ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគជិត៥០០លានដុល្លារអាម៉េរិក ។ គម្រោងទាំងនេះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយ​មីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក,គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម,និងគម្រោ​ង​អាទិភាពផ្សេងៗទៀត។

    ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមកបានចំនួន ៦ គម្រោងដែលអនុញ្ញាតឱ្យ​ម្ចាស់​គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។

    សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤,ក្រុមការ​ងា​របានសម្រេចជាគោលការ​ណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។

    គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគ លើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង៕

  • គម្រោងសាងសង់លើកកម្ពស់គុណភាព និងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ

    គម្រោងសាងសង់លើកកម្ពស់គុណភាព និងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ

    យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ជុំគិរី(ភ្ជាប់ផ្លូវជាតិលេខ៣) សម្រេចលទ្ធផលសាងសង់បានជាង ៩៧,០១% ហើយ

    ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

    ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ ដោយឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

    សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ
    (PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។

    គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ៕

  • តានតឹងខ្លាំងមែនទេ ការកត់ត្រាបញ្ជីការងារអាចជួយអ្នកបាន!

    តានតឹងខ្លាំងមែនទេ ការកត់ត្រាបញ្ជីការងារអាចជួយអ្នកបាន!

    ប្រសិនបើអ្នកកំពុងជួបនឹងបញ្ហាពិបាកក្នុងការគេង នោះដំណោះស្រាយដែលអាចជួយអ្នកបាននោះគឺ ទម្លាប់នៃការកត់ត្រា ដោយប្រើប៊ិច និងក្រដាស ពីកិច្ចការដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក។

    ប្រសិនបើអ្នកធ្លាប់ជួបនឹងបញ្ហាពិបាកគេង ឬគេងមិនលក់ អ្នកប្រហែលជាដឹងហើយថារឿង ដែលធ្វើឱ្យអ្នកភ្ញាក់ដឹងខ្លួនពីដំណេកនៅកណ្តាលយប់ គឺជារឿងព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នក បារម្ភថា តើអ្នកត្រូវធ្វើអ្វីខ្លះនៅថ្ងៃបន្ទាប់ ជាពិសេសប្រសិនបើអ្នកមានកិច្ចការដែលត្រូវធ្វើច្រើន និងនៅមិនទាន់បានបញ្ចប់ការងារទាំងនោះនៅឡើយ។

    នៅក្នុងការសិក្សារបស់និយោជិតនៅក្នុងក្រុមហ៊ុន IT របស់អាឡឺម៉ង់ បានបង្ហាញថា អ្នកដែលមានកិច្ចការងារដែលមិនទាន់បានបញ្ចប់នៅកន្លែងការងារ ពួកគេតែងគិតអំពីបញ្ហាការងាររបស់ពួកគេនៅថ្ងៃចុងសប្តាហ៍ច្រើន បើធៀបទៅអ្នកដែលមានការងារច្រើន ឬតិចជាងនៅលើបន្ទុកការងាររបស់ពួកគេ។ អ្នកស្រាវជ្រាវ Christine Syrek មកពីសាកលវិទ្យាល័យ Trier បានសរសេរថា លទ្ធផលស្រាវជ្រាវរបស់ពួកគេបានបង្ហាញថា “ការដែលមិនបានបញ្ចប់កិច្ចការរបស់ខ្លួននៅក្នុងថ្ងៃធ្វើការ ធ្វើឱ្យបុគ្គលិករងសម្ពាធការងារ និងធ្វើឱ្យពួកគេគេងមិនលក់នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក ដោយសារការរងនូវឥទ្ធិពលសម្ពាធនៃពេលវេលា”។

    ការគិតពីការងារដែលមិនទាន់បញ្ចប់ នឹងធ្វើឱ្យអ្នកពិបាកគេង ជាពិសេសនៅយប់ថ្ងៃអាទិត្យ ពីព្រោះថ្ងៃស្អែក អ្នកនឹងត្រូវចូលធ្វើការវិញ ហើយប្រាកដណាស់អ្នកនឹងប្រឈមមុខនឹងកិច្ចការដែលអ្នកមិនទាន់បានបញ្ចប់ ហើយរួមទាំងការងារថ្មីមួយចំនួនទៀត ដែលអ្នកនឹងទទួលបានជាបន្តបន្ទាប់។ ដូច្នេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​បញ្ឈប់​ការ​ព្រួយ​បារម្ភ និងភាពធុញថប់​ទាំង​នេះ ដែលរំខានដល់ការសម្រាកនាថ្ងៃចុងសប្តាហ៍ និងការគេងរបស់អ្នក? អ្នកអាចរាប់លេខ ឬគេតែងនិយមហៅថា រាប់កូនចៀម អាន​សៀវភៅ​ ធ្វើសមាធិ ដោយផ្តោតលើការដកដង្ហើមរបស់អ្នក ឬ​អ្នក​អាច​​ធ្វើ​បញ្ជី ដោយកត់ត្រានូវរាល់ការងារទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើនៅថ្ងៃបន្ទាប់ ដើម្បីឱ្យអ្នកអាចគ្រប់គ្រងពេលវេលា និងការងាររបស់អ្នកបានយ៉ាងល្អជារៀងរាល់ថ្ងៃ ហើយវិធីនេះក៏អាចជួយកាត់បន្ថយការគិត និងការព្រួយបារម្ភច្រើនរបស់អ្នកផងដែរ។

    សូមចាប់ផ្តើមសរសេរនូវរាល់ការងារដែលអ្នកត្រូវធ្វើទៅតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ហើយអនុវត្តទៅតាមបញ្ជីការងារទាំងនោះជាប្រចាំ នោះអ្នកនឹងមើលឃើញពីប្រសិទ្ធភាពនៃការកត់ត្រានេះជាក់ជាមិនខាន ស្របតាមការសិក្សាដែលធ្វើឡើងនៅសហរដ្ឋអាមេរិកបានរកឃើញថា វិធីនេះគឺពិតជាមានប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។

    លោក Michael Scullin នាយកនៃមន្ទីរពិសោធន៍ Sleep Neuroscience and Cognition Laboratory នៅសាកលវិទ្យាល័យ Baylor សហរដ្ឋអាមេរិកបានស្នើឱ្យអ្នកស្ម័គ្រចិត្តចំនួន២ក្រុមធ្វើការកត់ត្រាតាមវិធីផ្សេងគ្នា ដោយឱ្យក្រុមទី១សរសេរនូវបញ្ជីមុនពេលចូលគេង ជាបញ្ជីរៀបរាប់ពីការងារដែលពួកគេសម្រេចបាននៅថ្ងៃនេះ ហើយក្រុមទី២សរសេរពីបញ្ជីការងារដែលពួកគេត្រូវធ្វើនៅថ្ងៃស្អែក ហើយជាលទ្ធផលនៃការស្រាវជ្រាវនេះបានរកឃើញថា ក្រុមទី២ដែលមានទម្លាប់សរសេរកត់ត្រានូវរាល់ការងារដែលពួកគេត្រូវធ្វើនៅថ្ងៃស្អែក មុនពេលចូលគេង ធ្វើឱ្យពួកគេឆាប់គេងលក់ និងគេងលក់បានស្កប់ជាងក្រុមទី១។ តាមរយៈការស្រាវជ្រាវបានបញ្ជាក់ថា ក្រុមទី២បានសរសេរចេញនូវការងារដែលពួកគេត្រូវធ្វើនៅថ្ងៃស្អែក ធ្វើឱ្យខួរក្បាលរបស់ពួកគេលេងមានការខ្វល់ខ្វាយច្រើន ធ្វើឱ្យខួរក្បាលអាចសម្រាកបានកាន់តែងាយ និងឆាប់រហ័ស ពីព្រោះពួកគេបានសម្រាលបន្ទុកផ្លូវចិត្តរបស់ពួកគេពីការគិតច្រើនពីការងារដែលពួកគេនៅមិនទាន់បានបញ្ចប់ និងការងារដែលពួកគេត្រូវធ្វើនៅថ្ងៃបន្ទាប់។

    ដូច្នេះ ការសរសេរចេញនូវបញ្ជីការងារដែលត្រូវធ្វើនៅថ្ងៃស្អែកមុនពេលចូលគេង ឬទម្លាប់នៃការកត់ត្រាទុកនូវបញ្ជីការងារដែលត្រូវធ្វើ គឺជាការតម្រង់ទិសខ្លួនអ្នក ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងខួរក្បាលរបស់អ្នក ជួយសម្រួលដល់ការគិតរបស់អ្នកឱ្យបានត្រឹមត្រូវ និងមានលំដាប់លំដោយក្នុងការធ្វើការងារបានយ៉ាងល្អ។ ការសរសេរចេញនូវបញ្ជីការងារទៅតាមលំដាប់លំដោយបានល្អ នឹងធ្វើឱ្យអ្នករំសាយចិត្តពីការព្រួយបារម្ភចំពោះការងារដែលត្រូវធ្វើ និងកាត់បន្ថយការគិតវិលទៅវិលមក បារម្ភថានឹងធ្វើការងារមិនចប់ ធ្វើមិនបានល្អ និងខ្លាចភ្លេចធ្វើការងារដែលអ្នកត្រូវធ្វើ ធ្វើឱ្យខួរក្បាលរបស់អ្នកបានសម្រាកពីការគិតខ្វល់ខ្វាយ ហើយឆាប់គេងលក់ និងគេងលក់បានស្កប់ស្កល់ល្អជាងមុខ។

    សូមអនុវត្តការកត់ត្រាអំពីការងារដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក មុនពេលចូលគេងទាំងអស់គ្នា ដើម្បីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នកបានល្អប្រសើរ បំបាត់ការគិតខ្វល់ខ្វាយច្រើន ហើយថែមទាំងគេងលក់បានស្កប់ស្កល់ល្អថែមទៀតផង៕

     

  • ដេត ស្រីនាឌ ជាន់ប្រវត្តិសាស្ត្រជាលើកទី២

    ដេត ស្រីនាឌ ជាន់ប្រវត្តិសាស្ត្រជាលើកទី២

    កញ្ញា ដេត ស្រីនាឌ បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បានបោះបង់ការប្រកួតនៅវគ្គផ្តាច់ព័្រត្រ ដោយនាងបានធ្វើពហិការមិនចូលរួមការប្រកួតក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បន្តទៀតនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតរបស់នាងបានក្លាយជាប្រវត្តិសាស្ត្រច្រំដែល ដោយនាងធ្លាប់បោះបង់ការប្រកួតពាក់កណ្តាលទីម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយលើកនេះគឺជាលើកទី២ហើយដែលនាងបានបោះបង់ការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រលើវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើល និងអន់ចិត្តលើរូបនាងជាខ្លាំង។

    នៅ​លើ​បណ្តាញ​សង្គម ដេ​ត ស្រី​នា​ឌ បាន​បង្ហោះ​សាររៀបរាប់​ថា “ជម្រាបសួរ​ប្រជាជន​កម្ពុជា នាង​ខ្ញុំ ដេ​ត ស្រី​នា​ឌ ជា​បវរកញ្ញា​ភព​ផែនដី​ប្រចាំ​ប្រទេស​កម្ពុជា Miss Planet Cambodia 2024 បាន​សម្រេចចិត្ត​ថា ធ្វើ​ពលិការ មិន​ចូលរួម​ប្រ​គួ​ត Miss Planet international 2024 នេះ​បន្ត​ទៀត​ទេ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤។ នាង​ខ្ញុំ​សូម​អរគុណ​ដល់ ពុក​ម៉ែ បង ប្អូន លោកយាយ លោកតា ជាទី​ស្រឡាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ផ្ដល់​នូវ​កម្លាំងចិត្ត​មក​ឱ្យ​រូប​នាង​ខ្ញុំ តាំងពី​ដើម​រហូត​មក​ដល់​ចំណុច​មួយ​នេះ នាង​ខ្ញុំ​សូម​គោរព​អរគុណ​ប្រជាជន​កម្ពុជា”។

    តាមរយៈសារបញ្ជាក់ពីការដកខ្លួនមិនចូលរួមប្រកួត​នេះ​បាន​ធ្វើឱ្យ​មហាជន​ជា​ច្រើន​​សម្តែង​នូវការ​ភ្ញាក់ផ្អើល​ និងការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដកខ្លួន​របស់ ​ដេ​ត ស្រី​នា​ឌ ជាខ្លាំង ដោយមានអ្នកខ្លះ​បាន​លើក​ឡើង​តាម​រយៈ​ខំ​មិន​ពីក្រោម​ការ​បង្ហោះ​របស់ កញ្ញា ​ដេ​ត ស្រី​នា​ឌ ថា “នេះ​ជា​លើក​ទី​២​ហើយ ហើយឱ្យ​តែ​តំណាង​ប្រទេស គឺ​មិន​ដែល​ធ្វើ​ឱ្យ​ចប់​សោះ ​ម៉េច​ចឹ​ង?” ហើយ​ក៏​មាន​អ្នកខ្លះ​ក៏​បាន​ដាក់​ជា​ច​ម្ង​ល់​ថា “ម៉េច​ក៏​មិន​ដកខ្លួន​តាំងពី​ដំបូង”។ អ្នកខ្លះ​បាន​លើក​ឡើង​ថា “មានរឿង​អ្វី​និយាយ​គ្នា​បាន​តើ​នា​ឌ ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង? នេះ​យើង​ជា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់​កម្មវិធី​ណា មិនមែន​លេងសើច​ទេ? ខាង​កម្មវិធី គេ​ធ្វើបាប​មែន បាន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ពហិការ?។ មិន​ថា ក្នុង​កាលៈទេសៈ ឬ​ហេតុផល​អ្វី​ក៏​ដោយ មិន​គួរ​ពហិការ​នៅ​ថ្ងៃ Final ទេ បើ​មិន​តាំងចិត្ត​ទេ ត្រូវ​ឈប់​តាំងពី​មុន​ដំបូង ការងារ​បែប​កូន​ក្មេង មិនមែន​ជា​រឿង​លេងសើច​ទេ។ យប់​នឹង Final ហើយ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ទៅ លើក​ពាក្យ​ពហិការ​វា​ធ្ងន់​ណាស់ ដូច​កម្មវិធី (​អាច៎​សុទ្ធ​)។ យើង​ជា​ម្ចាស់ផ្ទះ​បាន​ម្កុដ​មិន​បាន​ម្កុដ ក៏​ត្រូវ​តែ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ដែរ! ស្រី​នាឌ​ធ្វើ​បែប​នេះ​លក់​មុខ​ជាតិ​សាសន៍​ឯង​១​ប្រទេស​ហើយ​ប្អូន ហើយ​បើ​ប្អូន​បានឃើញ​នឹកគិត​សារ​ឡើង​វិញ​ពី​ប្រទេស​ជាតិ​ជា​ធំ​សិន ចប់​កម្មវិធី ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ប្រព្រឹត្ត​អ​សីល​ធ​ម៍​ដូច​ម្ចាស់​កម្មវិធី​អន្តរជាតិ​ខ្លះ សូម​អង្វរ”។

    យ៉ាងណា​ទន្ទឹម​នឹង​មតិ​រិះគន់​ខាងលើ​នេះ​គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​ចេញ​មុខការ​ពារ​ចំពោះ កញ្ញា ​ដេ​ត ស្រី​នា​ឌ ដោយ​ពួក​គេ​បាន​​ឆ្លើយ​តប​ថា “គាត់​មិនមែន​លក់​មុខ​ប្រទេស​ទេ បញ្ហា​មក​ពី​ខាង​ក្រុមហ៊ុន បើ​ចង់​ដឹង​សូម​បង​សួរ​ទៅ​ខាង​ក្រុមហ៊ុន​ទៅ​ដឹង​ហើយ”។

    ទន្ទឹមនឹងនោះ​ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Miss Planet Cambodia បាន​បង្ហោះ​សារ​ថា យើង​ពិតជា​សុំ​ការ​អធ្យាស្រ័យ​ដល់​សំណាក់​ពុក​ម៉ែ​បងប្អូន​កម្ពុជា ​និង​បណ្តាល​អ្នកគាំទ្រ​គ្រប់​គ្នា​ថា កញ្ញា ខន សុវណ្ណ​សុនី​តា ដែល​ជា​លំដាប់​រង​ទី​១ នឹង​បន្ត​ការ​ប្រកួត​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​បវរកញ្ញា​ភព​ផែនដី ​ឆ្នាំ២០២៤ ដោយហេតុ ​កញ្ញា ដេ​ត ស្រី​នាឌ មាន​បញ្ហា​សុខភាព​នៅ​គេង​មន្ទីរពេទ្យ​មិន​អាច​ចូលរួម​ប្រកួត​បាន។

    ក្នុងនោះដែរ បវរកញ្ញា ដាំ សុភ័ក្រសិនឌី ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ចាក់ថា នេះជាលើកទី២ហើយ ដែល កញ្ញា ដេត ស្រីនាឌ បានបោះបង់ការប្រកួត។ ក្នុងនោះដែរ ដាំ សុភ័ក្រសិនឌី ក៏បានបញ្ជាក់ថា កាលនាងនៅជាគណៈកម្មការ Close Door ថ្នាក់ជាតិ Miss Planet Cambodia ម្នាក់ដែរ ដែលបានសួរសំណួរតែមួយគត់ទៅកាន់ ដេត ស្រីនាឌ ក្នុងនោះនាងបានសួរសំណួរថា “តើប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្ត ឬប្តេជ្ញាចិត្តហើយឬនៅ ទើបប្អូនមកប្រកួតនេះ ឧទារហរណ៍បើប្អូនជាប់ តើនឹងអាចមានរឿងនេះកើតឡើងម្តងទៀតទេ?” ពេលនោះ ស្រីនាឌ បានផ្តល់ចំលើយថា “ចា បង ខ្ញុំនឹងធ្វើវាឱ្យបាន ហើយនឹងមិនឱ្យមានរឿងកើតឡើងម្តងទៀតនោះទេ”។ បវរកញ្ញា សុភក្រ័ស៊ិនឌី បានបន្ថែមទៀតថា នាងមិនដឹងថា ស្រីនាឌ មានបញ្ហាអ្វី ឬរងសម្ពាធមកពីខាងណានោះទេ តែនេះជាសកម្មភាព តួនាទី ជាកាតព្វកិច្ចដែលត្រូវបំពេញ វាមិនមែនឈ្មោះប្អូនតែម្នាក់នោះទេ តែ…។

    គួរបញ្ជាក់ផងដែរថា នាពេលនេះកម្មវិធីប្រកួត Miss Planet International ឆ្នាំ២០២៤ ដែលជាកម្មវិធីរបស់កូនខ្មែរជាអ្នកបង្កើតឡើង ហើយឆ្នាំនេះក៏ត្រូវបានធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា បាន បញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញម្ចាស់មកុដធំរហូតដល់ទៅ២រូប គឺម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេសឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024។ លំដាប់រងទី១ បានទៅលើប្រទេស Luxemburg, លំដាប់រងទី២ បានទៅលើប្រទេសថៃ, លំដាប់រងទី៣ បានទៅលើប្រទេសអ៊ុយក្រែន។

    លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា កម្មវិធីបានបញ្ចប់ទៅហើយ យើងរកបានបវរកញ្ញាដែលស័ក្តិសមបំផុត។ ចំពោះរឿងរិះគន់លោកស្រីមិនខ្វល់ឡើយ ពីព្រោះការរៀបចំកម្មវិធីនីមួយៗតែងតែមានការរិះគន់ និងការសរសើរ មិនថាកម្មវិធីតូចធំ ឬកម្មវិធីថ្នាក់អន្តរជាតិនោះទេសុទ្ធតែមានរឿងគ្រប់គ្នា៕

  • របាយការណ៍ ៖ គិតត្រឹមចុងឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ៤ បានអភិវឌ្ឍន៍គម្រោងលំនៅឋាន តម្លៃសមរម្យនៅកម្ពុជា

    របាយការណ៍ ៖ គិតត្រឹមចុងឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ៤ បានអភិវឌ្ឍន៍គម្រោងលំនៅឋាន តម្លៃសមរម្យនៅកម្ពុជា

    ភ្នំពេញ ៖ យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា អនុវត្តតាមគោល នយោបាយជាតិ ស្ដីពីលំនៅឋាន និងគោល នយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យរបស់រាជរដ្ឋាភិបាលក្នុងគោលដៅផ្ដល់ ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ជាពិសេស ប្រជាពលរដ្ឋដែល មានប្រាក់ ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយ រងគ្រោះនោះ គម្រោងលំនៅឋានតម្លៃសមរម្យ ចំនួន ៤គម្រោង រួមមានលំនៅឋានសរុបចំនួន ៨ ៣៣១ខ្នងផ្ទះ និង ៣ ១៦៤ ចំណែកឯកជន (Unit) ត្រូវបានអភិវឌ្ឍន៍នៅភ្នំពេញ និងខេត្ត កណ្ដាល ។

    យោងតាម របាយការណ៍បូកសរុបរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្រុមហ៊ុនចំនួន ៤ ដែលបានអភិវឌ្ឍ គម្រោងលំនៅឋានតម្លៃសមរម្យលក់ជូនដល់ ពលរដ្ឋ និងមន្ត្រីរាជការដែលមានប្រាក់ ចំណូលទាប និងមធ្យម ។ គម្រោងទាំង ៤នេះ រួមមាន ១. គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល ដែលគម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Homes Co.,Ltd មានផ្ទះសរុបចំនួន ២ ៤៥៧ ផ្ទះ សាងសង់ឡើង លើផ្ទៃដីចំនួន ២៤ ហិកតា ស្ថិតនៅក្នុង ភូមិ កោះគរ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។ គម្រោងនេះបានបញ្ចប់ ១០០ភាគរយហើយ ទាំងដំណាក់កាលទី១ និង ដំណាក់កាលទី២ ។

    គម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃ សមរម្យ មួយទៀត គឺ លំនៅឋាន អារ៉ាខាវ៉ា អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន ARAKAWA Co.,Ltd មាន ចំនួនផ្ទះសរុប ៣ ១៦៤ ចំណែក ឯកជន (Unit) ស្ថិតនៅលើ ផ្ទះដី ១,៣៦ ហិចតា ជា ប្រភេទ អគារ សហកម្មសិទ្ធិ (Condo) ស្ថិតនៅភូមិន ទឹក ថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ គម្រោងនេះ ក៏បាន បញ្ចប់ ទាំង ស្រុង ១០០ភាគរយហើយដែរ ទាំង ដំណាក់ កាលទី ១ និងដំណាក់ទី ២ ។

    សម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋាន តម្លៃ សមរម្យ ទី ៣ គឺ បុរី សែន មនោរម្យ ព្រែក តាទែន អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន B&BM Development Co.,Ltd មានផ្ទះសរុប ចំនួន ៥ ៣៤០ ស្ថិតនៅលើផ្ទៃដី ចំនួន ៨០ ហិចតា ក្នុង ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ គម្រោងនេះសម្រេច ប្រមាណ ៩៧ ភាគរយក្នុងដំណាក់កាលទី ១ ។

    ចំណែកគម្រោង លំនៅឋានតម្លៃសមរម្យមួយទៀត គឺគម្រោង បុរី ហ្គ្រេន ផាក អភិវឌ្ឍន៍ ដោយក្រុមហ៊ុន BRGP Property Development Co.,Ltd ដែលមាន ផ្ទះ ចំនួន ៥៣៤ ផ្ទះ លើផ្ទៃដីសរុប ចំនួន ៥,១៦ ហិចតា ស្ថិតនៅ ក្នុង ភូមទួលកី សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោង នេះសម្រេច បាន១០០ភាគរយ ហើយ នៅក្នុងដំណាក់កាលទី ១ និង ប្រមាណ៣៧ភាគរយនៅក្នុងដំណាក់ទី២ ៕

  • អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងចិញ្ចឹមសត្វផងដែរ។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងដោយបង្ហាញអំពីសន្តានុពលសំខាន់ៗ របស់ខេត្តតាកែវ ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ កំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះ ក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវ មានស្រាប់បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក ដូច្នោះជាគំនិតរបស់ក្រុមហ៊ុនដាណុងចង់បង្កើតកំពង់ផែ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បើចង់បង្កើតកំពង់ផែន គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ហើយណាមួយព្រែកជីកនេះ ក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។

    ឯកឧត្តម អភិបាលខេត្តតាកែវ បន្ដថា ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង ២២ម៉ឺន ហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី ៤តោន ទៅ ៨តោន ក្នុងមួយហិចតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពុងផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពុងផែន និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសន្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តាកែវ ក៏បានបង្ហាញអំពីតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ធម្មជាតិយ៉ាងស្រស់ស្អាតរបស់ខេត្តតាកែវ ដែលមានទីតាំងនៅស្រុកបូរីជលសារផងដែរ។

    ជាការស្នើសុំក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានការយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ប៉ុន្តែទាល់តំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយនេះ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគ៕

  • រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

    រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

    ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ទី១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និងទី២/ សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។

    ជាមួយគ្នា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។

    មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់ ៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការ៖ ១/ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព ដោយបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបទខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល ៥០ឆ្នាំមុខ។

    សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ ទាំង ៥ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្តែង និង ប្រាកដនិយម។ ក្នុងនោះសមរភូមិទាំង ៥រួមមាន៖ ១/ ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ, ២/ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម, ៣/ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ, ៤/ ការងាររៀបចំដែនដី និងនគរូបនីយកម្ម និង ៥/ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ៕

  • ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

    ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

    ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

    ផ្លូវជាតិលេខ៥១នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

    ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

  • ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

    ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ដែលមានដូចជា សុវត្ថិភាព និងគុណភាពសំណង់ រចនាបថ និងការឌីហ្សាញ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម។

    នេះជាប្រសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់ទិសដៅនេះ គឺក្រោយពេលក្រសួងបានទទួលលទ្ធផលល្អលើការងារអាទិភាពដែលកំណត់ជាផែនទីឯកភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖

    សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ដោយបន្តពូនជ្រំ និងបន្តនិរន្តភាពការងារ និងដំណើរការស្ថាប័នជារួម ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង។
    សមរភូមិទី២៖ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមដោយបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហានៅតំបន់ទន្លេសាប តំបន់រមណីយដ្ឋានអង្គរ វិវាទតាមបុរី និងភូមិសាស្រ្តសនិ្តសុខនយោបាយ និងសេដ្ឋកិច្ច-សង្គម។

    សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី៕