Author: វល័ក្ខ

  • កូរ៉េខាងត្បូង​ផ្តួល​វៀតណាម​ដើម្បី​ទៅ​ជួប​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    កូរ៉េខាងត្បូង​ផ្តួល​វៀតណាម​ដើម្បី​ទៅ​ជួប​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង អាយុ​ក្រោម 23ឆ្នាំ បាន​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់ នៃ​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ដោយ​ពិន្ទុ 3-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Pakansari ក្នុង​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ពុធ។

    គ្រាប់​បាល់ 3គ្រាប់​ទាំងនោះ ត្រូវ​រកបាន​ដោយ​ខ្សែបម្រើ​អន្តរជាតិ​កូរ៉េខាងត្បូង Lee Seungwoo នៅ​នាទី ទី7 និង​ទី55 និង​ដោយ​ខ្សែប្រយុទ្ធ Hwang Ui Jo នៅ​នាទី​ទី28។ ក្រុម​ជម្រើសជាតិ​វៀតណាម បានធ្វើការ​វាយបក​បាន 1គ្រាប់​វិញ​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ Tran Minh Vuong នៅ​នាទី​ទី70។

    លោក Kim Hak Bum គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បាន​ប្រើប្រាស់​កីឡាករ 4នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 រួមមាន​អ្នក​ចា​ទី Jo Hyeonwoo ខ្សែប្រយុទ្ធ Son Heung Min និង Hwang Hee Chan និង​ខ្សែបម្រើ Lee Seungwoo។ ខ្សែប្រយុទ្ធ Son របស់​ក្លិប Tottenham Hotspur បានទទួល​តួនាទី​ជា​ប្រធាន​ក្រុម ខណៈដែល​កូរ៉េខាងត្បូង បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់​ផ្នែក​បុរស ដោយ​នេះ គឺជា​ឱកាស​ចុងក្រោយ​របស់គេ​ក្នុងការ​ឈ្នះ​មេដាយមាស​ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច​យោធា​រយៈពេល 21ខែ។

    តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ការបញ្ជូន​បាល់​ដ៏​ឆ្លាត​វៃ​របស់គេ​បាន​ជួយ​ឱ្យ​កីឡាករ Hwang Ui-jo រកបាន​គ្រាប់​បាល់​ទី2 សម្រាប់​កូរ៉េខាងត្បូង​នោះ បានឱ្យដឹងថា៖ «យើង​កំពុងតែ​ខិត​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​មេដាយមាស ក៏ដូចជា​បង្កើត​ប្រវត្តិសាស្ត្រ​ដែរ ហើយ​យើង​នឹង​ប្រជែង​សម្រាប់​មេដាយ​មួយ​នេះ»។

    ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល​កូរ៉េខាងត្បូង នឹងត្រូវ​ជួប​ជាមួយនឹង​ជប៉ុន ដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម 1-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយ​ផ្សេងទៀត៕

    ប្រភពពី៖ Asian Games

  • កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា នឹង​ទទួលបាន​បទពិសោធន៍​លេង​បាល់ថ្មីៗទៀត​ពី​ការ​បង្វឹក​លំដាប់ថ្នាក់​ពិភពលោក ក្នុង​កម្មវិធី MILO Camp

    កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា នឹង​ទទួលបាន​បទពិសោធន៍​លេង​បាល់ថ្មីៗទៀត​ពី​ការ​បង្វឹក​លំដាប់ថ្នាក់​ពិភពលោក ក្នុង​កម្មវិធី MILO Camp

    ភ្នំពេញ៖ កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា ដែលមាន​ទេពកោសល្យ​ពីររូប​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់ MILO Camp រយៈពេល​បួន​ថ្ងៃ ដែល​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ដោយ​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ និង​មកពី​ក្លឹប FC Barcelona ជា​ក្លឹប​បាល់ទាត់​មួយ ដែល​ការប្តេជ្ញាចិត្ត​របស់​ក្លឹប​នេះ​ដើម្បី​ចូលរួម​អភិវឌ្ឍ​យុវជន តាមរយៈ​វិស័យ​កីឡា។ ផ្តើមចេញពី​ការបង្កើត​ភាពជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ការ​បោះជំរំ​ហ្វឹកហាត់​នេះ គឺជា​ឱកាស​ថ្មី និង​វិសេសវិសាល​មួយទៀត​សម្រាប់​កីឡាករ​វ័យក្មេង​ចំនួន 52នាក់ ដើម្បី​មានឱកាស​បាន​រៀនសូត្រ​ពី​គ្រូបង្វឹក​ក្លឹប FC Barcelona លំដាប់ថ្នាក់​ពិភព លោក ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅឯ​កម្មវិធី​បោះជំរំ MILO Camp ដែល​ការ​បោះជំរំ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ក្លឹប PTT Bluewave Chonburi Futsal Club ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ។

    ដោយមាន​ការគាំទ្រ​ពី ម៉ៃ​ឡូ អត្ត​ព​លិ​ក​កម្ពុជា​ទាំងពីរ​រូបនេះ នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​តំណាង​ចូលរួម​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហ​ព​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា។ ម៉ៃ​ឡូ គឺជា​ស្ថាប័ន​ដ៏​សកម្ម​មួយ​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តែងតែបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និកីឡា តាមរយៈ​ការឧបត្ថម្ភ​ជា​សម្ភារ និង​សម្លៀកបំពាក់​កីឡា គ្រឿង​បរិក្ខារ​កីឡា និង​សម្ភារ​សិក្សា​ជាច្រើន​ទៀត។

    ឯកឧត្តម អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា  បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បានឃើញ​អត្ត​ព​លិ​ក​កម្ពុជា ត្រូវបាន​ផ្តល់ឱកាស​ឱ្យចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​លើកដំបូង។

    លោក​បាន​និយាយថា “បាល់ទាត់ ជា​កីឡា​មួយ​ប្រភេទ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រូវបាន​ជ្រើសរើស​ជា​ប្រភេទ​កីឡា​ម្យ៉ាង​សម្រាប់​បង្រៀនក្មេងៗនូវ​បំ​និ​ន​ជីវិតសំខាន់ៗជាច្រើន។ យើង​មានបំណង​លើកទឹកចិត្ត​គ្រប់ការ​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​វិស័យនេះ ហើយក៏​ចង់ឃើញ​កីឡាករ​កម្ពុជា​ត្រូវបាន​ផ្តល់ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ក្រោម​ការបង្ហាត់បង្រៀន​កម្រិត​ខ្ពស់បំផុត​បែបនេះ​ផងដែរ។ យើង​សង្ឃឹមថា​តាមរយៈ​ការចូលរួម​គាំទ្រ​អត្ត​ព​លិ​ក​វ័យក្មេង​ទាំងនេះ ដោយសារតែ​ជំនាញ និង​អត្ត​ច​រិ​ក​របស់​ពួកគេ​បាន​ផង​នោះ នឹងធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ភាព​រីកចម្រើន និង​ជោគជ័យ​ជា​បន្តទៀត នេះ​ក៏​ដោយសារ​ការគាំទ្រ​រប​ស់ ម៉ៃ​ឡូ ផងដែរ សូម​អរគុណ ម៉ៃ​ឡូ “។

    កម្មវិធី​ហ្វឹកហាត់​នេះ អាច​កើតមានឡើង​ក៏ដោយ​សារ​ភាពជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ដែល​បាន​បង្កើតឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​កុមារ​នៅ​ទូទាំង​ពិភពលោក​ទាំងអស់​ឱ្យចូល​រួម​លេង​កីឡា​ឲ្យ​បាន​ច្រើន និង​ដើម្បី​ជួយ​លើកតម្កើង និង​ឱ្យ​តម្លៃ​ដល់​ក្លឹប FC Barcelona ចំពោះ​ការខិតខំ​ប្រឹងប្រែង ការគោរព ការធ្វើការងារ​ជា​ក្រុម ការចេះ​បន្ទាបខ្លួន និង​ម​ហិ​ច្ឆិ​តា ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ការចាប់ផ្តើម​ប្រឈម​ទៅនឹង​បញ្ហា ហើយ​រៀន​ពី​របៀប​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ។

    កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១៧ ដើម្បី​ផ្តល់ឱកាស​និង​បណ្តុះបណ្តាល​ដល់​កុមារ​រាប់ពាន់នាក់​ដែល​មកពី​បណ្តា​ប្រទេសនាៗនៅ​ទូទាំង​ពិភពលោក ដែល​ត្រូវបាន​បង្កើត​យ៉ាង​សម្រិតសម្រាំង​បំផុត​ដោយ ម៉ៃ​ឡូ ដើម្បី​ជួយ​សម្រួច​នូវ​របៀប​នៃ​ការលេង​កីឡា​សម្រាប់​កុមារភាព ដែល​វា​ជំរុញ​កុមារ​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ និង​មាន​ភាពរហ័សរហួន​តា​មរយៈ​ការផ្តល់ឱ្យ​ពួកគេ​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​រីករាយ​ទទួលយក​ការហ្វឹកហ្វឺន​កម្រិត​ពិភពលោក​ដ៏​ស្រួចស្រាល់​មួយ​នេះ។

    លោក Mang Kunno នាយក​គ្រប់គ្រង​ការអភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន Nestlé ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “ម៉ៃ​ឡូ បាន​នឹង​កំពុង​គាំទ្រ​ចំពោះ​សុខភាព និង​ជា​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៧មកម្ល៉េះ ហើយ​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្លឹប FC Barcelona នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលដៅ​នេះ។ ការជំរុញ ការលើកទឹកចិត្ត និង​ការគាំទ្រ​កុមារ​កម្ពុជា​ឱ្យទទួល​បាន​ភាព​រីកចម្រើន​តាមរយៈ​វិស័យ​កីឡា បាន​ឆ្លុះបញ្ចាំង​ពី​គោលបំណង​របស់​ក្រុមហ៊ុន Nestlé ក្នុង​ការជួយ​ប្រជាជន​ឱ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់ជូន​នូវ​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ សុខភាព​កាន់តែ​ល្អ និង​សេចក្តីសុខសាន្ត”។

    កីឡាករ​វ័យក្មេង​ទាំងពីរ​រូបនេះ ដែលមាន​អាយុ ១០ឆ្នាំ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោមក្មេងៗដែលមាន​ទេពកោសល្យ​ទាត់​បាល់​ល្អ​បំផុត​ក្នុងប្រទេស​កម្ពុជា។ មានការ​សង្ឃឹមទុក​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ហើយ​ពួកគេ​អាច​ចែករំលែក​នូវ​ចំណេះដឹង ជំនាញ​ដែល​ទទួលបាន​នេះ​ទៅដល់​មិត្តភក្តិ និង​មិត្ត​រួម​ក្រុម​ក្រោយ​ពេលដែល​ពួកគេ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។

    សម្រាប់​កម្មវិធី​បោះជំរំ MILO Camp នេះ ពួកគេ​នឹងចូលរួម​ជាមួយ​ក្រុមកីឡា​ករ​វ័យក្មេង​ចំនួន ៥២ នាក់      ទៀត ដែល​សុទ្ធសឹងតែ​ជា​កីឡាករឆ្នើមៗ ដែល​ត្រូវបាន​ចម្រាញ់​មកពី​ការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ។ ក្នុង​កម្មវិធី «ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ក្លឹប Barcelona»ឬ The Road to Barcelona កីឡាករ​ចំនួន ៨

    នាក់​ក្នុងចំណោម​កីឡាករ ៥២ នាក់​ក្នុង​ជំរំ MILO Camp ដែលមាន​អាយុ​ចន្លោះ​ពី ៧-១២ ឆ្នាំ នឹងត្រូវ​បានជ្រើសរើស ដើម្បី​មានឱកាស​ធ្វើដំណើរ​ទៅកាន់ Barcelona នា​ខែតុលា ខាងមុខនេះ សម្រាប់​វគ្គ​ហ្វឹកហាត់​ដែល​ធ្វើឡើង​ដោយ​គ្រូបង្វឹក​លំដាប់កំពូលៗរបស់​ក្លឹប​មួយ​នេះ។

    មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើម​ឆ្នាំនេះ លោក Xavier Closas ដែលជា​ប្រធាន​គ្រូបង្វឹក​ក្លិប​បាល់ទាត់ Barcelona បានបញ្ជាក់​ឲ្យ​ដឹងថា “នៅ​ក្លឹប​បាល់ទាត់ Barcelona យើង​ជឿថា កុមារ​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​តាមរយៈ​ការរៀនសូត្រ​ពី​តម្លៃ​នៃ​កីឡា រួមមាន៖ កិច្ចខិតខំ​ប្រឹងប្រែង ការគោរព​ខ្លួនឯង ការគោរព​ដល់ដៃ​គូប្រកួត​ប្រជែង និង​ការគោរពវិន័យ​ការងារ ឬ​ការប្រកួត ការចេះ​ធ្វើ​ការងារ​ជា​ក្រុម ការចេះ​បន្ទាបខ្លួន និង​ការជឿជាក់​ក្នុងការ​សម្រេច​ឲ្យ​បាន​បាន​នូវ​មហិច្ឆតា​របស់​ពួកគេ។

    យើង​ពិតជា​សប្បាយរីករាយ​ណាស់​ក្នុង​ការនាំយក​គ្រូបង្វឹក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ពី​ក្លឹប FC Barcelona ដើម្បី​ផ្តល់នូវ​បទពិសោធ​បង្វឹក​ថ្នាក់​ពិភពលោក​នៅ​ជំរំ ម៉ៃ​ឡូ​សម្រាប់​កីឡាករ​វ័យក្មេង​ទាំង ៥២ នាក់ ហើយ​បន្ទាប់​ទៀត​យើង​ក៏​សូម​ស្វាគមន៍​កីឡាករ​វ័យក្មេង​ចំនួន៨នាក់ ដែល​នឹងត្រូវ​ជ្រើសរើស ដើម្បី​បន្ត​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​របស់​ពួកគេ​រយៈពេល២ថ្ងៃ​ទៀត​នៅ Barca Academy រួមជាមួយ​យុវជន​ដែល​ត្រូវបាន​ជ្រើសរើស​ពី​គម្រោង ម៉ៃ​ឡូ នៅតាម​បណ្តា​ប្រទេស​ដទៃទៀត។ យើង​មាន​ទំនុកចិត្ត​ថា នេះ​នឹង​ក្លាយជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយនឹង​ជំរុញ​ពួកគេ​ឱ្យមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​ជាមួយ​វិស័យ​កីឡា»។

    ក្រុម​អត្ត​ព​លិ​ក និង​តំណាង​ក្រសួង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៩ ខែសីហា ដើម្បី​ទៅ​ចូលរួម​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ខេត្ត Chonburi ចាប់ផ្តើម​ពីថ្ងៃ​ទី៣០ ខែសីហា តទៅ។ ការហ្វឹកហាត់​ផ្លូវការ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៣១ ខែសីហា ដោយមាន​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ រួម​ជាមួយនឹង​គ្រូបង្វឹក​នាំមុខគេ​មកពី​ក្លឹប FC Barcelona៕

  • ក្រុមហ៊ុន KHH ផ្ដល់ឱកាស​ឱ្យ​និស្សិត 110នាក់ ចុះ​ទស្សនៈកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត ដើម្បី​ស្វែងយល់​ពី​ខ្សែចង្វាក់​ផលិតកម្ម

    ក្រុមហ៊ុន KHH ផ្ដល់ឱកាស​ឱ្យ​និស្សិត 110នាក់ ចុះ​ទស្សនៈកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត ដើម្បី​ស្វែងយល់​ពី​ខ្សែចង្វាក់​ផលិតកម្ម

    ភ្នំពេញ៖ នៅ​ថ្ងៃទី 29 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន ខ្មែរ ហៅ​ហូល & ហ៊ែ​ល​ឃែ​រ ហៅ​កាត់​ថា KHH បានផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ចំនួន 110នាក់ ដែល​មកពី​សាកល​វិ​ទ្សា​ល័យ​ធនធានមនុស្ស ចុះ​ទស្សនៈកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម ស្វែងយល់​ពី​របៀប​ក្នុង​ការធ្វើ​អាជីវកម្ម ហើយ​ក្រុមហ៊ុន KHH ក៏មាន​ផ្តល់នូវ​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

    គោលបំណង​នៃ​ទស្សនៈកិច្ច​នេះ ក្រុមហ៊ុន KHH មានបំណង​បំផុសគំនិត​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​ឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ក្នុងការ​បង្កើត​ផលិតផល​ថ្មី ដែលជា​របស់ខ្លួន​នាពេល​អនាគត ក្នុងការ​ប្រកួតប្រជែង ជាមួយ​ផលិតផល​ដែល​នាំចូល​ពី​បរទេស និស្សិត​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ភាពជា​សហគ្រិន ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម របៀប​ក្នុង​ការរៀបចំ​អាជីវកម្ម និង​ក្រុមហ៊ុន​យើង​មាន​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

    គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន KHH ទាំងអស់​បាន​ផលិត​ដោយ​ប្រើ​រូបមន្ត និង​បច្ចេកវិទ្យា​មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ក្រុម​អ្នកជំនាញ​ក្នុង​ឧស្សាហ​កម្មនេះ គឺ​លោក Lee Sukho  និង​លោក Lee Hoon ដែល​ពួកគាត់​មានបទពិសោធន៍​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង 30ឆ្នាំ​មកហើយ។ ក្រុមហ៊ុន KHH មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​កូរ៉េ ដែលមាន​លិខិតបញ្ជាក់ និង​បានធ្វើ​ការសាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បីឱ្យ​ប្រាកដថា អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ជាមួយ​បទពិសោធន៍​ល្អឥតខ្ចោះ នៅពេល​បាន​ប្រើប្រាស់​ផលិតផល​របស់ខ្លួន។ ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​អនុវត្តតាម​ស្ដង់ដារ​អន្ដរជាតិ​ដើម្បី​បង្កើត​ផលិតផល​ដែលមាន​គុណភាព​គួរ​ជាទី​ទុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន KHH គឺជា​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​មួយ​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលថ្មីៗនេះ​ក្រុមហ៊ុន  បានទទួល​នូវ​ទទួល​វិញ្ញាបនបត្រ ISO 9001: 2015 សម្រាប់​គ្រប់​ផលិតផល​របស់ខ្លួន ​ដែល​បាន​ផលិត ​និង​កំពុងដំណើរការ​នៅលើ​ទីផ្សារ​សព្វថ្ងៃ ដូចជា ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ផលិតផល​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ផលិតផល​ទាំងនោះ​មានដូចជា សាប៊ូកក់សក់​ម៉ាក​ក្លិន សាប៊ូ​លាងខ្លួន​ម៉ាក​ក្លិន សាប៊ូ​លាងដៃ​ម៉ាក​ក្លិន សាប៊ូ​លាងចាន​ម៉ាក​ស្អាត និង​សាប៊ូ​លាងចាន​ម៉ាក​ល្អ ព្រមទាំង​ផលិតផល​លាង​សម្អាត​ទូទៅ​ដូចជា សាប៊ូ​សម្អាត​ការ៉ូ សាប៊ូ​បោក​សំលៀកបំពាក់ ទឹក​ក្រអូប និង​សាប៊ូ​សម្អាត​ទូទៅ សម្រាប់​ប្រើប្រាស់​ក្នុង​សណ្ឋាគារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន ហាង​កាហ្វេ​នានា និង​កន្លែងផ្សេងៗផងដែរ​ដែល​បានទទួល​ស្គាល់​គុណភាព​ស្តង់ដារ​អន្តរជាតិ៕

  • ទូរទស្សន៍ LG ជាមួយ​បច្ចេកវិទ្យា AI ThinQ® នៅលើ​ទីផ្សារ​ជាច្រើន នឹងមាន Google Assistant

    ទូរទស្សន៍ LG ជាមួយ​បច្ចេកវិទ្យា AI ThinQ® នៅលើ​ទីផ្សារ​ជាច្រើន នឹងមាន Google Assistant

    អតិថិជន​ទូរទស្សន៍ LG កាន់តែច្រើន​នឹង​អាច​ប្រើ​កម្មវិធី Google Assistant នៅលើ​ទូរទស្សន៍​ឆ្នាំ 2018 របស់​ពួកគេ​ជាមួយ​បច្ចេកវិទ្យា AI ThinQ នៅ​ត្រីមាស​ទី​បួន។ ក្រុមហ៊ុន LG នឹង​ណែនាំ​កម្មវិធី Google Assistant នៅក្នុង​ទីផ្សារ​ចំនួន 7 ទៀត​ដូចជា អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ​និង​ចក្រភព​អង់គ្លេស រួមទាំង​ស្គាល់​រហូតដល់​ប្រាំ​ភាសា។

    ការពង្រីក​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សកល​របស់​ក្រុមហ៊ុន LG ក្នុង​ការបង្កើន​ដំណោះស្រាយ​នៃ​ការ​បញ្ចា​ដោយ​សំឡេង​ដែល​បាន​បើក​ដំណើរការ​ជាមួយ​បច្ចេកវិទ្យា ThinQ របស់​ក្រុមហ៊ុន LG និង​កម្មវិធី Google Assistant ។ ក្រុមហ៊ុន LG បានប្រកាស​ជា​លើកដំបូង​ក្នុង​ស​ន្និ​សិទ្ធ CES 2018 នៅក្នុង​សហរដ្ឋអាមេរិក​ថា​កម្ម​វិធី Google Assistant នឹងត្រូវ​បាន​តំឡើង​នៅក្នុង​ទូរទស្សន៍​របស់ខ្លួន​នៅ​នៅ​ត្រីមាស​ទី​ពីរ។

    កម្មវិធី Google Assistant និង​មាននៅ​គ្រប់​ប្រភេទ​ទូរទស្សន៍ LG WebOS ដែលមាន​នៅលើ​ទីផ្សារ។ ដោយ​ផ្តល់ជូន​នូវ​លក្ខណៈពិសេស​ច្រើនយ៉ាង និង​អាច​ប្រើប្រាស់​បាន​ច្រើន​ភាសា​ផងដែរ ជាមួយនិង​កម្មវិធី Google Assistant ដែល​ភ្ជាប់​នៅ​ខាងក្នុង​ស្រាប់។ ទូរទស្សន៍ LG 2018 AI ThinQ  ផ្តល់ជូន​នូវ​បទពិសោធន៍​ទស្សនា​ដែល​អនុ​ញ្ញា​តិ្ត​អោយ​អ្នកប្រើប្រាស់​ចាត់ចែង​កិច្ចការ​ប្រចាំថ្ងៃ​ស្វែងរក​ចម្លើយ​ឬក៏​គ្រប់គ្រង​ឧបករណ៍ផ្សេងៗក្នុង​គេហដ្ឋាន​ផងដែរ ដោយ​គ្រាន់តែ​ចុច និង​សង្កត់​ប៊ូ​តុង​សំលេង និង​សួ​រព​ត័​មានដូចជា​ការព្យាករណ៍​អាកាសធាតុ ទីតាំង​អាហារ​ដ្ឋា​ន​ដែល​នៅ​ជិត លទ្ធផល​កីឡាថ្មីៗបំផុត ឬក៏​បន្ថយ​ពន្លឺ។ អ្នកប្រើប្រាស់​ទាំងអស់​ក៏​អាច​រំលឹក​អនុស្សាវរីយ៍​របស់​ពួកគេ​ដោយ​ចាក់​បង្ហាញ​រូបភាព​របស់​ពួកគេ​នៅលើ​ទូរទស្សន៍​ពី​កម្មវិធី Google Photo ផងដែរ។

    ដោយមាន​ការជួយ​ពី​កម្មវិធី Google Assistant ទូរទស្សន៍ LG AI TV អាច​បំរើ​ជា​មជ្ឈមណ្ឌល​ផ្ទះ​ឆ្លាត​វៃ ដែល​អាច​ប្រើប្រាស់​ឧបករណ៍​យ៉ាងច្រើន​ប្រភេទ​ដូចជា រ៉ូ​បូត ម៉ា​សុ​ី​ន​បូម​ធូលី ទែម៉ូស្តា​ត ម៉ា​សុ​ី​ន​បន្សុទ្ធ​ខ្យល់ និង​អំពូល​ភ្លើង។ កម្មវិធី Google Assistant គឺអាច​ប្រើ​បាន​ជាមួយ​ឧបករណ៍ ឆ្លាត​វៃ​ច្រើនជាង 5000។ វា​ធ្វើអោយ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ឧបករណ៍​សំលេង និង​ឧបករណ៍​ឆ្លាត​វៃ​ដ៏ទៃទៀត​ដោយ​ភ្ចា​ប់​ជាមួយ​ប្រព័ន្ធ Wi-Fi រឺក៏ Bluetooth ។ ទីផ្សារ​អតិថិជន​ដែល​និយាយ​ភាសា​អង់គ្លេស ដូចជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី និង កាណាដា​អាច​ភ្ចា​ប់ Google ជាមួយ​ទូរទស្សន៍ LG AI ដើម្បី​ផ្ញើរ​សំលេង​បញ្ចា​ផ្ទាល់​ពី​ឧបករណ៍​សំលេង​ឆ្លាត​វៃ​របស់​ពួកគេ។ លក្ខ​ណះ ពិសេស​នេះ​និង​មាន​សំរាប់​អតិថិជន​នៅក្នុង​ប្រទេស​បារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េខាងត្បូង នៅ​ចុងឆ្នាំ 2018 ។ កម្មវិធី​ដែល​អាច​ប្រើ​ជាមួយ Amazon  Alexa បច្ចុប្បន្ន​មាននៅ​ចក្រភព​អង់គ្លេស និង សហរដ្ឋ អាមេរិក និង​ពង្រីក​ទៅដល់​ប្រទេស​អូស្ត្រាលី​និង កាណាដា​ផងដែរ។

    ដោយ​កិច្ចសហប្រតិបត្តិការ​កំ​ពូ​ល​ជាមួយ Google Assistant ទូរទស្សន៍ LG AI ប្រើប្រាស់​បច្ចេកវិទ្យា ស្វែងយល់​សុ​ី​ជម្រៅ​ដ៏​មហិមា​របស់​ក្រុមហ៊ុន LG ដែល​អនុ​ញ្ញា​ត្តិ​អោយ​អ្នកទស្សនា​ប្រើ​ភាសា​ប្រចាំថ្ងៃ បាន​យ៉ាង​រហ័ស​និង​ងាយស្រួល​ភ្ចា​ប់​ទូរទស្សន៍​ជា​មួ​ួ​យ​ឧបករណ៍​ខាងក្រៅ រឺក៏​ស្វែងរក​ព​ត៏​មាន​ជាក់​ដ៏ ជាក់លាក់​រឺក៏​មាតិកា​ណាមួយ​ដោយ​គ្រាន់តែ​ស្នើរ​ដោយ​សំលេង​ប៉ុណ្ណោះ។ ប្តូរ​ប៉ុ​ស្តន៍​ទូរទស្សន៍​តំលើង សម្លេង​រឺ​បន្ថយ​សម្លេង បិទ​ទូរទស្សន៍​នៅពេលដែល​កម្មវិធី​ចាក់ផ្សាយ​ត្រូវបាន​បញ្ចប់, រំលឹក​អ្នក​នៅពេល ដែល​កម្មវិធី​ដែល​អ្នក​ចូលចិត្ត​ចិត្ត​ចាក់ផ្សាយ, ស្វែងរក​កម្មវិធី​ដ៏​ល្អ​បំផុត​សំរាប់​អោយ​អ្នកទស្សនា មិន​ថា តាមរយះ​ខ្សែកាប​រឺក៏​តាម​សេវាកម្ម​អន​ឡាញ​ឡើយ​វា​គ្រាន់តែ​ជា​វិធី​មួយចំនួន​ដែល​បច្ចេកវិទ្យា ThinQ ជួយ​អោយ​អ្នកទស្សនា​ទទួលបាន​នូវ​ភាព​រីករាយ​នូវ​បទពិសោធន៍​ទស្សនា​របស់​ពួកគេ។

    លោក Brian Kwon ប្រធាន​ក្រុមហ៊ុន LG Home Entertainment បាន​និយាយថា​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន LG គឺ​ដើម្បី​ក្លាយខ្លួន​ដ៏​សំខាន់​នៅលើ​ច្ចេក​វិទ្យា​ឆ្លាត​វៃ។ យោងតាម​ទស្ស​នះ​វិទ្យា​របស់​ពួកយើង​គឺ ភាពជា ដៃគូរ​បើកចំហរ និង ការ​ភ្ចា​ប់​ដោយ​បើកចំហរ។ លើសពី​គុណភាព​រូបភាព​ដែល​ដ៏​ល្អឥតខ្ចោះ​ដែល​ទូរ​ទស្ស​ន៏ LG ផ្តល់ជូន កម្មវិធី Google Assistant ផ្តល់ជូន​អតិថិជន​កាន់តែច្រើន​នូវ​កម្រិត​នៃ​ភាព​វៃឆ្លាត​ថ្មី​នៅក្នុង​ផ្ទះ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​បេសកកម្ម​របស់​ក្រុមហ៊ុន LG ដើម្បី​ធ្វើឱ្យ​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន​កាន់តែ​ប្រសើរឡើង​តាមរយៈ​បច្ចេកវិទ្យា​ឈានមុខ។

    ចុចទីនេះដើម្បីមើលព័ត៌មានសម្អិតពីទូរទស្សន៍ ​LG

  • ស្ថាប័នធំ2 ផ្ដល់​អនុសាសន៍​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​ដល់​អ្នករងគ្រោះ​ទឹកជំនន់

    ស្ថាប័នធំ2 ផ្ដល់​អនុសាសន៍​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​ដល់​អ្នករងគ្រោះ​ទឹកជំនន់

    ដើម្បី​សម្រួល​ដល់​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​កើតមាន​ពី​គ្រោះទឹកជំនន់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ ដោយ​ការផ្ដល់​អនុសាសន៍​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឱ្យជួយ​សម្រួល​ដល់​អតិថិ​ជន​ដែល​រង​ផលប៉ះពាល់​ជាក់ស្ដែង​ពី​គ្រោះទឹកជំនន់។ នេះ​បើ​យោងតាម​ការអំពាវនាវ​ដែល​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ​ចុះ​ថ្ងៃទី24 ខែសីហា 2018។

    ក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ជាពិសេស​ផលរបរ​កសិកម្ម​រប​ស់​ប្រជាកសិករ។ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​ធ្វើការ​អំពាវនាវ និង​លើកទឹកចិត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឱ្យជួយ​សម្រួល​ដល់​ប្រជាកសិករ​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

    1-បន្ដ​ផ្ដល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន និង​មាន​យន្តការ​ទន់ភ្លន់​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាពរឹងមាំ​របស់​វិស័យ​ហិរញ្ញវត្ថុ។

    2-បន្ដ​ពិនិត្យ និង​វាយតម្លៃ​លទ្ធភាព​សង​ត្រឡប់​របស់​ប្រជាកសិករ​ដែល​បាន​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​បន្ធូ​បន្ថយ​រយៈពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ និង​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាកសិករ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សមស្របផ្សេង។

    3-បន្ដ​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្ដល់​ការគាំទ្រ​ចាំបាច់​ស្របតាម​កាលៈទេសៈ​ជាក់ស្ដែង។

    យោងសេចក្តី​ថ្លែងការណ៍​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹម និង​ជឿជាក់ថា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នឹងចូលរួម​សហកា​រ ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក និង​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ប្រជាកសិករ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្តែង៕

  • ទំនិញ​ថៃ​គាំទ្រ​ពី​កម្ពុជា និង​ភ្ញៀវទេសចរ ជំរុញឱ្យមាន​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ខេត្តសៀមរាប

    ទំនិញ​ថៃ​គាំទ្រ​ពី​កម្ពុជា និង​ភ្ញៀវទេសចរ ជំរុញឱ្យមាន​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ខេត្តសៀមរាប

    ស្របពេល​ទំនិញ​ថៃ​ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា​ទទួលបាន​គាំទ្រ​ពី​អតិថិជន​ម្ចាស់​ស្រុក​យ៉ាង​ធំធេង និង​ថែមទាំង​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ទេសចរណ៍​ផងដែរ​នោះ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2018នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី30 ខែសីហា ដល់​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2018 នៅ​ផ្សារ ផាម​កុងតឺន័រ ជិត​អង្គរ​ឃ្យូ​ង​យូ ចាប់ពី​ម៉ោង10ព្រឹក ដល់​ម៉ោង10យប់ ដែល​នៅក្នុង​ពិព័រណ៍​នេះ​នឹងមាន​ការដាក់​បង្ហាញ ទំនិញ​ថៃ​ច្រើន​ប្រភេទ​ជា​ទំនិញ​មានគុណ​ភាពល្អ និង​ស្វែងរក​តំណាង​ចែកចាយ​នៅ​កម្ពុជា​ផងដែរ។

    លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត តំណាង​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​នៅពេលនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ដែលជា​ផលិត​ផលគុណ​ភាពល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ​ទំនិញ​ថៃ​ឱ្យមាន​ឱកាស​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​ក្នុងតម្លៃ​សមរម្យ។

    ទំនិញ​ដែល​លក់​ក្នុង​ពិព័រណ៍​នេះ​ភាគច្រើន គឺ​មិនទាន់មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺជា​ទំនិញ​ថ្មី ដែល​ចេញពី​រោងចក្រ​ដោយផ្ទាល់ និង​មាន​ទំនិញ​តិចតួច​ប៉ុណ្ណោះ​ដែល​កំពុង​លក់​លើ​ទីផ្សារ​កម្ពុជា។

    លោក​បន្តថា ម្ចាស់​ទំនិញ​ទាំងអស់​ក្នុង​ពិព័រណ៍​នេះ​ក៏​ចង់​ស្វែងរក​ដៃគូ និង​តំណាង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ម្យ៉ាងទៀត​ពួកគេ​ចង់​ផ្សព្វផ្សាយ​ដល់​អតិថិជន​នូវ​ទំនិញថ្មីៗដែលមាន​គុណភាព​ល្អ ហើយ​ទំនិញ​ដែល​មិនមាន​គុណភាព​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​លក់​លើ​ទីផ្សារ​កម្ពុជា​នោះទេ ដូច្នេះ​ទំនិញ​ថៃ​ដែល​នាំ​ចូលមក​កម្ពុជា​ត្រូវតែ​មានគុណ​ភាពល្អ​ដូចគ្នា​នឹង​ទំនិញ​ដែល​នាំ​ចេញទៅ​បណ្តា​ប្រទេសផ្សេងៗទៀត​ដែរ។

    សូមបញ្ជាក់ថា ការរៀបចំ​ពិធី​តាំងពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ទាំងអស់​ចំនួន 68ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន 87ស្តង់ ក្នុងនោះ​ក្រុមហ៊ុន​ទាំងនោះ​នឹង​នាំយក​ទំនិញ​ជាច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ និង​លក់​ដូចជា ចំណីអាហារ និង​ភេសជ្ជៈ សម្លៀកបំពាក់ និង​គ្រឿង​វាយ​ន​ភណ្ឌ គ្រឿងសម្អាង និង​ទំនិញ​សុខភាព សម្ផស្ស សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ សម្ភារ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង សម្ភារ​តុបតែង​ផ្ទះ ទំនិញ OTOP របស់​ប្រទេស​ថៃ និង​ទំនិញផ្សេងៗជាច្រើន​ទៀត៕

  • ក្រសួង​បញ្ចេញ​ទឹកប្រាក់ 2លាន​ដុល្លារ​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា

    ក្រសួង​បញ្ចេញ​ទឹកប្រាក់ 2លាន​ដុល្លារ​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា

    ដើម្បី​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Green Leader Holding Group និង​អង្គការ UNDP បញ្ចេញ​ទឹកប្រាក់​សរុប​ចំនួន 2លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​រយៈពេល 3ឆ្នាំ 5ខែ គិត​ចាប់ពី​ខែសីហា ឆ្នាំ2018 ដល់​ឆ្នាំ2021។

    ទឹកប្រាក់​ទាំងនេះ​រួមមាន 1.2លាន​ដុល្លារ​ជា​ទឹកប្រាក់​បញ្ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផ្ទាល់ ទឹកប្រាក់​ចំនួន 0.5លាន​ដុល្លារ​បញ្ចេញ​ពី​ក្រុមហ៊ុន Green Leader Holding Group និង0.3 លាន​ដុល្លារ​ពី​អង្គការ UNDP។

    យោងតាម​សេចក្តីប្រកាស​រួម​របស់​ស្ថាប័ន​ទាំង3 ខាងលើ​បានដឹងថា ការអភិវឌ្ឍ​វិស័យ​ដំឡូង​មី គឺ​ដើម្បី​ធ្វើឱ្យ​ក្លាយជា​កម្លាំងចលក​រ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។ ដំឡូង​មី គឺ​ដំណាំ​ជាក​សិ-ឧស្សាហកម្ម​ដែលមាន​សក្តានុពល និង​មានតម្លៃ ដោយសារ​ដំណាំ​នេះ​ងាយស្រួល​ក្នុង​ការដាំដុះ​នៅក្នុង​ដី​មិនសូវមាន​ជីវជាតិ និង​ដាំ​ដុះ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល តម្រូវការ​កម្លាំង​ពលកម្ម​តិច និង​មិន​តម្រូវឱ្យមាន​ដើមទុន​ច្រើន​ឡើយ​សម្រាប់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា ខណៈដែល​វា​មាន​ផលិតភាព​ខ្ពស់​ដែល​អាចធ្វើឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង សម្រាប់​ចំណីអាហារ​មនុស្ស ចំណី​សត្វ រួមជាមួយ​ដំណាំ​ឧស្សាហកម្ម​ច្រើន​ប្រភេទ​ទៀត​ដែលមាន​ដូចជា​ដំណាំ​ពោត​ជាដើម។

    ចំពោះ​លទ្ធផល គេ​រំពឹងថា កម្ពុជា​នឹង​បង្កើន​ការរីកចម្រើន​របស់​ក​សិ​ករ​ផលិត​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការបង្កើន​ផលចំណេញ​ឱ្យបាន​ច្រើន​ដោយ​ត​ភ្ជាប់​ទៅជា​ក​សិ-ពាណិជ្ជកម្ម​ទីផ្សារ៕

  • Son បន្ត​មាន​សង្ឃឹមថា កូរ៉េ​នឹង​ទៅ​ជួប​វៀតណាម ក្នុង​វគ្គ1/2នៃ Asian Games

    Son បន្ត​មាន​សង្ឃឹមថា កូរ៉េ​នឹង​ទៅ​ជួប​វៀតណាម ក្នុង​វគ្គ1/2នៃ Asian Games

    ខ្សែប្រយុទ្ធ Son Heung-min របស់​ក្លិប Tottenham បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ឈានទៅ​ជួប​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Asian Gamesក្រោយពី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​លទ្ធផល 4-3 នៅ​នាទី​បន្ថែម 15នាទី 2ដង កាលពី​ថ្ងៃ​ចន្ទ។

    ដោយឡែក ក្រុម​អាយុ​ក្រោម 23ឆ្នាំ​របស់​វៀតណាម បាន​បន្ត​បង្កើត​ការភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​មួយ​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ស៊ី​រី នៅ​នាទី​បន្ថែម 15នាទី 2ដង​ដូចគ្នា ក្នុង​លទ្ធផល 1-។ ក្រុម​ទាំង2 នឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ពុធ ទី29 ខែសីហា ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ។

    Son ដែលជា​តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ World Cup កំពុងតែ​ស្ថិតក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ប្រជែង​យក​មេដាយមាស ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច​យោធា ហើយ​រូបគេ​បាន​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​របស់គេ Hwang Ui-jo រកបាន 2គ្រាប់ នៅ​មុនពេល​កីឡាករ Hwang Hee-chan បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ទៀត​ដើម្បី​ជួយ​ឱ្យ​កូរ៉េខាងត្បូង​បាន​ឆ្លងទៅ​វគ្គ​បន្ត។

    ប្រធាន​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ បានប្រកាសថា រូបគេ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នោះ ប៉ុន្តែ​កីឡាករ​បម្រុង Hwang Hee-chan បានទាមទារ​បាល់​នោះ ហើយ Son មិន​ហ៊ាន​មើល​ការ​ស៊ុត​បាល់​នោះឡើយ។

    ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «Hee-chan បាន​និយាយថា រូបគេ​ចង់​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី និង​មានការ​ជឿជាក់។ ខ្ញុំ​ក៏បាន​ប្រាប់​រូបគេ​ឱ្យ​ស៊ុត​បាល់​ពិន័យ​នោះ។ ខ្ញុំ​មិនបាន​មើល​ពី​កន្លែង​រូបគេ​បានដាក់​បាល់​ឡើយ ប៉ុន្តែ​បន្ទាប់ពី​នោះមក ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​រូបគេ​មែន»៕

    ប្រភពពី៖ Asian Games

  • លោក Mourinho ទាមទារ​ឱ្យមាន​ការគោរព​គ្នា ក្រោយពី​ចាញ់​ក្រោម​ស្នាដៃ​ក្រុម Spurs

    លោក Mourinho ទាមទារ​ឱ្យមាន​ការគោរព​គ្នា ក្រោយពី​ចាញ់​ក្រោម​ស្នាដៃ​ក្រុម Spurs

    លោក Jose Mourinho បានទាមទារ​ឱ្យមាន​ការ «គោរព» ចំពោះ​ការ​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ទាំង3 របស់លោក ក្រោយពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 3-0 ក្រោម​ស្នាដៃ​ក្រុម Tottenham កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម Tottenham បាន​និយាយ​ពី​ការបង្ហាញ​ទម្រង់​លេង​របស់​ក្រុម Man United តាមរយៈ​ការបញ្ជា​ក់ថា ពួកគេ​គួរតែ​អាចមាន​គ្រាប់​បាល់​នាំមុខ 3-០ តាំងពី​តង់​ទី1 និង​បាន​បញ្ជាក់ថា ចៅក្រម​ដ៏​ល្អ​បំផុត គឺ​អ្នកគាំទ្រ​ដែល​ទះដៃ​សាទរ​ក្នុងពេល​បញ្ចប់​ការប្រកួត។ ប៉ុន្តែ អ្នកគាំទ្រ​ភាគច្រើន ហាក់​មិនបាន​សម្តែង​នូវ​ការរីករាយ​ឡើយ នៅ​មុនពេល​បញ្ចប់​ការប្រកួត។

    ពេល​ចោទសួរ​ទាក់ទង​នឹង​ការប្រកួត​នេះ លោក Mourinho ស្ទើរតែ​ទប់​កំហឹង​មិនបាន​ទៅហើយ។ គ្រូបង្វឹក​រូបនេះ​បានឱ្យដឹងថា៖ «ខ្ញុំ​នឹងធ្វើ​សកម្មភាព​ដូចគ្នា ក្រោយពី​ការ​ចាញ់ 3-០ ខ្ញុំ​នឹង​ចំណាយពេល 2ម៉ោង​ពី​ទីនេះ នៅ​ចំ​កណ្តាល​ទីក្រុង Manchester ពីព្រោះ​វា​ជា​កន្លែង​ដែល​ខ្ញុំ​រស់នៅ ហើយ​ខ្ញុំ​ដឹងថា បន្ទាប់ពី​ការប្រកួត វា​នឹង​ចំណាយពេល 2ម៉ោង ហេតុនេះ ខ្ញុំ​នឹង​ចំណាយពេល 2ម៉ោង​ដូចគ្នា  ខ្ញុំ​នឹង​រក្សា​ការព្យាយាម​នេះ​ជានិច្ច»។

    ការរង​បរាជ័យ 2លើកជាប់ៗគ្នា នឹង​ផ្តល់​សម្ពាធ​បន្ថែមទៀត​លើ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ខណៈដែល Man United បច្ចុប្បន្នកំពុង​ដេញតាម​ពីក្រោយ​ក្រុម Spurs, Liverpool និង Chelsea ដល់​ទៅ 6ពិន្ទុ និង​ដេញតាម​ពីក្រោយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City 4ពិន្ទុ ក្រោយពី​ការប្រកួត 3លើក​ក្នុង​រដូវ​កាល​ថ្មី​នេះ។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​ការប្រកួត លោក Mourinho បាន​និយាយ​ទាំង​ខឹងសម្បា​ទៅកាន់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​តែម្នាក់ឯង​បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ច្រើនជាង​អ្នកចាត់ការ​ទូទៅ 19នាក់​ផ្សេងទៀត។ ខ្ញុំ​បានឈ្នះ 3លើក តែ​ពួកគេ​ទាំងអស់គ្នា​ឈ្នះម្នាក់ៗតែ ២លើក​ប៉ុណ្ណោះ។ សូម​គោរព​ផង​គ្នា»៕

    ប្រភពពី៖ The Guardian

  • ថ្នាក់ដឹកនាំ​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន ចែក​អំណោយ​ដល់​កុមារ និង​ចាស់ជរា 200នាក់

    ថ្នាក់ដឹកនាំ​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន ចែក​អំណោយ​ដល់​កុមារ និង​ចាស់ជរា 200នាក់

    ថ្នាក់ដឹកនាំ​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន ដែល​អញ្ជើញ​មកពី​ប្រទេស​ដូចជា សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន មី​យ៉ាន់​ម៉ា ថៃ ឥណ្ឌូនេស៊ី និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 24 ខែសីហា ឆ្នាំ​កន្លងទៅនេះ បានធ្វើ​សកម្មភាព​មនុស្សធម៌ ដោយបាន​ចុះ​ចែក​អំណោយ​ដល់​កុមារ និង​ចាស់ជរា។

    ភរិយា​តំណាង​ប្រធាន​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន​ឆ្នាំ 2018 ដែល​បានមក​ចូលរួម​សន្និបាត និង​ពិ​ព៌​រណ៍​អចលនទ្រព្យ​អាស៊ាន (ARENA Convention and Exhibition) បាន​ចុះ​ចែក​អំណោយ​ដល់​សហគមន៍​ព្រែក​ទ័លក្រ ដល់​កុមារ និង​ចាស់ជរា​ចំនួន 200នាក់ ដែល​ពួកគាត់​រស់នៅក្នុង​សហគមន៍​ក្រីក្រ និង​កំពុង​ជួប​ការលំបាក ហើយ​សម្ភារៈ​ដែល​ចែកជូន​មានដូចជា សៀវភៅ​សិក្សា កាបូប អង្ករ និង​ម្ហូប​មួយចំនួន ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្សារភ្ជាប់​សង្គម របស់​ថ្នាក់ដឹកនាំ​សមាគម​អចលនទ្រព្យ​អាស៊ាន ជាមួយ​សហគមន៍​ក្រីក្រ​នៅ​កម្ពុជា៕