Author: វល័ក្ខ

  • អង្គការ​លើកលែងទោស​ថា កម្មករ​ធ្វើការ​ក្នុង World Cup នៅ​កាតា មិនបាន​ទទួល​ប្រាក់​ច្រើន​ខែ​មកហើយ

    អង្គការ​លើកលែងទោស​ថា កម្មករ​ធ្វើការ​ក្នុង World Cup នៅ​កាតា មិនបាន​ទទួល​ប្រាក់​ច្រើន​ខែ​មកហើយ

    កម្មករ​អន្តោប្រវេសន៍​ជាច្រើន​នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022 ក្នុង​គម្រោង​ទឹកប្រាក់ 45ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​កាតា មិន​បានទទួល​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ច្រើន​ខែ​មកហើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​នេះ​គឺជា​ការចោទប្រកាន់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ប្រឆាំងនឹង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022។

    ក្រុមហ៊ុន Mercury MENA មិនបាន​បង់ប្រាក់​ឱ្យ​កម្មករ​របស់ខ្លួន​រាប់ពាន់នាក់​ទាក់ទង​នឹង​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​នានា ដែលនាំឱ្យ​ពួកគេ​រស់នៅក្នុង​ភាព​ត្រដរខ្យល់​ក្នុងប្រទេស​នេះ។ នេះ​បើ​យោងតាម​អង្គការ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ។

    ទោះបីជា​យ៉ាងណា ក្នុងការ​ឆ្លើយតបផ្សេងៗ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​ចោទប្រកាន់​អង្គការ​លើកលែងទោស «ពីបទ​យល់ច្រឡំ» និង​បាន​បញ្ជាក់ថា ការមិន​បង់ប្រាក់​មិន​ទាក់ទង​នឹង​យុទ្ធនាការ World Cup ឆ្នាំ2022ទេ។ អង្គការ​លើកលែងទោស​មួយ​នេះ បាន​ចោទប្រកាន់ថា កម្មករ​យ៉ាងហោចណាស់ 78នាក់​មកពី​ប្រទេស​នេ​ប៉ាល់ ឥណ្ឌា និង​ហ្វីលីពីន មិន​បានទទួល​ប្រាក់ខែ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ2016 និង​ត្រូវបាន​គេ​ជំពាក់​ប្រាក់ 2,000ដុល្លារ ដែល​ស្មើនឹង​ប្រាក់ខែ​ជាច្រើន​ខែ។ ក្នុង​ករណីខ្លះ ការមិនទទួលបាន​ប្រាក់ខែ​បែបនេះ បាន​កម្ទេច​ជីវិត​មនុស្ស​ជាច្រើន។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស ដែល​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់​ទីក្រុង​ដូ​ហា បង់ប្រាក់​ទៅឱ្យ​កម្មករ ខណៈដែល​កម្មករ​ខ្លះ បាន​ជំពាក់​បំណុល​គេ​ជាច្រើន​ដើម្បី​ទទួលបាន​ការងារ​មួយ​ក្នុងប្រទេស​កាតា​នេះ។

    លោក Ernesto ដែលជា​កម្មករ​ម្នាក់​ទៅ​ពី​ប្រទេស​ហ្វីលីពីន បាន​ប្រាប់​អង្គការ​លើកលែងទោស​ថា លោក​បាន​ជាប់បំណុល​ជាច្រើន ក្រោយពី​ធ្វើការ​នៅ​កាតា អស់​រយៈពេល​ច្រើនជាង 2ឆ្នាំ មុនពេល​លោក​បាន​ទៅដល់​ប្រទេស​នេះ៕

    ប្រភពពី៖ Channel News Asia

  • អានុភាព​ថ្មី នៃ Samsung Galaxy Note 9 512GB អាច​បន្ថែម​ទំហំ​មេម៉ូរី​ដល់​ទៅ 1TB!

    អានុភាព​ថ្មី នៃ Samsung Galaxy Note 9 512GB អាច​បន្ថែម​ទំហំ​មេម៉ូរី​ដល់​ទៅ 1TB!

    ទូរស័ព្ទ​ណា​ដែលមាន​រ៉េ​ម​ទំហំ 8GB ត្រូវបាន​ចាត់ទុកថា​ជា​រ៉េ​ម​ដែលមាន​សមត្ថភាព​ខ្ពស់ ស្មើរ​នឹង​កុំព្យូទ័រ​ផងដែរ។ ហើយ​ឥឡូវនេះ ទូរស័ព្ទ​ដែលមាន​រ៉េ​ម​កម្រិត​នេះ គឺជា​ទូរស័ព្ទ​ដែល​ទំនើប​បំផុត ស្របតាម​តម្រូវការ​អ្នក​និយម​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន។

    ប្រសិនបើ​លោកអ្នក​ស្វែងរក​ទូរស័ព្ទ​ដែលមាន​រ៉េ​ម​កម្រិត 8GB ឥឡូវនេះ​លែង​ជា​បញ្ហា​ទៀតហើយ។

    ក្រុមហ៊ុន​សាម​សុង បានបង្ហាញ​វត្តមាន Samsung Galaxy Note 9 ដែលមាន​រ៉េ​ម 8GB និង​មេម៉ូរី 512GB នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ​គឺ លោកអ្នក​អាច​បន្ថែម​មេម៉ូរី​ខាងក្រៅ​បាន​រហូតដល់ 512GB ទៀត អីចឹង​វា​មាន​ទំហំ​សរុប​ទៅដល់​1TB ។

    សម្រាប់​ទូរស័ព្ទ​ប្រកបដោយ​អានុភាព​នេះ មាន​ជម្រើស 2ពណ៌ គឺ​ពណ៌​ខៀវ និង​ពណ៌​ខ្មៅ ក្នុងតម្លៃ​ត្រឹម $1159 ប៉ុណ្ណោះ។ ដូ​ចេះ្ន​លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត។

    ក្រុមហ៊ុន​សាម​សុង​ជឿជាក់ថា អ្នក​និយម​ស្មា​ត​ហ្វូ​ន មិន​គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ​ដែលមាន​ថ្ម​កាន់​បានយូរ​ដែលមាន​មកជា​មួយ Samsung Galaxy Note 9 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ការ​ទំហំ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ​ដែរ សម្រាប់​ដាក់​រូបថត វីដេអូ ឬ​ឯកសារសំខាន់ៗរបស់​ពួកគាត់​ផងដែរ។

    ជាមួយ​មេម៉ូរី​ធំ​ជាង​មុន អាច​ផ្ទុក​វីដេអូ​កម្រិត FHD ចំនួន 2315 វីដេអូ និង​រូបភាព​ច្រើនជាង 93000 រូបភាព។ ទំហំ​ផ្ទុក​ទិន្នន័យ​ធំ​ទូលាយ រួមជាមួយ​នឹង microSD ដែល​អាចដាក់​បន្ថែម​បាន មានន័យថា​អ្នកប្រើប្រាស់ លែង​ត្រូវការ​លុប​ឯកសារ ឬ​កម្មវិធី ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ថ្មី ឬ​ដើម្បី​ដាក់​រូបភាព វីដេអូ និង​ឯកសារថ្មីៗទៀតហើយ។

    ទូរស័ព្ទ  Samsung Galaxy Note 9 គឺជា​ស្មា​ត​ហ្វូ​ន​ល្អផ្ដាច់គេ​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ។ ប្រភេទ Note ត្រូវបាន​ទទួលស្គាល់​ដោយ​អតិថិជន និង​អ្នកជំនាញ​ថា​ជា​បច្ចេកវិទ្យា​ឈានមុខ​គេ នាំនូវ​បទពិសោធ​ថ្មី​ដែល​មិនមាន​ឧបករណ៍​ផ្សេង​ណា​អាច​ផ្ដល់ជូនបាន។ Samsung Galaxy Note 9 បន្ត​មរតក​នេះ ជាមួយ​ស្មា​ត​ហ្វូ​ន​ដ៏​ប្រណីត ដែល​នាំមក​នូវ​សមត្ថភាព​ខ្ពស់បំផុត៕

  • Derby ទម្លាក់ Man Utd ដើម្បី​បន្ថែម​សម្ពាធ​លើ​លោក Mourinho ស្របពេល​មាន​ជម្លោះ​ជាមួយ Pogba

    Derby ទម្លាក់ Man Utd ដើម្បី​បន្ថែម​សម្ពាធ​លើ​លោក Mourinho ស្របពេល​មាន​ជម្លោះ​ជាមួយ Pogba

    លោក Jose Mourinho បាន​ដើរ​ចេញពី​កីឡដ្ឋាន​ទាំងមុខ​ក្រហម ខណៈពេល​មាន​ជម្លោះ​ជាថ្មី​ជាមួយនឹង​ខ្សែបម្រើ Paul Pogba ក្រោយពី​ក្រុម Manchester United បាន​ធ្លាក់​ចេញពី​យុទ្ធនាការ​ដ៏​មិន​នឹកស្មាន​ដល់​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Derby របស់លោក Frank Lampard ក្នុង​ពាន League Cup កាលពី​ថ្ងៃ​អង្គារ។

    ត្រឹមតែ​រយៈពេល​មិន​ប៉ុន្មាន​ម៉ោង ក្រោយពី​លោក Mourinho បាន​ប្រាប់​តារា​ឆ្នើម Pogba ថា រូបគេ​នឹង​ធ្វើជា​ប្រធាន​ក្រុម​ម្តងទៀត​នោះ វា​បានបង្ហាញ​នូវ​ភាពជូរចត់​មួយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​របស់ Man United រូបនេះ ខណៈដែល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Derby បាន​បង្កើតឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ក្នុង​ជុំ​ទី3 នា​កីឡដ្ឋាន Old Trafford។

    ខ្សែបម្រើ Juan Mata បាន​ជួយ​ឱ្យ​ក្រុម Man United មាន​គ្រាប់​បាល់​នាំ​មុខមុន ប៉ុន្តែ​កីឡាករ Harry Wilson របស់ Derby បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ ហើយ​ក្រោយពី​អ្នកចាំទី Sergio Romero របស់​ក្រុម​ម្ចាស់ផ្ទះ​រង​ការពិន័យ​កាត​ក្រហម កីឡាករ Jack Marriott បាន​ជួយ​ឱ្យ​ក្រុម Derby មាន​គ្រាប់​បាល់​នាំមុខ​វិញ​ម្ដង ក្នុង​រយៈពេល​នៅសល់​ត្រឹមតែ៥នាទី។

    Marouane Fellaini បាន​ជួយ​ឱ្យ Man United រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​បន្ថែម ដើម្បី​តាម​ស្មើ 2-2 ប៉ុន្តែ លទ្ធផល​នោះ​មិនបាន​ជួយ​ឱ្យ​ក្រុម​របស់លោក Mourinho គេច​ផុតពី​ធ្លាក់​ចេញ​ឡើយ។ ក្រោយពី​ក្រុម Derby បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​យ៉ាង​ជោគជ័យ​ចំនួន 8គ្រាប់ ខ្សែការពារ Phil Jones របស់ Man United បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 8-7។

    វា​បាន​ក្លាយជា​ពេលវេលា​ដ៏​ផ្អែមល្ហែម​សម្រាប់​គ្រូបង្វឹក​របស់ Derby លោក Lampard ដែល​បាន​ជួប​ពេលវេលា​ដ៏​ជោគជ័យ​ក្រោម​ដឹកនាំ​របស់លោក Mourinho កាលពីពេល​ពួកគេ​ទាំង2 ស្ថិតនៅ​ជាមួយ​ក្លិប Chelsea៕

    ប្រភពពី៖ Sport24

  • ក្រសួងព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលិកអប់រំណាយកលុយពីសិស្សក្នុងការដក និងកែសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន

    ក្រសួងព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលិកអប់រំណាយកលុយពីសិស្សក្នុងការដក និងកែសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន

    បន្ទាប់ពី​មាន​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ក្នុង​បណ្តាញ​សង្គម Facebook ពី​បញ្ហា​ខុស​រូបថត​លើ​សញ្ញាបត្រ​បណ្តោះអាសន្ន​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ និង​មានការ​ទារលុយ​ចំនួន 10ដុល្លារ​ដើម្បី​កែតម្រូវ​ឡើងវិញ​នោះ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បំភ្លឺថា ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកលុយ​ពី​សិស្ស​ឡើយ។

    សិស្សម្នាក់​ដែលមាន​ Facebook ឈ្មោះ Pov Natha បានបង្ហាញ​សារ​នៅក្នុង​បណ្តាញ​សង្គម Facebook របស់ខ្លួន​ដែល​ក្នុងន័យ​ដើម​ទាំងស្រុង​ថា៖

    «តើ​នេះ​ជា​កំហុស​របស់​អ្នកណា កំហុស​របស់​សាលា ឬ​កំហុស​របស់​ក្រសួង​ឱ្យ​ប្រាកដ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្ញុំ ហេតុ​អី​បាន​ជាមាន​រូបអ្នក​ផ្សេង​ទៅវិញ ហេតុ​អី​បាន​ទៅជា​បែបនេះ ដឹង​ទេ​ថា ពួក​ខ្ញុំ​ត្រូវការ​វា​សំខាន់​ប៉ុនណា​ដើម្បី​យកទៅដាក់​ពាក្យ​ធ្វើការ​ដើម្បី​រកលុយ ហេតុ​អី?? មិន​តែ​ប៉ុណ្ណឹង​នៅ​តម្រូវឱ្យ​ពួក​ខ្ញុំ​បង់លុយ 10$ សម្រាប់​ដោះស្រាយ​រូប​ដែល​ធ្វើ​ខុស តើ​នេះ​ជា​កំហុស​របស់​ពួក​ខ្ញុំ​មែន បានឱ្យ​ពួក​ខ្ញុំ​បង់លុយ​ទៅវិញ ក្រែង​នេះ​គឺជា​ការគ្រប់គ្រង​របស់​ក្រសួង​ហើយក៏​ជាការ​ទទួលខុសត្រូវរ​បស់​ក្រសួង​តើ​អី ??? ម៉េច​ក៏​បែបនេះ ហៅ​ទៅ​ថត ខ្ញុំ​ទៅហើយ ហៅ​ទៅ​ស៊ី​ញ៉េ ខ្ញុំ​ក៏​ទៅ ហៅ​ទៅពិនិត្យ ខ្ញុំ​ក៏​ទៅហើយ បានច្បាស់លាស់​អស់ហើយ ហេតុ​អី​ក៏​នៅតែ​ខុស? គួរ​ណាស់​អ្នកណា​ធ្វើ គួរតែ​ទទួលខុសត្រូវ​ចំពោះ​រឿង​មួយ​នេះ ហើយ​មិនមែន​ខុស​តែ​ខ្ញុំ​ទេ សាលា​ខ្ញុំ​ខុស 14នាក់ សាលា​នៅ​ណ​ន្ល​ង់​ខុស​ជាង 300នាក់ នេះ​ខ្ញុំ​ដឹង​ខុស​តែ​ប៉ុណ្ណឹង ចុះ​នៅ​សាលា​ផ្សេងទៀត​នោះ ខុស​ប៉ុន្មាន​ទៅ? គួរ​គិត​មើល 10$ណា៎ មិនមែន1000រៀល​ទេ 10$គុណ 1000 ដង​ទៅ តើ​ប៉ុន្មាន​លុយ?»។

    ឆ្លើយតប​នឹង​បញ្ហា​នេះ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​កំពុងតែ​ពិនិត្យ​លើ​ករណីនេះ​ថា តើ​វា​ជា​រឿង​ពិត​ឬទេ? តែ​ជាគោលការណ៍​រួម​ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកប្រាក់​ពី​សិស្ស​ក្នុង​ការដក ឬ​កែ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បណ្តោះអាសន្ន​នោះទេ។

    ឆ្លើយតប​នឹង​សំណួរ​ថា តើ​សិស្ស​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​គាត់​ជួប​ករណី​បុគ្គលិក​អប់រំ​ទារប្រាក់​ពី​គាត់​ក្នុង​ការដក​ឬ កែ​សញ្ញាបត្រ?

    ឯកឧត្តម រស់ សុ​វាចា មានប្រសាសន៍ថា៖ «ក្រសួង​ស្វាគមន៍​ចំពោះ​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ការដាក់​ឯកសារ​ម​ក​កាន់​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​អប់រំ ដោយ​បំពេញ​ទម្រង់ និង​ភ្ជាប់​ជាមួយ​ឯកសារ​ភ័ស្តុតាង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រសួង​ពិនិត្យ និង​ដោះស្រាយ»។

    ឯកឧត្តម បានលើកឡើង​ផងដែរ​ថា ចំពោះ​បុគ្គលិក​អប់រំ​ណា​ដែល​ត្រូវបាន​រកឃើញថា បាន​ទារប្រាក់​ពី​សិស្ស​នោះ ក្រសួង​មានច្បាប់​សម្រាប់​អនុវត្ត​ចំពោះ​គាត់ ហើយ​ក្រសួង​នឹង​យក​រឿង​ទាំងអស់​នោះមក​ប្រជុំពិភាក្សា ដើម្បី​ដាក់ពិន័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង៕

  • FAO និង​ក្រសួងកសិកម្ម មាន​គម្រោង​ជួយ​កម្មវិធី កសិកម្ម​កៅស៊ូ​ខ្នាតតូច

    FAO និង​ក្រសួងកសិកម្ម មាន​គម្រោង​ជួយ​កម្មវិធី កសិកម្ម​កៅស៊ូ​ខ្នាតតូច

    អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) និង​ក្រសួងកសិកម្ម​កំពុង​សហការគ្នា​បង្កើត​គម្រោង​មួយ​ដែល​នឹង​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​របស់​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​នៅ​ប្រទេស 3 រួមមាន​ប្រទេស​កម្ពុជា ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ។

    ផែនការ​បង្កើត​គម្រោង​ថ្មី​នេះ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​ក្នុងអំឡុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ឯកឧត្តម វេ​ង សាខុន និង​លោក Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់​នៅ​អង្គការ FAO  ដែល​គម្រោង​ផែនការ​មួយ​នេះ​កំពុង​ត្រូវបានធ្វើ​សេចក្តីព្រាង​ដោយ​ភាគី​ពាក់ព័ន្ធ​ដែល​គេ​រំពឹងថា​នឹង​ស្រេច​រួចរាល់​នៅក្នុង​សប្តាហ៍​នេះ។

    លោក Bosc បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​ប្រមូល​ទិន្នន័យ​ពី​ប្រទេសនីមួយៗធ្វើការ​វិភាគ និង​ប្រៀបធៀប​ទិន្នន័យ​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព និង​ផលិតភាព​នៃ​វិស័យ​កៅស៊ូ​របស់​ប្រទេសនីមួយ។ លោក​បាន​និយាយថា កម្មវិធី​នេះ​កំពុង​ត្រូវបាន​រៀបចំឡើង​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បារាំង CIRAD ។

    លោក Bosc បាន​និយាយថា៖ «យើង​បាន​រកឃើញថា កសិករ​ដែល​ប្រមូល​ផល​ជ័រកៅស៊ូ​ជួបប្រទះ​បញ្ហា​នៅក្នុង​តំបន់​មួយចំនួន​ជាពិសេស​ការកំណត់​តម្លៃ​ការប្រែប្រួល​អាកាសធាតុ និង​ការធ្លាក់ចុះ​ទិន្នផល​ក្នុងចំណោម​បញ្ហាផ្សេងៗទៀត»។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា រដ្ឋាភិបាល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ដោយ​គម្រោង​នេះ​ស្របតាម​គោលដៅ​របស់​យើង​ក្នុង​ការជំរុញ​វិស័យ​កៅស៊ូ​ដោយ​បង្កើន​ទិន្នផល​កាត់បន្ថយ​ថ្លៃដើម បង្កើន​គុណភាព​ផលិតផល ធានា​និរន្តរភាព​វិស័យ និង​ជំរុញ​ប្រាក់ចំណូល​របស់​កសិក​រ «យើង​បានស្នើ​ដល់​អង្គការ FAO ឱ្យធ្វើ​ការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​រប​ស់​យើង​ដើម្បី​ជំរុញ​វិស័យ​កៅស៊ូ និង​ធ្វើឱ្យ​វា​កាន់​តែមាន​និរន្តរភាព» ។

    យោងតាម​នាយកដ្ឋាន​ក​សិ​កម្ម​បានឱ្យដឹងថា នៅក្នុង​ខែ​នេះ​កសិករ​ខ្មែរ​កំពុង​លក់​ជ័រកៅស៊ូ​ក្នុងតម្លៃ​ប្រហែល 2,000 រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ចំពោះ​តម្លៃ​ដែល​ពួកគេ​ត្រូវ​ទម្លាក់​គឺ 900 រៀល​ក្នុង​មួយ​គីឡូក្រាម។ កម្ពុ​ជាមាន​ផ្ទៃដី​ចំនួន 160.000ហិកតា​កំពុង​ដាំ​ដុះ​ដោយ​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​ហើយ70%នៃ​ដី​នេះ​ត្រូវបាន​ប្រមូល​រួចហើយ។ សម្រាប់​ដំណាំ​កៅស៊ូ កម្ពុជា​អាច​ផលិត​កៅស៊ូ​ធម្មជាតិ បាន 220.000តោន​ក្នុង​មួយឆ្នាំ៕

  • អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូនេស៊ី ត្រូវ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​វាយ​រហូតដល់​ស្លាប់

    អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូនេស៊ី ត្រូវ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​វាយ​រហូតដល់​ស្លាប់

    មនុស្ស​ច្រើនជាង 12នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​អ្នកគាំទ្រ​របស់​ក្រុម​ជា​គូប្រជែង​មួយ បាន​ព្រួត​វាយ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​ប្រើ​ដំបង​ដែក និង​ឈើ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ។

    ឧប្បត្តិហេតុ​ដែលមាន​មនុស្ស​ស្លាប់​មួយ​នេះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​មុនពេល​ការប្រកួត​មួយ​រវាង​ក្លិប​ម្ចាស់ផ្ទះ Persib Bandung និង​Persija Jakarta ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ឥណ្ឌូនេស៊ី។

    លោក HaringgaSirla វ័យ 23ឆ្នាំ អ្នកគាំទ្រ​របស់​ក្លិប Persija Jakarta បាន​ស្លាប់ ក្រោយពី​ក្រុមគាំទ្រ​របស់​ក្លិប Bandung បាន​វាយ​រូបគេ​នៅក្រៅ​កីឡដ្ឋាន ក្នុង​ទីក្រុង Bandung ចម្ងាយ 150គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សា​ការ​តា។ មនុស្ស​ចំនួន 16នាក់ ត្រូវបាន​ឃាត់ខ្លួនភ្លាមៗទាក់ទង​នឹង​ការវាយប្រហារ​នោះ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ប៉ូលិស។ វា​ជាការ​ស្លាប់​ជា​លើក​ទី7របស់​អ្នកគាំទ្រ​ម្នាក់​ទាក់ទង​នឹង​ការប្រកួត1រវាង​ក្លិប​ទាំង2 ចាប់តាំងពី​ឆ្នាំ2012។

    នេះ​បើ​យោងតាម​អ្នកវិភាគ​កីឡាបាល់ទាត់​លោក AkmalMarhali។ សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី បាន​សម្តែង​នូវ​ការ «ចូលរួម​រំលែក​ទុក្ខ​យ៉ាងខ្លាំង» របស់ខ្លួន។ ពួកគេ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​សង្ឃឹមថា ប្រភេទ​នៃ​ឧប្បត្តិ​ហេតុនេះ នឹងមិន​កើតឡើង​ម្តងទៀត​ក្នុង​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី​ឡើយ»។ លោក Sirla គឺជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី​ទី70 ដែល​បាន​ស្លាប់ ដោយសារតែ​អំពើហិង្សា​ទាក់ទង​នឹង​ការប្រកួត​បាល់ទាត់ ចាប់តាំងពី​ឆ្នាំ1994៕

    ប្រភពពី៖ Channel News Asia

  • អេ អឹម ខេ លើកកម្ពស់​ស្ត្រី

    អេ អឹម ខេ លើកកម្ពស់​ស្ត្រី

    ភ្នំពេញ៖ របាយការណ៍​ហិរញ្ញវត្ថុ​ឆមាស​ទី1 ឆ្នាំ2018 របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​បង្ហាញថា ភាគច្រើន​លើសលប់​នៃ​អតិថិជន​កម្ចី​របស់ខ្លួន គឺជា​ស្ត្រី​ដែលមាន​រហូតដល់​ជាង 80%នៃ​ចំនួន​អតិថិជន កម្ចី​សរុប។ អតិថិជន អេ អឹម ខេ ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ​រស់នៅ​តំបន់​ជនបទ។

    តួលេខ​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា អេ អឹម ខេ បាន និង​កំពុងតែ​ចូលរួម​លើកកម្ពស់​ស្ត្រី​នៅ​តំបន់​ជនបទ​ឱ្យ​ដើរតួ នាទី​យ៉ាងសកម្ម​ក្នុងការ​សម្រេចចិត្ត​លើ​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុធំៗនៅក្នុង ប្រទេស​កម្ពុជា។ ជាមួយនឹង​ទស្សនវិស័យ គឺ​ដើម្បី​សង្គម​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ទាំងឡាយ​មានឱកាស​គ្រប់គ្រាន់ និង​ស្មើ ភាព​គ្នា​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាពប្រសើរឡើង ដែល​អាចជួយ​ជា​វិភាគទាន​យ៉ាង​មាន​ប្រយោជន៍​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ។ អេ អឹម ខេ បាន និង​កំពុងតែ​ផ្តោត ទៅលើ​ការអភិវឌ្ឍ ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​ឱ្យមាន​ភាពងាយស្រួល និង​មិន​ស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់ ជូន​ដល់​អតិថិជន​របស់ខ្លួន ជាពិសេស​អតិថិជន​ជា​ស្ត្រី។

    លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើកឡើងថា “ ការ​ផ្តល់ឱកាស​ឱ្យមាន​ការចូលរួម​ពី​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​គ្រួសារ​ពេញលេញ​អាចជួយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ។  ជាទូទៅ  អេ អឹម ខេ តែងតែ​រៀបចំ​នូវ​សេវា​ហិរញ្ញវត្ថុផ្សេងៗ ដែលមាន​លក្ខណៈ​អំណោយផល​ដល់​អ្នកប្រើប្រាស់ ជាពិសេស​គឺ​ស្ត្រី​ដែល​កំពុង​រស់នៅ​តាម​ទីជនបទ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មានឱកាស​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​សេវា​យើង” បើ​យោងតាម​របាយការណ៍​ហិរញ្ញត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល៦ខែ​ចុង​ក្រោយនេះ បានឱ្យដឹងថា អតិថិជន អេ អឹម ខេ ជិត៣០ម៉ឺន​នាក់​គឺជា​ស្ត្រី ដែល​ស្មើនឹង​ប្រមាណ​ជាង៨០%នៃ​អតិថិជន​កម្ចី​សរុប ហើយ​ភាគច្រើន​នៃ​ពួកគេ គឺ​រស់នៅ​តំបន់​ជនបទ។

    លោក​បូរាណ បាន​បន្ត​ដូចនេះ​ថា “បើ​មើល​ទៅលើ​បេសកកម្ម​របស់ អេ អឹម ខេ គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន។ ត្រង់នេះ​យើង​ចង់សង្កត់ធ្ងន់​ទៅលើ​ស្ត្រី និង​កុមារ​នៅតាម​ជនបទ។ ដូចនេះ អេ អឹម ខេ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តែងតែ​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​ជាពិសេស​អតិថិជន​ដែលជា​ស្ត្រី​យកទៅ ប្រើប្រាស់​ក្នុងន័យ​អភិវឌ្ឍ សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់”

    គួរឱ្យកត់សម្គាល់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម​ខែសីហា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជាង ២.៦០០នាក់ អតិថិជន​ចំនួន​ជាង ៨១ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤០ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១២៤ លាន​ដុល្លារ​អាមេរិក  មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់  សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច  ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន វី​សា សហការ​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន វី​សា សហការ​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

    ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន វី​សា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បន្ត​សហការ​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត។

    ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ត្រូវបាន​ចាត់ទុក​ជាម​ធ្យោ​បាយ​ក្នុងការ​រក្សា​តុល្យភាព​រវាង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។ ក្នុងនាម​ជា​អាជ្ញាធរ​អាណាព្យាបាល​នៃ​ប្រព័ន្ធ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា គឺជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​តែងតែ​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ទូទៅ។

    កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ2015 ជាមួយនឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​លើកកម្ពស់​សិទ្ធ​អតិថិជន ដែលមាន​ឈ្មោះថា “តោះ! និយាយ​ពី​លុយ” ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារជាតិ​នៃ​កម្ពុជា និង​អង្គការ Good Return ដែលជា​អង្គការ​លើកកម្ពស់​សម​ត្ថ​ភាព​ផ្នែក​ហិរញ្ញវត្ថុ។ ភាពជោគជ័យ​នៃ​យុទ្ធនាការ “តោះ! និយាយ​ពី​លុយ”  បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។

    នេះ​ជា​ឆ្នាំ​ទី2ហើយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​វី​សា សហការគ្នា​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស។ កាលពី​ឆ្នាំ2017 ក្រុមហ៊ុន​វី​សា បាន​ចូលរួម​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដោយបាន​គាំទ្រ​ដល់​ការបោះពុម្ព​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” ចំនួន 30.000ក្បាល និង​បាន​ចែកចាយ​នៅ​សាលារៀន​ជាច្រើន​នៅ​ទូទាំងប្រទេស តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា។

    លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា “ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺជា​កត្តា​គន្លឹះ​ក្នុងការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការការពារ​អតិថិជន​ផ្នែក​ហិរញ្ញវត្ថុ ដែល​នឹង​រួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន។ ហេតុនេះហើយ ការទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ មិនមែនជា​ជម្រើស​ទៀត​ទេ ប៉ុន្តែ​វា​ជា​តម្រូវការ​ចាំបាច់​បំផុត។

    ដោយ​មើលឃើញ​ពីសារ​តែ​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រើប្រាស់​វិធីសាស្ត្រ​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព​និង​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​ឈានទៅ​ប្រើប្រាស់​បច្ចេកវិទ្យា ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហរិញ្ញវត្ថុ​ឲ្យ​កាន់តែ​ទូលំទូលាយ។ ការធ្វើ​បែបនេះ នឹង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ជា​ផ្លែផ្កា​ដល់​សង្គម​កាន់តែខ្លាំង ហើយ​នេះ​ជា​មូលហេតុ​ធនាគារជាតិ​នៃ​កម្ពុជា​បង្កើត​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​នេះ​ឡើង​សម្រាប់​ប្រជាជន​ទូទៅ ជាពិសេស​គឺ​សម្រាប់​សិស្សានុសិស្ស​តែម្តង។

    កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​នេះ​មាន​ឈ្មោះថា “NBC-Edu” ដែល​អាច​ទាញ​យកបាន​តាមរយៈ Google Play និង Apple App Store។ មាន​តិ​កា​ដែលមាន​នៅក្នុង​កម្មវិធី​នេះ​នាពេល​បច្ចុប្បន្ន គឺមាន​លំនាំ​ពី​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” និង​មាន​បញ្ចូល​នូវ​សំណួរចម្លើយ ដើម្បី​ជា​ជំនួយ​ដល់​សិស្សានុសិស្ស​ក្នុងការ​ស្វែងយល់​ពី​ប្រធានបទ​ហិរញ្ញវត្ថុ​ដោយ​ភាព​រីករាយ និង​មាន​អន្តរ​កម្ម​ខ្ពស់។ កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​នេះ ក៏មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​លោកគ្រូ-អ្នកគ្រូ និង​មាតាបិតា ប្រើប្រាស់​ក្នុងការ​បង្រៀន​សិស្ស ឬ កូនៗឲ្យ​ចេះ​ពី​របៀប​ធ្វើ​ផែនការ​ថវិកា សន្សំ និង​ចាយវាយ​ដោយ​ភាព​ឆ្លាត​វៃ។

    លោកជំទាវ​អគ្គនាយក ក៏បាន​បន្ថែមថា “គម្រោង​នេះ គឺ​ជំហាន​ថ្មី​មួយទៀត​ដើម្បី​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ​រប​ស់​ប្រជាជន​ក្នុងនាម​ជា​អតិថិជន​ហិរញ្ញវត្ថុ​នៅក្នុង​សេដ្ឋកិច្ច​ដែលមាន​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស។ គម្រោង​នេះ​អាច​កើតឡើង​បាន​គឺ​ដោយសារ​មាន​កិច្ចសហការ និង​ការគាំទ្រ​ពី​ក្រុមហ៊ុន វី​សា។ ឆ្លៀត​ក្នុងឱកាស​នេះ ធនាគារជាតិ​នៃ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន វី​សា ដែល​បានរួម​ចំណែក​ក្នុងការ​ផ្តួចផ្តើម​គម្រោង​នេះ និង​បង្កើន​កម្រិត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន វី​សា មាន​មោទនភាព​ក្នុង​ការបន្ត​ការសហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ដោយ​យោងតាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​កើន​ដល់​កម្រិត 7% នៅក្នុង​ឆ្នាំ2018 និង 2019 ដែល​នេះ​បង្ហាញ​ពី​ការអភិវឌ្ឍ​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច។ ក្នុងពេលដែល​ប្រជាជន​ចូលរួម​នៅក្នុង​សេដ្ឋកិច្ច​សកល​នេះ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​មាន​សារៈសំខាន់ ក្នុងការ​ធ្វើ​ឲ្យ​ប្រជាជន​អាច​ទាញយក​ផលប្រយោជន៍​ជាច្រើន​ពី​ការវិវឌ្ឍ​ទាំងនេះ។

    ក្រុមហ៊ុន​វី​សា ដែលជា​ក្រុមហ៊ុន​ឯកជន​ឈានមុខ​គេ​លើ​ផ្នែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បាន​អភិវឌ្ឍ​កម្មវិធី​អប់រំ​សម្រាប់​មនុស្ស​គ្រប់​វ័យ​នៅ​ទូទាំង​សកលលោក​អស់​រយៈពេល 21 ឆ្នាំ​មកហើយ ដោយ​មានជំនឿថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់ ជួយ​ប្រជាជន​ក្នុងការ​គ្រប់គ្រង​ថវិកា និង​ពង្រឹង​ជីវភាព​របស់ខ្លួន។ អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្ថែមថា “ក្រុមហ៊ុន​យើង​ពិតជា​មានភ័ព្វ​សំណាង​ណាស់ ដែល​បានធ្វើការ​ជា​ដៃគូ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​លើ​កម្មវិធី​នេះ។ ចំណងទាក់ទង​ជាមួយ​សហគមន៍ និង​ការយល់ដឹង​ពី​បញ្ហា​ប្រឈម​ក្នុង​តំបន់ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដើម្បី​សម្រេច​ជោគជ័យ​នៃ​កម្មវិធី​របស់​យើង ហើយ​ក្រុមហ៊ុន វី​សា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​នេះ​ទៅមុខទៀត។

    បន្ថែម​លើ​ការបង្កើត​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត “NBC-Edu” ក្រុមហ៊ុន វី​សា និង​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ចែកចាយ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន 8.000ក្បាល អាវយឺត 1.800 និង​ថង់​ក្រណាត់​ចំនួន 1.600 ដែល​ត្រូវបាន​បោះពុម្ព​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ទូលំទូលាយ។

    សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី និង​អាច​ស្វែងរក​ព័ត៌មាន​ដ៏​មាន​សារៈប្រយោជន៍​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://m.facebook.com/NBCFinEdu៕

  • លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បង្ហាញស្នាដៃនិពន្ធថ្មី «ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច»

    លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បង្ហាញស្នាដៃនិពន្ធថ្មី «ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច»

    “ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច” ជា​ស្នាដៃ​និពន្ធ​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន មាន​កម្រាស់250ទំព័រ ទំហំ13 x 19.5 បោះពុម្ពផ្សាយ​ចំនួន 3000ច្បាប់ ដោយ​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច នៅ​ខែឧសភា ឆ្នាំ2018 គឺជា​សៀវភៅ​ស្ដីពី​កម្រង​ជីវិត​ពិត​របស់​ក្រុមគ្រួសារ​លោក​ឧកញ៉ា ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ខេត្តបាត់ដំបង ទៅកាន់​ជំរំ​នៅ​ជាយដែន​កម្ពុជា-ថៃ បំណង​ភៀសខ្លួន​ទៅ​ប្រទេស​ទី3 ក្នុង​បុព្វហេតុ​ស្វែងរក​សេរីភាព​ដើម្បី​ជីវិត។

    ការរត់​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​ពួក​ខ្មែរក្រហម ជាពិសេស​គេចចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជំរុញ​ឱ្យ​ក្រុមគ្រួសារ​លោក​ឧកញ៉ា បាន​ទៅដល់​ជាយដែន​កម្ពុជា ថៃ និង​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ឈ្មោះ​ណង​ចាន់ ស្ថិតនៅ​ក្នុងភូមិ ឃុំ​ណង​ចាន់ ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

    ជា​អកុសល ស្នាក់នៅ​ជំរំ​នោះ​ប្រហែល​មួយ​សប្តាហ៍ ក៏ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ ដឹកជញ្ជូន​ឆ្ពោះទៅ​ទម្លាក់​ជ្រោះ​ភ្នំ​ដងរែក ផ្ទុយ​ពី​សេចក្ដី​រំពឹងថា​បាន​ទៅ​ប្រទេស​ទី3 នៃ​ទីឋាន​សេរីភាព និង​សន្ដិភាព។

    ទី​ភ្នំ​ដងរែក​នោះ​ហើយ​ដែល​ក្រុមគ្រួសារ​លោក​ឧកញ៉ា ក៏ដូចជា​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​ផ្សេងទៀត ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ​បង្ខំ​ឱ្យ​ដើរ​ទម្លាក់​ជ្រោះ​មរណៈ​ដ៏​សែន​ចោត និង​មហា​ប្រល័យ។ មហា​ប្រល័យ ក៏​ព្រោះ​នៅ​ផ្នែក​ខាងក្រោម​នៃ​ជ្រោះ គឺ​ពោ​ពេញ​ទៅដោយ​គ្រាប់មីន ដែល​គ្រាប់មីន​ទាំងនោះ បើតាម​តួលេខ​បាន​ឆក់យក​ជីវិត​ជនភៀសខ្លួន​ប្រហែល 30000នាក់ និង​ជាង20000នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន ហើយ​ដែល​ជនភៀសខ្លួន​ទាំងនោះ ប្រមាណ90% ត្រូវគេ​រកឃើញថា មាន​ជំងឺ​វិបល្លាស​ស្មារតី ឆាប់​ភ័យ តក់ស្លុត និង​បាក់ស្បាត។

    សភាព​នៃ​ដំណើរ​ដើរកាត់​ជ្រោះ​មរណៈ​ដ៏​មហា​សែន​ប្រល័យ ទី​ជ្រលង​ជ្រោះ​ភ្នំ​ដែល​សម្បូរ​ដោយ​គ្រាប់មីន​បង្កៃ ដំណើរ​ឆ្លងកាត់​គំនរ​សាកសព​រដូករ​ណែ​ល ការបង្ខំចិត្ត​ផឹកទឹក​ដងអូរ​ដែលមាន​ខ្មោច​អណ្ដែត​ស្ពីង​និង​មាន​ខ្លាញ់​រលើប ការ​រើស​ចំណី​ពី​ខ្មោច សម្រែក​នៃ​សេចក្ដី​សោកសង្រេង​កើតចេញពី​ការ​និរាស​ព្រាត់ប្រាស់​ក្រុមគ្រួសារ​សាច់ញាតិ សភាព​រងទុក្ខវេទនា​បណ្ដាលមកពី​អត់​អាហារ អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​មិន​អំ​ណោ​ផល ការ​វង្វេង​ក្នុងព្រៃ​ឫស្សី សភាព​ដេក​ក្នុង​ទឹក ការដើរ​សុំទាន​គេ បូករួម​នឹង​ជីវិត​ពី​កុមារភាព និង​ការឆ្លងកាត់​របប​អាវខ្មៅ​ដោយ​អន្លើ នៃ​យុវភាព​របស់លោក​ឧក​ញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និង​ក្រុមគ្រួសារ​ផង​នោះ ត្រូវបាន​លាតត្រដាង​តាមរយៈ “ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច។

    គួ​រម្លឹក​ផងដែរ​ថា គ្រឹះ​សា្ថ​ន​បោះពុម្ព នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច មាន​បោះពុម្ព​សៀវភៅ​ដូចខាងក្រោម ៖

    • សៀវភៅ “អ្នកជា​មនុស្ស​ល្អ ល្អប្រសើរ និង​ល្អ​អស្ចារ្យ” បោះពុម្ព​នៅ​ឆ្នាំ2016
    • សៀវភៅ “ទស្សន​អាជីវកម្ម គួច ម៉េង​លី” បោះពុម្ព​នៅ​ឆ្នាំ2016
    • សៀវភៅ “ជំនួប​តុ​កាហ្វេ រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ” បោះពុម្ព​នៅ​ឆ្នាំ2016
    • សៀវភៅ “ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច” បោះពុម្ព​នៅ​ឆ្នាំ2018
  • កម្មវិធីសម្ពោធបើកគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន​ មហានគរ អចលនទ្រព្យ

    កម្មវិធីសម្ពោធបើកគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន​ មហានគរ អចលនទ្រព្យ

    ក្រុមហ៊ុន មហានគរ អចលនទ្រព្យ សហការជាមួយក្រុមហ៊ុន ម៉េង ឌីហ្គាស បានរៀបចំប្រារព្ធ​ធ្វើពិធីសម្ពោធដីឡូតិ៍ថ្មី ដែលមានទីតាំងដីស្ថិតនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​ ទល់មុខបន្ទាយទាហ៊ានត្មាតពង ផ្លូវជាតិ៥១ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨។

    កម្មវិធីសម្ពោធបើកដីនេះ មានការររៀបចំធ្វើពិធីបួងសួងក្រុងពាលី ដែលមានការចូលរួមពីសំណាក់ម្ចាស់គម្រោង ក្រុមការងារទីផ្សារ អ្នកវិនិយោគដីធ្លី​ និងអតិថិជនផងដែរ។

    ក្នុងនោះផងដែរ គម្រោងដីរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យមានចំនួនសរុបបីគម្រោងធំៗជាគោល ដែលគម្រោងដីទីមួយ​មាន​ទីតាំងនៅក្បែរភ្នំបាសិត គឺស្ថិតនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន ៥ហិចតា គម្រោងទី២មានទីតាំងនៅ​ភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹង១៥០០ ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិ១៤៤០/១២៩ ចំនួនជាង២ហិចតា  និងគម្រោងទី៣មានទីតាំង​នៅភូមិ​ដំរីជ័យ សង្កាត់ពញាពន់ ខណ្ឌ័ព្រែកព្នៅ ក្រុងភ្នំពេញ ក្បែរ​បឹង​កប់ស្រូវ ចំនួនជិត២ហិចតា ។

    គួរបញ្ជាក់ផងដែរថា គម្រោង​នីមួយៗរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យ ​គឺជាគម្រោង​ដែល ពោរពេញ​ដោយ​សក្តានុពល​សេដ្ឋកិច្ច និងឧស្សាហកម្ម ដែល​ក្នុង​នោះ​​រួម​មាន មានរោងចក្រ ផ្សារ សាលារៀន មន្ទីរពេទ្យ ក៏ដូចជាក្បែរតំបន់សហគមន៍ដែលនឹងមានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ចំពោះតម្លៃដីនៃគម្រោងទាំងនេះ គឺមានតម្លៃចាប់ពី ៤៧០០ ដុល្លាសហរដ្ឋអាមេរិច ហើយជាពិសេសអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់។