Author: វល័ក្ខ

  • Pacquiao ថា មាន​ភាពច្បាស់លាស់ 90% ក្នង​ការជួប Broner នៅ​ខែមករា

    Pacquiao ថា មាន​ភាពច្បាស់លាស់ 90% ក្នង​ការជួប Broner នៅ​ខែមករា

    សេ្ដច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​បញ្ជាក់ថា ការប្រកួត​នៅ​ខែមករា នៅលើ​ទឹកដី​អាមេរិក ជាមួយនឹង​កីឡាករ​អាមេរិក Adrien Broner មាន​ភាពច្បាស់លាស់​ស្ទើរតែ​ទាំងស្រុង​ហើយ ប៉ុន្តែ រូបគេ​បាន​ព្យាយាម​លុបចោល​ពាក្យ​ចចាមអារ៉ាមផ្សេងៗចំពោះ​ការប្រកួត​សងសឹក​ជាមួយនឹង​កីឡាករ Floyd Mayweather។

    Pacquiao វ័យ 39ឆ្នាំ បាន​បង្កើតឱ្យមាន​ទំព័រ​ថ្មី​ក្នុង​អាជីព​កីឡាប្រដាល់​របស់គេ កាលពី​ខែកក្កដា ដែល​នៅពេលនោះ​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ជា​លើក​ទី1 ក្នុង​រយៈពេល 9ឆ្នាំ ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ Lucas Matthysse សញ្ជាតិ​អា​ហ្ស​ង់​ទីន។

    ចាប់តាំងពី​ពេលនោះ​មក Pacquiao បាន​ច្រានចោល​ការអំពាវនាវ​នា​នា​ក្នុងការ​ចូលនិវត្តន៍ និង​បាន​សន្យាថា នឹង​ប្រកួត​ម្តងទៀត ដែល​បាន​នាំឱ្យមាន​ព័ត៌មាន​មិន​ច្បាស់លាស់​ទាក់ទង​នឹង​គូប្រកួត​បន្ទាប់​របស់គេ។ ប៉ុន្តែ ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​កាលពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​ម៉ានីល Pacquiao បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «Broner, Adrien Broner»។

    កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា រូបគេ​ចង់​ប្រកួត​ជាមួយនឹង​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក 4ប្រភេទ​ផ្សេងគ្នា​រូបនេះ នៅ​ថ្ងៃទី12 ឬ​ថ្ងៃទី19 ខែមករា ក្នុង​ទីក្រុង Las Vegas។ ខណៈ​បន្ថែមថា ការប្រកួត​នេះ មាន​ភាពច្បាស់លាស់៩០ភាគរយ​នោះ Pacquiao បានឱ្យដឹងថា៖ «វា​ស្ទើរតែ​ជាការ​ប្រកួត​ចុងក្រោយ​ហើយ ប៉ុន្តែ​វា​មិនទាន់​បញ្ចប់​នៅឡើយ​ទេ»។

    Mayweather វ័យ 41ឆ្នាំ បានឱ្យដឹង​កាលពី​ខែកញ្ញា​ថា រូបគេ​នឹង​ចាក​ចេញពី​ការចូលនិវត្តន៍ ដើម្បី​ជួប​ជាមួយនឹង Pacquiao នៅ​ចុង​ឆ្នាំនេះ ក្នុងការ​ប្រកួត​សងសឹក​មួយ ក្រោយពី​ការជួបគ្នា​ជា​លើក​ទី1 កាលពី​ឆ្នាំ2015 ដែល​កីឡា​ករទាំង2 នឹង​រកបាន​ចំណូល​ច្រើន​ដូចគ្នា៕

    ប្រភពពី៖ Channel News Asia

  • ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត 5ពាន់​លាន​ដុល្លារ រយៈពេល9ខែ ឆ្នាំ2018

    ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត 5ពាន់​លាន​ដុល្លារ រយៈពេល9ខែ ឆ្នាំ2018

    ការវិវឌ្ឍ​នៃ​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដោយ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ​ជា​ជិត 5ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

    ឯកឧត្តម ឡៅ ទិព្វ​សីហា បាន​ថ្លែងឱ្យដឹងថា ក្នុង​រយៈពេល9ខែ ឆ្នាំ2018 វិស័យ​សំណង់ និង​អចលនទ្រព្យ អាជ្ញាធរ​ថ្នាក់ជាតិ និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​សរុប 2,541គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង 10លាន​ម៉ែត្រការ៉េ ហើយ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ក្នុង​វិស័យ​សំណង់​ប្រមាណ​ជា 4,820លាន​ដុល្លារ។

    ជាមួយគ្នានេះ​ក៏មាន​ការវិនិយោគ​រប​ស់​វិស័យ​ឯកជន​មកពី​បរទេស​ចំនួន 33គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​ជាង 1លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជាង 484លាន​ដុល្លារ។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅមាន​សុពលភាព 1,070ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន 42ក្រុមហ៊ុន  ក្រុមហ៊ុន​សាងសង់​មាន 1,028ក្រុមហ៊ុន។

    ឯកឧត្តម​ក៏បាន​បញ្ជាក់ដែរថា ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មកពី​បរទេស​ដែល​នៅមាន​សុពលភាព​នៅឡើយ​មាន​ចំនួន 366ក្រុមហ៊ុន។ ក្រសួង​ក៏បាន​ចុះបញ្ជី​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏ដូចជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែលមាន​ចំនួន 140នាក់​ផងដែរ។ នៅក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន 86រូប ដែលមាន​ជនបរទេស 3រូប និង​មាន​វិស្វករ 46រូប មាន​បរទេស 1រូប។

    ដោយឡែក​រយៈពេល 9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះបញ្ជី​បាន57រូប និង​មាន​បរទេស​ចំនួន 2រូប។ បើ​គិត​ចាប់ពី​ឆ្នាំ2014 រហូតមកដល់9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះបញ្ជី​សវន​ករ​បាន​ចំនួន 713រូប។

    ឯកឧត្តម​បន្តថា ចំពោះ​សំណង់​បុរី​លំនៅឋាន និង​សំណង់​អគារខ្ពស់ៗ ក្នុង​រយៈពេល9ខែ​នេះ គឺមាន​បុរី​លំនៅឋាន​ចំនួន​សរុប 41ទីតាំង។ ហើយ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​បុរី​លំនៅឋាន ឬក៏​លំនៅឋាន​លក្ខណៈ​បុរី​ចំនួន 228ទីតាំង និង​មាន​អ្នកស្នាក់នៅ​ពី 65 ទៅ75% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន​ទាំងនោះ។ ចំពោះ​អគារខ្ពស់ៗចាប់ពី5ជាន់ មាន 92អគារ។ ហើយ​គិត​ចាប់ពី​ឆ្នាំ2005មកដល់​ពេល​ច្ចុ​ប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ពី 5ជាន់​ឡើងទៅ​ចំនួន 1,084អគារ។

    បើតាម​របាយការណ៍ វិស័យ​សំណង់​នេះ​ក៏បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ផងដែរ បើ​គិត​ជា​មធ្យម​ពី 20ម៉ឺន​នាក់​ទៅ 22ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ ដោយឡែក​នៅ​ភ្នំពេញ​មាន​កម្មករសំណង់​បំពេញការងារ​ជា​មធ្យម​ចន្លោះ 9ម៉ឺន​ទៅ 10ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ2017 ការងារ​ក្នុង​វិស័យ​សំណង់​នេះ​បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​កើនឡើង​ដល់​ទៅ120%។

    របាយការណ៍​បាន​គូសបញ្ជាក់ថា កម្មករ​គ្មាន​ជំនាញ​អាច​ទទួល​ប្រាក់​ឈ្នួល​ពី35,000 ទៅ40,000រៀល​ក្នុង1ថ្ងៃ។ កម្មករ​មាន​ជំនាញ និង​មេជាង​ទទួលបាន​ប្រាក់​ឈ្នួល50,000រៀល ទៅ7,5000រៀល​ក្នុង 1ថ្ងៃ។ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងទៀត​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី400ដុល្លារ​ទៅ 2,500ដុល្លារ​ក្នុង​មួយខែ៕

  • កម្មការិនី​រោងចក្រ​ចំនួន 2នាក់ ឈ្នះ​ទឹកប្រាក់​រង្វាន់ 70លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ

    កម្មការិនី​រោងចក្រ​ចំនួន 2នាក់ ឈ្នះ​ទឹកប្រាក់​រង្វាន់ 70លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ

    កម្មការិនី​រោងចក្រ​ចំនួន2នាក់ មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​នូវ​ចំនួន​ទឹកប្រាក់70លាន​រៀល​បន្ទាប់ពី​ចូល​លុយ​គ្នា​ទិញ​ទទួលទាន​កាលពីដើម​សប្ដាហ៍​កន្លងទៅនេះ ។

    សម្រាប​អ្នក់​ដែលមាន​សំណាង​ទី1 មានឈ្មោះ អូន សំអន អាយុ22ឆ្នាំ ហើយ​អ្នក​ទី2 មានឈ្មោះ ជា ចាន់​ភា អាយុ22ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​ដូចគ្នា ខណៈដែល​បច្ចុប្បន្ននេះ​កំពុង​បម្រើ​ការងារ​រោងចក្រ និង​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

    ថ្លែងប្រាប់​ក្រុមការងារ និង​អ្នកសារព័ត៌មាន​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់់​បន្ទប់​ស្នាក់នៅ​ផ្ទាល់​តែម្ដង​នោះ កញ្ញា ជា ចាន់​ភា បាន​រៀបរាប់​ឱ្យដឹងថា ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ដូចគ្នា អ្នក​ទាំងពីរ​បានចេញ​ពី​ភូមិ​ស្រុក​មក​ធ្វើ​ការងារ​ជា​កម្មការិនី​រោងចក្រ ហើយ​ឆ្លៀត​រៀន​ជំនាញ​ជាង​អ៊ុតសក់​ជាមួយគ្នា។ ដោយឡែក​កាលពី​សប្ដាហ៍​កន្លងទៅនេះ បន្ទាប់ពី​សម្រាក​ពី​ការងារ អ្នក​ទាំងពីរ​បាន​ចូល​លុយ​គ្នា​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទទួល ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ​អ្នក​ទាំង​ពិតជា​រីករាយ និង​រំភើប ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​នៅលើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​ពេលនេះ​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ធ្លាក់​មកលើ​ខ្លួន​ដូច​គេ​ដែរ។ កញ្ញា​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​លុយ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នេះ កញ្ញា​នឹង​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅឯ​ស្រុកកំណើត និង​បង្កើត​ហាង​អ៊ុតសក់​សម្រាប់​ជា​មុខរបរ​ទៅ​ថ្ងៃ​អ​នា​គត់ ។ ជាមួយគ្នានេះ កញ្ញា​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ហើយក៏​សូម​អំពាវនាវ​ដល់​មហា​ជន​ទូទៅ សូម​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទាំងអស់គ្នា ដើម្បី​មានឱកាស​ទទួល​សំណាង​ដូចជា​កញ្ញា​ផងដែរ ។

    សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ70លាន​រៀល , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • Hamilton ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិន​ស្ថិតក្នុង​គម្រោង​ឡើយ

    Hamilton ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិន​ស្ថិតក្នុង​គម្រោង​ឡើយ

    កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton នឹង​ខិត​កាន់តែ​កៀក​ទៅជិត​កំណត់ត្រា​របស់ Michael Schumacher ហើយ ប្រសិនបើ​រូបគេ​ឈ្នះ​ពាន Formula One ពិភពលោក​ជា​លើក​ទី5 នៅ​ចុង​សប្តាហ៍​នេះ ក្នុង​ទីក្រុង Austin ប៉ុន្តែ រូបគេ​បានបញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ការ​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាករ​ដ៏​ឆ្នើម​របស់​អាល្លឺម៉ង់​រូបនេះ មិនបាន​ស្ថិតក្នុង​ផែនការ​របស់គេ​ឡើយ។

    កីឡាករ​របស់​ក្រុម Mercedes រូបនេះ​កំពុង​ស្ថិតនៅ​ពីក្រោយ​កំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​ពិភពលោក​ចំនួន 7លើក​របស់ Schumacher ត្រឹមតែ 2លើក​ទៀត​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​រកបាន 8ពិន្ទុ​ច្រើនជាង​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុង​ទីក្រុង Austin នៅ​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ Hamilton បាន​បញ្ជាក់ថា រូបគេ​បានសម្រេច​នូវ​មហិច្ឆតា​ក្នុង​ជីវិត​របស់គេ​កាលពី​ឆ្នាំ2015រួចហើយ ដែល​នៅពេលនោះ​រូបគេ​បាន​តាម​ស្មើ​កំណត់ត្រា​របស់​តារា​ឆ្នើម​ក្នុង​ដួងចិត្ត​របស់គេ គឺ​លោក Ayrton Senna ម្ចាស់​ជើងឯក​ពិភពលោក 3សម័យកាល​របស់​ប្រេ​ស៊ី​ល ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ1994 ហើយ​ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិនបាន​ស្ថិតក្នុង​គោលដៅ​របស់គេ​ឡើយ។

    Hamilton បាន​ប្រាប់​បណ្តាញសារព័ត៌មាន Reuters ថា៖ «និយាយ​ឱ្យ​ត្រង់​ទៅ នោះ​មិនមែនជា​គោលដៅ​របស់ខ្ញុំ​ឡើយ។ ខ្ញុំ​បានចាប់ផ្តើម​ជាមួយនឹង​គោលដៅ​ដើម្បី​តាម​ស្មើ​លោក Ayrton Senna ឬ​តាម​ស្មើ​លោក Ayrton Senna ដែលជា​មនុស្ស​ធ្វើឱ្យ​ខ្ញុំ​ចង់​ធ្វើតាម។ ខ្ញុំ​បាន​តាម​ស្មើ​កំណត់ត្រា​របស់គាត់​កាលពី 2ឆ្នាំមុន។ ហេតុនេះ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​មិនមាន​គោលដៅ​ផ្សេង​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • ស្រា​បៀរ HEINEKEN® និង EDM CAMBODIA នឹង​រៀបចំ​កម្មវិធី​“AFTERLIFE: DAY OF THE DEAD”

    ស្រា​បៀរ HEINEKEN® និង EDM CAMBODIA នឹង​រៀបចំ​កម្មវិធី​“AFTERLIFE: DAY OF THE DEAD”

    ភ្នំពេញ៖ នៅ​ថ្ងៃទី27 ខែតុលា ឆ្នាំ2018 នេះ ស្រា​បៀរ Heineken® ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia  នឹង​រៀបចំ​កម្មវិធី​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់ EDM (Electronic Dance Music) ម្ដងទៀត​ហើយ​ដែល​កម្មវិធី​នោះ​មាន​ឈ្មោះថា Afterlife: Day of the Dead នៅ​សណ្ឋាគារ Hotel Cambodiana ។

    លើក​នេះ​ក៏​មិន​ខុសពី​លើកមុនៗដែរ EDM Cambodia បាន​អញ្ជើញ​ឌី​ជេរ&ផលិតករ​ចម្រៀង(DJ/Producer) ដ៏​ល្បី​ពី​ផលិតកម្ម Barong Family គឺ លោក Mike Cervello!

    ក្រៅពី Mike Cervello ក៏​នៅមាន​ឌី​ជេរ និង​ផលិតករ​ចម្រៀងផ្សេងៗទៀត​ដែល​មកពី​ប្រទេស​ថៃ និង​កម្ពុជា​យើង​ផ្ទាល់​នឹង​ចាក់​ភ្លេង​ឲ្យ​លោក​អ្នករាំ​យ៉ាង​សប្បាយ​ចាប់ពី​ម៉ោង៥រហូតដល់​ចប់​កម្មវិធី ក្នុងនោះ​រួមមាន ក្រុម Animal Project, VXY, DJ Maily និង​លោក LOR ផងដែរ។

    សណ្ឋាគារ​កាំបូឌីយ៉ាណា​ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធីផ្សេងៗយ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់។ សណ្ឋាគារ​នេះ​ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ​ដែលមាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍ធំៗដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​ចង់​រៀបចំ។

    កម្មវិធី​នេះ​នឹង​ក្លាយជា​បទពិសោធន៍​ប្លែក​អស្ចារ្យ​មួយ​ក្នុងការ​កម្សាន្ត​សប្បាយរីករាយ​ជាមួយនឹង​ពិធីជប់លៀង និង​តន្ត្រី។ សូមកុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ!

    សំបុត្រ​ចូលរួម​តម្លៃ៖

    15 ដុល្លារ (Normal Pass) ពីថ្ងៃ​ទី 15 តុលា

    20 ដុល្លារ (Walk-in) នៅ​ថ្ងៃទី27 តុលា

    សំបុត្រ​ចូលរួម​អាច​ទិញ​តាមរយៈ​ការបំពេញ​ព័ត៌មាន​ក្នុង Link ខាងក្រោម៖

    https://www.edmcambodia.com/afterlife

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រឹត្តិការណ៍ Heineken® នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ៖   www.facebook.com/heineken/

    #Heineken #Afterlife #Cambodia #Oct27 #HotelCambodiana

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken® ដោយ​ការទទួលខុសត្រូវ

  • លោក Wenger រំពឹងទុក​ថា នឹង​វិល​ទៅកាន់​ការងារ​គ្រូបង្វឹក​វិញ​នៅ​ខែមករា

    លោក Wenger រំពឹងទុក​ថា នឹង​វិល​ទៅកាន់​ការងារ​គ្រូបង្វឹក​វិញ​នៅ​ខែមករា

    លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Arsenal រំពឹងទុក​ថា នឹង​បាន​វិល​ទៅធ្វើ​ការ​វិញ​នៅត្រឹម​ឆ្នាំ​ថ្មី​ខាងមុខនេះ ដោយ​និង​បានទទួល​នូវ​ការ​ស៊ើបសួរផ្សេងៗមកពី​ទូទាំង​ពិភពលោក។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild។

    លោក Wenger ដែល​បាន​ចាក​ចេញពី​ក្លិប Arsenal កាលពី​ខែឧសភា ក្រោយពី​បាន​ដឹកនាំ​អស់​រយៈពេល22ឆ្នាំ បាន​បញ្ជាក់ថា លោក​មិនបាន​ដឹងថា​ការងារ​របស់​ពួកគេ​បន្ទាប់ពីនោះ​ជាការ​ងារ​អ្វី​ឡើយ ប៉ុន្តែ លោក​មាន​អារម្មណ៍​ថា លោក​បាន​សម្រាក​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ធ្វើការ​ម្តងទៀត។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​ចាប់ផ្តើម​ធ្វើការ​ម្តងទៀត​នៅ​ថ្ងៃទី1 ខែមករា។ ខ្ញុំ​មិនទាន់​ដឹងថា នៅ​កន្លែង​ណា​នៅឡើយ​ទេ»។

    លោក Wenger វ័យ 68ឆ្នាំ ដែល​បាន​ដឹកនាំ​ក្លិប​ជប៉ុន Nagoya Grampus Eight នៅ​មុនពេល​ចូលរួម​ជាមួយនឹង Arsenal នោះ បាន​ប្រាប់​បន្តថា៖ «មាន​សហព័ន្ធ និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជាច្រើន ហើយ​វា​ក៏​អាច​នឹង​ស្ថិតក្នុង​ប្រទេស​ជប៉ុន​ផងដែរ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «សម្រាប់​រយៈពេល 22ឆ្នាំ​របស់ខ្ញុំ​ជាមួយនឹង Arsenal ខ្ញុំ​មាន​បទពិសោធ​ដ៏​ធំ​ក្នុង​កម្រិតផ្សេងៗគ្នា។ មានការ​ស៊ើបសួរ​ជាច្រើន​មកពី​ទូទាំង​ពិភពលោក»។

    លោក Wenger បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League 3លើក​នៅ​ជាមួយ​ក្លិប Arsenal ប៉ុន្តែ ឆ្នាំ​ចុងក្រោយ​របស់លោក​នៅក្នុង​ក្លិប​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​នេះ មាន​ភាព​ត្រដាបត្រដួស​ខ្លាំង៕

    ប្រភពពី៖ Channel News Asia

  • កូរ៉េ​ផ្តល់​កម្ចី 66.57លាន​ដុល្លារ​សម្រាប់​សាងសង់​មន្ទីរពេទ្យ​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ

    កូរ៉េ​ផ្តល់​កម្ចី 66.57លាន​ដុល្លារ​សម្រាប់​សាងសង់​មន្ទីរពេទ្យ​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ

    រដ្ឋាភិបាល​កូរ៉េថ្មីៗនេះ​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ដឹងថា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) បានសម្រេច​ផ្តល់​កម្ចី​ប្រមាណ 66.57លាន​ដុល្លារ ដល់​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដើម្បី​បណ្តុះបណ្តាល​ដល់​និស្សិត​ពេទ្យ​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល (UHS)។

    មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​នៅ​ឆ្នាំ 1987 ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ក្នុង​ពិភពលោក​ដែល​កំពុងអភិវឌ្ឍន៍ និង​ជួយ​អភិវឌ្ឍ​ប្រទេស​នានា​ដើម្បី​សម្រេចបាន​នូវ​ឧស្សាហូបនីយកម្ម និង​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ដោយ​ការផ្តល់​ឥណទាន​រយៈពេល​វែង ដែលមាន​ការប្រាក់​ទាប។ បច្ចុប្បន្ន មូលនិធិ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ Korea Eximbank ដែលជា​ភ្នាក់ងារ​ផ្តល់ប្រាក់​កម្ចី​ខាងក្រៅ​ប្រទេស​កូរ៉េខាងត្បូង។

    គម្រោង​នេះ​មាន​គោលបំណង​សំខាន់ គឺ​បណ្តុះបណ្តាល​អ្នកជំនាញ​វិជ្ជាជីវៈ​សុខាភិបាល ឱ្យ​ក្លាយជា​ធនធាន​សំខាន់​សម្រាប់​ប្រទេស​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ដែលមាន​ស្តង់ដារ​ខ្ពស់​លើ​សេវា​សុខភាព ដោយ​ក្នុង​មន្ទីរពេទ្យ​ដែល​គ្រោង​នឹង​បង្កើត​សម្រាប់​ការបណ្តុះបណ្តាល​នោះ​មាន​គ្រែ​អ្នកជំងឺ​សម្រាប់​បង្រៀន​រហូតដល់​ទៅ 200គ្រែ ជាមួយនឹង​បរិក្ខារ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប។

    កង្វះខាត​មន្ទីរពេទ្យ​សម្រាប់​ការបណ្តុះបណ្តាល​បានធ្វើឱ្យ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការអប់រំ​ពី​ប្រព័ន្ធ​សម្រាប់​មន្ទីរពេទ្យ​ទាំងមូល កម្មវិធីសិក្សា​សម្រាប់​គ្រប់គ្រង និង​បំបែក​ជា​គ្លីនិក រួមទាំង​ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​អ្នកជំងឺ​នៃ​គ្លីនិក​ដែលមាន​អ្នកជំងឺ​ច្រើន និង​និស្សិត​វេជ្ជសាស្ត្រ​ដែល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខា​បាល។

    នៅពេលដែល​មន្ទីរពេទ្យ​សម្រាប់​បណ្តុះបណ្តាល​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​ត្រូវបាន​បង្កើតឡើង​ក្រោម​ជំនួយ​របស់ EDCF អ្នកជំនាញ​ផ្នែក​សុខាភិបាល​នឹង​ត្រូវបាន​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ចំណេះ​ដឹងបាន​កាន់តែ​ប្រសើរ​ជាមួយនឹង​ប្រព័ន្ធ​ច្បាស់លាស់​ប្រកបដោយ​គុណភាព​ខ្ពស់។

    ការបង្កើត​មន្ទីរពេទ្យ​នេះ ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​អាច​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​សេវាកម្ម​សុខាភិបាល​ទំនើប ឧបករណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ទាន់សម័យ។

    រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​កម្ចី​សរុប​ប្រមាណ 766លាន តាមរយៈ EDCF ដើម្បី​ជួយ​ដល់​គម្រោង​ចំនួន 22 នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ 2001មក៕

  • ពិតជា​អស្ចារ្យ ! ទឹកប្រាក់ ១០០លាន​រៀល ពី​អ៊ី​ឈី​តាន់ ត្រូវបាន​បន្ត​ឈ្នះ​ទៅលើ​កុមារា​ម្នាក​ទៀត់​រស់នៅ​ក្រុង​សៀមរាប

    ពិតជា​អស្ចារ្យ ! ទឹកប្រាក់ ១០០លាន​រៀល ពី​អ៊ី​ឈី​តាន់ ត្រូវបាន​បន្ត​ឈ្នះ​ទៅលើ​កុមារា​ម្នាក​ទៀត់​រស់នៅ​ក្រុង​សៀមរាប

    សម្រាប់​កុមារា​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ម្នាក់នេះ​មានឈ្មោះ សុភ័ណ មនោ​ភ​ទ្ទ អាយុ 12 ឆ្នាំ បច្ចុប្បន្ន​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី7 នៃ​អនុវិទ្យាល័យ ព្រះឥន្ទ​កសាង និង​រស់នៅ​ភូមិ​មណ្ឌល3 សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន កុមារា​រូបនេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ ប្អូន​បាន​សុំ​លុយ​ជីដូន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ដើម្បី​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង។

    ភ្លាមនោះ​ប្អូន​ក៏បាន​យកទៅ​បង្ហាញ​ជីដូន និង​ម្ដាយ​អោយបាន​ដឹង។ ដោយឡែក​អ្នកស្រី ហ៊ុន រស្មី អាយុ 36ឆ្នាំ ដែលជា​ម្ដាយ​របស់​កុមារា​រូបនេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ដែល​កូន​ប្រាប់ថា​ត្រូវ​រង្វាន់ អ្នកស្រី​កំពុងតែ​នៅ​កន្លែង​ស៊ីឈ្នួល​បោក​អ៊ុត។ ដំបូង​ពេល​កូនប្រុស​និយាយប្រាប់​គឺ​មិន​ជឿ​នោះទេ ប៉ុន្តែ​ក្រោយពេល​មក​មើល​គម្រប​ដប និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន ទើប​ជឿ​ទាំងស្រុង​តែម្ដង។

    អ្នកស្រី​បានបញ្ជាក់​ទៀតថា សព្វថ្ងៃនេះ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​មានមុខ​របរ​អ្វី​ធំដុំ​នោះ ដែល​សូម្បីតែ​ខ្ទម​តូច​កំពុង​រស់នៅ​ក៏​សង់​ស្នាក់អាស្រ័យ​នៅ​លើដី​របស់គេ​ដែរ។ អ្នកស្រី​បានបញ្ជាក់​ថា  បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ អ្នកស្រី​នឹង​យកលុយ​មួយចំនួន​ទៅ​ទិញ​ដី​សង់ផ្ទះ​អោយបាន​សមរម្យ​ជាង​សព្វថ្ងៃ ហើយ​យក​មួយចំនួនទៀត​ទៅ​បង្កើត​មុខរបរ​បុកល្ហុង​ដែលជា​ជំនាញ​របស់​អ្នកស្រី ហើយនឹង​ទុក​សម្រាប់​កូន​បន្ត​ការសិក្សា​ទៅ​ថ្ងៃ​អនាគត។

    នៅក្នុង​ឱកាស​នោះ អ្នកស្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​ជួយ​កែប្រែ​ជីវិត និង​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យមាន​ភាពល្អប្រសើរ។ គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ 100លាន​រៀល រហូតដល់ 50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន 50គ្រឿង រង្វាន់ iPhone ចំនួន 50គ្រឿង រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • សាលា​ពាណិជ្ជ​សាស្ត្រ MARUGAME លេចចេញ​ជា​រូបរាង​ហើយ!!!

    សាលា​ពាណិជ្ជ​សាស្ត្រ MARUGAME លេចចេញ​ជា​រូបរាង​ហើយ!!!

    សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME (MBS) TORIDOLL Group សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) បាន​បើក​បវេសនកាល​របស់​ខ្លួន​ហើយ នៅ​ថ្ងៃទី16 ខែតុលា​ឆ្នាំ2018 ដើម្បី​បង្រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា។

    លោក KASUHIRO SHINOHARA អនុប្រធាន​មូលនិធិ CIESF ជប៉ុន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថា៖ សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME ជា​សាលាដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​ការសិក្សា​ផ្ដោតទៅលើ «ជំនាញ​ផ្នែក​អាជីវកម្ម​ម្ហូបអាហារ» គឺជា​សាលា រៀនសូត្រ​អំពី​មូលដ្ឋានគ្រឹះ​នៃ​អាជីវកម្ម​លើ​ការគ្រប់គ្រង ហើយ​ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​ឱកាស​ការងារ​តាម​ភោជនីយដ្ឋាន​នានា​នៅក្នុង​ប្រទេស​និង​នៅលើ​ពិភពលោក។

    លោក​បាន​បញ្ជាក់ថា​ក្នុងការ​វិនិយោគ​នេះ TORIDOLL បានកំណត់​គោលដៅ​មួយ​គឺ​ការអភិវឌ្ឍន៍​ធនធាន មនុស្ស​ប្រកបដោយ​សក្តានុពល​នៅក្នុង​ពិភពលោក ហើយ TORIDOLL បាន​ឈាន​ជើង​បង្កើត​សាលា​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើកដំបូង ដែល​តាមរយៈ​សាលារៀន​នេះ ក្រុមហ៊ុន​បានគិត​ទៅលើ​ការរួមចំណែក អភិវឌ្ឍ​អាជីវកម្ម​លើ​ការគ្រប់គ្រង​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​នៅ​ទូទាំង​តំបន់​អាស៊ី។

    លោក ស៊ី វណ្ណា ប្រធាន​ផ្នែក​គ្រប់គ្រង​ការអភិវឌ្ឍន៍​ធនធានមនុស្ស បាន​មានប្រសាសន៍ថា៖ នេះ​ជា​ឱកាស​សម្រាប់​សាធារណជន និង​សិស្ស-និស្សិត​នៅ​កម្ពុជា ក្នុងការ​ទទួលបាន​ជំនាញ​ដើម្បី​ចូលធ្វើការ​នៅ​ក្រុមហ៊ុន TORIDOLL ប្រចាំ​នៅ​កម្ពុជា ឬ​នៅ​សាខា​ក្រៅប្រទេស ពីព្រោះថា​ប្រទេស​យើង​កំពុងតែ​ជំរុញ​ខ្លាំង អំពី​សហគ្រិន និង​ជា​ពេលវេលា​សមស្រប ជា​ឱកាស​ទី1 និង​ជាការ​បើក​លើក​ទី​ដំបូង ដែល​អ្នកចូលរួម​អាច​ទទួលបាន​បទពិសោធ និង​ចំណេះដឹង ជាមួយនឹង​សក្តានុពល និង​ជា​ពេលវេលា​សមស្រប​បំផុត និង​ជាការ​អបអរសាទរ ក្នុងការ​បើកប​វេ សន​កាល​នេះ​យើង​បានទទួល​អ្នក​ចុះឈ្មោះ​សិក្សា​ចំនួន 20នាក់។

    គួរ​បញ្ជាក់ថា MARUGAME គឺជា Brand មួយ​ក្នុងចំណោម 20 នៃ​ក្រុមហ៊ុន​ជប៉ុន TORIDOLL បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ 1985មកម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​សាខា​របស់ខ្លួន​ចំនួន​ជាង 1000ហាង​នៅ​ប្រទេស​ជប៉ុន និង​ជាង 500ហាង​ទៀត​នៅ35ប្រទេស​ជុំវិញ​ពិភពលោក។ ភោជនីយដ្ឋាន MARUGAME  នឹង​កំណត់​គោលដៅ​ដើម្បី​ក្លាយ ខ្លួន​ជា​ភោជនីយដ្ឋាន​នៅក្នុង​ចំណាត់ថ្នាក់​ទាំង10នៅលើ​ពិភពលោក ដោយ​ពង្រីក​ចំនួន 6000ហាង​នៅ​ឆ្នាំ2025  ៕

  • ៦ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត

    ៦ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត

    ១៥ តុលា ២០១២ មកដល់​ថ្ងៃទី១៥ តុលា ២០១៨ គឺជា​ថ្ងៃ​គម្រប់​ខួប ៦ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ និង​ដែនដី​ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត។

    សម្តេចព្រះ​បរម​រតន​កោដ្ឋ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​កន្លងទៅ។ ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បានដាក់​រាជ្យ ២លើក សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិតក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សារ​ជាតិ និង​ការបង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅក្នុង​ទសវត្សរ៍​ទី៩០។

    ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១កើត ខែ​ក​ត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤៦៦ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។

    ចាប់ពី​ឆ្នាំ១៩៣០ដល់១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់មក​ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (CHASSELOUP LAUBAT) នៅ​ព្រៃនគរ (វៀតណាម​ខាងត្បូង)។ លុះដល់​ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្ក​បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ១៩៤៦ ព្រះអង្គ​បាន​យាង​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​បារាំង​តាម​ការ អញ្ជើញ​របស់​ប្រធានាធិបតី FELIX GOUIN និង​ឧ​ត្ត​ម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ១៩៤៦ដល់១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (SAUMURE) ប្រទេស​បារាំង។

    ក្នុង​ឆ្នាំ ១៩៤៧ ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​កម្ពុជា​វិញ​ដាច់ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុងពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ដែល​បាន ចុះ​ព្រះហស្ដលេខា​នៅ​ឆ្នាំ១៨៦៣ និង​ឆ្នាំ១៨៨។ នៅ​ឆ្នាំ១៩៤៩ដដែល​ព្រះអង្គ​បាន​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ស​ន្និ​សញ្ញា​ឆ្នាំ១៩៤៩នេះ​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ១៨៦៣ និង​ឆ្នាំ១៨៨។ ពី​ឆ្នាំ១៩៥២ដល់១៩៥៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០%ជូន​ជាតិ​មាតុភូមិ។

    នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស​សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ ជា «ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ១៩៥៤ព្រះអង្គ​បាន​បញ្ជូន​គណៈប្រតិភូ​ជា​តំណាង​របស់​ព្រះអង្គ​ទៅ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូចិន​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE)ដែលមាន​ប្រទេស​កម្ពុជា​ចូលរួម​ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

    នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានដាក់​រាជ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត ព្រះអង្គ​បាន​ប្រទាន​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរមងារ​ជា «សម្តេចព្រះ​ឧបយុវរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។ ថ្ងៃទី២៣ ខែមីនា​ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​បង្កើត​ចលនា​សង្គមរាស្ត្រនិយម​ដែលមាន​គណបក្ស​ជាច្រើន ចូលរួម​ក្នុង​ចលនា​នេះ។

    ពីថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អ្រា​ហ្វិ​ក-អាស៊ី​លើក​ទី១ នៅ​ទីក្រុង​បាន់​ឌុ​ង (ប្រទេស​ឥណ្ឌូនេស៊ី) ហើយ​នៅ​ទីនោះ​ព្រះអង្គ​បានប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំងស្រុង និង​សន្តិ​សហ​វិជ្ជមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំងអស់​ដោយ​មិន​គិតពី​មនោគមវិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើកដំបូង​ជាមួយនឹង​លោក ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​រុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គា​ម៉ា​ល់ អាប់​ដែល ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER) ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម, លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO)ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេ​ន ឡាយ (ZHOU EN LAI)នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានទទួល​មហា​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភាជាតិ​ដោយ​ទទួល បានការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើសលប់។ ព្រះអង្គ​បានទទួល​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ហើយ​ក្នុង​ព្រះរាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជារាស្ត្រ​ខ្មែរ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ដើម្បី​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទូទៅ​នៅក្នុង​គ្រប់​វិស័យ​នៃ​ការកសាង​ជាតិ របស់​ព្រះអង្គ ជាពិសេស​ការលើកស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើភាព​នឹង​បុរស​ក្នុង ការងារ។

    ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ។

    នៅ​ឆ្នាំ១៩៥៦ នៅ​ប្រ៊ី​យ៉ូ​នី (BRIONI)នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គមនិយម​យូ​ហ្គោ​ស្លា​វី ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដោយបាន​ឡាយព្រះហស្ដលេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ បន្ទាប់ពី​អ្នក​ផ្តួចផ្តើម​គំនិត​ដ៏​សំខាន់៤រូប​ទៀតៈ លោក ហ្សូ​ស៊ី​ប ប្រូស ទី​តូ (JOIP BROZ TITO) ប្រធានាធិបតី​យូ​ហ្គោ​ស្លា​វី, លោក ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​រុ (JAWAHARLAL NEHRU)នាយករដ្ឋមន្ត្រី​ឥណ្ឌា, លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO)ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គា​ម៉ា​ល់ អាប់​ដែល​ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER)ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម។

    នៅ​ខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជាដើម។ ព្រះអង្គ​បាន​ឡាយព្រះហស្ដលេខា​លើ​សេចក្តីប្រកាស​រួម​ស្តីពី​មិត្តភាព កម្ពុជា-ចិន។

    នៅ​ឆ្នាំ១៩៦០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេលនោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​សមាជិកសភា​ខ្មែរ​បានសម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ព្រះអង្គ ជា​ប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង សកម្ម​ជាទីបំផុត។

    ខែកញ្ញា ឆ្នាំ១៩៦០ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានលើកឡើង​នូវ​ផែនការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់ អព្យាក្រឹត​រវាង​ប្លុក​មហាអំណាច​ទាំងពីរ។

    នៅ​ខែឧសភា ឆ្នាំ១៩៦១ តាម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE)ដើម្បី​ដោះស្រាយ​ទំនាស់​រវាង​ភាគី៣នៅ​ប្រទេស​ឡាវ។

    ចាប់ពី ខែឧសភា ឆ្នាំ ១៩៦១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​នយោបាយ​ការទូត​ដើម្បី​ទាមទារ ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ជាតិខ្មែរ​មកវិញ​ពី ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុងឡាអេ (LA HAYE)បានសម្រេច​ប្រគល់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

    នៅ​ខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី១នៃ​ចលនា​មិន​ចូល បក្សសម្ព័ន្ធ​នៅ​បែ​ល​ក្រា​ដ (BEGRADE)នៃ​ប្រទេស​យូ​ហ្គោ​ស្លា​វី​ដែលមាន២៩ប្រទេស​ចូលរួម។

    នៅ​ទីនោះ​ព្រះអង្គ​បាន​ថ្កោលទោស​ចំពោះ​អំពើ​របស់​ពួក​អាណានិគមនិយម​ចក្រពត្តិនិយម និង​ការប្រកាន់​ពូជសាសន៍។

    នៅ​ខែមិថុនា ឆ្នាំ១៩៦៤ ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARES de GAULLE) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​បានរៀបចំ​បដិសណ្ឋារកិច្ច​ជា​ឧឡា​រិ​ក ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​នៅ​ទីក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បានទទួល​ដោយស្មោះ​សរ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ស្តីពី ការទទួលស្គាល់​អព្យាក្រឹត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    នៅ​ចុងខែ សីហា និង​ដើមខែ​កញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បានរៀបចំ​បដិសណ្ឋារកិច្ច​ទទួល​ជា​ឧឡា​រិ​កលោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARLES de GAULLE)ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ដែល​បានមក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

    ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុង​សុន្ទរកថា​ដែល​ថ្លែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានាធិបតី​បាន​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានការ​ពារ ឯករាជ្យ បូរណភាព​ទឹកដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។

    ពីថ្ងៃ​ទី២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុងឱកាស​ព្រះ រាជពិធី​បើក និង​បិទ​ការប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី។

    ក្រោម ព្រះរាជកិច្ច​ដឹកនាំ​រប​ស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យ​សង្គមរាស្ត្រនិយម​ដែល​ប្រជារាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះនាម ព្រះអង្គ​ថា​ជា ព្រះបិតា​ឯករាជ​ជាតិ ព្រះបិតា​សិក្សាធិការ​ជាតិ ព្រះបិតា​សុខាភិបាល​ជាតិ ព្រះបិតា​កីឡា​ជាតិ ព្រះបិតា​ស្ថាបនា​ជាតិ សមិទ្ធផល​នានា​ជាច្រើន​ត្រូវបាន​កសាងឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្តបន្ទាប់​សម្រាប់​ប្រជារាស្ត្រ ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត-ក្រុង​នានា​ជាពិសេស​មាន​សមិទ្ធផលធំៗ ដូចជា វិមានឯករាជ្យ វិមាន​រដ្ឋ​ចំការមន ចំណត​អាកាសយានដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិនតុង ចំណត​អាកាសយានដ្ឋាន​សៀមរាប ចំណត​អាកាសយានដ្ឋាន​បែក​ចាន ខេត្តបាត់ដំបង ផ្លូវជាតិ​លេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក​ក្រុងភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ សណ្ឋាគារ «ឯករាជ្យ»ក្រុងព្រះសីហនុ សាល​មហោស្រព​ជាតិ «ព្រះ​សុរាម្រិត» ភ្នំពេញ សាលសន្និសីទ «ចតុមុខ» ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ស្ពាន​ព្រះមុនីវង្ស​ទី២ ស្ពាន «សង្គមរាស្ដ្រនិយម»ឆ្លងកាត់​ទន្លេសាប សាកលវិទ្យាល័យ «សង្គមរាស្ដ្រនិយម»ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​បច្ចេកទេស មហាវិទ្យាល័យ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច មហាវិទ្យាល័យ​គរុកោសល្យ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មហាវិទ្យាល័យ​សិល្បៈ​ស្ថាបនា មហាវិទ្យាល័យ​សិល្បៈ​និង​មុខរបរ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទ​ក្សេត្រសាស្ត្រ សាកល​វិទ្យា​ភូមិន្ទ​កំពង់ចាម សាកលវិទ្យាល័យ​ភូមិន្ទ​បាត់ដំបង សាកលវិទ្យាល័យ​ភូមិន្ទ​តាកែវ-កំពត រោងភាពយន្ត​រដ្ឋ ស្ថានីយទូរទស្សន៍​ខេមរភូមិន្ទ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រោងចក្រ​ចម្រាញ់​ប្រេងកាត​ក្រុងព្រះសីហនុ រោងចក្រ​ស្រា​បៀរ​ក្រុងព្រះសីហនុ រោងចក្រ«ព្រះ​នរោត្តម»ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ​ក្រុងព្រះសីហនុ រោងចក្រ​ស្ករស​កំពង់ត្រាំ​ខេត្តកំពង់ស្ពឺ រោងចក្រ​វាយនភ័ណ្ឌ​ខេត្តកំពង់ចាម រោងចក្រ​វាយនភ័ណ្ឌ​ខេត្តបាត់ដំបង រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្តបាត់ដំបង រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង​ខេត្តកំពត រោងចក្រ​កែវ​ជើងឯក​រាជធានី​ភ្នំពេញ រោងចក្រ​ក្ដារបន្ទះ​ដីឥដ្ឋ​ខេត្តកណ្ដាល រោងចក្រ​ក្រដាស​ឆ្លូង​ខេត្តក្រចេះ រោងចក្រ​ជី​ហ្វូ​ស​ស្វាត​ទូក​មាស​ខេត្តកំពត រោងចក្រ​កង់ឡាន​តាខ្មៅ​ខេត្តកណ្ដាល រោងចក្រ​ត្រីខ​ប្រអប់​កោះកុង រោងចក្រ​ផលិត​ជ័រកៅស៊ូ​ជប់​ខេត្តកំពង់ចាម រោងចក្រ​វា​រី​អគ្គិសនី​គិរី​រម្យ​ខេត្តកំពង់ស្ពឺ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត នៅតាម​បណ្ដា​ស្រុក-ខេត្ត-ក្រុង ដូចជា​សាលារៀន​មន្ទីរពេទ្យ ទំនប់ទឹក ស្រះ​ទឹក ប្រឡាយ ផ្លូវថ្នល់ ស្ពាន​ជាដើម។ល។

    នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែល​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជ​ជា​ផ្លូវការ​នៅ​សហភាព សូ​វៀត ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ត្រូវ​បានទទួល​រងគ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋប្រហារ​យោធា​ដែលមាន​លន់ នល់ ជា​មេខ្លោង។ សាធារណរដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវបាន​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ១៩៧០។

    នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អង្គជា​ព្រះប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រមជាមួយ​នោះ ក៏មាន​បង្កើត​នូវ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK)។

    នៅ​ខែមេសា ឆ្នាំ១៩៧០ នៅ​កង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គជា​អ្នក​ផ្ដួចផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូចិន ដែល​នៅ​ក្នុងនោះ​មានការ​ចូលរួម​ដោយ​អ្នកដឹកនាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ផាំ វ៉ាន់​ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង​ដឹកនាំ​ដោយ​លោក ង្វៀង ហ៊ី​វថ (NGUYEN HUU THO) និង​ពី ណេ​វ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ប្រធាន​សុ​ផា​នុ​វង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង និង​ភាគី ណេ​វ ឡាវ ហាក់​សាត បានប្រកាស​ជា​ឱឡារិក​ថា​ប្រទេស​របស់ខ្លួន​ទទួលស្គាល់​និង​គោរព​ជា​ដរាប បូរណភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា។

    ព្រះសីហនុកំពុងធ្វើទស្សនកិច្ច រ៉ូម៉ានីនៅឆ្នាំ១៩៧២ រួមមានប្រធានាធិបតីរ៉ូម៉ានី នីកូឡាអេ-ឆាអ៊ូសេស្គូ (ឆ្វេង) និងម្ចាស់ក្សត្រីនរោត្តម-មុនីនាថ

    ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ព​ប្រជាជន​រំដោះជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដ​ណើ្ដ​ម​បាន​ជ័យជម្នះ​ទាំងស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបាន​បង្កើតឡើង​ដែលមាន​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ជា​ព្រះប្រធាន។ ប៉ុន្ដែ​នៅ​ខែមេសា ឆ្នាំ១៩៧៦ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ លាលែង​មុខងារ​ជា​ព្រះប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ ហើយ​ត្រូវបាន​ពួក​ខ្មែរក្រហម​ឃុំឃាំង​ព្រះអង្គ និង​សម្តេច​ព្រះរាជអគ្គមហេសី ព្រមទាំង​ធ្វើ​គុត​ព្រះរាជ​បុត្រាបុត្រី​មួយចំនួន​ផង។

    ពី​ឆ្នាំ១៩៨២ ដល់១៩៩០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​អង្គជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

    ចាប់តាំងពី​ឆ្នាំ១៩៨៧ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ខិតខំ​អស់ពី​កម្លាំង​កាយពល​ដើម្បី​បង្រួបបង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំងអស់​រិះរក​នូវ​ដំណោះស្រាយ​នយោបាយ​សមស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះអង្គ​តែងតែ​ប្រទាន​ចំពោះ​ឯកឧត្តម ហ៊ុន សែន និង​គណៈប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាបថ្វាយបង្គំ​គាល់​ជា​បន្តបន្ទាប់ នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖

    -ពីថ្ងៃ​ទី០២ដល់​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួប​លើក​ទី១នៅ Fére-ren Tardenois។

    -ពីថ្ងៃ​ទី២០-២១ ខែមករា ឆ្នាំ១៩៨៨ ជំនួប​លើក​ទី២នៅ Saint Germain-en-Laye។

    នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះ ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានទទួល​ពី​មេដឹកនាំ​នៃ​កម្ពុជា​ទាំង៤ភាគី​ដើម្បី​ប្រកាស​ជា​ឧឡា​រិ​ក នូវ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ ហើយ​ទទួលស្គាល់​ការបញ្ឈប់​ជា​បណ្ដោះអាសន្ន​នូវ​ការបាញ់​គ្នា​នៅក្នុង ប្រទេស​កម្ពុជា​ទាំងមូល និង​បញ្ឈប់​ការផ្តល់​ជំនួយ​យោធា «អាវុធ…»ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កងទ័ព​កម្ពុជា​ទាំង។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ កម្ពុជា(SNC)ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះ បាទ​សម្តេចព្រះ នរោត្តម សីហនុ​ជាទី​ស្នាក់ការ​ផ្លូវការ​អចិ​ន្រៃ្ត​យ៍ និង​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់(SNC)។

    នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចាក​ចេញពី​ប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា(CNR)ដើម្បី​ដាក់​ព្រះកាយ​ព្រះអង្គ​នៅ​ពីលើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុ​ជានា​នា។ ព្រះអង្គ​ត្រូវបាន​សមាជិក​ទាំង១១រូប​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ កម្ពុជា(CNC)ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»នៃ​ក្រុមប្រឹក្សា​នេះ។

    ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ឡាយព្រះហស្ដលេខា «លើ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា១១រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល១៨ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ។

    នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​វិញ ប្រកបដោយ​ជោគជ័យ​និង​សុវត្ថិភាព។ ក្រោយពី​មាតុភូមិនិវត្តន៍​របស់​ព្រះអង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯកឧត្តម ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ដែលមាន​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​ដែលមាន​សម្តេច​បវរ សេដ្ឋា សឺ​ន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែលមាន​លោក​ខៀវ សំផន​ជា​ប្រធាន បានប្រកាស​ជា​បន្តបន្ទាប់​ជា​ផ្លូវការ និង​ជា​លាយលក្ខណ៍អក្សរ​ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ​នៅតែ​ជា​ព្រះប្រមុខរដ្ឋ​ពេញលក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំងមូល។ ម្យ៉ាងទៀត ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ផ្លូវការ​នៅតែ​រក្សាទុក​តួនាទី​ជា​ព្រះប្រមុខរដ្ឋ​រហូតដល់​មាន ការបោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ១៩៩៣។

    នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ បាន​ទ្បា​យ​ព្រះហស្ដលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​សភាធម្មនុញ្ញ​កម្ពុ​ជា​បានអនុម័ត។

    នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហា​មិ​ទិ្ទ​ញ​មហាជន​មួយ ក៏ត្រូវ​បានរៀបចំ​ទ្បើង​ដោយមាន​មហាជន​យ៉ាងច្រើន​កុះករ​ចូលរួម ដើម្បី​សម្ដែង​មនោសញ្ចេតនា​អបអរសាទរ​គាំទ្រ សា្វគ​មន៍​ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ព្រះករុណា​ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឧត្ដម​ជាទីបំផុត ក្នុងការ​បង្រួបបង្រួម ផ្សះផ្សា​ជាតិ តាំងពីដើម​រហូតមក។ ព្រះអង្គ​បានធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​រដ្ឋាភិបាលចម្រុះ​ដែលមាន​សហនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ១៩៩៣ ហើយ​ជាពិសេស ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជ​ន​កម្ពុជា និង គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​អំពី​គោលការណ៍​ប្រតិបត្តិ​ការដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រោម​ព្រះរាជា ធិបតី​ភាព​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះបរមរាជវាំង​នា​ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

    ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរគុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះរាជកិច្ច ព្រះរាជតួនាទី​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្តុ​មរ​បស់​អង្គ​សម្តេចឪ​នៃ​យើង។

    ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជាទី​សក្ការ​ជា​ព្រះមហាវីរក្សត្រ​មួយ​ព្រះអង្គ​ដែល​តែងតែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះរាជកិច្ច​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ឧត្តុង្គឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ តាំងពីដើម​រៀងរហូត​ដល់​ប​ច្ទុ​ប្បន្ន ព្រះអង្គ​តែងតែ​បំពេញ​ព្រះរាជ​សកម្មភាព​សង្គមកិច្ច​ដូចជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ជូន​ប្រជានុរាស្ត្រ។ ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន និង​បន្ត​នូវ​ព្រះរាជ​សកម្មភាព​ទាំងនេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័លក្រ និង​ជីវភាព​ខ្វះខាត​ខ្លាំង។

    ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា​ខាងលើនេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធរាជធម៌​របស់​ព្រះករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទី​សក្ការ​ដែល​ព្រះអង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយសារ​សច្ចភាព​នេះហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការយាង​គ្រងរាជ្យសម្បត្តិ​សាជាថ្មី នៅ​ឆ្នាំ១៩៩៣ ហើយ​ដែល​ការវិល​មក​គ្រងរាជ្យ​ជាថ្មី​ដូច​ព្រះអង្គ​បែបនេះ គឺ​ពុំ​ធ្លាប់មាន​ទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នាពេល​កន្លងមក​នេះ។

    ១១ឆ្នាំ ក្រោយ​ការឡើង​គ្រងរាជ្យ​លើក​ទី២ សម្ដេចព្រះ​នរោត្តម​សីហនុ ក៏បាន​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយ​ចាប់ពីពេលនោះ​មក​ព្រះអង្គ​បាន​ចំណាយពេល​ភាគច្រើន​គង់នៅ​ទីក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះរាជសុខភាព​ដែលជា​ហេតុ​ធ្វើ​ឲ្យ ព្រះអង្គ បាត់​ព្រះ​ភក្ត្រ ឃ្លាត​ព្រះកាយ​ពី​កូនចៅ ចៅទួត​របស់​ព្រះអង្គ។ ក៏ប៉ុន្ដែ​បើទោះបីជា​យ៉ាងនេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងអស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែងតែ​ចាត់ទុក​ព្រះអង្គ នៅតែ​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​ជាប់​ជានិច្ច។

     

     

    ជា​អកុសល ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវ​នឹង​ថ្ងៃ១៥កើត ខែភទ្របទ​ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង១និង២០នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម៩០ព្រះវស្សា៕

    (ដកស្រង​ចេញពី​សៀវភៅ​ស​បោះពុម្ព​ដោយ​ព្រះបរមរាជវាំង)