Author: វល័ក្ខ

  • តួស្រី ចាំងគីម បរិច្ចាគប្រាក់ជាង 56 លានវ៉ុន ដល់អ្នករងគ្រោះទឹកជំនន់នៅសិរីលង្កា

    តួស្រី ចាំងគីម បរិច្ចាគប្រាក់ជាង 56 លានវ៉ុន ដល់អ្នករងគ្រោះទឹកជំនន់នៅសិរីលង្កា

    តារាស្រីជើងចាស់ ដែលមានសម្រស់ស្អាតជួរមុខនៅក្នុងចំណោមតារាស្រីនានាក្នុងពិភពសិល្បៈកូរ៉េ គឺតួឯកស្រី ចាំង គីម ឬមានឈ្មោះពិតថា Lee Young Ae បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 56.2លានវ៉ុន ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសសិរីលង្កា។

    កាលពីពេលថ្មីៗនេះ សារព័ត៌មានរបស់ប្រទេសសិរីលង្កា បានរាយការណ៍មកថា តារាសម្ដែងស្រីរូបនេះបានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនមហាសាលដល់មូលនិធិប្រទេសកូរ៉េ ដើម្បីពាំនាំថវិកាទាំងនេះទៅជួយដល់ប្រជាជន និងជនពិការដែលកំពុងមានទុក្ខជាទម្ងន់ដោយសារគ្រោះធម្មជាតិ គ្រោះទឹកជំនន់នៅប្រទេសសិរីលង្កា តាមរយៈស្ថានទូតប្រទេសកូរ៉េ ប្រចាំនៅទីនោះ។

    តារាស្រីវ័យ 46ឆ្នាំរូបនេះបានពោលអំពីហេតុការណ៍គ្រោះទឹកជំនន់នោះថា «ខ្ញុំមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តខ្លាំងណាស់ ដែលបានទទួលដំណឹងថា គ្រោះទឹកជំនន់នៅក្នុងប្រទេសសិរីលង្កា ហើយមានប្រជាជនបានបាត់បង់ខូចខាតផ្ទះសំបែងអស់ជាច្រើន ព្រមទាំងមានអ្នកស្លាប់បាត់បង់ជីវិតទៀតផង ។ នៅក្នុងគ្រានេះ នាងខ្ញុំចង់ជួយសង្គ្រោះដល់ពួកគេទាំងនោះ បើទោះបីជាមិនបានច្រើនក្ដី តែក៏ខំប្រឹងឱ្យអស់ពីចិត្ត»។

    លើសពីនោះទៅទៀតតារាស្រី Lee Young Ae បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការកសាងគម្រោងផ្ដល់អាហារូបករណ៍ដល់បណ្ដាសិស្ស និសិ្សតដែលមានឈ្មោះថា «Lee Young Ae Scholarship Fund» ដល់សិស្សានុសិស្សនៅប្រទេសសិរីលង្កា ផងដែរ ៕

  • សិក្ខាសាលា «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី21»

    សិក្ខាសាលា «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី21»

    នេះជាលើកទី2 ហើយ ដែល សិក្ខាសាលា «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី21» ត្រូវបានរៀបចំឡើងដោយក្រុមយុវជនស្មត្រ័ចិត្ត ដើម្បីការអភិវឌ្ឍសង្គម ហៅកាត់ថា YVSD។ សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 25ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 7:30am-12pm នៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។

    សិក្ខាសាលា «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី21» ជាវេទិការមួយរៀបចំឡើងក្នុងគោលបំណង បង្ហាញនូវយុទ្ធសាស្ត្រក្នុងការកំណត់គោលដៅជីវិត ការទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ ដែលនាំឲ្យទទួលលទ្ធផលល្អការចាប់ឱកាសទាំងការសិក្សា និងការងារឱ្យសមស្របនឹងសមត្ថភាពដែលខ្លួនមាន និងប្រសិទ្ធភាពនៃការទទួលបានព័ត៌មានពីមជ្ឈដ្ឋានផ្សេងៗ។

    គួរបញ្ជាក់ផងដែលថា ក្រុមយុវជនស្មត្រ័ចិត្តដើម្បីការអភិវឌ្ឍសង្គម ជាបណ្តាញយុវជន និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលមានឆន្ទៈរួមគ្នាបានចាប់ផ្ដើមបង្កើតក្រុមនេះឡើងនៅឆ្នាំ2014។ ក្នុងគោលបំណងចង់ឃើញប្រជាជនខ្មែរពិសេសយុវជនមានសមត្ថភាពទទួលបានការអប់រំដើម្បីសង្គមមួយដែលមានវឌ្ឍនភាព។ដោយមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃការអភិវឌ្ឍគំនិតរបស់យុវជនទៅមុខឥតឈប់ឈរយុវជនត្រូវការប្រកួតប្រជែងដើម្បីការងារនិងឱកាសផ្សេងៗទៀត។
    ក្រុមយុវជនខាងលើនេះ ក៏ធ្លាប់បានរៀបចំសិក្ខាចំនួនបីលើករួមមកហើយ ដែលសិក្ខាសាលា លើកទីមួយគឺ «ការកសាងខ្លួនជាយុវជនឆ្នើមសតវត្សទី 21» រៀបចំឡើងនៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ2015 នៅឯសាកលវិទ្យាល័យ បញ្ញាសាស្ត្រ មានអ្នកចូលរួមប្រមាណជាង 700នាក់ លើសពីការរំពឹងរហួតទៅដល់ 200នាក់។

    សិក្ខាសាលាទី2គឺ «កីឡា ស្នេហា និងការអប់រំសតវត្សទី ២១» រៀបចំឡើងនៅថ្ងៃទី 18ខែកញ្ញា ឆ្នាំ2016 នៅឯសាកលវិទ្យាល័យ បញ្ញាសាស្ត្រដូចគ្នា មានអ្នកចូលរួមប្រមាណជាង៦០០នាក់។ សិក្ខាសាលាទី3 ដែលទើបនឹងបញ្ចប់រយៈពេលមិនយូរប៉ុន្មាននោះគឺសិក្ខាសាលា «ការត្រៀមខ្លួនក្លាយជាម្ចាស់អាជីវកម្មសតវត្សទី21” ដែលសិក្ខាសាលាទី3 នេះក៏មានអ្នកចូលរួមអង្គុយពេញកៅអីមិនចាញ់សិក្ខាសាលាទាំងពីរ ខាងលើដែរ។ សិក្ខាសាលាទី3 នេះត្រួវបានរៀបចំឡើងនៅថ្ងៃទី 15ខែមករា ឆ្នាំ2017 នៅឯ CJCC មានអ្នកចួលរួមប្រមាណជាង 500នាក់។ ចំណែកឯសិក្ខាសាលាលើកទី4នេះវិញនឹងប្រព្រឹត្តិឡើងនៅពេលឆាប់ៗនេះគឺ «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី21» លើកទី2 ប្រព្រឹត្តិទៅនៅថ្ងៃទី 25ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 7:30am-12pm នៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។

    គោលបំណងនៃការបង្កើតសិក្ខាសាលានេះគឺ៖
    – ផ្ដល់ជាយុទ្ធសាស្ត្រដល់យុវជនក្នុងការកំណត់គោលដៅជីវិតឲ្យបានច្បាស់លាស់
    – បង្ហាញពីរបៀបនៃការប្រាស្រ័យទាក់ទង និងការសម្របខ្លួនជាមួយនឹងមជ្ឈដ្ឋានខាងក្រៅប្រកបដោយប្រសិទ្ធភាព
    – ផ្ដល់នូវគន្លឹះក្នុងការប្រើប្រាស់ និងបង្កើតឱកាសសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងការងារ
    – ផ្ដល់ពីរបៀបនៃការទទួល និងការប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព។

    វាគ្មិនរួមមាន៖
    – ឯកឧត្តម បណ្ឋិត ច័ន្ច សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា
    – កញ្ញា អ៊ុង ច័ន្ចសោភា ផលិតករ និងពិធីការនី ព័ត៌មាន CNC & CTN
    – លោក ហ៊ុយ សម្បត្តិ សហស្ថានិក Youth Force 2030 in Cambodia
    – លោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ៕

  • យុវជនចាប់ផ្តើមជជែកពិភាក្សាពីវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា

    យុវជនចាប់ផ្តើមជជែកពិភាក្សាពីវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា

    យុវជនកម្ពុជាជាច្រើនក្រុមបានរួមគ្នាប្រកួតប្រជែងលើប្រធានបទសំខាន់ៗនៅក្នុងកម្មវិធី The perspective Cambodia ដែលជាកម្មវិធីជជែកតស៊ូមតិថ្នាក់ជាតិមួយសម្រាប់យុវជននៅកម្ពុជា។ ក្នុងនោះ ប្រធានបទ ស្តីពី «ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនរបស់ប្រជាពលរដ្ឋបានជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចកម្ពុជានាពេលអនាគត» បានក្លាយជាប្រធានបទសំខាន់មួយដែលទទួលបានការចាប់អារម្មណ៍ពីគ្រប់សមាសភាពសង្គម។

    បេក្ខជននៃក្រុមដែលស្របលើប្រធានបទនេះ បានធ្វើការបកស្រាយដោយផ្តោតលើទឡ្ហីករណ៍សំខាន់ៗចំនួន 3គឺ ការយល់ដឹងពីផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ហើយការប្រើប្រាស់កម្ចីរបស់ប្រជាពលរដ្ឋខ្មែរមានហានិភ័យខ្ពស់ និងហានិភ័យនៃការកំណត់ពិដានអត្រាការប្រាក់។ ដោយក្រុមស្របបានធ្វើការបកស្រាយពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនក្នុងការខ្ចីបំណុលពីធនាគារនៅទន់ខ្សោយដែលធ្វើឱ្យពួកគេស្ថិតក្នុងបំណុល ឬជួបហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីកម្ចីទាំងអស់នោះ ដែលធ្វើឱ្យពួកគេត្រូវជួបភាពក្រីក្រ។ ពួកគេក៏បានបកស្រាយផងដែរពីការដាក់ពិដានអត្រាការប្រាក់ ឬការកំណត់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់យកការប្រាក់ខ្ពស់បំផុតត្រឹម 18% ក្នុងមួយឆ្នាំ ដែលរុញច្រានឱ្យប្រជាជនកាន់តែច្រើនជាប់បំណុលធនាគារ។

    ចំណែកឯក្រុមបដិសេធវិញ ក៏បានឆ្លើយតបផងដែរដោយយោងលើទឡ្ហីករណ៍សំខាន់ៗចំនួន 3 ដូចគ្នា គឺទី1 ក្រុមបដិសេធបកស្រាយពីកម្មវត្ថុនៃកម្ចីរបស់ប្រជាពលរដ្ឋខ្មែរ ទី2គឺ កម្ចីធនាគារបានធ្វើឱ្យមានកំណើននៃអាជីវកម្មដែលអាចបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ និងចំណុចចុងក្រោយគឺ កំណើនសេដ្ឋកិច្ច និងសេវាសាធារណៈ។ ក្រុមបដិសេធបានបកស្រាយថា តាមពិតទៅការខ្ចីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមិនមានហានិភ័យនោះទេ ព្រោះកម្មវត្ថុនៃកម្ចីគឺដើម្បីយកទៅបង្កើនចំណូល និងផ្គត់ផ្គង់ជីវភាព។ ក្រុមបដិសេធក៏បានបកស្រាយផងដែរថា កម្ចីអាចជួយឱ្យមានភាពរីកចម្រើនទៅវិញទេក្នុងសង្គមកម្ពុជា។

    លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានកោតសរសើរចំពោះយុវជនដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវលើប្រធានបទស្តីពីមីក្រូហិរញ្ញវត្ថុ ព្រោះវាជាប្រធានបទក្តៅ។ ប្រធានបទនេះជាប្រធានបទដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍ ហើយចំណាប់អារម្មណ៍នេះ គឺមានទូទាំងពិភពលោក មិនមែនតែនៅកម្ពុជានោះទេ។
    លោកជំទាវ ជា សិរី មានប្រសាសន៍ថា៖ «ការតស៊ូមតិនេះគឺធ្វើបានល្អ តែការស្រាវជ្រាវរបស់ប្អូនៗនៅមានកម្រិតនៅឡើយ។ សម្រាប់ការសរសេរជានិក្ខេបបទ ឬការជជែកពិភាក្សាជាផ្លូវការគួរកុំយកទិន្នន័យ ក៏ដូចជាការអះអាងជាលក្ខណៈបុគ្គល ប្អូនៗគួរយកអំណះអំណាងដែលមានលក្ខណៈជាស្ថាប័នដែលគួរឱ្យទុកចិត្តបាន»។

    លោកជំទាវបានបន្ថែមទៀតថា យុវជនដែលធ្វើការជជែកពិភាក្សាស្តីពីប្រធានបទការខ្ចីបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថបានជះឥទ្ធិពលលើសេដ្ឋកិច្ចនេះ គួរចែកឱ្យដាច់ពីសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចមានច្រើន មានទាំងសេដ្ឋកិច្ចមីក្រូ និងសេដ្ឋកិច្ចលក្ខណៈម៉ាក្រូ។ អ្វីដែលបេក្ខជនបានលើកឡើងគឺគ្រាន់តែជាលក្ខណៈគ្រួសារ ឬពាក់ព័ន្ធនឹងបំណុលគ្រួសារតែប៉ុណ្ណោះ។ បេក្ខជនទាំងអស់គួរធ្វើការវិភាគលើបញ្ហាមីក្រូ ហើយទាញភ្ជាប់ទៅកាន់ការស្រាវជ្រាវ និងការបកស្រាយជាលក្ខណៈម៉ាក្រូ ហើយចំពោះឯកសារ និងការពន្យល់ផ្សេងៗទៀតដើម្បីជាការយល់ដឹងឱ្យកាន់តែច្បាស់ បេក្ខជនអាចទៅកាន់ធនាគារជាតិនៃកម្ពុជាដើម្បីសិក្សាឱ្យបានកាន់តែលម្អិត។

    នៅក្នុងកម្មវិធីជជែកតទល់នេះមានគណៈកម្មការចំនួន 5រូប គឺ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឈឹម សំណាង គ្រូបង្វឹកនៃកម្មវិធីទំពាំងស្នងឫស្សី លោក អ៊ុក កំពូល អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោក អួង បូរិន នាយកធនធានមនុស្សនៃក្រុមហ៊ុន aplus consulting៕

  • Katy Perry សុំទោស Taylor Swift ជាសាធារណៈ

    Katy Perry សុំទោស Taylor Swift ជាសាធារណៈ

    នៅទីបំផុត Katy Perry បានអត់ឱន និងសុំទោសនូវអ្វីដែលនាងបានធ្វើខុសចំពោះ Taylor Swift ដែលជាមិត្តចាស់របស់នាង នៅក្នុងសង្គមសិល្បៈហូលីវូដ។

    សង្គ្រាមពាក្យសម្ដីមួយឆ្នាំពេញរវាង Taylor Swift និង Katy Perry បានមកដល់ទីបញ្ចប់ហើយ ដោយថ្មីៗនេះ តារាស្រី Katy Perry បានផ្ដល់បទសម្ភាសផ្លាស់ប្ដូរបទពិសោធជាមួយអ្នកនិពន្ធ Arianna Huffington ក្នុងការផ្សាយផ្ទាល់ ហើយនាងបានលើកឡើងពីរឿងរ៉ាវជុំវិញការបញ្ចប់សង្គ្រាមជាមួយ Taylor Swift ។

    តារាស្រី Katy Perry បានពោលប្រាប់អ្នកនិពន្ធថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ក៏ព្រោះតែអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ។

    មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បានបន្ដនិយាយទៀតថា ” មានរឿងជាច្រើនទៀតដែលកំពុងបន្ដដំណើរទៅមុខ ដែលមានមនុស្សនៅក្នុងពិភពលោកនេះកំពុងចាប់អារម្មណ៍ពីវា ហើយខ្ញុំបានបួងសួងដល់ព្រះជាម្ចាស់ឱ្យតាមថែរក្សាការធ្វើដំណើររបស់នាង” ។

    គួរបញ្ជាក់ផងដែរថា ការឆ្លើយតបវិញរបស់ Taylor Swift ចំពោះបញ្ហានេះ នៅមិនទាន់មានការបកស្រាយនៅឡើយទេ តែតាមរយៈសារព័ត៌មាន Enemies បានសន្យាជាមួយអ្នកគាំទ្រថា នឹងរៀបចំបទសម្ភាសផ្ទាល់រវាងតារាពីរដួងនេះដោយផ្ទាល់ទល់មុខគ្នា នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕

     

     

     

  • ទង្វើ 3យ៉ាង ដែលមិនគួរធ្វើក្នុងការនិយាយសាធារណៈ

    ទង្វើ 3យ៉ាង ដែលមិនគួរធ្វើក្នុងការនិយាយសាធារណៈ

    ការនិយាយសាធារណៈ (Public Speaking) ឬធ្វើបទបង្ហាញលើវេទិកា​ជាឱកាសយ៉ាងល្អសម្រាប់ការបញ្ចេញមតិយោបល់ រួមទាំង​បង្ហាញពីរឿងរ៉ាវសំខាន់ៗដែលអ្នកធ្លាប់លើកឡើង តែ​ពេលខ្លះ​វាក៏អាចធ្វើឱ្យអ្នកនិយាយមានភាពអាម៉ាស់ ឬ​ទទួល​រងការរិះគន់ផងដែរប្រសិនបើ​ពួកគេមិនបានស្វែងយល់ពីកំហុសឆ្គងនៃការនិយាយនោះ។

    ខាងក្រោមនេះ ជាទង្វើខុសឆ្គងមួយចំនួនដែលអ្នកនិយាយសាធារណៈ គួរចៀសវាង ដើម្បីឱ្យវេទិការបស់អ្នក​ក្លាយជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើក។

    1/ ការនិយាយ ឬអួតតែពីរឿងផ្ទាល់ខ្លួន

    ជាធម្មតា ដើម្បីនិយាយឱ្យ​គេស្តាប់លុះត្រាតែអ្នកនិយាយមានលក្ខណៈសម្បត្តិល្អប្រសើរ ឬមាន​ចំណុចពិសេស​លើសពីមនុស្សដទៃ។ ដើម្បីបង្ហាញពីចំណុចទាំងអស់នេះ អ្នកនិយាយភាគច្រើន​ចូលចិត្ត​អួតពី​មុខតំណែងខ្លួនឯង អួតពីទ្រព្យ អួតពីគ្រួសារ ឬអួតពីស្នាដៃការងារជាដើម។ ការអួតនេះ គឺត្រូវធ្វើឱ្យមានកម្រិត បើមិនដូច្នោះទេ អ្នកនឹងក្លាយជាមនុស្សដែលអ្នកស្តាប់គេជ្រេញ ហើយ​អាចរងនូវការរិះគន់បាន។

    តាមពិត អ្នកនិយាយ អាចបង្ហាញពីគុណតម្លៃរបស់ខ្លួនម្តងបន្តិចៗតាមរយៈ​ការបញ្ចូលនូវបទពិសោធ និងវិធីសាស្រ្តដោះស្រាយបញ្ហាដែលខ្លួនធ្លាប់ធ្វើទៅក្នុងអត្ថន័យនៃការបង្ហាញនោះ​។

    2/ មិនបានត្រៀមខ្លួន និងរកប្រធានបទមិនឃើញ

    អ្នកនិយាយសាធារណៈមួយចំនួន ហាក់មិនខ្វល់ពីប្រធានបទនៃកម្មវិធីដែលគេកំពុងធ្វើនោះទេ ព្រោះពួកគេហាក់មានមោទនភាពជាមួយនឹងថ្វីមាត់ ឬ​គំនិតដែលគេបានធ្វើឡើង។ កត្តាទាំងអស់នេះ អាចធ្វើឱ្យថ្វីមាត់​របស់គេបាត់បង់តម្លៃដោយសារតែ​អ្នកចូលរួម​មិនងាយនឹងយល់ ហើយពេលខ្លះអាច​គិតថា​អ្នកនិយាយនោះជាមនុស្សដែលនិយាយមិនចំគោលដៅដែលគេចង់បាន។

    3/ ព្យាយាមទន្ទេញគ្រប់ពាក្យ ឬអាន​ទាំងស្រុង

    ការនិយាយ​សាធារណៈ ជាធម្មតាត្រូវការសិល្បៈ និង​អាកប្បកិរយាប្រកបដោយថាមពល រួមទាំងភាពរួសរាយក្នុងការរៀបរាប់។ នៅពេលដែលអ្នកព្យាយាមទន្ទេញនូវអ្វីដែលអ្នក​ចង់​និយាយនោះអ្នកនឹងបាត់បង់ទំនុកចិត្តទាំងស្រុងនៅលើឆាក ព្រោះ​ថាអ្នកស្តាប់មិនបានចាប់អារម្មណ៍ទៅលើ​វេទិកានោះទេ តែអ្វីដែលអ្នកគិតគឺអក្សរ​ និងឃ្លោងឃ្លាដែលអ្នកបានសរសេរទុក។ គ្រប់ពេលដែលអ្នកនិយាយ គឺមិនខុសពីមនុស្សយន្តដែលកំពុងនិយាយនោះទេ វាប្រាកដជាមិនសូវមានសិល្បៈ ឬ​ភាពរស់រវើកនោះទេ៕

  • មន្រ្តីជាន់ខ្ពស់ IMF គាំទ្រគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិ

    មន្រ្តីជាន់ខ្ពស់ IMF គាំទ្រគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិ

    ឯកឧត្តម Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងគាំទ្រលើការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគាជាតិនៃកម្ពុជា ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុឱ្យកាន់តែមានគុណភាពនៅកម្ពុជា។

    ការថ្លែងគាំទ្រខាងលើ ធ្វើឡើងនៅពេលដែលមន្រ្តីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី6 – 9 ខែមិថុនា ចុងសប្តាហ៍មុននេះ ដោយបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់នៅកម្ពុជា និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាលើវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា។

    ក្នុងជំនួបនោះឯកឧត្តម Furusawa បានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយ និងសន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបានសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទទួលបានអត្រាកំណើនជាមធ្យម 7.7% ក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរឹងមាំនៃវិស័យធនាគារ និងគាំទ្រការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុដោយបានពង្រឹងគុណភាពឥណទាន ដើមទុន និងសន្ទនីយភាពវិស័យធនាគារ។

    ទន្ទឹមនេះ ឯកឧត្តម Furusawa បានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តជាតិ ក្នុងការបន្តជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការជួយកសាងធនធានមនុស្ស និងការជួយតាមដានស្ថានភាពសេដ្ឋកិច្ច សំដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

    ក្នុងជំនួបដ៏កម្រនេះ ឯកឧត្តមទេសាភិបាល បានជម្រាបជូនពីប្រវត្តិ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនាគារកម្ពុជាដែលបានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុយ៉ាងសំខាន់ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
    ការអភិវឌ្ឍវិស័យធនាគារបានចាប់ផ្តើមពីដើមទសវត្សរ៍ឆ្នាំ 2000 ក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដែលបានអូសបន្លាយប្រមាណ 30ឆ្នាំ។ ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញតិ្តក្នុងវិស័យធនាគារត្រូវបានពង្រឹងជាលំដាប់ ស្របតាមស្ថានភាពរីកចម្រើន និងស្តង់ដារអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិដែលតែងតែគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ការជួយពិនិត្យតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗនាពេលកន្លងមក៕

  • លោក Capello ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិបចិន Jiangsu Suning

    លោក Capello ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិបចិន Jiangsu Suning

    លោក Fabio Capello អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងក្លិប Real Madrid កាលពីថ្ងៃអាទិត្យ ត្រូវបានតែងតាំងជាគ្រូបង្វឹកដើម្បីដឹកនាំក្លិប Jiangsu Suning ខណៈដែលនេះគឺជាការចុះហត្ថលេខាជាមួយនឹងគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ល្បីបំផុតក្នុងក្របខ័ណ្ឌលីករបស់ប្រទេសចិន។

    ក្លិប Jiangsu Suning បានប្រកាសថា គ្រូបង្វឹកបង្គោលសញ្ជាតិអ៊ីតាលីរូបនេះ នឹងនាំយកគំនិត និងវិធីសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដើម្បីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងទីក្រុង Jiangsu និងកីឡាបាល់ទាត់របស់ចិន។ លោក Capello ជាបុរសដែលល្បីល្បាញចុងក្រោយគេបំផុតដែលបានផ្ទេរទៅចិន ក្រោយពីមានការចូលរួមពីសំណាក់កីឡាករឆ្នើមៗដូចជា ខណៈដែល Ezequiel Lavezzi និង Carlos Tevez និងបានក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីពួកគេបានបំពេញការផ្ទេរទៅកាន់ក្របខ័ណ្ឌ Super League របស់ចិន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្របខ័ណ្ឌរបស់ចិនបានបំបែកកំណត់ត្រារបស់អាស៊ីនៃការទិញចូលកីឡាករថ្មីចំនួន5លើកក្នុងរយៈពេលត្រឹមតែ12ខែប៉ុណ្ណោះ។
    Jiangsu Suning បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយកកីឡាករឆ្នើមៗដូចជា Ramires និង Alex Teixeira។ ប៉ុន្តែ ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញភ្លាមៗ។

    លោក Capello វ័យ7០ឆ្នាំ ដែលធ្លាប់ឈ្នះពានក្របខ័ណ្ឌ Serie A 5លើក ដោយ4លើកនៅជាមួយនឹងក្លិប AC Milan និង1លើកជាមួយនឹងក្លិប Roma ហើយគ្រូបង្វឹកចាស់វស្សារូបនេះក៏ធ្លាប់ឈ្នះពាន La Liga ចំនួនពីរលើកជាមួយនឹងក្លិប Real Madrid ផងដែរ៕
    ប្រភពពី៖ Reuters

  • អង្គការទស្សនៈពិភពលោកថា ​ឪពុកម្តាយខ្មែរ​ 77% ប្រើហិង្សាដើម្បីអប់រំកូន

    អង្គការទស្សនៈពិភពលោកថា ​ឪពុកម្តាយខ្មែរ​ 77% ប្រើហិង្សាដើម្បីអប់រំកូន

    អំពើហិង្សាលើកុមារជាបញ្ហាធ្ងន់ធ្ងរមួយដែលបង្អាក់ដល់ការអភិវឌ្ឍសមត្ថភាពរបស់កូន ហើយវាក៏អាចបណ្តាលឱ្យកុមារ​មានបញ្ហាផ្លូវចិត្តទៀតផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថា ​វាហាក់បីដូចក្លាយជាទម្លាប់ទៅហើយដែល​អាណាព្យាបាល​នៅកម្ពុជា​បានប្រើប្រាស់ការប្រើអំពើហិង្សា​ធ្វើជាវិធី​ដើម្បីបង្រៀន​កូនៗ។

    ថ្មីៗនេះ អង្គការ​ទស្សនៈពិភពលោក​បានបង្ហាញថា ឪពុកម្តាយ​ជនជាតិខ្មែររហូត​ដល់​ 77% បានប្រើអំពើហិង្សាលើរាងកាយ​ដើម្បីដាក់ពិន័យដល់កូនៗរបស់ពួកគាត់។ ការធ្វើបែបនេះ​ជាទង្វើដែលគ្រប់សមាសភាព​ក្នុងសង្គម​ចង់​លុបបំបាត់ចោលខ្លាំងបំផុត ព្រោះនាពេលបច្ចុប្បន្ន​មានវិធីអប់រំជាច្រើនដើម្បី​ធ្វើឱ្យកូន​ក្លាយជាមនុស្សល្អ។ អាណាព្យាបាល​គួរ​ប្រើប្រាស់វិធីដែលទន់ភ្លន់ ឬប្រើប្រាស់ហេតុផល​ដើម្បីណែនាំកូនជាជាង​ការវាយដំ៕

  • ក្រុមហ៊ុនអ័រគីដេ វីឡាបោះទុន 350លានដុល្លារសាងសង់គម្រោងថ្មី

    ក្រុមហ៊ុនអ័រគីដេ វីឡាបោះទុន 350លានដុល្លារសាងសង់គម្រោងថ្មី

    ភ្នំពេញៈ ក្រុមហ៊ុនអ័រគីដេ វីឡាចំណាយថវិកាជាង 350លានដុល្លារ ដើម្បីសាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ស្របតាមស្តង់ដារពិភពលោក។

    ប្រធានផ្នែកលក់នៃក្រុមហ៊ុន អ័រគីដេ វីឡាលោកសេង ពិសិដ្ឋបានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ស្ថិតនៅតាមបណ្តោយផ្លូវ 2004កាលពីថ្ងៃម្សិលមិញថា ការបើកសម្ពោធគម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម គឺជាការបង្ហាញនូវជោគជ័យថ្មីមួយទៀត ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអ័រគីដេ វីឡា ជាក់ស្តែងក្រុមហ៊ុនអ័រគីដេ វីឡាបានជ្រើសរើសយកក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយ ដើម្បីជំរុញការស្ថាបនាប្រកបដោយភាពទទួលខុសត្រូវ ជាពិសេសផ្តល់សុវត្ថិភាពខ្ពស់ក្នុងការរស់នៅ។

    លោកបានឲ្យដឹងទៀតថា ការចាប់ផ្តើមស្ថាបនាគម្រោងខុនដូដ៏ធំមួយនេះឡើង គឺត្រូវការចំណាយថវិកាជាង 350លានដុល្លារ ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា និងជាការផ្តល់ជូននូវលំនៅឋានមួយថ្មី ដែលមានសេវាកម្មពេញលេញ សម្រាប់បំពេញគ្រប់តម្រូវការរស់នៅរបស់អតិថិជនក្នុងពេលបច្ចុប្បន្ន។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានភាពល្អប្រសើរ បើទោះបីជាការលក់ ឃើញមានសកម្មភាពយឺតជាងមុនក្តី ប៉ុន្តែនិន្នាការនេះគឺដោយសារការផ្គត់ផ្គង់កើន ឡើង ដែលធ្វើឲ្យទីផ្សារមើលឃើញថាការលក់ធ្លាក់ចុះ ប៉ុន្តែការពិតទីផ្សារនៅតែដំណើរការទៅមុខល្អប្រសើរនៅឡើយ៕

  • អេស្ប៉ាញ និងអ៊ីតាលី រក្សាការដេញតាមគ្នាយ៉ាងប្រកៀក ក្រោយពីឈ្នះរៀងៗខ្លួន

    អេស្ប៉ាញ និងអ៊ីតាលី រក្សាការដេញតាមគ្នាយ៉ាងប្រកៀក ក្រោយពីឈ្នះរៀងៗខ្លួន

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានរក្សាការមានពិន្ទុស្មើជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នៅលើកំពូលតារាងនៃពូល G ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិម៉ាសេដ្វាន ក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃ អាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Diego Costa របស់ក្លិប Chelsea ជាអ្នករកបានគ្រាប់បាល់ឈ្នះនោះ។

    ក្រុមភ្ញៀវមួយនេះ បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី15 ខណៈដែលខ្សែបម្រើ David Silva បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោមការលេងដ៏ស៊ីចង្វាក់គ្នាយ៉ាងល្អពីសំណាក់កីឡាករ Andres Iniesta និង Jordi Alba។ បន្ទាប់មក Costa បានបន្ថែម1គ្រាប់ទៀត ក្រោយពីការបញ្ជូនបាល់យ៉ាងល្អរបស់ Isco ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ 2-0 នៅមុនពេលឈានដល់នាទីទី6០ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ Stefan Ristovski បានជួយឲ្យក្រុមម្ចាស់ផ្ទះស្រោចស្រង់បាន1គ្រាប់វិញ។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីតាលី បានរក្សាការដេញតាមពីក្រោយក្រុមអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ2010 ខណៈដែលពួកគេបានទទួលជ័យជម្នះដោយងាយក្នុងលទ្ធផល 5-០ លើក្រុមជម្រើសជាតិលិចតិនស្តាញ ក្នុងទីក្រុង Udine។

    កីឡាករ Lorenzo Insigne, Andrea Belotti, Eder, Federico Bernardeschi និង Manolo Gabbiadini សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមអ៊ីតាលី ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុមអេស្ប៉ាញ នៅខែកញ្ញា ខាងមុខនេះ។
    សម្រាប់ក្នុងការប្រកួតពូល I ឯនោះវិញ ក្រុមចំនួន4កំពុងតែដេញតាមពីក្រោយគ្នាត្រឹមតែ2ពិន្ទុប៉ុណ្ណោះ ក្រោយពីក្រុមកំពុងនាំមុខគឺក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល 1-០ នៅលើទឹកដីក្រុមជម្រើសជាតិអ៊ីស្លង់ ក្រោយពីកីឡាករ Hordur Magnusson បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់ការប្រកួត។ បច្ចុប្បន្នក្រុមជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី មាន16ពិន្ទុដូចគ្នា ក្រោយពីការប្រកួត6លើកតែអេស្ប៉ាញ នាំមុខដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង៕
    ប្រភពពី៖ worldsoccertalk