Author: វល័ក្ខ

  • ហេតុអ្វីយុវជនខ្មែរគួរតែសរសេរ Blog?

    ហេតុអ្វីយុវជនខ្មែរគួរតែសរសេរ Blog?

    Blog គឺជាគេហទំព័រផ្ទាល់ខ្លួន ដែលបុគ្គលម្នាក់អាចសរសេរដើម្បីបញ្ចេញមតិយោបល់ ដើម្បីសរសេរពីគំនិតយល់ឃើញ ការកត់ត្រាពីព្រឹត្តិការណ៍ ឬការស្រាវជ្រាវណាមួយដែលបានដឹង រួមទាំងការសរសេរពីដំណើរជីវិតផ្ទាល់ខ្លួនជាដើម។ ការសរសេរ blog ជាវិធីសរសេររឿងដ៏ពេញនិយមរបស់យុវជន និងប្រជាជននៅទូទាំងពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យានេះ។

    ទោះជាបណ្តាញសង្គម បានរីកដុះដាលខ្លាំងយ៉ាងណាក៏ដោយ តែទម្លាប់នៃការសរសេរ Blog នៅតែត្រូវបានគេថែរក្សា ហើយភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាញសង្គម និង Blog បានយ៉ាងងាយទៀតផង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលយុវជនខ្មែរគួរតែសរសេរ Blog។

    1.Blog ជួយអភិវឌ្ឍការសរសេរ
    អត្ថបទនីមួយៗ ដែលសរសេរនៅក្នុង Blog ជាអត្ថបទដែលមនុស្សភាគច្រើនទុកចិត្តក្នុងការសរសេរជាងការសរសេរអត្ថបទជាផ្លូវការនានា ព្រោះថានៅក្នុង Blog ជាពិភពមួយដែលខ្លួនឯងជាម្ចាស់លើគេហទំព័រនោះដោយមិនមានអ្នកណាគ្រប់គ្រង ឬចាំស្តីឱ្យនោះទេ។ លើសពីនេះទៅទៀត អត្ថបទដែលបានផ្សាយនៅក្នុង Blog អាចទទួលបាននូវការផ្តល់យោបល់ពីសំណាក់អ្នកអានពីការគាំទ្រ រួមទាំងគំនិតសម្រាប់ការកែតម្រូវផងដែរ។ គំនិតទាំងនេះ នឹងក្លាយជាទុននៃការពិចារណាសម្រាប់អភិវឌ្ឍអត្ថបទរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈជាសកលឡើងសម្រាប់សាធារណជន។

    2.Blog ជួយឱ្យខួរក្បាលមានរបៀប និងឆ្លាតជាងមុន
    ការសរសេរ Blog ជាការកត់ត្រានូវរឿងរ៉ាវ និងការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលពួកគេសរសេរអ្វីគ្រប់យ៉ាងទៅជាអត្ថបទ គេនឹងក្លាយជាមនុស្សដែលមានអារម្មណ៍ស្ងប់ ហើយស្គាល់ខ្លួនឯងកាន់តែច្បាស់។ ម្យ៉ាងវិញទៀត ការសរសេរអត្ថបទនីមួយៗ គឺអាចធ្វើឱ្យយើងមើលឃើញពីលទ្ធផលនៃការគិតរបស់ខ្លួនឯង ហើយងាយស្រួលដកស្រង់យកវាមកធ្វើជាផែនការសកម្មភាពនៅក្នុងជីវិតឆ្ពោះទៅរកការអភិវឌ្ឍថែមទៀតផង។

    3.Blog ជួយបង្កើនប្រជាប្រិយភាព
    ជាធម្មតាមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកនិពន្ធបានទាំងអស់ ហើយការគិតរបស់មនុស្សតែងតែមានចំណុចល្អរៀងៗខ្លួន ហេតុនេះប្រសិនបើអ្នកចូលចិត្តសរសេរ សូមអ្នកសរសេរនូវការយល់ឃើញជាវិជ្ជមានទាំងអស់ ហើយធ្វើការចែករំលែកនៅក្នុងBlog។ នៅពេលដែលអត្ថបទរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងជាប្រចាំ អ្នកនឹងអាចរកឃើញមនុស្សថ្មី ឬអាចទទួលបានការគាំទ្រពីអ្នកអាន ដែលវាជាកត្តាជំរុញឱ្យអ្នកកាន់តែខិតខំប្រឹងប្រែងដកស្រង់យកសក្តានុពលពីក្នុងខ្លួនមកសរសេរបានកាន់តែច្រើន ហើយអត្ថបទដែលសរសេរចេញពីចិត្តទាំងអស់នោះ អាចធ្វើឱ្យអ្នកក្លាយជាមនុស្ស ដែលទទួលបានការគាំទ្រពីមនុស្សទូទៅ ដែលអាចនឹងទទួលបានផលប្រយោជន៍ពីអត្ថបទរបស់អ្នកនៅពេលបន្ទាប់មក៕

  • អ្នកស្រឡាញ់វិស័យផលិតភាពយន្ដ មិនគួររំលងកម្មវិធីល្អនេះទេ

    អ្នកស្រឡាញ់វិស័យផលិតភាពយន្ដ មិនគួររំលងកម្មវិធីល្អនេះទេ

    វិស័យផលិតខ្សែភាពយន្តចាប់ផ្ដើមមានសម្ទុះរីកដុះដាលឡើងវិញនៅក្នុងប្រទេសកម្ពុជា ហើយខ្សែភាពយន្ដនីមួយៗក៏ពោរពេញទៅដោយគំនិតនៃការបង្កើតអ្វីដែលថ្មីៗជាច្រើនផងដែរ ជាមួយគ្នានេះ ការផលិតភាពយន្ដនៅប្រទេសកម្ពុជាបច្ចុប្បន្ន គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបានហើយ បើទោះបីជាផ្នត់គំនិតរបស់យុវវ័យខ្មែរបច្ចុប្បន្នទាមទារឱ្យទស្សនាតែភាពយន្ដណាដែលមើលទៅមានគុណភាព និងមានស្ដង់ដារក៏ដោយ ដោយសារពួកគេចង់បាននូវអ្វីដែលមានការអភិវឌ្ឍថ្មីៗនៅក្នុងខ្សែភាពយន្ដខ្មែរ ។

    ជាផ្នែកមួយដើម្បីជំរុញឱ្យវិស័យភាពយន្ដនៅក្នុងប្រទេសកម្ពុជា កាន់តែមានគុណភាព ខ្លាំងឡើងនោះ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ធ្លាប់បានបង្កើតវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនដែរកាលពីពេលកន្លងមក ហើយថ្មីៗនេះវិទ្យាស្ថានបារាំងនៅកម្ពុជាបានរៀបចំកម្មវិធីសិក្ខាសាលាវគ្គទី 2 នៃការបណ្ដុះបណ្ដាលជំនាញ និងការថតភាពយន្ដ ដែលមានប្រធានបទ «សិល្បៈ និងអារម្មណ៍នៃការនិពន្ធអត្ថបទភាពយន្ត» ដែលរៀងរៀងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងថតភាពយន្តបរទេសនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញចូលរួមពីវត្តមានឯកឧត្តម ម៉ៅ អាយុទ្ធ។

    ដូច្នោះបេក្ខជនដែលចាប់អារម្មណ៍ អាចស្វែងរកសំបុត្រអញ្ជើញចូលរួមដោយឥតគិតថ្លៃនៅទីនោះ និងសូមបញ្ជាក់ថា វគ្តបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2017 ខាងមុខនេះ និងនិយាយជាភាសាខ្មែរ៕

  • តារាចម្រៀង Jay Chou៖ គ្រួសារសំខាន់ជាងឱកាសលើកពានរង្វាន់…

    តារាចម្រៀង Jay Chou៖ គ្រួសារសំខាន់ជាងឱកាសលើកពានរង្វាន់…

    កាលពីសប្ដាហ៍កន្លងទៅសារព័ត៌មាន តៃវ៉ាន់ បានចេញផ្សាយថា តារាបង្ហាញម៉ូដស្រីរូបស្អាត Hannah Quinlivan ជាភរិយារបស់តារាចម្រៀងប្រុស Jay Chou បានបង្ហោះរូបកូនប្រុសទី2 របស់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ បន្ទាប់មកកាលពីយប់ថ្ងៃទី 21 កន្លងទៅ តារាចម្រៀងប្រុសវ័យ 38 ឆ្នាំរូបនេះ បានបង្ហោះរូបកូនប្រុសទាំង 2 នាក់ជាមួយភរិយារបស់លោកជាថ្មីម្ដងទៀត ដែលគេសង្កេតឃើញថា ហាក់បីដូចជាមានសេចក្ដីសុខនៅក្នុងក្រុមគ្រួសារខ្លាំងណាស់។

    នៅក្នុងថ្ងៃដដែល លោក Jay Chou បានឆ្លើយឆ្លងជាមួយសារព័ត៌មានកម្សាន្តមួយរបស់កោះតៃវ៉ាន់ ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការងារនៅក្នុងឆ្នាំថ្មីនេះ ព្រោះតាមរយៈបទ Past Life Lover ដែលជាការធ្វើការងាររួមគ្នាជាមួយតារាស្រី Hathaway ក៏ប៉ុន្ដែហេតុអីបានជានាងមិនត្រូវបានគេប្រកាសឈ្មោះឱ្យអញ្ចើញចូលរួមកម្មវិធីទទួលពានរង្វាន់ Golden Melody Awards?។ តែមិនថ្វីទេ រឿងរ៉ាវមិនសប្បាយចិត្តរបស់ Jay Chou បានរសាយបាត់អស់ នៅពេលដែលលោកបាននៅជួបជុំជាមួយក្រុមគ្រួសារលោកវិញនៅពេលល្ងាចថ្ងៃនោះ។

    ទន្ទឹមនឹងការខកចិត្តរបស់ខ្លួន Jay Chouបានបន្ដបញ្ជាក់ថា “ខ្ញុំអាចនឹងមិនបានចូលរួមកម្មវីធី Golden Melody Awards ទេ តែក៏សូមអរគុណដល់អ្នកគាំទ្រគ្រប់រូប ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ជាកិត្តិយសបំផុតដែលត្រូវបានគេអញ្ចើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់នេះ តែខ្ញុំចង់ប្រគល់ពេលវេលានេះជូនភរិយា និងកូនទាំង 2 នាក់របស់ខ្ញុំវិញ” ៕

  • រឿង «Real» នឹងកាត់បន្ថយរូបភាពអាក្រាតរបស់តារាស្រី Sulli ចោលខ្លះ

    រឿង «Real» នឹងកាត់បន្ថយរូបភាពអាក្រាតរបស់តារាស្រី Sulli ចោលខ្លះ

    បន្ទាប់ពីមានការសម្រេចចិត្តដ៏ច្រើនមក តារាស្រីកូរ៉េលំដាប់ជួរមុខ Sulli នឹងថតឈុតអាក្រាតកាយនៅលើគ្រែដោយពិតៗនៅក្នុងរឿងថ្មីរបស់នាង ដែលមានចំណងជើងថា «Real» ហើយនាងនឹងបង្ហាញសមត្ថភាពសម្ដែងពិសេសនៅក្នុងរឿងនេះ។

    តែ ដោយសារមានឈុតឆាកស៊ីអារម្មណ៍ច្រើនពេក ហើយមានឈុតរោលរាលជាមួយតួប្រុសច្រើន ទើប Sulliបានពិភាក្សាជាមួយក្រុមផលិតករ និងអ្នកដឹកនាំរឿងទាំងអស់ថា តើគួរតែឱ្យនាងបន្ដសម្ដែង ឬមិនសម្តែងបន្ដទៀត ឬមួយក៏ត្រូវមានសម្ភារជំនួយក្នុងការសម្ដែងឈុតបែបនេះ?។


    បន្ទាប់ពីបានពិនិត្យមើលប្លង់ទាំងឡាយនៅក្នុងរឿងនេះរួចមក ក្រុមការងារក៏បានសម្រេចកាត់ឈុតអាក្រាតកាយរបស់ Sulli ចោលវិញខ្លះ ដែលការសម្រេចចិត្តនេះ ក្រុមការងារផលិតបានគិតទៅលើចំណុចមួយចំនួន និងដោយសារតែ Sulli មិនបានខិតខំប្រឹងប្រែងប៉ុន្មានក្នុងការសម្ដែង ដូច្នេះការព្យាយាមរបស់ក្រុមការងារនឹងបែរជាឥតប្រយោជន៍។

    គួរបញ្ជាក់ផងដែរថា តារាស្រី Sulli ធ្លាប់មានកេរ្ដិ៍ឈ្មោះជាតារាល្បីមួយរូប ដែលពីមុនមកនាងមិនដែលសម្ដែងឈុតអាក្រាតកាយបែបនេះសោះឡើយ ហើយទោះជាមានការពិចារណាច្រើនក្នុងការថត ក៏ប៉ុន្ដែទីបំផុតក៏ត្រូវកាត់ចោលទៅវិញ៕

  • Nokia ចេញផលិតផល 2 ផ្ដោតសំខាន់លើការតាមដានសុខភាព

    Nokia ចេញផលិតផល 2 ផ្ដោតសំខាន់លើការតាមដានសុខភាព

    បន្ទាប់ពីដាក់បង្ហាញនូវនាឡិកាឆ្លាតវៃ ដែលសហការជាមួយក្រុមហ៊ុន Withings កាលពីដើមឆ្នាំ 2017 ថ្មីៗនេះមក ក្រុមហ៊ុន Nokia បានធ្វើការណែនាំបង្ហាញផលិតផលថ្មី 2 ទៀត ដែលផ្ដោតសំខាន់លើការតាមដានសុខភាពអ្នកប្រើប្រាស់ ទាក់ទងនឹងការគ្រប់គ្រងទម្ងន់ និងការតាមដានសម្ពាធឈាម។

    ផលិតផលទាំង 2 ជាឧបករណ៍ឌីជីថលត្រួតពិនិត្យសុខភាពដ៏មានគុណភាព និងស្ថិតក្រោមម៉ាកសញ្ញា Nokia ដែលអាចបំពេញមុខងារយ៉ាងត្រឹមត្រូវ និងអាចជឿជាក់បាន ដោយមួយមានឈ្មោះថា Body BMI WiFi Connected Scale សម្រាប់គ្រប់គ្រងទម្ងន់ និង Nokia BPM+ Soft-cuff blood pressure monitor សម្រាប់តាមដានសម្ពាធឈាម។

    Body BMI មានតួនាទីសម្រាប់តាមដាន និងគ្រប់គ្រងទម្ងន់ជាមួយនឹងបទពិសោធថ្មីដោយបង្ហាញរាល់ព័ត៌មាន កម្រិតជាតិខ្លាញ់ និងអាចកំណត់គោលដៅទម្ងន់ រួមទាំងកម្រិតកាឡូរីប្រចាំថ្ងៃរបស់យើងជាមួយនឹងការតាមដានរបបអាហារូបត្ថម្ភរួមផងដែរ។ ឧបករណ៍នេះ អាចប្រើ និងតាមដានបានសម្រាប់មនុស្ស 8 នាក់ រួមទាំងកុមាតូចៗ ចាប់ពីទម្ងន់ 8 Kg ដល់ 180 Kg ឡើងទៅ។

    ដោយឡែកសម្រាប់Nokia BPM+ វិញ សម្រាប់តាមដានសម្ពាធឈាម ដោយវានឹងធ្វើការបង្ហាញព័ត៌មានទាំងអស់នៅលើទូរស័ព្ទដៃរបស់យើង តាមរយៈកម្មវិធី ដោយផ្អែកលើ ESH (សមាគមអ្នកជំងឺលើសឈាមនៅអឺរ៉ុប) និងអនុសាសន៍របស់សមាគមសុខភាពបេះដូងអាមេរិកចំពោះជំងឺលើសឈាម។

    សម្រាប់តម្លៃ Body BMI WiFi Connected Scale មានលក់ចាប់ពីតម្លៃ 60 ដុល្លារ ឡើងទៅ ខណៈNokia BPM+ Soft-cuff blood pressure monitor មានលក់ចាប់ពីតម្លៃ 100 ដុល្លារទៅ៕

  • តារាឆ្នើមក្មេងៗរបស់អាល្លឺម៉ង់ នឹងបង្ហាញសមត្ថភាព ពេលប៉ះជើងខ្លាំងស៊ីលី រាត្រីនេះ

    តារាឆ្នើមក្មេងៗរបស់អាល្លឺម៉ង់ នឹងបង្ហាញសមត្ថភាព ពេលប៉ះជើងខ្លាំងស៊ីលី រាត្រីនេះ

    ស្របពេលដែលសមាជិកដែលឈ្នះពាន World Cup របស់ពួកគេអវត្តមានសម្រាប់យុទ្ធនាការនៅរុស្ស៊ី ក្រុមតារាឆ្នើមក្មេងៗទើបតែរះថ្មីរបស់អាល្លឺម៉ង់ កំពុងតែសប្បាយចិត្តចំពោះឱកាសរបស់ពួកគេក្នុងការបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិកាណ៍ Confederations Cup មុនពេលប៉ះជាមួយនឹងក្រុមជើងខ្លាំង ស៊ីលី ក្នុងការប្រកួតពូល B នៅរាត្រីនេះ។

    មិនមានសមាជិករូបណាម្នាក់ដែលបានឈ្នះពាន World Cup ឆ្នាំ2014 ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសប្រេស៊ីល មានវត្តមានក្នុងក្រុមរបស់លោក Joachim Loew ក្នុងប្រទេសរុស្ស៊ីពេលនេះឡើយ ដោយសារកីឡាករខ្លះចូលនិវត្តន៍ ខ្លះរបួស និងខ្លះទៀតត្រូវអនុញ្ញាតឲ្យសម្រាក។ ក្រោយពីជួបភាពត្រដាបត្រដួសក្នុងក្រុម Schalke ខ្សែបម្រើកណ្តាល Leon Goretzka គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទទួលបានឱកាសចូលលេង ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ 3-2 លើក្រុមជម្រើសជាតិអូស្ត្រាលី។ រូបគេបានរកគ្រាប់បាល់បញ្ចូលទី ទី3 ក្នុងការប្រកួតពូល B ក្រោយពីការបញ្ជូនបាល់ឱ្យយ៉ាងល្អពីសំណាក់កីឡាករ Joshua Kimmich ក្រោយពីប្រធានក្រុម Julian Draxler បានរកគ្រាប់បាល់ទី2 ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងទីក្រុងសូជី។

    ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមដែលប្រជុំដោយកីឡាករវ័យក្មេងរបស់អាល្លឺម៉ង់នេះបានដឹងយ៉ាងច្បាស់ហើយថា ពួកគេត្រូវតែបង្កើនទម្រង់លេងបន្ថែមទៀត ខណៈដែលពួកគេត្រូវត្រៀមជួបជាមួយនឹងជើងខ្លាំងស៊ីលី នៅរាត្រីនេះ ក្នុងទីក្រុង Kazan។ ខ្សែការពារស្លាបស្តាំ Kimmich វ័យ 22ឆ្នាំរបស់ក្លិប Bayern Munich បានឲ្យដឹងថា៖ «យើងមិនអាចធ្វើឲ្យមានកំហុសនៅពេលប្រកួតជាមួយនឹងក្រុមស៊ីលីបានឡើយ ហើយយើងត្រូវតែមានប្រសិទ្ធភាពក្នុងតំបន់ប្រយុទ្ធ»។

    ស្របពេលមួយគ្នានេះដែរ លោក Loew បានធ្វើការព្រមានដល់ក្រុមកីឡាករវ័យក្មេងរបស់ខ្លួនថា ពួកគេត្រូវតែផ្តោតអារម្មណ៍ឲ្យបានរយៈពេល90នាទី មិនមែន 60នាទី ដូចដែលពួកគេបានធ្វើនៅពេលប្រកួតជាមួយនឹងក្រុមអូស្ត្រាលីនោះទេ។ស៊ីលី ឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិកាមេរូន 2-0 ក្នុងការប្រកួតបើកឆាកនៃពូល B។

    គួររំឭកដែរថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានទទួលជ័យជម្នះរាល់ការជួបគ្នាទាំង4លើករវាងក្រុមទាំងពីរក្នុងរយៈពេល40ឆ្នាំចុងក្រោយនេះ។ ការជួបគ្នាចុងក្រោយបំផុតរវាងក្រុមទាំងពីរបានកើតឡើងកាលពីឆ្នាំ2014 ដែលនៅពេលនោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mario Goetze បានជួយឲ្យអាល្លឺម៉ង់ទទួលជ័យជម្នះ 1-0 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Stuttgart។ ការប្រកួតដ៏គួរឱ្យរំភើបនេះ នឹងចាប់ផ្តើមនៅម៉ោង1រំលងអធាត្ររាត្រីនេះ៕
    ប្រភពពី៖ Sports.yahoo

     

  • រឿង «មន្ដស្នេហ៍លេខា» ធ្វើឱ្យ ភិន សុដាលីស មានទឹកមាត់លេបវិញ

    រឿង «មន្ដស្នេហ៍លេខា» ធ្វើឱ្យ ភិន សុដាលីស មានទឹកមាត់លេបវិញ

    បន្ទាប់ពីរឿង «មន្ដស្នេហ៍លេខា» ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើននោះ នាពេលថ្មីៗនេះ មានការស្ទង់មតិរបស់ក្រុមហ៊ុន Agency មួយបានបញ្ជាក់ថា ភាពយន្តរឿង «មន្ដស្នេហ៍លេខា» ទទួលបានប្រជាប្រិយភាពជាប់លំដាប់លេខ14 ក្នុងចំណោមកម្មវិធីដែលពេញនិយមទាំងអស់នៅគ្រប់កញ្ចក់ទូរទស្សន៍។

    ជាមួយមោទនភាពនេះអ្នកនាង ភិន សុដាលីស ជាតួឯកស្រីនៅក្នុងរឿង «មន្ដស្នេហ៍លេខា» បានសម្ដែងអារម្មណ៍រីករាយជាខ្លាំង គ្រាដែលទទួលបានសម្ទុះនៃការគាំទ្ររបស់ប្រិយមិត្ដយ៉ាងច្រើន នេះជាកម្លាំងចិត្តដ៏សម្បើមមួយសម្រាប់នាងក្នុងការសម្ដែង បើទោះជាពេលខ្លះនាងមានអារម្មណ៍ថានឿយណាយក៏ដោយ។

    អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ការដាក់ទុនយ៉ាងច្រើនក្នុងការសម្ដែងរឿងនេះវាពិតជាមិនធ្វើឱ្យនាងខុសបំណងមែន ពោលគឺនាងត្រូវចំណាយពេលនៅឆ្ងាយពីកូនយ៉ាងច្រើនគ្រាដែលកូននាងនៅតូចនៅឡើយ។ ពិសេសក្នុងការសម្ដែងរឿងនេះក៏មានប្រើភាពស្និទ្ធស្នាល មានឈុតឱបថើបជាមួយតួប្រុសច្រើនជាងរឿងផ្សេងៗទៀតផង។

    តារាសម្ដែងរូបនេះបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងខំប្រឹងបែបនេះព្រោះនាងគិតថា រឿងនេះអាចជួយជំរុញឱ្យនាងទទួលបានការចាប់អារម្មណ៍ឡើងវិញ ដូចរឿង «ពេជ្រក្នុងបេះដូង» និង «អច្ឆរិយស្នេហ៍» ដែលបានចាក់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុនដែរ។ ជាមួយគ្នានេះដែរ នាងក៏បាននឹករំពឹងទុកដែរថា រឿងដែលនាងកំពុងតែថតសព្វថ្ងៃនេះជាច្រើនទៀតនោះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់រឿង «មន្ដស្នេហ៍លេខា» នេះឡើយ។

    លោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា រឿងនេះជាឆ្អឹងរឿងរបស់ក្រុមហ៊ុនធំមួយដោយផលិតកម្មរបស់លោកគឺជាអ្នកចេញមុខផលិត។ លោកបន្ដថា នៅក្នុងសាច់រឿងទាំងមូលមានរសជាតិប្លែក ព្រោះរឿង «មន្ដស្នេហ៍លេខា» ជារឿងដែលមានការផលិតដោយក្រុមធំ 2 បញ្ចូលគ្នា ដែលផ្ដោតយ៉ាងពិសេសលើគុណភាព (បច្ចេកទេសបូករួមជាមួយនឹងសាច់រឿង និងការជ្រើសរើសតារាសម្ដែង) ដូច្នេះទើបត្រូវបានស្ថានីយទូរទស្សន៍ PNN ទិញសិទ្ធិចាក់បញ្ចាំង។

    រឿង «មន្ដស្នេហ៍លេខា» កំពុងតែចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង 8យប់។ រឿងនេះក៏មានគម្រោងនឹងចាក់បញ្ចាំងនៅលើរោងភាពយន្ដនាពេលខាងមុខនេះដែរ៕

  • MV បទ «ត្រូវគ្នាវិញបានទេ» របស់ ហេង ពិទូ ពិតជាស៊ីអារម្មណ៍យុវវ័យមែន

    MV បទ «ត្រូវគ្នាវិញបានទេ» របស់ ហេង ពិទូ ពិតជាស៊ីអារម្មណ៍យុវវ័យមែន

    «ត្រូវគ្នាវិញបានទេ» ជាពាក្យមួយឃ្លាដែលបុរសម្នាក់ចង់និយាយទៅកាន់សង្សាររបស់ខ្លួនដើម្បីសុំជាគ្នាវិញ និងជាការដឹងកំហុសមួយនេះ បានធ្វើឱ្យបុរសម្នាក់នោះមានវិប្បដិសារីចំពោះនារីដែលខ្លួនបានដើរចេញព្រោះតែអារម្មណ៍ឆេវឆាវខឹងក្រោធមួយគ្រា។ ការបកស្រាយអារម្មណ៍មួយនេះ តារាចម្រៀងសំឡេងផ្អែមហើយធ្ងន់ ហេង ពិទូ បានតាក់តែងបទនេះឡើងជាស្នាដៃបទចម្រៀងថ្មី ដើម្បីចងអារម្មណ៍យុវវ័យឱ្យកាន់តែស្លុងទៅតាមបទចម្រៀងនេះ ។

    ចង់ដឹងថា តើបទនេះបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ ក្ដុកក្ដួលអារម្មណ៍ខ្លាំងកម្រិតណានោះ សូមទស្សនាបទ «ត្រូវគ្នាវិញបានទេ» ជាមួយអារម្មណ៍ដ៏ស៊ីជម្រៅរបស់ ហេង ពិទូ ខាងក្រោមនេះទាំងអស់គ្នា៖

  • Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

    Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងព្រឹត្តិការណ៍ Confederations Cup ដើម្បីជួយឲ្យប្រទេសរបស់គេទទួលបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្រុមម្ចាស់ផ្ទះរុស្ស៊ី កាលពីថ្ងៃពុធ។

    តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានជម្នះលើរឿងអាស្រូវទាក់ទងនឹងបញ្ហាបន្លំបង់ពន្ធ ដែលកំពុងក្លាយជាដុំពពកខ្មៅជុំវិញអនាគតរបស់គេ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួតនៅទីក្រុងម៉ូស្គូនៅនាទីទី8 ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯក Euro ឆ្នាំ2016 របស់គេ ឡើងទៅឈរពីលើរុស្ស៊ីក្នុងពូល A។

    Ronaldo បាននិយាយថា៖ «យើងពិតជារីករាយណាស់។ វាជាលើកទីមួយហើយដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បានទទួលជ័យជម្នះនៅរុស្ស៊ី។ ក្រុមយើងលេងបានយ៉ាងល្អនៅពេលដែលត្រូវប្រកួតជាមួយនឹងក្រុមមួយដែលលេងដោយមានការគាំទ្រយ៉ាងកងរំពងពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ យើងលេងបានល្អជាង ហើយយើងមានឱកាសច្រើនជាង»។

    ខ្សែប្រយុទ្ធវ័យ 32ឆ្នាំ ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតជាលើកទី2ក្នុងយុទ្ធនាការនេះរូបនេះ បានបន្ថែមទៀតថា៖ «យើងបានទទួលជ័យជម្នះ។ យើងទទួលបាន4ពិន្ទុ ហើយយើងត្រូវតែអបអរដល់ក្រុមរបស់យើង»។ ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិម៉ិកស៊ិក បានផ្តួលក្រុមជម្រើសជាតិនូវែលសេឡង់ ទាំងប្រផិតប្រផើយក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល A ដូចគ្នា កាលពីយប់ថ្ងៃដដែល។ លទ្ធផលចាញ់នេះ បានធ្វើឲ្យនូវែលសេឡង់ ក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពីយុទ្ធនាការ Confederations Cup ឆ្នាំ2017នេះ។

    ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់នៅមុនពេលការប្រកួតនេះថា ប្រធានក្រុម (Ronaldo )របស់ពួកគេកំពុងតែផ្តោតអារម្មណ៍តែទៅលើការប្រកួតលើទីលានក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ បើទោះបីមានការលើកឡើងផ្សេងៗជុំវិញអនាគតរបស់គាត់នៅឯក្លិប Real Madrid យ៉ាងណាក្តី។ Ronaldo ត្រូវបានចោទប្រកាន់ដោយក្រុមអាជ្ញាធរអេស្ប៉ាញពីបទបន្លំមិនបង់ពន្ធក្នុងទឹកប្រាក់ 14.7លានអឺរ៉ូ (ស្មើនឹង16.5លានដុល្លារអាមេរិក) និងត្រូវបានកោះហៅឲ្យធ្វើការបង្ហាញខ្លួនក្នុងតុលាការនៅចុងខែក្រោយនេះនៅទីក្រុងម៉ាឌ្រីដ៕
    ប្រភពពី៖ Sky Sport24

     

  • World Vision ថា កុមារកម្ពុជាប្រមាណ 1ទៅ 2ម៉ឺននាក់ កំពុងធ្វើការតាមដងផ្លូវ

    World Vision ថា កុមារកម្ពុជាប្រមាណ 1ទៅ 2ម៉ឺននាក់ កំពុងធ្វើការតាមដងផ្លូវ

    កុមារជាទំពាំងស្នងឫស្សី ហើយអនាគតរបស់កុមារក៏ជាអនាគតរបស់កម្ពុជាផងដែរ ហេតុនេះការគាំពារកុមារជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម។

    ជាទូទៅ ដោយសារតែការអប់រំមិនមានការបង់ថ្លៃនៅតាមសាលារដ្ឋនៅកម្ពុជា កុមារភាគច្រើនបានទទួលឱកាសដើម្បីធ្វើការសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត។ នាពេលបច្ចុប្បន្នអាណាព្យាបាលជាច្រើននៅជនបទក៏បានយល់ដឹងពីតម្លៃនៃការអប់រំ ហើយបានបញ្ជូនកូនទៅសាលារៀន ហេតុនេះការអប់រំរបស់ក្រសួង និងស្ថាប័ននានាកំពុងមានការរីកដុះដាលដែលអាចធ្វើឱ្យអនាគតធនធានមនុស្សកាន់តែរឹងមាំ។

    ទន្ទឹមនឹងស្ថានភាពវិជ្ជមាននៃការអប់រំនៅកម្ពុជា ថ្មីៗនេះ អង្គការទស្សនពិភពលោក (World Vision Cambodia) បានបង្ហាញថា កុមារគ្រប់រូបត្រូវមានសិទ្ធរស់រានមានជីវិត ក្នុងបរិយាកាសសុខស្រួល មានស្ថេរភាព និងសុខសុវត្ថិភាព ប៉ុន្តែកុមារកម្ពុជាប្រមាណ 1ម៉ឺន ទៅ2ម៉ឺននាក់ត្រូវបានគេរកឃើញថាកំពុងរស់នៅ និងធ្វើការតាមដងវិថីនានាក្នុងរាជធានីភ្នំពេញដែលស្ថានភាពនេះ គឺធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់៕