Author: វល័ក្ខ

  • កម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកលើការកាត់បន្ថយភាពក្រីក្រ

    កម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកលើការកាត់បន្ថយភាពក្រីក្រ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា កម្ពុជាជាប្រទេសនាំមុខគេនៅក្នុងពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ បានលឿនជាងគេ និងបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំមុន។

    រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី24 មិថុនានេះថា ជាមួយនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំជាង 7ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងគំហុកពី 53ភាគរយនៅឆ្នាំ2004 មកនៅត្រឹម 10ភាគរយនៅឆ្នាំ2013។

    លោកស្រីបន្តថា “ជាមួយនេះខ្ញុំគិតថា អត្រានៃភាពក្រីក្រ នឹងធ្លាក់ចុះបន្ថែមទៀតនៅតាមទីក្រុង និងទីជនបទនៅឆ្នាំ2015 និងកន្លងមកនេះ”។

    លោកស្រី ងួន សុខា បានបន្តទៀតថា ប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកប្រកាសជាផ្លូវការថា ជាប្រទេសសម្រេចឈានឡើងក្នុងបរិបទថ្មី គឺពីប្រទេសដែលមានចំណាត់ថ្នាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលប្រជាជនម្នាក់ៗមានចំណូលចន្លោះពី 1,026ដុល្លារដល់ 4,035ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    យោងតាមទិន្នន័យកំណត់ដោយធនាគារពិភពលោកបានបញ្ជាក់ថា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាប្រទេសដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលចន្លោះពី 4,800 ដល់ជាង 12,000ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    រដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030៕

     

  • George Clooney ដល់ពេលខ្លួនចាស់ទើបមានកូន

    George Clooney ដល់ពេលខ្លួនចាស់ទើបមានកូន

    តារាសម្ដែងជើងចាស់ធ្លាប់មានឈ្មោះបោះសំឡេងតាមរយៈខ្សែភាពយន្ដ Batman & Robin គឺលោក George Clooney និងភរិយា ដ៏សែនស្រស់អ្នកនាង Amal Clooney មានវ័យ 39 ឆ្នាំ ទើបតែផ្ដល់កំណើតបុត្រភ្លោះកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

    តារាប្រុសវ័យ56ឆ្នាំ មានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលភរិយាជាទីស្រឡាញ់បានផ្ដល់កំណើតឱ្យបុត្រភ្លោះប្រុស-ស្រី ដែលលោកបានដាក់ឈ្មោះឱ្យថា Ella និង Alexander Clooney ហើយលោក និងភរិយាបានស្វាគមន៍កូនទាំងពីរក្នុងការក្លាយជាសមាជិកថ្មីត្រកូល Clooney យ៉ាងកក់ក្ដៅបំផុត។ នេះបើតាមការថ្លែងប្រាប់របស់លោកដល់សារព័ត៌មាន E NEWS ។ តារាប្រុសវ័យចំណាស់រូបនេះបានបន្ដទៀតថា ទោះបីជាលោកមានវ័យចំណាស់បន្ដិចមែន តែលោកមានសុខភាពល្អរឹងមាំ ហើយនេះជាលើកដំបូងក្នុងការមានបុត្រ និងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងរកអ្វីថ្លែងមិនបាន។

    ក្រៅពីនេះ លោក George Clooney បានធ្វើឱ្យសង្គមសិល្បៈហូលីវូដ និងអ្នកលេងបណ្ដាញសង្គមជាច្រើន ស្ងើចសរសើរលោកមិនដាច់ពីមាត់ដែលលោក និងភរិយាថែរក្សាសុខភាពបានល្អ និងព្យាយាមមានបុត្ររហូតបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជាបុត្រភ្លោះទៀតផងដែរ៕

  • Watford ចុះហត្ថលេខាជាមួយខ្សែបម្រើ Hughes មកពីក្លិប Derby

    Watford ចុះហត្ថលេខាជាមួយខ្សែបម្រើ Hughes មកពីក្លិប Derby

    ក្លិប Watford បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេសអាយុក្រោម21ឆ្នាំ Will Hughes មកពីក្លិប Derby County ក្នុងតម្លៃខ្លួនបិទជិតមួយ ដែលត្រូវបានគេជឿជាក់ថា មានចំនួនប្រមាណជា8លានផោន (ស្មើនឹង10.2លានដុល្លារអាមេរិក)។

    កីឡាករវ័យ 21ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងតែបំពេញកាតព្វកិច្ចសម្រាប់យុទ្ធនាការ European Championship អាយុក្រោម 21ឆ្នាំរបស់អង់គ្លេសនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំនៅឯកីឡដ្ឋាន Vicarage Road។ ការផ្ទេរទៅកាន់ក្រុមរបស់លោក Marco Silva នឹងបំពេញក្តីសុបិនដ៏យូរអង្វែងមួយសម្រាប់ Hughes ខណៈដែលរូបគេពិតជាចង់លេងក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីរូបគេបានបង្ហាញខ្លួនជាលើកទី1របស់គេក្នុងក្លិប Derby ក្នុងវ័យ 16ឆ្នាំ។

    ក្រោយពីបានបង្ហាញខ្លួន 187លើកសម្រាប់ក្លិប Derby County ខ្សែបម្រើ Hughes ត្រូវបានផ្តល់ឱកាសឲ្យធ្វើការបង្ហាញពីសមត្ថភាពរបស់គេក្នុងក្លិប Watford។ Watford បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ នឹងបំពេញការផ្ទេររបស់គេ ក្រោយពីវិលត្រឡប់មកពីប្រទេសប៉ូឡូញវិញ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម 21ឆ្នាំ បានកក់កៅអីរបស់ពួកគេរួចជាស្រេចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    Hughes គឺជាកីឡាករចំណូលថ្មីដំបូងគេដែលត្រូវបានប្រកាសដោយក្លិប Watford ចាប់តាំងពីលោក Silva បានចូលកាន់តំណែងកាលពីរដូវកាលមុន៕
    ប្រភពពី៖ The Guardian

  • អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    ក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងពូល B ដើម្បីឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ។

    ហេតុនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016បច្ចុប្បន្ននឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ីលី នៅវគ្គ4ក្រុមចុងក្រោយ នៅថ្ងៃពុធខាងមុខនេះ។

    ក្រុមជម្រើសជាតិអូស្ត្រាលីបានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប James Troisi នៅមុនពេលកីឡាករបម្រុង Martin Rodriguez របស់ស៊ីលីបានរកគ្រាប់បាល់តាមស្មើវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានឡើងទៅឈរពីលើក្រុមជម្រើសជាតិស៊ីលី ក្រោយពីបានកត់ត្រាជ័យជម្នះ 3-1 លើក្រុមជម្រើសជាតិកាមេរូន ហើយនិងត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

    ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលខ្សែបម្រើ Kerem Demirbay ក៏បានស៊ុតបាល់បញ្ចូលទីសម្រាប់គ្រាប់ទី3ឱ្យក្រុមដែលគ្មានបទពិសោធរបស់អាល្លឺម៉ង់ផងដែរ។ ខ្សែប្រយុទ្ធ Vincent Aboubakar របស់កាមេរូន បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញ ប៉ុន្តែ ពួកគេនៅតែត្រូវបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល ដោយទទួលបានលទ្ធផលស្មើតែមួយលើកគត់ពីការប្រកួតជាមួយនឹងក្រុមអូស្ត្រាលី ដើម្បីទទួលបានតែ1ពិន្ទុគត់។

    លោក Joachim Loew គ្រូបង្វឹករបស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាមានមោទនភាពណាស់ និងពោរពេញដោយការកោតសរសើរដល់ក្រុមនេះ សម្រាប់ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងមិនបានរំពឹងទុកពីលទ្ធផលបែបនេះពីកីឡាករវ័យក្មេងទាំងនេះឡើយ តែពួកគេធ្វើបានយ៉ាងល្អ»៕
    ប្រភពពី៖ BBC

     

  • ទស្សនាព្រឹត្ដិការណ៍ដើរបង្ហាញម៉ូដដ៏អស្ចារ្យកាលពីយប់មិញ

    ទស្សនាព្រឹត្ដិការណ៍ដើរបង្ហាញម៉ូដដ៏អស្ចារ្យកាលពីយប់មិញ

    កម្មវិធីនិទាឃរដូវ ឬរដូវក្ដៅត្រូវបានប្រារព្ធធ្វើឡើងកាលពីយប់មិញ នៅក្នុងក្រុមហ៊ុនAUDI PHNOM PENH។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ Fashion Lab Magazine ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិជាច្រើន។

    កម្មវិធីដើរបង្ហាញម៉ូដលំដាប់អន្ដរជាតិមួយនេះបានធ្វើឡើងរយៈ 2ថ្ងៃចាប់ពីរាត្រីថ្ងៃទី 23-24 ខែមិថុនា ឆ្នាំ2017។ ទោះជាកម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាពិតមែន ប៉ុន្ដែក្រោមការរៀបចំពីសំណាក់អ្នកជំនាញបានធ្វើឱ្យភ្ញៀវកិត្ដិយសដែលបានចូលរួមទស្សនាការដើរបង្ហាញម៉ូដ សម្លៀកបំពាក់ហាក់មានអារម្មណ៍ថា ខ្លួនកំពុងតែស្ថិតក្នុងពិភពបង្ហាញម៉ូដដ៏អស្ចារ្យមួយនៅឯបរទេស។

    បច្ចុប្បន្នម៉ូដ គឺជាការផ្លាស់ប្ដូរ ស្រមោលរូបភាព ពណ៌ និងរចនាបទចម្លែកៗក្រោមគំនិតច្នៃប្រឌិតដ៏អស្ចារ្យពីអ្នករចនាម៉ូដទាំងនោះ។ តាមរយៈកម្មវិធីនេះយើងអាចមើលឃើញម៉ូដជាច្រើនដូចជា៖ Huawei, Ambre Men, Don Protasio, Queen Vitoria, A.N.D Rattanak, Christine Gauthier ជាដើម៕

     

  • វាគ្មិន 6ប្រទេសចូលរួមកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា

    វាគ្មិន 6ប្រទេសចូលរួមកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា

    ភ្នំពេញ – កម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជារៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ។ ពិធីនេះនឹងប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី23-25 ខែមិថុនា ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការរៀបចំឱ្យមានកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើធុរកិច្ចលើវិស័យនេះ។ ម្យ៉ាងវាក៏ជាភ័ស្ដុតាងយ៉ាងជាក់ច្បាស់មួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្ដានុពល និងការរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា។

    រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ដថា ប្រសិនបើសម្លឹងមើលតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន យើងឃើញថា កម្ពុជាហាក់នៅមានឱកាសច្រើនជាងគេក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូច្នេះវាក៏ជាកាលានុវត្ដភាពសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកអាចជួបគ្នាដោយផ្ទាល់ដើម្បីជជែកពីបញ្ហាធុរកិច្ច។ ម្យ៉ាងក៏ផ្ដល់ឱកាសដល់អ្នកជំនាញដែលប្រកបអាជីវកម្មលើ វិស័យនេះដើម្បីពង្រឹង ពង្រីក សមត្ថភាពឱ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងតំបន់ដែរ។

    ក្នុងកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា គេសង្កេតឃើញថា មានការចូលរួមពីសំណាក់អ្នកជំនាញ និងភ្នាក់ងារអចលនវត្ថុ និងម្ចាស់គម្រោងអភិវឌ្ឍន៍ជាច្រើន។ ពិសេសក៏មានការចូលរួមពីវាគ្មិនជាតិ និងអន្ដរជាតិអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន ដែលមានបទពិសោធជាច្រើនឆ្នាំបានមកចែករំលែកបទពិសោធអំពីស្ថានភាពដីធ្លី និងអចលនទ្រព្យជាលក្ខណៈសកលផងដែរ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជាធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមនៅប្រទេសកម្ពុជា ជាមួយសមាគមអចលនទ្រព្យនៅក្រៅប្រទេស ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងភូមា ជាដើម។

    លោកបានបន្ថែមថា៖« អ្វីដែលខ្ញុំចង់បានគឺការធ្វើអាជីវកម្មឆ្លងដែន។ ពីមុនមកមានជនបរទេសជាច្រើនគាត់មករកស៊ីលក់ដីធ្លីនៅប្រទេសយើង ទោះយ៉ាងណាយើងមិនអាចហាមឃាត់បានទេ ព្រោះតែសេដ្ឋកិច្ចទីផ្សារសេរី តែខ្ញុំសួរខ្លួនឯងថា ចុះហេតុអ្វីបានជាយើងមិនអាចទៅរកស៊ីលក់ដីធ្លីនៅស្រុកក្រៅបាន? ដូច្នេះបើគេមានសិទ្ធិមករកស៊ីលក់ដីធ្លីនៅស្រុកយើង យើងក៏មានសិទ្ធិទៅរកស៊ីលក់ដីធ្លីនៅឯប្រទេសរបស់គេបានដែរ។ អ៊ីចឹងគោលបំណងធំរបស់ខ្ញុំគឺចង់បំបាត់ព្រំដែនអាជីវកម្មផ្នែកដីធ្លី»។

    លោកបន្ដថា ការលើកឡើងបែបនេះក្នុងអត្ថន័យចង់ឱ្យសមាជិកសមាគមនៅក្នុងប្រទេសកម្ពុជាបង្កើនទំនាក់ទំនងឱ្យទូលំទូលាយជាមួយសមាជិកសមាគមដីធ្លីនៅបរទេស ពោលបើគេស្គាល់យើង យើងត្រូវតែស្គាល់គេ។ ឧទាហរណ៍ថា បើខ្មែរយើងចង់ទិញផ្ទះនៅប្រទេសសិង្ហបុរី តើយើងត្រូវទាក់ទងទៅនរណា? ជាក់ស្ដែងតាមរយៈកម្មវិធីនេះប្រធានសមាគមអចលនទ្រព្យនៅប្រទេសសិង្ហបុរី គាត់មកកាន់ប្រទេសយើង ដូច្នេះយើងអាចទំនាក់ទំនងទូរស័ព្ទសួរគាត់ដើម្បីសុំការណែនាំពីគាត់ថា គួរតែទាក់ទងទៅក្រុមហ៊ុនណាដែលមានកេរ្ដិ៍ឈ្មោះល្អអាចទុកចិត្ដបាន? ជាដើម៕

  • NBC ចុះកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលកូរ៉េ

    NBC ចុះកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលកូរ៉េ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ (BOK-KPP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តជាផ្លូវការនូវកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង” ឆ្នាំ2017 សម្រាប់ការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី “ទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា”។

    ការស្រាវជ្រាវរួមគ្នានេះទទួលបានការគាំទ្រ និងឧបត្ថម្ភដោយកម្មវិធីភាពជាដៃគូផ្តល់ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ (BOK-KPP) ដែលនឹងផ្តល់ឱកាសឱ្យមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានសហការជាមួយអ្នកស្រាវជ្រាវនៃធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល (GMRI) របស់ប្រទេសកូរ៉េ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា។

    ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការស្រាវជ្រាវរួមគ្នានៅឱកាសនោះផងដែរ។ ការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់ និងផ្សព្វផ្សាយលទ្ធផលនៅខែធ្នូ ឆ្នាំ2017 ខាងមុខ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Soon Won Chung ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល។
    ការស្រាវជ្រាវនេះនឹងបង្កើនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលនៅមានកម្រិតនៅឡើយ ជាពិសេសទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាស្ថិរភាពតម្លៃ។

    លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាធាតុចំណូលយ៉ាងសំខាន់សម្រាប់ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះការស្រាវជ្រាវនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីធនាគារជាតិនៃកម្ពុជាលើការវិភាគ និងការប្រើប្រាស់ម៉ូដែលសម្រាប់វាយតម្លៃ និងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕

  • Arsenal ជឿជាក់ខ្ពស់ក្នុងការនាំយក Lacazette ពី Lyon

    Arsenal ជឿជាក់ខ្ពស់ក្នុងការនាំយក Lacazette ពី Lyon

    ក្លិបកាំភ្លើងធំ Arsenal ពោរពេញដោយការជឿជាក់ក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងដ៏ឆ្នើម Alexandre Lacazette ក្រោយពីពួកគេបានដាក់សំណើដេញថ្លៃជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់ 44លានផោន (ស្មើនឹង 56លានដុល្លារអាមេរិក)។ តម្លៃខ្លួនដ៏ខ្ពស់នេះគេរំពឹងទុកថា នឹងត្រូវបានទទួលយកដោយក្លិប Lyon និងបង្ហាញពីការចាប់ផ្តើមនៃចលនាក្នុងទីផ្សារដោះដូរកីឡាកររបស់ Arsenal។

    ក្លិបធំៗជាច្រើនសុទ្ធសឹងបានបង្ហាញពីការចាប់អារម្មណ៍ទៅលើ Lacazette ដែលបានបង្ហាញខ្លួនជាអន្តរជាតិ11លើក និងជាប់កុងត្រាជាមួយនឹង Lyon រហូតដល់ឆ្នាំ2019 ក្រោយពីបានធ្វើការអភិវឌ្ឍតាមរយៈប្រព័ន្ធយុវជនរបស់ពួកគេ។ កីឡាកររូបនេះ ដំបូងឡើងធ្លាប់បានសម្តែងបំណងរបស់គេក្នុងការផ្ទេរទៅកាន់ក្លិប Atletico Madrid ក្រោយពីបានគិតថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អនាគតរបស់គេតាមរយៈការចាកចេញពីក្របខ័ណ្ឌ Ligue 1 ប៉ុន្តែការជាប់ពិន័យព្យួរលើការដោះដូរកីឡាកររបស់ក្លិបអេស្ប៉ាញមួយនេះបានបង្កភាពស្មុគស្មាញដល់ការប្រមាញ់ទិញរបស់ពួកគេ និងបានអនុញ្ញាតឲ្យក្លិប Arsenal មានឱកាសឆក់យកខ្សែប្រយុទ្ធវ័យ26ឆ្នាំរូបនេះពីក្លិបផ្សេងតែម្តង។

    Lacazette ត្រូវបានគេជឿជាក់ថា បានបើកចំហចិត្តឲ្យមានការផ្ទេរនេះ ក្រោយពីកិច្ចពិភាក្សារវាងមន្ត្រីមកពីក្លិប Arsenal និងប្រធានក្លិប Lyon លោក Jean-Michel Aulas នៅសប្តាហ៍នេះ ហើយការព្រមព្រៀងគ្នាមួយកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ទៅលើតម្លៃខ្លួននេះ។ តម្លៃខ្លួននេះ នឹងបំបែកកំណត់ត្រាទៅលើតម្លៃខ្លួន 42.5លានផោន ដែលក្លិប Arsenal បានចំណាយទៅឲ្យ Real Madrid ដើម្បីទិញយកខ្សែបម្រើ Mesut Ozil កាលពីឆ្នាំ 2013។ ការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងបន្តធ្វើឡើងនៅដើមសប្តាហ៍ក្រោយ ខណៈដែល Lacazette ដែលកំពុងតែសម្រាកវិស្សមកាលនោះត្រូវបានរំពឹងទុកថា នឹងចង់ទទួលបានឱកាសក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League៕
    ប្រភពពី៖ The Guardian

     

  • ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រោងសុំពិភាក្សាបញ្ហាពន្ធអាករលើអតិថិជន

    ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រោងសុំពិភាក្សាបញ្ហាពន្ធអាករលើអតិថិជន

    ភ្នំពេញ៖ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោកឧកញ៉ា ហួត អៀងតុង មានប្រសាសន៍ថា នៅសប្តាហ៍ក្រោយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ នឹងដាក់សំណើរួមគ្នាមួយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអគ្គនាយកដ្ឋានពន្ធដារដើម្បីពិភាក្សាការងារជុំវិញការដាក់ឱ្យជាប់ពន្ធអាករ (VAT) 10% ទៅលើអតិថិជន។

    លោកឧកញ៉ា ហួត អៀងតុង ដែលជាប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករដែរនោះមានប្រសាសន៍ថា ការដាក់ឱ្យជាប់ពន្ធអាក រ(VAT)10% ទៅលើអតិថិជនដែលប្រើសេវាកម្មរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គឺជាការដាក់បន្ទុកបន្ថែមទៅលើពលរដ្ឋដោយពួកគាត់ជួបការលំបាកក្នុងការទទួលយក និងអនុវត្តបានភ្លាមៗ។

    លោកថា ការដាក់ឱ្យអនុវត្តភ្លាមៗនេះអតិថិជនមិនបានយល់ច្បាស់ទៅលើការបង់ពន្ធអាករបន្ថែម (VAT) ក្នុងការប្រើប្រាស់សេវាធនាគារដែលជាបន្ទុកបន្ថែមរបស់ពួកគាត់ «វាហាក់ដូចជាអនុវត្តលឿនពេក ដូច្នេះយើងចង់ពិភាក្សារកច្រកចេញណាមួយដែលជាដំណោះស្រាយ ហើយបើតាមការចង់បានយើងចង់ឱ្យក្រសួងក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារពន្យាពេលក្នុងការអនុវត្តសម្រាប់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមានពេលជូនដំណឹងទៅដល់អតិថិជន និងធ្វើកិច្ចការរដ្ឋបាលផ្សេងៗនៅក្នុងអង្គភាពនីមួយៗ»។

    គួររំលឹកថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី25 ឧសភា បានចេញប្រកាសមួយបញ្ជាក់ពីការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ដែលបានកំណត់ថាសេវាហិរញ្ញវត្ថុដែលមិនជាប់ VAT ជាសេវាហិរញ្ញវត្ថុមូលដ្ឋានដែលកំណត់តែប្រតិបត្តិការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ប៉ុន្តែមិនរួមបញ្ចូលកម្រៃសេវាផ្សេងៗទៀតនោះទេ។ សេវាដែលជាប់កាតព្វកិច្ចបង់ពន្ធលើតម្លៃបន្ថែម10ភាគរយ ឧទាហរណ៍រួមមានកម្រៃលើសេវាផ្ទេរប្រាក់ កម្រៃសេវាវាយតម្លៃលើការទទួលកម្ចី ឬ សេវាផ្នែកច្បាប់ សេវាថែទាំគណនេយ្យជាដើម រួមទាំងសេវាជាច្រើនផ្សេងៗទៀត។

    អ្នកជំនាញធនាគារបានប៉ាន់ប្រមាណថាចំណូលសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុ រួមមានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងមួយឆ្នាំគ្រឹះស្ថានទាំងពីរអាចរកបានពីកម្រៃសេវា និងសោហ៊ុយបូកបញ្ចូលគ្នាមានប្រមាណ 300លានដុល្លារដែលមានន័យថា រដ្ឋាភិបាលអាចប្រមូលអាករពីសេវាទាំងនេះប្រមាណ 30លានដុល្លារ ក្នុងមួយឆ្នាំដែល 30លានដុល្លារ គឺទទួលបានពីអតិថិជនជាអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដូចជាកម្រៃលើសេវាផ្ទេរប្រាក់ កម្រៃសេវាវាយតម្លៃលើការទទួលកម្ចី ឬ សេវាផ្នែកច្បាប់ សេវាថែទាំគណនេយ្យជាដើម រួមទាំងសេវាជាច្រើនផ្សេងៗទៀត៕

  • Southampton តែងតាំងអតីតគ្រូបង្វឹក Liverpool ជាអ្នកចាត់ការទូទៅ

    Southampton តែងតាំងអតីតគ្រូបង្វឹក Liverpool ជាអ្នកចាត់ការទូទៅ

    លោក Mauricio Pellegrino បានសម្តែងនូវការរំភើបយ៉ាងខ្លាំងក្រោយពីត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Southampton ហើយលោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះជឿជាក់ថា របៀបនៃការដឹកនាំរបស់លោកនឹងជួយឲ្យក្លិបនេះទទួលបានជោគជ័យ។

    លោក Pellegrino បានចុះហត្ថលេខារយៈពេល3ឆ្នាំនៅឯកីឡដ្ឋាន St Mary’s ក្រោយពីត្រូវបានប្រកាសតែងតាំងជាអ្នកជំនួសកន្លែងរបស់ Claude Puel។ លោក Puel ត្រូវបានបណ្តេញចេញ ក្រោយពីដឹកនាំឲ្យក្លិប Southampton ឈានទៅប្រកួតពាន EFL Cup វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ8 នៅលើតារាងនៃក្របខ័ណ្ឌ Premier League។ លោក Pellegrino បានសម្រេចចិត្តចាកចេញពីក្លិប Alaves កាលពីខែឧសភា ក្រោយពីជួបយុទ្ធនាការដូចក្លិប Southampton ពោលគឺលោកបានជួយឲ្យក្លិបរបស់អេស្ប៉ាញមួយនេះ ឈានទៅប្រកួតពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ9ក្នុងរដូវកាលលើកទី1របស់លោក។

    អតីតខ្សែការពារអន្តរជាតិអាហ្សង់ទីនរូបនេះ កាលពីមុនធ្លាប់បានដឹកនាំក្លិប Valencia, Independiente និង Estudiantes និងធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយក្រោមការដឹកនាំរបស់លោក Rafael Benitez នៅឯក្លិប Liverpool ហើយក្រោយលោកបានដឹកនាំក្នុងក្លិប Inter Milan។ លោក Pellegrino បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ Southampton។ ក្លិបនេះមានកេរិ៍្តឈ្មោះដ៏អស្ចារ្យចំពោះរចនាសម្ព័ន្ធដ៏មានស្ថិរភាព និងរឹងមាំ ពិសេសអាចប្រជែងក្នុងក្របខ័ណ្ឌ Premier League និងមានទម្រង់លេងក្នុងកីឡាបាល់ទាត់ដ៏គួរឲ្យទាក់ទាញ»៕
    ប្រភពពី៖ The Guardian