Author: វល័ក្ខ

  • ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹង និងប្លង់ទន់

    ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹង និងប្លង់ទន់

    និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​នៅតាម​តំបន់​ជាយក្រុង នៅតែមាន​សកម្មភាពរ​ស់រ​វើក​នាពេល​បច្ចុប្បន្ន ហើយ​ទន្ទឹមនឹង​គ្នា​នេះ​ម្ចាស់​អចលនវត្ថុ​មួយចំនួន​មិនបាន​ផ្ទេរ​សិទ្ធិកាត់ឈ្មោះ​ប្លង់រឹង ទៅដល់​ក្រសួង​ស្រប​តាម​​ផ្លូវច្បាប់​នោះឡើយ ដោយ​ផ្ទេរ​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ឃុំ/សង្កាត់ ឬ ខណ្ឌ​ប៉ុណ្ណោះ ដើម្បី​ចៀសវាង​នីតិវិធី​វែងឆ្ងាយ​ និង​គេចវេស​ពី​ការបង់​ព​ន្ធ​ជាដើម។

    ដើម្បី​ឱ្យ​​បាន​យល់ច្បាស់​ពី​ការផ្ទេរ​សិទ្ធិពេញលេញ​ស្របច្បាប់ អ្នក​យក​ព័ត៌​មាន​នៃ​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជួប​សម្ភាសន៍​​ជាមួយ​លោកមេធា​វី ផូ សុផល មេធាវី​នៃ​ក្រុម​មេធាវី​បាសាក់ និង​ជា​សមាជិក​ក្រុមការងារ​ស្រាវជ្រាវ អប់រំ ​និង​ផ្សព្វផ្សាយ​ច្បាប់ ព្រមទាំង​ជា​សមាជិក​នៃ​ក្រុមការងារ​វិស័យ​ពា​ណិ​ជ្ជក​ម្ម​នៃ​គណៈមេធាវីកម្ពុជាផង​ដែរ​។

    តើ​អ្វី​ទៅ​ដែល​ហៅថា ប្រភេទ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ?

    ភាសា​ដែល​ជន​ទូទៅ​តែងតែ​ប្រើប្រាស់​ក្នុងការ​សម្គាល់​សិទ្ធិ​លើ​អចលនវត្ថុ ​គឺ ប្លង់​ទន់​ និង​ប្លង់រឹង (ពេល​ខ្លះ​ហៅថា ​ប័ណ្ណ​ទន់​ និង​ប័ណ្ណ​រឹង) ដែល​ពាក្យ​ទាំងពីរ​នេះ​ពុំ​មានចែង​ក្នុង​ច្បាប់ ឬ​ឯកសារ​ផ្លូវការ​ណា​មួយ​​ឡើយ ប៉ុន្តែ​ពាក្យ​នេះ​ប្រជាជន​យើង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ។ “ប្លង់រឹង” គឺ​សំដៅលើ​ស្ថានភាព​កាន់​កាប់​​អចលនវត្ថុ ដែលមាន​ការទទួលស្គាល់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល យោងតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ភូមិ​បាល និង​ក្រមរដ្ឋប្បវេណី ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ដែល​ពាក់ព័ន្ធ។ “ប្លង់​ទន់” ពុំមែន​ជា​សិទ្ធិ​ពេញ​លេញ​​តាមផ្លូវ​ច្បាប់​ឡើយ ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង គឺ​សំដៅលើ​ការទទួលស្គាល់​នូវ​សិទ្ធិ​លើ​អចលន​វត្ថុ​ក្នុង​វិសាល​ភាពជា​កំណត់​មួយហើយ​អាចជា​ជំហានមួយ​ឈានទៅរក​ការទទួលបាន​នូវ​សិទ្ធិ​កាន់កាប់ ​ឬ​កម្ម​សិទ្ធិ​​ជា​ស្ថាពរ​ក្នុងករណី​ដែល​សាមី​អ្នកកាន់កាប់​នោះ អាចបំពេញ​បាន​នូវ​លក្ខខណ្ឌ​ដែល​ច្បាប់​តម្រូវ។

    តើ​ប្លង់​ទន់​ជា​អ្វី​? ហើយ​មាន​ប្រ​សិទ្ធភាព​កម្រិតណាដែរ?

    ប្លង់​ទន់​លើ​អចលនវត្ថុ គឺជា​ឯកសារ​ដែលជា​ប្រភេទ​ក្រដាស​ទន់ ឬ​គុណភាព​ទាប ដែល​អាចមាន​ច្រើន​​​ទម្រង់ និង​កត់ត្រា​អំពី​ការកាន់កាប់ ក្នុងនោះ​អាចមាន​ជាការ​បញ្ជា​ក់ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ថ្នាក់ភូមិ ឃុំ/​សង្កាត់ ឬ​អាច​ដល់​ថ្នាក់ស្រុក/ខណ្ឌ ឬ​អាចជា​លិខិត​ទិញ​លក់ ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​យ៉ាង​សាមញ្ញ​ដែល​ពុំ​មាន​​អាជ្ញាធរ​រដ្ឋ​ដឹងឮ​ឡើយ។

    ទោះបីជា​ច្បាប់​ភូមិបាល ត្រូវ​បានអនុម័ត​ចាប់តាំងពី​ឆ្នាំ2001 មក ព្រមទាំង​មាន​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ដែល​រាជរដ្ឋាភិបាល​បានចេញ​ជា​បន្តបន្ទាប់​ក៏ពិតមែន ក៏ក្បាលដី​មួយចំនួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅឡើយ។ ហេតុនេះ​ទើប​មាន​ក្បាលដី​ខ្លះ​មាន​ត្រឹមតែ​ប្លង់​ទន់ ដែល​ទន់​ទាំង​ក្រដាស​ហើយ​ទន់​ទាំង​ប្រសិទ្ធភាព​ក្នុង​ផ្លូវច្បាប់។ អ្នក​ដែលមាន​ប្លង់​ទន់​ត្រូវបាន​ទទួលស្គាល់ថា​ ជា​អ្នក​រស់​នៅ (ឬ​កាន់កាប់) លើ​ទីតាំង​អចលនវត្ថុ​តែប៉ុណ្ណោះ ដែល​ទាមទារ​ឱ្យមាន​ការវិនិច្ឆ័យ និង​ការបញ្ជាក់​តាមផ្លូវ​ច្បាប់​ថា​គាត់​ពិតជា​ភាគី​ដែល​បំពេញ​លក្ខខណ្ឌ​គតិយុត្តិ សម្រាប់​ការទទួលបាន​សិទ្ធិ​ភោគៈ​ និង​កម្មសិទ្ធិ​ជា​ស្ថាពរ។

    ដូចម្តេច​ដែល​ហៅថា “ប្លង់រឹង” ហើយ​វា​មាន​ប្រ​សិទ្ធភាព​យ៉ាងដូចម្តេច?

    ប្លង់រឹង​ គឺ​រឹង​ទាំង​ក្រដាស​រឹង​ទាំង​ប្រសិទ្ធភាព​ផ្លូវច្បាប់។ ឯកសារ​ប្លង់រឹង​អាចជា ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​បញ្ជាក់​អំពី​ការចុះបញ្ជី​អចលនវត្ថុ​នៅ​រដ្ឋបាល​សុរិយោដី។ ប័ណ្ណ​ប្រភេទ​ទីមួយ​ និង​ទី​ពីរ ​សម្គាល់​សិទ្ធិ​ភោគៈ ដែលជា​ទូទៅ​ត្រូវ​បានចេញ​ដោយ​អាជ្ញាធរ​ភូមិបាល​ស្របតាម​នីតិវិធី​នៃ​ការចុះបញ្ជី​ដាច់​ដោយ​ដុំ ដែល​ធ្វើឡើង​យោងតាម​ការស្នើសុំ​របស់​សាមីខ្លួន​អ្នកកាន់កាប់។ ប័ណ្ណ​ប្រភេទ​ទី​បី​ គឺជា​សក្ខីភាព​នៃ​កម្មសិទ្ធិ​ស្ថាពរ ដែល​ចេញ​​ជូន​បន្ទាប់ពី​បញ្ចប់​ដំណើរការ​ចុះបញ្ជី​ជា​ប្រព័ន្ធ ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម ​និង​សំណង់ នៅតាម​តំបន់​វិនិច្ឆ័យ​នានា​ជា​កំណត់។ ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ ​គឺជា​សក្ខីភាព​នៃ​សិទ្ធិ លើ​អចលនវត្ថុ​ដែលមាន​ភាពរឹងមាំ​បំផុត រីឯ​ប័ណ្ណ​កាន់កាប់​តំណាងឱ្យ​សិទ្ធិ​ភោគៈ ដែល​អាចជា​កម្មវត្ថុ​នៃ​ការ​ជំទាស់​​ពី​សំណាក់​តតិយជន ​ឬ​រដ្ឋ ទាក់ទង​ទៅនឹង​សិទ្ធិ​ទំហំ​អចលនវត្ថុ ឬ​ព្រំប្រទល់។ ទោះបី​ជា​យ៉ាងណាក្តី ក្នុងខណៈដែល​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ​មិនអាច​ស្នើសុំ​បាន​តាមចិត្ត​ចង់​របស់​សាមីខ្លួន ពោលគឺ​ត្រូវ​រង់ចាំ​ដំណើរ​ការ​​ចុះបញ្ជី​ជា​ប្រព័ន្ធ​ដែល​រដ្ឋ​ផ្តួចផ្តើមឡើង សាមី​អ្នកកាន់កាប់​អាច​ស្នើសុំ​ចុះបញ្ជី​ដី​ដាច់​ដោយ​ដុំ ដើម្បី​ទទួល​បាន​​ប័ណ្ណ​កាន់កាប់​ជា​ផ្លូវការ​ដែលមាន​ភាពរឹងមាំ​សមគួរ​ក្នុង​ផ្លូវច្បាប់។

    តើ​ដំណើរការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ធ្វើឡើង​ដូចម្តេច ដើម្បី​ឱ្យមាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់?

    ចំពោះ​អចលនវត្ថុ​ប្លង់​ទន់ ដោយហេតុថា​ប្លង់​ទន់​នៃ​អចលនវត្ថុពុំមាន​ការកំណត់​ទទួលស្គាល់​ពេញ​លេញ​​តាមផ្លូវ​ច្បាប់ ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​​លិខិត​ផ្ទេរសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​រហូតដល់​ស្រុក/ខណ្ឌ។ ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស​ ប៉ុន្តែបច្ចុប្បន្នការផ្ទេរសិទ្ធិប្លង់ទន់ក៏តម្រូវឲ្យបង់ពន្ធប្រថាប់ត្រា 4% ផងដែរ។ ​ទន្ទឹមនឹងនេះ ភាគី​​អ្នកទទួល​ការផ្ទេរ​អចលនវត្ថុ​នោះ​នឹងត្រូវ​ទទួលយក​ហានិភ័យ​នានា ដែល​ពាក់ព័ន្ធ​នឹង​ភាព​ស្រពិច​ស្រពិល​​នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់ ព្រមទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ។

    ចំពោះ​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា ដែលមាន​ចែង​អំពី​លក្ខខណ្ឌសិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ ដោយ​អនុលោម​ទៅតាម​ដំណាក់កាល នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​គ្រាន់តែ​ជា​ឯកសារ​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បាន​ឡើយ​។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត របស់​រដ្ឋបាល​សុរិយោដី និង​ផ្តិត​ស្នាម​មេដៃ នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។ ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល បំពេញ​កិច្ច​ក្នុង​នាម​​នីតិបុគ្គល ដែល​អាច​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

    នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ ច្បាប់​តម្រូវ​ឱ្យ​​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ4%​​នៃ​តម្លៃ​អចលនវត្ថុ ដែល​វាយ​តម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ)។

    ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ ដោយ​ធ្វើការ​ចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ និងចារ​និទ្ទេស​ន៍​សម្គាល់​នូវ​ការផ្ទេរសិទ្ធិ​នៅលើ​ឯកសារ​ប័ណ្ណកម្មសិទ្ធិ ជាការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ​ និង​ដោយ​ស្របច្បាប់៕

  • GMAC សហការជាមួយរាជរដ្ឋាភិបាល ស្នើសុំអាមេរិកអនុគ្រោះពន្ធនាំចេញស្បែកជើង

    GMAC សហការជាមួយរាជរដ្ឋាភិបាល ស្នើសុំអាមេរិកអនុគ្រោះពន្ធនាំចេញស្បែកជើង

    ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC នឹងសហការជាមួយរាជរដ្ឋាភិបាលដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំចេញស្បែកជើងពីប្រទេសកម្ពុជា។

    លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ ដែលត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី24 កក្កដានេះថា រដ្ឋាភិបាលអាមេរិកនឹងពិនិត្យលើគោលនយោបាយពាណិជ្ជកម្ម GSP របស់ពួកគេ ដែលក្នុងនោះផលិតផលស្បែកជើងត្រូវបានដកចេញ រួមជាមួយផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់។

    លោកបានថ្លែងថា ឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់របស់កម្ពុជាបាននិងកំពុងនាំចេញក្រោមកម្មវិធី MFN ទៅសហរដ្ឋអាមេរិកដែលតម្រូវឲ្យមានការបង់ពន្ធនាំចូលតិចជាង35ភាគរយ ខណៈរដ្ឋាភិបាលរបស់ពួកគេកំណត់ពន្ធខ្ពស់ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ ប្រភេទជាច្រើននៃផលិតផលស្បែកជើងគឺមានភាពរសើបសម្រាប់ការនាំចូល ប៉ុន្តែសព្វថ្ងៃនេះ ភាគច្រើនបំផុតនៃផលិតផលប្រភេទទាំងនោះគឺត្រូវបានផលិតនៅបរទេស។

    លោកបានបន្តថា លោកគិតថា វាជាពេលវេលាសមស្របមួយសម្រាប់រដ្ឋាភិបាលអាមេរិកពិនិត្យកម្មវិធី GSP សម្រាប់ប្រទេសក្រីក្រដូចជាប្រទេសយើង។ GSP របស់អាមេរិកត្រូវបានផ្តល់ទៅឲ្យប្រទេសក្រីក្រតាំងពីឆ្នាំ1974 ប៉ុន្តែផលិតផលសម្លៀកបំពាក់ និងស្បែកជើងមិនដែលត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីនេះទេ»។ នាពេលថ្មីៗនេះ តាមអ្វីដែលលោកដឹង រដ្ឋាភិបាលអាមេរិកនឹងពិចារណាផ្តល់GSPសម្រាប់ស្បែកជើង។ នេះហើយជាមូលហេតុដែលយើងត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដាក់ញត្តិរបស់យើងទៅរដ្ឋាភិបាលរបស់ពួកគេដើម្បីពិចារណាផ្តល់ឲ្យយើងផងដែរ»។

    លោក កាំង ម៉ូនីកា បានថ្លែងបន្តទៀតថា រហូតមកដល់ពេលនេះ សមាគមកំពុងពិភាក្សាជាមួយម្ចាស់រោងចក្រស្បែកជើងទាំងអស់លើបញ្ហានេះ និងស្វែងរកជំនួយមួយចំនួនពីក្រុមហ៊ុនច្បាប់មួយនៅសហរដ្ឋអាមេរិកនៅក្នុងដំណើរការការងារឯកសារ និងការរៀបចំឯកសារដទៃៗទៀតសម្រាប់ដាក់ញត្តិ។

    លោកបន្តថា ពិតណាស់យើងត្រូវការជំនួយពីក្រុមហ៊ុនច្បាប់នៅសហរដ្ឋអាមេរិកក្នុងការរៀបចំឯកសារ និងការងារឯកសារមួយចំនួនដើម្បីឲ្យយើងអាចដាក់ញត្តិបាន»។ «លក្ខខណ្ឌការងារប្រសើរជាងមុនសម្រាប់កម្មករ រួមជាមួយនឹងកម្រិតខ្ពស់នៃអនុលោមភាពសង្គម និងការងារ ការកើនឡើងនៃការនាំចេញ និងការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ គឺជាទិដ្ឋភាពសំខាន់ដើម្បីបង្ហាញពួកគេអំពីការអភិវឌ្ឍឧស្សាហកម្មនេះ។ ប្រសិនបើយើងអាចទទួលបាន វាសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជួយការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យមានការវិនិយោគច្រើនជាងមុន និងបង្កើតការងារតាមរយៈការពង្រីកការនាំចេញស្បែកជើងទៅសហរដ្ឋអាមេរិក។ វាក៏រួមចំណែកបន្តិចបន្តួចផងដែរសម្រាប់ប្រទេសរបស់យើងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ»។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានរោងចក្រស្បែកជើងប្រមាណ59រោងចក្រនិងបាននាំចេញគិតជាទឹកប្រាក់ប្រមាណ700លានដុល្លារកាលពីឆ្នាំមុន៕

  • បិសាច 5 ក្បាលដ៏គួរឱ្យភ័យខ្លាច ដែលរបូតចេញមកពីតម្រាជំនឿខាងសាសនា

    បិសាច 5 ក្បាលដ៏គួរឱ្យភ័យខ្លាច ដែលរបូតចេញមកពីតម្រាជំនឿខាងសាសនា

    Asag

    មួយក្នុងចំណោមបិសាចក្នុងរឿងរ៉ាវប្រវត្តិសាស្រ្ត “ស៊ូមេរៀន” ដែលគេជឿថា ជាដើមហេតុនៃរោគឆ្លង និងជំងឺដង្កាត់ដែលអាចលាងជម្រះ និងឆក់យកជីវិតមនុស្សមួយទីក្រុងឱ្យរលាយបាត់អស់ក្នុងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ និងត្រូវបានគេជឿថា វាសម្ងំពួននៅក្នុងរូងភ្នំខ្ពស់ និងប្រើពេលវេលាភាគច្រើនជាមួយនឹងការសេពសន្ថវៈ រហូតនៅពេលណាដែលមានមនុស្សនឹកដល់វា វានឹងចេញមករកភ្លាមមិនខាន។

    Abyzou

    ក្នុងជំនឿរបស់ជនជាតិជីហ្វដែលមានការនិទានតៗគ្នាថា មានបិសាចក្រមុំមួយក្បាលមានភាពច្រណែនឈ្នានីស និងចងអាឃាតយ៉ាងខ្លាំងក្លាចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងឡាយ និងបើបិសាច Abyzou ដឹងថា មានស្រ្តីណាម្នាក់ដែលកំពុងមានផ្ទៃពោះនោះ វានឹងដាក់បណ្តាសាស្រ្តីម្នាក់នោះរហូតដល់ទារកត្រូវស្លាប់ក្នុងផ្ទៃ និងរលូតចេញមកនៅទីបំផុត។

    Ronwe

    ជាដើមកំណើតរបស់បិសាចជាច្រើនដែលច្រើនតែកើតចេញពីក្តីច្រណែនឈ្នានីសនឹងសេចក្តីសុខរបស់មនុស្ស ហើយ Ronwe គឺជាបិសាចដែលមានក្នុងរឿងតំណាលពីបុរមបុរាណ ខាងសាសនាគ្រិស្តដែលតែងអណ្តែតវិលវល់ទៅមកដើម្បីស៊ីវិញ្ញាណរបស់មនុស្សដែលយើងស្រឡាញ់ ហើយនឹងធ្វើឱ្យយើងភ្លេចមនុស្សម្នាក់នោះតែម្តងនៅទីបំផុត។

    King Beleth

    ជាក្សត្រនៃបិសាចដ៏មានឥទ្ធិពលបំផុតមួយអង្គមកពីស្ថាននរក ដែលទោះជាមិនសូវចេញមករញេ៉រញ៉ៃលើពិភពមនុស្សលោកច្រើនក៏ដោយ តែក៏នៅតែមានអ្នកធ្លាប់ជួបជាញឹកញាប់ដែរ ព្រោះសំឡេងពីឧបករណ៍តន្រ្តីដែលមហាបិសាចនេះលេងនឹងធ្វើឱ្យមនុស្សកើតទុក្ខវេទនា ហើយវាថែមទាំងជាអ្នកសរសេរសៀវភៅគណិតសាស្រ្តនៃពិភពបិសាចទៀតផង។

    Duke Eligos

    មានតែបិសាចអ្នកប្រយុទ្ធមួយក្បាលនេះប៉ុណ្ណោះដែលដឹងថា នរណាកំពុងតែជិតស្លាប់ ហើយបិសាចចង្រៃមកពីស្ថាននរកមួយក្បាលនេះគឺ ជាអ្នកមើលដឹងពីអនាគតរបស់ជីវិតមនុស្សម្នាក់ៗនៅក្នុងសមរភូមិសង្រ្គាម ហើយវានឹងប្រគល់សេចក្តីស្លាប់ក្នុងរូបបែបផ្សេងៗទៅគ្រប់យុទ្ធជនដែលនឹងត្រូវសម្លាប់ ថែមទាំងវានៅមានកន្ទុយជាសត្វពស់ និងជិះសេះដែលលួចបានមកពីសួនច្បារអេដែនទៀតផង៕
    ស្រាវជ្រាវដោយ តាវ៉ែនតា

  • K Cement គ្រោងបោះទុនជាង 100លានដុល្លារ ពង្រីកខ្សែផលិតកម្មថ្មី

    K Cement គ្រោងបោះទុនជាង 100លានដុល្លារ ពង្រីកខ្សែផលិតកម្មថ្មី

    ភ្នំពេញៈ ក្រុមហ៊ុន SCG ដែលបាននិងកំពុងវិនិយោគស៊ីម៉ងត៍ម៉ាក K Cement កំពុងរៀបចំដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លូននៅពេលដែលឧស្សាហកម្មសំណង់កំពុងបន្តរីកចម្រើនដែលធ្វើឲ្យតម្រូវការស៊ីម៉ងត៍កើនឡើង។

    លោក ប្រាក់ សេរីវឌ្ឍនា អ្នកសម្របសម្រួលគម្រោងវិនិយោគនៃក្រុមហ៊ុន SCG បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី24 កក្កដានេះថា ក្រុមហ៊ុនកំពុងសិក្សាបង្កើនខ្សែសង្វាក់ផលិតកម្មថ្មីដែលអាចមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន 2,600តោនក្នុងមួយថ្ងៃបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរោងចក្ររបស់យើងអាចផលិតស៊ីម៉ងត៍បានចំនួនត្រឹម 5,000តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកបន្តថា តាមគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីនេះត្រូវចំណាយទុនវិនិយោគជាង100លានដុល្លារអាមេរិក ហើយគម្រោងនេះអាចនឹងដំណើរការនៅពេលឆាប់ៗនេះ។

    លោកបន្តថា “បច្ចុប្បន្ន K Cement បានគ្របដណ្តប់លើទីផ្សារប្រមាណ 50ភាគរយនៃផលិតផលស៊ីម៉ងត៍សរុបនៅក្នុងទីផ្សារ ប៉ុន្តែស៊ីម៉ងត៍របស់ K Cement មានតម្លៃថ្លៃធៀបជាមួយផលិតផលដទៃទៀត”។ លោកបន្តថា “យើងគ្រោងពង្រីកការនាំចេញផងដែរ ប៉ុន្តែដោយសារតម្លៃដើមយើងផលិតថ្លៃ ការដឹកជញ្ជូនថ្លៃ ទើបគម្រោងសម្រាប់នាំចេញមិនអាចធ្វើទៅបាន”។

    រោងចក្រស៊ីម៉ងត៍ K Cement ស្ថិតនៅក្នុងភូមិកំពង់ត្រាចខាងជើង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ក្រុមហ៊ុននេះបានផលិតស៊ីម៉ងត៍ជាលើកដំបូងកាលពីឆ្នាំ2007។

    លោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់បានថ្លែងថា ជារួមការផលិតស៊ីម៉ងត៍នៅក្នុងស្រុកមិនទាន់គ្រប់តម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយទេ ដែលធ្វើឲ្យការនាំចូលស៊ីម៉ងត៍ពីបរទេសមកកម្ពុជានៅតែមានចំនួនច្រើន៕

  • METFONE GOLF CHAMPION SHIP 2017 រកឃើញម្ចាស់ជ័យលាភី

    METFONE GOLF CHAMPION SHIP 2017 រកឃើញម្ចាស់ជ័យលាភី

    បន្ទាប់ពីបានព្យាយាមបញ្ចេញសមត្ថភាពនៅក្នុងការប្រកួតយ៉ាងស្វិតស្វាញពេញមួយថ្ងៃនៅក្នុងកម្មវិធី METFONE GOLF CHAMPIONSHIP 2017 ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពពិតនៅក្នុងវិស័យកីឡាវាយកូនហ្គោលមិនមែនអាជីព ដែលរៀបចំឡើងដោយទីលានវាយកូនហ្គោល City Golf ក្រោមការចូលរួមគាំទ្រ និងឧបត្ថម្ភធំដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Metfone រួមជាមួយនឹងដៃគូសហការឧបត្ថម្ភចំនួន4ក្រុមហ៊ុនទៀតរួមមាន ក្រុមហ៊ុនស្រាបៀរ Heineken , ក្រុមហ៊ុនប្រេងឥន្ទនៈTELA, ក្រុមហ៊ុន POCARI SWEAT និងក្រុមហ៊ុន City Link Internet កាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2017 ដោយមានការបែងចែកចេញជាពីរវេន (Flight A និង Flight B) កាលម្សិលមិញនេះ នៅទីបំផុតកម្មវិធីបានរកឃើញអ្នកដែលមានសមត្ថភាព និងអាចទទួលពានប្រចាំឆ្នាំ2017 ដែលបានរួមមានរាយនាមឈ្មោះដូចខាងក្រោម ៖

    អ្នកទទួលបានជ័យលាភីនៅក្នុង Flight A ៖
    – ម្ចាស់ពានរង្វាន់លេខ 1 ៖ លោក ពៅ ពេជ្រមេត្តា ( Mr. Peou Pich Meta ) ( ពិន្ទុ -5 )
    – ម្ចាស់ពានរង្វាន់លេខ 2 ៖ លោក អ៊ីម រៀរហ៊ុល ( Mr. Im Reahul ) ( ពិន្ទុ -5 )
    – ម្ចាស់ពានរង្វាន់លេខ 3 ៖ លោក គឹម សំរេច ( Mr. Kem Samrach ) ( ពិន្ទុ -4 )

    អ្នកទទួលបានជ័យលាភីនៅក្នុង Flight B ៖
    – ម្ចាស់ពានរង្វាន់លេខ 1 ៖ លោក ជុំ សំអាន ( Mr. Chum Sam Ann ) ( ពិន្ទុ .E )
    – ម្ចាស់ពានរង្វាន់លេខ 2 ៖ ឯកឧត្តម ម៉ែន រ៉ា ( H.E. Men Ra ) ( ពិន្ទុ +1 )
    – ម្ចាស់ពានរង្វាន់លេខ 3 ៖ ឯកឧត្តម ផន ណារ៉ា ( Gen. Phorn Nara ) ( ពិន្ទុ +2 )

    ជាមួយនឹងការចូលរួមរីករាយអបអរសាទរនៅក្នុងលទ្ធផលខាងលើនេះ លោកឧកញ៉ា ឈុន អូន ដែលជាអគ្គនាយកទីលានវាយកូនហ្គោល City Golf បានមានប្រសាសន៍ថាយ៉ាងដូច្នេះថា ៖ «ក្នុងនាមរូបខ្ញុំជាថ្នាក់ដឹកនាំនៅក្នុងទីលានវាយកូនហ្គោល City Golf សូមសម្ដែងនូវភាពរីករាយ និងចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានលទ្ធផលនាពេលនេះ ហើយក៏ចូលរួមរីករាយជាមួយនឹងបណ្តាកីឡាករ-កីឡាការិនី ទាំងអស់ដែលបានចូលរួមបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រវិស័យវាយកូនហ្គោល និងសាទរនៅក្នុងឱកាសដែលបានផ្លាស់ប្ដូរទទួលយកនូវបទពិសោធន៍ថ្មីពីបណ្តាមិត្តរួមកម្មវិធីប្រកួតកាលពីពេលកន្លងទៅនេះ ។ នៅក្នុងឱកាសនេះផងដែរ ខ្ញុំក៏មានកិត្តិយសប្រកាសជាថ្មីថា ចាប់ពីពេលនេះទៅ ទីលានវាយកូនហ្គោល City Golf របស់យើង នឹងមានការរៀបចំកម្មវិធីប្រកួតរៀងរាល់2ខែម្ដង ដើម្បីចូលរួមបង្កើតសមត្ថភាពរបស់អ្នកដែលស្នេហាវិស័យវាយកូនហ្គោលឱ្យមានភាពល្អប្រសើរនៅពេលអនាគត់ ។ ម៉្យាងវិញទៀត ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានឧបត្ថម្ភយ៉ាងពេញទំហឹងក្នុងការប្រកួតនៅក្នុងកម្មវិធី METFONE GOLF CHAMPIONSHIP 2017 ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត រួមមាន ក្រុមហ៊ុនស្រាបៀរ Heineken , ក្រុមហ៊ុនប្រេងឥន្ទនៈTELA, ក្រុមហ៊ុន POCARI SWEAT និងក្រុមហ៊ុន City Link Internet »។

    គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រកួតត្រូវបានធ្វើឡើងកាលពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2017 ម្សិលមិញនេះ ដោយមានបេក្ខភាពចូលរួមប្រកួត សរុបចំនួន 90 នាក់ ចម្រុះជាតិសាសន៍ រួមមានជនជាតិ កម្ពុជា កូរ៉េ ចិន និងជនជាតិអឺរ៉ុប ដោយធ្វើការបែងចែកចេញជា 2 វេន ពោលគឺការប្រកួតជម្រុះក្រុមទី1ចំនួន45នាក់ ចាប់ពីម៉ោង 7៖15 នាទីព្រឹក និងក្រុមទី 2 ប្រកួតជម្រុះចាប់ពីម៉ោង 2៖15នាទីរសៀល រហូតដល់ម៉ោង 6 ល្ងាច បិទកម្មវិធីរួមជាមួយការប្រគល់ពានរង្វាន់ដល់កីឡាករដែលប្រកួតឈ្នះនៅវេនពេលព្រឹកចំនួន 3 រូប និងកីឡាករដែលប្រកួតឈ្នះនៅវេនពេលថ្ងៃចំនួន 3 រូប ៕

  • Lenovo ដើរទៅមុនមួយជំហានរឿងអេក្រង់ Tablet អាចបត់បាន

    Lenovo ដើរទៅមុនមួយជំហានរឿងអេក្រង់ Tablet អាចបត់បាន

    បន្ទាប់ពីបង្ហាញគំរូកុំព្យូទ័រអាចបត់មូរបាន 360 ដឺក្រេស្ថិតក្នុងត្រកូល ThinkPad លើអេក្រង់ Touch ប្រភេទ OLEDPanel ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Lenovo បានដើរទៅមុខមួយជំហានទៀតលើគំរូអេក្រង់ Tablet អាចបត់អេក្រង់ជា 2 បានក្នុងព្រឹត្តិការណ៍ Tech World ឆ្នាំ 2017 នេះ។

    សមិទ្ធផល​ថ្មីនេះត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា Lenovo ​Folio ដែលវាជាគម្រោងនៃគំរូអេក្រង់Tablet នេះនាថ្ងៃអនាគតដែលវាអាចបត់ជា 2 បានដោយគ្មានបញ្ហា។ គំរូនៃឧបករណ៍មួយនេះមានអេក្រង់ទំហំ 5.5 អ៊ីញ និង 7.8 អ៊ីញ ដែលពួកវាប្រើនូវអេក្រង់ប្រភេទ​Flexible Touchscreen អាច​បង្ហាញ​រូបភាពកម្រិត 1440x1920px ប្រើ​ឈីប Snapdragon 800 ​ជាមួយ e-SIM និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0។ យ៉ាងណាមិញ វាគ្រាន់តែស្ថិតក្នុងគម្រោងនាថ្ងៃអនាគតមួយប៉ុំណ្ណោះរបស់ក្រុមហ៊ុន ដោយពេលនេះ Lemovoមិនទាន់បានបញ្ជាក់ថា Tablet ប្រភេទនេះអាចមានវត្តមាននៅពេលណានៅឡើយទេ ប៉ុន្តែតាមការរំពឹងទុក Folio ​នឹង​ត្រូវ​ក្រុមហ៊ុន​បញ្ចូល​ក្នុង​សង្វាក់​ផលិតកម្ម​នៅ​ឆ្នាំ 2018 ខាង​មុខ​នេះ៕

  • អ្នកដឹកនាំសម្ដែង បង្ហើបប្រាប់ពីអត្ដចរិតនាយគ្រឿនពេលធ្វើការងារ

    អ្នកដឹកនាំសម្ដែង បង្ហើបប្រាប់ពីអត្ដចរិតនាយគ្រឿនពេលធ្វើការងារ

    ក្រោយពីមានការរិះគន់ទៅលើតារាល្បីឈ្មោះមួយចំនួនថា ចាប់តាំងពីពួកគេមានឈ្មោះបោះសំឡេងមកហាក់ដូចជាពិបាកធ្វើការជាមួយណាស់។ ថ្មីៗនេះលោក អ៊ុច រ៉ាវុឌ្ឍ ជាអ្នកដឹកនាំការផលិតស្ប៉តពាណិជ្ជកម្មបានប្រាប់មកថា លោកក៏ធ្លាប់ជួបតារាមួយចំនួនដូច្នោះដែរ ដែលវាមិនផ្ដោតលើតារាល្បី ឬមិនល្បីនោះទេ។

    លោក អ៊ុច រ៉ាវុឌ្ឍ បញ្ជាក់ថា ក្នុងជីវិតជាអ្នកដឹកនាំការងារសម្ដែង និងស្ប៉តពាណិជ្ជកម្ម រឿងអ្វីក៏លោកធ្លាប់ជួបដែរ ពិសេសការលំបាករបស់តារាសម្ដែងពាក់ព័ន្ធនឹងពេលវេលា។ បើទោះជាកន្លងមក ការងាររបស់លោកបានទទួលជោគជ័យជាច្រើនក៏ដោយ តែក៏ក្នុងចំណោមនោះលោកធ្លាប់ជួបបញ្ហា និងឈឺក្បាលជាមួយតារាសម្ដែងមិនតិចដែរ។

    អ្នកដឹកនាំសម្ដែងរូបនេះបញ្ជាក់ថា តារាដែលលំបាក ភាគច្រើនគាត់មានអត្ដចរិតឆ្មើងឆ្មៃមិនយល់ពីសិល្បៈ និងមិនគោរពពេលវេលា។ លោកបានអះអាងថា បញ្ហាទាំងនោះកើតឡើងមិនសំដៅលើភាពល្បី ឬមិនល្បីរបស់តារាទាំងនោះទេ ព្រោះអ្នកខ្លះមិនទាន់ល្បីផងក៏បង្កផលលំបាកទៅហើយ។ ផ្ទុយទៅវិញដូចជានាយ គ្រឿន ជាតារាកំប្លែងល្បីឈ្មោះមួយរូបទើបតែទទួលការងារពីលោក គឺធ្វើការងារជាមួយលោកយ៉ាងរលូន។

    លោក អ៊ុច រ៉ាវុឌ្ឍ បញ្ជាក់ថា៖ «ពេលខ្លះគេធ្វើការងារសិល្បៈយូរទៅ យល់ពីសិល្បៈច្បាស់កាន់តែឱ្យតម្លៃការងារ។ ដូចជានាយគ្រឿន ខ្ញុំធ្វើការងារជាមួយគាត់តាំងពីមិនទាន់ល្បីខ្លាំងរហូតដល់គាត់ល្បីខ្លាំង តែខ្ញុំសង្កេតឃើញថា បច្ចុប្បន្នគាត់កាន់តែដាក់ខ្លួនខ្លាំង រួសរាយរាក់ទាក់ជាមួយក្រុមការងារ ជាពិសេសរឿងពេលវេលាវិញមិនធ្វើឱ្យខ្ញុំឈឺក្បាលទេ។ ខ្ញុំណាត់ម៉ោង6 គាត់មករង់ចាំដល់កន្លែងតាំងពីម៉ោង 5ម្ល៉េះ»។

    លោកបន្ដថា ទាំងនេះជាចំណុចវិជ្ជមានមួយដែលបានបង្ហាញទៅដល់តារាសិល្បៈដទៃទៀតដែលគួរតែយកគំរូតាម។ អ្នកដឹកនាំសម្ដែងម្នាក់ណាក៏ចង់បានតារាសិល្បៈបែបនេះមកធ្វើការងារជាមួយដែរ ប្រសិនបើយើងចូលរួមធ្វើការងារនេះបានល្អទាំងអស់គ្នា វាក៏ជាការរួមចំណែកលើកស្ទួយវិស័យសិល្បៈម្យ៉ាងដែរ៕

  • ការទិញដីដោយមិនបានដឹងសាវតារច្បាស់លាស់អាចជួបហានិភ័យអ្វីខ្លះ?

    ការទិញដីដោយមិនបានដឹងសាវតារច្បាស់លាស់អាចជួបហានិភ័យអ្វីខ្លះ?

    សព្វថ្ងៃគេសង្កេតឃើញថា ប្រជាជនកម្ពុជារស់នៅក្នុងទីក្រុងភ្នំពេញជាច្រើនកំពុងតែមានសកម្មភាពមមាញញឹកក្នុងការទិញដីក្នុងគោលបំណងសាងសង់លំនៅឋាន ប៉ុន្ដែពួកគេពុំបានដឹងថា តើគួរធ្វើបែបណាក្នុងការទិញ(ដី) ឱ្យបានត្រឹមត្រូវ និងកុំឱ្យមានបញ្ហាទៅអនាគតនោះទេ។

    លោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារបានប្រាប់ថា ដើម្បីទិញដីនៅក្នុងទីតាំងណាមួយមិនឱ្យមានបញ្ហា ឬជាប់បំណុលពន្ធលើអចលនវត្ថុដែលមិនបានប្រើប្រាស់ និងបំណុលពន្ធអាករផ្សេងៗនោះ អ្នកទិញត្រូវចេះសិក្សាអំពីសាវតារដីនោះឱ្យបានច្បាស់ថា តើដីនោះមានជាប់បំណុលពន្ធដែរឬទេ?។ ប្រសិនបើយើងពុំបានសិក្សាលើព័ត៌មានដីឱ្យបានច្បាស់លាស់ វានឹងបង្កជាបញ្ហាស្មុគស្មាញនៅពេលផ្ទេរកម្មសិទ្ធិ។

    ប្រធាននាយកដ្ឋានច្បាប់វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា៖ ”វាពិតជាចាំបាច់ណាស់សម្រាប់អ្នកទិញដីត្រូវតែពិនិត្យលើសាវតារឬព័ត៌មានថា ប្រសិនបើមានករណីដីនោះនៅជាប់បំណុលពន្ធរដ្ឋមិនបានដោះស្រាយ ឬអ្នកទិញមិនបានពិនិត្យលើចំណុចនេះទេ ដូច្នេះគេមិនអាចផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ) ឱ្យមកអ្នកទិញបានទេ លុះត្រាតែមានការដោះស្រាយបំណុលនោះរួចទើបអាចផ្ទេរកម្មសិទ្ធិបាន។

    លោកគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាទទួលស្គាល់ថា ការពិនិត្យមើល ឬដឹងពីសាវតារដីមុនពេលសម្រេចចិត្ដទិញគឺជារឿងចាំបាច់ និងត្រឹមត្រូវបំផុតព្រោះវាអាចធ្វើឱ្យដំណើរការទិញ-លក់ និងផ្ទេរសិទ្ធិប្រព្រឹត្ដទៅដោយគ្មានបញ្ហា។

    ជាមួយគ្នានេះប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នប្រជាជន អ្នករកស៊ី ឬមន្រ្ដីរាជការមួយចំនួនពួកគាត់គ្មានបទពិសោធ ឬវិធីក្នុងការពិនិត្យលើសាវតារដីទេ  ដូច្នេះដើម្បីចៀសវាងនូវបញ្ហាទាំងឡាយនៅពេលពួកគាត់ទិញ(ដី)ដែលមានតម្លៃថ្លៃៗពួកគាត់គួរតែពឹងលើក្រុមហ៊ុនអាជីព ឬភ្នាក់ងារអចលនទ្រព្យក្នុងការពិនិត្យលើព័ត៌មានដីទាំងនោះ ព្រោះក្រុមហ៊ុនអាជីពគេមានទំនាក់ទំនងច្រើន ជាពិសេសគេដឹងពីវិធីសាស្រ្ដក្នុងការពិនិត្យមើលសាវតារដី។

    ប្រធានក្រុមហ៊ុនខ្មែររៀលអេស្ទេត បានបញ្ជាក់ថា ប្រសិនបើយើងមិនបានពិនិត្យសាវតារដីឱ្យបានច្បាស់លាស់ទេនោះ វានឹងអាចបង្កជាបញ្ហា។ ខ្ញុំឧទាហរណ៍ថា មនុស្សមា្នក់មានដីមួយកន្លែងគាត់មិនដែលបានបង់ពន្ធប្រចាំឆ្នាំសោះ ជួនកាលគាត់អាចមិនដឹងអំពីព័ត៌មាននៃការបង់ពន្ធនោះ ឬអាចគាត់ដឹងដែរតែជាប់រវល់ធ្វើការងាររកស៊ី ដូច្នេះគាត់អត់ខ្វល់ គាត់អត់បង់អ្វីទាំងអស់។ ពេលគាត់ចង់លក់អចលនទ្រព្យដែលគាត់មិនបានបង់ពន្ធប្រចាំឆ្នាំ និងពន្ធមិនប្រើប្រាស់អចលនទ្រព្យរាប់ឆ្នាំមកហើយនោះ បូករួមនឹងត្រូវគេពិន័យទៀតផង វាមានចំនួនទឹកប្រាក់ច្រើន ដូច្នេះពេលគាត់គិតដល់បំណុលពន្ធឃើញច្រើន ក៏ចាប់ផ្ដើមមានគំនិតថា មន្រ្ដីពន្ធដារធ្វើបាបប្រជាជន ប៉ុន្ដែយើងត្រូវដឹងថា ច្បាប់គឺច្បាប់។

    ក្រៅពីបញ្ហាប្រឈមជាប់ពន្ធលើដីមិនបានប្រើប្រាស់ទាំងនេះ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទិញដីមួយចំនួនដែលពុំបានដឹងពីសាវតារដីច្បាស់លាស់ក៏កំពុងតែមានបញ្ហាជាច្រើនទៀតដែរ។

    លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន  Century 21 Mekong បានលើកឡើងថា ទោះបីជាយើងទិញដីតូច ឬធំក៏ដោយ ក៏ចាំបាច់បំផុតដែលអ្នកទិញត្រូវតែដឹងពីសាវតារដីឱ្យបានច្បាស់លាស់ ព្រោះការដឹងព័ត៌មាននឹងមិនធ្វើឱ្យយើងជួបបញ្ហាប្រឈមទេ។ លោកបន្ដថា វាមិនមែនសុទ្ធតែការទិញដីដោយមិនបានដឹងពីសាវតារដីត្រូវតែជួបនឹងបញ្ហានោះទេ ប្រសិនបើអ្នកលក់ ឬអ្នកវិនិយោគនោះស្មោះត្រង់ជាមួយអ្នកទិញ វាជារឿងល្អនឹងមិនមានបញ្ហាអ្វីសម្រាប់អតិថិជនទេ ប៉ុន្ដែបើពួកគាត់មិនស្មោះត្រង់នឹងអតិថិជន និងអ្នកទិញពុំបានដឹងពីព័ត៌មានក្បាលដីច្បាស់ទៀតនោះ បញ្ហាប្រឈមនឹងកើតឡើង។

    អគ្គនាយកក្រុមហ៊ុន  Century 21 Mekong បញ្ជាក់ថា វិធីដើម្បីបញ្ចៀសនូវហានិភ័យនេះ អ្នកទិញត្រូវតែចេះស្វែងរកភ្នាក់ងារដើម្បីស្រាវជ្រាវពីព័ត៌មានក្បាលដីដែលគាត់ចង់ទិញនោះ។ តាមពិតទៅវាមិនមានការចំណាយអ្វីច្រើនទេ ប្រសិនបើគាត់សិក្សាគុណគូរការចំណាយលើអ្វីដែលគាត់បានធ្វើដោយខ្លួនឯង ដូចជាការស្វែងរកទិញ ឬធ្វើអ្វីផ្សេងៗត្រូវចំណាយប្រហែលគ្នា តែគាត់បាត់ព័ត៌មានច្រើន។ ផ្ទុយទៅវិញបើគាត់រកភ្នាក់ងារអចលនទ្រព្យដែលមានកេរ្ដិ៍ឈ្មោះ ឬក្រុមហ៊ុនមានឈ្មោះក្នុងសង្គមជួយគាត់នឹងទទួលបានភាពកក់ក្ដៅ។

    លោក ច្រឹក សុខនីម បន្ដថា៖ «ខ្ញុំឧទាហរណ៍ប្រសិនបើអតិថិជនមិនបានដឹងព័ត៌មានក្បាលដីច្បាស់ គាត់ទៅទិញដីឡូត៍មួយកន្លែងដែលម្ចាស់កម្មសិទ្ធិនោះបានយកប្លង់ដីធំទៅបញ្ចាំនៅធនាគារហើយ គាត់មកពុះបំបែកក្បាលដីលក់បន្ដទៀត តើអតិថិជនត្រូវជួបហានិភ័យបែបណាខ្លះ?»

    លោក វ៉ន ចាន់ថន នាយកប្រតិបត្ដិនៃក្រុមហ៊ុនថោនស៊ីថី រៀលអ៊ីស្ទេត ខូអិលធីឌី បញ្ជាក់ថា ចំណុចហានិភ័យខ្លាំងច្រើនតែកើតលើដីឡូត៍មួយចំនួនដែលធ្វើការទិញលក់ដោយពុំបានផ្ទេរសិទ្ធិកាត់ឈ្មោះ ឬមិនបានរៀបចំឲ្យមានប្លង់រឹង ព្រោះអាចថា ម្ចាស់ដីឡូត៍នោះជួបបញ្ហាសេដ្ឋកិច្ចហើយបានយកប្លង់រឹងដីនោះទៅបញ្ចាំនៅកន្លែងណាមួយ។ ក្រោយពីដោះស្រាយបំណុលមិនរួច អ្នកដែលមានប្លង់រឹងនោះបានមកកាន់កាប់ដីនោះដែលធ្វើឲ្យមានភាពច្របូកច្របល់ ពេលនោះហើយដែលអ្នកទិញដីឡូត៍នោះនឹងមានបញ្ហាស្មុគស្មាញកើតឡើង។

    លោកបន្ថែមថា៖ “ដើម្បីកាត់បន្ថយនូវហានិភ័យឲ្យបានច្រើន អ្នកទិញត្រូវតែចេះមើលទៅលើប្រវត្ដិក្រុមហ៊ុន ឬបុគ្គលដែលជាអ្នកពុះដីឡូត៍ហ្នឹងតែម្ដងថាតើជាក្រុមហ៊ុនស្របច្បាប់ឬអត់? ហើយយើងសុំគាត់មើលប្លង់មេ តើគាត់មានគម្រោងធ្វើផ្លូវប៉ុន្មានម៉ែត្រ មានប្រព័ន្ធលូ មានទឹក ភ្លើង ឬអត់? បន្ទាប់មកយើង មើលប្លង់មេនោះជាប្លង់ទន់ ឬប្លង់រឹង? គេកាត់ឲ្យអ្នកទិញជាប្លង់ទន់ ឬប្លង់រឹង ព្រោះពេលខ្លះវាអាចមានអ្នកពុះដីឡូត៍ខ្លះកាត់ត្រឹមប្លង់ទន់ ប៉ុន្ដែឲ្យអ្នកទិញយកទៅរត់ការធ្វើប្លង់រឹងខ្លួនឯង ឬក្រុមហ៊ុនជាអ្នកកាត់ប្លង់រឹងឲ្យ តែអាចថែមតម្លៃកម្រិតណាមួយបន្ថែមទៀតក៏អាចថាបាន”៕

  • Arnautovic បំពេញការផ្ទេរទៅកាន់ West Ham ក្នុងតម្លៃខ្លួន 25លានផោន

    Arnautovic បំពេញការផ្ទេរទៅកាន់ West Ham ក្នុងតម្លៃខ្លួន 25លានផោន

    ខ្សែប្រយុទ្ធ Marko Arnautovic បាននិយាយថា វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលក្នុងការចាកចេញពីក្លិប Stoke City ទៅកាន់ក្លិបញញួរធំ West Ham ក្រោយពីបានបំពេញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន 25លានផោន (ស្មើនឹង 32.5លានដុល្លារអាមេរិក) កាលពីថ្ងៃសៅរ៍។

    ខ្សែប្រយុទ្ធអន្តរជាតិអូទ្រីសរូបនេះ បានចំណាយពេល 4រដូវកាល ដោយបានស៊ុតបាល់បញ្ចូលទី22 គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន23គ្រាប់ផ្សេងទៀតក្នុងការបង្ហាញខ្លួន125លើក របស់គេក្នុងក្របខ័ណ្ឌ Premier League។

    Arnautovic វ័យ28ឆ្នាំ ដែលអាចលេងបានក្នុងតំបន់ប្រយុទ្ធទាំងមូលនោះ កំពុងតែស្រេកឃ្លានក្នុងការធ្វើការក្រោមការដឹកនាំរបស់លោក Slaven Bilic នៅឯក្លិប West Ham។ Arnautovic បានប្រាប់គេហទំព័ររបស់ក្លិប West Ham ថា៖ «អ្នកចាត់ការទូទៅបានផ្តល់ឲ្យខ្ញុំនូវអារម្មណ៍យ៉ាងល្អសម្រាប់ក្លិបនេះ និងខ្លួនរបស់ខ្ញុំថា ខ្ញុំអាចអភិវឌ្ឍកាន់តែល្អប្រសើរនៅទីនេះ។ ខ្ញុំមិនបានចំណាយពេលគិតយូរឡើយក្នុងការទទួលយកឱកាសនេះ»។

    Arnautovic ដែលបានបង្ហាញខ្លួន62លើកសម្រាប់ប្រទេសរបស់គេនោះបាននិយាយថា៖ «វាជាអារម្មណ៍ដ៏ពិសេសមួយចំពោះខ្ញុំក្នុងការក្លាយជាកីឡាករម្នាក់របស់ West Ham»។ West Ham ក៏បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនដែរថា៖ «ក្លិប West Ham ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអូទ្រីសក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប»។ ឯ Stoke វិញបានបញ្ជាក់ថា ពួកគេនឹងទទួលបានប្រាក់20លានផោនសម្រាប់ការផ្ទេរនេះ រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែម5លានផោនទៀត៕
    ប្រភពពី៖ ESPN

  • Mendy ពិនិត្យសុខភាព មុនពេលបំពេញការផ្ទេរពីទៅ Man City

    Mendy ពិនិត្យសុខភាព មុនពេលបំពេញការផ្ទេរពីទៅ Man City

    Benjamin Mendy បានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីពិនិត្យសុខភាពនៅមុនពេលបំពេញការផ្ទេរទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន52លានផោន (ស្មើនឹង67.6លានដុល្លារអាមេរិក) ពីក្លិប Monaco ដែលជាម្ចាស់ជើងឯករបស់បារាំង។

    លោក Pep Guardiola បានចាត់ទុកខ្សែការពារអន្តរជាតិបារាំងវ័យ23ឆ្នាំរូបនេះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាសក្តានុពលក្នុងការទិញចូលកាលពីចុងរដូវកាលមុន ក្រោយពីការចាកចេញរបស់ខ្សែការពារ Gael Clichy ប៉ុន្តែ Man City បានរងនូវការច្រានចោលចំពោះសំណើ3លើកដំបូងរបស់ខ្លួនសម្រាប់ Mendy នេះ។ ការផ្ទេរនេះមានន័យថា Monaco នឹងចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្រោយពីពួកគេបានទិញ Mendy ពីក្លិប Marseille ក្នុងតម្លៃខ្លួនតែ11លានផោន កាលពីឆ្នាំ2016។ រូបគេបានបង្ហាញខ្លួនច្រើនជាង100លើកសម្រាប់ Marseille ក្នុងរយៈពេល3រដូវកាល នៅមុនពេលចុះហត្ថលេខារយៈពេល5ឆ្នាំនៅឯក្លិប Monaco កាលពីរដូវក្តៅមុន។

    តម្លៃខ្លួនរបស់គេនឹងខ្ពស់ជាងទឹកប្រាក់45លានផោន ដែលក្លិប Man City ធ្លាប់បានចំណាយទិញខ្សែការពារស្លាបស្តាំ Kyle Walker កាលពីដើមខែនេះ និងទឹកប្រាក់47.5លានផោន សម្រាប់ខ្សែការពារ John Stones កាលពីរដូវក្តៅមុន។

    Monaco បានឈ្នះពានក្របខ័ណ្ឌ Ligue 1 ជាលើកទី1បើគិតចាប់តាំងពីឆ្នាំ2000មក និងបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែ បច្ចុប្បន្ន Mendy ក្លាយជាកីឡាករចុងក្រោយគេបំផុតក្នុងការចាកចេញពីក្លិបមួយនេះ ក្រោយពីការចាកចេញរបស់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva ទៅកាន់ Man City ក្នុងតម្លៃខ្លួន42លានផោន ហើយខ្សែបម្រើ Tiemoue Bakayoko ចូលរួមជាមួយនឹងក្លិប Chelsea ក្នុងតម្លៃខ្លួន34លានផោន៕
    ប្រភពពី៖ The Guardian