Author: វល័ក្ខ

  • ដំណឹងល្អពីសណ្ឋាគារសុខា … ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍

    ដំណឹងល្អពីសណ្ឋាគារសុខា … ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍

    នៅត្រឹមរយៈពេល2ថ្ងៃនៃការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី 05-06 ខែសីហា ឆ្នាំ2017 ដែលរៀបចំឡើងដោយក្រុមហ៊ុន សិរីមង្គល ក្រោមការចូលរួមពីសំណាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីក្រោមឱវាទ រួមមានរដ្ឋលេខាធិកា និងអនុរដ្ឋលេខាធិកា ព្រមទាំងបណ្តាអ្នកតំណាងក្រុមហ៊ុនចូលរួមនៅក្នុងកម្មវិធី « ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 4 មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី 12 និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី 17 ។

    នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សណ្ឋាគារ និងរមណីយដ្ឋានសុខា ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមបង្ហាញវត្តមានជាមួយនឹងការការតុបតែងលម្អស្តង់របស់ខ្លួនទំហំ 6 x 18ម៉ែត្រ ដើម្បីធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ ដែលសណ្ឋាគារ និងរមណីយដ្ឋានសុខាមានផ្តល់ជូន ។

    តាមសម្ដីរបស់អ្នកនាង សំរិទ្ធិ ប៊ុននិច្ច (Nickie) ដែលជាប្រធានទីផ្សារបានឱ្យដឹងថា សម្រាប់វត្តមានរបស់ក្រុមហ៊ុនសុខានៅពេលនោះគឺជាការបង្ហាញឱ្យឃើញពីចូលរួមគាំទ្រ វប្បធម៍ និងប្រពៃណីជាតិខ្មែរ ដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យ និងដើម្បីឱ្យយុវជនជំនាន់ក្រោយកាន់តែយល់ច្បាស់អំពីកេរតំណែលដែលដូនតាបានបន្សល់ទុក។ បន្ថែមពីនេះ ក៏មានបំណងធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារនិងរមណីយដ្ឋានសុខា ដែលមានទីតាំងនៅ 4 ខេត្តក្រុងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលតម្រូវការនៃការរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខាមួយនេះមានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។

    ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណងខាងលើនេះ អ្នកនាង សំរិទ្ធិ ប៊ុននិច្ច ក៏បានបង្ហាញពីចំណាប់អារម្មណ៍នៃការចូលរួមការតាំងពិព័រណ៍អាពាហ៍ពិពាហ៍រយៈពេល 2 ថ្ងៃកន្លងទៅនេះ ដែលមានភ្ញៀវចូលរួមទស្សនាសរុបប្រមាណជាង 3 ម៉ឺននាក់ ដោយភាគច្រើនសុទ្ធតែជាអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខនេះថា សម្រាប់កម្មវិធីពិព័រណ៍មួយនេះ គឺមានសារៈសំខាន់បំផុត ដែលវាអាចផ្តល់ជម្រើសបានកាន់តែច្រើនសម្រាប់អ្នកត្រៀមរៀបអាពាហ៍ពិពាហ៍ ជាពិសេសមានឱកាសទទួលបានការប្រឹក្សាផ្តល់យោបល់ល្អៗ ពីអ្នកតំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងកម្មវិធីមង្គល។ ជាក់ស្ដែងដូចជាក្រុមហ៊ុន សុខា ដែលរួមមានសណ្ឋាគារ រមណីយដ្ឋាន ដ៏ល្អឥតខ្ចោះ មានទីតាំងធំទូលាយប្រកបដោយប្រណីតភាព ម្ហូបអាហារពោរពេញដោយឱជារស ជាពិសេស សេវាកម្មល្អទាន់ចិត្ត ដោយមានទីតាំងស្ថិត 4 ខេត្តក្រុង ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (ភ្នំពេញ) សណ្ឋាគារឆ្នេរសុខា (ខេត្តព្រះសីហនុ) រមណីយដ្ឋានឋានសួគ៌បូកគោ (ខេត្តកំពត) រមណីយដ្ឋានសុខាសៀមរាប (ខេត្តសៀមរាប) និងរមណីយដ្ឋានសុខាអង្គរ (ខេត្តសៀមរាប) ។

    សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខនេះ អាចមានឱកាសទទួលបានការផ្តល់ជូនយ៉ាងពិសេសពីសណ្ឋាគារ និងរមណីយដ្ឋាន សុខា ក្នុងការរៀបចំពិធីមង្គលដែលស័ក្ដិសមទៅនឹងកិត្តយសគ្រួសារ ទាំងការរៀបចំបែបប្រពៃណីបុរាណខ្មែរ និងបែបសម័យទំនើប ជាមួយនឹងតម្លៃសមរម្យបំផុត ។ ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sokhahotels.com

  • ដួង វីរៈ​សិទ្ធ មានឱកាស​ទទួលបាន​ទិ​ដ្ឋ​ការ​ទៅកាន់​សហរដ្ឋអាមេរិក

    ដួង វីរៈ​សិទ្ធ មានឱកាស​ទទួលបាន​ទិ​ដ្ឋ​ការ​ទៅកាន់​សហរដ្ឋអាមេរិក

    ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2016 រហូតមក ភាគច្រើន​គេ​តែង​ឮសូរ​តារា​ខ្មែរ​មួយចំនួន​និយាយ​ត្អូញត្អែរ​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ពាក្យស្នើសុំ​សម្ភាសន៍​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​វី​សា (ទិ​ដ្ឋ​ការ) ចេញទៅ​សហរដ្ឋអាមេរិក​ត្រឹម​រយៈពេល​ខ្លី គឺមាន​ភាពលំបាក​ខ្លាំង ដែល​រហូត​មាន​តារា​ជើងចាស់​ខ្លះ​ធ្លាប់មាន​បទពិសោធ​បានដាក់​ឯកសារ និង​ស្នើសុំ​ជួប​សម្ភាសន៍​ជាមួយម​ន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​នៅតែ​មិនមានឱកាស​ដូច​ការរំពឹងទុក​រប​ស់​ខ្លួន​នោះឡើយ។

    ប៉ុន្តែ​ផ្ទុយទៅវិញ សម្រាប់​តារា​ជំនាន់​ថ្មី​វ័យក្មេង ដែល​កំពុងតែ​ក្លាយជា​និមិត្តរូប​របស់​យុវវ័យ​តាមរយៈ​ការ​បង្ហើរ​សំឡេង​ដែល​ពោរពេញ​ទៅដោយ​ទឹកដម​យ៉ាង​ពីរោះ និង​ចេះ​ច្រើន​ជំនាញ​ពាក់ព័ន្ធ​នឹង​ឧបករណ៍​តន្ត្រីសម័យនិង​បុរាណ លោក ដួង វីរៈ​សិទ្ធ បែរជា​មាន​ភ​ព្វ​សំណាង​ខ្ពស់ សម្ភាសន៍​ជាប់​លក្ខ​ខ​ណ្ខ​ដែល​ច្បាប់​អាមេរិក​កំណត់ ជាមួយនឹង​ការទទួលបាន​ទិ​ដ្ឋ​ការចាកចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​មហាអំណាច​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

    លោក ដួង វីរៈ​សិទ្ធ ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ភ្លេង​រីខ​ត ជ្រក​ក្រោម​ក្រុមហ៊ុន​ធំ ហង្ស​មាស តាមរយៈ​ការទទួលបាន​ជ័យលាភី​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី “I am a Singer of Cambodia” ដែល​រៀបចំ និង​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ហង្ស​មាស​កាលពី​ឆ្នាំ​កន្លងទៅនេះ។ នៅត្រឹម​រយៈកាល​ប្រមាណ​ជាង1ឆ្នាំនេះ ដួង វីរៈ​សិទ្ធ ក្រៅពី​បាន​ក្លាយជា​តារាចម្រៀង​ក្នុង​កុងត្រា​ជាមួយ​ផលិតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ ថែមទាំង​មានឱកាស​កៀងគរ​ប្រមូលយក​នូវ​ប្រជាប្រិយភាព​គួរ​ជាទី​មោទន ជាពិសេស តាមរយៈ​បទ​ចម្រៀង​មួយចំនួន​ដូចជា បទ “អូន​គ្មាន​សិទ្ធិ​ទៅ​ចោល​បង​ទេ” បទ “នាវាជីវិត” បទ “ពេលណា​អូន​មកវិញ” បទ “ប្រយោគ​ស្នេហ៍” រួមជាមួយ​នឹងបទ “ប្រុស​ចិត្តខ្មៅ​នេះ​សមតែ​ស្លាប់” ជាដើម ហើយក៏​នៅមាន​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត ដែល​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ទាំងអស់។ ជាថ្មី​ម្ដងទៀត កាន់​តែមាន​មោទនភាព​បន្ថែមទៀត ខណៈដែល​មាន​តារា​ប្រុស​ស្រី​ជាច្រើន​ដួង​បាត់បង់​ឱកាស​ចាកចេញ​ទៅ​បង្ហាញមុខ​នៅ​សហរដ្ឋអាមេរិក​នោះ ប៉ុន្តែ​ខ្លួន​បែរជា​មានជោគ​វាសនា​ខ្ពស់​សម្ភាស​ជាប់ និង​ទទួលបាន​ទិ​ដ្ឋ​ការចាកចេញ​ទៅ​សម្ដែង​នៅក្នុង​ប្រទេសមួយ​នេះ​យ៉ាង​ជោគជ័យ។

    តាមរយៈ​សារ​អេឡិចត្រូនិក នៅក្នុង​គណនី​របស់​អ្នកនាង Nita Dara ដែល​គេ​ដឹងថា ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ជាមួយ​តារាចម្រៀង​រូប​សង្ហា​ម្នាក់នេះ​បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​យ៉ាង​ដូច្នេះ​ថា “សូម​ចូលរួម​ត្រេកអរ​ដល់ Doung Vireakseth (ដួង វីរៈ​សិទ្ធ) ដែល​ទទួលបាន​វី​សា (ទិដ្ឋាការ) ទៅ​សហរដ្ឋអាមេរិក នៅក្នុងពេល​ឆាប់​ៗនេះ ដើម្បី​ចូលរួម​ពិធី​ខួប​គម្រប​មួយឆ្នាំ ក្នុងការ​បង្កើត​សារមន្ទីរ មរតក​ខ្មែរ ដែល​ហៅ​កាត់​ថា IKARE”។

    យ៉ាងណាក៏ដោយ ជាមួយនឹង​ដំណើរ​ចាក​ចេញទៅ​សម្ដែង​ទៅតាម​ការអញ្ជើញ​របស់​ប្រធាន​សមាគម​ខ្មែរ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​មួយ​នេះ គេ​​រំពឹងថា លោក​ពិតជា​ទទួលបាន​ការ​សាទរ​ពី​សំណាក់​បងប្អូន​ជនជាតិខ្មែរ​យ៉ាង​កក់ក្ដៅ​ជាក់​ជាមិនខាន ខណៈដែល​វត្តមាន​របស់លោក​នៅក្នុង​ស្រុក​កំណើត​​នៃ​ទឹកដី​កម្ពុជា ក៏មាន​ភាព​កក្រើក​រួច​ទៅហើយនោះ៕

  • ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មកើនឡើងជាង 90ភាគរយ

    ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មកើនឡើងជាង 90ភាគរយ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មបានកើនឡើងជាង 90ភាគរយ និងកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះមកនៅសល់តែជាង 4០ភាគរយប៉ុណ្ណោះ។

    លោក វេង សាខុន រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះបានកើនដល់ប្រមាណ 96ភាគរយ ដែលធ្វើឲ្យវិស័យនេះទទួលបានតម្លៃបន្ថែមកាន់តែច្រើនតាមរយៈការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មដែលធ្វើឲ្យមានការចំណាយខ្ពស់។ លោកបន្តថា ជាមួយគ្នានេះការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះពីជាង 80ភាគរយពីដើមទសវត្សរ៍ទី90 មកនៅត្រឹមប្រមាណ 41ភាគរយផងដែរនាពេលបច្ចុប្បន្ននេះ។

    លោកបន្តថា “នេះជានិន្នាការធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ព្រោះនៅពេលប្រទេសរីកចម្រើន កម្លាំងពលកម្មក្នុងវិស័យកសិកម្មតែងតែធ្លាក់ចុះជារឿងធម្មតា ហើយជំនួសវិញដោយវិស័យបច្ចេកវិទ្យា”។ លោកបន្តថា “បច្ចុប្បន្ននៅប្រទេសជឿនលឿន មិនត្រឹមតែប្រើប្រាស់គ្រឿងយន្តសម្រាប់ស្ទូងនោះទេ តែពួកគេបានវិវឌ្ឍពីការស្ទូងពេលមានទឹក មកជាការស្ទូងស្ងួត ឬបុកដាំ ដែលចៀសវាងបាននូវការប្រឡាក់ប្រឡូស”។

    លោក វេង សាខុន បានបន្តថា ជាមួយនឹងកំណើននៃផលិតផលកសិកម្ម លោករំពឹងថា ឆ្នាំនេះកម្ពុជាទទួលបានទិន្នផលស្រូវលើសពីជាង10លានតោន ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងឆ្លើយតបនឹងការនាំចេញអង្ករ ដែលការបញ្ជាទិញមានការកើនឡើងផងដែរ។ ជាក់ស្តែងក្នុងសប្តាហ៍នេះ ប្រទេសបង់ក្លាដែសគ្រោងទិញអង្ករពីកម្ពុជា1លានតោន ក្នុងរយៈពេល5ឆ្នាំគិតចាប់ពីឆ្នាំនេះដល់ឆ្នាំ 2021ខាងមុខ៕

  • ទុក្ខព្រួយដែលនៅពីក្រោយស្នាមញញឹមរបស់កញ្ញា ពៅ បញ្ញាពេជ្រ…

    ទុក្ខព្រួយដែលនៅពីក្រោយស្នាមញញឹមរបស់កញ្ញា ពៅ បញ្ញាពេជ្រ…

    តើលោកអ្នកធ្លាប់គិតទេថា ក្រោយពីកញ្ញា ពៅ បញ្ញាពេជ្រ ធ្លាក់ខ្លួនក្លាយជានារីពិការម្នាក់ធ្វើអ្វីលែងបាន អង្គុយតែនៅលើរទេះរុញដូចសព្វថ្ងៃ តើនឹងមានអ្វីកើតឡើងក្នុងជីវិតរបស់នាង។ តើនាងនឹងមានអ្វីជាទីពឹងសម្រាប់ចិញ្ចឹមជីវិតតទៅថ្ងៃមុខទៀត?។

    ទោះបីសព្វថ្ងៃគេមើលឃើញថា ជារឿយៗកញ្ញា ពៅ បញ្ញាពេជ្រ ញញឹមពព្រាយ និងបង្ហើរសំនៀងជាលក្ខណៈកម្សាន្ដ និងកំដរអារម្មណ៍ទៅដល់ប្រិយមិត្ដរបស់ខ្លួនតាមរយៈបណ្ដាញសង្គមដែល មើលទៅឃើញដូចជាមានភាពសប្បាយរីករាយក៏ពិតមែន តែគេជឿថា នាងក៏កំពុងតែមានទុក្ខព្រួយ និងកង្វល់ជាច្រើនបង្កប់នៅក្នុងចិត្ដ ព្រោះនាងមិនដឹងថា នឹងត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃរបស់នាងតាមវិធីណាដើម្បីឱ្យការរស់នៅប្រកបដោយនិរន្ដរភាព។

    ដោយសារកន្លងមកគេធ្លាប់ដឹងថា ក្រោយពីនាងបានព្យាបាលជំងឺខ្លួនប៉ុន្មានឆ្នាំកន្លងមកនេះនាងបានចំណាយថវិកា និងទ្រព្យសម្បត្ដិគ្រួសារអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ទម្រាំនាងអាចទទួលបានលទ្ធផលវិជ្ជមានដូចសព្វថ្ងៃនេះ។

    ថ្មីៗនេះគេឃើញនាងខំប្រឹងប្រែងខណៈខ្លួនអង្គុយលើរទេះរុញប្រកាសលក់ផលិតផលដោយទឹកមុខរីករាយដែលមានដូចជាកាបូប និងគ្រឿងសម្អាងជាដើមតាមអនឡាញ ដើម្បីឱ្យអ្នកគាំទ្រក៏ដូចជាអ្នកដែលអាណិតស្រឡាញ់នាងជួយជាវផលិតផលទាំងនោះធ្វើយ៉ាងណាឱ្យនាងអាចរកប្រាក់ចំណូលយកមកចិញ្ចឹមជីវិតដ៏កម្សត់នេះតទៅមុខទៀតបាន។ នេះហើយជាទុក្ខកង្វល់ដែលនៅពីក្រោយស្នាមញញឹមរបស់នាង។ ឥឡូវនេះជឿថា អ្នកគាំទ្រ និងអ្នកអាណិតស្រឡាញ់រូបនាងច្បាស់ជាបានដឹងហើយមែនទេថា នឹងត្រូវជួយនាងតាមវិធីណា?៕

  • Southampton យល់ព្រមទិញយក Lemina ពីក្លិប Juventus

    Southampton យល់ព្រមទិញយក Lemina ពីក្លិប Juventus

    ក្លិប Southampton បានយល់ព្រមទៅលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Mario Lemina ពីក្លិបសេះបង្កង់ Juventsu។ នេះបើយោងទៅតាមប្រភពនានារបស់ទូរទស្សន៍ Sky Sports។

    កាសែត Sky Sports News យល់ឃើញថា ក្លិប Southampton នឹងចំណាយប្រាក់ជាបឋមចំនួន16លានផោន (ស្មើនឹង 20.8លានដុល្លារអាមេរិក) ខណៈដែលការផ្ទេរនេះនឹងមានតម្លៃខ្លួនកើនដល់20លានផោន។ លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ Juventus បានប្រកាសថា Lemina នឹងចាកចេញពីក្លិបនេះ ក្រោយពីក្រុមរបស់លោកចាញ់ក្នុងលទ្ធផល 2-0 ក្នុងការប្រកួតមិត្តភាពក្រោមស្នាដៃក្រុម Tottenham នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។


    Lemina ត្រូវបានរំពឹងទុកថា នឹងទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ នៅមុនពេលការផ្ទេររបស់គេទៅកាន់កីឡដ្ឋាន St Mary’s ហើយរូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី2របស់លោកគ្រូបង្វឹក Mauricio Pellegrino នៅរដូវក្តៅនេះ ក្រោយពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Jan Bednarek។ ក្លិប Southampton ក៏នឹងផ្តួលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League តែមួយគឺ Stoke City ដើម្បីចុះហត្ថលេខាជាមួយនឹង Lemina ផងដែរ បើទោះបី Stoke បានរៀបចំការពិភាក្សាផ្សេងៗជាមួយនឹង Juventus ទៅលើការផ្ទេរមួយកាលពីថ្ងៃសុក្រមុនហើយក៏ដោយ។

    Lemina បានចូលរួមជាមួយនឹង Juventus ដោយចេញពីក្លិប Marseille ក្នុងតម្លៃខ្លួន7.5លានផោន កាលពីឆ្នាំ2015 និងបានជួយឲ្យក្លិបនេះ បានឈ្នះពានក្របខ័ណ្ឌ Serie A 2លើក និងពាន Coppa Italia 2លើក។ រូបគេគឺជាកីឡាករអន្តរជាតិហ្គាបុង និងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរបស់គេចំនួន9លើក និងបានស៊ុតបាល់បញ្ចូលទី2គ្រាប់៕
    ប្រភពពី៖ Sky Sports

  • ឡូយមែន! អាមួយនេះសាកម្ដងប្រើ 30 ថ្ងៃដោយមិនចាំបាច់សាកថ្ម

    ឡូយមែន! អាមួយនេះសាកម្ដងប្រើ 30 ថ្ងៃដោយមិនចាំបាច់សាកថ្ម

    ថ្មីទៀតហើយសម្រាប់ប្រិយមិត្តណាដែលចង់បានទូរស័ព្ទមួយដែលមានសមត្ថភាពថ្មកាន់បានយូរ សាកម្ដងបានប្រើបាន 30ថ្ងៃ ពីក្រុមហ៊ុន Nokia ជាមួយនឹងទូរស័ព្ទ Nokia 105 ឆ្នាំ2017 ដែលវាមានសមត្ថភាពពិសេសៗជាច្រើនលើសពីជំនាន់មុនរបស់វា។

    តាមការបញ្ជាក់របស់ក្រុមហ៊ុន Nokia បានឱ្យដឹងថា ទូរស័ព្ទ Nokia 105 ជាម៉ូដែលដែលលក់ដាច់បំផុតក្នុងពិភពលោក ដោយបានលក់អស់ជាង 200 លានគ្រឿង ហើយឥឡូវវាត្រូវបានក្រុមហ៊ុនយកមកអភិវឌ្ឍជាថ្មីសម្រាប់ឆ្នាំ 2017 ជាមួយនឹងរូបរាងថ្មី សមត្ថភាពខ្លាំង និងមានថ្មកាន់ ប្រើបានយូរ។ Nokia 105 អាចឱ្យយើងនិយាយគ្នាបានរហូតដល់ទៅ 15.7 ម៉ោង មានន័យថាអាចនិយាយទូរស័ព្ទតាំងពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច ដោយគ្រាន់តែសាកថ្មម្តងតែប៉ុណ្ណោះ ហើយវាអាចកាន់ថ្មបានរហូតដល់ 30 ថ្ងៃ ក្រោយសាកថ្មពេញម្ដងៗ។

    ម្យ៉ាងទៀតតាមរយៈទំហំផ្ទុកបានរហូតដល់ទៅ 500 សារ និងលេខទំនាក់ទំនងរហូតដល់ 2000 នាក់ អ្នកនឹងអាចរក្សាទុកអត្ថប្រយោជន៍ច្រើនយ៉ាងនៅក្នុងទូរស័ព្ទតែមួយនេះ។ មិនតែប៉ុណ្ណោះ Nokia 105 ក៏មានភ្លើងពិល LED ដ៏មានប្រជាប្រិយភាពផងដែរដោយគ្រាន់តែចុចប៊ូតុងខាងលើពីរដងដើម្បីបើក និងបិទភ្លើងពិល។

    ទូរស័ព្ទ Nokia 105 ភ្ជាប់មកជាមួយនូវកម្មវិធីវិទ្យុ FM Radio និងមានរន្ធសាកបញ្ចូលថ្ម Micro USB (USB 2.0) ហើយមានតម្លៃ 17.50 ដុល្លារ សម្រាប់ស៊ីម 2 និង 16.50 ដុល្លារ សម្រាប់ស៊ីម1 សម្រាប់ទីផ្សារកម្ពុជា និងមាន 3 ពណ៌គឺ ខៀវ ស និងខ្មៅ៕

  • រម៉កដឹកភ្ញៀវ គួរមានគំនូសអាទិភាពលើដងផ្លូវដែរ ឬទេ?

    រម៉កដឹកភ្ញៀវ គួរមានគំនូសអាទិភាពលើដងផ្លូវដែរ ឬទេ?

    មនុស្សគ្រប់គ្នាដែលបើកបរនៅតាមដងផ្លូវប្រហែលជាធ្លាប់ជួបអារម្មណ៍មួរម៉ៅ ព្រលឹងចុងសក់ តឹងទ្រូង និងគ្រោះថ្នាក់ដោយសារតែការបត់ចុះ បត់ឡើងរបស់រម៉កដឹងភ្ញៀវទេសចរណ៍នៅតាមទីប្រជុំជននានា។ មានពេលខ្លះ គេឃើញរម៉កដឹកភ្ញៀវទេសចរណ៍នៅលើផ្លូវម៉ូតូ ខណៈផ្លូវកំពុងកកស្ទះទៅមុខមិនរួច ហើយពេលខ្លះទៀតគេឃើញរម៉កទាំងនោះ នៅលើផ្លូវឡានខណៈចរាចរណ៍កំពុងតែមមាញឹក ហើយដណ្តើមគ្នារុលទៅមុខ និងពេលខ្លះទៀតជួបគ្រោះថ្នាក់ ឬព្រលឹងចុងសក់ ដោយសារតែការបត់លឿនពេក។

    មានមនុស្សមិនតិចទេ នៅក្នុងបណ្តាញសង្គម និងនៅតាមទីសាធារណៈ បានបង្ហាញពីជំហរមិនពេញចិត្ត ចំពោះភាពមិនមានសណ្តាប់ធ្នាប់នៃការបើកបររម៉កដឹកភ្ញៀវដែលបត់លឿនៗ ហើយប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនឱ្យគេចចង់បាក់ក ឬបុកពីក្រោយរថយន្តដែលមនុស្សួមួយចំនួនថែមទាំងហៅរម៉កទេសចរណ៍ថាជាយានកំពូលបុកថែមទៀតផង។

    ថ្វីត្បិតតែស្ថានភាពជាទូទៅមើលទៅរម៉កទេសចរណ៍ ដែលគ្រប់គ្នាហៅថាជារម៉កកង់បីនេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សទូទៅនៅក្នុងក្រុងក៏ដោយ តែកំហុសមិនប្រាកដថា កើតចេញពីពួកគាត់ទាំងស្រុងនោះទេ។ ពាក្យខ្មែរតែងពោលថា «ដូងតែងមានតក់ មាននាល មិនដូចគ្នានោះទេ» ហេតុនេះគ្រប់អាជីព និងគ្រប់រឿងលើពិភពលោកយើងនេះក៏ដូចគ្នា តែងមានអ្នកល្អ និងអ្នកមិនល្អ។ ជាទូទៅគេក៏សង្កេតឃើញអ្នករត់រម៉កទេចរណ៍គោរពច្បាប់ ហើយបានបង្កើតសកម្មភាពល្អៗជាច្រើនផងដែរ តែមនុស្សមួយចំនួនធំក៏នៅមិនទាន់យល់ពីស្ថានភាពពិបាករបស់ពួកគាត់នោះដែរ។

    អ្នករត់រម៉កទេសចរណ៍មួយចំនួនដែលព្យាយាមគោរពច្បាប់ចរាចរណ៍ក៏ចង់ឱ្យមានការរឹតបន្តឹងលើការអនុវតត្តច្បាប់ដោយត្រឹមត្រូវចំពោះអ្នករួមអាជីពដែលបង្កបញ្ហាដល់សង្គមដូចគ្នា ព្រោះអ្នកទាំងអស់នោះធ្វើឱ្យគេមិនពេញចិត្តអាជីពរបស់គាត់។ មានអ្នកខ្លះទៀតក៏បញ្ចេញប្រតិកម្មរអ៊ូរទាំថា គាត់ធ្វើអ្វីក៏ខុសដែរក្នុងក្រសែរភ្នែកមនុស្សទូទៅ ព្រោះគាត់ជាយានដែលមានលក្ខណៈពាក់កណ្តាលឡាន និងពាក់កណ្តាលម៉ូតូ។ មនុស្សគ្រប់គ្នាតែងតែចោទរម៉កទេសចរណ៍ថា អាងខ្លួនមានលក្ខណៈពិសេសចង់ជិះផ្លូវម៉ូតូក៏បាន ផ្លូវរថយន្តក៏បាន ឱ្យតែបានទៅមុន មិនខ្វល់ពីផលប៉ះពាល់ តែពួកគាត់ក៏ចង់ឱ្យសាធារណជនគិតទៅវិញថា ប្រសិនបើអ្នកទាំងអស់គ្នាជាគាត់វិញ តើត្រូវធ្វើដូចម្តេច?

    ពិតណាស់គាត់អាចបើកលើផ្លូវណាក៏បាន ដោយគ្មានការពិន័យពីនគរបាលចរាចរណ៍ តែនៅពេលដែលគាត់ជិះលើគន្លងណាក៏ដោយគឺគាត់តែងតែទទួលរងការរិះគន់។ នៅពេលដែលគាត់បើកលើផ្លូវម៉ូតូ មនុស្សគ្រប់គ្នានឹងគិតថាគាត់ប្រើប្រាស់គន្លងផ្លូវម៉ូតូដ៏ចង្អៀតខណៈខ្លួនប៉ុនរថយន្ត ដែលបង្កឱ្យមានការកកស្ទះ ហើយត្រូវគេជេស្តី តែប្រសិនបើគាត់បើកនៅលើផ្លូវរថយន្តវិញ គេនៅតែជេស្តីឱ្យគាត់ដដែលថា ខ្លួនមានក្បាលជាម៉ូតូ មានល្បឿនយឺត មិនគួរបើកផ្លូវឡាននាំឱ្យស្ទះគេស្ទះឯងនោះទេ។

    គិតដល់ចំណុចនេះ យើងសាកស្រមៃទាំងអស់គ្នាទៅមើលថា បើយើងជាគាត់យើងធ្វើដូចម្តេច? នេះជាបញ្ហាមួយដែលយើងមើលឃើញជាក់ស្តែង តែមានមនុស្សមួយចំនួនទៀតគិតថាបញ្ហានេះមកពីគាត់ខ្លួនឯងដែរដែលមិនធ្វើឱ្យខូចឈ្មោះតាមរយៈការបើកបរមិនគោរពច្បាប់ ហើយរុលឱ្យតែបានទៅមុខមិនខ្វល់ពីគេរហូតដល់មនុស្សទូទៅមានអារម្មណ៍មិនល្អជាមួយគាត់ ទើបធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់សាធារណជន ហាក់មានភាពចង្អៀតសម្រាប់គាត់បែបនេះ តែទោះជាយ៉ាងនេះក្តី មានមនុស្សមួយចំនួនទៀតបានលើកឡើងថា បញ្ហារម៉កនេះមិនអាចបន្ទោសគាត់ទាំងស្រុងទេ។ ពេលខ្លះពួកគាត់ក៏មានផលវិបាករបស់គាត់ដែរ ព្រោះនៅលើគំនូសផ្លូវដែលបានគូសគ្រប់ទិសទៅក្នុងស្រុកខ្មែរគឺមានតែគំនូសអាទិភាពសម្រាប់រថយន្ត និងសម្រាប់ម៉ូតូ តែគ្មានគំនូសសម្រាប់រម៉កទេសចរណ៍នោះទេ។

    បញ្ហាគ្មានគំនូសនេះ ជាបញ្ហាមួយដែលមនុស្សក្នុងសង្គមមើលឃើញ ព្រោះវាជាបញ្ហាសង្គមដ៏តូចមួយតែអាចជះឥទ្ធិពលធំប្រសិនបើគ្មានការដោះស្រាយ។

    ជារួមបើមើលពីផលចំណេញនៃការកំណត់គន្លងសម្រាប់រម៉កដឹកភ្ញៀវនេះវិញក៏មានច្រើនផងដែរ ដែលវាអាចជាវិធីឈ្នះៗសម្រាប់អ្នករត់រម៉កដឹកភ្ញៀវ និងមនុស្សទូទៅ។ នៅពេលដែលមានគំនូសមនុស្សទូទៅនឹងស្ងប់ចិត្ត ព្រោះលែងមានការរំខានពីរម៉កដឹកភ្ញៀវដែលរេចុះរេឡើងនៅពីមុខ ហើយកកស្ទះ ឬប៉ះពារគ្នាដែលនាំឱ្យមានភាពក្តៅក្រហាយតទៅទៀតហើយ។ លើសពីនេះទៅទៀតមានអ្នកខ្លះទៀតអាចនឹងគិតថាការធ្វើបែបនេះក៏នៅតែឥតប្រយោជន៍ដែរ ព្រោះថាទោះមានគំនូសក៏ដោយក៏អ្នកបើកបរនាពេលបច្ចុប្បន្ននេះមិនដែលគោរពគំនូស ឬស្តុបនោះទេ តែទោះជាយ៉ាងនេះក្តីក៏អ្នកជិះទូទៅអាចមានមូលដ្ឋានមួយក្នុងការរិះគន់ ដើម្បីស្ថាបនាពីការជិះខុសគន្លងរបស់អ្នកបើករម៉កដែរ។

    ងាកមកខាងអ្នករត់រម៉កវិញក៏ចំណេញដូចគ្នា ព្រោះគាត់អាចមានគន្លងអាទិភាពមួយសម្រាប់ខ្លួនឯងដែលមិនខ្វល់ពីការរិះគន់ច្រើន ប្រសិនបើគាត់គោរពគន្លងរបស់គាត់ ហើយមានយានយន្តផ្សេងចូលមកលើផ្លូវរបស់គាត់ គាត់ក៏មានសិទ្ធក្នុងការរិះគន់វិញដែរ។

    ចំណុចខាងលើគ្រាន់តែជាចំណុចមួយសម្រាប់ការពិចារណា តែទោះជាយ៉ាងណាក៏ធ្វើបែបនេះក៏មានផលប៉ះពាល់ច្រើនដែរបើគិតពីទំហំផ្លូវ ពីការចំណាយ និងផលប៉ះពាល់ដែលកើតមានពីការមិនទាន់យល់ដឹងច្បាស់ពីការគោរពច្បាប់ចរាចរណ៍ ហេតុនេះការពន្យល់ និងអប់រំណែរនាំពីសមត្ថកិច្ចជំនាញក៏ជាកត្តាមួយដែលចាំបាច់បំផុតក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ខណៈមនុស្សមួយចំនួនគិតថា មិនបាច់បង្កើតគន្លងអាទិភាពសម្រាប់រម៉កដឹកអ្នកដំណើរនោះទេ អ្វីដែលសំខាន់គឺច្បាប់កំណត់ផ្នែកណាមួយឱ្យគាត់ជិះឱ្យច្បាស់ថានៅគន្លងម៉ូតូ ឬរថយន្ត បន្ទាប់មកប្រើវិធានការច្បាប់ដើម្បីដាក់ឱ្យអនុវត្តជារឿងដែលចំណេញ ហើយបានផលល្អ៕

  • ផ្សារទំនើបធំៗចំនួន6 នឹងបើកដំណើរការនៅឆ្នាំ2018

    ផ្សារទំនើបធំៗចំនួន6 នឹងបើកដំណើរការនៅឆ្នាំ2018

    ភ្នំពេញៈ ចំនួនផ្សារទំនើបធំៗចំនួន6ទៀត នឹងបើកដំណើរការនៅឆ្នាំ 2018 ខាងមុខនេះ ខណៈកម្លាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែរ មានការកើនឡើងផងដែរ ដែលធ្វើឲ្យអ្នកជំនាញបានជំរុញឲ្យអ្នកវិនិយោគគិតគូរលើកត្តាមួយចំនួន។

    ផ្សារទំនើបធំៗទាំង6នោះ រួមមាន ផ្សារទំនើប AEON Mall 2 ផ្សារ Parkson Mall ផ្សារ Olympic Plaza និងផ្សារទំនើបក្នុងគម្រោង The Bridge ផ្សារទំនើប MAKRO ជាផ្សារលក់ទំនិញបោះដុំរបស់ប្រទេសថៃ និងផ្សារទំនើបក្រោមដី ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។

    អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី5 សីហាថា ជាមួយនឹងការចូលមកដល់នូវផ្សារទំនើបថ្មីៗ និងផ្សារទំនើបជាច្រើនទៀតកំពុងត្រៀមបើកដំណើរការនៅឆ្នាំ 2018ខាងមុខ អ្នកនាងគិតថា អ្នកវិនិយោគបានសិក្សាច្បាស់លាស់ពីស្ថានភាពទីផ្សារ និងកម្លាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែររួចហើយមុនធ្វើការវិនិយោគ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកវិនិយោគគួរសិក្សាពីកត្តាមួយចំនូនទៀតដូចជា កម្លាំងនៃការទិញ ការរៀបចំ និងរចនាកន្លែងលក់ឲ្យមានភាពទាក់ទាញ និងតម្រូវការនៅក្នុងទីផ្សារនេះ។

    អ្នកនាងបន្តថា “កម្លាំងទិញនៅកម្ពុជាកើនឡើង ប៉ុន្តែភាគច្រើនប្រជាពលរដ្ឋផ្តោតលើការកម្សាន្ត និងការញុំាច្រើនជាងនៅតាមបណ្តាផ្សារទំនើបនានា”។ អ្នកនាងបន្ថែមថា “ការមកដល់នូវផ្សារទំនើបថ្មីៗ មិនមានបញ្ហានៅក្នុងទីផ្សារនោះទេ យើងស្វាគមន៍ការវិនិយោគនានា ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។

    ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ធៀបនឹងមនុស្សម្នាក់មានប្រមាណ០,1ម៉ែត្រការ៉េ ខណៈប្រទេសថៃទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់មាន០,4ម៉ែត្រការ៉េ។

    ទាក់ទងនឹងទំហំផ្សារធៀបនឹងចំនួនប្រជាជនកម្ពុជា អ្នកនាងអាន សុធីតាបានពន្យល់ថា ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅក្រុងភ្នំពេញមានការកើនឡើង តែទាបជាងប្រទេសថៃ ប៉ុន្តែផ្សារទំនើបនៅកម្ពុជាពឹងផ្អែកលើប្រជាជនក្នុងស្រុកច្រើនជាង ខុសពីប្រទេសថៃដែលផ្សារទំនើបមិនត្រឹមតែពឹងផ្អែកប្រជាជនក្នុងស្រុកនោះទេ ប៉ុន្តែប្រទេសថៃមានកម្លាំងទិញខ្លាំង និងមានការរួមចំណែកពីភ្ញៀវទេសចរច្រើនផងដែរ៕

  • លោក Wenger ទាមទារឲ្យ Arsenal កសាងការជឿជាក់ ក្រោយឈ្នះពាន Community Shield

    លោក Wenger ទាមទារឲ្យ Arsenal កសាងការជឿជាក់ ក្រោយឈ្នះពាន Community Shield

    លោក Arsene Wenger បានអំពាវនាវឲ្យក្រុម Arsenal កសាងការជឿជាក់របស់ពួកគេ ក្រោយពីបានយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងការប្រកួតដណ្តើមពានបើករដូវកាល Community Shield តាមរយៈការចាប់ផ្តើមឲ្យបានល្អ និងរឹងមាំប្រកបដោយស្មារតីប្រយុទ្ធក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League។

    គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នឹងឈានទៅកាន់យុទ្ធនាការថ្មី ក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ក្រោយពីបានបន្តកុងត្រារយៈពេល2ឆ្នាំជាមួយនឹងក្លិប Arsenal កាលពីខែឧសភា ឆ្នាំមុន ពោលគឺបន្ទាប់ពីជួបភាពត្រដាបត្រដួសកាលពីរដូវកាលមុន ដែលក្នុងពេលនោះក្រុមរបស់លោក បានខកខានក្នុងការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ជាលើកទី1ចាប់តាំងពីឆ្នាំ1997មក។ ប៉ុន្តែ រូបលោកហាក់ដូចជាមានអារម្មណ៍ធូរស្រាល ក្រោយពីក្រុមរបស់លោកបានធ្វើការវាយបកដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Chelsea នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ក្រោយពីកត់ត្រាជ័យជម្នះដោយបាល់ប៉េណាល់ទី ក្នុងលទ្ធផល 4-1 បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅម៉ោងធម្មតា។

    លោក Wenger បានចាត់ទុកថា ការឈ្នះពាន Community Shield ដែលជាការឈ្នះជាលើកទី15ក្នុងប្រវត្តិសាស្ត្ររបស់ Arsenal «គឺជាការលើកទឹកចិត្តដ៏ធំមួយ»។ បច្ចុប្បន្ន គ្រូបង្វឹករូបនេះ ចង់ឲ្យក្រុមកាំភ្លើងធំរបស់លោកគេចឲ្យផុតពីការចាប់ផ្តើមមិនបានល្អដូចក្នុងក្របខ័ណ្ឌ Premier League កាលពី2រដូវកាលមុន ដែលនៅពេលនោះ ពួកគេបានរងបរាជ័យក្នុងការប្រកួតបើកឆាកទាំង2លើក ដើម្បីក្លាយជាគូប្រជែងដ៏ខ្លាំងក្នុងការប្រជែងដណ្តើមពាន។

    គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងចង់ស្វែងរកតុល្យភាពរវាងការជឿជាក់ដែលយើងមានពីការប្រកួតនេះ និងការជឿជាក់ដ៏ចាំបាច់ដែលតម្រូវឲ្យមានរាល់ការប្រកួតក្របខ័ណ្ឌ Premier League ទាំងអស់»។ លោក Wenger បានបន្ថែមទៀតថា៖ «យើងចង់ឲ្យមានសាមគ្គីភាព និងរក្សាការស្ថិតនៅជាមួយគ្នាពេលមួយរដូវកាលនេះ»៕
    ប្រភពពី៖ The Guardian

  • សេចក្ដីជូនដំណឹងពីក្រុមហ៊ុន Serge Comtesse ពីការចរាចរណ៍ផលិតផលក្លែងក្លាយរបស់ជនខិលខូច

    សេចក្ដីជូនដំណឹងពីក្រុមហ៊ុន Serge Comtesse ពីការចរាចរណ៍ផលិតផលក្លែងក្លាយរបស់ជនខិលខូច

    អាស្រ័យដោយមានការគាំទ្រ និងជឿទុកចិត្តពីសំណាក់អតិថិជន ដែលជាអ្នកប្រើប្រាស់ ក៏ដូចជាអ្នកចែកចាយបន្តនូវផលិតផលដ៏ល្បីឈ្មោះម៉ាក Schwarzkopf Professional មកពីប្រទេសបារាំង ដោយជ្រកក្រោមក្រុមហ៊ុន ស៊ែក កុងតេស (Serge Comtesse company) ប្រចាំនៅកម្ពុជា តែមួយគត់ ក្នុងការនាំចូលនិងចែកចាយផ្តាច់មុខ កាលពីពេលកន្លងទៅថ្មីៗនេះ បច្ចុប្បន្នក្រុមហ៊ុនបានសង្កេតឃើញថា មានជនខិលខូច និងក្រុមហ៊ុនខុសច្បាប់មួយចំនួន ដែលមានទីតាំងនៅក្នុងប្រទេសជិតខាង ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង បានរំលោភលើកម្មសិទ្ធិបញ្ញា ប្រាស់ចាកច្បាប់ពាណិជ្ជកម្ម ជាពិសេស បានលួចផលិតនូវផលិតផលក្លែងបន្លំ ដោយដាក់ម៉ាកសញ្ញា (Schwarzkopf Professional) ហើយចរាចរណ៍នៅលើទីផ្សារកម្ពុជា។

    ប្រការនេះ ក្នុងនាមយើងខ្ញុំជាអ្នកតំណាងនាំចូល និងចែកចាយផលិតផល Schwarzkopf Professional សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ែក កុងតេស គឺជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ប៉ុណ្ណោះ ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល Schwarzkopf Professional ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន ស៊ែក កុងតេស ក៏សូមប្រកាសជូនដំណឹងទៅដល់បណ្តាអតិថិជន ដែលជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ គម្បីមានការប្រុងប្រយ័ត្នខ្ពស់មុនពេលទិញ ព្រោះផលិតផលរបស់ Schwarzkopf Professional គឺមានដាក់លក់នៅតែក្នុងក្រុមហ៊ុន ស៊ែក កុងតេស និងតាមបណ្តាហាងសាឡនមួយចំនួនតែប៉ុណ្ណោះ ដែលទទួលបានសិទ្ធិចែកចាយបន្តពីក្រុមហ៊ុន ។ ដោយឡែកនៅតាមបណ្តាផ្សារទំនើប ទីប្រជុំជន ស្តាម៉ាត មីនីម៉ាត ជាពិសេសនៅតាមបណ្តាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញតែម្ដង ដូចជាផ្សារអូរឡាំពិក ផ្សារថ្មី ផ្សារអូរឫស្សី គឺមិនមានដាក់លក់នោះឡើយ។

    នៅក្នុងឱកាសនេះ ក្នុងនាមក្រុមហ៊ុន ស៊ែក កុងតេស ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផល Schwarzkopf Professional ផ្ដាច់មុខនៅកម្ពុជា សូមអំពាវនាវទៅដល់អ្នកដែលក្លែងបន្លំម៉ាកសញ្ញា ក៏ដូចជាអ្នកចូលរួមគំនិតប្រព្រឹត្តអំពើល្មើសច្បាប់ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ខណៈដែលពេលនេះ ក្រុមហ៊ុន និងកម្លាំងមានសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត ដើម្បីឈានដល់ការឃាត់ខ្លួនយកមកប្រឈមចំពោះមុខច្បាប់ ។

    សូមបញ្ជាក់ផងដែរថា ចំពោះផលិតផលរបស់ Schwarzkopf Professional ដែលត្រូវបានជនខិតខូច និងក្រុមហ៊ុនខុសច្បាប់កំពុងឆ្លៀតឱកាសលួចផលិតក្លែងបន្លំ និងកំពុងចរាចរណ៍នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ រួមមាន ផលិតផល IGORA Royal (ទឹកលាយថ្នាំលាបពណ៌សក់) ផលិតផល Spa essence (សាប៊ូកក់សក់) និងផលិតផល SIL HOUETTE (ស្ព្រៃយ៍ សម្រាប់បាញ់ធ្វើឱ្យសក់រឹង)។ ដូច្នេះ សូមអតិថិជនទាំងអស់ប្រុងប្រយ័ត្នចំពោះបុគ្គលទាំងឡាយណា ដែលមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន ហើយយកផលិតផល ដូចដែលបានបង្ហាញឈ្មោះខាងដើម ពីព្រោះវាជាផលិតផលក្លែងក្លាយ។ ប្រសិនបើ លោក លោកស្រី មានចង្ងល់អំពីបញ្ហានេះ សូមធ្វើរការទំនាក់ទំនងមកពួកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 966 263 ឬតាមរយៈ E-mail: [email protected]