Author: វល័ក្ខ

  • កំពូល​រថយន្ត​តួ​ខ្ពស់ Rolls-Royce Cullinan បង្ហាញខ្លួន​លើកដំបូងនៅ​កម្ពុជា

    កំពូល​រថយន្ត​តួ​ខ្ពស់ Rolls-Royce Cullinan បង្ហាញខ្លួន​លើកដំបូងនៅ​កម្ពុជា

    ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars Phnom Penh សូម​បង្ហាញ​នូវ​រថយន្ត SUV ប្រណីត​បំផុត​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា Cullinan ដែល​នឹងមាន​វត្តមាន​នៅតាម​ដង​ផ្លូវ​រាជធានី​ភ្នំពេញ ឬ​នៅតាម​ដងផ្លូវ​ជនបទ​ក្នុងប្រទេស​កម្ពុជា។ រថយន្ត Cullinan នឹង​នាំ​អតិថិជន​ដែល​ចូលចិត្ត​ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ប្រណីតភាព​ចុងក្រោយ​បំផុត។

    មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​នេះ លោក Ian Grant នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​ថ្លែងថា៖ “រថយន្ត Cullinan នេះ​ប្រហែលជា​រថយន្ត Rolls-Royce ដែលមាន​ការរំពឹង​ចង់ឃើញ​ខ្លាំងជាងគេ​បំផុត​នៅ​កម្ពុជា ដែល​នៅទីនេះ រថយន្ត SUV មានការ​ពេញនិយម​ខ្លាំ​ង​ណាស់។ នៅពេលនេះ អតិថិជន​រថយន្ត Rolls-Royce អាច​ជាវ​កំពូល​រថយន្ត SUV ដែល​អាចធ្វើ​ដំណើរ​ដោយ​រលូន​ទៅកាន់​គ្រប់​ទីកន្លែង ប្រកបដោយ​ភាព​ប្រណីត និង​ភាព​ទាក់ទាញ។ គ្រប់ Rolls-Royce Cullinan ទាំងអស់​សុទ្ធតែ​មាន​ល​ក្ខ​ណៈ bespoke ហើយ​ប្រើប្រាស់​គ្រោង​តួ ដែល​ហៅថា ‘ស្ថាបត្យកម្ម​ប្រណីត’ ដែល​ជួយ​ឱ្យ​រថយន្ត​មានដំណើរ​ការល្អ ផ្ដល់​ផាសុកភាព និង​ប្រណីតភាព ដែល​ទាំងអស់នេះ​ពុំ​ធ្លាប់​ឃើញ​មាន​ពីមុនមក​ឡើយ​សម្រាប់រ​ថ​យន្ត​ប្រភេទ SUV”។

    លោក Herfried Hasenoehrl តំណាង​ក្រុមហ៊ុន HGB Group បាន​ថ្លែងថា៖  “ក្នុងនាម​ជា​ភ្នាក់ងារចែកចាយ​តែមួយគត់​សម្រាប់​រថយន្ត Rolls-Royce ក្នុង​ទីផ្សារ​កម្ពុជា យើង​មាន​ក្ដីរំភើប​យ៉ាងខ្លាំង និង​សូម​ស្វាគមន៍​ការមកដល់​នៃ​ម៉ូ​ដែល Cullinan នេះ។ ច្បាស់​ណាស់ គឺ​គ្មានអ្វី​សង្ស័យ​ទេ នេះ​ជា​រថយន្ត SUV របស់ Rolls-Royce ហើយ​នៅពេលនេះ រថយន្ត​នេះ​នឹង​ក្លាយជា​កំពូល​រថយន្ត​សម្រាប់​ផ្នែក​រថយន្ត SUV។ រថយន្ត​ដ៏​ពិសេស​នេះ កំពុង​នាំ​អតិថិជន​ថ្មី​ឲ្យ​មករក​រថយន្ត Rolls-Royce ដែល​អតិថិជន​ទាំងនោះ​ឲ្យ​តម្លៃ​លើ​ការធ្វើដំណើរ​ផ្សងព្រេង និង​សេរីភាព​ក្នុងការ​ធ្វើដំណើរ។

    កម្លាំង​ថាមពល និង​ភាព​លេចធ្លោ

    រថយន្ត Cullinan តួ​ខ្ពស់​នេះ មាន​កម្ពស់ 1,836mm  ជា​កម្ពស់​ដែល​ត្រូវបានធ្វើ​ឲ្យ​លេចធ្លោ​តាមរយៈ​អនុ​បាត​រវាង​កញ្ចក់​ធំ និង​ផ្ទៃ​លោហៈ​របស់​រថយន្ត​នៅពេល​មើល​ពី​ចំហៀង។ គំរប​ថាស​កង់ ដែលមាន​ទំហំ 22 អ៊ិ​ញ ជួយ​បំពេញ​សម្រស់​បន្ថែម​ដល់​រថយន្ត Cullinan ចំណែកឯ​ជម្រៅ​នៃ​ផ្ទៃ​ខាង​រថយន្ត​វិញ គឺ​ត្រូវបាន​បែងចែក​ដោយ​បន្ទះ​លោហៈ​ប្រៀបបាន​នឹង​លំពែង​របស់ Saxon ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ទ្វារ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​របស់​រថយន្ត​មាន​ភាពហាប់​ណែន​ស្រស់ស្អាត។

    នៅ​ផ្នែក​ខាងក្រោយ ការ​រចនា​សម្រាប់​ចង្កៀង​ក្រោយ មាន​លក្ខណៈ​សម​ញ្ញ ដោយ​ចង្កៀង​បញ្ឈរ​ទាំងពីរ​ផ្ទុក​នូវ​អំពូល​ភ្លើង​ទាំងអស់ ហើយ​មាន​តុបតែង​តិចតួច​ដោយ​បន្ទះ​ឆ្នូត​ស្ដើង​នៃ​គ្រឿង​មានតម្លៃ​នៅ​ចំ​កណ្ដាល​ចង្កៀង​នោះ។ សញ្ញា​ចុងក្រោយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​មុខងារ​សម្រាប់​ការប្រើប្រាស់​ទូទៅ គឺ​បំពង់​ស៊ីម៉ង និង​ផ្ទាំង​លោហៈ​នៅ​បាត​រថយន្ត ដែល​គ្រឿង​បំពាក់​ទាំងពីរ​នេះ​សុទ្ធតែ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ថាមពល និង​សមត្ថភាព​របស់​រថយន្ត Cullinan។

    ការ​រចនា​សម្រាប់​ការប្រើ​ជាក់ស្ដែង

    រថយន្ត Cullinan មាន​បំពាក់​ផ្ទៃ​ខាងក្នុង ដែលមាន​ជម្រើស​ពីរ។ ប្រភេទ​កៅអី​ប្រាំ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បីនាក់​នៅ​ផ្នែក​ខាងក្រោយ សមស្រប​សម្រាប់​ក្រុមគ្រួសារ​ប្រជាជន​ខ្មែរ​ដែលជា​អ្នកទទួល​ជោគជ័យ​ខ្លាំង ។ កៅអី​ខាងក្រោយ​បត់​ចុះ​ដោយ​ស្វ័យប្រវត្តិ ដោយ​អាច​បត់​ទាំងស្រុង ហើយ​បង្កើតបានជា​ផ្ទៃ​រាបស្មើ​ទាំងអស់ ឬ​បត់​ជា​បំណែក 2/3 និង​ចំណែក 1/3 ក៏បាន ដែល​មុខងារ​នេះ​ជួយ​បង្កើន​លទ្ធភាព ប្រើប្រាស់​ជាក់ស្ដែង​កាន់តែខ្លាំង​ថែមទៀត។ អ្នក​អង្គុយ​ផ្នែក​ខាងក្រោយ ក៏​អាចធ្វើ​ដំណើរ​ជាមួយនឹង​វត្ថុ​ដែលមាន​ប្រវែង​វែង​ផងដែរ ឬ​ប្រើ​ប្រាស់ខ្នង​កៅអី​ដែល​ស្រោប​ដោយ​កម្រាលព្រំ ធ្វើជា​តុ​ម្ដងម្កាល សម្រាប់​ដាក់​វត្ថុ​ផ្ទាល់ខ្លួន​ដែលមាន​តម្លៃ​របស់គេ។

    ផ្នែក​ខាងក្រោយ ឬ​គូទ​រថយន្ត មាន​ទំហំ​ចំណុះ 560 លីត្រ ដែល​អាច​បង្កើន​ដល់ 600 លីត្រ ប្រសិនបើ​គេ​ដក​ធ្នើ​ឥ​វ៉ាន់​ចេញ។ នៅពេល​កៅអី​ខាងក្រោយ​ត្រូវបាន​បត់​ឲ្យ​រាបស្មើ ដូច្នេះ រថយន្ត Cullinan ផ្ដល់​កន្លែង​ផ្ទុក ដែលមាន​ប្រវែង 2245mm និង​មាន​សមត្ថភាព​ផ្ទុក​ចំណុះ 1930 លីត្រ ដែល​នេះ​ជា​ចំណុះ​មួយ​ធំ​ទូលាយ​បំផុត​ផងដែរ​ក្នុងចំណោម​រថយន្ត SUV។

    ការរៀបចំ​សម្រាប់​ប្រណីតភាព​ខ្ពស់

    រថយន្ត Cullinan ប្រភេទ​កៅអី​បួន​វិញ មាន​បំពាក់​នូវ​កៅអី​ដាច់ដោយឡែក ដែល​ផ្ដល់នូវ​ប្រណីតភាព​ខ្ពស់បំផុត​ក្នុងចំណោម​រថយន្ត SUV។ កៅអី​ខាងក្រោយ​ដាច់ដោយឡែក​ចំនួន​ពីរ ត្រូវបាន​ខ័​ណ្ឌ​ចែក​ដោយ​ស្នូក​កណ្ដាល​ផ្នែក​ខាងក្រោយ ដែលមាន​បំពាក់​ទូរ​ដាក់​កែវ ព្រមជាមួយ​នឹង​កែវ និង​ថូរ​ស្រា​វី​ស្គី កែវស្រា​សាំ​ប៉ា​ញ និង​ទូទឹកកក ពី Rolls-Royce ។

    កៅអី​អាច​កំណត់​បាន​ច្រើន​របៀប ដើម្បី​ផ្ដល់នូវ​ផាសុកភាព​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ខាងក្រោយ។ រចនាបថ​បែប​ម៉ូត​សម្លៀកបំពាក់​អាច​មើលឃើញ​នៅក្នុង​កាប៊ីន​របស់​រថ​យន្ត ដោយ​ក្នុងនោះ ផ្ទៃ​ខាងលើ​របស់​មុខ​តា​ប្លូ​តុបតែង​ដោយ​ស្បែក​ពណ៌​ខ្មៅ​ទាន់សម័យ​ដែល​ត្រូវបាន​អភិវឌ្ឍ​ថ្មី ដែលជា​ស្បែក​ជាប់​មាំ និង​ធន​នឹង​ទឹក ស្រដៀង​គ្នា​នឹង​ស្បែក​ដែល​ប្រើប្រាស់​សម្រាប់​វ៉ា​លី និង​កាបូប​លំដាប់​កំពូល​របស់​អ៊ីតាលី​ដូច្នោះ​ដែរ។

    ទន្ទឹមនឹងនេះ ពូក​ក្នុង​រថយន្ត Cullinan មាន​សណ្ឋាន​ស្រស់ស្អាត ដែល​បង្ហាញ​ពី​គុណភាព និង​ទឹកដៃ​ជាង​របស់​រថយន្ត Rolls-Royce។ ពូក​ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​ត្រូវ​គ្នា​នឹង​គុណភាព​របស់​រថយន្ត Cullinan ហើយ​ពូក​ទាំងនេះ ត្រូវបាន​រចនា​ឡើង​ស្រដៀង​គ្នា​នឹង​ក្រចកសេះ​នា​សម័យ​ទំនើប ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​នៃ​កន្លែង​អង្គុយ។ ពូក​ថ្មី​ទាំងអស់នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទឹកដៃ​កំពូល​ផ្នែក​ធ្វើ​ស្បែក​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce ផងដែរ ហើយ​បង្អែក​កៅអី​ទាំងមូល​ត្រូវបាន​បង្កើតឡើង​ចេញពី​ស្បែក​តែមួយ​ផ្ទាំង ដើម្បី​ធ្វើ​ឲ្យ​មាន​ផ្ទៃ​រាង 3D ។

    កញ្ចក់​ខ័​ណ្ឌ​ចែក​កាប៊ីន​រថយន្ត​ជួយ​ខ័​ណ្ឌ​ចែក​អ្នកធ្វើដំណើរ​ពី​ផ្នែក​ដាក់​ឥ​វ៉ាន់ ហើយ​ជួយ​បង្កើន​ភាពស្ងប់ស្ងាត់​បំផុត​សម្រាប់​រថយន្ត SUV បែបនេះ និង​ជួយ​ការពារ​អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan ពី​ការប្រែប្រួល​សីតុណ្ហភាព បើទោះបីជា​ផ្នែក​ដាក់​ឥ​វ៉ាន់​ខាងក្រោយ​បើកចំហ​ក្ដី។

    បច្ចេកវិទ្យា​ទាន់សម័យ

    Rolls-Royce Cullinan ជា​រថយន្ត​ដែលមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បំផុត​នៅក្នុង​ពិភពលោក សម្រាប់​ប្រភេទ​រថយន្ត SUV នេះ។ នៅពេល​ចាប់ផ្ដើម​ដំណើរការ​តាមរយៈ​សោ​បែប Bespoke រថយន្ត Cullinan នឹង​បន្ទាបខ្លួន 40mm ដើម្បី​ធ្វើ​ឲ្យ​ការចូល​ទៅក្នុង​រថយន្ត​មាន​ភាពងាយស្រួល។ អ្នកធ្វើដំណើរ​ត្រូវបាន​ស្វាគមន៍ ជាមួយនឹង​ទ្វារ​ដែល​បើកចំហ​យ៉ាង​ទូលាយ ហើយ​បិទទ្វារ​ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​ចុច​លើ​ដៃ​ទ្វារ​ប៉ុណ្ណោះ។

    ស្ថិតនៅក្នុង​កាប៊ីន​រថ​យន្ត អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan ទទួល​អារម្មណ៍​ធូរស្បើយ​ជាមួយនឹង​ដំបូល​កញ្ចក់​ប៉ាណូ​រ៉ា​ម៉ា ដែល​ល្អ​ឈានមុខ​គេ។ ប្រព័ន្ធ​ភ្លេង​បែប Bespoke ដែលមាន​ធុងបាស់​ចំនួន 18 និង​កា​ណា​ល់​ចំនួន 18 លំដាប់​ស្ទូ​ឌី​យោ ពូក​ខ្យល់ និង​មាន​ប្រព័ន្ធ​ម៉ាស្សា ក៏ដូចជា​តុ​អាហារ​ពិសេស​របស់ Rolls-Royce សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រណីតភាព​នៃ​ផ្ទៃ​ខាងក្នុង។ អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan អាច​សាក​ថ្ម​ឧបករណ៍​របសខ្លួន​តា​មរយៈ​រន្ធ USB ចំនួន​ប្រាំ ដែល​ត្រូវបាន​បំពាក់​យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​កាប៊ីន​រថយន្ត ចំណែកឯ​ទូរស័ព្ទ​អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ​នៅ​ផ្នែក​ខាងមុខ​របស់​កាប៊ីន។

    សម្រាប់​អ្នកបើកបរ ស្នូក​កណ្ដាល​មាន​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​របស់​ទេវរូប Spirit of Ecstasy ប៊ូ​តុង “ផ្លូវ​ពិបាក” ប៊ូ​តុង​គ្រប់គ្រង​ចុះ​ចំណោទ និង​ប្រព័ន្ធ​កំណត់​កម្ពស់​បូម​ជាដើម។ គ្រឿង​បំពាក់​ផ្នែក​សុវត្ថិភាព​របស់​រថយន្ត Cullinan គឺ​ល្អឥតខ្ចោះ រួមមាន​មុខងារ Night Vision (មុខងារ​មើលផ្លូវ​ពេលយប់) Vision Assist (ជំនួយ​ភ្នែក) រាប់បញ្ចូល​ទាំង​ប្រព័ន្ធ​បញ្ជូន​ដំណឹង​អំពី​សត្វ និង​អ្នក​ថ្មើរជើង​ទាំង​ពេល​ថ្ងៃ និង​ពល​យប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធ​កាមេរ៉ា​បួន ជាមួយនឹង​រូបភាព​បែប Panorama ប្រព័ន្ធ​មើលឃើញ​ជុំវិញ​រថយន្ត និង​មើល​ពីលើ​រថយន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធ​ជូនដំណឹង​គ្រោះថ្នាក់​បុក​ទង្គិច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning, ប្រព័ន្ធ Lane Departure និង​ប្រព័ន្ធ​ជូនដំណឹង Lane Change Warning និង​អេក្រង់​នៅ​ពីលើ​កញ្ចក់​ទំហំ 7×3 ដែល​ធំជាងគេ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​នេះ ប្រព័ន្ធ​ចែករំលែក WiFi ព្រម​ជាមួយនឹង​ប្រព័ន្ធ​ស្វែងរក​ទិស និង​ប្រព័ន្ធ​កម្សាន្ត​ទំនើប​ចុងក្រោយ​បំផុត។

    វិស្វកម្ម​ល្អឥតខ្ចោះ

    ម៉ូ​ដែល Cullinan ប្រើប្រាស់​ស្ថាបត្យកម្ម​អាលុយមីញ៉ូម​ថ្មីស្រឡាង ឈ្មោះថា “ស្ថាបត្យកម្ម​ប្រណីត” ដែល​ជួយ​ឲ្យ​តួ​រថយន្ត​មាន​ភាពរឹងមាំ​ពិសេស សម្រាប់​ឲ្យ​រថយន្ត​មានដំណើរ​ការ “ល្អ​បំផុត” នៅលើ​ផ្លូវ​ពិបាក ហើយ​ជាមួយគ្នា​នោះ​ក៏​ផ្ដល់នូវ​ផាសុកភាព​ប្រៀបបាន​នឹង “ការ​ជិះ​លើ​កម្រាលព្រំ​ទិព្វ” ដូច្នោះ​ដែរ ។

    ការបន្ថែម​នូវ​ប្រព័ន្ធ​បូម​ខ្យល់​កំណត់​កម្ពស់​ដោយ​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី ប្រព័ន្ធរ​ង្វិ​ល​កង់​ទាំង​បួន​ដ៏​ល្អ​ពិសេស ប្រព័ន្ធ​បួង​ចង្កូត​កង់​ទាំង​បួន ការអភិវឌ្ឍ​ជាថ្មី​ទាំងស្រុង​នៃ​ម៉ាស៊ីន Rolls-Royce V12 ទែ​រ​បូ​ភ្លោះ ចំណុះ 6.75 លីត្រ (850Nm នៃ​កម្រិតរ​ង្វិ​ល​ជុំ​ទាប​បំផុត​ត្រឹមតែ 1,600rpm) និង​ប្រព័ន្ធ​ប្រអប់លេខ​ដែលមាន 8 វគ្គ ដែលមាន​ដំណើរកា​រយ៉ា​ងរ​លូន​បំផុត​ក្នុង​លោក ធានាថា អ្នកមាន​រថយន្ត SUV កំពូល​ប្រណីត​ក្នុង​លោក។ នៅពេល​ស្ថិតក្នុង​ផ្លូវ​លំបាក ប្រព័ន្ធ​បូម​ដែលមាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ប្រើប្រាស់​ប្រព័ន្ធ​សម្ពាធ ដើម្បី​រុញ​កង់​ណាមួយ​ឲ្យ​ធ្លាក់ចុះ នៅពេលដែល​រថយន្ត Cullinan ដឹងថា ផុតពី​ផ្ទៃ​ផ្លូវ ដើម្បី​ធានាថា គ្រប់​កង់​ទាំងអស់​ស្ថិតនៅ​ជាប់​នឹង​ផ្ទៃ​ផ្លូវ ហើយ​ប្រព័ន្ធរ​ង្វិ​ល​ជុំ​កម្រិត​អតិបរិមា​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​គ្រប់​កង់​ទាំងអស់។ មុខងារ​បើកបរ​ដោយ​រលូន ទៅគ្រប់​ទីកន្លែង អាច​ប្រើប្រាស់​បាន​ដោយ​គ្រាន់តែ​ប៊ូ​តុង​មួយ​ប៉ុណ​ញ​នោះ ដែល​ប៊ូ​តុង​នោះ​ត្រូវបាន​ស្គាល់​ក្នុងចំណោម​មជ្ឈដ្ឋាន​របស់ Rolls-Royce ថា ប៊ូ​តុង “ទៅកាន់​គ្រប់​ទីក​ន្លែ​អ – Everywhere” ដែលមាន​ផ្ដល់នូវ​មុខងារផ្សេងៗ សម្រាប់​ការបើកបរ​លើផ្លូវ​ពិបាក។ រថយន្ត Cullinan ក៏​អាច​បើក​កាត់​ជម្រៅ​ទឹក​ជ្រៅ​បំផុត​បើ​ធៀប​នឹង​រថយន្ត SUV កំពូល​ប្រណីត​ផ្សេងទៀត ក្នុង​កម្រិត​ជម្រៅ 540mm ដោយសារតែ​កម្ពស់​ធ្វើដំណើរ​ខ្ពស់បំផុត​របស់​រថយន្ត​នេះ។ នៅពេល​ធ្វើដំណើរ​លើផ្លូវ​ពិបាក​រួចហើយ អ្នកធ្វើដំណើរ​អាច​ចុះ​ពីលើ​រថយន្ត​ដោយ​ពុំ​ប្រឡាក់​ជើងខោ​ឡើយ ព្រោះ​ទាំង​ទ្វារ​មុខ និង​ទ្វារក្រោយ​ក្ដោប​ដល់​ផ្នែក​ខាងក្រោម​នេះ នៃ​រថយន្ត Cullinan ហយ​ធានាថា រាល់​ភក់​ធូលី​ដី​ទាំងអស់​នៅជាប់​ទ្វារ​ខាងក្រៅ។ ចំណុច​នេះ មានតែ​រថយន្ត Rolls-Royce ប៉ុណ្ណោះ​បាន​យកមក​គិតគូរ។

    ជីវិត​តែមួយ របៀបរបប​រស់នៅ​ច្រើន

    ការបើកបរ​ទៅកាន់​ទីតាំង​ដាច់ស្រយាល​គឺជា​ផ្នែក​ទីមួយ​នៃ​ការធ្វើដំណើរ​ផ្សងព្រេង​តាម​រថយន្ត Rolls-Royce Cullinan។ ភាពសប្បាយ​រីករាយរ​ង់​ចាំំ​លោកអ្នក តាមរយៈ មុខងារ Rolls-Royce Recreation Module។

    ឧទាហរណ៍៖ បន្ទាប់ពី​បានជ្រើសរើស​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ហើយ ម្ចាស់​រថយន្ត​នឹង​បញ្ចូល​កម្មវិធី Drone Module ទៅក្នុង​រថយន្ត​យន្ត Cullinan ដោយ​ជ្រើសរើស​កម្មវិធី Drone Racing Module ចេញពី​សំណុំ​កម្មវិធី​ផ្សេងទៀត  ដែល​ម្ចាស់​រថយន្ត​បាន​កុម្ម៉ង់​ពី​ក្រុមហ៊ុន Rolls-Royce ដើម្បី​បំពេញ​តាម​ចំណូលចិត្ត​ផ្នែក​កម្សាន្ត​របស់ខ្លួន។

    ការ​ស្ទូចត្រី ការថតរូប ការឡើង​ថ្ម ការ​ជិះ​ស្គី​លើ​ព្រឹល ការ​ជិះ​ឆ័​ត្រ​យោង ជិះ​ក្ដារ​ទឹក​មាន​ឆ័​ត្រ​យោង លោត​ពី​ទី​ខ្ពស់ ជិះ​ក្ដា​ស្គី​ពីលើ​ភ្នំភ្លើង ឬក៏​គ្រាន់តែ​អង្គុយ​មើល​ទេសភាព​លេង ទាំងអស់នេះ​សុទ្ធតែ​អាច​ធ្វើបាន​ដោយសារ​ឈុត​កម្មវិធី​កម្សាន្ត Rolls-Royce Bespoke Collective។ កម្មវិធី​កម្សាន្តនីមួយៗអាច​ត្រូវបាន​បញ្ចូល​ទៅក្នុង​ផ្នែក​ខាងក្រោយ​រថយន្ត Cullinan ដែលមាន​ថត​ដែល​ដើរ​ដោយ​ម៉ូ​ទ័​រ ហើយ​ផ្ទុក​នូវ​បរិក្ខា និង​គ្រឿងផ្សេងៗ តម្រូវ​តាម​ការចង់​លេង​របស់​ម្ចាស់​រថយន្ត Cullinan។ នៅពេលដែល​ម្ចាស់​ត្រៀមខ្លួន​លេង​ហើយ កម្មវិធី​នេះ​នឹង​បង្ហាញខ្លួន​ចេញមក។

    ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh

    ជា​ភ្នាក់ងារ​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars ក្នុងប្រទេស​កម្ពុជា ហើយ​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន HGB Group (ខេ​ម​បូ​ឌា)។

    លោកអ្នក​អាច​ចូលមក​មើល​រថយន្ត Cullinan នៅ​អគារ​តាំង​បង្ហាញ​ដែល​ស្ថិតនៅ៖

    អគារ​លេខ 37 – 39 មហាវិថី​ព្រះ​មុនី​រ៉េត សង្កាត់​វាលវង់ ខ័​ណ្ឌ 7 មករា រាជធានី​ភ្នំពេញ រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​សុក្រ វេលា​ម៉ោង 8 ព្រឹក ដល់ 5:30 ល្ងាច និង​នៅ​ថ្ងៃ​សៅរ៍​ពី​ម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់។ (សម្រាប់​ថ្ងៃអាទិត្យ ត្រូវ​មានការ​ណាត់​មុន)

    ការ​ជាវ​តាមរយៈ​ភ្នាក់ងារ​ទទួល​សិទ្ធិ​ចែកចាយ ម្ចាស់​រថយន្ត Rolls-Royce នឹង​ទទួលបាន​សេវា​គាំទ្រ និង​ដំបូន្មានផ្សេងៗសម្រាប់​គ្រប់ផ្នែក​ទាំងអស់​នៃ​រថ​យន្ត​របស់ខ្លួន និង​កញ្ចប់​ធានា​យ៉ាង​ទូលំទូលាយ​រយៈពេល​បួន​ឆ្នាំ រាប់បញ្ចូល​ទាំង​ការធានា​ដោយ​ពុំ​គិតពី​ចម្ងាយ​នៃ​ការបើកបរ កញ្ចប់​សេវា​ថែទាំ​ជួសជុល និង​ជំនួយ​នៅពេល​មាន​បញ្ហា​តាម​ដងផ្លូវ ការទទួលបាន​នូវ​គ្រឿងបន្លាស​សុទ្ធ​ពី Rolls-Royce និង​ការធ្វើ​បច្ចុប្បន្នភាព​លើ Software ជាប្រចាំ។ នៅ​កម្ពុជា មានតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ដែលជា​អ្នកបច្ចេកទេស​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី Rolls-Royce។ ពួកគេ​មាន​ឧបករណ៍​ថែទាំ និង​ជួសជុល​ដែល​ទំនើប​បំផុត ហើយ​ការបណ្ដុះបណ្ដាល​ជាប្រចាំ និង​ជា​បន្តបន្ទាប់ មានន័យថា ពួកគេ​តែងតែ​តាម​ទាន់​រាល់​បច្ចេកវិទ្យាថ្មីៗចុងក្រោយ។

    សម្គាល់

    សមត្ថភាព​របស់ Cullinan នៅលើ​ផ្លូវ​ពិបាក

    សេចក្ដីពន្យល់​អំពី Cullinan AWD

    ម៉ូដ​បើកបរ​នៅលើ​ផ្លូវ​ពិបាក​ជួយ​គាំទ្រ​ក្នុង​ហេតុការណ៍​ដែល​កង់​បាត់បង់​សមត្ថភាព​ខាំ​ជាប់​ផ្ទៃ​ផ្លូវ។ កម្មវិធីខុសៗគ្នា​ចំនួន​បួន​នៅក្នុង​ម៉ូដ​បើកបរ​លើផ្លូវ​ពិបាក អាច​ត្រូវបាន​ជ្រើសរើស​តាមរយៈ​អេក្រង់​បញ្ជា។ ចំណុច​ផ្នែក​វិស្វកម្ម ដែល​ប៉ះពាល់​ពី​ម៉ូដ​នេះ​រួ​មាន​ប្រព័ន្ធ AWD ប្រព័ន្ធ​បូម ហ្វ្រាំង ABS និង​បេន។

    កម្ពស់​ពី​ដី​មក​តួ​រថយន្ត៖ 193 +/- 40mm  (បូម​ខ្យល់)

    លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត Cullinan

    បរិក្ខា​បំពាក់៖  Panorama Glass Roof, Rear Privacy Glass, Front and rear Massage Seats. Heated Interior Surrounds; Television tuner, DAB Tuner, Rear Theatre configuration, Bespoke Audio (18 Speaker system), Wifi Hotspot preparation; Night Vision, Head Up Display; Surround View; Active Cruise Control; Park Assistant, Park Distance Control; High Beam Assistance; Tyre Pressure Monitor, Teleservices, Connected Drive Services, Real Time Traffic Information

    សុវត្ថិភាព៖ Dynamic Stability Control (DSC); Antilock Brake Systems (ABS); Cornering Brake Control (CBC); Automatic Stability Control (ASC); Dynamic Brake Control (DBC); Dynamic Stability Control (DSC); Dynamic Traction Control (DTC); Brake Standby; Limit Range Feedback (EPS); Wipe Dry-Function: Fading Assist; Drive-off Assistant; Automatic Hold; Yaw moment compensation/yaw-rate control; rear axle slip angle control (HSR); Performance Control (dynamic handling brake intervention; Cornering Traction Control (ARS)); Dynamic Handling Total Drive Torque Intervention (DxE). Cross Traffic Warning; Collision Warning; Rear End Collision Warning; Active Guard; Lane Departure Warning.

    តម្លៃ​រថយន្ត​នៅ​កម្ពុជា

    គ្រប់​រថយន្ត Rolls-Royce មួយគ្រឿង​មាន​លក្ខណៈ Bespoke ដូច្នេះ​តម្លៃ​គឺ​អាស្រ័យ​លើ​លក្ខណៈ​បច្ចេកទេស​ដែល​អតិថិជន​ចង់បាន។

    ទំនាក់ទំនង​សារព័ត៌មាន

    តំបន់​អាស៊ី​ប៉ាស៊ីហ្វិក – ខាងត្បូង
    Hal Serudin       +65 6838 9675                        [email protected]

    កម្ពុជា
    ជា មករា            + 855 12 340 968                    [email protected]

  • តួរ​ឯក​ប្រុស​ក្នុង​រឿង “ម៉ូតូឌុប​បះសក់” លោក Peach Pachara មកជួប​ជាមួយ Fan កម្ពុជា​លើកដំបូង

    តួរ​ឯក​ប្រុស​ក្នុង​រឿង “ម៉ូតូឌុប​បះសក់” លោក Peach Pachara មកជួប​ជាមួយ Fan កម្ពុជា​លើកដំបូង

    នៅ​រសៀល​ម្សិលមិញ សំឡេង​ហ៊ោកញ្ជ្រៀវ​ស្រែក​ស្ទើរតែ​បែក​ត្រចៀក​នៅឯ​រោងកុន Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប Aeon Mall 1 ជាមួយ Fan របស់​តារា​ល្បីឈ្មោះ​មកពី​ប្រទេស​ថៃ​គឺ លោក Peach Pachara ដែលជា​តួ​រឯក​ប្រុស​ដ៏​សង្ហារ​នៅក្នុង​រឿង “ម៉ូតូឌុប​បះសក់ ឬក៏ Bikeman”។

    លោក Peach Pachara បាន​ប្រាប់​ទៅកាន់ Fan របស់លោក​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​មកជួប​ជាមួយ Fan របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​ស្រលាញ់ Fan ទាំងអស់គ្នា​ជាខ្លាំង លោក​សង្ឃឹមថានឹង​អាច​ត្រលប់​មកជួប​ជាមួយ Fan ម្តងទៀត​នៅក្នុងពេលឆាប់ៗ ខាងមុខ។

    លោក​បាន​ចំណាយពេល​លេង​ហ្គេម ថតរូបប្លែកៗ ជាច្រើន និង ផ្តល់​ភាព​សិទ្ធ​ស្នាល​ជាមួយ Fan របស់លោក​យ៉ាង​សប្បាយរីករាយ។

    តារា​ប្រុស​រូប​សង្ហារ​ដែល​ប្រសូត​ចេញពី​ត្រកូល​អភិជន​លោក Peach Pachara កើត​នៅ​ថ្ងៃទី10 ខែឧសភា ឆ្នាំ 1993 និង បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ Chulalongkorn ផ្នែក​ពាណិជ្ជកម្ម និង​គណនេយ្យ។

    ទស្សនិកជន​បាន​ស្គាល់​លោក​លើកដំបូង​តាមរយៈ​ស្នាដៃ​ដូចជា​ការដឹកនាំ​រឿង SuckSeed និង​មហាសេដ្ឋី​ឆ្នាំ 2011។ បច្ចុប្បន្ននេះ​គាត់​កំពុងធ្វើការ​ជាមួយ​ប៉ុស្តិ៍​លេខ 3 ហើយក៏​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​មួយ​នៅក្នុង​រឿង Hormones: The Series ដែល​ដើរតួ​ជា Win ហើយ​លោក​ក៏​ធ្លាប់​លេងភ្លេង និង បាន​បង្កើត​ក្រុម​តន្ត្រី​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Rooftop៕

  • វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Copa Libertadores នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bernabeu របស់ Real

    វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Copa Libertadores នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bernabeu របស់ Real

    ការប្រកួត​ជើង​ទី2នៃ​ពាន Copa Libertadores វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម Boca Juniors និង River Plate នឹងត្រូវ​ប្តូរ​ទៅកាន់​ចម្ងាយ​ដ៏​ឆ្ងាយ​ពោលគឺ​ច្រើនជាង 9656គីឡូម៉ែត្រ​ពី​ប្រទេស​អា​ហ្ស​ង់​ទីន ទៅកាន់​កីឡដ្ឋាន Bernabeu របស់​ក្លិប Real Madrid។

    ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Buenos Aires តែមួយ​មួយ​នេះ ត្រូវបាន​ពន្យា​ពេល​កាលពី​ចុង​សប្តាហ៍​មុននេះ ក្រោយពី​ការវាយប្រហារ​មួយ​ទៅលើ​រថយន្តក្រុង​របស់​ក្រុម Boca ដោយ​អ្នកគាំទ្រ​របស់​ក្លិប River Plate។

    កីឡាករ​មួយចំនួន​របស់​ក្រុម Boca បាន​រងរបួស ដោយសារតែ​កម្ទេច​កញ្ចក់​ដែល​បែក ហើយក៏​ត្រូវបាន​រង​ឥទ្ធិពល​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ប៉ូលិស ដើម្បី​បំបែក​ក្រុមមនុស្ស។

    ការប្រកួត​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី9 ខែធ្នូ។ ការប្រកួត​ដណ្តើមពាន Copa Libertadores គឺជា​យុទ្ធនាការ​កំពូល​របស់​ក្លិប​នៅ​អាមេរិក​ខាងត្បូង ដែលមាន​កម្រិត​ស្មើនឹង​ក្របខ័ណ្ឌ Champions League នៅ​អឺរ៉ុប។

    ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​ទាំងនេះ នឹងត្រូវ​ផ្តល់​ចំនួន​សំបុត្រ​ស្មើគ្នា សម្រាប់​ការប្រកួត​ក្នុង​រដ្ឋធានី​របស់​អេ​ស្ប៉ា​ញ។ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​ខាងត្បូង​ហៅ​កាត់​ថា Conmebol បាន​ច្រានចោល​ការតវ៉ា​របស់​ក្រុម Boca ឲ្យ​បាន​រង្វាន់​ពាន​ដល់​ពួកគេ ដោយ​មិនចាំបាច់​លេង។

    ការប្រកួត​នេះ ត្រូវបាន​ចាត់ទុកថា ជាការ​ប្រកួត​កម្រិត​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រយ់ពេល 127ឆ្នាំ​នៃ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន ហើយ​ការប្រកួត​ជើង​ទី1បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2៕

    ប្រភពពី៖ BBC

  • អត្ត​ព​លិ​ក​រាប់រយ​នាក់ បន្លំ​ផ្លូវ​កាត់ ក្នុង​ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន

    អត្ត​ព​លិ​ក​រាប់រយ​នាក់ បន្លំ​ផ្លូវ​កាត់ ក្នុង​ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន

    អត្ត​ព​លិ​ក​ច្រើនជាង 250នាក់ បាន​បន្លំ​ក្នុង​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ទីក្រុង Shenzhen ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នករត់​ជាច្រើន​ដែល​បាន​ប្រើប្រាស់​ផ្លូវ​កាត់​ផងដែរ។

    នេះ​បើ​យោងទៅតាម​បណ្តាញ​សារព័ត៌​រដ្ឋ​របស់​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចាត់ទុកថា «ជា​រឿង​ដ៏​អាម៉ាស​មួយ»។ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង និង​ការរត់​កម្សាន្ត កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ចិន បើទោះបី​មាន​កង្វក់​បរិស្ថាន​ដែល​កើតឡើងជារឿយៗក្នុង​ទីក្រុងធំៗក៏ដោយ ស្រប​ពេលដែល​អ្នកចូលរួម​ជាច្រើន​ចូលចិត្ត​ស្លៀកពាក់​ម៉ូដ​ខោអាវ​ទាន់សម័យ និង​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប។

    ទោះបីជា​យ៉ាងណា កីឡា​នេះ បាន​បង្កើត​ឱ្យ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ អំឡុងពេល​រត់ប្រណាំង​កាលពី​ថ្ងៃអាទិត្យ ក្នុង​ទីក្រុង Shenzhen ឆ្លងកាត់​ព្រំដែន​ពី​ទីក្រុង​ហុងកុង អ្នករត់​ចំនួន 258នាក់ ត្រូវបាន​ពិន័យ​សម្រាប់​ការបន្លំ។ នេះ​បើ​យោងទៅតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ។

    អ្នករត់​ច្រើនជាង 12នាក់ បាន​ប្រើប្រាស់​អាវកាក់​ក្លែងក្លាយ ហើយ​អ្នករត់៣នាក់ បាន​រត់​ចូល​គ​ន្ល​របស់​អ្នកផ្សេង ប៉ុន្តែ រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការប្រើប្រាស់​ផ្លូវ​វៀង​ដើម្បី​រត់ប្រណាំង។ ក្នុងករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត កាមេរ៉ា​ចរាចរណ៍ បាន​ថត​ជាប់​អ្នករត់​ជាច្រើន​រត់​ចុះឡើង យ៉ាងហោចណាស់​ចម្ងាយ1គីឡូម៉ែត្រ នៅមុន​ពួកគេ​រត់​ត្រឡប់​ថយក្រោយ​វិញ ដើម្បី​ចំណេញ​បាន2 ឬ3គីឡូម៉ែត្រ ក្នុង​ការរត់​ចម្ងាយ 21គីឡូម៉ែត្រ។

    អ្នក​ដែល​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពិន័យ​ព្យួរ1ជីវិត។ អ្នករៀបចំ​ការប្រកួត​នៅ​ទីក្រុង Shenzhen បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​ពិតជា​សោកស្តាយ​ចំពោះ​ការប្រព្រឹត្ត​ល្មើស​ដែល​បាន​កើតឡើង​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះ»៕

    ប្រភពពី៖ Channel News Asia

  • ពិព័រណ៍ STEM Cambodia ប្រចាំឆ្នាំ​លើក​ទី14 ចាប់ផ្ដើម​នៅថ្ងៃនេះ

    ពិព័រណ៍ STEM Cambodia ប្រចាំឆ្នាំ​លើក​ទី14 ចាប់ផ្ដើម​នៅថ្ងៃនេះ

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ដៃគូ​នានា​ប្រារព្ធ​ពិព័រណ៍​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​ជំរុញ​ឱ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​កាន់តែច្រើន​លើ​ផ្នែក​នេះ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​សំខាន់​ដែល​កម្ពុជា​ត្រូវការ ព្រោះ​ជំនាញ​នេះ​អាច​ឆ្លើយតបបាន​យ៉ាង​ប្រសើរ​ជាមួយនឹង​កំណើន​នៃ​ការវិនិយោគ តម្រូវការ​សាងសង់ថ្មីៗ ការងារ​ក្នុង​សហគ្រាស និង​ជា​មូលដ្ឋាន​ដែល​នាំឱ្យមាន​នវានុវត្តន៍សំខាន់។

    ដោយ​មើលឃើញ​ពី​ចំណុច​សំខាន់​ទាំងអស់នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញឱ្យមាន​ការបង្កើត​សាលា​ជំនាន់​ថ្មី កម្មវិធី​ពិព័រណ៍ STEM ប្រចាំឆ្នាំ និង​ជំរុញឱ្យមាន​ការបន្ត​ផ្សព្វផ្សាយ​នៅ​គ្រប់​ខេត្ត-ក្រុង​នៅ​កម្ពុជា។ នៅ​តំបន់​ជនបទ​នានា ក្រសួង​បាន​សហការ​បង្កើតជា​អគារ​ធនធាន ដើម្បី​ផ្តល់​ឧបករណ៍​បរិក្ខារ​សម្រាប់​ការស្រាវជ្រាវ ពិសោធន៍ និង​សម្រាប់​អប់រំ​បច្ចេកវិទ្យា។

    គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី 14 ហើយ​ដែល​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) បានរៀបចំ​នៅ​កម្ពុជា។ កម្មវិធី​នេះ​បានចាប់ផ្ដើម​ឡើង​នៅថ្ងៃនេះ(30 ខែវិច្ឆិកា) រហូតដល់​ថ្ងៃទី1 ខែធ្នូ ឆ្នាំ2018 នៅ​អគារ A និង B នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ៕

  • ក្រុមហ៊ុន WorldEx Asia រៀបចំ​ការតាំង​ពិ​ព័រ​ណ៌ និង កម្មវិធី​សន្និសីទ​ស្ដីអំពី​វិស័យ​កម្សាន្ត​សប្បាយ និង វិនិយោគ​អាស៊ី (AGE Cambodia 2018) លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន WorldEx Asia រៀបចំ​ការតាំង​ពិ​ព័រ​ណ៌ និង កម្មវិធី​សន្និសីទ​ស្ដីអំពី​វិស័យ​កម្សាន្ត​សប្បាយ និង វិនិយោគ​អាស៊ី (AGE Cambodia 2018) លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា

    នៅ​ថ្ងៃ​ពុធ ទី ២៨ ខែវិច្ឆិកា នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​ក្រុមហ៊ុន WordEx Asia បាន​រៀប ចំ​កម្មវិធី​តាំង​ពិ​ព័រ​ណ៌ និង​សន្និសីទ​ស្ដីអំពី​វិស័យ​កម្សាន្ត​សប្បាយ និង​វិនិយោគ ក្នុង​គោលបំណង​ព​ន្លឿ​ន​ការរីកលូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម​ទាំង​បួនធំៗរបស់​កម្ពុជា និង​ជួយ​លើកស្ទួយ​ការអភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

    រៀបចំ​កម្មវិធី​តាំង​ពិ​ព័រ​ណ៌ និង​សន្និសីទ​ស្ដី​នេះ​ផ្ដោតទៅលើ​ការ​លើ​កម្ពស់​ស្ដង់ដា គុណភាព និង​ការធ្វើឱ្យមាន​ភាពល្បីល្បាញ​នៃ​ការប្រើប្រាស់​អចលនទ្រព្យ។ ផ្នែក​សណ្ឋាគារ​ដែលមាន​សិទ្ធិ​ធ្វើ​អាជីវកម្ម & ការលក់​រាយ និង ល្បែង​កម្សាន្ត ជាពិសេស​គឺ​ការ​បានបង្ហាញ​អំពី​គំនិត​បង្កើតថ្មីៗ ហើយ​វា​ក៏​អាចជួយ​បង្កើន​ការពិចារណា​តាមរយៈ​ការផ្ដល់​ឪ​កាស​ឱ្យ​ឧស្សាហកម្ម​ទាំងនោះ​អាច​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ពិព័រណ៍ និង​សន្និសីទ​លំដាប់​អន្តរជាតិ ។

    សន្និសីទ​ស្ដី « ការសម្រេច​ឱ្យបាន​នូវ​ឪ​កាស និង​ជំរុញ​សន្ទុះ​ទីផ្សារ​ល្បែង​កម្សាន្ត​នាពេល​អនាគត» ហើយ​វាគ្មិនល្បីៗចំនួន ៥រូប នឹងចូលរួម​សន្និសីទ​នេះដែរ។

    វាគ្មិនល្បីៗចំនួន ៥រូបនោះ​រួមមាន Chris Wang វិស្វករ​ជំនាញ​មកពី​ក្រុមហ៊ុន Cloudflare ក្រោម​ប្រធាន​ប​ទៈ និន្នាការទំនើបៗ នៅក្នុង​ប្រព័ន្ធ និង​របៀប​នៃ​ការការពារ​កម្មវិធី​អ៊ី​ន​ធី​ណែ​តរបស់​អ្នក​ប្រឆាំងនឹង​ប្រព័ន្ធ​នេះ។ Warren English នាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​ក្រុមហ៊ុន AES Signatum ក្រោម​ប្រធាន​ប​ទៈ វិធី​ដែល​អាច​នឹង​ជះឥទ្ធិពល​លើ​ពិភពលោក​លើសពី Cryto Currency? Lusine Khudaverdyan អគ្គនាយក​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន BetConstruct Manila office ក្រោម​ប្រធាន​ប​ទៈ ការផ្លាស់ប្ដូរ​នៃ​កាស៊ីណូ​ទៅជា​បណ្ដុំ​ល្បែង​អន​ឡាញ។ លោក​សាស្ត្រាចារ្យ Augustine Ha Ton VINH ប្រធាន និង នាយក​ប្រ​តិ្ត​ប​តិ​នៃ​ក្រុមហ៊ុន Stellar Management Corp ក្រោម​ប្រធាន​ប​ទៈ ការផ្លាស់ប្ដូរ​ពី​ការលេង​ល្បែង​ក្រោម​ដី​ទៅ​ជាការ​លេងល្បែង​កម្សាន្ត។ Darrell Smith អនុប្រធាន ផ្នែក ទីផ្សារ និង នៃ ក្រុមហ៊ុន Smartplay International ក្រោម​ប្រធាន​ប​ទៈ ស្តីពី​ម៉ាស៊ីន​ឆ្នោត​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កាស៊ីណូ​ជា​ម៉ាស៊ីន​ដ៏​មាន​សក្ដានុពល​ថ្មី​មួយទៀត។

    លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា “ស្រប​ពេលដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជា​ម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច តាងនាម​ឱ្យ​ក្រសួងពាណិជ្ជកម្ម យើង​ពិត​ជាមាន​មោ​ទ​ភាព​ដែល​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសតាំង ជា​កន្លែង​ប្រជុំ​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជជែក​ពិភាក្សា​ទាក់ទង​នឹង​ការ វិនិយោគ លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋាកិច្ច ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ២០១៨នេះ” ។

    លោក​បាន​បន្ថែមទៀតថា ខ្ញុំ​មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា ពិព័រណ៍​ការកម្សាន្ត និង​ការវិនិយោគ​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ ឬ Asia Entertainment and Investment Ecpo2018 (AGE) គឺជា​ឱកាស​ដ៏​មួយ​ល្អ​សម្រាប់​ការជួបជុំ សហការ ដោះ​ដោះដូរ និង​ពង្រីក​អាជីវកម្ម រវាង​ម្ចាស់​អាជីវកម្ម អ្នកជំនួញ ជាពិសេស វិនិយោគិន​ជាតិ និង​វិនិយោគិន បរទេស ដែ​មានការ​ចាប់អារម្មណ៍ លើ​ការវិនិយោគ​នៅ​កម្ពុជា” ។

    បុគ្គល​សំខាន់ និងល្បីៗជាច្រើន​នឹងមាន​វត្តមាន​នៅក្នុង​ថ្ងៃ​ទីមួយ​ដែលជា​ថ្ងៃ​បើក​កម្មវិធី​តាំង​ពិរ​ព័​ណ៍ និង​នៅក្នុង​ថ្ងៃទី​ពី​ដែលជា​ថ្ងៃ​កម្មវិធី​សន្និសីទ ។ កម្មវិធី​រៀបចំ​ការតាំង​ពិរ​ព័ណ៌ និង សន្និសីទ គឺ​ត្រូវបាន​ជួយ​ជ្រោមជ្រែង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ​កម្ម​ផងដែរ។

    ក្រុមហ៊ុន​ដែល​ដាក់តាំង​ពិ​ព័រ​ណ៌​ក្នុង​កម្មវិធី​នេះដែរ​រួមមានៈ Smart Loto, GreyPanel, SticPay, Cloudflare, eBET និង AES Signatum ហើយ​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​មកពី​ប្រទេស​ចិន ហ្វី​លី​ភី​ន កម្ពុជា សិង្ហ​បុរី ហុងកុង ម៉ាឡេស៊ី តៃវ៉ាន់ អង់គ្លេស និង អាមេរិក ។

    កម្មវិធី​រៀបចំ​ការតាំង​ពិរ​ព័ណ៌ និង​សន្និសីទ​ស្ដីអំពី​វិស័យ​កម្សាន្ត​សប្បាយ និង​វិនិយោគ​អាស៊ី (AGE Cambodia 2018) នេះ ធ្វើឡើង​មាន​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយ​ត្រូវបាន​រំពឹង​ទុក្ខ​ថា​នឹង​អាចធ្វើ​ប្រតិបត្តិការ​លក់បាន​ច្រើនជាង ៥០លាន​ដុល្លារ​អាមេរិក​ក្នុង​ព្រឹត្តិការណ៍​នេះ ។

    គួរ​បញ្ចាក់​ផងដែរ​ថា​កម្មវិធី​នេះ រៀបចំ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា ឧស្សាហកម្ម​នៃ​ល្បែង​កម្សាន្ត សណ្ឋាគារ អចលនទ្រព្យ និង សិទ្ធិ​ធ្វើឱ្យ​អាជីវកម្ម​នៅទីនេះ​អាច​នឹងធ្វើ​បច្ចុប្បន្នភាព​ប្រែក្លាយ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​តាមរយៈ​ពិ​ព័រ​ណ៌​ដ៏​ធំ​លំដាប់​អន្តរជាតិ​មួយ​នេះ។

    ព័ត៌មាន​បន្ថែម​ចូលទៅ​កាន់​គេហទំព័រ https://www.asia-gamingexpo.com/

  • សាលា​អន្តរជាតិ ប្រគល់​អាហារូបករណ៍​ដល់​កុមារ​ពីររូប ដោយហេតុ​ផល​ពីរ​យ៉ាង

    សាលា​អន្តរជាតិ ប្រគល់​អាហារូបករណ៍​ដល់​កុមារ​ពីររូប ដោយហេតុ​ផល​ពីរ​យ៉ាង

    កុមារ​ពីរ​នាក់ មាន​ស្រុកកំណើត​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ទទួលបាន​អាហារូបករណ៍​ពេញលេញ សម្រាប់​ការសិក្សា​ចំណេះដឹង​ទូទៅ​អន្តរជាតិ​បី​ភាសា ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​ខេ​ម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា (Cambridge International School of Cambodia) ។

    កុមារ​ទាំងពីរ​ឈ្មោះ អាង សំណាង ភេទ​ប្រុស អាយុ ៩ឆ្នាំ បាន​ប្រលង​ជាប់​ចូលរៀន​ថ្នាក់​ទី១ អន្តរជាតិ និង ឈ្មោះ អាង ស៊ីណា ភេទ​ប្រុស អាយុ៤ឆ្នាំ បាន​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​អន្តរជាតិ ។ លោកស្រី សឿន ស៊ីម ជា​ម្តាយ និង​ជា​ស្ត្រី​មេម៉ាយ​ក្នុង​គ្រួសារ​ប្រកប​របរ​លក់​ផ្កា​នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។ លោក ច​យ អាង ដែលជា​ឳ​ពុក​របស់​កុមារ​ទាំងពីរ ទើបតែ​ទទួលមរណភាព កាលពី​ថ្ងៃទី៣ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០១៨ ក្នុង​អាយុ៣៣ឆ្នាំ ដោយសារ​អំពើ​ចោរឆក់​ឈានដល់​ឃាតកម្ម។

    ហេតុការណ៍​អកុសល​ចំពោះ​គ្រួសារ​កុមារ​នេះ កើតឡើង​នៅមុខ​សា​ខាម​ត្តេ​យ្យ​សិក្សា នៃ​សាលា​ខេ​ម​ប្រ៊ិ​ជ ដោយ​ចោរ​ចាប់ផ្តើម​ឆក់​កាបូប​ជនរងគ្រោះ ពី​ចំណុច​ភ្លើងស្តុប​ផ្លូវ២៩។ ជនរងគ្រោះ ទាំងពីរ​អ្នក​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ដេញចោរ​ឆក់ តែ​ត្រូវ​បក្ខ​ពួកចោរ(អ្នក​បិទគូទ) ជិះ​ម៉ូតូ​តាម​ក្រោយ​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល បណ្តាលអោយ​ជនរងគ្រោះ​ជា​ប្តី​បោក​ក្បាល​ស្លាប់ រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​របួសស្រាល​ត្រង់​ភ្នែក ។

    លោក ម៉ៃ​ឃើ​ល បួ (Michael Bou) អគ្គនាយក​សាលា​ខេ​ម​ប្រ៊ិ​ជ បាន​មានប្រសាសន៍ថា ៖ ការជ្រើសរើស​យក​កុមារ​ទាំងពីរ​ទទួល​អាហារូបករណ៍​នេះ ដោយសារ​ហេតុផល​ពីរ​ចម្បង : ទី១ កុមារ​ស្ថិតក្នុង​គ្រួសារ​មេម៉ាយ​ក្រីក្រ , ទី២ ឧបទ្ទវហេតុ​ដ៏​ចៃដន្យ កើតឡើង​នៅមុខ​សាលា​ខេ​ម​ប្រ៊ី​ជ ចំពោះ​ជនរងគ្រោះ ។ សាលា​តែងតែ​ចូលរួម​ទទួលខុសត្រូវ​សង្គម តាម​លទ្ធភាព ក្នុងន័យ​វប្បធម៌​ចែករំលែក តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

    លោកស្រី សឿន ស៊ីម ដែលជា​ម្តាយ​របស់​កុមារ​ទាំងពីរ បាន​មានប្រសាសន៍ថា ៖ ការជួយ​នេះ ជា​ជំនួយ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​យើងខ្ញុំ។ សូម្បីតែ​បុណ្យសព​ប្តី​ខ្ញុំ ក៏​ខ្ញុំ​គ្មាន​លទ្ធភាព​ធ្វើ​ដែរ ប៉ុន្តែ​មាន​សប្បុរសជន​ជាច្រើន​បាន​ជួយ​ជ្រោមជ្រែង ។ អាហារូបករណ៍​ដែល​សាលា​ខេ​ម​ប្រ៊ិ​ជ ផ្តល់អោយ រួមមាន ថ្លៃ​សិក្សា សម្ភារៈ​សិក្សា និង​សំលៀកបំពាក់ រហូតដល់​កុមារ​រៀន​ចប់​វិទ្យាល័យ​កម្រិត​អន្តរជាតិ៕

  • លោក Tuchel ៖ Neymar និង Mbappe នឹង​ចូល​លេង​ឱ្យ PSG ពេល​ប៉ះ Liverpool រាត្រី​នេះ

    លោក Tuchel ៖ Neymar និង Mbappe នឹង​ចូល​លេង​ឱ្យ PSG ពេល​ប៉ះ Liverpool រាត្រី​នេះ

    លោក Thomas Tuchel ដែលជា​គ្រូបង្វឹក​បានប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា ខ្សែប្រយុទ្ធ Neymar និង​Kylian Mbappe នឹង​ចូល​លេង​ឱ្យ​ក្រុម Paris Saint-Germain ពេល​ជួប​ក្រុម Liverpool ក្នុងការ​ប្រកួត​ដ៏​សំខាន់​នៃ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ក្រោយពី​បានជា​សះស្បើយ​ពីរ​បួសរៀងៗខ្លួន។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​កីឡដ្ឋាន Parc des Princes លោក Tuchel បានឱ្យដឹងថា៖ «ពួកគេ​រឹងមាំ​គ្រប់គ្រាន់​ហើយ ពួកគេ​មិនមាន​បញ្ហា​ឡើយ ពួកគេ​បាន​ចូលរួម​ហ្វឹកហាត់​ពេញលេញ​នៅថ្ងៃនេះ និង​ម្សិលមិញ វា​គ្មាន​បញ្ហា​អ្វី​ឡើយ ពួកគេ​នឹង​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​ថ្ងៃស្អែក​នេះ»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប្រសិនបើ​ពួកគេ​មិនមាន​ភាពរឹងមាំ​ទេនោះ ពួកគេ​មិនអាច​លេង​បានឡើយ ប៉ុន្តែ ពួកគេ​មិនបាន​តវ៉ា​អ្វី​ឡើយ​កាលពី​ថ្ងៃ​ម្សិលមិញ និង​នៅថ្ងៃនេះ ហើយ​សម្រាប់​ខ្ញុំ​ពេលនេះ វា​គ្មាន​ការប្រថុយប្រថាន​អ្វី​ឡើយ»។

    ក្រុម PSG នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ក្នុង​ពូ​ល C  ហើយ​ការបរាជ័យ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Liverpool បូករួម​ទាំង​ក្រុម Napoli យកឈ្នះ​លើ​ក្រុម​Red Star Belgrade លើ​ទឹកដី​ខ្លួនឯង​ផង​នោះ នឹងធ្វើ​ឱ្យ​ក្រុម​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនជាតិ​កាតា​មួយ​នេះ​ធ្លាក់​ចេញ​យ៉ាង​ឆាប់រហ័ស។

    លទ្ធផល​របស់ PSG ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប មិនបាន​ទទួលជោគជ័យ​ឡើយ ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ 3-2 នៅលើ​ទឹកដី​ក្រុម Liverpool កាលពី​ខែកញ្ញា មុននឹង​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2លើក​ជាមួយនឹង​ក្រុម Napoli។

    ការដណ្តើម​បាន​ជ័យជម្នះ 6-1 លើ​ក្រុម Red Star កាលពី​ខែ​មុន គឺជា​ជ័យជម្នះ​តែមួយ​របស់​ក្រុម​បារាំង​មួយ​នេះ ក្នុងការ​ប្រកួត 7លើកចុងក្រោយ​នៃ​ក្របខ័ណ្ឌ​Champions League ដែល​មិនមែនជា​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ក្រុម​ឈ្នះ​ពាន 1ឡើយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 3ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • Man Utd, Real Madrid និង Man City ទៅ​វគ្គ 16ក្រុម​ក្នុង Champions League

    Man Utd, Real Madrid និង Man City ទៅ​វគ្គ 16ក្រុម​ក្នុង Champions League

    ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid និង​ក្រុម Juventus របស់ Cristiano Ronaldo បាន​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំង7 ដែល​បាន​ឈានទៅ​កាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ខណៈពេលដែល​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​របស់​ខ្សែប្រយុទ្ធ Sergio Aguero នៅលើ​ទឹកដី​ក្រុម Lyon ក៏បាន​ជួយ​ឱ្យ​ក្រុម Man City បាន​ទៅ​វគ្គ​បន្ត​ដែរ។

    ក្រុម Bayern Munich បាន​លត់​ក្រុម Benfica យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-1 ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ត និង​ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​លោកគ្រូ​បង្វឹក Niko Kovac ផង។ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ខ្សែប្រយុទ្ធ Arjen Robben បានឱ្យដឹងថា៖ «វា​ជា​ជ័យជម្នះ​ដ៏​គួរឱ្យ​ជឿជាក់​មួយ ហើយ​នោះ​គឺជា​អ្វីដែល​យើង​ត្រូវការ​នៅពេលនេះ»។

    Roma ក៏​នឹង​ឈានទៅ​វគ្គ​បន្ត​ផងដែរ បើទោះបី​ចាញ់​ក្នុង​លទ្ធផល 2-០ ក្រោម​ស្នាដៃ​ក្រុម Real Madrid ក៏ដោយ ខណៈពេលដែល​អតីត​ម្ចាស់​ជើងឯក​អឺរ៉ុប Ajax បាន​យកឈ្នះ​លើ​ក្រុម AEK Athens ក្នុង​លទ្ធផល 2-០ ដើម្បី​កក់​កៅអី​របស់ខ្លួន​ទៅ​វគ្គ 16ក្រុម​ចុងក្រោយ។

    ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 របស់​ក្រុម Man City នៅលើ​ទឹកដី​ក្រុម Lyon ក្នុងការ​ប្រកួត​ពូ​ល F បាន​ជួយ​ឱ្យ​ពួកគេ​ទៅ​វគ្គ​បន្ត ខណៈដែល​ក្រុម Shakhtar Donetsk បាន​រក្សា​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​ទៅ​វគ្គ​បន្ត តាមរយៈ​ការរកបាន​គ្រាប់​បាល់​ឈ្នះ​នៅលើ​ទឹកដី​ក្រុម​ដែល​នៅសល់​សមាជិក​តែ 10នាក់ Hoffenheim ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ឈ្នះ 3-2។

    ក្រុម Manchester United ក៏បាន​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ត​ផងដែរ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Young Boys ក្នុង​លទ្ធផល 1-0 នៅ​កីឡដ្ឋាន Old Trafford៕

    ប្រភពពី៖ Sport24

  • គ្រួសារ​មួយ គោលដៅ​មួយ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង

    គ្រួសារ​មួយ គោលដៅ​មួយ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង

    ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​ក្លាយជា​សមាជិក​ធ​នាគារ​ស៊ា​ង​ហៃ​ពាណិជ្ជ និង​សន្សំ (The Shanghai Commercial & Savings Bank, Ltd.) ហៅ​កាត់​ថា​ធនាគារ អេស ស៊ី អេស ប៊ី។ ថ្នាក់ដឹកនាំ​ទាំងពីរ​ស្ថាប័ន​ជឿជាក់ថា ការចូល​ជា​សមាជិកគ្រួសារ​តែមួយ​នេះ​នឹងធ្វើ​ឱ្យ អេ អឹម ខេ ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​អនាគត ជាពិសេស​គ្រួសារ​មួយ​នេះ​នឹង​ជួយ​លើកកម្ពស់​វិស័យ​ធនាគារ​នៅកម្ពុជា​ផងដែរ។

    លោក John Yung សមាជិក​ក្រុមប្រឹក្សាភិបាល  EVP & CIO នៃ​ធនាគារ អេស ស៊ី អេស ប៊ី បាន​មានប្រសាសន៍ថា “ឥឡូវនេះ​យើង​បាន​ក្លាយជា​គ្រួសារ​តែមួយ។ យើង​ដឹង​ហើយ​ថា អេស ស៊ី អេស ប៊ី ជា​ធនាគារ​មួយ​ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩១៥ ដូចនេះ​យើង​មាន​ទាំង​បទពិសោធន៍ ចំណេះ ជំនាញ លើ​វិស័យ​ហិរញ្ញវត្ថុ​យូរ​ឆ្នាំ​ក​មកហើយ យើង​នឹង​នាំយក​បទពិសោធន៍​ទាំងនេះ​មកជួយ អេ អឹម ខេ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដល់​វិស័យ​ឯកជន អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា  ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប​រស់នៅ​តំបន់​ដាច់ស្រយាល។ យើង​ជឿថា នៅពេលដែល​ពួកគាត់​ទទួល​សេវា​ហិរញ្ញវត្ថុ​ទាន់ពេល និង​សមស្រប​ពី​យើង គាត់​នឹង​យក​កម្ចី​ទាំងនោះ​ទៅ​ពង្រីក​ការរកស៊ី ឬ​របរ​ដំណាំ​ដាំ​ដុះ​របស់គាត់​ដែលជា​កត្តា​មួយ​ជួយ​ជម្រុញ​ឱ្យ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​មាន​ភាព​រី​ក​ចម្រើន​មួយកម្រិត​ទៀត។

    “បុគ្គលិក​ថ្នាក់​គ្រប់គ្រង  ក្រុមប្រឹក្សាភិបាល  និង​ម្ចាស់​ភាគហ៊ុន  អេ អឹម ខេ  ទាំងអស់​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដោយ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី បាន​ក្លាយជា​សមាជិកគ្រួសា​រ​តែមួយ។ ផ្អែកលើ​ទស្សនវិស័យ និង​បេសកកម្ម​របស់​ស្ថាប័ន​ទាំងពីរ​គឺមាន​ភាពដូចគ្នា ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​ភាគច្រើន ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ។ ដូចនេះ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អេស ស៊ី អេស ប៊ី នឹងធ្វើ​ឱ្យ អេ អឹម ខេ រីកចម្រើន​មួយកម្រិត​ទៀត” ប្រសាសន៍​របស់ លោក Tanmay Chetan  ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អា​ហ្គូ​រ៉ា។

    វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សំគាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា នៅពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន៣៩ ធនាគារ​ឯកទេស​ចំនួន១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន៧០ និង​ស្ថាប័ន​ផ្តល់​ឥណទាន​ជនបទ​ចំនួន៣០។ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុធំៗមួយចំនួន​បាន និង​កំពុងតែ​ធ្វើ​បច្ចុប្បន្នភាព​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ដែលមាន​ភាពបត់បែន និង​ទាន់សម័យ។

    លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា “យើង​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​សមាជិក​រប​ស់ អេស ស៊ី អេស ប៊ី។ ឥឡូវនេះ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី គឺជា​គ្រួសារ​តែមួយ មាន​គោលដៅ​តែមួយ ហើយ​យើង​នឹង​រឹងមាំ​នៅ​ថ្ងៃ​អនាគត។ យើង​ដឹង​ហើយ​ថា​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​បាន​ដើរ​ដល់​របត់​មួយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល ដែល​តម្រូវឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​មាន​ភាពបត់បែន និង​សម្បូរបែប។ ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី យើង​មិន​ត្រឹមតែ​ទទួលបាន​បទពិសោធន៍ ចំណេះ ជំនាញ នោះទេ ប៉ុន្តែ​ជាមួយគ្នានេះដែរ​យើង​ក៏​នឹង​ទទួលបាន​ប្រភព​ទុន​ក្នុងការ​វិនិយោគផ្សេង។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពេល​ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី នឹងធ្វើ​ឱ្យ អេ អឹម ខេ កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​អនាគត។

    អំពី អេ អឹម ខេ

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០១៨នេះ អេ អឹម ខេ មាន​អតិថិជន​ចំនួន​ជាង ៨៣ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤៤ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៤៣ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០ កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) ។

    អំពី អេស ស៊ី ប៊ី ស៊ី

    ធនាគារ​ពាណិជ្ជកម្ម និង​សន្សំ​សៀង​ហៃ  ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​សៀង​ហៃ ឆ្នាំ ១៩១៥ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សង្គម  គាំទ្រ​ផ្នែក​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ធនាគារ អេស ស៊ី អេស ប៊ី ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ទូទាំង​ពិ​ភល​លោក អំពី​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​និង​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព។ ជាមួយ​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារពាណិជ្ជ​សៀង​ហៃ អិ​ល​ធី​ឌី ធនាគារ អេស ស៊ី អេស ប៊ី  គ្រប់គ្រង​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៥៨ ពាន់​លាន​ដុល្លារ និង​ដើមទុន​ជាង ១,៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​មូលធន​របស់​ម្ចាស់​ភាគហ៊ុន​សរុប​ជាង ៥,៥ពាន់​លាន​ដុល្លារ​អាមេរិក។

    ធនាគារ អេស ស៊ី អេស ប៊ី មាន​បុគ្គលិក​ជាង ៤,០០០ នាក់ និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៤៤៧ ទូទាំង​ពិភពលោក។ អេស ស៊ី អេស ប៊ី មាន ៦៩ សាខា​នៅ​តៃវ៉ាន់ ដែលមាន​បុគ្គលិក​ជាង ២,៤០០ នាក់ និង​មាន ៣ សាខា​ផ្សេងទៀត​នៅ​ហុងកុង វៀតណាម និង​សឹង្ហ​បូរី និង​មាន​ការិយាល័យ​តំណាង ៣ នៅ​ប្រទេស​ថៃ កម្ពុជា និង​ឥណ្ឌូនេស៊ី។ យើង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៤៥ សាខា នៅ​ហុងកុង និង៧សាខា​ទៀត​នៅក្រៅ​ប្រទេស​ដូចជា៖ Shanghai, Shenzhen, Shanghai Pilot Free Trade Zone, London, New York, San Francisco, and Los Angeles។

    សម្រាប់​ព័ត៌មាន​បន្ថែម៖

    លោកស្រី សូ​រិ​ន​ច័ន្ទ ស៊ូ​សា​ណា នាយិកា​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនងអាសយដ្ឋាន៖ អគារ ២៨៥ មហាវិថី យោធពលខេមរៈភូមិន្ទ (២៧១) សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ

    ប្រអប់​សំបុត្រ​លេខ ៤៨០
    ទូរស័ព្ទ​លេខ៖ ០៩៣ ៥៥៤ ៥៥៥/០២៣ ៩៩៣ ០៦២
    សារ​អេឡិចត្រូនិក៖ [email protected]