សាលា​អន្តរជាតិ ប្រគល់​អាហារូបករណ៍​ដល់​កុមារ​ពីររូប ដោយហេតុ​ផល​ពីរ​យ៉ាង

កុមារ​ពីរ​នាក់ មាន​ស្រុកកំណើត​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ទទួលបាន​អាហារូបករណ៍​ពេញលេញ សម្រាប់​ការសិក្សា​ចំណេះដឹង​ទូទៅ​អន្តរជាតិ​បី​ភាសា ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​ខេ​ម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា (Cambridge International School of Cambodia) ។

កុមារ​ទាំងពីរ​ឈ្មោះ អាង សំណាង ភេទ​ប្រុស អាយុ ៩ឆ្នាំ បាន​ប្រលង​ជាប់​ចូលរៀន​ថ្នាក់​ទី១ អន្តរជាតិ និង ឈ្មោះ អាង ស៊ីណា ភេទ​ប្រុស អាយុ៤ឆ្នាំ បាន​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​អន្តរជាតិ ។ លោកស្រី សឿន ស៊ីម ជា​ម្តាយ និង​ជា​ស្ត្រី​មេម៉ាយ​ក្នុង​គ្រួសារ​ប្រកប​របរ​លក់​ផ្កា​នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។ លោក ច​យ អាង ដែលជា​ឳ​ពុក​របស់​កុមារ​ទាំងពីរ ទើបតែ​ទទួលមរណភាព កាលពី​ថ្ងៃទី៣ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០១៨ ក្នុង​អាយុ៣៣ឆ្នាំ ដោយសារ​អំពើ​ចោរឆក់​ឈានដល់​ឃាតកម្ម។

ហេតុការណ៍​អកុសល​ចំពោះ​គ្រួសារ​កុមារ​នេះ កើតឡើង​នៅមុខ​សា​ខាម​ត្តេ​យ្យ​សិក្សា នៃ​សាលា​ខេ​ម​ប្រ៊ិ​ជ ដោយ​ចោរ​ចាប់ផ្តើម​ឆក់​កាបូប​ជនរងគ្រោះ ពី​ចំណុច​ភ្លើងស្តុប​ផ្លូវ២៩។ ជនរងគ្រោះ ទាំងពីរ​អ្នក​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ដេញចោរ​ឆក់ តែ​ត្រូវ​បក្ខ​ពួកចោរ(អ្នក​បិទគូទ) ជិះ​ម៉ូតូ​តាម​ក្រោយ​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល បណ្តាលអោយ​ជនរងគ្រោះ​ជា​ប្តី​បោក​ក្បាល​ស្លាប់ រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​របួសស្រាល​ត្រង់​ភ្នែក ។

លោក ម៉ៃ​ឃើ​ល បួ (Michael Bou) អគ្គនាយក​សាលា​ខេ​ម​ប្រ៊ិ​ជ បាន​មានប្រសាសន៍ថា ៖ ការជ្រើសរើស​យក​កុមារ​ទាំងពីរ​ទទួល​អាហារូបករណ៍​នេះ ដោយសារ​ហេតុផល​ពីរ​ចម្បង : ទី១ កុមារ​ស្ថិតក្នុង​គ្រួសារ​មេម៉ាយ​ក្រីក្រ , ទី២ ឧបទ្ទវហេតុ​ដ៏​ចៃដន្យ កើតឡើង​នៅមុខ​សាលា​ខេ​ម​ប្រ៊ី​ជ ចំពោះ​ជនរងគ្រោះ ។ សាលា​តែងតែ​ចូលរួម​ទទួលខុសត្រូវ​សង្គម តាម​លទ្ធភាព ក្នុងន័យ​វប្បធម៌​ចែករំលែក តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោកស្រី សឿន ស៊ីម ដែលជា​ម្តាយ​របស់​កុមារ​ទាំងពីរ បាន​មានប្រសាសន៍ថា ៖ ការជួយ​នេះ ជា​ជំនួយ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​យើងខ្ញុំ។ សូម្បីតែ​បុណ្យសព​ប្តី​ខ្ញុំ ក៏​ខ្ញុំ​គ្មាន​លទ្ធភាព​ធ្វើ​ដែរ ប៉ុន្តែ​មាន​សប្បុរសជន​ជាច្រើន​បាន​ជួយ​ជ្រោមជ្រែង ។ អាហារូបករណ៍​ដែល​សាលា​ខេ​ម​ប្រ៊ិ​ជ ផ្តល់អោយ រួមមាន ថ្លៃ​សិក្សា សម្ភារៈ​សិក្សា និង​សំលៀកបំពាក់ រហូតដល់​កុមារ​រៀន​ចប់​វិទ្យាល័យ​កម្រិត​អន្តរជាតិ៕

Advertisement