Author: វល័ក្ខ

  • ល្បឿន​លឿន​ជាង​មុន​រហូត 8ដង ប៉ុន្តែ​ប្រើ​បានតែ​ជាមួយ​ស្មា​ត​ហ្វូ​ន 3ម៉ូ​ដែល​ប៉ុណ្ណោះ

    ល្បឿន​លឿន​ជាង​មុន​រហូត 8ដង ប៉ុន្តែ​ប្រើ​បានតែ​ជាមួយ​ស្មា​ត​ហ្វូ​ន 3ម៉ូ​ដែល​ប៉ុណ្ណោះ

    កាលពីដើម​សប្ដាហ៍​នេះ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ Smart បានធ្វើ​ការបើក​ឱ្យ​ដំណើរ​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ទៅ 80 លាន​ដុល្លារ ដែល​ក្រុមហ៊ុន​អះអាងថា ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​តរបស់​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់​ទៅ 8 ដង ដែល​វា​រឿង​មួយ​គួរឱ្យ​រីករាយ​ណាស់​សម្រាប់​ការប្រើប្រាស់ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្ដាយ​នោះ គឺ​ប្រព័ន្ធ​ថ្មី​នេះ​អាច​ប្រើ​បានតែ​លើ​ស្មា​ត​ហ្វូ​ន​ចំនួន 3 ម៉ូ​ដែល​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន។

     តាម​ការបញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក ថូ​ម៉ាស ហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G នេះ​មាន​ល្បឿន​អតិបរមា 1Gbps ដោយ​អាច​ប្រើ​បាន​លើ​ទូរស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Huawei

     លោក​បញ្ជាក់ថា៖«អ្វីដែល​យើង​ច្បាស់​ការណ៍​នៅពេលនេះ គឺមាន​តែ 3 ម៉ូ​ដែល​ប៉ុណ្ណោះ ដែល​អាច​ដំណើរការ​បច្ចេកវិទ្យា 4.5G នេះ​បាន ដូចជា​ទូរស័ព្ទ Samsung Galaxy S8 / S8 Plus, Huawei P10 / P10 Plus និង​ទូរស័ព្ទ Sony Xperia XZ Premium»

     យើង​រំពឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កាន់តែច្រើន​នឹង​បញ្ចូល​មុខងារ​គាំទ្រ​បច្ចេកវិទ្យា​នេះ​តាមរយៈ​ការ Upgrade Software នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។ ការប្រើប្រាស់​បច្ចេកវិទ្យា 256QAM 4×4 MIMO និង​ពហុ​បណ្តាញ​រួមគ្នា (Multi Carrier Aggregation) បណ្តាញ​សេវា​របស់ Smart អាច​សម្រេចបាន​រហូត​ដល់ 600 Mbps នៅក្នុង​តំបន់​មួយចំនួន គិត​មកដល់​បច្ចុប្បន្ន។

     ទាំងអស់នេះ​មានន័យថា ក្រៅពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​រៀបរាប់​ខាងលើ គឺ​នៅ​មិនទាន់​អាច​ទទួលបាន​បទពិសោធ​ថ្មី​នៃ​បច្ចេកវិទ្យា 4.5G នេះ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា Smart មិនបាន​បញ្ជាក់​ពី​របៀប​មើល​ដើម្បី​ដឹងថា តើ​ត្រូវ​មើល ឬ​ពិនិត្យ​លើ​លក្ខណសម្បត្តិ​ស្មា​ត​ហ្វូ​ន​យ៉ាងណា​ទើប​ដឹងថា​អាច​ប្រើ​បាន ឬ​មិនបាន​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន រាល់​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 835 ប្រហែលជា​ប្រើ​បាន​ទាំងអស់ ខណៈ​ស្មា​ត​ហ្វូ​ន​ទាំង 3 ម៉ូ​ដែល​ខាងលើ​នោះ សុទ្ធតែ​បំពាក់​ដោយ​បន្ទះ​ឈី​ប​ស៊េរី​នេះ​ទាំងអស់៕

  • Microsoft ចុះ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​ដល់ក្មេងៗនៅ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ

    Microsoft ចុះ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​ដល់ក្មេងៗនៅ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ

    ក្មេងៗនៅ​អតីត​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ នៃ​មូលនិធិ​កុមារ​កម្ពុជា CCF ប្រមាណ​ជាង 300 នាក់ បានទទួល​ការបណ្តុះបណ្តាល​ថ្មី​លើ​ជំនាញ​ប្រើប្រាស់​កុំព្យូទ័រ​លក្ខណៈ​មូលដ្ឋានគ្រឹះ ការប្រើប្រាស់​បច្ចេកវិជ្ជា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​វគ្គ​ខ្លី Hour of Code ពី​ក្រុមហ៊ុន Microsoft


    លោកស្រី
    Marija Ralic ប្រធាន​គ្រប់គ្រង​ក្រុមមនុស្ស​ធម៌​របស់​ក្រុមហ៊ុន Microsoft បានឱ្យដឹងថា Microsoft មាន​បេសកកម្ម​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​គ្រប់រូប និង​គ្រប់​អង្គការ​ទាំងអស់​នៅលើ​ភពផែនដី ដើម្បី​សម្រេច​សមិទ្ធផល​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានធ្វើការ​ជាមួយ​អង្គការ​ដៃគូ​មិន​រកប្រាក់​ចំណេញ ដូច​អង្គការ CCF ដើម្បី​ធ្វើឱ្យ​យុវជន​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​អាចមាន​លទ្ធភាព​ប្រើប្រាស់​ជំនាញ​ឌីជីថល។

    លោកស្រី​បន្តថា សិស្ស​ដែល​បញ្ចប់​កម្មវិធីសិក្សា​នេះ​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។ ក្នុងនោះ​បុគ្គលិក​របស់ Microsoft នឹងធ្វើ​ការស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សម្របសម្រួល និង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​សម្រាប់​បុគ្គលិក និង​សិស្សានុសិស្ស​អង្គការ​មូលនិធិ​កម្ពុជា។ ចំពោះ​យុទ្ធនាការ Hour of Code គឺជា​វគ្គ​បណ្តុះបណ្តាលរ​យៈ​ពេល 60 នាទី​បង្ហាត់បង្រៀន​អំពី​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​រៀបចំឡើង​ដើម្បី​ស្វែងយល់​អំពី ការសរសេរ​កូដ​កុំព្យូទ័រ” និង​ដើម្បី​បង្ហាញថា អ្នកណា​ក៏​អាច​រៀន​មូលដ្ឋានគ្រឹះ និង​ពង្រីក​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​ឯកសារ​បង្រៀន​នៃ​កម្មវិធី​ហ្គេម Minecraft របស់ Microsoft និង​អង្គការ Code.org បានដែរ។

    លោកស្រី Marija Ralic ថ្លែងថា៖«ឱ្យតែ​និយាយ​រឿង​ការសរសេរ​កូដ អ្នកសិក្សា​ភាគច្រើន​តែង​គិតថា វា​លំបាក និង​ស្មុគស្មាញ ប៉ុន្តែ​ថ្ងៃនេះ​យើង​ចង់បង្ហាញ​ពួកគាត់​ថា វា​មិនមែន​ដូច្នោះ​ទេ»

     កម្មវិធីសិក្សា​ផ្នែក​ចំណេះដឹង​ឌីជីថល​របស់ Microsoft មាន​ចំនួន 5 កម្មវិធី រួមមាន​មូលដ្ឋានគ្រឹះ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​កម្មវិធី​អ៊ី​ន​ធើ​ណេ​ត និង​ផលិតភាព​សុវត្ថិភាព ឯកជន​ភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​សិស្ស​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។

     លោក Scott Neeson ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា​បានឱ្យដឹងថា តាមរយៈ​ជំនួយឥតសំណង​ពី Microsoft កម្មវិធីសិក្សា​នេះ​កំពុង​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ចែកចាយ​ដល់​សាលារៀន និង​អង្គការ​ផ្សេងទៀត​ប្រើប្រាស់ ជាពិសេស​កម្មវិធីសិក្សា​នេះ​មាន​តម្រូវការ​ជា​ចាំបាច់​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​អ្នកចេះ​ភាសា​អង់គ្លេស​មាន​កម្រិត​ទាប​ជាង​រាជធានី​ភ្នំពេញ។ សាលាបឋមសិក្សា នី​សិ​គ្រីប បានផ្តល់​ឱកាស​អប់រំ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់បំផុត ដល់​កុមារ​ក្រីក្រ​បំផុត​មួយចំនួន​ក្នុងចំណោម​កុមារ​ក្រីក្រ​បំផុត​ទាំងឡាយ​នៅ​កម្ពុជា។ 

    សមិទ្ធផល​នេះ​សម្រេចបាន​តាមរយៈ​ការកែលម្អ​ទីតាំង​សិក្សា​ឱ្យមាន​ភាពប្រសើរឡើង និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ចុងក្រោយ​បំផុត​ដែល​ផ្តោតជាសំខាន់​លើ​ការអប់រំ STEM និង​នៅក្នុង​បរិយាកាស​ដែល​អំណោយផល​ដល់​ការយកចិត្តទុកដាក់​រៀ​ន​សូត្រ និង​ការយល់ដឹង​អំពី​ពិភពលោក។ សាលាបឋមសិក្សា នី​សិ​គ្រីប និង​សាលារៀន​នៅ​សហគមន៍​ចំនួន 5 កន្លែង​របស់​អង្គការ CCF បច្ចុប្បន្ននេះ​ផ្តល់​ការអប់រំ​កុំព្យូទ័រ ដល់​សិស្ស​ចំនួន 1,550 នាក់ តាមរយៈ​ជំនួយឥតសំណង​នៃ​គម្រោង YouthSpark ហើយ​ពេលនេះ​អង្គការ​ក៏បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Microsoft មួយទៀត​ដើម្បី​ផ្ដល់នូវ​កម្មវិធីសិក្សា និង​វគ្គ​ជំនាញ​ខ្លី៕

  • កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពេលអនាគត

    កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពេលអនាគត

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយនា​ពេលអនាគត និង​រំពឹងទុក​ថា សម្រាប់​ដំណាក់កាល​ទាញយក​ប្រេង​ដំបូង​នៅ​តំបន់​1A និង​1Bត្រូវបាន​ប៉ាន់​ស្មានថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេងកាត​ប្លុក​A រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ( Kris Energy) នៅ​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ2017នេះ​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ប្លុក​Aនាពេលនេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាការ​ចាប់ផ្តើម​ថ្មី​មួយ​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​លើក​ទី1 ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា។

    ឯកឧត្តម​បន្តថា បរិមាណ​សក្តានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ និង​រំពឹងទុក​សម្រាប់​ដំណាក់កាល​ដំបូង 1A និង 1B ត្រូវបាន​ប៉ាន់ប្រមាណ​ថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។ ក្នុងនោះ​ការចាប់ផ្តើម​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​ប្លុក​Aនេះ​គឺ​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្វែងរក​ដ៏​ខ្លាំងក្លា​ថែមទៀត​លើ​ប្លុក​ប្រេងកាត​ដែល​នៅ​ទំនេរ​ចំនួន5នៅ​ដែនសមុទ្រ និង18ប្លុក​ផ្សេងទៀត​នៅ​ដែន​គោក​ផងដែរ។

    ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា កម្ពុ​ជាមាន​ទិសដៅ​ច្បាស់លាស់ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេងកាត និង​ឧស្ម័ន​ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ​រួមចំណែក​ក្នុងការ​កែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​ផងដែរ។

    ឯកឧត្តម​បានលើកឡើង​ទៀតថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ​ដើម្បី​បញ្ចៀស​នូវ​បណ្តាសារ​ធនធាន និង​ជំងឺ​ហូ​ឡង់ (Dutch disease) ដោយបាន​សិក្សា​ពីបទ​ពិសោធ​ដ៏​ជូរចត់​កន្លងមក​រប​ស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន និង​បាន​គិតគូរ​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត​ទៅជា​កាត​លី​ករ​ពិតប្រាកដ​មួយ​ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច​ដែលមាន​វិស័យ​ឧស្សាហកម្ម​ដើរតួ​កាន់តែ​សំខាន់​ឡើង​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050

    ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រេងកាត​នេះ លោក ខេ​ល​វិ​ន តាំង (Kelvin Tang) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kris Energy Ltd,បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្តថា បន្ទាប់ពី​ការចុះហត្ថលេខា​ក្នុងពេលឆាប់ៗបន្ទាប់​នេះ ក្រុមហ៊ុន​នឹង​ប្រកាសសេចក្តី​សម្រេច​ចុងក្រោយ​លើ​ការវិនិយោគ និង​បន្ត​សម្រេច​ឲ្យ​បាន​ដំណក់​ប្រេង​ដំបូង​ក្នុង​រយៈពេល24ខែ ក្នុង​ឆ្នាំ2019ខាងមុខនេះ៕

  • ព្រាប សុវត្ថិ រិះគន់ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍មួយចំនួន

    ព្រាប សុវត្ថិ រិះគន់ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍មួយចំនួន

    ក្នុង​វេទិកា​ស្ដីពី​បរិស្ថាន​កាលពី​ម្សិលមិញ​គេ​សង្កេតឃើញ​តារាចម្រៀង​ស្រី មាស សុខ​សោភា លើកឡើង​នូវ​សំណូមពរ 3ចំណុច ដល់​រាជរដ្ឋាភិបាល ដោយឡែក​លោក ព្រាប សុវត្ថិ ហាក់​ពុំបាន​បញ្ចេញមតិ​អ្វី​សោះ គ្រា​ដែល​គេ​មើលឃើញថា លោក​ដូច​ជាមាន​អារម្មណ៍​ភិតភ័យ។

    បើទោះជា​លោក ព្រាប សុវត្ថិ មិនបាន​បញ្ចេញមតិ​អ្វី​ជា​ដុំកំភួន​ក្នុង​វេទិកាសាធារណៈ​នោះ​ក៏ដោយ ប៉ុន្ដែ​ក្នុងការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​វិញ លោក​បានលើកឡើង​នូវ​សំណូមពរ​មួយចំនួន​ជុំវិញ​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ពិសេស​តំបន់​កម្សាន្ដ​ស្ថិតនៅក្នុង​ខេត្ដ​រតនគិរី។ លោក ព្រាប សុវត្ថិ បញ្ជាក់​ប្រាប់ថា ប្រទេស​កម្ពុជា ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ពិសេស​តំបន់​ទេសចរណ៍ ដូច្នេះ​យើង​គួរតែ​ចូលរួម​ថែរក្សា​វា​ឱ្យ​បានល្អ​ក្នុង​ចំណែក​នៃ​ការអភិរក្ស និង​អភិវឌ្ឍន៍​យើង​គួរតែមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ ដូចជា​នៅ​ខេត្ដ​រតនគិរី ជាដើម។

    លោក​បាន​លើក​ឧទាហរណ៍​ថា៖ «តំបន់​បឹង​យក្ស​ឡោម…ពិភពលោក​គេ​ស្គាល់​បឹង​យក្ស​ឡោម ប៉ុន្ដែ​បើ​យើង​មើល​ពី​ផ្លូវ​ចូលទៅ​តំបន់​នោះ​វិញ ហាក់​មិនទាន់​ល្អ​សម្រាប់​ការទាក់ទាញ​នៅឡើយ​ទេ ប្រសិនបើ​យើង​ធ្វើការ​កែលម្អ​ផ្លូវ និង​រៀបចំ​បរិស្ថាន​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ ក៏​វា​កាន់តែ​ល្អ​សម្រាប់​មុខមាត់​ខេត្ដ​នេះ​ផងដែរ»។ លោក​បន្ដថា មាន​ខេត្ដ​ខ្លះ​ពុំមាន​អ្វី​ជា​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឬក៏​អាច​យកទៅ​បង្អួត​ដល់​ពិភពលោក​ផង ដូច្នេះ​វា​ជា​ភ័ព្វសំណាង​សម្រាប់​ខេត្ដ​ខ្លះ​ដែលមាន​តំបន់​កម្សាន្ដ​សម្រាប់​បង្អួត​ដល់​គេ​នោះ​ហើយ។

    តារាចម្រៀង​លំដាប់​កំពូល​រូបនេះ​បានលើកឡើង​ទៀតថា ជាក់ស្ដែង​ដូចជា​បទ​លោកតា ស៊ិន ស៊ី​សាមុត ឬ​បទ​របស់លោក​ជាដើម បាន​ចូលរួម​ច្រៀង​លើក​ពី​តំបន់​ទេសចរណ៍​មួយចំនួន​ស្ដាប់ទៅ​ពីរោះ​រហូត​មាន​អ្នកខ្លះ​មាន​ក្ដី​ស្រមៃ​ថា​ចង់ទៅ​ស្គាល់ ព្រោះ​មិនដឹងថា តំបន់​នោះ​ល្អ​ប៉ុនណា​ទេ? ប៉ុន្ដែ​ទិដ្ឋភាព​ជាក់ស្ដែង មិនមែន​ដូច​ក្នុង​ចម្រៀង​ទេ ពោលគឺ​កន្លែង​នោះ​សម្បូរ​ទៅដោយ​សំរាម។ លោក​បញ្ជាក់ថា តំបន់​បឹង​កន្សែង គឺ​យើង​មាន​បទ «អក​បឹង​កន្សែង» ស្ដាប់ទៅ​ពិ​រោះ​រណ្ដំ តែ​ភាពជាក់ស្ដែង​អ្វីដែល​លោក​ក៏ដូចជា​មហាជន​ទូទៅ​អាច​មើលឃើញ​នៅ​បឹង​កន្សែង​នោះ គឺមាន​សំរាម​ច្រើន ដូច្នេះ​គួរតែ​ជួយ​គ្នា​ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ​ដើម្បី​សោភ័ណភាព និង​សុខមាលភាព​ភ្ញៀវទេសចរ និង​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ទីនោះ។

    ពាក់ព័ន្ធ​នឹង​កម្រង​ទេសភាព​នៅ​ខេត្ដ​រតនគិរី កន្លងមក​គេ​មើលឃើញថា លោក ព្រាប សុវត្ថិ បាន​បង្ហើរ​សំនៀង​ជាច្រើន​បទ​ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​តំបន់​ទេសចរណ៍​ជាច្រើន​នៅក្នុង​ខេត្ដ​នេះ​ដូចជា​បទ «សាង​ស្នេហ៍​នៅបឹង​យក្ស​ឡា​ម» ជាដើម៕

    https://www.youtube.com/watch?v=30zyd70h3JQ

  • អ័​រ​គី​ដេ​វីឡា ចូលរួម​សកម្មភាព​មនុស្សធម៌​កសាង​ផ្លូវ និង​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ជាង 500នាក់

    អ័​រ​គី​ដេ​វីឡា ចូលរួម​សកម្មភាព​មនុស្សធម៌​កសាង​ផ្លូវ និង​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ជាង 500នាក់

    ជាការ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ក៏ដូចជា​ការបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ​នោះ នៅ​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ 2017 ព្រឹក​មិញ​នេះ ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា បាន​ចំណាយ​ថវិកា​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែលមាន​ទទឹង 4 ម៉ែត្រ និង​ប្រវែង 70 ម៉ែត្រ និង​ចែក​សម្ភារ​សិក្សា​ដូចជា​ប៊ិច សៀវភៅ កាបូបស្ពាយ ដល់​សិស្សានុសិស្ស​ចំនួន​ជាង 500 នាក់ ដែល​សិ​ស្សា​នៅក្នុង​សាលារៀន និង​អនុវិទ្យាល័យ សម្ដេច អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ស្ថិតនៅ​ភូមិ ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ បន្ថែម​ពីនេះ នៅក្នុង​ឱកាស​សម្ពោធ​ផ្លូវ​បេតុង​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា ក៏បាន​ចូលរួម​បំផុស​ចលនា ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ការដាំ​កូនឈើ រួម​ជាមួយនឹង​ការដាំ​កូន​ផ្កា ដើម្បី​ជាការ​លម្អរ​នៅក្នុង​បរិវេណ​សាលារៀន និង​អនុវិទ្យាល័យ​ផងដែរ ។

    ជាការ​ផ្ដាំផ្ញើ អ្នកតំណាង​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា ដែល​នាំយក​អំណោយ​ទៅ​ចែក​ដល់​សិស្សានុសិស្ស​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ សម្រាប់​អំណោយ ដែល​រួមមាន​សម្ភារ​សិក្សា សម្ភារ​លេង​កីឡា រួមជាមួយ​នឹង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ថ្វី​ត្បិត​មាន​ចំនួន​តិច ប៉ុន្តែ​វា​ជា​សកម្មភាព​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការចូលរួមចំណែក​នៅក្នុង​សង្គម លើ​កម្ពស់​វិស័យ​អប់រំ ក៏ដូចជា​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ឱ្យមាន​ភាពងាយស្រួល។

    គួរ​រំលឹក​ផងដែរ​ថា ជានិច្ចកាល ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា តែង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ និង​ការងារ​មនុស្សធម៌​ជា​ហូរ ដូចជា ការផ្តល់​ឈាម ការបរិច្ចាក​ថវិកា​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ការកសាង​ផ្លូវ ក៏ដូចជា​ចូលរួម​កសាង​សាលារៀន​ជាដើម ៕

  • ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​អ្នក​អវត្តមាន​ជាង1ពាន់​នាក់ និង​ភាពមិនប្រក្រតី​មួយចំនួន

    ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​អ្នក​អវត្តមាន​ជាង1ពាន់​នាក់ និង​ភាពមិនប្រក្រតី​មួយចំនួន

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ដំណើរការ​សំណេរ នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុងសម័យ​ប្រឡង​ថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ទូទៅ និង​សរុប​ស្ថានភាព​ទូទៅ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។

    ជា​ស្ថានភាព​ដែល​បង្ហាញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា នៅ​ឆ្នាំ 2017 នេះ ការប្រឡង​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន 101,410នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន 178មណ្ឌល ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ចំនួន 108មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន 70មណ្ឌល។ ការប្រឡង​នេះ​ក៏មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ចំនួន 4,678នាក់។

    ក្នុង​ដំណើរ​ការប្រឡង​នេះ​មាន​បេក្ខជន​អវត្តមាន​ចំនួន 1,647នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 584នាក់ គិត​ជា​ភាគរយ​គឺ​ប្រមាណ​ជា 1,62ភាគរយ​នៃ​បេក្ខជន​សរុប។ ចំពោះ​ដំណើរការ​សំណេរ​នៅ​ឆ្នាំនេះ​ថ្វីត្បិតតែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាងឆ្នាំមុនៗក៏ដោយ តែ​ក៏មាន​ចំណុច​ខ្លះ​ដែល​គួរឱ្យកត់សម្គាល់​ផងដែរ​ដូចជា​មាន​ភ្លៀង​ធ្លាក់​នៅតាម​បណ្តា​ខេត្ត​ខ្លះ រួមទាំង​មាន​បេក្ខជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ដែលជា​ឧបសគ្គ​បន្តិចបន្តួច​ស​ម្រា​ប់​ដំណើរការ​ប្រឡង។

    យោងតាម​ឯកសារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា បេក្ខជន​ប្រឡង​ដែលមាន​កំហុសឆ្គង​ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស​មាន​ចំនួន 13ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទដៃ6ករណី ប្តូរ​លេខ​តុ​អង្គុយ​មាន1ករណី លួច​ចម្លង​សំណៅ​ឯកសារ 1ករណី លួច​ប្រើ​ម៉ាស៊ីន​គិត​លេខ 1ករណី ប្រឡង​ជំនួស 1ករណី លួច​ប្តូរ​លេខ​តុ1ករណី និង​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង5ករណី (ប្រើប្រាស់​ទូរស័ព្ទ ឱ្យគេ​មក​ជំនួស ខ្ជីខ្ជា​ក្នុងការ​បំពេញភារកិច្ច)។

    ចំពោះ​បញ្ហា​សុខភាព​វិញ ជារួម​ឃើញថា​កើតឡើង​ចំនួន70ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន​បន្ទាប់ពី​ទទួល​ការសង្គ្រោះ​បឋម​ចំនួន 31ករណី និង9ករណី​ផ្សេងទៀត​មិនអាច​បន្ត​ប្រឡង​បាន។ ចំពោះ​បុគ្គលិក​អប់រំ​វិញ មាន​បញ្ហា​សុខភាព​ចំនួន2ករណី៕

  • Barca ប្តឹង Neymar ទារ​សំណង10លាន​ដុល្លារ​ជុំវិញ​ការរំលោភ​កិច្ចសន្យា

    Barca ប្តឹង Neymar ទារ​សំណង10លាន​ដុល្លារ​ជុំវិញ​ការរំលោភ​កិច្ចសន្យា

    ក្លិប​យក្ស Barcelona កំពុងតែ​ព្យាយាម​ទាមទារ​សំណង​ក្នុង​ទឹកប្រាក់8.5លាន​អឺរ៉ូ (ស្មើនឹង10លាន​ដុល្លារ​អាមេរិក) ពី​ខ្សែប្រយុទ្ធ Neymar ពីបទ​រំលោភ​កិច្ចសន្យា។ នេះ​បើ​យោងទៅតាម​ការប្រកាសរ​បស់​ក្លិប​នេះ​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ការប្តឹងតវ៉ា​នេះ​បាន​កើតឡើង​ក្រោយពី​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​ចំនួន222លាន​អឺរ៉ូ​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain។

    Barcelona ទាមទារ​ប្រាក់​សំណង​នេះ​ពី Neymar វិញ ដោយបាន​ចោទប្រកាន់​តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ថា មិនបាន​គោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន​ដែល​រូបគេ​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈពេល5ឆ្នាំ​កាលពី​រយៈពេល9ខែ​មុន។

    Barcelona បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្នុង​ពាក្យបណ្តឹង​នេះ ក្លិប​ទាមទារ​ឲ្យ​កីឡាករ​រូបនេះ​បង្វិល​សង​ប្រាក់​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​រួចជាស្រេច​សម្រាប់​ការបន្ត​កុងត្រា​ថ្មី​របស់​ពួកគេ ខណៈដែល​រូបគេ​មិនបាន​បំពេញ​កិច្ចសន្យា​របស់គេ​ឡើយ ពោលគឺ​ទឹកប្រាក់ 8.5លាន​អឺរ៉ូ និង​ប្រាក់​សំណង10ភាគ​ផ្សេងទៀត​នៃ​ទឹកប្រាក់​សរុប​នេះ​ទៀត​សម្រាប់​ការពន្យារពេល​នៃ​ការបង់​សង»។

    ដោយឡែក​ភាគី​ខាង Neymar បានធ្វើការ​ឆ្លើយតប​វិញ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​តាមរយៈ​ការបញ្ជា​ក់ថា ខ្លួន​បាន​គោរព​តាម​សុពលភាព​នៃ​កិច្ចសន្យា​ទាំងស្រុង។ ក្លិប Barcelona បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា៖ «ក្លិប​ក៏​ស្នើ​ឲ្យ Paris St-Germain ទទួលខុសត្រូវ​សម្រាប់​ការបង់​សង​ចំពោះ​ទឹកប្រាក់​នោះ​ផងដែរ ប្រសិនបើ​កីឡាករ​រូបនេះ​មិនអាច​ធ្វើបាន​ដោយ​ខ្លួនគេ​ផ្ទាល់»។ ក្រោយមក ក្លិប Paris St-Germain បាន​ឆ្លើយតប​វិញ​ថា ពួកគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តីប្រកាស​របស់ Barcelona និង​បាន​បន្ថែមថា៖ «ក្លិប​សូម​ធ្វើការ​បញ្ជាក់​ម្តងទៀត​រួមជាមួយ​នឹង Neymar Jr ថា យើង​ពិតជា​គោរព​តាមច្បាប់ និង​លក្ខខណ្ឌផ្សេងៗទាំងអស់ ប៉ុន្តែ​ពិតជា​សោកស្តាយ​ណាស់ ចំពោះ​ឥរិយាបថ​របស់​ក្លិប FC Barcelona»៕

    ប្រភពពី៖ Sport24

  • រដ្ឋមន្ត្រី​ទេសចរណ៍​ព្រួយបារម្ភ​ពី​បញ្ហា​កាកសំណល់ និង​សំរាម

    រដ្ឋមន្ត្រី​ទេសចរណ៍​ព្រួយបារម្ភ​ពី​បញ្ហា​កាកសំណល់ និង​សំរាម

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​បញ្ហា​បរិស្ថាន ការគ្រប់គ្រង​សំរាម និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះណាជា​មាន​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន​បាននិងកំពុង​សរសើរ​កម្ពុជា​ថា មាន​បរិស្ថាន​ល្អ​ស្អាត​យ៉ាងណាក៏ដោយ។

    រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់ពី​កម្ពុជា​បាន​សម្រេចយក​ទីក្រុង​ស្អាត​របស់​កម្ពុជា​ចំនួន7 ដែល​រួមមាន​រាជធានី​ភ្នំពេញ  ខេត្តបាត់ដំបង សៀមរាប ក្រុងព្រះសីហនុ កំពត កែប និង​ខេត្តកំពង់ចាម ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ជយលាភី​ឯក​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី1 ដែល​នឹង​ប្រកាស​លទ្ធផល​នៅ​ខែមករា​ឆ្នាំ2018 ខាងមុខនេះ។

    លោក​បញ្ជាក់ថា អ្វីដែល​ក្រសួងទេសចរណ៍​សំណូមពរ និង​សុំឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ធ្វើឱ្យបាន​នោះ គឺ​ការខិតខំ​គ្រប់គ្រង​សំរាម ប្រមូល​សំរាម​ឱ្យបាន​ស្អាត​នៅក្នុង​មូលដ្ឋាន និង​ជុំវិញ​កន្លែង​ដែល​យើង​កំពុង​រស់នៅ ការរៀបចំ​ធ្វើឱ្យមាន​សណ្តាប់ធ្នាប់​ល្អ និង​ខិតខំ​រៀបចំ​បង្គន់​សាធារណៈ​ជាដើម។ ព្រោះថា​សំរាម​ជា​ប្រភព​នៃ​មេរោគ និង​ធ្វើឱ្យ​បាត់បង់​ភ្ញៀវទេសចរ​ផងដែរ។ ដូច្នេះ យើង​ត្រូវតែ​ចូលរួម​សម្អាត​ទាំងអស់គ្នា ទើប​មាន​បរិស្ថាន​ស្អាត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន។

    ក្រុម​អ្នកជំនាញ​ទេសចរណ៍​នានា​សុទ្ធតែ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ ដោយសារ​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត និង​មិនមាន​ការផ្លាស់ប្តូរ​ឥរិយាបទ​លើ​បញ្ហា​នេះ។

    លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​បាន​ថ្លែងថា បញ្ហា​សំរាម​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា និង​ទាមទារ​ឲ្យ​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​របស់​យើងទាំងអស់គ្នា ទើប​ប្រទេស​យើង​ស្អាត និង​ទាក់ទាញ​បាន​នូវ​ភ្ញៀវទេសចរ​កាន់តែច្រើន។ លោក​បន្តថា ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​ពួកគេ​មានការ​ខ្លាចរអា ខ្ពើមរអើម ពេល​ឃើញ​សំរាម​ចោល​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​នានា​កន្ល​ង​មក។

    លោក​បន្តថា “សូម​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ហើយ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឥរិយាបទ​របស់ខ្លួន​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ប្រទេស​របស់​យើង”៕

  • ការរិះគន់ផ្សេងៗបាន​ផ្ទុះឡើង ខណៈ​ទី​ម័​រ​ខាងកើត​បន្ថែម​ភាពអាម៉ាស​ដល់​កម្ពុជា

    ការរិះគន់ផ្សេងៗបាន​ផ្ទុះឡើង ខណៈ​ទី​ម័​រ​ខាងកើត​បន្ថែម​ភាពអាម៉ាស​ដល់​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម22ឆ្នាំ កំពុងតែ​ប្រឈមមុខ​នឹង​ការធ្លាក់​ចេញពី​ពូ​ល B នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី29 ដោយ​គ្មាន​សូម្បី​តែមួយ​ពិន្ទុ ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 1-០ ពេល​ប្រកួត​ជាមួយនឹង​ក្រុម​របស់​ប្រទេស​ដ៏​តូច​មួយ​គឺ​ទី​ម័​រ​ខាងកើត ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ម្សិលមិញ ខណៈដែល​មានការ​ផ្ទុះ​នូវ​ការរិះគន់​ជាច្រើន​បន្ទាប់ពី​ការប្រកួត​នេះ។

    ក្រុមយុវជន​កម្ពុជា​បាន​ឈានទៅ​កាន់ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​សម្លឹង​រក​លទ្ធផល​ជា​វិជ្ជមាន​មួយ ក្រោយពី​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ​ស៊ី​ហ្គេម ត្រឹម​វគ្គ​ចែក​ពូ​ល​រួចជាស្រេច បន្ទាប់ពី​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន 2-០ កាលពី​ថ្ងៃ​បើកឆាក មុននឹង​ចាញ់​ក្រុម​វៀតណាម 4-1 និង 3-០ ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើងឯក​ថៃ។ លទ្ធផល​កាលពី​ថ្ងៃ​អង្គារ មានន័យថា បច្ចុប្បន្ន​ក្រុម​កម្ពុជា U22 ក្រោម​ការដឹកនាំ​របស់​លោក Leonardo Vitorino កំពុងតែ​ឈរ​នៅ​បា​តនៃ​ពូ​ល ដោយ​មិនមាន​សូម្បី​តែមួយ​ពិន្ទុ។

    ក្រុម​ជម្រើសជាតិ U22កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ U22ឥណ្ឌូនេស៊ី។ ហេតុនេះ មានន័យថា ក្រុមយុវជន​កម្ពុជា នឹង​ប្រឈមមុខ​នឹង​ការមិនទទួលបាន​ពិន្ទុ​សោះ​ពី​យុទ្ធនាការ​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ ស្រប​ពេលដែល​ក្តីសង្ឃឹម​នៃ​ការទទួលបាន​ពិន្ទុ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​ឥណ្ឌូនេស៊ី ដែល​បច្ចុប្បន្ន​កំពុងតែ​មាន8ពិន្ទុ​ពី​ការប្រកួត4លើក​ស្ថិតក្នុង​កម្រិត​យ៉ាង​ស្តួចស្តើង​បំផុត។

    ប៉ុន្តែ បើទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា មិន​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ក្តី តែបើ​គិត​ចាប់តាំងពី​លោក Vitorino ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​កាលពីដើម​ឆ្នាំនេះ​មក  បុរស​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មិនដែល​ទទួលស្គាល់​ពី​កម្រិត​បច្ចេកទេស​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បែរជា​នៅតែ​កោតសរសើ​លើ​សមត្ថភាព​របស់ខ្លួន​ទៅវិញ។ លោក Vitorino បាន​និយាយ​បន្ទាប់ពី​ការប្រកួត​មិត្តភាព​មួយ​មុន​យុទ្ធនាការ​ស៊ី​ហ្គេម​ថា៖ «ខ្ញុំ​មិនមែន​មក​ទីនេះ​ដើម្បី​រាប់​លទ្ធផល​ឈ្នះ​ប៉ុន្មាន និង​ចាញ់​ប៉ុន្មាន​ឡើយ ប៉ុន្តែ ខ្ញុំ​មក​ទីនេះ​ដើម្បី​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​កម្រិត​លេង​របស់​កម្ពុជា​ល្អប្រសើរ​ឡើង»។ ជាមួយគ្នានេះ ក៏មាន​ការរិះគន់​នៅលើ​បណ្តាញ​សង្គម Facebook ផងដែរ បន្ទាប់ពី​កម្ពុជា​ចាញ់​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត។ គណនី​ឈ្មោះ Sopheak Hiek បាន​សរសេរ​បែប​ចំអក​ថា៖ «អរគុណ​សម្រាប់​ការ​ខំប្រឹង អ៊ុយ22 តែបើ​ឲ្យ​អ៊ុយ90លេង​វិញ ប្រហែលជា​ល្អ​ជាង​នេះ»។ ដោយឡែក គណនី Chean Chanra បានសរសេរថា៖ «ខ្ញុំ​មើល​បាល់ទាត់​កម្ពុជា​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ ឈឺចាប់​ណាស់»៕

  • ម៉ា​រ៉ា បូ​ណ្ណា ចេញមុខ​បកស្រាយ​ការពារ​កិ​ត្ដិ​យស សាធ រស្មី

    ម៉ា​រ៉ា បូ​ណ្ណា ចេញមុខ​បកស្រាយ​ការពារ​កិ​ត្ដិ​យស សាធ រស្មី

    ក្រោយពី​អ្នកនាង សាធ រស្មី ប្រកាសថា នាង​មិនមាន​ពាក់ព័ន្ធ​នឹង​អតីត​ស្វាមី​របស់ខ្លួន​គឺ​លោក ជៀស ស្រួច ទេនោះ ស្រាប់តែថ្មីៗនេះ​លេចចេញ​នូវ​ព័ត៌មាន​ថ្មី​មួយ​ទៀតថា នាង​បាន​សាង​ស្នេហ៍​ជាមួយនឹង​លោក​ម៉ា​រ៉ា បូ​ណា្ណ។

    ពាក់ព័ន្ធ​ចំណង​ស្នេហ៍​រវាង​អ្នកនាង សាធ រស្មី និង​លោក ម៉ា​រ៉ា បូ​ណ្ណា ជា​តារាចម្រៀង និង​តារា​សម្ដែង​ត្រូវបាន​គេ​មើលឃើញថា ទើបតែ​ផ្ទុះ​រឿង​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ពោល​ក្រោយពី​នាង​ចាប់ផ្ដើម​ទទួលយក​ការសម្ដែង​ជា​ញឹកញាប់​ជាមួយ​លោក ម៉ា​រ៉ា បូ​ណ្ណា។ ក្រោយពី​ផ្ទុះ​រឿងនេះ​ឡើង​ភ្លាម គេ​ពុំ​បានឃើញ​ភាគី​ខាង​ស្រី​ចេញមុខ​មក​បកស្រាយ​នោះទេ ផ្ទុយទៅវិញ​បែរជា​លោក ម៉ា​រ៉ា បូ​ណ្ណា ជា​អ្នក​ចេញមក​បកស្រាយ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទៅវិញ។

    លោក ម៉ា​រ៉ា បូ​ណ្ណា បាន​សំណូមពរ​កុំឱ្យ​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូបលោក និង​អ្នកនាង សាធ រស្មី ថា​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​គ្នា​នោះ គឺ​គ្មានទេ  ពោលគឺ​គ្មានទេ ហើយ​លោក​ក៏​មិន​ចង់​ល្បីឈ្មោះ​ដោយសារ​រឿងនេះ​ដែរ។ លោក​បន្ដថា៖«ខ្ញុំ​អត់​មាន​ស្នេហា​ស៊ីជម្រៅ​អី​ជាមួយ សាធ រស្មី នោះទេ យើង​គ្រាន់តែ​ជា​អ្នកសិល្បៈ​សម្ដែង​ជុំគ្នា​ប៉ុណ្ណោះ មូលហេតុ​ខ្ញុំ​ចេញមក​បកស្រាយ ព្រោះ​បងប្អូន​ចង់ដឹង​ពី​រឿងនេះ។ សម្រាប់​ខ្ញុំ​បើ​បងប្អូន​មិ​ត្ដ​ភ័ក្ដិ​ប្រហែលជា​សម្បូរ​ច្រើន ប៉ុន្ដែ​ស្នេហា​ដូចជា​អត់​សូវ​មាន​ទេ ដូច្នេះ​សូម​ឈប់​យល់ច្រឡំ​ទៅ»។

    តារាចម្រៀង​រូបនេះ​បន្ដថា រវាង​លោក និង​អ្នកនាង សាធ រស្មី មិនអាច​យកទៅ​ប្រៀបធៀប​គ្នា​បានទេ ព្រោះ​នាង​មាន​រូប​សម្រស់​ស្អាត​ខ្លាំង​ដូច​ទេពអប្សរ បែរមក​មើលរូប​រាង និង​សម្បុរស្បែក​របស់លោក​វិញ បើ​ឈរ​ជិត​អ្នកនាង សាធ រស្មី ដូច​ក្អែក​ពាំ​ពងមាន់​អ៊ីចឹង  ដូច្នេះ​រវាង​លោក និង​នាង​គ្រាន់តែ​ជា​មិ​ត្ដ​ភ័ក្ដិ​តែប៉ុណ្ណោះ៕

    https://www.youtube.com/watch?v=9_z5HMounDQ