Author: វល័ក្ខ

  • Chelsea ត្រៀម​ផ្ទេរ Oxlade-Chamberlain ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ Arsenal

    Chelsea ត្រៀម​ផ្ទេរ Oxlade-Chamberlain ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ Arsenal

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Alex Oxlade-Chamberlain របស់​ក្លិប​កាំភ្លើង​ធំ Arsenal កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការបំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League។ Oxlade-Chamberlain វ័យ 24ឆ្នាំ​នឹង​ផុត​កិច្ចសន្យា​របស់គេ​នៅ​រដូវក្តៅ​ក្រោយ និង​បានធ្វើ​ការបដិសេធ​ក្នុង​ការបន្ត​កុងត្រា​ថ្មី​មួយ​នៅឯ​កីឡដ្ឋាន Emirates។

    ក្លិប Chelsea បានធ្វើ​ការបដិសេធ​ក្នុងការ​បកស្រាយ​ទៅលើ​ការផ្ទេរ​នេះ ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ឃើញថា ពួកគេ​បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ក្នុង​ទឹកប្រាក់ 35លាន​ផោន (ស្មើនឹង 45លាន​ដុល្លារ​អាមេរិក) រួចស្រេច​ហើយ​ជាមួយនឹង​គូប្រជែង​នៅ​ទីក្រុង​ឡុង​ដ៍​របស់​ពួកគេ​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ។ ក្លិប Liverpool ក៏បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ផងដែរ និង​នៅតែ​អាចដាក់​សំណើ​ដេញថ្លៃ​មួយ​សម្រាប់​អតីត​កីឡាករ​របស់​ក្លិប Southampton រូបនេះ​បានដែរ។ Oxlade-Chamberlain បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​រាល់​ការប្រកួត​ទាំងអស់​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ក្នុង​រដូវ​កាល​មកទល់ពេលនេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពេល​ក្រុម​ខ្លួន​ចាញ់​ក្នុង​លទ្ធផល 4-0 នៅលើ​ទឹកដី​ក្រុម Liverpool ផងដែរ ដោយ​រូបគេ​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង។

    ខ្សែបម្រើ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី5របស់ Chelsea នៅ​រដូវក្តៅ​នេះ ក្រោយពី​ការចូលរួម​របស់​ខ្សែប្រយុទ្ធ Alvaro Morata អ្នកចាំទី Willy Caballero ខ្សែការពារ Antonio Rudiger និង​ខ្សែបម្រើ Tiemoue Bakayoko។ លោក Antonio Conte ដែលជា​អ្នកចាត់ការ​ទូទៅ​របស់ Chelsea បាន​បញ្ជាក់ថា លោក​ចង់បាន​កីឡាករ​ថ្មី​បន្ថែមទៀត​ក្នុង​ក្រុម​របស់លោក នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខនេះ។ Oxlade-Chamberlain ដែល​បានធ្វើការ​បង្ហាញខ្លួន198លើក​សម្រាប់​ក្រុម Arsenal ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Southampton កាលពី​ខែសីហា ឆ្នាំ2011នោះ នឹង​ក្លាយជា​កីឡាករ​ដំបូង​គេ ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Conte បាន​និយាយថា លោក​ចង់បាន​កីឡាករ​បួន​នាក់​ទៀត៕

    ប្រភពពី៖ BBC

  • ស៊ីក្លូ​នៃ​ក្តីសង្ឃឹម

    ស៊ីក្លូ​នៃ​ក្តីសង្ឃឹម

    កម្មវត្ថុ:  ស្នើសុំ​ការជួយ​ឧបត្ថម​ជា​គ្រឿងឧបភោគ​បរិភោគ មានដូចជា៖
    »  អង្ករ 5តោន
    »  មី 250កេះ
    »  ត្រីខ 250យួរ
    »  ទឹក​សុទ្ធ 250កេះ
    »  ភួយ 250

    ក្នុងនាម​យើងខ្ញុំ​ជា​ក្រុមយុវជន​ស្ម័គ្រចិត្ត បាន​មូលមតិ​គ្នា​បង្កើត​កម្មវិធី «ស៊ីក្លូ​នៃ​ក្តីសង្ឃឹម​លើ​ទី9» នៅ​ដើមខែ​កញ្ញា​នេះ​ក្នុង។

    គោលបំណង
    » លើ​ស្ទួយ​នូវ​វិស័យ​ស៊ីក្លូ​ដែល​បាន​បង្កើតឡើង​ជាង 80ឆ្នាំ​មក​ម្លេះ
    » ជួយ​សម្រាល​ដល់​ជីវភាព និង​លើទឹក​ចិត្ត​ដល់​ពួកគាត់
    » ជួយ​ផ្សព្វផ្សាយ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់ និង​យល់​ពី​តម្លៃ​នៃ​ស៊ីក្លូ
    » ផ្តល់​ភាពកក់ក្តៅ​ចំពោះ​គាត់​ថា សង្គម​មួយ​នេះ​គ្មាន​ការរើសអើង​ចំពោះ​ពួកគាត់​ឡើយ

    កម្មវិធី និង​កាលបរិច្ឆេទ
    » កម្មវិធី​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី 15ខែ កញ្ញា ឆ្នាំ 2017
    » ជួបជុំ​តា​តា​ស៊ីក្លូ​ចំនួន 250នាក់ នៅវេលា​ម៉ោង 9៖30ព្រឹក

    ចំពោះ​ការ​ពិសា​អាហារ​របស់​ពួកគាត់​ក្នុង​ម្នាក់​ចំណាយ​ថវិការ 1.5$ ដែល​រៀបចំឡើង​នៅ​ភោជនីយដ្ឋាន បាយ​សាច់គោ​បន្ទះ​ដែក ( Phsa Tmey Resto )

    » ពិសារ​អាហារ​ពេល​ថ្ងៃត្រង់
    » ការចែក​ជូនអំណោយ​មួយចំនួន​ជូន​ដល់​ពួកគាត់
    » ការ​សំណេះសំណាល និង​ចំណាប់អារម្មណ៍​ពី​សំណាក់​សប្បុរសជន និង​ក្រុមយុវជន​និ​សិ​ត្ស
    »  ការថតរូប​ទុក្ខ​ជា​អនុស្សាវរីយ៍

    អាស្រ័យហេតុនេះ​សូម ឯក​ត្ត​ម លោកជំទាវ លោកៗស្រី និង​សប្បុរសជន​ទាំងអស់​មេត្តា​ចូលរួម​ឧបត្ថម​នូវ​កម្មវិធី​នេះ​ផង៕

  • ពលរដ្ឋ​ក្រុងភ្នំពេញ និង​តាខ្មៅ​អស់​កង្វល់​ហើយ! ក្រោយ​មាន​ចំណាត់ការ​ក្ដៅ​លើ​តម្លៃ​ទឹក

    ពលរដ្ឋ​ក្រុងភ្នំពេញ និង​តាខ្មៅ​អស់​កង្វល់​ហើយ! ក្រោយ​មាន​ចំណាត់ការ​ក្ដៅ​លើ​តម្លៃ​ទឹក

    ភ្នំពេញ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​មានការ​លើកឡើង និង​តវ៉ា​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ជាច្រើន​អំពី​បញ្ហា​តម្លៃ​ទឹក​ឡើងថ្លៃ​ខុស​ប្រក្រតី។ ទោះបីជា​មានការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សង្គម និង​តាម​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ក៏ដោយ ក៏​ពុំមាន​ដំណោះស្រាយ​ណាមួយ​ជា​ដុំកំភួន​ឡើយ  ប៉ុន្ដែ​ក្រោយពី​មានការ​អន្ដរាគមន៍​ពី​សម្តេចនាយក​រដ្ឋ​ម​ន្រី្ដ​ហ៊ុន សែន​ទើប​ធ្វើឱ្យអ្វីៗវិល​មករក​ភាពប្រក្រតី​វិញ។

    ក្នុង​សារ​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​សរសេរ​បញ្ជាក់ថា៖ «ថ្ងៃនេះ ខ្ញុំ​ទើបបាន​ដឹងថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​ដែល​អ្នកប្រើប្រាស់​ទឹក​តិច និង អ្នកប្រើប្រាស់​ច្រើន​ត្រូវបាន​បង់ថ្លៃដូចៗគ្នា ធ្វើឱ្យ​នយោបាយ​អនុគ្រោះ​សម្រាប់​ប្រជាជន​ក្រីក្រ​មិនអាច​អនុវត្តបាន។ នេះ​ជាការ​ដើរ​ខុស​ជាមួយ​ការអំពាវនាវ​របស់ខ្ញុំ​ឱ្យ​បញ្ចុះ​ថ្លៃ​ទឹក។ ខ្ញុំ​បាន​បញ្ជា​ឱ្យ​ទេសរដ្ឋមន្ត្រី ចម ប្រ​សិ​ទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះ​ធ្វើការ​ជាមួយ​រដ្ឋាករទឹក​ដើម្បី​ធ្វើឱ្យ​វិលត្រឡប់​ទៅ​អនុវត្ត​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ទៅ​ប្រជាជន​វិញ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​យក​លើសពី​ប្រជាជន​តាមរបៀប​ថ្មី»។ សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាជន​ដែល​បានផ្តល់​ដំណឹង​នេះ​ដល់​រូបខ្ញុំ »។

    បន្ទាប់ពី​មាន​ចេញ​ចំណាត់ការ​បែបនេះ​រួចមក រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានចេញ​សេចក្ដីជូនដំណឹង​ដើម្បី​សុំទោស​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចំពោះ​ការខុសឆ្គង​នូវ​ការ​គណនា​ថ្មី​ទៅលើ​តម្លៃ​ទឹក។  មិនតែប៉ុណ្ណោះ​ក៏បាន​សន្យាថា នឹងមិន​ឱ្យមាន​កំហុស​ឆ្គង​ជា​លើក​ទី​ពីរ​ឡើយ៕

  • សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ពេល​ម៉ាឡេស៊ី ប៉ះ ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​នេះ

    សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ពេល​ម៉ាឡេស៊ី ប៉ះ ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​នេះ

    ប៉ូលិស​របស់​ប្រទេស​ម៉ាឡេស៊ី នឹងត្រូវ​ធ្វើការ​ត្រួតពិនិត្យ​នៅឯ​កន្លែង​ច្រកចូល​នៃ​កីឡដ្ឋាន Shah Alam សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី និង​ក្រុម​ជម្រើសជាតិ​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ។

    ស្រប​ពេលដែល​មិនបាន​បញ្ជាក់ប្រាប់​ពី​ចំនួន​អ្នកគាំទ្រ​ដែល​ចូលទៅ​ទស្សនា លោក Khalid Abu Bakar ដែលជា​នាយប៉ូលិស​បាន​និយាយថា មន្ត្រីប៉ូលិស​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ផ្តល់​សុវត្ថិភាព​ដល់​កីឡាករ និង​អ្នកទស្សនា​ដោយផ្ទាល់​អំឡុង​ការប្រកួត​នេះ។ ឧ​ត្ថ​ម​សេនីយ៍​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «មន្ត្រីប៉ូលិស​បាន​ត្រៀមលក្ខណៈ​រួចរាល់ និង​រាល់​ច្រកចូល​ទាំងអស់​ក្នុង​កីឡដ្ឋាន​នេះ​នឹងត្រូវ​រឹតបន្តឹង​ដើម្បី​ធានាថា មិនមាន​សារធាតុ​ដែល​ហាមឃាត់​ចូលទៅក្នុង​កីឡដ្ឋាន។ លោក Khalid បាន​បញ្ជាក់ថា អ្នកគាំទ្រ​ទាំងអស់​ត្រូវតែ​មក​ឲ្យ​បាន​លឿន​មុនពេល​ការប្រកួត​ចាប់ផ្តើម ដើម្បី​ជួយ​សម្រួល​ដល់​ការត្រួតពិនិត្យ​នៅ​ច្រកទ្វារ​ចូល។ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​ក្រុម​របស់លោក​រក្សា​ភាពរឹងមាំ​របស់​ពួកគេ និង​មិនត្រូវ​បាត់បង់​ការ​ផ្តោតអារម្មណ៍​ដោយសារតែ​ភាព​រំភើប​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ឡើយ។ ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ប្រកបដោយ​ការជឿជាក់​ខ្ពស់ ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​មេដាយមាស​ជា​លើក​ទី6របស់​ពួកគេ​ក្នុង​យុទ្ធនាការ​នេះ ដែលជា​ការប្រកួត​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម22ឆ្នាំ។

    លោក Ong Kim Swee ដែល​បាន​ដឹកនាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅពេលដែល​ពួកគេ​បានឈ្នះ​ពាន​ស៊ី​ហ្គេម​កាលពី​ឆ្នាំ2011ផងដែរ​នោះ បាន​ប្រាប់​កីឡាករ​របស់លោក​ឲ្យ​រក្សា​នូវ​អារម្មណ៍​ស្ងប់​នៅមុន​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​ថៃ ដែលជា​ម្ចាស់​ជើងឯក13សម័យកាល។ ដោយឡែក ក្រុម​ជម្រើសជាតិ​ថៃ បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាមរយៈ​ការទម្លាក់​ក្រុម​មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល 1-។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង7:45យប់៕

    ប្រភពពី៖ The Stars

  • វិធី​ថែទាំ​ស្នេហា​ក្រោយពេល​រៀបការ ឱ្យនៅតែ​រីក​ស្គុសស្គាយ​មិន​រុះ​រោយ

    វិធី​ថែទាំ​ស្នេហា​ក្រោយពេល​រៀបការ ឱ្យនៅតែ​រីក​ស្គុសស្គាយ​មិន​រុះ​រោយ

    ការរៀប​ការមិន​មែន​ជា​វិធី​ដែល​នឹង​បង្ហាញ​ឱ្យនារីៗយើង​បានដឹងថា សេចក្តីស្នេហា​របស់ខ្លួន​នឹង​ស្ថិតស្ថេរ​គង់វង្ស​រហូត​តទៅ​នោះទេ តែ​នេះ​គឺជា​ផ្នែក​ប្រកប​មួយ​របស់​ជីវិត ជាការ​ផ្តល់ដំណឹង​អំពី​ការចាប់ផ្តើម​រស់នៅ​ជា​ជីវិត​គូ​ដែល​មិនមែន​មានតែ​ជីវិត​របស់​អ្នកណាម្នាក់​ទៀតហើយ តែ​គឺ​ការរួម​ទុក្ខ​រួមសុខ​ជាមួយ​មនុស្ស​ម្នាក់។ ក្រោយពេល​រៀប​មង្គលការ បើ​កើតមាន​ភាពមិន​យល់​រវាង​គ្នា​នឹង​គ្នា​ឡើង ឬ​មិន​ខ្វល់ខ្វាយ​ក្នុងការ​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់​គ្នា​ខ្លះ​ទេនោះ  វា​ច្រើនតែ​នឹង​ធ្វើឱ្យ​សេចក្តីស្នេហា​ដែល​ធ្លាប់មាន​ឱ្យ​គ្នា​នោះ​ថមថយ​ចុះ​ជាបណ្តើរៗមិន​ខាន  រហូតមកដល់​ថ្ងៃមួយ​នឹងមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​បាក់បែក​ដួលរ​លំ ព្រោះតែ​ក្តី​មិន​យល់ចិត្ត​គ្នា និង​មិន​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​ហ្នឹងឯង។

    បើ​សេចក្តីស្នេហារ​របស់​នរ​ណា​ម្នាក់​ដែល​កំពុង​ជួបនឹង​ឧបសគ្គ​ក្រោយ​អាពាហ៍ពិពាហ៍ នោះ​អាចជា​សញ្ញា​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញ​ពីអ្វី​ម្យ៉ាង​ដែល​ត្រូវបាន​បំភ្លេច​ហើយ ដូច្នេះ​ចូរ​សាកល្បង​បែរ​ត្រឡប់​ទៅ​នឹកឃើញ​រឿងរ៉ាវល្អៗកាលពីថ្ងៃមុនៗ ដែល​ធ្លាប់​ស្រឡាញ់គ្នា និង​ថ្ងៃ​ដំបូង​ដែល​សម្រេចចិត្ត​រស់នៅ​រួមគ្នា ព្រមទាំង​វិធី​មើលថែទាំ​សេចក្តីស្នេហា​ឱ្យនៅ​គង់វង្ស​ស្ថិតស្ថេរ ទោះជា​រៀបការ​ជាមួយគ្នា​យូរ​មកហើយ​ក៏ដោយ​វិញ​ប្រសើរ​ជាង។

    ភាពស្មោះត្រង់​បន្ថែម​សេចក្តីស្នេហា​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ

    នៅពេលដែល​ការរស់នៅ​ជា​ជីវិត​គូ​ចាប់​ផ្តើមឡើង រឿង​ដែល​សំខាន់បំផុត​គឺ ការស្រឡាញ់​ស្មោះស្ម័គ្រ​មួយ​នឹង​មួយ មិន​ថា​ពេលវេលា​កន្លងផុតទៅ​ប៉ុន្មាន​យុគ​ប៉ុន្មាន​សម័យ​ក៏ដោយ ក្តី​ស្មោះត្រង់ និង​ក្តី​ស្មោះស្ម័គ្រ​គួរតែមាន​ជានិច្ច ដែល​អាច​រាប់បាន​ថា ជា​រឿង​ដែល​បង្ហាញឱ្យឃើញ​អំពី​សេចក្តីស្រឡាញ់​យ៉ាងពិត​ប្រាកដ​ដែល​យើង​បានប្រគល់​ឱ្យ​មនុស្ស​ម្នាក់​ឱ្យគេ​ជឿជាក់​ក្នុង​ចិត្ត​ថា មនុស្ស​ដែល​ខ្លួនឯង​ជ្រើស​រើសយក​ម្នាក់នេះ​គឺ​មិន​ខុស​ទេ។ ទោះជា​ពេលវេលា​កន្លងផុតទៅ​យូរ​ប៉ុនណា ភាពជឿ​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក​គឺជា​គ្រឹះ​ចម្បង​ដែល​ធ្វើឱ្យ​សេចក្តីស្នេហា​ក្រោយពេល​រៀបការ​ដំណើរការ​ទៅ​យ៉ាង​រលូន និង​ពោរពេញ​ដោយ​សេចក្តីសុខ។

    ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជានិច្ច

    កាលពីពេល​មួយ អ្នក​ធ្លាប់​លង់​ស្នេហ៍​មនុស្ស​ម្នាក់​ដែល​នៅ​ជិត​រូប​អ្នកនេះ  ជា​មនុស្ស​តែមួយ​នឹង​មនុស្ស​ដែល​អ្នក​ធ្លាប់​រៀបការ​ជាមួយ​រួចមកហើយ។ ក្នុង​ថ្ងៃ​ដែល​អ្វី​គ្រប់យ៉ាង​មើលទៅដដែលៗជាមួយនឹង​ការរស់នៅ​បែបដដែលៗ រហូត​ធ្វើឱ្យ​សេចក្តីស្នេហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មើលទៅ​ស្ងៀមស្ងាត់ និង​គ្មាន​ន័យ​នោះ អ្នក​អាច​នឹង​លង់​ស្នេហ៍​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​មនុស្ស​ដដែល​ម្នាក់នេះ​អស់​មួយជីវិត ដោយ​ការ​ឧស្សាហ៍​មើលថែទាំ​យកចិត្តយកថ្លើម​គេ​ឱ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​ធ្លាប់​បានធ្វើ។ រឹតតែ​មិន​ថា​ពេលវេលា​កន្លងផុតទៅ​យូរ​ប៉ុនណា​នោះឡើយ សាកល្បង​ធ្វើ​គ្រប់យ៉ាង​ឱ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​ធ្លាប់​ជួបគ្នា ធ្វើឱ្យ​រាល់ថ្ងៃ​ផ្អែមល្ហែម​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូច​ពី​ដើម។ ការយកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក​យ៉ាង​ជាប់លាប់​បែបនេះ នឹង​ជួយ​ឱ្យ​រៀងរាល់​ព្រឹក​ដែល​ភ្ញាក់ឡើង អ្នកនឹង​បាន​ជួបនឹង​សេចក្តីស្នេហា​ដែល​ពេញប្រៀប​មិនដែល​ជិនណាយ ពេញ​ទៅដោយ​ស្នាមញញឹម និង​សេចក្តីសុខ​គ្រប់​អំឡុងពេល។

    មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ជីវិត​ក្រោយពេល​រៀបការ ទោះជា​គ្រប់គ្នា​ចង់បាន​មនុស្ស​ដែល​ខ្លួន​នឹក​ស្រមៃ​មែន តែ​មិនមែន​ថា អ្វី​គ្រប់យ៉ាង​នឹង​បាន​ដូចដែល​ចិត្ត​ប៉ង​ជានិច្ច​នោះទេ ដូច្នេះ​ចូរ​ព្យាយាម​កុំ​ផ្លាស់ប្តូរ​នូវ​អ្វី​ដែលជា​រូបគេ (ឬ​នាង) មាន​ស្រាប់​ហើយ​នោះ បណ្តោយឱ្យ​រូបគេ (ឬ​នាង) ស្ថិតនៅ​ជាម​នុស្ស​ក្នុង​បែប​ពីមុន​ដែល​អ្នក​ធ្លាប់​ស្គាល់ នោះ​សេចក្តីស្នេហា​នឹង​ពោរពេញ​ទៅដោយ​សេចក្តីសុខ មិន​ទើសទាល់​ធុញទ្រាន់ តែ​នឹង​បែរជា​ធូរស្រាល និង​កក់ក្តៅ​បាន​យ៉ាងពិត​ប្រាកដ​មិន​ខាន៕

  • 7 សំណួរ ដែល​អ្នក​ម្តាយ​មានគភ៌​តែង​ចង់ដឹង​បំផុត

    7 សំណួរ ដែល​អ្នក​ម្តាយ​មានគភ៌​តែង​ចង់ដឹង​បំផុត

    អ្នក​ម្តាយ​ដែល​ទើបតែ​មានគភ៌​ថ្មោងថ្មី​តែង​កើតមាន​ក្តី​សង្ស័យ និង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ក្នុងអំឡុងពេល​មានគភ៌ ត្រូវ​មើលថែទាំ​ខ្លួន​ដូចម្តេចខ្លះ? បន្ទាប់ពី​ជ្រើសរើស​មុខម្ហូប​ត្រូវ​តាម​ភោជនាហារ​របស់​ស្ត្រី​មានគភ៌​ហើយ ហាត់ប្រាណ​យ៉ាង​ត្រឹមត្រូវ និង​សម្រាក​យ៉ាង​គ្រប់គ្រាន់​ហើយ តើ​នៅ​មានរឿង​អ្វីដែល​គួរ​ធ្វើ​បន្ថែមទៀត​ឬទេ? ហើយ​តើ​មានរឿង​អ្វីខ្លះ​ដែល​គួរ​ចៀសវាង? កិច្ចការងារ​ពីមុន​ដែល​ធ្លាប់ធ្វើ តើ​អាច​ធ្វើបាន​ទៀត​ឬទេ? ឬ​ហុច​ផល​អាក្រក់​ប៉ុនណា? ចំណុច​សង្ស័យ​ទាំងនេះ​សុទ្ធតែជា​រឿង

    ដែល​អ្នក​ម្តាយ​មានគភ៌​នៅ​សង្ស័យ​ច្រើន​គ្នា​ណាស់ ដូច្នេះ ឡា​រ៉ែ​ន សូម​ចូលរួម​បកស្រាយ​ចំណុច​សង្ស័យ​ទាំងនេះ​ទាំងអស់គ្នា។

    1/ តើ​ទម្ងន់​ខ្លួន​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ម្តាយ​មានគភ៌​ប៉ុណ្ណា​ដែរ?

    បើ​អ្នក​ម្តាយ​មានគភ៌​ទទួលទាន​អាហារ​តាម​ការណែនាំ​ហើយ (ប្រូ​តេ​អុ​ី​ន វីតាមីន សារធាតុ​រ៉ែ អុ​ី​យ៉ូ​ដ កាល់ស្យូម ហ្វូ​លេ​ត សារធាតុ​ដែក) នោះ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ប្រមាណ​ជា12-15គីឡូក្រាម ជា​មធ្យម​កើន​មួយខែ2គីឡូក្រាម តែ​ក្នុង​ត្រីមាស​ដំបូង​ទម្ងន់​អាច​ថយចុះ​បាន ដោយសារតែ​អាការ​ចាញ់កូន​ដែល​ក្អួតចង្អោរ​ញឹកញាប់ ឬ​មិនអាច​ទទួលទាន​អាហារ​បាន​ច្រើន។ ក្នុង​ត្រីមាស​ទី2 ជា​អំឡុងពេល​អស់​អាការ​ចាញ់កូន​ហើយ អ្នក​ម្តាយ​អាច​ហាត់ប្រាណ​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​កុំឱ្យ​ទម្ងន់​កើនឡើង​លឿន​ជ្រុល​ពេក ចំណែក​ត្រីមាស​ចុងក្រោយ ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច ព្រោះ​ឱកាស​ប្រសូត​មុន​កំណត់​មាន​ខ្ពស់​ណាស់ បើសិន​បញ្ចេញ​កម្លាំង​ធ្វើ​អ្វីមួយ​ខ្លាំង​ជ្រុល​ពេក ហើយ​ក្នុង​ត្រីមាស​នេះ​ទម្ងន់​ខ្លួន​អ្នក​ម្តាយ​នឹង​កើនឡើង​ខ្ពស់បំផុត។

    2/ បើ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗ ក្នុងអំឡុង​មានគភ៌​ត្រីមាស​ដំបូង​ព្រោះតែ​មិនដឹង តើ​នឹងមាន​គ្រោះថ្នាក់​ទេ?

    បើ​វ៉ាក់សាំង​ដែល​ចាក់​នោះ​ជា​វ៉ាក់សាំង​ការពារ​តេតាណូស គ្រុន​ផ្តាសាយធំ ឬ​កញ្ជ្រឹល មិនជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ និង​ជាការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​ខ្លួន​ទារក​ទៀតផង។ ពេញ​មួយ​រយៈពេល9ខែ​នេះ អ្នក​ម្តាយ​ត្រូវ​ចូលទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​យ៉ាង​ត្រឹមត្រូវ ដើម្បីឱ្យ​ទារក​ចម្រើន​ធំធាត់​រឹងប៉ឹង និង​ពេញលេញ ប្រាសចាក​ពី​ជំងឺ​ដ​ង្កា​ត់ផ្សេង។

    3/ វីតាមីន​បន្ថែម ចាំបាច់​ដែរឬទេ?

    សារធាតុ​អាហារ​ដែល​អ្នក​ម្តាយ​គួរ​ទទួលទាន​បន្ថែម​នោះ​គឺ សារធាតុ​ដែក ដែល​ជួយ​គាំទ្រ​ការធ្វើការងារ​របស់​ហ៊ី​ម៉ូ​គ្លោ​ប៊ី​ន​ក្នុង​គ្រាប់​ឈាមក្រហម ដែលជា​អ្នក​នាំ​អុក​ស៊ី​ែ​ហ្ស៊​ន​ឆ្ពោះទៅ​ទារក​ដែល​នៅក្នុង​ផ្ទៃ បើ​អ្នក​ម្តាយ​បានទទួល​សារធាតុ​ដែក​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​កើត​សភាវ​លោហិត​ស្លេក ហុច​ផល​ឱ្យ​អ្នក​ម្តាយ​កើត​អាការ​នឿយ​ល្វើយ ហត់ និង​ដកដង្ហើម​មិន​ស្រួល។ ទាំងអស់នេះ ការទទួល​ទាន​សារធាតុ​ដែក​គួរ​ស្ថិតក្នុង​បរិមាណ​ដែល​សមល្មម​តាម​ដែល​រាងកាយ​ត្រូវការ ចំណែក​វីតាមីន និង​សារធាតុ​អាហារ​ផ្សេងទៀត បើ​ទទួលទាន​អាហារ​គ្រប់5ប្រភេទ​ក្រុម​តាម​ពាក្យ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ មិនចាំបាច់​ទទួលទាន​វីតាមីន​បន្ថែម​ក៏បាន​ដែរ តែ​គួរ​ទទួលទាន​ទឹកដោះគោ​ជាប្រចាំ ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​ឆ្អឹង​ទារក​នៅក្នុង​ផ្ទៃ មិនគួរ​ទទួលទាន​ថ្នាំ​សារធាតុ​ដែក​លាយ​គ្នា​ជាមួយ​ទឹកដោះគោ​ឡើយ ព្រោះ​វា​ធ្វើឱ្យមានគុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ។

    4/ តើ​បើ​ស្វាមី​ទ្រាំ​មិនបាន សុំ​មាន​ភេទ​សម្ពន្ធ​ក្នុងអំឡុងពេល​មានគភ៌​នឹងមាន​គ្រោះថ្នាក់​ដល់​កូនតូច​ក្នុង​ផ្ទៃ​ឬទេ?

    ការ​មាន​ភេទ​សម្ពន្ធ​មិនមែនជា​រឿង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​នោះទេ លើកលែងតែ​ខាង​ប្រុស​មាន​ជំងឺ​កាមរោគ។ ក្នុងអំឡុង​ត្រីមាស​ទី3 សូមឱ្យ​លោកឪពុក​អត់ទ្រាំ​បន្តិច ព្រោះ​ជា​ដំណាក់កាល​សំខាន់​ណាស់ គភ៌​របស់​អ្នក​ម្តាយ​មិនគួរ​ទទួលរង​កម្លាំង​ញ័រ​រញ្ជួយ​អ្វី​ទាំងអស់ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កំណត់ និង​អាចធ្វើឱ្យ​ទារក​មិន​រឹងប៉ឹង​បាន។ បើ​ត្រីមាស​ទី1 និង2 អ្នក​ម្តាយ​គួរ​សង្កេតមើល​ផង​ថា តើ​មាន​អា​ការខុស​ប្រក្រតី​ឬទេ ដូចជា ឈឺពោះ​មុនពេល​កំណត់ និង​មាន​ឈាម​ធ្លាក់​ចេញពី​មាត់ស្បូន​ជាដើម បើ​មាន​អាការ​ទាំងនេះ គួរ​បញ្ឈប់​ការ​មាន​ភេទ​សម្ពន្ធ និង​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

    5/ តើ​ទឹកដោះ​ប្រភេទ​ណា​ដែល​គួរ​ទទួលទាន?

    ក្នុងអំឡុងពេល​មានគភ៌​អ្នក​ម្តាយ​អាច​ទទួលទាន​ទឹកដោះ​បាន​គ្រប់​ប្រភេទ ទាំង​ទឹកដោះគោ ទឹកដោះពពែ ឬ​ទឹក​សណ្តែក​លឿង (មិនចាំបាច់​តែ​ទឹកដោះ​សម្រាប់​ស្ត្រី​មានគភ៌​ក៏បាន​ដែរ) និង​គួរ​ទទួលទាន​ឱ្យបាន​ទ្វេដង ព្រោះ​រាងកាយ​របស់​អ្នក​ម្តាយ​ត្រូវការ​កាល់ស្យូម ហើយ​កូនតូច​ក៏​ត្រូវការ​កាល់ស្យូម​ដែរ ព្រោះ​កាល់ស្យូម​នេះ​នៅបាន​ជួយ​ការពារ​សភាវ​លើសឈាម​បាន​ទៀតផង។

    6/ ដើម្បី​សុវត្ថិភាព មុន​ប្រើ​ថ្នាំ​ក្នុងអំឡុងពេល​មានគភ៌​តើ​ត្រូវធ្វើ​ដូចម្តេច?

    ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សម្ភព​គឺជា​វិធី​ដែល​ល្អ​បំផុត ព្រោះថ្នាំ​ប្រភេទ​ខ្លះ​មាន​គ្រោះថ្នាក់​ដល់​ទារក ដូចជា អ្នក​ម្តាយ​មានគភ៌​ដែល​រក្សា​សម្ផស្ស​ត្រូវការ​ទទួលទាន​ថ្នាំ​ព្យាបាល​មុន ដែល​ថ្នាំ​ព្យាបាល​មុន​ខ្លះ​ជា​ប្រភេទ​លាប និង​ខ្លះទៀត​ជា​ប្រភេទ​លេប​ដែល​អាច​ចាត់ទុកថា​ជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​ដែលមាន​ផល​ទៅដល់​ទារក​នៅក្នុង​គភ៌ អាចធ្វើឱ្យ​កើត​ភាព​ពិការ​បាន។ ដូច្នេះ​មុននឹង​ប្រើ​ថ្នាំ​អ្នក​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់ពេល​ថា​ខ្លួន​អ្នក​កំពុងតែ​មានគភ៌ ដើម្បី​បានទទួល​ការផ្តល់​ថ្នាំ​ដែល​ត្រឹមត្រូវ។

    7/ តើ​នឹង​មានរឿង​អ្វី​កើតឡើង​ដែរឬទេ បើ​មាន​ដុំ​សាច់​ដុះ​ក្នុងអំឡុងពេល​មានគភ៌?

    ភាពគ្រោះថ្នាក់​អាស្រ័យ​លើ​ទីតាំង និង​លក្ខណៈ​របស់​សាច់​ដុះ​នោះ នៅពេល​អ្នក​ម្តាយ​ស្ទាប​ប៉ះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប៉ាន់ប្រមាណ​ពី​ដុំ​សាច់​ដុះ​នោះ និង​ធ្វើការ​ព្យាបាល​ជា​បន្តទៀត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួន​ជាស្រេច​មុនពេល​មានគភ៌​គឺជា​រឿង​ចាំបាច់ ដូចជា ពិនិត្យ​រកមើល​សាច់​ដុះ និង​ធ្វើការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​មុនពេល​មានគភ៌ ដែល​វា​ជួយ​កាត់បន្ថយ​សភាវ​គភ៌​ប្រថុយប្រថាន​បាន។

    ការមើល​ថែទាំ​គភ៌​យ៉ាង​ត្រឹមត្រូវ​តាម​គោល​ភោជនាហារ និង​ពាក្យ​ណែនាំ​របស់​ពេទ្យ ទារក​នឹង​ធំធាត់​ឡើង​យ៉ាង​ល្អឥតខ្ចោះ និង​រឹងប៉ឹង នៅពេល​គេ​ធំ​ឡើង​លោកឪពុក​អ្នក​ម្តាយ​នឹងមាន​មោទនភាព​ដែល​បាន​មើលថែទាំ​គភ៌​បាន​យ៉ាង​ល្អ។ បើ​អ្នក​ម្តាយ​មាន​ចំណុច​សង្ស័យ​អ្វី​ផ្សេង​ក្រៅពីនេះ ការប្រឹក្សា​ជាមួយ​ពេទ្យ​សម្ភព​នឹង​ទទួលបាន​ការណែនាំ​យ៉ាង​ត្រឹមត្រូវ ព្រោះ​រាងកាយ​អ្នក​ម្តាយម្នាក់ៗមិន​ដូចគ្នា​ទេ ដូច្នេះហើយ​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពេញ​មួយរយៈ​ពេល9ខែ​នោះ​នឹង​ជួយ​ឱ្យ​អ្នក​យល់ដឹង​ពី​រឿង​ថែរក្សា​គភ៌ និង​សុខភាព​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាងច្បាស់​ល្អ៕

  • វិនិយោគិន​ជប៉ុន​គ្រោង​បោះទុន 1លាន​ដុល្លារ​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា

    វិនិយោគិន​ជប៉ុន​គ្រោង​បោះទុន 1លាន​ដុល្លារ​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា

    ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ 1លាន​ដុល្លារ​អាមេរិក​ដើម្បី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក Kakegawa Yeat Pig ជា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ល្បី និង​ជាប់​ចំណាត់ថ្នាក់​លេខ1 នៅ​ប្រទេស​ជប៉ុន។

    ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក KakegawaYeat Pig លោក Matsumoto Hiroaki បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រគំ​តន្ត្រី និង​ផ្សព្វផ្សាយ​វប្បធម៌​ជប៉ុន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ថា ការរៀបចំ​កម្មវិធី​ប្រគំ​តន្ដ្រី​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ឧបករណ៍​ភ្លេង​របស់​ជប៉ុន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់ ក៏ដូចជា​ស្វែងយល់​អំពី​ម្ហូបអាហារ​របស់​ជប៉ុន​ផងដែរ ពិសេស​គឺ​ផ្ដោតលើ​សាច់ជ្រូក​ដែល​ផលិត​ចេញពី​កសិដ្ឋាន​របស់ខ្លួន ស្របពេល​លោក​គ្រោង​បោះទុន​ប្រមាណ១លាន​ដុល្លារ ដើម្បី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ដង់ដា​អន្ដរជាតិ​លើកដំបូង​នៅ​កម្ពុជា ។

     

    លោក​បន្ដទៀតថា ក្រោយ​បញ្ចប់​កម្មវិធី​ប្រគំ​តន្ដ្រី​ដ៏​ធំ​ខាងលើ លោក​នឹង​បន្ដ​សាកល្បង​ចិញ្ចឹម​ជ្រូក​ដោយ​ប្រើ​ចំណី​ធម្មជាតិ​នៅ​កម្ពុជា​ដើម្បី​ប​ញ្ច្រា​ប​សាច់ជ្រូក​ដ៏​មាន​គុណភាព​របស់ខ្លួន​ទៅក្នុង​ទីផ្សារ​កម្ពុជា ។ យ៉ាងណាមិញ​លោក​ត្រូវ​រង់ចាំ​ការពិសោធ​ទទួលបាន​ជោគជ័យ​ជាមុនសិន បន្ទាប់មក​ទើប​លោក​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងកសិកម្ម ដើម្បី​បើក​កសិដ្ឋាន​ស្របច្បាប់​ត្រឹមត្រូវ​នាពេល​អនាគត ៕

  • ផ្នត់គំនិត​ចាស់​មួយចំនួន​ជា​ឧបសគ្គ​សម្រាប់​កូនស្រី​ដែល​ចង់​រៀន​បច្ចេកទេស

    ផ្នត់គំនិត​ចាស់​មួយចំនួន​ជា​ឧបសគ្គ​សម្រាប់​កូនស្រី​ដែល​ចង់​រៀន​បច្ចេកទេស

    ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ជា​ពាក្យចាស់​តែង​លើកឡើង ហើយក៏​ជា​ពាក្យ​ដែល​បង្ហាញ​ពី​ការ​មិនសូវ​ឱ្យ​តម្លៃ​លើ​ស្ត្រី​សម្រាប់​កិច្ចការ​ក្រៅ​ផ្ទះ តែ​នាពេល​បច្ចុប្បន្ននេះ យើង​ឃើញថា​វិសមភាព​នៃ​ការអប់រំ​បាន​កាត់បន្ថយ​យ៉ាងច្រើន​រវាង​កូនប្រុស និង​កូនស្រី ហេតុនេះ​ពំនោល​ខាងលើនេះ​ក៏​មិនសូវ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ដែរ។

    ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញថា​បញ្ហា​គំនិត​មនុស្ស​ចាស់​មួយចំនួន​នៅតែ​ជា​បញ្ហា​នៅឡើយ​សម្រាប់​អាណាព្យាបាល​ជាច្រើន​នៅ​កម្ពុជា ដែល​មិន​ចង់ឱ្យ​កូនស្រី​ទៅ​រៀន​ផ្នែក​ជំនាញ​ដូចជា វិស្វករ បច្ចេកទេស​អគ្គិសនី សំណង់ ឬ​ការងារ​បច្ចេកទេសផ្សេងៗទៀត។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​ការងារ​ជាច្រើន​យើង​សុទ្ធតែ​អាចធ្វើ​បាន​ដូចគ្នា ហើយ​ក្រសួង​ក៏​ខំ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​កម្ពុជា​ដើម្បី​មានឱកាស​ទទួល​បានកា​រ​អប់រំ​លើ​គ្រប់ផ្នែក រួមទាំង​ផ្នែក​បច្ចេកទេស​ផងដែរ។

    នាពេល​បច្ចុប្បន្ននេះ វិស័យ​បច្ចេកវិទ្យា​នៅមាន​ចំនួន​ស្ត្រី​ធ្វើការ​តិចតួច​នៅឡើយ តែ​ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​ក៏​គេ​ឃើញ​ផងដែរ​នូវ​វត្តមាន​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​ស្ត្រី​បាន​ដើរតួនាទីសំខាន់ៗដូចជា​អ្នកគ្រប់គ្រង ឬ​អ្នក​ប្រឹក្សា​បច្ចេកទេស​ជាដើម។

    បង្ហាញ​ពី​គុណ​តម្លៃ​របស់​ស្ត្រី​ក្នុងសង្គម​កម្ពុជា កញ្ញា លឹម លី​ឆាយ ស្ត្រី​ខ្មែរ​មួយរូប​ដែល​បាន​ជម្នះ​ឧបសគ្គ​នានា​ពី​តំបន់​ជនបទ ហើយ​ចេញទៅ​សិក្សា​នៅ​បរទេស​បាន​លើកឡើងថា មនុស្ស​ចាស់​មួយចំនួន​នៅ​ជនបទ​កូនស្រី​នៅមាន​ឧបសគ្គ​ច្រើន​នៅឡើយ ព្រោះ​ពួកគាត់​តែង​គិតថា​ស្ត្រី​មិនបាច់​រៀន​ច្រើន​ក៏បាន​ដែរ ព្រោះ​មុននឹង​ក្រោយ​គង់តែ​ក្លាយជា​ស្ត្រី​មេផ្ទះ​ដដែល។ កញ្ញា​លើកឡើងថា ជំនាញ​បច្ចេកទេស ឬ​ជំនាញ​នានា​តាមពិតទៅ​ពេលខ្លះ​ស្ត្រី​អាចធ្វើ​បានល្អ​មិន​ចាញ់​បុរស​នោះទេ​ប្រសិនបើ​គាត់​មានការ​តាំងចិត្ត ព្រោះ​ស្ត្រី​មាន​លក្ខណៈពិសេស​ម្យ៉ាង​គឺ​ភាព​ហ្មត់ចត់ និង​ការតស៊ូ​ខ្ពស់៕

  • everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ទាមទារ​ក្នុងតួនាទី​គ្រប់គ្រង​នៅ​កម្ពុជា

    everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ទាមទារ​ក្នុងតួនាទី​គ្រប់គ្រង​នៅ​កម្ពុជា

    everjobs.com.kh ជា​គេហទំព័រ​ការងារ ដែល​រីកលូតលាស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា បានចេញ​ផ្សាយ​ទិន្នន័យ​ដែល​បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​ច្រើន​បំផុត​នៅក្នុង​មុខតំណែង​ផ្នែក​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា​យើង។ ក្រុមហ៊ុន​ការងារ​អន​ឡាញ​បានចេញ​ផ្សាយ​នូវ​ក្រា​ហ្វិ​ច​ទិន្នន័យ​បន្ទាប់ពី​បាន​យកចិត្តទុកដាក់​សង្កេត​យ៉ាងខ្លាំង​ចំពោះ​តួនាទី​ផ្នែក​គ្រប់គ្រង​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ។

    ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការ​ពិរ​ពណ៌​តួនាទី​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង ជាង 2500មុខតំណែង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh បានបង្ហាញ​ពី​ជំនាញ​សមត្ថភាព​មួយចំនួន​ដែល​ត្រូវបាន​ទាមទារ​ច្រើន​បំផុត​នៅពេលដែល​និយោជក​ធ្វើការ​ជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​ក្នុង​ផ្នែក​គ្រប់គ្រង។

    Divotsna Jangir ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ទីផ្សារ​នៅ everjobs.com.kh បាន​មានប្រសាសន៍ថា “ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ យើង​អាច​ប្រមូលផ្តុំ និង​វិភាគ​ទិន្នន័យ​ដែល​បង្ហាញ​អំពី​ការយល់ឃើញ​អំពី​ទីផ្សារការងារសំខាន់ៗនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ យើង​បាន​សង្កេតឃើញថា​ជំនាញ​ក្នុង​ផ្នែក​គ្រប់គ្រង​បាន​ក្លាយជា​ប្រភេទ​ការងារ​ដែលមាន​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ 2015 ដែល​ទាក់ទាញ​បេក្ខភាព​បាន​ជិត 7000នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ។ យើង​ក៏បាន​មើលឃើញថា​ជំនាញ​នេះ​បាន​ក្លាយជា​ប្រភេទ​មុខតំណែង​ការងារ​កំពូល​ដែល​ផ្តល់ជូន​នូវ​ចំនួន​ឱកាស​ការងារ​ច្រើន​បំផុត​នៅ​កម្ពុជា​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ចាប់តាំងពី​ពេលនោះ​មក ”។

    បន្ទាប់ពី​ការវិភាគ​លើ​ជំនាញ​រាប់រយ​ដែល​បានលើកឡើង​នៅលើ​ការ​ពិពណ៌នា​អំពី​ឱកាស​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា everjobs អាច​កំណត់​អត្តសញ្ញាណ​នៃ​គន្លឹះសំខាន់ៗ នៃ​ជំនាញ​ចម្បង និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង​ដែល​ក្រុមហ៊ុននីមួយៗតែងមាន​បំណង​ក្នុងការ​ស្វែងរក​អ្នកគ្រប់គ្រង​ល្អ។

    យើងទាំងអស់គ្នា​បានដឹងថា ‘ការធ្វើផែនការ’ គឺជា​ជំនាញ​ចម្បង​ដែល​ចាំបាច់​បំផុត​នៅពេល​ស្វែងរក​បេក្ខជន​ល្អឥតខ្ចោះ​សម្រាប់​មុខតំណែង​គ្រប់គ្រង។ ជំនាញ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ការងារ​ចំនួន 23% នៃ​ប្រភេទ​ការងារ​ទាំងអស់​ក្នុង​ផ្នែក​គ្រប់គ្រង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ everjobs.com.kh ។ ប្រភេទ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវសំខាន់ៗរួមមាន​សមត្ថភាព​ក្នុងការ​ព្យាករណ៍​ក៏ដូចជា​ការបង្កើត និង​ថែទាំ​ដំណើរការ​នៅក្នុង​អង្គការ​មួយ​ឱ្យបាន​រលូន​ល្អ។ ជំនាញ​ទាំងនោះ​ក៏​ត្រូវបាន​អនុវត្ត​អមដោយ​សមត្ថភាព​ក្នុងការ​ធ្វើជា​អ្នកជំនាញ​ផ្នែក​លក់ និង​ទីផ្សារ​អាជីព​ផងដែរ។

    ដោយបាន​បង្ហាញ​នូវ​តំរូវការ​នៃ​ជំនាញ​បច្ចេកទេសខ្លះៗនោះ ការសិក្សា​នេះ​បានធ្វើ​ចំណាត់ថ្នាក់​ការគ្រប់គ្រង​ថវិកា ការប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍន៍​ការងារ ជា​តម្រូវ​ការដែល​អ្នក​ជំនាញ​ចង់បាន​ក្នុងការ​ពង្រឹង​ជំនាញ​នៃ​មុខតំណែង​អ្នកគ្រប់គ្រង​ដូចគ្នា​ដែរ។

    ប្រភេទ​ជំនាញ​ចុងក្រោយបង្អស់​ដែល​បានលើកឡើង​ក្នុង​ក្រា​ហ្វិ​ច​ទិន្នន័យ​របស់ everjobs គឺ “ជំនាញ​ទន់” ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​គុណសម្បត្តិ​ផ្ទាល់ខ្លួន​ដែល​អ្នកស្វែងរក​ការងារ​ទាំងអស់​ត្រូវតែ​មាន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់ខ្លួន។ everjobs អាច​កំណត់​បាន​ថា ការទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ វិន័យ ការ​ជម្រុញ​ទឹកចិត្ត​ខ្លួនឯង និង​ជំនាញ​ទំនាក់ទំនង គឺជា​ជំនាញ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​បំពេញ​តួនាទី​គ្រប់គ្រង។

    ជាមួយនឹង​បេក្ខភាព​ជិត 7000នាក់ សម្រាប់​មុខតំណែង​ដែល​បានជ្រើសរើស​ចំនួន 1900កន្លែង សម្រាប់​តួនាទី​ផ្នែក​គ្រប់គ្រង​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh ប្រភេទ​ការងារនីមួយៗគឺមាន​ការពេញនិយម​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ។ ទោះបីជា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះមុខ​តំណែង​អ្នកគ្រប់គ្រង​ក៏ដោយ everjobs ជឿជាក់ថា​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកស្វែងរក​ការងារ​ដែល​ត្រូវ​ដឹង​អំពី​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អាច​ទទួលបាន​ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួកគេ។ ក្រុមហ៊ុន​ការងារ​តាម​អន​ឡាញ​បាន​វិភាគ និង​ធ្វើ​ចំណាត់ថ្នាក់​ទិន្នន័យ​របស់​វា​ទៅក្នុង​ប្រភេទ​មូលដ្ឋាន​ជំនាញ​ចំនួន​បី​គឺ ជំនាញ​ចម្បង ជំនាញ​វិធីសាស្ត្រ និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង៕

  • ទឹកប្រាក់​វិនិយោគ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​មាន​ច្រើនជាង​អង់គ្លេស​នាំចូល​កម្ពុជា

    ទឹកប្រាក់​វិនិយោគ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​មាន​ច្រើនជាង​អង់គ្លេស​នាំចូល​កម្ពុជា

    ភ្នំពេញ៖  ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ប្រភេទ​រថយន្ត​ប្រណី​តទី4 របស់​ក្រុមហ៊ុន Jaguar Land Rover គឺ​រថយន្ត Range Rover Velar ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​រក្សាបាន​នូវ​ទំហំ​មួយ​ដ៏​គួរឱ្យកត់សម្គាល់ គឺ​នៅក្នុង​រង្វង់​ប្រមាណ 800 លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 កន្លងទៅ។

    ឯកឧត្តម​បាន​បន្តថា នៅក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 800 លាន​ដុល្លារ​អាមេរិក​នេះ កម្ពុជា​បាន​នាំចេញ​នូវ​ផលិតផល​ប្រភេទ​កសិកម្ម និង​វាយ​ន​ភណ្ឌ​ទៅកាន់​ចក្រភព​អង់គ្លេស នូវ​ទឹកប្រាក់​ប្រមាណ 767 លាន​ដុល្លារ និង​បាន​នាំចូល​មកវិញ​នូវ​ផលិតផល​អេឡិចត្រូនិក និង​មុខទំនិញ​ផ្សេងទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 35 លាន​ដុល្លារ។

    លើសពីនោះ​ទៀត វត្តមាន​របស់​ប្រភេទ​រថយន្ត​ប្រណីត​ថ្មី​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ការជឿទុកចិត្ត​ពេញទំហឹង​របស់​វិនិយោគិន និង​ពាណិជ្ជករ​ទៅលើ​ស្ថេរភាព​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ការនាំ​ចូល​នូវ​រថយន្ត​ថ្មី​មួយ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ជីវភាព​ដ៏​ប្រសើរ​របស់​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច គិត​ជា​មធ្យម 7% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល 2 ទសវត្សរ៍​ចុងក្រោយ៕