Author: វល័ក្ខ

  • ចូលរួម​ត្រេកអរ!! ផ្លែស្វាយ​ខ្មែរ​នឹង​លែងមាន​បញ្ហា​ទីផ្សារ​ទៀតហើយ!

    ចូលរួម​ត្រេកអរ!! ផ្លែស្វាយ​ខ្មែរ​នឹង​លែងមាន​បញ្ហា​ទីផ្សារ​ទៀតហើយ!

    កន្លងមក​ប្រជាកសិករ​ក្នុង​ខេត្ដ​កំពត​ជាច្រើន មាន​ក្ដីបារម្ភ​ជាខ្លាំង​ចំពោះ​ទីផ្សារ​ផ្លែស្វាយ​ក្រោយពី​ប្រមូល​ផល​រួច ខ្លាច​មានការ​កកស្ទះ​ក្នុង​ការលក់​ចេញ ប៉ុន្ដែថ្មីៗនេះ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត​បានបង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​មួយ​ដែល​បញ្ជាក់ថា ប្រជាកសិករ​ដែល​និយម​ដាំ​ដុះ​ដំណាំ​ស្វាយ​ក្នុង​ខេត្ដ​កំពត និង​ទូទាំងប្រទេស​នឹង​លែង​ជួប​បញ្ហា​រឿង​ទីផ្សារ​ទៀតហើយ។

    លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ  បានលើកឡើង​ដោយ​ទទួលស្គាល់ថា កន្លងមក​ផ្លែស្វាយ​របស់​ប្រជាកសិករ​នៅ​ខេត្ដ​កំពត​ពិត​ធ្លាប់​ជួប​បញ្ហា​ទីផ្សារ​មែន ពិសេស​នៅពេល​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម។ ដូច្នេះហើយ​ទើប​សភាពាណិជ្ជកម្ម​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​បញ្ហា​នេះ​ដោយបាន​រិះរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ទីផ្សារ​ជា​រឿង​សំខាន់បំផុត​សម្រាប់​ប្រជាកសិករ​ក្រោយពេល​ប្រមូល​ផល។ អ្វីដែល​បង្ក​ជា​ភាព​រាំងស្ទះ គឺ​ដោយសារតែ​ភាគី​វៀតណាម​សំអាង​លើ​របាំង​បច្ចេកទេស​នៃ​ការដាំដុះ ដូចជា​ការត្រួតពិនិត្យ​លើ​អនាម័យ​ជាដើម។

    ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ បាន​សង្កត់ធ្ងន់ថា៖« ដូច្នេះហើយ​ទើប​យើង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រៀបចំ​ឱ្យមាន​ការអប់រំ​ដល់​ប្រជាកសិករ​ឱ្យ​ងាក​មក​ដាំ​ដុះ​កសិផល ពិសេស​ដំណាំ​ស្វាយ​ដោយ​ប្រើ​ជីសរីរាង្គ​វិញ  ព្រោះ​សភាពាណិជ្ជកម្ម​ជា​អ្នកទទួលខុសត្រូវ​លើ​ទីផ្សារ ប្រសិនបើ​យើង​មិន​ចែករំលែក​ចំណេះដឹង​នេះ​ដល់​ប្រជាកសិករ​ទេ គាត់​នឹង​នៅតែ​បន្ដ​ប្រើ​ជីគីមី វា​នឹង​ធ្វើឱ្យ​ខូច​ទីផ្សារ​ផ្លែស្វាយ​របស់​យើង ព្រោះ​ផ្លែស្វាយ​របស់​យើង​មាន​ភាពល្បីល្បាញ​ណាស់​នៅ​ប្រទេស​ចិន ព្រោះ​ប្រជាជន​ចិន​មានការ​ពេញនិយម​ក្នុងការ​ទទួលទាន​ច្រើន»។

    ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ បាន​បន្ដទៀតថា ផ្លែស្វាយ​កន្លងមក​ត្រូវ​នាំចេញ​តាម​ច្រករបៀង ប៉ុន្ដែ​យើង​បាន​ជជែក​ជាមួយ​ភាគី​វៀតណាម​រួចរាល់​ហើយ ដើម្បី​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្ដរជាតិ។ ជាងនេះទៅទៀត យើង​ក៏​កំពុងតែ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​ចិន​ផ្ទាល់​ទៀតផង ប្រសិនបើ​ផែនការ​នេះ​ធ្វើទៅបាន​ជោគជ័យ យើង​ជឿថា​ផ្លែស្វាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នឹង​ផ្គត់​ផ្គត់​ទៅ​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​ត្រូវ​បន្ត​បន្ថែម​ការដាំដុះ​ឡើង​ទៀត។

    បច្ចុប្បន្ន​នៅក្នុង​ក្របខ័ណ្ឌ​ខេត្ដ​ទាំងមូល​មាន​ប្រជាកសិករ​ដាំ​ដុះ​ដំណាំ​ស្វាយ​លើ​ផ្ទៃដី​ក្នុង​រង្វង់6ពាន់​ហិកតា បច្ចុប្បន្ន​ផ្លែស្វាយ​កំពុងតែ​ក្លាយជា​ផ្លែឈើ​ពេញនិយម​សម្រាប់​ឈ្មួញ​វៀតណាម​ចុះមក​ប្រមូល​ទិញ​តាម​ចម្ការ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម។ ប្រភេទ​ស្វាយ​ដែល​ពេញនិយម​ជាងគេ គឺ​ស្វាយកែវ​រមៀត ដោយ​ក្នុងនោះ​វៀតណាម​ជា​អ្នកទទួលបន្ទុក​លើ​បច្ចេកទេស​ក្នុងការ​បេះ វេច​ខ្ចប់ និង​ដឹកជញ្ជូន​ដោយ​ខ្លួនឯង​ដោយ​ផ្ដល់​តម្លៃ​ឱ្យ កសិករ​កម្ពុជា​ក្នុង1គីឡូ​មានតម្លៃ1800រៀល។

    ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ហាក់ សុ​វណ្ណា  បាន​បញ្ជាក់ថា នៅពេល​ខាងមុខឆាប់ៗនេះ កសិករ​ដែល​និយម​ដាំ​ដំណាំ​ស្វាយ​ទូទាំងប្រទេស​នឹង​លែងមាន​ការព្រួយបារម្ភ​លើ​បញ្ហា​ទីផ្សារ​ទៀតហើយ​ក្រោយពី​កសិករ​អនុវត្ដ​តាម​បទដ្ឋាន​របស់​មន្ទីរ​ក​សិ​កម្ម​ណែនាំ​ក្នុង​ការពង្រឹង​បច្ចេកទេស​ដាំ​ដុះ ព្រោះ​វា​នឹង​កាន់តែ​បើកទូលាយ​ទីផ្សារ​នៅក្រៅ​ប្រទេស​បន្ថែមទៀត។

    លោក​ឧកញ៉ា​បញ្ជាក់បន្ថែម​ថា៖«បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុងស្រុក​បានសម្រេច​សាងសង់​ឃ្លាំង​ត្រជាក់ និង​ឃ្លាំង​សម្រាប់​កែច្នៃ​ផ្លែស្វាយ ក្នុងករណី​ដែល​ផ្លែស្វាយ​មិនជា​ប់​ចំណាត់ថ្នាក់​ក្នុងការ​នាំចេញ យើង​នឹង​យកមក​កែច្នៃ​ធ្វើជា​ដំណាប់​ស្វាយ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញទៅ​បរទេស ឃ្លាំង​នេះ​មាន​ទីតាំងនៅ​ខេត្ដ​កំពង់ស្ពឺ។ នៅ​ឆ្នាំ2018 នឹងមាន​ក្រុមហ៊ុន​ក្នុងស្រុក​ផ្សេងទៀត​បង្កើត​ឃ្លាំង​ប្រភេទ​នេះ​បន្ថែមទៀត។ នៅពេល​យើង​មាន​ឃ្លាំង​ទាំងនោះ​ហើយ វា​នឹង​ក្លាយជា​ក្ដីសង្ឃឹម​របស់​កសិករ​យើង ព្រោះ​បើ​សរុប​ផ្ទៃដី​នៃ​ការដាំដុះ​ស្វាយ​ទូទាំងប្រទេស​របស់​កសិក​រ​យើង​មាន​ក្នុង​រង្វង់​ជិត1លាន​ហិកតា​ឯណោះ ដូច្នេះ​យើង​ត្រូវតែ​យក​ចិ​ត្ដ​ទុក​លើ​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់»៕

  • Taxi Uber បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា

    Taxi Uber បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា

    ក្រោយ​បើក​ដំណើរការបាន​ជាង 600 ទីក្រុង​នៅ​ទូទាំង​ពិភពលោក​រួចមក ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​របស់​សហរ​ដ្ឋ​អាមេរិក Uber ដែល​ហៅ Taxi តាម​កម្មវិធី​ទូរស័ព្ទ បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ជា​ផ្លូវការ​ហើយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី28 ខែកញ្ញា នេះ។ ការបើក​ដំណើរ​នេះ ជា​មធ្យោបាយ​ថ្មី និង​ងាយស្រួល​មួយទៀត​សម្រាប់​អ្នកធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​លើ​ស្មា​ត​ហ្វូ​ន​របស់​លោកអ្នក ហើយ​លោក​អ្នកនឹង​ទទួលបាន​សេវា​ដឹកជញ្ជូន​ធ្វើដំណើរ​ក្នុងតម្លៃ​សមរម្យ មាន​ទំនុកចិត្ត និង​សុវត្ថិភាព។

    លោក Brooks Entwistle នាយក​គ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន Uber បានឱ្យដឹងថា ការបើក​ដំណើរ​កម្មវិធី Uber ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​លោក​បាន​នាំមក​នូវ​បច្ចេកវិទ្យា Ridesharing ដើម្បី​បម្រើសេវា​ជូន​អ្នកធ្វើដំណើរ​អ្នកបើកបរ​ជា​ដៃគូ និង​អ្នក​រស់នៅក្នុង​រាជធានី​ភ្នំពេញ។ ទាំងអស់នេះ​ជាការ​រួមចំណែក​ដល់​វិស័យសេដ្ឋកិច្ច​ជាមួយ​សក្ដានុពល​ឈានមុខ​គេ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ដែល​អាចឆ្លើយតប​ទៅនឹង​បច្ចេកវិទ្យា និង​ឱកាសថ្មី។ លោក​បន្ដថា បច្ចុប្បន្ន Uber មានដំណើរ​ការ​លើ 78 ប្រទេស និង 600 ទីក្រុង​ទូទាំង​ពិភពលោក ហើយ​រាជធានី​ភ្នំពេញ​ក៏មាន​នៅក្នុង​នោះដែរ។

    ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា រយៈពេល 5 ខែ​ហើយ​ដែល​ក្រសួង​បាន​សហការ​ជាមួយនឹង Uber ដើម្បី​ស្វែងយល់ និង​នាំមក​នូវ​ប្រព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន “shared mobility” ថ្មី​ដូចជា​បច្ចេកវិទ្យា​កម្មវិធី Ridesharing។ ការសម្ពោធ​កម្មវិធី Uber ថ្ងៃនេះ​បង្ហាញឱ្យឃើញ​ពី​ការរួមចំណែក​របស់​រា​ជ​រដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​ផ្ដល់នូវ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី។

    ឯកឧត្តម​ថ្លែងថា៖ «វា​ជាការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ធ្វើដំណើរ​បែប​ទំនើប​ប្រកបដោយ​គុណភាព​ទំនុកចិត្ត និង​សុវត្ថិភាព»។

    ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា  Uber នាំមក​នូវ​បច្ចេកវិទ្យា​ច្នៃ​បង្កើត​ថ្មី​មកកាន់​កម្ពុជា​ដើម្បី​ផ្ដល់ជូន​នូវ​ជម្រើស​មធ្យោបាយ​ដឹកជញ្ជូន​ធ្វើដំណើរ​ថ្មី​មួយ​សម្រាប់​អ្នកដំណើរ​ក៏ដូចជា​ឱកាស​រក​ចំណូល​សម្រាប់​អ្នកបើកបរ​ផងដែរ។ នេះ​ជា​គំរូ​ឧទាហរណ៍​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី​នេះ៕

  • ជីវិត និង​ស្នាដៃ​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ

    ជីវិត និង​ស្នាដៃ​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ

    ស្ថាបត្យករ​កម្ពុជា​ដ៏​ឆ្នើម​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ បាន​ចូល​មរណកាល​ហើយ​នៅ​ព្រឹក​ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2017 នេះ ក្នុង​ជន្មាយុ 91 ឆ្នាំ នៅក្នុង​ភូមិ​មណ្ឌល3 សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយសារតែ​រោគាពាធ។

    លោកតា​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ1926 នៅ​ស្រុក​រាម ខេត្តកំពត។ លោក​បាន​បញ្ជ​ប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ 1944 និង​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង 1946។

    ទៅដល់​ប្រទេស​បារាំង លោក​បាន​ប្តូរ​ជំនាញ​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​ក្នុង​ទីក្រុង​ប៉ារីស​វិញ ក្រោយ​ពេលដែល​លោក​ទៅ​សិក្សា​បាន​មួយឆ្នាំ​នៅ​ប្រទេស​បារាំង។ ក្រោយ​បញ្ចប់​ការសិក្សា លោក​បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ 1955 មុនពេល​ដែល​លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​កម្ពុជា និង​ក្លាយជា​ព្រឹទ្ធបុរស​ទី1 នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ឆ្នាំ 1965។

    លោក វណ្ណ មូលី​វណ្ណ បាន​រចនា​គម្រោង​ស្ថាបត្យកម្ម​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ចន្លោះ​ទសវត្សរ៍ 60 និង​ទស្សវត្សរ៍ 70 ទាំង​នៅតាម​ទី​រួម​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ។ ស្នាដៃ​របស់លោក​នៅពេល​នោះ ជា​ស្ថាបត្យកម្ម​ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត និង​មាន​ភាព​ប្រណីត​ខ្ពស់ ដែលមាន​ដូចជា វត្ត​អារាម សាលសន្និសីទ​ចតុមុខ អគារ​គណៈរដ្ឋមន្ត្រី វិមាន​រដ្ឋ ស្ថានទូត​ខ្មែរ​នៅ​បរទេស វិមានឯករាជ្យ សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត អគារ​វិទ្យាស្ថាន​ជាតិ បច្ចេកវិទ្យា និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួមជាមួយ​នឹង​អគារសំខាន់ៗមួយចំនួនទៀត​ដែរ។

    ក្រោយ​ពេលដែល​សង្គមរាស្ត្រនិយម​ត្រូវបាន​ផ្តួលរំលំ​ដោយ​ការធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ 1970 នៅ​ឆ្នាំ1972 លោក វណ្ណ មូលី​វណ្ណ និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ស្វ៊ី​ស និង​បានធ្វើ​ការឱ្យ​គម្រោង​មួយ​របស់​អង្គការសហប្រជាជាតិ​ដែលមាន​ឈ្មោះថា UN Human Settlements Program មុននឹង​លោក​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ 1991។ ក្រោយ​ពេលដែល​លោក​មកដល់​កម្ពុជា លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​លោក​ក៏​ជា​កម្លាំង​ដ៏​សំខាន់​ម្នាក់​ក្នុងការ​បង្កើត​អាជ្ញាធរ​អប្សរា​ផងដែរ។

    ជា​ចុងក្រោយ​នៃ​ទីនេះ គេហទំព័រ ឡា​រ៉ែ​ន​សូម​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​យ៉ាង​ក្រៃលែង​ចំពោះ​ដំណឹង​នៃ​ការចូល​មរណកាល​រប​ស់​លោកតា​ព្រឹទ្ធាចារ្យ មហា​ស្ថាបត្យករ​ខ្មែរ និង​សូម​ចូលរួម​សម្ដែង​មរណទុក្ខ​នាឱកាស​ដ៏​ក្រៀមក្រំ​នេះ​ផង។ សូម​វិញ្ញាណក្ខន្ធ​លោកតា​ព្រឹទ្ធាចារ្យ​អញ្ជើញ​ទៅកាន់​សុគតិភព​កុំបី​អាក់ខាន​ឡើយ៕

  • ក្រុមហ៊ុន Grab ចូលជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូននៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា

    ក្រុមហ៊ុន Grab ចូលជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូននៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា

    រាជធានី​ភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017៖ ក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន​ដែល​ផ្ដល់នូវ កម្មវិធី​សេវា​ដឹកជញ្ជូន​តាម​តម្រូវការ​ឈានមុខ​គេ​មួយ​ដែល​ដឹកនាំ​ដោយ​លោក Yee Wee Tang ប្រធាន​ប្រចាំ​ប្រទេស​ថៃ និង​ប្រតិភូ​របស់លោក មាន​កិត្តិយស​បាន​ចូលជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​តើ​ក្រុមហ៊ុន Grab អាច​ដើរតួនាទី​អ្វីខ្លះ​ក្នុងការ​គាំទ្រ​គោលដៅ​របស់​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​ក្នុងការ​កែលម្អ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    នៅក្នុង​ជំនួប​ប្រជុំ​នោះ លោក Yee បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ស៊ុន ចាន់ថុល ដែល​បាន​គាំទ្រ ហើយ​បានបញ្ជាក់​ពី​ឆន្ទៈ​របស់​ក្រុមហ៊ុន Grab ក្នុងការ​សហការ​ជាមួយ​អ្នកជំនាញ​មកពី​ក្រសួង​ទៅលើ​នីតិវិធី​ផ្ដល់​អាជ្ញា​បណ្ណ ព្រមទាំង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមហ៊ុន Grab មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​នៃ​សេវា​ដឹកជញ្ជូន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា និង​មានបំណង​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ក្រុមហ៊ុន​របស់ខ្លួន​ក្នុង​នៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Grab មានបំណង​នាំយកមក​នូវ​កម្មវិធី​បច្ចេកវិទ្យា​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ផងដែរ។ ក្រុមហ៊ុន Grab នឹង​បើក​សំភោ​ធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា នៅពេលដែល​ទទួលបាន​អ​ញ្ញា​ប័ត្រ​ពី​ក្រសួង។

    Grab គឺជា​ក្រុមហ៊ុន​ដែល​ផ្ដល់​កម្មវិធី​សេវា​ដឹកជញ្ជូន និង​ទូទាត់​ប្រាក់​ចល័ត​ឈានមុខ​គេ​ដ៏​ល្បី​មួយ​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​មាន​ផ្ដល់នូវ​កម្មវិធី​ផលិតផល​ស្នូល​ដូចជា​ដំណោះស្រាយ​សេវា​ដឹកជញ្ជូន​សម្រាប់​អ្នកបើកបរ និង​អ្នកដំណើរ ដោយ​ផ្ដោតលើ​ភាពងាយស្រួល សុវត្ថិភាព និង​ភាពជឿ​ទុកចិត្ត។

    ចាប់តាំងពី​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ2012 មក ក្រុមហ៊ុន​បាន​ជួយ​លើកកម្ពស់​ជីវិត​ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​នេះ។ ជា​មធ្យម អ្នកដំណើរ​របស់​ក្រុមហ៊ុន Grab បាន​ទៅដល់​គោលដៅ​របស់ខ្លួន​លឿន​ជាង​ពេលវេលា​ធ្វើដំណើរ​ទាំងមូល​រហូត​ដល់​ពាក់កណ្ដាល (កាត់បន្ថយ ជា​មធ្យម 52% នៃ​ម៉ោង​ធ្វើដំណើរ) បើ​ធៀប​ជាមួយ​ជម្រើស​ដឹកជញ្ជូន​សាធារណ​ក្នុង​ទីក្រុង​របស់​ពួកគេ។ ក្រុមហ៊ុន Grab ក៏បាន​ធ្វើ​ឲ្យ​ការធ្វើដំណើរ​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​រាប់លាន​នាក់​របស់ខ្លួន​ដោយបាន​លើក​របារ​សុវត្ថិភាព​នៅ​កន្លែង​សំចត​ឡើង​ជិះ។ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កម្មវិធី​របស់ Grab គិត​ជា​មធ្យម​គឺ​ទាប​ជាង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថ្នាក់ជាតិ​ក្នុងប្រទេស​ដែល​ខ្លួន​កំពុង​ប្រតិបត្តិការ​នោះ​ដល់​ទៅ ៥ដង ។ លើសពីនេះ ដៃគូ​អ្នកបើកបរ​របស់​ក្រុមហ៊ុន Grab អាច​រកប្រាក់​បន្ថែម​បានជា​មធ្យម មួយ​ភាគបី (32%) ក្នុង​មួយ​ម៉ោង បើ​ធៀប​ជាមួយ​ប្រាក់​ឈ្នួល​កម្មករ​ជា​មធ្យម​នៅ​គ្រប់​ទីផ្សារ​ទាំងអស់​របស់​ក្រុមហ៊ុន Grab។

    បច្ចុប្បន្ននេះ កម្មវិធី (app) របស់​ក្រុមហ៊ុន Grab ត្រូវបាន​ប្រជាជន​ទាញយក​ទៅប្រើ​ប្រាស់ (download) នៅក្នុង​ឧបករណ៍​ជាង 60 លាន​គ្រឿង និង​មាន​អ្នកដំណើរ​ប្រចាំថ្ងៃ ជាង 3 លាន​នាក់ ដែល​ធ្វើ​ឲ្យ Grab ក្លាយជា​កម្មវិធី​ផ្ដល់​សេវា​ដឹកជញ្ជូន​ដ៏​ធំ​បំផុត និង​ជា​កម្មវិធី (app) ពេញនិយម​មួយ​ដែល​អ្នកបើកបរ និង​អ្នកដំណើរ​ភាគច្រើន​ចូលចិត្ត​ប្រើ​បំផុត​នៅក្នុង​តំបន់។

    នៅ​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន Grab ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​សេវា​ដឹកជញ្ជូន​ទីមួយ​ដែល
    សហការ​ជាមួយ​ធនាគារពិភពលោក​ក្នុងការ​បង្កើត​កម្មវិធី OpenTraffic ដែលជា​កម្មវិធី​ទិន្នន័យ​ឆ្លាត
    វ័យ (smart data platform) ដែល​រដ្ឋាភិបាល​ក្រុង​អាច​ប្រើប្រាស់​បាន​ដោយ​ឥតគិតថ្លៃ ដើម្បី​តាមដាន​ស្ថានភាព​ចរាចរណ៍​នៅ​ម៉ោង​ជាក់ស្ដែង និង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា
    សម្ព័ន្ធ​ផ្លូវថ្នល់ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​អនាគត ព្រមទាំង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផងដែរ។

    បច្ចុប្បន្ន ក្រុមហ៊ុន Grab បាន​នឹង​កំពុងផ្ដល់​សេវា​នៅក្នុង​ទីក្រុង​ចំនួន 114 នៅក្នុង​ប្រទេស​ចំនួន 7 ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ដូចជា៖ សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា។

     

    អំពី​ក្រុមហ៊ុន Grab

    ក្រុមហ៊ុន Grab គឺជា​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​សេវា​ដឹកជញ្ជូន និង​ទូទាត់​ប្រាក់​ចល័ត​ឈានមុខ​គេ​ដ៏​ល្បី  មួយ​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Grab បាន​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​លើ​ការធ្វើដំណើរសំខាន់ៗ និង​បានធ្វើ​ឲ្យ​សេរីភាព​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាជន​ប្រមាណ 620 លាន​នាក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្លាយជា​ការពិត។ ក្រុមហ៊ុន Grab មាន​ផ្ដល់នូវ​កម្មវិធី​ផលិតផល​ស្នូល​ដូចជា ដំណោះស្រាយ​ដឹកជញ្ជូន​សម្រាប់​អ្នកបើកបរ និង​អ្នកដំណើរ ដោយ​ផ្ដោតលើ​ភាពងាយស្រួល សុវត្ថិភាព និង​ភាពជឿ​ទុកចិត្ត ព្រមទាំង​កម្មវិធី​ទូទាត់​ប្រាក់​ចល័ត​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា GrabPay ដែល​កំពុង​បង្កើន​ការប្រើប្រាស់​នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ចល័ត​សម្រាប់​អ្នកដំណើរ និង​អ្នកបើកបរ​របស់​ក្រុមហ៊ុន Grab រាប់លាន​នាក់​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ និង​ជាការ​ដាក់បញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ផងដែរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Grab បាន​នឹង​កំពុងផ្ដល់សេវា​នៅក្នុង​ប្រទេស​មួយចំនួន​ដូចជា៖ សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម និងមី​យ៉ាន់​ម៉ា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​វេ​ប​សាយ​ត៍  https://www.grab.com .។

    សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​សូម​ទំនាក់ទំនង៖
    Nattianan Vanichchanant (Apple) អ៊ីមែល៖ [email protected]

  • ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បាន​ចាក​ចេញពី​យើងទាំងអស់គ្នា​ហើយ!!!

    ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បាន​ចាក​ចេញពី​យើងទាំងអស់គ្នា​ហើយ!!!

    ស្ថាបត្យករ​កម្ពុជា​ដ៏​ឆ្នើម​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2017 នេះ ក្នុង​ជន្មាយុ 91 ឆ្នាំ នៅក្នុង​ភូមិ​មណ្ឌល3 សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយសារតែ​រោគាពាធ៕

  • ដំណឹង​ល្អ! តម្លៃ​ប្រេងសាំង​នឹង​ធ្លាក់ចុះ​បន្តិច​នៅ​ចុងខែ​តុលា​ខាងមុខនេះ

    ដំណឹង​ល្អ! តម្លៃ​ប្រេងសាំង​នឹង​ធ្លាក់ចុះ​បន្តិច​នៅ​ចុងខែ​តុលា​ខាងមុខនេះ

    ភ្នំពេញ៖ ដើម្បី​ជួយ​សម្រួល​ការចំណាយ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ សិស្ស-និស្សិត មន្ត្រីរាជការ ក៍​ដូចជា​កម្មករ-កម្មការិនី​ដែរនោះ ក្រសួង​ពាក់ព័ន្ធធំៗចំនួន3 បានរៀបចំ​កិច្ចប្រជុំ​ដ៍​កម្រ​មួយ​ឡើង​ដើម្បី​កំណត់​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​ឱ្យមាន​តម្លៃ​ទាប​ជាង​មុន។

    កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017ម្សិលមិញ​នេះ ដើម្បី​ធ្វើការ​កែសម្រួល​តម្លៃ​សម្រាប់​ការលក់​ផលិតផល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង ព្រមទាំង​តំណាង​ក្រុមហ៊ុន​ចែកចាយ និង​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមាណ​ជាង 30នាក់។

    ជា​លទ្ធផល​អង្គ​ប្រជុំបាន​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​សេចក្តីប្រកាស​រួម ស្តីពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដើម្បី​ជួយ​សម្រួល​វិស័យ​ឯកជន និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​គុណភាព​ប្រេងសាំង​ស៊ុប​ពែរ ព្រមទាំង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន និង​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​គ្រប់​មជ្ឈដ្ឋាន។

    សេចក្តីប្រកាស​អន្តរក្រសួង​ថ្មី​នេះ ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​រដ្ឋមន្ត្រី នៃ​ស្ថាប័នសំខាន់ៗចំនួន3គឺ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​លើ​ការកំណត់​តម្លៃ​សម្រាប់​ការលក់​ផលិតផល​ប្រេងសាំង​ស៊ុប​ពែរ (EA95), ប្រេងសាំង​ធម្មតា (EA92) និង​ប្រេងម៉ាស៊ូត ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន។

    សេចក្តីសម្រេច​នេះ​បាន​កំណត់ឱ្យ​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី1 ខែតុលា ឆ្នាំ2017 ដោយ​ការកំណត់​តម្លៃ Premium សម្រាប់​ប្រេងសាំង​ស៊ុប​ពែរ (EA95) នឹង​ពុំមាន​តទៅទៀត​ឡើយ។ ស្របគ្នា​នេះដែរ តម្លៃ Premium សម្រាប់​ប្រេងសាំង​ធម្មតា (EA92) នឹងត្រូវ​បញ្ចុះ​ពី 0,23 ដុល្លារ/លីត្រ មក​នៅត្រឹម 0,22 ដុល្លារ/លីត្រ និង​តម្លៃ Premium សម្រាប់​ប្រេងម៉ាស៊ូត នឹងត្រូវ​បញ្ចុះ​ពី 0,27 ដុល្លារ/លីត្រ មក​នៅត្រឹម 0,25 ដុល្លារ/លីត្រ ផងដែរ៕

  • Neymar ជួយ​ឲ្យ PSG ផ្តួល Bayern ខណៈ Chelsea ផ្តល់​ការខកចិត្ត​ដល់ Atletico

    Neymar ជួយ​ឲ្យ PSG ផ្តួល Bayern ខណៈ Chelsea ផ្តល់​ការខកចិត្ត​ដល់ Atletico

    ក្រុម Paris St-Germain បាន​យកឈ្នះ​លើ​ក្រុម Bayern Munich ដោយ​លទ្ធផល 3-0 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ ដើម្បី​នាំមុខ2ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ពូ​ល B។ ខ្សែការពារ Dani Alves បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន ក្រោយពី​លេង​បានត្រឹមតែ84 វិនាទី ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​យ៉ាង​ល្អ​ពី​សំណាក់ Neymar បន្ទាប់មក​អ្នកចាំទី Alphonse Areola បាន​សង្គ្រោះ​បាល់​មួយ​គ្រាប់​យ៉ាង​ល្អ​ដើម្បី​រារាំង​មិន​ឲ្យ​កីឡាករ Javi Martinez របស់​ក្រុម Bayern រក​គ្រាប់​បាល់​តាម​ស្មើ​បាន  មុនពេល PSG បំពេញ​ការទទួល​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​នៅពេល​ចប់​ការប្រកួត។

    ខ្សែប្រយុទ្ធ Edinson Cavani បាន​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន នៅមុន​ពេល Neymar បាន​ជួយ​ឲ្យ​ពួកគេ​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 3-។ ស្របពេល​ជាមួយគ្នានេះដែរ នៅក្នុង​ការប្រកួត​ពូ​ល B មួយគូ​ទៀត ក្រុម Celtic បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ ដូចគ្នា​នៅលើ​ទឹកដី​ក្រុម Anderlecht ដើម្បី​តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម Bayern។ លោក Unai Emery គ្រូបង្វឹក​របស់ PSG បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​សំខាន់បំផុត​នោះ​គឺ​ការ​ដណ្តើមបាន3ពិន្ទុ ប៉ុន្តែ វា​ក៏​សំខាន់​សម្រាប់​ខ្ញុំ​ផងដែរ​ដែល​អ្នកគាំទ្ររ​បស់​យើង​បាន​រីករាយ​នឹង​ការប្រកួត​នេះ និង​ឃើញ​យើង​ឈ្នះ​ពេល​ជួបនឹង​ក្រុម​ដ៏​ខ្លាំង​មួយ»។

    ក្នុងការ​ប្រកួត​មួយគូ​ផ្សេងទៀត​នា​ថ្ងៃ​ដដែល​នោះដែរ ខ្សែប្រយុទ្ធ Michy Batshuayi បា​នរក​គ្រាប់​បាល់​ឈ្នះ​ឱ្យ​ក្រុម Chelsea របស់ខ្លួន​ផ្តួល​ម្ចាស់ផ្ទះ Atletico Madrid ក្នុង​លទ្ធផល 2-1។ Chelsea បានធ្វើការ​វាយលុក​ពី​ការ​ដេញតាម​ពីក្រោយ1គ្រាប់​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Antoine Griezmann ដើម្បី​កត់ត្រា​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅលើ​ទឹកដី​ក្រុម Atletico តាមរយៈ​គ្រាប់​បាល់​របស់ Alvaro Morata និង Batshuayi៕

    ប្រភពពី៖ BBC

  • Man United លត់ CSKA ចាស់ដៃ ខណៈ Higuain ជួយ​ឲ្យ Juventus

    Man United លត់ CSKA ចាស់ដៃ ខណៈ Higuain ជួយ​ឲ្យ Juventus

    លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​និយាយថា ក្រុម​របស់លោក​ស្ទើរតែ​បាន​ស្ថិតក្នុង​ក្របខ័ណ្ឌ Champions League វគ្គ16ក្រុម​ចុងក្រោយ​ទៅហើយ ក្រោយពី​បាន​លត់​ក្រុម CSKA Moscow យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-1 ក្នុងប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ខ្សែប្រយុទ្ធ Anthony Martial បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី1គ្រាប់​ដោយ​បាល់​ប៉េ​ណា​ល់​ទី ហើយ Henrikh Mkhitaryan បា​នរក​គ្រាប់​បាល់​ទី4សម្រាប់​ក្រុម​ខ្លួន ខណៈដែល​ក្រុម​បិសាច​ក្រហម Man United បាន​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​ក្នុង​ពូ​ល A។ ក្រុម Man United បានទទួល​ជ័យជម្នះ​តែ1លើក​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ธไ​ទឹកដី10លើកចុងក្រោយ​របស់​ពួកគេ​នៃ​យុទ្ធនាការ​នេះ ប៉ុន្តែ ការរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ18នាទី បាន​ជួយ​ឲ្យ​ក្រុម​យក្ស​អង់គ្លេស​មួយ​នេះ បំពេញ​ការទទួលបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​នៅ​កីឡដ្ឋាន VEB Arena តែម្តង។

    លោក Mourinho ដែល​ក្រុម​របស់លោក បាន​ផ្តួល​ក្រុម Basel 3-0 ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​កាលពី 2សប្តាហ៍​មុន​នោះ បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​សំខាន់បំផុត​គឺ​ការរកបាន 6ពិន្ទុ​ពី2ប្រកួត និង​ស្ថិតក្នុង​ទីតាំង​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ Champions League»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ត្រូវតែ​ទទួលស្គាល់ថា រូបគេ (Lukaku) កំពុងតែរកបានគ្រាប់បាល់បញ្ចូលទីដ៏សំខាន់ៗស្ទើរតែរាល់ការប្រកួតទាំងអស់។

    យើងដឹងថា រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ រូបគេអាចរកគ្រាប់បាល់បានច្រើន ហើយការលេងក្នុងក្រុមដែលប្រជុំដោយកីឡាករឆ្នើមៗជាច្រើន វាកាន់តែងាយស្រួលទៅទៀតក្នុងការរកគ្រាប់បាល់» ស្របពេលជាមួយគ្នានេះដែរ Gonzalo Higuain បានធ្វើ​ឲ្យ​យុទ្ធនាការ Champions League របស់​ក្រុម Juventus ជួប​ភាពល្អប្រសើរ​ឡើងវិញ ក្រោយពី​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន​មួយ​នេះ ទទួល​ជ័យជម្នះ 2-0 លើ​ក្រុម Olympiakos ក្នុងការ​ប្រកួត​ពូ​ល D កាលពី​ថ្ងៃ​ពុធ៕

    ប្រភពពី៖ BBC

  • ជប៉ុន​ផ្តល់​បច្ចេកទេស​សាងសង់​លូ​នៅ​ទីកន្លែង​តូចចង្អៀត

    ជប៉ុន​ផ្តល់​បច្ចេកទេស​សាងសង់​លូ​នៅ​ទីកន្លែង​តូចចង្អៀត

    ភ្នំពេញ៖ ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិចលង់​ជា​បន្តបន្ទាប់​នៅតាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​បណ្តុះបណ្ដាល​ជំនាញ​សាង​បណ្តាញ​លូបង្ហូរទឹក​នៅក្នុង​ទីតាំង​ដែលមាន​កន្លែង​តូចចង្អៀត​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

    ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណកា​រ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ដោយមាន​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ដ ជាពិសេស​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន ការសាងសង់​សំណង់​ក្រោម​ដី ដូចជា​ការសាងសង់​ប​ណ្តា​ញ​លូ និង​បរិក្ខារ​ផ្លូវថ្នល់ផ្សេងៗបាន​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ក្រសួង ស្ថាប័ន និង​មន្ទីរ​សាធារណការ​ខេត្ត ដែល​ទទួលខុសត្រូវ​លើ​ការងារ​សាងសង់ ថែទាំ-ជួសជុល និង​សម្រាប់​វិស្វករ​សំណង់​ស៊ីវិល​ផងដែរ។

    ដើម្បី​បង្កើន​ការយល់ដឹង​បន្ថែម និង​បច្ចេកវិទ្យាថ្មីៗដែល​មិន​ចំណាយ​ច្រើន កាត់បន្ថយ​ផលប៉ះពាល់ ឬ​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​កម្រិត​អតិបរមា ផ្តល់​ផល​កម្រិត​អតិបរមា​នោះ នៅ​ថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017 អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ (SMCD) សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានរៀបចំ​សិក្ខាសាលា វគ្គ​បំពាក់​បំប៉នបន្ថែម​មួយ​ដល់​មន្ត្រី​ជំនាញ​ដែល​កំពុង​បម្រើការ​តាម​នាយកដ្ឋាន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មួយចំនួន​ដែលជា​សេនាធិការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    សិក្ខាសាលា​ចំណាយពេល​ពេញ​មួយថ្ងៃ​ស្តីអំពី៖

    1.បច្ចេកវិទ្យា​នៃ​ការដាក់​លូ​ដោយ​មិន​ជីករណ្តៅ (Trenchless Pipe Installation/Pipe Jacking Method)។

    2.ផលិតផល​បណ្តាញ​លូ​ចាក់​រួចស្រេច​ដែលមាន​រង្វង់​មុខកាត់ផ្សេងៗ ឃឿន​ផ្លូវ​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់ និង​ឥដ្ឋការ៉ូ​រៀប​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​កម្ពុជា​ក៏ត្រូវ​បានបង្ហាញ​នៅក្នុង​អង្គសិក្ខាសាលា​នេះ​ផងដែរ ។

    គួរ​បញ្ជាក់ថា អង្គសិក្ខាសាលា​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង មានការ​បញ្ចេញ​មតិយោបល់​ទទួលយក​នូវ​បច្ចេកទេស វិធីសាស្ត្រ​សាងសង់​លូ​ក្នុង​ទីកន្លែង​តូចចង្អៀត​ដែល​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា និង​ចែករំលែក​ពីបទ​ពិសោធ​គ្នា​ទៅវិញទៅមក​រវាង​មន្ត្រី​បច្ចេកទេស​កម្ពុជា និង​អ្នកជំនាញ​របស់​អង្គការ(JICA)ជប៉ុន៕

  • UNICEF ថា កុមារ 80% ក្នុង​មណ្ឌល​កុមារកំព្រា មាន​ឪពុកម្តាយ

    UNICEF ថា កុមារ 80% ក្នុង​មណ្ឌល​កុមារកំព្រា មាន​ឪពុកម្តាយ

    អង្គការ UNICEF នៅ​កម្ពុជា​បាន​បង្ហាញថា មាន​កុមារ​ប្រមាណ 80% ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​ថែទាំ ឬ​មជ្ឈមណ្ឌល​កុមារកំព្រា សុទ្ធ​តែមាន​ឪពុក ឬ​ម្តាយ​ដែល​នៅមាន​ជីវិត។ ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ស្រប​ពេលដែល​អង្គ​ការដែល​ធ្វើ​ការងារ​សំខាន់​ពាក់ព័ន្ធ​នឹង​កុមារ​មួយ​នេះ​ចង់បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការបរិច្ចាគ​ដោយ​មិន​ចំ​ទិសដៅ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​មួយចំនួន។

     

    UNICEF Cambodia ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នក​បរិច្ចាគ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​គួរ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ការដែល​បរិច្ចាគ​ទៅកាន់​មណ្ឌល​កុមារកំព្រា​ដែល​ប្រតិបត្តិការ​ក្នុង​រូបភាព​ជំនួញ វា​ប្រៀបដូចជា​ការចូលរួម​ចំណែក​ក្នុងការ​បំបែក​កុមារ​ចេញពី​គ្រួសារ​របស់គេ​ដោយ​មិនដឹង​ខ្លួន​ដូច្នោះ​ដែរ។ តាម​ការបង្ហាញ​របស់​អង្គការ​ខាងលើ​បាន​បញ្ជាក់ថា កុមារ​ដែល​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​មាន​ស្ថានភាព​ផ្លូវចិត្ត​មិនល្អ​ដូច​កុមារ​ដែល​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​នោះទេ ហេតុនេះ​សូម​រួមគ្នា​ជំរុញ​ឱ្យធ្វើ​យ៉ាងណា​ជួយ​ឱ្យ​កុមារ​បានរស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ​វិញ​ប្រសើ​ជាជាង​ធ្វើការ​ជំរុញ ឬ​បរិ​ច្ចាគឱ្យ​កុមារ​ចេញពី​គ្រួសារ។

    ជា​ស្ថានភាព​ជាក់ស្តែង អង្គការ​មនុស្សធម៌​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា កំពុង​ធ្វើ​ជំនួញ ឬ​កេងចំណេញ​លើ​ថវិកា​ដែល​ត្រូវ​ផ្តល់ឱ្យ​កុមារ​ទាំងនោះ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​សកម្មភាព​ទាំងនេះ​ជំរុញឱ្យមាន​ភាព​អសកម្ម​កាន់តែច្រើន​ដល់​កុមារ។

    លោក ប៉ត សុផល នាយក​ប្រតិបត្តិ​អង្គការ​បណ្តុះបណ្តាល​មូលដ្ឋាន​ដែលជា​អង្គ​ការជួយ​កុមារ​នៅក្នុង​សហគមន៍​ឃុំ​ជី​រ៉ូ នៃ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ការអប់រំ​កុមារ​នៅក្នុង​មូលដ្ឋាន ដោយ​ការផ្គត់ផ្គង់​ជា​សម្ភារ និង​ការបណ្តុះបណ្តាល​ជំនាញ ឬ​ភាសាបរទេស​ដល់​កុមារ អាច​ជំរុញ​ឱ្យ​ពួកគេ​ទទួលបាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ស្រប​ពេលដែល​ពួកគេ​នៅតែមាន​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ។ កុមារ​ពិតជា​ត្រូវការ​ការយកចិត្តទុកដាក់ ហេតុនេះ​ការជំរុញ​កុមារ​ឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់​អាចជួយ​ដល់​ពួកគេ​ផង និង​សម្រាល​បន្ទុក​របស់​ពួកគេ​នៅ​មូលដ្ឋាន​ជាក់ស្តែង​ផង ដែល​នឹង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ដ៏​មានគុណ​ភាព​នៅ​ថ្ងៃ​អនាគត៕