Author: វល័ក្ខ

  • លោកជំទាវ តាំង ហ្គិ​ច​លៀង៖  អ្នកដឹកនាំ​ពូកែ គឺ​គេ​យក​បេះដូង​ទៅ​ដឹកនាំ…

    លោកជំទាវ តាំង ហ្គិ​ច​លៀង៖  អ្នកដឹកនាំ​ពូកែ គឺ​គេ​យក​បេះដូង​ទៅ​ដឹកនាំ…

    ការគ្រប់គ្រង និង​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់បំផុត​សម្រាប់​ម្ចាស់​ស្ថាប័ន​មួយ ឬ​បុគ្គល​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត​ត្រូវតែ​ចេះ និង​មាន​វិធីសាស្ត្រ​គ្រប់គ្រង ឬ​មាន​ភាពជា​អ្នកដឹកនាំផ្សេងៗគ្នា​ទៅតាម​ភាព​វៃឆ្លាត ក៏ដូចជា​បទពិសោធ​រៀងៗខ្លួន។

    បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ នៅក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ បាន​លើកឡើងថា អ្នកដឹកនាំ​ដែល​ល្អ គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ មាន​ភាពជា​គំរូ​ល្អ មានការ​ជំរុញ​ទឹកចិត្ត​ខ្លាំង និង​មានការ​ទទួលខុសត្រូវ​ខ្ពស់។

    លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ «អ្នកដឹកនាំ​ដែល​ល្អ​គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ ហើយ​វិធីសាស្ត្រ​ដែល​អាចដឹកនាំ​ដោយ​របៀបនេះ​បាន លុះត្រាតែ​យើង​អាច​យកចិត្ត​គេ មក​ដាក់​ក្នុង​ចិត្ត​យើង​ឱ្យបាន»។

    សហគ្រិន​ល្បីឈ្មោះ​ខាងលើ​បាន​បន្ថែមទៀតថា ការដែល​យកចិត្ត​រប​ស់​អ្នកដទៃ មក​ដាក់​ក្នុង​ចិត្ត​យើង គឺ​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ដែលមាន​ការគិត​ល្អិតល្អន់ និង​មានចិត្ត​ទូលាយ​បំផុត។ លោកជំទាវ​បាន​ពន្យល់​លម្អិត​លើ​ចំណុច​នេះ​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​បុគ្គលិក​ធ្វើ​ខុស យើង​អាច​មានរឿង 5 ចង់​ស្តីឱ្យ ប្រសិនបើ​យើង​មិនបាន​យកចិត្ត​បុគ្គលិក​នោះមក​ដាក់​ក្នុង​ចិត្ត​យើង​ទេនោះ  តែ​នៅពេលដែល​យើង​សាក​គិត​ម្តងទៀត ពេលខ្លះ​ក្នុងការ​សម្រេចចិត្ត​ស្តីបន្ទោស 5 រឿង​នោះ យើង​អាច​ខុស 3 រឿង​រួច​បាត់ទៅហើយ ហេតុនេះ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ គួរតែ​គិត​ទៅវិញ​ថា ប្រសិនបើ​យើង​ទទួលរង​នូវ​ការស្តីបន្ទោស ឬ​ទទួលរង​នូវ​ស្ថានភាព​ដែល​យើង​បានធ្វើ​ដាក់​គាត់​វិញ តើ​គាត់​នឹងមាន​អារម្មណ៍​បែបណា ហើយ​វា​ចំណេញ​អ្វីខ្លះ​ដល់​ស្ថាប័ន និង​អ្នក​ទាំងអស់គ្នា។

    បញ្ជាក់​លើ​ចំណុច​ភាពជា​អ្នកដឹកនាំ​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​ថ្លែង​ផងដែរ​ថា អ្នកដឹកនាំ​ដែល​ប្រើ​បេះដូង​ទៅ​ដឹកនាំ​ក៏​ជាម​នុស្ស​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់​ផងដែរ ដោយ​យើង​គួរ​គិតថា​វាសនា​របស់​អ្នកដទៃ​គឺ​ស្ថិតក្នុង​ដៃ​របស់​យើង។ នៅពេលដែល​យើង​គិតថា វាសនា​អ្នកដទៃ ជាពិសេស​បុគ្គលិក​ដែលមាន​វ័យ​ជាង 20ឆ្នាំ កំពុង​រីកលូតលាស់​ជាមួយ​យើង ហើយ​គាត់​នឹងមាន​អនាគត​បន្តទៀត​ជាមួយនឹង​ការដឹកនាំ​របស់​យើង យើង​នឹង​កាន់​តែមាន​អារម្មណ៍​ថា ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ​ឱ្យ​ខ្លាំង​ជាង​មុន ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ដឹកនាំ​ឆ្ពោះទៅរក​ចំណុច​ដែល​កាន់តែ​វិជ្ជមាន​ឡើង៕

  • ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ត្រីមាស​ទី1ធ្លាក់ចុះ​ជាង20%

    ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ត្រីមាស​ទី1ធ្លាក់ចុះ​ជាង20%

    ភ្នំពេញ៖ នៅក្នុង​ត្រីមាស​ទី1 ឆ្នាំ2017នេះ ទុនវិនិយោគ​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន1,200លាន​ដុល្លារ ពោលគឺ​បាន​ធ្លាក់ចុះ​ប្រមាណ​ជា 22% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ទិដ្ឋភាព​ច្បាប់ បទដ្ឋាន​គតិយុត្ត​លើ​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ថា  ទោះជា​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ​ដូច្នេះ​មែន ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​គម្រោង​សំណង់​លំនៅឋាន និង​បុរី គិត​ត្រឹម​ខែ​មិនា ឆ្នាំ2017 ការវិនិយោគ​មាន 670គម្រោង ដែលមាន​ទុន​សរុប 939លាន​ដុល្លា មានការ​កើនឡើង 33.18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ លោក​ឧកញ៉ា បញ្ជាក់ថា វិស័យ​សំណង់ បច្ចុប្បន្ន​អគារ​ចាប់ពី5ជាន់ឡើង​មាន​ចំនួន​ជាង600អគារ និង​បុរី​ជាង110ទីតាំង។

    ចំណែក​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចាប់ពី​ឆ្នាំ 2010 រហូតដល់​ខែកញ្ញា ឆ្នាំ2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​សរុប​បាន​ចំនួន 213គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា 3,375លាន​ដុល្លារ​អាមេរិក។

    លោកជំទាវ​មានប្រសាសន៍ថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺមាន​ការរីកចម្រើន​ខ្លាំង តែ​ចំនួន​ក្រុមហ៊ុន​ដែល​ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យបាន213គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ 3,375លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន 132 គម្រោង ស្មើនឹង 31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ មាន​ចំនួន 81 គម្រោង ស្មើនឹង 29,612បន្ទប់។

    លោកជំទាវ​បាន​រំឭកថា ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​បង្កើត​រហូតដល់​ប្រមាណ1/10(មួយ​ភាគ​ដប់)នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផសស)នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រសើរឡើង។

    របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យដឹងថា វិស័យ​សំណង់​នៅតែ​បន្ត​កំណើន​រឹងមាំ និង​ស្ថិតក្នុង​គន្លង​ដែលមាន​និរន្តរភាព​ជាង​មុន ទោះជា​មានការ​ថយចុះ​មក​នៅត្រឹម 14.4% ក៍ដោយ។ នៅ​ត្រីមាស​ទី1 ឆ្នាំ2017នេះ សកម្មភាព​សាងសង់​នៅតែ​បន្ត​កំណើន​ខ្ពស់ ទោះបី​មានការ​ថយចុះ​នៃ​គម្រោង​សំណង់​លំនៅឋាន ដែលមាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ត្រូវបាន​ជំនួស​វិញ​ដោយ​សំណង់​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​សំណង់​ផ្សារ​ទំនើប ព្រម​ជាមួយនឹង​កំណើន​វិនិយោគសាធារណៈ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវន្ត៕

  • ឆ្នាំ2017 ប្រជាជន​កម្ពុជា មាន​ចំណូល​ក្រោម 120ដុល្លារ​ក្នុង​មួយខែ

    ឆ្នាំ2017 ប្រជាជន​កម្ពុជា មាន​ចំណូល​ក្រោម 120ដុល្លារ​ក្នុង​មួយខែ

    ភ្នំពេញ៖ របាយ​ការ​ណ៍​ថ្មី​មួយ​បាន​រកឃើញថា ទោះជា​កំណើនសេដ្ឋកិច្ច​ឆ្នាំ 2017 នឹង​នៅតែ​បន្ត​កើន​ក្នុង​រង្វង់7.0%ក៏ដោយ ក៏ប៉ុន្តែ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) ឬ​ហៅថា​ចំណូល​ដុល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ខ្មែរ​ម្នា​ក់មាន​ចំនួន​ត្រឹមតែ 1,422ដុល្លារ​អាមេរិក ប្រហែល118ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ។

    យោងតាម​របាយ​ការ​ណ៏​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី1 និង​លទ្ធផល​ប៉ាន់ស្មាន​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ2017របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ឆ្នាំ2017 នៅតែ​បន្ត​រឹងមាំ​ក្នុង​រង្វង់7.0% ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) គិត​ជា​ទឹកប្រាក់​តាម​ថ្លៃ​បច្ចុប្បន្ន​មាន​ចំនួន 89,032,586លាន​រៀល ស្មើនឹង 21,983 លាន​ដុល្លារ​អាមេរិក ហើយ​ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់​រំពឹងថា នឹង​ឡើងដល់1,422ដុល្លារ​ក្នុង​មួយឆ្នាំ​នេះ។

    កាលពី​ឆ្នាំ2016កន្លងទៅ សេដ្ឋកិច្ចកម្ពុជា​នៅ​រក្សាបាន​កំណើន​ក្នុង​រង្វង់7.0% ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កសិកម្ម កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ ទោះ​ជាមាន​កំណើន​ថយចុះ​បន្តិច និង​កំណើន​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​មិនមែន​កាត់ដេរ​ក្ដី។ ប្រការនេះ​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) សម្រាប់​មនុស្ស​ម្នាក់​កើន​ពី1,216ដុល្លារ​នៅ​ឆ្នាំ2015 ដល់1,302 ដុល្លារ​នៅ​ឆ្នាំ2016 បើ​គិត​សរុប​សម្រាប់​មនុស្ស​ម្នាក់​ទទួលបាន​ប្រហែល108ដុល្លារ​ក្នុង​មួយខែ។

    យោងតាម​ការប៉ាន់ស្មាន ដោយ​ផ្អែក​តាម​ទិន្នន័យ​ស្ថិតិ​ជាក់ស្តែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ2017នេះ សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​នៅតែ​បន្ត​កំណើន​ក្នុង​រង្វង់ 6.9% ក្នុង​ឆ្នាំ2017 ដែល​ទាប​ជាង​ការប៉ាន់ស្មាន​កាលពីដើមឆ្នាំ ដែល​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​សំណង់ និង​វិស័យ​កសិកម្ម និង​កំណើន​ខ្ពស់​លើសពី​ការរំពឹងទុក​នៃ​វិស័យ​ទេសចរណ៍។

    វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់ 2.0% នៅ​ឆ្នាំ2017 ចំណែក​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ដែរ​ថា នឹងមាន​កំណើន​ថយចុះ​បន្តិច​ក្នុង​អត្រា 9.2% នៅ​ឆ្នាំ2017 ដោយសារ​ការថយចុះ​នៃ​កំណើន​ក្នុង​វិស័យ​កាត់ដេរ។ វិស័យ​កាត់ដេរ​រំពឹងថា មាន​កំណើន​ថយចុះ​មក​នៅត្រឹម 5.8% ចំណែក​វិស័យ​សំណង់​ត្រូវបាន​ព្យាករ​ថា នៅ​បន្ត​រឹងមាំ និង​ស្ថិតនៅក្នុង​គន្លង​មួយ​ដែលមាន​និរន្តរភាព​ជាង​មុន ទោះបី​មានការ​ថយចុះ​បន្តិច​មក​នៅត្រឹម14.4% ដោយសារ​ការរង់ចាំ​មើល​របស់​វិនិយោគិន ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​ខិតជិត​មកដល់ និង​វិធានការ​រឹតត្បិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​ផ្តល់​ឥណទាន​ក្នុង​វិស័យនេះ។

    យោងតាម​តួលេខ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF)បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រជាជនមាន​ចំណូល​ទាប​ជាង​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ី។ របាយការណ៍​ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ2017 បង្ហាញថា ប្រជាជន​កម្ពុ​ជាមាន​ចំណូល​ត្រឹមតែ1,308ក្នុង​មួយឆ្នាំ ខណៈដែល​ឥណ្ឌូនេស៊ី​មាន​ចំណូល 3,895 ដុល្លារ​ក្នុង​មួយឆ្នាំ ថៃ 6,265ដុល្លារ/ឆ្នាំ ហ្វីលីពីន3,102ដុល្លារ/ឆ្នាំ ម៉ាឡេស៊ី 9,623ដុល្លារ/ឆ្នាំ សិង្ហបូរី 51,431ដុល្លារ/ឆ្នាំ វៀតណាម 2,305ដុល្លារ/ឆ្នាំ មី​យ៉ាន់​ម៉ា 1,374ដុល្លារ/ឆ្នាំ ឡាវ 2,051ដុល្លារ/ឆ្នាំ និង​ប្រ៊ុយណេ 28,740ដុល្លារ/ឆ្នាំ៕

  • វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បើក​បវេសនកាល​ថ្មី ឆ្នាំ 2017 – 2018

    វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បើក​បវេសនកាល​ថ្មី ឆ្នាំ 2017 – 2018

    ក្រោយពី​បញ្ចប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) 2017 កាលពីពេល​កន្លង​ទៅនោះ គេ​សង្កេតឃើញថា សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​ទៅ​ចុះឈ្មោះ​សិក្សា​យ៉ាងច្រើន​កុះករ​នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ដែលជា​គ្រឹះស្ថាន​អប់រំ​សិក្សា ដែល​ពូកគេ​ជឿជាក់ថា​អាច​ផ្តល់​អនាគត​ដ៏​ភ្លឺស្វាង​ទាំង​ការសិក្សា និង​ការងារ​សម្រាប់​ពួកគេ។ អាស្រ័យហេតុនេះ ដោយ​មើលឃើញ​ពី​ចំនួន​នៃ​ការចុះឈ្មោះ​មានការ​កើនឡើង​នោះ វិទ្យាស្ថាន​បានរៀបចំ​កម្មវិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា 2017-2018 សម្រាប់​ជាការ​ជូនដំណឹង​ដល់​សិស្សានុសិស្ស​ដែល​បាន​ចុះឈ្មោះ​សិក្សា​មុននឹង​ពួកគេ​ចាប់​កម្មវិធី​បង្វឹក​រយៈ​ពេល3ខែ​មុន​ចូល​បម្រើ​ការងារ និង​កម្មវិធីសិក្សា​ថ្នាក់​មហាវិទ្យាល័យ។

    ថ្លែង​នៅក្នុង​កម្មវិធី​បើក​បវេសនកាល​កាលពី​ព្រឹក​ថ្ងៃទី09 ខែតុលា ឆ្នាំ2017 ម្សិលមិញ​នេះ លោក កឹម អឿន នាយក​ប្រតិបត្តិ វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បាន​មានប្រសាសន៍ថា ៖ កាល​រៀបចំ​ពិធី​បវេសនកាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ជាការ​ប្រកាស​ជា​សាធារណៈ​ជូនប្អូនៗសិស្សានុសិស្ស ដែល​បានមក​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន និង​ដើម្បីឱ្យ​ពួកគេ​បាន​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល3ខែ ត្រៀម​សម្រាប់ធ្វើ​ការងារ និង​ការត្រៀមខ្លួន​ចូល​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​សម្រាប់​ឆ្នាំ​សិក្សា 2017-2018 នេះ​ផងដែរ ។ បន្ថែម​ពីនេះ ការបើក​បវេសនកាល​ថ្មី​នាពេលនេះ ក៏​ជា​ឱកាស​មួយ​ដែលប្អូនៗសិស្សានុសិស្ស​បាន​ស្វែងយល់​កាន់តែច្បាស់​ពី​ទស្សនវិស័យ​របស់​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ក៏ដូចជា​ទស្សនវិស័យ​របស់​ក្រុមប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន​ក្នុង​ការជួយ​សិស្ស-និស្សិត​ឱ្យមាន​ការងារ​ធ្វើ​បើទោះបីជា​ពួកគេ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ក្ដី ឬ​មិន​ជាប់ក្ដី »។

    នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក ស៊ីវ ស្រេង នាយករង​ទទួលបន្ទុក​ការិយាល័យ​សិក្សា​និស្សិត ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖ «ការបើក​បវេសនកាល​ថ្មី វា​គឺជា​កម្មវិធី​មួយ​ដ៏​សំខាន់​សម្រាប់ប្អូនៗដែល​បាន​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន ដើម្បី​បង្ហាញ​ពី​ការចាប់ផ្តើម​នូវ​កម្មវិធីសិក្សា ត្រៀម​ដើម្បី​ទទួលបាន​ការងារ និង​ការចាប់ផ្តើម​ថ្នាក់​មហាវិទ្យាល័យ​របស់​ពួកគេ ប៉ុន្តែ​សម្រាប់ប្អូនៗដែល​ចង់​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន យើង​នៅតែ​មន្ត​ទទួល​ចុះឈ្មោះ​រៀន​ជា​រៀងរាល់ថ្ងៃ ព្រោះ​ការបើក​បវេសនកាល​ថ្មី​នេះ គឺ​សម្រាប់ប្អូនៗជំ​ហ៊ាន​ទី1 តែប៉ុណ្ណោះ » ។

    អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ លោក ឃីម សុខ​ហេង ស្ថាបនិក​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បាន​សង្កត់ធ្ងន់ថា ៖ ការជួយ​ឱ្យ​សិស្ស-និស្សិត​បាន​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ហើយ​មាន​ការងារ​ធ្វើ​ក្នុងពេល​តែមួយ គឺជា​បេសកកម្ម​ដ៏​ធំ​មួយ​របស់​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ដើម្បី​ជួយ​ដល់ប្អូនៗដែលជា​សិស្សានុសិស្ស ដែល​ខ្វះ​លទ្ធភាព តែ​ចង់​បន្ត​ការសិក្សា​របស់ខ្លួន។ នៅក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា សម្រាប់ប្អូនៗដែល​ចង់​សិក្សា​នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ការចុះឈ្មោះ​ជា​ជំ​ហ៊ាន​ទី2 គឺ​នៅតែ​ទទួល​ចុះឈ្មោះ​ជា​រៀងរាល់ថ្ងៃ ហើយ​បើទោះជា​ប្រឡង​បាក់​ឌុប​ជាប់ក្ដី ឬ​មិន​ជាប់ក្ដី មាន​ក្តី ក្រ​ក្ដី សូមកុំ​បោះបង់​ការសិក្សា​ចោល បើ​ខ្វះ​លទ្ធភាព​បន្ត​ការសិក្សា យើង​អាច​ធ្វើការ​បណ្ដើរ សិក្សា​បន្ត​បណ្ដើរ កុំ​អស់សង្ឃឹម​ឱ្យសោះ ។

    សូមបញ្ជាក់​ផងដែរ​ថា ក្នុងឱកាស​នោះដែរ ក៏មាន​ការចុះ​អនុស្សារណៈ​យោគយល់​ទទួលយក​និស្សិត របស់​វិទ្យាស្ថាន​ឱ្យចូល​បម្រើ​ការងារ​ពី​ក្រុមហ៊ុន​ជា​ដៃគូ​ជាង10 ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ផងដែរ។ ប្រធាន​ក្រុមហ៊ុន Bamboo PLC និង ក្រុមហ៊ុន Laksmi Preme Investment និង​ជា​អ្នកដំណាង​ក្រុមហ៊ុន10ផ្សេងទៀត​គឺ លោក លឹម សុជាតិ បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា « ការដែល​ខ្ញុំ​ទទួលយក​និស្សិត​ពី​វិទ្យាស្ថាន សិក្សា​ដើម្បី​ជោគជ័យ ឱ្យ​ចូលរួម​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំ បើទោះបី​ពួកគេ​ទើបតែ​ចប់​បាក់​ឌុប ធ្លាក់​ក៏ដោយ ជាប់​ក៏ដោយ ឬ​ជា​និស្សិត​ទើប​ចូលរៀន​ឆ្នាំ​ទី1ក្ដី នោះ​ក៏​ព្រោះតែ​ខ្ញុំ​បាន​យល់ឃើញថា ពួកគេម្នាក់ៗ មាន​ជំនាញ AML Soft Skill រួចជាស្រេច ដែល​វា​ជា​ដើមទុន​ដ៏​ធំ​មួយ ងាយ​ក្នុងការ​បណ្ដុះបណ្ដាល និង​ហាត់ពត់​ពួកគេ​ឱ្យក្លាយ​ទៅជា​បុគ្គលិក​ដ៏​ល្អ​របស់​ក្រុមហ៊ុន »៕

  • តើន​រណា​នៅ​ពីក្រោយ​នៃ​ពាន រង្វាន់ ICT AWARDS ឆ្នាំ2017?

    តើន​រណា​នៅ​ពីក្រោយ​នៃ​ពាន រង្វាន់ ICT AWARDS ឆ្នាំ2017?

    កាលពីពេលថ្មីៗនេះ​កម្ពុជា​បានរៀបចំ​ការប្រកួតប្រជែង​ពានរង្វាន់ ICT Awards 2017 ដែលមាន​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ​ជាច្រើន​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​យ៉ាង​សស្រោកសស្រាំ។

    បន្ទាប់ពី​ការប្រកួត​គណៈកម្មការ​រៀបចំ​បាន​រកឃើញ​ម្ចាស់​ជ័យលាភី ICT Awards 2017 គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខណៈ​ក្រសួង​បានធ្វើ​កំណែទម្រង់​លើ​ការគ្រប់គ្រង​យានយន្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត ដែល​ផ្តល់​សេវា​ចុះបញ្ជី​យានយន្ត​ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណ2ថ្ងៃ​ប៉ុណ្ណោះ ជំនួស​ឱ្យ​ការប្រើប្រាស់​នីតិវិធី​ស្មុគស្មាញ​ចាស់ ដែល​ប្រើប្រាស់​ពេលវេលា​រាប់​ខែ។

    ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ QR Code លើ​ស្លាក​លេខ​ម៉ូតូ រថយន្ត ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ដំបូង​គេ​នៅ​អាស៊ី​ផងដែរ។ ក្រោយពេល​ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​រួចមក ម្ចាស់​ជ័យលាភី​នៃ​ពានរង្វាន់​ខាងលើ​ក៏​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ថា្នក់​តំបន់​មួយទៀត គឺ ASEAN ICT Awards 2017 ដែល​បានចាប់ផ្តើម​ដំណើរការ​ដាក់ពាក្យ​ប្រឡង​កាលពី​ខែមេសា ឆ្នាំ2017 ហើយ​ត្រូវ​ប្រកួត​យក​ជ័យលាភី​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ។ តើ​តំណាង​ពី​កម្ពុជា​អាចនឹងទទួល​បាន​ជ័យជម្នះ​នៅលើ​ឆាក​អន្តរជាតិ​ដែរ ឬទេ?

    តើ ICT Awards 2017 នេះ​បានផ្តល់​ប្រយោជន៍​ដូចម្តេចខ្លះ​ដល់​កម្ពុជា?

    លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​នឹងចូលរួម​ប្រកួតប្រជែង ASEAN ICT Awards 2017 ដោយផ្ទាល់ បាន​និយាយថា ការចូលរួម​ប្រកួត​យើង​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ។ កម្មវិធី​នេះ​សម្រេច​ទៅបាន​ក្រោម​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ធ្វើកំណែទម្រង់ និង​ការផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    កិច្ចខិតខំ​ប្រឹងប្រែង​នេះ​កំពុង​ជួយ​សម្រួល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​មាន​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​តាម​អន​ឡាញ​ក៏បាន តាម​ហាង​ទិញ​រថយន្ត​ក៏បាន និង​តាមរយៈ​មន្ត្រី​នៅ​កន្លែងធ្វើការ​ផ្ទាល់​ក៏បាន ដែល​អាច​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា មានន័យថា ប្រជាពលរដ្ឋ​លែង​ចំណាយ​សេវា​ក្រៅផ្លូវការ​ដូច​មុន​ទៀតហើយ។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ​ប្រព័ន្ធ​ចុះបញ្ជី​ស្វ័យប្រវត្តិកម្ម​ថ្មី​មាន​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ទោចក្រយានយន្ត ឬ​ម៉ូតូ តែម្តង​ដោយ​វា​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ទោចក្រយានយន្ត ម៉ូតូ ឬ​រថយន្ត គឺ​មិនចាំបាច់​ចំណាយពេល​ទៅ​ឆែក​គល់បញ្ជី​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន ចៀសវាង​ការ​ក្លែងបន្លំ​ណាមួយ​ក្នុងការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងបន្លំ​នោះ។

    លោកបាន​បន្តថា នីតិវិធីងាយៗក្នុងការ​ចុះបញ្ជី គឺ​ប្រជាពលរដ្ឋ​មាន​ជម្រើស3សម្រាប់​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ទី1. អាច​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​នៅ​ការិយាល័យ​ផ្តល់​សេវា​របស់​ក្រសួង ទី2. អាចធ្វើ​តាមរយៈ​ហាង​ដែល​បាន​ទិញ​រថយន្ត ឬ​ទោចក្រយានយន្ត​នៅនឹងកន្លែង និង​ទី3. អាច​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ។ វិធីសាស្ត្រ​ដែល​ងាយស្រួល​ជាងគេ គឺ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួង តាមរយៈ​អាសយដ្ឋាន https://vehicle.mpwt.gov.kh ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​រថយន្ត​ជ្រើសរើស​លេខ​រថយន្ត និង​ប្រភេទ​ស្លាក​ខ្នាត​ធំ ឬ​វែង​ដែល​ខ្លួន​ពេញចិត្ត ហើយ​បង់ក​ម្រៃ​សេវា Online ឬ​ទៅកាន់​បញ្ជរ Wing, LyHour ឬ SmartLuy ជាការ​ស្រេច។ ក្រោយពី​បង់ប្រាក់​រួចរាល់​អតិថិ​ជន​អាច​ជិះ​រថយន្ត​ទៅ​កឹ​ប​ស្លាក​លេខ នៅ​ទីតាំង​ធ្វើ​ស្លាក​លេខ​រថយន្ត​រាជធានី-ខេត្ត ដោយ​គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីតាំង​នោះគេ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ដែល​បាន​ចុះបញ្ជី​តាម​អន​ឡាញ​ដើម្បី​កឹ​ប​ស្លាក​លេខ ហើយ​ផ្តល់​កាត​គ្រី​ជូនភ្លាមៗតែម្តង មិនបាច់​ចំណាយ​ក្រៅផ្លូវការ និង​មិនបាច់​រង់ចាំ​យូរ​ដូចពេលមុន​ទៀត​ទេ។

    ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី ASEAN ICT Awards 2017 ដែល​នឹងត្រូវ​ប្រកាស​ជ័យលាភី​នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ ហើយ​គេ​រំពឹងថា​កម្ពុជា​នឹង​អាច​ដណ្តើមបាន​ជ័យលាភី​នេះ ដោយសារ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​បែប​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​តម្លាភាព សុវត្ថិភាព និង​ទើបត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​កម្ពុ​ជាដំបូង​បំផុត ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន។

    គួររំលឹកថា ក្រោយពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា​ជាច្រើន​ដូចជា ក្រុមហ៊ុន I-ways ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង បន្ទាប់មក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Khmer Dev Company ក្រុមហ៊ុន Angkor One LLC និង​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​ថ្នាក់​តំបន់​របស់​អង្គការសហប្រជាជាតិ​ស្ថិតិ (UNSD) ហើយក៏​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា រៀបចំ​កម្មវិធី​គ្រប់គ្រង​ការប្រឡង​បាក់​ឌុប​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ផងដែរ។ ក្រោយមក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទី​ជា​អនុប្រធាននាយកដ្ឋាន​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក។ ការងារ​បច្ចុប្បន្ន​រប​ស់លោក​គឺជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

  • ការមើល​ថែទាំ​កូនតូច​ក្រោយ​ចាក់​វ៉ាក់សាំង​យ៉ាង​ត្រឹមត្រូវ​

    ការមើល​ថែទាំ​កូនតូច​ក្រោយ​ចាក់​វ៉ាក់សាំង​យ៉ាង​ត្រឹមត្រូវ​

    អ្នក​ម្តាយ​អាច​សង្កេតឃើញ​អាការផ្សេងៗរបស់​កូនតូច​ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ហើយ​ដែរឬទេ​ថា អា​ការដែល​បង្ហាញ​ចេញមក​នោះ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូនតូច​ឬ​យ៉ាងណា?ហើយ​តើ​កូនតូច​ត្រូវ​បានទទួល​ការមើល​ថែទាំ​ដែល​ស័ក្តិសម និង​ត្រឹមត្រូវ​តាម​វិធី​ណាខ្លះ? លោកឪពុក​អ្នក​ម្តាយ​នឹងមាន​វិធី​ការ​ទប់ទល់​យ៉ាងណា​នោះ យើង​នាំគ្នា​មក​ចម្លើយ​ទាំងអស់គ្នា។

    ឈឺ ហើម ឡើង​ក្រហម​កន្លែង​ដែល​ចាក់​ថ្នាំ

    បើ​កូន​មាន​អាការ​ហើម ឬ​បង្ហាញ​អាការ​ឈឺចាប់ (យំ​រករឿង) អ្នក​ម្តាយ​ចូរ​ស្អំ​ដោយ​ទឹកកក​ដើម្បី​សម្រាល​អាការ​ឈឺចាប់។ ទាំងអស់នេះ អាការ​ទាំងនោះ​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល1-3ថ្ងៃ  តែបើ​សិន​ឡើង​ហើម​ក្រហម​ជា​ស្នាមរបួស សូមអ្នក​ម្តាយ​សាកល្បង​សង្កេត​មើលថា​តើ​កូន​កម្រើក​ដៃ​ខាង​ដែល​ចាក់​វ៉ាក់សាំង​នោះបាន​តិចតួច ឬ​មិន​កម្រើក​សោះ  អាការ​បែបនេះ​អាច​កើត​ការឆ្លង​មេរោគ​រហូត​ក្លាយ​ពង​ខ្ទុះ​បាន ត្រូវ​ប្រញាប់​នាំ​កូនតូច​ទៅ​ជួប​លោក​គ្រូពេទ្យ​ជាបន្ទាន់។

    មាន​គ្រុន​ក្តៅខ្លួន

    យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹកស្អាតសើមៗ ជូត​បញ្ចុះ​កម្តៅ បរិវេណ​ក កញ្ចឹងក  តាម​សន្លាក់​ដៃជើងផ្សេងៗ ដើម្បី​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាង-កាយ។ អាការ​គ្រុនក្តៅ​នឹង​ធូរស្រាល​ឡើង និង​បាត់​ក្នុងអំឡុង2-3ថ្ងៃ  តែបើ​កម្តៅ​ខ្លួន​នៅតែ​ខ្ពស់ មិន​ព្រម​ថយចុះ អាចឱ្យ​កូនតូច​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​តាម​ដែល​គ្រូពេទ្យ​ណែនាំ​បាន។

    យំ ង​ង៉ក់ រករឿង

    ពេលដែល​កូនតូច​យំ ង​ង៉ក់ កុំអាល​ជ្រួលច្រាល​អី  អ្នក​ម្តាយ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ប្រើ​វិធី​លួងលោម​កូន ដូចជា បង្វែរ​ចំណាប់អារម្មណ៍​ដោយ​ការ​នាំទៅ​ដើរលេង ច្រៀង ឬ​ចាក់​បទ​ភ្លេង​ឱ្យ​កូន​ស្តាប់ ដើម្បី​សាង​បរិយាកាស​ដែល​ល្អ ការ​បី ព ឱប​កូន​យោល​ខ្លួន​ទៅមកតិចៗ ដើម្បី​ជួយ​សាង​ភាពកក់ក្តៅ សប្បាយចិត្ត​ដល់​កូនតូច​ឱ្យ​ឈប់​យំ​ង​ង៉ក់។

    មាន​ពង​ទុល​ឡើង​នៅ​កន្លែង​ដែល​ចាក់​ថ្នាំ

    មាន​លក្ខណៈ​បែប​ឡើង​ពង រួច​បាត់​ទៅវិញ ឡើង​ពង រួច​បាត់​ទៅវិញ ប្រមាណ​ជា3-4សប្តាហ៍ ក៏​នឹង​ជា​បាត់​ទៅវិញ មិនចាំបាច់​ត្រូវដាក់​ថ្នាំ ឬ​លាបថ្នាំ​បិទ​ស្លាកស្នាម​ទេ។ បើ​មាន​ពង​ទុល​ឡើង គួរ​ប្រយ័ត្ន​កុំ​ច្របាច់ កុំ​សង្កត់ ឬ​ធ្វើ​អ្វី​ជាមួយ​ពង​នោះ​ឱ្យសោះ ព្រោះ​អាច​កើតការ​ឆ្លង​មេរោគ តែបើ​មាន​ឆ្លង​មេរោគ​ចូល ក្លាយជា​ដំបៅ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម៕

  • វិធីធម្មតាៗ តែមាន​ប្រសិទ្ធិភាព​កម្ចាត់​ក្លិន​ក្លៀក​ពូកែ​បំផុត​

    វិធីធម្មតាៗ តែមាន​ប្រសិទ្ធិភាព​កម្ចាត់​ក្លិន​ក្លៀក​ពូកែ​បំផុត​

    ក្លិន​ក្លៀក​ប​ណ្តោ​ល​មកពី​ក្រពេញ​ញើស​នៅក្រោម​ក្លៀក និង​បាក់តេរី​មានការ​កើនឡើង។ នេះ​ជា​ជំងឺ​ទូទៅ​មួយ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ ប៉ុន្តែ​វា​បាន​រំខាន​ដល់​ជីវិត​របស់​នៅ​ប្រចាំថ្ងៃ និង​ទំនាក់ទំនង​របស់​អ្នក។ ប្រសិនបើ​អ្នក​ខ្មាស់អៀន​មិន​ហ៊ាន​ជួប​ជាមួយនឹង​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​នោះទេ អ្នក​អាច​អនុវត្តតាម​វិធី​ធម្មជាតិ​វិញ​ក៏មាន​ប្រសិទ្ធភាព​ដែរ។

    ១. ក្រូចឆ្មា​ស្រស់

    ក្រូ​ឆ្មា​មាន​រសជាតិ​ជូរ, ត្រជាក់, មាន​ប្រសិទ្ធភាព​កាត់បន្ថយ​កម្ដៅ, ជា​ថ្នាំ​សម្លាប់​មេរោគ, ប្រឆាំងនឹង​ការ​រលាក។ ប្រភព​ធម្មជាតិ​នៃ​ទឹក​អាស៊ីត​នៅក្នុង​ក្រូចឆ្មា អាចជួយ​សម្លាប់​បាក់តេរី​នៅលើ​ស្បែក​ក្លៀក ហើយ​អាស៊ីត​ខ្លាញ់​អាចជួយ​លុបបំបាត់​ញើស និង​ក្លិន​ក្លៀក។

    វិធី​សាមញ្ញ​បំផុត៖ បន្ទាប់ពី​ងូតទឹក យក​ក្រូចឆ្មា​ស្រស់​មួយ​ចំណិត ត្រដុស​ត្រង់​ក្លៀក​ប្រហែលជា ១០នាទី។ បន្ទាប់មក​ប្រើ​កូនកន្សែង​ជ្រក់​ទឹក​ក្តៅ​ឧណ្ឌៗមក​ជូត​សម្អាត។ អនុវត្ត​ជា​រៀងរាល់ថ្ងៃ អ្នកនឹង​ឆាប់​ឃើញ​លទ្ធផល។

    ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ក្លិន​ក្លៀក គួរតែ​លាយ​ទឹកក្រូច​ឆ្មា​មួយ​លីត្រ​សម្រាប់​បរិភោគ​ក្នុង​មួយថ្ងៃ។ ធ្វើបែបនេះ​អាច​កាត់​បន្ថយកម្ដៅ, បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ, ជួយ​កាត់បន្ថយ​ក្លិន​ខ្លួន​ដែល​បង្កឡើង​ដោយសារតែ​ក្រពេញ​ញើស។

    ២. ស៊ុត​ស្ងោរ

    បើ​យោងតាម​ឱសថ​បុរាណ​ស៊ុត​ស្ងោរ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ក្លិន​ក្លៀក​ខ្លាំងណាស់។ ប្រសិនបើ​បាន​អនុវត្ត​ម្តង​ហើយ ម្តងទៀត​អ្នកនឹង​មាន​អារម្មណ៍​ថា ក្លិន​ក្លៀ​ន​ត្រូវបាន​បាត់បង់​យ៉ាង​លឿន។

    យក​ស៊ុត​ពី​គ្រាប់​មក​ស្ងោរ​ឲ្យ​ឆ្អិន រួច​បកសំបក​ចេញ​ទាន់​នៅក្តៅៗ ហើយ​ខ្ចប់​នឹង​កូនកន្សែង​មួយ​ដើម្បី​លុ​ញ​នៅក្រោម​ក្លៀក​ទាល់តែ​ស៊ុត​ត្រជាក់​ទើប​ឈប់។ អនុវត្ត​បែបនេះ​ឱ្យបាន​ទៀងទាត់​អ្នកនឹង​ទទួលបាន​ផល។

    ៣. ខ្ញី​ស្រស់

    ខ្ញី​ស្រស់​អាចជួយ​ការពារ​ការ​បែប​ញើស​ក្លៀក និង​ជួយ​ឲ្យ​ក្លៀក​ស្ងួត​បានយូរ។ តើ​គួរតែ​ប្រើ​យ៉ាងម៉េច? អ្នក​គ្រាន់តែ​ប្រើ​ទឹក​ខ្ញី​ស្រស់​យកទៅ​ជូត​សម្អាត​ក្លៀក​ឱ្យបាន​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​ឱ្យ​ស្បែក​ក្រោម​ក្លៀក​ស្ងួត និង​មាន​ក្លិន​ល្អ​ឡើងវិញ៕

  • ដើម្បី​ក្តីសង្ឃឹម World Cup…អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​ជាដាច់ខាត​ពេល​ប៉ះ អេក្វាទ័រ

    ដើម្បី​ក្តីសង្ឃឹម World Cup…អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​ជាដាច់ខាត​ពេល​ប៉ះ អេក្វាទ័រ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ដណ្តើម​ជ័យជម្នះ​ឲ្យ​បានជា​ដាច់ខាត នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេក្វាទ័រ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ​នៃ​តំបន់​អាមេរិក​ខាងត្បូង​របស់​ពួកគេ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ នៅ​កម្ពុជា) ខណៈដែល​យុទ្ធនាការ World Cup ឆ្នាំ2018ខាងមុខនេះ កំពុងតែ​ប្រឈមមុខ​នឹង​ការ​អវត្តមាន​តារា​ឆ្នើម​បំផុត​របស់​ពិភពលោក​គឺ Lionel Messi។

    ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ទទួលបាន​ត្រឹម​លទ្ធផល​ស្មើ ០-០ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប៉េ​រូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មិន​ត្រឹមតែ​ធ្វើឱ្យ​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង4ដែល​ត្រូវ​ឈ្នះ​សិទ្ធិ​ជា​ស្វ័យប្រវត្តិ​នៅ​កាន់​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​លេខ5 ដែលជា​កៅអី​សម្រាប់​លេង​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នូ​វែ​សេ​ឡង់ ទៀតផង។ ជាមួយនឹង​ការ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​ជាដាច់ខាត​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​លើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ នៅ​ថ្ងៃ​អង្គារ​នេះ។

    រយៈពេល 2ឆ្នាំមុន ក្រោយពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បានចាប់ផ្តើម​យុទ្ធនាការ​ជម្រុះ​របស់​ពួកគេ​ជាមួយនឹង​ការបរាជ័យ 2-០ លើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ ក្រុម​របស់លោក Jorge Sampaoli នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Quito ដើម្បី​ជួប​ជាមួយនឹង​អេក្វាទ័រ​នេះ​ម្តងទៀត​ជាមួយនឹង​ក្តីសង្ឃឹម​ដ៏​ទាប​បំផុត។ ប៉ុន្តែ ស្រប​ពេលដែល​ក្រុម​ឈរ​លេខ3 ស៊ី​លី (26ពិន្ទុ) និង​ក្រុម​ឈរ​លេខ7 ប៉ា​រ៉ា​ហ្គា​យ (24ពិន្ទុ) កំពុងតែ​ដេញតាម​ពីក្រោយ​គ្នា​ត្រឹមតែ2ពិន្ទុ​នោះ ការប្រែប្រួលផ្សេងៗអាច​នឹងត្រូវ​កើតឡើង។

    ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន អាច​នឹង​លួង​ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​បាន ប្រសិនបើ​ពួកគេ​ដណ្តើមបាន3ពិន្ទុ​ដ៏​សំខាន់​នេះ។ ប៉ុន្តែ ការដណ្តើម​ជ័យជម្នះ​នៅលើ​ទឹកដី​ដែលមាន​សម្ពាធ​ខ្យល់​ទាប​នៃ​ទីក្រុង Quito  និង​ដែលមាន​កម្ពស់​ខ្ពស់ជាង​កម្រិត​ទឹកសមុទ្រ​ចំនួន2,850ម៉ែត្រ​នេះ ប្រហែល​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង6:3០ព្រឹក​ថ្ងៃ​ពុធ៕

    ប្រភពពី៖ Sport24

  • អ៊ី​ស្លង់ ក្លាយជា​ប្រទេស​តូច​ជាងគេ​បំផុត​ក្នុងការ​ឈ្នះ​កៅអី​ទៅ World Cup

    អ៊ី​ស្លង់ ក្លាយជា​ប្រទេស​តូច​ជាងគេ​បំផុត​ក្នុងការ​ឈ្នះ​កៅអី​ទៅ World Cup

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់ បានឈ្នះ​កៅអី​មួយ​ទៅកាន់​ប្រទេស​រុស្ស៊ី ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម​ជម្រើសជាតិ​កូ​សូ​វ៉ូ ក្នុង​ទីក្រុង Reykjavik កាលពី​ថ្ងៃ​ចន្ទ និង​បាន​ក្លាយជា​ប្រទេស​តូច​ជាងគេ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ World Cup។

    ក្រុម​របស់លោក Heimir Hallgrimsson បានដឹងថា ការដណ្តើម​បាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​បាត​តារាង​នៃ​ពូ​ល I នេះ នឹងធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​ដោយបាន​ឈរលើ​លេខ1ក្នុង​ពូ​ល និង​ឈ្នះ​កៅអី​ជា​ស្វ័យប្រវត្តិ​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ហើយ​ខ្សែបម្រើ Gylfi Sigurdsson របស់​ក្រុម Everton បាន​កាត់បន្ថយ​ការភិតភ័យ​របស់​ពួកគេ​តាមរយៈ​ការរកបាន​គ្រាប់​បាល់​ដ៏​ល្អ​មួយ​គ្រាប់​មុនពេល​បញ្ចប់​តង់​ទី1។

    Sigurdsson ក៏បាន​ជួយ​ឲ្យ​កីឡាករ Johann Berg Gudmundsson រក​គ្រាប់​បាល់​ទី2ផងដែរ នៅ​ពាក់កណ្តាល​តង់​ទី2 ខណៈដែល​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ បាន​បំពេញ​យុទ្ធនាការ​ជម្រុះ​របស់​ពួកគេ តាមរយៈ​ការ​ឈ្នះ​ការប្រកួត3លើកចុងក្រោយ​របស់​ពួកគេ ដើម្បី​បង្ហាញថា ការ​ឈានទៅ​ប្រកួត​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ2016 របស់​ពួកគេ​កន្លងមក​នោះ មិនមែនជា​រឿង​ចៃដន្យ​ឡើយ។

    លោក Hallgrimsson គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានគិត បន្ទាប់ពី​ការប្រកួត Euro ឆ្នាំ2016 ហើយ​ថា រឿង​ដែល​លំបាក​បំផុត​គឺ​ការលើកទឹកចិត្ត​ខ្លួនឯង​ម្តងទៀត។ រឿង​ដ៏​ល្អ​បំផុត​គឺ​ការ​បន្តធ្វើ​ឲ្យ​បានល្អ​ម្តងទៀត ក្រោយពី​ការជួប​ភាពជោគជ័យ​ដ៏​ធំ​នៅ​ប្រទេស​បារាំង»។ ស្របពេល​ជាមួយគ្នានេះ ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី ក៏បាន​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 ផងដែរ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ហ្ស៊​ក​ហ្ស៊ី ដើម្បី​បញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល​របស់​ពួកគេ។

    ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ ត្រូវការ3ពិន្ទុ​ជាដាច់ខាត​ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1ក្នុង​ពូ​ល ក្នុងការ​ប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប ក្នុង​ពូ​ល I ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​បណ្តេញ​លោក Ante Cacic ចេញពី​តំណែង​កាលពី​សប្តាហ៍​មុន​នោះ បាន​កត់ត្រា​ជ័យជម្នះ 2-០ លើ​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន ក្នុង​ទីក្រុង​គៀវ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ2៕

    លទ្ធផល​ពី​ការប្រកួត​ផ្សេងទៀត

    Albania 0-1 Italy
    Finland 2-2 Turkey
    FYR Macedonia 4-0 Liechtenstein
    Israel 0-1 Spain
    Moldova 0-1 Austria
    Wales 0-1 Ireland
    ប្រភពពី៖ The Guardian

  • ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ មិនត្រូវ​បង់ប្រាក់​ជា​រៀងរហូត ចាប់ពីថ្ងៃទី 15 ខែនេះ

    ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ មិនត្រូវ​បង់ប្រាក់​ជា​រៀងរហូត ចាប់ពីថ្ងៃទី 15 ខែនេះ

    ចាប់ពី​ម៉ោង00 នាទី​ថ្ងៃទី15ខែតុលា ឆ្នាំ2017ខាងមុខនេះ ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​បានទទួល​កាដូ​ចំនួន​ពីរ​ព្រម​គ្នា​គឺ​ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​លី​យុង​ផាត់​ដោយ​លែង​បង់ប្រាក់ និង​ការធ្វើដំណើរ​ឡើង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស» ដោយ​ពុំ​ចាំបាច់​ទិញ​សំបុត្រ​ចូល​ឡើយ។

    រយៈពេល​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ស្ដីពី​ការទិញ​ស្ពាន​លី យុង​ផាត់ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ប្រជាជន​កម្ពុជា​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​បន្ដទៀត។ ដំណឹង​ល្អ​នេះ មិនទាន់បាន​រំលង​ផុតពី​សេចក្ដី​រីករាយ​របស់​ប្រជាជន​កម្ពុជា​ផង ថ្មីៗនេះ​នៅក្នុង Page ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​សរសេរ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​មួយទៀត​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​ចង់ទៅ​កម្សាន្ត​នៅ រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស» ពុំ​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ចូល​ទស្សនា​ទៀតឡើយ។

    ខ្លឹមសារ​ទាំងស្រុង​នៃ​សំណេរ​នេះ​បញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» និង​រមនីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង 00:00 នាទី ថ្ងៃទី15ខែតុលា ឆ្នាំ2017 តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មានតម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ។ បងប្អូន​ជនរួមជាតិ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូ​គោ ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូ​គោ» ក៏ដូចជា​នៅ​របៀង​ទេសចរណ៍​ភាគខាងត្បូង ជាពិសេស​តំបន់ឆ្នេរ មានការ​កើនឡើង​បន្ថែមទៀត សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន»៕