Author: វល័ក្ខ

  • Barca ទៅ​ជួប Juventus ខណៈ Chelsea សម្លឹង​កៅអី​វគ្គ 16ក្រុម រាត្រី​នេះ

    Barca ទៅ​ជួប Juventus ខណៈ Chelsea សម្លឹង​កៅអី​វគ្គ 16ក្រុម រាត្រី​នេះ

    ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ធ្លាក់​ទម្រង់​លេង Juventus ក្នុងការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នេះ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស Chelsea សម្លឹង​រក​កៅអី​វគ្គ16ក្រុម​ចុងក្រោយ នៅពេលដែល​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អា​ស៊ែ​បៃ​ហ្ស​ង់ ដើម្បី​ប៉ះ​ជាមួយនឹង​ក្រុម Qarabag។

    ស្របពេល​ជាមួយគ្នានេះ Roma អាច​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ទាប់ តាមរយៈ​ការ​ដណ្តើមបាន1ពិន្ទុ​លើទឹក​ដី​ក្រុម Atletico Madrid ស្របពេល Chelsea នឹង​ឈានទៅ​វគ្គ16ក្រុម ដោយ​ការយក​ឈ្នះ​លើ​ក្រុម Qarabag ឬ​ប្រសិនបើ Atletico មិនអាច​ដណ្តើមបាន​ជ័យជម្នះ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ។ Roma បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការយក​ឈ្នះ Lazio 2-1 ក្នុងការ​ប្រកួត​លី​ក​របស់​ពួកគេ។ ក្នុង​ពូ​ល C ដូចគ្នានេះ Chelsea នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​លត់​ក្រុម Qarabag យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុងពេល​ក្រុម​ទាំង​បាន​ជួបគ្នា​កាលពី​ថ្ងៃ​បើកឆាក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​តោ​ខៀវ​មួយ​នេះ បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម West Brom ក្នុង​លទ្ធផល 4-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុននេះ។ ស្របពេល​ជាមួយគ្នានេះ ក្រុម Barcelona នឹង​បញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល តាមរយៈ​ការដណ្តើម​បាន​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង Juventus កាលពី​ឆ្នាំមុន ។ ក្រុម Juventus បាន​រង​បរាជ័យ​ដ៏​កម្រ​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ចាញ់​ក្រុម Sampdoria 3-2 ក្នុងពេល​អ្នកចាំទី Gianluigi Buffon និង​ខ្សែការពារ Andrea Barzagli មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង។ ប៉ុន្តែ លោក  Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​សារភាព​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ទស្សនា​ការរង​បរាជ័យ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម Juventus កាលពី​រដូវ​កាល​មុន ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង Turin នៅ​រាត្រី​នេះ។

    លោក Valverde ដែល​បាន​ចូល​ជំនួស​កន្លែង​របស់លោក Luis Enrique កាលពី​ខែឧសភា កន្លងទៅ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​ជើង​ទី1ម្តង​ហើយ​ម្តងទៀត ដើម្បី​ត្រៀមលក្ខណៈ។ នេះ​គឺជា​វគ្គ​ចាញ់​ធ្លាក់ ហើយ​ស្ថានភាព​ក៏​ខុសគ្នា​ដែរ​នៅពេលនេះ ប៉ុន្តែ យើង​ពិតជា​ដឹងថា Juventus នឹង​ចាប់ផ្តើម​យ៉ាងរឹងមាំ ហើយ​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​សម្រាប់​ការ​វាយបក»។ Chelsea នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ម៉ោង12 អធ្រាត្រ ខណៈ Barca និង Juventus ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ sports.yahoo.com

  • អង្គការ​ស៊ី​ប៉ា នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​សមោសរ (Gala Dinner) អបអរសាទរ​ខួប​ទី 35ឆ្នាំ

    អង្គការ​ស៊ី​ប៉ា នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​សមោសរ (Gala Dinner) អបអរសាទរ​ខួប​ទី 35ឆ្នាំ

    អង្គការ​ស៊ី​ប៉ា គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​ប្រទេស​បារាំង ដែល​បង្កើតឡើង​នៅ​ឆ្នាំ1982 ហើយ​អនុវត្ត​ការងារ​ដោយ​បុគ្គលិក​ខ្មែរ​ប្រកបដោយ​វិជ្ជាជីវៈ​ចំនួន 45នាក់។ ជា​ដៃគូ​យ៉ាង​ជិត​ស្និ​ទ្ឋ​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ស៊ី​ប៉ា​បានធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ​ប្រជាជន ក្រីក្រ​ដើម្បី​អភិវឌ្ឍ​ការអាន និង​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​អនក្ខរកម្ម​នៅ​កម្ពុជា។ ដោយ​គោរព​តាម​បេសកម្ម «អាន និង​រៀន គឺ​ដើម្បី​កសាង​អនាគត» អង្គការ​ស៊ី​ប៉ា​បាន​ជំរុញឱ្យមាន​ល​ទ្ឋ​ភាព​ក្នុង​ការទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​មួយ​តាមរយៈ​ការបង្កើន​ការអាន និង​ការបោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​ហើយ​ចែកចាយ​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ បណ្ណាល័យ​ជាង 340 ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាលារៀន មន្ទីរពេទ្យ សហគម​ន៏​ក្រីក្រ រោងចក្រ និង​ពន្ធនាគារ​សម្រាប់​អ្នកអាន និង​អ្នករៀន​សរុប​ជាង 600,000នាក់។ អង្គការ​ស៊ី​ប៉ា​ក៏បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​ជាង 1,8លាន​ក្បាល​ផងដែរ។

    ដើម្បី​បង្កើន «ការអាន និង​រៀន គឺ​ដើម្បី​កសាង​បរិស្ថាន​ល្អ​មួយ» អង្គការ​ស៊ី​ប៉ា​នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​សមោសរ (Gala Dinner) នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2017 នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង លោកជំទាវ  Eva Nguyen Binh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

    គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ស្វែងរក​មូលនិធិ​ដើម្បី​ទ្រទ្រង់​បណ្ណាល័យ​ចល័ត​មួយ​សម្រាប់​បង្កើន​ការអាន និង​ពង្រីក​ការអប់រំ​ដែល​ទាក់ទង​នឹង​បរិស្ថាន​ទៅដល់​កុមារ​ជាង 2,000 នាក់​ក្នុង​មួយឆ្នាំ។ សកម្មភាព​កម្សាន្ត​ដ៏  អស្ចារ្យ​ជាច្រើន​នឹងត្រូវ​រៀបចំឡើង​ក្នុង​កម្មវិធី​នេះ រួមជាមួយ​ការបង្ហាញ​សិល្បៈ​គំនូរ​បន្ត​ផ្ទាល់​ពី​វិចិត្រករ​ខ្មែរ​ដ៏ ល្បីល្បាញ​ម្នាក់​គឺ កញ្ញា លី​សា ម៉ម (Lisa Mam) ការបង្ហាញ​ម៉ូត​ដោយ​ប្រើប្រាស់​សម្លៀកបំពាក់​កែច្នៃ និង​ការដាក់​ដេញថ្លៃ​ផងដែរ។

    រាត្រី​ដ៏​មាន​អត្ថន័យ​នេះ នឹង​មិនអាច​កើតឡើង​បានឡើយ​ប្រសិនបើ​គ្មាន​ការគាំទ្រ​អំពី សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Total ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ក្រុមហ៊ុន Vinissimo និង​សភាពាណិជ្ជកម្ម​បារាំង​ខ្មែរ (CCIFC)។

    ជា​ចុងបញ្ចប់ នៅក្នុង​រាត្រី​ដែល​មិនអាច​បំភ្លេចបាន​នេះ ភ្ញៀវកិត្តិយស និង​អ្នកចូលរួម​ទាំងឡាយ​នឹង​អញ្ជើញ ទទួលទាន​ម្លូ​ប​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​ស្រាក្រហម​ដ៏​មានឱជារស ការសម្តែង​ដ៏​អស្ចារ្យ និង​បង្កើន​ទំនាក់ទំនង​យ៉ាង​ជោគជ័យ។ នេះ​ក៏​ជា​ឱកាស​ពិ​សេសមួយ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ភាពជោគជ័យ​របស់ អង្គការ​ស៊ី​ប៉ា​រយៈពេល 35ឆ្នាំ​កន្លងមកនេះ ក្នុងការ​លើកកម្ពស់​កា​រ​អាន​នៅក្នុង​ប្រទេស​កម្ពុជា ព្រម​ជាមួយនឹង​ការអបអរសាទរ​ដំណាច់ឆ្នាំ​សកល​ផងដែរ។

    សំបុត្រ​អាច​រក​ទិញ​បាន​តាមរយៈ https://www.last2ticket.com/en/events/535/

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក

    អង្គការ​ស៊ី​ប៉ា

    លោក លឹម ម៉េង​ហួរ ជំនួយការ​ទំនាក់ទំនង
    ទូរស័ព្ទ: 015 757680; Email: [email protected]
    Website: https://www.sipar.org/en
    Facebook: https://www.facebook.com/siparcambodia/

  • ល្បី​ថា iPad Pro ស៊េរី 2018 នឹងមាន TrueDepth និង Face ID ដែរ

    ល្បី​ថា iPad Pro ស៊េរី 2018 នឹងមាន TrueDepth និង Face ID ដែរ

    Ming-Chi Kuo អ្នកវិភាគ​ល្បីឈ្មោះ​មកពី KGI Securities បាន​បង្ហើប​ឱ្យដឹងថា Apple នឹង​បង្ហាញ iPad Pro ស៊េរី​ថ្មី​ក្នុង​ឆ្នាំ 2018 ដែល​នឹង​ចេញមក​ព្រមជាមួយ Feature ល្អៗលេចធ្លោ​ដូចគ្នា​នឹង iPhone X ដែរ។

    អាច​នឹងមាន​ឈ្មោះថា iPad Pro X។ បន្ទាប់ពី Apple បង្ហាញខ្លួន iPhone X ស្មា​ត​ហ្វូ​ន​ស៊េរី​ខួបកំណើត10ឆ្នាំ ជា iPhone ដែល​ចេញមក​ព្រមជាមួយ​កាមេរ៉ា​អច្ឆរិយៈ (TrueDepth) ប្រព័ន្ធ​បញ្ជាក់​ខ្លួន​ម្ចាស់​តាមរយៈ​ផ្ទៃមុខ​ដ៏​ទំនើប​បំផុត (Face ID) និង​អេក្រង់​គ្មាន​គែម កម្រិត​ភាពច្បាស់​ខ្ពស់​រួចមក ក៏​ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន រហូតដល់​មាន​អ្នកវិភាគ​ខ្លះ​ជឿថា Apple អាច​នឹង​នាំយក Featuer ទាំងនេះ​ទៅ​ដាក់​ក្នុង iPad Pro ស៊េរី​ថ្មី​ដែល​នឹង​ចេញ​ក្នុង​ឆ្នាំ2018 ខាងមុខនេះ​ទៀតផង។

    iPad Pro ក៏​ជា​ឧបករណ៍​លើក​កេរ្តិ៍ឈ្មោះ​មួយ​របស់ Apple ដែរ ព្រោះ​អាច​រាប់បាន​ថា​ជា​ធេ​ប្លេ​ត​ស៊េរី​កំពូល​របស់​ក្រុមហ៊ុន​ផងដែរ ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​បើសិនជា Apple ចង់យក Featuer ក្នុង iPhone X មក​ដាក់​ក្នុងiPad Pro ស៊េរី​បន្ទាប់​ទៀត ហើយ​ថែម​ជាការ​ជួយ​បង្កើន​ភាពល្បីល្បាញ​របស់ Featuer ស្គែ​ន​ផ្ទៃមុខ​នេះ​ទៀតផង ធ្វើឱ្យ​អ្នក​អភិវឌ្ឍទាំងឡាយ​ងាក​មក​ចាប់អារម្មណ៍​តិច​ណូ​ឡូ​ជី​នេះ​កាន់តែ​ច្រើនឡើង៕

  • Chocolate Hillsបណ្ដុំ​កូនភ្នំ​ចម្លែក​នៃ​កោះ បូ​ហល ហ្វ៊ី​លី​ពី​ន

    Chocolate Hillsបណ្ដុំ​កូនភ្នំ​ចម្លែក​នៃ​កោះ បូ​ហល ហ្វ៊ី​លី​ពី​ន

    ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ានរបស់​យើង​មួយទៀត​ដែលមាន​តំបន់ស្អាតៗគួរឱ្យ​ចង់ទៅ​កម្សាន្ត​ជាច្រើន​កន្លែង មិនថាតែ​ឆ្នេរ បូរ៉ា​ហ្គា​យ ដ៏​ស្រស់ស្អាត និង​ល្បីល្បាញ​នោះទេ តែ​ក៏​នៅមាន​ទីកន្លែង​ដែល​ចម្លែក​ភ្នែក​មួយទៀត​ដែល​កើតឡើង​ពី​ការបង្កើត​របស់​ធម្មជាតិ ថែមទាំង​មានឈ្មោះ​ដូចគ្នា​នឹង​ស្ករ​គ្រាប់​ទៀតផង គឺ សូកូឡា ហៀ​ល។ តើ​ទីនោះ​មាន​អ្វី​ខ្លះទៅ ទំព័រ​ទេសចរណ៍​ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​ទស្សនា​ទាំងអស់គ្នា…។សូកូឡា ហៀ​ល (Chocolate Hills) ស្ថិតនៅលើ​កោះ បូ​ហល ប៉ែក​ខាងកើត​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន។ កោះ​នេះ​មានឈ្មោះ​ថា​ជា​កោះ​ដែល​ធំជាងគេ​បំផុត​របស់​ហ្វ៊ី​លី​ពី​ន មាន​ភាពស្រស់ស្អាត​តាម​ធម្មជាតិ​ដែល​ល្អឥតខ្ចោះ។ ឆ្នេរសមុទ្រ​ត្រូវបាន​ក្រាល​ដោយ​ខ្សាច់​ពណ៌​សក្បុស មានសម្បត្តិ​ធម្មជាតិ​ក្រោម​សមុទ្រ​ដ៏​សែន​ស្រស់ស្អាត ដែល​អ្នក​មុជទឹក​ទាំងឡាយ​តែង​នឹក​ស្រមៃ​ចង់​ទស្សនា តែ​ទីកន្លែង​ដែល​ធ្វើឱ្យ បូ​ហលមាន​លក្ខណៈ​ឯក លេចធ្លោ​ខុសពី​ទីកន្លែង​ផ្សេងទៀត​នោះ​គឺ ដែនដី​មួយ​នេះឯង។

    ទ្រង់ទ្រាយ​របស់ សូកូឡា ហៀ​ល គឺជា​កូនភ្នំតូចៗ ជា​រាង​សាជី​ផ្កាប់ ដែលមាន​លក្ខណៈ​ហាក់ដូចជាប៉ុនៗគ្នា រៀង​គ្នា​ជា​ជួរ​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង50គីឡូម៉ែត្រ​ការ៉េ ដែល​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជា1,260 ទៅ 1,776កូនភ្នំ។ កម្ពស់​ជា​មធ្យម​គឺ​ប្រមាណ​ជា30-50ម៉ែត្រ ចំណែក​កូនភ្នំ​ដែល​ធំជាងគេ​បំផុត​មាន​កម្ពស់120ម៉ែត្រ។ គ្រោង​សាង​កូនភ្នំ​ទាំងនេះ​គឺជា​ថ្មកំបោរ ដែល​គ្របដណ្ដប់​ដោយ​ដើម​ស្មៅ ដោយ​កូនភ្នំ​ទាំងនេះ​កើត​ពី​ស្នាដៃ​របស់​ធម្មជាតិ​ដ៏​អស្ចារ្យ​ពន់ពេក។ ចំណែក​ប្រភព​នៃ​ឈ្មោះ​ដែល​ហៅថា ភ្នំ​ស្ករ​សូកូឡា​នេះ គឺ​មកពី​វា​មាន​រូបរាង​លក្ខណៈ​ស្រដៀង​នឹង​គ្រាប់ស្ករ​សូកូឡាមូលតូចៗជាច្រើន​ដុំ​ដែល​មក​រួមគ្នា​នៅក្នុង​កន្លែង​តែមួយ​ហ្នឹងឯង។

    ចំណែក​ប្រវត្តិ​ដែល​ធ្វើឱ្យ​កើតជា​កូនភ្នំ​តូចធំ​ឡើង​ចំនួន​ច្រើន​បែបនេះ គេ​នាំគ្នា​និយាយថា កាលពី​យូរលង់​ច្រើន​លាន​ឆ្នាំមុន នៅ​បរិវេណ​នោះ​គឺជា​ផ្ទៃ​មហាសមុទ្រ ហើយ​នេះ​គឺ​ជួរ​ផ្កាថ្ម​ដ៏​សែន​សម្បូរបែប ក្រោយមក​ទឹកសមុទ្រ​បាន​កើតការ​រីងស្ងួត​ហួតហែង​អស់ បន្ទាប់ពី​នោះមក​ក៏​កើតមាន​ការកកើត​ការ​ពូ​នគរ​របស់​ថ្មកំបោរ​ឡើង​រហូត​ក្លាយជា​កូនភ្នំ​ទាំងនោះ។

    តែបើ​តាម​រឿងរ៉ាវ​និទាន​របស់​អ្នក​ស្រុកភូមិក្បែរៗនោះ​វិញ គេ​នាំគ្នា​តំណាល​ថា កាលពី​ច្រើន​លាន​ឆ្នាំមុន មាន​យក្ស2ក្បាល តែងតែ​ឈ្លោះ​គ្នា​ជាប្រចាំ ពេល​ខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែ​លើក​ដុំថ្មធំៗគប់​ដាក់គ្នា។ ឈ្លោះ​គ្នា​គ្មាន
    ​លស់​ថ្ងៃ​រហូតដល់​ធុញទ្រាន់ ក៏​បែរមក​ចរចា​ត្រូវរ៉ូវ​គ្នា និង​បានក្លាយ​មិត្តសម្លាញ់​នឹង​គ្នា​វិញ​នៅ​ទីបំផុត។ បន្ទាប់ពី​នោះមក​មហា​យ​ក្ស​ទាំង2 មិន​ព្រម​បោសសម្អាត​ទីកន្លែង​ដែល​ខ្លួន​ធ្លាប់​លើក​ដុំថ្ម​គប់​ដាក់គ្នា​នោះឡើយ ទើប​វា​ក្លាយជា​គំនរ​ថ្ម និង​ដី​ដែលមាន​ចំនួន​ដ៏​ច្រើន​មហាសាល​ឱ្យ​យើង​បាន​ទស្សនា​នៅថ្ងៃនេះ។ឯ​រឿង​មួយទៀត​បាន​តំណាល​ថា គឺជា​សោកនាដកម្ម​រ៉ូ​មែន​ស៍ ដែល​បង្កឡើង​ដោយ​មហា​យក្ស​មួយ​ក្បាល​ដែល​លង់​ស្នេហ៍​នឹង​នារី​ម្នាក់ តែ​ក្រោយមក​នារី​ម្នាក់​នោះបាន​ស្លាប់ចោល ធ្វើឱ្យ​មហា​យក្ស​ខូចចិត្ត​សោកស្ដាយ ក៏​ស្រែក​ទួញ​សោក​ទ្រហោយំ រហូត​ទឹកភ្នែក​ក្លាយជា​កូនភ្នំ​ទាំងនោះ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

    ទោះជា​មានរឿង​តំណាល​ពី​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ភ្នំ សូកូឡា ហៀ​ល នេះ​ជាច្រើន​រឿង​ក៏ដោយ តែ​ទីបំផុត​ទៅ ទ្រឹស្ដី​ខាង​ធរណីវិទ្យា មើលទៅ​ហាក់ដូច​ជាមាន​ភាព​ពិត​ត្រឹមត្រូវ​ជាមួយនឹង​ចម្លើយ​ខ្លាំង​បំផុត តែ​ក៏​នៅតែមាន​ចំណុច​សង្ស័យ​ដដែល​ថា តើ​វាគរ​ពីលើ​គ្នា​យ៉ាងណា បានក្លាយ​ជា​រូប​សាជី​ផ្កាប់​ដែលមាន​ទំហំ​សឹងតែប៉ុនៗគ្នា​ដល់​ថ្នាក់​នេះ? ដែល​សូម្បីតែ​អ្នកជំនាញការ​ក៏​មិនទាន់​រក​ចម្លើយ​ច្បាស់លាស់​ឃើញ​នៅឡើយ​ដែរ…៕

  • ក្រុមហ៊ុន​ថៃ​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ស្ដង់ដារ​អន្ដរជាតិ កំពុង​ស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា

    ក្រុមហ៊ុន​ថៃ​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ស្ដង់ដារ​អន្ដរជាតិ កំពុង​ស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា

    ក្រុមហ៊ុន​ទាំង 12មកពី​ប្រទេស​ថៃ ដែលមាន​ជំនាញ​រៀបចំ​កម្មវិធី និង​ព្រឹ​ត្ដិ​ការណ៍ធំៗស្ដង់ដារ​ជាតិ និង​អន្ដរជាតិ បានរៀបចំ​កម្មវិធី «ការចាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​រវាង​ពាណិជ្ជករ​កម្ពុជា និង​ថៃ» នៅ​ថ្ងៃ​ម្សិលមិញ​នេះ ដើម្បី​ពិភាក្សា​ស្វែងរក​ដៃគូ​នៅ​កម្ពុជា ក៏ដូចជា​អតិថិជន​ផងដែរ។

    លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បាន​លើកឡើងថា អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន12ក្រុមហ៊ុន​ដែលមាន​អាជីវកម្ម​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ (Event) ដើម្បី​ចូលរួម​ក្នុងការ​មក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

    ក្រុមហ៊ុន​ដែលមាន​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗមកពី​ប្រទេស​ថៃ​ទាំង12 ធ្លាប់មាន​បទពិសោធ​ក្នុង​ការងារ​ជំនាញ​នេះ​អស់​រយៈពេល​ជិត50ឆ្នាំ​មកហើយ ដោយ​ក្រុមហ៊ុន​ទាំងនេះ​ធ្លាប់មាន​កេ​រ្កិ៍​ឈ្មោះ និង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​អតិថិជន​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ជាតិ និង​អន្ដរជាតិ​ចំពោះ​ជំនាញ និង​ទេពកោសល្យ​ដ៏​ល្អ​របស់​ពួកគេ។

    លោក​បន្ដថា បច្ចុប្បន្ន​អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍​របស់​ប្រទេស​ថៃ​ទាំងនេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បង្ហាញ​នូវ​សក្ដានុពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ឱ្យបាន​ឃើញ​យ៉ាងច្បាស់​នៅមុខ​ក្រសែភ្នែក​ប្រជាជន​ទូទាំង​ពិភពលោក។ ពួកគេ​ជឿជាក់ ហើយ​សម្លឹង​ឃើញ​ទិសដៅ​ដូចគ្នា និង​ឈាន​ទៅមុខ​ជាមួយ​អតិថិជន។ ជាងនេះទៅទៀត ពួកគេ​មាន​ក្រុមការងារ​ដែលមាន​ជំនាញ​គ្រប់ផ្នែក​ដើម្បី​ឆ្លើយតប​ការរៀបចំ​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍ផ្សេងៗនៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក។

    នៅ​ទីបញ្ចប់ លោក​ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត បាន​ថ្លែងថា ដូច្នេះ​យើង​សង្ឃឹមថា វត្ដ​មាន​របស់​ក្រុមហ៊ុន​ទាំង12ដែលមាន​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ ក៏ដូចជា​ម៉ៅការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ នឹង​កាន់តែ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត៕

  • Kane សាទរ​ជ័យជម្នះ​របស់ Spurs ខណៈ Real លត់ APOEL ចាស់ដៃ

    Kane សាទរ​ជ័យជម្នះ​របស់ Spurs ខណៈ Real លត់ APOEL ចាស់ដៃ

    ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham  Hotspur បានសាទរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយនៃក្រុមរបស់គេ តាមរយៈការបញ្ចប់ដោយការឈរលេខ១លើពូ H ក្នុងក្របខ័ណ្ឌ Champions  League ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Borussia Dortmund 2-1

    Spurs មាន​សុវត្ថិភាព​ក្នុងការ​ឈរ​លេខ1ក្នុង​ពូ​ល H ក្រោយពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Kane និង Son Heung-min បាន​បំពេញ​ជ័យជម្នះ​របស់​ពួកគេ ក្រោយពី​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្រុម Dortmund បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Tottenham ដែល​បានឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​រួចជាស្រេច​នោះ មាន13ពិន្ទុ និង​បានធ្វើ​ឲ្យ​ក្រុម Real Madrid ត្រូវមាន​វាសនា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​នៅសល់1ប្រកួត​ទៀត។ Kane បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «វា​ជា​រាត្រី​ដ៏​ធំ និង​អស្ចារ្យ​មួយ​សម្រាប់​យើង សម្រាប់​អ្នកគាំទ្រ សម្រាប់​ក្លិប ក្នុងការ​បញ្ចប់​ដោយ​ឈរលើ​កំពូល​នៃ​តារាង​ពូ​ល ខណៈដែល​នៅសល់1ប្រកួត​ទៀត។ គ្រប់គ្នា​បានដាក់​ក្តីសង្ឃឹម​មកលើ​យើង នៅ​មុនពេល​ប្រកួត។ វា​ជា​កន្លែង​ដ៏​លំបាក​ក្នុងការ​ទៅដល់ និង​ឈ្នះ។ ពិតជា​រាត្រី​ដ៏​អស្ចារ្យ​មែន»។

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid បាន​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុង​ទីក្រុង​ស៊ី​ប ដើម្បី​ឈានទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម Liverpool បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ3គ្រាប់​ក្នុងការ​ប្រកួត​ដ៏​រំភើប​នៅលើ​ទឹកដី​ក្រុម Sevilla។

    ក្រុម Real របស់លោក Zinedine Zidane បានធ្វើ​ការស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្នុង​លទ្ធផល 3-1 នៅលើ​ទឹកដី​ក្រុម Tottenham Hotspur កាលពី​ជុំ​មុន តាមរយៈ​ការ​លត់​ក្រុម APOEL យ៉ាង​ចាស់ដៃ ខណៈដែល​ពួកគេ​បាន​រកបាន4គ្រាប់​នៅត្រឹម​តង់​ទី1៕

    ប្រភពពី៖ Daily Stars

  • កម្ពុជា និង​មី​យ៉ាន់​ម៉ា ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅមក​ដើម្បី​ទាក់ទាញ​ទេសចរ

    កម្ពុជា និង​មី​យ៉ាន់​ម៉ា ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅមក​ដើម្បី​ទាក់ទាញ​ទេសចរ

    ភ្នំពេញ៖ ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​នៃ​ប្រទេស​ទាំងពីរ​ឱ្យមាន​ចំនួន​កាន់តែច្រើន រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា ឯកឧត្តម U Onh Maung បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ឆ្នាំ 2017-2020 ដោយ​ផ្តោតលើ​ការពិភាក្សា​ស៊ីជម្រៅ​លើ​ចំណុចសំខាន់ៗ 4 រួមមាន៖ ការជំរុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​បា​ហ្កា​ន ការផ្សព្វផ្សាយ​រួមគ្នា ការសម្រួល​ការធ្វើដំណើ​រ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។

    ក្រោយ​កិច្ចពិភាក្សា ភាគី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​ឯកភាពគ្នា​ដូចតទៅ៖

    1 – ជំរុញ​ការបង្កើន​ជើងហោះហើរ​ពី​ទីក្រុង​ឌូ​បៃ​នៃ​សហភាព​អ៉ា​រ៉ាប់​អេ​ម៊ី​រ៉ា​ត-យ៉ាំង​ហ្គោ​ន- ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates និង​ការជំរុញ​ការតភ្ជាប់​ជើងហោះហើរ ពី​ទីក្រុង​យ៉ាំង​ហ្គោ​ន-សៀមរាប​អង្គរ រវាង​ក្រុមហ៊ុន​អាកាសចរណ៍​មី​យ៉ាន់​ម៉ា និង​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air ដែល​ក្រុមហ៊ុន​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការហោះហើរ​ត្រង់​ឱ្យបាន​ឆាប់។

    2 – ជំរុញ​ការផ្សព្វផ្សាយ​រួមគ្នា​ដើម្បី​បន្ត​រក្សា​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​បានធ្វើ​រួមគ្នា ដូចជា​ការបោះ​ពុ​ម្ភ​ប័ណ្ណ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​សៀមរាប​អង្គរ និង​បា​ហ្គា​ន (ប្រទេស​ពីរ គោលដៅ​តែមួយ) ការផ្លាស់ប្តូរ​ទស្សនកិច្ច Farm Trip សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការសម្តែង​វប្បធម៌​រួមគ្នា។

    3 – ខណៈពេលដែល​ប្រទេស​ទាំងពីរ​មានការ​លើកលែង​ទិដ្ឋាការ​រួចហើយ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ភាគី​ទាំងពីរ​នឹង​បន្ត​ខិតខំ​សម្រួល​ការផ្តល់​ទិដ្ឋាការ​សម្រាប់​ទេសចរ​មក​ពី​ប្រទេស​ទី3ទៀត ដោយ​ផ្តល់​ទិដ្ឋាការ​ពេលមកដល់ (Visa-on-arrival និង​E-visa)ដើម្បី​ចូលមក​កាន់​ប្រទេស​ទាំងពីរ។

    4 – ការជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​ដកស្រង់​បទពិសោធ​រវាង​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​បុគ្គលិក​ជំនាញ​មកពី​វិស័យ​ឯកជន​ដើម្បី​ចែករំលែក​បទពិសោធ​អនុវត្តល្អៗ សំដៅ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

    សូម​កត់សម្គាល់ថា ភាគី​ទាំងពីរ​ក៏បាន​ស្នើ​ឱ្យមាន​ជំនួប​ពិភាក្សា​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​យ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ និង​បង្កើត​ជំនួប​ពិភាក្សា​រវាង​ក្រុមការងារ​ជំនាញ និង​ផ្នែក​ឯកជន​ឱ្យបាន​ច្រើនដង​ជា​រៀងរាល់ឆ្នាំ៕

  • Huawei ផ្ដល់​អណ្តូង​ទឹកស្អាត 50 ដល់​ពលរដ្ឋ​ខេត្ត​ចំនួន 5

    Huawei ផ្ដល់​អណ្តូង​ទឹកស្អាត 50 ដល់​ពលរដ្ឋ​ខេត្ត​ចំនួន 5

    ថ្មីៗនេះ Huawei ដែលជា​ក្រុមហ៊ុន​ឈាន​មុន​ផ្នែក​បច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា​លើ​ពិភពលោក រៀបចំ​ពិធី​សម្ភោ​ធ​ដា​ឲ្យ​ប្រើប្រាស់ “អណ្តូងទឹក​សម្តេច​តេ​ជោ” ចំនួន 50 អណ្តូង​ប្រគល់ជូន​ពលរដ្ឋ​រស់នៅ​ខេត្ត​ចំនួន 5 បាន​ប្រើប្រាស់។

    ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រ​សួ​អភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គ​កុង​សុល​ផ្នែក​សេ​ដ្ឌ​កិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរ​ដ្ធ​ប្រជាមានិត​ចិន ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង រួមទាំង ភ្ញៀវ កិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និង​ប្រជាជន​កម្ពុជា​ប្រមាណ 300នាក់ ។

    អណ្តូង​សរុប​ចំនួន 50 ត្រូវបាន​បែងចែក​ដល់ 5 ខេត្ត​ដែល​ខ្សត់​ប្រភពទឹក ឆ្ងាយៗ បាន​សាងសង់​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ ក្នុង​មួយ​ខេត្ត​ទទួលបាន 10 អណ្តូង ដោយ​ប្រសិទ្ធិ​នាម  អណ្តូងទឹក​សម្តេច​តេ​ជោរ  ។

    លោក ដា​វិត លី (David Lixiongwei) អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei  តិច​ណូ​ឡូ​ជី ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ “កាលពី​ខែ​ក​ញ្ញ ឆ្នាំ 2016 កន្លងទៅនេះ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោរ ហ៊ុន សែន  នាយករ​ដ្ផ​មន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​ជា​ផ្ល​វូ​ការ​ជាមួយ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei ប្រចាំ​ពិភពលោក​ទាំងមូល លោក លី ជី​ញ​ជី (Li Jinge) ក្នុង​ជំ​នូ​ប​ទ្វេរ​ភាគី​និង​ផ្លូវការ ក្នុងឱកាស​ពិ​ព័រ​ណ៌​ដ៍​ធំ​ប្រចាំឆ្នាំ រវាង ចិន និង​អាស៊ាន នាទី​ក្រុង​ណាន់​ណី​ង  ក្រុមហ៊ុន Huawei  ក្នុងនាម​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​កម្ពុជា បាន​បញ្ច​ក់​និង​បង្ហាញ​ជំហរ​គាំទ្រ​និង​ផ្តល់​អំណោយ អណ្តូងទឹក​ចំនួន 50    អណ្តូង ដើ​ម្ប​លើក​កំពស់​សុភាព អនាម័យ ទឹកស្អាត រស់នៅ​ស្អាត ដល់​ប្រជាជន នៅ​ទីជនបទ​ជូន​ដល់​សម្តេច ក៍​ដូចជា​រាជ​រដ្នា​ភិ​បាល​កម្ពុជា  ។ ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៍​ឧឡា​រឹក ដែល​យើង​បាន​ជួបជុំគ្នា នៅទីនេះ ប្រកបដោយ​មោទនភាព​ដើម្បី​បំពេញ​នូវ ការតាំង​ចិត្តការ​សន្យា និង​មាន​ក្តី​រីករាយ​ដែល​បានឃើញ​លទ្ធផល​ជា​ផ្លែផ្ការ​គឺ​អណ្តូងទឹក​ដែល​ផ្តល់ 50 អណ្តូង ដើ​ម្ប លើក កំពស់​សុខភាព អនាម័យ ទឹកស្អាត រស់នៅ​ស្អាត ដល់​ប្រជាជន​នៅតាម ទីជនបទ​ដាច់​ស្រ​យ៉ា​ល។

    ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រ​សួ​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា  “ក្នុងនាម​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏​សប្បុរស និង​ថ្លៃថ្លា​របស់​ក្រុមហ៊ុន Huawei  ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​រួមចំណែក​ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ពិសេស គឺ​ការសាងសង់ “អណ្តូងទឹក​សម្តេច​តេ​ជោ។ ជាការ​ពិត ក្រុមហ៊ុន Huawei  បាន​ផ្តល់នូវ​ហិរញ្ញប្បទាន​សម្បទាន​ដ៏​ច្រើន​ទាន់ពេលវេលា នៃ​តម្រូវការ​ជាក់ស្តែង ក្នុងន័យ​រួមចំណែក​ក្នុងការ​ស្តារ និង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​លើ   វិស័យ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ជនបទ​នៅពេលនេះ។ ការជួយឧបត្ថម្ភ​គាំទ្រ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម ក្នុងខណៈ កំពុងមាន​តម្រូវការ​ចាំបាច់​ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​នោះ។ ជា​ការពិត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​កិច្ចការ​ចាំបាច់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​សហគម​ន៍​សម្រាប់​សកម្មភាព នៃ​សុខភាព    សាធារណៈ ដើម្បី​បម្រើ​ឲ្យ​បានជា​អតិបរមា​ដល់​ប្រយោជន៍​របស់​សង្គម។

    Huawei គឺ​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​កម្ពុជា​បាន​ចូលរួម​និង​ផ្តល់​ជា​អំណោយ​ដល់រ​ដ្ធា​ភិ​បាល ក៍​ដូចជា​ប្រជាជន​កម្ពុជា​ជា​រៀងរាល់ឆ្នាំ តួរ​យ៉ាង​ដូចជា​ការប្រគល់​អំណោយ​ដល់​កាកបាទក្រហម ការបង្កើត​កម្មវិធី បណ្តុះ​គ្រាប់ពូជ កម្មវិធី​ទស្សនៈវិស័យ​នៃ​កម្ពុជា ។ Huawei  បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ 1999 បាន​សហ​ការណ៍ ជាមួយ​ក្រុមហ៊ុន ទូរគមនាគមន៍ ទូរ​សព្ទ័ បច្ចេកវិទ្យា​ព័ត៌មាន​ទូរគមនាគមន៍ ក្រសួង​មន្ទីរ ក៍​ដូចជា​តាម​បណ្តារ​ក្រុមហ៊ុន សហគ្រាសធំៗ  ថ្មីៗនេះ​សោតក៍​លេចធ្លោរ​ខ្លាំង ផ្នែក​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន ទទួលបាន​ការពេញនិយម​នៅ​កម្ពុជា នៅ​ទូទាំង 25 ខេត្ត​ក្រុង ផងដែរ ។ ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​សំភារៈ​បច្ចេកវិទ្យា បណ្តាញ​បច្ចេកវិទ្យា សេវាកម្ម ប្រមាណ 70% ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ក្រុមហ៊ុន​ក៍បាន​បណ្តុះបណ្តាល ហ្វឹក​ហ្វើ​ន ដល់​វិស្វករ អ្នកជំនាញ​ផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ប្រមាណ 1,000 នាក់ ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៅ   កម្ពុជា ហើយ​ភាគច្រើន នៃ​បុគ្គលិក​គឺជា​ជនជាតិខ្មែរ ពោលគឺ​ប្រមាណ 80%៕

  • សាច់មាន់​ហ្វី​ឡេ ឆា​ម្ទេស​ក្រៀម​រសជាតិ​ប្លែក

    សាច់មាន់​ហ្វី​ឡេ ឆា​ម្ទេស​ក្រៀម​រសជាតិ​ប្លែក

    ភាគច្រើន សាច់​ភ្លៅ​មាន់ គឺជា​ប្រភេទ​សាច់​ដែលមាន​ការពេញនិយម​ពី​សំណាក់​អ្នក​ទទួលទាន ក៏ដូចជា​ការពេញនិយម​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​ដាំ​ស្ល​យកទៅ​ច្នៃ​ធ្វើជា​ម្ហូបអាហារ​ជាច្រើន​មុខ ដែល​ក្នុងនោះ​រួមមាន​ដូចជា អាំងស្ងោរ ចៀន ឆា រំលីង បំពង និង​អប់​គ្រឿង​ជាដើម។ ដោយឡែក​ពេលនេះ ក្រោម​ការជ្រើសរើស​យ៉ាង​ពិសេស​ពី​សំណាក់​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន Cowboy ដែល​ស្ថិតនៅ​តាមផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ប្រភេទ​សាច់មាន់​ហ្វី​ឡេ បាន​លេចចេញ​ជា​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​គួរ​ជាទី​ទាក់ទាញ​មួយ​មុខ​ទៀត ក្រោម​ការរួម​ផ្សំ​ពី​គ្រឿងផ្សំសំខាន់ៗមួយចំនួន ជាពិសេស ម្ទេស​ក្រៀម​ក្លិនក្រអូប​តែ​ម្ដង។

    គ្រឿងផ្សំ
    • សាច់​ភ្លៅ​មាន់​ហ្វី​ឡេ
    • ម្ទេសដៃនាង​ក្រៀម
    • ខ្ទឹមស ចិញ្ច្រាំ
    • ប្រេងខ្យង
    • ស្ករស
    • អំបិល
    • ម្សៅ​ស៊ុបខ្នរ
    • ប្រេង​ម្ទេស
    • ប្រេងឆា

    វិធី​ចម្អិន
    ត្រូវដាក់​ប្រេងឆា​កម្ដៅ​ឱ្យ​ក្ដៅ​ល្អ។ រួចយក​ភ្លៅ​មាន់​ហ្វី​ឡេកាប់​ជា​ដុំ​តូច​ល្មម ហើយ​ច្របល់​ជាមួយ​គ្រឿងផ្សំ​មួយចំនួន​ដូចជា ស្ករស ប្រេងខ្យង អំបិល និង​ម្សៅ​ស៊ុប​ខ្នរ រួច​យកទៅ​បំពង​រួមគ្នា​ជាមួយ​ម្ទេស​ក្រៀមឱ្យ​ឆ្អិន​ល្មមហើយ​ស្រង់​ចេញ​ទុក​មួយអន្លើ។ ដាក់​កម្ដៅ​ឆ្នាំង​ខ្ទះ​ឱ្យ​ក្ដៅចាក់​ប្រេង​ម្ទេស​ចូល​លាយ​ជាមួយ​ខ្ទឹមស ហើយ​យក​សាច់មាន់​ហ្វី​ឡេ​ដែល​បាន​បំពង​នោះ ឆា​ជាថ្មី​ម្ដងទៀត ​ដោយ​រោយ​ស្ករស​បន្ថែម​ពីលើបន្តិចៗ (រសជាតិ​ផ្អែម ឬ​ប្រៃ​អា-ស្រ័យ​តាម​ចំណូលចិត្ត) ហើយ​ចាក់​ប្រេងខ្យង​ចូល​បន្ដិចកូរ​ឱ្យ​សព្វ​រហូត​ឃើញថា ស្ងួត​ល្មម និង​ឡើង​ពណ៌​ក្រហម​ល្អ​គួរឱ្យ​ចង់​ទទួលទាន​ហើយ សឹមលើក​ចេញពី​ចង្ក្រាន រួច​ដួស​ដាក់​ចាន​ជាការ​ស្រេច៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 102

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 102

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/11/LRPN_102-for-web.pdf” force_dl=”1″]