Author: វល័ក្ខ

  • វិធី​ថែទាំ​ស្បែក​មុខ​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    វិធី​ថែទាំ​ស្បែក​មុខ​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    ស្ត្រី​ទាំងអស់​នៅពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ ភាពប្រែប្រួល​ដែល​កើតឡើង​យ៉ាងច្បាស់​នោះ​គឺ បញ្ហា​ស្បែក​ដែល​រុះ​រោយ​ស្រពោន​ស្រអាប់ មើលទៅ​លែង​ស្រស់ស្អាត​ភ្លឺ​ថ្លា​ដូចពេលមុន​ទៀតហើយ រហូត​ធ្វើឱ្យ​ស្ត្រី​ជាច្រើន​នាក់​ត្រូវ​ប្រញាប់​ស្វះស្វែង​រិះរក​វិធី​ជាច្រើន​មក​មើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​គន្លឹះល្អៗដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែក​មុខ​ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា​មក​ជម្រាបជូន​ដូចខាងក្រោម​នេះ៖

    1/ ថែបំប៉ន​ស្បែ​កមុខ​ដោយ​គ្រី​ម

    មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​ស័ក្តិ​សមល្មម ដោយ​ការ​លាប​គ្រី​ម​បំប៉ន​ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់​កោសិកា​ស្បែក និង​ស្តារ​សភាព​ស្បែក​ដែល​ជ្រីវ​យារ​ឱ្យ​តឹង​ស្មើ​ឡើងវិញ ដែលមាន​វីតាមីន A វីតាមីន C វីតាមីន E និង​ខូ​ឡា​ជេន។ ក្រៅពីនេះ អ្នក​គួរ​លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ដែល មាន​ចំណែក​ផ្សំ​របស់​ម៉ូ​ជី​រ៉ា​យ​ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយ​ការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​ការពារ​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារ​នៅលើ​ស្បែក ដោយសារ​ត្រូវ​កម្តៅថ្ងៃ​ទៀតផង។

    2/ ប្រើ​គ្រឿងសម្អាង​ជា​ជំនួយ

    សម្អាត​ស្បែ​កមុខ​ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច ដោយសារតែ​ស្ត្រី​ស្ថិតក្នុង​វ័យ40ឆ្នាំ​ជាង ភាគច្រើន​តែងតែ​ប្រើ​គ្រឿងសម្អាង ដើម្បី​បិទបាំង​ស្លាកស្នាម​ជាប្រចាំ​រៀងរាល់ថ្ងៃ ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែ​កមុខ​មើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ស្បែក​មុខ​កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ​អ្នក​គួរប្រើ​ម្សៅ​ផាត់មុខ​ដូចជា ម្សៅ​ទ្រនាប់ ឬ​ប៊ី​ប៊ី​គ្រី​ម​សាច់ស្តើងៗ បន្ទាប់ពីនោះ ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ អ្នក​គួរ​ជូត​សម្អាត​ស្បែក​មុខ​របស់​អ្នកចេញ ដោយ​ការយក​សំឡី​ជ្រលក់​ទឹក​សម្រាប់​សម្អាត​ផ្ទៃមុខ​លាង​សម្អាត​គ្រឿងសម្អាង​ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ។

    3/ សម្រាក​ឱ្យ​គ្រប់គ្រាន់

    គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក្នុងខណៈ​ពេលដែល​អ្នក​កំពុង​គេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុ អេ​ន​ដូ​ហ្វ៊ី​ន ដែលមាន​ចំណែក​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

    4/ អាហារ​បំប៉ន​ស្បែក

    ទទួលទាន​អាហារ​បំប៉ន​ស្បែក ដែលមាន​ដូចជា អាហារ​ពពួក​បន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហម ដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ រួមទាំង​សារធាតុ​ប្រឆាំងនឹង​អនុ​មូល​ឥស្សរ: ដែល​ធ្វើឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

    5/ ទទួលទាន​ទឹក​ជំនួយ​ដល់​ស្បែក

    ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ពីព្រោះ​ការទទួល​ទាន​ទឹក​មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ ធ្វើ​ការងារ​របស់​រាង​កាយ​ឱ្យ​ដំណើរការ​ប្រក្រតី​នោះទេ នៅ​ហុច​ផល​ល្អ​ដល់​ស្បែក​របស់​អ្នក​បាន​ទៀតផង ជួយ​ពន្យឺត​ភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ដើម​ដែល​ធ្លាប់តែ​ក្រៀម​ស្វិត​ឱ្យ​មើលទៅ​ស្រស់ស្អាត តឹង​ណែន មាន​សុខ​ភាពល្អ​មិន​ចាញ់​គ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗនោះឡើយ។

    6/ ចៀសវាង​សកម្មភាព​មិនល្អ​មួយចំនួន

    ចំពោះ​សុខភាព​ស្បែក​ចៀសវាង​ពី​អ្វីដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា ដូចជា ការ​ដុស​សម្អាត​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អុ​ី​ន ដែលជា​កត្តា​បំផ្លាញ​ភាពស្រស់ថ្លា​របស់​ស្បែក​ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

    កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​របស់​អ្នក​តទៅទៀត​អី ចូរនាំគ្នាចាប់ផ្តើមមើលថែបំប៉នស្បែកឱ្យស្រស់ស្អាតចាប់ពីថ្ងៃនេះតទៅវិញប្រសើរជាង ជាមួយនឹងវិធីបែបងាយៗទាំង6ចំណុចដូចខាងលើនេះ៕

  • ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន

    ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន

    ភ្នំពេញ៖ ក្រុម​ជើងឯក​តំណាង​កម្ពុជា The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា បាន​នាំ​កិត្តិយស​ជូន​ជាតិ ដោយ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ3 រួមទាំង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន 5,000 ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ប្រឡងប្រជែង​ដ៏​លេចធ្លោ​មួយ​ថ្នាក់​តំបន់ សម្រាប់​និស្សិត​សាកលវិទ្យាល័យ គឺ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន។ ជាមួយគ្នានេះ ក្រុម​ជើង​ថ្នាក់​ថ្នាក់​តំបន់ សម្រាប់​ឆ្នាំនេះ បាន​ទៅលើ​ក្រុម The Management មកពី​សាកលវិទ្យាល័យ Gadjah Mada University ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួលបាន​ប្រាក់រង្វាន់ 12,000ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន​ទៀតផង។

    វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មាន​ក្រុម​ជើងឯក​ថ្នាក់ជាតិ មកពី ៦ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រ៊ុយណេ សម្រាប់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ។ ក្នុងនោះ ក្រុម Team Litquidity Capital មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួលបាន​ចំណាត់​លេខ2 ជាមួយនឹង​ប្រាក់រង្វាន់ 8,00០ដុល្លារ​អាមេរិក។ ហើយ​ក្រុម TA មកពី​សាកលវិទ្យាល័យ​គ្រប់គ្រង និង​វិទ្យាសាស្ត្រ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​លេខ4 ជាមួយនឹង​ប្រាក់រង្វាន់ 2,500ដុល្លារ​អាមេរិក ខណៈដែល​ក្រុម Ray Kim មកពី​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ5  ជាមួយនឹង​ប្រាក់រង្វាន់ 1,500ដុល្លារ​អាមេរិក ហើយ​ក្រុម HIO មកពី Politeknik ប្រទេស​ប្រ៊ុយណេ ទទួលបាន​ចំណាត់ថ្នាក់​លេខ6 ជាមួយនឹង​ប្រាក់រង្វាន់ 800ដុល្លារ​អាមេរិក។

    លោកស្រី អ៊ុំ ចិន្តា​ភក្តី អគ្គនាយិកា​ធនធាន​ក្រុមហ៊ុន របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ក្នុងការ​លើកកម្ពស់​ភា​ព​រីកចម្រើន​ក្នុង​តំបន់ នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​យុវជន យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំយក និង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ថ្នាក់​តំបន់​នេះ មកកាន់​និស្សិត​ខ្មែរ​យើង ដើម្បី​លើកតម្កើង​ជំនាញ និង​ចំណេះដឹង​វិនិយោគ ក៏ដូចជា​ការទទួលស្គាល់​សក្តានុពល របស់​និស្សិត​ក្នុងស្រុក ទៅកាន់​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ។ ហើយ​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​យើង ដែល​តែងតែ​ត្រឡប់មកវិញ ជាមួយនឹង​ជ័យលាភី​គាប់ប្រសើរ ដល់​សង្គមជាតិ​វិញ នា​ឆ្នាំកន្លងមក។ ជាក់ស្តែង​ឆ្នាំនេះ ក្រុម​ជើងឯក​ថ្នាក់ជាតិ The Brilliant ទទួលបាន​ចំណាត់​លេខ 3 ជាមួយនឹង​ប្រាក់រង្វាន់ 5,000 ដុល្លារ​អាមេរិក»។

    កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ2010មកម្ល៉េះ។ ហើយ​ក្នុង​ឆ្នាំ​ទី8នេះ កម្មវិធី​ប្រឡងប្រជែង​នេះ​មានការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ ជា​លើកដំបូង និង​បានដាក់​បញ្ចូល​មុខងារ​ពិសេស គឺ​កម្មវិធី​ជួញដូរ​ភាគហ៊ុន តាម Mobile App និង​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ទៀតផង។ ជា​លទ្ធផល មាន​ក្រុម​ចូលរួម​ប្រឡងប្រជែង​សរុប រហូតដល់ 3,727ក្រុម មកពី 200សាកលវិទ្យាល័យ នៃ​ប្រទេស​ទាំង6 ក្នុង​តំបន់​អាស៊ាន ដែល​កើនឡើង​ប្រមាណ 7% លើសពី​ឆ្នាំមុន។ សម្រាប់​ប្រទេស​កម្ពុជា យើង​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​រយៈពេល៤ឆ្នាំ​ចុងក្រោយ​ផងដែរ។ គួរ​ឲ្យ​កត់សម្គាល់ ក្រុម​ជើងឯក​ថ្នាក់ជាតិ​តំណាង​កម្ពុជា ដណ្តើមបាន​ជ័យលាភី​ជើងឯក​រង2ឆ្នាំ​ដំបូង​ជាប់​គ្នា ចំណាត់ថ្នាក់​លេខ4ម្តង និង​ចំណាត់ថ្នាក់​លេខ3 ក្នុងឆ្នាំនេះ​ផងដែរ។

    កាលពី​ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៅតាម​ប្រទេស​ទាំង6 ដែល​បាន​ចូលរួម​ប្រឡង​ជែង។ ក្រុម​កំពូល​នេះ ត្រូវបាន​ជ្រើសរើស ក្រោយពី​ប្រកួតប្រជែង​គ្នា អស់​រយៈពេល 3សប្តាហ៍ នៅតាម​ប្រទេសនីមួយៗ ដោយ​ផ្អែកលើ​ផលចំណេញ​ជា​ភាគរយ​ខ្ពស់បំផុត។ ហើយ​ក្រុម​កំពូល3នេះ ត្រូវដាក់​បង្ហាញ​គម្រោង​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​ក្រុម​ដែលមាន​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ត្រូវបាន​ជ្រើសរើស​ជា ក្រុម​ជើងឯក​ថ្នាក់ជាតិ។ យុទ្ធសាស្ត្រ​វិនិច្ឆ័យ​នេះ ផ្តោត​សំខាន់​លើ​ការចាប់យក​ភាគហ៊ុន សម្រាប់​ការ​ចំណេញ​រយៈពេល​វែង ព្រមទាំង​មូលធន​ធៀប​នឹង​ផលចំណេញ​រយៈពេល​ខ្លី។

    សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង៦ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជួញដូរ​របស់ខ្លួន ដែល​បាន​យកមកប្រើ​ប្រាស់ នៅក្នុង​ការប្រកួតប្រជែង ទៅដល់​ចៅក្រម​វិនិច្ឆ័យ រួមមាន​សមាសភាព​ម​ក​ពី​គណៈ​គ្រប់គ្រង​របស់ CIMB នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី ព្រមទាំង​ច្រៅ​ក្រម​កិត្តិយស ពី​ផ្សារភាគហ៊ុន​ឥណ្ឌូនេស៊ី​ផងដែរ។ ក្រុម​ប្រកួត​ត្រូវបាន​វាយតម្លៃ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​ខ្លី និង​វែង ការចាប់យក​ភាគហ៊ុន និង​សមត្ថភាព​សម្រេចចិត្ត​វិនិយោគ ក៏ដូចជា​ជំនាញ ក្នុងការ​ប្រើប្រាស់​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ផងដែរ។

    ដៃគូ​សហការ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រសួង​អប់រំ​ឧ​ត្ត​ម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ទូរគមនាគមន៍ Progresif Cellular ព្រមទាំង​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) ផ្សារភាគហ៊ុន​កម្ពុជា (CSX) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)។

    សម្រាប់​ព័ត៌មាន​លម្អិត អំពី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន សូម​ចូលទៅ​កាន់​គេហទំព័រ https://stockchallenge.itradecimb.com/

  • មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    កាលណា​និយាយ​ពីស​ក់ គឺ​អ្នកនឹង​នឹកឃើញ​ទៅដល់​ស្បែក​ភ្លាម ដែល​ពណ៌​សម្បុរស្បែក​អាស្រ័យទៅលើ​កោសិកា​ស្បែក​ម្យ៉ាង​ឈ្មោះថា មេ​ឡា​ណូ​សាយ។ មានន័យថា កោសិកា​ស្បែ​កមេ​ឡា​ណូ​សាយ​នេះ​ឱ្យ​ពណ៌​ទាំង​ស្បែក ទាំង​សក់​ដូចគ្នា។ ម្យ៉ាងទៀត​លោកអ្នក​ដែលមាន​សក់​ពណ៌​ខ្មៅ ឬ​សក់​ពណ៌​ផ្សេងទៀត​ដូចជា ពណ៌​ក្រហម​ស្លេក​មាន​តាំងពី​កំណើត​មក គឺ​អាស្រ័យ​ទៅតាម​ហ្សែ​ន​ដែលមាន​នៅក្នុង​ខ្លួន​របស់​បុគ្គលម្នាក់។

    ដូចនេះ​គេ​អាច​កំណត់​ពី​មូលហេតុ​សក់ស្កូវ​មុន​អាយុ​បាន​តាមរយៈ​ចំណុច​មួយចំនួន​ដូចជា ៖

    • មេ​តា​ប៉ូលីស៖ ការប្រែប្រួល​របស់​មេ​តា​ប៉ូ​ស​លី​ស ដែល​បំប្លែង​សារធាតុ​ប្រូ​តេ​អី​ុ​ន ជាតិ​ស្ករ ជាតិ​ខ្លាញ់ និង​បំប្លែង​សារធាតុផ្សេងៗទៀត​នៅក្នុង​ខ្លួន បណ្ដាលឱ្យ​ពណ៌​សក់​មានការ​ប្រែប្រួល​ខុសពី​ពណ៌​សក់​ធម្មជាតិ។
    • ការប្រើប្រាស់​ឱសថ៖ ការទទួល​ទាន​ឱសថ​មួយចំនួន​ដូចជា ឱសថ​ព្យាបាល​ជំងឺមហារីក ជំងឺគ្រុនចាញ់ ឬ​ប្រើប្រាស់​ឱសថ ដើម្បី​បន្ថយ​សម្ពាធ​ឈាម​ក៏​ជា​កត្ដា​ធ្វើឱ្យ​សក់​មានការ​ស្លក់​ពណ៌​បន្ដិចម្ដងៗរហូត​សក់​ប្រែ​ពណ៌​ទៅជា​ស្កូវ។
    • ការ​កង្វះ​វីតាមីន៖ ភាព​កង្វះ​វីតាមីន​មួយចំនួន​ដូចជា កង្វះ​វីតាមីន B12 និង​កង្វះ​ជាតិ​ដែក​ជាដើម​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​សក់​ស្លក់​ពណ៌​ដែរ។
    • បញ្ហា​លើ​ស្បែក៖ ស្បែក​មាន​ជំងឺ​ដូចជា កើត​ឃ្លង់ល្ពៅ​នៅលើ​ស្បែក​នៅត្រង់​កន្លែង​ណា​ធ្វើឱ្យ​ស្បែក​កន្លែង​នោះ​ប្រែ​ពណ៌​ទៅ​ជាស​ស្លែត​ដោយសារ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មក​ពាក់ព័ន្ធ ហើយ​បណ្ដាលឱ្យ​ស្បែក និង​សក់​ប្រែ​ពណ៌​ខុសពី​ធម្មជាតិ។

    វិធី​បង្ការ​សក់ស្កូវ​មុន​អាយុ

    ដោយសារ​អ្នក​បានដឹង​ពី​មូលហេតុ​មួយចំនួន​នៃ​សក់ស្កូវ​មុន​អាយុ អ្នក​ក៏​អាច​ទប់ស្កាត់​កុំឱ្យ​កើតឡើង​បានដែរ។ លោកអ្នក​មិនត្រូវ​បណ្ដាលឱ្យមាន​កង្វះ​ជាតិ​ដែក និង​ជាតិ​ស្ករ​នៅក្នុង​ខ្លួន​នោះទេ។ មិនត្រូវ​ទទួលទាន​ឱសថ​ណា​ដែល​ប៉ះពាល់​ដល់​សរសៃសក់​ធ្វើឱ្យមាន​ការប្រែប្រួល​ពណ៌​សក់​ឡើយ ហើយ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន និង​ប្រូ​តេ​អី​ុ​ន​ឱ្យបាន​គ្រប់គ្រាន់។

    ត្រូវការពារ​ស្បែក​កុំ​ឱ្យមាន​បញ្ហា​ដូចជា កើត​ឃ្លង់ល្ពៅ កើត​ជំងឺ ឬ​រោគ​សើ​ស្បែកផ្សេងៗ ព្រោះ​វា​អាចធ្វើឱ្យ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មាន​ពាក់ព័ន្ធ បណ្ដាលឱ្យ​ស្បែក​ស្លក់​ពណ៌ ក៏ដូចជា​ធ្វើឱ្យ​សក់​មានការ​ប្រែប្រួល​ពណ៌​ផងដែរ៕

  • ថន លក្ខិណា សប្បាយ​កើប​លុយ​ពេក​រហូត​ជំងឺ​ធ្វើទុក្ខ

    ថន លក្ខិណា សប្បាយ​កើប​លុយ​ពេក​រហូត​ជំងឺ​ធ្វើទុក្ខ

    ចាប់តាំងពី​ដើមឆ្នាំ2017រហូតមក ពិធី​ការិនី​និង​ជា​តារា​សម្ដែង​ម្ដងម្កាល កញ្ញា ថន លក្ខិណា​ត្រូវបាន​គេ​សម្លឹង​ឃើញថា បាន​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ខ្លាំង​ទ្វេដង រួមជាមួយ​នឹង​ការទទួលបាន​ការងារ​ជាច្រើន​កាន់កាប់​ក្នុង​ដៃ ជាពិសេស បន្ទាប់ពី​ជាប់​ឈ្មោះ​ជាតា​រា​តំណាងឱ្យ​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់ ក៏ដូចជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស។ ជាមួយនឹង​ការបង្កើន​ភាពល្បីល្បាញ និង​មាន​ការងារ​មមាញឹក​ខាងលើនេះ ពិធី​ការិនី​ដែលមាន​ស្រុកកំណើត​នៅឯ​ខេត្តកោះកុង​ម្នាក់នេះ​មានឱកាស​កើប​លុយ​បាន​យ៉ាង​សន្ធឹកសន្ធាប់ រហូត​ភ្លេចខ្លួន​មាន​ជំងឺ​ដោយ​បញ្ហា​ឈឺក្រពះ​ដែល​តម្រូវឱ្យមាន​ការពិនិត្យ និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត។

    ក្រោយពី​បាន​ក្លាយខ្លួនជា​តារា​តំណាង​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់​ភ្លាម ថន លក្ខិណា បានក្លាយ​ទៅជា​ពិធី​ការិនី​លំដាប់​កំពូល​មួយរូប​ដែលមាន​កម្មវិធី​កាន់កាប់​ក្នុង​ដៃ​យ៉ាងច្រើន រួម​ជាមួយនឹង​ការទទួលបាន​ប្រាក់ចំណូល​កប់​ក្តោង​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយខែៗរហូត​ភ្លេច​គិតពី​សុខភាព បណ្ដែត​បណ្តោយឱ្យ​កើតមាន​ជំងឺ​ដោយ​បញ្ហា​ក្រពះ។

    ដោយ​មិន​មានការ​លាក់បាំង ថន លក្ខិណា បាន​ប្រាប់​ឱ្យដឹងថា “ជំងឺ​ក្រពះ​នេះ​បាន​កើតមាន​ជា​យូរណាស់​មកហើយ គ្រាន់តែ​កាលពីមុន​វា​មិនសូវ​ធ្វើទុក្ខ​ខ្លាំង។ គ្រូពេទ្យ​ប្រាប់ថា វា​បណ្តាលមកពី​ការទទួល​ទាន​មិន​ទៀងទាត់។ មែន​បង…ភាគតិច​ណាស់​ដែល​បាន​ញាំ​ុ​បាយ​ទាន់ពេល ជូន​កាល​បាយ​ថ្ងៃត្រង់​របស់ខ្ញុំ គឺ​ម៉ោង3 ឬ​ម៉ោង4ល្ងាច ក៏មានដែរ ឬ​ពេលខ្លះ​ញាំ​ុ​បាយល្ងាច​ជំនួស​បាយ​ថ្ងៃត្រង់​ក៏មានដែរ។ កញ្ញា បាន​បន្តទៀតថា “ពេល​វា​ធ្វើទុក្ខម្ដងៗពិបាក​ទ្រាំ​ណាស់ ហើយ​ពេលនេះ​គ្រូពេទ្យ​ឱ្យ​ញាំ​ុ​ថ្នាំ​ជាប់​ជាប្រចាំ ហើយ​កំណត់​ឱ្យមាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ត្រឹមត្រូវ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ញាំ​ុ​បាយ​ឱ្យ​ទៀងពេល​វិញ។ យ៉ាងណាក៏ដោយ លក្ខិណា ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ជំងឺ​ក្រពះ​ដែល​តែង​ធ្វើទុក្ខ​ជា​ញឹកញាប់​នេះ នាង​មិនបាន​ប្រាប់​ឱ្យ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​នាង​បានដឹង​នោះឡើយ ខណៈដែល​អ្នក​ម្តាយ​រូបនេះ​ក៏មាន​បញ្ហា​សុខភាព​មិនសូវ​រឹងមាំ​ផងដែរ​នោះ។

    គួរកត់សម្គាល់​ផងដែរ​ថា កញ្ញា ថន លក្ខិណា នាពេល​បច្ចុប្បន្ននេះ​បានក្លាយ​ទៅជា​ពិធី​ការិនី​ឈានមុខ ដែល​ស្ថិតនៅ​លំដាប់​កំពូល និង​មាន​កម្មវិធី​ជាច្រើន​កាន់​នៅក្នុង​ដៃ រាប់ទាំង​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN ក៏ដូចជា​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​កម្មវិធី​តន្ត្រី​កម្សាន្ត អី​ុ​ឈី​តាន់ និង​តន្ត្រី​ខា​រ៉ា​បាវ​ប្រចាំ​សប្ដាហ៍ រួម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ក្រុង​រៀងរាល់​សប្ដាហ៍​ផងដែរ។ បន្ថែម​ពីនេះ​នៅមាន​កម្មវិធី​ជា​លក្ខណៈ​ឯកជនផ្សេងៗជាច្រើន​ទៀត ដូចជា ការសម្ពោធ​ក្រុមហ៊ុន និង​ការបង្ហាញ​ផលិតផល​ថ្មី​ជាដើម៕

  • កសិករ​ដាំ​មៀននៅ​ប៉ៃលិន​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​ស្នើ​ចិន​ឱ្យ​រក​ទីផ្សារ

    កសិករ​ដាំ​មៀននៅ​ប៉ៃលិន​មានសង្ឃឹម ខណៈ​រដ្ឋាភិបាល​ស្នើ​ចិន​ឱ្យ​រក​ទីផ្សារ

    ប៉ៃលិន​គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​ការដាំដុះ​ដើមឈើ​ហូប​ផ្លែ ជាពិសេស​ដំណាំ​មៀន​ដែល​កំពុង​ចែកចាយ​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​ក្នុងស្រុក។ ដើម្បី​លើកកម្ពស់​កសិផល​ក្នុងស្រុក រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​សុំឱ្យ​ប្រទេស​ចិន​ទទួលយក​ផ្លែ​មៀន​ពី​កម្ពុជា​ទៅ​បំពេញ​ទីផ្សា​របស់ខ្លួន​ប​ន្ថែ​ម​ទៀត បន្ទាប់​ទីផ្សារ​អង្ករ។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ី ជៀន​យ៉ាង (He Jianxiang) អគ្គនាយករង​ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ផលិតផល​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ប្រទេស​ចិន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានស្នើ​ភាគី​ចិន​ឱ្យធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃបន្ថែម​សម្រាប់​ដំណាំ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​ពង្រីក​ការនាំចេញ​ផលិតផល​ទាំងពីរ​នេះ​ឱ្យបាន​អតិបរមា។

    ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី​ដែលជា​ដំណាំ​អាទិភាព​ទី2 និង​មាន​សក្តានុពល​នាំចេញ​ខ្ពស់​របស់​កម្ពុជា​បន្ទាប់​ពី​ដំណាំ​ស្រូវ ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន ដែលជា​ដំណាំ​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។

    ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី និង​ដំណាំផ្សេងៗរួមទាំង​មៀន​ប៉ៃលិន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការនាំចេញ​សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ។ ឯកឧត្ដម​មានប្រសាសន៍​ថា “កម្ពុ​ជាមាន​ដី​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំឡូង​មី និង​ដំណាំ​មៀននៅ​ខេត្ត​ប៉ៃលិន ហើយ​យើង​ចង់​សហការ​ជាមួយ​វិនិយោគិន​ចិន​ដើម្បី​កែច្នៃ​ផលិតផល​ទាំងពីរ​នេះ​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​បីដូច​ពេលបច្ចុប្បន្ន។

    ជាការ​ឆ្លើយតប លោក ហ៊ី ជៀន​យ៉ាង បាន​សន្យា​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​សហការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​នៃ​ផលិតផល​ទាំងពីរ គឺ​ដំឡូង​មី និង​ផ្លែ​មៀន​ប៉ៃលិន និង​ដំណាំ​សក្តានុពលផ្សេងៗទៀត​របស់​កម្ពុជា ដូចជា ពោត ស្រូវ និង​ស្វាយ​ជាដើម។

    ទន្ទឹមគ្នា​នេះដែរ លោក ហ៊ឺ ជៀន​យ៉ាង ក៏បាន​ជម្រាប​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ដែរ​ថា លោក​នឹង​លើកយក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ចិន​ដែល​នឹង​អញ្ជើញ​អមដំណើរ​ឯកឧត្តម លី កឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ដើម​សប្តាហ៍​ក្រោយនេះ។

    ទាក់ទង​នឹង​ព័ត៌មាន​នេះ​លោក​ប៊ុន ថេ​ង កសិករ​ដាំ​មៀននៅ​ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា លោក​រីករាយ​ណាស់​ដែល​រដ្ឋាភិបាល​កំពុង​ស្វែងរក​ទីផ្សារ​ជូន​កសិករ​ដាំ​មៀន​ដូច្នេះ។ លោក​បន្តថា ដោយសារ​ទីផ្សារ​មៀន​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់ លោក​បាន​ដាំ​សាកល្បង​នៅលើ​ផ្ទៃដី​ទំហំ​ត្រឹម1ហិកតា​ប៉ុណ្ណោះ​ហើយ​នៅពេល​ទទួលបាន​ផល ផ្លែ​មៀន​របស់លោក​មិន​ខ្វះ​ទីផ្សារ​នោះទេ គឺមាន​ម៉ូ​យមក​ទទួល​ទិញ​ដល់ទី​កន្លែង​តែម្តង ហើយ​លោក​ថា បើសិន​ផ្លែ​មៀន​ប៉ៃលិន​ត្រូវបាន​រដ្ឋាភិបាល​ចិន​នាំ​ចូលទៅ​ទីផ្សារ​របស់ខ្លួន​ទៀតផង​នោះ លោក​នឹង​ពង្រីក​ចម្ការ​មៀនឱ្យ​កាន់តែ​ធំ​ជាង​នេះ​ថែមទៀត។

    សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន និង​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាមធ្យម26%ក្នុង​រយៈពេល10ឆ្នាំ​ចុងក្រោយ។ កាលពី​ឆ្នាំ2016 ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ដល់​ទៅ4,800លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ 830លាន​ដុល្លារ និង​នាំចូល 3,900លាន​ដុល្លារ។ ចិន​គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​ដែល​គិត​ត្រឹម​ឆ្នាំ2017 វិនិយោគ​របស់​ចិន​មាន​ចំនួន 5,000,100លាន​ដុល្លារ លើ​វិស័យ​មួយចំនួន ដូចជា​កម្មន្តសាល សំណង់ វាយ​ន​ភណ្ឌ និង​អគ្គិសនី។ ដោយឡែក​ភ្ញៀវទេសចរ​ចិន​ដែល​មក​កម្ពុជា​បាន​កើន​ដល់83ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ 2017 គឺ​បាន​កើនឡើង 20% បើ​ធៀប​នឹង​ឆ្នាំ2016។ នៅក្នុង​ឆ្នាំ2018នេះ ចិន​ក៏បាន​យល់​ព្រមឱ្យ​កម្ពុជា​នាំចូល​អង្ករ 30ម៉ឺន​តោន​ផងដែរ៕

  • Microsoft បង្ហាញ NoteBook ឈុត​ថ្មី​ប្រើ ARM ចំណុចខ្លាំង​លើ​ថ្ម​ប្រើ​បាន​ពេញ​មួយថ្ងៃ

    Microsoft បង្ហាញ NoteBook ឈុត​ថ្មី​ប្រើ ARM ចំណុចខ្លាំង​លើ​ថ្ម​ប្រើ​បាន​ពេញ​មួយថ្ងៃ

    កាលពីពេល​មុននេះ​មាន​បែកធ្លាយ​ព័ត៌មាន​រឿង​ឧបករណ៍​ដែល​ប្រើ ARM ពី ASUS ដែល​បំពាក់ Windows 10 ស៊េរី​ធម្មតា​អាច​ប្រើការ​ប្រូ​ក្រាម​ដែល​ដំណើរការ​លើ x86 របស់ Intel, AMD ភាគច្រើន​បាន​នោះ ឥឡូវនេះ រឿងនេះ​បាន​ក្លាយជា​ការពិតហើយ។

    Microsoft និង Qualcomm បានប្រកាស​បង្ហាញ​ជា​ផ្លូវការ​ហើយ​នូវ Notebook ដែល​ប្រើ CPU ARM ពី Qualcomm ដែល​ប្រើ Windows 10 ស៊េរី​ធម្មតា (ដូច​កុំព្យូទ័រ​ទូទៅ) ដែល​ប្រើ​ឈិ​ប Qualcomm Snapdragon 835 ដែល HP និង ASUS កំពុងតែ​បើក​បង្ហាញ​ឧបករណ៍​ទាំងនេះ​ក្នុងថ្ងៃនេះ ហើយ​គេ​រំពឹងថា Lenovo ក៏​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​មិន​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះដែរ។

    កាលពីពេល​មុននេះ Microsoft ធ្លាប់បាន​បង្ហាញឱ្យឃើញ​ថា Windows 10 អាច​ប្រើការ​នៅលើ ARM បាន និង​លេង​ហ្គេម ឬ​លេង​កម្មវិធី​ទូទៅ​បាន​ដូចជា​Adobe Photoshop សម្រាប់ Windows ធម្មតា​បានភ្លាមៗកាលពី​ខែធ្នូ ឆ្នាំ2016 កន្លងមក។

    ទាំងអស់នេះ​ឧបករណ៍​របស់ HP និង Asus នឹង​ប្រកបដោយ Windows 10S ដែល​រចនា​ម៉ូដ​ចេញមក​ដើម្បី​ប្រើការ Application តាមរយៈ Windows Store តែប៉ុណ្ណោះ តែ​អ្នកប្រើប្រាស់​នឹង​អាច Upgrade ទៅជា Windows 10 Pro បាន​ដោយ​មិន​អស់ថ្លៃ​ចំណាយ​អ្វី​ទាំងអស់។

    Microsoft បានបង្ហាញ​ចំណុច​លេចធ្លោ​ថា ការប្រើ ARM ធ្វើឱ្យ​ថ្ម​បាត់​តេ​រី​អាច​នៅបាន​ពេញ​មួយថ្ងៃ​ប្រើការ​បាន​ប្រមាណ​ជា 20-22ម៉ោង ហើយ​បាន​រៀន​យល់ដឹង​ពី​ចំណុច​ខុសឆ្គង​ពី​ការធ្វើ Windows RT កាលពី​អតីតកាល​មក​កែសម្រួល​ទៀតផង។

    សម្រាប់​ព័ត៌មាន​របស់​លក្ខណៈសម្បត្តិ​ដែល​ចេញមក មាន Asus NovaGo 2-in-1ប្រកបដោយ​អេក្រង់ HD ទំហំ 13.3អី​ុ​ញ RAM ខ្ពស់បំផុត 8GB និង​កន្លែង​ផ្ទុក​ឯកសារ​បាន 256GB ថែមទាំង​អាច​ប្រើ​ប៊ិច​ស្តៃ​ឡាស់ និង​មាន​ផត USB 3.1 ផត HDMI ព្រមទាំង microSD ទៀតផង។

    ចំណែក HP Envy X2 វិញ​ចេញមក​ព្រមជាមួយ​អេក្រង់​បង្ហាញ​ទិន្នន័យ​ទំហំ 12.3អី​ុ​ញ RAM 8GB និង​ផ្ទៃ​ផ្ទុក​ឯកសារ 256GB និង HP នៅ​អាច​ប្រើការ​ជាមួយ​ប៊ិច​ស្តៃ​ឡា​ស់បាន ហើយ​ទាំងពីរ​ស៊េរី​នេះ នឹង​ចេញមក​ព្រមជាមួយ​ការតភ្ជាប់ LTE ទៀតផង៕

  • Man Utd ទុក​រឿង Sanchez មួយ​ឡែក ដើម្បី​ផ្តួល Stoke  

    Man Utd ទុក​រឿង Sanchez មួយ​ឡែក ដើម្បី​ផ្តួល Stoke  

    ក្រុម Manchester United បាន​ទុក​រឿង​ការ​ប្រជែង​ទិញ​ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្លិប Arsenal មួយ​ឡែក​សិន ដើម្បី​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Stoke នា​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​ចន្ទ។

    ខ្សែបម្រើ Antonio Valencia និង​ខ្សែប្រយុទ្ធ Anthony Martial សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​តង់​ទី1 ហើយ Romelu Lukaku បាន​បន្ថែម 1គ្រាប់​ទៀត​នៅ​តង់​ទី2 ខណៈដែល​លោក Jose Mourinho បាន​ផ្តួល​ក្រុម Stoke ជា​លើក​ទី1 ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Man United ក្នុងចំណោម​ការជួបគ្នា 4លើក។

    ប៉ុន្តែ ការបង្ហាញ​ពី​ទម្រង់​លេង​របស់ Man United ពី​ការប្រកួត​នេះ​មានការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​នៅតែ​បង្ហាញ​ឲ្យ​ឃើញថា លោក Mourinho ត្រូវតែ​បន្ថែម​តារា​ឆ្នើម Sanchez របស់​ក្លិប Arsenal ចូលក្នុង​ក្រុម​របស់លោក អំឡុងពេល​នៃ​ការដោះដូរ​កីឡាករ​នៅ​ខែម​ករានេះ បើទោះបីជា​បាន​កាត់បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Manchester City នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League មក​នៅត្រឹម 12ពិន្ទុ​ក៏ដោយ។

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Paul Pogba របស់ Man United បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ពិតណាស់ យើង​ឃើញ Manchester City កំពុងតែ​នាំមុខ​យើង ហើយ​ពួកគេ​បាន​រង​បរាជ័យ។ ពួកគេ​កំពុងតែ​នាំមុខ ហេតុនេះ យើង​តែងតែ​ចង់​តាម​ពួកគេ​ឲ្យ​ទាន់ ហេតុនេះ វា​ជា​រឿង​ល្អ​ដែរ​ដែល​ពួកគេ​បាន​រង​បរាជ័យ ហេតុនេះ សម្រាប់​យើង យើង​ត្រូវតែ​គិត​អំពី​ខ្លួន​យើង»៕

    ប្រភពពី៖ Channel News Asia

  • គម្រោង​ចំនួន 3 ទៀត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី ADB

    គម្រោង​ចំនួន 3 ទៀត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី ADB

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជា​ដៃគូ​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំ​មួយ​របស់​កម្ពុជា​បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ចំនួន180 លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ដល់​កម្ពុជា​សម្រាប់​អនុវត្ត​នូវ​គម្រោង​ចំនួន 3ដើម្បី​អភិវឌ្ឍ​វិស័យ​គមនាគមន៍​ដឹកជញ្ជូន ការកាត់បន្ថយ​ភាពក្រីក្រ និង​បណ្តាញ​ទឹកស្អាត​តាម​បណ្តា​ខេត្ត​នានា។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Samiuela T. Tukuafu នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​គ្នា​លើ​គម្រោង​ដែល​បាន​ឯកភាពគ្នា កាលពី​ថ្ងៃទី9 ខែមករា ឆ្នាំ2018។

    ក្នុង​ពិធី​ចុះហត្ថលេខា​នៅឯ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុក​កម្ចី​ហិរញ្ញប្បទាន​នោះ​ថា​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន ប្រកបដោយ​សមធម៌​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង។

    គម្រោង​ទាំង 3 ដែលមាន​ទឹកប្រាក់​សរុប 180លាន​ដុល្លារ​អាមេរិក​នោះ រួមមានៈ1- គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ​មួយចំនួន​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ 76,94 លាន​ដុល្លារ​អាមេរិក​ដោយ ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ 70 លាន​ដុល្លារ សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ1 និង​លេខ6 ប្រវែង​ប្រមាណ 147 គ.ម។ ទី2- គឺ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត​មួយចំនួន ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 119 លាន​ដុល្លារ​អាមេរិក ដោយ ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ 50 លាន​ដុល្លារ​អាមេរិក

    ក្រៅពីនោះ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន 10លាន​ដុល្លារ​អាមេរិក ព្រមទាំង​ថវិកា​នៅសល់​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។

    ទី3- គឺ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្តល់​ទឹកប្រាក់ 50លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ រួម​នឹង​ឥណទាន​សម្បទាន 10 លាន​ដុល្លារ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) និង​ការចូលរួម​បដិភាគ​ប្រមាណ 6លាន​ដុល្លារ​ពី​រដ្ឋាភិបាល។

    គិត​មកទល់នឹង​ពេលនេះ ADB បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ប្រមាណ 2.750លាន​ដុល្លារ​អាមេរិក ដោយ​គិត​បញ្ចូល​ទាំង​គម្រោង 3 នេះ​ផងដែរ។ យោងតាម​ព្រឹត្តិបត្រ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា វិស័យ​សំខាន់​ចំនួន 10 ដែល​គ្របដណ្តប់​លើ​គម្រោង​ចំនួន 359 របស់​កម្ពុជា​ធ្លាប់ប្រើ​ប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន ៖ វិស័យ​កសិកម្ម ធនធានធម្មជាតិ និង​អភិវឌ្ឍន៍ជនបទ វិស័យ​អប់រំ វិស័យ​ថាមពល វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ការគ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ដឹកជញ្ជូន ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សេវា​ដទៃទៀត​នៅ​តំបន់​ទីក្រុង និង​ពហុ​វិស័យផ្សេងៗទៀត។

    ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយនេះ។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស​កម្ពុជា​ពី47.8% ក្នុង​ឆ្នាំ2007 មក​នៅ 13.5% ក្នុង​ឆ្នាំ2014។ ទោះបីជា​បែបនេះ​ក្តី ក៏​ប្រជាជន​កម្ពុជា​រហូតដល់​ទៅ 70% នៅ​បន្ត​រស់នៅ​ជាមួយនឹង​ចំណូល​ក្រោម 3 ដុល្លារ​ក្នុង​មួយថ្ងៃ​ដដែល។

    យោងតាម​ព្រឹត្តិបត្រ​សមាជិក​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បានចេញ​ផ្សាយ​ថា កម្ពុជា​បាន​ប្រើប្រាស់​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​គម្រោង​សរុប​ចំនួន 359ដោយ​មិន​បួ​កប​ញ្ជូ​ល​គម្រោង 3 ថ្មី​នេះ​ទេ ចាប់តាំងពី​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ រហូតដល់​ឆ្នាំ2016៕

  • Chelsea ប្រជែង Man Utd ទិញ Sanchez ខណៈ Man City បោះបង់

    Chelsea ប្រជែង Man Utd ទិញ Sanchez ខណៈ Man City បោះបង់

    ក្លិប​បិសាច​ក្រហម Manchester United ហាក់​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Alexis Sanchez របស់​ក្លិប Arsenal កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ក្លិប​ជា​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ Manchester City បានបញ្ចប់​ការចាប់អារម្មណ៍​របស់​ពួកគេ​ក្នុង​ការទិញ​តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី​រូប​នេះហើយ។

    Sanchez វ័យ 29ឆ្នាំ ហាក់ដូចជា​បាន​លេង​ការប្រកួត​ជា​លើកចុងក្រោយ​របស់គេ​រួចហើយ​សម្រាប់​ក្រុម Arsenal ខណៈដែល​លោក Arsene Wenger ដែលជា​អ្នកចាត់ការ​ទូទៅ បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ការផ្ទេរ​របស់គេ​អាច​នឹងត្រូវ​ប្រកាស​ក្នុង​រយៈពេល 48ម៉ោង​ទៀត។

    ស្របពេល​ជាមួយគ្នានេះ មាន​ព័ត៌មាន​ថ្មី​មួយ​ចេញផ្សាយ​ថា ក្លិប Chelsea ក៏បាន​បោះជំហាន​ដើម្បី​ប្រជែង​ការចុះហត្ថលេខា​ជាមួយនឹង Sanchez ពី​ក្លិប Arsenal ផងដែរ ក្រោយពី​បានរៀបចំ​ការពិភាក្សាផ្សេងៗរួចមក។ ក្លិប Manchester United ដែល​បានបញ្ជាក់​យ៉ាងច្បាស់​រួចជាស្រេច​ថា ពួកគេ​ត្រៀម​ផ្តល់​តម្លៃ​ខ្លួន 35លាន​ផោន (ស្មើនឹង 48លាន​ដុល្លារ​អាមេរិក) តាម​ការស្នើសុំ​របស់​ក្លិប Arsenal ខណៈដែល​ក្លិប Man City ហាក់​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ចំណាយ​ប្រា​ក់លើ​តម្លៃ​ខ្លួន​នេះ។

    Sanchez អាច​នឹង​ចង់​បន្ត​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ច្រើនជាង ក្រោយពី​រូបគេ​បាន​ច្រានចោល​ការផ្ទេរ​ទៅកាន់​ក្លិប Liverpool កាលពី​ឆ្នាំ 2014 ដោយសារតែ​ហេតុផល​រឿង​ទីតាំង​ភូមិសាស្ត្រ។ ប៉ុន្តែ​ក្រុម​របស់លោក Jurgen Klopp មួយ​នេះ ក៏​ទាក់ទង​ជាមួយនឹង​ខ្សែប្រយុទ្ធ Sanchez វ័យ 28ឆ្នាំ​នៅពេលនោះ​ផងដែរ៕

    ប្រភពពី៖ Worldsoccertalk

  • តើ​អ្នកដឹង​ទេ​ថា ពេលណា​ដែល​មិនគួរ​ហាត់ប្រាណ?

    តើ​អ្នកដឹង​ទេ​ថា ពេលណា​ដែល​មិនគួរ​ហាត់ប្រាណ?

    ការហាត់​ប្រាណ​នឹងធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ឡើង​ទាំង​រាងកាយ ទាំង​ផ្លូវចិត្ត។  អ្នក​ដែល​ហាត់ប្រាណ​ជាប់​ជាប្រចាំ​នឹង​យល់ច្បាស់នូវ​ការពិត​ក្នុង​ចំណុច​នេះ​យ៉ាងច្បាស់​លាស់។  អ្នកខ្លះ​ប្រាប់ថា ការហាត់​ប្រាណ​ប្រៀបដូចជា​គ្រឿងញៀន​ម្យ៉ាង​អុ​ី​ចឹ​ង ព្រោះ​បើ​បានប្រព្រឹត្ត​ប្រតិបត្តិ​រហូត​ក្លាយជា​ទម្លាប់​ប្រចាំ​ហើយ​នោះ បើ​មិនបាន​ហាត់ប្រាណ​មួយថ្ងៃ នឹងមាន​អារម្មណ៍​ថា ដូចជា​មិនសូវ​ស្រស់ស្រាយប៉ុន្មាន​សោះ នេះ​ជាការ​ពិត (ព្រោះ​រាងកាយ​មិនបាន​បញ្ចេញ​សារ​ថា​តុ​នៃ​សេចក្តីសុខ «អេ​ន​ដូ​ហ្វ៊ី​ន» ចេញមក)។

    តែ​យ៉ាងណាក៏ដោយ ទោះជា​ការហាត់​ប្រាណ​ធ្វើឱ្យមាន​ផល​ល្អ​ដល់​សុខភាព​រាងកាយ​យ៉ាងច្រើន​មែន តែ​ក៏មាន​ករណី​ជាច្រើន​ដែល​យើង​គួរតែ​ប្រយ័ត្ន ឬ​គួរ​តម​ការធ្វើ​លំ​ហាត់ប្រាណ​ជា​បណ្តោះអាសន្ន​ដែរ ជាពិសេស​ក្នុង​សភាវ​ណាមួយ​ដូចខាងក្រោម​នេះ។

    1 . ឈឺ​ថ្កាត់ មិន​ស្រួលខ្លួន ជាពិសេស​បំផុត​បើ​មាន​គ្រុន​ក្តៅខ្លួន ឬ​មាន​អាការ​រលាក​ក្លាយ​នៅលើ​ផ្នែក​ណាមួយ​របស់​រាងកាយ

    2 . ក្រោយ​ជាសះស្បើយ​ពី​ជំងឺថ្មីៗ ដែល​រាងកាយ​នៅ​ទន់ខ្សោយ បើសិន​ហាត់ប្រាណ​ក្នុងអំឡុង​ពេលនេះ នឹង​ធ្វើឱ្យ​រាងកាយ​រឹតតែ​ទន់ខ្សោយ​ទៅទៀត។

    3 . បន្ទាប់ពី​ញ៉ាំ​អាហារ​ហើយភ្លាមៗ ព្រោះ​នឹងធ្វើ​ឱ្យ​ឈាម​នៅក្នុង​ប្រព័ន្ធ​ឈាម​រត់​ត្រូវ​បែងចែក​ទៅប្រើ​ប្រាស់​ក្នុងការ​រំលាយ​អាហារ ដូច្នេះ​ឈាម​ដែល​នឹង​ហូរ​ទៅ​ចិញ្ចឹម​សាច់ដុំ​ផ្នែក​ដែល​ហាត់ប្រាណ​នឹង​ថយចុះ ធ្វើឱ្យ​សាច់ដុំ​ចុះខ្សោយ​សមត្ថភាព និង​ងាយ​កើត​ប្រគ្រីវកាច់។

    4 . ក្នុងពេលដែល​ធាតុអាកាស​ក្តៅ និង​ហប់​ខ្លាំង ព្រោះ​រាងកាយ​នឹង​បាត់បង់​ញើស និង​ទឹក​ច្រើនជាង​ប្រក្រតី ធ្វើឱ្យ​រាងកាយ​ទន់ខ្សោយ ឆាប់​ហត់ ឬ​អាច​ខ្យល់គ​បាត់ស្មារតី​ក៏មាន (សម្រាប់​អ្នក​ដែល​រាងកាយ​មិន​រឹងមាំ​ដូច​អ្នកកីឡា)។

    អា​ការដែល​បង្ហាញថា គួរ​បញ្ឈប់​ការហាត់​ប្រាណ

    ក្នុងករណី​ខ្លះ​ដែល​រាងកាយ​អាច​ចុះ​ទន់ខ្សោយ​មួយ​ខណៈពេល ដូចជា ក្រោយពេល​កើត​អាការ​រាករូស អត់ងងុយ ការហាត់​ប្រាណ​ដែល​ធ្លាប់តែ​ធ្វើតាម​ធម្មតា​នោះ អាច​ក្លាយទៅជា​ធ្ងន់ធ្ងរ​បាន  ដូច្នេះ​បើសិន​ជាមាន​អាការ​ដូចខាងក្រោម​នេះ ទោះជា​តែមួយ​ករណី ឬ​ច្រើនយ៉ាង​ក៏ដោយ គួរតែ​ឈប់​ធ្វើការ​ហាត់ប្រាណ​ភ្លាម ដូចជា ៖

    1 . មាន​អារម្មណ៍​ថា​ហត់​ខុស​ប្រក្រតី

    2 . មាន​អាការ​ញ័រ​បេះដូង​ខុស​ប្រក្រតី

    3 . មាន​អាការ​ដកដង្ហើម​មិន​ស្រួល ឬ​ដកដង្ហើម​មិនបាន​ពេញលេញ

    4 . មាន​អាករ​វឹលមុខ

    5 . មាន​អាការ​ក្អួតចង្អោ

    6 . មាន​អាការ​ងងឹតមុខ

    7 . ជីពចរ​លោត​ញាប់​ច្រើនជាង 140 ដង​ក្នុង 1នាទី (សម្រាប់​មនុស្ស​ចាស់) ឬ 160ដង​ក្នុង 1នាទី(សម្រាប់​ក​ម្លោះ​ក្រមុំ)

    សូម​ចាំ​ទុក​ថា បើ​មាន​អាការ​ណាមួយ​កើតឡើង ត្រូវ​ឈប់​ហាត់ប្រាណ​ភ្លាម រួចហើយ​អង្គុយ​សម្រាក ឬ​គេង​សម្រាក​រហូត​ទាល់តែ​បាត់​ហត់  មិនគួរ​ហាត់ប្រាណ​បន្ត​ទៀតឡើយ និង​ត្រូវ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​សម្រាក​ឈប់​ហាត់ប្រាណ​រហូត​ទាល់តែ​សភាព​រាងកាយ​រឹងប៉ឹង​ដូច​ប្រក្រតី​ឡើងវិញ៕