Author: វល័ក្ខ

  • EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា

    EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី19 ខែមករា នេះ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ការចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Microsoft ក្នុងការ​ចែកចាយ​កម្ម​វិធី OFFICE 365 នៅ​កម្ពុជា។ ក្នុងនាម​ជា Microsoft CSP Partner ដំបូង​គេ​នៅ​កម្ពុជា  ក្រុមហ៊ុន EZECOM មាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់​នូវ​កម្មវិធី OFFICE 365 ដែលជា​បណ្តុំ​កម្មវិធី​កុំព្យូទ័រ​ចុងក្រោយ​បំផុត ដែល​ប្រមូលផ្តុំ​នូវ​មុខងារពិសេសៗជាច្រើន និង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មាន​ផលិតភាព​ការងារ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

    ការដែល​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូង​គេ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន Microsoft មាន​ទំនុកចិត្ត​ចំពោះ​គុណភាព​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់ EZECOM ក្នុងការ​ចែកចាយ​បន្ត​នូវ​ផលិតផល​របស់ខ្លួន​ទៅដល់​អតិថិជន​នានា។

    ផលិតផល​សំខាន់បំផុត​មួយ​សម្រាប់​អតិថិជន​គឺ Office 365 ដែលជា​បណ្តុំ​កម្មវិធី​ការិយាល័យ​សម្បូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែ​មាន​ភាពបត់បែន និង​ចល័តភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាច​ចែករំលែក និង​រក្សាទុក​ឯកសារ​យ៉ាង​ងាយស្រួល ថែមទាំង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លងឆ្លើយ​តាម​វីដេអូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ​និង​អតិថិជន​ទៀតផង។ បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែលមាន​សេវា​អ៊ីនធឺណិត តាមរយៈ​កម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។ សម្រាប់​រាល់​អ្នកប្រើប្រាស់ម្នាក់ៗ គាត់​នឹង​ទទួលបាន​ទំហំ​ធំ​រហូតដល់ ១ តេ​រ៉ា​បៃ​ត៍ (TB) សម្រាប់​រក្សាទុក និង​ចែករំលែក​ឯកសារ​នៅលើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​នឹងត្រូវ​បានការ​ពារ​យ៉ាង​មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​ពី​ក្រុមហ៊ុន Microsoft និង​អាច​ស្ដារ​មកវិញ​បាន​ងាយស្រួល។

    លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ត្រូវបាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ចែកចាយ​ផលិតផល និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​មាន​មោទនភាព​នោះ គឺ​យើង​បាន​ក្លាយជា​ដៃគូ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀតផង” លោក​បាន​បន្ថែមទៀតថា “តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្មថ្មីៗទាំងនេះ ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន EZECOM កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​សហគ្រាស​ទាំង​តូច និង​ធំ​នៅ​កម្ពុជា។

    ក្រុមហ៊ុន EZECOM ក៏បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​បាន និង​កំពុង​ត្រៀមខ្លួន​យ៉ាង​ស្វិតស្វាញ ដើម្បី​ធានាថា​គ្រប់យ៉ាង​មាន​ភាពរលូន​ល្អ​ក្នុងការ​ផ្តល់ជូន​សេវា​ថ្មី​នេះ​ដល់​អតិថិជន​ទាំងអស់ ក៏ដូចជា​ធានាថា​អតិថិជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពេញលេញ​បំផុត​ពី​សេវា​កម្មនេះ។

    លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Microsoft បាន​មានប្រសាសន៍ថា “ការ​ជ្រើសរ​សើ​ក្រុមហ៊ុន EZECOM ជា​ដៃគូ Cloud Solutions Partner ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការសម្រេច​គោលដៅ​ដ៏​សំខាន់​មួយទៀត នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Microsoft ក្នុង​ទីផ្សារ​មួយ​នេះ។ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​យើង ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​មនុស្ស និង​ស្ថាប័ន​ទាំងអស់​នៅលើ​ពិភពលោក យើង​ចាំបាច់​ត្រូវការ​ដៃគូល្អៗដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន។ ជាមួយនឹង​ជំនាញ​យូរ​ឆ្នាំ និង​វត្តមាន​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់ថា​ក្រុមហ៊ុន EZECOM នឹង​អាចជួយ​អតិថិជន​អោយទទួល​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការប្រើប្រាស់​កម្មវិធី Office 365 នៅក្នុង​ប្រទេស​កម្ពុជា” ៕

  • តើ​ការ​រស់នៅក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​មួយណា​ប្រសើរ​ជាង?

    តើ​ការ​រស់នៅក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​មួយណា​ប្រសើរ​ជាង?

    បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ពិសេស​យុវជន​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ហាក់​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការស្វែងរក​លំនៅឋាន​ផ្ទាល់ខ្លួន ដើម្បី​រស់នៅ​សាង​សុភមង្គល​គ្រួសារ និង​មានជីវិត​ដែល​ឯករាជ្យ។ ក្នុង​នោះគេ​មើលឃើញថា មាន​អ្នកខ្លះ​មាន​ចំណាប់អារម្មណ៍​ទៅលើ​ការទិញ​ផ្ទះ​នៅក្នុង​គម្រោង​បុរី រីឯ​អ្នក​ខ្លះទៀត​បាន​សម្លឹង​ទៅលើ​ការរស់នៅ​ក្នុង​លំនៅឋាន​ខាងក្រៅ​ដោយឡែក​ជា​លក្ខណៈ​ឯកជន​ជាជាង​ទិញ​ផ្ទះ​ក្នុង​បុរី។

    ដូច្នេះ​មាន​សំណួរ​មួយ​សួរថា តើ​ការទិញ​ផ្ទះ​នៅក្នុង​បុរី និង​ទិញ​ផ្ទះ​នៅ​ខាងក្រៅ​ខុសគ្នា​បែបណា?

    ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បាន​លើកឡើងថា រវាង​ការរស់នៅ​ក្នុង​បុរី និង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ក្រៅ​បុរី គឺ​មានគុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​ដូចគ្នា។ គុណ​សម្បត្ដិ​នៃ​ការរស់នៅ​ក្នុង​បុរី គឺ​អ្នក​រស់នៅក្នុង​បុរី​អាច​ទទួលបាន​សេវាកម្ម​ច្រើន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ រស់​នៅមាន​ផាសុកភាព​តាមរយៈ​ការបង្កើត​តំបន់​បៃតង ផ្ទះ​មានការ​រចនា​ម៉ូដ​ស្រស់ស្អាត​ទាន់សម័យ ពិសេស​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ទោះជា​ការរស់នៅ​ក្នុង​បុរី ម្ចាស់ផ្ទះ​ត្រូវមាន​ភារកិច្ច​បង់ប្រាក់​លើ​សេវា​ច្រើនក្ដី។ លោក​ឧកញ៉ា​បញ្ជាក់ថា៖“តែ ការរស់នៅ​ក្នុង​បុរី​យើង​មិន​អាចធ្វើ​អ្វី​ទៅតាម​ចិ​ត្ដ​បានទេ ឧទាហរណ៍ ដូចជា​រាល់​ការជួសជុល ឬ​សាងសង់​បន្ថែម​មិនអាច​ធ្វើ​បានទេ។ បើ​ប្លង់គោល​របស់គេ​មាន​ពីរ​ជាន់​យើង​អាចធ្វើ​បានតែ​ពីរ​ជាន់​ប៉ុណ្ណោះ មិនអាច​ធ្វើ​បន្ថែម​ឡើង​រហូតដល់​បី ឬ​បួន​ជាន់​ដូច​យើង​រស់នៅ​ឯកជន​ដោយឡែក​នោះទេ ព្រោះ​ការរស់នៅ​ក្នុង​បុរី ជាការ​រស់នៅក្នុង​លក្ខខណ្ឌ​មួយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​បុរី ទាំង​សន្ដិសុខ សុវត្ថិភាព និង​សោភ័ណភាព​ដូច្នេះ​យើង​មិនអាច​ធ្វើ​អ្វី​ខុសពី​កិច្ចសន្យា​បានទេ។

    អគ្គនាយក​ក្រុមហ៊ុន KFA បន្ថែមថា ការរស់នៅ​ខាងក្រៅ​បុរី ឬ​លក្ខណៈ​ឯកជន​ដោយឡែក គឺ​យើង​រស់នៅ​ដោយមាន​សេរីភាព​យើង​អាចធ្វើអ្វីៗបាន​ច្រើន ដូចជា​ការសាងសង់​ប​ន្ថែ​ម​បាន ឱ្យតែ​ច្បាប់រដ្ឋបាល​អនុញ្ញាត តែ​ការរស់នៅ​ឯកជន​ដោយឡែក​មាន​បញ្ហា​ចោទ​ទៅលើ​រឿង​សន្ដិសុខ ព្រោះ​ការរស់នៅ​ឯកជន​ដោយឡែក​ត្រូវ​ពឹងផ្អែក​តែ​លើ​សន្ដិសុខ​រដ្ឋបាល​តែប៉ុណ្ណោះ រីឯ​ការរស់នៅ​ក្នុង​បុរី​គឺមាន​សន្ដិសុខ​ក្នុង​បុរី​ការពារ​មួយ​ជាន់​ហើយ និង​មាន​សន្ដិសុខ​រដ្ឋបាល​ភូមិ-ឃុំ​បន្ថែម​មួយ​ជាន់​ទៀត។

    ដូច្នេះ​អ្នករស់នៅ​ឯកជន​ដោយឡែក​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ជាង​ការរស់នៅ​ក្នុង​បុរី ផ្ទុយទៅវិញ​អ្នករស់នៅ​ក្នុង​បុរី​ចង់​ដើរហើរ​ទៅណា​មក​ណា​ក៏​ពុំ​សូវ​ជាមាន​ការបារម្ភ​ខ្លាំង​ដែរ។

    ជាមួយគ្នានេះដែរ​លោក​ឧក​ញ៉ា នួន រិទ្ធី បាន​បង្ហើប​ថា សូម​កុំឱ្យ​មហាជន​មានការ​យល់ច្រឡំ​ថា ការរស់នៅ​ក្នុង​បុរី ឬ​លក្ខណៈ​ឯកជន​ដោយឡែក វា​នឹង​ផ្ដល់​ប្រយោជន៍​ខុសគ្នា​នៅពេល​ចង់​លក់​អចលនទ្រព្យ​នោះ​ឱ្យសោះ ព្រោះ​ការទិញ-លក់ដូរ​អចលនទ្រព្យ ដើម្បី​ទទួលបាន​ផលចំណេញ វា​មិន​អាស្រ័យ​លើ​អចលនទ្រព្យ​នោះ​ស្ថិតនៅក្នុង​បុរី ឬ​ក្រៅ​បុរី​នោះទេ វា​អាស្រ័យ​លើ​លំនៅឋាន​នោះ​ស្ថិតក្នុង​តំបន់​ណា និង​ពេលវេលា​នៃ​ការលក់។ លោក​ឧកញ៉ា​បាន​ប្រាប់ទៀតថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា គឺ​នៅតែមាន​ការពេញនិយម​រស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ជាង​ការរស់នៅ​ក្នុង​បុរី​នៅឡើយ។

    បុរី​ជាទី​ប្រជុំជន​បែប​ថ្មី​ដែលមាន​ការប្រមូលផ្ដុំ​ការរស់នៅ​របស់​មនុស្ស​ដែល​សំដៅ​ទៅលើ​បណ្ដុំ​ផ្ទះល្វែង ឬ​វីឡា ដែលមាន​ផ្សារ​ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អ្នករស់នៅ​ក្នុង​តំបន់​នោះ​អាច​ប្រើប្រាស់ និង​អាស្រ័យ​ផល​បាន បច្ចុប្បន្ន​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បានគិត​គូរ​ពី​តំបន់​បៃតង​ដើម្បី​ផ្ដល់នូវ​ការរស់នៅ​បែប​សុខដុមរមនា​ដល់​អតិ​ថិ​ជន។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន មេគង្គ Century 21 បាន​លើកឡើងថា តាម​ការសិក្សា មូល​ហេតុដែល​ធ្វើឱ្យ​អតិថិជន ឬ​ពលរដ្ឋ​កម្ពុ​ជាមាន​ទំនោរ​ចង់ទៅ​រស់នៅក្នុង​បុរី ដោយសារ​ផ្ទះ​នៅក្នុង​បុរី​មាន​ចំណុច​វិជ្ជមាន​ច្រើន​សម្រាប់​ជា​បច្ច័យ​ដល់​អ្នកប្រើប្រាស់​ពិចារណា​ថា គួរ​ទិញ ឬ​មិនគួរ​ទិញ។ លោក​បញ្ជាក់ទៀតថា៖ “អ្នក​និយម​ទិញ​ផ្ទះ​ក្នុង​បុរី ពួកគាត់​គិតថា ការប្រើប្រាស់​បុរី​មាន​លក្ខណៈ​ល្អ ងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។ ម្យ៉ាងវិញទៀត បណ្ដុំ​នៃ​អ្នកទិញ​អចលនទ្រព្យ​នៅក្នុង​បុរី​មាន​ជីវភាព​ប្រហាក់ប្រហែលគ្នា​ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​រស់នៅ។ ពិសេស​បុរី​ត្រូវបាន​វិនិយោគ​ជារួម​ទៅលើ ហេដ្ឋារចនាសម្ព័ន្ធ មាន​សួនច្បារ​សាធារណៈ សួន​លម្ហែកាយ និង​មាន​ផ្លូវ​ដើរ​សម្រាប់​ធ្វើការ​ហាត់ប្រាណ​សម្រាប់​អ្នករស់នៅ​ទីនោះ​ទៀតផង។ គុណ​តម្លៃ​ទាំងនេះ អាច​ទាញយក​ចំណាប់អារម្មណ៍​របស់​អតិថិជន​បាន​ខ្លាំង ពិសេស​ដោយសារតែ​វា​មានតម្លៃ​សមល្មម​ដែល​ពួកគាត់​គិតថា អាចមាន​សមត្ថភាព​ទិញ ឬ​បង់​រំលស់​បាន។

    លោក​រ័ត្ន វាសនា បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ដែល​កំពុងតែ​រស់នៅក្នុង​បុរី​មួយកន្លែង​នៅ​ម្ដុំ​ចំការ​ដូង​បាន​លើកឡើងថា បើទោះជា​ការរស់នៅ​ក្នុង​បុរី​មានគុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​ដូចគ្នា​ក៏ដោយ តែ​យ៉ាងណា​ការរស់នៅ​ក្នុង​បុរី​មានគុណ​សម្បត្ដិ​ច្រើនជាង។ លោក​បាន​បន្ដថា សម្រាប់​អ្នកធ្វើការងារ ឬ​បុគ្គលិក​ការងារ​រដ្ឋ​ដែល​ធ្វើ​ការងារ ច្រើន​ចូល​ចិ​ត្ដ​រស់នៅ​កន្លែង​ដែលមាន​ភាពស្ងប់ស្ងាត់ និង​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ការរស់នៅ​ក្នុង​បុរី​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ពួកគាត់។ បុគ្គលិក​ក្រុមហ៊ុន​រូបនេះ​បញ្ជាក់ថា៖ “ទោះបីជា​ការរស់នៅ​ក្នុង​បុរី​តម្រូវឱ្យមាន​ការបង់​សេវា​ច្រើន ឬ​ពេលធ្វើ​កម្មវិធី​នៅផ្ទះម្ដងៗតម្រូវឱ្យមាន​ការអនុញ្ញាត​ពី​ការិយាល័យ​គ្រប់គ្រង​បុរី និង​អាជ្ញាធរ ដែល​បង្កលក្ខណៈ​សាំញ៉ាំ​ជាង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ក៏ដោយ ក៏ប៉ុន្ដែ​ការរស់នៅ​ក្នុង​បុរី​មាន​លក្ខណៈ​ល្អ ត្រង់​នៅ​ទីនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ មាន​កន្លែង​លម្ហែ​សម្រាប់​ហាត់ប្រាណ មាន​សុវត្ថិ​ភាពល្អ ពិសេស​អ្នករស់នៅ​ជិតខាង​មានការ​យល់ដឹង និង​មិនសូវមាន​ភាព​រញ៉េរញ៉ៃ ខ្ញុំ​រស់នៅ​ទីនោះ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ខ្ញុំ​មាន​អារម្មណ៍​ថា វា​មាន​ភាពងាយស្រួល​ជាង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន​ដោយឡែក​ឆ្ងាយ​ណាស់ ឧទាហរណ៍​ដូចជា​នៅពេល​យើង​ចង់​ដើរ​កម្សាន្ដ​ទៅឆ្ងាយៗ គឺ​យើង​ពុំ​ចាំបាច់​បារម្ភ​ពី​ផ្ទះ​យើង​ឡើយ។

    លោក រ័ត្ន វាសនា បន្ថែមថា កន្លងមក​មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា ការរស់នៅ​ក្នុង​បុរី​ពិបាក​បង្កើត​អាជីវកម្ម ប៉ុន្ដែ​សម្រាប់​លោក​គិតថា សម្រាប់​អ្នក​ចង់​រកស៊ី​នៅតែ​អាចបង្កើត​អាជីវ​កម្មបាន គ្រាន់តែ​អ្នករស់នៅ​ក្នុង​បុរី​ត្រូវ​ចេះ​រៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់ ឬក៏​អាចបង្កើត​អាជីវកម្ម​នៃ​ការលក់​សេវាកម្ម​ក៏បាន ហើយ​អាច​លក់​សម្រាប់​អ្នក​នៅក្នុង​បុរី ឬ​អ្នក​មកពី​ខាងក្រៅ​ក៏បាន​ដូចគ្នា។

    ដោយឡែក​លោក រ៉េត សារុន ដែលមាន​លំនៅឋាន​នៅ​ជិត​ផ្សារ​ទួល​សង្កែ បាន​លើកឡើងថា លោក​យល់ថា ការរស់នៅ​ក្នុង​បុរី​ពិត​ជាមាន​ភាពស្ងប់ស្ងាត់​ល្អ​មែន ប៉ុន្ដែ​សម្រាប់​អាជីវករ​លក់ដូរ​ដូច​រូបលោក​ដែល​ទទួលបាន​កម្រៃ​ជាប្រចាំ ពិតជា​គិតថា ការរស់នៅ​ក្នុង​ទីប្រជុំជន​ខាងក្រៅ ពិសេស​តំបន់​ផ្សារ​មាន​សារៈសំខាន់​ក្នុង​ជីវិត​របស់គាត់ ព្រោះ​សេដ្ឋកិច្ច​គ្រួសារ​ទាំងមូល​របស់លោក​ត្រូវ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ដូរ​នេះ។

    លោក​បញ្ជាក់ថា៖“ខ្ញុំ​រស់នៅក្នុង​ជីវភាព​អ៊ូអរ​យូរ​មកហើយ តាំងពីក្មេង​រហូត​មានកូន​ចៅធំៗអស់ហើយ អាច​និយាយបានថា ជា​ទម្លាប់​ក្នុង​ជីវិត​ទៅហើយ។ ដូច្នេះ​ទោះបីជា​ខ្ញុំ​មាន​លុយ​ច្រើន​អាច​ទិញ​ផ្ទះ​ក្នុង​បុរី​បាន ក៏​ខ្ញុំ​អត់​ទិញ​ដែរ ព្រោះ​ខ្ញុំ​អត់​ចេះ​រស់នៅក្នុង​ភាព​ស្ងប់​សា្ង​ត់​ទេ”៕

  • សិស្ស​ថ្នាក់​ទី12ចាប់ផ្តើម​មានឱកាស​សិ​ក្សា​ផ្នែក​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន

    សិស្ស​ថ្នាក់​ទី12ចាប់ផ្តើម​មានឱកាស​សិ​ក្សា​ផ្នែក​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន

    មុខវិជ្ជា​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយនឹង​អង្គការ DW Akademie សហការគ្នា​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​សិស្ស​ថ្នាក់​ទី12 ដើម្បី​ផ្តល់​ជា​បំ​ណិ​ន​ជីវិត​ដល់​ពួកគេ​ឱ្យបាន​យល់ដឹង​អំពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម។ មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ម៉ោង​សិក្សា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​សារ​ទូរគមនាគមន៍ (ICT) ដែល​ក្រសួង​បានដាក់​ចេញរួច​មកហើយ។

    យោងតាម​ការបង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ឃើញថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ភាគច្រើន​នៃ​ប្រជាជន​វ័យក្មេង​ទាំងនេះ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត។ ការទំនាក់ទំនង គ្នា​តាមរយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពុងមាន​ការពេញនិយម ខណៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook បាន​ក្លាយជា​ជម្រើស​យ៉ាងសំខាន់​សម្រាប់​ពួកគេ។ ស្របតាម​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​ទំនាក់ទំនង​នៅ​កម្ពុជា​យើង​ឃើញថា មាន

    បញ្ហា​ជាច្រើន​ដែល​ត្រូវការ​ស្វែងយល់​អំពី​ភាពស្មុគស្មាញ និង​ផលប៉ះពាល់​របស់​វា​មកលើ​យុវជន​កម្ពុជា។ កម្មវិធី​អក្ខរកម្ម​មេ​ឌៀ និង​ព័ត៌មាន (MIL) ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​អាច​សិក្សា​ពី​របៀប​ប្រើប្រាស់​មេ​ឌៀ​គ្រប់​ទម្រង់​ដូចជា វិទ្យុ ទូរទស្សន៍ ឯកសារ​បោះពុម្ព ប្រព័ន្ធ​អី​ុ​ន​ធើ​ណិ​ត និង​បច្ចេកវិទ្យា​ឌីជីថលថ្មីៗជាច្រើន​ទៀត។

    យោងតាម​ឯកសារ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​អង្គការ DW Akedemie បានឱ្យដឹងថា តាមរយៈ​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ DW Akedemie បាន​បង្កើត និង​អភិវឌ្ឍ​សៀវភៅពុម្ព​សម្រាប់​វិស័យ​បច្ចេកវិទ្យា និង​ទំនាក់ទំនង​ព័ត៌មាន (ICT) សម្រាប់​សិស្ស​ថ្នាក់​ទី12 ដែល​ក្នុងនោះ​មាន​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​នេះ​ចំនួន 94,500នាក់​នៅ​កម្ពុជា។

    ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​សុខ ថា បាន​លើកឡើងថា “ចាប់តាំងពី​សារ​នៃ​មេ​ឌៀ និង​បច្ចេកវិទ្យា​ថ្មី​នៃ​ការទំនាក់ទំនង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​យុវជន​កម្ពុជា វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពួកគេ​ក្នុងការ​ជម្នះ​នូវ​ឧបសគ្គ និង​ចាប់យក​ឱកាស​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ពួកគេ។

    លោក សុខ ថា បានលើកឡើង​ផងដែរ​ថា សិស្ស​ត្រូវការ​ការយល់​ដឹង​ពី​ផលប៉ះពាល់​នៃ​អី​ុ​ន​ធើ​ណិ​ត​និង​វិធីសាស្ត្រ​ដើម្បី​ការពារ​ខ្លួន​ចេញពី​ឧក្រិដ្ឋកម្ម​អន​ឡាញ។ លោក​ទទួលស្គាល់​ផងដែរ​ថា សារៈសំខាន់​នៃ​បច្ចេកវិទ្យា​អី​ុ​ន​ធើ​ណិ​ត និង​គេហទំព័រ​ដែល​ផ្តល់​ការអប់រំ​សម្រាប់​សិក្សា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​កត្តា​ទាំងអស់នេះ​នឹង​ក្លាយជា​ចំណុចខ្លាំង​របស់​សង្គម​ខណៈ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (ICT) និង​មេ​ឌៀ (MIL) ដើម្បី​ប្រើ​វា​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម។

    យោងតាម​ទិន្នន័យ​ចុងក្រោយ​បំផុត​របស់​ស្ថាប័ន​ទូរគមនាគមន៍​របស់​រដ្ឋ​បានបង្ហាញ​ឱ្យឃើញថា ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​កម្ពុជា​ប្រមាណ 15.9លាន​នាក់​ទទួលបាន​សេវា​អី​ុ​ន​ធើ​ណិ​ត​ប្រើប្រាស់ ខណៈពេលដែល​អ្នកប្រើប្រាស់ Facebook មាន​ចំនួន​ប្រមាណ 3.4លាន​នាក់ (កើនឡើង 1.1លាន​នាក់​កាលពី2ឆ្នាំមុន)។

    លោកស្រី Ute Schaeffer ប្រធាន​ផ្នែក​អភិវឌ្ឍន៍​មេ​ឌៀ​នៃ​អង្គការ DW Akademie បាន​លើកឡើងថា ដើម្បី​ដឹង​ពី​ប្រភពព័ត៌មាន​យ៉ាង​សម្បូរបែប​នៅលើ​ពិភពលោក ប្រជាជន​ទាំងអស់​ចាំបាច់​ត្រូវតែមាន​ជំនាញ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ប្រជាជន​ក៏ត្រូវ​តែ​ដឹង​ពី​វិធី​និង​កន្លែង​ដែល​អាច​ស្វែងរក​ប្រភពព័ត៌មាន​ដែល​ច្បាស់ការ និង​វិធីសាស្ត្រ​ក្នុងការ​ទំនាក់ទំនង​ដោយ​សុវត្ថិភាព និង​ដោយ​សេរី​ផងដែរ។ លោកស្រី Ute Shaeffer បាន​និយាយថា៖ “ពួកគេ​ត្រូវតែ​ជា​អក្ខរជន​ផ្នែក​មេ​ឌៀ”៕

  • គន្លឹះ​ទាំង5 ដើម្បី​រក្សា​សុខភាព​នៅក្នុង​រដូវរងា

    គន្លឹះ​ទាំង5 ដើម្បី​រក្សា​សុខភាព​នៅក្នុង​រដូវរងា

    រដូវរងា គឺជា​អំឡុង​ពេលវេលា​ដែល​យើង​ត្រូវ​មើលថែ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ចំពោះ​សុខភាព​តែម្តង សូមកុំ​បណ្ដោយឱ្យ​ពេលវេលា​នៅក្នុង​រយៈពេល​នេះ រំលង​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អាកាសធាតុ​ផ្លាស់ប្តូរ​ពី​ក្ដៅ​មក​ត្រជាក់ ហើយ ធ្លាក់​ខ្យល់​ខ្លាំង សម្រាប់​អ្នក​ដែល​ចាញ់​រងា គឺ​ពិតជា​ងាយ​នឹង​ឈឺ​ញឹកញាប់។ ដូច្នេះហើយ​ត្រូវ​ងាក​មក​ត្រៀមខ្លួន​មើលថែ​ខ្លួនឯង​ឱ្យមាន​សុខភាព​ល្អ​វិញ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​គន្លឹះ​ថែទាំ​សុខភាព​នៅក្នុង​រដូវរ​ងា​ទាំង5ចំណុច​ដូចខាងក្រោម​នេះ។

    1/ ស្លៀកពាក់​ខោអាវ​ជុំជិត និង​អាវ​រងា

    ចៀសវាង​ការ​ស្លៀកពាក់​ខោអាវ​ស្ដើង ខោ​ចខ្លីៗ ដែល​ធ្លាប់តែ​បញ្ចេញ​ស្ទា​យល៍​នៅ​រដូវក្ដៅ​ត្រូវ​ទុក​មួយអន្លើ​សិន។ នៅ​រដូវរងា​នេះ​ត្រូវឱ្យ​ស្លៀកពាក់​បែប​រុំជិតៗ អាវធំ ដៃវែងៗ និង​ខោជើងវែង ហើយ​មាន​សាច់​ក្រណាត់ក្រាស់ៗ នោះ​ទើប​ជាការ​ប្រសើរ។ ចំពោះ​ដៃ​អាច​នឹង​ងាយ​ត្រជាក់​រងា​គ្រប់ពេលវេលា ដូច្នេះ​អ្នក​គួរតែ​ប្រើប្រាស់​ស្រោមដៃ និង​ស្រោមជើង​ដូចគ្នា។ ករណី​ដែល​រងា​ខ្លាំងពេក​អ្នក​អាច​ពាក់មួក​រងា​ឱ្យ​ជិត​ត្រចៀក ឬ​យក​ក្រណាត់ កន្សែង​បង់ក មក​រុំ​បរិវេណ​ក្បាល​ក៏បាន​ដែរ។ ការថែរក្សា​សុខភាព​បែ​បងាយៗនៅក្នុង​អំឡុងពេល​រដូវ​រងា លោកអ្នក​មិនត្រូវ​មើលរំលង​ឡើយ។

    2/ ទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍

    វិធីសាស្ត្រ​ការពារ​មិនឱ្យ​ផ្ដាសាយ​ដែល​អ្នក​មិនគួរ​មើលរំលង​នោះ​គឺ​ការបន្ថែម​ថាមពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ដោយ​ការ​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​អាចជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ប្រយុទ្ធប្រឆាំង​ជាមួយ​មេរោគ​នៅក្នុង​រដូវរងា។ ចំពោះ​អាហារ​ដែរ​គួរតែ​ទទួលទាន​ឱ្យបាន​ច្រើន​បំផុត​នោះ​គឺ បន្លែ ផ្លែឈើ​គ្រប់មុខ​ជាជាង​សាច់​ក្រហម ព្រោះ​បន្លែ​ផ្លែឈើ​សម្បូរ​ទៅដោយ​សារធាតុ​វីតាមីន​ជាច្រើន​ប្រភេទ ថែមទាំង​មាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​រាងកាយ​មិនឱ្យ​ឆ្លង​មេរោគ និង​ងាយ​ឈឺ​ថ្កាត់។

    3/ ពិសា​ទឹក​ក្ដៅ ឬ​ភេសជ្ជៈក្ដៅៗ

    ដើម្បី​ការពារ​សុខភាព​រាង​កា​យ​របស់​អ្នកជា​ប្រចាំថ្ងៃ នៅក្នុង​រដូវរងា​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ជាពិសេស​គឺ​ទឹក​ក្ដៅ ឬ​ភេសជ្ជៈ​ក្ដៅឧណ្ហៗ ក្នុងការ​បន្ថែម​កម្ដៅ​ដល់​រាងកាយ និង​ស្បែក​របស់​អ្នក ព្រោះថា នៅក្នុង​រដូវរងា​ស្បែក​របស់​អ្នក​ងាយ​នឹង​ស្ងួត ក្រៀមក្រោះ​ដោយសារ​ខ្យល់ ដូច្នេះហើយ​អ្នក​ត្រូវ​បន្ថែម​ជាតិ​ទឹក​ឱ្យ​រាងកាយ ដើម្បី​ឱ្យមាន​សំណើម​ឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រជាក់​ច្រើន​នៅក្នុង​អំឡុង​អាកាសធាតុ​ត្រជាក់​បែបនេះ ក៏​មិនសូវ​ហុច​ផល​ល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ប៉ុន្មាន​ដែរ វា​ធ្វើឱ្យ​អ្នក​ងាយ​ឈឺបំពុងក  រលាក​បំពង់ក ហើយនឹង​ងាយ​ផ្ដាសាយ​ផងដែរ។

    4/ ហាត់ប្រាណ​ជាប្រចាំ

    អ្នក​អាច​ក្រោក​មក​ហាត់ប្រាណ​ដោយ​ការរត់ ឬ​ដើរ​ដើម្បី​ទទួល​ពន្លឺ​រស្មី​នៃ​កម្ដៅ​ព្រះអាទិត្យ ដើម្បី​ជំរុញ​រាងកាយ​ឱ្យ​សាង​ភាពកក់ក្ដៅ​នៅ​ខាងក្នុង។ ប្រសិនជា​មិនមាន​ពេលវេលា​នាពេល​ព្រឹក​ទេនោះ អ្នក​អាច​កម្ដៅ​សាច់ដុំ​នៅពេល​ល្ងាច ដើម្បី​បញ្ចេញ​ញើស និង​ជាតិពុល​ចេញ​ក៏បាន ព្រោះ​ក្រៅពី​រាងកាយ​បាន​កក់ក្ដៅ​ហើយ​នោះ វា​ក៏​អាច​បន្ថយ​ភាព​រងា​ចេញពី​រាងកាយ​អ្នក​បាន​ផងដែរ ព្រមទាំង​មាន​សុខភាព​ល្អ​ថែម​ទៀតផង។

    5/ ងូតទឹក​ក្ដៅ

    ដោយសារតែ​អាកាសធាតុ​ត្រជាក់​ទើប​រាងកាយ​របស់​អ្នក​ត្រូវមាន​ភាពកក់ក្តៅ​គ្រប់ពេល និង​ចៀស​ឆ្ងាយ​ពី​ជំងឺផ្សេងៗ ដូច្នេះ អ្នក​គួរតែ​ងូតទឹក​ក្តៅ​ជាជាង​ទឹក​ត្រជាក់ ដើម្បី​ជួយ​រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ឱ្យនៅ​សភាព​ដើម និង​ជួយ​កាត់បន្ថយ​ជំងឺ​ផ្តាសាយ​ផងដែរ៕

  • Man Utd នឹងធ្វើ​ឱ្យ Sanchez ក្លាយជា​កីឡាករ​មាន​ចំណូល​ខ្ពស់បំផុត​ក្នុង Premier League

    Man Utd នឹងធ្វើ​ឱ្យ Sanchez ក្លាយជា​កីឡាករ​មាន​ចំណូល​ខ្ពស់បំផុត​ក្នុង Premier League

    ក្លិប​បិសាច​ក្រហម Manchester United នឹង​នាំយក​តារា​ឆ្នើម Alexis Sanchez ពី​ក្លិប Arsenal តាមរយៈ​ការធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​ក្របខ័ណ្ឌ Premier League។ នេះ​បើ​យោងទៅតាម​បណ្តាញសារព័ត៌មាន​ជាច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ នឹង​ទទួលបាន​ចំណូល​ក្នុង​ចន្លោះ​ពី 40ម៉ឺន ទៅ 50ម៉ឺន​ផោន (ស្មើនឹង 55.5ម៉ឺន​ដុល្លារ និង 69ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្តាហ៍​មុនពេល​កាត់​ពន្ធ​តាមរយៈ​ការផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​កាសែត The Sun, Daily Telegraph និង​កាសែត​ជាច្រើន​ផ្សេងទៀត។

    ការទាមទារ​ប្រាក់បៀវត្ស​រ៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឲ្យ​ក្លិប Manchester City និង Chelsea បោះបង់​ការ​ប្រជែង​ទិញ ដែល​នាំ​ឲ្យ​ក្លិប Man Utd ក្លាយជា​បេក្ខភាព​តែម្នាក់ឯង។ កាសែត Daily Telegraph បានចេញ​ផ្សាយ​ថា Man United បានផ្តល់​កុងត្រា​រយៈពេល4ឆ្នាំកន្លះ ហើយ​រូបគេ​នឹង​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន30លាន​ផោន (ស្មើនឹង41.6លាន​ដុល្លារ​អាមេរិក) ដែលជា​តម្លៃ​ខ្លួន​ទាប​មួយ ដោយសារតែ​រូបគេ​នឹងត្រូវ​ចាកចេញ​ពី Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងរដូវ​កាល​នេះ។

    ការផ្ទេរ​របស់​អតីត​កីឡាករ​របស់​ក្លិប Barcelona រូបនេះ​ក៏​ទាក់ទិន​នឹង​ទឹកប្រាក់​សម្រាប់​ការចុះ​កុងត្រា​ចំនួន 20លាន​ផោន និង​សេវា​ភ្នាក់ងារ​ចំនួន 10លាន​ផោន​ផងដែរ។ ជាមួយគ្នានេះ លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បាន​បញ្ជាក់ថា Sanchez នឹងត្រូវ​ចូលរួម​ជាមួយ​Man United ក្នុង​រយៈពេល 24ម៉ោង ឬ 48ម៉ោង​ខាងមុខ​ទៀត៕

    ប្រភពពី៖ The Guardian

  • ប្រភពព័ត៌មាន៖ Barcelona ចំណាយ​ប្រាក់​ច្រើនជាង 200លាន​អឺរ៉ូ ដើម្បី​ទិញ Neymar

    ប្រភពព័ត៌មាន៖ Barcelona ចំណាយ​ប្រាក់​ច្រើនជាង 200លាន​អឺរ៉ូ ដើម្បី​ទិញ Neymar

    ក្លិប FC Barcelona បាន​ជះ​ទឹកប្រាក់​ច្រើនជាង 200លាន​អឺរ៉ូ (ស្មើនឹង245លាន​ដុល្លារ​អាមេរិក) សម្រាប់ Neymar ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រាក់ខែ​របស់គេ និង​លក្ខខណ្ឌ​លាក់បាំង​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​មួយ​នេះ​ផងដែរ។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​កាសែត El Mundo របស់​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ប្រសិនបើ​ពិត​ដូច​ការលើកឡើង​ខាងលើ​មែន​នោះ វា​នឹងមាន​ចំនួន​ច្រើនជាង​ទឹកប្រាក់57.1លាន​អឺរ៉ូ ដែល​ក្លិប Barcelona បាន​អះអាងថា ខ្លួន​បាន​ចំណាយ​សម្រាប់​ការផ្ទេរ​របស់ Neymar កាលពី​ឆ្នាំ2013 និង​ច្រើនជាង83.3លាន​អឺរ៉ូ ដែល​ត្រូវបាន​ព្យាករ​ដោយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ ដែល​នឹង​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​ទៅលើ​ការផ្ទេរ​នេះ។

    ខ្សែប្រយុទ្ធ​វ័យ25ឆ្នាំ​រូបនេះ និង​ឪពុកម្តាយ​របស់គេ ត្រូវបាន​បញ្ជា​ឲ្យ​រក្សា​ការសម្ងាត់​ចំពោះ​ការផ្ទេរ​នេះ ក៏ដូចជា​លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona និង​លោក Sandro Rosell អតីត​ប្រធាន​ក្លិប ផងដែរ។

    កាសែត El Mundo បាន​ផ្អែកលើ​ព័ត៌មាន​របស់ខ្លួន និង​ឯកសារផ្សេងៗដែល​ត្រូវ​បានប្រគល់​ទៅឱ្យ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ ដោយ​ក្រុម​អាជ្ញាធរ​ប្រេ​ស៊ី​ល ដែល​ក៏​កំពុងតែ​ស៊ើបអង្កេត​លើ​តារាបាល់ទាត់​រូបនេះ​ផងដែរ​ចំពោះ​ការរំលោភ​ការបង់ពន្ធ។ ប្រភព​មួយ​នៅឯ​តុលាការ ដែល​បាន​បដិសេធ​ក្នុងការ​បញ្ចេញ​ឈ្មោះ បាន​អះអាងថា រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ ពិតជា​បានទទួល​ឯកសារ​ទាំងនោះ​ប្រាកដ​មែន ប៉ុន្តែ មិនបាន​បញ្ជាក់​ពី​តួលេខ​នៃ​តម្លៃ​ខ្លួន​ឡើយ៕

    ប្រភពពី៖ AFP

  • អ៊ី​ស៊ូ​ហ្ស៊ុ ខេ​ម​បូ​ឌា ដាក់​បង្ហាញ​​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!

    អ៊ី​ស៊ូ​ហ្ស៊ុ ខេ​ម​បូ​ឌា ដាក់​បង្ហាញ​​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!

    ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ.ក ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!” នេះ​គឺជា​រថយន្ត​ប្រណាំង​ដែលមាន​ល្បឿន​លឿន​បំផុត​ដែល​បញ្ជាក់បន្ថែម​ពី​អត្ថន័យ​នៃ​ការ​ផ្សងព្រេង និង​នៅលើ​ផ្លូវលំបាកៗគ្រប់​ទីកន្លែង។ រថយន្ដ​នេះ​មាន​រូបរាង​ស្អាត​ជាង​មុន និង ធន់ រឹងមាំ ជាង​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ផ្លូវលំបាកៗ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។ វា​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ការ​រចនា​ប្លែក​អស្ចារ្យ​ថ្មី​សម្រាប់​អ្នកបើកបរ​កម្ពុជា​ដែល​ពិតជា​កម្រ​រកបាន។

    លោក Hisao Ito ប្រធាន​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ.ក ជា​អ្នកតំណាង​ចែកចាយ​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា “ ជាមួយនឹង​ការបន្ត​សកម្មភាព​រប​ស់ ទ្រី ផេ​ដ គ្រុប នេះ​បានធ្វើ
    ឲ្យ​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​រថយន្ដ “អ៊ី​ស៊ូ​ហ្ស៊ុ D-Max” និង អ៊ី​ស៊ូ​ហ្ស៊ុ MU-X”។ អ្នកប្រើប្រាស់​រថយន្ត​នៅ​កម្ពុ​ជាមាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ភាពរឹងមាំ​នៃ​ផលិតផល និង​ភាព​ធន់ នៃ​ម៉ាស៊ីន អ៊ី​ស៊ូ​ហ្ស៊ុ  ប្ល៊ូ​ផៅ​វើ  ដែលមាន​លក្ខណៈ​សន្សំសំចៃ រឹងមាំ និង​ការផ្តល់ជូន​នូវ​សេវាកម្ម​ល្អ​តាម​ស្តង់ដា អ៊ី​ស៊ូ​ហ្ស៊ុ ពី មជ្ឈមណ្ឌល​សេវាកម្ម អ៊ី​ស៊ូ​ហ្ស៊ុ។ ដើម្បី​បង្កើន​ជម្រើស​សម្រាប់​ទីផ្សារ​រថយន្ត​កម្ពុជា  អ៊ី​ស៊ូ​ហ្ស៊ុ​បាន​ណែ​នាំនូវ​រថយន្ត​ស៊េ​រ​ថ្មី “អ៊ី​ស៊ូ​ហ្ស៊ុ  D-Max V-Cross 4×4 Limited Edition! ជម្រើស​ក្នុង​បរិមាណ​កំណត់! ។ តម្លៃ​លក់​ចាប់ពី 48,900 ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​ភ្ជាប់​មកជា​មួយ​ការ​រចនា​រូបរាង​ថ្មី​ពិសេស រូបរាង​ជា​ប្រភេទ​ឡាន​ប្រណាំង និង​មើលទៅ​គួរឱ្យ​ទាក់ទាញ​នៅ​គ្រប់​វិមាត្រ។ ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់​រថយន្ដ​មាន​លក្ខណៈ​ប្លែក​ដែល​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ​ប្រកបដោយ​ប្រណិត​ភាព ជាមួយនឹង​កៅអី​ជួរ​ខាងក្រោយ​សម្រាប់​អ្នកដំណើរ​ដែល​រួមបញ្ចូល​គ្នា​នូវ​កម្លាំង​របស់​រថយន្ត ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​អតិថិជន​ថ្មី​ក្នុងការ​ស្វែងរក​សេរីភាព​នៃ​ជម្រើស​ដែល​គ្មាន​ដែន​កំណត់។ សូម​រីករាយ​ជាមួយនឹង​ដំណើរ​ផ្សងព្រេង​ដ៏​រំភើប​អស្ចារ្យ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​អ្នក។ ភាព​ទាក់ទាញ និង​ការបត់បែន​យ៉ាង​ល្អឥតខ្ចោះ ក្រុមហ៊ុន​យើងខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ស្វាគមន៍​អ្នក​នៅ​អគារ​តាំង​បង្ហាញ ខេ (ខេ​ម​បូ​ឌា)ខូ អិ​ល ធី ឌី ចាប់ពី​ថ្ងៃទី 20 ខែមករា ឆ្នាំ 2018 តទៅ។ ”

    “អ៊ី​ស៊ូ​ហ្ស៊ុ D-Max V-Cross 4×4 Limited Edition!” រថយន្ត​ប្រណាំង​ប្រភេទ ភី​ក​អាប់ ដែលមាន​ល្បឿន​លឿន​ពិតប្រាកដ​នៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ជាមួយនឹង

    • ម៉ាស៊ីន​អ៊ី​ស៊ូ​ហ្ស៊ុ 0 Ddi ប្ល៊ូ​ផៅ​វើ 3,000 cc កម្លាំង​សេះ 163 ដែល​ផ្តល់នូវ​កម្លាំង​សេះ​ខ្លាំង និង​កម្លាំង​បង្វិល​ជុំ សន្សំសំចៃ​ខ្ពស់។
    • ផ្នែក​ខាងក្រៅ​ភ្លឺរលោង​ដែល​បាន​នាំមក​ដោយ​គ្រឿងបន្លាស់​ដែលមាន
      លក្ខណៈ​ថ្មី​នៅក្នុង​ការ​រចនា​កាន់តែ​ប្រសើរឡើង កាន់តែ​ខ្លាំងក្លា និង​ស្ទុះ​គ្រប់ផ្នែក​ទាំងអស់
    • ថ្មី! ឡាន​ប្រណាំង​ដែល​ខ្លាំង រឹងមាំ ល្អ​ប្រណិត
    • ថ្មី! ជញ្ជាំង​អង្កត់ផ្ចិត​ដែលមាន​ភាព​ប្រណិត និង​ទាន់សម័យ
    • ថ្មី! ផ្នែក​ខាងមុខ​របស់​រថយន្ត​ការពារ​ដោយ​របាំងមុខ​ពណ៌​ប្រផេះ​ចាស់​ផ្នែក​ខាងមុខ​ដែលមាន​លក្ខណៈ​ពីរ​គឺ ទាំង
      ‘ត្រជាក់ និង​មាន​តែមួយ’
    • ថ្មី! ចាន​ចង្កៀង​រ៉ុ​ក​កែ​ត​ភ្លឺ (ស្លាក​សញ្ញា​ពណ៌​ក្រហម) បង្កើន​អារម្មណ៍ កីឡា​ភាព ក្នុងការ​ប្រកួតប្រជែង និង​ប្រណិត​ភាព
    • មាន​ល្បឿន Rev Tronic ដោយ​ស្វ័យប្រវត្តិ​ដែលមាន​ហ្គៀ​រ 5 មាន​អនុភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​បេះដូង​របស់​អ្នក ព្រមទាំង​អាច​នាំ អ្នក​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​ទាំងឡាយ​ផងដែរ។
    • ប្រព័ន្ធ​ផ្លាស់ប្តូរ​បញ្ជា​ដី ផ្លាស់ប្ដូរ​ពី​កង់​អេឡិចត្រូនិក 2 ទៅ​កង់ 4 ជាមួយនឹង​ម៉ូ​ទ័​រ​មួយ​ដែលមាន​ការធានារ៉ាប់រង​ខ្លាំង ងាយស្រួល​ប្រើប្រាស់ និង​អាច​ផ្លាស់ប្តូរ​របៀប​បើកបរ​ពី​កង់ 4 ទៅ​របៀប​កង់ 2 ផងដែរ។ ជ្រើសរើស​ជម្រើស​របស់​អ្នក​ក្នុង​ទម្រង់​បី​គឺ 2H 4H និង 4L សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ
      ទាំងអស់។
    • I-GRIP PLATFOAM (អ៊ី​ស៊ូ​ហ្ស៊ុ ជំនាញ​ឆ្លើយតប​លើ​ឆាក​ដ៏​ឆ្លាត​វៃ) លំដាប់ថ្នាក់​ពិភពលោក​ក្រោម​តួ​ដែល​កំណត់​ពាក្យ​ថា “ ធន់​បានយូរ” ។ វា​មាន​កិត្យានុភាព​ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក សូម្បីតែ​នៅតាម​ផ្លូវ​ធម្មតា ឬ​ផ្លូវ​លំបាក​ក៏ដោយ ដែល​បង្ហាញ​ពី​ចរាចរណ៍ និង​ស្ថេរភាព​ផ្លូវ​ល្អឥតខ្ចោះ​ដែល​ផ្តល់ឱ្យ​អ្នក។ ភាពទន់ភ្លន់​មួយ​មាន​អារម្មណ៍​មិន​ដូច​ទៅនឹង​អ្វីដែល​អ្នក​ធ្លាប់​ទទួលបាន ក្នុង​ល្បឿន​លឿន ឬ​ធម្មតា ក្នុង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក​ខ្លាំង។
    • ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ធ្វើដំណើរ​របស់​អ្នកបើកបរ​ដែល​ហៅថា HDC (Hill Descent Control) ដែល​ផ្តល់ឱ្យ​អ្នក​នូវ​ការគ្រប់គ្រង​បានល្អ​ប្រសើរ​ក្នុងអំឡុងពេល​ចុះ​ចំណោត ក៏ដូចជា HSA (Hill Start Assist) ប្រព័ន្ធ​ស្ថេរភាព​ដែល​គេ​ហៅថា ESC (Electronic Stability Control) និង TCS (Traction Control System) ដែល​ផ្ដល់នូវ​សុវត្ថិភាព​កាន់តែ​ប្រសើរ​នៅក្នុង​ស្ថានភាព​ផ្លូវ​រអិល។

    ផ្ទៃ​ខាងក្នុង​រថយន្ត​បំពាក់​បាន​យ៉ាង​ល្អ​គ្រប់​ទិដ្ឋភាព និង​វិមាត្រ​ទាំងអស់ មាន​ក្រណាត់​ស្បែក​ស្រោប​ដែលមាន​មុខងារ​ពីរ ពណ៌ និង​សម្លេង ដែលមាន​ភ្ជាប់​មកជា​មួយ​ពហុមុខ​ងារ នាំមក​នូវ​ការកម្សាន្ត នៅក្នុង​សម្លេង​ជុំវិញ និង​បច្ចេកវិទ្យា “ Isuzu Connect world “ ដែល​អាច​ភ្ជាប់​ទៅនឹង​ការកម្សាន្តសម្បាយៗជាមួយ​ពិភពលោក​ដែល​ងាយស្រួល​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូ​ន​ទាំង​ប្រព័ន្ធ iOS និង Android ។

    ហេតុ​ដូច្នេះហើយ យើង​សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម បើកបរ​សាកល្បង​ជាមួយនឹង​ថាមពល​របស់ “Isuzu D-Max V-Cross 4×4 Limited Edition!” តាមរយៈ​គេហទំព័រ​របស់​យើង៖ www.isuzucambodia-tis.com រឺ​ហ្វេ​ស​ប៊ុ​ក​ផេ​ក៖ Isuzu Cambodia ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗ ក៏ដូចជា​ចូលរួម​ក្នុង​សកម្មភាព​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​យើង ជាមួយ​រង្វាន់​ជាច្រើន ឬ​ទំនាក់ទំនង​មក​ការិយាល័យ​តាំង​បង្ហាញ​របស់​យើង នៅ​ក្រុមហ៊ុន ខេ (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី ភូមិ​ក្បាលដំរី មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ លេខ​ទូរស័ព្ទ 023 950 084 ចាប់ពី​ថ្ងៃទី 20 ខែមករា ឆ្នាំ2018 តទៅ ។

    កាន់តែ​ពិសេស!! លោកអ្នក​អាច​អញ្ជើញ​ចូលរួម​និង​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយ​រថយន្ដ Isuzu D-Max V-Cross Limited Edition នៅ​ផ្សារ​ទំនើប AEON Mall នា​ថ្ងៃទី 20 ដល់​ថ្ងៃទី 21 ខែមករា​ឆ្នាំ 2018 ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ១0យប់. ការផ្ដល់ជូន​យ៉ាង​ពិសេស​និង​សកម្មភាពផ្សេងៗទៀត​គឺ​សម្រាប់តែ​អ្នក៕

  • វ៉ាន់ នី​ឡា ចេញមុខ​ពន្លះ​សារព័ត៌មាន​ទាំងអស់ ក្រោយ​ធ្លាយ​វីដេអូ​នែបនិត្យ​ជាមួយ​គូស្នេហ៍

    វ៉ាន់ នី​ឡា ចេញមុខ​ពន្លះ​សារព័ត៌មាន​ទាំងអស់ ក្រោយ​ធ្លាយ​វីដេអូ​នែបនិត្យ​ជាមួយ​គូស្នេហ៍

    តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី18 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​បានចេញ​ផ្សាយ​នូវ​ឃ្លិប​វីដេអូ​នែបនិត្យ​កៀកកើយ​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅក្នុង​រថយន្ដ រវាង​តារា​កំប្លែង​ស្រី​វ័យក្មេង វ៉ាន់ នី​ឡា ជាមួយនឹង​គូស្នេហ៍​មិនបាន​ប៉ុន្មាន​នាទី​ផង តារា​ស្រី​រូបនេះ​បាន​ពន្លះ​អ្នកសារព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ក្ដៅស្លឹកត្រចៀក។

    នាង វ៉ាន់ នី​ឡា បាន​រៀបរាប់ថា «ទង្វើល្អៗរបស់ខ្ញុំ ពួកបងៗមាន​មើលឃើញ​ខ្លះ​ទេ? ខ្ញុំ​ដើរ​ទាំង​ថ្ងៃ​ក្ដៅ​ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារកំព្រា ខ្ញុំ​ជួយ​មនុស្ស​ចាស់ជរា​ដែល​ខ្វះខាត តើ​ពួក​បង​មាន​បើកភ្នែក​មើល​ដែរ​ទេ?!  ខ្ញុំ​ធ្វើ​ល្អ10 ខុស​តែ1សោះ​ពួក​បង​ចាប់​ហែក​ខ្ញុំ​តែម្ដង។ ពេល​ខ្ញុំ​ធ្វើ​ល្អ ពួក​បង​ឃើញ​ហើយ តែ​បង​ធ្វើ​មិនឃើញ មិនដឹង មិនឮ តែបើ​ធ្វើ​ខុស​អី​មួយ បង​ដឹង និង​ឮ​ច្បាស់​ហ្ម៉​ង។ ខ្ញុំ​ថតរូប​ស្និទ្ធស្នាល​ជាមួយ​ពួកម៉ាក​បន្តិចបន្តួច បង​ថា​ខ្ញុំ​ជា​គូ​ស្ន​ហ៍នឹង​គ្នា»។

    តារា​ស្រី​វ័យក្មេង​ដែល​ទើបតែ​លែងលះ​ស្វាមី​រូបនេះ​បាន​បន្ដថា «ខ្ញុំ​សុំ​សួរ​តិច! ខាង​គ្រួសារ​បង ឬក៏​ខាង​បងប្អូន​បង​ហ្នឹង ឲ្យ​តែ​ថត​ស្និទ្ធ​តិច ដឹង​តែ​ជា​សង្សារ​ហ្ម៉​ង​ហ្អេ៎​ពួកបង?? តែបើ​ខាង​បងប្អូន​ក្រុមគ្រួសារ​ខ្ញុំ​វិញ គេ​មិនដែល​ប្រកាន់​រឿង​អត់​ប្រយោជន៍​អ៊ីចឹង​ទេបង…!!!។ ខ្ញុំ​យល់ថា បង​និយាយ​អាក្រក់​ពី​ខ្ញុំ ដើម្បី​មុខរបរ​របស់​បង ខ្ញុំ​យល់! ក៏ប៉ុន្តែ​មុខរបរ​របស់​បង​វា​បំផ្លាញ​កិត្តិយស​របស់គេ​ច្រើនណាស់»។

    ជា​ចុងក្រោយ​នាង​បានបញ្ជាក់​ផងដែរ​ថា «ខ្ញុំ​ខំ​សាង​កេរ្តិ៍ឈ្មោះ​កិត្តិយស​តាំងពី​តូច​មកដល់ពេលនេះ…គឺ​លំបាក​ណាស់ ហេតុ​អី​បង​បំផ្លាញ​វា​ចេញពី​ខ្ញុំ?! បំផ្លាញ​កិត្តិយស​គេ​ដើម្បី​មុខរបរ​របស់ខ្លួន!!។ សារ​ទាំងអស់នេះ​ផ្ញើជូនបងៗអ្នកសារព័ត៌មាន​ទាំងអស់ ឈប់​ទៅ​បង not good…»៕

  • សាច់គោ​អាំង​ស្លឹក​ជី​ភ្លូ​ជាមួយ​ជ្រក់​ឆៃថាវ

    សាច់គោ​អាំង​ស្លឹក​ជី​ភ្លូ​ជាមួយ​ជ្រក់​ឆៃថាវ

    គ្រឿងផ្សំ

    • សាច់គោ 500ក្រាម (កិន​ឱ្យ​ម៉ដ្ឋ)
    • ស្ករស 2ស្លាបព្រា​កាហ្វេ
    • ទឹក​សី​ុ​អី​ុ​វ 2ស្លាបព្រា​កាហ្វេ
    • ម្សៅ​ស៊ុប 3/4ស្លាបព្រា​កាហ្វេ
    • ខ្លឹម​ស 100ក្រាម
    • ម្ទេស តាម​ចំណូលចិត្ត
    • រំដេង 100ក្រាម
    • ស្លឹក​ជី​ភ្លូ

    របៀប​ធ្វើ

    ដំបូង​ត្រូវ​បុក​ខ្ទឹមស រំដេង និង​ម្ទេស​ឱ្យ​ម៉ដ្ឋ រួច​ដាក់​ម្សៅ​ស៊ុប និង​ស្ករស​ចូល បុក​ចូលគ្នា​ឱ្យ​សព្វ​ល្អ បន្ទាប់មក​ចាក់ទឹក​សី​ុ​អី​ុ​វ​ចូល និង​ជា​ចុងក្រោយ​ចាក់​សាច់គោ ដែល​កិន​ម៉ដ្ឋ​នោះ​ចូល រួច​បុក​ចូលគ្នា​ឱ្យចូល​ជាតិ​ល្អ។ បន្ទាប់មកទៀត ចូរ​យក​ស្លឹក​ជី​ភ្លូ​មក​ខ្ចប់​សាច់គោ ដែល​លាយ​គ្រឿង និង​រសជាតិ​ហើយ​នោះ​ជា​រៀង​មូល​ទ្រវែង​ទំហំ​ប៉ុន​មេដៃ រួច​យកមក​ដោត​ចង្កាក់ (មួយ​ចង្កាក់​ដោត4-5) ហើយ​យកទៅ​អាំងភ្លើង​ឱ្យ​ឆ្អិន ដោយ​ដាក់​ភ្លើងតិចៗល្មម​ជាការ​ស្រេច។ ម្ហូប​មួយ​មុខ​នេះ​ត្រូវ​ទទួលទាន​ជាមួយនឹង​ជ្រក់​ឆៃថាវ ទើប​ឆ្ងាញ់​ពិសា និង​ប្លែក​មាត់៕

  • គុណ​តម្លៃ​នៃ​ភាពស្រស់ស្អាត​ដ៏​ពិតប្រាកដ

    គុណ​តម្លៃ​នៃ​ភាពស្រស់ស្អាត​ដ៏​ពិតប្រាកដ

    គុណ​តម្លៃ​នៃ​ភាពស្រស់ស្អាត និង​ការ​ចម្រើន​ធំធាត់​របស់​ជីវិត​គឺជា​ការដែល​យើង​បានធ្វើ​នូវ​រឿង ដែល​យើង​មាន​តាំងពីដើម​ឱ្យ​វា​អភិវឌ្ឍ​ឡើង ព្រមទាំង​មាន​សេចក្ដីសុខ​ជាមួយនឹង​រឿង​នោះ​តាម​រឿងរ៉ាវ​របស់​វា និង​មិន​តាម​រឿងរ៉ាវ​របស់​វា មានន័យថា ព្រម​ទទួលស្គាល់​នូវ​អ្វី​ដែលមាន​នាពេល​បច្ចុប្បន្ន។ រៀន​យល់ដឹង​ពី​អតីត​កាលដែល​កើតឡើង​ដោយ​ភាពជា​កណ្ដាល ជំហរ​ជាដើម​ហេតុ និង​អភិវឌ្ឍ​ពី​អ្វីដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន​ឱ្យ​ល្អ​បំផុត​យ៉ាង​អស់ពី​សមត្ថភាព។

    ពាក្យ​ថា អស់ពី​សមត្ថភាព គឺ “បើ​យើង​នឹង​ស្លាប់​ក្នុង​វិនាទី​នេះ ក៏​យើង​មិន​សោកស្ដាយ ឬ​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ចំពោះ​អ្វីដែល​យើង​កំពុង​ធ្វើ​ដែរ។ យើង​គ្រាន់តែ​ដកដង្ហើម​ចុងក្រោយ និង​បិទ​ភ្នែក​ចុះ​ហើយ​គិតថា ដល់ពេល​វេលា​បរាជ័យ​ដ៏​អស្ចារ្យ​របស់​យើង​ហើយ​តែប៉ុណ្ណោះ។ យើង​មិន​មានឱកាស​កែកុន ឬ​អភិវឌ្ឍ​តទៅទៀត​ឡើយ…។

    បើ​យើង​នៅតែ​វិលវល់​ជាមួយនឹង​រឿងដដែលៗ ស្ពឹក​ស្រពន់ ដូចជា​ខកចិត្ត​ម្ដង​ហើយ​ម្ដងទៀត មិន​ជួប​មនុស្ស​ដែល​ពិតប្រាកដ​ម្ដងណា​សោះ ជួបតែ​មនុស្ស​ដែល​បោកប្រាស់​យើង​រហូត​ម្ដង​ហើយ​ម្ដងទៀត​ការផ្លាស់ប្ដូរ​ការងារ​ម្ដង​ហើយ​ម្ដងទៀត ការវិល​ទៅរក​សភាវចាស់ៗពីមុន​ទាំង​ដែល​យើង​បាន​ផ្លាស់ប្ដូរ​មនុស្ស​ដែល​យើង​ជួប ផ្លាស់ប្ដូរ​ទីកន្លែង ផ្លាស់ប្ដូរ​គូស្នេហ៍ ផ្លាស់ប្ដូរ​អ្នក​រួម​ហ៊ុន​ហើយក៏​ដោយ… តែ​ស្ថានការណ៍ ក៏​នៅតែ​ត្រឡប់​ទៅ​ដូចដើម​វិញ​ដដែល​នោះ​បញ្ជាក់ថា​យើង​នៅ​មិនទាន់បាន​កែសម្រួល ឬ​ផ្លាស់ប្ដូរ​ទង្វើ​មួយចំនួន ដើម្បីឱ្យ​ខ្លួន​យើង​អភិវឌ្ឍ​ល្អ​ឡើង និង​ឆ្លងកាត់​ស្ថានការណ៍​នោះ​ទៅបាន​នៅឡើយ។ បើ​យើង​នៅតែមាន​រូប​គោរព ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​ការមើល​មក​ល្អ​ស្អាត ឬ​មិន​ព្រម​ទទួលស្គាល់​ខ្លួនឯង យើង​ក៏​នឹង​នៅតែ​រក​មិនឃើញ​រឿង​ពិត​នៃ​មូលហេតុ​របស់​ក្ដី​បរាជ័យ​ដដែល…។

    ចក្រវាល ឬ​ពិភពលោក​មួយ​នេះ ឬ​ហៅ​តាម​គោល​សាសនា​គឺ ព្រះ​ជា​ម្ចាស់​ពិតជា​ល្អ​ខ្លាំងណាស់​ចំពោះ​មនុស្ស ទ្រង់​បញ្ជូន​ស្ថានការណ៍ដដែលៗ ដែល​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត​នោះមក​ឱ្យ​យើង បើ​យើង​នៅ​មិនទាន់​ឆ្លង​ផុត​ស្ថានការណ៍​ទាំងនោះ​ទៅបាន… គឺ​ដើម្បីឱ្យ​យើង​រៀន​ស្គាល់​ពី​ខ្លួនឯង​អភិវឌ្ឍ​ខ្លួនឯង… ដើម្បី​ការ​ចម្រើន​ធំធាត់ របស់​យើង… ដើម្បីឱ្យ​យើង​មាន​សេចក្ដីសុខ​ដែល​ស្ថិតស្ថេរ​ក្នុង​ជីវិត…។

    “ថ្ងៃនេះ​សាកល្បង​សួរ​ខ្លួន​អ្នក​ទៅ​មើលថា រឿង​អ្វីដែល​ធ្វើឱ្យ អ្នក​នៅតែ​វិលវល់​ជាមួយ​រឿងចាស់ដដែល… រឿង​អ្វីដែល​អ្នក នៅតែ​ថ្ងួចថ្ងូរ… រឿង​ដែល​អ្នក​នៅតែ​គ្មាន​សន្តិសុខ​នៅក្នុង​ចិត្ត… រឿង​ហ្នឹងឯង​ដែល​អ្នក​ត្រូវតែ​ឈាន​កន្លង​វា​ឱ្យ​ផុត​ទៅឱ្យ​បាន និង​ត្រូវ​សាង​គោលដៅ​ដើម្បី​ខ្លួនឯង…”៕