Author: វល័ក្ខ

  • ស៊ី​ភ្លើង​កាន់តែ​តិច ត្រជាក់​កាន់តែ​លឿន​ដោយសារ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ របស់​ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

    ស៊ី​ភ្លើង​កាន់តែ​តិច ត្រជាក់​កាន់តែ​លឿន​ដោយសារ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ របស់​ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

    សីតុណ្ហភាព​ក្តៅ​បំផុត​ប្រចាំឆ្នាំ​ខិតជិត​មកដល់​ហើយ ខណៈពេលដែល​ប​ចេ្ច​ក​វិទ្យា​ថ្មី​របស់ LGបាន​មកដល់​ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្តៅ​ជូន​លោកអ្នក​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមាន​លក្ខ​ណះ​ពិសេស​ជាច្រើន ជួយ​អោយ​អ្នកប្រើប្រាស់​ទាំងអស់​សន្សំ​សំចៃ​ភ្លើង ត្រជាក់​កាន់តែ​លឿន ងាយស្រួល​ប្រើ និង​ផ្តល់នូវ​ផា​សុភាព​ជូន​លោកអ្នក។

    ថាមពល​ដ៏​មាន​ប្រសិទ្ធិភាព រួម​ជាមួយនិង​អនុភាព​ដ៏​ត្រជាក់

    ម៉ា​សុ​ី​ន​ត្រជាក់ Dual Cool បាន​ភ្ជាប់​មកជា​មួយ​នៅ​បច្ចេកវិទ្យា Smart inverter Compressor និង​Dual inverter Compressor ដែល​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពលអគ្គីសនី​រហូត​ដល់ 70%។ ម៉ា​សុ​ី​ន​ត្រជាក់ Dual Inverter Compressor មាន​ប្រេកង់​បង្វិល​ខ្ពស់ និង​លឿន​ជាង​ម៉ា​សុ​ី​ន​ត្រជាក់​ធម្មតា ដែល​ធ្វើអោយ​ត្រជាក់​លឿន ត្រជាក់​បានយូរ ដំណើរការបាន​ស្ងាត់​ល្អ មិន​ថា​ស្ថិតក្នុង​សីតុណ្ហភាព​ក្តៅ​ប៉ុណ្ណា​ក៏ដោយ និង​ម៉ា​សុ​ី​ន​ត្រជាក់​ភាយ​ខ្យល់​ត្រជាក់ភ្លាមៗទៅដល់​គ្រប់កន្លែង​ទាំងអស់​នៅក្នុង​បន្ទប់។ វា​មាន​កង្ហារ​ធំ​ជាង​មុន25%ដែល​អាច​បញ្ចេញ​ខ្យល់​យ៉ាងខ្លាំង​តាម​បំពង់ខ្យល់ ដែល​បាន​រចនា​ឡើង​ដ៏​ល្អឥតខ្ចោះ​ដើម្បីអោយ​ត្រជាក់​សព្វ​ពេញ​បន្ទប់ ។

    ផាសុខភាព និង​រក្សា​សុខភាព​ដ៏​ប្រសើរ

    ភាព​ត្រជាក់​ដ៏​ខ្លាំងក្លា​មិន​ធ្វើអោយ​អ្នកប្រើប្រាស់​ទាស់ចិត្ត​ទេ​ដោយ​គ្រាន់តែ​ចុច​បញ្ជា​លើ​ប៊ូ​តុង “Comfort Air” ម៉ា​សុ​ី​ន​ត្រជាក់ Dual Cool បានកែតម្រូវ​មុំ​របស់​កង្ហារ​ខ្យល់ ដើម្បីអោយ​ប្រាកដថា​ខ្យល់​បញ្ចេញ​មិនបាន​បក់​ទៅ​ប៉ះ​អ្នកប្រើប្រាស់​ដោយផ្ទាល់​បណ្តា​ល​អោយ​សីតុណ្ហភាព​ក្នុង​ខ្លួន​ធ្លាក់ចុះ​នោះទេ។ ម៉ាស៊ីនត្រជាក់​នេះ​ដំណើរការ​ក្នុង​កំរិត​សំលេង​ស្ងាត់​ជាងគេ​លំដាប់​ពិភពលោក ដោយសារតែ​បច្ចេកវិទ្យា​ថ្មី LG’s Unique BLCD motor, Skew Fan Technology និង​លក្ខ​ណះ​ពិសេស​របស់ Active low vibration ( ALV)។ ហើយ​វា​ក៏មាន​សមត្ថភាព​ក្នុងការ​រក្សា​សំណើម​ដ៏​មិន​គួរអោយ​ជឿ​ដើម្បី​ផ្តល់នូវ​បរិយាកាស​ដ៏​មាន​ផាសុខភាព​ផងដែរ។

    សុខភាព គឺជា​ចំណុច​សំខាន់បំផុត​ដែល​ក្រុមហ៊ុន​LGគិតគូរ នៅពេលដែល​បង្កើត​ផលិតផល​ថ្មី។ ម៉ាស៊ីនត្រជាក់​LG Dual Coolផ្តល់ជូន​នូវ​គុណប្រយោជន៍​ដល់​សុខភាព និង​ផាសុកភាព​ដល់​អ្នកប្រើប្រាស់:

    • Plasmaster lonizer plus ដែល​សាប​ព្រួស​អ៊ីយ៉ុង​ជាង​បី​លាន ដើម្បី​កំចាត់​មេរោគ​អាក្រក់ មិនមែន​តែ​ខ្យល់​ដែល​ចូលទៅក្នុង​ម៉ា​សុ​ី​ន​ត្រជាក់​តែ​ប៉​ណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​ទាំងអស់​ដែល​នៅ​ជុំវិញ​បន្ទប់​អ្នក។
    • ចម្រោះ​ធូលី​បានល្អ លំហូរ​ខ្យល់ សំលេង​រំខាន​តិច និង​ត​ស្រទាប់​ដ៏​រឹងមាំ​នៅលើ​ផ្ទៃ​របស់ខ្លួន ដែល​ស្រួប​យក លុបបំបាត់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់ និង​ផ្តល់​មកវិញ​នូវ​ខ្យល់​ស្រស់ស្អាត។
    • ការសំអាត​ដោយ​ស្វ័យប្រវត្តិ៖ មុខងារ​សំអាត​ដ៏​ល្អ ដែល​ការពារ​ការកើតឡើង​នៃ​បាក់តេរី​នៅលើ​ឧបករណ៍​កំដៅ។ ដោយ​បំបាត់​សំណើម​និង​មេរោគ​ចេញពី​ក្នុង​ម៉ា​សុ​ី​ន​ត្រជាក់​មុខងារ​សំអាត​ស្វ័យប្រវត្តិ​កំចាត់​សារធាតុ​ទាំងឡាយណា​ដែល​ធ្វើអោយប៉ះពាល់​ដល់​រាងកាយ រក្សារ​បរិយាកាស​ក្នុងផ្ទះ និង​រក្សា​ភាព​ត្រជាក់​បានយូរ ទោះបី​ម៉ាស៊ីនត្រជាក់​ប្រើ​អស់​រយៈពេល១០ឆ្នាំ​ហើយក៏​ដោយ។

    កាន់តែ​ងាយស្រួល​មួយកំរិត​ទៀត

    ការ​តម្លើង​មិនមែនជា​ការងាយស្រួល​ឡើយ​ជាមួយនិង​ការ​រចនា​ដ៏​ប្រណិត។ ការ​តម្លើង​ម៉ា​សុ​ី​ន​ត្រជាក់ LG Dual cool និង​ការ​វេច​ខ្ចប់​ដ៏​សាមញ្ញ​ធ្វើអោយ​ការតំឡើង​មានការ​ប្រសើរ ទំហំ​បំពង់​ធំ​ជាង​គម្រប​បាត និង​ប៊ូ​តុង​រហ័ស​សម្រាប់​ការធ្វើ​តេស្ត​សាកល្បង។

    ព័ត៌មាន​បន្ថែម https://ggear.com.kh/air-conditioners/home-air-cond/inverter-air-conditioners/

  • ចិន​គ្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

    ចិន​គ្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

    ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ​ដែរនោះ ក្រុម​វេជ្ជបណ្ឌិតល្បីៗរបស់​ចិន​គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​នាពេលខាងមុខ។

    គម្រោង​សាងសង់​នេះ​ត្រូវ​បានបង្ហាញ​តាមរយៈ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ Yi Zhou Proton Therapy Center នៅ​ទីក្រុង Zhuozhou នៃ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ដែលជា​មន្ទីរពេទ្យ​ឯកទេស​ព្យាបាល​ជំងឺមហារីក​ដ៏​ធំ និង​ទំនើប​បំផុត​នៅក្នុង​ប្រទេស​ចិន។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​នេះ​ត្រូវបាន​វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ90 ហិកតា ចំណាយ​អស់​ទុន​សាងសង់​ចំនួន 6.2 ប៊ី​លាន​យន់ (ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក) និង​មាន​បុគ្គលិក គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ជំនាញ​ប្រមាណ 3,000 នាក់​កំពុង​បំពេញការងារ ដោយមាន​បំពាក់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ទំនើប​បំផុត។ ក្នុង​បរិវេណ​មន្ទីរពេទ្យ​នេះ​មាន​អគារ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺមហារីក​ព្យាបាល​តាមបែប​គីមី តាមបែប​កោសិកា តាមបែប​វិទ្យាសាស្ត្រ​ចិន និង​តាមបែប​បស្ចិមប្រទេស ព្រមទាំង​មាន​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក-គ្រូពេទ្យ មន្ទីរ​ពិសោធ សាលប្រជុំ ភោជនីយដ្ឋាន និង​កន្លែង​ហាត់​កីឡា​ទៀតផង។

    ក្នុងជំនួប​នេះ​លោក Han Ge ដែលជា​អ្នកវិនិយោគ​មន្ទីរពេទ្យ​នេះ​បាន​មានប្រសាសន៍ថា តាមរយៈ​មន្ទីរពេទ្យ​នេះ លោក​មានបំណង និង​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដារ​ដូចគ្នានេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​មួយ​ទៀតផង។

    ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះ​ការបង្កើតបាន​នូវ​មន្ទីរពេទ្យ​លំដាប់​ស្តង់ដារ​ខ្ពស់​នឹង​ជួយផ្ដល់​ឱកាស​ការងារ​ក្នុងស្រុក និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ប្រជាជន។ បើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​សម្រេចបាន​ជោគជ័យ វា​នឹង​ក្លាយជា​មន្ទីរពេទ្យ​ដែល​បម្រើសេវា​ព្យាបាល មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាជន​ទូទាំង​តំបន់​ផងដែរ៕

  • Aubameyang បំពេញ​ការផ្ទេរ​ទៅ Arsenal ខណៈ Giroud ទៅ Chelsea

    Aubameyang បំពេញ​ការផ្ទេរ​ទៅ Arsenal ខណៈ Giroud ទៅ Chelsea

    ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Olivier Giroud បាន​បំពេញ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន 18លាន​ផោន (ស្មើនឹង 25.56លាន​ដុល្លារ​អាមេរិក) របស់គេ​ទៅកាន់​ក្លិប Chelsea និង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 18ខែ នៅឯ​កីឡដ្ឋាន Stamford Bridge។

    នៅមុននេះ​បន្តិច កាលពី​ថ្ងៃ​ពុធ ក្លិប Arsenal បាន​បំបែក​កំណត់ត្រា​ផ្ទេរ​របស់​ពួកគេ សម្រាប់​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ​ជា​លើក​ទី 2នៅ​រដូវ​កាល​នេះ តាមរយៈ​ការបំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី​ក្លិប Borussia Dortmund ក្នុងតម្លៃ​ខ្លួន 56លាន​ផោន (ស្មើនឹង 74លាន​ដុល្លារ​អាមេរិក)។ ដោយឡែក ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Michy Batshuayi ពី​ក្លិប Chelsea ជំនួស​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​នេះ។

    Giroud នឹង​ពាក់អាវ​លេខ 18ក្នុង​ក្លិប​ថ្មី​របស់គេ ក្រោយពី​ការចូលរួម​របស់គេ​បានកើត​ឡើង មុនពេល​ក្លិប Dortmund បានប្រកាស​ពី​ការខ្ចី​ជើង Batshuayi។ Aubameyang វ័យ 28ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយនឹង​ក្លិប Arsenal រហូតដល់​ឆ្នាំ2021នោះ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មានឈ្មោះ​ល្បី​ទី 2របស់ Arsenal នៅ​ខែម​ករានេះ ក្រោយពី Henrikh Mkhitaryan បាន​ចូលរួម​ដោយ​មកពី​ក្លិប Manchester United។

    ការផ្ទេរ​មួយ​នេះ នឹង​បង្កើន​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់ Arsenal ក្រោយពី​ការចាកចេញ​របស់ Alexis Sanchez ទៅកាន់ Man United ក្នុងការ​ផ្ទេរ​មួយ​ដែលមាន​ការដោះដូរ​ជាមួយនឹង Mkhitaryan ប៉ុន្តែ វា​បាន​បង្កើត​ឲ្យ​មាន​សំណួរ​ជាច្រើន​ជុំវិញ​អនាគត​របស់ Alexandre Lacazette ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង៕

    ប្រភពពី៖ The Guardian

  • Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs ក្នុងតម្លៃ​ខ្លួន 25លាន​ផោន

    Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs ក្នុងតម្លៃ​ខ្លួន 25លាន​ផោន

    ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​ល Lucas Moura ពី​ក្លិប Paris Saint-Germain ក្នុងតម្លៃ​ខ្លួន 25លាន​ផោន (ស្មើនឹង 35.4លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល 5ឆ្នាំកន្លះ។

    Moura គឺជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់ Spurs នៅ​រដូវរងា​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ2015 ដែល​នៅពេលនោះ​ពួកគេ​បាន​ទិញ​ខ្សែបម្រើ Dele Alli ពី​ក្លិប MK Dons ហើយ​ខ្សែបម្រើ​រូបនោះ​ក៏បាន​ក្លាយជា​កីឡា​ករទី2របស់ PSG ក្នុងការ​ចាក​ចេញពី​ក្លិប​នេះ​នៅ​រដូវ​កាល​នេះ​ផងដែរ បន្ទាប់ពី​ការចាកចេញ​របស់ Serge Aurier កាលពី​រដូវក្តៅ។ Moura បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ឡុង​ដ៍​ហើយ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ហើយ​និង​ត្រូវបាន​នាំទៅ​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប Spurs កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិនិត្យ​សុខភាព។

    Lucas ដែល​សង្ឃឹមថានឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​នោះ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ Tottenham ថា៖ «វា​ជា​ទំព័រ​ថ្មី​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ ជាការ​ប្រជែង​ថ្មី​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់»។ ខ្សែបម្រើ​ស្លាប​វ័យ 25ឆ្នាំ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ចំនួន 34លើក​រូបនេះ បាន​សម្តែង​ពី​ការខកចិត្ត​របស់គេ​ទៅកាន់​កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​បារាំង L’Equipe កាលពីដើម​សប្តាហ៍​នេះ សម្រាប់​ការដែល​ត្រូវបាន​បង្កក​ដោយ​ក្លិប PSG ខណៈដែល​ការ​ទៅដល់​របស់​មិត្ត​រួម​ជាតិ​របស់គេ Neymar ពី​ក្លិប Barcelona បានធ្វើ​ឲ្យ​គេ​កាន់តែ​បាត់បង់​ឱកាស​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​ទៅទៀត៕

    ប្រភពពី៖ Sky Sports

  • Vivo បង្ហាញ X20 Plus UD ស្មា​ត​ហ្វូ​ន​បង្កប់​ស្គែ​ន​ខ្ចៅដៃ​ក្រោម​អេក្រង់​មុនគេ​លើ​ពិភពលោក

    Vivo បង្ហាញ X20 Plus UD ស្មា​ត​ហ្វូ​ន​បង្កប់​ស្គែ​ន​ខ្ចៅដៃ​ក្រោម​អេក្រង់​មុនគេ​លើ​ពិភពលោក

    នៅ​ទីបំផុត​ក៏​ដល់ពេល​បង្ហាញខ្លួន​ជា​ផ្លូវការ​ហើយ​សម្រាប់ Vivo  X20 Plus UD ស្មា​ត​ហ្វូ​ន​ដែល​ខាង Vivo ចាត់​ភាពទំនើប​មក​ព្រមជាមួយ​នឹង​សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក។

    សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​របស់ Vivo ដែល​បាន​ធ្វើឡើង​រួមគ្នា​ជាមួយ Synaptics នោះ​មានឈ្មោះ​ហៅថា Clear ID FS9500 ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ដោយ​ប្រព័ន្ធ Optical ដោយ​ប្រើ​សេន​ស៊ើ​រ​ទទួល​រូបភាព CMOS ដែលមាន​កម្រាស់​ស្ដើង​បំផុត​ត្រឹមតែ 0.7 មី​ល្លី​ម៉ែត្រ បំពាក់​នៅ​ស្រទាប់​ក្រោម​អេក្រង់ OLED ដែល​នឹងមាន​តួនាទី​បញ្ចាំង​ពន្លឺ​ទៅរក​ស្នាមខ្ចៅ​ម្រាមដៃ​ដើម្បីឱ្យ​សេន​ស៊ើ​រ​ស្គែ​ន និង​បញ្ជូន​ព័ត៌មាន​ទៅ​ឈិ​ពរ​ក្សា​ទិន្នន័យ ដើម្បី​ពិនិត្យ​ស្នាម​ខ្ចៅ​ម្រាមដៃ​ថា តើ​ត្រឹមត្រូវ​ឬទេ?។ ក្រៅពីនេះ សេន​ស៊ើ​រ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​បែប​ក្នុង​អេក្រង់

    របស់ Synaptics នេះ​ថែមទាំង​ធន់​នឹង​ការ​ឆ្កូត​ឬ​ស្នាមផ្សេងៗ និង​អាច​ការពារ​ការ​ជ្រាប​ទឹកបាន​ទៀតផង ព្រោះ​បំពាក់​នៅក្រោម​កញ្ចក់។

    Synaptics នៅបាន​ប្រាប់ទៀតថា Clear ID FS9500 នេះ​ធ្វើការ​បាន​លឿន​ជាង Face ID ដល់​ទៅ 2ដង និង​ធ្វើការ​បានល្អ​ទោះជា​នៅក្នុង​កន្លែង​ដែលមាន​ពន្លឺ​ថ្ងៃ​ចាំង​ខ្លាំង​ក៏ដោយ។

    Vivo X20 Plus UD នឹង​ចេញមក​ព្រមជាមួយ​អេក្រង់ AMOLED ទំហំ 6.43អី​ុ​ញ អត្រា​ចំណែក 18:9 ភាព​លម្អិត​ច្បាស់ Full HD គូ​គ្នា​ជាមួយ RAM 4GB ផ្ទុក​បាន 128GB ប្រើ​ឈិ​ព​សិត Snapdragon 660 Support និង​ការប្រើ​ស៊ីម 2 បែប HighBrid។ ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ កាមេរ៉ា​ខាងមុខ​នឹង​ចេញមក​ព្រមជាមួយ​ភាព​លម្អិត​ច្បាស់ 12 Mega Pixel។ កាមេរ៉ា​ក្រោយ 1គូ មាន​ភាព​លម្អិត​ច្បាស់ 12+5 Mega Pixel និង​ថែមទាំង​ប្រើ​ថ្ម​បាត់​តេ​រី​ទំហំ 3,950mAh ទៀតផង៕

  • ឯកឧត្តម វេ​ង សាខុន ជំរុញ​ការដាំដុះ​ឫស្សី​តាម​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ប្រាក់ចំណូល

    ឯកឧត្តម វេ​ង សាខុន ជំរុញ​ការដាំដុះ​ឫស្សី​តាម​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ប្រាក់ចំណូល

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បាន​អះអាង​ពី​គោលបំណង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ តាមរយៈ​ការបង្កើន​ការដាំ​ដើមឈើ​ដែលមាន​ប្រយោជន៍ ការផលិត​បន្លែ និង​ការ​ចិញ្ចឹមសត្វ ស្រប​ពេលដែល​តម្រូវកា​រ​នៅក្នុង​ប្រទេស​កាន់តែ​កើនឡើង។

    ការប្រកាស​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ធ្វើឡើង​នៅក្នុង​វេទិកា​កសិកម្ម​ក្នុង​ខែមករា​នេះ។ ការប្រកាស​នេះ​ត្រូវបាន​គេ​មើលឃើញថា ស្រប​ពេលដែល​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​លើកលែងតែ​ការផលិត​ស្រូវ ខណៈដែល​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​ផ្នែក​បន្លែ និង​ត្រី​សាច់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងមាន​កំណើន​ខ្ពស់ និង​កើនឡើង​តាមរយៈ​កំណើន​ទេសចរ និង​កំណើនសេដ្ឋកិច្ច។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា ៖ “ទិសដៅ​របស់ខ្ញុំ គឺ​យើង​មិនអាច​ទៅចៀរ​ជ័រទឹក ហើយ​យកទៅលក់​ដើម្បីរ​ស់បាន​ទៀត​នោះទេ ព្រោះ​សេដ្ឋកិច្ច​របស់​យើង​កើនឡើង​ហើយ និង​កើនឡើងរហូត។ ខ្ញុំ​ឱ្យ​ប្រមូល​ធនធាន​ដើម្បី​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ដែល​បាន​បង្កើត​ហើយ​នោះ ដែល​មិន​ត្រឹមតែ​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការដាំដុះ​បន្ថែមទៀត ទាំង​អគ្គនាយកដ្ឋាន​កសិកម្ម និង​រដ្ឋបាល​ជលផល​ត្រូវ​សហការគ្នា គឺ​កន្លែង​ណា​ដែល​អាចជួយ​គាត់​បាន។

    តាម​អ្វីដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​នោះ​គឺ សហគមន៍​ព្រៃឈើ​នៅ​កម្ពុ​ជាមាន​សក្តានុពល​ច្រើន​ក្នុងការ​អភិវឌ្ឍ​ការថែរក្សា​ព្រៃឈើ​របស់ខ្លួន និង​បង្កើន​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការដាំដុះ​ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​ប្រចាំថ្ងៃ។

    ប្រភេទ​រុក្ខជាតិ​ដែលមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ព្រៃឈើ​នោះ​គឺ​ការដាំដុះ​ដើម​ឫស្សី ព្រោះ​ដើម​ឫស្សី​ត្រូវបាន​គេ​ប្រើប្រាស់ ចាប់តាំងពី​ទំពាំង​រហូតដល់​ដើម​របស់​វា ដែលជាហេតុផល​មួយ​រួមចំណែក​ដល់​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ប្រភេទ​បន្លែ​ទំពាំង​ពី​ប្រទេសជិតខាង។

    ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ៖ “ខ្ញុំ​មើល​នៅក្នុង​កាសែត ខ្ញុំ​ឃើញថា​មាន​ចំណូល​ច្រើន​ពី​ដំណាំ​ឫស្សី អ៊ីចឹង​នៅក្នុង​ព្រៃ​នោះ ម៉េច​មិន​ព្រម​ដាំ​ឫស្សី? ព្រោះ​បាន​ផល​ច្រើន ប្រមូល​ផល​ពី​ដើមឫស្សី​ផង និង​ទំពាំង​ផង។ ខ្ញុំ​ឃើញ​ក្នុង​ពិធីការនីមួយៗ ទំពាំង​ត្រូវគេ​យកទៅ​ឆា​ធ្វើ​ម្ហូប មិនតិច​នោះទេ ហើយ​យើង​មិន​ព្រម​គិតគូរ​ដាំ បែ​ជា​ទៅ​នាំ​ទំពាំង​ពី​គេ​មកវិញ។

    តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ដែលមាន​សហគមន៍​ព្រៃឈើ មិន​ត្រឹមតែ​មានឱកាស​ថែរក្សា​ព្រៃឈើ​ដែលមាន​ប្រយោជន៍​យូរអង្វែង​ដល់​អនាគត​ក្រុមគ្រួសារ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​មុខរបរ និង​ប្រាក់ចំណូល​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ។ ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់​ថែមទៀត​ថា៖“យើង​អាច​កែច្នៃ​បាន អ្វីដែល​មិន​ប៉ះពាល់​ដល់​ព្រៃឈើ ហើយ​ទទួលបាន​ចំណូល​ផង។ សេដ្ឋកិច្ច​ចេះតែ​កើនឡើង មាន​សេចក្តីត្រូវការ​ច្រើនណាស់ យើង​ត្រូវ​បង្កើន​មុខរបរថ្មីៗបន្ថែមទៀត ខាង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ត្រូវតែ​គិតគូរ​ថា តើ​យើង​អាច​លែងគោ លែង​ក្របី​ក្នុង​ព្រៃឈើ​នោះបាន​ឬទេ?។

    ឯកឧត្តម វេ​ង សាខុន បន្ថែមទៀតថា៖ “ខ្ញុំ​កំពុង​បុករុក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​ផ្តល់ទុន​វិនិយោគ​លើ​បញ្ហា​នេះ ដើម្បី​បន្ថែម​ទុន​ទៅដល់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដើម្បី​ជំរុញ​កិច្ចការ​នេះ យើង​មិន​ធ្វើឱ្យប៉ះពាល់​ព្រៃឈើ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចិញ្ចឹម​ជាមួយគ្នា​តែម្តង ដូចជា​ដាំ​ដើម​ឫស្សី ចិញ្ចឹមសត្វ គឺ​យើង​អាចធ្វើ​ទៅរួច ដើម្បី​បន្ថយ​សម្ពាធ។

    យោងតាម​ទិន្នន័យ​ដែល​បាន​សិក្សា​នាពេល​កន្លងមក កម្ពុជា​បាន​នាំចូល​បន្លែ​ជាច្រើន​ប្រភេទ​ពី​ប្រទេសជិតខាង​ដែលមាន​បរិមាណ​ប្រមាណ​ជា 400តោន​ក្នុង​មួយថ្ងៃ ចន្លោះ​ពី​ខែមីនា​រហូតដល់ខែវិច្ឆិកា ហើយ​កម្ពុជា​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ 200លាន​ដុល្លារ​សម្រាប់​ការ​នាំចូល​បន្លែ​ទាំងនោះ។

    បច្ចុប្បន្ននេះ ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅ​កម្ពុជា​បាន​ថយចុះ​ជា​បន្តបន្ទាប់​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ការផលិត​ស្បៀង​នៅក្នុង​ស្រុក។ ក្នុង​ឆ្នាំ2016 ផ្ទៃដី​ដាំ​ដុះ​បន្លែ​នៅសល់តែ​ជាង 12,000 ដោយ​ថយចុះអស់​ជាង 3,000ហិកតា ពី​ជាង 15,000ហិកតា​ក្នុង​ឆ្នាំ2015 ហើយ​នៅ​ឆ្នាំ2017 ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​នៅសល់តែ​ជាង 9,000ហិកតា​ប៉ុណ្ណោះ៕

  • ការប្រគំតន្រី្ត Tiger Street Football Festival 2018 ជាបទពិសោធន៍ថ្មីសម្រាប់អ្នកកំពង់ស្ពឺ

    ការប្រគំតន្រី្ត Tiger Street Football Festival 2018 ជាបទពិសោធន៍ថ្មីសម្រាប់អ្នកកំពង់ស្ពឺ

    បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2018 បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបាននូវភាពរីរាយ ហ្គេមកម្សាន្តប្លែកៗដ៏ទាក់ទាញជាច្រើន ហើយនេះជាលើកដំបូងដែលក្រុមការនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របាននាំយកបទពិសោធន៍ដ៏អស្ចារ្យ មកចែកជូនបងប្អូនដែលរស់នៅលើទឹកដីសម្បូរទៅដោយដើមត្នោតមួយនេះ។

    លើសពីនេះទៅទៀតគឺ ការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន កញ្ញា ឪប សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត  លោក នី​ រតនា កញ្ញា វី ឌីណែត និង លោក Step។ ហើយតារាចំរៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រនៅព្រះសីហនុសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

    សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 នៅមណ្ឌលកំពង់ស្ពឺនេះ ក្រុមការងានឹងបន្តដំណើរទៅខេត្តបាត់ដំបងនៅសប្តាហ៍ក្រោយ ថ្ងៃទៅ ៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ៕

  • សេវាកម្ម​ប្រឹក្សា​យោបល់​ធុរកិច្ច​អន្តរជាតិ​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ​កម្ពុជា

    សេវាកម្ម​ប្រឹក្សា​យោបល់​ធុរកិច្ច​អន្តរជាតិ​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ​កម្ពុជា

    ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​ការរីកចម្រើន គេ​សម្លឹង​ឃើញថា ក្រុមហ៊ុន​បរទេស ផ្តល់​សេវាកម្ម​ច្រើន​ប្រភេទ​បាន​ឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​កាន់តែច្រើនឡើងៗ ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន NAKI GROUP បាន​សហការ​ជាមួយ​ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd នាំយក​អ្នកជំនាញ​ខាង​ផ្តល់​ប្រឹក្សា​សេវាកម្ម​ខាងលើ​មក​កម្ពុជា​ជា​ផ្លូវការ​ហើយ។

    លោក Pearce Cheng នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co, Ltd មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​បាន​នាំ​អ្នកជំនាញ​មក​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​ការធ្វើ​ជំនួញ និង​ការវិនិយោគ​នៅ​បរទេស និង​អ្នកមាន​ជំនាញ​ដែល​អាច​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស រួមទាំង​ការ​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​របស់​សិស្ស-និស្សិត​និង​ការរៀប​ចំការ​រើ​ទីតាំង​ជំនួញ​ទៅ​បរទេស បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ហើយ។ លោក​ថា AIMS (អេ អាយ អឹម អេស)ត្រូវបាន​បង្កើតឡើង​ដំបូងបង្អស់​នៅ​ខែវិច្ឆិកា ឆ្នាំ2006 នៅក្នុង​ប្រទេស​សិង្ហ​បុរី ជាមួយនឹង​ភាពជោគជ័យ​លើ​ការផ្តល់សេវា​កម្មដ​ល់អ​តិ​ថិ​ជន​របស់ខ្លួន ឥឡូវ AIMS (អេ អាយ អឹម អេស) មាន​មោទនភាព​ក្នុង​ការផ្តល់សេវា​កម្មនេះ​នៅ​កម្ពុជា​បន្ថែមទៀត។

    តំណាង​របស់​ក្រុមហ៊ុន AIMS (អេ អាយ អឹម អេស) បាន​មានប្រសាសន៍​បន្ថែមថា ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ផ្តោតលើ​សេវាកម្មសំខាន់ៗចំនួន 4 គឺ ទី1. ការសុំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​បរទេស (Student visa)គឺ​ការរៀបចំ​វី​សា​សម្រាប់​សិស្ស-និស្សិត​ដែលមាន​បំណង​ទៅ​សិក្សា​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។ ទី2.ការសុំ​ទិដ្ឋាការ​ទៅ​រស់នៅ​បរទេស​តាមរយៈ​ភាព​ជំនាញ (Skilled Migration) ជាការ​រៀបចំ​ផ្តល់​សេវាកម្ម​សុំ​វី​សា​ជូន​គ្រួសារ និង​អ្នក​នៅ​លីវ​ដែល​មានបំណង​ចង់ទៅ​រស់នៅ​បរទេស​តាមរយៈ​ជំនាញ  ឬ​លក្ខណៈសម្បត្តិ​ការងារ និង​បទពិសោធ​ការងារ​របស់ខ្លួន។ ទី3.ការសុំ​ទិដ្ឋាការ​ទៅ​រស់នៅ​បរទេស​តាមរយៈ​ការធ្វើ​ជំនួញ និង​ការវិនិយោគ​នៅ​បរទេស(Business and Investor Migration) គឺ​ការផ្តល់​សេវាកម្ម​សុំ​វី​សា និង​សុំ​សញ្ជាតិ​ដល់​ម្ចាស់​អាជីវកម្ម សហគ្រិន និង​វិនិយោគិន តាមរយៈ​ការធ្វើ​អាជីវកម្ម ការវិនិយោគ​លើ​អចលនទ្រព្យ និង​ការវិនិយោគ​លើ​មូល​ប​ត្រ​របស់​រដ្ឋាភិបាលរបស់​ប្រទេស​ដែល​គាត់​ចង់ទៅ​រស់នៅ និង​ចង់​ទទួលបាន​សញ្ជាតិ និង​ទី4.ការសុំ​ទិដ្ឋាការ និង​រៀប​ចំការ​រើ​ទីតាំង​ជំនួញ​ទៅ​បរទេស គឺ​ការផ្តល់សេវា​លើ​ការរៀបចំ​រើ​ទីតាំង​ជំនួញ​ទៅ​ក្រៅប្រទេស ព្រមជាមួយ​ការផ្តល់​ប្រឹក្សា​យោបល់​គ្រប់​ជំហាន រួម​មានការ​សហប្រតិបត្តិ​ការ​នៃ​អាជីវកម្ម ការស្វែងរក​បុគ្គលិក​នៅ​ប្រទេស​ជា​ម្ចាស់ផ្ទះ ការស្វែងរក​ទីតាំង​អាជីវកម្ម ឬ​ការិយាល័យ​ដែល​ល្អ និង​សេវា​ជាច្រើន​ទៀត ដែល​អាច​ធានាបាន​នូវ​ភាពងាយស្រួល​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់លោក​អ្នក​នៅក្រៅ​ប្រទេស។

    ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd នៅ​កម្ពុជា​ជា​អ្នកដើរ​តួនាទី​ផ្តល់​សេវា​ប្រឹក្សា​យោបល់ និង​ផ្តល់​សេវាកម្ម​សម្របសម្រួល​ប្រកបដោយ​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​ដល់​អតិថិជន ដើម្បី​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ទៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​នេះ​ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​សិង្ហ​បុរី ជា​កន្លែង​ដែលមាន​អ្នកជំនាញ​អន្តរជាតិ​មាន​បទពិសោធ​ខ្ពស់ និង​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​រៀបចំ​បែបបទ​ស្នើសុំ​នានា។

    ជាមួយនឹង​ការធ្វើការងារ​ប្រកបដោយ​ជំនាញ​ជាក់លាក់ និង​ច្បាស់លាស់ ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ​តែងតែបាន​ប​ញ្ជួ​ន​គ្រួសារ​ចំនួន 500គ្រួសារ​ជា​រៀងរាល់ខែ ចេញទៅ​រៀនសូត្រ ធ្វើ​ការងារ​ធ្វើ​ជំនួញ និង​រស់នៅ​ក្រៅប្រទេស​បាន​ដោយ​ស្របច្បាប់​ជាមួយនឹង​ទំនុកចិត្ត និង​ភាពជឿជាក់​មកលើ AIMS “យើង​ជឿជាក់ថា សេវាកម្ម​នេះ​នឹង​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ដោយសារតែ​បច្ចុប្បន្ន​នៅ​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​ជំនាញ​ផ្តល់​សេវាកម្ម​បែបនេះ​ច្បាស់លាស់​នៅឡើយ។

    លោក Pearce Cheng បញ្ជាក់ថា ប្រទេស​កម្ពុជា​បាននិងកំពុង​មានការ​រីកចម្រើន​សេដ្ឋកិច្ច និង​មាន​ប្រាក់ចំណូល​កើនឡើង​ដែល​ធ្វើឱ្យ​គ្រួសារ​កម្ពុជា​កាន់តែច្រើន​ចង់​បញ្ជូន​កូន​ទៅ​សិក្សា​ក៏ដូចជា​ការធ្វើ​ជំនួញ​នៅក្រៅ​ប្រទេស ដែលជា​កត្តា​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ សម្រេច​ឈាន​ជើង​ចូលមក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត៕

  • អេ អឹម ខេ ជាជម្រើសអាជីពការងារសម្រាប់អ្នក

    អេ អឹម ខេ ជាជម្រើសអាជីពការងារសម្រាប់អ្នក

    ភ្នំពេញ៖ បុគ្គលិក អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ អត្រា​កើនឡើង​នៃ​ចំនួន​បុគ្គលិក នេះហើយ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បុគ្គលិក​ទាំងអស់។ គ្រប់​បុគ្គលិក អេ អឹម ខេ ពិតជា​រីករាយ​ជាមួយ​ការងារ​របស់គាត់ ព្រោះ​គាត់​ពេញចិត្ត​នឹង​បរិយាកាស​ការងារ​ល្អ ការសហការ​ក្រុម ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​របស់គាត់ ព្រមទាំង​អា​ចទ​ទួ​ួ​ល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន និង​ឱកាស​អភិវឌ្ឍ​ខ្លួន​ផងដែរ។

    លោកស្រី ពាំង ពិសាខ នាយិការ​ប្រតិបត្តិ​ធនធានមនុស្ស​បាន​មានប្រសាសន៍ថា “អេ អឹម ខេ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ជម្រើស​សម្រាប់​និយោជិត ព្រោះ អេ អឹម ខេ បាន​ផ្តល់ជូន​នូវ​លក្ខណៈពិសេស៣យ៉ាង​គឺ៖ កន្លែង​ដែល​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ផ្តល់នូវ​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​ជាពិសេស​ជា​គ្រឹះស្ថាន​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ” លោកស្រី​បានលើកឡើង​ថា អត្ថប្រយោជន៍សំខាន់ៗមួយចំនួន​ដែល អេ អឹម ខេ ផ្តល់ជូន​បុគ្គលិក​មានដូចជា ការធានារ៉ាប់រង​សុខភាព​សម្រាប់​បុគ្គលិក ព្រមទាំង​ក្រុមគ្រួសារ (ប្តី​ឬ​ប្រពន្ធ និង កូន) ១០០% ដោយ​មិន​កំណត់ ការធានារ៉ាប់រង ២៤ ម៉ោង​ទៅលើ​គ្រោះថ្នាក់​ដល់​បុគ្គលិក ប្រាក់ឧបត្ថម្ភ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់​សោធន ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ចូលនិវត្តន៍ ប្រាក់រង្វាន់​លើកទឹកចិត្ត ប្រាក់កម្ចី​សម្រាប់​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ត្រឹមតែ ២% ក្នុង​មួយឆ្នាំ ប្រាក់​មាតុភាព​រហូតដល់ ១៧០% និង​ការឈប់​សម្រាក​ព្យាបាល​ជំងឺ​ដោយមាន​ប្រាក់​ឈ្នួល​រហូតដល់ ៦ខែ ការឈប់​សម្រាក​ពិសេស និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។

    ចំពោះ​ឱកាស​អភិវឌ្ឍ​ខ្លួន អ្នកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ អេ អឹម ខេ បានរៀបចំ​កម្មវិធី​សម្រាប់​អភិវឌ្ឍ​បុគ្គលិក​របស់ខ្លួន​ជាច្រើន​មានដូចជា កម្មវិធី​ការបណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន កម្មវិធី​អ្នក​ស្នង កម្មវិធី​ទំនាក់ទំនង​បុគ្គលិក កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​ស្នូល កម្មវិធី​រៀនសូត្រ​បន្ថែម កម្មវិធី​អ្នកគ្រប់គ្រង​ហាត់​ការ និង​កម្មវិធី​បណ្តុះបណ្តាលផ្សេងៗទៀត។ អ្នកស្រី​ពិសាខ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​បរិយាកាស​ការងារ ព្រោះ​វា​ជា​កត្តា​សំខាន់​សម្រាប់​បុគ្គលិក ព្រោះ​នៅពេលដែល​ស្ថាប័ន​មួយ​មាន​បរិយាកាស​ការងារ​ល្អ បុគ្គលិក​មាន​ភាព​រីក​រាយ សហការ​ល្អ​ក្នុង​ការបំពេញ​កាតព្វកិច្ច ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​ការងារ​របស់គាត់​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំពោះ អេ អឹម ខេ ត្រូវបាន​ចាត់ទុកថា ជា​កន្លែង​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ ព្រោះ អេ អឹម ខេ មាន​ចំណុច​ពិសេស​របស់ខ្លួន​ដូចជា មាន​វប្បធម៌​ការងារ​ល្អ មានគុណ​តម្លៃ​រួម​ដែល​ជំរុញ​ឲ្យ​មាន​បរិយាកាស​ស្និទ្ធស្នាល​ប្រកបដោយ​ការទទួលខុសត្រូវ ផ្តល់​ភាពកក់ក្តៅ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គ្រប់​បុគ្គលិក មានការ​សហ​ការណ៍​ល្អ និង​មាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់។

    បុគ្គលិក អេ អឹម ខេ ម្នាក់ លោក សាង ម​ក្ករី មន្ត្រី​ឥណទាន​ឯកទេស បានចាប់ផ្តើម​អាជីព​ការងារ​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ ២០១៥ ជា​មន្ត្រី​ឥណទាន​រៀនសូត្រ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ លោក​ត្រូវបាន​តំឡើង​តំណែង​ជា មន្ត្រី​ឥណទាន​ពេញ​សិទ្ធ​ក្នុង​រយៈពេល២ខែ មកដល់​ពាក់កណ្តាល​ឆ្នាំ២០១៧ លោក​ត្រូវបានតែងតាំង​ក្នុង​មុខតំណែង​ថ្មី​មួយទៀត​គឺ មន្ត្រី​ឥណទាន​ឯកទេស។ “អស់​រយៈពេល​ជិត២ឆ្នាំ​ហើយ​ដែល​ខ្ញុំបម្រើ​ការងារ​ជាមួយ អេ អឹម ខេ ខ្ញុំ​មាន​អារម្មណ៍​ថា អេ អឹម ខេ ដូចជា​ផ្ទះ​ទី២ដែរ ដោយ​បុគ្គលិក​ទាំងអស់​រួសរាយ​រាក់ទាក់​ហាក់បី​ដូ​ជា​ក្រុមគ្រួសារ​ខ្ញុំ​ដែរ។ លោក ម​ក្ករី បាន​បន្ថែមទៀតថា “អ្វីដែល​សំខាន់​នោះ គឺ​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ប្រធាន​ផ្ទាល់ ក៏ដូចជា​មិត្តភក្តិ​រួម​ក្រុម​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​ផងដែរ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែធ្នូ ឆ្នាំ២០១៧ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ២៥០០នាក់ អតិថិជន​ចំនួន​ជិត ៦៨ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២០៧ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង៣.០០០កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 កំពុងមាន​សក្តានុពល

    តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 កំពុងមាន​សក្តានុពល

    ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រកាស​គម្រោង​ជួសជុល និង​ពង្រីក​ឡើងវិញ​នូវ​ជាតិ​លេខ3 ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ក្រុងភ្នំពេញ​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពត បានធ្វើឱ្យ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ចាប់ផ្ដើម​មាន​សក្តានុពល​ខ្លាំង​ក្នុងការ​ពុះ​ជាឡូត៍ៗ និង​សង់​អគារ​ផ្ទះល្វែង​សម្រាប់​លក់។

    លោក តាំង សេង​ប៉ អគ្គនាយក​បុរី​ហ្គ្រែ​ន​ផាក​ដែលមាន​ទីតាំង​ប្រមាណ​ជា 3គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​សក្តានុពល​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3កំពុងមាន​តម្លៃ​កើនឡើង​ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​ជួសជុល និង​ពង្រីក​ផ្លូវ​ឡើងវិញ​មក​នោះ​ក្រុមហ៊ុន​របស់លោក​ក៏​ចាប់ផ្តើម​គម្រោង​សាងសង់​នេះ​ឡើង​ដែរ​កាលពី​អំឡុង​ជាង​មួយខែ​មុន ដោយ​ក្រោយពី​ការប្រកាស​លក់​មក​ក៏មាន​អតិថិ​ន​ចូលមក​ទំនាក់ទំនង​ទិញ​បាន​ប្រមាណ​ជាង30%ហើយ គឺ​លើសពី​ការរំពឹងទុក។

    លោក​ថា “បើ​យើង​ធ្វើដំណើរ​ពី​ចោមចៅ​ទៅ​តែ 5នាទី​ប៉ុណ្ណោះ​នឹង​ទៅដល់​ហើយ ពេលទៅដល់​គឺមាន​រោងចក្រ​នៅ​ជុំវិញ​តំបន់​នោះ​ជាច្រើន ពេល​ម៉ោង​ចេញ និង​ចូលធ្វើការ មាន​មនុស្ស​ច្រើន​អ៊ូអរ ដែលជា​សក្តានុពល​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ផ្សេង។ បច្ចុប្បន្ន​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 មានការ​រីកលូតលាស់​ខ្លាំង ជាពិសេស​ការ​ពុះ​ដី​ជា​ឡូត៍​និង​សង់ផ្ទះ​ល្វែង​សម្រាប់​លក់ ប៉ុន្តែ​ក៏​ហាក់​មាន​ភាព​អសកម្ម​ខ្លះ​ដែរ ដោយសារ​អ្នកធ្វើដំណើរ​តែង​ជួប​ការកកស្ទះ​នៅ​ម្ដុំ​រង្វង់​មូល​ចោមចៅ​ស្ទើរ​រាល់ថ្ងៃ។

    ករណីនេះ​លោក តាំង សេង​ប៉ និយាយថា វា​នឹង​ប្រសើរ​ឡើងវិញ​ក្រោយពី​សាលា​រាជធានី​សាងសង់​ស្ពាន​អាកាស​នៅត្រង់​រង្វង់​មូល​ចោមចៅ​រួចរាល់។ ជាមួយគ្នានេះដែរ លោក អ៊ុន និមល ម្ចាស់គម្រោង​ពុះ​ដីឡូត៍​លក់​នៅ​ជិត​ផ្សារ​ព្រៃទទឹង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ដែលមាន​ចម្ងាយ​ប្រមាណ​ជាជាង10គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​មានប្រសាសន៍​ទទួលស្គាល់​ថា បច្ចុប្បន្ន​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ពិត​ជាមាន​សម្ទុះ​ឡើងថ្លៃ​ពិតប្រាកដ​មែន ពោល​គឺមាន​ឈ្មួញ​ចុះ​ទិញ​ដី​សង់ផ្ទះ​ល្វែង និង​ពុះ​ឡូត៍​លក់ មាន​ឈ្មួញកណ្តាល​ចុះ​ទិញ​ទុក​លក់​យកចំណេញ​បន្ត និង​ពលរដ្ឋ​ទិញ​សម្រាប់​សង់ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន ឬ​សង់​បន្ទប់​ជួល​កាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់។ កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​តែ 4 ឬ5ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​ឡើងថ្លៃ​ដល់​ទៅ40-50$ ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    លោក​បានបញ្ជាក់​ដូច្នេះ​ថា “សម្រាប់​ដីឡូត៍​របស់ខ្ញុំ ទើបតែ​ចាក់ដី​ពុះ​លក់បាន​ត្រឹមតែ1ថ្ងៃ​ប៉ុណ្ណោះ មិនទាន់​បានដាក់​ផ្លាក​លក់​ផង គ្រាន់តែ​ដឹងតៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ស្រាប់​តែមាន​អតិថិជន​មក​កក់​ទិញ​អស់9ឡូត៍ភ្លាមៗបាត់ទៅហើយ មិនគួរ​ឱ្យ​ជឿ​សោះ។ អ្វីដែល​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​មានការ​រីកលូតលាស់​ខ្លាំង គឺ​ដោយសារតែ​ស្ថិតនៅក្នុង​ទីតាំង​កំពុងអភិវឌ្ឍន៍​រោងចក្រ និង​ផែស្ងួត និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​ទៀត​កំពុង​សាងសង់ ចំណែក​ផែស្ងួត​មួយកន្លែង​កំពុង​ចាក់ដី​សាងសង់​ផងដែរ ពិសេស​សម្បូរ​រោងចក្រ​ច្រើន​អាច​ប្រកប​របរ​លក់ដូរ​បាន។

    លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​អចលនទ្រព្យ Vtrust Appraisal មានប្រសាសន៍ថា ជា​រឿង​ធម្មតា​ទេ ទីណា​មានការ​អភិវឌ្ឍ ទីនោះ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ច្រើន​ហើយ ដោយសារតែ​ជាទី​តាំង​ដែលមាន​ចរន្ត​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ​យ៉ាងណា​នោះ លោក​អះអាងថា ដី​នៅ​ម្តុំ​ផ្លូវជាតិ​លេខ3 គឺមាន​សក្តានុពល​ប្រហាក់ប្រហែល​នឹង​ដី​នៅ​ផ្លូវជាតិផ្សេងៗដែរ គឺ​មិនមែន​នៅ​ផ្លូវ​ណា​ល្អ​ជាង​ផ្លូវ​ណា​នោះទេ។

    បើ​គេ​ក្រឡេក​មើលទៅ​ផ្លូវជាតិ​លេខ4វិញ គឺមាន​ភាពប្រសើរ​ជាង ដោយសារ​ផ្លូវ​នោះ​ពេល​គេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ទៅ គឺ​មានកូន​ទីក្រុងតូចៗជា​បន្តបន្ទាប់​ដែលមាន​ចរន្ត​សេដ្ឋកិច្ច​ល្អ ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​លក់ដូរ រក​ចំណូល​សម្រាប់​ក្រុមគ្រួសារ​បាន។

    លោក​បាន​មានប្រសាសន៍ បន្ថែមទៀតថា មិនថាតែ​ផ្លូវជាតិ​លេខ3នោះទេ ទោះជា​ផ្លូវជាតិ​ណាក៏ដោយ បច្ចុប្បន្ន​កំពុងមាន​ស​ក្តា​នុព​ល​ពុះ​ដីឡូត៍​លក់ និង​សង់​សំណង់ផ្ទះ​ល្វែង​លក់​ច្រើនដូចៗគ្នា​ទាំងអស់​សំខាន់​ឱ្យតែ​ជាទី​តាំង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ដូចជា​មាន​រោងចក្រ​ឧស្សាហកម្ម មាន​ផ្សារ សាលារៀន និង​មន្ទីរពេទ្យ ទីនោះ​តែងមាន​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​ច្រើន​ហើយ៕