Author: វល័ក្ខ

  • កម្មវិធី​ទម្លាប់ 7យ៉ាង​អាចឆ្លើយតប​បានល្អ​លើ​តម្រូវ​ការអប់រំ​សតវត្ស​ទី21

    កម្មវិធី​ទម្លាប់ 7យ៉ាង​អាចឆ្លើយតប​បានល្អ​លើ​តម្រូវ​ការអប់រំ​សតវត្ស​ទី21

    ឯកឧត្តម យក់ ង៉ុ​យ រដ្ឋ​លេខ​ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ការអប់រំ​សម្រាប់​សតវត្ស​ទី២១នេះ មានការ​ប្រែប្រួល​គ្រប់ផ្នែក ទាំង​លើ​ជំនាញ និង​ចំណេះដឹង ហើយ​ការងារជាថ្មីៗជាច្រើន​នឹងត្រូវ បង្កើតឡើង រីឯ​ការងារ​មួយទៀត​ផ្សេងទៀត​នឹងត្រូវ​បាត់បង់។ ដូចនេះ​ការអប់រំ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ រហូតដល់ កម្រិត​ឧ​ត្ត​មសិ​ក្សា គឺ​ត្រូវ​រៀបចំ​ផែនការ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការងារ​ទីផ្សារ​ក្នុងពេល​អនាគត។

    លោក​បាន​សង្កត់ធ្ងន់ថា ការអប់រំ​ចំពោះ​យុ​ជន​មិនត្រូវ​ផ្តោត​សំខាន់​តែ​នៅ​ជំនាញ​មួយ​មុខតែ​ប៉ុណ្ណោះ​ទេ គឺ​យុវជន​ត្រូវមាន​ជំនាញ​ទន់ (Soft Skill) ពីព្រោះ​ជំនាញ​នេះ​វា​អភិវឌ្ឍ​ថ​រិ​យា​បថ​ជា​វិជ្ជមាន បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​នៅ​ជុំវិញ សហ​ការធ្វើការងារ​ជា​ក្រុម។

    លោក ប៉ិច ឡែ​ន អគ្គនាយក ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា យើង​មិនអាច​ដឹងថា​នរណាម្នាក់​អាច​ក្លាយ​ដឹង​នាំ​ប្រទេស​បានទេ នាពេល​អនាគត ប៉ុន្តែ​ក្នុងនាម​យើង​ជា​អ្នក​ធើ្វ​ការងារ​អប់រំ យើង​អាចធ្វើ​ឲ្យ​កុមារ និង​យុវជន​ក្លាយជា​អ្នកដឹកនាំ​សង្គមជាតិ តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព។ លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​រៀបចំ​ក្ខា​សាលា​ស្តីអំពី ការគិត​ឡើងវិញ​លើ​វិស័យ​អប់រំ សម្រាប់​សតវត្ស​ទី២១ ដើម្បី​ផ្តល់​ឳ​កាស​ដល់​សាលារៀន​រដ្ឋ និង​ឯកជន​ស្វែងយល់​ពី​បំរែបំរួល​ជំនាញ ចំណេះដឹង មុខរបរ​មួយចំនួន​ថ្មី​នឹង​កើតឡើង។ លោក​បាន​បន្ថែមទៀតថា ដោយ​មើលឃើញ​ពី​សារសំខាន់​លើ​អប់រំ ផ្នែក​អត្តចរិត និង​ថ​រិ​យា​បថ ក្រុម​ហ៊​ន វេស​ឡាញ បាន​នាំ​កម្មវិធី​ទម្លាប់​ល្អ​ទាំង៧ ពី​វិទ្យាស្ថាន Franklin Covey Education ពី​សហរដ្ឋអាមេរិក មក​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍។

    វាគ្មិន៦នាក់​មកពី​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក ថៃ និង​សិង្ហ​បុរី​បាន​ពិភាក្សា​ពី​ចំណេះដឹង និង​ជំនាញ​សម្រាប់​សតវត្ស​ទី២១ និង​ស្វែងរក​វិធីសាស្ត្រ​ជំរុញ និង​លើកទឹកចិត្ត​ដល់​សាលារៀន​ដែល​កំពុង​ប្រើប្រាស់ The Leader In Me ទទួលបាន​ជោគជ័យ។

    សូម​បញ្ចា​ក់ថា The leader In Me គឺជា​ដំណើរ​អនុវត្ត​កម្មវិធី​ទម្លាប់​ល្អ​ទាំង៧ ក្នុង​កម្មវិធីសិក្សា ហើយ​កម្មវិធី​នេះ​ជួយ​អប់រំ​ដល់​កុមារ និង​យុវជន​ឲ្យ​មាន​ថ​រិ​យា​បថ និង​ផ្នត់គំនិត​ជា​វិជ្ជមាន។ កម្មវិធី The Leader In Me មាន​សាលារៀន​ជាង ៣០០០កំពុង​អនុវត្ត សាលារៀន ២០០០ នៅ​សហរដ្ឋអាមេរិក និង១០០០សាលារៀន នៅ​បណ្តាល​ប្រទេស​ផ្សេងទៀត ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ។

    នេះ​ជា​លើក​ទី១ ដែល​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​បានរៀបចំ​សិក្ខាសាលា​ជា​លក្ខណៈ​អន្តរជាតិ​ដែលមាន​អ្នកចូលរួម​មកពី១៧ប្រទេស​ដូចជា ប្រទេស​កម្ពុជា ភូមា ម៉ាឡេស៊ី សង្ហ​បូរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ចិន ឥណ្ឌា ថៃ វៀតណាម ម៉ុង​ហ្គោ​លី កូរ៉េខាងត្បូង ហ្គា​ម ប៉ា​គី​ស្ថាន ហុងកុង និង​សហរដ្ឋអាមេរិក សរុប​អ្នកចូលរួម​ជាង៤០០នាក់។ សិក្ខាសាលា​នេះ​ពិតជា​បានផ្តល់​ចំណេះដឹង និង​គំនិតថ្មីៗដល់​លោកអ្នក​ទៅលើ​វិស័យ​អប់រំ និង​ពិភពលោក​ដែល​កំពុងតែ​វិ​វត្ត​ទៅមុខ ដើម្បី​ជួយ​យុវជន និង​យុវតី​ជំនាន់​ថ្មី​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​របស់ខ្លួន ក្នុងការ​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​សតវត្ស​ទី២១៕

  • ផលប៉ះពាល់​ចំពោះ​កុមា​រលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ហួស​កម្រិត

    ផលប៉ះពាល់​ចំពោះ​កុមា​រលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ហួស​កម្រិត

    មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​លើ​ពិភពលោក​ត្រូវបាន​គេ​រកឃើញថា​ជា​កុមារ នេះ​បើតាម​ការបង្ហាញ​របស់​អង្គការ UNICEF។ ទន្ទឹមនឹង​ចំនួន​នេះ​គេ​ក៏បាន​រកឃើញ​ផងដែរ​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​ចំពោះ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​តរបស់​កុមារ​នៅលើ​ពិភពលោក។

    កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge និង​ជា​អ្នកធ្វើការងារ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ E-learning Center នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​លើកឡើងថា បច្ចេកវិទ្យា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កុមារ​ដែល​អាណាព្យាបាល​គួរ​យកចិត្តទុកដាក់។ ជា​គុណសម្បត្តិ បច្ចេកវិទ្យា​អាចធ្វើឱ្យ​កុមារ​កើន​ចំណេះដឹង​ច្រើនជាង​ការដែល​សិក្សា​តាមបែប​ធម្មតា ព្រោះថា តាមរយៈ​បច្ចេកវិទ្យា​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ជាច្រើន និង​ប្រភព​ចំណេះដឹង​ដ៏​ច្រើន​បាន​យ៉ាង​ងាយស្រួល ដែល​ប្រភពព័ត៌មានល្អៗខ្លះ​ត្រូវបាន​គេ​រចនា​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ឡើង​សម្រាប់​កុមារ។

    កញ្ញា សៀក ឡេង បាន​និយាយថា ៖ “ក្រៅពី​ការជួយ​ផ្នែក​អប់រំ​ហើយ បច្ចេកវិទ្យា​ក៏​ជួយ​ដល់​កុមារ​ឱ្យ​បង្កើន​ការសប្បាយរីករាយ​ដែល​កាត់បន្ថយ​គ្រោះថ្នាក់​របួសស្នាម​លើ​រាងកាយ និង​ការគូសវាសផ្សេងៗដែល​អាច​រំខាន​ដល់​មនុស្ស​ធំ។

    អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា កុមារ​ជា​វ័យ​ដែល ចូលចិត្ត​លេង ហេតុនេះ​ការដែល​គាត់​លេង ឬ​កម្សាន្ត​តាម​បច្ចេកវិទ្យា គឺ​នឹង​ជួយ​ឱ្យ​គាត់​រីករាយ​ជាមួយនឹង​ល្បែង​ជាច្រើន​ដែល​គាត់​មិនចាំបាច់​ទៅលេង​ដោយផ្ទាល់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​នោះទេ។ តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​អ្នកជំនាញ​ជាច្រើន​ក៏បាន​បង្កើត​កម្មវិធី​ដើម្បី​ធ្វើឱ្យ​កុមារ​មានការ​រីកចម្រើន​ផ្នែក​បញ្ញា មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ភាពឈ្លាសវៃ​ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យា​ក៏​អាចជួយ​ឱ្យ​កុមារ​ងាយ​សម្រប​ខ្លួន​ក្នុងសង្គម ព្រោះថា នៅក្នុង​សង្គម​បច្ចុប្បន្ន និង​អនាគត គឺ​គេ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់​ទីកន្លែង។

    ផ្ទុយ​មកវិញ​កញ្ញា សៀក ឡេង ក៏បាន​លើកឡើង​ផងដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ចំណុច​នេះ​ក៏បាន​ជះ​ផលប៉ះពាល់​មកវិញ​ដែរ ប្រសិនបើ​កុមារ​លេង​តែ​អ៊ី​ន​ធើ​ណិ​ត​សុទ្ធសាធ ដោយ​មិនមាន​សកម្មភាព​ជាក់ស្តែង​អ្វី​សោះ​នោះ។ អ្វីដែល​អាណាព្យាបាល​ត្រូវ​យកចិត្តទុកដាក់​ជាង​គេ​នោះ គឺ​កុមារ​អាច​នឹងរង​ផលប៉ះពាល់​ជាច្រើន​ប្រសិនបើ​ពួកគេ​ប្រើ​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​មិន​ត្រឹមត្រូវ។

    កញ្ញា សៀក ឡេង និយាយថា ៖ “នៅពេលដែល​កុមារ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​ច្រើន​ជ្រុល ពួកគេ​អាច​នឹង​បាត់បង់​ជំនាញ​ទំនាក់ទំនង​ក្នុងសង្គម​ដូច​ជាការ​រាប់អាន​មិត្ត​ខាងក្រៅ មិនសូវ​ចេះ​និយាយស្តី​ទៅកាន់​មនុស្ស ដែល​អាចធ្វើឱ្យ​ពួកគេ​បាត់បង់​ការគោរព​ចំពោះ​មនុស្ស​ដទៃ។ ម្យ៉ាងវិញទៀត​ពួកគេ​អាច​នឹងមិន​សូវ​យល់​ពី​អារម្មណ៍​នៃ​ដៃគូ​សន្ទនា ឬ​ការប្រើប្រាស់​ក្រសែភ្នែក​ជាដើម ដែល​ធ្វើឱ្យ​កុមារ​ទាំងអស់នោះ​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ទំនាក់ទំនង​មិនសូវ​ល្អ។

    ចំពោះ​ការលេង​កីឡា​ជាក់ស្តែង​វិញ ដោយសារតែ​កុមារ​ចំណាយពេល​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ច្រើនពេក ពួកគេ​នឹងមិន​សូវ​ចូលចិត្ត​លេង​កីឡា ធ្វើ​ពលកម្ម ឬ​សកម្មភាពផ្សេងៗទៀត ដែល​រឿងនេះ​វា​អាច​រាំងស្ទះ​ដល់​ភាពស្វាហាប់ ភាព​សកម្ម និង​សុខភាព​របស់​ពួកគេ។ កត្តា​ទាំងអស់នេះ​អាចធ្វើឱ្យ​កុមារ​រង​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដូចជា​បញ្ហា​នៃ​ការរីកលូតលាស់​ផ្នែក​រាងកាយ និង​សតិ​ស្មារតី​ជាដើម ព្រោះថា​ពួកគេ​ចំណាយពេល​ច្រើនពេក​លើ​ការ​វិលវល់​ជាមួយនឹង​ពិភព​ស្រមើស្រមៃ​ច្រើនពេក៕

  • ខេត្តកណ្តាល​កំពុងស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ

    ខេត្តកណ្តាល​កំពុងស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ

    ស្រប​ពេលដែល​រដ្ឋាភិបាល​បានប្រកាស​អំពី​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​រួចមក បានធ្វើឱ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​កំពុង​សម្លឹងរ​ក​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើនឡើង​នៅ​ទីនោះ។

    ក្នុង​សេចក្តីប្រកាស​ពត៌មាន​ជា​ផ្លូវការ​មួយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សប្តាហ៍​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​ខ្នាត​យក្ស​ចំនួន3 បានគ្រោង​បោះទុន​រួមគ្នា​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា10ប៊ី​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​រណប​ថ្មី​ចំនួន2 គឺ​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​មួយទៀត​នៅក្នុង​ខេត្តកំពង់ចាម។

    ក្រុមហ៊ុន​ចំនួន3នោះ រួមមាន ក្រុមហ៊ុន ឆៃ​ណា ប៉ៃ​ជី​ង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុមហ៊ុន Zhuhai New Century របស់​វៀតណាម និង​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development របស់​កម្ពុជា។ ក្រុមហ៊ុន​ទាំង3 បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។

    លោក​ឧកញ៉ា ហួត ឌី អគ្គនាយក​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​នឹង​បង្កើត​ទីក្រុង​រណប​ចំនួន2 ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកណ្តាល​មួយកន្លែង និង​ខេត្តកំពង់ចាម​មួយកន្លែង ដែល​ស្ថិត​លើ​ទំហំ​ផ្ទៃដី​ជិត 2ម៉ឺន​ហិកតា​សម្រាប់​ទីក្រុង​ថ្មី​ទាំងពីរ។ លោក​ឧកញ៉ា​បាន​បន្តទៀតថា ទីក្រុង​រណប​ទាំងពីរ​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង10ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ2018 ឆាប់ៗខាងមុខនេះ។

    លោក​ឧកញ៉ា ហួត ឌី បាន​បន្តទៀតថា ពេល​ទីក្រុង​រណប​ទាំងពីរ​នេះ​ដំណើរការ វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​កំណើនសេដ្ឋកិច្ច​របស់​ព​ល​រដ្ឋ​កម្ពុជា​ផ្ទាល់​តែម្តង ដូចនេះ​លោក​ឧកញ៉ា​សំណូមពរ​ឱ្យ​បណ្តា​ដៃគូផ្សេងៗទៀត ពិសេស​គឺ​មន្ត្រី​រាជរដ្ឋាភិបាល​មេត្តាជួយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ទាំង3នេះ​ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្របសម្រួល​ការងារ​ឱ្យមាន​ភាពរលូន​ដល់​ការបង្កើត​ទីក្រុង​រណប​ទាំងពីរ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផង។

    ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម សារ សំបូរ បាន​លើកឡើងថា ការបង្កើត​ទីក្រុងរ​ណ​ប​ទាំងពីរ​កន្លែង​នេះ​គឺជា​តម្រូវការ និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដូចនេះ​ឯកឧត្តម​ស្នើ​សុំឱ្យ​ក្រុមហ៊ុនធំៗទាំង3រួម​ដៃ​សហការគ្នា​បង្កើត​ទីក្រុង​រណប​ថ្មី​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ផលប្រយោជន៍​របស់​ពល​រដ្ឋ​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី​នេះ៕

  • ចង់​ជោគជ័យ​លឿន​ពេក គឺជា​ឧបសគ្គ​សម្រាប់​យុវជន​កម្ពុជា

    ចង់​ជោគជ័យ​លឿន​ពេក គឺជា​ឧបសគ្គ​សម្រាប់​យុវជន​កម្ពុជា

    ចង់​ក្លាយជា​មនុស្ស​ជោគជ័យ មានឈ្មោះ​ល្បី​ក្នុងសង្គម និង​សម្ភារ​និយម គឺជា​អ្វីដែល​យុវជន​នាពេល​បច្ចុប្បន្ន​មួយចំនួន​ស្រមៃ​ចង់បាន ហើយ​ការចង់បាន​ភាព​ថ្កុំថ្កើង​មិនមែនជា​កំហុស​របស់​មនុស្ស​ជំនាន់​ថ្មី​នេះ​ទេ តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ត្រូវបាន​គេ​រកឃើញថា យុវជន​កម្ពុជា​មួយចំនួន​ហាក់​មើល​ស្ថានការណ៍​គ្រប់យ៉ាង​ក្នុង​រូបភាព​ងាយស្រួល​ពេក។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ៅ វិបុល អគ្គនាយក​នៃ​ហាង​កាហ្វេ Brew House បាន​លើកឡើងថា យុវជន​នាពេល​បច្ចុប្បន្ន ភាគច្រើន​ស្រមៃ​ចង់​ក្លាយជា​សហគ្រិន​តាមរយៈ​ការមើលឃើញ​ពី​គំរូ​នៃ​មនុស្ស​ដែលមាន​ឈ្មោះ​ល្បី ឬ​មាន​ទ្រព្យធន​ជាច្រើន​ក្នុងសង្គម ហើយក៏​ព្យាយាម​ចង់​ធ្វើតាម ខណៈពេលដែល​គាត់​មិនទាន់បាន​ត្រៀមខ្លួន និង​ត្រៀម​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន​នៅឡើយ។ យុវជន​មួយចំនួន​ចាប់ផ្តើម​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​ដោយ​គ្រាន់តែ​ឃើញ​រឿង​ណាមួយភ្លាមៗ ដែល​កត្តា​នេះ​អាចធ្វើឱ្យ​គាត់​ងាយ​ទទួលយក និង​ងាយ​បោះបង់ចោល​ទៅវិញ​ដូចគ្នា នៅពេលដែល​គាត់​ជួប​ឧបសគ្គ។

    លោក ម៉ៅ វិបុល បាន​និយាយថា ៖ “កត្តា​ជា​ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​ភាពជោគជ័យ​របស់​យុវជន​នាពេល​បច្ចុប្បន្ន គឺ​ចង់​បង្កើត​អាជីវកម្ម​ថ្ងៃនេះ ហើយ​ចង់​ក្លាយជា​អ្នក​មាននៅ​ថ្ងៃស្អែក ខណៈដែល​ស្ថានភាព​ជាក់ស្តែង​នៃ​ការធ្វើ​អាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​អ្វីដែល​គាត់​គិត​សោះឡើយ។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ជា​ដំណោះស្រាយ​សម្រាប់​យុវជន គឺ​យើង​គួរតែ​ព្យាយាម​ស្វែងយល់​ពី​ភាព​ពិត​ជាក់ស្តែង​ឱ្យបាន​ច្រើន​អំពី​អាជីវកម្ម និង​ស្វែងរក​ចំណេះដឹង​ជា​មូលដ្ឋាន​ជាមុនសិន មុននឹង​ចាប់ផ្តើម​អាជីវកម្ម ហើយ​ភាព​អត់ធ្មត់​ដោះស្រាយ​ឧបសគ្គ តាម​ដំណាក់កាល គឺជា​អ្វីដែល​យុវជន​ត្រូវ​បណ្តុះ​វា​ឡើង។

    ស្រប​ជាមួយគ្នានេះដែរ លោក ឃ​ន ឈុន​ដា​រ៉ា​ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា យុវជន​មួយចំនួន​មិនទាន់​យល់ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម​នោះទេ ព្រោះថា ពួកគាត់​ធ្លាប់តែ​សិក្សា និង​រស់នៅក្នុង​សង្គម​មួយ​ដែល​តែងតែ​លើកទឹកចិត្ត​ពួកគាត់​តាំងពី​តូច​ដល់​ធំ ដូចជា​នៅពេលដែល​គាត់​ធ្វើ​រឿង​អ្វីមួយ​ខុស គាត់​គិតថា គាត់​អាច​ទទួលបាន​ឱកាស​ជាច្រើន​ទៀត​ក្នុង​ការកែប្រែ​វា​ឡើងវិញ​ដោយ​មិន​ជះ​ផល​អវិជ្ជមាន​ដល់​គាត់ភ្លាមៗនោះទេ តែ​ចំពោះ​ស្ថានភាព​ជាក់ស្តែង​វិញ គឺ​មិន​ដូចគ្នា​នោះទេ​នៅពេលដែល​គាត់​ធ្វើ​ខុស គឺ​គាត់​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ហើយ​លទ្ធផល​អវិជ្ជមាន​នានា​នឹង​បង្ហាញ​ឱ្យ​គាត់​ឃើញភ្លាមៗ ដែល​ពេលខ្លះ​វា​អាចធ្វើឱ្យ​គាត់​ឆាប់​ចុះចាញ់​តែម្ដង។

    លោក ឃន​ ឈុន​ដា​រ៉ា (រូបស្តាំ)

    លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា ៖ “ការតស៊ូ​គឺជា​រឿង​ដែល​យុវជន​បច្ចុប្បន្ន​ត្រូវតែមាន ព្រោះថា ទាំង​ការរស់នៅ ការធ្វើការងារ និង​ការធ្វើ​អាជីវកម្ម វា​តែងតែ​ជួប​ឧបសគ្គ​មិនអាច​ចៀសផុត​បានឡើយ ហេតុនេះ​ប្រសិនបើ​គាត់​ចង់​ធ្វើ​អ្វីមួយលឿនៗដោយ​មិន​ខ្វល់​ពី​ការតស៊ូ​ជម្នះ​ឧបសគ្គ​នោះ គាត់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ដ៏​ច្រើន។

    លោក ឈុន​ដា​រ៉ា បានបញ្ជាក់​ផងដែរ​ថា ការ​ហាត់ពត់លត់ដំ​ខ្លួនឯង​ម្តងបន្តិចៗគឺជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​នាំខ្លួន​ឯង​ឱ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ ព្រោះថា នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ គឺ​យើង​ត្រូវ​រៀន​ពី​សកម្មភាព​ជាក់ស្តែង​ដែល​ក្នុងនោះ​គឺជា​ឱកាសល្អ​បំផុត​ក្នុង​ការរៀន​សង្កេត​ពី​បញ្ហា​នានា​ដែល​អាចធ្វើឱ្យ​យើង​ចេះ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ។

    លោក ពេជ្រ ពិសាល ជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus បានលើកឡើង​ថា​លោក​ធ្លាប់​ជួប​ស្ថានភាព​ជាក់ស្តែង​នៅពេលដែល​លោក​កំពុង​នៅ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ នៅពេលនោះ លោក​រួម​ជាមួយនឹង​មិត្ត​ភ័ក្តិ​មួយក្រុម​បានចាប់ផ្តើម​បង្កើត​គម្រោង​មួយ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​យុវជន​តែ​អ្វីដែល​លោក​ទទួលបាន គឺ​ភាពបរាជ័យ​ព្រោះថា​ការធ្វើការងារ​ជាមួយ​មនុស្ស​ច្រើន​នាក់​ដែល​ពេលខ្លះ​យើង​នៅមាន​បទពិសោធ​តិចតួច និង​មាន​ទំនាក់ទំនង​តិច​អាចធ្វើឱ្យ​យើង​មានការ​នឿយហត់​ខ្លាំង​ខណៈពេល​មាន​បញ្ហា​កើតឡើង ហើយ​ពេលខ្លះ​ចិត្ត​ដែល​ចង់ទៅ​ដល់​គោលដៅ​របស់​ក្រុម​ត្រូវបាន​រលត់​ជាមួយនឹង​សមាជិក​រួមគ្នា​ដែលមាន​ការព្រងើយកន្តើយ។

    លោក ពេជ្រ ពិសាល (រូបឆ្វេង)

    លោក ពេជ្រ ពិសាល បាន​និយាយថា ៖ “ការធ្វើការងារ​ជាមួយគ្នា​ជា​ក្រុម មិនមែនជា​រឿង​ងាយ​នោះទេ ហើយ​ពេលខ្លះ នៅពេលដែល​យើង​ចង់​បង្កើត​អ្វីមួយ​ដែលមាន​ឆន្ទៈ តែ​អាច​នឹង​ឆាប់​បាត់បង់​ចំណង់​ទៅវិញ នៅពេល​សមាជិក​ក្រុម​មិន​គាំទ្រ​ហើយ​យើង​ក៏​មិន​អាចឈាន​ជើង​ទៅដល់​កន្លែង​ដែល​យើង​ចង់​ទៅនោះ​បានដែរ។ លោក ពិសាល ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបីជា​យុវជន​មួយចំនួន​ចង់​ទទួលបាន​ជោគជ័យ​តែ​គាត់​មិនអាច​ទៅដល់​ដោយសារតែ​ភាព​ក្មេងខ្ចី និង​ខ្វះ​បទពិសោធ​ក៏ដោយ តែ​អ្វីដែល​គាត់​អាច​ធ្វើបាន​គឺ​ព្យាយាម​ស្វែងយល់​ពី​ភាព​មិនទាន់​ដឹង​ឬ​ស្គាល់​ច្បាស់ ឬ​កំហុស​របស់ខ្លួន ហើយ​បន្ត​អភិវឌ្ឍ​ជាមួយនឹង​ភាពចាស់ទុំ​ដែល​កើតមាន​បន្ទាប់ពី​ឆ្លងកាត់​ឧបសគ្គ​នានា​រួច៕

  • កម្មវិធី​ប្រកួត​បាល់ទាត់​ចំនួន​ពីរ​ថ្ងៃ​នៃ​ពាន Tiger Street Football Festival 2018 ខេត្តបាត់ដំបង​បានបញ្ចប់​យ៉ាង​ជោគជ័យ

    កម្មវិធី​ប្រកួត​បាល់ទាត់​ចំនួន​ពីរ​ថ្ងៃ​នៃ​ពាន Tiger Street Football Festival 2018 ខេត្តបាត់ដំបង​បានបញ្ចប់​យ៉ាង​ជោគជ័យ

    បាត់ដំបង៖ ការប្រកួត​បាល់ទាត់​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​បានបញ្ចប់​យ៉ាង​ជោគជ័យ​ដោយ​ចាប់ផ្តើម​បើកឆាក​ប្រយុទ្ធ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣ ខែកុម្ភៈ និង​បញ្ចប់​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៨នេ​ហើយ​នៅ​ទីលាន​វាល​បែក​ចាន​ដោយមាន​ក្រុម​ចូលរួម​រហូតដល់ ៧៩ក្រុម។

    នេះ​គឺជា​ការប្រកួត​ដ៏​រំភើប និង​ភ័យរន្ធត់​សម្រាប់​ក្រុមនីមួយៗដោយសារ​ចាប់ផ្តើម​ពី​គូ​ទីមួយ​រហូតដល់​ចប់​គឺ​ចាញ់​ធ្លាក់ និង​ឈ្នះ​ឡើង​វគ្គ​បន្ត។  ក្នុងការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ គេ​បាន​រកឃើញ ក្រុម​ជ័យលាភី  ក្រុម​ជើងឯក PCO ទទួលបាន១៥០០ដុល្លារ​អាមេរិក  ក្រុម​ជើងឯក​រង FC Crown A ទទួលបាន១ ០០០ដុល្លារ​អាមេរិក  ក្រុម​លេខ៣ យុវជន​ទួល​តា​ឯក B ទទួលបាន៥០០ដុល្លារ​អាមេរិក  ក្រុម​លេខ៤ Forest FC ទទួលបាន២០០ដុល្លារ​អាមេរិក ក្រុម​លេខ៥៖ Norea Team  និង​ក្រុម​លេខ៦៖ Fox Zone FC។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ៩  ដល់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨  នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ទី​រួម​ខេត្តសៀមរាប​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018   នៅ​ខេត្តបាត់ដំបង​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • តើ​បច្ចេកវិទ្យា Linear ពិតជា​ផ្តល់ជូន​នូវ​ភាពស្រស់​បែប​ធម្មជាតិ​មែន​ទេ?

    តើ​បច្ចេកវិទ្យា Linear ពិតជា​ផ្តល់ជូន​នូវ​ភាពស្រស់​បែប​ធម្មជាតិ​មែន​ទេ?

    Vegetable Orchestra

    បង្កើត​ភ្លេង​ដ៏​ពីរោះ​រណ្តំ​ជាមួយនឹង​បន្លែ​ដែល​ទុក​ក្នុង​ទូរ​ទឹកកក​រយៈពេល​មួយ​សប្តាហ៍។

    https://youtu.be/HJdoAPUXR54

    តើ​យើង​គួរ​ទុក​អាហារ​របស់​យើង​បែបណា​ដើម្បីឱ្យ​ស្រស់​និង​បានយូរ?
    ដំណោះស្រាយ​គឺ​ងាយស្រួល​យើង​ត្រូវ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​ឱ្យបាន​ច្បាស់លាស់។

    បច្ចេកវិទ្យា Linear CoolingTm

    សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​មាន​ស្ថេរភាព​ធ្វើឱ្យ​ស្រស់​គ្រប់ពេល។សីតុណ្ហភាព​នៅក្នុង​ទូរ​ទឹកកក​ប្រែប្រួល​មិន​ដល់១អង្សារ​ទេ​ត្រឹមតែ0.5អង្សារ​សេ​តែប៉ុណ្ណោះ។

    បច្ចេកវិទ្យា Door Cooling+Tm

    បច្ចេកវិទ្យា Door Cooling+Tm  ធ្វើឱ្យ​សីតុណ្ហភាព​ខាងក្នុង​ត្រជាក់​លឿន​ជាង​បច្ចេកវិទ្យា​ធម្មតា ៣៥ ភាគរយ​ឯណោះ។ វា​ជួយ​កាត់បន្ថយ​គម្លាត​សីតុណ្ហភាព​រវាង​ផ្នែក​ខាងក្នុង​និង​ផ្នែក​ខណ្ឌ​នៃ​ទ្វារ។

    បច្ចេកវិទ្យា Inverter Linear compresso គឺ​ធានា​នូវ​ប្រសិទ្ធិភាព​ឈានមុខ​គេ​ដោយ​ប្រើប្រាស់​គ្រឿង​តិចជាង​ខំ​ប្រេ​ស​ស័​រ​ធម្មតា​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​មានការ​កកិត​និង​សំលេង​រំខាន​តិច​បំផុត។

    ព័ត៌មាន​បន្ថែម 023 888 299 https://goo.gl/CDdE3j

  • ក្រសួង​ចំណាយ​ថវិកា​ជិត 17លាន​ដុល្លារ ជួសជុល​ផ្លូវជាតិ​លេខ 3 និង​លេខ 7

    ក្រសួង​ចំណាយ​ថវិកា​ជិត 17លាន​ដុល្លារ ជួសជុល​ផ្លូវជាតិ​លេខ 3 និង​លេខ 7

    ស្រប​ពេលដែល​ផ្លូវជាតិ​លេខ 3 ពី​ភ្នំពេញ​ទៅ​ខេត្តកំពត និង​ផ្លូវជាតិ​លេខ 7 ពី​ភ្នំពេញ​ភ្ជាប់​ទៅ​ខេត្តកំពង់ចាម​មាន​សភា​ព​ខូចខាត សឹករេចរឹល​ជាច្រើន​កន្លែង​ហើយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ជិត 17លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​ផ្លូវ​ទាំងពីរ​នេះ​ឱ្យមាន​សភាព​ល្អ​ប្រសើរឡើង​វិញ។

    នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd កាលពី​ថ្ងៃទី5 ខែកុម្ភៈ ម្សិលមិញ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​ដើម្បី​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ 3 និង លេខ 7 ដោយ​ក្នុង​គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​ទាំងពីរ​នេះ គឺ​នឹងធ្វើ​ការលើក​កម្រិត​ផ្លូវ​ពី​កម្រាល​កៅស៊ូ DBST បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC ហើយនឹង​ធ្វើការ​ស្ថាបនា​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​ទៀតផង។

    គួរ​បញ្ជាក់ថា ការងារ​លើក​កម្រិត​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ​ប្រកបដោយ ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល 18ខែ ហើយ​បន្ត​ថែទាំ​រយៈពេល 36ខែ សរុប 54ខែ ដែល​នឹង​ចាប់ផ្ដើម​ការដ្ឋាន​ពី​ខែមេសា ឆ្នាំ2018 រហូតដល់​ខែកញ្ញា ឆ្នាំ2022 ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​លេខ 5789-KH គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់ 2 (Road Asset Management Project II – RAMP II) ដែលមាន​ប្រវែង​សរុប 111.3 គ.ម និង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 16,969,422.59 ដុល្លា​អាមេរិក។

    ក្នុង​គម្រោង RAMP-II ដដែល​នេះ រាជរដ្ឋាភិបាល​បានស្នើ​ទៅ​ធនាគារពិភពលោក​ដើម្បី​ខ្ចី​ហិរញ្ញប្បទាន​សម្បទា​ចំនួន 110លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ 4 ដោយ​ក្រាល​កៅស៊ូ AC ស្ថាបនា​ចិញ្ចើម​កៅស៊ូ AC និង​បន្ថែម​នូវ​ប្រព័ន្ធ​ប្រឡាយ​ដែល​ចាំបាច់ ដើម្បី​ធានា​ឱ្យ​ផ្លូវជាតិ​លេខ 4 អាចធ្វើ​ដំណើរ​បាន​គ្រប់​រដូវ​កាល។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារពិភពលោក​កំពុង​រៀបចំ​ឯកសារ​ប​ច្ចេកទេស​សម្រាប់​ហិរញ្ញប្បទាន 110លាន​ដុល្លារ​អាមេរិក​នេះ ហើយនឹង​ដាក់ជូន​ក្រុមប្រឹក្សានាយក​ធនាគារពិភពលោក​សម្រេច​ក្នុង​ខែមិថុនា ឆ្នាំ2018 ដែល​ការដ្ឋាន​សាងសង់​អាច​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2019៕

  • Inthanin កាហ្វេ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ បោះជំហាន​ចូលមក​ទីផ្សារ​កម្ពុជា

    Inthanin កាហ្វេ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ បោះជំហាន​ចូលមក​ទីផ្សារ​កម្ពុជា

    Inthanin គឺជា​ឈ្មោះ​ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ​នៅក្នុង​ប្រទេស​ថៃ​អស់​រយៈពេល10ឆ្នាំ​កន្លងមកហើយ និង​មាន​សាខា​ជាច្រើន​រហូតដល់​ជាង500ទីតាំង។ ជាមួយនឹង​ភាព​រីកចម្រើន និង​ការអភិវឌ្ឍឥតឈប់ឈរ ក្រោម​ការទទួលស្គាល់ និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​ដែលជា​អ្នក​និយម​ចូលចិត្ត​ទទួលទាន​កាហ្វេ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ គុណភាព​លំដាប់​ស្ដង់ដា​រ​អន្តរជាតិ​នោះ នៅ​ដើមឆ្នាំ2018នេះ កាហ្វេ​ដ៏​ល្បីឈ្មោះ​មួយ​នេះ បានសម្រេច​បោះជំហាន​ឈាន​ចូលមក​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅ​កម្ពុជា។

    លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ដែលជា​អ្នកគ្រប់គ្រង និង​លក់​បន្ត​ម៉ាក​សញ្ញា​ហាង​កាហ្វេ Inthanin ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា Inthanin គឺជា​ឈ្មោះ​ហាង​កាហ្វេ​ដ៏​ល្បី​នៅក្នុង​ប្រទេស​ថៃ​ដែលជា​ចំណុះ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ បាង​ចាក និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រជាជន​ថៃ ដែល​និយម​ទទួលទាន​កាហ្វេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

    លោកស្រី​បាន​បន្តទៀតថា ៖ ដោយឡែក​នាពេល​បច្ចុបន្ន​នេះ ដោយសារ​ការ​សម្លឹង​ឃើញ​ពី​ភាព​ទូលាយ និង​ការនិយម​ចូលចិត្ត​ទទួលទាន​កាហ្វេ​ដែលមាន​ម៉ាក​សញ្ញា និង​កេរ្តិ៍ឈ្មោះ​ពិតប្រាកដ​នោះ Inthanin បានធ្វើ​ការពង្រីក​ទីផ្សារ​របស់ខ្លួន ដោយ​ការបើក​ទូលាយ​លក់​សិទ្ធិ​អាជីវកម្ម​បន្ត (Franchise) នៅលើ​ទីផ្សារ​កម្ពុជា រួម​ជាមួយនឹង​មហិច្ឆតា​បង្កើន​សាខា​រហូតដល់1000កន្លែង ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា មូលហេតុ​ដែល Inthanin ទទួលបាន​ការគាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​អតិថិជន ក៏​ព្រោះតែ Inthanin ជា​ប្រភេទ​កាហ្វេ​សុទ្ធ​អា​រ៉ា​ប៊ី​កា បែប​ធម្មជាតិ មិនមាន​សារធាតុ​គីមី មាន​ម៉ាស៊ីនកម្តៅ និង​លីង​តាម​បច្ចេកទេស​ទំនើប​នា​សម័យ​ចុងក្រោយ៕