- តើស៊ុតសឆៅ អាចព្យាបាលរបួស ដោយសារការរលាកទឹកក្តៅ បានមែនឬ?
- មែន! យកស៊ុតសឆៅ មកលាបលើកន្លែង ដែលរលាកទឹកក្តៅឱ្យសព្វ រួចទុកចោល រហូតដល់វាស្ងួតដោយខ្លួនឯង ហើយទុកចោលមួយសន្ទុះធំទៀត សឹមលាងចេញ។ កន្លែងរលាកនោះ នឹងគ្មានស្នាមក្រហម ឬពងបែកឡើយ តែចំណុចសំខាន់គឺ មុនលាបស៊ុតស ចូរកុំឱ្យកន្លែងរលាកនោះ ប៉ះទឹកត្រជាក់ ឬរបស់អ្វីផ្សេងឱ្យសោះ និងកុំកេះ ឬអេះ ពេលដែលវាជិតស្ងួត ព្រោះនឹងធ្វើឱ្យរបកស្បែក។
- តើប្រេងកូឡា អាចកំចាត់ស្នាមស្ករកៅស៊ូ ដែលប្រឡាក់ជាប់ក្រណាត់ បានមែនឬ?
- មែន! អាចសម្អាតបាន ដោយការយកប្រេងកូឡា មកដុសចុះឡើងត្រង់កន្លែង ដែលប្រឡាក់ស្នាមស្អិតៗរបស់ស្ករកៅស៊ូ មិនយូរប៉ុន្មានជ័រស្ករកៅស៊ូ នឹងរបូតជ្រុះចេញអស់ ហើយអាចយកទៅបោកគក់សម្អាតដូចធម្មតាបាន។
- ដាក់បំពង់បឺតចូលក្នុងដបទឹកប៉េងប៉ោះ នឹងធ្វើឱ្យទឹកប៉េងប៉ោះនោះ ហូរចេញស្រួលមែនឬ?
- មែន! ការដាក់បំពង់បឺត ចូលទៅឱ្យដល់បាតដប នឹងធ្វើឱ្យមានខ្យល់ចូលទៅដល់ក្នុងដបបាន ហើយពេលចាក់ ទឹកប៉េងប៉ោះនឹងហូរចេញមកយ៉ាងងាយស្រួល។
- យកស្រោមជើងបារ៍ ដាក់ត្រាំក្នុងទឹកអំបិល នឹងធ្វើឱ្យស្រោមជើងបារ៍ មិនងាយរហែកមែនឬ?
- មែន! យកទឹកអំបិល 2ពែង លាយជាមួយទឹក 1ធុង ដាក់ត្រាំស្រោមជើងបារ៍ ដែលទើបទិញមកថ្មី រយ:ពេល 3ម៉ោងហើយលាងចេញដោយទឹកស្អាត រួចយកទៅដាក់ហាល ឱ្យស្រក់ទឹកអស់ រហូតស្ងួត នឹងធ្វើឱ្យស្រោមជើងបារ៍នោះ ស្ថិតក្នុងសភាពល្អដដែល ហើយស្វិតជាប់បានយូរ មិនងាយរហែកទៀតផង។
- មើមដំឡូងបារាំង អាចបំបាត់ក្លិនខ្ទឹមក្រហម ធុំជាប់ដៃ បានមែនឬ?
- មិនពិតទេ! មើមឡូងបារាំងទៅវិញទេ ដែលអាចបំបាត់ក្លិនខ្ទឹមក្រហម ធុំជាប់ដៃបាននោះ។ យកមើមដំឡូងបារាំងឆៅ មកបកសម្បកចេញ ហើយយកមកដុសលើដៃ ដែលមានធុំក្លិនខ្ទឹមក្រហម មួយស្របក់ក្លិនមិនគួរឱ្យបេតីនោះ នឹងរលាយបាត់អស់មិនខាន។
- ម្ទេសក្រៀម អាចដេញរុយ បានមែនឬ?
- មែន! ពេលហាលត្រីប្រឡាក់ ឬរបស់អ្វីផ្សេងៗ ច្រើនតែមានសត្វរុយមករោម ចូរយកផ្លែម្ទេសក្រៀម 5 – 6គ្រាប់ មកសៀត ឬដាក់ជុំវិញកញ្ច្រែង ដែលដាក់របស់ហាលនោះ ចំហាយក្តៅរបស់ម្ទេស នឹងធ្វើឱ្យសត្វរុយ មិនហ៊ានចូលមកក្បែរ។
- ទឹកប៊ីយែ ជួយបន្ធូរខ្ចៅ ដែលរឹតជាប់ណែន ដោយសារច្រែះ បានមែនឬ?
- ត្រឹមត្រូវ! ចូរចាក់ស្រោចទឹកប៊ីយែ ទៅលើខ្ចៅ ដែលរឹតជាប់ណែនដោយសារច្រែះនោះបន្តិច រង់ចាំ 2 – 3នាទីក្រោយ ភាពជាអាស៊ីតរបស់ទឹកប៊ីយែ នឹងជួយកម្ចាត់វត្ថុកខ្វក់ៗ និងកម្ទេចច្រែះចេញ ធ្វើឱ្យខ្ចៅនោះ កាន់តែងាយស្រួលមួលឡើង៕
Author: ធឿន មករា

សំណួរ-ចម្លើយ ដែលបងៗស្ត្រីមេផ្ទះ ត្រូវតែអាន…(ហើយកុំភ្លេចប្រាប់ តៗគ្នាផង)

Giroud អន់ចិត្តនឹង Mbappe ដែលមិនបោះបាល់ឱ្យគេសោះ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិប៊ុលការី ដោយលទ្ធផល 3ទល់នឹង0 ក្នុងការប្រកួតមិត្តភាព ដែលធ្វើឡើងនៅលើទឺកដីរបស់បារាំង ។
ទោះជាក្រុមដែលបានទទួលជ័យជម្នះ រកបានដល់ទៅ 3គ្រាប់ក៏ពិតមែន ក៏ប៉ុន្តែកីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំង Olivier Giroud ហាក់មិនពេញចិត្តប៉ុន្មានឡើយ ចំពោះការលេងលើកនេះ ដោយគេបាននិយាយ ក្រោយពេលបញ្ចប់ការប្រកួតថា គេលេងថ្ងៃនេះ គ្មានអ្នកបោះបាល់ឱ្យសោះ ទោះបីជានៅតំបន់ល្អខ្លាំង យ៉ាងណាក៏ដោយ ។
ការនិយាយបែបនេះ ត្រូវបានគេដឹងថា Olivier Giroud ចង់សំដៅដល់ Mbappe ដោយសារតែការប្រកួតនេះ Mbappe ហាក់រាងកំណាញ់បាល់បន្តិច។ ចំពោះ Mbappe វិញ ទើបតែចេញមុខថ្លែងក្នុងសន្និសីទមួយ ដោយបានឆ្លើយតបទៅអ្នកសារព័ត៌មានថា គេមិនអន់ចិត្តអ្វីឡើយ ដោយសារតែពួកគេលេង ដើម្បីទង់ជាតិបារាំង ដូចនេះវាគ្មានអ្វី ដែលរូបគេត្រូវអន់ចិត្តនឹងមិត្តរួមក្រុមឡើយ៕

អតីតកីឡាករជម្រើសជាតិអាមេរិក បណ្តុះកូនខ្មែរម្នាក់ រហូតដល់ជាប់ជម្រើសជាតិអាមេរិក
Jordan Pisey ជាកូនខ្មែរសុទ្ធសាធ រស់នៅសហរដ្ឋអាមេរិក មានអាយុ 22ឆ្នាំ ទើបតែបានជាប់ក្នុងបញ្ជឺកីឡាករលោតទឹក នៃក្រុមជម្រើសជាតិអាមេរិក ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ2021 ដែលនឹងធ្វើឡើងនៅប្រទេសជប៉ុន ក្រោយពីគេបានបំបាក់កីឡាករឆ្នើមអាមេរិកជាច្រើនរូប នឹងឈ្នះមេដាយជាច្រើនពីការប្រកួតក្នុងស្រុក។
ជាមួយទេពកោសល្យល្អខាងកីឡាលោតទឹកនេះ Jordan Pisey ត្រូវបានអតីតកីឡាករជម្រើសជាតិអាមេរិកម្នាក់ យកទៅរស់នៅ នឹងបង្ហាត់ជំនាញកីឡាលោតទឹកនេះ តាំងពី Pisey អាយុ 7ឆ្នាំ ហើយនៅពេលអាយុបាន 12ឆ្នាំ Pisey បានប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិ លើវិញ្ញាសាលោតទឹកកម្ពស់ 10ម៉ែត្រ ព្រមទាំងបានឈ្នះមេដាយមាស ក្នុងការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona ទៀតផង រួចហើយក៏បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ នាការប្រកួតថ្នាក់ជាតិ 2ផ្សេងទៀត និងជាពិសេសក្នុងឆ្នាំ2016 នេះ Jordan Pisey ថែមទាំងបានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតហែលទឹកកម្រិតពិភពលោកមួយ នៅប្រទេសព័រតូរីកូទៀតផង។
គួរឱ្យដឹងដែរថា Pisey ធ្លាប់បានមកលេងប្រទេសកម្ពុជា ម្ដងរួចមកហើយ កាលពីឆ្នាំ2016 ដោយធ្លាប់បានជួបជាមួយនឹងប្រធានសហព័ន្ធហែលទឹកកម្ពុជា ដែលនៅពេលនោះរូបគេបាននិយាយថា គេចង់វិលមកជួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដណ្តើមមេដាយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិនាពេលអនាគតទៀតផង៕

វិធីធ្វើឱ្យក្រូចពោធិ៍សាត់ ដែលជូរហួញ ក្លាយទៅជាក្រូចផ្អែមវិញ
បើនិយាយពីផ្លែឈើវិញ មនុស្សជាច្រើន ប្រហែលជាមិនភ្លេចនឹក ដល់ផ្លែក្រូចទេមើលទៅ ដោយសារតែរសជាតិ ផ្អែម ក្រអូប ឆ្ងាញ់ល្មម និងសម្បូរទៅដោយវិតាមីន C…តែពេលខ្លះ ក្រូចដែលយើងទិញមកនោះ បែរជាមានរសជាតិជូរហួញ យ៉ាងគ្មានខ្លាចចិត្តអ្នកញ៉ាំបន្តិចសោះតែម្តង ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធី ធ្វើឱ្យក្រូចជូរ ក្លាយទៅជាក្រូចផ្អែមវិញ មកជម្រាបជូនបងៗស្ត្រីមេផ្ទះ ដូចតទៅ៖
-គ្មានអ្វីពិបាកទេ គ្រាន់តែយកផ្លែក្រូចដែលជូរនោះ ទៅដាក់ត្រាំនៅក្នុងទឹកក្តៅ 40អង្សា ប្រមាណជា 10នាទីប៉ុណ្ណោះ រសជាតិផ្លែក្រូចនោះ នឹងប្រែទៅជាផ្អែមវិញមិនខាន ។
ការពិតទៅ ក្រូចជូរនោះ មិនមែនប្តូររសជាតិទេ គ្រាន់តែរសជាតិជូររបស់វា ត្រូវបានបំផ្លាញចោលអស់ ដោយសារកម្ដៅតែប៉ុណ្ណោះ៕

សម្រាប់អ្នកធ្វើការក្នុង Office…ខាងក្រោមនេះ គឺអាហារដាស់ខួរក្បាល នាពេលរសៀល គិតកាងារអី ក៏អូខេ!
ធ្លាក់ដល់ពេលរសៀល រាងកាយមនុស្សជាច្រើនចាប់ផ្តើមល្វើយ ចាប់ផ្ដើមស្ងាប ងងុយគេង អង្គុយធ្វើការយូរទៅ ក៏គិតរកនឹកអៃឌៀការងារល្អៗអី មិនឃើញសោះ។ ចេញអាការបែបនេះមក ប្រហែលជាត្រូវរកមើលជំនួយការ មកជួយដាស់ខួរក្បាល ឱ្យស្រស់ថ្លាឡើងវិញភ្លាមៗហើយ ដូច្នេះអាហារខាងក្រោមនេះ គឺជាជំនួយការ ដែលនឹងជួយបំបាត់អាការងងុយគេង ល្វើយទន់ដៃទន់ជើងបានយ៉ាងល្អ។ អ្នកណាដែលចេះតែងងុយគេង គិតអ្វីលែងចេញនៅពេលថ្ងៃរសៀលនោះ គួរប្រញាប់ទៅរកយកមកទទួលទាន ដើម្បីបន្ថែមថាមពលដល់រាងកាយជាបន្ទាន់ហើយ!។
-ស្ករសូកូឡាខ្មៅ
សូកូឡាខ្មៅ ឬដាកសូកូឡា(Dark Chocolate) គឺជាជំនួយការដ៏អស្ចារ្យ ក្នុងការស្តារថាមពលខួរក្បាលឱ្យល្អឡើងវិញ ដោយសារវាមាន “ហ្វ្លាវ៉ូណយដ៍” សារធាតុដែលចូលទៅជួយបញ្ជូនឈាម ឱ្យហូរទៅចិញ្ចឹមខួរក្បាលបានកាន់តែច្រើនឡើង និងរហ័សទៀតផង ធ្វើឱ្យលោកអ្នក មានអារម្មណ៍ស្វាហាប់ឡើង ក្នុងរយៈពេលដ៏ខ្លី និងថែមទាំងជួយបង្កើនប្រសិទ្ធភាពក្នុងការធ្វើការងារពិបាកៗបានទៀតផង។ សូមជម្រាបថា ព័ត៌មានទាំងនេះ មិនមែនចេះតែនិយាយខ្លួនឯងទេ តែជាលទ្ធផល ដែលបានមកពីការស្រាវជ្រាវសិក្សារបស់ប្រទេសអង់គ្លេស។
-ផ្លែឈើដែលមានរសជាតិជូរខ្លាំង
ពេលទទួលទានអ្វី ដែលមានរសជាតិជូរៗ នឹងធ្វើឱ្យយើងមានអារម្មណ៍ ភ្លឺភ្នែកភ្លាមឡើងតែម្តង ព្រោះផ្លែឈើដែលមានរសជាតិជូរ ដូចជា ស្វាយខ្ចី ក្រូច ម្នាស់ ជាដើមនោះ មានវិតាមីនC ដែលអាចជួយប្រឆាំងភាពនឿយល្វើយ ដែលបណ្តាលមកពីភាពតានតឹងធុញថប់ និងក្តីកង្វល់បាន។ ក្រៅពីនេះ នៅក្នុងផ្លែឈើរសជាតិជូរ នៅមានសារធាតុរ៉ែជាច្រើន ដែលនឹងចូលទៅជួយឱ្យឈាមនៅក្នុងខួរក្បាល ហូរវិលបានកាន់តែល្អឡើង ជំរុញឱ្យរាងកាយស្វាហាប់បែបទាន់ចិត្តភ្លាមៗទៀតផង។ បើនៅសុខៗ ខួរក្បាលឡើងស្ពឹក គិតអ្វីមិនចេញនោះ ចូរប្រញាប់រត់ទៅរកផ្លែឈើជូរៗ មកញ៉ាំភ្លាមឡើង កុំបង្អង់យូរ។
-ទឹកពិសាបរិសុទ្ធ
គ្រាន់តែទឹកពិសាបរិសុទ្ធ ក៏អាចជួយបង្កើនថាមពលខួរក្បាលបានដែរ មែនឬ? មែនហើយ! ព្រោះដូចយើងបានដឹងស្រាប់ហើយថា រាងកាយមនុស្សយើង មានជាតិទឹកដល់ទៅ 70% ឯណោះ ចុះបើយើងមិនញ៉ាំទឹក ឬញ៉ាំទឹកតិចនោះ តើអវយវៈផ្សេងៗ នឹងអាចធ្វើការយ៉ាងមានប្រសិទ្ធភាពយ៉ាងម៉េចនឹងបានទៅ?…ខួរក្បាលមនុស្សយើងក៏ដូចគ្នាដែរ មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា បើក្នុង 1ថ្ងៃៗ យើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ វានឹងធ្វើឱ្យយើងមានសមាធិកាន់តែតិច ថែមទាំងមានការចងចាំអន់ខ្សោយទៀតផង ដូច្នេះ គួរដាក់ដបទឹក ឬកែវទឹកនៅជិតតុធ្វើការជានិច្ច ហើយឧស្សាហ៍លើកយកមកក្រេបឱ្យបានញឹកញាប់ ដើម្បីកុំឱ្យខួរក្បាលខ្វះជាតិទឹក ដែលនាំឱ្យមានផលប៉ះពាល់ ធ្វើឱ្យរាងកាយស្ពឹកស្រពន់ហ្នឹងឯង ។
-កាហ្វេ ឬតែ
ដល់ពេលរសៀលៗម្តងណា ច្រើនតែឃើញមិត្តភក្តិរួមការងារក្នុងអូហ្វីស ក្រោកទៅឆុងកាហ្វេ ឆុងតែ ញ៉ាំបំបាត់ក្តីងោគងងុយគេងជាច្រើននាក់ នេះ គឺជាវិធីកែបញ្ហាងងុយគេងយ៉ាងមានប្រសិទ្ធភាព តែក៏ត្រូវប្រយ័ត្នបន្តិចដែរ ព្រោះបើញ៉ាំកាហ្វេច្រើនជ្រុលពេក វាអាចនឹងធ្វើឱ្យលោកអ្នក គេងមិនលក់ សម្រាន្តមិនបានគ្រប់គ្រាន់ ជាហេតុនាំឱ្យកើតអាការឈឺក្បាលបាន។
សរុបទៅ បើរកអាហារប្រភេទផ្សេងៗទៀត មកដាស់ខួរក្បាលលែងបានហើយនោះ សឹមក្រោកទៅឆុងកាហ្វេ ក្រេបបន្តិចៗបានហើយ៕

ស្រស់ស្អាតបែបសប្បាយៗ ស្រួលខ្លួន ជាមួយនឹងកាបូបធ្វើដំណើរ
នារីៗយើងណាដែលត្រូវធ្វើដំណើរឆ្ងាយៗញឹកញាប់ អាចប្រហែលជាមានបញ្ហាក្នុងរឿងរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីស ឬកាបូបធ្វើដំណើរខ្លះៗជាមិនខាន ដូច្នេះថ្ងៃនេះ សូមមកមើលការណែនាំ ក្នុងការរៀបចំកាបូបធ្វើដំណើរ បែបសប្បាយៗ មិនញ៉ុកណែនជ្រុលពេក ដើម្បីឱ្យអ្នកនាងបានយកសម្លៀកបំពាក់ឈុតស្អាតៗ ទៅស្លៀកយ៉ាងឆើតឆាយ គ្រប់ដំណើរទៅទីជិត-ឆ្ងាយទាំងឡាយបានយ៉ាងសប្បាយចិត្ត។
-ចំណាយលុយទិញវ៉ាលីស ឬកាបូបធ្វើដំណើរណា ដែលមានទម្ងន់ស្រាល៖ សម័យនេះ មានកាបូបធ្វើដំណើរ(វ៉ាលីស) ដែលផលិតឡើងពីវត្ថុធាតុដើម ដែលមានទម្ងន់ស្រាល និងងាយស្រួលក្នុងការយួរ ឬយកតាមខ្លួន សម្រាប់ឱ្យយើងជ្រើសរើសទិញប្រើ ច្រើនម៉ូដ ច្រើនម៉ាកណាស់ ដូច្នេះគួរចំណាយប្រាក់ទិញកាបូបណាមួយ ដែលគិតថាសក្តិសមនឹងខ្លួនអ្នកទៅ តែប៉ុណ្ណឹងក៏គ្រប់គ្រាន់ទៅហើយ។
-ដាក់តាមខ្លួន នូវកាបូបស្ពាយបន្ថែមមួយទៀត៖ ជ្រើសរើសយកកាបូបស្ពាយធំល្មមមួយ ដែលមានម៉ូដស្អាត តែផ្ទុករបស់បានច្រើន នោះអ្នកនឹងបានកាបូបស្អាតមួយ ទុកស្ពាយពេលធ្វើដំណើរទៅលំហែកាយ ឬទៅធ្វើការនៅតាមខេត្តយ៉ាងងាយស្រួលមិនខាន។
-ស្លៀកសម្លៀកបំពាក់ណាដែលធ្ងន់ជាងគេបំផុត៖ បើត្រូវឡើងយន្តហោះ បើមានអាវធំក្រៅ ឬអាវជេកខេត ដែលត្រូវយកទៅដែរនោះ ក៏ពាក់វាជាប់នឹងខ្លួនតែម្តងទៅ ដើម្បីកាត់បន្ថយទម្ងន់របស់កាបូបធ្វើដំណើរ។ ខោខូវប៊យ និងស្បែកជើងប៊ូត-កវែង ក៏ជាអ្វីដែលអ្នកគួរស្លៀក សម្រាប់ការធ្វើដំណើរដែរ។
-សង្កត់ធ្ងន់លើអាវ និងរ៉ូបដ្រេស៖ អ្នកអាចយកខោទៅតែ 1ឬ2 បានហើយ ក្នុងអំឡុងពេលធ្វើដំណើរខ្លីៗ បន្ទាប់ពីនោះកន្លែងដែលនៅសល់ក្នុងវ៉ាលីស ក៏ចាត់ការដាក់អាវ និងសម្លៀកបំពាក់ឈុត ដែលត្រូវស្លៀកឱ្យបានរៀបរយ។
-កំណត់ចំនួនវត្ថុតុបតែងខ្លួន បន្ទាប់បន្សំ៖ សូមណែនាំឱ្យយកទៅ តែគ្រឿងតុបតែងខ្លួនណាដែលស្អាតៗ និងស៊ីគ្នាជាមួយសម្លៀកបំពាក់ឈុតដែលអ្នកយកទៅដែរនោះបានហើយ វានឹងជួយសន្សំសំចៃទីកន្លែងនៅក្នុងវ៉ាលីសបានច្រើនផង។
-គ្រឿងម៉េកអាប់ ឬគ្រឿងសម្អាង និងគ្រឿងប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន៖ គួររៀបចំជាឈុត ទុកសម្រាប់ប់ការធ្វើដំណើរជាស្រេច។
តាមរយៈវិធី ដែលបានរៀបរាប់មកខាងលើ ធានាថា លោកអ្នក ឬនារីៗយើង នឹងបានសប្បាយស្រួលខ្លួន មិនចាំបាច់កង្វល់ ខ្លាចមិនបានយកសម្លៀកបំពាក់ល្អៗ ឬវត្ថុប្រើប្រាស់ចាំបាច់ណាទៅជាមួយឡើយ ហើយនឹងបានរីករាយក្នុងដំណើរឆ្ងាយៗនោះជាមិនខាន៕

Sancho មិនទាន់អាចទៅ ManU បានទេ ព្រោះក្លិបទាំង2 នៅតថ្លៃគ្នា មិនទាន់ត្រូវនៅឡើយ
Manchester United ក្លិបបាល់ទាត់ជើ់ងឯករង នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League រដូវកាលមុន បានត្រៀមលុយ 106លានដុល្លារ ក្នុងការទាក់ទងយក Jadon Malik Sancho ខ្សែប្រយុទ្ធស្លាប របស់ក្លិប Burussia Dortmund។
ទោះជាគេមានវ័យ ទើបតែ 20មែន ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លិប Burussia Dortmund ដាក់តម្លៃខ្លួនខ្ពស់ ដល់ទៅ 126លានដុល្លារឯណោះ។ តម្លៃខុសគ្នានេះហើយ ដែលបានធ្វើឱ្យក្លាយជាមូលហេតុដែលក្លិបទាំង2 មិនទាន់ឈានដល់ការព្រមព្រៀងជាគ្នាចុងក្រោយ ក្នុងការផ្ទេរនេះ។
គួរឱ្យដឹងដែរថា Manchester United នឹងទទួលបានកៅអី ទៅលេងវគ្គចែកពូល UEFA Champions League និងត្រូវប្រជែងក្នុងការដណ្តើមពាន Premier League ទៀតផង ក្នុងរដូវកាលថ្មីខាងមុខនេះ៕

Georginio ក្រឡាស់ពី Barcelona ទៅ PSG ព្រោះស្និទ្ធនឹងគ្រូបង្វឹក PSG
Georginio Wijnaldum កីឡាករខ្សែបម្រើ វ័យ 30ឆ្នាំ របស់ក្លិប Liverpool បានចុះកុងត្រា រយៈពេល 3ឆ្នាំ ជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ2024 ហើយគ្រោងនឹងចូលរួមជាផ្លូវការជាមួយនឹងក្រុមមួយនេះ នៅខែកក្កដាខាងមុខ ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro ទៀតផង។
ខ្សែបម្រើក្លិប Liverpool បានឆ្លើយតបក្នុងថ្ងៃនេះនឹងចម្ងល់ជាច្រើន ដែលបានលើកឡើងថា មូលហេតុអ្វីបានជាកីឡាកររូបនេះ សម្រេចចិត្តមកលេងឱ្យក្លិប Paris Saint Germain បោះបង់ចោលការទៅលេងនៅក្លិប Barcelona ខណៈក្លិបនេះធ្លាប់ទាក់ទងចង់បានជាច្រើនខែមកហើយ កាលពីពេលកន្លងទៅ។
កីឡាករជម្រើសជាតិហូឡង់រូបនេះ បានបញ្ជាក់ថា រូបគេពេញចិត្តទៅ PSG ដោយសារតែនៅទីនោះមានកីឡាករល្អៗ ហើយគ្រូបង្វឹកចេះអភិវឌ្ឍកីឡាករ ឱ្យកាន់តែខ្លាំងទៀតផង និងអ្វីដែលពិសេសនោះ គឺ Georginio Wijnaldum ប្រាប់ថា គេស្និទ្ធជាមួយនឹងគ្រូបង្វឹកនៃក្លិបថ្មីនេះ៕

យុទ្ធនាការកៀរគរថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមបណ្តាញធនាគារវីង
ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩ បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនថវិកាបរិច្ចាគ តាមរយៈមូលនិធិគន្ធ-បុប្ផាកម្ពុជា។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមាររាប់មិនអស់ និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ។ ខណៈពេលដែលអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកលើការរីកចម្រើន ក៏ដូចជាការអភិវឌ្ឍកុមារ, រាល់ការបរិច្ចាគដើម្បីគាំទ្រចំពោះមន្ទីរពេទ្យដ៏អស្ចារ្យនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ដោយសារតែឥទ្ធិពលរបស់វាចំពោះសហគមន៍”។
តាមរយៈកិច្ចសហការនេះ ធនាគារវីងគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទទួលការបរិច្ចាគ និងកៀរគរវិភាគទានសប្បុរសធម៌នានា។ យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងជាមួយនឹងបណ្តាញនៃធនាគារវីង ដែលរួមមាន៖ គេហទំព័ររបស់វីង បណ្តាញសង្គម កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងដែលមានជិត១០ ០០០ កន្លែងជាដើម។
តាងនាមឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិ បានថ្លែងអំណរគុណធនាគារវីងចំពោះកិច្ចសហការនេះ។ “ធនាគារវីង ក៏ដូចជាក្រុមហ៊ុននានាជាច្រើនទៀតនៅកម្ពុជា ដឹងពីសារសំខាន់ក្នុងការគាំទ្រសហគមន៍ និងជាពិសេសកុមារៗដែលកំពុងត្រូវការជំនួយ។ មូលនិធិគន្ធបុប្ផាកម្ពុជា រីករាយ និងស្វាគមន៍កិច្ចសហការ រយៈពេលវែងជាមួយធនាគារវីង នេះ និងការខិតខំប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់របស់ធនាគារក្នុងការផ្តល់នូវការគាំទ្រ ពីបុគ្គលិក និងអតិថិជន ចូលរួមក្នុងយុទ្ធនាការនះ។”
មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជិត ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងឆ្នាំកន្លងទៅ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យគន្ធបុប្ផា។ អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។
ក្រៅពីការព្យាបាលកុមារ មន្ទីរពេទ្យគន្ធបុប្ផា (ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧) នៅក្នុងខេត្តសៀមរាបក៏មានបន្ទប់សម្ភព និងសម្រាលកូនផងដែរ។ នៅឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះចំនួន ១៣២ ៤៤៣ នាក់ បានមកពិនិត្យ និងព្យាបាល ហើយមានស្ត្រីចំនួន ២៥ ៧៧១ នាក់ បានសម្រាលកូនក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ។
សាធារណជនទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងដើម្បីបន្តកិច្ចដំណើការរបស់មន្ទីរពេទ្យ ក៏ដូចជាផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ ផងដែរ។
អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយ:ការបរិច្ចាគទៅគណនីលេខ ៥៥៥៩ ជាប្រាក់រៀល ឬ ៥៥៥៨ ជាប្រាក់ដុល្លារ។ មិនតែប៉ុណ្ណោះ ការបរិច្ចាគក៏អាចធ្វើបាននៅតាមភ្នាក់ងារវីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ មិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕





ខ្សែបម្រើប្រយុទ្ធ ដាណីម៉ាក ដែលដួលសន្លប់លើទីលាន ប្រហែលជាត្រូវបញ្ចប់អាជីពបាល់ទាត់ត្រឹមហ្នឹង
Christian Eriksen ខ្សែបម្រើប្រយុទ្ធរបស់ក្លបិបាល់ទាត់ Inter Milan បានរួចផុតពីសេចក្តីស្លាប់ហើយ នេះ បើតាមការបញ្ជាក់ពីគ្រូពេទ្យ របស់ក្រុមបាល់ទាត់ជម្រើសជាតិ ដាណីម៉ាក ដែលជាអ្នកសង្គ្រោះកីឡាកររូបនេះ បន្ទាន់ភ្លាមៗនៅលើទីលាន។
Christian Eriksen កំពុងតែស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យ បានព្យាយាមបំប៉នស្មារតី និងកម្លាំងរបស់កេឡើងវិញ ក្រោយពីហេតុការណ៍ដួលសន្លប់នៅលើទីលាន ក្នុងជំនួបបើកឆាក Euro ដោយ ដាណីម៉ាក ប៉ះ ហ្វាំងឡង់ ដែលធ្វើឱ្យការប្រកួត ត្រូវពន្យារពេលអស់ជាច្រើនម៉ោង។
គ្រូពេទ្យបានបង្ហើបប្រាប់ថា កីឡាកររូបនេះនឹងជាសះស្បើយ 100ភាគរយ តែអាចនឹងត្រូវបញ្ឈប់អាជីពបាល់ទាត់នេះ ដោយសារតែគេអាចនឹងមានបញ្ហាបេះដូងនេះកើតឡើងម្តងទៀត ដូច្នេះ ដើម្បីបញ្ចៀសពីហានិភ័យដល់ជីវិត គេគួរតែបញ្ឈប់អាជីពនេះ៕