Author: ធឿន មករា

  • ARMANI EXCHANGE ប្រារព្ធពិធីគំរប់ខួបមួយឆ្នាំ

    ARMANI EXCHANGE ប្រារព្ធពិធីគំរប់ខួបមួយឆ្នាំ

    ភ្នំពេញ​៖ នៅថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ2018 ARMANI EXCHANGEដែលមានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ បានប្រារព្ធពិធីខួបគម្រប់មួយឆ្នាំនៃការបើកដំណើរការហាងរបស់ខ្លួននៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើបនេះជាមួយការអញ្ចើញចូលរួមពីភ្ញៀវជាច្រើនដែលជាអ្នកនិយមចូលចិត្តម៉ាកសម្លៀកបំពាក់លំដាប់ថ្នាក់អន្តរជាតិមួយនេះ។​

    នៅក្នុងល្ងាចកម្មវិធីនោះក៏មានវត្តមានពីតារាល្បីៗ ក្នុងស្រទាប់យុវវ័យដូចជា លោក ខាត់ វៃហាំង កញ្ញា ជេ ឡេង លោក វី​ យ៉ារ៉ូ និង កញ្ញា ដាដាវ ជាពិសេសគឺមាន ការគូគំនូរផ្ទាល់ភ្លាមៗ​ នៅលើកាសស្ដាប់ត្រចៀកម៉ាក A | X ដោយផ្ទាល់ដៃពីវិចិត្រករវ័យក្មេង វិច្ឆិកា ដែលមកពីក្លឹបគំនូរ Doodle កម្ពុជា និង មានការសម្តែងសិល្បៈចម្រៀងផ្ទាល់ពីក្រុមក្មេងខ្មែរ និង លោកអូន ជាមួយនឹងការពិសារអាហារឆ្ងាញ់ៗ និងលេងតន្រ្តីទាន់សម័យចុងក្រោយបង្អស់របស់ DJ Maily។

    គួរបញ្ជាក់ផងដែរថានៅក្នុងហាង ARMANI EXCHANGE មានទំហំ 229 ម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសសម្រាប់ការបើកដំណើរការម៉ាកដ៏ល្បីនេះ បានតុបតែងឡើងដោយសោភ័ណ្ឌភាពល្អឥតខ្ចោះនៃគំរូម៉ូដទាន់ម័យ ពេញនិយមបំផុត និងជាពិសេសការរចនាតុបតែងលាយឡំបង្កប់ជាមួយសំភារៈដ៏រឹងមាំ ក្នុងនោះមានដូចជា ដែកថែប ឈើចំណាស់  និងបេតុង ដែលបានជំរុញឱ្យផ្នែកខាងក្នុងហាងមានលក្ខណៈ ឡូយឆាយ និងពេញនិយមតាមបែបទីក្រុងញូវយ៉ក។

    នៅល្ងាចនោះ ARMANI EXCHANGE បានដាក់បញ្ចេញផលិតផលថ្មីៗ ដែលជា ​Collection មានភាពទាក់ទាញយ៉ាងខ្លាំង និង​សុទ្ធសឹងតែជាម៉ូតងាយស្រួលស្លៀកពាក់ និងងាយស្រួលក្នុងការធ្វើដំណើរកំសាន្ដនៅថ្ងៃឈប់សំរាក។ អ្វីដែលពិសេសជាងនេះទៀតគឺម៉ូតសម្រាប់​ចូលរួមក្នុងកម្មវិធីជប់លៀងផ្សេងៗ នៅក្នង​រដូវកាលស្លឹកឈើជ្រុះ និងរដូវរងាក្នុងឆ្នាំ2018នេះតែម្តង ដែលភាគច្រើននៅក្នុងវិស័យម៉ូតសម្លៀកបំពាក់គេនិយមហៅថា Fall/Winter Collection។

     

  • ស្បែកស្អាត ក្រោយពេលប្រសូតបុត្ររួច

    ស្បែកស្អាត ក្រោយពេលប្រសូតបុត្ររួច

    គឺជារឿងមួយដែលគេបានដឹងគ្រប់គ្នាថា កំរឹតអ័រម៉ូន និងការប្រែប្រួលរបស់រាងកាយក្រោយពេលឆ្លងទន្លេរួចនោះ​ ច្រើនតែហុចផលធ្វើឲ្យស្បែកដែលធ្លាប់តែស្រស់ថ្លាភ្លឺរលោងរបស់អ្នកម្តាយទៅជាស្ងួតគ្រើម ឡើងពណ៌ស្រគាំនៅតាមចំណុចផ្សេងៗ ដូចជា ប្រឡោះក្លៀក គន្លាក់អាចម៍ ក្បាលសុដនជាដើម។ ទោះជាស្បែកនឹងល្អស្អាតឡើងវិញជាបណ្តើរៗនៅពេលក្រោយមែន តែអាចត្រូវប្រើពេលវេលាយូរក្នុងការស្តារសភាពស្បែកឡើងវិញ ការលាបឡេថែបំប៉នស្បែក អាចជួយឱ្យស្បែកត្រឡប់មកស្អាតភ្លឺរលោង មានសុខភាពល្អបានកាន់តែលឿនឡើង។

    រឿងដែលសំខាន់នោះគឺ ការជ្រើសរើសប្រើឡេថែបំប៉នស្បែកឱ្យសក្តិសមនឹងសភាពស្បែក និងការលាបយ៉ាងត្រឹម​ត្រូវតាម​វិធី នឹងជួយបង្កើនប្រសិទ្ធភាពរបស់សាច់ឡេឱ្យកាន់តែបានផលខ្លាំងឡើងទៀត។

    ប្រភេទសាច់ឡេនីមួយៗ
    សាច់ឡេឃ្រីម (Cream)
    សាច់ឡេខាប់ និងមានសភាពធ្ងន់ជាងប្រភេទឡូស៊ឹន ឬជេល ព្រោះមានចំណែកផ្សំរបស់ប្រេងច្រើនជាង សក្តិសមនឹងអ្នកម្តាយដែលមានស្បែកស្ងួត ត្រូវការសំណើមច្រើនជាពិសេស។

    សាច់ឡេឡូស៊ឹន (Lotion)
    ឡូស៊ឹនមានលក្ខណះសាច់ស្តើងស្រាល ជ្រាបចូលទៅក្នុងស្បែកបានលឿនជាងសាច់ឃ្រីម មានឈ្មោះហៅ​មួយបែបទៀតថា ហ្វ្លីដ (Fluid) ល្អសំរាប់អ្នកម្តាយដែលមានស្បែកធម្មតា។ ចំណែកអ្នកម្តាយដែលស្បែកមានឡើងប្រេងគួរជ្រើសរើសប្រើ ឡូស៊ឹនប្រភេទដែលគ្មានចំណែកផ្សំរបស់ប្រេង (Oil-free) ព្រោះវានឹងមិនធ្វើឱ្យស្បែកមុខឡើងប្រេងច្រើននៅក្នុងចន្លោះពេលថ្ងៃ ។

    សាច់ជេល (Gel)
    សាច់ជេលមានចំណែកផ្សំរបស់ទឹកជាគោល និងមានជាតិប្រេងតិច ទើបធ្វើឱ្យជ្រាបចូលទៅក្នុងស្បែកបានងាយស្រួល និងរហ័សជាងសាច់ឡេឃ្រីម ឬឡូស៊ឹន។ សក្តិសមសំរាប់អ្នកម្តាយដែលមានស្បែកស្តើង និងងាយមានប្រត្តិកម្មសាច់ឡេ អ៊ីម៉ាល់ស៊ឹន (Emulsion)

    ស្ថិតក្នុងរូបភាពជាវត្ថុរាវ សាច់ឡេមានសភាពធ្ងន់ជាងឡេឡូស៊ឹន ស្រដៀងទឹកដោះ តែស្រាលជាងសាច់ឃ្រីមល្អសំរាប់អ្នកម្តាយស្បែកធម្មតា ឬស្បែកស្ងួត។

    សាច់សេរ៉ូម (Serum)
    ស្ថិតក្នុងរូបភាពជាវត្ថុរាវ ដែលមានទាំងប្រភេទ ទឹក ប្រេង ឬជេលថ្លា ឬអាចហៅថា ជាអាហាររបស់ស្បែក​ដែលមានភាពខាប់ខ្ពស់ សក្តិសមនឹងអ្នកម្តាយដែលមានស្បែកក្រាស់គ្រើម ត្រូវការស្តារសភាពស្បែកឡើងវិញជាបន្ទាន់។

    ប្រេងពីធម្មជាតិ (Natural oils)
    ការធ្វើម៉ាស្សាដោយប្រេងដូង ប្រេងល្ង ឬប្រេងម្កាក់ ដើម្បីឲ្យស្បែកធន់នឹងការសំរួលសភាពដែលត្រូវយឺតយារ ឬរួញរឹបក្រោយពេលឆ្លងទន្លេ។ អាចប្រើបានគ្រប់សភាពស្បែក និងមិនបាច់កង្វល់ពីរឿងសារធាតុគីមីដែលនៅសេសសល់លើស្បែកឡើយ។

    ការលាបឡេយ៉ាងត្រឹមត្រូវ
    បំពង់ក
    ចាប់ផ្តើមលាបពីបរិវេណដែលធំទូលាយបំផុតរបស់បំពង់កជាមុន គឺ ម្តុំគល់ក ហើយប្រើចុងម្រាមដៃទាំងអស់លាបអង្អែលសន្សឹមៗឡើងទៅលើ មិនគួរលាបចុះទេ ព្រោះអាចនឹងធ្វើឱ្យស្បែកបរិវេណបំពង់កយឺតយារធ្លាក់នៅពេលក្រោយបាន។

    ដើមទ្រូង
    អាចប្រើសាច់ឡេដែលនៅសល់ពីបំពង់ក លាបបែបអង្អែលៗនៅម្តុំបរិវេណដើមទ្រូងជាបន្តបាន ដោយការប្រើ​ចុងម្រាមដៃលាបថ្នមៗ និងវឹលទៅមកឱ្យសព្វពេញដើមទ្រូង ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក រួចសឹមលាបដេញទៅរកក្បាលពោះ និងផ្នែកខ្នង។

    ដៃ
    ចាប់ផ្តើមពីដើមដៃផ្នែកខាងមុខជាមុន ហើយលាបវឹលឡើងទៅផ្នែកខាងក្រោយ ដោយការប្រើចុងម្រាមដៃ​លាបអង្អែលស្រាលៗ ដើម្បីឲ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក។

    ជើង
    ចាប់ផ្តើមពីគល់ភ្លៅជាមុន ហើយលាបលុញជារាងរង្វង់​មូលចុះទៅខាងចុងជើង ដោយការប្រើ​​​ចុងម្រាម​​​​​​ដៃ​​​​​​​លាប​អង្អែលស្រាលៗ ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅក្រោមស្បែក និងគួរសង្កត់ធ្ងន់លើបរិវេណស្មងជើងទាំងសងខាងឱ្យបាន​ច្រើន ព្រោះនៅត្រង់កន្លែងហ្នឹង ស្បែកងាយស្ងួតខ្លាំងណាស់ ចំណែកឯបរិវេណប្រអប់ជើងវិញ គួរលាបទាំងលើខ្នងជើង និង​បាត​ជើង ព្រមទាំងធ្វើការម៉ាស្សាឱ្យសព្វពេញប្រអប់ជើងផង ដើម្បីឱ្យបានធូរស្រាលអារម្មណ៏ និងបង្កើនលំហូរវឹលរបស់លោ​ហឹត​​។

    Tips :
    ចៀសវាងការងូតទឹកដែលក្តៅឧណ្ហៗខ្លាំងពេក ព្រោះនឹងធ្វើឱ្យស្រទាប់លើរបស់ស្បែកបាត់បង់សំណើម​និងងាយ​កើតភាពក្រហាយផ្សា ចូរលាបឡេក្រោយពេលងូតទឹករួចរៀងរាល់លើក ឬនៅពេលដែលមានអារម្មណ៍ថារមាស់នៅលើ​ស្បែក។ ពេលងូតទឹករួច ចូរជូតសំអាតខ្លួនដោយមិនបាច់ឱ្យស្ងួតពេកទេ ហើយប្រញាប់លាបឡេថែបំប៉នស្បែកឱ្យសព្វពេញខ្លួន ព្រោះនៅពេលហ្នឹងស្បែកអាចរក្សាសំណើមបានច្រើនបំផុត ។

  • សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ជា​ដំណោះស្រាយ​បញ្ហា​ប្រើពាក្យ​ក្នុង​វិស័យ​រដ្ឋបាល

    សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ជា​ដំណោះស្រាយ​បញ្ហា​ប្រើពាក្យ​ក្នុង​វិស័យ​រដ្ឋបាល

    ការងាររដ្ឋបាល ជា​ការងារ​សំខាន់​មួយ​សម្រាប់​ក្រសួង​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​ជាដើម។ នៅ​កម្ពុជាយើង​មានបែបបទ​រដ្ឋបាល​ជាច្រើន​ទម្រង់ និងសម្បូរបែប តែ​ពេលខ្លះ​ការប្រើប្រាស់​ពាក្យ​មិនទាន់​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង​នៅឡើយ។

    ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ក្រុម​អ្នកជំនាញ​មួយក្រុម​បាននាំគ្នា​បង្កើត​គំនិត​ចងក្រង​ជា​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល​ឡើង ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​ប្រើប្រាស់​ពាក្យ​លើ​វិស័យ​ដ៏​សំខាន់​នេះ។

    នៅថ្ងៃនេះ កាសែតឡា​រ៉ែ​ន ពាណិជ្ជ បាន​សម្ភាស​ជាមួយ​លោក ឈិន សីហា អ្នក​រៀបរៀង​សទ្ទានុក្រមបច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ដើម្បី​បង្ហាញ​លម្អិត​ពី​សារៈសំខាន់ និងកត្តា​ប្រឈម​នានា​នៃ​ការងារ​នេះ។

    1. មូលហេតុ​អ្វីខ្លះ​ដែលនាំឱ្យ​លោក​ចងក្រង និង​រៀបរៀង​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល​នេះ​ឡើង?
    មូលហេតុ​ដែលនាំឱ្យ​ក្រុមការងារ រួមទាំង​ខ្លួន​ខ្ញុំសម្រេចចិត្ត​ក្នុងការ​តាក់តែង​សទ្ទានុក្រម​នេះ​ឡើងពីព្រោះ​យើងខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​នានា​ដែលកន្លងមក​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេសរ​បស់​យើង។

    បញ្ហា​ប្រឈម​សំខាន់​ទី1 គឺ​ប្រទេស​យើង​មាន​កង្វះខាត​សទ្ទានុក្រម​បច្ចេកទេស ហេតុនេះ​ការបង្កើតសទ្ទានុក្រម​កិច្ចការរដ្ឋបាល​នេះ​ឡើង គឺជា​ការចូលរួមចំណែក​មួយ​ដើម្បីឱ្យ​ការប្រើប្រាស់​វាក្យ​ស័ព្ទ​បច្ចេកទេស​នៅប្រទេស​យើង​កាន់​តែមាន​លក្ខណៈសម្បូរ​បែប​ឡើង។

    ចំណុច​សំខាន់​មួយទៀត គឺ​ខ្ញុំ​ចង់​ចូលរួម​វិភាគទានដើម្បី​លើកស្ទួយ​តម្លៃ​នៃ​អក្សរសាស្ត្រ​ខ្មែរលើ​លិខិត​រដ្ឋបាល ព្រោះ​ប្រសិនបើ​មាន​សទ្ទានុក្រម​ត្រឹមត្រូវ ការប្រើប្រាស់​ភាសា​ក៏​នឹងមាន​លក្ខណៈ​ប្រសើរឡើង​ដែរ។

    លើស​នេះ​ទៅទៀត យើង​ចង់ឱ្យមាន​ឯកសារ​រួមមួយ​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ភាសា​ឱ្យមាន​ការឯកភាព​គ្នា ងាយស្រួល​ពន្យល់​ពាក្យ និង​ប្រើប្រាស់​ពាក្យ​ក្នុង​ភាសា​រដ្ឋបាល។ ចំណែកឯ​ចំណុចចុងក្រោយ​គឺ​ចង់​បង្កើត​ស្នាដៃ​ថ្មី​ជូន​សង្គម​តាមរយៈ ការប្រមូលផ្តុំ​បញ្ញវន្ត​ខ្មែរ​ដែលមាន​ចំណេះដឹងល្អៗមក​ធ្វើ​ការងារ​រួមគ្នា។​

    2. តើ​លោក​អាច​បញ្ជាក់​បានទេ ពី​គុណ​តម្លៃ​នៃ​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល?
    តម្លៃ​នៃ​សទ្ទានុក្រម​កិច្ចការរដ្ឋបាល​នេះ គឺ​វា​មាន​បច្ចេក​ស័ព្ទ​ច្រើន​ក្នុងការ​ប្រើប្រាស់ ដោយមាន​ការពន្យល់​ច្បាស់លាស់ ដូច​អ្វីដែល​ខ្ញុំ​បាន​ជម្រាប​ខាងដើម។ ហេតុនេះ​នៅពេល​យើង​មាន​ឯកសារ​ច្បាស់លាស់​យើង​អាចមាន​ចំណុច​ពឹងផ្អែក ដើម្បី​កំណត់ថាតើ​ការប្រើប្រាស់​ពាក្យ​ណា​ខុស ហើយ​ការប្រើប្រាស់​ពាក្យ​ណា​មិនទាន់​ស្រប​នឹង​ស្ថានភាព ឬ​គោលបំណង​នៃ​ឯកសារ​ដែល​យើង​រៀបចំឡើង។ តាមរយៈ​សទ្ទានុក្រម​នេះ ក៏​អាចជួយ​ដល់​វិស័យ​នគរបាល វិស័យ​បរិស្ថាន វិស័យ​ច្បាប់ និង​អក្សរសាស្ត្រ​ជាដើមព្រោះ​យើង​បាន​ពន្យល់​ពាក្យ​លើ​ផ្នែក​រដ្ឋបាល​ទាក់ទង​នឹង​វិស័យ​ទាំងនេះ​ផងដែរ។ ចំណុច​ដែល​សទ្ទានុក្រម​នេះ​ផ្តល់ជូន​ក៏​អាចជួយ​ឱ្យ​ប្រជាជន​ខ្មែរ​ងាយ​យល់​ពី​ភាសាជាតិ និង​ភាសាបរទេស ព្រោះ​សទ្ទានុក្រម​នេះធ្វើ​ឡើងជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង។ អាស្រ័យហេតុនេះ ប្រជាជន​ខ្មែរ​អាច​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ​បច្ចេក​ស័ព្ទ​បាន​យ៉ាង​ត្រឹមត្រូវ និង​ស៊ីជម្រៅ នៅថ្ងៃ​អនាគត​ប្រសិនបើ​យើង​បង្កើត​ឯកសារ​សម្រាប់គាត់​ប្រើប្រាស់។

    3. មូលហេតុ​អ្វីខ្លះ​ទើប​លោក​រៀបរៀង​ជា 3ភាសាខ្មែរ-អង់គ្លេស និង​បារាំង?
    មូលហេតុ​ដែល​ខ្ញុំ​សរសេរ​ជា 3ភាសា ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​មន្ត្រីរដ្ឋបាល​ដែរ ពេលខ្លះ​លិខិត​រដ្ឋបាល​មិនមែន​មានតែ​ភាសា​ខ្មែរ​ទេ ហេតុនេះ​ខ្ញុំ​ជា​អ្នកធ្វើការងារ​ផ្ទាល់​ផ្នែក​នេះ ខ្ញុំ​គិតថា ប្រសិនបើ​យើង​ពន្យល់​ជា​ផ្លូវការ​ឱ្យ-បាន​ច្បាស់លាស់​លើ​ភាសា​អង់គ្លេស និង​បារាំង​បន្ថែមទៀត កាន់តែ​ធ្វើឱ្យ​អ្នកធ្វើ​ការងាររដ្ឋបាល​ងាយ​យល់និង​ប្រើប្រាស់​ពាក្យ​បាន​ចំ​ចំណុច​ល្អ។ ក្រៅពីនេះ ដូច​យើង​ឃើញ​ហើយ​ថា​យុវវ័យ​ជំនាន់​ថ្មី​នេះ មាន​អ្នកខ្លះ​អាច​ប្រើប្រាស់​ពាក្យ​អង់គ្លេស​បាន តែ​មិនដឹងថា​និយាយ​ជា​ខ្មែរ​យ៉ាងម៉េច​ឱ្យ​ត្រូវ ហេតុនេះ​ការរៀប​រៀង​ជា 3ភាសា​បែបនេះ អាចធ្វើឱ្យ​គាត់​ដឹងថា​ពាក្យ​នោះ​តាមពិត​ខ្មែរ​យើង​ក៏មានដែរ ហើយ​មាន​លក្ខណៈ​ច្បាស់លាស់​ទៀតផង។

    ជា​ចំណុច​ចម្បង​មួយទៀត​នៃ​ការរៀបចំ​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​នេះ ក៏​ដើម្បី​ជាការ​អភិរក្សពាក្យចាស់ៗកុំឱ្យ​បាត់បង់ ហើយ​នាំគ្នា​យកមកប្រើ​ប្រាស់​ឱ្យបាន​ត្រឹមត្រូវ ដែល​វា​ក៏​អាចជា​ប្រយោជន៍​សំខាន់​ផងដែរ​សម្រាប់​អ្នកសិក្សា ឬ​អ្នកធ្វើការងារ​ផ្នែក​រដ្ឋបាល​ជាដើម។

    4. តើ​ការរៀបចំ​សទ្ទានុក្រម​នេះ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?
    តាមពិត​ធ្វើ​អ្វី​ក៏មាន​កត្តា​ប្រឈម​ដែរ តែ​ចំណុច​សំខាន់​យើង​ត្រូវ​មានចិត្ត​វិជ្ជមាន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ។ ប្រសិនបើ​គ្មាន​បញ្ហា គ្មាន​កត្តា​ប្រឈម ក៏​មិនមាន​អ្វី​ត្រូវ​ដោះស្រាយ​ដែរ ហើយ​នៅក្នុង​ដំណោះស្រាយ​នោះ ក៏ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទើប​អាច​ទៅដល់​គោលដៅ។ សម្រាប់​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​រដ្ឋបាល​នេះ​វិញ ក៏មាន​ឧបសគ្គ​ច្រើន​គួរសម​ដែរ​ក្នុងការ​ចងក្រង។

    បញ្ហាសំខាន់​ទី1 គឺ​ថវិកា​សម្រាប់​ការស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​បន្ថែម ព្រោះ​ឯកសារ​យើង​មិនទាន់​ចងក្រង ឬ​ប្រមូលផ្តុំ​ឱ្យបាន​មួយកន្លែង​នៅឡើយហេតុនេះ​យើង​ត្រូវ​ចំណាយពេល និង​ធនធាន​ច្រើន​ដើម្បី​ប្រមូល​មកវិញ។ បញ្ហា​មួយ​ផ្សេងទៀត គឺ​ពេលវេលា​ជាក់ស្តែង​ក្នុង​ការធ្វើការងារ​នេះ ព្រោះ​ក្រុមការងារ​ភាគច្រើន​សុទ្ធតែ​រវល់​ក្នុង​ការងាររៀងៗខ្លួន តែ​អ្វីដែល​សំខាន់​គឺ​ប្រមូល​ឆន្ទៈ​រួម​ដើម្បី​សម្រេច​ការងារ​នេះ។ ក្រៅពីនេះ អ្នកជំនាញ​បច្ចេកទេស​ដែល​ជួយ​ក្នុង​ការងារ​នេះ​ក៏​នៅមានកម្រិត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ប្រឈម និង​ទាមទារ​ឱ្យមាន​ការជជែក​គ្នាច្រើន។ ចំពោះ​ការគាំទ្រ​វិញ ស្ថាប័នរដ្ឋ​យើង​នៅ​មិនទាន់មាន​ការគាំទ្រ​ខ្លាំង​នៅឡើយ​ទាំង​ផ្នែក​ថវិកា សម្ភារ និង​ស្មារតី​ជាដើម ដែល​ធ្វើឱ្យ​ក្រុមការងារ​មានការ​លំបាក​ក្នុងការ​បោះពុម្ពផ្សាយ។

    5. តើ​លោក​មានមតិ​យោបល់​អ្វីខ្លះ​សម្រាប់​ប្រជាជន​ខ្មែរ?
    ជា​យោបល់​របស់ខ្ញុំ​គឺ​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​រាជរដ្ឋាភិបាល ស្ថាប័ន​ជំនាញ​នានា និង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​អក្សរសាស្ត្រ​ចូលរួម​គាំទ្រ​គ្រប់​ស្នាដៃ​ទាំងអស់​ដែល​នាំមក​នូវ​ភាព​រីកចម្រើន​សម្រាប់​ស​ង្គ​ម។ ម្យ៉ាងវិញទៀត សម្រាប់​ប្រជាពលរដ្ឋ​វិញ ក៏​សូម​ងាក​មក​គាំទ្រ ហើយ​ប្រើប្រាស់​ពាក្យ​ខ្មែរ​ឱ្យបាន​ច្រើន ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប និង​លក្ខណៈពិសេស​របស់​ភាសា​ជាតិ​របស់​យើង។ ហើយ​ចំពោះ​បញ្ហា​ថវិកា​វិញ រាជរដ្ឋាភិបាល​គួរ​បង្កើត​ស្ថាប័ន ឬ​មូលនិធិ​ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នកស្រាវជ្រាវ ជាពិសេស​អ្នកតាក់តែង​សទ្ទានុក្រម ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ស្នាដៃល្អៗឱ្យបាន​កាន់តែ​ច្រើនឡើង៕

  • កម្ពុជា-ចិន​ព្រមព្រៀង​ កសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង

    កម្ពុជា-ចិន​ព្រមព្រៀង​ កសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង

    ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ព្រម​ព្រៀម​កសាង​ច្រករបៀង​ភាគខាងត្បូង​ថ្មី​បន្ថែមទៀត​នៅពេល​ខាងមុខឆាប់ៗនេះ។

    ការព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា វិនិយោគិន​ចិន​បាន​ចូលមក​បណ្តាក់ទុនរក​ស៊ី​លើ​វិស័យ​ជាច្រើន​នៅក្នុង​តំបន់ ជាពិសេស​នៅ​កម្ពុជាដូចជា​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង និង​សម្លៀកបំពាក់ វិស័យ​សំណង់ វិស័យ​ថាមពល​អគ្គិសនី និង​រ៉ែ ជាដើម។

    ក្នុង​ដំណើរ​ទស្ស​និច្ច​ដ៏​កម្រ​មួយ​មកកាន់​កម្ពុជា ឯកឧត្ដម Zhou Kequin បាន​មានប្រសាសន៍ថាដើម្បី​លើកកម្ពស់​ការចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​វិស័យ​ដឹកជញ្ជូន រដ្ឋាភិបាល​ចិន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ខេត្ត Chongqing របស់​ចិន​បន្ថែមទៀត។

    ឯកឧត្តម​បញ្ជាក់ថា ការព្រមព្រៀង​កសាង​ច្រករបៀង​បន្ថែម​ពីលើ​ច្រក​អន្តរជាតិ​ដែលមាន​ស្រាប់​នៅ​កម្ពុជា​នេះ គឺ​ដោយសារតែ​ខេត្ត​Chongqing របស់​ចិន​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ ដែលជា​តម្រូវការ​ចាំ​ចាច់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ពិសេស​បង្កើត​ច្រករបៀង​បន្ថែម​ក្នុងពេលឆាប់ៗនេះ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែមទៀត ដែល​អាច​ចំណេញ​ពេលវេលា ផ្តល់​សុវត្ថិភាព​ខ្ពស់ និង​សន្សំសំចៃ​ក្នុងការ​ចំណាយ​លើ​ការដឹកជញ្ជូន​ថែម​មួយកម្រិត​ទៀត។

    ជាមួយគ្នានេះ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ថ្លែង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយផ្លូវ​មួយ និង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង​នេះដែរ ព្រោះ​គម្រោង​នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់។ ឯកឧត្តម​បញ្ជាក់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​

    កម្ពុជា ផ្តោតលើ​ការតភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវដែក​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​ចិន​ជាដើម។ កម្ពុជា​ស្វាគមន៍​ចំពោះ​វិនិយោគិន​ទាំងអស់​មកពី​ខេត្ត​Chongqing ដែល​មានបំណង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ត​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ និង​ប្រទេស​ចិន(ខេត្ត​យូ​ណាន) ព្រោះថា ប្រទេស​កម្ពុជា​បាន​បង្កើត​ច្រកចេញចូល​តែមួយ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់។

    ឯកឧត្តម វ៉ា​ស៊ឹម សូរិយា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ​នមានប្រសាសន៍​ពន្យល់ថា ច្រករបៀង​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេ​ង្គមាន​ចំនួន 2ខ្សែ ដែល​ខ្សែ​ទី1ចេញពី​សមុទ្រ​ក្នុងប្រទេស​ថៃ កាត់​តាម​ខេត្តកោះកុង​ប្រទេស​កម្ពុជា បន្ត​មក​ស្រុកស្រែ​អំ​បឹ​ល បន្ត​មក​ខេត្តកំពត រួច​ចេញ​ទៅដល់​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម និង​ច្រករបៀង​ភាគខាងត្បូង​ទី2 ចាប់ផ្តើម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​ប្រទេស​ថៃ ភ្ជាប់​មក​ប្រទេស​កម្ពុជា ត្រង់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​រួច​ត្រង់​ចូលមក​ក្រុងភ្នំពេញ និង​បន្តទៅ​ប្រទេស​វៀតណាម៕

  • គណៈកម្មការ​អឺរ៉ុប​មិនទាន់​អាច​សម្រេចបាន​ចំពោះ​ការដាក់​គំនាប​ពន្ធ​នាំចូល​អង្ករ​កម្ពុជា

    គណៈកម្មការ​អឺរ៉ុប​មិនទាន់​អាច​សម្រេចបាន​ចំពោះ​ការដាក់​គំនាប​ពន្ធ​នាំចូល​អង្ករ​កម្ពុជា

    ការបោះឆ្នោត​របស់​សមា​ជិ​ក​សហគមន៍​អឺរ៉ុប​ដើម្បី​សម្រេច​ថា តើ​ត្រូវដាក់ ឬ​មិន​ដាក់​គំនាប​លើ​ពន្ធ​នាំចូល​អង្ករ​កម្ពុជា​នៅ​មិនទាន់​អាច​សម្រេច​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​ក្នុងនោះ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ចំនួន 28 មាន 8ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ឡើយ និង​ប្រទេស​ចំនួន13បោះឆ្នោត​គាំទ្រ​ឱ្យ​អឺរ៉ុប​ដាក់​គំនាប​ពន្ធ ខណៈ​ប្រទេស7 ផ្សេងទៀត​មិន​ចូលរួម​បោះឆ្នោត​ឡើយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុននាំចេញ​អង្ករ Amru Rice។

    លោក​ឧកញ៉ា សុង សារ៉ន នាយក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា​ការបោះឆ្នោត​របស់​គណៈកម្មកា​រ​អឺរ៉ុប កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 បានរៀបចំ​រួចហើយ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ពុំ​អាច​សម្រេច​បានទេ ព្រោះថា ការបោះឆ្នោត​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ថា ដាក់​គំនាប​ពន្ធ ឬ​លុបចោល​ការដាក់​គំនាប​ពន្ធ​នោះបាន​លុះត្រាតែ​ប្រទេស​ជា​សមាជិក​បោះឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ​លើ​សំឡេង55% ឬ​ស្មើនឹង 16សំឡេង។

    បើតាម​លោក​ឧកញ៉ា ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន8 ដែល​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​នោះ​មាន៖ ប្រទេស​ឆែក ដា​ណា​ម៉ាក អេ​ស្តូ​នី ហ្វាំ​ង​ឡង់ លុច​ហ្សំ​បួរ ហូ​ឡង់ ស៊ុយ​អ៊ែត និង​អង់គ្លេស និង​ប្រទេស​គាំទ្រ​ឱ្យមាន​ការដាក់​គំនាប​ពន្ធ​លើ​កម្ពុជា​មានតែ 13សំឡេង​ប៉ុណ្ណោះ ដូច្នេះ​ការបោះឆ្នោត​នេះ​មិន​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​បានទេ។

    លោក​ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់ថា“បានសេចក្តីថា ការសម្រេច​ត្រូវ​ធ្លាក់​ទៅលើ​គណៈកម្មការ​អឺរ៉ុប​ដដែល​ដើម្បី​ពិនិត្យឡើងវិញ​លើ​បញ្ហា​នេះ ដោយលទ្ធផល​នៃ​ការបោះឆ្នោត ទាំង​កម្ពុជា និង​មី​យ៉ាន់​ម៉ាក៏​មិន​ឈ្នះ ហើយ​ខាង​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​ក៏​មិន​ឈ្នះ​ដែរ គឺ​អត់​មាន​យោបល់ បានន័យថា No Opinion ហើយ​លទ្ធផល​នឹង​បង្ហាញ​នៅពេលឆាប់ៗខាងមុខនេះ ហើយ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា”។

    លោក​ឧកញ៉ា សុងសារ៉ន នាយក​ក្រុមហ៊ុន Amru Rice

    សូមបញ្ជាក់ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានបង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ការពារ​ដែល​ចេញ​ដោយ​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​លើ​ពន្ធ​នាំចូល​អង្ករ​ដោយ​លើកឡើងថា
    វា​នឹង​ប៉ះពាល់​ដល់​កសិករ​ស្រូវ​អង្ករ​ជាង 3លាន​នាក់​នៅ​ប្រទេស​កម្ពុជា។ សេចក្ដីប្រកាស​ព័ត៌មាន​របស់ CRF ជឿជាក់ថា កសិករ​កម្ពុជា​រាប់លាន​នាក់​នឹង​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​វិធាន-​ការការពា​រ​របស់​ EU នេះ។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ CRF បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា៖ “យើង​ជឿថា ផល​លំបាក​ដែល​ប្រឈម គឺ​ដោយសារ​កសិករមកពី​ប្រទេស​ទាំងនោះ​ភាគច្រើន​កង្វះ​ការសហការ​រវាង​កសិក​រ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ពាណិជ្ជករ។ យើង​ដឹង​អំពី​តម្លៃ​ដែល​ខ្ពស់​នៃ​ការផលិត​អង្ករ​នៅក្នុង​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប ដូចជា​ប្រទេស​អុីតាលី ហើយ​យើង​ជឿជាក់ថា បញ្ហា​ផ្ទៃក្នុង គឺជា​ឧបសគ្គ​ដ៏​សំខាន់​ក្នុងការ​កែលម្អ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងនោះ”។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន ​CRF

    ក្រោយពី​កសិករ​របស់​ប្រទេស​អុីតាលី​បាន​ត្អូញត្អែរ​អំពី​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2014 និង​ជាការ​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ប្រទេស​អុីតាលី​ដែល​បាន​អំពាវនាវ​ឱ្យមាន“វិធានការ​ការពារ”ជាទូទៅ​លើ​ការ​រឹតបន្តឹង​ការនាំ​ចូល ឬ​ដាក់​ពន្ធ​នាំចូល​អង្ករ indica ឬ​អង្ក​រស​មកពី​ទាំង​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​នោះ ការស៊ើបអង្កេត​ជា​ផ្លូវការ​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មការ​របស់​EU។

    បន្ទាប់ពី​ការស៊ើបអង្កេត​នេះ គណៈកម្មការ​របស់​EU បានចេញ​ឯកសារ​បង្ហាញ​ជាទូទៅ​របស់ខ្លួន​កាលពី​ថ្ងៃទី5 ខែវិច្ឆិកា​ដែល​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​លើ​ការនាំចេញ​អង្ករ​ទៅ ​EU ក្នុង​រយៈពេល 3ឆ្នាំ​ជាមួយនឹង​ពន្ធគយ​នាំចូល 175ដុល្លារ​ក្នុង1តោន​នៅ​ឆ្នាំ​ដំបូង។

    ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​កម្ពុជា​បានអះអាងថា វិធានការ​ការពារ​រ​បស់ ​EU គួរតែ​បែងចែក​ប្រភេទ​អង្ករ។ ភាគច្រើន​អង្ករ​កម្ពុជា​ដែល​នាំ​ចេញទៅ​ EU 55%ជា​អង្ករ​ក្រអូប​ដែល​ពិបាក​ក្នុង​ការដាំដុះ​នៅក្នុង​អាកាសធាតុ​នៅក្នុង​បណ្ដា​ប្រទេស​ EU។

    ក្នុងជំនួប​ជាមួយ​លោក PHILIPPE BAUDRY ប្រធានការិយាល័យ​រត​នាគារ​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ទ្បា​វ ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ​បាន​លើក​ពី​ចំណុច​មិន​សម​ហេតុផល​ដែល​បាន​លើកទ្បើង​ក្នុង​សំណើ​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ដោយ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ និង​ការរួម​ប​ញ្ជូ​ល​គ្នា​នៃ​ការនាំចេញ​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​របស់​គណៈកម្មការ​ស​ហគ​មន៍​អឺរ៉ុប។

    ឯកឧត្តម​ក៏បាន​លើកទ្បើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ ការធ្វើ​ទំនើបកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​តំបន់ផ្សេងៗតាមរយៈ​ការសហការ​គ្នា​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម​កំពុងតែ​សិក្សា​ដើម្បី​ចុះ ​GI (ម៉ាក​សម្គាល់​ភូមិសាស្ត្រ) លើ​ការដាំដុះ​ស្រូវ​របស់​កម្ពុជា ក៏ដូចជា​ការពង្រឹង​ទៅលើ​គុណភាព​នៃ​ការផលិត​រហូត​ដល់ទី​ផ្សារ​ដែល​បង្កើត​នូវ​ម៉ាក​វិញ្ញាតកម្ម“ម្លិះ​អង្គរ”ធានា​នូវ​ទំនុកចិត្ត និង​គុណភាព​អង្ករ​កម្ពុជា​ដែលមាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ការនាំចេញ។

    លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បញ្ជាក់បន្ថែម​អំពី​ការដែល​ប្រទេស​អុីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​លើកទ្បើង​នោះ​ថា ពិតជា​មិន​ត្រឹមត្រូវ​ទេ ដោយសារតែ​អង្ករ​របស់​កម្ពុជា​ខុសពី​អង្ករ​របស់​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញដោយ​ប្រភេទ​អង្ករ​របស់​ប្រទេស​កម្ពុជា​ជា​ប្រភេទ​អង្ករ Indica Rice ប៉ុន្តែ​នៅ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​វិញ គឺ​ដាំ​ប្រភេទ​ស្រូវ Japonica Rice ។

    លោក នង វាសនា បានបញ្ជាក់​ថែមទៀត​ថាសូម្បីតែ​សហគមន៍​អ្នក​នាំចេញ និង​ទិញ​អង្ករ​នៅ​សហគមន៍​អឺរ៉ុប​ក៏បាន​ចេញ​លិខិត និង​សេចក្តីថ្លែងការណ៍​គាំទ្រ​អង្ករ​កម្ពុជា ហើយ​ស្នើសុំ​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដក​ការលើកលែង​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​ដែរ។

    ក្នុងនាម​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ​លោក​ឧកញ៉ា សុង សារ៉ន បាន​ទទូច​ស្នើ​សុំឱ្យ​ប្រទេស​សហគមន៍​អឺរ៉ុប​ទម្លាក់ចោល​ការដាក់​គំនាប​ពន្ធ​មកលើ​អង្ករ​កម្ពុជា និង​ធ្វើការ​ពិនិត្យ​អង្កេត​ឡើងវិញ ប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ រួមទាំង​ញែក​ឱ្យដាច់​រវាង​អង្ករ​កម្ពុជា និង​អង្ករ​របស់​មី​យ៉ាន់​ម៉ា ព្រោះ​អង្ករ​កម្ពុជាដែល​នាំទៅ​អឺរ៉ុប ភាគច្រើន​ជា​អង្ករ​ក្រអូប ដែល​អឺរ៉ុប​មិនអាច​ផលិត​បាន។

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចាត់ទុកថា ប្រសិនបើ​មានការ​ដាក់​វិធានការ​របស់​អឺរ៉ុប​មកលើ​អង្ករ​កម្ពុជា​ក្នុងពេលឆាប់ៗមែន​នោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នករស់នៅ​អឺរ៉ុប​ខ្លួនឯង ព្រោះ​តម្លៃ​អង្ករ​នាំ​ចូលទៅ​សហគម​អឺរ៉ុប​នឹង​កាន់តែ​ឡើងថ្លៃខ្ពស់ជាង​មុន​បន្ទាប់ពី​បូក​តម្លៃ​ពន្ធ​រួច ដូច្នេះ​ការសម្រេច​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​នាំចេញ​អង្ករ និង​កសិករកម្ពុជា​ទេ តែ​ក៏​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជករ​អ្នក​នាំចូល​អង្ករ​នៅ​អឺរ៉ុប​ជាច្រើន​នាក់ បើសិនជា​​ EU សម្រេច​ដាក់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា៕

  • ស្ត្រី 1នាក់ក្នុងចំណោម 5នាក់ប្រឈមនឹងអំពើហិង្សា

    ស្ត្រី 1នាក់ក្នុងចំណោម 5នាក់ប្រឈមនឹងអំពើហិង្សា

    បញ្ហា​អំពើហិង្សាលើស្ត្រីនៅតែជាចំណុចប្រឈមដ៏ស្រួចស្រាល់មួយក្នុងសង្គមកម្ពុជា បើទោះបីជា​បញ្ហានេះត្រូវបានក្រសួង និងស្ថាប័នជំនាញ​ធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ក៏ដោយ។

    ស្ត្រីបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាមានសមត្ថភាព​ក្នុងការបំពេញ​វិជ្ជាជីវៈ និងចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍសង្គមតាមរយៈការបំពេញ​ការងារ​ក្នុងស្ថាប័នសំខាន់ៗទាំងរដ្ឋនិងឯកជន ក៏ដូចជាការបង្កើតសហគ្រាសធុនតូច និងមធ្យម​ជាដើម។ស្ត្រីបានចាប់ផ្តើម​មានតួនាទីយ៉ាងសំខាន់ក្នុងការ​សម្រេចចិត្តលើការងារធំៗ​ក្នុងស្ថាប័ន​នានាតែបញ្ហាដែលជាឧបសគ្គសម្រាប់​ស្ត្រីកម្ពុជា គឺបញ្ហាអំពើហិង្សាដែល​នៅតែកើតមាននៅឡើយបើទោះបីជា​វាបានថយចុះខ្លះហើយក៏ដោយ។

    យោងតាម​របាយការណ៍របស់អង្គការWorld Vision បានបញ្ជាក់ឱ្យដឹងថា ​ស្ត្រី 1នាក់ក្នុងចំណោម5នាក់កំពុងប្រឈមនឹងបញ្ហាអំពើហិង្សា ហេតុនេះ​ការចូលរួមចំណែកផ្សព្វផ្សាយព័ត៌មាននិងការយល់ដឹង​ពីអំពើហិង្សា គឺជាចំណុចសំខាន់មួយក្នុងការជំរុញឱ្សស្ត្រីកាន់តែមានលទ្ធភាពពេញលេញក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម​ប្រកបដោយសក្តានុពលខ្ពស់៕

  • ពិព័រណ៍សៀវភៅឆ្នាំនេះមានមនុស្សចូលរួមច្រើនជាងឆ្នាំមុន

    ពិព័រណ៍សៀវភៅឆ្នាំនេះមានមនុស្សចូលរួមច្រើនជាងឆ្នាំមុន

    ពិព័រណ៍សៀវភៅឆ្នាំនេះមានប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈចូលរួមច្រើនជាងឆ្នាំមុន ព្រោះចាប់ផ្តើមពីព្រលឹមថ្ងៃទី1 នេះ មានមនុស្សចូលរួមប្រជ្រៀតគ្នាស្ទើរដើរមិនរួច ស្របពេលដែលស្តង់សៀវភៅរបស់ក្រុមហ៊ុនមួយចំនួនបានពង្រីកខ្លួនកាន់តែធំឡើង តែនៅតែមានភាពមមាញឹក។

    ប្រជាជន ជាពិសេសយុវជនបានចាប់ផ្តើមគាំទ្រដោយចូលរួមទស្សនាសៀវភៅយ៉ាងសម្បូរបែប និងទិញសៀវភៅជាច្រើនក្បាលពីអ្នកនិពន្ធផ្ទាល់ដើម្បីជាការគាំទ្រដល់អ្នកនិពន្ធផង និងដើម្បីអានទទួលយកចំណេះដឹងផ្ទាល់ខ្លួនផង។

    ជាស្ថានភាពជាក់ស្តែង នៅឆ្នាំ2018 នេះមានទាំងកំណើនអ្នកនិពន្ធដែលបានបោះពុម្ពផ្សាយស្នាដៃថ្មីៗ រួមទាំងអ្នកគាំទ្រកាន់តែច្រើនឡើងៗ ស្ថានភាពនេះនឹងក្លាយជាចរន្តវិជ្ជមានសម្រាប់ប្រជាជនកម្ពុជាក្នុងការលើកកម្ពស់ការអាន និងផ្តល់តម្លៃដល់ការអប់រំតាមរយៈការអានឱ្យកាន់តែមានសម្ទុះខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

  • នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវដល់អ្នកវិនិយោគវៀតណាមឱ្យមកមើលសក្ដានុពលវិនិយោគនៅកម្ពុជា

    នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវដល់អ្នកវិនិយោគវៀតណាមឱ្យមកមើលសក្ដានុពលវិនិយោគនៅកម្ពុជា

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគវៀត​ណាម​ដែលមិនទាន់បានមកកម្ពុជា ឱ្យអញ្ជើញមកសិក្សា​ឈ្វេង​​យល់ពីសក្ដានុពល និងកាលានុវត្តភាព​វិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់​ទុ​ន​វិនិយោគដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាង​វៀត​ណា​ម ​និងកម្ពុជា។

    សម្ដេច​​នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមអ្នកធុរកិច្ច និងអ្នកវិនិយោគទាំងអស់អំពី​សក្ដា​នុ​ព​ល​វិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាដែលក្នុងនោះរួមមាន៖

    ទី1-ភាពអំណោយផល​នៃ​ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

    ទី2-កម្ពុជាស្ថិត​នៅលើទីតាំងជា​យុទ្ធសាស្ត្រ​ក្នុង​តំ​ប​ន់​អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា«រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជា​ក៏ស្ថិ​​តនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់​ខ្ពស់​ជាងគេ។

    ទី3-កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម 35ឆ្នាំចុះមានចំនួនដល់ទៅ72% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកា​លានុវត្តភាពសម្រាប់កម្ពុជា។

    ទី4-កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់​ខ្លួនសម្រាប់អ្នកវិនិយោ​គ​​ទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ​កម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។​

    ទី​5-ទំនិញផលិត​នៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជា​ជន​ប្រ​​​មា​ណតែជាង 15លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ​ដែ​ល​​មានអតិថិជនប្រមាណ 250លាននាក់ ក្នុងទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ 630​លា​ននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់(RCEP)ដែលមានអតិថិជនប្រមាណ 3ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀត​ក្នុង​ពិភពលោកទៀតផង។

    ទី6-កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពី​ការចៀសវាងការ​យក​ពន្ធ​ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនៅថ្ងៃទី31 ខែមីនា ឆ្នាំ​2018 នៅទីក្រុងហាណូយ ។

    គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្ម​សរុបរវាង​កម្ពុជា និងវៀ​ត​ណាមក្នុងឆ្នាំ2017 ស​ម្រេ​ចបាន​ចំនួនប្រមាណ 2.13ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ30% ធៀប​នឹ​ង​​ឆ្នាំ2016។ យ៉ាងណាមិញ ការនាំចេញពីប្រទេសកម្ពុជា​ទៅប្រទេសវៀតនៅមាន​ទំហំតូច​នៅ​​ឡើយ។ ជាក់ស្តែង​ការ​នាំ​ចេញរបស់កម្ពុជាទៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ2017 មាន​ចំនួន​ 342លានដុល្លារអាមរិក ធៀបនឹងការនាំចូលរបស់កម្ពុជា​ពីវៀតណាម ក្នុងឆ្នាំ2017 មាន​ចំនួនប្រមាណ 1.8ពាន់លានដុល្លារអាមេរិក​។

    ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់​ពី​វៀ​ត​ណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ2018 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី​គម្រោង​វិនិ​យោ​គ​​របស់ក្រុមហ៊ុនវៀតណាមចំនួន 75គម្រោងក្នុងទុន​វិនិយោគ​សរុបចំនួន​ប្រមាណ 2.4ពា​ន់​លានដុល្លារអាមេរិកដែលផ្តោតសំខាន់លើវិស័យ​កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

  • កម្ពុជាសង្ឃឹមដំណាំម្រេចមានទីផ្សារល្អ ខណៈកំពុងរៀបចំចូលក្នុងគោលនយោបាយជាតិ

    កម្ពុជាសង្ឃឹមដំណាំម្រេចមានទីផ្សារល្អ ខណៈកំពុងរៀបចំចូលក្នុងគោលនយោបាយជាតិ

    ក្រសួងពាណិជ្ជកម្ម បានរៀបចំផលិតផលម្រេចឱ្យទៅជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់តម្លៃ​ក្នុង​ការលក់ និងជួយដល់កសិករដាំ​ម្រេចផ្ទាល់ ជាពិសេសសមាគម និងសហគមន៍ម្រេចនៅតាមមូលដ្ឋាន និងអ្នកធ្វើការក្នុងវិស័យ​ម្រេចឱ្យមានទំនុកចិត្ដក្នុងការចាប់ដៃគូលក់ម្រេចនៅលើទីផ្សារក្នុង និងក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម។

    ឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅពេលដែលម្រេចត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយជាតិរួចហើយវានឹងងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយអាចជួយអភិវឌ្ឍកសិករអ្នកដាំដុះម្រេចនិងម្ចាស់អាជីវកម្មម្រេចនេះបានកាន់តែលឿនឡើង។ទន្ទឹមនេះក្រសួងពាណិជ្ជកម្មនឹងជួយផ្សព្វផ្សាយ ស្វែងរកដៃគូ និងការគាំទ្រពីស្ថាប័នជាតិនិងអន្ដរជាតិលើវិស័យម្រេចរបស់កម្ពុជាទៀតផង។

    ឯកឧត្តមបានបញ្ជាក់ថាមុននឹងរាជរដ្ឋាភិបាលដាក់បញ្ចូលម្រេចក្នុងគោលនយោបាយជាតិត្រូវតែមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធឱ្យរួចរាល់ជាមុនសិន ដើម្បីឈានទៅធ្វើការរៀបចំជាឯកសារដាក់ឆ្លងទៅប្រមុខរាជរដ្ឋាភិបាលហើយឆ្លងសេចក្ដីសម្រេច និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្ដី ដូច្នេះអ្នករកស៊ីលើវិស័យដំណាំម្រេចនៅកម្ពុជាអាចនឹងមានទីផ្សារល្អ នាពេលខាងមុខ។

    លោករដ្ឋលេខាធិការរូបនេះបានសង្កត់ធ្ងន់ដែរថាគោលនយោបាយម្រេចនេះកំពុងតែពិភាក្សាជាចុងក្រោយជាមួយអន្ដរក្រសួង សមាគម សហគមន៍និងសហព័ន្ធម្រេច ដើម្បីឈានទៅបញ្ចប់ និងប្រមូលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធបន្ទាប់មករៀបចំ​ឯកសារដាក់ជូនប្រមុខរាជរដ្ឋាភិបាលនាពេលឆាប់ៗនេះ។

    លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា ការរៀបចំបង្កើតគោលនយោបាយថ្នាក់ជាតិសម្រាប់ផលិតផលម្រេចនេះគឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដោះស្រាយរួមគ្នាលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងពេលអនាគតដើម្បីប្រមូលនូវធាតុចូលក្នុងការផ្ដល់នូវឱកាសប្រមូលធាតុចូល កត្ដាប្រឈមនិងបង្កើនការនាំចេញម្រេចនៅលើទីផ្សារអន្ដរជាតិ ព្រមទាំងលើកកម្ពស់គុណភាពម្រេចកម្ពុជាផងដែរ។

    លោកឧកញ៉ាបានស្វាគមន៍ចំពោះការរៀបចំយន្ដការរបស់រាជរដ្ឋាភិបាលក្នុងការដាក់​បញ្ចូល​ម្រេចក្នុងគោលនយោបាយជាតិដែលនឹងជំរុញឱ្យមានការនាំចេញម្រេចជាផ្លូវការដែល​សហព័ន្ធម្រេចអាចមានឱកាសពិភាក្សារួមគ្នាលើចំណុចត្រូវដោះស្រាយបន្ទាន់រយៈពេលខ្លី មធ្យមនិងរយៈពេលវែង ដើម្បីធានាបាននូវការដោះស្រាយបញ្ហាប្រឈមឬការនាំចេញ​ម្រេចទៅកាន់ទីផ្សារអន្ដរជាតិឱ្យទទួលបានជោគជ័យ។

    សូមបញ្ជាក់ថា គោលនយោបាយម្រេចនេះនឹងកំណត់រយៈពេល 5ឆ្នាំចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2023ដើម្បីអនុម័តជាផ្លូវការលើគោលនយោបាយម្រេច មុននឹងយកទៅប្រើប្រាស់​ជាផ្លូវការដែលរាជរដ្ឋាភិបាលនឹងចូលរួមជួយជ្រោមជ្រែងលើផលិតផលម្រេចនេះឱ្យមានទីផ្សារត្រឹមត្រូវ និងលើកកម្ពស់តម្លៃឱ្យមានស្ថិរភាព៕

  • WinIon ផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមាន 7ស្រទាប់

    WinIon ផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមាន 7ស្រទាប់

    វីុនអុីយ៉ុង ៖ គឺជា​សំឡី​អនាម័យ​ដែលមាន​គុណភាព​ខ្ពស់ ផលិត​តាម​ស្តង់ដា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ការពារ និង​ព្យាបាល​បញ្ហា​រោគ​ស្ត្រី។ អត្ថប្រយោជន៍​របស់​សំឡី​អនាម័យវ៉ី​នអុីយ៉ុង មានដូចជា បំបាត់​ក្លិន​មិនល្អ បំបាត់​ភាព​ហេវ​ហត់​អស់កម្លាំង បង្កើន​តុល្យភាព​អ័រម៉ូន កាត់បន្ថយ​ស្ត្រេ​ស បង្កើន​កម្រិត មេ​តា​ប៉ូលីស (ប្រព័ន្ធ​រំលាយ​អាហារ) ព្យាបាល​រលាក រមាស់ បំបាត់​មេរោគ និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ។

    មុខងារសំខាន់ៗរបស់​សំឡី​អនាម័យ វ៉ី​នអុីយ៉ុង
    1. ពណ៌​បៃតង​ មាន24បន្ទះ ប្រើ​បាន​ទាំង​ស្ដ្រី និង​បុរស សម្រាប់​ការពារ ព្យាបាល និង​សម្លាប់​មេរោគ​ប្រចាំថ្ងៃ ប្រើ​បាន​រយៈពេល12ម៉ោង​ក្នុង1បន្ទះ។
    2. ពណ៌​ខៀវ​ មាន8បន្ទះ ប្រើពេល​មក​រដូវ​ ពេល​ថ្ងៃ មាន​ប្រសិទ្ធភាព​ខ្ពស់​រយៈពេល6ម៉ោង មិនមាន​កង្វល់ មិន​ហប់ មិន​ជ្រាប​សើម និង​សម្លាប់​មេរោគ។
    3. ពណ៌​ស្វាយ​ មាន8បន្ទះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ពេញ​មួយ​យប់ មាន​ផាសុកភាព មិន​រមួល មិន​ជ្រាប និង​ជា​អ្នកសម្លាប់​មេរោគ​បាន​យ៉ាង​ល្អ។

    សំឡីអនាម័យជំនាន់ថ្មី វ៉ីនអីុយ៉ុង ត្រូវបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប មានស្រទាប់ការពារទាំង៧៖
    ស្រទាប់​ទី1 : ស្រទាប់ទន់ល្មើយ ជាស្បៃផ្លូវតែ១ ជ្រាបទឹកចូលយ៉ាងរហ័ស ហើយមិនជ្រាបចេញមកវិញ​ មានប្រសិទិ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយអាការៈអាលែកហ្សុី។
    ស្រទាប់​ទី2 : បន្ទះណេហ្គាទីវ អីុយ៉ុង ការពារកន្ទួលរមាស់ សម្លាប់មេរោគ ការពារមិនឱ្យរលាកស្បែក។
    ស្រទាប់​ទី3 និង​ទី5 : ជាសំឡីកប្បាសសុទ្ធ១០០%​ ដែលបានឆ្លងកាត់ការសម្លាប់មេរោគរួច ជាស្រេចដែលនៅរុំស្រោបលើក្រោមនៃស្រទាប់ទី៤។
    ស្រទាប់​ទី4 : ជាបន្ទះជែលប្រទាលកន្ទុយក្រពើធម្មជាតិ ១០០% ធ្វើឱ្យមានអារម្មណ៍ត្រជាក់ស្រស់ស្រាយ។
    ស្រទាប់​ទី6 : ជាស្រទាប់ ផលិតអំពីជំនៀរដើមរុក្ខជាតិ ដែលជាស្រទាប់ស្តើងមានរន្ធតូចៗសម្រាប់ឱ្យខ្យល់រត់ចេញចូលបាន និងមិនជ្រាបទឹក។
    ស្រទាប់​ទី7 : ជាប្រភេទកាវធម្មជាតិ ដែលគ្មានការរំខានដល់សាច់ក្រណាត់ខោទ្រនាប់៕