Author: ធឿន មករា

  • ពាក្យសម្ដី12ប្រយោគ លើកទឹកចិត្ត​កូន… គ្រា​ដែល​កូន​បាក់​ទឹកចិត្ត

    ពាក្យសម្ដី12ប្រយោគ លើកទឹកចិត្ត​កូន… គ្រា​ដែល​កូន​បាក់​ទឹកចិត្ត

    បើ​លោកឪពុក​អ្នក​ម្ដាយ​មើលឃើញថា កូន​សម្លាញ់​របស់​អ្នក​កំពុង​ធ្លាក់​ក្នុង​ភាព​សោកសៅ​ខូចចិត្ត មិនថាតែ​មាន​មូល​ហេតុដែល​បណ្ដាលមកពី​ការប្រឡង​ធ្លាក់ ការរៀនសូត្រ ឬ​សូម្បីតែ​កំពុងតែ​អស់សង្ឃឹម​ក្នុង​រឿង​អ្វី​ម្យ៉ាង​ក៏ដោយ​នោះ អ្នកគ្រូ ឆវី សូម​ណែនាំ​ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​បង្ហាញ​ពី​ការយល់​ចិត្ត​អាណិតអាសូរ​ឱ្យ​កូន​បាន​ឃើញថា អ្នក​កំពុង​ដឹងថា កូន​កំពុង​តែមាន​អារម្មណ៍​យ៉ាងម៉េច និង​កំពុងតែ​ខូចចិត្ត​ខ្លាំង​ប៉ុនណា។ សូម​អនុវត្តតាម​ប្រយោគ​ទាំង12ដូចខាងក្រោម​នេះ ៖

    1​. “យើង​នឹង​ដើរ​ឆ្លង​អារម្មណ៍​លំបាក​នេះ​ទៅ​ជាមួយគ្នា ណា៎​កូន​សម្លាញ់​ណា៎” : បន្ទាប់ពី​ដឹងថា​កូន​របស់​អ្នក​កំពុង​បាក់​ទឹកចិត្ត​ អ្នក​ត្រូវ​បង្ហាញ​ពី​ក្តីបារម្ភ​របស់​អ្នក​ចំពោះ​កូន រួច​សឹម​និយាយ​ជាមួយ​កូនសន្សឹមៗថា អ្វីដែល​កូន​បានធ្វើ​នោះ គឺ​ល្អ និង​ត្រឹមត្រូវ​ហើយ គ្មាន​អ្វីដែល​ត្រូវ​កង្វល់​ឡើយ អាច​នឹងមាន​ខកបំណង​ខ្លះ តែ​យ៉ាងហោចណាស់​ក៏​កូន​មិនបាន​នៅតែ​ម្នាក់ឯង​ដែរ។

    2. “កូន​ពូកែ​ណាស់…” : មិន​ថា​កូន​ទទួលបាន​និទ្ទេស​មិនល្អ ប្រឡង​មិនជា​ប់ ឬ​មិនបាន​ជាប់​លេខ1ក្ដី តែ​ទាំងអស់នោះ​មិនបាន​មានន័យថា ជីវិត​ទាំងមូល​របស់​កូន​នឹងត្រូវ​ចប់​នៅត្រឹម​ប៉ុណ្ណឹង​ទេ មែន​ទេ? បើ​អ៊ី​ចឹ​ង​ហេតុ​អី​បាន​យើង​ត្រូវ​ទៅ​តវ៉ា​ថាឱ្យ​កូន​ធ្វើ​អី? ម្យ៉ាងទៀត​កាលពី​សម័យមុន​យើង​អាច​នឹងធ្វើ​មិនបាន​ល្អ​ប៉ុន​កូន​ផង… ដូច្នេះ ជំនួស​ឱ្យ​ការបន្ថែម​ក្ដី​អស់សង្ឃឹម​ទៅ​កូន ហេតុ​អីយើ​ង​មិន​ប្ដូរ​មកជា​កោតសរសើរ​កូន​វិញ វា​មិនល្អ​ជាង​ឬ?

    3. “បំពេញ​តួនាទី​របស់​យើង​ឱ្យ​ល្អ​បំផុត រឿងល្អៗនឹង​កើតឡើង​ដោយ​ឯកឯង” : បើសិន​កូន​អស់សង្ឃឹម លែងមាន​កម្លាំងចិត្ត និង​មាន​អារម្មណ៍​ថា​អ្នកដទៃ​ធ្វើបាន​ល្អ​ជាង​ខ្លួន​នោះ ជំនួស​ឱ្យ​ការដែល​ឪពុកម្ដាយ​ចង់​ស្ដីបន្ទោស​បន្ថែម​ដោយ​ការយក​កូន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​នោះ ចូរ​សាកល្បង​ប្ដូរ​មកជា​និយាយ​ជាមួយ​កូន​ក្នុង​ជ្រុង​ដែលថា មនុស្សម្នាក់ៗមាន​សមត្ថភាព​ដោយឡែក​ពីគ្នា កូន​មិនចាំបាច់​ត្រូវយក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​នោះទេ ព្រោះ​មិន​ថា​យ៉ាងណាក៏ដោយ បើ​យើង​បាន​បំពេញ​តួនាទី​របស់​យើង​បានល្អ​បំផុត​ហើយ​នោះ ពេលនោះ​រឿងល្អៗដែល​យើង​ចង់បាន និង​កំពុង​រង់ចាំ​នោះ នឹង​មករក​យើង​ដោយ​ឯកឯង។

    4. “ចូរ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ឱ្យបាន​ច្រើន” : បង្រៀន​កូន ប្រាប់​ពួកគេ​ឱ្យ​យល់ថា មនុស្ស​យើងគ្រប់ៗគ្នា ទម្រាំ​នឹង​ចាប់ផ្ដើម​ធ្វើ​អ្វី​បាន​ម្យ៉ាង​នោះ ត្រូវតែ​យកឈ្នះ​ភាពភ័យខ្លាច​នៅក្នុង​ចិត្ត​ខ្លួនឯង​ឱ្យបាន​ជាមុនសិន ដូច្នេះ រឿង​ដែល​កូន​កំពុង​ធ្វើ​នោះ មិនមែនជា​រឿង​ងាយស្រួល​ទេ។ ទោះជា​ថ្ងៃនេះ​នៅ​មិនទាន់​ទទួលបាន​ជោគជ័យ​មែន តែ​ក៏​មិនបាន​មានន័យថា យើង​នឹងត្រូវ​មើលងាយ​ខ្លួនឯង​ដែរ ព្រោះ​អ្នក​ដែល​យកឈ្នះ​ចិត្ត​ខ្លួនឯងបាន គឺជា​អ្នក​ដែល​ពូកែ​បំផុត​ណា៎​កូន។

    5. “កុំ​និយាយថា មិនបាន បើ​មិនទាន់​គិត​ចាប់​ផ្ដើមធ្វើ” : ក្មេងភាគច្រើនច្រើនតែមាន​ពាក្យ​និយាយ​រត់មាត់​ថា “កូន​ធ្វើមិន​បានទេ” ដែល​ពាក្យសម្ដី​នេះ បើសិនជា​ឪពុកម្ដាយ​បណ្ដោយឱ្យ​កូន​ចេះតែ​និយាយ​ទៅជារឿយៗនោះ វា​ប្រៀបដូចជា ការបណ្ដុះ​គំនិត​របស់​កូន​ថាពួកគេ​មិនអាច​ធ្វើបាន ហើយ​វា​ក៏​នឹង​ក្លាយជា​បែប​នោះ​មែន។ ដូច្នេះ​ពាក្យសម្ដី​ផ្ដល់​កម្លាំងចិត្ត​កូន​ក្នុង​ស្ថានការណ៍​នេះ​គឺ “កូន​សម្លាញ់ កុំ​និយាយថា យើង​ធ្វើ​មិនបាន គ្មានអ្វី​ដែល​យើង​ធ្វើ​មិនបាន​នោះទេ គ្រប់យ៉ាង​ស្ថិត​លើ​ការចាប់ផ្ដើម និង​ការហ្វឹកហាត់​ដូចគ្នា​ទាំងអស់”។

    6. “ម៉ាក់​ជឿថា កូន​ធ្វើបាន” : ពេលណា​ក៏ដោយ​ដែល​កូន​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ពួកគេ​នឹងធ្វើ​បាន​នោះ ឪពុកម្ដាយ​តែងមាន​គំនិត​មួយ​ថា បើ​យើង​រឹតតែ​មើលងាយ​កូន បន្ទោស​កូនដដែលៗនោះ ពួកគេ​អាច​នឹងមាន​កម្លាំងចិត្ត​ខំប្រឹង​ឡើង រហូត​ធ្វើបាន​សម្រេច​យ៉ាងពិត​ប្រាកដ… តែ​នេះ​អាច​មិនមែនជា​គំនិត​ដែល​ស័ក្តិសម​សម្រាប់​ក្មេង​គ្រប់រូប​នោះទេ ដូច្នេះ​ជំនួស​ឱ្យ​ការដែល​យើង​នឹងធ្វើ​បែប​នោះ ហេតុអ្វី​យើង​មិន​សាកល្បង​ប្ដូរ​មកជាបង្ហាញ​នូវ​ភាពជឿជាក់​លើ​ខ្លួន​កូន​ជំនួស​វិញ ពិសេស​បំផុត​ជាមួយនឹង​ពាក្យ​ថា “ម៉ាក់​ជឿថា… កូន​ធ្វើបាន។ ខ្លីៗត្រឹមតែ​ប៉ុណ្ណឹង កូន​ក៏​នឹងមាន​កម្លាំង​ក្នុង​ការឈាន​ឆ្លង​ឧបសគ្គ​ដែល​នៅ​ពីមុខ​នោះបាន​បាត់ទៅហើយ។

    7. ពោល​ពាក្យ​អរគុណ​កូន : ក្នុងពេលខ្លះកូន​អាច​នឹងមាន​អារម្មណ៍​ចង់​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ឪពុកម្ដាយ​ខ្លះ​ដែរ តែ​ដោយ​ភាពជា​កូនក្មេង ទើប​ពួកគេ​មិនដឹងថា គួរ​នឹង​ចាប់ផ្ដើម​ពី​ត្រង់ណា ហើយតែងតែ​នឹក​តូចចិត្ត​ខ្លួនឯង​ដែល​មិនអាច​ជួយ​អ្វី​បាន ដូច្នេះ អ្វីដែល​ឪពុកម្ដាយ​គួរ​និយាយ និង​ធ្វើ​នោះ​គឺ ចាប់ផ្ដើម​ឱ្យ​កូន​បាន​ជួយ​ការងារ​ផ្ទះ​ក្នុង​រឿង​ណាមួយ។ ឧទាហរណ៍​ដូចជា លើក​ចាន និង​រៀបចំ​តុ​បាយ​ជាដើមនៅពេល​មើលឃើញថា កូន​អាចធ្វើ​បានសម្រេច​ហើយ ទោះជា​រឿង​តូចតាច​ក៏ដោយ ឪពុកម្ដាយ​គួរតែ​ពោល​ពាក្យ​អរគុណ​កូន ព្រមទាំង​កោតសរសើរ​ថា “នេះ​បើ​មិនបាន​កូន​ជួយ​ទេ ប៉ា និង​ម៉ាក់​ប្រហែលជា​មិនអាច​ធ្វើបាន​សម្រេច​ទេ អរគុណ​ណា៎​កូន​ណា៎។

    8. លើក​ឧទាហរណ៍​ជា​ស្ថានការណ៍​ឱ្យ​កូន​បានឃើញ​ទិដ្ឋភាព​ដែល​កាន់តែ​ងាយ​យល់​ឡើង : ឧទាហរណ៍​ដូចជា កូន​មានការ​ភ័យខ្លាច​ក្នុងការ​ត្រូវ​នៅតែ​ម្នាក់ឯង​ក្នុង​បន្ទប់ងងឹត។ ជំនួស​ឱ្យ​ការដែល​ឪពុកម្ដាយ​ចង់​និយាយថា “ខ្លាច​ស្អី!? រឿងស្រួលៗប៉ុណ្ណឹង​សោះ ខ្លាច​ស្អី! ធំ​ឡើង​ធ្វើការ​រកស៊ី​ស្អី​កើត​ទៅ?!”… តែ​លោកឪពុក​អ្នក​ម្ដាយ​គួរតែ​និយាយ​នូវ​ប្រយោគ​ដែលមាន​ប្រយោជន៍ ដូចជា​ថា កូន​ឃើញ​ទ្វារ​នៅត្រង់​នោះទេ តើ​កូន​ដឹង​ទេ​ថា​មាន​អ្វី​នៅ​ខាងក្រោយ​ហ្នឹង? បើ​មិនដឹង និង​មិនដែល​ឃើញ​មាន​អ្វី​ទេនោះ ហេតុ​អី​កូន​ត្រូវ​ខ្លាច? ព្រោះថា បើ​កូន​នៅតែ​កើតមាន​ក្ដី​ភ័យខ្លាច​បែបនេះ កូន​នឹងត្រូវ​ស្ថិត​នៅតែ​ត្រង់​ហ្នឹង នៅតែ​ក្នុង​ទីកន្លែងដដែលៗ កូន​នឹង​គ្មាន​ឱកាស​បានដឹង ឬ​បានឃើញ​ពន្លឺ​ភ្លឺ​ដែល​នៅ​ពីក្រោយ​ទ្វារ​នោះឡើយ ដូច្នេះ​បើ​កូន​ចង់ឃើញ កូន​ត្រូវតែ​ឈាន​ឆ្លង​ឱ្យ​ផុត​ក្ដី​ភ័យខ្លាច​នេះ​ទៅឱ្យ​បាន។

    9. “កូន​កំពុង​គិត​អីហ្នឹង?” : បើ​កូន​កំពុងតែ​សោកសៅ ស្រងូតស្រងាត់ អង្គុយ​រលីងរលោង​ទឹកភ្នែក​តែម្នាក់ឯង បើ​លោក​អ្នកឃើញ​បែប​នោះ សូមកុំ​ដើរគេច​ចេញពី​កូន​ជាដាច់ខាត។ ចូរ​លោកឪពុក​អ្នក​ម្ដាយ​សម្ដែង​ចេញ​ដោយ​ការចូលទៅ​និយាយ​ជាមួយ និង​សួររក​ការពិត​ពី​កូន​យ៉ាងសន្សឹមៗថា តើ​គេ​កំពុងតែ​គិតពី​អ្វី? ខ្លាច​អ្វី​ម្យ៉ាង ឬ​មិនមែន​ទេ? បើ​មែន ចូរ​លោកឪពុក​អ្នក​ម្ដាយ​លួងលោម​សួរ​កូន ព្រមជាមួយ​សាកល្បង​ធ្វើតាម​ពាក្យ​ណែនាំ​តាម​ចំណុចផ្សេងៗរបស់​អត្ថបទ​នេះ​ល​មើល៍ ជួនកាល​អាច​នឹង​រក​ឃើញ​ចំណុច​ដែល​ត្រូវ​ដូច​ចិត្ត និង​អាច​ប្រើ​ជា​ពាក្យសម្ដី​ដើម្បី​លើកទឹកចិត្ត​កូន​ក៏​អាច​ថា​បានដែរ។

    10. “ទៅរក​អី​លេង ឬក៏​ទៅ​អាន​សៀវភៅ​ជាមួយគ្នា ល្អ​ដែរ​ទេ​កូន?” : ការរស់នៅ​ក្នុង​សភាពបរិស្ថានដដែលៗ ក៏​អាច​បង្ក​ឱ្យ​កើត​ភាព​ធុញថប់​តានតឹង និង​ក្ដីកង្វល់​ចិត្ត​របស់​កូន​ចាប់ផ្ដើម​មាន​ច្រើនឡើង​បានដែរ។ ការនិយាយ​បបួល​កូន​ឱ្យទៅ​រួម​ធ្វើ​កិច្ចការងារផ្សេងៗ ឬ​សូម្បីតែ​ការនាំ​កូន​ចេញ​មកឱ្យ​ផុតពី​ចំណុច​ត្រង់នោះ ក៏​អាចជួយ​ធ្វើឱ្យ​កូន​មាន​អារម្មណ៍ល្អ​ឡើង​បាន​ដោយ​មិន​ពិបាក​ដែរ។

    11. “គ្មាន​អ្នកណា​ដែល​មិន​ធ្លាប់​ដួល​នោះទេ” : កូន​កំពុង​ខកបំណង អស់សង្ឃឹម ខូចចិត្ត​ជាមួយនឹង​អ្វីដែល​ពួកគេ​ខំប្រឹង​ព្យាយាម​យ៉ាង​ពេញទំហឹង​ហើយ តែ​មិនបាន​សម្រេច។ ក្រៅពី​ការ​លួងលោម​កូន​ហើយ​នោះ ចង់ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​សាកល្បង​ប្រាប់​ទៅ​កូន​ល​មើលថា “កូន​សម្លាញ់… មនុស្ស​ដែល​កូន​មើលឃើញថា ពួកគេ​ជា​អ្នកមាន ពួកគេ​ទទួលបាន​ជោគជ័យ​នោះ កូន​ដឹង​ទេ​ថា គេ​ត្រូវ​ជួបនឹង​សេចក្ដី​ខកបំណង អស់សង្ឃឹម ខូចចិត្ត​យ៉ាងច្រើន​ប៉ុនណា ទម្រាំ​នឹង​ឈាន​មកដល់​ចំណុច​នេះ​បាន ដូច្នេះ​បើ​យើង​ចង់​ទទួលបាន​ជោគជ័យ ទោះជា​ដួលរលំ​ទីង​ណាត់​ទីង​ណែ​ង​ប៉ុន្មាន​ដង​ក៏ដោយ បើ​យើង​មាន​ក្ដី​ពុះពារ​ព្យាយាម ភាពជោគជ័យ​នឹង​ស្ថិតនៅ​ក្បែរ​ខ្លួន​យើង​ជានិច្ច។

    12. “កំហុស គឺជា​គ្រូ” : អធិប្បាយ​ពន្យល់​ឱ្យ​កូន​បាន​យល់ថា សេចក្ដី​អស់សង្ឃឹម ខកបំណង គឺជា​លោកគ្រូ​ដែល​នឹង​មកជួយ​បង្ហាត់បង្រៀន​យើង​ឱ្យបាន​ស្គាល់​ពី​ជីវិត​កាន់តែ​ច្រើនឡើង។ គ្មានអ្វី​ដែល​នឹង​សុខ​សមបំណង​គ្រប់យ៉ាង​នោះទេ ដូច្នេះ ចូរ​ត្រេកអរ​ដែល​ថ្ងៃនេះ​យើង​មានឱកាស​បាន​ស្គា​ល់វា(កំហុសឆ្គង)។ “ជំនួស​ឱ្យ​ការដែល​យើង​គិតតែ​ពី​បន្ទោស​ខ្លួនឯង គិត​ច្រើន តូចចិត្ត និង​លង់​នៅតែ​ជាមួយ​រឿង​មួយ​នោះ ហេតុអ្វី​បានកូន​មិន​សាកល្បង​យក​រឿង​នោះមក​ធ្វើជា​មេរៀន មក​ធ្វើជា​គ្រូ ដើម្បី​កុំឱ្យ​យើង​បានធ្វើ​ខុស​ក្នុង​រឿងដដែលៗទៀត?” បើសិនជា​លោកឪពុក​អ្នក​ម្ដាយ​អាច​នាំយកប្រយោគ​លើកទឹកចិត្ត​ទាំង12 ដែល​បាន​រៀបរាប់​មក​ដូចខាងលើ​នេះ​មក​កែច្នៃ​ប្រើ​ជាមួយកូនៗនោះ កូនៗច្បាស់​ជា​នឹង​លែងមាន​អារម្មណ៍​ភ័យខ្លាច ឬ​កង្វល់​ចិត្ត​តទៅទៀត​ជាមិនខាន៕

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយ ដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាងមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ… ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនតូចបៅដោះបាន តាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមស នឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេល កូនបៅទឹកដោះម្ដាយ ចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិលដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡា ក៏អាចឱ្យកូនតូចបៅដោះបានតាមប្រ្រកតី គ្រាន់ តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិល ទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់ត្រូវញ៉ាំថ្នាំអ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើ​ម្បី​ព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗដូចជា ផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក​់ដល់ ម្ដាយ និងកូន​​​​តូច​ឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន(Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញ​កូនតូចឡើង​ពណ​៌​លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយមិនមានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះនោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនស្រាប់ហើយ។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​

  • Mazda ត្រៀម​ផលិត​រថយន្ត​ប្រើ​ចរន្តអគ្គិសនី​ដំបូង​បំផុត​របស់ខ្លួន

    Mazda ត្រៀម​ផលិត​រថយន្ត​ប្រើ​ចរន្តអគ្គិសនី​ដំបូង​បំផុត​របស់ខ្លួន

    ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​កំពូល​មួយ​របស់​ជប៉ុន Mazda Motor Corporation ដែល​ភាគច្រើន​គេ​និយម​ហៅថា Mazda ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ចេញផ្សាយ​ថា នៅ​ឆ្នាំ2020 ក្រុមហ៊ុន​មួយ​នេះនឹង​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់រ​ថ​យន្ត​ប្រើ​ចរន្តអគ្គិសនី​ជំនាន់​ថ្មី និង​ដំបូង​បំផុត​របស់ខ្លួន។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mazda ប្រចាំ​ទ្វីបអឺរ៉ុប​ លោក Jeff Guyton បានបញ្ជាក់ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ខាងលើ​នេះដែរ​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Automotive ថា “រថយន្ត EV ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ2020 នឹងត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទាល់​របស់ Mazda ពោលគឺ មិន​ប្រើ​បច្ចេកវិទ្យា​រួម​របស់​ក្រុមហ៊ុន Toyota និង​Denso ឡើយ។

    លោក Jeff Guyton បានបញ្ជាក់​បន្ថែមទៀត​ថាសម្រាប់​បច្ចេកវិទ្យា​រួម​ដែល​យើង​កំពុង​ប្រើ​ជាមួយ​ក្រុមហ៊ុន Toyota និង​Denso នឹងត្រូវ​យកទៅ​ប្រើប្រាស់​ជាមួយ​រថយន្ត​ប្រភេទ​ផ្សេង​ក្រោយ​ទៀត ហើយ​នៅពេលនេះ​ក្រុមហ៊ុន Mazda កំពុង​រៀបចំ​គម្រោង​ផលិត​រថយន្ត​ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល mild-hybrid ដោយ​ប្រើប្រាស់ Skyactiv-X ជំនាន់​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​ដោយ​ការផលិត​នៅ​ទ្វីបអឺរ៉ុប៕

  • ទូរស័ព្ទ iPhone មួយចំនួន​ជួប​បញ្ហា​អត់​សេវា ក្រោយពេល Update iOS 12.1.2

    ទូរស័ព្ទ iPhone មួយចំនួន​ជួប​បញ្ហា​អត់​សេវា ក្រោយពេល Update iOS 12.1.2

    ប្រហែលជា 2សប្ដាហ៍​កន្លងទៅនេះ ក្រុមហ៊ុន Apple បាន​តម្រូវឱ្យ​អ្នកប្រើប្រាស់ iPhone ធ្វើការ Update ពី iOS 12.1.1 ឡើងទៅ iOS 12.1.2 ដើម្បី​ជួសជុល​នូវ​ចន្លោះប្រហោង និង​ចំណុច​ខ្វះខាត​មួយចំនួន ប៉ុន្តែ​ក្រោយពី Update រួច ស្រាប់តែ​កើតមាន​បញ្ហា​ជាច្រើន​ទៅវិញ។

    ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើន​បាន​ជួប​បញ្ហាដូចជា iPhone ទូរស័ព្ទ​លែងមាន​សេវា មិន​ស្គាល់ ​Wireless​មិន​ស្គាល់​ស៊ីម​កាត រួម​នឹង​បញ្ហា​មួយចំនួនទៀត។

    យោងតាម​ការចេញផ្សាយ​របស់​ទស្សនាវដ្ដី Forbes បានឱ្យដឹងថា iOS 12.1.2 បាន​បន្ថែម​នូវ​សមត្ថភាព​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​ខ្លាំង​ជាង​មុន ប៉ុន្តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា​អតិថិជន​មួយចំនួន​បាន​ជួប​នូវ​បញ្ហា​ខាងលើនេះ​ទៅវិញ។

    សម្រាប់​បញ្ហា​នេះ​ផងដែរ អ្នកប្រើប្រាស់​ដែល​ជួប​ផ្ទាល់ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា ពួកគាត់​បាន​ព្យាយាម​ធ្វើ​ការបិទ-បើក​ទូរស័ព្ទ​ជាច្រើន​ដង ជាពិសេស​គឺ​បាន​ដក-ដាក់​ស៊ីម​កាត​មិនតិចជាង 5ដង​នោះទេ​ក្នុងម្នាក់ៗ ប៉ុន្តែ​លទ្ធផល​ដែលទទួលបាន គឺ​ទូរស័ព្ទ​នៅតែ​អត់​មាន​សេវា​ដដែល។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ ខាង​ក្រុមហ៊ុន Apple មិនទាន់​បានចេញ​សេចក្ដីប្រកាស ឬ​ណែនាំ​ណាមួយ​នៅឡើយ ហើយ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ស្រុក​ខ្មែរ​ផ្ទាល់​ក៏​នៅ​មិនទាន់​ជួប​ករណី​នេះដែរ៕

  • កាដូ​ដើមឆ្នាំ2019 ពលរដ្ឋ​កម្ពុជា​ត្រៀមខ្លួន​ប្រើប្រាស់​អគ្គិសនី​ដែល​រដ្ឋាភិបាល​រៀបចំ​បញ្ចុះតម្លៃ

    កាដូ​ដើមឆ្នាំ2019 ពលរដ្ឋ​កម្ពុជា​ត្រៀមខ្លួន​ប្រើប្រាស់​អគ្គិសនី​ដែល​រដ្ឋាភិបាល​រៀបចំ​បញ្ចុះតម្លៃ

    នៅ​ថ្ងៃទី31 ខែមករា ឆ្នាំ2019ខាងមុខនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​ថា​តម្លៃ​ភ្លើង​នឹង​ចុះ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាល​តម្លៃ 740រៀល​ក្នុង 1គីឡូវ៉ាត់​នឹង​ដំណើរការ​នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​គោរព​ទៅតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បានដាក់​ចេញ​ឱ្យ​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​ចាប់ពី​ថ្ងៃ1 ខែមករា ឆ្នាំ2019។

    ឯកឧត្តម កែវ រតនៈ បាន​មានប្រសាសន៍ថា៖“អគ្គិសនី​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ច្រើន​លើ​បញ្ហា​នៃ​ការផ្តល់សេវា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខុន​ដូ។ សម្រាប់​ខុន​ដូ ភ្លើង​ផ្គត់ផ្គង់​ដោយ​ឯកជន​ចែកចាយ​បន្ត​មានតម្លៃ​ចាប់ពី 1,500រៀល​ទៅ2,000រៀល ហើយ​បញ្ហា​នេះ​យើង​បាននិងកំពុង​ប្រជុំ​ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារតែ​អគ្គិសនី​កម្ពុជា​ជា​អ្នកលក់​ភ្លើង ជា​អ្នកផ្តល់សិទ្ធិ​ចែកចាយជា​អ្នកមាន​សិទ្ធិ​ចែកចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី”។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឯកឧត្តម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ-សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក្នុងការ​ធ្វើបញ្ជី​តូប និង​វិក្កយបត្រ​ភ្លើង​នៅក្នុង​ផ្សារនីមួយៗ ដើម្បី​យើង​ធ្វើសំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ក្រសួង​ពាក់ព័ន្ធ​ដែរ។ នៅពេល​សំណើ​នេះ​ចុះ​មកវិញ យើង​នឹង​អនុវត្ត​តម្លៃ​ភ្លើង​ទៅតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

    ឯកឧត្តម កែវ រតនៈ បាន​បញ្ជាក់ថា ការអនុវត្ត​នេះក្រុមការងារ​ក្រោម​ការសហការ​ពី​អាជ្ញាធរ​រាជធានី​នឹងធ្វើ​ឱ្យបាន​ជោគជ័យ​យ៉ាងយូរ​ក្នុង​សប្តាហ៍​ទី3 នៃ​ខែមករា ឆ្នាំ2019ខាងមុខ ដោយ​អគ្គិសនី​នឹងត្រូវ​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាលគឺ 740រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ តែ​ផ្ទុយទៅវិញ​បើ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ក្នុង​ផ្សារ​នានា​មិន​អនុវត្តតាម យើង​នឹង​បិទ​អាជីវកម្ម​នោះ​តែម្តង។ ឯកឧត្តម​បន្ថែមទៀតថា នៅ​ឆ្នាំ2019នេះ យើង​នឹង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បីឱ្យ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញក៏បាន​ជំរុញ​ឱ្យ​ផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ​ភ្លើង​រដ្ឋ​ចូល​ផ្សារ​នេះ​ឱ្យបាន​លឿន។ ពោលគឺ​អាចឱ្យ​អាជីវករ​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​យ៉ាងយូរ​នៅ​ថ្ងៃទី31 ខែមករា ឆ្នាំ2019 ទៅតាម​អនុសាសន៍​របស់​សម្តេច​ត​េជោ។

    លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា៖“អាជីវករ​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ភ្លើង​តម្លៃ​រដ្ឋ​ដូចគ្នា។ ប៉ុន្តែ​តម្លៃ​ខាតបង់​យ៉ាងម៉េច យើង​ជា​អ្នក​ប៉ះប៉ូវ​ចំពោះ​ក្រុមហ៊ុន​ឯកជន។បញ្ហា​រៀបចំ​បណ្តាញ​ភ្លើង​បើ​មិន​ប្រក្រតី អាជ្ញាធរ​ខណ្ឌ-សង្កាត់​ត្រូវ​ស្នើ​ទៅ​អគ្គិសនី​កម្ពុជា​ដើម្បីឱ្យ​គាត់​រៀបចំ។ ចំពោះ​គណៈកម្មការ​ផ្សារ​ត្រូវធ្វើ​របាយការណ៍​មក​ខណ្ឌ មក​រាជធានី ដើម្បី​យើង​រៀបចំ​បញ្ចុះតម្លៃ​ភ្លើង។ គណៈកម្មការ​ផ្សារ​ត្រូវ​មើល​ឱ្យ​មែនទែន ការឡើង​ថ្លៃ​ទឹក-ភ្លើង បើ​ផ្សារ​គ្រប់គ្រង​មិនបាន​ទេ​ប្រធាន​ផ្សារ​មាន​បញ្ហា​ហើយ ដោយ​នឹងត្រូវ​ដកចេញ និង​អាចដាក់​បញ្ចូល​សហគម​ន៍​ក្នុង​ផ្សារ​ឱ្យធ្វើជា​ប្រធាន​វិញ”។

    ឯកឧត្តម ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “ការដែល​អាជីវករ​ជា​ប្រជាពលរដ្ឋ ជា​អ្នកលក់ដូរ ដូច្នេះ​គាត់​ត្រូវ​ប្រើប្រាស់​ភ្លើង​តម្លៃ​រដ្ឋ​ដែរ ពោលគឺ​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ខាង​អគ្គិសនី​កម្ពុជា​នឹង​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាល​គឺ 740រៀល​ក្នុង​មួយ​គីឡូវ៉ាត់”។

    លោក​បញ្ជាក់ថា ការបញ្ចុះ​តម្លៃ​នេះ​ដោយ​សំអាង​ទៅលើ​អគ្គិសនី​កម្ពុ​ជាមាន​តារាង​តម្លៃ​ដែលមាន​វាយ​ត្រា​កំណត់​តម្លៃ​ដោយ​រាជរដ្ឋាភិបាល ដែល​គាត់​ចាត់ទុក និង​បាន​រាប់បញ្ចូល​អាជីវកម្ម​នៅតាម​ផ្សារ​ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដែល​ប្រភេទ​អាជីវ​កម្មនេះ ឆ្នាំ2019 នឹង​បញ្ចុះតម្លៃ​មក​នៅត្រឹម 740រៀល​ក្នុង 1គីឡូវ៉ាត់ម៉ោង។

    សូម​រំឭក​ដែរ​ថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រា​ស់វា​រី​អគ្គិសនី​សេ​សាន​ក្រោម2 ខេត្តស្ទឹងត្រែង​ថា (ឆ្នាំ2019) តម្លៃប្រើប្រាស់​អគ្គិសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹងត្រូវ​បញ្ចុះ​ថ្លៃ​ទៅតាម​ប្រភេទ​នៃ​ការប្រើប្រាស់នីមួយ។ ការបញ្ចុះ​ថ្លៃ​អគ្គិសនី​នេះ​មាន 6ប្រភេទ​ដូចខាងក្រោម៖

    – ប្រភេទ​ទី1 ការទិញ​តាម​ចរន្ត​តង់ស្យុង​ខ្ពស់ បច្ចុប្បន្ននេះ​គឺ​តម្លៃ 0.1240$/Kwh(503៛) និង​ចុះ​នៅត្រឹម 0.1170$/Kwh(470៛) នៅ​ឆ្នាំ2019 និង​ឆ្នាំ2020។ អ្នកទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ននេះ​តម្លៃ 0.1475$/Kwh(598៛) នឹង​ចុះ​ទៅដល់ 0.1350$/Kwh(547៛) និង​នៅ​ឆ្នាំ2019-2020/ 0.1330$/Kwh(539៛)។ អ្នកទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0.1260$/Kwh(511៛)នឹង​ចុះ​ដល់ 0.1220$/Kwh(495៛)និង​នៅ​ឆ្នាំ2019-2020 តម្លៃ​រក្សា​នៅ​ដដែល។

    – ប្រភេទ​ទី2 ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ​ដែល​បច្ចុប្បន្ន​មានតម្លៃ 0.1650$/Kwh(676៛)នៅក្នុង​រាជធានី​ភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាម​ខេត្ត នឹង​បញ្ចុះតម្លៃ​ត្រឹម 0.1470$/Kwh(595៛)នៅ​ឆ្នាំ2019 និង 0.1460$/Kwh(592៛)នៅ​ឆ្នាំ2020។

    – ប្រភេទ​ទី3 គឺ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0.1650$/Kwh(676៛)នៅ​ទីក្រុង​ភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាម​បណ្ដា​ខេត្ត នឹង​ចុះ​នៅត្រឹម ០.1590$/Kwh(645៛)នៅ​ឆ្នាំ2019 និង​បន្ត​ចុះទៅ​នៅត្រឹម 0.1580$/Kwh(640៛)នៅ​ឆ្នាំ2020។

    – ប្រភេទ​ទី4 ប្រភេទ​ប្រើប្រាស់​តាម​លំនៅស្ថាន ពី1 ដល់​10Kwh ក្នុង1ខែ ដែល​តម្លៃប្រើប្រាស់​បច្ចុប្បន្ន​នៅ​ភ្នំពេញ​គឺ 610៛/Kwh និង​តាម​ខេត្ត 480៛/Kwh នឹង​បញ្ចុះ​នៅត្រឹម 380៛/Kwh នៅ​ឆ្នាំ2019 និង2020 ។ ការប្រើប្រាស់​ចាប់ពី11 ដល់​50Kwh ដែល​តម្លៃប្រើប្រាស់​បច្ចុប្បន្ន​គឺ 610៛/Kwh នឹង​ចុះ​នៅត្រឹម 480៛/Kwh នៅ​ឆ្នាំ2019-2020។ ការប្រើប្រាស់​ចាប់ពី​51Kwh ដល់​200Kwh ក្នុង1ខែ ដែលតម្លៃប្រើប្រាស់​នៅ​ភ្នំពេញ​គឺ 770៛/Kwh និង​តាម​បណ្ដា​ខេត្ត 720៛/Kwh នឹង​ចុះ​នៅត្រឹម 610៛/Kwh នៅ​ឆ្នាំ2019-2020។លំនៅឋាន​ដែល​ប្រើប្រាស់​លើសពី 200Kwhក្នុង1ខែ ដែល​បច្ចុប្បន្ន​តម្លៃ 770៛/Kwh នៅ​ក្រុងភ្នំពេញ និង750៛/Kwh នៅតាម​ខេត្ត នឹង​ចុះថ្លៃ​នៅត្រឹម 740៛/Kwh នៅ​ឆ្នាំ2019 និង730៛/Kwh នៅ​ឆ្នាំ2020។

    – ប្រភេទ​ទី5 ការបូមទឹក​ក្នុង​វិស័យ​កសិកម្ម ចាប់ពី​ម៉ោង 9យប់ ដល់​ម៉ោង 7ព្រឹក​ដែល​ត្រូវ​បង់ 480៛/Kwh នឹង​នៅ​បន្ត​ក្នុងតម្លៃ 480៛Kwhដដែល។

    – ប្រភេទ​ទី6 ការប្រើប្រាស់​នៅតាម​សាលារៀន មន្ទី​រពេទ្យ មណ្ឌល​សុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​គឺ 770៛/Kwh នឹង​ចុះ​នៅត្រឹម 610៛/Kwh នៅ​ឆ្នាំ2019-2020។

    លោក វ៉ាង វិ​ន​ធៀន (Wang wentian) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី ប្រចាំ​នៅ​កម្ពុជា​បាន​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជាក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាពិសេស​សម្តេច​បានគិត​គូរ​អំពី​បញ្ហា​អគ្គិសនី​នៅ​កម្ពុជា រហូត​មានការ​បញ្ចុះតម្លៃ​ប្រើប្រាស់​ចាប់ពី​ដើមឆ្នាំ2019 នេះ​តទៅ៕

  • ការ​ពុះ​ដីឡូត៍​ផ្តល់​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​បង្ក​ផល​លំបាក​នៅ​ថ្ងៃ​អនាគត

    ការ​ពុះ​ដីឡូត៍​ផ្តល់​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​បង្ក​ផល​លំបាក​នៅ​ថ្ងៃ​អនាគត

    នៅពេល​បច្ចុប្បន្ន និន្នាការ​ពុះ​ដីឡូត៍​លក់​នៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញថា​កំពុងតែមាន​សកម្មភាព​ពុះកញ្ជ្រោល និង​ខ្លាំងក្លា​បំផុត ជាពិសេស​នៅ​ទិស​ខាងត្បូង​ឆៀង​ខាងលិច ដូចជា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 និង​ផ្លូវជាតិ​លេខ4 ជាដើម។

    លោក សាន ជី នាយក​ទីផ្សារ​ក្រុមហ៊ុន​សុវណ្ណ​ភូមិ រៀល​អ៊ី​ស្ទេ​ត ដែល​កំពុងតែ​មមាញឹក​ក្នុង​ការលក់​ដីឡូត៍​នៅក្បែរ​ផ្សារ​បែក​ចាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4 បាន​ប្រាប់ថា នាពេល​បច្ចុប្បន្ននេះ​មាន​អតិថិជន​ជាច្រើន​បាននិងកំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ទីផ្សារ​ដីឡូត៍​នេះ ព្រោះ​ការទិញ​ដីឡូត៍​នេះ​បានផ្តល់​ភាពល្អប្រសើរ​ជាច្រើន​ដល់​ពួកគាត់ ដូចជា​តម្លៃ​ដី​នៅ​ទាប​ដែល​សមជា​មួយ​លទ្ធភាព​របស់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម ជាពិសេស​ពួកគាត់​អាចមាន​ជម្រើស​ក្នុង​ការទិញ​ដោយ​ការបង់​ផ្តាច់​ជាមួយ​ក្រុមហ៊ុន ឬ​បង់​រំលស់​ជាមួយ​ធនាគារ​ក្នុង​រយៈពេល​វែង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដែល​វា​អាស្រ័យ​ទៅនឹង​ចំណូល​ប្រចាំខែ​របស់​ពួកគាត់។

    ដោយឡែក​ចំពោះ​អ្នក​ដែល​ទិញ​ដើម្បី​ទុក​លក់​យកចំណេញ​នៅពេល​អនាគត ក៏មាន​ឱកាស​ច្រើន​ក្នុងការ​ទទួលបាន​ភាគ​លាភ​ផងដែរ ជាក់ស្ដែង​ចំពោះ​ដីឡូត៍​ដែល​ក្រុមហ៊ុន​របស់លោក​កំពុងដំណើរការ​លក់​យ៉ាងសកម្ម​សព្វថ្ងៃនេះ ត្រឹមតែ​រយៈពេល​មួយខែ​យ៉ាងហោចណាស់​លក់​ចេញ​បាន​មិនតិចជាង 70ឡូត៍​នោះទេ ខណៈដែល​ដីឡូត៍​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ មានតម្លៃ​ជិត 2ម៉ឺនដុល្លារ​ ហើយ​ដីឡូត៍​ដែល​ស្ថិតនៅ​ខាងក្នុង​វិញ​មានតម្លៃ​ត្រឹមតែ​ជាង 10,000ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នេះ​រួមបញ្ចូល​ទាំង​ការដាក់​ប្រព័ន្ធ​លូ ទឹក​ភ្លើង ផ្លូវ​បេតុង​ជាដើម ដែល​អតិថិជន​ទិញ​រួចហើយ​អាច​សង់ផ្ទះ​នៅ ដោយ​មិន​ខ្វល់​ពី​កា​រត​ប្រព័ន្ធ​លូ ទឹក ភ្លើង​ដោយ​ខ្លួនឯង​នោះទេ។

    តែ​យ៉ាងណាក៏ដោយ ក៏​លោក​បាន​ព្រមាន និង​ផ្តាំផ្ញើ​ដល់​អ្នក​ដែលមាន​បំណង់​ចង់​ទិញ​ដីឡូត៍​មួយចំនួន​ផងដែរ​ថា មុនពេល​សម្រេចចិត្ត​ទិញ​ដីឡូត៍ គប្បី​មានការ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់ ដោយ​ត្រូវ​មើល​ពី​ទំហំ​ដី ទីតាំង ក៏ដូចជា​ប្រវត្តិ​របស់​ដី​ផង ដើម្បី​ចៀសវាង​មាន​បញ្ហា ព្រោះ​ដីឡូត៍​ខ្លះ​លក់​ក្នុង​តម្លៃថោក ប៉ុន្តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ ក៏ដូចជា​ការរៀប​ចំឯ​ក​សារ​ផង​នោះ គឺ​ធ្វើ​មិនសូវ​បាន​ត្រឹមត្រូវ​ទេ។ ជាមួយនឹង​ភាព​កក្រើក​នៃ​ទីផ្សារ​ពុះ​ដីឡូត៍​លក់​នេះ លោក គីម ហ៊ាង អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ទទួលស្គាល់ថា វា​ជា​ការល្អ​ចំពោះ​ទីផ្សារ​ដីឡូត៍​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ទីផ្សារ​ដីឡូត៍ វា​អាច​នឹង​បង្ក​ជា​បញ្ហា​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​អនាគត​ក៏​អាច​ថា​បានដែរ។ លោក គីម ហ៊ាង បាន​បញ្ជាក់ថា ជាការ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ដែលមាន​ចំណូល​តិច និង​ប្រាថ្នា​ចង់បាន​ដី​សាងសង់​លំនៅឋាន​រស់នៅ ទោះជា​ពួកគាត់​មាន​ចំណូល​តិច​មែន ប៉ុន្តែ​ក៏​គាត់​អាចមាន​ជម្រើស​ក្នុង​ការទិញ​ដើម្បី​សាងសង់​លំនៅឋាន ឬ​អាច​ទិញ​ដើម្បី​ចង់ទុក​លក់​បន្ត​យកចំណេញ​បានដែរ តែ​វា​អាច​បង្ក​ជា​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ ដែល​ផលប៉ះពាល់​នេះ​វា​អាច​នឹង​កើតមានឡើង​ក្នុង​រយៈពេល​ប្រមាណ 10ឆ្នាំ​ខាងមុខ ជាពិសេស​ដី​ដែល​ស្ថិតនៅ​ជាប់​នឹង​តំបន់​ជាយក្រុង ឬ​ទីប្រជុំជន​តែម្ដង។ អាស្រ័យ​ដូចនេះហើយ ទើប​រដ្ឋាភិបាល​ចេញ​ច្បាប់​គ្រប់គ្រង​ការអភិវឌ្ឍ​ដី និង​ចេញ​ជា​សារា​ចរណ៍​ណែនាំ​កាលពីពេល​កន្លងទៅថ្មីៗនេះ។

    យ៉ាងណាក៏ដោយ លោក គីម ហ៊ាង បានបង្ហាញ​ពី​ក្ដី​សង្ឃឹមថា តាមរយៈ​ការបង្កើត​ច្បាប់​ថ្មី​នេះ​អាច​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ច្បាប់​ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ការ​ពុះ​ដីឡូត៍​នេះ ដ្បិត​សកម្មភាព​នៃ​ការ​ពុះ​ដីឡូត៍ វា​បាននិងកំពុង​កើតមាន​រួចមកហើយ។ បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​មិន​ត្រឹមតែ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ3 ឬ​លេខ4 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តំបន់​ជាយក្រុង​ផ្សេងទៀត ដូចជា​នៅ​ជិត​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ51 ដី​នៅ​ផ្លូវ​ក្រវាត់ក្រុង​លេខ2 និង​លេខ3 ហើយ​និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ2 ចាប់ពី​ក្រុង​តាខ្មៅ​ឆ្ពោះទៅ​តំបន់​អភិវឌ្ឍន៍​ជ្រៃ​ធំ ក៏មាន​សកម្មភាព​ពុះកញ្ជ្រោល​ខ្លាំង​ដែរ ខណៈដែល​អាជ្ញាធរ​ខេត្តកណ្តាល​កំពុង​រៀបចំ​តំបន់​ព្រំដែន​ជ្រៃ​ធំ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កាស៊ីណូ និង​តំបន់​ពាណិជ្ជកម្ម​ឆ្លងដែន។

    ទោះជា​យ៉ាងណាក្ដី មុននឹង​ទិញ​ដីឡូត៍​នៅ​ទីតាំង​ណាមួយ​សម្រាប់​ទុក​លក់​យកចំណេញ ឬ​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់ខ្លួន អតិថិជន​គួរពិនិត្យមើល​ឱ្យ​ច្បាស់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ថា តើ​មាន​វា​សក្ដានុពល​អ្វី​ទៅ​ថ្ងៃ​អនាគត​ខ្លះ? តើ​អាច​ក្លាយជា​ទីប្រជុំជន មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ផ្លូវរដ្ឋ មាន​រោងចក្រ​ឧស្សាហកម្ម ផ្សារ​ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​នៅក្បែរនោះ​ដែរឬទេ? ប្រសិនបើ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចខាងលើ​នេះ វា​ប្រាកដជា​ផ្តល់ប្រាក់​ចំណេញ​ត្រឡប់មកវិញ ឬ​អាច​សង់ផ្ទះ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​នៅក្នុង​គ្រួសារ​មិន​ខាន ព្រោះ​កូន​អាចធ្វើ​ដំណើរ​ទៅ​សាលារៀន​បាន​ងាយស្រួល ពេល​ឈឺ​ថ្កាត់​មាន​មន្ទីរពេទ្យ​នៅក្បែរ ដល់​រដូវ​បុណ្យទាន​ងាយស្រួល​ទៅ​វត្ត​ធ្វើបុណ្យ​ជាដើម។ល៕

  • ធនាគារ CIMB ទទួលបានពានរង្វាន់អន្តរជាតិល្អបំផុតនៅកម្ពុជាពី Asiamoney

    ធនាគារ CIMB ទទួលបានពានរង្វាន់អន្តរជាតិល្អបំផុតនៅកម្ពុជាពី Asiamoney

    ធនាគារ CIMB  បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពីការឈ្នះបានពានរង្វាន់ «ធនាគារ​អន្តរជាតិ​ល្អបំផុតនៅកម្ពុជា» ពីទស្សនាវដ្តីហិរញ្ញវត្ថុ Asiamoney ប្រចាំឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី ០៣ ខែមករា​ឆ្នាំ២០១៩។ សន្និសិទសារព័ត៌មាននេះ មានការចូលរួមពីសំណាក់ លោក​ ប៊ុន យីន ប្រធាន​នាយក​​ប្រតិបត្តិរបស់ធនាគារ CIMB PLC លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB PLC និងលោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មធនាគារ CIMB PLC ព្រមអ្នក​សារព័ត័មានជាច្រើននាក់ផងដែរ។

    ថ្លែងក្នុងសន្និសិទសារព័ត៌មាននេះ លោក ប៊ុន យីន ប្រធាននាយក​ប្រតិបត្តិរបស់ធនាគារ CIMB PLC បានបង្ហាញពីសេចក្តីរីករាយ និងមោទនភាពដែលបានទទួលពានរង្វាន់ជាធនាគារជាតិល្អបំផុត​នៅ​កម្ពុជា ហើយលោកបានលើកឡើងថា ការឈ្នះពានរង្វាន់នេះ គឺជាភស្តុតាងបញ្ជាក់ពី​សក្តានុពល​​របស់ធនាគារ CIMB PLC អំពីគុណភាពសេវាកម្ម និងផលិតផលល្អរបស់ខ្លួននៅក្នុងទីផ្សារ​កម្ពុជា ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ជាអន្តរជាតិ ពីទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney។

    ក្នុងនោះដែរ លោក ប៊ុន យីន បានបន្ថែមថា កត្តាដែលទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney ជ្រើសយកមកធ្វើការវាយតម្លៃក្នុងការផ្តល់ពានរង្វាន់ «ធនាគារ​អន្តរជាតិ​ល្អបំផុតនៅកម្ពុជា»​ ដល់ធនាគារ CIMB PLC រួមមាន សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គលជាធនាគារអន្តរជាតិ បណ្ណឥណទាន សេវាកម្ម​ធ​នាគារជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា (Priority Banking) សេវាកម្មគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូរប្រាក់ ព្រមទាំង​អាជីវកម្មផ្សារទុនបង្វិល។ Asiamoney ក៏ផ្តល់ពិន្ទុ​បន្ថែមទៅលើធនាគារណាដែលអាចផ្តល់សេវាកម្ម​ឆ្លងប្រទេសផងដែរ។

    គួរបញ្ចាក់ផងដែរថា ធនាគារ CIMB បានរក្សានូវកំណើនជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ដែលប្រាក់ចំនេញមុនបង់ពន្ធរបស់ធនាគារបានកើនឡើងរហូតដល់ ៧ដង ពី២លាន​ដុល្លារ​អាមេរិច ក្នុងឆ្នាំ២០១៤ ដល់១៤លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៨។ ទ្រព្យសកម្មរបស់​ធនាគារបាន​កើន​ឡើងជាង២ដង ពី៣៥៣​លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៤ រហូតដល់៨៦៥លាន​ដុល្លារ​អាមេរិច​ក្នុងឆ្នាំ២០១៨។

    លើសពីនេះផងដែរ ធនាគារ CIMB បច្ចុប្បន្នមានទំហំឥណទាន និងប្រាក់បញ្ជើររបស់​ធនាគារ CIMB PLC ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ ៣២% និង ៣០% ពី ២០៩លានដុល្លារ​អាមេរិច និង២៦៥លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៤ រហូតដល់ ៥៥៥លានដុល្លារអាមេរិច និង៧០០លាន ដុល្លារ​អាមេរិច ក្នុងឆ្នាំ២០១៨៕

  • ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លែង​សូវ​រើ អាការ​នេះ​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង…

    ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លែង​សូវ​រើ អាការ​នេះ​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង…

    ស្ត្រី​មានគភ៌​ដែល​កំពុង​ជិត​គ្រប់​ខែ​គ្រប់រូប​ធ្លាប់​នឹក​ឆ្ងល់ ឬ​សង្ស័យ​ដែរឬទេ​ថា ការ​រើ​របស់​កូន​នៅក្នុង​ផ្ទៃ​អាច​បញ្ជាក់ប្រាប់​ពី​អាការផ្សេងៗបានជា​ច្រើន មិនថាតែ​អាការ​ជិត​ប្រសូត ឬ​សូម្បីតែ​អា​ការខុស​ប្រក្រតី​ដែល​កើតឡើង​ចំពោះ​ទារក​នៅក្នុង​គភ៌​ជាដើម។ ស្ត្រី​មានគភ៌ភាគច្រើនច្រើនតែ​មើលរំលង​អំពី​រឿងនេះ ឬ​អាច​កំពុង​នឹក​ឆ្ងល់​ថា តើ​កូនតូច​នៅក្នុង​ផ្ទៃ​ដែល​លែង​សូវ​រើ ពាក់ព័ន្ធ​នឹង​ភាពខុសប្រក្រតី និង​ជិត​ដល់ពេល​ប្រសូត​ឬទេ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​ជម្រាបជូន​អំពី​រឿង​ឱ្យ​បានដឹង​ទាំងអស់គ្នា។

    អាការ​ជិត​ប្រសូត គឺជា​យន្តការ​ធម្មជាតិ​របស់​រាងកាយ​ដែល​ធ្វើឱ្យ​អនាគត​អ្នក​ម្ដាយ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​មានការ​ប្រែប្រួលផ្សេងៗកើតឡើង ដើម្បី​នឹង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ប្រសូត​ដែល​នឹង​មកដល់​នាពេល​អនាគត​ដ៏ឆាប់ៗនេះ ហើយ​ដែល​ការ​រើ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នេះ​អាចពាក់ព័ន្ធ​នឹង​អាកា​រទាំង​នោះបាន។

    ពេល​ចូលដល់​រយៈពេល​ចុងក្រោយ​នៃ​ការតាំង​គភ៌ ឬ​ក្នុង​មិន​ប៉ុន្មាន​សប្ដាហ៍​ទៀត​មុន​ដល់ពេល​ប្រសូត នឹងមាន​អាការសំខាន់ៗមួយចំនួន​ដែល​អនាគត​អ្នក​ម្ដាយ​ត្រូវ​តាម​សង្កេតមើលដែល​មួយ​នៅក្នុង​នោះ​គឺ ការ​រើ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​ហ្នឹងឯង។ ដូច្នេះហើយ​ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​ស្ត្រី​មានគភ៌​រកឃើញថា កូន​រើ(ធាក់)តិចជាង​ប្រក្រតី​ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ការតាំង​គភ៌។ មូលហេតុ​នោះ​បណ្ដាលមកពី​ទារក​នៅក្នុង​គភ៌​មាន​ទំហំ​ខ្លួន​ធំ​ឡើង​រហូត​ពេញទី​តាំង​ក្នុង​ស្បូន​របស់​ម្ដាយ​ហ្នឹងឯង ទើប​ធ្វើឱ្យ​ការ​រើខ្លួន​របស់​កូនតូច​ប្រព្រឹត្តឡើង​រាង​ពិបាក​ជាងពេលមុន។

    ជា​ប្រក្រតី ទារក​នឹង​រើ​ខ្លាំង​ឡើងជារឿយៗរហូតដល់​គភ៌​ជិត​មាន​អាយុ 32សប្ដាហ៍។ ទារក​នឹង​រើ​ប្រមាណ​ជា 575ដង​ក្នុង​រយៈពេល 12ម៉ោង តែបើ​ពេលណា​ក៏ដោយ​ដែល​អាយុ​គភ៌​ចូលដល់​សប្ដាហ៍​ទី40ហើយ​នោះ ទារក​ក្នុង​គភ៌​រើ​នៅសល់​ត្រឹមតែ 282ដង​ក្នុង​រយៈពេល 12ម៉ោង​នោះអាការ​បែបនេះ​គួរឱ្យ​បារម្ភ​ខ្លាំងណាស់។ ក្រៅពីនេះ បើ​អាយុ​គភ៌​របស់​អនាគត​អ្នក​ម្ដាយ​មិនបាន​ស្ថិតក្នុង​ត្រីមាស​ចុងក្រោយ​ទេនោះ ចូរ​សង្កេតមើលថា តើ​អាការ​រើ​របស់​កូនតូច​គួរឱ្យ​បារម្ភ ឬក៏​អត់​នោះ​តាមរយៈ​រឿង​ខាងក្រោម​នេះ :
    – ក្នុង​រយៈពេល4ម៉ោង កូនតូច​រើ​មិន​ដល់ 10ដង។
    – បើ​ស្ត្រី​មានគភ៌​កត់ត្រា​ចំនួន​ការ​រើ​របស់​កូន​ជាប្រចាំ​រៀងរាល់ថ្ងៃ ហើយ​សង្កេតឃើញថា កូន​រើ​តិចជាង​មុន​ច្រើនខុសពី​ប្រក្រតី។
    – ក្នុង​រយៈពេល 4ម៉ោង​ដែល​រាប់​នោះ កូន​មិនមាន​រើ​សោះ ហើយ​ថែមទាំង​មាន​អាការ​ឈឺពោះ និង​មាន​ឈាម​ហូរ​ចេញ​មកពី​រន្ធ​ស្បូន​ផង។

    បើ​ស្ត្រី​តាំង​គភ៌​មាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ សូមកុំ​បង្អង់​យូរ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ហើយ​បើសិន​វា​ជា​ភាពខុសប្រក្រតី​មែន​នោះ តើ​អ្វី​គឺជា​មូល-​ហេតុដែល​ធ្វើឱ្យ​កូន​រើ​តិចជាង​មុន?

    1. ដូចដែល​បាន​ជម្រាប​មកពី​ខាងដើម​ហើយថា មូល​ហេតុដែល​ធ្វើឱ្យ​កូន​រើ​តិចជាង​មុន​នោះ​គឺ មួយ បណ្ដាលមកពី​អនាគត​អ្នក​ម្ដាយ​ស្ថិតក្នុង​អំឡុងពេល​ជិត​ប្រសូត ឬ​អាចមកពី​ការដែល​អនាគត​អ្នក​ម្ដាយ​តាំង​គភ៌​យូរ​ជ្រុល​ពេក​រហូត​ធ្វើឱ្យ​ហួស​កំណត់ពេល​ប្រសូត ជាហេតុ​ធ្វើឱ្យ​ទងសុក​របស់​ម្ដាយ​ចុះខ្សោយ​សមត្ថភាព​ទៅតាម​អាយុ​គភ៌​ដែល​កើន​ច្រើនឡើង អាហារ និង​អុក​ស៊ី​ហ្ស៊ែ​ន​ដែល​បញ្ជូន​តាម​ទងសុក​ទៅដល់​កូន​មាន​បរិមាណ​ថយចុះ។ បើសិនជា​ដូច្នោះ​មែន អាច​នឹង​ប្រថុយប្រថាន​ដល់​ជីវិត​របស់​ទារក​ក៏​ថា​បានដែរ។

    2. ប្រអប់​ស្បូន​របស់​ម្ដាយ​តូចចង្អៀត ធ្វើឱ្យ​ទារក​មិនអាច​កម្រើក​បាន​ដូច​កាលពី​ពេលមុន ឬ​អាច​បណ្ដាលមកពី​ភាពខុសប្រក្រតី​ណាមួយ​ចំពោះ​ទារក​ក្នុង​គភ៌​ធ្វើឱ្យ​មិនមាន​កម្លាំង​រើ។ បើ​ស្ត្រី​មានគភ៌​បណ្ដោយឱ្យ​ស្ថិតក្នុង​សភាព​បែប​នោះ​យូរ អាច​ប្រថុយប្រថាន​ដល់​ជីវិត​ទារក​ក្នុង​គភ៌។

    ដូច្នេះ មិន​ថា​មកពី​មូលហេតុ​អ្វី​នោះទេ ការលែង​សូវ​រើ ឬ​ការ​រើ​តិចជាង​មុន​របស់​កូន គឺជា​រឿង​ដែល​គួរឱ្យ​វិតក្ក​កង្វល់​ទាំងអស់ ព្រោះ​បើសិន​វា​ជាស​ភាវ​ជិត​ប្រសូត​មែន​នោះ អនាគត​អ្នក​ម្ដាយ​ក៏​គួរ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាំ​ទប់-​ទល់នឹង​អាការ​ជិត​ប្រសូត​នេះ​ផង តែ​បើសិនជា​កូនតូច​ក្នុង​ផ្ទៃ​មិនសូវ​រើ ឬ​រើ​តិចជាង​មុន ទាំង​អាយុ​គភ៌​មិនបាន​ស្ថិតក្នុង​សភាវ​ដូចខាងលើ​នោះ ចូរ​កុំ​នៅ​បង្អង់​យូរ ព្រោះ​អាការ​នោះ​អាចរាប់បាន​ថា​ជា​អាការ​មួយ​ដែល​អាច​សន្និដ្ឋានបានថា មាន​ភាពខុសប្រក្រតី​អ្វី​ម្យ៉ាង​កើតឡើង​ចំពោះ​ទារក​ហើយ៕

  • នៅពេល​ខ្ញុំ​តាំង​គភ៌​ ចូលដល់​ខែ​ទី8

    នៅពេល​ខ្ញុំ​តាំង​គភ៌​ ចូលដល់​ខែ​ទី8

    មកដល់​ខែ​ទី8នេះ វិវឌ្ឍនាការ​របស់​ទា​រក​នៅក្នុង​គភ៌ ខ្លួន​នឹង​វែង​ឡើង​ប្រមាណ​ជា18អី​ុ​ញ មាន​ទម្ងន់​ខ្លួន​ប្រមាណ​ជា2,000 – 2,500ក្រាម ក្បាល​ធំ​ពេញទំហឹង​ហើយ។ ទារក​អាច​ឮសូរ​សំឡេង និង​មើលឃើញ​បាន​ហើយ អវយវៈ​ខាងក្នុង​ពេញលេញ​ឥតខ្ចោះ និង​ចាប់ផ្ដើម​ធ្វើការ​ហើយ លើកលែងតែ​សួត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់​ពេញលេញ​ល្អ 100%។

    ក្នុង​ខែ​ទី8នៃ​ការតាំង​គភ៌​នេះ នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អនាគត​អ្នក​ម្ដាយ​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ៖
    – ទារក​ក្នុង​គភ៌​នឹង​រើ​ខ្លាំង​ឡើង និង​ទៀងពេល​ជាប់លាប់។
    – អនាគត​អ្នក​ម្ដាយ​អាច​នឹង​កើតមាន​អាការ​ទល់លាមក​ញឹកញាប់​ច្រើនឡើង។
    – អាចមាន​អាការ​ឈឺផ្សារ​ក្នុង​ក្រពះ អាហារ​មិន​រំលាយ និង​ហើមពោះ​ជាដើម។
    – ឈឺក្បាល​ម្ដងម្កាល ស្រវាំងភ្នែក និង​អាច​កើត​ខ្យល់គ​ញឹកញាប់​ទៀតផង។
    – តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​ច្រមុះ និង​ហ៊ឹង​ត្រចៀក។
    – ងាយ​មាន​ឈាម​ចេញមក​តាម​ជើងធ្មេញ​ជាង​ប្រក្រតី ពេល​ដុស​សម្អាត​ធ្មេញ។
    – កើត​ប្រគ្រីវកាច់​នៅលើ​ជើង​ញឹកញាប់។
    – ហើម​កជើង និង​ខ្នងជើង អាចមាន​ហើម​នៅលើ​មុខ និង​ដៃ​ផងដែរ។
    – រមាស់​នៅលើ​ស្បែក​ក្បាលពោះ។
    – មាន​អា​ការឈឺ​ខ្នង។
    – មាន​អាការ​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    – កើត​ឫសដូងបាត​ញឹកញាប់ ឬ​ងាយ​កើត​ជាង​ប្រក្រតី។
    – ដកដង្ហើមខ្លីៗ និង​ពិបាក​ដកដង្ហើម។
    – គេង​មិន​លក់ ឬ​គេង​លក់​មិន​ពេញភ្នែក។
    – ស្បូន​នឹង​បង្រួញ​ខ្លួន​ញឹកញាប់​ជាង​មុន។
    – អ៊ីកអ៊ាក និង​ប្រថុយប្រថាន​នឹង​ការ​រអិលដួល គួរ​បង្កើន​ការប្រយ័ត្នប្រយែង​ឱ្យ​ខ្លាំង​ជាពិសេស។
    – មាន​ទឹកដោះ​ពណ៌លឿងៗហូរ​ចេញ​មកពី​ក្បាល​សុដន់។
    – ឆាប់​ភ្លេច​ច្រើនជាង​មុន។
    – រំភើប ញាប់​ញ័រ និង​វិតក្ក​កង្វល់។

    រឿង​ដែល​គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​ចង់ឱ្យ​អ្នកធ្វើ​ក្នុងអំឡុង​ខែ​នេះ មានដូចជា ៖
    1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យ​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​ក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​ទារក​ក្នុង​ផ្ទៃ។
    4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ស្បូន ដោយ​ការពិនិត្យ​បរិវេណ​ក្បាលពោះ។
    5. កម្ពស់​របស់​ស្បូន។
    6. អាការ​ហើម​នៅលើ​ដៃ និង​ជើង និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    7. អា​ការខុស​ប្រក្រតីផ្សេងៗ(បើសិន​ជាមាន)

    រឿង​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស​នៅក្នុង​ខែ​នេះ​គឺ ៖
    1. គួរ​ចៀសវាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កាលកំណត់ ឬ​មិនអាច​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​អ្នកពិនិត្យ​ថែទាំ​គភ៌​បាន​ទាន់ពេលវេលា។ បើសិន​ចាំបាច់​មែនទែន គួរ​ប្រឹក្សា​គ្រូពេទ្យ និង​សុំ​លិខិតធានា​អំពី​គ្រូពេទ្យ​ថា អាចធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន ក្នុងករណី​ដែល​ត្រូវធ្វើ​ដំណើរ​ដោយ​យន្តហោះ និង​ក្នុងករណី​ដែល​ត្រូវ​ធ្វើដំណើរ​ដោយ​រថយន្ត មិនគួរ​បើកបរ​ដោយ​ខ្លួនឯង​ឡើយ។
    2. ជ្រើសរើស​វិធី​ការ​ប្រសូត​បុត្រ​ឱ្យ​ស័ក្តិសម​នឹង​ខ្លួនឯង។
    3. អាច​នឹង​កើតការ​បង្រួញ និង​ពង្រឹង​ខ្លួន​របស់​ស្បូន ដែល​នឹង​កើតឡើង​ក្នុងអំឡុង2 – 3ខែ​មុន​ប្រសូត។ ការពង្រឹង​ខ្លួន​របស់​ស្បូន​នឹងមិន​ធ្វើឱ្យ​ឈឺចាប់​ខ្លាំងពេក​ទេ ហើយនឹង​ធូរស្រាល​ទៅវិញ​នៅ​ទីបំផុត។ ចូរ​គេង​សម្រាក ឬ​នៅស្ងៀមៗនឹងធ្វើ​ឱ្យ​អាការ​ឈឺចាប់​ថយចុះ។ អាការ​នេះ​នឹង​កើន​ខ្លាំង​ឡើងជារឿយៗរហូត​ទៅដល់​ខែ​ចុងក្រោយ ​និង​ជា​ការឈឺ​ដាស់តឿន និង​នាំ​ឆ្ពោះទៅរក​ការឈឺ​មែនទែន ដោយមាន​ការបើក​ឡើង​របស់​ស្បូន​រួមជាមួយ​ផងដែរ ដែល​ចុងក្រោយ​នឹង​នាំទៅរក​ការ​ប្រសូត​ជា​ស្ថាពរ៕

  • ហោះហើរ​ដើរលេង​សប្បាយ​ តាម​និស្ស័យ​អ្នក​ម្ដាយ​ពពោះ

    ហោះហើរ​ដើរលេង​សប្បាយ​ តាម​និស្ស័យ​អ្នក​ម្ដាយ​ពពោះ

    រៀប​ផែនការ​ប្រុង​ទៅ​ហាន់​នី​មូ​ន​លើក​ទី2 ជាមួយ​ស្វាមី​ជាច្រើន​ខែ​មកហើយ និង​សង្ស័យ​ប្រហែលជា​បេ​ប៊ី​ចង់ទៅ​ដើរលេង​ដែរ​ហើយ​មើលទៅ ទើប​មក​ចាប់កំណើត​ចំពេល​ហ្នឹង​តែម្ដង តែ​ក៏​មិន​ខូចផែនការ​ដែរ… សុំ​ពេល​ឱ្យ​ម៉ាក់​ត្រៀមខ្លួន​ថែម​បន្តិច ម៉ាក់​នឹង​នាំ​កូន(ក្នុង​ផ្ទៃ)ហោះ​ទៅ​ដើរលេង​ជាមួយ​ដែរ​មិន​ខាន។

    អ្នកជំនាញ​ខាង​សរសេរ​អត្ថបទ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារ​កបាន​គាំទ្រ​ថា “អ្នកនឹង​គ្មាន​ថ្ងៃ​បានធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល និង​មាន​សេចក្ដីសុខ​ស្មើនឹង​ពេលនេះ​ទៀតឡើយ ដូច្នេះ​ចូរ​ទៅ​ដើរលេង​សម្រាក​កម្សាន្ត និង​ធ្វើឱ្យ​ខ្លួនឯង​មានសេចក្ដីសុខ ខណៈដែល​គ្រប់យ៉ាង​នៅ​ល្អប្រសើរ(ពោះ​នៅ​តូច)នៅឡើយ។

    បើ​អ្នក​គ្មាន​ចំណុច​អ្វី​គួរឱ្យ​ប្រយ័ត្នប្រយែង​ដែល​នឹង​ធ្វើឱ្យ​មិនគួរ​ធ្វើដំណើរ​ដោយ​យន្តហោះ ដូចជា សភាវ​ស្បូន​ធ្លាក់ចុះ​ទាប មាត់ស្បូន​យារ ឬ​មាន​ប្រវត្តិ​ធ្លាប់​រំខាន​ដោយ​ការ​រលូត​បុត្រ​នោះ ក៏​ទៅ​ប្រឹក្សា​គ្រូពេទ្យ​សម្ភព​ផ្ទាល់ខ្លួន​ម្ដងទៀត រួចហើយ​ត្រៀមខ្លួន​ហោះ​ទៅ​ដើរលេង​កម្សាន្ត​បានតែ​ម្ដង។

    អំឡុងពេល
    ប៉ាន់ប្រមាណ​អំឡុងពេល​ហោះហើរ​ទៅ​ដើរលេង​កម្សាន្ត​ក្នុង​ចន្លោះ​ត្រីមាស​ទី2 ព្រោះ​ស្ត្រី​មានគភ៌​ភាគច្រើន​នឹង​ចាប់ផ្ដើម​ស៊ាំ​ធ្លាប់​នឹង​ការ​មានគភ៌​ហើយ អាការ​ចាញ់កូន​ក៏​ធូរស្រាល​ចុះ ថែមទាំង​ក្បាលពោះ​ក៏​នៅ​មិនទាន់​ធំ និង​ធ្ងន់​រហូត​ទៅណា​មក​ណា​លំបាក ឬ​ប្រថុយប្រថាន​នឹង​ការ​ប្រសូត​មុន​កំណត់​ដូច​ត្រីមាស​ទី3ដែរ(ក្រុមហ៊ុន​អាកាសចរណ៍ភាគច្រើនច្រើនតែ​ហាម​បម្រើសេវា​ហោះហើរ​ឆ្លង​ប្រទេស​សម្រាប់​ស្ត្រី​តាំង​គភ៌​ចាប់ពី28 – 30សប្ដាហ៍​ឡើងទៅ)។

    ប្រវត្តិ / ធានា​សុខភាព
    ស្ត្រី​មានគភ៌​គួរ​ដាក់​សៀវភៅ​ប្រវត្តិ​ការតាមដាន​ផ្ទៃពោះ​តាម​ខ្លួន​ទៅជា​មួយ​ផង ដើម្បី​ក្រែងលោ​ឈឺ​ថ្កាត់​អ្វី នឹង​បាន​យក​ប្រវត្តិ​នោះ​ទៅឱ្យ​គ្រូពេទ្យ​នៅក្នុង​ប្រទេស​ដែល​ខ្លួន​ទៅ​សម្រាក​កម្សាន្ត​នោះ​ពិនិត្យមើល​ដើម្បី​ប្រកប​ក្នុងការ​វិនិច្ឆ័យ ហើយបើ​គ្មាន​ពេល​រៀបចំ​ទេនោះ គួរ​យក​លេខ​ទូរស័ព្ទ​របស់លោក​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌​ជាប្រចាំ​ទៅជា​មួយ​ផង​ក៏បាន។

    ជ្រើសរើស​កៅអីអង្គុយ
    កៅអីអង្គុយ​ជាប់​ផ្លូវ​ដើរ ជា​ជម្រើស​ដែល​ស័ក្តិសម​បំផុត ព្រោះ​ស្ត្រី​មានគភ៌​នឹងត្រូវ​ក្រោកទៅ​ចូល​បន្ទប់ទឹក​ញឹកញាប់​ជាង​មនុស្ស​ឯទៀត(ខាន​ទស្សនា​ទេសភាព​ដែល​អង្គុយ​នៅជាប់​មាត់​បង្អួច​សិន​ទៅ) និង​បើ​ជ្រើសរើស​បាន គួរ​ជ្រើសរើស​អង្គុយ​កៅអី​ជួរមុខ​ដែល​អាច​សណ្ដូកជើង​បាន​ស្រួល​ផង។ នៅពេល​អង្គុយ​លើ​កៅអី​ហើយ កុំ​ភ្លេច​បំពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ក្រោម​ពោះ​ផង។

    ការពារ​អាការ​ខ្វះ​ជាតិ​ទឹក
    អាកាសធាតុ​នៅក្នុង​យន្តហោះ​នឹង​ស្ងួត​ជាង​ប្រក្រតី ស្ត្រី​មានគភ៌​គួរ​ការពារ​អាការ​ខ្វះ​ជាតិ​ទឹក​ដោយ​ការ​ញ៉ាំ​ទឹក​ឱ្យបាន​ញឹកញាប់ តែបើ​សិន​ខ្លាច​ថា​អ្នកបម្រើ​លើ​យន្តហោះ​ដើរមក​ចាក់ទឹក​ឱ្យ​ញឹកញាប់​នោះ អ្នក​អាចដាក់​តាម​ខ្លួន​នូវ​បំពង់​ទឹកតូច​មួយ​ក្នុង​កាបូបស្ពាយ​ទៅជា​មួយ និង​គ្រាន់តែ​សុំឱ្យ​បុគ្គលិក​លើ​យន្តហោះ​ជួយ​ចាក់ទឹក​ឱ្យ​ពេញ​ទុក​ញ៉ាំ​ក៏បាន។

    ការពារ​ប្រគ្រីវកាច់ / ហើមជើង
    ស្លៀក​សម្លៀកបំពាក់​ណា​ដែលសប្បាយៗស្រួលខ្លួន ចៀសវាង​ខោ​ណា​ដែល​រឹត​តឹង​ណែន​ភ្លៅ និង​កំភួនជើង ដោះ​ស្បែកជើង​ចេញ ហើយ​ដាក់​ជើង​លើ​ភ្នា​ក់ជើង ឬ​ដាក់​កាបូប​ធ្វើដំណើរ​នៅ​ខាងក្រោម​កៅអី​ខាងមុខ ហើយ​ដាក់​ជើង​គង​សម្រាក​លើ​នោះ​ក៏បាន។ ក្រោក​ឡើង​ដើរទៅ-មក​នៅតាម​ផ្លូវ​ដើរ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​រៀងរាល់ 1ម៉ោង​ម្ដង និង​សណ្ដូកជើង​ដើម្បីឱ្យ​យឺត​សរសៃ​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ អ៎! កុំ​ភ្លេច​ត្រៀម​ស្រោមជើងស្ដើងៗ ឬ​ស្បែកជើងផ្ទាត់​ទៅជា​មួយ​ទុក​ពាក់​ដើរទៅ-មក​ផង​ក៏​រឹតតែ​ល្អ​ទៅទៀត៕