Author: ធឿន មករា

  • ការ​ពិសោធ​ដាំដុះ​ដំឡូងបារាំង​នៅក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ទទួល​បាន​ទិន្នផល​ល្អ​

    ការ​ពិសោធ​ដាំដុះ​ដំឡូងបារាំង​នៅក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ទទួល​បាន​ទិន្នផល​ល្អ​

    អ្នកជំនាញ​កសិកម្ម​បាន​សន្និដ្ឋាន​ថា​ ​តំបន់​ខ្ពង់រាប​របស់​ខេត្តមណ្ឌលគិរី​ ​គឺ​សមរម្យ​សម្រាប់​ការ​ដាំដុះ​ដំឡូងបារាំង​ ​ដែល​ការ​ពិសោធ​ដាំដុះ​ដំឡូងបារាំង​នៅ​ទីនោះ​បាន​ឈាន​ចូល​ដល់​ឆ្នាំទី3​ ​ហើយ​ ​បើ​ទោះជា​ពុំ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ក្ដី​ ​ប៉ុន្ដែ​ក៏អាច​បញ្ជាក់​ថា​ ​ដំឡូងបារាំង​ពិតជា​អាច​ដាំ​បាន​នៅក្នុង​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។​

    ​លោក​សាស្ត្រា​ចារ្យ​ ​ជាង​ ​ហុង​ ​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្នុង​ឆ្នាំនេះ​ ​យើង​បាន​ប្រមូល​ផល​ដំឡូងបារាំង​ដែល​មាន​ទាំងអស់​ពូជ​ចំនួន​ ​6ប្រភេទ​ ​ដែល​យើង​បាន​ជ្រើសរើស​កាលពី​ឆ្នាំ​កន្លងមក​ ​ហើយ​ឆ្នាំនេះ​ជា​ការ​ពិសោធ​លើក​ទី3​ ​ហើយដែល​បាន​ទទួល​ទិន្នផល​ច្រើន​គួរសម​ ​តែ​មិន​អាច​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​ដូច​នៅ​អឺរ៉ុប​បានទេ​”​

    ​លោក​សាស្ត្រា​ចារ្យ​ ​ជាង​ ​ហុង​ ​បាន​បញ្ជាក់​ថា​៖​“​សម្រាប់​កម្ពុជា​ ​ការ​ដាំដំឡូង​បារាំង​ក្នុង​ ​1ហិ​ក​តា​នឹង​ទទួល​បាន​ទិន្នផល​ពី17​ ​ទៅ​ ​20តោន​ ​និង​លក់​បាន​​ក្នុង​ ​1គីឡូក្រាម​តម្លៃ​ ​4ពាន់​រៀល​ ​ឬ1ដុល្លារ​។​ ​ដូច្នេះ​បើ​ក្នុង​ ​1ហិ​ក​តា​ ​បាន​ទិន្នផល​ ​17តោន​ ​យ៉ាងតិច​បំផុត​ក៏​យើង​បាន​ជាង​ ​1ម៉ឺន​ដុល្លារ​ដែរ​”​។​

    ​លោក​សាស្ត្រា​ចារ្យ​បាន​អះអាង​ថា​ ​តែ​អ្វី​ដែល​ច្បាស់​នោះ​ ​គឺ​ដំឡូងបារាំង​ពិតជា​អាច​ដាំ​បាន​នៅ​ខេត្តមណ្ឌលគិរី​ដោយ​ផ្អែកលើ​ការ​ពិសោធ​ដាំដុះ​ជាក់ស្ដែង​រយៈពេល​ ​3ឆ្នាំ​កន្លងមក​ដែល​មាន​បច្ចេកទេស​គ្រប់គ្រាន់​ ​មានពូជ​ដែល​សមស្រប​នឹង​អាកាសធាតុ​នៅ​តំបន់​នោះ​ ​ហើយ​ទិន្នផល​វិញ​ ​ក៏​ទទួល​បាន​ខ្ពស់​បង្គួរ​ដែរ​។​

    ​លោក​ ​សុង​ ​ឃាង​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ ​បាន​ថ្លែង​ថា​ ​ការសាកល្បង​ដែល​បាន​ធ្វើឡើង​ក្នុងរយៈពេល​ ​3ឆ្នាំ​ចុងក្រោយ​នេះ​ដែល​មន្ទីរ​កសិកម្ម​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ ​បាន​បង្ហាញថា​ ​ដី​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​បំពេញ​តាម​តម្រូវការ​សម្រាប់​ការ​ដាំដុះ​ដំឡូងបារាំង​មែន​។​

    ​លោក​បាន​មានប្រសាសន៍​ថា​៖​ ​“​បន្ទាប់ពី​ធ្វើតេស្ត3ឆ្នាំ​ ​យើង​អាច​សន្និដ្ឋាន​ថា​ ​ខេត្តមណ្ឌលគិរី​អាច​ផលិត​ដំឡូង​ដែល​មានគុណ​ភាព​ខ្ពស់​បាន​ ​ហើយ​អាច​កំណត់​បាន​ពូជ​ដែល​ត្រូវ​ដាំ​ ​និង​សមស្រប​តាមអាកាស​ធាតុ​ ​ដូច្នេះ​លទ្ធផល​នេះ​មាន​សារៈសំខាន់​ណាស់​ ​ជាពិសេស​ជាមួយនឹង​តម្រូវការ​ដំឡូងបារាំង​នៅក្នុង​ប្រទេស​យើង​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​នាំចូល​ទាំងស្រុង​”​។​

    ​លោក​ប្រធានមន្ទីរ​សង្ឃឹមថា​ ​ឆ្នាំក្រោយ​ ​ការ​ដាំដំឡូង​បារាំង​នេះ​នឹង​សាយភាយ​ដល់​កសិករ​ ​ដែល​មាន​ចំណាប់​អារម្មណ៍​ ​ព្រោះ​តម្លៃ​ក៏​ល្អ​ដែរ​ ​ជាពិសេស​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ដាំដុះ​ ​ជ្រើសរើស​ពូជ​ជូន​ដល់​កសិករ​ផង​ដែរ​ ​ព្រោះ​ឆ្នាំទី3នេះ​ ​លទ្ធផល​នៃ​ការ​ដាំដុះ​មាន​ភាពល្អ​ប្រសើរណាស់​។​

    ​យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំឡូងបារាំង​ដែល​ជា​មជ្ឈមណ្ឌល​មួយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នាំចូល​ដំឡូងបារាំង​ជាង​ ​5ម៉ឺន​តោន​ជា​រៀងរាល់​ឆ្នាំ​ពី​ប្រទេស​ថៃ​ ​ចិន​ ​ជប៉ុន​ ​វៀតណាម​ ​អូស្ត្រាលី​ ​និង​សហរដ្ឋអាមេរិក​។​

    ​ការសិក្សា​អំពី​ការ​ដាំដុះ​ដំឡូងបារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ដើមឆ្នាំ2017​ ​ក្នុង​គោលបំណង​ស្វែងរក​តំបន់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សមស្រប​សម្រាប់​ការ​ដាំដុះ​ដំណាំ​ដំឡូងបារាំង​។​ ​ការ​ធ្វើតេស្ត​លើកដំបូង​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំឡូងបារាំង​បាន​បង្ហាញថា​ ​ខេត្តពោធិ៍សាត់​ ​និង​ខេត្តបាត់ដំបង​ក៏​មាន​ដី​ត្រឹមត្រូវ​ ​និង​អាកាសធាតុ​ល្អ​សម្រាប់​ការ​ដាំដុះ​ដំណាំ​នេះ​ដែរ​។​ ​ការស្រាវជ្រាវ​នេះ​ ​គឺជា​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

    ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ ​លោក​ ​ង៉ោ​ ​ប៊ុ​ន​ថាន​ ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ ​និង​ពិសោធន៍​រួចមក​ ​ឃើញថា​ ​ដំឡូងបារាំង​ដែល​យក​មក​ដាំ​នៅ​ខេត្តមណ្ឌលគិរី​នេះ​ ​ជា​លទ្ធផល​យើង​ត្រូវ​មាន​កញ្ចប់​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ដំឡូងបារាំង​ ​ទើប​អាច​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ ​និង​អាច​ដាំ​បាន​ហើយ​នៅ​ខេត្តមណ្ឌលគិរី​។​ ​ដូច្នេះ​លោក​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ ​និង​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដូង​ ​ត្រូវ​សហការ​គ្នា​ជួយ​ដល់​កសិករ​រូប​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ដាំដំឡូង​បារាំង​នេះ​។​

    ​សូម​បញ្ជាក់​ថា​ ​លោក​ ​ង៉ោ​ ​ប៊ុ​ន​ថាន​ ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ធ្លាប់​បាន​ដឹកនាំ​ក្រុម​និស្សិត​ចំនួន​ ​45នាក់​ចុះ​ធ្វើ​កម្មសិក្សា​ពី​លទ្ធផល​នៃ​ការ​ពិសោធ​ការ​ដាំដុះ​ដំឡូងបារាំង​នៅ​ក្រុង​សែនមនោរម្យ​។​ ​ការ​ធ្វើ​កម្មសិក្សា​សម្រាប់​ក្រុម​និស្សិត​នេះ​ ​គឺ​ដើម្បី​ឱ្យ​ពួកគេ​បានដឹង​ពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​ដំឡូងបារាំង​ ​និង​ការ​ប្រមូល​ផល​ដោយ​ផ្ទាល់​ ​ព្រមទាំង​សិក្សា​ស្វែងយល់​ពី​ប្រភេទ​ពូជ​ដែល​អាច​ដាំដុះ​បាន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

  • មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ចងក្រង​សៀវភៅ​ច្បាប់​ស្តី​ពី​ការងារ​ ​ដើម្បី​សម្រួល​ដល់​ប្រជាជន​ ​និង​អ្នកស្រាវជ្រាវ​

    មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ចងក្រង​សៀវភៅ​ច្បាប់​ស្តី​ពី​ការងារ​ ​ដើម្បី​សម្រួល​ដល់​ប្រជាជន​ ​និង​អ្នកស្រាវជ្រាវ​

    វិស័យ​ការងារ​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុង​សង្គម​​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ ​ព្រោះ​វិស័យ​នេះ​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​សេដ្ឋកិច្ច​ ​ការ​​អភិវឌ្ឍ​ ​និង​ការរស់នៅ​របស់​ប្រជាជន​ ​ហេតុនេះ​ហើយ​​ទើប​គ្រប់​ប្រទេស​ទាំងអស់​បាន​យកចិត្ត​ទុកដាក់​លើ​​វិស័យ​នេះ​ ​ដោយ​ការរៀបចំ​ច្បាប់​ ​និង​លិខិតគតិយុត្ត​ទៅ​​តាម​ស្ថានភាព​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ ​ដើម្បី​គ្រប់គ្រង​​ដោះស្រាយ​វិវាទ​ ​និង​ជំរុញ​ឱ្យ​វិស័យ​ការងារ​ទាំងមូល​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​។​

    ​នៅ​កម្ពុជា​ ​ការអប់រំ​ពី​ច្បាប់​ការងារ​ក៏​ជា​ចំណុច​​អាទិភាព​មួយ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ដ៏​មាន​សារៈ​​សំខាន់​នេះ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ ​ហើយ​ធ្វើ​ឱ្យ​ជម្លោះ​ក្នុង​ក្រុមហ៊ុន​ ​សហគ្រាស​ ​មានការ​ថយ​ចុះ​។​​ ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការអប់រំ​ច្បាប់​ការ​ងារ​ ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​វិវាទ​ការងារ​តាមរយៈ​ការផ្សះផ្សា​ ​និង​មជ្ឈត្តកម្ម​បាន​ចេញផ្សាយ​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ភាគី​ ​ទាំង​និយោជិត​ ​និយោជក​ ​និង​ស្ថាប័ន​សា​ធា​រណៈ​ជាដើម​ ​ក្នុង​ការស្រាវជ្រាវ​ ​ឬ​ស្វែងយល់​ឱ្យ​​បាន​កាន់តែ​ច្បាស់​ពី​ច្បាប់​ ​និង​ឯកសារ​គតិ​យុត្ត​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ការងារ​។​

    មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចុះអប់រំផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ


    ​នៅ​សប្តាហ៍​នេះ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ ​បាន​ធ្វើ​​បទ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​លោកស្រី​ ​អាន​ ​វីរៈ​​ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ ​និង​ទំនាក់ទំនង​សាធារណៈ​​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ដើម្បី​បង្ហាញ​​ចំណុច​សំ​ខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ចងក្រង​សៀវភៅ​​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​។​

    ​1​.​ ​តើ​លោកស្រី​អាច​បញ្ជាក់​បានទេ​ថា​ ​ភាគី​ណាខ្លះ​ជា​អ្នកចូលរួម​ចំណែក​ក្នុង​ការ​ចងក្រង​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​នេះ​ឡើង​?​
    ​ភាគី​សំ​ខាន់​ៗ​ក្នុង​ការ​ចងក្រង​សៀវភៅ​កម្រង​​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​នេះ​ ​គឺ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រុម​​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​និង​លេខាធិការ​ដ្ឋាន​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។​ ​ស្ថាប័ន​ទាំង2​ ​នេះ​ ​រួមគ្នា​ចងក្រង​​ក្នុង​គោលបំណង​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ក្រសួង​ស្ថាប័ន​ ​កម្មករ​និយោជិត​ ​និយោជក​ ​និង​ភាគី​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ក្នុង​ការស្វែងរក​ប្រភព​ឯក​សារ​ផ្លូវការ​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ​ ​ដូចជា​ព្រះរាជ​​ក្រឹត្យ​ ​អនុក្រឹត្យ​ ​សេចក្ដីប្រកាស​ ​សារាចរ​ ​និង​សេចក្តី​ជូនដំណឹង​ជាដើម​។​

    ​2​.​ ​តើ​មូលហេតុ​សំ​ខាន់​ៗ​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​ក្រុមការងារ​សម្រេចចិត្ត​ចងក្រង​សៀវភៅ​នេះ​ឡើង​?​
    ​តាមពិត​ទៅ​ដូច​បាន​បញ្ជាក់​ខាងលើ​ហើយ​ថា​​យើង​ចងក្រង​សៀវភៅ​នេះ​ ​គឺ​ដើម្បី​សម្រួល​ដល់​ការ​ស្វែងរក​ឯកសារ​ ​និង​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​សម្រាប់​​ភាគី​ទាំងអស់​ ​ព្រោះ​គាត់​កាន់តែ​សៀវភៅ​មួយ​ក្បាល​​អាច​ក្តោប​នូវ​ឯកសារ​ផ្លូវការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​​ងារ​។​ ​មែនទែន​ទៅ​ ​យើង​ក៏អាច​ស្វែងរក​កម្រង​ឯកសារ​​ទាំងអស់​នោះ​បាន​ពី​ក្រសួង​ ​ឬ​ពី​គេហទំព័រ​បាន​ដែរ​ ​តែ​​ពេលខ្លះ​ការស្វែងរក​ពី​ក្រសួង​គឺ​ឯកសារ​ទាំងអស់​​នោះ​ត្រូវការ​ពេលវេលា​ក្នុង​ការស្វែងរក​ពី​នាយកដ្ឋាន​ជំនាញ​ម្តង​មួយ​ៗ​ ​ព្រោះ​ឯកសារ​មាន​នៅ​រាយ​ៗ​ដោយ​​ឡែក​មិនទាន់​ផ្គុំ​បញ្ចូល​គ្នា​តែមួយ​នៅឡើយ​។​

    ​នៅក្នុង​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​​យើង​មាន​ប្រមូល​ឯក​សារ​ចាស់​ៗ​មួយចំនួន​ផង​ដែរ​ដែល​ឯកសារ​ខ្លះ​ចេញ​តាំងពី​ឆ្នាំ1994​ ​ហើយ​នៅតែ​​អនុវត្ត​ជាធរមាន​រហូតដល់​ពេល​បច្ចុប្បន្ន​។​ ​ក្នុង​នោះ​ឯក​​សារ​ខ្លះ​មានការ​ខូចខាត​ ​ឬ​លំបាក​មើល​ក៏​យើង​យក​មក​សម្រួល​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​អាន​ឡើងវិញ​។​

    ​ម្យ៉ាងវិញទៀត​ឯកសារ​នេះ​ក៏បាន​សម្រួល​ច្រើន​​ផង​ដែរ​ដល់​សមាជិក​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ​ព្រោះ​សមាជិក​ម្នា​ក់ៗ​ត្រូវការ​ឯកសារ​ច្បាប់​ទាំងអស់​នោះ​​ដើម្បី​ជាគោល​ក្នុង​ការ​ដោះស្រាយ​វិវាទ​។​ ​ចំពោះ​កម្មករ​​ឬ​បុគ្គលិក​ទូទៅ​វិញ​ ​ថ្វី​ដ្បិតតែ​កម្រង​ឯកសារ​ទាំងអស់​​នេះ​ជា​ច្បាប់​មិនមែន​ជា​ប្រភេទ​ឯកសារ​សម្រាយ​ ​ឬ​​បកស្រាយ​ពី​ច្បាប់​ ​តែ​គាត់​នៅតែ​អាច​យល់​បាន​ពី​​ចំណុច​សំ​ខាន់​ៗ​ ​ដូចជា​ការ​បើកប្រាក់​ឈ្នួល​ ​និង​លក្ខ​​ខណ្ឌ​មួយចំនួន​ទៀត​។​ ​នៅពេល​គ្រប់​ភាគី​មានការ​​យល់​ពី​ច្បាប់​ការងារ​ ​ពេលនោះ​ជម្លោះ​ការងារ​ក៏​នឹង​កាត់បន្ថយ​ ​ហើយ​ស្ថាប័ន​នី​មួយ​ៗ​នឹងអាច​មាន​ភាព​ងាយស្រួល​អភិវឌ្ឍ​ផង​ដែរ​ ​ព្រោះ​ប្រសិនបើ​មិន​យល់​​ពី​ច្បាប់​ការងារ​ ​មានរឿង​អ្វី​កើតឡើង​ ​និយោជិត​អាច​​នឹង​សម្រេចចិត្ត​ឈប់​ដែល​បង្ក​ជា​បញ្ហា​ ​តែ​ប្រសិនបើ​ពួកគាត់​យល់​ ​គាត់​នឹងអាច​ព្យាយាម​ដោះស្រាយ​តាម​​ផ្លូវច្បាប់​ឱ្យ​អស់ពី​លទ្ធភាព​។​ ​ក្រៅពី​នេះ​ ​វា​ក៏​ជា​ទុន​មួយ​សម្រាប់​កម្មករ​-​កម្មការិនី​ ​ឬ​បុគ្គលិក​ក្នុង​ការ​ស្វែង​យល់​ពី​ច្បាប់​ការងារ​ ​ប្រសិនបើ​គាត់​មើល​ហើយ​មិន​​យល់​ ​គាត់​អាច​ប្រឹក្សា​ជាមួយ​អ្នក​ដែល​មានការ​យល់​​ដឹង​ជាង​គាត់​បាន​លើ​វិស័យ​នេះ​។​

    ​3​.​តើ​ការ​ចងក្រង​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​ ​នេះ​មានផល​លំបាក​ ​និង​កត្តា​ប្រឈម​អ្វីខ្លះ​?​
    ​បញ្ហា​ប្រឈម​របស់​យើង​ ​គឺ​បញ្ហា​បច្ចេកទេស​​ហើយ​ពេល​លំបាក​ខ្លាំង​ជាងគេ​ ​គឺ​ការ​បោះពុម្ព​លើក​ទី1​ ​និង​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​គឺជា​ការ​បោះពុម្ព​លើក​​ទី5​ ​ហើយ​សម្រាប់​ឆ្នាំនេះ​។​ ​សម្រាប់​ការ​បោះពុម្ព​​លើក​ទី1​ ​យើង​ត្រូវការ​ចងក្រង​ឯក​សារ​ចាស់​ៗ​មួយ​​ចំនួន​ ​ដូចជា​ឯកសារ​ច្បាប់ខ្លះ​មាន​តាំងពី​ឆ្នាំ​ ​1994​ ​ដែល​​ឯកសារ​ទាំងអស់​នោះ​ ​ខ្លះ​មាន​ភា​ពរ​លុប​ៗ​ ​ហើយ​ក្រុម​ការងារ​ត្រូវ​ធ្វើការ​វាយ​អក្សរ​ឡើងវិញ​ទាំងស្រុង​ ​និង​ចំណាយពេល​វេលា​យ៉ាង​យូរ​ដើម្បី​ផ្ទៀងផ្ទាត់​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ថា​ ​វា​មិន​ខុសពី​ច្បាប់ដើម​។​ ​ហើយ​ចំពោះ​ឯកសារ​មួយចំនួន​ទៀត​ដែល​មាន​ត្រា​​ក្រសួង​ ​ឬ​ជាឯក​សា​រថ្មីៗ​យើង​ត្រូវ​ស្គែ​នវា​ដើម្បី​ ​Design​ ​និង​កាត់ត​ឱ្យ​មើលទៅ​ឃើញច្បាស់​។​

    ​ចំណុច​សំខាន់​មួយផ្សេងទៀត​គឺ​ ​ការរៀបចំ​ទំព័រ​​ព្រោះ​ឯកសារ​ជាច្រើន​ជា​រូបភាព​ ​ហើយ​យើង​ត្រូវ​រៀប​​ចំ​ឯកសារ​ទាំងអស់​នោះ​តាម​ប្រភេទ​នៃ​លិខិតគតិយុត្ត​​ពី​ធំ​មក​តូច​ ​ហេតុនេះ​ពេល​ចូលក្នុង​រោងពុម្ព​វា​អាច​​លោត​ខុស​ទំព័រ​ ​ឬ​ខុសពី​ការកំណត់​ក្នុង​មាតិកា​ដែល​​ទាមទារ​ឱ្យ​មាន​ក្រុម​តាមដាន​សាចុះសាឡើង​។​ ​ដូច​​យើង​បាន​បញ្ជាក់​ហើយ​ថា​ ​គោលបំណង​របស់​យើង​គឺ​​ចង់​សម្រួល​ដល់​អ្នកប្រើ​ប្រាស់​ឯកសារ​ ​ប្រសិនបើ​មាន​​បញ្ហា​ទំព័រ​ ​គាត់​អាច​លំបាក​ក្នុង​ការស្វែងរក​ ​ហេតុនេះ​​យើង​ត្រូវ​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​

    ​បញ្ហា​លំបាក​មួយផ្សេងទៀត​ ​គឺ​ការ​ផ្ទៀងផ្ទាត់​ ​និង​​ការសម្រប​សម្រួល​ជាមួយ​ក្រសួង​។​ ​តាមពិត​ទៅ​​ក្រសួង​គាត់​ផ្តល់​ការ​សហការ​ល្អ​ ​ព្រោះ​ឯកសារ​ខ្លះ​ក្រសួង​បាន​ដាក់​ក្នុង​គេហទំព័រ​របស់​គាត់​ជា​សាធារណៈ​​តែ​ក្នុងករណី​ខ្លះ​គុណភាព​ល្អ​ ​មើលទៅ​មិន​ច្បាស់​ ​យើង​​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​ភ្លាម​ដើម្បី​ស្វែងរក​ប្រភព​ឯក​សារ​ដែល​មានគុណ​ភាពល្អ​ភ្លាម​។​

    ​4​.​ ​តើ​រាល់​ការ​បោះពុម្ព​ថ្មី​ម្តង​ៗ​មានការ​ប្រែប្រួល​អ្វីខ្លះ​ពីឆ្នាំ​ចាស់​?​
    ​រាល់​ការ​បោះពុម្ព​ថ្មី​ ​គឺ​យើង​តែងតែ​ធ្វើ​បច្ចុប្បន្ន​​ភាព​ ​ដោយ​លុប​ឯកសារ​ទាំងឡាយ​ណា​ដែល​និ​រា​​ករណ៍​ ​ហើយ​បន្ថែម​ឯកសារ​ដែល​ក្រសួង​ទើប​ចេញ​​ថ្មី​ៗ​បន្ថែម​ទៀត​។​ ​ក្នុង​នោះ​ដែរ​ ​យើង​ក៏​មានការ​ប្រុង​​ប្រយ័ត្ន​ផង​ដែរ​ ​ដោយ​យើង​ត្រូវតែ​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យ​​បាន​ច្បាស់លាស់​ ​ព្រោះ​មាន​ឯកសារ​មួយចំនួន​មិន​​ត្រូវ​បាន​និរាករណ៍​ទាំងអស់​នោះ​ទេ​ ​ស្រប​ពេល​ដែល​​មាន​ឯកសារ​ថ្មី​ប្រកាស​ថា​ ​និរាករណ៍​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​​ហេតុនេះ​យើង​ត្រូវតែ​ដាក់​ទាំង2​។​

    ​5​.​ ​ប្រសិនបើ​សាធារណជន​ចង់បាន​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​ ​នេះ​ ​តើ​គាត់​អាច​ស្វែងរក​នៅកន្លែង​ណា​បាន​?​
    ​សាធារណជន​អាច​ស្វែងរក​សៀវភៅ​ ​កម្រង​ឯក​​សារ​ច្បាប់​ស្តី​ពី​ការងារ​ ​បាន​នៅ​ការិយាល័យ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​ដែល​យើង​តែងតែ​ជូនដំណឹង​ទៅ​គាត់​មុន​ពេល​បោះពុម្ព​ផ្សាយ​សម្រាប់​ការ​ទទួល​កក់​។​ ​ចំពោះ​ឯកសារ​នេះ​យើង​មិនបាន​បោះពុម្ព​ច្រើន​ពាន់​ក្បាល​ទេ​ ​យើង​បោះពុម្ព​ម្តង​តែ​ ​500ក្បាល​ប៉ុណ្ណោះ​​ហើយ​ក្នុង​នោះ​ ​មួយចំនួន​យើង​ចែក​ជូន​ដល់​ក្រុម​ប្រឹ​​ក្សា​អាជ្ញា​កណ្តាល​ ​បុគ្គលិក​របស់​យើង​ទាំងអស់​ ​និង​ផ្ញើ​​ទៅ​ក្រសួង​។​ ​ប្រសិនបើ​គាត់​មិន​ចង់​ចំណាយ​ ​សាធារណ​​ជន​ក៏អាច​ប្រមូល​ឯកសារ​ដោយខ្លួនឯង​តាមរយៈ​គេហ​​ទំព័រ​ ​ឬ​អាច​ចូល​មើល​បាន​នៅក្នុង​បណ្ណាល័យ​របស់​យើង​។​

    ​6​.​ ​តើ​លោកស្រី​មាន​មតិ​អ្វីខ្លះ​ជុំវិញ​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​នេះ​?​
    ​ចំពោះ​សៀវភៅ​កម្រង​ឯកសារ​ច្បាប់​ស្តី​ពី​ការងារ​​ដែល​យើង​ចងក្រង​នេះ​ ​ក្រុមការងារ​ខ្ញុំ​សង្ឃឹមថា​ ​ឯក​​សារ​នេះ​នឹង​ក្លាយជា​ទុន​ ​ក៏ដូចជា​ធនធាន​សំខាន់​មួយ​​ដល់​អ្នកប្រើ​ប្រាស់​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​​ការអនុវត្ត​ច្បាប់​ការងារ​។​ ​យើង​សង្ឃឹមថា​ ​យើង​នឹង​​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការងារ​នេះ​ដើម្បី​ឱ្យ​កាន់តែ​ទៀង​​ទាត់​ ​និង​ប្រសើរ​ឡើង​សម្រាប់​អ្នកប្រើ​ប្រាស់​ទាំងអស់​​គ្នា​។​ ​ប្រសិនបើ​សាធារណជន​មាន​យោបល់​ដើម្បី​កែ​​សម្រួល​ឯកសារ​នេះ​ ​យើង​ស្វាគមន៍​ចំពោះ​មតិ​ក្នុង​​ការស្ថាបនា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​ហើយ​យើង​ចង់​​ជម្រាប​ផង​ដែរ​ថា​ ​ឯកសារ​ប្រកាស​ផ្សេង​ៗ​ក្នុង​សៀវភៅ​​នេះ​ ​សាធារណជន​ក៏អាច​ស្វែងរក​បាន​តាម​គេហទំព័រ​​របស់ក្រ​សួង​ ​និងគេហទំព័រ​របស់​មូលនិធិ​ក្រុមប្រឹក្សា​​អាជ្ញា​កណ្តាល​បាន​ផង​ដែរ​៕​

  • កូនសម្លាញ់ ថីបានជាកូនយំ?

    កូនសម្លាញ់ ថីបានជាកូនយំ?

    តើ​លោកអ្នក​ក្លាយជា​ឳពុក​ម្តាយ​ថ្មោងថ្មី​ដែល​មានកូន​តូច​មែនទេ​?​ ​តើ​លោកអ្នក​យល់ដឹង​ពី​ការ​ស្រែកយំ​របស់​កូនតូច​របស់​លោកអ្នក​បាន​កម្រិត​ណា​?​​ ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូមជម្រាប​ជូន​មូលហេតុ​ដែល​នាំឱ្យកូនតូច​របស់​លោកអ្នក​ស្រែកយំ​មាន5ចំណុច។​

    ​ ​“​ការ​ស្រែកយំ​”​ ​គឺជា​រឿង​ធម្មតា​របស់​ទារក​ទើបនឹង​កើត​ ​ដូច្នេះ​តោង​ឱ្យ​ឪពុកម្ដាយ​ថ្មោងថ្មី​យល់ដឹង​អំពី​កូនតូច​ ​និង​អាច​តបស្នង​តម្រូវការ​របស់​កូន​បាន​យ៉ាង​មាន​សេចក្ដីសុខ​។​ ​ពេល​កូនតូច​របស់​លោកអ្នក​យំ​អាច​បណ្តាល​មក​ពី​៖​
    ​កត្តា​ទី១​ ​គឺ​កូន​ឃ្លាន​ ​បើ​កូនតូច​របស់​អ្នកម្ដាយ​បៅ​ទឹកដោះ​បាន​តិច​ ​និង​ច្រើនតែ​ភ្ញាក់​ឡើង​យំ​ក្រោយពី​បៅ​ទឹកដោះ​បាន​ត្រឹមតែ​មួយ​ម៉ោង​រួចមក​នោះ​ ​មូលហេតុ​មក​ពី​កូនតូច​បៅ​ទឹកដោះ​ខុស​វិធី​ ​ឬ​បៅ​មិនបាន​ឆ្អែត​ ​ដូច្នេះ​អ្នកម្តាយ​គួរតែ​លើក​កូន​ឱ្យបៅ​ ​និង​ អង្អែល​កូនឱ្យគេង​បន្ត​ ​តែ​មិន​ត្រូវឱ្យ​កូន​បៅ​ឆ្អែត​ពេក​ទេ​ ​ចៀសវាង​ការ​ភើ​ចេញក្រៅ​។​ ​

    ​កត្តា​ទី២​ ​កូន​ឯកា​ ​មិនថា​កូនលោក​អ្នកមាន​អាយុ​ប៉ុន្មាន​នោះ​ទេ​ ​ពួកគេ​ពិតជា​ត្រូវការ​សេចក្ដី​ស្រឡាញ់​ ​ភាព​កក់ក្ដៅ​តាមរយៈ​ការ​ប៉ះពាល់​ដ៏​ទន់ភ្លន់​របស់​ឪពុកម្ដាយ​ជាប់​ជានិច្ច​ ​លោកអ្នក​ត្រូវតែ​ផ្តល់​ការ​ឱប​ ​និង​ថើ​បថ្មមៗ​ ​ឬ​​ជា​ការ​ប៉ះពាល់​ខាង​រាងកាយ​ដែល​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុងចិត្ត​ ​និង​មាន​សេចក្ដីសុខ​ជាប្រចាំ​។​ ​

    កត្តា​ទី​៣​ ​កូន​យំ​ព្រោះ​មិន​ស្រួលខ្លួន​ ​ឬ​ឈឺថ្កាត់​ ​ដោយ​កូនតូច​ច្រើនតែ​យំ​រករឿង​ ​មិនព្រម​បៅ​ ​ឬ​មិន​គេង​ជា​នោះ​ ​អ្នកម្ដាយ​គួរ​វាស់​សីតុណ្ហភាព​ខ្លួន​កូន​ ​ដើម្បី​ពិនិត្យមើល​ថា​ ​តើ​កម្ដៅ​ខ្លួន​កូន​ស្ថិត​ក្នុង​កម្រិត​ប៉ុន្មាន​អង្សា​?​ ​បើ​ចាប់ពី37អង្សា​ឡើង​ទៅ​ ​មានន័យថា​ ​កូនតូច​មាន​អាការៈ​គ្រុនក្ដៅ​ខ្លួន​ហើយ​ ​ចូរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ ​

    ​កត្តា​ទី៤​ ​កូន​ចាប់ផ្តើម​ដុះ​ពន្លក​ធ្មេញ​ ​ទារក​នឹង​មាន​ធ្មេញ​មួយគូ​ដំបូង​នៅពេល​អាយុ​បាន​ ​6ខែមុន​នឹង​ធ្មេញ​របស់​កូន​ដុះឡើង​ ​ច្រើនតែ​មាន​ទឹកមាត់​ហៀរ​ចេញ​មក​ក្រៅ​ ​មិន​ចង់​បៅ​ទឹកដោះ​ ​ឬ​ញ៉ាំ​អាហារ​ ​យំ​រករឿង​ ​មាន​អារម្មណ៍​រមាស់​អញ្ចាញធ្មេញ​ ​ចូលចិត្ត​យកដៃ​លូកចូល​មាត់​ ​ដូច្នេះ​អ្នកម្ដាយ​អាច​ជួយ​កាត់បន្ថយ​ភាព​រមាស់​អញ្ចាញធ្មេញ​កូន​បាន​ ​ដោយ​ឱ្យ​កូន​ខាំ​ដុំ​នំ​ប៉័ង​ទន់​ៗ​។​ ​

    ​កត្តា​ទី៥​ ​គឺ​កន្ទប​ ​ឬ​ខោ​ទឹកនោម​កូន​សើម​ខ្លាំង​ ​កូន​អាច​នឹង​មាន​អារម្មណ៍​ថា​សើម​ខ្លួន​ ​មិន​ស្រួល​ស្បែក​ ​ជួនកាល​អាច​ធ្វើ​ឱ្យ​កើត​កន្ទួល​រមាស់​ទៀតផង​ ​ទើប​កូនតូច​ស្រែកយំ​រករឿង​ ​ដូច្នេះ​អ្នកម្តាយ​ត្រូវ​ចេះ​ប្រើ​ម្សៅ​លាប​ ​បំបាត់​រមាស់​ ​រាល់ពេល​ប្តូរ​កន្ទប​ឲ្យ​កូន​ ​និង​ជ្រើសរើស​ម្សៅ​ដែល​បរិសុទ្ធ​ល្អ​ ​មិន​លាយ​ពណ៌​ ​មិន​លាយ​សារធាតុគីមី​ ​ការពារ​សំណើម​ ​ព្រោះ​ស្បែក​កូនតូច​នៅ​ខ្ចី​ណាស់​៕​

  • សារធាតុ​អា​ហា​រល្អៗ​សម្រាប់​កូនតូច​ ​ដែល​បង្កប់​នៅក្នុង​ពណ៌​បន្លែ​ផ្លែឈើ​ដែល​អ្នកម្ដាយ​គួរតែ​យល់ដឹង​

    សារធាតុ​អា​ហា​រល្អៗ​សម្រាប់​កូនតូច​ ​ដែល​បង្កប់​នៅក្នុង​ពណ៌​បន្លែ​ផ្លែឈើ​ដែល​អ្នកម្ដាយ​គួរតែ​យល់ដឹង​

    អាហារ​សម្រាប់​ក្មេង​តូច​ៗ​ ​ប្រាកដ​ណាស់​ត្រូវតែ​មាន​បន្លែ​ ​និង​ផ្លែឈើ​ជា​គ្រឿងផ្សំ​ដែល​មានប្រយោជន៍​ដល់​រាងកាយ​ពួកគេ​ ​ហើយ​បន្លែ​ប្រភេទ​នៃ​ពណ៌​នី​មួយ​ៗ​ទៀតសោត​សុទ្ធតែ​ផ្ដល់​នូវ​សារធាតុ​អាហារ​ដែល​ល្អ​ផ្សេង​ៗ​ពីគ្នា​សម្រាប់​កុមា​រតូចៗ​។​ ​

    ​ទី1​ ​គឺ​ ​បន្លែ​ផ្លែឈើ​ពណ៌បៃតង​ ​គឺ​មាន​ផ្ទុក​សា​ធារ​តុ​ ​ ​ខ្លូ​រ៉ូ​ហ្វីល​ ​(​Chlorophyll​)​ ​មានគុណ​សម្បត្តិ​ក្នុង​ការ​តតាំង​ការ​កកើត​ជំងឺមហារីក​បាន​យ៉ាង​ល្អ​ ​មាន​សារធាតុ​កាក​សរសៃ​ខ្ពស់​ ​ជួយ​ឱ្យ​បន្ទោបង់​បាន​ល្អ​ ​បន្ថយ​អាស៊ីត​ក្នុង​ក្រពះ​ ​និង​ជួយ​កាត់បន្ថយ​អា​ក្កា​រៈ​ចាញ់​ ​ប្រតិកម្ម​នានា​។​ ​

    ​ទី2​ ​បន្លែ​ផ្លែឈើ​ពណ៌ក្រហម​ ​មាន​សារ​ធា​តុ​ឡៃ​ខូ​ពីន​ ​និង​បេតា​សៃ​ស៊ីន​ ​ជួយ​តតាំង​ជំងឺ​មហា​រី​ក​ផ្សេង​ៗ​បាន​យ៉ាង​ល្អ​ ​និង​មានគុណ​សម្បត្តិ​ក្នុង​ការ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ។​ ​

    ​ទី3​ ​បន្លែ​ផ្លែឈើ​ពណ៌លឿង​ ​និង​ពណ៌លឿងទុំ​ ​មាន​សារធាតុ​លូ​ធី​នការ​ពារ​ភាព​ចុះ​ខ្សោយ​របស់​ប្រសាទ​កញ្ចក់​ប្រស្រីភ្នែក​ ​ជួយ​ឱ្យ​មើលឃើញ​ច្បាស់​ល្អ​នៅពេល​យប់​ ​និង​មាន​សារធាតុ​ ​បេ​តា​ឃែ​រ៉ូ​ធីន​ ​ជួយ​ឱ្យ​សាច់​ស្បែក​ភ្លឺរលោង​ ​បន្ថយ​ភាព​ចុះ​ខ្សោយ​របស់​កោសិកា​។​ ​

    ​ទី4​ ​បន្លែ​ផ្លែឈើ​ពណ៌ស្វាយ​ ​មាន​សារធាតុ​ ​អ៊ែន​ថូ​សៃ​យ៉ា​នី​ន​មានគុណ​សម្បត្តិ​បំផ្លាញ​សារធាតុ​ដែល​បង្ក​ឱ្យ​កើត​មហារីក​ ​ជួយ​ពង្រីក​សរសៃឈាម​ ​ជួយ​បំប៉ន​សរសៃសក់​ឱ្យ​មាន​ភាព​ខ្មៅ​ក្រិប​ថែមទៀត​ផង​។​ ​

    ​ទី5​ ​បន្លែ​ផ្លែឈើ​ពណ៌​ ​ស​ ​មាន​ផ្ទុក​សារធាតុ​ ​កាក​សរសៃ​ខ្ពស់​ ​ដើម្បី​ ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ​បង្កើន​បរិមាណ​វីតាមីន​ ​E​ ​ក្នុង​រាងកាយ​ ​ជាពិសេស​ក្រុម​គ្រាប់ធញ្ញជាតិ​ផ្ដល់​នូវ​វីតាមីន​ ​និង​ប្រូ​តេ​អ៊ី​សម្រាប់​ក្មេង​តូច​ៗ​បាន​៕

  • ស្រ្តីដែលមានវ័យច្រើន អាចប្រឈមនឹងបញ្ហាតាំងគក៌ខ្ពស់

    ស្រ្តីដែលមានវ័យច្រើន អាចប្រឈមនឹងបញ្ហាតាំងគក៌ខ្ពស់

    យោង​តាម​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ស្រ្តី​បានឱ្យ​ដឹងថា​ ​ស្រ្តី​ដែល​មាន​អាយុ​ច្រើន​អាច​ជួបនឹង​ភាព​ប្រថុយប្រថាន​ខ្ពស់​ ​ក្នុង​ការ​តាំង​គ​ក៌​ ​និង​បើ​ទោះបីជា​ទារក​កើតមក​ក្តី​ក៏អាច​ជួបនឹង​ផលវិបាក​ដែរ​ ​ដូចជា​គ​ក៌​មាន​ភាព​ខុសប្រក្រតី​ ​អាច​ងាយ​នឹង​រលូត​ ​ដោយសារតែ​សម្បុក​សុក​ញី​មាន​ភាព​ចុះ​ខ្សោយ​ ​សម្រាប់​ស្រ្តី​ដែល​មាន​អាយុ​ចាប់ពី​អាយុ35ឆ្នាំ​ឡើង​ទៅ​!​ ​

    ​ម្យ៉ាងវិញទៀត​ស្រ្តី​ដែល​មាន​អាយុ​ច្រើន​ ​អាច​ជួបនឹង​បញ្ហា​ទងសុក​ធ្លាក់ចុះ​ទាប​ ​ទងសុក​ងាយ​នឹង​របក​មុន​ពេល​ប្រសូត​ ​និង​មាន​ភាព​មិន​ប្រក្រតី​នៃ​លំហូរ​សរសៃឈាម​ដែល​នឹង​ទៅ​ចិញ្ជឹម​សុក​ ​និង​ ​ខ្លួន​ទារក​មិនបាន​ល្អ​ ​បង្ក​រ​ឱ្យ​ទារក​មានខ្លួន​តូច​ ​និង​មាន​សភាវ​ក្រ​ធំ​ ​ឬ​ធំ​យឺត​។​ ​ស្រ្តី​ដែល​មាន​អាយុ​ច្រើន​ខ្លះ​អាច​នឹង​ជួបប្រទះ​នឹង​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។​ ​

    ​វិធី​ល្អ​ប្រសើរ​សម្រាប់​ស្រ្តី​អាយុ​ច្រើន​ធ្វើការ​តាំង​គ​ក៌​ ​តម្រូវឱ្យពួកគេ​ចេះ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ ​និង​ពិនិត្យ​សុខភាពឱ្យ​ញឹកញាប់​ជាង​ស្រ្តី​វ័យ​តិច​ ​មុននឹង​សម្រេចចិត្ត​តាំង​គ​ក៌​៕​

  • 14 ចំណុចហាមឃាត់ ចំពោះស្រ្តីមានគក៌ មិនគួរធ្វើ

    14 ចំណុចហាមឃាត់ ចំពោះស្រ្តីមានគក៌ មិនគួរធ្វើ

    សួស្តី​ប្រិយមិត្ត​ឡា​រ៉ែ​ន​ជាទី​មេត្រី​ ​ជាពិសេស​បងប្អូន​ស្រ្តី​ ​ដែល​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​ពពោះ​ជាទី​រាប់អាន​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​នាំមក​ជូន​លោកអ្នក​ ​នូវ​ចំនុច​ហាមឃាត់​ចំនួន14​ ​ដែល​ស្រ្តី​មាន​គ​ក៌​ត្រូវតែ​ចង​ចង​ ​និង​អនុវត្តន៍​សម្រាប់​សុខភាព​អ្នកជា​ស្រ្តី​ ​និង​សម្រាប់​កូន​ជាទី​ស្រលាញ់​របស់​លោកអ្នក​។​

    ​យោង​តាម​គ្រូពេទ្យ​វេជ្ជ​សាស្រ្ត​បានឱ្យ​ដឹង​ថា​ចំនុច​ទាំង14ដែល​ស្រ្តី​មាន​គ​ក៌​មិន​គួរ​ធ្វើមាន​ដូចជា​៖​
    ​ទី1​.​ ​ហាម​មួរ​ម៉ៅ​ ​ធុញថប់​ ​តានតឹង​អារម្មណ៍​ ​អាច​បណ្តាល​ឱ្យ​ទំ​ងន់​ស្រ្តី​ឡើង​ស្រឺត​ៗ​។​

    ​ទី2​.​ ​ហាម​ហាត់ប្រាណ​បង្ខំ​ ​និង​ហាត់​ខ្លាំង​ ​អាច​រញ្ជួយ​ដល់​គ​ក៌​ ​និង​រលូត​បាន​។​

    ​ទី3​.​ ​ហាម​ពាក់​ស្បែកជើង​ចោទ​ ​អាច​បណ្តាល​ឱ្យ​ដួល​ ​និង​ឈឺ​កំភួនជើង​ ​ភ្លៅ​ ​ចង្កេះ​។​

    ​ទី4​.​ ​ហាម​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ ​ព្រោះ​គ​ក៌​កំពុង​លូតលាស់​ ​អាច​បណ្តាល​ឱ្យ​កូន​មាន​ពិការភាព​។​

    ​ទី5​.​ ​ហាមចូល​គេង​យប់ជ្រៅ​ ​និង​ត្រូវ​គេង​ឱ្យបាន8ម៉ោង​ពេញ​នៅពេល​យប់​។​

    ​ទី6​.​ ​ហាម​អត់អាហារ​ ​និង​សម្រក​ទំ​ងន់​ ​អាច​បណ្តាល​ឲ្យ​កូន​កើតមុន​ខែ​ ​ឬ​ពិការ​ខួរក្បាល​។​

    ​ទី7​.​ ​ហាម​រំលង​ ​ឬ​ខកខាន​ការ​ណាត់​ពិនិត្យ​គ​ក៌​ ​ព្រោះ​រាងកាយ​ម្តាយ​ ​និង​កូន​ក្នុង​ផ្ទៃ​មានការ​ប្រែប្រួល​ជានិច្ច​។​

    ​ទី8.​ ​ហាម​ញ៉ាំ​អាហារ​ដែល​គ្មាន​ប្រយោជន៍​ ​ដូចជា​កាហ្វេ​ ​អាហារ​ខ្លាញ់​ ​ហឹរ​ ​ឬ​ស្ទើរ​ឆៅ​ ​ស្ទើរ​ឆ្អិន​ ​អាច​បណ្តាល​ឲ្យ​កូន​ពិការ​ខួរក្បាល​។​

    ​ទី9​.​ ​ហាម​ធ្វើដំណើរ​ឆ្ងាយ​ ​ពេល​ជិតដល់​ថ្ងៃ​សម្រាល​ ​អំឡុង​ពេល32សប្តាហ៍​ ​ព្រោះ​អាច​បណ្តាល​ឱ្យ​សម្រាល​មុន​ខែ​ ​និង​ឆ្លង​មេរោគ​។​

    ​ទី10.​ ​ហាម​ញ៉ាំទឹក​ដោះ​គោ​ច្រើន​ ​លើស​ពី​ ​2កែវ​ក្នុង​មួយថ្ងៃ​ ​ព្រោះ​អាច​ឱ្យ​ទារក​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ​ ​និង​ធ្វើ​ឱ្យ​ស្រ្តីជា​ម្តាយ​បាត់បង់​ជាតិ​កាល់ស្យូម​បាន​។​ ​

    ​ទី11​.​ ​ហាម​ស្លៀកពាក់​រឹប​ខ្លួន​ជ្រុល​ពេក​ ​អាច​បណ្តា​ឱ្យ​បែក​ញើស​បង្ក​រ​ជា​ក្លិន​ខ្លួន​ ​និង​ក្លិន​អវៈយវៈ​ភេទ​ខ្លាំង​ជាង​មុន​។​

    ​ទី12​.​ ​ហាម​លូក​លាង​រន្ធ​ស្បូន​ ​និង​ប្រើ​ថ្នាំ​កម្ចាត់​ក្លិន​ ​បណ្តាល​ឱ្យ​មេរោគ​ចូលក្នុង​ស្បូន​បាន​យ៉ាង​ងាយ​។​

    ​ទី13.​ ​ហាម​លើក​របស់​ធ្ងន់​ៗ​ ​ឬ​តោង​ឡើង​ទី​ខ្ពស់​ៗ​ ​អាច​ងាយ​ឲ្យ​រលូតកូន​។​

    ​ទី14​.​ ​ហាម​ស្វាមី​មាន​ក្នុង​ ​មាន​ក្រៅ​ ​អាច​បណ្តាល​ឲ្យ​កូន​ ​និង​ភរិយា​ងាយ​ឆ្លង​មេរោគ​៕​

  • CVEA៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៀត

    CVEA៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៀត

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​អះអាង​ថា​ ​ទីផ្សារ​នេះ​នឹង​នៅតែ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​ ​10ឆ្នាំទៅ​មុខ​ទៀត​ ​ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន​ ​និង​ប្រឈម​បញ្ហា​មួយចំនួន​ផង​ដែរ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ឬហៅ​ថា​ ​CVEA​។​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​CVEA​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Hutton​ ​CPL​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖​ ​“​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​វិស័យ​មួយ​ដ៏​ល្អ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​រីក​លូតលាស់​លឿន​ ​ចាត់ជា​ប្រទេស​ដែល​មានការ​រីកចម្រើន​ខ្លាំង​ទី6​ ​លើស​កល​លោក​ ​និង​ត្រូវ​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​គ្រប់​វិស័យ​”​។​

    ​លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​៖​“​វិស័យ​ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​យើង​ ​គឺ​វិស័យ​សំណង់​ ​និង​ដីធ្លី​ ​ដែល​មាន20​%​ ​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(​ផសស​)​។​ ​វា​ជា​មោទនភាព​របស់​ប្រទេសជាតិ​ទាំងមូល​ ​និង​ជា​មោទនភាព​សម្រាប់​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ដែល​បាន​ក្លាយជា​វិស័យ​សំខាន់​ ​និង​ជាស​សរ​ស្តម្ភ​មួយ​ ​រួម​នឹង​សសរ​ស្តម្ភ​ដ៏​សំ​ខាន់​ៗ​ដទៃទៀត​ដែល​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​”​។​

    ​នៅ​លើ​ពិភពលោក​ ​បើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​មាន​បញ្ហា​ ​នោះ​វិ​ស័យ​ផ្សេង​ៗ​នឹង​មាន​បញ្ហា​ដែរ​។​ ​ដូច្នេះហើយ​ទើប​ការ​ពង្រឹង​សមត្ថភាព​របស់​ភ្នាក់ងារ​អចលនវត្ថុ​ជាផ្នែក​មួយ​ដ៏​ចាំបាច់​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​សមត្ថភាព​របស់​ភ្នាក់ងារ​យើង​នៅ​មានកម្រិត​នៅឡើយ​។​ ​ដូច្នេះ​សមាគម​ត្រូវតែ​ជួយ​បំពេញបន្ថែម​នៅ​ចំណុច​ខ្វះខាត​ទាំងនេះ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​អំពី​គន្លឹះ​ថ្មី​ៗ​សម្រាប់​ភ្នាក់ងារ​ ​និង​សមាជិក​នី​មួយ​ៗ​ជាបន្តបន្ទាប់​។​

    ​លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​មាន​គម្រោង​ចំនួន​ ​43,136​ ​ដែល​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ ​និង​ទុន​វិនិយោគ​ចំនួន​ ​43,370លាន​ដុល្លារ​ ​ដែល​ចំនួន​នេះ​ជា​ចំនួន​ដ៏​ធំ​ ​ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។​

    ​លោក​ឧកញ៉ា​បន្ត​ថា​ ​បើ​យើង​មើលទៅ​ឆ្នាំ2018យើង​ឃើញថា​ ​មានការ​ថយ​ចុះ​បន្តិច​ដែរ​ ​គឺ​ទុន​វិនិយោគ​មាន​ចំនួន​ ​5ពាន់​លាន​ដុល្លារ​អាមេរិក​ ​មានការ​ថយ​ចុះ18​%​ ​តែបើ​ប្រៀបធៀប​នឹង​ឆ្នាំ2017​ ​ដែល​មាន​រហូតដល់​ ​6ពាន់​លាន​ដុល្លារ​ ​តែ​ការ​ធ្លាក់ចុះ​នេះ​ ​មិនមែន​ដោយសារ​បញ្ហា​ដីធ្លី​ទេ​ ​គឺ​ដោយសារ​សំណង់​អ​គារ​ធំៗ​ដែល​យើង​មើលឃើញ​ ​បាន​បញ្ចប់​នៅ​ឆ្នាំ2018​ ​និង2019នេះ​។​

    ​ហើយ​នៅ​ឆ្នាំ2019​ ​នេះ​ដែរ​ ​តាម​ការ​ព្យាករ​ដោយ​ស្ថាប័ន​ធំៗ​ ​3​ ​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​និង​ធនាគារពិភពលោក​ ​(​WB​)​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ2019នេះ​ ​GDP​ ​ផ.ស.សរ​បស់​កម្ពុជា​នឹង​នៅតែ​រក្សា​បាន​ក្នុង​កម្រិត7​%​ដដែល​ ​បានន័យ​ថា​ ​បើផ.ស.សយើ​ងនៅ​រក្សា​បាន​នូវ​កំណើន​ដូច​ឆ្នាំ2018​ ​នោះ​គឺ​វិស័យ​ដីធ្លី​យើង​នឹង​ស្ថិតនៅ​ល្អ​ដដែល​ ​មិន​មាន​សញ្ញា​ណា​ថា​ ​វា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ2019នេះ​ទេ​ ​គឺ​នៅតែ​ដំណើរការ​ល្អ​ដដែល​។​

    ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នៅពេល​និយាយ​ពី​ការ​កើនឡើង​ ​ឬ​ថយ​ចុះ​វិស័យ​នេះ​ ​គេ​ត្រូវ​និយាយ​ពី​តម្រូវការ​ ​និង​ការ​ផ្គត់ផ្គង់​ ​តែបើ​និយាយ​ពី​តម្លៃ​ដី​វិញ​ ​បើ​ឡើងថ្លៃ​ខ្ពស់​ ​មិន​អាច​វិនិយោគ​ទៅ​បាន​ចំណេញ​ទេ​ ​វា​នឹង​ជាប់​គាំង​ ​ព្រោះ​អ្នកទិញ​ ​គឺ​ទិញ​ដើម្បី​វិនិយោគ​យកចំណេញ​ ​តែបើ​ទិញ​ហើយ​មិន​
    ​ចំណេញ​ ​គេ​មិន​ទិញ​ទេ​។​

    ​លោក​បន្ត​ថា​ ​ទាក់ទង​នឹង​ការ​ចេញផ្សាយ​របស់​ធនាគារពិភពលោក​ ​ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​កាលពី​ពេល​ថ្មី​ៗ​នោះ​ ​វា​ជា​ការត្រឹមត្រូវ​ ​គឺ​មាន​រយៈពេល​ ​10ឆ្នាំ​ដែល​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវតែ​គិតគូរ​ពី​បញ្ហា​ប្រឈម​។​ ​ព្រោះថា5​ ​ទៅ10ឆ្នាំខាងមុខ​ ​វិស័យ​នេះ​នៅតែ​រឹងមាំ​ ​តែ​សម្រាប់​រយៈពេល20ឆ្នាំទៅ​មុខ​ ​វា​នឹង​មាន​បញ្ហា​ប្រឈម​។​

    ​តែ​លោក​ ​សុខ​ ​នីម​ ​បាន​បញ្ជាក់​ថា​ ​វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​ ​ព្រោះ​បើ​ប្រទេស​មួយ​មាន​លុយ​បម្រុង​ច្រើន​ ​វា​អាច​ជួយស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​បាន​។​ ​តែបើ​ប្រទេស​មួយ​មាន​ទុនបម្រុង​តិច​ ​វា​ងាយ​មាន​ហានិភ័យ​ ​ព្រោះ​បើ​បញ្ហា​ជាស​កល​កើតមានឡើង​ ​ប្រទេស​នោះ​ងាយ​នឹង​រងគ្រោះ​។​

    ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ថា​ ​បើ​ពិនិត្យមើល​ស្ថានភាព​បំណុល​ ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ​ប៉ុន្តែ​ដោយសារ​ផលទុនជាតិ​សរុប​សម្រាប់​មនុស្សម្នាក់​នៅ​មានកម្រិត​ទាប​ ​កម្ពុជា​ក៏​មាន​ហានិភ័យ​ដែរ​។​ ​ដូច្នេះ​បើ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ផលទុន​ ​ឬ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្សម្នាក់​កើន​ខ្ពស់​ ​ហានិភ័យ​ក្នុង​វិស័យ​នេះ​ក៏​មានកម្រិត​ទាប​ដែរ​។​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​បន្ថែម​ថា​ ​ចំពោះ​បញ្ហា​ដែល​កើតមាន​ ​យើង​ត្រូវតែ​ខិតខំ​ទាំងអស់គ្នា​ដោយ​ខំធ្វើ​ម៉េច​ឱ្យ​ចំណេះ​របស់​យើង​ក្លាយជា​ជំនាញ​នោះ​ម្នា​ក់ៗ​នឹង​មាន​ជីវភាព​កាន់តែ​ល្អ​ ​និង​រួមចំណែក​ក្នុង​ការ​កសាង​ប្រទេសជាតិ​យើង​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ឯកឧត្តម​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ក៏បាន​ចេញ​សេចក្ដីប្រកាស​លើ​វិស័យ​អចលនទ្រព្យ​ថា​ ​នឹង​ពង្រឹង​លើ​វិស័យ​សំណង់​ ​និង​ការប្រើ​ប្រាស់​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​និរន្តរភាព​យូរអង្វែង​៕​

  • បញ្ចុះតម្លៃរហូតដល់ $20,000 និងអត្រាការប្រាក់ ០% សម្រាប់អតិថិជន ១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគាររបស់ Volvo

    បញ្ចុះតម្លៃរហូតដល់ $20,000 និងអត្រាការប្រាក់ ០% សម្រាប់អតិថិជន ១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគាររបស់ Volvo

    រាត្រី​ថ្ងៃទី8​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​HGB​ ​Group​ ​Co​.​,​LTD​ ​បាន​ធ្វើពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​អស្ចារ្យ​របស់Volvo​ ​ដែល​ជា​ផលិតផល​របស់​ប្រទេស​ស៊ុយ​អ៊ែ​ត​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ក្នុង​ឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​នេះ​ក្រុមហ៊ុនVolvo​ ​បាន​ផ្ដល់​ជូន​ពិសេស​បញ្ចុះតម្លៃ​រហូតដល់​ ​20,000ដុល្លា​។​ ​ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ដែរ​ ​អតិថិជន​ក៏​ទទួល​បាន​នូវ​ការ​ផ្ដល់​អត្រា​ការប្រាក់0​%​ ​សម្រាប់​ឆ្នាំទី1​ ​ដែល​ជូន​ជាពិសេស​ទៅកាន់​អតិថិជន​ត្រឹមតែ​ ​10អ្នក​ដំបូង​តែប៉ុណ្ណោះ​។​ ​

    ​ម៉ូដែល​រថយន្ត​ ​Volvo​ ​ដែល​នាំចូល​ដោយក្រុម​ហ៊ុន​ ​HGB​ ​Group​ ​Co​.​,​LTD​ ​មាន​ដូចជា​៖​

    • ​XC60​ ​ជារ​ថ​យន្ត​ទំនើប​ដែល​មាន​សុវត្ថិភាព​បំផុត​ ​មិនធ្លាប់​មាន​ពីមុន​មក​ ​និង​ជា​ម៉ូដែល​លក់ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក​ព្រមទាំង​បាន​ទទួល​រង្វាន់​ ​“​រថយន្ត​ពិភពលោក​ប្រចាំឆ្នាំ2018​”​។​
    ​XC60​ ​
    • ​XC40​ ​ស៊េរី​ថ្មី​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ ​“​រថយន្ត​អ៊ី​រ៉ុ​បនៃ​ឆ្នាំ2018​”​។​
    XC40
    • XC90​ ​ក៏បាន​ទទួល​ពានរង្វាន់​ ​”​រថយន្ត​ប្រភេទ​ ​SUV​ ​ដ៏​ប្រណីត​បំផុត​ប្រចាំ​សតវត្សរ៍​”​ ​និង​បាន​ទទួល​ពានរង្វាន់​ជាច្រើន​ទៀត​ដូចជា​ ​”​Best​ ​Midsize​ ​Premium​ ​SUV​”​ ​និង​ ​”​EURO​ ​NCAP​”​។​ ​
    XC90​
    • ​S90​ ​គឺជា​រថយន្ត​ប្រភេទ​ ​Sedan​ ​ដ៏​ប្រណីត​បំផុត​ដែល​គ្មាន​រថយន្ត​ដទៃ​ដូច​ ​ហើយនឹង​នាំមក​នូវ​សក្តា​នុ​ពល​ដ៏​ធំធេង​នៅ​លើ​ទីផ្សារ​កម្ពុជា​។​
    S90​

    ​​ដោយ​យោង​តាម​ប្រសាសន៍​របស់​លោក​ ​Herfried​ ​Hasenoehrl​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​HGB​ ​Group​ ​បានឱ្យ​ដឹង​ថា​ ​«​នេះ​គឺជា​ជំហាន​ដំបូង​នៃ​បេសកកម្ម​បង្កើត​ឡើង​ដោយ​ក្តី​ស្រលាញ់​ដើម្បី​ជា​កេរ​តំណែ​ល​របស់​ពួក​យើង​។​ ​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន​ ​HGB​ ​Group​ ​ទទួល​បាន​ទំនុកចិត្ត​ ​និង​បាន​ក្លាយជា​អ្នកតំណាង​ផ្ដាច់មុខ​របស់​រថយន្ត​ ​Volvoហើយ​យើង​នឹង​ធ្វើ​ឱ្យ​ម៉ាក​រថយន្ត​មួយ​នេះ​កាន់តែ​មានតម្លៃ​។​ ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ដោយមាន​ការណែនាំ​ពី​ក្រុមហ៊ុន​ ​Volvo​ ​ហើយនិង​ការ​ប្តេជ្ញា​ចិត្ត​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​HGB​ ​Group​ ​ក្នុង​ការ​បំពេញភារកិច្ច​នេះ​ ​គឺ​ដើម្បី​នាំមក​នូវ​ការ​ប្តេជ្ញា​ខ្ពស់​ជាង​មុន​ទាក់ទង​ទៅ​នឹង​បទ​ពិសោធ​រថយន្ត​ ​ការរចនា​បែប​ ​Scandinavian​ ​ព្រមទាំង​សេវា​ថែទាំ​អតិថិជន​»​។​

    ​ហើយ​លោក​បាន​បន្ត​ទៀត​ថា​«​ប្រទេស​កម្ពុជា​បាន​ផ្តល់​នូវ​កំណើន​ដែល​មាន​និរន្តរភាព​ ​និង​ស្ថិរភាព​នយោបាយ​។​ ​សហគ្រិន​ដែល​ជោគជ័យ​ ​និង​ម្ចាស់​អាជីវកម្ម​បាន​កំពុងតែ​ធ្វើ​ឱ្យ​ប្រ៊េ​នដ៍​របស់​ពួកគេ​លេចធ្លោ​នៅក្នុង​សហគមន៍​អាជីវកម្ម​ ​ដូច្នេះ​វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​អតិថិជន​នៅ​កម្ពុជា​ព្រម​ទទួលយក​ផលិតផល​ដែល​មានគុណ​ភាព​ដូចជា​រថយន្ត​ ​Volvo​។​ ​សម្រាប់​ពេលនេះ​យើង​កំពុង​ទន្ទឹងរង់ចាំ​អតិថិជន​ដែល​នឹង​ក្លាយជា​ម្ចាស់​រថយន្ត​ ​Volvo​ ​ដ៏​ប្រណីត​របស់​យើងខ្ញុំ​នៅក្នុង​អគារ​តាំង​បង្ហាញ​នេះ​ជាមួយនឹង​កន្លែង​ផ្ដល់​សេវាកម្ម​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ​ ​និង​រង់ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​កិត្តិយស​ទាំងអស់​យ៉ាង​កក់ក្តៅ​។​ ​ដោយ​ម៉ូដែល​ទាំងឡាយ​ត្រូវ​បាន​កំណត់​ជាពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា​ហើយ​ម៉ូដែល​ទាំងនោះ​ក៏​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​រួចហើយ​ដែរ​ ​ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ទទួលយក​នូវ​បទ​ពិសោធ​ដ៏​អស្ចារ្យ​ ​និង​មាន​ភាព​ប៉ិនប្រសប់​នៃ​រថយន្ត​ដែល​ស័ក្ដិសម​សម្រាប់​លោកអ្នក​។​»​

    ​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន​តាម​ទូរស័ព្ទ​លេខ​:​ ​095​ ​666​ ​379 ​/​ ​095​ ​666​ ​054 ​/​ ​024​ ​900​ ​000​៕​


  • កញ្ញា លីនដា អាសា អាប់ដាឡា បង្ហាញក្បាច់របាំក្បាលពោះមានប្រភពមកពីប្រទេសអារ៉ាប់

    កញ្ញា លីនដា អាសា អាប់ដាឡា បង្ហាញក្បាច់របាំក្បាលពោះមានប្រភពមកពីប្រទេសអារ៉ាប់

    កញ្ញា ​លី​នដា​ អាសា ​អាប់​ដា​ឡា​ (​Linda​ ​Asha​ ​Abdalla​)​ បាន​ចាប់ផ្តើម​ចូលរៀន​ហាត់​រាំ​តាំងពី​អាយុ16ឆ្នាំ​មក​ម្លេ​:​។​ កញ្ញា​ លី​នដា ​បាន​ចូល​សាលា​របាំ​មួយ​ក្នុងចំណោម​សាលា​របាំ​ដែល​ធំជាង​គេ​ក្នុង​ប្រទេស​ឆេក​នៅ​អឺរ៉ុប​។​ រយៈពេល​សិក្សា​កញ្ញា​ លី​នដា​ ជាប់​ជា​និស្សិត​រាំ​ឆ្នើម​ជាងគេ​ទទួល​បានការ​កោតសរសើរ​ពី​គ្រូរបាំ​ជាច្រើន​។ ​បន្ទាប់ពី​ទទួល​បានការ​អប់រំ​គ្រប់​កម្រិត​បច្ចេកទេស​នៃ​ការ​រាំ​ពីសា​លា​ដំបូង​កញ្ញា ​លី​នដា​ បាន​ចូល​សិក្សា​នៅក្នុង​សាលា​របាំ​ល្បី​ៗ​ផ្សេងទៀត ​ដើម្បី​រៀន​ក្បាច់​រាំ​និង​បច្ចេក​ទេស​ថ្មី​ៗ​។ ​កញ្ញា​ក៏​ធ្លាប់​បាន​ចូលរួម​ ​សិក្ខាសាលា​អន្តរជាតិ​ស្ដី​អំពី​របាំ​ក្បាលពោះ​ដែល​មាន​អ្នកជំនាញ​ឯកទេស​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក​មាន​ដូចជា​អ្នកគ្រូ​របាំ​មក​ពី​ប្រទេស​អេហ្ស៊ីប​អ្នកគ្រូ​របាំ​ ​Osama​ ​Emamជាដើម​។​ នៅក្នុង​ឆ្នាំ2008 កញ្ញា​លី​នដា​ចាប់ផ្ដើម​បើក​សាលាបង្រៀន​រាំ​នៅក្នុង​ទីក្រុង​ប្រាក​ប្រទេស​ឆេក​។ ​បន្ថែម​ពីនេះ​កញ្ញា​ក៏​ធ្លាប់​បាន​ចូលរួម​បង្ហាញ​នៅ​តាម​ភោជ​នី​ដ្ឋាន​ហាង​តែ​និង​ព្រឹត្តិ​កា​រណ៍​ធំៗ​ជាច្រើន​។ ​បន្ទាប់មក​កញ្ញា​លី​នដា​បាន​បម្រើការ​នៅ​ក្លឹប​ភោជនីយដ្ឋាន Harem​ ​Lounge​,​ ​Riverhouse​ ​Lounge​ ​and​ ​Bistro ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​“​មាត់​ឆ្នេរទន្លេ​ភ្នំពេញ​”​ចាប់ពី​ឆ្នាំ2012មក​ព្រមទាំង​បាន​ឡើង​សម្ដែង​នៅ​តាម​ពិធី​នានា​មាន​ដូចជា​ពិធីជប់លៀង​ពិធី​តាំងពិព័រណ៍​ពិធី​រៀប​អាពាហ៍​ពិពាហ៍​និង​ពិធីបុណ្យ​ឬកម្ម​វិ​ធី​សប្បាយ​ៗ​ផង​ដែរ​។​ ​


    ​អំពី​របាំ​ក្បាលពោះ​ ​(​Mid​-​East​ ​Dance​:​ ​Belly​ ​Dance​)​ ​
    ​របាំ​ក្បាលពោះ​គឺជា​របាំ​ដែល​មក​ពី​ប្រទេស​អាស៊ី​កណ្ដាល​ខាងកើត​។ ​ម៉្យាងទៀត​ត្រូវ​បាន​គេ​ហៅឈ្មោះ​ថា​ជា​“​របាំ​ក្បាលពោះ​”​ដែល​បាន​ ​កើតឡើង​ប្រហែល5000ឆ្នាំ​មក​ហើយ​។ ​សព្វថ្ងៃ​នេះ​របាំ​ក្បាលពោះ​គឺជា​ការ​រលាយ​បញ្ចូល​គ្នា​នូវ​ការ​រាំ​បែប​បូរាណ​មក​ពី​ប្រទេស​អេហ្ស៊ីប​ស៊ីរី​ ​ទួ​គី​ អា​រ៉ា​ប៊ី​សា​អូឌីត​ អាហ្រ្វិក​ខាងជើង​ និង​ក្បាច់​រាំ​មក​ពី​អាស៊ី​កណ្ដាល​ភាគ​ខាងកើត​។​ របាំ​នេះ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ក្លាយ​ខ្លួន​ ​ជា​អ្នករបាំ​ជំនាញ​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដូចគ្នានឹង​របាំ​បាល់​ឡេ ​ឬ​របាំ​ដទៃទៀត​ដែរ​។​ ​អត្ថ​ប្រយោជន៍​នៃ​របាំ​ក្បាលពោះ​មាន​ដូចជា​សម្រួល​សរសៃឈាម​ជាតិ​ខ្លាញ់​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​សម្រួល​អារម្មណ៍​តានតឹង​និង​ល្អ​ចំពោះ​ស្រ្តី​មុន​ពេល​មានផ្ទៃពោះ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រាលកូន​ផង​ដែរ​។​ ​របាំ​រាំ​នេះ​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់រូប​ និង​គ្រប់​វ័យ​។​ ​


    ​Abdalla​ ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ទាំង​កម្លាំងចិត្ត​ និង​កម្លាំងកាយ​ក្នុង​ការ​បង្រៀន​សិស្ស​ដោយ​ការ​យកចិត្ត​ទុកដាក់​បង្ហាត់បង្ហាញ​នៅពេល​ដែល​សិស្ស​ពិបាក​យល់​និង​ពិបាកធ្វើ​តាម​។​ “​ទាល់តែ​សាក​ទើប​ដឹង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​អង្កេត​ និង​សាកល្បង​ពី2ទៅ3មេរៀន​ដំបូង​។ ​សិស្ស​ទាំងអស់​នឹង​មាន​អារម្មណ៍​ងាយស្រួល​ក្នុង​ការហាត់​រៀន​និង​វិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​។​ ​ហើយ​ប្រយោជន៍​ដែល​អ្នកទទួល​បាន​គឺ​លើស​ពី​អ្វី​ដែល​អ្នក​គិត​”​នេះ​ជា​ប្រសាសន៍​របស់​កញ្ញា​លី​នដា​អាសា​អាប់​ដា​ឡា​។​ ​

    ​របាំ​រាំ​ក្បាលពោះ​គឺ​មិនមែន​ជា​៖​ ​
    ​•​ ​របាំ​រាំ​ស្រាត ​ឬ​របាំ​សិច​នោះ​ទេ​ ​
    ​•​ ​របាំ​ប្រលោម​ ឬ​របាំ​ឱប​នោះ​ទេ​ ​
    ​•​ ​កំប្លែង ​ឬ​លែង​សើច​ ​
    ​•​ ​ទម្រង់​របាំ​ឥណ្ឌា​ ​
    ​•​ ​របាំ​ហា​វ៉ៃ​ ​

    ​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ ​
    ​របាំ​ក្បាលពោះ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ការ​ពន្លា​រសាច់​ដុំ​កប់​សរសៃ​សម្រក​ទម្ងន់ ​ស្រ្តី​មុន​សម្រាលកូន​កាត់បន្ថយ​ភាព​តានតឹង​តប់ប្រមល់​ ​និង​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ជាដើម​។​ ចង្កេះ​ទន់​ល្វត់ល្វន់​បត់ចុះបត់ឡើង​ជំនួយ​ដល់​សាច់ដុំ ​ជាពិសេស​ក្បាលពោះ​ឆ្អឹងត្រគាក​ឆ្អឹង​ដងខ្លួន​ឆ្អឹងខ្នង ​និង​ឆ្អឹងកងក​ដែល​ធ្វើ​ចលនា​ជាមួយគ្នា​នឹង​ដងខ្លួន​ខុសពី​របាំ​ផ្សេង​ៗ​ទៀត​ដែល​ចលនា​ទាំងអស់​បញ្ច្រាស​គ្នា​។ ​របាំ​ក្បាលពោះ​គឺជា​មូលដ្ឋាន​ចលនា​ដែល​កើតមាន​ពី​ធម្មជាតិ​ចំពោះ​ស្រ្តី​។ ​អំណោយផល​ដល់​សុខភាព​ចំពោះ​ស្រ្តី​ដែល​អនុវត្ត​ទម្រង់​នៃ​របាំ​ក្បាលពោះ​ជាប្រចាំ​៕​ ​


  • បញ្ចុះតម្លៃរហូតដល់ $20,000 និងអត្រាការប្រាក់ ០% សម្រាប់អតិថិជន ១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគារដ៏អស្ចារ្យរបស់ Volvo

    បញ្ចុះតម្លៃរហូតដល់ $20,000 និងអត្រាការប្រាក់ ០% សម្រាប់អតិថិជន ១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគារដ៏អស្ចារ្យរបស់ Volvo

    រាត្រី​ថ្ងៃទី8​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​HGB​ ​Group​ ​Co​.​,​LTD​ ​បាន​ធ្វើពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​អស្ចារ្យ​របស់Volvo​ ​ដែល​ជា​ផលិតផល​របស់​ប្រទេស​ស៊ុយ​អ៊ែ​ត​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​


    ​ក្នុង​ឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​នេះ​ក្រុមហ៊ុនVolvo​ ​បាន​ផ្ដល់​ជូន​ពិសេស​បញ្ចុះតម្លៃ​រហូតដល់​ ​20,000ដុល្លា​។​ ​ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ដែរ​ ​អតិថិជន​ក៏​ទទួល​បាន​នូវ​ការ​ផ្ដល់​អត្រា​ការប្រាក់0​%​ ​សម្រាប់​ឆ្នាំទី1​ ​ដែល​ជូន​ជាពិសេស​ទៅកាន់​អតិថិជន​ត្រឹមតែ​ ​10អ្នក​ដំបូង​តែប៉ុណ្ណោះ​។​ ​​


    ​ម៉ូដែល​រថយន្ត​ ​Volvo​ ​ដែល​នាំចូល​ដោយក្រុម​ហ៊ុន​ ​HGB​ ​Group​ ​Co​.​,​LTD​ ​មាន​ដូចជា​
    ​រថយន្ត​ ​Volvo​ ​ម៉ូដែល​ ​XC60​ ​ជារ​ថ​យន្ត​ទំនើប​ដែល​មាន​សុវត្ថិភាព​បំផុត​ ​មិនធ្លាប់​មាន​ពីមុន​មក​ ​និង​ជា​ម៉ូដែល​លក់ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក​ព្រមទាំង​បាន​ទទួល​រង្វាន់​ ​“​រថយន្ត​ពិភពលោក​ប្រចាំ​
    ​ឆ្នាំ2018​”​ ​ទៀតផង​ ​និង​រថយន្ត​ ​Volvo​ ​ម៉ូដែល​ ​XC40​ ​ស៊េរី​ថ្មី​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ត្រូវ​បាន​គេដាក់​ឈ្មោះថា​“​រថយន្ត​អ៊ី​រ៉ុ​បនៃ​ឆ្នាំ2018​”​ ​ហើយ​រថយន្ត​ ​Volvo​ ​ម៉ូដែល​ ​XC90​ ​ក៏បាន​ទទួល​ពានរង្វាន់​ ​”​រថយន្ត​ប្រភេទ​ ​SUV​ ​ដ៏​ប្រណីត​បំផុត​ប្រចាំ​សតវត្សរ៍​”​ ​និង​បាន​ទទួល​ពានរង្វាន់​ជាច្រើន​ទៀត​ដូចជា​ ​”​Best​ ​Midsize​ ​Premium​ ​SUV​”​ ​និង​ ​”​EURO​ ​NCAP​”​ ​។​ ​ជាមួយគ្នា​ផង​ដែរ​ ​រថយន្ត​ ​Volvo​ ​ម៉ូដែល​ ​S90​ ​គឺជា​រថយន្ត​ប្រភេទ​ ​Sedan​ ​ដ៏​ប្រណីត​បំផុត​ដែល​គ្មាន​រថយន្ត​ដទៃ​ដូច​ ​ហើយនឹង​នាំមក​នូវ​សក្តា​នុ​ពល​ដ៏​ធំធេង​នៅ​លើ​ទីផ្សារ​កម្ពុជា​។​


    ​ដោយ​យោង​តាម​ប្រសាសន៍​របស់​លោក​ ​Herfried​ ​Hasenoehrl​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​HGB​ ​Group​ ​បានឱ្យ​ដឹង​ថា​ ​«​នេះ​គឺជា​ជំហាន​ដំបូង​នៃ​បេសកកម្ម​បង្កើត​ឡើង​ដោយ​ក្តី​ស្រលាញ់​ដើម្បី​ជា​កេរ​តំណែ​ល​របស់​ពួក​យើង​។​ ​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន​ ​HGB​ ​Group​ ​ទទួល​បាន​ទំនុកចិត្ត​ ​និង​បាន​ក្លាយជា​អ្នកតំណាង​ផ្ដាច់មុខ​របស់​រថយន្ត​ ​Volvoហើយ​យើង​នឹង​ធ្វើ​ឱ្យ​ម៉ាក​រថយន្ត​មួយ​នេះ​កាន់តែ​មានតម្លៃ​។​ ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ដោយមាន​ការណែនាំ​ពី​ក្រុមហ៊ុន​ ​Volvo​ ​ហើយនិង​ការ​ប្តេជ្ញា​ចិត្ត​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​HGB​ ​Group​ ​ក្នុង​ការ​បំពេញភារកិច្ច​នេះ​ ​គឺ​ដើម្បី​នាំមក​នូវ​ការ​ប្តេជ្ញា​ខ្ពស់​ជាង​មុន​ទាក់ទង​ទៅ​នឹង​បទ​ពិសោធ​រថយន្ត​ ​ការរចនា​បែប​ ​Scandinavian​ ​ព្រមទាំង​សេវា​ថែទាំ​អតិថិជន​»​។​


    ​ហើយ​លោក​បាន​បន្ត​ទៀត​ថា​«​ប្រទេស​កម្ពុជា​បាន​ផ្តល់​នូវ​កំណើន​ដែល​មាន​និរន្តរភាព​ ​និង​ស្ថិរភាព​នយោបាយ​។​ ​សហគ្រិន​ដែល​ជោគជ័យ​ ​និង​ម្ចាស់​អាជីវកម្ម​បាន​កំពុងតែ​ធ្វើ​ឱ្យ​ប្រ៊េ​នដ៍​របស់​ពួកគេ​លេចធ្លោ​នៅក្នុង​សហគមន៍​អាជីវកម្ម​ ​ដូច្នេះ​វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​អតិថិជន​នៅ​កម្ពុជា​ព្រម​ទទួលយក​ផលិតផល​ដែល​មានគុណ​ភាព​ដូចជា​រថយន្ត​ ​Volvo​។​ ​សម្រាប់​ពេលនេះ​យើង​កំពុង​ទន្ទឹងរង់ចាំ​អតិថិជន​ដែល​នឹង​ក្លាយជា​ម្ចាស់​រថយន្ត​ ​Volvo​ ​ដ៏​ប្រណីត​របស់​យើងខ្ញុំ​នៅក្នុង​អគារ​តាំង​បង្ហាញ​នេះ​ជាមួយនឹង​កន្លែង​ផ្ដល់​សេវាកម្ម​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ​ ​និង​រង់ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​កិត្តិយស​ទាំងអស់​យ៉ាង​កក់ក្តៅ​។​ ​ដោយ​ម៉ូដែល​ទាំងឡាយ​ត្រូវ​បាន​កំណត់​ជាពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា​ហើយ​ម៉ូដែល​ទាំងនោះ​ក៏​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​រួចហើយ​ដែរ​ ​ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ទទួលយក​នូវ​បទ​ពិសោធ​ដ៏​អស្ចារ្យ​ ​និង​មាន​ភាព​ប៉ិនប្រសប់​នៃ​រថយន្ត​ដែល​ស័ក្ដិសម​សម្រាប់​លោកអ្នក​។​»​

    ​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន​តាម​ទូរស័ព្ទ​លេខ​:​ ​095​ ​666​ ​379​ /​ ​095​ ​666​ ​054 ​/​ ​024​ ​900​ ​000​៕​