Author: ធឿន មករា

  • ក្រោយ​សហការ​ជាមួយ​អូស្ត្រាលី​ និស្សិត​ខ្មែរ​ទៅរៀន​រយៈពេល​ខ្លី​ ក៏​ទទួល​បាន​បរិញ្ញាបត្រ​ពី​អូស្ត្រាលី​ដែរ​

    ក្រោយ​សហការ​ជាមួយ​អូស្ត្រាលី​ និស្សិត​ខ្មែរ​ទៅរៀន​រយៈពេល​ខ្លី​ ក៏​ទទួល​បាន​បរិញ្ញាបត្រ​ពី​អូស្ត្រាលី​ដែរ​

    ការសិក្សា​ និង​ការ​ទទួល​បាន​សញ្ញាបត្រ​ពីសា​កល​វិទ្យាល័យ​ល្បី​ៗនៅ​បរទេស​ គឺជា​ក្តី​បំណង​មួយ​ក្នុងចំណោម​ក្តី​បំណង​ធំៗ​ជាច្រើន​របស់​និស្សិត​កម្ពុជា​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​ការងារ​ល្អ​ និង​ការ​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ប្រទេស​ ក៏ដូចជា​ក្នុង​តំបន់​។

    នៅ​ពាក់កណ្តាល​ខែសីហា​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាកល​វិទ្យាល័យ​ Curtin​ នៃ​ប្រទេស​អូស្ត្រាលី​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​កម្ពុជា​ទទួល​បាន​សញ្ញាបត្រ​ពី​អូស្ត្រាលី​ ដោយ​សិក្សា​នៅ​កម្ពុជា​ពាក់កណ្តាល​ និង​នៅ​អូស្ត្រាលី​ពាក់កណ្តាល​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ គោលបំណង​សំខាន់​នៃ​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សាកល​វិទ្យាល័យ​ Curtin​ អាច​ផ្តល់​ការ​បណ្តុះបណ្តាល​ពី​កម្ម​វី​ធី​សិក្សា​មូលដ្ឋាន​នៅ​តាម​សាកល​វិទ្យាល័យ​នានា​នៅ​កម្ពុជា​។ ការ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​ឱ្យ​និស្សិត​កម្ពុជា​នូវ​ឱកាស​ផ្សារភ្ជាប់​ការសិក្សា​រវាង​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​ និង​សាកល​វិទ្យាល័យ​នៅ​បរទេស​ដែល​ពួកគេ​បាន​ជ្រើសរើស​ក្នុង​ប្រទេស​ណាមួយ​ជា​ដៃគូ​របស់​សាកល​វិទ្យាល័យ​ Curtin​ ឬក្នុង​សាកល​វិទ្យាល័យ​ Curtin​ ផ្ទាល់​តែម្តង​ក៏បាន​។ ចំពោះ​រយៈពេល​នៃ​ការសិក្សា​វិញ​គឺ​ និស្សិត​អាច​សិក្សា​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រយៈពេល​ 2ឆ្នាំ​ ដោយ​សិក្សា​លើ​កម្មវិធី​សិក្សា​មូលដ្ឋាន​ និង​បន្ថែម​មុខវិជ្ជា​ធុរកិច្ច​ និង​សិល្បៈ​មួយចំនួន​ បន្ទាប់មក​បន្ត​ 2ឆ្នាំ​ទៀត​នៅ​សាខា​ណាមួយ​ក៏បាន​នៅ​ក្រៅប្រទេស​ដែល​ជា​សាខា​របស់​សាកល​វិទ្យាល័យ​ Curtin​ ដើម្បី​បញ្ចប់​ការសិក្សា​ មុននឹង​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ក្នុង​កិច្ចសហការ​នេះ​ផង​ដែរ​ យើង​ក៏​ពិនិត្យ​មើល​ពី​សក្តា​នុ​ពល​ក្នុង​ការបង្កើត​ឱកាស​ដើម្បី​បង្រៀន​បុគ្គលិក​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ឱ្យ​បុគ្គលិក​ទាំងអស់​នោះ​អាច​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី​”។

    ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​បន្ថែម​ទៀត​ថា​ ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​សម្រាប់​បុគ្គលិក​នៅ​តាម​សាកល​វិទ្យាល័យ​នេះ​ គឺ​សិក្សា​រយៈពេល​ 1ឆ្នាំ​នៅ​ភ្នំពេញ​ និង​អាច​បន្ថែម​ 1ឆ្នាំ​ទៀត​នៅ​ទីក្រុង​ Perth​ នៃ​ប្រទេស​អូស្ត្រាលី​។ បន្ថែម​ពីលើ​នេះ​ សាកល​វិទ្យាល័យ​ Curtin​ និង​អគ្គនាយក​ដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏បាន​ព្រមព្រៀង​គ្នា​ផង​ដែរ​ក្នុង​ការ​សហការ​លើកកម្ពស់​ផ្នែក​សិក្សា​ស្រាវជ្រាវ​ និង​ឈ្វេងយល់​ពី​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​គម្រោង​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​អាច​នឹង​ជួយ​ឱ្យ​ស្ថាប័ន​អប់រំ​នៅក្នុង​ស្រុក​ បង្កើន​កិច្ចសហការ​ល្អ​ដើម្បី​បើក​កម្មវិធី​សិក្សា​មូលដ្ឋាន​ជា​ភាសាអង់គ្លេស​ ដើម្បី​បណ្តុះបណ្តាល​រួមគ្នា​ 2សាកល​វិទ្យាល័យ​ដែល​មួយ​នៅ​កម្ពុជា​ និង​មួយទៀត​នៅ​បរទេស​៕

  • CVEA ដឹកនាំសមាជិកចូលរួមកិច្ចប្រជុំ សមាគមអចលនទ្រព្យអាស៊ាននៅប្រទេសមីយ៉ាន់ម៉ា

    CVEA ដឹកនាំសមាជិកចូលរួមកិច្ចប្រជុំ សមាគមអចលនទ្រព្យអាស៊ាននៅប្រទេសមីយ៉ាន់ម៉ា

    សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) រួមជាមួយគណៈប្រតិភូជាសមា ជិកសមាគមចំនួន 32 នាក់ នឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ នៃមហាសន្និបាត និងពិព័រណ៍ អចលនទ្រព្យបណ្តាប្រទេសអាស៊ាន (ARENA) ដែលរៀបចំឡើងនៅក្នុងទីក្រុងរ៉ងហ្គូប្រទេសមីយ៉ាន់ម៉ា។ ។
    លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមកម្ពុជាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី 21 ខែសីហា ឆ្នាំ2019 ឱ្យដឹងថា៖« ស្របទៅតាមគម្រោង ដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះ កម្មវិធីនឹងត្រូវធ្វើឡើង រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី22-24 ខែសីហា ឆ្នាំ2019 ប៉ុន្តែដោយសារតែខ្ញុំជាប្រធានសមាគម និងជាអ្នកដឹកនាំគណៈប្រតិភូ កម្មវិធីតម្រូវឱ្យទៅមុនគេចំនួន1ថ្ងៃ ដើម្បីប្រជុំពីកិច្ចការមួយចំនួន របស់សមាគម ARENA»។លោកប្រធានសមាគម បានបន្តទៀតថា៖« រយៈពេល3ថ្ងៃ នៃព្រឹត្តិការណ៍មួយនេះ គ្រប់បណ្តាអ្នកដែលចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗស្ដីពីវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅតំបន់ ជាពិសេស បានផ្សារភ្ជាប់ទំនាក់ទំនងដើម្បីស្វែងយល់ពីឱកាសនៃការចាប់ដៃសហការជាដៃគូជាមួយគ្នានៅក្នុងវិស័យនេះ។ ជាមួយគ្នានេះកិច្ចប្រជុំនឹង ដំណើរការដោយមានប្រធានបទជាសំខាន់គឺ លំនៅដ្ឋាន តិចណូឡូហ្ស៊ី និន្នានុវត្ត និងជោគជ័យនៃវិស័យអចលនទ្រព្យ ដែលចូលរួមពីប្រទេសសមាជិកអាស៊ាន បស្ចឹមប្រទេសមួយចំនួន និងសហរដ្ឋអាមេរិក »។
    លោកបានបន្តទៀតថា៖« ខ្ញុំបាននាំយកចំណុចសំខាន់3 យ៉ាង ពីវិស័យអចលនទ្រព្យនៅកម្ពុជាទៅចែករំលែក និងបង្ហាញបណ្តាប្រទេសនានា ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងមូល ដោយទី1 និយាយអំពីការអភិវឌ្ឍនៅក្នុងសម័យបច្ចេកវិទ្យាចូលទៅក្នុងទីផ្សារអចលនទ្រព្យ ទី2 តើវិស័យបច្ចេកវិទ្យា អាចចូលរួមធ្វើឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនយ៉ាងដូចម្ដេច ហើយទី3 និយាយពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យសាកលលោកគេបានដឹងច្បាស់ពីការទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា»។
    លោកបានបន្តទៀតថា៖« ខ្ញុំបានត្រៀមរួចជាស្រេចនៅក្នុងឱកាសនៃការចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងការនាំយកនូវចំណុចសំខាន់ៗពីឱកាសនៃការវិនិយោគលើវិស័យអលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ ក្រោមការចូលរួមពីបណ្តាសមាជិករបស់ ARENA ប្រមាណ700នាក់»។
    លោកបញ្ជាក់ថាសមាជិក ARENA មានសមាជិកប្រមាណ 20000នាក់ ដែលនៅតែប្រទេសឡាវ និងប្រ៊ុយណេ មិនទាន់សម្រេចចិត្តចូលរួមជាមួយ ARENA នៅឡើយទេ។ ARENA ជាក្រុមប្រចាំតំបន់ដែលត្រូវបានឧទ្ទិស ដល់ការជួយសមាជិករបស់ខ្លួន នៅក្នុងផ្នែកច្បាប់ និងការកែលម្អទីផ្សារការបណ្តុះ បណ្តាល និងកិច្ចសហប្រតិបត្តិការនានា ។
    លោកច្រឹក សុខនីមបានបន្តថាកិច្ចប្រជុំនេះ យើងក៏អាចមានឱកាសផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោក ហើយយើងក៏ះអាចស្វែងយល់ពីឱកាសវិនិយោគនៅក្នុងតំបន់អាស៊ាន ជាមួយគ្នានេះសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏អាចមានឱកាសបង្កើតបណ្តាញជំនួញជាមួយអ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់បានផងដែរ៕

  • Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ

    Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ

    ភ្នំពេញថ្ងៃទី23 ខែសីហា ឆ្នាំ2019 – ដើម្បីជាភាពងាយស្រួលដល់អតិថិជន នឹងជាការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រ៊េនដ៍នាឡិកាដៃ Longines របស់ប្រទេសស្វីស បានរៀបចំកម្មវិធីបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី23 ខែសីហា ឆ្នាំ2019 ដែលស្ថិតនៅផ្ទះលេខ171 ផ្លូវលេខ130 សង្កាត់ផ្សារថ្មី1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហាងថ្មីនេះមានការរចនាតាមបែបបទស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញនូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុតជូនដល់អតិថិជនរបស់ Longines ផងដែរ។មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ រួមទាំងដៃគូអាជីវកម្ម ព្រមទាំងតារាដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចូលរួមជាភ្ញៀវកិត្តិយស ដោយអ្នកទាំងពីរជាអតិថិជនរបស់ Longines ផងដែរ ។ បន្ទាប់ពីពិធីកាត់ខ្សែបូរបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការនេះ ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីទាំងអស់ ក៏ត្រូវបានអញ្ជើញឱ្យចូលទស្សនាហាងនាឡិកា Longines ដ៏ស្រស់ឆើតឆាយ និងម៉ូដថ្មីរបស់នាឡិកាម៉ាក Longines ថែមទៀតផង។ក្នុងឱកាសបើកសម្ពោធនេះផងដែរ ម៉ាកនាឡិកាលំដាប់ពិភពលោកមួយនេះក៏បានបង្ហាញពីនាឡិកាម៉ូដថ្មីរបស់ខ្លួន ដែលជាខូឡិកស្សិនរបស់ HydroConquest។ ជាមួយការរួមបញ្ចូលគ្នានូវឯកទេសល្អឥតខ្ចោះនៃនាឡិកា និងតាមបែបប្រពៃណីយ៉ាងប្រណីត មិនត្រឹមតែប៉ុណ្ណោះលក្ខណៈពិសេសទាំងពីរនេះបញ្ជាក់ពីម៉ាកនាឡិកាដែលមានរូបតំណាងដោយ នាឡិកាខ្សាច់មានស្លាប ដែលការរចនាដ៏វិសេសនេះបានធ្វើឱ្យមុខកាត់បញ្ឆិតនៃនាឡិកាមួយនេះស្រស់ស្អាតឡើង ដោយមានការរួមបញ្ចូលនូវពណ៌សេរ៉ាមិច ទន្ទឹមនឹងនោះបានបន្ថែមនូវពន្លឺទាក់ទាញ ដ៏ អស្ចារ្យ និងទាន់សម័យ។ កាន់តែអស្ចារ្យនៃការរចនានាឡិកាម៉ូដែលថ្មីនេះ ត្រូវបានបង្កើតឡើងដោយធុននឹងទឹកដែលត្រូវបានទទួលស្គាល់ថាសាកសមបំផុតជាមួយកីឡាក្នុងទឹក។នាឡិកាដៃម៉ាក Longines មានប្រភពមកពីទីក្រុង Saint-Imier នៃប្រទេសស្វីស តាំងពីឆ្នាំ1832 មកម្ល៉េះ ក្រុមហ៊ុនផលិតនាឡិកាដៃម៉ាក Longines រក្សាបាននូវភាពខ្លាំងរបស់ខ្លួន បែបប្រពៃណី រូបរាងស្អាតឆើតឆាយ និងការគុណភាពដ៏ល្អ។ ជាមួយនឹងបទពិសោធជាច្រើនជំនាន់ក្នុងនាមជាជើងឯកលំដាប់ពិភពលោកខាងរក្សាពេលវេលាដ៏សុក្រឹត និងជាដៃគូរបស់សហព័ន្ធកីឡាអន្តរជាតិ Longines, ទន្ទឹមនឹងនេះក៏បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងពិភពនៃកីឡាអស់រយៈពេលជាច្រើនឆ្នាំ។ ដោយត្រូវបានពិភពលោកទទួលស្គាល់ថា ជាម៉ាកនាឡិកាដៃប្រកបដោយភាពស្រស់ឆើតឆាយ Longines គឺជាប្រ៊េនដ៍មួយរបស់ក្រុមហ៊ុន Swatch Group Ltd., ដែលជាក្រុមហ៊ុនផលិតនាឡិកាដៃឈានមុខគេនៅលើពិភពលោក។ ហាងនាឡិកាដៃម៉ាក Longines ដែលមានរូបសញ្ញានាឡិកាខ្សាច់មានស្លាប ដែលមានទីតាំងនៅក្នុងប្រទេសជាង150ប្រទេសទូទាំងពិភពលោក។

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ +855 12 955 024

  • ធនាគារ CIMB បរិច្ចាគប្រាក់ ៤៥.៧០០.០០០ រៀល ដល់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ឥតគិតថ្លៃ

    ធនាគារ CIMB បរិច្ចាគប្រាក់ ៤៥.៧០០.០០០ រៀល ដល់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ឥតគិតថ្លៃ

    រាជធានីភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា ក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ CIMB ប្រមាណ ៧០នាក់ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ៤៤១ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ និងមកពីខេត្តផ្សេងទៀតផងដែរ។ ការព្យាបាលនេះត្រូវបានធ្វើឡើង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសអូស្រ្តាលី។ បន្ថែមពីការចូលរួមរបស់បុគ្គលិក ធនាគារ CIMB ក៏បានបរិច្ចាគប្រាក់ ៤៥.៧០០.០០០ រៀលផងដែរ។

    ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ការពិនិត្យ និងព្យាបាលភ្នែក ត្រូវបានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយការពិនិត្យ និងព្យាបាលភ្នែក គឺនៅឯគ្លីនិកទន្តសាស្រ្តពុទ្ធិសាស្រ្ត។ ខុសប្លែកពីមុនៗ ដែលធនាគារ CIMB ភាគច្រើនប្រារព្ធធ្វើកម្មវិធីសប្បុរសធម៌ នៅតាមសហគមន៍ ឬតំបន់ដាច់ស្រយ៉ាល កម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB លើកនេះ គឺប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបរិច្ចាគទឹកប្រាក់សុទ្ធតែម្តង សម្រាប់លើកស្ទួយសុខុមាលភាពផ្នែកភ្នែក និងធ្មេញ របស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្ត។ ហើយទឹកប្រាក់ឧបត្ថម្ភរបស់ធនាគារ CIMB ចំនួន ៤៥.៧០០.០០០ រៀល សម្រាប់ឧបត្ថម្ភលើផ្នែកភស្តុភា ដូចជាធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ និងការហូបចុកបីពេលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលព្យាបាល នៅមន្ទីរពេទ្យ សម្រាប់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ឥតគិតថ្លៃនេះ។

    លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានឲ្យដឹងថា៖ «នៅធនាគារ CIMB ការជួយត្រឡប់ទៅកាន់សហគមន៍វិញ គឺបានស្ថិតជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នា។ យើងឧបត្ថម្ភ ដល់កម្មវិធីព្យាបាលភ្នែក និងធ្មេញនេះ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពភ្នែក និងធ្មេញ របស់ប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះធនធាន។ ភ្នែក និងធ្មេញ គឺពិតជាមានសារៈសំខាន់ណាស់ ដែលជួយផ្តល់នូវសុខុមាលភាព និងសម្រួលដល់បន្ទុករបស់ប្រជាជនទាំងនោះ ហើយទីបញ្ចប់នឹងនាំឲ្យពួកគាត់មានលទ្ធភាពប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសាររបស់ពួកគាត់»។

    មិនតែប៉ុណ្ណោះ លោក ប៊ុន យីន បានបញ្ជាក់ផងដែរថា៖ ការចូលរួមរបស់ធនាគារយើងខ្ញុំ គឺរួមទាំងកម្លាំងកាយចិត្តរបស់បុគ្គលិក និងថ្នាក់ដឹកនាំ ព្រមទាំងថវិការបស់ធនាគារ ដែលដកចេញពីមួយផ្នែក នៃប្រាក់ចំណេញរបស់ធនាគារ

    ស្ថិតក្នុងវ័យ៥៥ឆ្នាំ លោកស្រី សឹម សាវឿន ដែលបានទទួលការព្យាបាលភ្នែក ក្នុងកម្មវិធីសប្បុរសធម៌នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបរាប់ថា៖ «ក្រោយពីទទួលបានការព្យាបាលភ្នែកម្ខាងរួចហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះភ្នែកខ្ញុំឈឺផ្សារាប់ឆ្នាំមកហើយ។ ពេលទៅណាមកណា គឺពិបាកខ្លាំងណាស់ ដោយសារភ្នែក មើលមិនសូវឃើញ ហើយមានការឈឺចាប់។ បើសិនភ្នែកដែលព្យាបាលហើយ មានភាពល្អប្រសើរ ខ្ញុំនឹងបន្តព្យាបាលម្ខាងទៀត ពេលក្រោយ ហើយនឹងណែនាំបងប្អូនឲ្យមកព្យាបាលផងដែរ។ ខ្ញុំសូមអរគុណជាខ្លាំង ដល់អ្នកឧបត្ថម្ភទាំងអស់ ដែលបានព្យាបាល ឥតគិតថ្លៃនេះ ដល់រូបខ្ញុំ»

    សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។

  • លើកកម្ពស់​សហគ្រាស​ធុន​តូ​ច និង​មធ្យម​តាមរយៈ​ពិព័រណ៍​CIMIF​ &​ CTG​ ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​

    លើកកម្ពស់​សហគ្រាស​ធុន​តូ​ច និង​មធ្យម​តាមរយៈ​ពិព័រណ៍​CIMIF​ &​ CTG​ ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​

    ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​ (CIMIF​) ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​និង​ វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​ (CTG​) ​ឆ្នាំ2019​ នៅ​ថ្ងៃ​ ទី2​ (ទី23​ សីហា​) បាន​ដំណើរការ​ជា​បន្ត​តាម​គម្រោង​ ការ​របស់​ខ្លួន​ដែល​ពិព័រណ៍​ទាំង2​ នេះ​បាន​ប្រមូល​ផ្តុំ​អ្នក​តាំងពិព័រណ៍​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជា​ ច្រើន​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។លោក​ ចន ឆា​ សមាជិក​គណៈកម្មាធិការ​ប្រតិ​ បត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​៖ “GMAC​ តែងតែ​លើកទឹកចិត្ត​ ដល់​រោងចក្រ​ជា​សមាជិក​ ឱ្យ​វិនិយោគ​លើ​គ្រឿង​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​មាន​ ដើម្បី​កែ​លម្អ​ ផលិតភាព​ និង​លើកកម្ពស់​ការប្រកួត​ប្រជែង​។ ការ​ តាំងពិព័រណ៍​ឆ្នាំនេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​ដែល​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ ជាច្រើន​ដូចជា​ ថ្លៃដើម​ពលកម្ម​កើនឡើង​ កង្វះ​ផលិត​ ភាព​ឌីជីថល​ និង​ស្វ័យប្រវត្តិ​កម្ម​ ដែល​ជា​លទ្ធផល​នៃ​ ឧស្សាហកម្ម​ 0.4​។ តាមរយៈ​ការប្រើ​ប្រាស់​បច្ចេក​ វិទ្យា​ទំនើប​យើង​អាច​បង្កើន​ផលិតភាព​ និង​គុណ​ភាព​ ក៏ដូចជា​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​រលូន​ជាមួយ​ អ្នកទិញ​ និង​បណ្តាញ​ ផ្សេងទៀត​។ យើង​អាច​ឆ្លើយ​ តប​ទៅ​ នឹង​ទីផ្សារ​បាន​យ៉ាង​ឆាប់រហ័ស​និង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​”។ជាមួយនឹង​សិក្ខាសាលា​ ដែល​មាន​ប្រធានបទ​ដែល​គួរ​ចាប់អារម្មណ៍​ “ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ និង​វិស័យ​ឧស្សាហកម្ម​” អ្នកចូលរួម​បាន​បំផុសគំនិត​ ជាមួយ​អ្នកជំនាញ​ និង​ស្វែងរក​វិធី​ល្អ​បំផុត​ ដើម្បី​ អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​។ ម្យ៉ាងវិញទៀត​វា​ជួយ​ប្រជាជន​ឱ្យ​ចាប់​យក​មធ្យោ​បាយ​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​ មធ្យម​នៅ​កម្ពុជា​ផង​ដែរ​។ ទោះបី​មាន​លទ្ធផល​សេដ្ឋ​កិច្ច​រឹងមាំ​ក៏ដោយ​ ក៏​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​ មួយចំនួន​ដើម្បី​ដោះស្រាយ​។ បញ្ហា​ធំ​បំផុត​គឺ​កំណើន​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម​ ដែល​ធ្វើ​ឱ្យ​ផលិតផល​ត្រូវ​បន្ថែម​តម្លៃ​តិចតួច​។

    នៅ​ថ្ងៃទី2​ នៃ​ពិព័រណ៍​ CIMIF​ & CTG​ នេះ​ ឯកឧត្តម​ ស៊ុន​ សេង​ហួត​ អនុ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្ប​កម្ម​បាន​ថ្លែង​បញ្ជាក់​ថា​៖ “ដោយមាន​អ្នក​តាំងពិព័រណ៍​អន្ដរ​ជាតិ​ ដែល​មាន​គុណភាព​ជាច្រើន​ អ្នកទេសចរ​ពាណិជ្ជ​កម្ម​ អា​ចរក​ទីតាំង​អ្នកផ្គត់ផ្គង់​ល្អ​បំផុត​នូវ​ផលិតផល​ដែល​ពួកគេ​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​។ជាពិសេស​យើង​ស្វែងរក​ការបង្កើត​ឱកាស​សម្រាប់​អ្នក​ផលិត​ដើម្បី​កែ​លម្អ​គ្រឿង​ម៉ាស៊ីន​របស់​ពួកគេ​តាមរយៈ​ភាពជា​ដៃគូ​អាជីវកម្ម​ថ្មី​។ សហគ្រិន​នឹង​រៀន​អំពី​បច្ចេកវិទ្យា​ និង​គ្រឿង​ម៉ាស៊ីន​ទំនើប​បំផុត​។ ចំណេះដឹង​នេះ​នឹង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​និង​ពង្រីក​ខ្លួន​”៕

  • តើ​ងូតទឹក​បែប​ណា​ដើម្បី​ឱ្យ​ស្បែក​ស្អាត​?

    តើ​ងូតទឹក​បែប​ណា​ដើម្បី​ឱ្យ​ស្បែក​ស្អាត​?

    មិន​មានការ​ងូតទឹក​ណាមួយ​ដែល​ល្អ​ស្មើនឹង​ការបាន​លាង​ជម្រះ​រាងកាយ​ ដោយ​លំអង​ទឹកដែល​បាញ់​ចេញពី​ក្បាល​ចំពួយ​ទឹក​រូប​ផ្កាឈូក​នោះ​ឡើយ​ តែ​ការ​ធ្វេសប្រហែស​ភ្លេចខ្លួន​ក្នុងអំឡុងពេល​ងូតទឹក​សម្អាត​រាងកាយ​ដែល​តែងតែ​ជួប​ជា​ញឹកញាប់​ ដូចជា​ ការសម្រួល​សីតុណ្ហភាព​ទឹក​ឱ្យ​ក្តៅ​ខ្លាំងពេក​ ការ​លាង​ជម្រះ​ផលិតផល​សម្អាត​ស្បែក​មិន​អស់ពីខ្លួន​ជាដើម​ គឺ​សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​ របក​ឡើង​ហុយ​ និង​អាច​បណ្តាល​ឱ្យ​កើតរោគ​រលាក​ស្បែក​ទៀតផង​។ ខាងក្រោម​នេះ​ គឺជា​វិធី5យ៉ាង​ក្នុង​ការ​ការពារ​ស្បែក​ឱ្យ​ស្រស់​ស្អាត​ក្នុងអំឡុងពេល​ងូតទឹក​ និង​ក្រោយ​ការ​លាង​ជម្រះ​រាងកាយ​ ដែល​នា​រីៗ​គួរ​អាន​ តើមាន​អ្វីខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​៖

    1. សម្រួល​សីតុណ្ហភាព​ទឹក​ និង​មិន​គួរ​ងូតទឹក​យូរ​ជ្រុល​ពេក​ទេ
    ​ពិតប្រាកដ​ណាស់​ថា​ ការ​ងូតទឹក​ក្តៅ​គឺជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​រាងកាយ​កក់ក្តៅ​បាន​នៅពេល​ព្រឹក​និង​ពេលល្ងាច​ ឬដើម្បី​បន្ធូរបន្ថយ​ភាព​ធុញថប់​តានតឹង​ បន្ទាប់ពី​ការ​ធ្វើការងារ​ធ្ងន់ធ្ងរ​រួចមក​ តែ​វា​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក​ទេ​ បើ​អ្នក​ងូតទឹក​ក្តៅ​ឧណ្ហ​ៗញឹកញាប់​ និង​ងូតទឹក​យូរ​ពេក​នោះ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​របក​ ដោយសារ​បាត់បង់​ជាតិ​ប្រេង​ការពារ​ស្បែក​ពី​ធម្មជាតិ​ ដូច្នេះ​បើ​ចង់ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ ឡា​រ៉ែ​ន សូម​ណែនាំ​ថា​ គួរ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗក្នុងរយៈពេល​ខ្លី​បាន​ហើយ​។2. កុំ​ប្រើ​ជេល​សម្អាត​ស្បែក​ដែល​មាន​ពពុះ​ច្រើនជ្រុល​ពេក​
    ជេល​សម្អាត​ស្បែក​ដែល​មាន​ពពុះ​ច្រើនជ្រុល​ពេក​ មាន​ផ្សំ​ដោយសារ​ធាតុគីមី​ដែលកាត់​បន្ថយ​ភាពយឺត​តឹង​របស់​ស្បែក​ ដែល​នឹង​ធ្វើ​ឱ្យ​ស្រទាប់​ស្បែក​ប្រេះ​បែក​ និង​រួញ​ ទើប​ធ្វើ​ឱ្យ​ស្បែក​បាត់បង់​ជាតិទឹក​ និង​ជាតិ​ប្រេង​ដោយសារ​សារធាតុគីមី​ទាំងនោះ​។ បញ្ហា​នេះ​អាច​កែ​បាន​ដោយ​ការ​ប្តូរ​មក​ប្រើ​សាប៊ូ​ទឹក​ប្រភេទ​ស្រាល​ ឬសាប៊ូ​ដុស​ខ្លួន​សម្រាប់​កុមារ​ក៏បាន​។
    3. លាង​សាប៊ូ​ចេញពី​ខ្លួន​ឱ្យ​ស្អាត​
    ជា​ញឹកញាប់​បន្ទាប់ពី​អ្នក​ចេញពី​បន្ទប់ទឹក​ អ្នក​តែង​សង្កេតឃើញ​នៅ​មាន​ពពុះ​សាប៊ូ​ជាប់​តាម​កញ្ចឹងក​គ្រប់ពេល​ តែបើ​អ្នក​ជូត​វា​ចេញ​ខណៈ​ពេល​ដែល​ស្បែក​របស់​អ្នក​ស្ងួត​ហើយ​នោះ​ គ្រូពេទ្យ​រោគ​សើស្បែក​ប្រាប់​ថា​ វា​អាច​ធ្វើ​ឱ្យ​កើត​អាការ​របក​ក្រ​ហាយ​ និង​ស្ងួត​ តែ​ទាំងអស់​នេះ​អាស្រ័យ​លើ​សាប៊ូ​ដែល​អ្នកប្រើ​ដែរ​ ដូច្នេះ​ដើម្បី​ការពារ​បញ្ហា​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ថា​ អ្នក​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដុំ​ ឬជេល​សម្អាត​ស្បែក​ណា​ដែល​មាន​ភាព​ខ្សោយ​ស្រ​ទន់​ និង​មាន​លាយ​គ្រី​មថែបំប៉ន​ស្បែក​នៅក្នុង​នោះ​ផង​ តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​លាង​សម្អាត​សា​ប៊ូ​ចេញពី​ខ្លួនប្រាណ​ឱ្យ​អស់​។
    4. ធ្វើ​ម៉ាស​ស្បែក​មុខមុន​ពេល​លុបលាង​មុខ​ ឬមុន​ពេល​ងូតទឹក​
    មនុស្សជា​ច្រើន​តែងតែ​សម្អាត​ស្បែក​មុខ​ខណៈ​ពេល​ងូតទឹក​ បន្ទាប់ពី​នោះ​មក​ក៏​ធ្វើ​ម៉ាស​ផ្ទៃមុខ​ តែ​អ្នកជំនាញ​ផ្នែក​សម្ផស្ស​បាន​ប្រាប់​ថា​ ជា​ប្រក្រតី​ការ​ធ្វើ​ម៉ាស​ស្បែក​មុខគួរ​ធ្វើ​មុន​ការ​លុប​លាងមុខ​ ព្រោះ​ការ​លាង​សម្អាត​ស្បែក​មុខមុន​នឹង​ធ្វើ​ម៉ាស​មុខ​ នឹង​រឹតតែ​ជំរុញ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស្ងួត​ឡើង​ និង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នោះ​គឺ​ អំឡុង​ពេលក្រោយ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ គឺជា​អំឡុង​ពេល​ដែល​ស្បែក​បឺត​ជ្រាប​ បាន​លឿន​ខ្លាំង​ណាស់​ ដូច្នេះ​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កើត​អាការ​ផ្សា​ក្រហាយ​បាន​។
    5. គួរ​ប្រើ​កន្សែង​ពោះ​គោ​ទន់​ៗ ជូត​ផ្តិត​ៗបន្ទាប់​ពី​លាង​សម្អាត​ ឬងូតទឹក​រួច​មនុស្ស​ជា​ច្រើន​ៗតែ​កើត​អាការ​រងា​ញ័រញាក់​ក្រោយពេល​ងូតទឹក​រួច​ ជាពិសេស​ក្នុង​រដូវរងា​ និង​ប្រាកដ​ណាស់​ អ្នក​ទាំងអស់​នោះ​ច្បាស់ជា​ចង់​ជូត​ខ្លួន​ឱ្យ​ឆាប់​ស្ងួត​យ៉ាង​លឿន​មិនខាន​ តែ​ការ​ធ្វើបែប​នេះ​គឺជា​ការបំផ្លាញ​ស្បែក​របស់​ខ្លួន​ ដូច្នេះ​ ឡា​រ៉ែ​នសូម​ណែនាំ​ថា​ អ្នក​គួរ​ប្រើ​កន្សែងពោះគោ​ណា​ដែល​ទន់​ៗ និង​ជូត​ផ្តិត​យ៉ាង​ថ្នម​ៗលើ​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​រក្សា​ជាតិ​ប្រេង​ក្នុង​ស្បែក​មិន​ឱ្យ​ស្ងួត​ទៅ​យ៉ាង​ឆាប់រហ័ស​ និង​គួរ​បន្ថែម​ភាព​ស្រស់​បស់​ដល់​ស្បែក​ក្រោយ​ការ​ងូតទឹក​ ដោយ​ការ​លាប​គ្រី​មម៉​យស​ជើ​រ៉ា​យហ្ស៊ើរ៍​នៅ​លើ​កន្លែង​ដែល​ឆាប់​ស្ងួត​ជាងគេ​ ដូចជា​ ដៃ​ ជើង​ និង​អវយវៈ​ផ្សេង​ទៀត​ជាដើម​៕

  • ការ​វិនិយោគ​លើ​អចលនទ្រព្យ​ កំពុង​ងាក​ទៅ​រក​ការ​វិស័យ​លំនៅឋាន​វិញ​

    ការ​វិនិយោគ​លើ​អចលនទ្រព្យ​ កំពុង​ងាក​ទៅ​រក​ការ​វិស័យ​លំនៅឋាន​វិញ​

    ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​។ នៅ​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ ក្រុង​ព្រះសីហនុ​ ក្រុង​ប៉ោយប៉ែត​ បាវិត​ កែប​ និង​តំបន់់​ផ្សេង​ៗទៀត​ ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ឥត​ឈប់ឈរ​នៃ​ការសាងសង់​ដែល​កំពុង​ដំណើរការ​ ស្រប​ពេល​ដែល​ការ​វិ​និ​យោ​គធំៗ​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ដែល​បាន​ជួយ​ជំរុញ​ឱ្យ​មាន​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នេះ​។

    ជាក់ស្តែង​ការ​ផ្គត់ផ្គង់​ខុន​ដូ​ អា​ផា​តមិន​ និង​បុរី​និង​លំនៅឋាន​បែប​ស៊ីវិល័យ​ វីឡា​កូនកាត់​ និង​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ​ រួម​ទាំង​ផ្ទះ​ល្វែង​ផ្សេង​ៗទៀត​មានការ​កើនឡើង​ខ្លាំង​។ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ងើប​ចេញពី​ភាព​ក្រីក្រ​ ដោយសារ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​តម្រូវការ​អចលនទ្រព្យ​ក៏​កំពុង​មាន​កំណើន​ច្រើន​ផង​ដែរ​។

    រាជធានី​ភ្នំពេញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ ទាំង​អគារ​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ ដែល​បាន​បញ្ចប់​ការសាងសង់​ក្នុង​ពេល​ថ្មី​ៗ កំពុង​ដំណើរការ​ និង​ខ្លះទៀត​ស្ថិតនៅ​ក្នុង​ផែនការ​វិនិយោគ​សាងសង់​ ពិសេស​ក្នុង​តំបន់​អភិវឌ្ឍន៍​ជាយក្រុង​ ការ​វិនិយោគ​ក៏​កំពុងតែ​ងាក​ទៅ​រក​សំណង់​បែប​លំនៅឋាន​ ដោយសារ​ចរន្ត​នៃ​តម្រូវការ​នឹង​មិន​ធ្លាក់​ចុះ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ទេ​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មាន​ប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“យើង​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​ 2-3 ដែរ​ ទាំង​គម្រោង​ជប៉ុន​ផង​ គឺ​ទាក់ទង​នឹង​កម្រិតជីវភាព​របស់​ប្រជា​-ពលរដ្ឋ​យើង​ ធៀប​នឹង​កំណើនGDP​ យើង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ និង​ឈាន​ទៅជា​ប្រទេស​អភិវឌ្ឍន៍​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ប្រជាជន​មានលទ្ធភាព​វិនិយោគ​ មានលទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​ស្នាក់នៅ​ជាជាង​គាត់​ជួលផ្ទះ​គេ​ស្នាក់នៅ​”។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​ យើង​មើលឃើញ​ថា​ ការ​ផ្គត់ផ្គង់​លើ​លំនៅឋាន​តម្លៃ​ខ្ពស់​ និង​តម្លៃ​មធ្យម​ទទួល​បាន​ជោគជ័យ​ច្រើន​កន្លែង​ច្រើន​ដែរ​ហើយក៏​មានការ​ងាក​មក​ចាប់អារម្មណ៍​ និង​ការ​ជ្រើសរើស​សម្រាប់​លំនៅឋាន​ដែល​មានតម្លៃ​ទាប​ ក៏​គេ​ឃើញថា​ ទទួលជោគជ័យ​ផង​ដែរ​។លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​៖“បើ​យើង​ងាក​មក​មើល​ពី​លក្ខណៈ​សណ្ឋាន​នៃ​លំនៅឋាន​របស់​អតិថិជន​យើង​វិញ​ គឺ​នៅតែ​មាន​ទំហំ​ធំ​ក្នុង​ការទិញ​គេហដ្ឋាន​ដដែល​ ហើយ​គម្រោង​ផ្សេងទៀត​ក៏​មាន​ជាបន្តបន្ទាប់​ដែរ​ ទោះបីជា​មានផ្ទះ​ក្នុង​តម្លៃ​សមរម្យ​ដែល​ជា​គម្រោង​របស់​រដ្ឋ​ដែល​មានតម្លៃ​ចាប់ពី​ 25,000​ ទៅ​ 30,000​ ក្ដី​ បើ​ធៀប​ទៅ​នឹង​ការ​បង់​រំលស់​ក្នុងរយៈពេល​ 20ឆ្នាំ​ គឺ​ការ​បង់​រំលស់​របស់​ពលរដ្ឋ​ ឬមន្ត្រី​រាជការ​ មានលទ្ធភាព​ក្នុង​ចំនួន​ច្រើន​”។

    លោក​ឧកញ៉ា​បានឱ្យ​ដឹង​ដែរ​ថា​៖“ចំពោះ​លំនៅឋាន​ ដែល​មានតម្លៃ​ធូរ​ថ្លៃ​នេះ​ គឺ​តម្លៃ​ដែល​អនុញ្ញាត​និង​តម្លៃ​ដែល​អាច​លក់​បាន​សមរម្យ​ ទាល់តែ​ស្ថិតនៅ​ក្នុង​កម្រិត​ចម្ងាយ​ពី​ 20​ ទៅ​ 30គីឡូម៉ែត្រ​(តំបន់​ខ្សែក្រវាត់​ក្រុង​ទី2​ និង​ទី3​)ជា​តម្លៃ​ទាំង​ដី​លំនៅឋាន​ និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​នៅ​ល្អ​ ក្រៅពី​នេះ​ វា​ក៏​មាន​ទីតាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ទីក្រុង​តាមរយៈ​ខ្សែ​បណ្តាញ​ផ្លូ​វធំៗ​ ជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នោះ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​៖ “តំបន់​ផ្លូវជាតិ​លេខ3​ ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​តំបន់​នេះ​ភាគច្រើន​គឺ​មាន​សណ្ឋានដី​ល្អ​ អំណោយផល​ដល់​ការ​អភិវឌ្ឍ​ អ្វី​ដែល​សំខាន់​ និង​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ចាប់អារម្មណ៍​ចូល​ទៅកាន់​តំបន់​នោះ​។មូលហេតុ​ចម្បង​បំផុត​ គឺ​តម្លៃ​ដី​ទាប​ ស័ក្ដិសម​ទៅ​នឹង​គម្រោង​លំនៅឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ដែល​កំពុងតែ​មាន​ទីផ្សារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​”។

    សូម​បញ្ជាក់​ថា​ ស្រប​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ឋាន​ធំៗ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដូចជា​គម្រោង​បុរី​ពិភព​ថ្មី​ គម្រោង​បុរី​លឹម​ ឈាង​ហាក់​ គម្រោង​បុរី​ឡេង​ ណា​វ៉ាត់​ត្រា​ ដែល​មានតម្លៃ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​នោះ​ ក៏​មាន​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍន៍​ទៅជា​មណ្ឌល​ទេសចរណ៍​ និង​លំនៅឋាន​ពីសំណាក់​ក្រុមហ៊ុន​ថៃ​ផង​ដែរ​ បន្ទាប់ពី​មើល​ឃើញថា​ នៅ​តាម​តំបន់​ផ្លូវជាតិ​មួយចំនួន​មាន​សក្ដានុពល​ខ្លាំង​ និង​អាច​មានឱកាស​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ផ្លូវជាតិ​ថា​ ទីផ្សារ​លំនៅឋាន​ពិតជា​មានដំណើរ​ការ​ល្អ​ប្រសើរ​ ខណៈ​អ្នក​វិ​និ​យោ​គធំៗ​នៅតែ​មាន​គម្រោង​ ហើយ​បាន​និង​កំពុង​ទិញ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗជាច្រើន​ ដូចជា​ផ្លូវជាតិ​លេខ3​ លេខ4​ លេខ5​ ផ្លូវជាតិ​លេខ2​ ជាដើម​។ ការ​ចូលខ្លួន​ទៅ​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅឋាន​នា​ពេលនេះ​ គឺ​នៅតែ​មានឱកាស​ល្អ​ច្រើន​ដដែល​។ លោក​បញ្ជាក់​ថា​ ជា​ធម្មតា​ ទាល់តែ​គេស​ម្លឹង​ឃើញ​ពី​ឱកាស​ទទួល​បាន​ប្រយោជន៍​ និង​ចំណេញ​ ទើប​គេ​បណ្តាក់​ទុន​វិនិយោគ​។

    លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ទៀត​ថា​៖ “ខ្ញុំ​មើលឃើញ​ថា​ ទីផ្សារ​លំនៅឋាន​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ដោយសារ​ប្រជាជន​ស្រទាប់​កណ្តាល​ ពិសេស​អ្នកមាន​ជីវភាព​មធ្យម​ជាច្រើន​នៅ​មាន​កង្វះខាត​លំនៅឋាន​នៅឡើយ​។ ទីផ្សារ​លំនៅឋាន​ ពេលនេះ​កំពុង​មាន​សម្ទុះ​ខ្លាំង​ សម្រាប់់​ផ្ទះ​តម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​”។

    លោក​បាន​បន្ត​ទៀត​ថា​ ដូចជា​នៅ​តំបន់​ផ្លូវជាតិ​លេខ3​ ពេលនេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​បាន​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​តំបន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ 20​ ទៅ​ 30គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ នៅតែ​មាន​ភាពល្អ​ប្រសើរ​លើ​ការ​វិនិយោគ​ទាំងអស់​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖ “ហេតុផល​ដែល​អ្នក​វិនិយោគ​សម្រុក​ទៅ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ ក៏ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ល្អ​ វិសាលភាព​ដី​នៅ​ទូលាយ​ច្រើន​ ហើយ​តម្លៃ​ដី​នៅ​មានកម្រិត​ទាប​ដែល​អំណោយផល​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​។ ពិសេស​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​បំផុត​នៅក្នុង​ប្រទេស​យើង​ មានការ​កើន​ឡើង​ខ្លាំង​ក៏​ពិតមែន​ ប៉ុន្តែ​នៅតែ​មានកម្រិត​ទាប​នៅ​ឡើយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​ដូចគ្នា​នៅក្នុង​ប្រទេសជិតខាង​”។

    ជាមួយនឹង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​កំពុង​ងាក​មករ​កកា​រវិ​និ​យោគ​លំនៅឋាន​នេះ​លោក​ឧកញ៉ា​ លី​ ហួរ​ ក៏​មាន​គម្រោង​ថ្មី​មួយ​ មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ5​ ដែល​មាន​ចម្ងាយ​ប្រមាណ​20គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ដែរ​។ ការ​វិនិយោគ​គម្រោង​នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ​ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ និង​ទុន​វិ​និ​យោ​គម្រោង​ដ៏​ធំ​នេះ​ថា​ មាន​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​នៅឡើយ​ទេ​។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“គម្រោង​ខ្ញុំ​នេះ​មានផ្ទៃ​ដី​ 150ហិ​កតា​ ជា​គម្រោង​ធំ​មួយ​ ដែល​នឹង​ទាក់ទាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​រស់នៅ​ក្នុង​គម្រោង​នេះ​នឹង​មាន​ភាព​ស៊ីវិល័យ​ និង​មាន​អារម្មណ៍​មិន​ចង់​ចាកចេញ​ ដោយសារ​យើង​នឹង​រៀបចំ​សម្រាប់​ផ្តល់​ភាព​ស៊ីវិល័យ​ និង​ងាយស្រួល​ដល់​ការរស់នៅ​។ មាន​ប្រមូលផ្ដុំ​នូវ​អ្វី​ៗគ្រប់យ៉ាង​ និង​មានការ​ដាំ​ដើមឈើ​ ការរៀបចំ​ជា​បឹង​សិប្បនិម្មិត​ និង​គម្រោង​ជាច្រើន​ទៀត​ដែល​ផ្តល់​ផាសុកភាព​ដល់​អ្នក​រស់នៅ​ និង​ជួយ​ដល់​ការ​លើក​កម្ពស់​បរិស្ថាន​ទៀតផង​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖“សម្រាប់​អ្នក​វិ​និ​យោគ​លើ​សំណង់​លំនៅឋាន​ ការសង្កេត​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ និង​ក្នុង​តំបន់​ដែល​ចង់​វិនិយោគ​ គឺ​ត្រូវ​វិភាគ​ទៅលើ​កត្តា​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ ដើម្បី​ចៀសវាង​ការទិញ​ផ្ទះ​ ហើយ​ទុកចោល​គ្មាន​តម្រូវការ​។ ការទិញ​លំនៅឋាន​ដោយ​កម្ចី​ពី​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ជម្រើស​ដ៏​ល្អ​ ដែល​អាច​ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​ចំណូល​មធ្យម​ អាច​មានលទ្ធភាព​ទិញ​លំនៅឋាន​ស្នាក់នៅ​ផ្ទាល់ខ្លួន​បាន​ ដោយ​បង់​ត្រឡប់ទៅ​ធនាគារ​វិញ​ក្នុងរយៈពេល​រហូតដល់​ 20ឆ្នាំ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“ហើយ​មិនថា​ទិញ​ដោយ​ការខ្ចី​កម្ចី​ពី​ធនាគារ​ ឬដោយ​ថវិកា​ផ្ទាល់ខ្លួន​សុទ្ធ​ក៏ដោយ​ និង​ដើម្បី​ទុក​លក់​យកចំណេញ​បន្ត​ ឬជួល​ក្ដី​ គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​ សំខាន់​បុគ្គល​ដែល​វិនិយោគ​នោះ​ត្រូវ​ចេះ​រៀបចំ​ និង​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ គឺ​ត្រូវ​ចេះ​សិក្សា​ និង​ចេះ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”៕

  • ធនាគារជាតិ​ NBC​ និង​ភាព​ប្រឈម​ជាមួយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក្នុង​ស្រុកក្រៅ​ច្បាប់​

    ធនាគារជាតិ​ NBC​ និង​ភាព​ប្រឈម​ជាមួយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក្នុង​ស្រុកក្រៅ​ច្បាប់​

    ដោយសារ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ គេហទំព័រ​ជាច្រើន​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​លក់​ផលិតផល​តាម​អន​ឡាញ​ និង​មុខរបរ​ផ្សេង​ដោយ​ឡែ​កៗ​ពីគ្នា​។ ដោយឡែក​ គេហទំព័រ​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ជាច្រើន​ ក៏​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ក៏ដូចជា​ការចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ ដែល​រៀបរាប់​ពី​ការ​ផ្តល់​កម្ចី​មានការ​ប្រាក់​ ការ​ផ្តល់​សេវា​កម្ចី​រហ័ស​ មាន​លក្ខខណ្ឌ​ងាយស្រួល​ មិន​តម្រូវ​ឱ្យ​មាន​វត្ថុ​បញ្ចាំ​ និង​អ្នកធានា​ជាដើម​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ការ​ផ្តល់​សេវា​កម្ចី​ប្រាក់​ដែល​យើង​ឃើញ​មានការ​ផ្សព្វផ្សាយ​ទាំងនោះ​ គេ​អាច​កត់សម្គាល់​បាន​ 2ប្រភេទ​គឺ1​ ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ ពួកគេ​ត្រូវ​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ និង2​ ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារជាតិ​ គឺជា​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​”។

    លោក​អគ្គនាយក​ បានឱ្យ​ដឹង​ថា​៖“ធនាគារជាតិ​នៃ​កម្ពុជា​ គ្មាន​សិ​ទិ្ធ​ផ្តល់​អាជ្ញាប័ណ្ណ​ ដល់​ក្រុមហ៊ុន​សេវា​កម្ចី​ក្រៅ​ប្រព័ន្ធ​ទេ​។ ធនាគារ​ផ្តល់​អាជ្ញាប័ណ្ណ​ តែ​ទៅលើ​ធនាគារពាណិជ្ជ​ ធនាគារ​ឯកទេស​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដូច្នេះ​កម្ចី​ក្រៅ​ប្រព័ន្ធ​ អត់មាន​នរណា​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ទេ​ វា​មាន​អាជ្ញាប័ណ្ណ​មួយ​ដែល​ចេញ​ដោយ​ក្រសួងហិរញ្ញវត្ថុ​ និយាយ​ពី​រឿង​បញ្ចាំ​ ជា​ការខ្ចី​ប្រាក់​ដែល​ត្រូវ​យក​របស់​ទៅ​បញ្ចាំ​តែប៉ុណ្ណោះ​”។

    លោក​បាន​បញ្ជាក់​ថា​៖“នៅ​ប្រទេស​ណា​ ក៏​មាន​ដែរ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​ តែ​នៅ​ប្រទេស​គេ​ប្រជាពលរដ្ឋ​មានការ​ចេះដឹង​ច្រើន​ក្នុង​រឿង​សេដ្ឋកិច្ច​នេះ​ គេ​ពុំ​ដែល​ដាក់​ជំនឿ​ទៅលើ​ប្រភេទ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ទាំងនោះ​ទេ​ តែ​នៅ​ស្រុក​យើង​ ដោយសារតែ​ការយល់​ដឹង​មានកម្រិត​ និង​ស្ថានភាព​ជំរុញ​និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​យើង​នៅ​មិនទាន់​រឹងមាំ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​អាច​ឆ្លៀតឱកាស​បាន​ ខណៈ​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​ដើមទុន​យ៉ាង​បន្ទាន់​ស្រាប់​”។

    លោក​បាន​ពន្យល់​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​កម្ចី​“ឥណទាន​ភ្នំពេញ​” ដែល​ត្រូវ​បាន​ព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​កម្ចី​របស់​ក្រុមហ៊ុន​ ដែល​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ថា​៖“ប្រសិនបើ​ក្រុមហ៊ុន​កម្ចី​ “ឥណទាន​ភ្នំពេញ​” គាត់​ចង់​ធ្វើ​ឥណទាន​ គាត់​អាច​ទៅចុះ​ឈ្មោះ​យក​អាជ្ញាប័ណ្ណ​ ពី​ធនាគារជាតិ​ ប្រសិនបើ​គាត់​មិនទៅ​យក​អាជ្ញាប័ណ្ណ​ទេ​ គឺ​បានន័យ​ថា​ក្រៅច្បាប់​ហើយ​”។

    លោក​បាន​បញ្ជាក់​ថា​៖“ហេតុអ្វីបានជា​យើង​ត្រូវ​យក​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​? ពីព្រោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ គឺជា​ការគ្រប់គ្រង​ច្បាស់លាស់​ របស់​ធនាគារជាតិ​ ទី1​- ប្រភព​ទុន​បាន​មក​ពីណា​? ទី2​-ការប្រាក់​យក​ចំនួន​ប៉ុន្មាន​ភាគរយ​។ ទី3​-កម្ចី​ល្អ​ប៉ុន្មាន​? អាក្រក់​ប៉ុន្មាន​? និង​ទី4​-មាន​សោធន​ភាព​ ឬអត់​?។ នេះ​គឺជា​ច្បាប់​គ្រប់គ្រង​របស់​ធនាគារជាតិ​ដែល​គាត់​មាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​”។

    លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀត​ថា​ ជាទូទៅ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​ធនាគារជាតិ​ គេ​គ្រប់គ្រង​តឹងរ៉ឹង​ណាស់​។ យើង​ក្រឡេក​មើលក្នុង​ឆ្នាំ1997​ ការ​បើក​ឱ្យ​មាន​ធនាគារ​ច្រើន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​គ្រប់គ្រង​ ហើយ​ធនាគារ​ខ្លះ​ប្រមូលប្រាក់​បាន​ហើយ​ រត់បាត់​អស់​ក៏​មាន​។

    យោង​តាម​គេហទំព័រ​ ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ គឺជា​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​មាន​ឯកទេស​ លើ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ការ​បញ្ចាំ​ និង​អាជីវកម្ម​។ គេហទំព័រ​សន្យា​ផ្តល់​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ ដែល​នឹង​ត្រូវ​បាន​អនុម័ត​ក្នុងរយៈពេល24ម៉ោង​ ដោយ​គ្មាន​នីតិវិធី​ស្មុគស្មាញ​ និង​កត់សម្គាល់​ថា​ រយៈពេល​សង​ត្រឡប់​មាន​ចាប់ពី​ 1ឆ្នាំទៅ​ 8 ឆ្នាំ​។

    ប៉ុន្តែ​ថ្មី​ៗនេះ​ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​សន្យា​ថា​ នឹង​ទទួល​បាន​ប្រាក់​ឆាប់រហ័ស​ដោយ​ធនាគារ​កណ្តាល​បាន​ប្រកាស​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ ចំពោះ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​ តាម​ប្រព័ន្ធ​អន​ឡាញ​ឈ្មោះ​“ឥណទាន​ភ្នំពេញ​”មួយ​នេះ​ ដែល​ជា​ក្រុមហ៊ុន​មិន​មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរជា​ហ៊ាន​ផ្សព្វផ្សាយ​ផ្តល់​ឥណទាន​ តាម​ប្រព័ន្ធ​អន​ឡា​ញបំ​ពានច្បាប់​ទៅវិញ​។

    លោក​ គិត​ សុ​វណ្ណា​រិទ្ធ​ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិនៃកម្ពុជា​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មិនទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​កណ្តាល​ទេ​ ហើយ​បាន​ប្រើប្រាស់​រូបភាព​របស់​ថ្នាក់ដឹកនាំ​ធនាគារជាតិនៃកម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ក្នុង​ទីផ្សារ​របស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​។

    លោក​សុ​វណ្ណា​រិទ្ធ​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ បាន​ផ្តល់​ប្រាក់កម្ចី​ ដែល​អតិថិជន​អាច​ដាក់ពាក្យសុំ​តាម​អុីន​ធើ​ណិ​ត ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​មិនដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ NBC​ ដើម្បី​អនុវត្ត​សកម្មភាព​នេះ​ទេ​។ យើង​កំពុង​ស្នើ​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ ជាមួយ​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ដែល​កំពុង​ផ្តល់​ប្រាក់កម្ចី​តាម​អុិន​ធើ​ណិ​តដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​មួយ​នេះ​”។

    ប៉ុន្តែ​បើ​យើង​ស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ ពួកគេ​កំពុង​ដំណើរការ​ ដោយ​ស្របច្បាប់​ ដោយមាន​សាខា2​ គឺ1​ នៅ​មហាវិថី​ព្រះ​នរោត្តម​ និង1ទៀត​នៅ​ខណ្ឌឫស្សីកែវ​។ ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ អតិថិជន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួសារ​ និង​របាយការណ៍​ធនាគារ​ ដោយ​ប្រាក់កម្ចី​នឹង​មាន​ចាប់ពី​ 500​ ទៅ​ 25,000ដុល្លារ​អាមេរិក​។

    កាលពី​ឆ្នាំមុន​ NBC​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ការព្រមាន​មួយ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ សមាគម​ និងNGO​ ដោយ​លើកឡើង​ថា​ តាមរយៈ​ប្រតិបត្តិ​ការ​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​។ ការប្រកាស​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រតិបត្តិ​ករ​ដែល​មិនបាន​ចុះបញ្ជី​ត្រូវ​មក​ចុះបញ្ជី​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​បង្ក្រាប​តាមផ្លូវ​ច្បាប់​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​របស់​ NBC​ ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា​ ចាប់តាំងពី​មាន​សេចក្ដីប្រកាស​រួម​មក​ គ្រឹះស្ថាន​គ្មាន​អាជ្ញាប័ណ្ណ​ និង​ក្រៅផ្លូវការ​ បាន​នាំគ្នា​ទៅ​ធនាគារកណ្ដាល​ ដើម្បី​ចុះបញ្ជី​ និង​សុំ​ការយល់ព្រម​ពី​ធនាគារជាតិ​។ លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា​ “គ្រឹះស្ថាន​ផ្ដល់​កម្ចី​ក្រៅផ្លូវការ​ជាច្រើន​ បាន​ដាក់ពាក្យ​ទៅ​ NBC​ ដើម្បី​ចុះបញ្ជី​បន្ទាប់ពី​មាន​សេចក្ដីប្រកាស​រួម​នេះ​ ហើយ​គ្រឹះស្ថាន​មួយចំនួន​ ក៏​ត្រូវ​បាន​ផ្ដល់​ការយល់ព្រម​ជា​បណ្តើរ​ៗដែរ​”។

    យោង​តាម​ប្រកាស​ស្ដីពី​ការចុះបញ្ជី​ និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តាមច្បាប់​កម្ពុជា​ដើម្បី​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ NBC​ តម្រូវ​ឱ្យ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ត្រូវ​មានផល​បត្រ​កម្ចី​ 25,000ដុល្លារ​អាមេរិក​ ឬច្រើនជាង​នេះ​ជាមួយនឹង​ប្រាក់បញ្ញើ​ 250ដុល្លារ​ ឬត្រូវ​មាន​អ្នក​ដាក់​ប្រាក់បញ្ញើ​ 100នាក់​។លោក​ ចំរើន​ឬទ្ធិ​ក៏បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ដែរ​ថា​ បច្ចុប្បន្ន​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ឡើងវិញ​ ហើយ​រាល់​ប្រតិបត្តិ​ករ​ឥណទាន​ទាំងអស់​ គឺ​តម្រូវ​ឱ្យ​ចុះបញ្ជី​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ គឺ​សុទ្ធតែ​ក្រុមហ៊ុន​ចិន​ភាគច្រើន​ ឬក្រុមហ៊ុន​ក្នុង​ស្រុក​ក៏ដោយ​ ក៏​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ ការ​ចង់បាន​កម្ចី​ល្អ​ ពលរដ្ឋ​គួរតែ​ទៅ​រក​កម្ចី​របស់​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​អះអាង​ថា​៖ “ដូច្នេះ​ភាព​ប្រឈម​របស់​ប្រព័ន្ធ​កម្ចី​ក្រៅច្បាប់​ គឺទី1​-ការប្រាក់​ខ្ពស់​បំផុត​ បើ​ក្នុង1ខែ​ 5-6% ក្នុង​ 1ឆ្នាំ​ គឺ​ការប្រាក់​នឹង​ឡើង​ដល់​ 60​-70​% តើន​រណារ​កស៊ី​បាន​ដូច្នេះ​? ទី2​ បើ​យើង​មានហេតុ​ការណ៍​កើតឡើង​ អាជ្ញាធរ​ណា​ទទួលស្គាល់​? យើង​ឃើញ​ហេតុការណ៍​កើតឡើង​ពី​ការ​ប្រមូលប្រាក់​វិនិយោគ​អចលន​ទ្រព្យ​ថ្មី​ៗនេះ​ ក្នុង​1ខែ​បានការ​ប្រាក់​ 20​% គឺ​គ្មាន​របររកស៊ី​ណា​ដែល​មានការ​រកចំណូល​បាន​ខ្ពស់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ដូច្នេះ​វា​មាន​ភាព​ប្រឈម​ខ្លាំង​ណាស់​ គឺ​យើង​មិនដឹងជា​ទៅ​ប្តឹង​បែប​ណា​? វា​ពិបាក​រក​អ្នកការពារ​ ពីព្រោះ​អ្នកក្រៅ​ប្រព័ន្ធ​ ពុំ​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​ទេ​”៕

  • ចំណុច​ល្អ 10យ៉ាង​ នៃ​ការចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​មានគភ៌​ដំបូង​គួរតែ​ដឹង

    ចំណុច​ល្អ 10យ៉ាង​ នៃ​ការចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​មានគភ៌​ដំបូង​គួរតែ​ដឹង

    ទឹកដោះ​ម្ដាយ​ គឺជា​អាហារ​ដែល​មានគុណ​ប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​កូន​របស់​យើង​។ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នឹង​ជួយ​បំពេញបន្ថែម​តម្រូវការ​របស់​កូន​បាន​ មិនថា​តែ​រឿង​សារ​ធាតុ​អាហារ​ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ ចំណង​សម្ពន្ធភាព​រវាង​ម្ដាយ​ និង​កូន​ប៉ុណ្ណោះទេ​ តែ​ចំណុច​ល្អ​របស់​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នៅ​មាន​ច្រើន​ចំណុច​ទៀត​ ដែល​ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​លើកយក​ចំណុច​ល្អ​ 10យ៉ាង​មក​ជម្រាប​អ្នកម្ដាយ​ដែល​កំពុង​ចិញ្ចឹម​កូនតូច​ទាំងអស់​ដូច​ខាងក្រោម​នេះ​។

    ចំណុច​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​

    1. ទឹកដោះ​ម្ដាយ​ជា​សារធាតុ​អាហារ​ដែល​មក​ពី​ធម្មជាតិ​
    មាន​សុវត្ថិភាព​ចំពោះ​កូន​របស់​យើង​ខ្លាំង​បំផុត​ ចង់​ញ៉ាំ​អ្វី​ដែល​មាន​សុវត្ថិភាព​ និង​បាន​ទទួល​សារធាតុ​អាហារ​ដែល​រាងកាយ​ត្រូវការ​ស្មើនឹង​ទឹកដោះ​ម្ដាយ​ គ្មាន​ទៀត​ឡើយ​ តឱ្យ​តិច​ណូ​ឡូ​ជី​របស់​មនុស្ស​ចង់​ឈានទៅមុខ​ឆ្ងាយ​ប៉ុនណា​ ដែល​អាច​ផលិត​ទឹកដោះ​ច្នៃប្រឌិត​ល្អ​ប៉ុនណា​ ក៏​មិន​អាច​ប្រៀបប្រដូច​ស្មើនឹង​ទឹកដោះ​ម្ដាយ​បាន​ដែរ​នៅក្នុង​ពិភពលោក​នេះ​។

    2. កុមារ​ដែល​ធំធាត់​ឡើង​ពី​ការ​បៅ​ទឹកដោះ​ម្ដាយ​ នឹង​រឹងមាំ​ជាង​កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​
    ព្រោះ​នៅក្នុង​ទឹកដោះ​ម្ដាយ​គ្រប់​ដំណក់​ ត្រូវ​បាន​ចម្រាញ់​មក​ពី​ខាងក្នុង​រាងកាយ​របស់​ម្ដាយ​ខ្លួនឯង​។ ប្រព័ន្ធ​ប្រឆាំង​ជំ​ងឺ​ផ្សេង​ៗក្នុង​ខ្លួន​របស់​ម្ដាយ​ នឹង​ត្រូវ​បញ្ជូន​បន្ត​តាមរយៈ​ទឹកដោះ​ ពេល​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​ ក៏​នឹង​បាន​ទទួ​លប្រ​ព័ន្ធ​ប្រឆាំង​ជំងឺ​ផ្សេង​ទាំងនោះ​ដែរ​ ដែល​ទឹកដោះ​គោ​ម្សៅ​ ឬទឹកដោះ​ច្នៃប្រឌិត​ដទៃទៀត​គ្មាន​ដូច​។

    3. គ្មាន​បញ្ហា​រឿង​ទល់លាមក​
    ព្រោះ​ទឹកដោះ​ម្ដាយ​ហ្នឹង​ងាយ​រំលាយ​ ធ្វើ​ឱ្យ​កូន​មិនបាច់​លំបាក​ទ្រាំទ្រ​នឹង​អាការ​ទល់លាមក​ តែបើ​កូន​របស់​យើង​បៅ​ទឹក​ដោះ​គោ​ ឬទឹកដោះ​ប្រភេទ​ផ្សេងទៀត​ អាច​នឹង​ជួប​បញ្ហា​ទល់លាមក​ច្រើនជាង​។

    4. គ្មាន​បញ្ហា​រឿង​កូន​ធាត់​ជ្រុល​
    ធ្លាប់​ឃើញ​ទារក​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រ​ឡាញ់​ណាស់​មែនទេ​? តែ​ញឹកញាប់​ណាស់​ដែល​ទារក​ទើប​កើត​ដំបូង​ដែល​យើង​ឃើញ​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រឡាញ់​នោះ​ក៏​មាន​ទម្ងន់​ខ្លួន​លើសកម្រិត​ដែរ​។ មូលហេតុ​ គឺ​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ ឬទឹកដោះ​ច្នៃប្រឌិត​ប្រភេទ​ផ្សេង​ៗ ក្នុង​ខណៈ​ដែល​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​វិញ​ កូន​របស់​យើង​នឹង​គ្មាន​បញ្ហា​រឿង​ទម្ងន់​ខ្លួន​កើនឡើង​ជ្រុល​ឡើយ​។ ទម្ងន់​ខ្លួន​របស់​កូន​នឹង​កើន​ទៅតាម​កម្រិ​តស្ដ​ង់​ដារ​របស់​ទារក​ក្នុង​វ័យ​នី​មួយ​ៗបែប​ធម្មជាតិ​។

    5. ឱកាស​កើត​កន្ទួល​រមាស់​លើ​ក្រណាត់​កន្ទប​មាន​តិច​ជាង​
    ក្រណាត់​កន្ទប​កើតមាន​ភាព​សើម​អាប់​ និង​កើត​ប្រតិកម្ម​របស់​មេរោគ​បាក់តេរី​ ក្នុងករណី​ដែល​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​ច្រើនជាង​ ពេល​មក​រួម​ជាមួយ​ភាព​សើម​អាប់​(តាមរយៈ​ការ​ស្លៀក​ក្រណាត់​កន្ទប​) ស្បែក​របស់​កូន​នឹង​កើត​មាន​អាការ​កន្ទួល​ក្រ​ហមៗ​ តែបើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​តិច​ជាង​ខ្លាំង​ណាស់​។ ឱកាស​ដែល​កូន​នឹង​ត្រូវ​លំបាក​ជាមួយ​អាការ​កន្ទួល​រមាស់​នោះ​ ក៏​នឹង​ថយ​ចុះ​ដែរ​។

    6. ភ្ជាប់​ចំណង​សម្ពន្ធ​រវាង​ម្ដាយ​ និង​កូន​
    ការ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ជា​អារម្មណ៍​ដែល​ពិបាក​នឹង​បរិយាយ​ណាស់​ មានតែ​ម្ដាយ​ដែល​ធ្លាប់​ឱ្យ​កូន​បៅ​ទឹក​ដោះ​ពី​ទ្រូង​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អធិប្បាយ​ពី​អារម្មណ៍​ និង​សេចក្ដីសុខ​ក្នុងចិត្ត​ដែល​កើតឡើង​ក្នុង​ខ្លួន​របស់​ម្ដាយ​ម្នាក់​នោះ​បាន​ដោយខ្លួនឯង​។ ក្រៅពីនោះ​ គ្រប់ពេល​ដែល​កូន​បៅ​ទឹកដោះ​ម្ដាយ​ពី​ទ្រូង​ម្ដាយ​ កូន​នឹង​សម្លឹង​មើល​មុខ​ម្ដាយ​របស់​ខ្លួន​ ដែល​អំឡុង​ពេល​បំបៅ​ដោះ​កូន​នោះ​ គឺជា​អំឡុង​ពេល​ដ៏​មានគុណ​តម្លៃ​បំផុត​ ព្រោះ​ម្ដាយ​កូន​នឹង​បាន​មើល​មុខ​គ្នា​ បាន​និយាយ​គ្នា​ បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ ធ្វើ​ឱ្យ​កូនតូច​អាច​ដឹង​បាន​ថា​ ម្ដាយ​របស់​គេ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុនណា​។ ក្រៅពីនោះ​ ការដែល​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​របស់​ម្ដាយ​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​កូន​ចងចាំ​ក្លិន​ សំឡេង​ មុខមាត់​ និង​ការ​ប៉ះពាល់​ផ្សេង​ៗរបស់​ម្ដាយ​បាន​លឿន​ជាង​ក្មេង​ដែល​បៅ​ទឹកដោះ​ពី​ដប​ទឹកដោះ​។

    7. រាងកាយ​របស់​ម្ដាយ​នឹង​ឆាប់​ស្គម​ឡើងវិញ​
    ក្រោយពី​ឆ្លងទន្លេ​រួច​ រាងកាយ​របស់​អ្នកម្ដាយ​ ទោះជា​ទម្ងន់​ខ្លួន​ស្រក​ចុះ​ខ្លះ​មែន​ តែ​ប្រព័ន្ធ​ខាងក្នុង​ រួម​ទាំង​ស្បូន​ផង​អាច​នឹង​មិនទាន់​ស្រួលបួល​ឡើងវិញ​នៅឡើយ​ ការ​ចិញ្ចឹម​កូន​ដោយ​ឱ្យ​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​ម្ដាយ​ នឹង​ជួយ​ជំរុញ​រាងកាយ​របស់​ម្ដាយ​ឱ្យ​បញ្ចេញ​អ័រម៉ូន1ប្រភេទ​ (ដែល​នឹង​ចេញ​មក​ចំពោះតែ​ពេល​ដែល​ឱ្យ​កូន​បៅដោះ​ប៉ុណ្ណោះ​) ដោយ​អ័ម៉ូ​នប្រភេទ​នេះ​ នឹង​ជួយ​ឱ្យ​ស្បូន​បង្រួញ​ខ្លួន​ស្រួលបួល​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។ ក្រៅពីនោះ​ ការដែល​រាងកាយ​អ្នកម្ដាយ​ត្រូវ​ផលិត​ទឹកដោះ​ វា​នឹង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផ្សេង​ៗនៅ​តាម​ក្បាលពោះ​ចេញ​អស់​ផង​ដែរ​ ធ្វើ​ឱ្យ​រូបរាង​របស់​អ្នកម្ដាយ​ទើប​ប្រសូត​បុត្រ​រួច​ ត្រឡប់​មក​ស្គម​ស្វែ​លបាន​ឆាប់រហ័ស​ជាង​អ្នកម្ដាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​។ ជាមធ្យម​ទៅ​ ការដែល​ចិញ្ចឹម​កូន​ដោយខ្លួនឯង​ ឱ្យ​កូន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ទម្ងន់​ខ្លួន​របស់​ម្ដាយ​នឹង​ថយ​ចុះ​ជាមធ្យម​ 1ខែ​ពី​ 1-2គីឡូក្រាម​ ដូច្នេះ​បើ​យើង​ឱ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ​ពេញ​មួយរយៈពេល​ 6ខែ​ដំបូង​ក្រោយ​ពេល​ប្រសូត​ ទម្ងន់​ខ្លួន​ និង​រូបរាង​របស់​អ្នកម្ដាយ​ នឹង​ល្អ​ឡើងវិញ​ និង​សឹងតែ​ជិត​ដូច​ប្រក្រតី​វិញ​។

    8. ជា​អាហារ​ដែល​ងាយស្រួល​បំផុត​សម្រាប់​កូន​ពេញ​ 24ម៉ោង​
    ទឹកដោះ​ម្ដាយ​ ជា​ប្រភព​បង្កើន​ថាមពល​របស់​កូនតូច​របស់​យើង​ដែល​អាច​ឱ្យ​កូន​បៅ​បាន​ពេញ​ 24ម៉ោង​។ ពេលណា​កូន​ឃ្លាន​ យើង​ក៏អាច​ឱ្យ​កូន​បៅ​ទឹកដោះ​ពីដើម​ទ្រូង​របស់​យើង​បាន​ភ្លាម​តែម្ដង​ មិន​ចាំបាច់​ដាក់​ដប​ទឹកដោះគោ​តាម​ខ្លួន​ មិនបាច់​មាន​ទឹក​ក្ដៅ​ ឬម្សៅ​ទឹកដោះគោ​-ល-នាំ​ឱ្យ​ពិបាក​ឡើយ​ ងាយស្រួល​ និង​ឆាប់រហ័ស​ទាន់ចិត្ត​កូន​ជាទីបំផុត​។

    9. ជា​ទឹកដោះ​ក្ដៅ​ឧណ្ហ​ៗ អាច​បៅ​បាន​ភ្លាម​ជាប់​ជានិច្ច​ពី​ទ្រូង​ម្ដាយ​
    គុណសម្បត្តិ​ពិសេស​ដែល​រក​ទឹកដោះ​ណា​ផ្សេងទៀត​ក្នុង​ពិភពលោក​នេះ​មក​ធៀប​មិនបាន​នោះ​គឺ​ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ហ្នឹងឯង​។ ម្ដាយ​មិន​ចាំបាច់​កង្វល់​ថា​ ទឹក​ដោះខ្លួន​ឯង​ហ្នឹង​នឹង​ក្ដៅ​ខ្លាំងពេក​ ឬត្រជាក់​ជ្រុល​ពេក​សម្រាប់​កូន​ឡើយ​ ព្រោះ​ទឹកដោះ​ម្ដាយ​ដែល​ចេញ​មក​ពីដើម​ទ្រូង​ម្ដាយ​នេះ​ នឹង​មាន​សីតុណ្ហ​ភាព​ដែល​ល្មម​សមរម្យ​ចំពោះ​កូន​របស់​យើង​ភ្លាម​តែម្ដង​ តែបើ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ យើង​ត្រូវ​ពិនិត្យមើល​ជាមុន​សិន​ជានិច្ច​ថា​ ទឹក​ដោះ​ដែល​លាយ​ហើយ​នោះ​ វា​នឹង​ក្ដៅ​ ឬត្រជាក់​ជ្រុល​ពេក​ទេ​ដឹង​?

    10. មិន​ចាំបាច់​អស់​លុយ​ថ្លៃ​ទឹក​ដោះ​ថ្លៃ​ៗ រួម​ទាំង​ឧបករណ៍​ផ្សេង​ៗទៀត​
    តម្លៃ​ទឹកដោះ​ម្សៅ​ប្រភេទ​ផ្សេង​ៗនោះ​ បច្ចុប្បន្ន​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ ណា​ថ្លៃ​ដប​ទឹកដោះគោ​ ណា​ថ្លៃ​ទឹកសាប៊ូ​លាង​ដប​ទឹកដោះគោ​ថ្លៃ​ឧបករណ៍​ដុស​សម្អាត​ដប​ទឹកដោះគោ​ -ល- ថ្លៃ​ចាយវាយ​ទាំងអស់​នេះ​ នឹង​មិនកើត​មាន​ឡើយ​ បើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​។ទឹកដោះ​ម្ដាយ​នឹង​មាន​ច្រើន​ ឬតិច​ នឹង​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ច្រើន​ ឬតិច​ អាស្រ័យ​លើ​ចំណី​អាហារ​ ការ​គេង​សម្រាក​ និង​អារម្មណ៍​របស់​ម្ដាយ​ជាចម្បង​។ បើ​អ្នកម្ដាយ​មើលថែ​ទាំ​រាងកាយ​យ៉ាង​ល្អ​ ញ៉ាំ​អាហារ​ដែល​មានប្រយោជន៍​ គេងលក់​បាន​គ្រប់គ្រាន់​ និង​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​យ៉ាង​ល្អ​ជាប់​ជានិច្ច​នោះ​ ក៏​នឹង​មាន​ទឹកដោះ​ច្រើន​គ្រប់គ្រាន់​ឱ្យ​កូន​របស់​យើង​បាន​បៅ​យ៉ាង​ពិត​ប្រាកដ​ ដែល​បច្ចុប្បន្ន​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​យ៉ាងតិច​បំផុត​រយៈ​ពេល​ 1ឆ្នាំ​ដំបូង​៕

  • ម្ហូប​អាម៉ុក​ខ្មែរ​ ត្រូវ​បាន​អ្នកជំនាញ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ ទុក​បាន​យូរ​ មានគុណ​ភាព​ខ្ពស់​ និង​រសជាតិ​ឆ្ងាញ់​

    ម្ហូប​អាម៉ុក​ខ្មែរ​ ត្រូវ​បាន​អ្នកជំនាញ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ ទុក​បាន​យូរ​ មានគុណ​ភាព​ខ្ពស់​ និង​រសជាតិ​ឆ្ងាញ់​

    អាម៉ុក​ ជា​ម្ហូប​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​បាន​កោតសរសើរ​ថា​ ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ តែ​ប្រជាជន​ខ្មែរ​ ជាពិសេស​យុវវ័យ​មួយចំនួន​បែរជា​មិនសូវ​ស្គាល់​ទៅវិញ​។ ចំណុច​ដែល​ធ្វើ​ឱ្យ​អាម៉ុក​ខ្មែរ​ ក្លាយជា​ម្ហូបអាហារ​ដែល​គ្រប់គ្នា​អត់​មិន​សរសើរ​មិនបាន​នោះ​ គឺ​វា​ត្រូវ​ចម្អិន​ឡើង​ដោយ​គ្រឿងផ្សំ​ស្រស់​ល្អ​ ថ្មី​ៗ និង​ត្រូវការ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​ឱ្យ​រសជាតិ​ ក្លិន​ រួម​ទាំង​រូបរាង​អាច​ទាក់ទាញ​បាន​ព្រមគ្នា​នៅក្នុង​ចាន​តែមួយ​។

    ដោយ​មើលឃើញ​ថា​ អាម៉ុក​ជា​ម្ហូបអាហារ​បែប​វប្បធម៌​ដ៏​ពិសេស​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ​ និង​ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​ទេសចរ​បរទេស​គាំទ្រ​ខ្លាំង​ថែមទៀត​នោះ​ អ្នកជំនាញ​ចំណីអាហារ​មួយ​ក្រុម​ បានសម្រេច​ចិត្ត​បង្កើត​អាម៉ុក​ដាក់​កំប៉ុង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នកទទួល​ទាន​ និង​នាំចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ម្ហូបអាហារ​ខ្មែរ​ថែមទៀត​ផង​។

    លោក​ តាន់​ បូរី​វត្ថិ​ សហ​ស្ថាបនិក​ក្រុម​ ខេម​-ឃ្វី​ស៊ីន​ បាន​លើកឡើង​ថា​ មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ក្រុម​របស់​លោក​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ផលិត​ម្ហូប​អាម៉ុក​នេះ​ឡើង​ គឺ​ដោយសារតែ​លោក​មើលឃើញ​ថា​ អាម៉ុក​ ជាមុ​ខម្ហូប​ល្បី​មួយ​របស់​ប្រទេសខ្មែរ​យើង​ ហើយក៏​ជា​ម្ហូប​ដែល​មាន​សក្តា​នុ​ពល​ផង​ដែរ​សម្រាប់​ការ​បង្ហាញ​ទៅ​ខាងក្រៅ​(បរទេស​)។ ក្រៅពី​នេះ​ វា​ក៏​ជា​ការចូលរួម​ចំណែក​ដើម្បី​ជួយ​ដល់​វប្បធម៌​ប្រពៃណី​របស់​យើង​ផង​ដែរ​ ព្រោះ​អាម៉ុក​ ជា​ម្ហូប​បុរាណ​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​ខ្មែរ​។ តែ​គួរ​ឱ្យ​ស្ដាយ​ដែរ​ព្រោះ​តាម​ការស្ទង់មតិ​ យើង​បានដឹង​ថា​ យុវជន​អាយុ​ក្រោម​ 22ឆ្នាំ​ ប្រមាណ​ 28​% មិនដែល​ស្គាល់​ម្ហូប​ឈ្មោះ​អាម៉ុក​នេះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក​ចង់​បង្កើត​អាម៉ុក​ ដែល​អាច​ដាក់​ក្នុង​កំប៉ុង​ និង​រក្សាទុក​បាន​យូរ​ ដើម្បី​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​បរទេស​បាន​ពិសា​។

    លោក តាន់ បូរី​វត្ថិ សហ​ស្ថាបនិក​ក្រុម ខេ​ម-ឃ្វី​ស៊ីន

    លោក​ តាន់​ បូរី​វត្ថិ​ បាន​និយាយ​ថា​៖ “យើង​ចង់​ឱ្យ​អាម៉ុក​កំប៉ុង​ របស់​យើង​ត្រូវ​បាន​គេ​និយម​ចូលចិត្ត​ និង​ចែកចាយ​ឱ្យ​បាន​ច្រើនជាង​ត្រីខ​ ឬប្រភេទ​អាហារ​កំប៉ុង​ដែល​នាំចូល​ផ្សេងទៀត​។ ការបង្កើត​ផលិតផល​មួយ​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផលិត​ម្ហូបអាហារ​ក្នុង​ស្រុក​ដោយខ្លួនឯង​”។

    លោក ថេ​ង ប៉ុន​លៀង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង​

    បន្ថែម​ពីលើ​នេះ​ លោក​ ថេង​ ប៉ុន​លៀង​ សហ​ស្ថាបនិក​អាម៉ុក​កំប៉ុង​ម្នាក់ទៀត​ បាន​លើកឡើង​ផង​ដែរ​ថា​ អាម៉ុក​កំប៉ុង​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរយើង​មួយចំនួន​ដែល​ជា​អតិថិជន​គោលដៅ​របស់​យើង​ គឺ​ប្រជាជន​ដែល​មាន​វ័យ​ចន្លោះ​ពី​ 20​ឆ្នាំ​ ដល់​ 54ឆ្នាំ​។ បុគ្គល​សំ​ខាន់​ៗដែល​យើង​ចង់​សម្រួល​ឱ្យ​កាន់តែ​ល្អ​ទៀត​នោះ​ គឺ​ស្ត្រី​មេផ្ទះ​ ដែល​ពេលខ្លះ​គាត់​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការ​ធ្វើម្ហូប​ ឬទិញ​គ្រឿងផ្សំ​ច្រើនមុខ​ ព្រមទាំង​ចំណាយពេល​យូរ​ដើម្បី​ចម្អិនម្ហូប​អាហារ​។ ប្រសិនបើ​យើង​ផ្តល់​ឱ្យ​គាត់​នូវ​ជម្រើស​អាហារ​បែប​ងាយស្រួល​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​នោះ​ គាត់​នឹងអាច​មាន​ភាព​ធូរស្រាល​ខ្លះ​ពី​ភាព​មមាញឹក​ក្នុង​ការ​មើល​ថែទាំ​ក្រុម​គ្រូ​សារ​របស់​គាត់​។ ក្រៅពី​នេះ​ គឺ​អ្នកធ្វើការ​ងារ​ ដែល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ ការរស់នៅ​របស់​ប្រជាជន​យើង​កាន់តែ​មមាញឹក​ខ្លាំង​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​ដោយខ្លួនឯង​ឡើយ​។ ការ​ផ្តល់​នូវ​ម្ហូបអាហារ​ខ្មែរ​សម្រេច​បែបនេះ​ នឹង​ធ្វើ​ឱ្យ​គាត់​មាន​ជម្រើស​ថ្មី​មួយទៀត​ ហើយ​មាន​អារម្មណ៍ល្អ​ដូច​បាន​ទទួលទាន​ម្ហូបអាហារ​ដែល​ម្តាយ​របស់​គាត់​ធ្វើ​ឱ្យ​ ឬអាហារ​ដែល​គាត់​ធ្លាប់​ទទួលទាន​ពី​ក្មេង​ៗជាដើម​។

    លោក​ ថេង​ ប៉ុន​លៀង​ បាន​និយាយ​ថា​៖ “អតិថិជន​គោលដៅ​របស់​យើង​សំខាន់​មួយ​ប្រភេទ​ផ្សេងទៀត​ គឺ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​គាត់​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេល​ពួកគាត់​មក​ប្រទេសខ្មែរ​ គាត់​ប្រាកដជា​ចង់​ភ្លក្ស​ ឬសាកល្បង​អាហារ​ខ្មែរយើង​មិនខាន​ តែ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ គឺ​មិន​អាច​ទុក​បាន​យូរ​ទេ​ ប្រសិនបើ​គាត់​ចង់​ទិញទុក​ទទួលទាន​បន្ថែម​ទៀត​ ប្រាកដជា​រក​មិនបានទេ​។ ហេតុនេះ​ហើយ​ ទើប​យើង​បង្កើត​អាម៉ុក​កំប៉ុង​នេះ​ឡើង​ ដើម្បី​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​រីករាយ​ក្នុង​ការទិញ​បន្ថែម​ ទុក​ញ៉ាំ​ទៀត​ ប្រសិន​គាត់​គិតថា​ឆ្ងាញ់​ ហើយ​ថែមទាំង​អាច​ចែករំលែក​ទៅ​មនុស្ស​ដែល​គាត់​បាន​ស្គាល់​ទៀតផង​”។

    កញ្ញា ផ សុថាវី សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

    ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ កញ្ញា​ ផ សុ​ថា​វី​ សមាជិក​ម្នាក់​ទៀត​ក្នុង​ការបង្កើត​អាម៉ុក​កំប៉ុង​ខ្មែរ​នេះ​ដែរ​ បាន​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​អាម៉ុក​កំប៉ុង​នេះ​ជា​ប្រភេទ​អាហារ​កំប៉ុង​ក៏​ពិតមែន​ តែ​វា​មិនមែន​ជា​ប្រភេទ​អាហារ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ព្រោះ​យើង​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ មិន​ប្រើប្រាស់​សារធាតុគីមី​ទេ​ និង​អាច​រក្សាទុក​បាន​រហូតដល់​ទៅ​ជិត​កន្លះ​ឆ្នាំ​ឯណោះ​។

    ចំពោះ​វិធីសាស្ត្រ​ចម្អិន​ គឺ​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ ដោយ​គាត់​គ្រាន់តែ​យកចេញ​ពី​ទូទឹកកក​មក​ ហើយ​កម្តៅ​ គឺជា​ការ​ស្រេច​ ចំណែក​ឯរសជាតិ​ គឺ​នៅ​រក្សា​ភាព​ដើម​ស្រស់​ៗដដែល​។ ចំណែក​បរិមាណ​វិញ​ គឺ​ក្នុង​កំប៉ុង​នី​មួយ​ៗមាន​ទម្ងន់​ 200ក្រាម​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ប្រហែលជា​ 1ម៉ឺន​រៀល​ ឬចន្លោះ​ពី​ 2ដុល្លារ​ ទៅ2.5ដុល្លារ​។

    កញ្ញា​ ផ សុ​ថា​វី​ បាន​និយាយ​ថា​៖ “អាម៉ុក​ដែល​យើង​ផលិត​នេះ​ គឺ​ដាក់​ក្នុង​កំប៉ុង​កែវ​ និង​មានការ​វេច​ខ្ចប់​ដោយ​រចនា​ឱ្យ​មាន​សោភណភាព​លក្ខណៈ​បែប​ខ្មែរ​ ដើម្បី​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ខ្មែរ​។ យើង​ចង់ឱ្យ​អាហារ​របស់​យើង​មាន​ស្តង់​ដា​ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ដែល​វា​ក៏​ជា​ការចូលរួម​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​”។

    កញ្ញា ងួន គីមលាង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

    សហ​ស្ថាបនិក​មួយ​រូប​ទៀត​ គឺ​កញ្ញា​ ងួន​ គី​មលាង​បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​យើង​មើលឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការចូលរួម​បង្កើនផលិតផល​ក្នុង​ស្រុក​ និង​ផ្សព្វផ្សាយ​ពី​ម្ហូប​ខ្មែរ​ហើយ​ ក្រុម​របស់​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ នោះ​គឺ​ប្រភព​នៃ​គ្រឿងផ្សំ​។ ត្រី​ដែល​អាចយ​កម​កធ្វើ​អាម៉ុក​បាន​ល្អ​ គឺ​ត្រីរ៉ស់​ ព្រោះ​វា​មានសាច់​ស្វិត​ល្អ​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ ត្រូវជា​មួយ​រសជាតិ​បែប​ខ្មែរ​ តែ​ត្រីរ៉ស់​ជា​ប្រភេទ​ត្រី​ដែល​ក្រ​ធំ​ និង​មិនសូវ​សម្បូរ​។ ចំណែក​ឯត្រី​មួយ​ប្រភេទ​ទៀត​ដែល​ងាយ​ចិញ្ចឹម​ ហើយ​អាច​ធ្វើ​បាន​ដែរ​នោះ​ គឺ​ត្រី​ឆ្ដោ​ តែ​ការ​ចិញ្ចឹម​ត្រីឆ្តោ​ ត្រូវ​បាន​ហាមឃាត់​ ព្រោះ​វា​ជា​ប្រភេទ​ត្រី​ដែល​ស៊ី​កូន​ត្រី​ជា​អាហារ​ ហេតុនេះ​យើង​ក៏​មិន​ចង់​ប្រើប្រាស់​ប្រភេទ​ត្រី​នេះ​ដែរ​។ ជា​ដំណោះស្រាយ​ យើង​ព្យាយាម​ស្វែងរក​ប្រភព​ឱ្យ​បាន​ច្រើន​ទីតាំង​ ដើម្បី​ធានា​ថា​ យើង​អាច​មាន​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ត្រី​។

    កញ្ញា​ ងួន​ គី​មលាង​ បាន​និយាយ​ថា​៖ “ទោះជា​យើង​ជួប​ការ​លំបាក​បែបនេះ​ក្តី​ តែ​វា​ក៏អាច​ជាស​ញ្ញាណ​ល្អ​មួយ​ផង​ដែរ​នៅក្នុង​បញ្ហា​នេះ​ នោះ​គឺ​យើង​អាច​ជួយ​ប្រជាជន​យើង​ដែល​ចិញ្ចឹម​ត្រីរ៉ស់​ឱ្យ​មាន​ទីផ្សារ​ល្អ​។ កន្លងមក​ឈ្មួញ​ចេះតែ​ទម្លាក់​តម្លៃ​ផលិតផល​របស់​គាត់​ នៅពេល​ពួកគាត់​ប្រមូល​ផល​បាន​ ហេតុនេះ​ការដែល​យើង​ទិញ​ពី​គាត់​ផ្ទាល់​ គឺ​យើង​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ស្តង់​ដា​មួយ​ដែល​មាន​និរន្តរភាព​”។

    លោក​ ប៉ក់​ ចាន់​ចិន​ អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ និង​ជាស​មា​ជិ​កក្រុម​ផលិត​អាម៉ុក​កំប៉ុង​ផង​ដែរ​នោះ​ បាន​លើកឡើង​ថា​ យើង​សង្ឃឹមថា​ យើង​នឹងអាច​អភិវឌ្ឍ​គុណភាព​ និង​ច្នៃ​រស​ជា​តិ​ល្អ​ៗជាច្រើន​ទៀត​ចេញពី​រសជាតិ​ដើម​នៃ​អាម៉ុក​ខ្មែរ​ដែល​ប្រជាជន​យើង​ធ្លាប់​ទទួលទាន​។ ក្រៅពី​នេះ​ យើង​ក៏​នឹង​ព្យាយាម​ផង​ដែរ​ ក្នុង​ការរចនា​ការ​វេច​ខ្ចប់​ឱ្យ​កាន់តែ​ល្អ​ឡើង​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​ ដូចជា​ត្រីខកំប៉ុង​ ឬផលិតផល​អាហារ​សម្រេច​មួយចំនួន​ទៀត​។ យើង​សង្ឃឹមថា​ក្រោយ​ពេល​យើង​អភិវឌ្ឍ​បាន​កាន់តែ​ប្រសើរ​ឡើង​ហើយ​ ម្ហូប​អាម៉ុក​ដាក់​កំប៉ុង​នេះ​នឹង​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ និង​ក្រៅប្រទេស​ជាមួយ​តម្លៃ​កាន់តែ​សមរម្យ​ជាង​នេះ​៕