កណ្តាលក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ 2កន្លះ មានការប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យ ជាច្រើនមកតាំងបង្ហាញផ្ទាំងគំនូរ គូរគំនូរ ព្រមទាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ ដោយបង្កើតបានជាទិដ្ឋភាពអ៊ូអរ ភ្ញាក់ផ្អើលដល់អ្នកទេសចរបរទេសនានាមកទស្សនាយ៉ាងច្រើនកុះករ។
ការរៀបចំស្នាដៃបង្ហាញនេះ រៀបចំឡើងដោយវិចិត្រករ និងជាសិល្បករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី ជាមួយមិត្តសិល្បករ វិចិត្រករជាច្រើនផ្សេងទៀតក្នុងខេត្តបាត់ដំបង ដែលមានកេរ្តិ៍ឈ្នោះ និងមានសមត្ថភាពប្លែកៗពីគ្នា។
លោក ប៉ោយ ឈុនលី ក៏បានផ្តល់សម្ភាសផងដែរ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ជំនោរសិល្បៈក្នុងខេត្តបាត់ដំបងនេះថា៖ «ខ្ញុំតែងតែមានគោលបំណងផ្តល់អ្វីម្យ៉ាងដល់ខេត្តរបស់ខ្ញុំវិញ ជាការពិតណាស់នេះជាការបង្ហាញសមត្ថភាពរបស់វិចិត្រករ ហើយយើងក៏ចង់ឱ្យអ្នកសិល្បៈចេះធ្វើការរួមគ្នាដើម្បីរីកចម្រើនជាមួយគ្នា»។
ការរៀបចំ កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” លើដងផ្លូវលេខ 2កន្លះ ក្នុងក្រុងបាត់ដំបង នេះបានធ្វើឡើងកាលពីថ្ងៃទី21-22 ខែធ្នូ ឆ្នាំ2019 ប្រកបដោយភាពជោគជ័យ ដោយក្នុងកម្មវិធីមានការចូលរួមពីសិល្បករ 70រូប ជាមួយការដាក់តាំងស្នាដៃជាង 400ផ្ទាំង ថែមទាំងមានការបង្ហាញសិល្បៈសម្តែងប្លែកៗដ៏ទាក់ទាញគួរឱ្យភ្ញាក់ផ្អើលតាំងពីម៉ោង 3រសៀលរហូតដល់ម៉ោង 9យប់។
កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នេះ មានការគាំទ្រ និងចូលរួមទស្សនាពីមហាជនជាង 2,000នាក់ក្នុងរយៈពេល 2ថ្ងៃកន្លងទៅនេះ លោក ប៉ោយ ឈុនលី បានបញ្ជាក់ប្រាប់ថា គម្រោងនេះត្រូវបានលោកគិតទុកអស់រយៈពេល 5ឆ្នាំមកហើយ ហើយការរៀបគម្រោង 3ខែចុងក្រោយនេះទើបសម្រេចចេញជារូបរាង ដោយឥតមានអ្នកឧបត្ថម្ភទេ តែនេះជាការចូលរួមគ្នាពីសិល្បករទាំងអស់។
លោក ឈុនលី បន្តថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នឹងត្រៀមខ្លួនបង្ហាញវត្តមានកាន់តែធំ និងពិសេសជាងឆ្នាំនេះទៀតនៅឆ្នាំក្រោយ។ ដោយសារសង្កេតឃើញការពេញនិយម ពិសេសទទួលបានការគាំទ្រគ្រប់មជ្ឈដ្ឋានបែបនេះ ទើបលោកយល់ថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នឹងមានឥទ្ធិពលក្នុងតំបន់អាស៊ីនៅថ្ងៃខាងមុខ ឱ្យតែមានការរួបរួមគ្នាពីសិល្បករខ្មែរ ទាំងក្មេងចាស់ គ្រប់សម័យ ដើម្បីប្រយោជន៍ និងកេរ្តិ៍ឈ្មោះជាតិជាធំ៕
Author: ធឿន មករា

“ជំនោរ Art” ផ្សារភ្ជាប់សិល្បករ និងសាធារណជន ឱ្យស្វែងយល់ពីគ្នា

បុរី អាម៉ូរី ៧មករា ចាប់ឆ្នោតផ្តល់រង្វាន់ពិសេសៗ ជាច្រើនជូនដល់អតិថិជន
ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ បុរី អាម៉ូរី ៧មករា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីដីឡូត៍ ឬក៏ទិញផ្ទះក្នុងកំឡុងពេលប្រូម៉ូសិនពិសេស នៅឯភោជនីយដ្ឋាននាគក្រហមផ្លូវលេខ២៧១ ទល់មុខកាកក្របាទក្រហមកម្ពុជា។
កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ដែលធ្វើអោយកម្មវិធីកាន់តែមានភាពអធឹកអធម។
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស ២នាក់ ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរទស្សន៍ SAMSUNG 55 អុីញ កង់ម៉ាក GIANT និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។
បុរី អាម៉ូរី ៧មករា បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ និងបានវិនិយោគលើបុរី អាម៉ូរី ៧មករា។ លើសពីនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ បុរី អាម៉ូរី ៧មករា គម្រោងផ្ទះ និងដីឡូត៍ មានការផ្តល់ជូនពិសេសដល់អតិថិជនដោយមានការបញ្ចុះតម្លៃរហូតដល់ ១២ភាគរយ ព្រមទាំងទទួល បានសាំងដល់ទៅ ១៥០០លីត្របន្ថែមទៀត។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាង សង់ជាផ្លូវការនូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីរបស់ខ្លួននៅលើផ្ទៃដី ៣២ហិកតា ស្ថិត នៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ ៦A ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។
បុរី អាម៉ូរី ៧មករា មានទីតាំងនៅលើតំបន់ ដែលបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមនុស្សរស់នៅច្រើនប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើអោយការរស់នៅកាន់តែប្រសើរ។
ប្រភេទដីឡូត៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម x ២០ម
ជម្រើសទី២ ដីទំហំ ១០ម x ២០ម
ជម្រើសទី៣ ដីទំហំ ២០ម x ៣០មប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2
បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ និងទូរស័ព្ទលេខ៖ ០៧៨ ៩០៩ ៩៩៩៕

កម្មវិធី “G-Shock Fan Festa” ឆ្នាំ2019 ជួបផ្ទាល់ជាមួយ Farther of G-Shock និងទូតសុច្ឆន្ទៈរបស់នាឡិកាដៃម៉ាក G-Shock និង Baby-G
កាលពីថ្ងៃទី21 និងថ្ងៃទី22 ខែធ្នូ ឆ្នាំ2019 នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអន ម៉លទី2)ក្រុមហ៊ុន LDI ENTERPRISE LTD បានរៀបចំកម្មវិធីមួយដ៏ធំ “G-Shock Fan Festa” ដោយមានការចូលរួមពីសំណាក់ លោកស្រី គួច ណាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុនLDIENTERPRISE LTD, Farther of G-Shock លោក Kikuo Ibe និងអ្នកនាង Asami Sagara អ្នកតំណាងមកពីប្រទេសជប៉ុន នៃនាឡិកាម៉ាក CASIO ផងដែរ។

នៅក្នុងកម្មវិធីនោះផងដែរ អតិថិជន Fans ក៏ដូចជាទស្សនិកជនទាំងអស់ក៏បានរីករាយជាមួយនឹងការជួប និងការថតរូបជាមួយនឹង Idols របស់ពួកគេ ដែលជាអគ្គរាជទូតសុច្ឆន្ទៈ (Brand Ambassador) របស់នាឡិកាជប៉ុនម៉ាក G-Shock និងម៉ាក Baby-G ទាំង3រូប គឺអ្នកនាង មាស សុខសោភា តំណាងឱ្យផលិតផលនាឡិកាម៉ាក Baby-G, លោក ឃឹមផុន ថេណា តំណាងឱ្យផលិតផលនាឡិកាម៉ាក G-Shock និងកញ្ញា នីគី នីគី តំណាងឱ្យផលិតផលនាឡិកាម៉ាកBABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន ហើយទស្សនិកជនទាំងអស់ក៏បានរីករាយជាមួយនិងការច្រៀងកំដអារម្មណ៍យ៉ាងពីរោះរណ្តំចិត្តពីសំណាក់អគ្គរាជទូតសុច្ឆន្ទៈទាំង3រូបផងដែរ។
នៅក្នុងឱកាសនៃកម្មវិធីពីរថ្ងៃពេញនេះ លោកអ្នកក៏មានឱកាសបានជួប និងទទួលបានការចុះហត្ថលេខាពី Farther of G-Shock ដែលជាអ្នកច្នៃម៉ូដនាឡិកា និងផលិតនាឡិកាដៃម៉ាក G-Shock ដោយផ្ទាល់ផងដែរ ព្រមទាំងទទួលបាននូវការបញ្ចុះតម្លៃរហូតដល់30% ចំពោះការទិញនាឡិកាដៃម៉ាក G-Shock និងម៉ាក Baby-G ដែលមានតាំងបង្ហាញនៅទីនោះផ្ទាល់តែម្តង និងមានការលេងហ្គេមឈ្នះរង្វាន់នាឡិកាម៉ាក G-Shock និងម៉ាក Baby-G និងការចាប់ឆ្នោតផ្សងសំណាងនាឡិកាម៉ាក G-Shock និងម៉ាក Baby-G ជាច្រើនរង្វាន់ជូនដល់អតិថិជនដែលតែងតែគាំទ្រនាឡិកាគុណភាពខ្ពស់របស់ជប៉ុននេះផងដែល ឱកាសដ៏ល្អនេះមានរយៈពេលតែ2ថ្ងៃនេះតែប៉ុណ្ណោះ៕


គុណប្រយោជន៍របស់អាហារមានជាតិល្វីង ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម
អាហារដែលមានរសជាតិល្វីងជូរចត់មួយចំនួន វាពិតជាពិបាកក្នុងការទទួលទាន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនចង់ទទួលទានអាហារដែលមានរសជាតិល្វីងជាប្រចាំថ្ងៃនោះទេ តែទោះជាយ៉ាងណាក៏ដោយ អាហារដែលមានរសជាតិល្វីង គឺមានសារធាតុចិញ្ចឹមមិនធម្មតា ដែលអ្នកមិនគួរមើលរំលង ហើយវាមានសារធាតុឱសថដែលមានអត្ថប្រយោជន៍ខាងសុខភាពជាច្រើនថែមទៀតផង។
អាហារដែលមានរសជាតិល្វីងសម្បូរទៅដោយសារធាតុបំប៉ន និងសារធាតុសំខាន់ៗដូចជា triterpenoids, polyphenol និង flavonoids ត្រូវបានគេរកឃើញថា អាចពន្យឺតការលូតលាស់របស់កោសិកាមហារីកជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះសារធាតុល្វីងក៏ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងឱសថសម្រាប់កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមផងដែរ។

ជាតិល្វីងជួយបង្កើតថាមពលក្នុងរាងកាយ ព្រោះរុក្ខជាតិល្វីង សម្បូរដោយវីតាមីនអេ វីតាមីនស៊ី វីតាមីនខេ និងសារធាតុរ៉ែ កាល់ស្បូម ប៉ូតាស្យូម និងម៉ាញេស្យូម។ អាហារទាំងនោះ ក៏ពោរពេញទៅដោយជាតិអាស៊ីត ហ្វរឡេន អាស៊ីហ្វីប៊ឺ ដែលជួយកាត់បន្ថយជាតិខ្លាញ់ ដែលបង្កើតថាមពលក្នុងរាងកាយ។ រុក្ខជាតិល្វីងក៏ជួយធ្វើឱ្យស្បែកភ្លឺថ្លា ដោយសារធាតុទាំងនោះ ចូលទៅជួយសម្រួលប្រព័ន្ធសរសៃប្រសាទឱ្យរឹងមាំ សម្រួលសរសៃឈាមមិនឱ្យកក (វីតាមីនខេ) និងមានសារធាតុ phytonutrients ដែលជួយដល់សុខភាពភ្នែក។

សារធាតុល្វីង នឹងជួយទៅជំរុញការផលិតអង់ស៊ីម និងលំហូរទឹកប្រមាត់ឱ្យប្រសើរឡើង ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការរំលាយអាហារ។ រឿងនេះអាចធ្វើឱ្យអ្នកសប្បាយចិត្តក្នុងការបរិភោគអាហារគ្រប់ប្រភេទ ដោយមិនសូវមានការព្រួយបារម្ភ។ សារធាតុ fiber ខ្ពស់ ក្នុងរុក្ខជាតិបៃតងនេះ នឹងជួយជម្រុះកាកសំណល់អាហារទាំងឡាយដែលតោងជាប់បំពង់អាហារ។ ជាពិសេស សារធាតុល្វីងក្នុងរុក្ខជាតិ និងជួយបន្សាបជាតិពុលទាំងឡាយក្នុងរាងកាយ តាមរយៈការសម្រួលដល់ការធ្វើប្រតិកម្មនៃជាតិកូឡេស្តេរ៉ុល ការរក្សាតុល្យភាពអ័រម៉ូន សម្រួលឈាម និងមេតាប៉ូលីខ្លាញ់។ ចំពោះអ្នកមានជំងឺធាត់ គួរបរិភោគអាហារមានរសជាតិល្វីងនេះឱ្យបានច្រើន ព្រោះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជាតិខ្លាញ់ក្នុងរាងកាយបានល្អ។

ដោយសារមនុស្សភាគច្រើន មិនមានចំណង់ចំណូលចិត្តចំពោះអាហារល្វីង ធ្វើឱ្យរាងកាយសម្បូរដោយអាហារដែលមានរសជាតិផ្អែម ប្រៃ និងជូរច្រើន។ ដូច្នេះការបរិភោគអាហារល្វីងនឹងជួយបង្ក្រប់តម្រូវការរបស់សរីរាង្គកាយ។ អ្នកគួរចងចាំថា ការបរិភោគរុក្ខជាតិល្វីង មិនមានជាតិគីមី នឹងមានផលប្រយោជន៍ច្រើន ជាពិសេស វានឹងធ្វើឱ្យអ្នកមិនសូវឃ្លានអាហារផ្តេសផ្តាស ព្រមទាំងមានរូបរាងស្អាត និងមានសភាពរស់រវើកថែមមួយកម្រិតទៀត។ ជាតិល្វីងក៏អាចបង្ការ និងទប់ស្តាត់ជំងឺទឹកនោមផ្អែមបានដែរ។ បើយោងតាមគេហទំព័របរទេសមួយបានបង្ហាញថា ផ្លែម្រះក៏សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយការពារការខូចខាតកោសិកាដែលបណ្ដាលមកពីពពួករ៉ាឌីកាល់សេរី ថែមទាំងអាចកាត់បន្ថយហានិភ័យពីជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។ ផ្លែម្រេះដែលមានរសជាតិល្វីងកាន់តែខ្លាំង គឺជាថ្នាំដ៏ពូកែបំផុតក្នុងការការពារជំងឺទឹកនោមផ្អែម ព្រោះវាមានសមត្ថភាពអាចកាត់បន្ថយជាតិស្ករក្នុងឈាមហើយ និងផ្លូវទឹកម៉ូត្រ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម យកល្អអ្នកត្រូវយកផ្លែម្រេះទៅកិន ហើយច្រោះយកទឹកឱ្យបានមួយកូនពែង សម្រាប់ទទួលទានជារៀងរាល់ព្រឹក៕

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យសហការគ្នាលើកកម្ពស់ផលិតផលសរីរាង្គ ដើម្បីឆ្លើយតបនឹងតម្រូវការ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីពាក់ព័ន្ធសហការគ្នាលើកកម្ពស់ផលិតផលកសិកម្មសរីរាង្គឱ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតផលកសិកម្មសរីរាង្គ ដែលកំពុងតែកើនឡើងទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ”។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហករណ៍សរីរាង្គខ្មែរ(Khmr Cooperative Organic) ដែលធ្វើបានសម្រេច និងទទួលបានលទ្ធផលជាផ្កែផ្កាល្អ ហើយលទ្ធផលនេះក៏មិនអាចកាត់ផ្តាច់ចេញបានពីកិច្ចសហការយ៉ាងល្អប្រសើរ រវាងសហករណ៍ ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យឈានទៅទទួលបានពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រនាពេលនេះ។
ឯកឧត្តម បន្តថា ពានរង្វាន់នេះ មិនមែនគ្រាន់តែជាសមិទ្ធផល ដែលសហករណ៍សម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទនភាពរបស់យើងទាំងអស់គ្នា ព្រោះវាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីសាមគ្គីភាព សហការ និងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាជនមានការកើនឡើងជាលំដាប់ ទន្ទឹមគ្នានឹងបម្រែបម្រួលអាកាសធាតុ គឺទាមទារឱ្យមានការខិតខំប្រឹងប្រែងស្រាវជ្រាវ និងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ចាំបាច់បំផុតសម្រាប់បង្កើនផលិតភាពកសិកម្មឱ្យបានគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀង។ ជាងនេះទៅទៀត គឺស្របពេលដែលប្រជាជន និងភ្ញៀវទេសចរបានផ្លាស់ប្តូរឥរិយាបថ មកបរិភោគចំណីអាហារ ដែលមានស្តង់ដាប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។
ដូច្នេះ ដើម្បីឆ្លើយតបនូវតម្រូវការនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធ សហការគ្នាលើកកម្ពស់ផលិតផលកសិកម្មសរីរាង្គឱ្យទទួលបានជោគជ័យ តាមរយ:ការរៀបចំក្រុមផលិត ក្រុមផ្តល់ធាតុចូល ក្រុមប្រមូលទិញ ក្រុមចែកចាយ ក្រុមទីផ្សារនិងអតិថិជនឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ក្នុងប្រព័ន្ធខ្សែចង្វាក់ផលិតកម្មកសិកម្មសរីរាង្គ។
ជាមួយគ្នានេះដែរ ត្រូវរួមគ្នាពង្រឹង និងពង្រីកដោយផ្តោតលើក្រុម ឬសមាគមផលិត សហគមន៍កសិកម្ម និងកសិដ្ឋានផលិតកម្មមានលក្ខណៈជាអាជីព និងត្រូវអនុវត្តកសិកម្មតាមកិច្ចសន្យា និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ស្របតាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
ទន្ទឹមនឹងនេះក៏ត្រូវរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព អធិការកិច្ច និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រត្រឹមត្រូវដើម្បីលើកទឹកចិត្ត និងផ្តល់ការជឿជាក់ពីសាធារណជនទៅលើផលិតផលផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្ខេបជូនអង្គពិធី ឱ្យបានជ្រាបផងដែរ អំពីដំណើរការវិវឌ្ឍន៍នៃផលិតកម្មកសិកម្មសរីរាង្គនៅទូទាំងពិភពលោក ដោយឡែកនៅក្នុងប្រទេសសមាជិកអាស៊ាន ជាពិសេស គឺនៅកម្ពុជា ដោយផ្តើមចេញពីក្រុមផលិតតូចៗដែលចងក្រងឡើងដោយអង្គការ NGO ឬក្រុមហ៊ុនឯកជន ដោយផ្តោតជាសំខាន់លើដំណាំស្រូវតាំងពីឆ្នាំ1990 ជាបន្តបន្ទាប់នៅឆ្នាំ2000 ទើបមានគម្រោងកសិកម្មសរីរាង្គជាច្រើន តាមរយៈកិច្ចសហការរវាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន ហើយសហគ្រាសឯកជនទាំងនោះ ក៏បានចាប់ផ្តើមធ្វើធុរកិច្ចកសិកម្មសរីរាង្គ លើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានក្រុមអ្នកផលិតបន្លែសរីរាង្គ ប្រមាណជាង 100ក្រុម លើផ្ទៃដីប្រមាណ 9,717ហិកតា និងស្រូវសរីរាង្គ លើផ្ទៃដីប្រមាណ 12,000ហិកតា នៅទូទាំងប្រទេស និងបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន អាមេរិក ចិន ក្នុងតម្លៃទឹកប្រាក់ប្រមាណ 1លានអឺរ៉ូ កាលពីឆ្នាំ2017។
ឯកឧត្តម វេង សាខុន បានបន្តថា៖“ដោយសារឈ្វេងយល់ ពីនិន្នាការវិវឌ្ឍរីកចម្រើននៃកសិកម្មសរីរាង្គនេះ នៅឆ្នាំ2006 ក្រសួងបានចាប់ផ្តើមលើកគោលដៅកសិដ្ឋានសរីរាង្គ ទៅក្នុងគោលនយោបាយជាតិ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម(ASDP2006- 2010) ហើយបច្ចុប្បន្នកំពុងដំណើរការរៀបចំសេចក្តីព្រាងស្តង់ដាកសិកម្មសរីរាង្គជាបន្ត”។
ក្រៅពីនេះ ក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីផ្សេងៗសម្រាប់គាំទ្រ និងជំរុញការអនុវត្តកសិកម្មសរីរាង្គឱ្យស្របតាមបទដ្ឋានបច្ចេកទេស ការពារសុវត្ថិភាពអាហារ បរិស្ថាន សុខុមាលភាពសង្គម ការប្រកួតប្រជែងទីផ្សារ និងទំនុកចិត្តពីអតិថិជន ដើម្បីធ្វើសុខដុមនីយកម្មជាមួយបណ្តាប្រទេសអាស៊ាន និងពិភពលោក។
ជាមួយនឹងមោទនភាពដែលយើងទទួលបាននេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នឹងរួមចំណែកគាំទ្រគោលបំណងរួម រហូតដល់ឆ្នាំ2030 នៃការអនុវត្តកសិកម្មសរីរាង្គ គឺ៖ ទី1-កម្ពុជានឹងមានផលិតផលកសិកម្មសរីរាង្គគ្រប់គ្រាន់សម្រាប់ធ្វើសុខដុមនីយកម្ម ជាមួយស្តង់ដាក្នុងតំបន់និងអន្តរជាតិ។ ទី2-កម្ពុជានឹងបង្កើតបាននូវតំបន់អនុវត្តកសិកម្មសរីរាង្គជាតិប្រមូលផ្តុំមួយដែលមានភូមិសាស្ត្រជាយុទ្ធសាស្ត្រ។ ទី3-តម្លៃភាគហ៊ុនទីផ្សារនៃផលិតផលសរីរាង្គកម្ពុជានឹងកើនឡើងរហូតដល់40%។ ទី4-ចូលរួមកែលម្អជីវភាពផលិតករសរីរាង្គ និងការរស់នៅប្រកបដោយភាតរៈបរិស្ថាន និង5-កេរ្តិ៍ឈ្មោះផលិតផលសរីរាង្គនឹងមានការ-ទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស៕

អ្នកជំនាញ៖ គួរផ្តល់អាទិភាពដោះស្រាយផែនការនគរូបនីយកម្ម ដោយការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត
អ្នកជំនាញក្នុងស្រុក និងបរទេស រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលបានជួបប្រជុំគ្នានៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាមួយដែលស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតឡើងជាមួយនឹងកំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់ប្រទេស។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលទីលំនៅរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ការធ្វើនគរូបនីយកម្មគ្រប់គ្រង អាចជួយពន្លឿនការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050។
ដូច្នេះប្រទេសកម្ពុជាគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទីក្រុង ដើម្បីគ្រប់គ្រងកំណើនសេដ្ឋកិច្ចឱ្យបានច្រើន និងទប់ទល់នឹងការកើនឡើងនៃប្រជាជន។
លោកស្រីមានប្រសាសន៍ថា៖“យើងប្រមូលផ្តុំគ្នានៅថ្ងៃនេះ ពីព្រោះយើងចែករំលែកសេចក្តីប្រាថ្នារួមដើម្បីជួយកំណត់អាទិភាពទីក្រុងសំខាន់ៗឆ្ពោះទៅរកចក្ខុវិស័យរបស់ប្រទេសកម្ពុជាអំពីការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព និងបញ្ចូលគ្នា”។
លោកស្រី Tamesis បានចង្អុលបង្ហាញថា ប្រទេសកម្ពុជាមានអត្រានគរូបនីយកម្មលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅឆ្នាំ2030 គេប៉ាន់ស្មានថា មនុស្សម្នាក់ក្នុងចំណោម 3នាក់នៅក្នុងប្រទេសកម្ពុជានឹងរស់នៅក្នុងទីក្រុង។ នៅឆ្នាំ2050 ចំនួនប្រជាជននៅទីក្រុងនាពេលបច្ចុប្បន្នត្រូវបាន គេរំពឹងថា នឹងកើនឡើងទ្វេៗដងលើសពី 9លាននាក់។ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា មេរៀនដែលទទួលបានពីវេទិកានេះអាចជួយរៀបចំគោលនយោបាយជាតិ ស្តីពីផែនការទីក្រុង។
ឯកឧត្តម បានមានប្រសាសន៍ថា៖“វេទិកាស្តីពីការអភិវឌ្ឍទីក្រុង ប្រកបដោយភាពឆ្លាតវៃ និង ប្រកបដោយនិរន្តរភាពបានដើរតួនាទីយ៉ាងសំខាន់ ដោយសារតែវាមានបទបង្ហាញពីវាគ្មិនជាតិ និងបរទេស ដែលមានចំណេះដឹង និងបទពិសោធគ្រប់គ្រាន់នៅក្នុងផែនការទីក្រុង”។
ឯកឧត្តម សុផល បានកត់សម្គាល់ថា ក្រសួងមានគោលបំណងឱ្យច្បាប់នេះត្រូវបានអនុម័ត នៅឆ្នាំ2020។ ក្រសួងរៀបចំដែនដីកំពុងធ្វើការលើច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី និងផែនការទីក្រុងដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់។
ឯកឧត្តមបានមានប្រសាសន៍ថា៖ “តាមរយៈវេទិកានេះយើងនឹងជួបប្រទះការច្នៃប្រឌិតចំណេះដឹង បទពិសោធ និងគំរូល្អៗស្តីពីការគ្រប់គ្រងទីក្រុង និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងរាប់បញ្ចូលទាំងភាពឆ្លាតវៃផង។ ទាំងនេះ គឺជាធាតុសំខាន់ ដើម្បីជួយយើងធ្វើសេចក្តីព្រាងច្បាប់ស្តីពីផែនការទីក្រុង”។
ឯកឧត្តមបានបញ្ជាក់ថា កំណើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យទាំងនេះបានក្លាយជាកត្តាជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់។ ការវិនិយោគក្នុងវិស័យសំណង់ ឈានដល់ 24ពាន់លានដុល្លារក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ប៉ែន សុផល បានមានប្រសាសន៍ថា៖“យើងអាចឃើញថា មានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍទីក្រុង និរន្តរភាព និងទីក្រុងដែលមានបញ្ចូលភាពឆ្លាតវៃ”។
នៅប្រទេសកម្ពុជា ទីក្រុងនានាបង្កើតបានប្រហែល 50%នៃផ.ស.ស ទោះយ៉ាងណាទីក្រុង ដែលកំពុងរីកចម្រើន ក៏ដាក់សម្ពាធកាន់តែខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធដីធ្លី និងសេវាកម្ម ដែលអាច ធ្វើឱ្យវាមិនសូវមានភាពងាយស្រួលសម្រាប់អ្នកដែលនៅសេសសល់។ លោកបានបន្ថែមថា ការធ្វើ នគរូបនីយកម្មដែលមិនបានគ្រោងទុក ជាញឹកញាប់នាំឱ្យមានការរស់នៅក្រៅផ្លូវការមិនទៀងទាត់។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ (CVEA) បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជតាមទូរស័ព្ទថា៖“សម្រាប់ការគិតគូរទៅដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃគឺវាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍរបស់ប្រទេសយើង ដែលបានចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗ ដូច្នេះរាជរដ្ឋាភិបាលគាត់មានគម្រោងទៅលើតំបន់ណាដែលអាចធ្វើការអភិវឌ្ឍបាន ដូចជាទីក្រុងរណបថ្មីជាដើម ដើម្បីទុកអភិវឌ្ឍទីក្រុងរណបនោះ ជាទីក្រុងវៃឆ្លាត(ស្មាតស៊ីធី ឬSmart City)”។
លោក ច្រឹក សុខនីម បានបញ្ជាក់បន្ថែមថា៖“ចំពោះទីក្រុងរណប ដែលគាត់បង្កើតឡើងឱ្យវាមានជាសមាសធាតុ ដោយមានសៀវភៅម៉ល ផ្សារទំនើប អាផាតមិន មានខុនដូនៅក្នុងតំបន់ពួកគាត់ ដែលជាស្មាតស៊ីធីនោះ ហើយកន្លែងខ្លះមានទាំងផ្លូវរថភ្លើងថែមទៀតផង ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ នៅក្នុងការអភិវឌ្ឍជាទីក្រុងស្មាតស៊ីធីនេះ ក៏វាអាស្រ័យទៅលើទឹកប្រាក់នៃការអភិវឌ្ឍផងដែរថា តើទំហំនៃការអភិវឌ្ឍរបស់គម្រោងនោះ វាឆ្លើយតបទៅនឹងការកសាងទីក្រុងស្មាតស៊ីធី ដែរឬអត់?”។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ការវិនិយោគលើវិស័យសំណង់នឹងកើនឡើងដល់ 78%នៅចុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងតួលេខកាលពីឆ្នាំមុន។ចំនួននេះមានចំនួនប្រហែល 9.3ពាន់លានដុល្លារនៅទូទាំងប្រទេស។តួលេខនេះត្រូវបានបង្ហាញនៅក្នុងពិព័រណ៍
ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិលើកទី8 ឆ្នាំ2019 ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។របាយការណ៍របស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្នុងរយៈពេល 11ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួន 8.75ពាន់លានដុល្លារ ដែលមានកំណើន 67.44% បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនជាង1,0000 ត្រូវបានចុះបញ្ជី និងប្រតិបត្តិការនៅក្នុងវិស័យសំណង់ដែលក្នុងនោះ 485 ជាក្រុមហ៊ុនបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី បារាំងអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា អាល្លឺម៉ង់ និងអេស្ប៉ាញក្នុងចំណោមប្រទេសដទៃទៀត។
របាយការណ៍ធនាគារពិភពលោក បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែ បន្តបង្ហាញពីសញ្ញាកំណើនដ៏រឹងមាំដែលគាំទ្រដោយការអនុវត្ត ការនាំចេញរឹងមាំ និងតម្រូវការក្នុងស្រុករឹងមាំ។ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងមានភាពធូរស្រាលបន្តិចម្តងក្នុងរយៈពេលខ្លី និងមធ្យម។
វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងលឿន ដល់ទៅ63.5% គិតត្រឹមខែមិថុនាឆ្នាំ2019 កើនពី 27.7% ក្នុងឆ្នាំ2018។
ជាមួយគ្នានេះដែរ ហានិភ័យបន្តកើនឡើងសម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែមានការពាក់ព័ន្ធច្រើនជាមួយវិស័យសំណង់ និងអចលនទ្រព្យ អមដោយការពូនគររបស់បំណុលផង ដែលក្នុង នោះ ទំហំនៃការខ្ចីបុលសរុបរួមគ្នាពីធនាគារ និងមីក្រូហិរញ្ញវត្ថុ មាន 103%នៃផលិតផលក្នុងស្រុកសរុប(GDP)។
គួរបញ្ជាក់ថា កំណើនឥណទានកើនដល់ 28.3%ត្រឹមខែមិថុនា ឆ្នាំ2019 ធៀបនឹង 24.2%នៅឆ្នាំ2018និង19.6% នៅឆ្នាំ2017។ វិស័យសំណង់ និងអចលនទ្រព្យទទួលបានចំណែកឥណទានធំជាងគេ គឺ 29.5%នៃទំហំឥណទានសរុបរបស់ធនាគារ 21.9ពាន់លានដុល្លារ ត្រឹមខែមិថុនា ឆ្នាំនេះ។
ឥណទានរបស់កម្ពុជា ធៀបនឹងGDP មានកម្រិតខ្ពស់ជាងប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់ មួយចំនួនទៅទៀត ដូចជាប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ជាដើម។
របាយការណ៍ធនាគារពិភពលោក ឬWB បានឱ្យដឹងថា មុនវិបត្តិហិរញ្ញវត្ថុឆ្នាំ2008 ចំណែកឥណទានរបស់វិស័យសំណង់ និងអចលនទ្រព្យបានកើនខ្ពស់បំផុតត្រឹម 22.8%ពេលដែលវិស័យសំណង់នេះបានផ្ទុះបែកដោយជួបនឹងវិបត្តិ។ ដោយឡែក ត្រឹមពាក់កណ្ដាលឆ្នាំ2019 នេះ ឥណទានសរុបបញ្ចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន 6.45ពាន់លានដុល្លារ ក្នុងកំណើន38.9% របស់វិស័យធនាគារ។
ទាក់ទងនឹងវិស័យអចលនទ្រព្យនេះដែរ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកអះអាងថា វិស័យនេះតែងមានវដ្ដរបស់វាដែលឡើង ហើយត្រូវតែចុះមកវិញ។ លោកមិនអាចបញ្ជាក់ឱ្យចំបានថា ពេលណាដែលវិស័យនេះត្រូវចុះមកវិញនោះទេ តែលោកបានសង្កេតថាវិស័យនេះបានឡើងខ្លាំងជាច្រើនឆ្នាំមកហើយ៕

លោកស្រី ប៊ុនហេង ឡងឌី ប្រើជីវិតជាដើមទុន ដើម្បីជួយប្រជាជនឱ្យមានសោភណភាព និងទំនុកចិត្ត
សោភណភាព ជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងជីវិត ព្រោះវានាំឱ្យមានជំនឿចិត្ត និងថាមពលក្នុងការសម្រេចការងារគ្រប់យ៉ាង។ កាលណាយើងមានសម្រស់មិនស្រស់ស្អាត មិនមានទំនុកចិត្តច្បាស់លាស់ក្នុងការបង្ហាញខ្លួននៅទីសាធារណៈ ឬមិនមានទំនាក់ទំនងល្អក្នុងសង្គម នោះយើងនឹងមិនអាចធ្វើការងារ ក៏ដូចជាអាជីវកម្មបានជោគជ័យនោះទេ។ ហេតុនេះសម្រស់ ជាផ្នែកមួយមិនអាចខ្វះបានក្នុងការជំរុញភាពថ្កុំថ្កើងក្នុងជីវិតរបស់មនុស្សយើងម្នាក់។
ដោយមើលឃើញពីសារៈសំខាន់ផ្នែកសម្ផស្សចំពោះប្រជាជនទូទៅនៅកម្ពុជា លោកស្រី ប៊ុនហេង ឡងឌី បានព្យាយាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាជំរុញឱ្យគ្រប់គ្នាស្អាតប្រកបដោយសុវត្ថិភាព សោភណភាព និងទំនុកចិត្តតាមរយៈការបង្កើតជាក្រុមហ៊ុន Lorngdy SL Skincare។
លោកស្រី ប៊ុនហេង ឡងឌី អគ្គនាយិកាក្រុមហ៊ុន Lorngdy SL Skincare បានលើកឡើងថា កាលពីមុនលោកស្រីគ្រាន់តែជាសហគ្រិនស្ត្រីមួយរូបដែលខិតខំប្រឹងប្រែងរកស៊ីលើមុខរបរមួយចំនួនតែប៉ុណ្ណោះ តែក្រោយមកលោកស្រីសង្កេតឃើញថា ការរក្សាសម្ផស្សជាផ្នែកសំខាន់មិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ជាពិសេសសុភាពនារី។ ហេតុនេះហើយ លោកស្រីក៏បានស្វះស្វែងសិក្សាពីការរក្សាសម្ផស្ស និងប្រើប្រាស់ជីវិតជាក់ស្តែងរបស់លោកស្រី ដើម្បីធ្វើជាគំរូនៃការរក្សាសម្ផស្សរហូតទទួលបានជោគជ័យ។ ក្រោយពេលជោគជ័យលើការរក្សាសម្ផស្សសម្រាប់រូបលោកស្រីផ្ទាល់លោកស្រីក៏កើតមានចិត្តចង់ចែករំលែកសេចក្តីស្រឡាញ់ និងភាពស្រស់ស្អាតដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យទទួលបានភាពស្រស់ស្អាត ប្រកបដោយទំនុកចិត្តខ្ពស់ក្នុងជីវិតដូចគ្នា។ លោកស្រីក៏បានបង្កើតជាក្រុមហ៊ុន Lonrgdy SL Skincare ឡើងដើម្បីជួយព្យាបាលមុខមុន មុខជាំ និងបញ្ហាជាច្រើនផ្សេងទៀតឱ្យបានជាសះស្បើយជាមួយនឹងអ្នកជំនាញដែលមានឯកទេសច្បាស់លាស់ក្នុងការព្យាបាល។
ក្រោយពីទទួលបានការព្យាបាល អតិថិជនកាន់តែច្រើនឡើងៗ បានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់សេវាកម្មរបស់ក្រុមហ៊ុន Lorngdy SL Skincare ដែលធ្វើឱ្យលោកស្រីឡងឌី កាន់តែមានទឹកចិត្តក្នុងការបន្តអភិវឌ្ឍន៍ រហូតធ្វើឱ្យក្រុមហ៊ុនប្រកបដោយសក្តានុពលមួយនេះទទួលបានសញ្ញាបត្រជាច្រើនពីក្រៅប្រទេស និងថ្មីៗនេះទទួលបានពានរង្វាន់សហគ្រិនឆ្នើម Success CEO Award ថែមទៀតផង។
លោកស្រី ប៊ុនហេង ឡងឌី បានបន្ថែមទៀតថា ចំពោះសុភាពបុរស និងសុភាពនារី ដែលមានបញ្ហាស្បែកមុខ កើតមុន មុខជាំ ឬបញ្ហាសម្ផស្សដែលកន្លងមកពិបាកព្យាបាល ឬព្យាបាលមិនជា ជាដើមសូមកុំអស់សង្ឃឹមក្នុងជីវិត។ Lorngdy SL Skincareជាជម្រើសដ៏ល្អបំផុតក្នុងការព្យាបាលឱ្យជាសះស្បើយ និងមានទំនុកចិត្តឡើងវិញ ព្រោះស្ថាប័ននេះមានអ្នកជំនាញច្បាស់លាស់ដែលមានបទពិសោធច្រើនឆ្នាំលើបញ្ហាសម្ផស្ស អាចព្យាបាលគ្រប់ស្ថានភាពទាំងអស់។ កន្លងមកមានអតិថិជនជាច្រើនដែលធ្លាប់ស្វែងរកការព្យាបាលច្រើនកន្លែងមិនបានជាសះស្បើយ ឬធ្លាប់អស់សង្ឃឹមក្នុងការព្យាបាលមុខ តែបានទទួលជោគជ័យក្នុងការរក្សាសម្ផស្សឡើងវិញជាមួយនឹង Lorngdy SL Skincare៕

កម្ពុជាបញ្ចប់ការសិក្សាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី
ក្រសួងពាណិជ្ជកម្ម បានប្រកាសបញ្ចប់ការសិក្សាមួយ ដែលបានធ្វើទៅលើប្រធានបទស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(Free Trade Agreement ឬFTA)ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ឬអឺរ៉ាស៊ី ដែលការសិក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ឬ ERIA។
ការប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សានេះ ត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ធ្វើបទបង្ហាញពីលទ្ធភាពនៃការសិក្សាផ្តល់នូវការវាយតម្លៃបរិមាណ
គុណភាព និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយការសិក្សានេះក៏ពិនិត្យលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី EAEU បច្ចុប្បន្នផងដែរ។
នៅក្នុងតំបន់អាស៊ាន មានតែប្រទេសវៀតណាម និងសិង្ហបុរីប៉ុណ្ណោះដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU។ ការសិក្សានេះផ្តោតលើបញ្ហាពាណិជ្ជកម្ម និងវិនិយោគ រួមទាំងបញ្ហានៅពីក្រោយព្រំដែន ដែលជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគបរទេសរវាងប្រទេសកម្ពុជា និង EAEU។
ការសិក្សាផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជាថាមពលផលិតកម្ម(កាត់ដេរ និងវាយនភណ្ឌ)កសិកម្ម ទេសចរណ៍ អាកាសចរណ៍ ទូរគមនាគមន៍ និងភ័ស្តុភារ។ វាក៏បានកំណត់វិស័យសំខាន់ៗដែលនឹងត្រូវរងផលប៉ះពាល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងរួមបញ្ចូលទាំងអនុសាសន៍គោលនយោបាយ ដើម្បីជួយរដ្ឋាភិបាលឱ្យទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
សូមបញ្ជាក់ថា កាលពីខែមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសមភាគីរុស្ស៊ី លោក ឌីមីទ្រីមេដវេដេវ បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅប្រទេសថៃ និងបានពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EAEU នេះ។
សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union ឬ EAEU) ជាអង្គការអន្តរ ជាតិមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ គឺជាទីផ្សារមួយដ៏ធំគ្របដណ្ដប់ប៉ែកខាង អឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន 5ប្រទេសគឺ អាមេនី(Armenia) បេឡារុស(Belarus) កា ហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស្ថាន (Kyrgyzstan) និងរុស្ស៊ី(Russia)ដែលមានប្រជាជន សរុបចំនួន 183លាននាក់និងផលិតផលក្នុងស្រុកសរុប 5ទ្រីលានដុល្លារអាមេរិក។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងអាចឱ្យភាគីទាំង2 បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មលើទំនិញ សេវា និងការវិនិយោគ។
ការសិក្សានេះបានបង្ហាញពីផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិបានបញ្ជាក់ថា៖ “ការសិក្សាក៏បានបង្ហាញពីសារៈសំខាន់នៃការបង្កើតច្រកទីផ្សារនាំចេញ (Market Access) និងការអភិវឌ្ឍបន្ថែមទៀតលើការធ្វើពិពិធកម្មឧស្សាហកម្ម និងរចនាសម្ព័ន្ធទីផ្សារ ព្រមទាំងចង្អុលបង្ហាញបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងនាំឱ្យមានការរីកចម្រើនក្នុងវិស័យផលិតកម្ម ពង្រីកសេវាកម្ម និងការអភិវឌ្ឍសេវាកម្មថ្មី។ ជាមួយគ្នានោះដែរ ការសិក្សាក៏បានបង្ហាញថា ការពង្រីកសេវាកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ត្រូវបានគូសបញ្ជាក់ថា ជាវិស័យដ៏សំខាន់ ដែលចូលរួមជួយឱ្យមានកំណើនសេដ្ឋកិច្ច”។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (Cambodia-Eurasian Economic UnionFTA-CEFTA) បានបង្ហាញពីកាលានុវត្តភាពឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងជាមួយប្រទេសរុស្ស៊ី”។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនឱកាសក្នុងការ ធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុនដែរ ជាពិសេសលើវិស័យថាមពល។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា អនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 នីតិកាលទី6 នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េផងដែរ។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា លើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានការកើនឡើង បង្កើនការងារ សម្រាប់ប្រជាជន ឈានទៅសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050៕

រដ្ឋមន្ត្រីទេសចរណ៍ជំរុញការភ្ជាប់ជើងហោះហើរបន្ថែមពីខេត្តទីក្រុងរបស់ជប៉ុនមកកាន់កម្ពុជា
ក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន(Japan Travel Fair) លើកទី3កាលពីដើមខែធ្នូ ឆ្នាំ 2019 ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យវិនិយោគិនបង្កើតការហោះហើរត្រង់ និងការតភ្ជាប់ជើងហោះហើរបន្ថែមពីខេត្ត និងទីក្រុងផ្សេងៗទៀតរបស់ជប៉ុនមកកាន់រាជធានីភ្នំពេញព្រមទាំងខេត្តសៀមរាប ដែលជាទីតាំងនៃប្រាសាទអង្គរវត្ត និងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៃប្រទេសទាំង2 និងភ្ញៀវនៃប្រទេសទី3 បន្ថែមទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺដោយហេតុថា ភ្ញៀវទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់មួយសម្រាប់កម្ពុជា។ ឧទាហរណ៍ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនភ្ញៀវទេសចរជប៉ុននៅកម្ពុជាបានឈរនៅលំដាប់លេខ7 ក្នុងចំណោមទីផ្សារភ្ញៀវទេសចរសំខាន់ៗទាំង10 របស់ប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖“ការតភ្ជាប់ជើងហោះហើរត្រង់ប្រចាំថ្ងៃ តូក្យូ-ភ្នំពេញ-តូក្យូដោយក្រុមហ៊ុនអាកាសចរណ៍ AllNippon Airways (ANA) បានដំណើរការប្រកបដោយជោគជ័យអស់រយៈពេលប្រមាណ 3ឆ្នាំកន្លងមកនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសដ៏ល្អ និងកាន់តែងាយស្រួលសម្រាប់ទេសចរជប៉ុន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំង2 ឱ្យកាន់តែជិតស្និទ្ធថែមទៀតផង”។
ឆ្នាំ2018 កម្ពុជាទទួលបានទេសចរជប៉ុនជាង 21ម៉ឺននាក់ កើនឡើង3.5% ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង 6លាននាក់។ នៅរយៈពេល 9ខែ នៃឆ្នាំ2019 នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានជាង 4.8លាននាក់ កើនឡើង10% ក្នុងនោះភ្ញៀវទេសចរជប៉ុនមានជិត 15ម៉ឺននាក់ ជាមួយនឹងកំណើន2.8% ធៀបនឹងឆ្នាំ2018។ ដោយឡែកនៅឆ្នាំ2018មានទេសចរកម្ពុជាប្រមាណ 2ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនដ៏ស្រស់ស្អាតនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ការសម្រេចបាននូវកំណើនប្រចាំឆ្នាំដ៏ល្អនៃការមកដល់របស់ចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរជប៉ុន គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ជាយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃ និងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន ដូចជាការផ្តល់ទិដ្ឋាការនៅពេលមកដល់ (On Arrival) ទិដ្ឋាការអេឡិចត្រូនិក (E-Visa) និងទិដ្ឋាការ Multiple Visa ចេញ-ចូលច្រើនដងសម្រាប់រយៈពេល 1ឆ្នាំ 2ឆ្នាំ និង3ឆ្នាំ (ចាប់អនុវត្តតាំងពី2013)។
ខណៈដែលនៅឆ្នាំ2019 នេះ គឺជាខួបលើកទី66 នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន ការរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី3 នេះ គឺមិនត្រឹមតែជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍រវាងកម្ពុជានិងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជាមិត្តទាំង2 ដែលមានប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់មកហើយ និងបន្តមកទល់បច្ចុប្បន្ននេះលើគ្រប់វិស័យ ក្នុងនាមជាដៃគូផ្លាស់ប្តូរខាងផ្នែកវប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្ម។ល។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាក៏បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ តាមរយៈការរៀបចំផែនការមេនៅតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដូចជាសៀមរាប-អង្គរ តំបន់ឆ្នេរ សមុទ្រខេត្តកែប និងតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរីរួមជាមួយនឹងការកៀរគរឱ្យមានការវិនិយោគលើការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះមានការអភិវឌ្ឍ “ទេសចរណ៍ផ្ទះទី2” (Second Home Tourism) ទេសចរណ៍វ័យចំណាស់ សហគមន៍ទេសចរណ៍ ផ្ទះស្នាក់ទេសចរណ៍។ល។
ឯកឧត្តមបណ្ឌិតជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី3 នេះ កម្ពុជា-ជប៉ុននឹងអាចផ្សព្វផ្សាយបានកាន់តែទូលំទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជា សម្រាប់វិស័យទេសចរណ៍ជប៉ុន ហើយជាពិសេសក៏ជំរុញលំហូរទេសចរកម្ពុជា ទៅប្រទេសជប៉ុនកាន់តែច្រើនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា៖“នៅពេលដែលភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន យើងត្រូវបង្កើនការយល់ដឹងអំពីទីផ្សារទេស-ចរណ៍ជប៉ុន និងរៀនបំពេញចិត្តភ្ញៀវទេសចរ ជប៉ុនព្រោះទេសចរជប៉ុនចូលចិត្តតំបន់វប្បធម៌ កន្លែងបៃតង និងសង្គមដែលមានសណ្តាប់ធ្នាប់”។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងដូច្នេះថា៖ “ខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរាជទូតកាលពីថ្ងៃទី1 ខែកញ្ញា ឆ្នាំ2019 ហើយធ្លាប់បានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញកាលពី 17ឆ្នាំមុន ប៉ុន្តែទេសភាពទីក្រុងភ្នំពេញបច្ចុប្បន្នគឺខុសគ្នាឆ្ងាយកាលពីពេលនោះ ហើយខ្ញុំមានការស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា”។
ឯកឧត្ដម មិកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជាបាននិងកំពុងទៅទស្សនាប្រទេសជប៉ុនកាន់តែច្រើនជាងពេលមុន។ ដូចដែលអ្នកបានដឹងហើយថា ប្រទេសជប៉ុនមាន 4រដូវ គឺនិទាឃរដូវ រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ ជាពិសេស ប្រជាជនកម្ពុជាជាច្រើនបានទៅកម្សាន្តនៅប្រទេសជប៉ុនក្នុងរដូវផ្កាសាគូរ៉ារីក។ឯកឧត្ដម ឯកអគ្គរាជទូត បានបញ្ជាក់ថា កាលពីខែមីនា និងមេសាឆ្នាំនេះ ដែលជារដូវផ្កាសាគូរ៉ារីក មានប្រជាជនកម្ពុជាប្រមាណ 8,000នាក់ បានទៅ
ទស្សនាប្រទេសជប៉ុន កើនឡើងចំនួន 36% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ ក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំនេះ យើងដាក់តាំងដើមផ្កាសាគូរ៉ា 2ដើម ដើម្បីធ្វើជាកន្លែងថតរូបសម្រាប់អ្នកចូលរួមទស្សនា ដូច្នេះលោកអ្នកអាចទទួលអារម្មណ៍ល្អពីសម្រស់ផ្កាសាគូរ៉ារបស់ជប៉ុននៅទីនេះ ហើយក៏អាចទទួលបានបទពិសោធពីធម្មជាតិ ដូចជា៖ ស្លឹកឈើចម្រុះពណ៌នៅរដូវស្លឹកឈើជ្រុះ និងទេសភាពព្រិលក៏ដូចជាទីក្រុងប្រវត្តិសាស្ត្រជាណារ៉ា ព្រមទាំងវប្បធម៌អាហារជប៉ុន និងសេវាកម្មល្អិតល្អន់(បដិសណ្ឋារកិច្ចល្អ) ដែលនឹងមានការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកលើកក្រោយនឹងត្រូវប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុនជាលើកទី2 នៅរដូវក្តៅខាងមុខនេះ។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថាការហោះហើររបស់ក្រុមហ៊ុន ANA រវាងទីក្រុងតូក្យូនិងភ្នំពេញ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយ។ ក្នុងឆ្នាំ2016 ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនមួយនេះ បានបើកការហោះហើរត្រង់រវាងអាកាសយានដ្ឋានអន្តរជាតិ ណារីតានៃទីក្រុងតូក្យូ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកមានប្រសាសន៍ថា៖“ការតភ្ជាប់ជើងហោះហើរត្រង់ នឹងផ្តល់ភាពវិជ្ជមានកាន់តែច្រើនដល់វិស័យទេសចរណ៍ ព្រោះការហោះហើរត្រង់នេះមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំង2នោះទេ តែវាថែមទាំងអាចនាំយកភ្ញៀវទេសចរពីប្រទេសទី3 មកបន្ថែមទៀតផង។ ក្នុងនាមវិស័យទេសចរណ៍ យើងពិតជាស្វាគមន៍ខ្លាំងណាស់ ព្រោះតាមរយៈនេះ វាមិនត្រឹមតែអាចជួយបង្កើនចំនួនភ្ញៀវទេសចរជប៉ុនមកកម្ពុជាប៉ុណ្ណោះទេ តែនឹងបង្កភាពងាយស្រួលដល់ប្រជាជនខ្មែរដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុនឱ្យមានកំណើនផងដែរ។បច្ចុប្បន្ន កម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរពីប្រទេសជប៉ុន”។
សូមបញ្ជាក់ថា ប្រទេសចិននៅតែបន្តគ្របដណ្តប់លើទីផ្សារទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេ តែទោះយ៉ាងណា ក្រសួងទេសចរណ៍បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើពិពិធកម្មទីផ្សារ។ ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងទៅ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន 1.8លាននាក់កើនឡើង 29,4% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចិន 3លាននាក់នៅឆ្នាំ2020 ចំនួន 5លាននាក់នៅឆ្នាំ2025 និង 8លាននាក់នៅឆ្នាំ2030។
ប្រទេសចិននៅតែជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ប៉ុន្តែនេះមិនមែនមានន័យថា យើងផ្តោតតែភ្ញៀវទេសចរចិននោះទេ យើងក៏ផ្តោតលើជនជាតិជប៉ុន កូរ៉េ និងអ្នកដទៃទៀតដែរ។
ក្រសួងទេសចរណ៍រំពឹងថា យ៉ាងហោចណាស់ នឹងមានភ្ញៀវទេសចរជប៉ុនចំនួន 230,000នាក់មកទស្សនាកម្ពុជានៅចុងឆ្នាំនេះ។ គោលដៅរបស់ក្រសួង គឺដើម្បីទាក់ទាញទេសចរជប៉ុនឱ្យបានជាង30ម៉ឺននាក់ក្នុង 1ឆ្នាំ ត្រឹមឆ្នាំ2020៕

សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះហត្ថលេខាបង្កើតធនាគារ SME ដែលមានដើមទុន100លានដុល្លារអាមេរិក
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខាទម្លាក់ថវិកាជាតិចំនួន 100លានដុល្លារអាមេរិកដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងធម្យម ឬ SMEs Bank ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់កសិករ។ នេះបើតាមការថ្លែងរបស់សម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
សម្តចតេជោបានមានប្រសាសន៍ថា៖“ការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ជីវភាពអ្នកដែលមានអាជីវកម្មធុនតូច និងធម្យម ជាពិសេសលើកស្ទួយកសិករកម្ពុជា។ អ៊ីចឹងទេ យើងត្រូវតែមើលឱ្យឃើញថា រាជរដ្ឋាភិបាលបានប្រឹងប្រែង តែបណ្តាញវិស័យឯកជនត្រូវតែចូលរួម ដើម្បីគាំទ្រដល់តម្លៃស្រូវរបស់កសិកររបស់យើង និងកសិផលដទៃទៀតរបស់ប្រជាជន”។
សម្ដេចបានមានប្រសាសន៍ថា៖“3-4ថ្ងៃនេះ ខ្ញុំក៏បានចុះហត្ថលេខាប្រមាណ 100ពាន់លានរៀល ស្មើនឹង 100លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីជាផ្នែកមួយក្នុងការជួយដល់សហគ្រាសធុនតូន និងមធ្យមរបស់យើងដើម្បីមានលទ្ធភាពទិញស្រូវអង្កររបស់កសិករ”។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដើមទុនបន្ថែមចំនួន 50លានដុល្លារអាមេរិកដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយ “ធនាគារអភិវឌ្ឍន៍ជនបទ” ទៅជា“ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម”ដែលមានចំណាត់ថ្នាក់ ជាធនាគារពាណិជ្ជ សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពតម្លៃ និងការប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។
ឯកឧត្តម ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានឧបសគ្គ 3យ៉ាងដែលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME)មានការលំបាក និងប្រឈមក្នុងការទទួលបានឥណទានពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម។ ទី1- SME ខ្លួនឯងមិនទាន់មានសមត្ថភាពទទួលបានឥណទាន ដោយសារការគ្រប់គ្រងមិនទាន់មានលក្ខណៈស្តង់ដា ការរៀបចំបញ្ជីរបាយការណ៍ហិរញ្ញវត្ថុនៅមានកម្រិត ខ្វះខាតទ្រព្យធានា និងមិនមានផែនការអាជីវកម្មច្បាស់លាស់។ ទាំងអស់នោះ ដោយហេតុថា SME នៅមានលក្ខណៈជាអាជីវកម្មបែបគ្រួសារនៅឡើយ ដែលធ្វើតាមទម្លាប់តមកពីឪពុកម្តាយ។ ទី2- ធនាគារ មានលក្ខខណ្ឌស្មុគស្មាញសម្រាប់កំណត់ការផ្តល់ឥណទាន ដោយត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់។ ចំពោះអត្រាការប្រាក់វិញ អាចមានកម្រិតខ្ពស់ និងរយៈពេលនៃការស្នើសុំអាចមានរយៈពេលយូរ ដោយសារតែត្រូវពិនិត្យលើបច្ច័យជាច្រើនមុននឹងផ្តល់ឥណទាន ថាតើនៅពេលផ្តល់ឥណទានដល់ SME ហើយ អាចមានប្រាក់សងត្រឡប់មកធនាគារវិញដែរឬទេ?។ ទី3- យន្តការដើម្បីអនុវត្តន៍ការគាំទ្រដល់ SME នៅមានកម្រិតនៅឡើយពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ បើទោះជារាជរដ្ឋាភិបាលមានគោលនយោបាយគ្រប់គ្រាន់រួចហើយក្តី។
ឯកឧត្តម ឡាំ គឹមឡេង បានបន្តថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន52ម៉ឺនមូលដ្ឋាន (សហគ្រាស) ចែកចេញជា 4ផ្នែក៖ ទី1- ផ្នែកកសិកម្មមាន21% នៃចំនួនសហគ្រាសទាំងអស់។ ទី2- ផ្នែកឧស្សាហកម្ម ឬកម្មន្តសាល មាន30%។ ទី3- ផ្នែកធុរកិច្ច ឬពាណិជ្ជកម្ម មាន43% និងទី4- ផ្នែកសេវាកម្ម និងទេសចរណ៍ ដែលមានប្រហែល7%។ សហគ្រាសធុនតូច និងមធ្យមនេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរបានចំនួនពី 70% ទៅ 72%នៃការងារដែលមាននៅកម្ពុជា ដែលស្មើនឹងប្រមាណពី 3 ទៅ 3.5លាននាក់។
យោងតាមក្រសួង បញ្ហាប្រឈមធំ គឺមាន SME មកចុះបញ្ជីមានចំនួនតិចតួច រហូតមកដល់ពេលនេះមានSME ប្រមាណតែ 10%ប៉ុណ្ណោះដែលបានមកចុះបញ្ជីត្រឹមត្រូវ ដែលប្រការនេះ វាធ្វើឱ្យរដ្ឋពិបាកក្នុងការគ្រប់គ្រង និងមិនដឹងពីចំណុចខ្វះខាតដែលវិស័យឯកជនកំពុងត្រូវការ។
លោក លី វិសាល ប្រធានប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាធ្លាប់បានមានប្រសាសន៍ថា៖“បើSME មិនចុះបញ្ជីដូចសព្វថ្ងៃ អាជ្ញាធរពិតជាពិបាកនឹងដឹងថា តើពួកគាត់ត្រូវការឱ្យរដ្ឋាភិបាលជួយលើផ្នែកណាមួយនោះទេ។ ការផ្តល់កម្ចី អាចជាការចាំបាច់ដើម្បីជួយពង្រឹងវិស័យSME នៅកម្ពុជា ដូច្នេះSME ទាំងអស់ត្រូវតែចុះបញ្ជី ដើម្បីធ្វើឱ្យការរកស៊ីកាន់តែមានតម្លាភាពឡើងហើយរដ្ឋក៏ងាយស្រួលក្នុងការគ្រប់គ្រងផងដែរ ពិសេសការលើកកម្ពស់ និងដាក់ចេញនូវគោលនយោបាយសម្រាប់ជួយគាំទ្រដល់វិស័យឯកជនមួយនេះ”។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec) បានមានប្រសាសន៍នៅក្នុងសិក្ខាសាលានៅទីស្នាក់ការគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះថា៖“ធនាគារSME នឹងអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកបន្ថែមទៀតនូវការពង្រីកប្រតិបត្តិការរបស់ខ្លួន។ ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលនឹងអាចពឹងពាក់បាននៅចុងឆ្នាំនេះ ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលបានមូលនិធិសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុក។
សូមរំឭកដែរថា ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែនបានសម្រេចផ្តល់ថវិកាចំនួន 100លានដុល្លារអាមេរិកសម្រាប់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(ធ.ស.ក)ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ SME សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជារួម មកទល់ពេលនេះ ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការអាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដល់ការបង្កើតធ.ស.ក.នេះ ត្រូវបាននិងកំពុងរៀបចំបញ្ចប់ស្ទើរទាំងស្រុងហើយ ដោយធនាគារនេះត្រូវបានរំពឹងថា នឹងចាប់ដំណើរការក្នុងពេលដ៏ខ្លីខាងមុខ ដោយសារការចុះហត្ថលេខាទម្លាក់ថវិកាជាតិប្រមាណ 100លានដុល្លារអាមេរិករបស់ប្រមុខរាជរដ្ឋាភិបាល៕