Author: ធឿន មករា

  • បងៗ​ស្ត្រី​មេផ្ទះ​ដឹង​ទេ​អាហារ14ប្រភេទ​ ដែលយើងតែងរក្សាទុកដាក់ដោយខុសវិធីមករហូត (តចប់)

    បងៗ​ស្ត្រី​មេផ្ទះ​ដឹង​ទេ​អាហារ14ប្រភេទ​ ដែលយើងតែងរក្សាទុកដាក់ដោយខុសវិធីមករហូត (តចប់)

    បងៗ​ស្ត្រី​មេផ្ទះ​ប្រហែលជា​ធ្លាប់​គិតថា​ យើង​អាច​រក្សាទុក​គ្រប់យ៉ាង​នៅក្នុង​ទូទឹកកក​របស់​យើង​បាន​ ទាំង​បន្លែ​ផ្លែឈើ​ បង្អែម​ និង​នំប៉័ង​-ល- អ្នកខ្លះ​ថែមទាំង​ទុក​ទឹក​ស៊ី​អុីវ​ និង​អាហារ​កំប៉ុង​នៅក្នុង​ទូទឹកកក​ទៀតផង​ តែ​បងៗ​ដឹង​ទេ​ថា​ អាហារ​ប្រភេទ​ខ្លះ​មាន​រូប​បែប​នៃ​ការ​រក្សាទុក​ខុសប្លែក​ពីគ្នា​ ហើយ​វិធី​ដែល​ខុស​ វា​អាច​ធ្វើ​ឱ្យ​កើត​ផល​អាក្រក់​ដល់​អាហារ​ទាំងនោះ​បាន​។ថ្ងៃនេះ​ អ្នកគ្រូ​ ឆវី​ មាន​គន្លឹះ​ល្អ​ៗក្នុង​ការ​ទុកដាក់​រក្សា​ចំណីអាហារ​មក​ជម្រាប​ជូន​បងៗ​មេផ្ទះ​ទាំងអស់គ្នា​ជា​បន្ត​…។

    ផ្លែ​ប៉េងប៉ោះ​ : មិន​គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ទេ​ ដោយសារតែ​វា​ នឹង​បាត់បង់​រសជាតិ​ពី​ធម្មជាតិ​អស់​។ សីតុណ្ហភាព​ដែល​ត្រជាក់​នឹង​ធ្វើ​ ឱ្យ​កម្មវិធី​ការ​បន្ទុំខ្លួន​របស់​វា​តាម​ធម្មជាតិ​កាន់តែ​យឺត​ឡើង​ និង​បំផ្លាញ​សរសៃ​សាច់​ស្ដើង​ៗនៅ​ខាងក្នុង​ផ្លែ​ដែល​នឹង​ហុច​ផល​ឱ្យ​វា​មិន​ទុំជោរ​។ គួរ​រក្សា​ផ្លែ​ប៉េងប៉ោះ​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ធម្មតា​ ដោយ​ដាក់​នៅ​ក្នុង​កញ្ច្រែង​ ឬក្នុង​ឡាំង​។

    វត្ថ​ដែល​គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​
    ស៊ុត​ : បងៗ​ស្ត្រី​មេផ្ទះ​ជាច្រើន​មានការ​រក្សាទុក​ស៊ុត​ខុសប្លែក​ពីគ្នា​ តែ​ទាំងអស់គ្នា​បាន​អះ​អាង​ដូច​ៗគ្នា​ថា​ មិន​គួរ​ទុក​ស៊ុត​នៅក្នុង​ប្រឡោះ​សម្រាប់​ដាក់​ស៊ុត​នៅ​ខាង​មាត់ទ្វារ​ទូទឹកកក​ទេ​ តែ​គួរ​ទុក​នៅក្នុង​កន្លែង​ដាក់​របស់​របរ​ធម្មតា​ក្នុង​ទូទឹកកក​ ហើយ​អ្នកជំនាញ​បាន​ណែនាំ​មិន​ឱ្យ​យក​ស៊ុត​ចេញពី​កញ្ច្រែង​ ឬបន្ទះ​ស្នោ​រទ្រ​ស៊ុត​ដែល​ជាប់​មក​ជាមួយ​ស៊ុត​នោះ​ទេ​ គឺ​ដើម្បី​ឱ្យ​វា​រក្សា​ភាព​ស្រស់​បាន​យូរ​។

    ម្សៅ​ : មើលទៅ​ហាក់ដូចជា​ងាយស្រួល​ក្នុង​ការ​រក្សាទុក​ តែ​ការពិត​វិញ​ មិនមែន​ងាយស្រួល​ឡើយ​។ សំណើម​ និង​សីតុណ្ហភាព​ដែល​ខ្ពស់​ នឹង​នាំ​ឆ្ពោះទៅ​រក​ការ​កើត​មេរោគ​ផ្សិត​ និង​សត្វល្អិត​ក្នុង​ម្សៅ​ ដែល​ហុច​ផល​ធ្វើ​ឱ្យ​ពេល​យក​ទៅ​កែច្នៃ​ជា​អាហារ​បរិភោគ​មិនបាន​។ ជម្រើស​ដែល​ល្អ​ គឺ​ការ​ដាក់​នៅក្នុង​ដប​កែវ​បិទ​ជិត​ទុក​នៅក្នុង​ទូទឹកកក​។
    គ្រាប់សណ្ដែក​ : ការ​រក្សាទុក​ដាក់​របស់​បងៗ​ស្ត្រី​មេផ្ទះ​ភាគច្រើន​គឺ​ ទុក​គ្រាប់សណ្ដែក​គ្រប់​ប្រភេទ​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ធម្មតា​ តែ​ការពិត​វិញ​ គ្រាប់សណ្ដែក​ប្រភេទ​ខ្លះ​ ដូចជា​ អាល់​ម៉ុន​ និង​វ៉ល​ណាត់​ ជាដើម​ អាច​ស្ថិត​ក្នុង​សភាព​ដើម​បាន​ 1-2សប្ដាហ៍​នៅក្នុង​សីតុណ្ហភាព​ដែល​កក់ក្ដៅ​ រួចហើយ​នឹង​ខូច​អស់​បន្ទាប់ពី​នោះ​។ ជម្រើស​ដែល​ល្អ​ គួរ​ទុកដាក់​គ្រាប់សណ្ដែក​នៅក្នុង​កន្លែង​ដែល​ឆ្ងាយ​ពី​ពន្លឺថ្ងៃ​ សំណើម​ និង​សីតុណ្ហភាព​ដែល​ខ្ពស់​។ ពួកវា​គួរ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ទូទឹកកក​ ដើម្បី​ថែរក្សា​សភាព​ទុក​ឱ្យ​បាន​យូរ​ដល់ទៅ​ 9ខែ​។បន្លែ​ឃឹន​ឆាយ​បារាំង​ : គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ តែ​មិន​គួរ​ខ្ចប់​នៅក្នុង​ថង់​ប្លាស្ទិក​ដែល​នឹង​ធ្វើ​ឱ្យ​វា​ឆាប់​ស្អុយរលួយ​ខូច​នោះ​ទេ​។ បងៗ​អាច​ប្រើ​ក្រដាស​អាលុយមីញ៉ូម​ដើម្បី​ខ្ចប់​បន្លែ​ឃឹន​ឆាយ​នេះ​បាន​។

    វិធី​រក្សាទុក​ផ្លែ​ត្រឡាច​ដែល​នៅសល់​ពី​ស្ល​ :​ ត្រឡាច​ គឺជា​បន្លែ​ដែល​ខ្មែរ​យើង​និយម​បរិភោគ​ណាស់​ ស្ងោរ​ក៏បាន​ ឆា​ក៏បាន​ និង​ស្លម្ជូរ​ក៏បាន​ តែ​ ពេល​យើង​ទិញ​ 1ផ្លែម​កធ្វើម្ហូប​ ហើយ​ធ្វើ​មិន​អស់​ នៅសល់​មួយ​កំណាត់​ ដោយសារតែ​ផ្លែ​ត្រឡាច​នោះ​ធំ​ពេក​ ហើយ​នៅពេល​យើង​ចង់​រក្សាទុក​វា​ឱ្យ​បាន​យូរ​ ដើម្បី​ទុក​ធ្វើម្ហូប​នៅពេល​ក្រោយ​ទៀត​នោះ​ ភាគច្រើន​ត្រឡាច​មួយ​កំណាត់​នោះ​ពេល​ទុក​យូរ​ទៅ​ ច្រើនតែ​ឡើង​រលួយ​ស្អុយ​ខូច​អស់​ និង​ទុក​មិនសូវ​បាន​យូរ​ឡើយ​។

    បញ្ហា​នេះ​សូម​បងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​កុំ​បារម្ភ​អី​ គ្រាន់​តែ​បងៗ​យក​កំបោរ​ពណ៌ក្រហម​ដែ​លយាយៗ​គាត់​ពិសា​ជាមួយ​ម្លូ​នោះ​ មក​លាប​នៅត្រង់​កន្លែង​ស្នាមពុះ​នៅ​លើ​ផ្លែ​ត្រឡាច​នោះ​ ហើយ​យក​ទៅ​រក្សាទុក​នៅក្នុង​ទូទឹកកក​ក្នុង​ប្រអប់​តាមធម្មតា​ ផ្លែ​ត្រឡាច​នោះ​នឹង​នៅ​ស្រស់​ល្អ​បាន​ជាច្រើន​ថ្ងៃ​ មិន​រលួយ​ស្អុយ​ឡើយ​៕

  • ឪពុកម្ដាយ​សម័យថ្មី​ កុំ​ភ្លេច​ជួយ​ជំរុញ​កូនតូច​ឱ្យ​ចេះ​សរសេរ​ព្រោះ​ជា​វិវឌ្ឍនាការ​សំខាន់​របស់​កុមារ​តូច​

    ឪពុកម្ដាយ​សម័យថ្មី​ កុំ​ភ្លេច​ជួយ​ជំរុញ​កូនតូច​ឱ្យ​ចេះ​សរសេរ​ព្រោះ​ជា​វិវឌ្ឍនាការ​សំខាន់​របស់​កុមារ​តូច​

    ទោះជា​បច្ចុប្បន្ន​ជា​យុគសម័យ​នៃ​បច្ចេកវិទ្យា​ទំនើប​ ដែល​ងាក​ទៅ​ខាងណា​ក៏​ឃើញ​តែ​ស្មា​តហ្វូ​ននិង​កុំព្យូទ័រ​ក៏ដោយ​ តែ​ការ​បង្ហាត់​កូនតូច​ឱ្យ​ចេះ​កាន់​ប៊ិច​ ឬខ្មៅដៃ​សរសេរ​ គឺជា​រឿង​មួយ​សំខាន់ណាស់​សម្រាប់​ក្មេង​វ័យ​មុន​ចូលរៀន​មត្តេយ្យ​ ព្រោះ​ការ​សរសេរ​មាន​ចំណុច​ល្អ​ច្រើនណាស់​សម្រាប់​កុមារ​តូច​ៗ ដូចជា​ការ​ជួយ​ហ្វឹកហាត់​សាច់ដុំ​ប្រអប់ដៃ​របស់​កុមារ​ ជួយ​ឱ្យ​កុមារ​ចេះ​សង្កេត​ និង​ចេះ​ប្រើ​ខួរក្បាល​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ដំណាក់កាល​នៃ​ការ​ចេះ​កាន់​ខ្មៅដៃ​សរសេរ​ ឬគូសវាស​របស់​កុមា​រតូចៗ​តាម​វ័យ​ដែល​អាណាព្យាបាល​គួរតែ​ដឹង​។

    ដំណាក់កាល​ទី1​ គូសវាស​ (ក្មេង​តូច​វ័យ​ 2 – 3ឆ្នាំ​) គ្រវាស​គ្រវាត់​គ្មាន​គោលដៅ​។ ចាប់​ខ្មៅដៃ​បាន​ ក៏​គូសវាស​ជា​ខ្សែ​ផ្សេង​ៗជំពាក់​វាក់​វ័ណ្ឌ​គ្នា​ពេញ​ក្រដាស​ ទាំង​ភ្នែក​អាច​នឹង​មិនបាន​មើល​ដៃ​ ឬក្រដាស​ដែល​ខ្លួនឯង​សរសេរ​ផង​។

    ដំណាក់កាល​ទី2​ គ្រប់គ្រង​ការ​គូសវាស​ (អាយុ​3ឆ្នាំ​) ទោះជា​ស្នាម​គូសវាស​មិន​ខុសគ្នា​ពី​ដំណាក់កាល​ដំបូង​មែន​ តែ​យ៉ាងហោចណាស់​ ក៏​គេ​ចាប់ផ្តើម​ចេះ​គ្រប់គ្រង​ការ​ធ្វើ​ចលនា​របស់​សាច់ដុំ​ដៃ​របស់​ខ្លួនឯង​បាន​ហើយ​ និង​ចេះ​សរសេរ​យ៉ាង​មាន​ទិសដៅ​ច្រើនជាង​មុន​បន្តិច​ហើយ​។

    ដំណាក់កាល​ទី3​ (អាយុ​ 3 – 4 ឆ្នាំ​) កូនតូច​នឹង​ចូលចិត្ត​គូស​តាម​ស្នាម​ពង្រាង​អុច​ៗ ឬគូស​ជាន់​ពីលើ​តាម​តួអក្សរ​ដែលគេ​ចង់​សរសេរ​ តែ​ឪពុកម្ដាយ​ក៏​កុំទៅ​នឹក​សង្ឃឹមថា​ កូនតូច​នឹង​សរសេរ​ជាន់​ពីលើ​ពង្រាង​នោះ​បាន​ស្អាត​ល្អ​ឱ្យ​សោះ​ ព្រោះ​វា​នៅតែ​វៀច​ទៅ​ឆ្វេង​ ទៅ​ស្តាំ​ និង​ទ្រេតទ្រោត​ដដែល​ ដូច្នេះ​អ្នកម្តាយ​គួរ​កុំ​គិតតែពី​ទិញ​សៀវភៅ​គំរូ​ហាត់សរសេរ​ឱ្យ​កូន​ហាត់សរសេរ​ច្រើនពេក​អី​ និង​កុំ​ភ្លេច​ថា​ ការ​ចូលចិត្ត​របស់​កូនតូច​ វា​គ្រាន់តែ​ជា​វិវឌ្ឍនាការ​មួយ​អំឡុង​ពេល​ប៉ុណ្ណោះ​ មិន​ដូច្នោះ​ទេ​កូន​អាច​នឹង​ធុញទ្រាន់​ និង​ហត់​បាន​ដូចគ្នា​។

    ដំណាក់កាល​ទី4​ អាច​សរសេរ​ឈ្មោះ​ខ្លួនឯង​បាន​ សរសេរ​តាម​ពាក្យ​ផ្សេង​ៗបាន​ (អាយុ​ 4ឆ្នាំ​)ចាប់ផ្តើម​សរសេរ​ពាក្យ​ដែល​មាន​អត្ថន័យ​ចំពោះ​ខ្លួនឯង​បាន​ ដូចជា​ឈ្មោះ​របស់​ខ្លួនឯង​ ឬប្រយោគ​ដែល​អ្នកគ្រូ​(សាលា​មត្តេយ្យ​)ធ្លាប់​និយាយប្រាប់​ហើយ​គេ​ចង់​សរសេរ​(រឿងនិទាន​ ឬទីកន្លែង​ដែលគេ​ចូលចិត្ត​) ពេល​អ្នកគ្រូ​សរសេរ​ឱ្យ​មើល​ គេ​នឹង​ព្យាយាម​សរសេរ​តាម​។

    ដំណាក់កាល​ទី5​ គិតរក​នឹក​សរសេរ​ពាក្យ​ (អាយុ​ 4 – 5ឆ្នាំ​) ពេល​កូនតូច​បានឮ​ បាន​ស្តាប់​ពាក្យ​អ្វី​មក​ ដូចជា​ ស្រឡាញ់​ម៉ាក់​ ជាដើម​ គេ​នឹង​យកពាក្យ​នោះ​មក​គិត​ និង​សរសេរ​លើ​ក្រដាស​ថា​ “ស្រឡាញ់​ម៉ាក់​” ទោះជា​អក្សរ​មិនសូវ​ស្អាត​មែន​ តែ​ក៏អាច​និយាយ​បាន​ថា​ កូនតូច​ចេះ​សរសេរ​ហើយ​។

    ដំណាក់កាល​ទី6​ សរសេរ​បាន​យ៉ាង​ត្រឹមត្រូវ​ (អាយុ​ 5 – 7ឆ្នាំ​) ពេល​អ្វី​គ្រប់យ៉ាង​ត្រៀម​ជាស្រេច​រួចហើយ​ ពេលនោះ​គេ​នឹង​សរសេរ​ពាក្យ​ផ្សេង​ៗបាន​ដោយខ្លួនឯង​យ៉ាង​ចំណាន​ និង​កាន់តែ​ត្រឹមត្រូវ​ឡើង​ទៀតផង​។

    ទម្រាំតែ​គេ​អភិវឌ្ឍ​ឡើង​បាន​ជា​ដំ​ណា​ក់ៗ​បែបនេះ​ មិនមែន​ចេះតែ​ត្រឹមត្រូវ​ទៅតាម​អាយុ​ប៉ាច់​ៗនោះ​ទេ​។ កូនតូច​អាច​នឹង​វិវឌ្ឍ​យឺត​លឿន​មិន​ស្មើគ្នា​ទេ​ អាស្រ័យ​លើ​បទ​ពិសោធ​ដែល​ក្មេង​ម្នា​ក់ៗ​ប្រមូល​សន្សំ​បាន​មក​។ ការ​ហ្វឹកហាត់​វិវឌ្ឍនាការ​នេះ​ មាននៅ​ក្នុង​កិច្ចការ​ងារ​ប្រចាំថ្ងៃ​បែ​បងាយៗ​ដូចជា​ ការ​ហែកក្រដាស​ កាត់​ក្រដាស​ ជួយ​ម៉ាក់​ដួស​បាយ​ កៀប​ដុំទឹកកក​ បើក​បិទ​គម្រប​ដប​ និង​កិច្ចការ​ងារ​ដែល​ធ្វើ​រួម​គ្នា​ មិនថា​តែ​ការ​អាន​សៀវភៅ​ និយាយ​រឿង​និទាន​ លេង​ហ្គេម​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​ ដូចជា​លេង​តពាក្យ​ចុង​ជួន​ សង្កេត​ពាក្យ​ដែល​ដូចគ្នា​តាម​ស្លាក​ឃោសនា​ពាណិជ្ជកម្ម​នៅ​តាមផ្លូវ​ថ្នល់​ជាដើម​។
    ធ្វើ​កិច្ចការ​ងារ​បែបនេះ​ឱ្យ​ក្លាយទៅជា​រឿង​ប្រក្រតី​ ពេលនោះ​កុមារ​នឹង​សរសេរ​បាន​ដោយ​ខ្លួនឯង​ និង​សរសេរ​យ៉ាង​មាន​សេចក្តី​សុខ​ទៀតផង​៕

  • ប្រយ័ត្ន​ កើតជំងឺ​អាក្រក់​ទាំង​ 6 បើ​អ្នកទទួល​ទាន​ទឹក​តិច​ក្នុង​មួយ​ថ្ងៃ​ៗ

    ប្រយ័ត្ន​ កើតជំងឺ​អាក្រក់​ទាំង​ 6 បើ​អ្នកទទួល​ទាន​ទឹក​តិច​ក្នុង​មួយ​ថ្ងៃ​ៗ

    ប្រសិនបើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​មានការ​ងារ​រវល់​ខ្លាំង​ពេញមួយថ្ងៃ​ រហូត​ស្ទើរតែ​រក​ពេលទំនេរ​មិនបាន​នោះ​ សូមកុំ​បណ្តោយ​ខ្លួន​ឱ្យ​ខូចសុខភាព​ឱ្យ​សោះ​ អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​របស់​អ្នក​មុនគេ​។ ដោយ​ជា​ញឹកញាប់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជាប្រចាំ​ ទើប​អ្នក​មិន​មាន​ជំងឺ​ “កង្វះ​ជាតិទឹក​” ព្រោះថា​ អ្នកដឹង​ទេ​បើ​អ្នកទទួល​ទាន​ទឹក​តិច​ពេក​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ នោះ​វា​ហុច​ផល​ដល់​សុខភាព​របស់​អ្នក​ និង​បង្ក​បញ្ហា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ ដោយ​មិនដឹង​ខ្លួន​។

    1. ជំងឺ​ភ្លេចភ្លាំង​នៅពេល​ដែល​រាងកាយ​របស់​អ្នក​ខ្វះ​ជាតិទឹក​ វា​នឹង​បណ្តាល​ឱ្យ​ការដឹកនាំ​សារធាតុ​ចិញ្ចឹម​នានា​ទៅកាន់​ខួរក្បាល​គឺ​មិន​ពេញលេញ​ ឯបេះដូង​ក៏​មិន​អាច​ច្របាច់​ឈាម​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល​ដែរ​។ មូលហេតុ​នេះ​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​បាត់បង់​ការ​ចងចាំ​បន្តិច​ម្តង​ៗ ឬមានការ​គិត​យឺត​ ខួរក្បាល​ស្ពឹក​ និង​ឧស្សាហ៍ឈឺ​ក្បាល​ជាដើម​។

    2. ជំងឺ​ឫសដូងបាត​ជា​ការពិត​ណាស់​ ប្រសិនបើ​រាងកាយ​មិន​អាច​ទទួល​បាន​ទឹក​គ្រប់គ្រាន់​ទេ​ ការរំលាយអាហារ​នៅក្នុង​ក្រពះ​ នឹង​មានការ​លំបាក​បន្ថែម​ទៀត​ ព្រោះ​ពោះវៀន​ឡើង​ស្ងួត​ មិន​អាច​បណ្ដេញ​លាមក​បាន​ល្អ​ ហើយ​លាមក​អាច​នឹង​ស្ងួត​ពេក​ ពេល​កាកសំណល់​សល់​ច្រើន​នៅក្នុង​ពោះវៀនធំ​។ ពេលនោះ​វា​ត្រូវ​បាន​ស្រូប​ត្រឡប់មកវិញ​ពីពោះ​វៀន​ធំ​ចូល​ទៅ​ក្នុង​រាងកាយ​ដែល​បង្ក​ឱ្យ​កើតមាន​អាការ​ទល់លាមក​ ហើយ​នៅទីបំផុត​ក៏​កើតឡើង​នូវ​ជំងឺ​ឫសដូងបាត​នេះ​ឡើង​។

    3. ឈឺសន្លាក់ដឹង​ទេ​ថា​ឆ្អឹងខ្ចី​នៃ​ផ្នែក​ខាងក្នុង​រាងកាយ​ គឺ​សំខាន់​ខ្លាំង​ណាស់​ ហើយ​វា​ងាយ​នឹង​មាន​គ្រោះថ្នាក់​ជាទីបំផុត​។ ជាទូទៅ​វា​ត្រូវការ​ជាតិទឹក80​% ដូច្នេះ​ប្រសិនបើ​នៅ​សន្លាក់​ ឬឆ្អឹងខ្ចី​ត្រង់​ផ្នែក​ណាមួយ​ខ្វះ​ជាតិទឹក​ ឬមិន​មាន​សំណើម​គ្រប់គ្រាន់​វា​ងាយ​នឹង​ឈឺចាប់​ ឬឆាប់​រង​របួស​ ឬរលាក​ នៅពេល​ដែល​អ្នក​ហាត់ប្រាណ​ លើក​របស់​មាន​ទម្ងន់​ធ្ងន់​ៗ ឬធ្វើការងារ​ផ្សេង​ៗជាដើម​។

    4. ជំងឺ​រលាក​ប្លោកនោម​ប្រសិនបើ​អ្នក​ឈឺ​បន្ទោបង់​ទឹកនោម​ តែ​បន្ទោបង់​មិន​ចេញ​ ឬចេញ​មក​ដែរ​តែ​តិច​ពេក​ បញ្ជាក់​ថា​ អ្នក​អាច​មាន​ អាការ​រលាក​ប្លោកនោម​ហើយ​ ដោយសារតែ​ការ​ទទួលទានទឹក​មិនបាន​គ្រប់គ្រាន់​។

    5. ជំងឺ​ធាត់​លើស​ទម្ងន់មិន​ជឿ​ក៏​ត្រូវតែ​ជឿ​ដែរ​ថា​ បើ​អ្នកទទួល​ទាន​ទឹក​តិច​ពេក​ វា​ក៏​ជា​មូលហេតុ​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន​ដែរ​ ជាពិសេស​បើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នៅពេល​ព្រឹក​។ ប៉ុន្តែ​បើ​អ្នកទទួល​ទាន​ទឹក1កែវ​មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ ឬអាហារ​ពេលល្ងាច​វិញ​ នឹង​ជួយ​ឱ្យ​អ្នក​ស្គម​វិញ​ ព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ឆ្អែត​តាំងពី​ដំបូង​មុន​ពេល​បរិភោគ​អាហារ​។ ដូច្នេះ​គ្រាន់តែ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​នោះ​ អ្នក​ក៏អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។

    6. រដូវ​មក​មិន​ទៀងទាត់​ស្ថានភាព​នៃ​ការ​មករ​ដូវ​របស់​ស្ត្រី​ គឺជា​ការ​ចង្អុលបង្ហាញ​អំពី​បញ្ហា​សុខភាព​មួយចំនួន​ដែរ​។ ប្រសិនបើ​អ្នករកឃើញ​ថា​ អ្នក​មករ​ដូវ​មិន​ទៀងទាត់​ មានការ​ឈឺចាប់​ ឬកើត​អាការ​ខុសប្រក្រតី​នានា​ សូម​គិតថា​ នេះ​អាច​ជា​មូលហេតុ​ដែល​អ្នក​មិនបាន​យក​ចិត្ដ​ទុកដាក់​ក្នុង​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ ដែល​រាងកាយ​ត្រូវការ​ជាចាំបាច់​។ កត្តា​នេះ​ធ្វើ​ឱ្យ​ឈាម​រត់​មិនបាន​សព្វ​ល្អ​ ទើបបាន​ជា​អ្នកមាន​អាការ​នេះ​កើតឡើង​។

    ខាងក្រោម​នេះ​គឺជា​សញ្ញា​ ដែល​ប្រាប់​ថា​ អ្នក​គឺជា​មនុស្ស​ដែល​ខ្វះ​ជាតិទឹក​៖
    – មិន​បន្ទោបង់​ទឹកនោម​ចោល​ពី4​-7ដង​ក្នុង​មួយថ្ងៃ​
    – ទឹកនោម​មាន​ពណ៌លឿង​ និង​ខាប់​ស្ទើរតែ​រៀងរាល់​ពេល​ដែល​បន្ទោបង់​ចេញ​មក​ក្រៅ​
    – ទឹកនោម​មាន​ក្លិន​។ល។ ដូច្នេះ​គ្រាន់តែ​ការ​មិន​ទទួលទានទឹក​ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​រាងកាយ​យ៉ាងច្រើន​ដែរ​ នេះ​មិនរាប់​បញ្ចូល​ដល់​ការខូចខាត​ស្បែក​ ស្បែក​មាន​សភាព​សឹករិចរិល​ ភ្នែក​ស្ងួត​ ស្បែក​ស្ងួត​ និង​មើលទៅ​ចាស់​ជាង​អាយុ​របស់​អ្នក​ទៀតផង​។ សរុប​មក​អ្នក​គួរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ប្រមាណ​ជា1500​-2000មីលីលីត្រ​ក្នុង​មួយថ្ងៃ​ ឬ6​-8ពែង​ក្នុង1ថ្ងៃ​ ឬប្រសិនបើ​ខ្ជិល​ក្រោក​ទៅ​យក​ទឹក​មក​ទទួលទាន​ អ្នក​ត្រូវ​ដាក់​ដប​ទឹក​មួយ​លីត្រ​នៅ​លើ​តុ​ ហើយ​ទទួលទាន​ឱ្យ​បាន​ញឹកញាប់​។ ធ្វើ​ដូច្នេះ​រាងកាយ​របស់​អ្នក​នឹង​មិន​ខ្វះ​ជាតិទឹក​ទៀត​នោះ​ទេ​។

    ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន6​-8កែវ​ក្នុង​មួយថ្ងៃ​ ប៉ុន្តែ​អ្នក​មិន​មាន​អាការ​ខ្វះ​ជាតិទឹក​ទេ​ គឺ​អាច​បណ្តាល​មក​ពី​អ្នកទទួល​ទាន​ភេសជ្ជៈ​ផ្សេង​ៗ ឬបរិភោគ​អាហារ​ ដែល​មាន​ជាតិទឹក​ច្រើន​រួចមក​ហើយ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ទឹក​សុទ្ធ​នៅតែ​មានប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​រាងកាយ​។ សូមកុំ​ភ្លេច​ទទួលទានទឹក​មួយថ្ងៃ​ឱ្យ​បាន​ពី6​-8កែវ​ ដើម្បី​ថែរក្សា​សុខភាព​ទាំងអស់គ្នា​៕

  • ជំងឺថ្លើម​ និង​អាការ​រមាស់​ ទាក់ទង​អ្វី​នឹងគ្នា​?

    ជំងឺថ្លើម​ និង​អាការ​រមាស់​ ទាក់ទង​អ្វី​នឹងគ្នា​?

    ស្បែក​របស់​យើង​ដើរតួ​នាទី​ដូចជា​បង្អួច​ឆ្លុះ​បញ្ចាំង​ពី​សុខភាព​ទូទៅ​ថា​មាន​ជំងឺ​ប្រចាំ​កាយ​ ឬក៏​មាន​សុខភាព​ល្អ​ ហើយ​វា​បង្ហាញ​តាមរយៈ​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ស្បែក​។ អាកា​រមាស់​ស្បែក​ គឺជា​ការ​បង្ហាញ​ពី​ជំងឺ​ខាងក្នុង​ដូចជា​ ជំងឺថ្លើម​ជាដើម​។ ជា​ការពិត​ជំងឺថ្លើម​ និង​អាការ​រមាស់​ គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺ​មួយ​នេះ​ដែល​កើតឡើង​ចំពោះ​អ្នកជំងឺ​។

    ជំងឺថ្លើម​ និង​អាការ​រមាស់​
    កាយវិភាគ​វេជ្ជសាស្ត្រ​នៃ​ថ្លើម​ និង​បំពង់​ហូរ​ទឹក​ប្រមាត់​ កើតមក​ពី​ប្រព័ន្ធ​ទឹកប្រមាត់​ល្អ​ និង​ថ្លើម​។ អាការ​រមាស់​គឺជា​រោគសញ្ញា​ទូទៅ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ និង​បាន​សាង​នូវ​ភាព​រំខាន​ខ្លាំង​បំផុត​នៃ​ជំងឺ​រលាក​ថ្លើម​ និង​ជំងឺ​រលាក​បំពង់​ហូរ​ទឹក​ប្រមាត់​។ រោគសញ្ញា​អាច​កើតឡើង​តែមួយ​ឆាវ​ និង​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ ហើយ​ឈាន​ទៅកាន់​សភាព​រ៉ាំរ៉ៃ​។ មូលហេតុ​នៃ​អាការ​រមាស់​ទូទៅ​ ខុស​ដាច់​ពី​ជំងឺថ្លើម​ដែល​មិនដឹង​ច្បាស់លាស់​ ហើយ​ក្រៅពី​ភាព​ទាក់ទង​ជាមួយ​រោគសញ្ញា​ថ្លើម​ដំបូង​ និង​ការ​ស្ទះ​លំហូរ​ទឹកប្រមាត់​ ដែល​ស្ដែង​ឱ្យ​ឃើញ​តាម​រយៈ​អាការ​រមាស់​នៅ​លើ​ស្បែក​ខុសប្រក្រតី​ ឬអាការ​កើតមុន​នៅ​លើ​ស្បែក​។

    ការ​រមាស់​ពី​ជំងឺថ្លើម​ គឺ​បណ្តាល​មក​ពី​ការ​កក​ស្ទះ​ទឹកប្រមាត់​ ដែល​ក្នុង​នោះ​កម្រិត​នៃ​ការ​បញ្ចេញ​ទឹកប្រមាត់​កើនឡើង​នៅក្នុង​ចរន្តឈាម​។ ដោយសារ​ការ​ស្ទះ​នៃ​បំពង់​ហូរ​ទឹកប្រមាត់​ កោសិកា​ថ្លើម​ត្រូវ​បាន​ទទួលខុសត្រូវ​នូវ​ការផលិត​ទឹកប្រមាត់​ចេញ​មក​ខាងក្រៅ​។ ហើយ​ទឹកប្រមាត់​ដែល​ហូរ​តាម​បំពង់​ទឹកប្រមាត់​ ឆ្លងកាត់​លំពែង​ និង​ចូលក្នុង​ពោះវៀនតូច​ទាំងមូល​ទៅវិញ​។ ទឹកប្រមាត់​ ពិតជា​បាន​ជួយ​ថ្លើម​ក្នុង​ការ​កម្ចាត់​កាកសំណល់​ ជាតិ​ពុល​ចេញពី​រាងកាយ​ និង​ជួយ​ឱ្យ​ពោះវៀនធំ​ស្រូប​យក​ខ្លាញ់​បាន​ល្អ​។ តែ​ប្រតិបត្តិ​ការ​ខុសប្រក្រតី​ ទើប​បណ្ដាល​ឱ្យ​ថ្លើម​ចាប់ផ្ដើម​ខូច​ និង​កើតជា​ជំងឺ​រលាក​។

    យ៉ាងណាមិញ​ ថ្លើម​ មាន​តួនាទី​បន្សាប​ជាតិពុល​ និង​ច្រោះ​អំបិល​ក្នុងទឹក​ប្រមាត់​។ ប្រសិនបើ​ទង្វើ​នេះ​កើតឡើង​ មានន័យថា​ ការ​ប្រមូល​ផ្តុំ​អំបិល​ក្នុងទឹក​ប្រមាត់​ កើតជា​អាស៊ីដ​ទឹកប្រមាត់​ និង​ប៊ី​លី​រុយ​ប៊ី​ន ដែល​ជា​ការ​ប្រមូល​ផ្តុំ​នូវ​សារធាតុពុល​ទាំងនេះ​បណ្តាល​ឱ្យ​រលាក​ ហើយ​ហុច​ផល​អាក្រក់​មក​លើ​ស្បែក​ ជា​ការ​កើតមាន​អាការ​រមាស់​នៅ​លើ​ស្បែក​។ ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ក៏បាន​បង្ហាញ​ពី​ការយល់​ដឹង​បន្ថែម​ទៀត​ថា​ សារធាតុគីមី​មួយចំនួន​ដែល​មនុស្ស​បាន​ប្រើប្រាស់​លើ​ចំណីអាហារ​ និង​ថ្នាំ​ថែរក្សា​សម្រស់​ក៏​បណ្តាល​ឱ្យ​កើត​ជំងឺថ្លើម​ និង​រមាស់​ដូចគ្នា​ដែរ​។ នៅទីបំផុត​ក៏​កើត​មាន​វិធី​សាស្រ្ត​ថ្មី​នៃ​ការ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​លំដាប់​ពិភពលោក​។

    លក្ខណៈ​នៃ​ការ​កើត​អាការ​រមាស់​លើ​ស្បែក​ដោយសារ​ជំងឺថ្លើម​ អាការ​រមាស់​ទូទៅ​ដែល​កើត​ឡើង​នៅ​ទូទាំង​ខ្លួន​ដែល​បណ្តាល​មក​ពី​ជំងឺថ្លើម​ អាច​កើតមាន​មុន​ពេល​មាន​រោគសញ្ញា​ដំបូង​ ឬរោគសញ្ញា​នៃ​ការ​កកស្ទះ​ទឹកប្រមាត់​នៅក្នុង​ថ្លើម​។ អាការ​រមាស់​នៃ​ជំងឺ​មាន​ជាច្រើន​សណ្ឋាន​ណាស់​ រោគសញ្ញា​ភាគច្រើន​គឺ​ធ្ងន់ធ្ងរ​នៅ​លើ​ដងខ្លួន​ ជាពិសេស​នៅ​បាតដៃ​ និង​បាតជើង​។ រោគសញ្ញា​នេះ​ធ្ងន់ធ្ងរ​បំផុត​ គឺ​ពេលល្ងាច​ និង​ពេលយប់​ ទើប​វា​ហុច​ផល​ប៉ះពាល់​ដល់​ការ​គេង​នា​ពេលយប់​។ មួយ​វិញទៀត​ នៅពេល​រោគសញ្ញា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ គឺ​នៅក្នុង​អំឡុង​ពេល​មាន​រដូវ​ចំពោះ​ស្ត្រី​ ឬការ​ព្យាបាល​ជំនួស​ដោយ​អ័រម៉ូន​ ពេល​មាន​ផ្ទៃពោះ​ដំបូង​ ការ​ប៉ះពាល់​ជាមួយ​រោមសត្វ​ និង​ចំហាយក្ដៅ​ ដូចជា​ការ​ងូតទឹក​ក្តៅ​ជាដើម​។

    រោគសញ្ញា​ដែល​មិន​ច្បាស់​ រាង​ស្រពិចស្រពិល​គឺ​ ការ​អេះ​ស្បែក​ ហើយក៏​មិនកើត​ឱ្យ​ឃើញ​ស្លាកស្នាម​រោគសញ្ញា​នៅ​លើ​ស្បែក​។ ពេលខ្លះ​ដំបៅ​ដូចជា​ កន្ទួល​ ឬពងបែក​ អាច​កើតឡើង​នៅ​លើ​ស្បែក​ជា​រឿយ​ៗ ហើយ​ត្រូវ​បាន​គេ​ច្រឡំ​ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​សើរ​ស្បែក​ដំណាក់កាល​ដំបូង​។

    កំណត់សញ្ញា​នៃ​អាការ​ជំងឺថ្លើម​ក្រៅពី​រមាស់​ស្បែក​ និង​ភ្នែក​មាន​ពណ៌លឿង​ នៅពេល​ដែល​កើត​អាការ​នេះ​ពេញ​ដងខ្លួន​ នោះ​ស្បែក​នៃ​រាងកាយ​របស់​អ្នក​ទាំងមូល​នឹង​ប្ដូរ​ពណ៌​ប្រែជា​ពណ៌​លឿង​ វា​ជា​សញ្ញា​មួយ​បង្ហាញថា​ មុខងារ​នៃ​ថ្លើម​របស់​អ្នកកំ​ពុង​តែ​ចុះ​ខ្សោយ​។ ស្បែក​ពណ៌លឿង​នេះ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​ជំងឺខាន់លឿង​ អាច​កើតមានឡើង​នៅពេល​ដែល​ថ្លើម​ត្រូវ​បាន​បំផ្លាញ​។ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ខូច​ថ្លើម​ រួមមាន​ ជំងឺ​រលាក​ថ្លើម​ ការ​ទទួលទាន​គ្រឿងស្រវឹង​ ការ​ប្រើ​គ្រឿងញៀន​ ការ​ប៉ះពាល់​សារធាតុគីមី​ និង​ការ​ឆ្លង​មេ​រោ​គផ្សេង​ៗ។

    រោគសញ្ញា​មួយទៀត​នៅក្នុងចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​បញ្ហា​ថ្លើម​ គឺ​រមាស់​ស្បែក​មុខ​ និង​ស្បែក​ក្បាល​។ បញ្ហា​កន្ទួល​ក្រហម​ ហើយ​មាន​លក្ខណ:រមាស់​ចង់តែ​អេះ​ ហើយ​វា​មិន​ត្រឹមតែ​លេចឡើង​នៅ​លើ​ផ្ទៃមុខ​នោះ​ទេ​ សូម្បីតែ​ស្បែក​ក្បាល​ ដងខ្លួន​ទាំងមូល​ក៏មានដែរ​។ជំងឺ​រមាស់​ស្បែក​នេះ​ ឈប់​កើតមានឡើង​ លុះត្រាតែ​អ្នកព្យាបាល​ជំងឺថ្លើម​ឱ្យ​ជាសះស្បើយ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ រោគសញ្ញា​រមាស់​ ដែល​កើតឡើង​ដោយសារ​តែ​ជំងឺថ្លើម​ បាន​ហុច​ផល​អាក្រក់​ចំពោះ​ក្រុម​អ្នក​ញៀន​ជាតិ​ស្រវឹង​ ដែល​មិនព្រម​ទទួលការ​ព្យាបាល​ថែមទៀត​ផង​៕

  • រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ២៨ ពីស្រាបៀរអាន់ឆ័រ

    រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ២៨ ពីស្រាបៀរអាន់ឆ័រ

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ៤ ​ខែធ្នូ ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួន១ (មួយ) រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 28 (ម្ភៃប្រាំបី) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ  ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន​ ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

    លោក ហុង វញ្ចនៈ  មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​ បានប្រសាសន៍ថា កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រពិតជាល្អណាស់ ស្រាបៀរអាន់ឆ័រពិតជាប្រគល់រង្វាន់ពិតៗមែន ហើយសូមអតិថិជនស្រាបៀរអាន់ទាំងអស់បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចគាត់។

    កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

    សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

    ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

    រីករាយស្រស់ថ្លា
    ពិសាដោយការទទួលខុសត្រូវ

  • 5 ដំណាក់កាល​ សំខាន់​ជួយ​ដល់​វិវឌ្ឍនាការ​របស់​កូនតូច​

    5 ដំណាក់កាល​ សំខាន់​ជួយ​ដល់​វិវឌ្ឍនាការ​របស់​កូនតូច​

    តាំងពី​ពេល​ប្រសូត​ចេញ​មក​ភ្លាម​រហូតដល់​មាន​វ័យ​ 1ខួប​ដំបូង​ អ្នកម្ដាយ​គ្រប់រូប​ប្រហែលជា​ស្ទើរតែ​មិន​ចង់ឱ្យ​កូនតូច​ជាទីស្រឡាញ់​របស់​ខ្លួន​ របូត​ផុត​ពី​ខ្សែភ្នែក​សូម្បីតែ​ 1វិនាទី​ណា​ឡើយ​ ព្រោះ​ក្នុងអំឡុងពេល​នោះ​ កូន​នឹង​មានការ​ផ្លាស់​ប្តូរ​ខាង​វិវឌ្ឍនាការ​យ៉ាង​លឿន​ ដែល​យើង​នាំគ្នា​ហៅថា​ 5ដំណាក់កាល​សំខាន់​ហ្នឹងឯង​។ ចង់​ដឹង​ថា​ តើ​កូនតូច​មានការ​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ដំណាក់កាល​នី​មួយ​ៗ និង​តើ​អ្នកម្ដាយ​អាច​ជួយ​កូនតូច​បាន​យ៉ាងណា​ខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​៖

    1. ចេញផុត​ពី​ផ្ទៃ​ម្ដាយ​
    ជា​ដំណាក់កាល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​របស់​ទារក​ដែល​នឹង​ត្រូវ​ចេញពី​គភ៌​របស់​អ្នកម្តាយ​ មករ​កបរិស្ថាន​ និង​ធាតុអាកាស​ដែល​ស្រឡះ​ និង​ធំ​ទូលាយ​ ធ្វើ​ឱ្យ​កូនតូច​មាន​អារម្មណ៍​ភិតភ័យ​ ដូច្នេះហើយ​ទើប​ពេលនោះ​ ទារក​ត្រូវការ​រង្វង់​ដៃ​ឱប​ដ៏​សែន​កក់ក្តៅ​ជា​ខ្លាំង​។អ្នកម្ដាយ​អាច​ជួយ​បាន​ : ដោយ​ការ​បី​ឱប​កូន​ឱ្យ​បាន​លឿន​ជាទីបំផុត​បន្ទាប់ពី​ប្រសូត​រួចហើយ​ភ្លាម​ ដើម្បី​ឱ្យ​កូន​បាន​ប៉ះ​នឹង​សាច់​ដ៏​កក់ក្តៅ​របស់​ទ្រូង​ម្តាយ​ និង​ការពារ​ឱ្យ​កូន​ជាទី​ស្រ​-ឡាញ់​មាន​អារម្មណ៍​កក់ក្តៅ​។

    2. ស្រែកយំ​
    គឺជា​ដំណាក់កាល​ដែល​កូនតូច​កំពុងតែ​រិះរក​ចង្វាក់​ក្នុង​ការសម្រប​ខ្លួន​ឱ្យ​ត្រូវ​នឹង​បរិយាកាស​នៃ​ពិភព​ខាងក្រៅ​នេះ​ និង​អាច​មាន​មូលហេតុ​ច្រើនយ៉ាង​ទៀត​ ទើប​កូនតូច​គិតតែពី​យំ​យ៉ាង​ខ្លាំង​នៅ​ពេល​ព្រលប់​ៗ។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ សូមអ្នក​ម្ដាយ​ថ្មោងថ្មី​កុំ​ភ័យ​អី​ ព្រោះ​គ្រប់​ទារក​ទាំងអស់​ ត្រូវតែ​ឆ្លង​កាត់​វិវឌ្ឍនាការ​ត្រង់​ដំណាក់កាល​នេះ​ដូចគ្នា​ទាំង​អស់​។ អ្នកម្តាយ​គួរតែ​ធ្វើ​អារម្មណ៍​ឱ្យ​ស្ងប់​ ទ្រាំ​ និង​តាំងស្មារតី​ ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​។ បីកូន​នៅក្នុង​រង្វង់​ដៃ​ ព្រមទាំង​បំពេ​រលួង​លោម​កូន​។

    3. រៀន​យល់ដឹង​
    គឺជា​ដំណាក់កាល​ដែល​ទារក​កំពុង​សម្របសម្រួល​ខ្លួន​ឱ្យ​ត្រូវ​នឹង​ពិភព​ខាងក្រៅ​ឱ្យ​បាន​។ បន្ទាប់ពី​អាយុ​គ្រប់3ខែពេញ​ និង​ពេល​សម្រប​ខ្លួន​បាន​ហើយ​ កូនតូច​នឹង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ចំ​ពោះ​អ្វី​ៗដែល​នៅ​ជុំវិញ​ខ្លួន​ ដើម្បី​ឱ្យ​ខួរក្បាល​កើតការ​រៀន​យល់ដឹង​ឱ្យ​បាន​ច្រើន​បំផុត​។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ បើកឱកាស​ឱ្យ​កូន​តូច​បាន​សិក្សា​ រៀន​យល់ដឹង​ពី​អ្វី​ៗផ្សេង​ៗ បើសិនជា​មើលទៅ​ហើយ​គ្មាន​ឃើញ​អ្វី​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ​នោះ​ ក៏​គួរ​បណ្តោយ​កូន​ឱ្យធ្វើ​(ឬលេង​)ចុះ​ គ្រាន់តែ​រៀបចំ​ស្ថានភាព​ជុំវិញ​ខ្លួន​នៅក្នុង​ផ្ទះ​ឱ្យ​មាន​សុវត្ថិភាព​ទៅ​បាន​ហើយ​។

    4. អាហារ​ការ​ហូបចុក​
    ជា​ដំណាក់កាល​ដែល​កូនតូច​ចាប់ផ្តើម​ចាប់​អារម្មណ៍​រឿង​ចំណីអាហារ​ការ​ហូបចុក​ហើយ​។ ពេល​ឈាន​ចូល​ដល់​ចន្លោះ​វ័យ8ខែ​ឡើង​ទៅ​ កូនតូច​នឹង​ចាប់ផ្តើម​ធ្វើ​តម្រាប់​តាម​ទង្វើ​របស់​អ្នក​នៅក្នុង​ផ្ទះ​ទាំងអស់​ ដើម្បី​រៀន​យល់ដឹង​ និង​ស្គាល់​ពី​ចំណី​អា​ហារ​ផ្សេង​ៗ។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ ចូរ​កុំ​សម្លុត​ ឬស្ដីបន្ទោស​កូន​ពេល​កូន​ប្រឡូក​លេង​នឹង​អាហារ​ តែ​អ្នកម្ដាយ​គួរ​ពាក់​ក្រណាត់​អៀម​ការពារ​ប្រឡាក់​ឱ្យ​កូន​ និង​ក្រាល​តុ​ដោយ​កម្រាល​ប្លាស្ទិក​ ដើម្បី​ងាយស្រួល​ជូត​សម្អាត​វិញ​ ប្រសើរ​ជាង​ការ​សម្លុត​កូន​។

    5. ចេះនិយាយ​ថា​ទេ
    ​គឺជា​ដំណាក់កាល​ដែល​កូនតូច​ចាប់ផ្តើម​ចេះ​បដិសេធ​ តាមរយៈ​ការ​គ្រវីក្បាល​ ឬនិយាយ​ថា​ “ទេ​” ជាពិសេស​ការ​បដិសេធ​មិនព្រម​ញ៉ាំ​អាហារ​ ហើយ​បើ​រឹតតែ​បង្ខំ​ផង​នោះ​ នឹង​រឹតតែ​មិន​ញ៉ាំ​ទៅទៀត​។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ កុំ​បង្ខំ​កូន​រឿង​ញ៉ាំ​អាហារ​។ វិធី​ដែល​ល្អ​គឺ​ ត្រៀម​ចំណីអាហារ​ទុក​ឱ្យ​កូន​ជ្រើសរើស​ញ៉ាំ​ឱ្យ​បាន​ច្រើនយ៉ាង​ ដើម្បី​កូន​នឹង​បាន​ជ្រើសរើស​ញ៉ាំ​បាន​តាមចំណង់​ចំណូលចិត្ត​ រួចហើយ​កូន​នឹង​ញ៉ាំ​បាន​ច្រើន​ និង​មិន​រក​រឿង​ច្រើន​ទៀតផង​៕

  • កសិករ​គួរ​បង្កើន​សមត្ថភាព​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ​

    កសិករ​គួរ​បង្កើន​សមត្ថភាព​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ​

    កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​កសិករ​ ខណៈ​ផ្ទៃដី​ទំនេរ​សម្រាប់​ធ្វើ​កសិកម្ម​មាន​ចំនួន​ច្រើន​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។ បើ​ផ្អែកលើ​ស្ថានភាព​នេះ​ ប្រជាជន​គួរតែ​សម្បូរហូរហៀរ​ទៅ​ដោយ​ភោគផល​កសិកម្ម​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​គឺ​ ប្រជាជន​មិនទាន់​មានចំណេះ​ដឹង​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​ដី​ឱ្យ​អស់​លទ្ធភាព​នៅឡើយ​។

    កញ្ញា​ ម៉េ​ង ស្រី​លីន​ សហ​ស្ថាបនិក​កម្មវិធី​ Smart​ Farm​ Assistance​ ដែល​ជា​កម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ក្នុង​កសិដ្ឋាន​តាម​បច្ចេកវិទ្យា​ បាន​លើកឡើង​ថា​ កសិករ​គួរ​ចាប់ផ្តើម​បង្វែរ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ទាំងស្រុង​ មក​ប្រើប្រាស់​បច្ចេកវិទ្យា​មួយចំនួន​ដែល​បង្កើត​ឡើង​ដោយ​អ្នកជំនាញ​ដែល​ជា​ប្រជាជន​ខ្មែរយើង​វិញ​។

    ផលប្រយោជន៍​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​ងាយស្រួល​ និង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ គឺ​ដោយសារតែ​ក្រុម​ដែល​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​នៅក្នុង​ស្រុក​ គឺ​រៀបចំឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទាល់​នៅក្នុង​មូលដ្ឋាន​ ឬនៅ​ក្នុង​តំបន់​នានា​ក្នុង​ប្រទេស​។ ហេតុនេះ​គម្រោង​ទាំងអស់​នោះ​ អាច​នឹង​មាន​ភាព​សុី​ចង្វាក់​គ្នា​ល្អជា​មួយ​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​។ ពាក់ព័ន្ធ​នឹង​តម្លៃ​ ក៏​ជា​ចំណុច​មួយ​គួរ​ពិចារណា​ផង​ដែរ​ ព្រោះ​គម្រោង​នានា​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ គឺ​រៀបចំ​ដើម្បី​ឆ្លើយតប​ជាមួយនឹង​កសិករ​ ឬអ្នក​ដែល​មានបំណង​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​កសិកម្ម​នៅក្នុង​ស្រុក​ ហេតុនេះ​រាល់​គម្រោង​គឺ​គណនា​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​កសិករ​អាច​មានលទ្ធភាព​ប្រើប្រាស់​បាន​។

    កញ្ញា​ ម៉េ​ង ស្រី​លីន​ បាន​និយាយ​ថា​៖ «កសិករ​ ឬអ្នក​ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ កុំ​មាន​ការ​បារម្ភ​ថា​ វា​ជា​រឿង​លំបាក​។ តាមពិត​ទៅ​ វា​មិន​លំបាក​យល់​ ឬលំបាក​ប្រើប្រាស់​នោះ​ទេ​។ ប្រជាជន​យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ហើយ​កម្មវិធី​ខ្លះ​ ប្រើ​ត្រឹមតែ​ SMS​ តែប៉ុណ្ណោះ​ ហេតុ​នេះ​វា​អាច​នឹង​ងាយ​ជាង​កម្មវិធី​បណ្តាញ​សង្គម​មួយ​ចំនួន​ផង​»។

    អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​វិស័យ​កសិកម្ម​ ជា​ការ​វិនិយោគ​ដ៏​ឆ្លាតវៃ​មួយ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កសិករ​ចំណាយ​ច្រើនតែ​ម្តង​ តែ​ទទួល​បាន​ចំណូល​ច្រើនជាង​មុន​ សន្សំសំចៃ​ច្រើនជាង​មុន​ និង​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​ងាយស្រួល​ច្រើនជាង​មុន​។ ការ​ចំណាយ​ដែល​កសិករ​ត្រូវ​ធ្វើ​ គឺ​ចំណាយ​លើ​ការ​ដំឡើង​ឧបករណ៍​ តែ​ឧបករណ៍​ដែល​ដំឡើង​នោះ​ គាត់​អាច​ប្រើប្រាស់​បាន​យូរឆ្នាំ​។ ក្រៅពី​នេះ​ គាត់​ទទួល​បានផល​ចំណេញ​យ៉ាងច្រើន​មកវិញ​ ដូចជា​គាត់​ចំណេញ​ថ្លៃ​ពលកម្ម​ ព្រោះ​កាលណា​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​ គាត់​មិន​ចាំបាច់​ប្រើប្រាស់​មនុស្ស​ច្រើន​ដើម្បី​គ្រប់គ្រង​កសិដ្ឋាន​របស់​គាត់​ទៀត​នោះ​ទេ​។ ក្រៅពី​នេះ​ គាត់​អាច​នឹង​ចំណេញ​ធន​ធាន​ផ្សេង​ៗបន្ថែម​ទៀត​ ដូចជា​ចំណេញ​ឥន្ធនៈ​សម្រាប់​បូមទឹក​ និង​ការប្រើ​ប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាក់ស្តែង​ ប្រសិនបើ​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ទឹក​ក្នុង​កសិដ្ឋាន​ គាត់​នឹង​មិនបាច់​បារម្ភ​ថា​ ប្រើប្រាស់​ទឹក​លើសកម្រិត​ឥតប្រយោជន៍​នោះ​ទេ​ ព្រោះ​នៅពេល​មាន​ទឹក​គ្រប់គ្រង​ ប្រព័ន្ធ​នឹង​បង្ហាញ​សញ្ញា​ឱ្យ​បិទ​ ឬបើក​បាន​ពី​ចម្ងាយ​តាមរយៈ​ទូរស័ព្ទ​ដៃ​ភ្លាម​។

    បង្ហាញ​លើ​ចំណុច​ស្រដៀងគ្នា​នេះ​ដែរ​ លោក​ ស្វែង​ឌី​ សិទ្ធី​ផន​ សហ​ស្ថាបនិក​កម្មវិធី​បច្ចេកវិទ្យា​គ្រប់គ្រង​សំណើម​សម្រាប់​ការ​ចិញ្ចឹម​ចង្រិត​ បាន​លើកឡើង​ថា​ កសិករ​គួរ​ចាប់ផ្តើម​សិក្សា​ និង​ស្វែងយល់​ពី​បច្ចេកវិទ្យា​មួយចំនួន​ដែល​ត្រូវ​បាន​គេ​អភិវឌ្ឍ​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​កសិកម្ម​ ឬចិញ្ចឹមសត្វ​ជាដើម​។ សម្រាប់​អ្នក​គ្មាន​ដី​កសិកម្ម​ធំៗ​ ក៏អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​លើ​ទីតាំង​តូច​ៗរបស់​គាត់​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បាន​ផង​ដែរ​ ដូចជា​ការ​ចិញ្ចឹម​ចង្រិត​ ឬការ​ធ្វើ​កសិដ្ឋាន​ខ្នាត​តូច​ជាដើម​។ ការ​ធ្វើបែប​នេះ​ នឹង​ធ្វើ​ឱ្យ​គាត់​មានលទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ផង​ និង​បង្កើន​ទិន្នផល​កសិកម្ម​សម្រាប់​ចែកចាយ​ក្នុង​ទីផ្សារ​ស្រុក​ផង​។ លោក​ ស្វែង​ឌី​ សិទ្ធី​ផន​ បាន​និយាយ​ថា​៖ «នៅ​ពេល​យើង​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ មានន័យថា​ យើង​បាន​ចាប់ផ្តើម​ឈានជើង​បន្តិច​ម្តង​ៗទៅ​រក​ការ​អភិវឌ្ឍ​សម្រាប់​ការប្រកួត​ប្រជែង​។ ជាក់ស្តែង​ នៅ​បណ្តា​ប្រទេស​នានា​ គេ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗទៅ​បាន​ ក៏ដោយសារតែ​គេ​ចាប់ផ្តើម​ពី​បច្ចេក​វិទ្យា​ងាយ​ៗទៅ​សិន​ដែរ​»។

    អ្នកជំនាញ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​យើង​មាន​ដី​ មាន​ភោគផល​ច្រើន​ តែ​យើង​ខ្វះ​បច្ចេកវិទ្យា​ដើម្បី​កែច្នៃ​ទិន្នផល​កសិកម្ម​របស់​យើង​ឱ្យ​មានការ​រីកចម្រើន​។ បន្ថែម​ពីលើ​នេះ​ កសិករ​មួយចំនួន​ក៏​មិនបាន​ព្យាយាម​ក្នុង​ការ​ស្វែងយល់​ ឬសាកល្បង​អ្វី​ដែល​ថ្មី​ដែរ​។ ហេតុនេះ​ប្រសិនបើ​គាត់​ចាប់ផ្តើម​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើ​កសិកម្ម​ គាត់​នឹង​មើលឃើញ​ថា​ តាមពិត​វា​មិន​លំបាក​នោះ​ទេ​ ហើយ​វា​ងាយស្រួល​ជាង​អ្វី​ដែល​គាត់​ធ្លាប់ធ្វើ​កន្លងមក​ទៀតផង​។ បន្ថែម​ពីលើ​នេះ​ ចំនួន​ទិន្នផល​ដែល​គាត់​ទទួល​បាន​អាច​នឹង​មាន​កំណើន​ល្អ​ជាង​មុន​ ព្រោះ​តាមរយៈ​បច្ចេកវិទ្យា​គាត់​អាច​គ្រប់គ្រង​បាន​នូវ​រាល់​ព័ត៌មាន​ និង​កត្តា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ​នឹង​កសិដ្ឋាន​របស់​គាត់​។ ហេតុ​នេះ​នៅពេល​គាត់​ដឹង​ច្បាស់​ពី​បញ្ហា​ គាត់​នឹងអាច​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ទិន្នផល​ក៏​មានការ​កើនឡើង​ទៅតាម​នោះ​ដែរ​។

    គួរ​បញ្ចាក់​ថា​ បច្ចុប្បន្ន​នេះ​ និស្សិត​ និង​អ្នកជំនាញ​ថ្មី​ៗមួយចំនួន​ បាន​ចាប់ផ្តើម​ព្យាយាម​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​កសិកម្ម​ និង​វិស័យ​ផ្សេង​ៗទៀត​ ដើម្បី​យក​បញ្ហា​ទាំងអស់​នោះ​មក​ដោះស្រាយ​ដោយ​ប្រើប្រាស់​នវានុវត្តន៍​ថ្មី​ៗ។ ការ​គាំទ្រ​ដល់​គម្រោង​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​របស់​យុវជន​ជំនាន់​ថ្មី​ គឺជា​ការចូលរួម​ចំណែក​អភិវឌ្ឍ​ ឬជំរុញ​កំណើន​នៃ​ទំនើបកម្ម​ ក៏ដូចជា​ផលិតកម្ម​នៅក្នុង​ស្រុក​ឱ្យ​មានការ​កើនឡើង​ដូច​ប្រទេសជិតខាង​ដែរ​។ ប្រសិនបើ​យើង​មាន​ផលិតករ​ច្រើន​ ដែល​អាច​មាន​សមត្ថភាព​បង្កើត​ផលិត​ផល​ថ្មី​ៗដោយខ្លួនឯង​ ហើយ​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កាន់តែ​ច្រើន​ នោះ​យើង​នឹង​ទទួល​បានផល​ចំណេញ​សម្រាប់​ប្រទេស​ទាំងមូល​៕

  • របប​អាហារ​សម្រាប់​កុមារ​អាច​កំណត់​វាសនា​អនាគត​សង្គម​បាន​

    របប​អាហារ​សម្រាប់​កុមារ​អាច​កំណត់​វាសនា​អនាគត​សង្គម​បាន​

    របប​អាហារ​សម្រាប់​កុមារ​ ជាផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ មិន​ថា​តែ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍​ហើយ​ ឬប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នោះ​ទេ​។ ការ​គិតគូរ​ពី​របប​អាហារ​សម្រាប់​ទ្រទ្រង់​សុខភាព​កុមារ​ គឺជា​ចំណុច​ចម្បង​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ព្រោះ​ប្រសិនបើ​កុមារ​មាន​រាងកាយ​ និង​សុខភាព​ទន់ខ្សោយ​ អនាគត​ធនធានមនុស្ស​នៅក្នុង​សង្គម​ ឬក្នុង​ប្រទេស​មួយ​នោះ​ នឹង​ជួប​បញ្ហា​ជាមិនខាន​។

    តាម​ការ​បញ្ជាក់​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បានឱ្យ​ដឹង​ថា​ សិស្សសាលា​នៅ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​គេ​គិតគូរ​យ៉ាង​ល្អិតល្អន់​ និង​បាន​ក្លាយ​ទៅជា​គម្រោង​ដ៏​មាន​សារៈសំខាន់​ក្នុង​ប្រព័ន្ធ​អប់រំ​។ គម្រោង​គ្រប់គ្រង​របប​អាហារ​ និង​សារធាតុ​ចិញ្ចឹម​ (nutrient​) នេះ​ត្រូវ​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង​ 10ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ជប៉ុន​ ដោយសារតែ​ប្រទេស​នេះ​យល់ថា​ ការ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​សិស្ស​ ជាផ្នែក​សំខាន់​សម្រាប់​ការ​កសាង​អនាគត​ធនធានមនុស្ស​នៅក្នុង​ប្រទេស​។ ប្រសិន​បើ​កុមារ​មាន​សុខភាព​ល្អ​ មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ នោះ​ស្មារតី​ និង​ការសិក្សា​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ទៅតាម​នោះ​ដែរ​។ ហេតុនេះ​ហើយ​ទើប​គេ​សង្កេតឃើញ​ថា​ ប្រជាជន​ជប៉ុន​ ជាច្រើន​បាន​ទទួលជោគជ័យ​ក្នុង​ការសិក្សា​ និង​បានសម្រេច​នូវ​នវានុវត្តន៍​ជាច្រើន​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សង្គម​។

    ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ប្រទេស​ជប៉ុន​ សិស្សានុសិស្ស​ត្រូវ​បាន​គេ​លើកទឹកចិត្ត​ឱ្យ​ចូលរួម​រៀបចំ​អាហារ​ថ្ងៃត្រង់​ បម្រើសេវា​កម្ម​ និង​សម្អាត​ក្រោយពេល​ញ៉ាំ​អាហារ​រួច​នៅក្នុង​សាលា​របស់​ពួកគេ​ ទាំងអស់​នេះ​គឺ​ដើម្បី​ឱ្យ​សិស្ស​យល់ដឹង​កាន់តែ​ច្រើន​ពី​ការ​ធ្វើ​អនាម័យ​ និង​ការ​គិតគូរ​ខ្ពស់​អំពី​សុខភាព​នៃ​ការរស់នៅ​។ បន្ថែម​ពីលើ​នេះ​ សិស្ស​ទាំងអស់​ក៏​ត្រូវ​បាន​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ដោយ​ការ​អភិវឌ្ឍ​មុខម្ហូប​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ ហើយ​ចេញមុខ​ម្ហូប​នេះ​សម្រាប់​អនុវត្ត​នៅ​គ្រប់​សាលា​ទាំងអស់​ទូទាំង​ប្រទេស​។ អ្វី​ដែល​ចម្លែក​សម្រាប់​ប្រទេស​ជប៉ុន​ និង​ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​នានា​នោះ​ គឺ​ដោយសារតែ​ភាព​ស្អាត​ និង​ការទទួលខុសត្រូវ​បាន​ល្អ​។ ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​របស់​សិស្ស​ គឺ​ធ្វើ​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​តែម្តង​ មិន​មែន​ញ៉ាំ​អាហារ​ក្នុង​អាហារដ្ឋាន​នោះ​ទេ​ ព្រោះ​ប្រទេស​ជប៉ុន​គិតថា​ ការ​ញ៉ាំ​អាហារ​ក៏​រាប់ថាជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការអប់រំ​ផង​ដែរ​។

    នៅក្នុង​សាលារៀន​នៅ​ប្រទេស​ជប៉ុន​ សិស្ស​ទាំងអស់​សុទ្ធតែ​ញ៉ាំ​អា​ហារ​ដូច​ៗគ្នា​ ព្រោះ​មុខម្ហូប​ដែល​គេ​ចេញ​ឱ្យ​នោះ​ គឺ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ និង​ល្អ​សម្រាប់​គ្រប់គ្នា​។ អាហារ​ទាំងអស់​នោះ​ គឺ​ត្រូវ​បាន​ថ្លឹងថ្លែង​ឱ្យ​មាន​តុល្យភាព​រវាង​សាច់​ ត្រី​ និង​សារធាតុ​ចិញ្ចឹម​ពី​បន្លែ​ មិន​ឱ្យ​ផ្នែក​ណាមួយ​លើស​ ឬខ្វះ​ឡើយ​។ ហេតុនេះ​ហើយ​ ទើប​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ OECD​ ដែល​មាន​អ្នក​លើស​ទម្ងន់​តិច​ជាងគេ​បំផុត​។ យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ UNICEF​ បានឱ្យ​ដឹង​ថា​ ដោយសារតែ​របប​អាហារ​ល្អ​ សិស្ស​ក៏​មានស្មារតី​ល្អ​ និង​អភិវឌ្ឍ​បាន​លឿន​ផង​ដែរ​។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ប្រជាជន​ ឬសិស្ស​ជប៉ុន​នោះ​ គឺ​មនុស្ស​ម្នា​ក់ៗ​មាន​ទំហំ​រូបរាង​(មាឌ​)ប្រហាក់​ប្រហែលគ្នា​ និង​យកចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​ដូច​ៗគ្នា​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏​កំពុង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​របប​អាហារ​ផង​ដែរ​ក្នុង​ស្ថាប័ន​អប់រំ​ ជាពិសេស​បណ្ដា​ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប​ និង​អាមេរិក​។ អាហារ​ប្រពៃណី​មួយចំនួន​ និង​អាហារ​លឿន​ៗ (fast​ food​) រួម​ទាំង​ភេសជ្ជៈ​ និង​បង្អែម​បាន​ក្លាយជា​ចំណូលចិត្ត​ ឬធ្វើ​ឱ្យ​កុមារ​ញៀន​នឹង​ការ​ញ៉ាំ​អាហារ​ទាំងអស់​នោះ​។ វា​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើ​ឱ្យ​ក្មេង​នៅក្នុង​តំបន់​មួយចំនួន​មាន​អាការ​ធាត់​ជ្រុល​ បាត់បង់​សម្បទា​ក្នុង​ការ​លេង​កីឡា​ និង​មិន​អាច​អភិវឌ្ឍ​ការ​គិត​បាន​ល្អ​ បើ​ទោះបីជា​ប្រទេស​ទាំងអស់​នោះ​ជា​ប្រទេស​ដែល​មាន​វិស័យ​សុខាភិបាល​ជឿនលឿន​ក៏ដោយ​។

    បន្ថែម​ពីលើ​នេះ​ ពួកគេ​ក៏​ចាប់ផ្តើម​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ឡើងលើ​កុមា​រតូចៗ​នៅក្នុង​សាលា​ដោយ​ការ​បញ្ចូល​ពី​ការអប់រំ​ផ្នែក​អាហារ​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​។ នៅ​តាម​តំបន់​ខ្លះ​គេ​ជឿជាក់​ថា​ ការ​អភិវឌ្ឍ​លឿន​ផ្នែក​វិទ្យាសាស្ត្រ​នឹង​ធ្វើ​ឱ្យ​មនុស្ស​ធ្វើ​ពលកម្ម​កាន់តែ​តិច​ទៅ​ ស្រប​ពេល​ដែល​របប​អាហារ​កាន់តែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង​សម្រាប់​មនុស្ស​។

    បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​ចំណាយ​ច្រើន​លើ​ការ​ចេញថ្លៃ​ព្យាបាល​ និង​ខាត​បង់​ផលិតភាព​ការងារ​នៅពេល​ពួកគេ​មាន​បញ្ហា​សុខភាព​ ដែល​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ទៅលើ​ផ្នែក​ផ្សេង​ៗទៀត​នៅក្នុង​សង្គម​។ ហេតុនេះ​ហើយ​ទើប​ការ​អប់រំ​ពី​បញ្ហា​សុខភាព​ និង​អាហារ​នៅ​តាម​សាលារៀន​ជា​យន្តការ​ដ៏​សំខាន់​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្ត​ទុកដាក់​៕

  • កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ ចូលរួម​ចំណែក​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​

    កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ ចូលរួម​ចំណែក​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​

    កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ បាន​ក្លាយជា​កម្មវិធី​ប្រកប​ដោយសក្តានុពល​មួយ​នៅ​កម្ពុជា​ក្នុង​ការ​ទ្រទ្រង់​ដល់​កម្មវិធី​អភិវឌ្ឍន៍​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG​) របស់​អង្គការសហប្រជាជាតិ​ ដោយ​ជំរុញ​ឱ្យ​សិស្ស​នៅ​បឋមសិក្សា​ចូលរៀន​កាន់តែ​ច្រើន​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ដែល​មិន​ត្រឹម​តែ​ជា​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារ​ក្រីក្រ​ងាយ​រងគ្រោះ​ប៉ុណ្ណោះទេ​ តែ​កម្មវិធី​នេះ​ក៏​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​-ភាព​ 2030​។ ឆ្នាំ2019​ នេះ​ ជា​ឆ្នាំទី20​ ហើយ​ ដែល​កម្ពុជា​បាន​អនុវត្ត​គម្រោង​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​នេះ​ ដោយ​គម្រោង​ដំបូង​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ1999​។ កម្មវិធី​នេះ​អនុវត្ត​ទៅ​បាន​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WFP​) ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​ (USDA​) ប្រទេស​ជប៉ុន​ និង​ដែ​គូ​អភិវឌ្ឍន៍​ជាច្រើន​ផ្សេងទៀត​។

    ឯកឧត្តម​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​វា​មិន​មែន​ជា​កម្មវិធី​ធំ​ តែ​កាលពី​ 20ឆ្នាំមុន​ កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​កុមារ​ 4ម៉ឺន​នាក់​ញ៉ាំ​ឆ្អែត​ និង​សម្រេច​លទ្ធផល​កាន់តែ​ប្រសើរ​។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ «កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំឡើង​នៅ​ឆ្នាំ2004​ ហើយ​រហូត​មកដល់​ឆ្នាំ2014​ យើង​ផ្តល់​ជូន​នូវ​កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ដោយ​ប្រើ​កសិផល​តាម​ផ្ទះ​»។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បន្ថែម​ទៀត​ថា​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ កុមារ​ប្រមាណ​ 6លាន​នាក់​នៅ​តាម​សាលារៀន​ប្រមាណ​ 60​% បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​នេះ​។ ឯកឧត្តម​ជឿជាក់​ថា​ តាមរយៈ​កម្មវិធី​ផ្តល់​អាហា​-រូ​បត្ថម្ភ​តាម​សាលារៀន​នេះ​ បាន​ចូលរួម​ចំណែក​ផង​ដែរ​ក្នុង​ការ​ធ្វើ​ឱ្យ​អត្រា​ក្រិស​ក្រិន​ និង​ស្គមស្គាំង​លើ​កុមារ​អាយុ​ក្រោម​ 5ឆ្នាំ​បាន​ថយ​ចុះពី​ 40​% កាលពី10ឆ្នាំមុន​ មក​នៅ​ត្រឹមតែ​ 20​%ប៉ុណ្ណោះ​។ លើស​ពីនេះ​ទៅទៀត​ អត្រា​សិស្ស​ចុះឈ្មោះ​ចូលរៀន​ បាន​កើនឡើង​ ស្រប​ពេល​ដែល​អា​ត្រា​សិស្ស​បោះបង់ចោល​ការសិក្សា​ មានការ​ថយ​ចុះ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ ដោយតាម​រយៈ​ថវិកា​របស់​រាជរដ្ឋាភិបាល​ បាន​ឧបត្ថម្ភ​ដល់​ខេត្ត​ចំនួន​ 6 ដែល​មាន​សិស្ស​ប្រមាណ​ 5ម៉ឺន​នាក់​ និង​បាន​ផ្តល់​អាហារូបករណ៍​ផង​ដែរ​ដល់​សិស្ស​ 122,000នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​បឋមសិក្សា​ និង​សិស្ស​ប្រមាណ​ 7ម៉ឺន​នាក់​ក្នុង​កម្រិតមធ្យម​សិក្សា​។ ឯកឧត្តម​បាន​បន្ត​ថា​ កម្មវិធី​នេះ​បាន​ជួយ​ឱ្យ​សិស្ស​ដែល​មាន​បញ្ហា​ខ្វះខាត​ ទទួល​បាន​អាហារូបត្ថម្ភ​ ស្រប​ពេល​ដែល​កម្មវិធី​ផ្តល់​អាហារ​ដោយ​ប្រើ​កសិផល​តាម​ផ្ទះ​ ក៏បាន​ជួយ​ដល់​កសិករ​ផង​ដែរ​ក្នុង​ការពង្រីក​ទីផ្សារ​កសិកម្ម​។

    ស្រប​ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​គោលនយោបាយ​ដោយ​ផ្តោត​លើ​ មនុស្ស​ ផ្លូវ​ ភ្លើង​ និង​ទឹក​។ ហេតុនេះ​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ជាងគេ​ដែល​ត្រូវ​អភិវឌ្ឍ​ទាំង​ក្នុងរយៈពេល​ខ្លី​ និង​រយៈពេល​វែង​។ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​សម្រាប់​កុមា​រតូចៗ​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​កម្ពុជា​។

    គោលបំណង​ដែល​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​អប់រំ​ ដែល​បាន​ផ្តល់​កម្មវិធី​ស្បៀងអាហារ​តាម​សាលារៀន​នេះ​ឡើង​ គឺ​ក្នុង​គោលបំណង​ផ្តល់​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ចំពោះ​សន្តិសុខ​ស្បៀងអាហារ​។ នៅពេល​យើង​ផ្តល់​អាហារ​នៅ​តាម​សាលារៀន​សម្រាប់​គាត់​ កុមា​រតូចៗ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូល​សិក្សា​ ព្រោះ​ប្រសិនបើ​គាត់​កំពុង​ខ្វះ​អាហារូបត្ថម្ភ​ នោះ​គាត់​នឹង​ទទួល​បាន​អាហារ​ ដោយ​គ្រាន់តែ​ទៅ​សាលារៀន​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​មានប្រសាសន៍​ថា​៖ «កម្ម​វី​ធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នេះ​ គឺ​ផ្តល់​ជូន​ជា​អាហារ​ពេលព្រឹក​ និង​ពេលថ្ងៃត្រង់​ ឬផ្តល់​ជា​អាហារូបករណ៍​ ជា​សាច់ប្រាក់​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​សហគមន៍​»។

    ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​បដិភាគ​ថវិកា​ជាមួយនឹង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WPF​) រហូតមកដល់​បច្ចុប្បន្ន​នេះ​ យើង​ប្រើប្រាស់​ថវិកាជាតិ​ដើម្បី​ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន​របស់​កុមារ​នៅ​តាម​សហគមន៍​ និង​ជួយ​ពួកគេ​ឱ្យ​បាន​មក​រៀនសូត្រ​។ ឯកឧត្តម​បន្ត​ថា​ កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​បញ្ហា​អវត្តមាន​របស់​សិស្ស​នៅ​កម្រិត​បឋមសិក្សា​មានការ​ថយ​ចុះ​ ហើយ​អត្រា​នៃ​ការបោះបង់​ចោលការ​សិក្សា​ក្នុង​កម្រិត​បឋមសិក្សា​ក៏​មានការ​ថយ​ចុះ​ដូចគ្នា​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បៀងអាហារ​នេះ​ ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ កំពុង​វិនិយោគ​លើ​ផ្នែក​នេះ​ ហើយ​កម្ពុជា​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​លុបបំបាត់​កុមារ​ក្រិន​ ឱ្យ​អស់​នៅ​ឆ្នាំ​ 2025​ និង​លុបបំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទាំងស្រុង​នៅ​ឆ្នាំ​ 2030​៕

  • សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា បើកពិព័រណ៍សម្ភារសំណង់ និងគ្រឿងសង្ហារិម

    សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា បើកពិព័រណ៍សម្ភារសំណង់ និងគ្រឿងសង្ហារិម

    សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2019 កន្លងទៅបានបើក​​ពិធីតាំង​ពិព័រណ៍គ្រឿងសម្ភារសំណង់ និងគ្រឿងសង្ហារិមនៅក្នុង «មហាសន្និសីទលើកទី2 នៃ​លទ្ធកម្មវិស្វកម្ម​ក្នុង​ប្រទេសកម្ពុជា»។ ពិព័រណ៍នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

    ពិធីនេះបានអញ្ជើញសមាជិកនៃសមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជាទាំង អស់មកចូលរួមដែលសុទ្ធតែជាក្រុមហ៊ុនពាក់ព័ន្ធ និងការរចនាបឋមលទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារសំណង់។ល។

    ក្នុងពិធីតាំងពិព័រណ៍លើកនេះ សមាគមសម្ព័ន្ធនេះ បានបង្កើតវេទិកាអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិតសម្ភារសំណង់នៅអាស៊ាន និងវិនិយោគិនលើវិស័យអចលនទ្រព្យ ដើម្បីបន្តភាពជោគជ័យក្នុងការតភ្ជាប់​​ពាណិជ្ជកម្មក្នុងពិធីលើកទី1 និងបញ្ចូលសរសៃឈាមសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យកម្ពុជា ដើម្បី​ជា​ការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក និងការពិភាក្សាអំពីឱកាសអាជីវកម្ម។

    ពិធីនេះបានធ្វើឡើងដោយសមាគមសម្ព័នសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា ដោយផ្អែកលើគោលបំណងបង្កើនការកត់សម្គាល់ឈ្មោះក្រុមហ៊ុន ដែលចូលរួមបង្កើតឱកាសមួយដ៏ល្អក្នុងការផ្សព្វផ្សាយគម្រោង និងផលិតផលរបស់សមាជិកផងដែរ។

    បន្ថែមពីនេះ សមាគមសម្ព័ន្ធបានសហការជាមួយនឹងវេទិកាធនធានផ្សេងៗទៀត តាមរយៈ ការ​​​ចែករំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និងការផ្គត់ផ្គង់ដ៏ច្រើនសម្បូរបែប និងមានគុណភាពខ្ពស់ ដើម្បី​ផ្តល់​សេវាកម្មក្នុងការផ្គត់ផ្គង់សម្ភារសំណង់ដល់វិនិយោគិនលើវិស័យអចលនទ្រព្យ និងផ្តល់បណ្តាញ​ទីផ្សារដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់។

    ពិធីនេះក៏បានរៀបចំកន្លែងតាំងបង្ហាញនូវផលិតផលដ៏ល្អប្រណីត ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនឹងគ្នារវាងក្រុមហ៊ុនចូលរួម និងវិនិយោគិនលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំកម្មវិធីបានជ្រើសរើសវិនិយោគិនក្នុងវិស័យអចលនទ្រព្យល្បីៗ នៅកម្ពុជាដើម្បីភ្ជាប់នឹងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ល្បីៗ ដោយមានប្រសិទ្ធភាព និងវិជ្ជាជីវៈ ជំរុញ វេទិកាឱ្យមានកិច្ចសហប្រតិបត្តិការបើកចំហ និងទទួលជោគជ័យរួមគ្នា។

    លោកស្រី លីវ អ៊ីឈឹន​ នាយិកាប្រតិបត្តិ​បានបញ្ជាក់ប្រាប់​ថា៖«គោលបំណង​នៃ​វេទិកា​នេះ គឺ​អ្នកអភិ​វឌ្ឍន៍​​ដែលមក​ផ្សព្វផ្សាយវិស័យអចលនទ្រព្យ ចង់បង្ហាញនូវអ្វីដែលជាអចលនទ្រព្យ​ទាន់​សម័យ​​បចេ្ចក​វិទ្យាទំនើប មានតម្លៃសមរម្យ និងមានគុណភាព។ នៅក្នុងវិស័យសំណង់​ផ្ទាល់វានឹងផ្តល់​ប្រយោជន៍​ជា​សំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសផង និងជាការចូលរួមចំណែករបស់អ្នក​វិនិយោ​គិន​​បរទេស​ផងដែរ»។

    លោកស្រី​ លីវ អ៊ីឈឹន​ បានបញ្ជាក់ដែរថា៖«វេទិកានេះមានការចូល​រួម ពីក្រុមហ៊ុន​ចំនួន14​ ជា​ក្រុមហ៊ុនមកពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក។ បន្ថែមពីនេះ វេទិកាដ៏សំខាន់នេះនឹងធ្វើឱ្យ​ប្រសើរ​ឡើងនូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និង​កម្រិត​ទីផ្សារក្នុងតំបន់ ហើយនិងព្យាយាមធ្វើឱ្យក្លាយជាសមាគម​សម្ព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាពខ្ពស់ មាន​ឥទ្ធិ​ពលសម្រាប់វិស័យសម្ភារសំណង់ និងគ្រឿង​សង្ហារិម និងមានការអភិវឌ្ឍប្រកបដោយចីរភាព នៅ​តំបន់​អាស៊ីអាគ្នេយ៍»។

    វេទិកានេះ ជាវេទិកាមួយដ៏សំខាន់ផងដែរ​សម្រាប់វិស័យសម្ភារសំណង់ក្នុងប្រទេស និងជា​សេវា​កម្មមួយដែលមានភាពច្នៃប្រឌិត និងមានគុណភាពល្អ ហើយក៏ជាបណ្តាញភ្ជាប់ដ៏សំខាន់ក្នុងការពង្រឹង​ទំនាក់ទំនងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យសេវាកម្ម វិស្វកម្មនៅ​ក្នុងបណ្តា​ប្រទេសផ្សេងៗទៀតផងដែរ៕