Author: ធឿន មករា

  • គម្រោងវិនិយោគថ្មីចំនួន8 បន្ថែមទៀត មានទុនសរុបជាង 351លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ

    គម្រោងវិនិយោគថ្មីចំនួន8 បន្ថែមទៀត មានទុនសរុបជាង 351លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ

    ភ្នំពេញ ៖ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនដែលបានស្នើកាលពីពេលកន្លងទៅ នៅត្រឹមរសៀលថ្ងៃទី2 ខែមេសា ឆ្នាំ2020 គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន8 ប្រតិបត្តិការនៅក្នុងខេត្តក្រុងផ្សេងគ្នា ដែលមានទំហំទុនវិនិយោគសរុបជាង351លានដុល្លារ ដូចមានរាយនាមដូចខាងក្រោម៖

    1-“ AN RONG ZHI YE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់ ស្បែកជើង កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2,3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 149 នាក់។

    2-“YON GUI AGRICULTURE TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតម្សៅមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ 2,7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 163 កន្លែង។

    3-“JINTEK CELLS TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 7,7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 348 កន្លែង។

    4-“SHINE HANUMAN TRADING CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ 10,4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 84 កន្លែង។

    5-“YQL (CAMBODIA) INVESTMENT CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេត ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 12,3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,867 កន្លែង។

    6-“XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន 710 បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ 59,2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 660 កន្លែង។

    7-“SING-SPECIALISTS MEDICAL CENTRE CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ ចំនួន50 គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ5 ផ្លូវលេខ81 ភូមិ10 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 96,1 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 433 កន្លែង។

    8-“HANUMAN BEVERAGES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 160,6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,545 កន្លែង។

  • ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    អ្នកម្តាយដែលទើបតែមានគភ៌ថ្មោងថ្មីដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត បន្ទាប់ពីជ្រើសរើសមុខម្ហូបត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? កិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះសុទ្ធតែជារឿងដែលអ្នកម្តាយមានគភ៌នៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1 – ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកម្តាយមានគភ៌បើអ្នកម្តាយមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក) នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 – 15 គីឡូក្រាម ជាមធ្យមកើនមួយខែ 2 គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់អាចថយចុះបាន ដោយសារតែអាការចាញ់កូនដែលក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី 2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ អ្នកម្តាយអាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់កើនឡើងលឿនជ្រុលពេក ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2 – ចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗក្នុងអំឡុងមានគភ៌ត្រីមាសដំបូងព្រោះតែមិនដឹង តើនឹងមានគ្រោះថ្នាក់ទេ? បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេនិងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។ ពេញមួយរយៈពេល 9 ខែ អ្នកម្តាយអាចត្រូវចូលទៅទទួលការចាក់វ៉ាក់សាំង
    ការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺដង្កាត់។

    3 – វីតាមីនបន្ថែម ចាំបាច់ដែរឬទេ?សារធាតុអាហារដែលអ្នកម្តាយគួរទទួលទានបន្ថែមនោះគឺ សារធាតុដែក ដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហមដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកម្តាយបានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើត សភាវលោហិតស្លេក ហុចផលឱ្យអ្នកម្តាយកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀតបើទទួលទានអាហារគ្រប់ 5 ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាចទទួលទានវីតាមីនបន្ថែមក៏បានដែរ តែ
    គួរញ៉ាំទឹកដោះគោជាប្រចាំដើម្បីបង្កើនភាពរឹងមាំរបស់ឆ្អឹងទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4 – ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌ការមានភេទសម្ព័ន្ធមិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី 3 សូមឱ្យលោកឪពុកអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់អ្នកម្តាយមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី 1 និង 2 អ្នកម្តាយគួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីឬទេ ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម បើមានអាការទាំង
    នេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងទៅជួបគ្រូពេទ្យភ្លាម។

    5 – ទឹកដោះដែលគួរញ៉ាំក្នុងអំឡុងពេលមានគភ៌អ្នកម្តាយអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេរដង ព្រោះរាងកាយរបស់អ្នកម្តាយត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះនៅបានជួយការពារសភាវលើសឈាមបានទៀតផង។

    6 – មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌ប្រឹក្សាជាមួយគ្រូពេទ្យសម្ភពគឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាអ្មកម្តាយមានគភ៌ដែលរក្សាសម្ផស្សត្រូវការញ៉ាំថ្នាំព្យាបាលមុន ដែលថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេបដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ដែលមានផលទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតភាពពិការបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រប់ពេលថាខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7 – មានដុំសាច់ដុះក្នុងអំឡុងពេលមានគភ៌ភាពគ្រោះថ្នាក់អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ នៅពេលអ្នកម្តាយស្ទាបប៉ះ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីប៉ាន់ប្រមាណពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនការមានគភ៌ ដែលវាជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងឥតខ្ចោះ និងរឹងប៉ឹង នៅពេលគេធំឡើងលោកឪពុកអ្នកម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើអ្នកម្តាយមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយអ្នកម្តាយម្នាក់ៗមិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9 ខែនោះនឹងយល់បានច្បាស់ល្អជាង៕

  • Real បើកប្រាក់ខែឱ្យកីឡាករ និងបុគ្គលិកជាធម្មតា ទោះជាមានវិបត្តិជាសកលក្ដី

    Real បើកប្រាក់ខែឱ្យកីឡាករ និងបុគ្គលិកជាធម្មតា ទោះជាមានវិបត្តិជាសកលក្ដី

    ទោះបីជាគ្រប់ក្លិបទាំងអស់ រួមទាំងក្លិបខ្លួនផង ដែលទទួលរងឥទ្ធិពលនៃវិបត្តិកូវីដ-19ក៏ដោយ ក៏ក្លិប Real Madrid នៅតែប្រកាន់ជំហរបើកប្រាក់ខែឱ្យគ្រប់បុគ្គលិកក្លិបរបស់ខ្លួន ទៀងទាត់ពេញលេញដដែល។
    ដោយសារ​តែ​ក្លិប​នេះទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ​លោក​ Perez ​ទទួល​បាន​ប្រាក់​ចំណេញ​ទៅ​លើ​ទីផ្សារ​ដោះដូរ​កីឡាករ ​រហូត​ដល់​ 320​លាន​អឺរ៉ូ​ឯ​ណោះ ក្នុង​រយៈ​ពេល​ 11​ឆ្នាំ​មក​នេះ ដែល​ចំនួនទឹក​ប្រាក់​នេះ ​គ្រប់គ្រាន់ល្មម​សម្រាប់ក្លិប​ចំណាយ។
    ខាងក្លិបក៏បានបន្ថែមទៀតដែរថា ក្រៅពីប្រាក់ខែកីឡាករហើយ ក្លិបនៅមានថរិកាបម្រុងទុកជាច្រើនរយលានដុល្លារទៀត សម្រាប់បម្រុងទុកទិញកីឡាករក្នុងរដូវកាលក្រោយទៀតផង៕

  • ជម្រើសជាតិថៃទាំងអស់ រួមទាំងគ្រូបង្វឹកផង យល់ព្រមផ្តល់ប្រាក់ខែពាក់កណ្តាលជួយទ្រទ្រង់សហព័ន្ធរបស់ខ្លួន

    ជម្រើសជាតិថៃទាំងអស់ រួមទាំងគ្រូបង្វឹកផង យល់ព្រមផ្តល់ប្រាក់ខែពាក់កណ្តាលជួយទ្រទ្រង់សហព័ន្ធរបស់ខ្លួន

    កាលពីព្រឹកមិញនេះ ក្រុមការងារជម្រើសជាតិ កីឡាករ និងគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ថៃ លោក Akira Nishino បានយល់ព្រមឱ្យសហព័ន្ធបាល់ទាត់ថៃ កាត់ប្រាក់ខែរបស់ខ្លួនពាក់កណ្តាល ដើម្បីទ្រទ្រង់សហព័ន្ធក្នុងអំឡុងពេលវិបត្តិកូវីដ-19។

    ប្រាក់ខែចំនួន 4ម៉ឺន 2ពាន់ដុល្លារ នឹងត្រូវកាត់ចេញពីប្រាក់ខែរបស់លោក (ប្រាក់ខែពេញ 8ម៉ឺន 4ពាន់ដុល្លារក្នុង 1ខែ) ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ក្នុងអំឡុងពេលដែលក្រុមជម្រើសជាតិទាំងមូលគ្មានសកម្មភាព ដោយសារវីរុសកូវីដ-19។

    គួរបញ្ជាក់ថា ការយល់ព្រមនេះ គឺជាតបតាមសំណើរបស់សមាគមបាល់ទាត់ថៃ (FAT) ដែលបានស្នើសុំលោកក្នុងលទ្ធភាពកាត់ប្រាក់ខែចំនួន 50% ដើម្បីចូលរួមជួយរដ្ឋាភិបាលថៃក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ៕

  • ធនាគារឯកទេសនឹងទទួលបានកម្ចី ក្នុងអត្រាការប្រាក់ទាបពីរាជរដ្ឋាភិបាល

    ធនាគារឯកទេសនឹងទទួលបានកម្ចី ក្នុងអត្រាការប្រាក់ទាបពីរាជរដ្ឋាភិបាល

    ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច និងអាជីវកម្មតូច ធំនៅក្នុងស្រុក ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-19 នេះ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពបញ្ចេញទុនបម្រុងរបស់ខ្លួនប្រមាណ 500 ឬ 600លានដុល្លារអាមេរិកដើម្បីផ្តល់ជូនធនាគារឯកទេសខ្ចី សម្រាប់ផ្តល់ជាកម្ចីទៅឱ្យអតិថិជនក្នុងអត្រាការប្រាក់ទាប ពោលក្នុងន័យឱ្យម្ចាស់អាជីវកម្មមានឱកាស ឬមានដើមទុន ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ តាមភាពជាក់ស្តែងនៅចំពោះមុខ។
    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា កាលពីថ្ងៃទី30 ខែមីនាថា៖«យើងកំពុងពិនិត្យលទ្ធភាពបញ្ចេញទុនរបស់រដ្ឋាភិបាលប្រមាណ 500 ឬ 600លានដុល្លារអាមេរិក ដើម្បីឱ្យធនាគារឯកទេសខ្ចីក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេស ទាំងនោះនឹងយកទៅឱ្យអ្នកធ្វើអាជីវកម្មមានអត្រាការប្រាក់ទាបដែរ» ។

    សម្តេចបញ្ជាក់ថា៖ «យើងកំពុងពិនិត្យលើបញ្ហានេះតែមិនឈានដល់ទេ តែយើងនឹងឈានដល់នូវជុំទី2 ឬជុំទី3 អំពីលទ្ធភាពនៃការបញ្ចេញទុនបម្រុងរបស់រដ្ឋ (ប្រាក់សន្សំរបស់រដ្ឋ) ប្រមាណ 500 ឬ 600លានដុល្លារអាមេរិក ទៅឱ្យធនាគារឯកជន សហគ្រាស ឯកជន ព្រោះរដ្ឋមិនអាចឱ្យវិស័យឯកជនមកខ្ចីផ្ទាល់ទេ រដ្ឋមានសិទ្ធិត្រឹមតែឱ្យធនាគារ ឯកជនមកខ្ចីដោយអត្រាការប្រាក់ទាប រួចហើយប្រើកម្ចីនេះទៅឱ្យអ្នកខ្ចីដែលមានអត្រាការប្រាក់ទាប តគ្នា» ។
    សម្តេចមានប្រសាសន៍ទៀតថា ទាំងនេះគ្រាន់តែជាការអំពាវនាវដើម្បីជាការបន្ធូរបន្ថយវិស័យឯកជន និងថ្លៃឈ្នួលនានា ព្រោះឥឡូវរកតែលុយបង់ថ្លៃបុគ្គលិកមិនបានផង។ ភោជនីយដ្ឋានមួយធ្លាប់មានមនុស្សចូលហូប តែក្នុងពេលដែលគ្នារកចំណូលបានមិនគ្រប់ បូកនឹងថ្លៃទឹក ភ្លើង ដូច្នេះគ្នាជួបការលំបាក សូមឱ្យមានការយោគយល់គ្នាក្នុងកាលៈទេសៈដ៏លំបាកនេះ។

    ទន្ទឹមនឹងប្រមុខរាជរដ្ឋាភិបាលត្រៀមបញ្ចេញទុនបម្រុងទៅដល់ធនាគារឯកទេសនាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានការយោគយល់ចំពោះការពន្យារពេលសងត្រឡប់របស់ប្រជាពលរដ្ឋ ឬអតិថិជននៅក្នុងគ្រាលំបាកនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាទម្លាក់ទុនបម្រុងកាតព្វកិច្ចពី 12% មកនៅត្រឹម 7%។

    សម្តេចបន្តថា «ការពន្យារ ឬបន្ថយការប្រាក់ ព្រោះតែរដ្ឋ តាមរយៈធនាគារជាតិមានវិធានការ ច្រើនហើយចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជាទុនបម្រុងកាតព្វកិច្ច ដោយមុននេះ ទុននេះទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ទុនកាតព្វកិច្ចមានជាង 12% ឥឡូវនេះទុនបម្រុងកាតព្វកិច្ចធ្លាក់មកនៅត្រឹម 7% ដែលអនុញ្ញាតឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មានទុនប្រមាណជាង 100លានដុល្លារអាមេរិក ដើម្បីដោះស្រាយជាមួយនឹងកូនបំណុល បន្ធូរបន្ថយជាមួយនឹងកូនបំណុល» ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋអំពាវនាវដល់វិស័យឯកជនឱ្យផ្តល់នៅការយោគយល់គ្នា រាប់ទាំងវិស័យធនាគារយោគយល់ចំពោះការពន្យារពេលសងឱ្យគ្នាឱ្យដល់ដំណាក់កាលសងបញ្ចប់។ គ្នាមានការលំបាក ដូច្នេះមិនគួរប្រើប្រាស់ពេលវេលានេះទៅរឹបអូសយកផ្ទះគ្នាទេ។
    ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវវិធានការគាំទ្រចំនួន5 ដើម្បីផ្តល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-19 មកលើសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

  • គម្រោងវិនិយោគថ្មីចំនួន7 មានទុនសរុបជាង 174លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ

    គម្រោងវិនិយោគថ្មីចំនួន7 មានទុនសរុបជាង 174លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ

    ជាការឆ្លើយតបទៅតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិកាលពីពេលកន្លងទៅ រដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន7 ថ្មីបន្ថែមទៀត ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន 174.1លានដុល្លារ បង្កើតឱកាសការងារបានចំនួន 3,328នាក់។

    ក្រុមហ៊ុនទាំង7 ដែលទទួលបានការអនុញ្ញាតឱ្យចាប់ដំណើរការវិនិយោគពីរដ្ឋាភិបាល រួមមានឈ្មោះដូចខាងក្រោម៖

    1- ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ 5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 65កន្លែង។

    2- ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 6,1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,400កន្លែង។

    3- ក្រុមហ៊ុន  IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 7.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 298កន្លែង។

    4- ក្រុមហ៊ុន  TOPEC ELECTRIC CO., LTD.  គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ 8.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 579កន្លែង។

    5- ក្រុមហ៊ុន  VISCOT PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 11.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 264កន្លែង។

    6- ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD  គម្រោងបង្កើតរោងចក្រផលិតសម្បកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងផ្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 32.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 332កន្លែង។

    7-ក្រុមហ៊ុន KEPSTAR DATA CENTRE MANAGEMENT CO., LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន 102លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 390កន្លែង។

  • ក្រសួងសុខាភិបាលថ្ងៃនេះបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ19 ចំនួន 1នាក់ និងជាសះស្បើយចំនួន 9នាក់

    ក្រសួងសុខាភិបាលថ្ងៃនេះបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ19 ចំនួន 1នាក់ និងជាសះស្បើយចំនួន 9នាក់

    នៅព្រឹកថ្ងៃទី2 ខែមេសា ឆ្នាំ2020 នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា មានករណីឆ្លងមេរោគប្រភេទថ្មីកូវីដ19 ចំនួន 1នាក់បន្ថែម ដែលធ្វើឲ្យតួរលេខសរុបទាំងអស់កើនឡើងដល់ 110នាក់ និងអ្នកដែលជាសះស្បើយមានចំនួន 9នាក់បន្ថែម ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបឡើងដល់ចំនួន 34នាក់ហើយ។

  • ក្រសួងអប់រំសម្រេចផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ2020

    ក្រសួងអប់រំសម្រេចផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ2020

    ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 និងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំ យុវជន និងកីឡាសូមផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ 2020
    ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី20 ខែមេសា ឆ្នាំ2020 នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង។

  • សម្ដេចតេជោបរិច្ចាគប្រាក់ខែចំនួន 7ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    សម្ដេចតេជោបរិច្ចាគប្រាក់ខែចំនួន 7ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    នៅថ្ងៃនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបរិច្ចាគថវិការជាប្រាក់បៀវត្សផ្ទាល់របស់សម្ដេចចំនួន 7ខែ ជូនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19៕
    សូមអានសេចក្ដីលំអិតរបស់សម្ដេចនៅខាងក្រោម៖

  • 3ចំណុចជួយឱ្យសមត្ថភាពសិចរបស់អ្នកនឹងនៅតែខ្លាំង

    3ចំណុចជួយឱ្យសមត្ថភាពសិចរបស់អ្នកនឹងនៅតែខ្លាំង

    មិនមានអ្នកណាម្នាក់ហ៊ាននិយាយថា ខ្លួនមិនត្រូវការសិចនោះទេ ដែលសូម្បីតែឈានចូលដល់វ័យអាយុ70ឆ្នាំក៏នៅតែប្រាថ្នាចង់មានសមត្ថភាពសិចខ្លាំងដដែរ ចុះសម្រាប់គូស្នេហ៍ដែលនៅមានកម្លាំងពេញនៅឡើយនោះ រឿងអីមិនចង់បានភាពស្រណុកសុខស្រួលស្កប់ស្កល់? ប៉ុន្តែទោះជាយ៉ាងណា បញ្ហានៅតែកើតមាន ដែលវាអាចកើតចេញមកពីចន្លោះប្រហោងនានា ក្រោមសកម្មភាពប្រចាំថ្ងៃ រហូតបណ្ដាលឱ្យមានអារម្មណ៍តានតឹងដូចជា សម្ពាធការងារ កម្លាំងថាមពលថមថយ និងបរិយាកាសជុំវិញជាដើម។ ដូច្នេះដើម្បីជំរុញឱ្យការប្រព្រឹត្តសកម្មភាពសិចប្រសើរឡើង សូមស្វែងយល់ជាមួយចំណុចសំខាន់ចំនួន3 ដែលមានប្រសិទ្ធភាពបង្កើនភាពល្អប្រសើរដល់ជីវិតសិចរបស់អ្នកដូចខាងក្រោម ៖

    1. ការទទួលទានអាហារប្រចាំថ្ងៃ
    មនុស្សជាច្រើនតែងតែមើលរំលង ឬមិនបានខ្វាយខ្វល់ចំពោះបញ្ហានៃរបបអាហារ ដែលអាចជះឥទ្ធិពលដល់ជីវិតសិចនោះទេ។ កង្វះជីវជាតិ ឬបរិភោគអាហារមិនត្រឹមត្រូវអាចនាំទៅរកភាពកង្វះថាមពលដែលឈានទៅរកការបញ្ចេញសមត្ថភាពនៅលើគ្រែជាមួយដៃគូមិនបានពេញលេញ។ ដូច្នេះដើម្បីកែខៃនូវចំណុចអវិជ្ជមាននេះអ្នកត្រូវគិតដល់ការទទួលទានអាហារឱ្យបានសមស្របជារៀងរាល់ថ្ងៃ។ ពាក្យថាសមស្របនេះគឺសំដៅដល់បរិមាណអាហារល្មម និងមានតុល្យភាព ដែលអ្នកត្រូវទទួលទានច្រើនដងក្នុងមួយថ្ងៃ ដើម្បីបង្ការការនឿយហត់អស់កម្លាំង។ អាហារដែលសម្បូរដោយវីតាមីន កាបូនអុីត្រាត ផ្លែឈើស្រស់ៗ និងបន្លែពណ៌បៃតងគឺជាប្រភពនៃថាមពល។ បន្ថែមពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេងអូលីវ ប្រេងដូង និងផ្លែប៊័រ ក៏ជាប្រភពដ៏ល្អក្នុងការផ្ដល់កម្លាំងថាមពលសិចដល់រាងកាយយ៉ាងប្រសើរផងដែរ។

    2. ចៀសវាងភាពធុញថប់ (ស្ត្រេស)
    ស្ដ្រេសជារបាំងធំបំផុតក្នុងបញ្ហាលើគ្រែ។ កាលណាអ្នកមានអារម្មណ៍តានតឹងខ្លាំងពីការងារនោះ អ្នកប្រាកដជាមិននឹកនាដល់រឿងសិចឡើយ។ ដូច្នេះការកាត់បន្ថយស្ត្រេស និងធ្វើឱ្យចិត្តស្ងប់ជាការល្អក្នុងការកែខៃជីវិតសិចរបស់អ្នក។ តើគួរធ្វើបែបណា? ដំណោះស្រាយដ៏ល្អគឺ បែងចែកពេលវេលាឱ្យបានច្បាស់លាស់។ ចាត់ទុកការងារជារឿងមួយ ហើយសុភមង្គលគ្រួសារជារឿងផ្សេងពីគ្នា។ ដូច្នេះមិនថា អ្នកមានបញ្ហាពីកន្លែងការងារក៏ដោយ នៅពេលប្រតិបត្តិការជាមួយដៃគូត្រូវគិតពីភាពសុខស្រួលរបស់ដៃគូជាង ដោយបំភ្លេចចោលរឿងការងារមួយឡែកសិន។

    3. ហាត់ប្រាណ
    ការហាត់ប្រាណតាមរយៈសកម្មភាពផ្សេងៗជាមួយដៃគូ ដូចជា ការរត់ ការជិះកង់ ឬការហាត់កាយសម្ពន្ធរួមគ្នា វាអាចនឹងជួយជំរុញឱ្យរាងកាយមាំមួន និងពង្រឹងចំណង់ផ្លូវភេទបាន។ តាមរយៈការហាត់ប្រាណទាំងនេះអ្នកនឹងកើតមានចំណង់ផ្លូវភេទទ្វេដង ហើយអាចឱ្យអ្នកបញ្ចេញសមត្ថភាពបានប្រសើរនៅក្នុងសមរភូមិក្ដៅជាមួយដៃគូ ដោយសារការហាត់ប្រាណជួយបញ្ចេញសារជាតិគីមី និងអ័រម៉ូនមិនល្អចេញពីក្នុងរាងកាយមកខាងក្រៅ។

    សូមចាប់ផ្តើមអនុវត្តពីពេលនេះទៅ នោះអ្នកនឹងបានដឹងពីប្រសិទ្ធភាពនៃគន្លឹះទាំង3ខាងលើនេះជាក់ជាមិនខាន៕