Author: សឿន សំណាង

  • ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    អាជ្ញាធរថៃ កំពុង​តែ​បង្កើន​ការ​តាម​រក​ពលករ​បរទេស​ខុសច្បាប់ នៅ​ទូទាំង​ប្រទេស​។

    សមត្ថកិច្ច​ថៃ​អះអាង​ថា មូលហេតុ​នៃ​ការ​រឹត​បន្តឹង​នេះ​គឺ​ដើម្បីការ​ពារ​ការ​ងារ​សម្រាប់​ពលរដ្ឋ​ថៃ​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ពលករ​បរទេស​។

    បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​ការ​ងារ​នេះ​ អាជ្ញាធរ​ថៃ​បាន​ត្រួត​ពិនិត្យ​ជន​បរទេស​ជាង 300,000 នាក់​ ក្នុង​នោះ​បាន​រក​ឃើញ​ជាង 1,600 នាក់​ ជា​ពលករ​ខុស​ច្បាប់​។

    យោង​តាម​គោលការណ៍ច្បាប់​ប្រទេស​នេះ ពលករខុស​ច្បាប់​នឹង​ត្រូវ​បាន​ពិន័យ​ពី 5,000 ដល់ 50,000 បាត​ និង​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ ហាម​ចូល​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​ឆ្នាំ​។

    ចំណែក​និយោជកដែល​ប្រើ​ប្រាស់​ពលករ​បរទេស​ខុស​ច្បាប់​ នឹង​ត្រូវ​ពិន័យ​ពី 10,000 ដល់ 100,000 បាត។ នៅ​ពេល​រំលោភ​ច្បាប់​នេះ​ពីរ​ដង នឹង​ត្រូវ​ដាក់​ពន្ធនាគារ​មិន​លើស​ពី​មួយ​ឆ្នាំ​ ហើយ​ត្រូវ​បង់ប្រាក់​ពិន័យ​ពី 50,000 ដល់ 200,000 បាត/ពលករ​ម្នាក់​ និង​ហាម​ប្រើ​ប្រាស់​ពលករ​បរទេស​បីឆ្នាំ​។

  • CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ចិន​ Xiaomi នា​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា គោល​ដៅ​របស់លោក​សម្រាប់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ គឺ​វា​នឹង​ជា «រថយន្ត​ស្អាត​បំផុត​ ងាយ​ស្រួល​បើកបរ​បំផុត និង​ឆ្លាត​វៃបំផុត» ហើយ​មាន​តម្លៃ​ក្រោម​ 69,424 ដុល្លារ​អាម៉េរិក​។

    នៅ​ថ្ងៃ​ទី​ 28 ខាង​មុខ Xiaomi នឹង​ប្រកាស​តម្លៃ​​ជា​ផ្លូវ​ការ​ ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​រថយន្ត​អគ្គិសនី SU7។

    លោក Lei Jun ដែល​ជា​ CEO របស់ Xiaomi បាន​អួត​ថា SU7 មាន​បច្ចេកវិទ្យា​ដែល​អាច​បង្កើន​ល្បឿន​បាន​ល្អ​ជាង​រថយន្ត​អគ្គិសនី​ Tesla របស់​អាម៉េរិក និង Porsche របស់​អាល្លឺម៉ង់​ទៅ​ទៀត​។

  • ស្ថានីយ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក មិន​អាច​ «រស់» ឡើងវិញ

    ស្ថានីយ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក មិន​អាច​ «រស់» ឡើងវិញ

    ស្ថានីយ​ចុះ​ចត​ឯកជន​ដំបូង​ដែល​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ «ដេក» អស់ជាច្រើន​សប្ដាហ៍​នៅ​ក្នុង​ស្បៃ​រាត្រី​នៃ​ឋាន​រណប​មួយ​នេះ​។

    ក្រុម​ហ៊ុន Intuitive Machines នៅ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 23 មីនា បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​ Odysseus មិនបញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី​ បើ​ទោះ​តាម​ការ​គ្រោង​ទុក ផ្ទាំង​សូឡា​របស់​វា​នឹង​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់​ ដើម្បី​បើក​វិទ្យុ​។

    Odysseus បាន​ចុះ​ចត​ប្រកប​ដោយ​ភាព​ប្រថុយ​ប្រថាន​កាល​ពី​ថ្ងៃទី 22 កុម្ភៈ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើការ​ពិសោធ​មួយ​ចំនួន និង​បញ្ជូន​រូប​ថត​មក​កាន់​ផែនដី មុន​ពេល​ក្រុម​អ្នកគ្រប់​គ្រង​សម្រេច​ចិត្ត​បញ្ចប់​បេសក​កម្ម​ ក្រោយ​រយៈ​ពេល​មួយ​សប្ដាហ៍​ នៅ​ពេល​វា​បាន​ឆ្លង​កាត់​រាត្រី​ព្រះ​ចន្ទ​ច្រើន​សប្ដាហ៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AFP។

  • ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។

    យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។

    ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។

    យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។

    នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

  • វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។

    យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។

    រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។

    ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 សូវៀត (បច្ចុប្បន្ន​ជា​ រុស្ស៊ី) បាន​ជួយ​ស្ដារ និង​ពង្រីក​រោង​ចក្រ​រ៉េអាក់ទ័រ​ដាឡាត​នេះ​។ មក​ដល់​ឆ្នាំ 1984 រោង​ចក្រ​រ៉េអាក់ទ័រ​ដែល​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ខ្ពស់​ជាង​ទ្វេ​ដង បើធៀប​នឹង​អានុភាព​មុន​នោះ​របស់​ TRIGA។

  • អាម៉េរិកវះកាត់​ដាក់​តម្រង​នោម​ជ្រូក​ឱ្យ​មនុស្ស​កំពុង​មាន​ជីវិត​ជា​លើក​ដំបូង

    អាម៉េរិកវះកាត់​ដាក់​តម្រង​នោម​ជ្រូក​ឱ្យ​មនុស្ស​កំពុង​មាន​ជីវិត​ជា​លើក​ដំបូង

    ក្រុមវេជ្ជបណ្ឌិតនៅ​មន្ទីរពេទ្យ Massachusetts សហរដ្ឋ​អាម៉េរិក​ ទើបតែ​បាន​វះកាត់​​ ​ដាក់​តម្រង​​នោម​​ជ្រូក​ឱ្យ​អ្នក​ជំងឺ​ម្នាក់​ដែល​នៅ​មាន​ជីវិត​។

    យោង​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃទី 21 មីនា ក្រុម​វេជ្ជបណ្ឌិត​ខាងលើ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​តម្រង​នោម​នេះ​។ ការ​វះកាត់​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 16 ខែមីនា និង​អូស​បន្លាយពេល​ 4 ម៉ោង​។

    តាម​ការ​ប្រកាស​ពី​មន្ទីរពេទ្យ Massachusetts អ្នក​ជំងឺ​ដែល​មាន​អាយុ 62 ឆ្នាំ និង​មាន​ឈ្មោះ​ថា Richard Slayman កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ហើយ​គ្រោង​នឹង​ចេញ​ពី​ពេទ្យ​ឆាប់ៗ​នេះ​។

  • អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។

    ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។

    កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។

    កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

  • បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។

    ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។

    ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។

    Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។

    ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។

    យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​​របស់​សហរដ្ឋ​អាម៉េរិក និង​ដៃគូ​សហការ​អន្តរជាតិ​។

  • BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។

    រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។

    កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។

    ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

  • Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Shell កំពុង​រក​វិធី​បិទ​ទ្វារស្ថានីយលក់​រាយ​​ប្រេង​សាំង​រហូត​ដល់ 1,000 កន្លែង​ ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​ ដើម្បី​ងាក​ទៅ​រក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ពិភព​លោក​កំពុង​នាំ​គ្នា​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។

    នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន ក្រុម​ហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​បិទ​ទ្វារ​ទីតាំង​លក់​រាយ​ប្រេង​សាំង​ចំនួន 500 កន្លែង​/ឆ្នាំ សម្រាប់​ឆ្នាំ 2024 និង​ 2025​។ ជំនួស​មក​វិញ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ហើយ​សង្ឃឹម​ថា ចំនួន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​កើន​ដល់​ 200,000 កន្លែង​នៅ​ក្នុង​ឆ្នាំ 2030​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 54,000 កន្លែង​ នា​បច្ចុប្បន្ន​។

    Shell ក៏​កំពុង​តែ​មាន​ផែនការ​វិនិយោគ​ពី 10 ទៅ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ក្នុង​បណ្ដា​គម្រោងដែល​​បំភាយ​ឧស្ម័ន​កាបូន​កម្រិត​ទាប​ផងដែរ​។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​បញ្ចូល​ថាមពល​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ហៅ​ថា Supercharger គឺ​ Tesla ដោយ​រួម​ចំណែក​រហូត​ដល់ 61.7% នៃ​បណ្ដា​ញ​សាក​ថ្ម​ EV នៅ​លើ​ទឹក​ដី​នេះ​ ខណៈ​ដែល​ ​Shell Recharge របស់ក្រុម​ហ៊ុន​អង់គ្លេស​នៅ​សហរដ្ឋ​អាម៉េរិកវិញ មាន​ចំណែក​ប្រមាណ 1.7% ប៉ុណ្ណោះ​ នៅ​ក្នុង​វិស័យ​នេះ​។