Author: សឿន សំណាង

  • យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    (ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។

    ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។

    Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន Eco-Runner។

    កំណត់ត្រា​មុន​នោះ​គឺ​ល្បឿន 2,056 គីឡូម៉ែត្រ/ម៉ោង ​ត្រូវបាន​បំបែក​កាលពី​ថ្ងៃទី 25 មិថុនា ប៉ុន្តែ​នៅសល់​ឥន្ធនៈ។ ដូច្នេះ Eco-Runner XIII ក៏​បន្ត​រត់។ យាន​នេះ​បាន​ឈប់​នៅ​ម៉ោង 08 និង 26 នាទី ថ្ងៃទី 26 មិថុនា (ម៉ោង​ក្នុង​តំបន់) ដោយ​រត់​បាន​ចម្ងាយ 2,488.48 គីឡូម៉ែត្រ ប្រើប្រាស់​អ៊ីដ្រូសែន​អស់ 950 ក្រាម ហើយ​ក៏​បង្កើតបាន​កំណត់ត្រា​ថ្មី៕

  • បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    (ប្រទេស​ចិន) – បណ្ដុំ​អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ម៉ែត្រ នៅ​ទីក្រុង Shenzhen ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​ការដំឡើង​ជា​ម៉ូឌុល។

    អគារ​ម៉ូឌុល​គឺជា​ស្ថាបត្យកម្ម​សំណង់​ដំឡើង​ពី​បណ្ដុំ​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​គេ​ចាក់ពុម្ព​រួចរាល់​នៅ​រោងចក្រ ហើយ​ដឹក​យកមក​ផ្គុំ ជំនួស​ឱ្យ​ការសាងសង់​នៅនឹងកន្លែង​ដូច​សព្វថ្ងៃ។

    អគារ​ស្នាក់នៅ​ចំនួន​ប្រាំ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ត្រូវបាន​ដំឡើង​ជា​រូបរាង​ពី​ម៉ូឌុល​ស្ដង់ដា​ជាង 6,000 ដុំ។ បណ្ដា​ម៉ូឌុល​ត្រូវបាន​យកមក​ដំឡើង​នៅពេល​បណ្ដាញ​អគ្គិសនី និង​ផ្នែក​នានា​នៅ​ខាងក្នុង​ត្រូវបានធ្វើ​រួចរាល់។

    វិធីសាស្ត្រ​សាងសង់​ខាងលើ​ត្រូវបាន​វាយតម្លៃថា សន្សំសំចៃ​ពេល ប្រាក់កាស និង​បំ​ភាយ​ឧស្ម័ន​ពុល​ក្នុង​កម្រិត​ទាប។

    «តាម​ការ​គណនា​ជាបឋម​របស់​យើង ការសាងសង់​ដោយ​ម៉ូឌុល​អាចជួយ​កាត់បន្ថយ​សំណល់​សំណង់​បាន 75%» លោក Cen Yan មន្ត្រី​នៅ​ស្ថាប័ន​សំណង់ និង​ផ្ទះ​ស្នាក់នៅ​របស់​ទីក្រុង Shenzhen ឱ្យដឹង​ដូច្នេះ៕

  • ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

    ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

    គ្រប់គ្នា​សុទ្ធតែ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុងអំឡុងពេល​តែមួយ តែ​គិត​ចុះ​គិត​ឡើង​ឃើញថា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​​ទាំងនោះ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ប្រាកដ​ជាមាន នោះ​គឺ «រៀប​ផែនការ…»។

    ការមិន​បាន​រៀប​ផែនការ​សម្រាប់​ការអនុវត្ត​គឺជា​កំហុស​ដ៏​ធំ ហើយ​ការដាក់​គោលដៅ​ខ្ពស់​ពេក​ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ច្របូកច្របល់ និង​ឆាប់​អស់សង្ឃឹម។ ចុងក្រោយ មិនដឹង​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សាកល្បង​បែងចែក​គោលដៅនីមួយៗឱ្យដាច់​ដោយឡែក​ពីគ្នា និង​អនុវត្ត​ទៅតាម​កាល​វេលា​ជាក់លាក់ និង​ទៀងទាត់។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅធំៗចំនួន​បី​ដែល​ត្រូវតែ​ធ្វើឱ្យបាន​រៀងរាល់​សប្ដាហ៍ រួមមាន សម្រក​ទម្ងន់ រៀន​ជំនាញ​ថ្មី និង​អាន​សៀវភៅ។ ដូច្នេះ​អ្នក​គួរ​កំណត់ថា ថ្ងៃ​ចន្ទ ពុធ សុក្រ ត្រូវ​ហាត់ប្រាណ ខណៈដែល​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​រៀន​ជំនាញ និង​ចុង​សប្ដាហ៍​អាន​សៀវភៅ។

    បន្ទាប់ពី​ចេញពី​ធ្វើការ អ្នកណា​ក៏​អស់កម្លាំង​ខ្លាំង ដូច្នេះ​ការរៀប និង​អនុវត្តតាម​ផែនការ តាម​កាលវិភាគ​ឱ្យបាន​​ច្បាស់លាស់ និង​ម៉ឺងម៉ាត់ គឺជា​រឿង​សំខាន់។ ធ្វើបាន​ដូច្នេះ អ្នក​ប្រាកដជា​សម្រេចបាន​គោលដៅ​ដោយ​មិនមាន​ការលំបាក​ខ្លាំង៕

  • ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។

    នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។

    បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), Larry Ellison (40.8 ពាន់​លាន​ដុល្លារ) និង Bernard Arnault (38.2 ពាន់​លាន​ដុល្លារ)។

    មូលហេតុ​ចម្បង​ដែល​បាន​ជួយ​ឱ្យ​ក្រុម​មហាសេដ្ឋី​ខាងលើ​រកបាន​ប្រាក់​ច្រើន និង​រហ័ស​ជាងគេ គឺ​មកពីផ្សារ​ហ៊ុន​ងើបឡើងវិញ នៅពេល​អ្នកវិនិយោគ​លែង​ខ្វល់​អំពី​ផលប៉ះពាល់​ពី​ការដំឡើង​ការប្រាក់​របស់​បណ្ដា​ធនាគារជាតិ ក៏ដូចជា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក៕

  • ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

    ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

    (សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។

    កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។

    មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG ពីរ​ឆ្នាំ មុនពេល​ទៅ​ទាត់​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami។

    បើទោះជា​មិន​លេង​ឱ្យ​ក្លឹប Barca ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង ប៉ុន្តែ Messi នៅតែ​ទទួលបាន​ប្រាក់ខែ​ពី​ក្លឹប​នេះ។ «យើង​នៅសល់​ខ្ទង់​ប្រាក់​ដែល​មិនទាន់​ទូទាត់​ជូន Messi ដែល​ត្រូវ​សង​រហូតដល់​ឆ្នាំ 2025» លោក​ Laporta ប្រាប់​ទំព័រ La Vanguardia ដូច្នេះ។ លោក​បន្តថា «អ្វីដែល​នៅ​ជំពាក់​ គឺ​ការពន្យារពេល​ទូទាត់​ប្រាក់បៀវត្សរ៍​ដែល​បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​ក្រុមប្រឹក្សាភិបាល​មុន​នោះ ហើយ​ប្រការនេះ​បាន​បង្កើតឱ្យមាន​ខ្ទង់​បំណុល​មិនទាន់​ទូទាត់​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025»៕

  • នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

    នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

    អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។

    លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។

    «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។

    វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។

    យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។

    លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ លោក​ធ្លាប់បាន​ដឹកនាំ​ភ្ញៀវ​ចុះ​ទៅ​មើល Titanic ជាច្រើនលើក​ផងដែរ។ ប៉ុន្តែ លោក​បាន​ប្រើប្រាស់​នាវាមុជទឹក​ដែល​អាច​មុជ​ជ្រៅ​ជាង 5,900 ម៉ែត្រ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​ដឹកជញ្ជូន​តាម​សមុទ្រ DNV។

    Rob McCallum គឺជា​មនុស្ស​ទី​ពីរ​ដែល​បាន​និយាយថា នាវា Titan បា​នរក​វិធី​ងើបឡើង​មុនពេល​ជួប​គ្រោះថ្នាក់។ មុន​នោះ លោក James Cameron អ្នកដឹកនាំ​សម្ដែង​របស់​ខ្សែភាពយន្ត Titanic ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​មុជចូល​​​សមុទ្រ ក៏បាន​និយាយ​ដូច​លោក Rob McCallum​។

    នាវា Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 បន្ទាប់ពី​មុជ​ចូល​សមុទ្រ​បាន​ប្រហែល​ជិត​ពីរ​ម៉ោង នៅក្នុង​ដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតក្នុង​ជម្រៅ 3,800 ម៉ែត្រ។

    សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​មូលហេតុ​ដើម​ដែល​បាន​នាំឱ្យ​នាវាមុជទឹក Titan ជួប​គ្រោះថ្នាក់។ ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan មិនទាន់មាន​ការឆ្លើយ​តប​អ្វី​នៅឡើយ​ បន្ទាប់ពី​មានការ​ប្រកាស​របស់លោក Rob McCallum៕

  • Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។

    យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។

    ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។

    រថយន្ត​ Ford Explorer អគ្គិសនី​

    Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

  • ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។

    ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ?

    ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។

    ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។

    ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។

    ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។

    ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

  • បាតុភូត «ព្រះចន្ទ​យក្ស» ដំបូង​របស់​ឆ្នាំ 2023 កើត​ឡើង​នៅ​យប់​នេះ

    បាតុភូត «ព្រះចន្ទ​យក្ស» ដំបូង​របស់​ឆ្នាំ 2023 កើត​ឡើង​នៅ​យប់​នេះ

    ព្រះចន្ទ​ដែល​មាន​រូប​រាង​ធំ​ជាង​គេ​ដំបូងក្នុង​ឆ្នាំ 2023 គឺ​ស្ថិត​ក្នុង​ចំណោម​​ព្រះចន្ទ​ធំ​ៗ​ជាង​គេ​ដែល​នឹង​កើត​ឡើង​ក្នុង​ខែ​កក្កដា សីហា និង​កញ្ញា​ឆ្នាំ​ 2023​។

    ​«ព្រះចន្ទ​យក្ស» នៅ​ថ្ងៃទី 03 ខែ​កក្កដា​នេះ ​គឺជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​នឹង​ធំជាង​ធម្មតា​រហូត​ដល់ 30% និង​ភ្លឺ​ជាង​ធម្មតា 14% នៅ​ពេល​មើល​ពី​ផែនដី​។ ក៏ប៉ុន្តែ ភាព​ខុស​គ្នា​នេះ​តែង​ពិបាក​ដឹង​បាន​ដោយ​មើល​នឹង​ភ្នែក​ទទេ​ លើក​លែង​តែ​អ្នក​មើល​ព្រះ​ចន្ទ​ច្រើន​យប់​ជា​បន្ត​បន្ទាប់​។ នេះ​បើ​តាម​ទំព័រ Space។

    បាតុភូត «ព្រះចន្ទ​យក្ស» គឺជា​លទ្ធផល​ដែល​កើត​ឡើង​នៅ​ពេល​ព្រះចន្ទ​គោចរ​ចូល​ក្បែរ​ផែនដី​ជាងធម្មតា​នៅ​ក្នុង​ពេល​ព្រះ​ចន្ទ​ពេញ​បូណ៌មី។ មន្ត្រី​របស់​ណាសា​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ថ្ងៃ​នេះ​ព្រះចន្ទ​ស្ថិត​នៅ​​ចម្ងាយ​ពី​ផែនដី​ 361,934 គីឡូ​ម៉ែត្រ ជិត​ជាង​ធៀប​នឹង​ចម្ងាយ​ធម្យម​ 382,900 គីឡូម៉ែត្រ​។

    «ព្រះចន្ទ​យក្ស» កើត​ឡើង​ដោយ​សារ​តែ​គន្លង​គោចរ​របស់​ព្រះចន្ទ​ជុំ​វិញ​ផែនដី​មិន​មែន​មូល​ឥតខ្ចោះ​។ ដោយ​សារ​តែ​ទំនាញ​ផែនដី គន្លង​គោចរ​របស់​ព្រះចន្ទ​មាន​រូប​រាង​ស្រដៀង​ពង​ក្រពើ នេះ​មាន​ន័យ​ថា អំឡុង​ខែ​ខ្លះ​ព្រះចន្ទ​នៅ​ជិត​ផែនដី និង​ខែ​ខ្លះ​ទៀត​នៅ​ឆ្ងាយ​ពី​ផែនដី​។ ពេល​បាតុ​ភូត​ «ព្រះចន្ទ​យក្ស» កើត​ឡើង​ ក៏​ជា​ពេល​ដែល​ព្រះ​ចន្ទ​ពេញ​វង់ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​​​ជាង​ធម្មតា​។

    ក្រោយ​ខែ​កក្កដា បាតុភូម​ខាងលើ​នឹង​កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ថ្ងៃទី 01 សីហា​, 30 សីហា និង 28 កញ្ញា​ ឆ្នាំ 2023​។ ចំណែក​ឆ្នាំ 2024 វិញ «ព្រះចន្ទ​យក្ស» នឹង​កើត​ឡើង​តែ​ពីរ​លើក​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី 18 កញ្ញា និង 18 តុលា៕

  • ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    (ប្រទេស​ថៃ) – បន្ទាប់ពីបាន​​ផ្ដួល​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជម្រើសជាតិ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ដោយ​ការ​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់ U17 ទ្វីបអាស៊ីលើក​ទី​បួន​។

    ថ្វីបើ​ត្រូវបាន​វាយតម្លៃថា មាន​សមត្ថភាព​ទាប​ជាង ប៉ុន្តែ​កូរ៉េខាងត្បូង​​លេង​ដោយ​ភាពម្ចាស់ការ និង​គ្រប់គ្រង​បាល់​បានល្អ បន្ទាប់ពី​សំឡេង​ក​ញ្ចែ​​ចាប់ផ្ដើម​ការប្រកួត។

    រហូតដល់​ចុង​តង់​ទីមួយ ទើប​ជប៉ុន​ដណ្ដើមបាន​ប្រៀប​ក្នុងការ​ប្រកួត។ របត់​សំខាន់​បានកើត​ឡើង​នៅ​នាទី​ទី 43 នៅពេល Ko Jong Huyn ទទួលបាន​កាត​លឿង​ទី​ពីរ បន្ទាប់ពី​បាន​បង្កកំហុស​លើ​កីឡាករ​ជប៉ុន។ ដោយសារ​ចំនួន​កីឡាករ​មិន​ស្មើគ្នា ក្រុម​ជប៉ុន​ក៏មាន​ប្រៀប​ជាង​ឆ្ងាយ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

    ការទា​ត់បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​របស់ Nawata ក្រោយ​ពីកីឡាករ​​ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​កាត​ក្រហម គឺ​ជា​របត់​ដែល​ហាក់​បាន «កម្ទេច» អស់​ក្ដីសង្ឃឹម​របស់​ក្រុម​កូរ៉េខាងត្បូង។ ចូលដល់​តង់​ទី​ពីរ ជប៉ុន​ក៏បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​លើ​ទី​របស់​គូប្រកួត​ជា​បន្តបន្ទាប់។

    នាទី​ទី 67 Nawata ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម និង​បាន​យកឈ្នះ​លើ​អ្នកចាំទី​កូរ៉េខាងត្បូង ជួយ​ឱ្យ​ជប៉ុន​នាំមុខ 2-0។ ក្នុង​នាទី​ថែម​ម៉ោង Michiwaki រកបាន​មួយ​គ្រាប់ ជួយ​ឱ្យ​ជប៉ុន​ឈ្នះ 3-0។

    ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ដណ្ដើមបាន​តំណែង​ជើងឯកលើក​ទីបួន​នៅ​ U17 ទ្វីបអាស៊ី​ ក្រោយពី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង 19 លើក រាប់​ចាប់ពី​ឆ្នាំ 1985។ U17 ជប៉ុន ដណ្ដើមបាន​តំណែង​នេះ​ក្នុង​ឆ្នាំ 1994, 2006, 2018 និង 2023។ U17 ទ្វីបអាស៊ី​ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ថៃ។