Author: សឿន សំណាង

  • COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    កម្មករ​ចំនួន 890​នាក់ ស្មើ​នឹង​40​% នៃ​កម្មករ​សរុប​នៅក្នុង​រោង​ចក្រ​កែ​ច្នៃ​​សាច់​ជ្រូក​ Tyson Food ក្នុង​រដ្ឋ​ Indiana វិជ្ជ​មាន​ជាមួយ​វីរុសCOVID-19។

    Sernity Alter ដែល​ជា​ប្រធានមន្ទីរ​សុខាភិបាល​​​​ស្រុក​ Cass នៃ​រដ្ឋ Indiana របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ដែល​បាន​ឆ្លង​វីរុស​​ ក៏​មាន​កម្មករ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​រោង​ចក្រ​កែ​ច្នៃ​សាច់​ជ្រូក​របស់​ក្រុម​ហ៊ុន Tyson Food ក្នុង​ទីក្រុង​ Logansport កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ រោង​ចក្រ​នេះ​បាន​ផ្អាក​ដំណើរ​ការ​តាំង​ពី​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​។

    Hli Yang ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ Tyson Food បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​របស់​ខ្លួន​នៅ​ Logansport មាន​កម្មករ​​ចំនួន​2,200​នាក់ ប៉ុន្តែ​អ្នក​នាំ​ពាក្យរូប​នេះ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ទី​នេះ​នោះ​ទេ​។

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​អាមេរិក​ បាន​ឆ្លង​វីរុស
    លោក John H.Tyson​ ប្រធាន​ក្រុម​ហ៊ុន Tyson Food

    ប្រធាន​ក្រុម​ហ៊ុន Tyson Food លោក John H.Tyson ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​ 2.1​ពាន់​លាន​ដុល្លារ​ ​កាល​ពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា “បណ្ដាញ់​ផ្គត់​ផ្គង់​អាហារ​​របស់​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​បំផ្លាញ​”។ លោក​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃកង្វះ​សាច់​​ដើម្បី​ផ្គត់​ផ្គង់​​ទីផ្សារ​ ព្រោះ​តែ​វីរុស​COVID-19។ ដោយ​សារ​បញ្ហា​នេះ កាល​ពី​ថ្ងៃទី​28​មេសា​ លោក​ប្រធានាធិបតី​ Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​យោង​ទៅ​លើ​ច្បាប់​ផលិតកម្មការពារជាតិ​ ដែល​បង្ខំ​ឱ្យ​រោង​ចក្រ​ផលិត​សាច់់​នានា បន្ត​ធ្វើ​សកម្ម​ភាព​​ដូច​ធម្មតា​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។

    “ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។

    មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។

    Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ ឈរ​លំដាប់​ទី​8​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​1,100​នាក់​បាន​បាត់​បង់ជីវិត​ ដែល​ភាគ​ច្រើន​នៅ​រដ្ឋ​ធានី​ម៉ូស្គូ និង​ទី​ក្រុង​ St. Petersburg។ ប្រទេស​នេះ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា ប្រមាណ​ជា​3.7​លាន​លើក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជាង​239,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជាង​239,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    សកល​លោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​239,000​នាក់​​នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជិត​3.4​លាន​នាក់ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ដក​បម្រាម​គោចរ​ ឬ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

    ទិន្ន​ន័យ​នៅ​លើ​ Worldometers ដែល​ជា​គេហ​ទំព័រ​ផ្ដល់​ស្ថិតិ​ទាន់​ហេតុ​ការណ៍​​​ស្ដី​អំពី​​តួលេខ​អ្នក​ជំងឺ​COVID-19 បង្ហាញ​ថា​ នៅ​ទូទាំង​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​ជា3,395,780​​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​239,350​នាក់​បាន​ស្លាប់​ដោយ​សារ​​វីរុស​នេះ​។ អ្នក​ជំងឺ​កើន​146,113​នាក់ និង​អ្នក​ស្លាប់​កើន​6,414​នាក់ បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​1,079,557​នាក់​។

    នៅ​ទ្វីប​អឺរ៉ុប តួលេខ​នៃ​អ្នក​ជំងឺ​COVID-19 បាន​ឡើង​ដល់​ 1,399,063​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​​1,226,668​នាក់​ ទ្វីប​អាស៊ី​មាន​​533,842​នាក់ អាមេរិក​ខាង​ត្បូង​មាន​​190,099​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​តិច​ជាង​គេ​ គឺ​​41,537​នាក់​។

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​20,000​នាក់ រួម​មាន​5​ប្រទេស​​៖

    1.សហរដ្ឋ​អាមេរិក​​៖ អ្នក​ស្លាប់​សរុប​ 65,753​នាក់​ និង​អ្នក​ជំងឺ​សរុប​ 1,131,030​នាក់​។
    2.អ៊ីតាលី​៖ អ្នក​ស្លាប់​សរុប​ 28,236​នាក់ និង​អ្នក​ជំងឺ​សរុប​ 207,428​នាក់​។
    3.អង់គ្លេស​៖ អ្នក​ស្លាប់​សរុប​ 27,510​នាក់ និង​អ្នកជំងឺ​សរុប​ 177,454​នាក់់។
    4.អេស្ប៉ាញ​៖ ​អ្នក​ស្លាប់​សរុប​ 24,824នាក់ និង​អ្នក​ជំងឺ​សុរប​ 242,988​នាក់
    5.បារាំង៖ អ្នក​ស្លាប់​សរុប​ 24,594​​នាក់ និង​អ្នក​ជំងឺ​សរុប​ 167,346នាក់​

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • Kim Jong-un បង្ហាញ​ខ្លួន​

    Kim Jong-un បង្ហាញ​ខ្លួន​

    បន្ទាប់​ពី​បាន​បាត់​ខ្លួន​រយៈ​ពេល​20​ថ្ងៃ និង​បាន​ធ្វើ​ឱ្យ​ពិភពលោក​រំជើប​រំជួល ចុង​ក្រោយ​ លោក​ Kim Jong-un ក៏​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ពោធបើក​​ដំណើរ​ការ​រោង​ចក្រ​ផលិត​ជីមួយ​ កាលពី​ម្សិល​មិញ (1ឧសភា)។

    មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក Kim Jong-un បាន​កាត់​ខ្សែបូក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ជី​ Sunchon ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចម្ងាយ​​50​គម​ទៅ​ទិស​ខាង​ជើងនៃ​​រដ្ឋធានី​ព្យុង​យ៉ាង​ ក្នុង​ថ្ងៃ​ពលកម្ម​អន្តរ​ជាតិ​ 1ឧសភា​។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNA បាន​រាយ​ការណ៍​ក្នុង​ថ្ងៃ​នេះ​ (2ឧសភា)​ថា អ្នក​ដែល​មាន​វត្តមាន​ទាំង​អស់ បាន​នាំ​គ្នា​ស្រែក​កញ្ជ្រៀវ នៅ​ពេល​លោក​ Kim Jong-un បាន​បង្ហាញ​ខ្លួន​។ មេដឹកនាំ​កូរ៉េខាង​ជើង​ ក៏​បាន​ធ្វើ​ទស្សនកិច្ច​​រោង​ចក្រ​នេះ និង​ត្រូវ​បាន​ “​ណែនាំ​ទ្រួស​ៗ​អំពី​ដំណើរ​ការ​នៃ​ការ​ផលិត​ផងដែរ​។

    KCNA បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​មន្ត្រី​ដែល​បាន​អម​ដំណើរ​លោក Kim Jong-un ចូល​រួម​ពិធី​សម្ពោធ​នេះ ក៏​មាន​វត្តមាន​​​ប្អូន​ស្រី​របស់​លោក​ គឺ​លោក​ស្រី​ Kim Yo-jong ផងដែរ​។ មេដឹក​នាំ​រួម​នេះ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ជាមួយ​នឹង​រោង​ចក្រ​ផលិត​ជី​មួយ​នេះ។

    កូរ៉េខាង​ជើង​​គឺជា​ប្រទេស​អាថ៌កំបាំង​បំផុត​នៅ​លើ​ភព​ផែន​ដី ដោយ​ពិភពលោក​​អាច​តាម​ដាន​ព័ត៌មាន​អំពី​មេដឹក​នាំ​ប្រទេស​នេះតាម​រយៈ​សារ​ព័ត៌​មាន​របស់​រដ្ឋ​កូរ៉េខាង​ជើង​តែ​ប៉ុណ្ណោះ​។

    នេះ​គឺជា​លើក​ដំបូង​ហើយដែល​លោក Kim Jong-un បាន​បង្ហាញវត្តមាន​ បន្ទាប់​ពី​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​20​ថ្ងៃ​។ ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​បាន​កើត​ឡើង​​ ទាក់​ទិន​នឹង​សុខ​ភាពរបស់​លោក​ Kim Jong-un​​ ដោយ​សារ​តែ​​អវត្ត​មាន​របស់​លោក​ ក្នុង​នោះ​មាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ជា​ច្រើន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺ​បេះ​ដូង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទិវាពលកម្ម​អន្តរ​ជាតិ​សម័យ​ COVID-19

    ទិវាពលកម្ម​អន្តរ​ជាតិ​សម័យ​ COVID-19

    ថ្ងៃទី​1ឧសភា គឺជា​ឱកាស​មួយ​ដែល​តែង​តែ​មាន​បាតុកម្ម​ និង​ព្រឹត្តិ​ការណ៍​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ពាស​ពេញ​ពិភពលោក​ ប៉ុន្តែ​ឆ្នាំ​នេះ ប្រទេស​មួយ​ចំនួន​ត្រូវ​ប្រើ​វិធីច្នៃ​ប្រឌិត​ថ្មី​ដើម្បី​ជំនួស​សកម្ម​ភាព​នៃ​ឆ្នាំ​មុន​ៗ។

    COVID-19 បាន​ធ្វើ​ឱ្យ​មាន​វិបត្តិ​សុខ​ភាព​ និង​វិបត្តិ​សេដ្ឋ​កិច្ច​​​កើត​ឡើង​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​លាន​នាក់​រង​ផល​ប៉ះពាល់​។ ដើម្បី​គោរព​ទៅ​តាម​បម្រាម​គោចរ​ ឬ​បទ​បញ្ជា​រឹត​ត្បិត​ការ​ដើរ​ហើរ ក្រុម​មេដឹក​នាំ​សហជីព​បាន​ជ្រើស​រើស​​វិធី​ប្រារព្ធ​ព្រឹត្តិ​ការណ៍​ទិវា​ពល​កម្ម​អន្តរ​ជាតិតាម​អនឡាញ​ ឬ​ពន្យារ​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​។

    បារាំង​៖ ប្រជា​ជន​បាន​ទទួល​អំណរ​ទិវា​ពលកម្ម​អន្តរ​ជាតិ​​នៅលើ​បណ្ដាញ​សង្គម និង​ស្រែក​ច្រៀង​​នៅ​តាម​វេរ៉ង់ដា​​​នៅ​ឯផ្ទះ​របស់​ពួក​គេ​ជាដើម​ ដោយ​មិន​បាន​ប្រារព្ធ​ពិធីជួប​ជុំ​គ្នា​​នៅ​តាម​ទីសាធារណៈ​នោះ​ទេ​។

    ប៉ូលីស​ប្រឆាំង​កុបកម្ម​នៅ​ទីក្រុង​ហុង​កុង​ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ

    ប្រទេស​ក្រិក​បាន​ស្នើ​ឱ្យ​ក្រុម​សហ​ជីពពន្យារ​ពេល​​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អន្តរ​ជាតិ​មួយ​នេះ​ជាង​មួយ​សប្ដាហ៍​ទៀត​ដើម្បី​ទប់ស្កាត់​ COVID-19។ សហជីព​ GSEE បាន​អំពាវ​នាវ​ឱ្យ​មាន​កូដកម្ម​ទូទាំង​ប្រទេស​នៅថ្ងៃទី​1ឧសភា ហើយ​ពួក​គេ​ក៏បាន​ស្នើ​ឱ្យ​មាន​កាយវិការ​អរគុណ​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​ផងដែរ​។

    ហ្វាំងឡង់​​តែង​តែ​ប្រារព្ធ​ពិធី​ជួប​ជុំ​រួម​​​ទ្រង់​ទ្រាយ​ធំ​យ៉ាង​សប្បាយ​​នៅ​ខាងក្រៅ​ផ្ទះ​​មុន​នឹង​មាន​ព្យុហយាត្រា​របស់​ក្រុម​សហជីព​។ ប៉ុន្តែ ឆ្នាំ​នេះ​មាន​តែ​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ជុំវិញ​រូប​សំណាក Manta នៅក្នុង​ទីលាន​ផ្សារ​ Helsinki ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​ប៉ូលីស។

    ចំណែក​នៅ​ឯទីក្រុង​ហុង​កុង​វិញ មនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហុង​កុង​នា​ថ្ងៃទី​1ឧសភា​នេះ​។ ប៉ុន្តែ អាជ្ញាធរ​ក្រុង​ហុង​កុង​បាន​ត្រៀម​កម្លាំង​​ប៉ូលីស​3,000​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក កាំភ្លើង​បាញ់​គ្រាប់​កៅស៊ូ និង​ឡាន​ទឹក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​បើ​សិន​ចាំបាច់​។ ហុង​កុង​កំពុង​តែ​ហាម​ការ​ជួប​ជុំ​មនុស្ស​លើស​ពី​4​នាក់​ដើម្បី​ទប់​ស្កាត់​COVID-19។

    ប៉ូលីស​អាល្លឺម៉ង់ នៅ​ក្នុង​ទិវាពលកម្ម​អន្តរ​ជាតិ​ឆ្នាំ​2020
    ប៉ូលីស​អាល្លឺម៉ង់ នៅ​ក្នុង​ទិវាពលកម្ម​អន្តរ​ជាតិ​ឆ្នាំ​2020

    នៅ​អាល្លឺម៉ង់ ក្រុម​ស្ដាំនិយម​ និង​ឆ្វេង​និយម​ នៅ​តែ​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​មាន​បាតុកម្ម​នៅ​ Berlin។ ប៉ុន្តែ មេដឹក​នាំ​របស់​ពួក​គេ​បាន​អំពាវនាវ​ឱ្យ​បាតុករ​រក្សា​គំលាត​ពី​គ្នា និង​ពាក់​ម៉ាស់​។ ប៉ុន្តែ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រទេស​នេះ​ស្នើ​ឱ្យ​ប៉ូលីស​​ការ​ពារ​ និង​បន្ត​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​វីរុស​COVID-19។

    ទិវាពលកម្មអន្ដរជាតិ​គឺជា​អ្វី?

    ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ (អង់គ្លេសហៅ​ថា International Labor Day) គឺជា​ថ្ងៃឈប់សម្រាកមួយ ​​​ដែល​ប្រទេសជាច្រើននៅ​​ទូទាំង​​​ពិភពលោក ប្រារព្ធ​ឡើងក្នុងគោលបំណង​​​​ដើម្បី រំឫក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ ដល់វីរភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករកម្មការិនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូ និងប្ដូរជីវិត​ដើម្បី​សិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្ធ​រៀងរាល់ឆ្នាំ នៅថ្ងៃទី1ឧសភា៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរ

    បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរ

    បាតុករ​រាប់​សិប​នាក់​ ក្នុង​នោះ​មាន​ទាំង​អ្នកកាន់​កាំភ្លើង​ក្នុង​ដៃផងដែរ​​ បាន​នាំ​គ្នា​ចូល​ទៅកាន់​វិមាន​សភា​របស់​រដ្ឋ Michigan នៃ​សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃទី​30មេសា​កន្លង​ទៅ​ ដើម្បី​ស្នើ​ឱ្យ​អភិបាល​រដ្ឋ​ដក​បម្រាម​គោចរ​។

    ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាល​រង់​ចាំ​នៃ​អាគារ​​សភា​នៅក្នុង​ទីក្រុង​​ Lansing ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ពាក់​ម៉ាស់​ ប៉ុន្តែ​មាន​បាតុ​ករ​មួយ​ចំនួន​បាន​យក​កន្សែង​បិទ​មុខ​។ ក្រុម​មន្ត្រី​នគរ​បាល​បាន​ឃាត់មិន​ឱ្យ​ក្រុម​បាតុករ​​​ចូល​ក្នុង​បន្ទប់​ប្រជុំ​។ បាតុករ​ខ្លះ​ ឈរ​នៅ​ខាងក្រៅ​ អ្នក​ខ្លះ​កាន់​បដា​ដែលមាន​សរសេរ​ខ្លឹម​សារប្រឆាំង​នឹង​បម្រាម​គោចរ​ ក្នុង​នោះ​ក៏​មាន​បដា​ខ្លះ​ ប្រៀប​ធៀប​អភិបាល​រដ្ឋ Michigan ទៅ​នឹង​មេដឹក​នាំ​ណាហ្ស៊ី Adolf Hitler​ ទៀត​ផង។

    សមាជិក​សភា​ជាន់ខ្ពស់នៃ​រដ្ឋ​ Michigan​ លោក​ស្រី Dayna Polehanki បាន​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ Twitter ថា “បុរស​មួយ​ចំនួន​កាន់​កាំភ្លើង​ក្នុង​ដៃ​ ស្រែក​ប្រឆាំង​យើង​ខ្ញុំ។ មិត្ត​រួម​ការ​ងារ​មួយ​ចំនួន​របស់​ខ្ញុំ ក៏​ត្រូវ​ពាក់​អាវក្រោះ​ការ​ពារ​គ្រាប់ទៀត​ផង​”។

    បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរបាតុកម្ម​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជនជាតិ​អាមេរិកាំង​ស្នេហា​ជាតិ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​សាមគ្គី​ដើម្បី​សេរី​ភាព​​របស់​រដ្ឋ​ Michigan។ ក្រុម​នេះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា “យើង​មិន​សុខ​ចិត្ត​ចំពោះ​ការ​​ដែល​សិទ្ធិ​មិន​អាច​ប្រកែក​បាន​របស់​យើង​ខ្ញុំ ត្រូវ​បាន​រឹត​ត្បិត​ ឬ​ដកហូត​ដោយ​ប្រការ​ណា​មួយ​​ រួម​ទាំង​ COVID-19​ ផងដែរ​”។

    ក្រុម​នេះ​សរសេរ​ទៀត​ថា “យើង​ខ្ញុំជឿ​ជាក់​ថា ជនជាតិ​អាមេរិកាំង​និយាយ​រួម និង​អ្នក​ស្រុក​ Michigan និយាយ​ដោយ​ឡែក​ គឺសុទ្ធ​តែ​មាន​សិទ្ធិ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​គ្រួ​សារ​ មាន​សិទ្ធិ​ដើរ​ហើរ​ មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​គ្នា​ជា​លក្ខណៈ​សាសនា​ មាន​សិទ្ធិ​ធ្វើបាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ និង​មាន​សិទ្ធិ​សម្រេច​លើបញ្ហា​សុខ​ភាព​របស់​ខ្លួន​”។

    បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរបាតុ​កម្ម​ខាងលើ​នេះ បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​ Michigan បាន​ចេញ​សាល​ក្រម​មួយ​ដែល​និយាយ​ថា សារាចរ​ណែនាំ​ឱ្យ​ពល​រដ្ឋ​នៅ​ក្នុង​ផ្ទះ​ចាប់​ពី​ថ្ងៃទី​24​មីនា​របស់​លោក​ស្រី​ Gretchen Whitmer ដែល​ជា​អភិបាល​រដ្ឋ​ Michigan គឺ​មិន​បំពាន​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ​។ កាល​ពី​ថ្ងៃទី​16​មេសា បាតុករ​ប្រមាណ​ជា​3,000​នាក់​ ក្នុងនោះ​មាន​អ្នក​ខ្លះ​យក​កាំភ្លើង​តាម​ខ្លួន បានប្រមូល​ផ្ដុំ​គ្នា​នៅ​ Lansing បណ្ដាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​​នៅ​ជុំ​វិញ​អាគារ​រដ្ឋ​សភា​។ មួយ​ថ្ងៃ​ក្រោយ​មក លោក​ Trum ក៏បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រុម​បាតុករ​នេះ​។

    សហរដ្ឋ​អាមេរិក​​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​​ជាង​1លាន​នាក់​ ក្នុង​នោះ​មាន​ជិត​64,000​នាក់​បាន​ស្លាប់​ និង​ប្រមាណជា​156,000​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋ​ Michigan មាន​អ្នក​ជំងឺ​ COVID-19 ជាង​3,500នាក់​បាន​បាត់​បង់​ជីវិត។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​233,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​233,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល មានមនុស្ស​​ជិត​233,000​នាក់​​បាន​ស្លាប់​ នៅ​ក្នុងចំណោម​​​អ្នក​ជំងឺ​COVID-19 សរុប​ជាង​3.2​លាន​នាក់​។​

    ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក មាន​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​3,249,667​នាក់ និង​អ្នក​បាត់​បង់ជីវិត​ដោយ​សារ​វីរុស​នេះ​ កើន​ដល់​232,936​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​61,748​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,759​នាក់​។ អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ មាន​ចំនួន​ជាង​1លាន​នាក់​។

    សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក គឺ​នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,067,289​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​62,870​នាក់​។ អ្នក​ជំងឺ​ថ្មី​កើន​29,763​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​កើន​​2,024​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ​។

    ប្រភព៖ សារ​ព័ត៌មានប​រទេស

  • Hot News! នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ឆ្លង​វីរុស​ COVID-19!

    Hot News! នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ឆ្លង​វីរុស​ COVID-19!

    នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី លោក Mikhail Mishustin បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​បង្ខាំ​ងខ្លួន​នៅ​ដាច់​ដោយ​ឡែក​។

    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin អាយុ​54​ឆ្នាំ បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​តែ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​អ្នក​ឡើង​មក​កាន់​តំណែង​ជំនួស​លោក​ផងដែរ​។

    “ខ្ញុំទើប​តែ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយនឹង​​វីរុស​COVID-19” នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ីមាន​ប្រសាសន៍​បែប​នេះ​​ នៅ​ក្នុងកិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​ Putin នៅ​ទីក្រុង​ម៉ូស្គូ កាល​ពីថ្ងៃទី​30​មេសា​។

    លោកនាយក​រដ្ឋ​មន្ត្រី​បន្ត​ថា “ខ្ញុំ​ត្រូវ​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ និង​ធ្វើតាម​ការ​ណែនាំ​របស់​ក្រុម​វេជ្ជបណ្ឌិត​ដើម្បី​ការ​ពារ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​”​។ លោក​ថ្លែង​ថា លោក​នឹងនៅ​តែ​​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​គ្រប់​គ្នា​។

    លោក Mikhail Mishustin ក៏បាន​ស្នើ​ឱ្យ​ឧបនាយក​រដ្ឋមន្ត្រី​ គឺ​លោក​ Andrei Belousov ឡើង​កាន់​តំណែង​ជំនួស​លោក​ផងដែរ​។

    អ្នកនាំ​ពាក្យ​ Vladimir Belyakov របស់​ Mishustin បាន​ឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​នោះឡើយ​។

    “បញ្ហា​ដែល​កើត​ឡើង​ជា​មួយ​លោក ក៏អាច​កើត​ឡើង​ជាមួយ​មនុស្ស​គ្រប់គ្នា​។ ខ្ញុំ​សង្ឃឹម​ថា លោក​នៅ​តែ​អាច​ធ្វើ​ការ​បាន និង​បន្ត​ចូល​រួម​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ច​ការ​របស់​រដ្ឋាភិបាល​” ប្រធានាធិបតី​រុស្ស៊ី លោក Putin មាន​ប្រសាសន៍​បែប​នេះ​ទៅកាន់​នាយក​រដ្ឋ​មន្ត្រី។

    លោក Mishustin គឺជា​មន្ត្រី​ជាន់​ខ្ពស់​ដំបូង​របស់​សហព័ន្ធ​រុស្ស៊ី​ ដែល​បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​​COVID-19 ខណៈ​ដែល​ប្រទេស​នេះ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជាង​100,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជាង​1,000​នាក់​បាន​បាត់​បង់ជីវិត​៕

  • មនុស្ស​រាប់​ពាន់​នាក់​នៅ​ New York ចូល​រួម​បុណ្យ​សព្វ​​អ្នក​ជំងឺ​ COVID-19

    មនុស្ស​រាប់​ពាន់​នាក់​នៅ​ New York ចូល​រួម​បុណ្យ​សព្វ​​អ្នក​ជំងឺ​ COVID-19

    អ្នក​នៅ​ទីក្រុង New York ​​រាប់​ពាន់​នាក់​បាន​ចូល​រួម​បុណ្យ​សព​របស់​បព្វជិតសាសនា​​យូដា​ម្នាក់ បើ​ទោះ​ជា​ទីក្រុង​នេះ​កំពុង​ស្ថិត​ក្នុង​បម្រាម​គោចរ​​ទប់​ស្កាត់​ COVID-19 ក៏ដោយ​ ធ្វើ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​ការ​។

    Dermot Shea ដែល​ជា​ស្នង​ការ​​នគរ​បាល​ទីក្រុង​ New York ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​29​មេសា​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​ Williamsburg ក្នុង​តំបន់ Brooklyn បាន​ប្រមូល​ផ្ដុំ​គ្នា​កាល​ពីយប់មុន​នោះ​ដើម្បី​ចូល​រួម​បុណ្យ​សព្វ​របស់​បព្វជិត​យូដា​ម្នាក់​ឈ្មោះ Chaim Mertz ដែល​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19។

    ថ្នាក់​ដឹក​នាំ​សាសនិក​​យូដា​មួយ​ក្រុម ​នៅ​មុន​ថ្ងៃ​បុណ្យ​សព្វ​ខាងលើ បាន​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​នគរ​បាល​អំពី​គម្រោង​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​តំបន់​នេះ​​ ដើម្បី​ជួយ​ឱ្យ​ពិធីបុណ្យ​សព​អាច​រក្សា​បាន​គំលាត​ពី​សង្គម​។ នេះ​បើ​តាម​ Mitchell Silber ដែល​ជា​ប្រធាន​ប្រតិបត្តិ​នៃ​អង្គ​ការ​ផ្ដួច​ផ្ដើម​ដើម្បី​សន្តិសុខ​សង្គម​ ជា​កម្មវិធី​ការ​ពារ​​បណ្ដា​អង្គ​ការ​សហគមន៍​​ជន​ជាតិ​ជ្វីហ្វ​ដែល​កាន់​សាសនា​យូដា​។ ប៉ុន្តែ ទាំង​សមត្ថកិច្ច​ ទាំង​ថ្នាក់​ដឹក​នាំ​អង្គ​ការ​នេះ​ នឹក​ស្មាន​មិន​ដល់​ថា ពិធី​បុណ្យ​សព​នេះ​មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​បែប​នេះ​សោះ​។

    នៅ​ចំពោះ​មុខ​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​បែប​នេះ ដែល​ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ពាក់​ម៉ាស់ អភិបាល​ក្រុង​ New York លោក Bill de Blasio ក៏ចេញ​បញ្ជា​ឱ្យ​ប៉ូលិស​បំបែក​ហ្វូង​មនុស្ស​។ បន្ទាប់​មក មាន​សមត្ថកិច្ច​យ៉ាង​ច្រើន​​ រួម​ជាមួយ​នឹង​រថយន្ត​ល្បាត ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីតាំង​បុណ្យ​សព​​ និង​បាន​អនុវត្ត​បទបញ្ជា​។

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់​ព័ន្ធ​នឹង​​ជន​ជាតិ​ជ្វីហ្វ(Jewish) និង​មនុស្ស​មួយចំនួន​ទៀត​ ដែល​ជា​អ្នក​ប្រតិបត្តិ​សាសនា​យូដា​ខាងលើ បាន​ចោទ​អភិបាល​ក្រុង​ New York ថា​ “រើស​អើង​ពូជ​សាសន៍​”។ ប៉ុន្តែ អភិបាល​ក្រុង New York ថា នេះ​គ្រាន់​តែ​ជា​ការទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​តែ​ប៉ុណ្ណោះ​។

    Jonathan Greenblatt ដែលជា​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ទប់​ស្កាត់​​ការ​បរិហាកេរ្តិ៍​ បាន​និយាយ​ថា ទីក្រុង​ New York គឺ​ជា​កន្លែងរស់​នៅ​​របស់​ជនជាតិ​ជ្វីហ្វ​​ជាង​1លាន​នាក់​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​

    ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​

    ក្រុម​ហ៊ុន​ថៃ Stark បាន​ជោគ​ជ័យ​ក្នុង​ការ​ទិញ​​ក្រុម​ហ៊ុន​ផលិត​ខ្សែកាប​ចំនួន​2​របស់​វៀត​ណាម​ ជាមួយ​នឹង​ទឹក​ប្រាក់​សរុប​ 240​លាន​ដុល្លារ​អាមេរិក។

    ក្រុម​ហ៊ុន​ផលិត​ខ្សែ​កាប​របស់​វៀត​ណាម​ដែលត្រូវ​បាន​​ក្រុម​ហ៊ុន​ថៃ​ Stark ទិញ​នេះ គឺ​ទី1 ក្រុម​ហ៊ុន​ Thipha Cable និង​ទី​2​គឺ​ក្រុម​ហ៊ុន​ Dovina។ ក្រុម​ហ៊ុន​ទាំង​2​នេះ​ត្រូវ​បាន​លក់​​ក្នុង​តម្លៃ​សរុប​ 240​លាន​ដុល្លារ។ ការ​ទិញ​ដូរ​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Phelps Dodge​ International (Thailand) Co Ltd ដែល​ជា​អ្នក​ផលិត​ខ្សែ​ភ្លើង​ និង​ខ្សែកាប​លំដាប់​កំពូល​នៅ​ប្រទេស​ថៃ​ និង​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Stark Corporation។

    ជាមួយ​នឹង​ការ​ព្រម​ព្រៀង​នេះ​ ក្រុ​មហ៊ុន​ Stark មាន​គោលដៅ​បង្កើន​ផលិតកម្ម​របស់​ខ្លួន ក៏ដូច​ជា​ពង្រីក​ទីផ្សារ​ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​ខ្សែកាប​​ ខ្សែ​ភ្លើង​នាំ​មុខ​គេ​ក្នុង​តំបន់​។

    Stark Corporation បាន​ឱ្យ​ដឹង​ថា “វិស័យ​ជំនួញ​ជា​រួម និង​គោល​ដៅ​របស់​ក្រុម​ហ៊ុន​ទាំង​2​នេះ គឺ​ដូច​គ្នា​ ហើយ​វា​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកទៅលើ​មុខ​ជំនួញ​ស្នូល​របស់​ក្រុម​ហ៊ុន ក៏ដូចជា​ជួយ​បង្កើន​គុណសម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​ដល់​Phelps Dodge​ នៅ​​លើ​ទី​ផ្សារ​អន្តរ​ជាតិ​”។

    យោង​តាម​ Mergermarket ការ​ទិញ​ដូរ​ខាងលើ​នេះ គឺ​ជា​តំណាង​នៃ​ការ​ជួញ​ដូរ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឯកជន​​​ធំបំផុត​នៅ​វៀតណាម​ក្នុង​អំឡុង​3ឆ្នាំ​មក​នេះ​។ ករណី​នេះ​ក៏​​បង្ហាញ​អំពី​ភាព​ទាក់​ទាញ​នៃ​ទីផ្សារ​ក្នុង​ស្រុក​វៀត​ណាម និង​ឥទ្ធិពល​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​ក្លារបស់​វៀតណាម​ក្នុង​បណ្ដា​ប្រទេស​​ជា​សមាជិក​សមាគមន៍​អាស៊ានផងដែរ​។

    ក្រុម​ហ៊ុន​យក្ស​របស់​ថៃ ទិញ​ក្រុម​ហ៊ុន​ធំ​របស់​វៀតណាម​ចំនួន​2 ក្នុង​តម្លៃ​240​លាន​ដុល្លារ​
    ក្រុម​ហ៊ុន​ ThiPha

    ក្រុម​ហ៊ុន​ Stark បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​បើក​កិច្ច​ប្រជុំអនឡាញ​មួយ​ដើម្បី​បង្ហើយ​ការ​ទិញ​ដូរ​នេះ​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ពី​វីរុស​COVID-19។

    ក្រុម​ហ៊ុន​ ThiPha ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1987​ នៅ​ទីក្រុង​សៃហ្គន(ហូជីមិញ) គឺជា​អ្នក​ផលិត​​​ខ្សែ​កាប និង​ខ្សែ​ភ្លើង​ធំជាង​គេ​លំដាប់​ទី​2​នៅ​ប្រទេស​វៀត​ណាម​។ ThiPha ក៏ធ្លាប់​ផ្គត់​ផ្គង់​ទំនិញ​សម្រាប់​សាង​សង់​អាគារ​វឌ្ឍនៈ​ និង​ហុងកុង​ឡែន​ នៅ​ភ្នំ​ពេញ​ផង​ដែរ​។

    ចំណែក​ក្រុម​ហ៊ុន​ Dovina វិញ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគ​ហ៊ុនិក​នៃ​ក្រុម​ហ៊ុន​ Thinh Phat ដើម្បី​នាំ​ចូល​និង​កែ​ច្នៃ​ស្ពាន់ និង​អាលុយមីញ៉ូមសម្រាប់​​ផលិត​ខ្សែ​កាប និង​ខ្សែ​ភ្លើង​។ Dovina លក់​ស្ពាន់​ និង​អាលុយមីញ៉ូម​ទៅ​ឱ្យ​ ThiPha និង​រោង​ចក្រ​ជាច្រើន​ទៀត​នៅ​វៀត​ណាម​ និង​នៅ​បរទេស​។

    ThiPha និង​ Dovina សុទ្ធ​​តែ​​ស្ថិត​ក្នុង​​បញ្ជី​នៃ​កំពូល​ក្រុម​ហ៊ុន​ឯកជន​ទាំង​100 ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​វៀតណាម​។ គិត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​2019 ទ្រព្យ​សរុប​របស់​ Thipha និង​ Dovina បាន​ឡើង​ដល់​201​លាន​ដុល្លារ​អាមេរិក​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​