Author: សឿន សំណាង

  • COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

    COVID-19! អ្នក​ទោស​អាមេរិកាំង​ ​ចម្លង​​វីរុស​ដល់​ខ្លួន​ឯង ដើម្បី​បាន​រួច​ពី​ពន្ធ​នាគារ

    អ្នក​ទោស​មួយ​ចំនួន​នៅ​ឯពន្ធ​នាគារ​​ក្នុង​រដ្ឋ​ California នៃ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​សមត្ថ​កិច្ច​រកឃើញ​ថា មាន​ការ​ព្យាយាម​​ក្នុង​ការ​ចម្លង​វីរុស​COVID-19​ មក​លើ​ខ្លួន​ឯង​ ក្នុង​បំណង​ជួយ​ឱ្យ​ពួកគេ​បាន​រួច​ខ្លួន​ពី​ពន្ធនាគារ​។

    ស្នង​ការ​​នគរ​បាល​​ក្រុង​ Los Angeles នៃ​រដ្ឋ​ California លោក Alex Villanueva កាល​ ពី​ថ្ងៃទី​11​ឧសភា​ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា អ្នកទោស​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នៅ​ Los Angeles កំពុង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​បាន​ឆ្លង​វីរុស​COVID-19។

    នៅក្នុង​ឃ្លីប​វីដេអូ​​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ជា​ភ័ស្តុ​តាង គេ​ឃើញ​ថា​ អ្នក​ទោស​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹក​ទឹក​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បំពង់​ទឹក​មួយ​ដែល​មាន​ផ្ទុក​វីរុស​COVID-19។ ក្រោយ​មក ពួក​គេ​បាន​លាក់​បំពង់​ទឹក​នេះ​ និង​រង់​ចាំ​ការ​ដោះ​លែង​​ព្រោះ​ឆ្លង​វីរុស​។

    Villanueva បាន​ប្រាប់​សារ​ព័ត៌មាន​ Los Angeles Times ថា “ពិត​ជា​មាន​ការ​ពិបាក​ទ្រាំ​ណាស់​នៅ​ពេល​​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​​កំពុង​ព្យាយាម​ចម្លង​មេរោគ​មក​ឱ្យ​ខ្លួន​ពួក​គេ​ផ្ទាល់”។

    សកម្ម​ភាព​នៃ​​ល្បិច​ខាង​លើនេះ​​ត្រូវ​បាន​ថត​ជា​វីដេអូ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ពី​អ្នក​ទោស​ម្នាក់​ដែល​បាន​រាយ​ការណ៍​ថា ខ្លួន​បាន​ឃើញសម្ភារ​មួយ​ចំនួន​ដែល​អ្នក​ទោស​ផ្សេង​ៗ​ជឿ​ថា វា​អាច​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​ពួកគេ​។

    ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អ្នកទោស​ដែល​បាន​រាយ​ការណ៍​នេះ​ ហាក់​ត្រូវ​បាន​អ្នក​ទោស​ដទៃ​វាយ​ដំ ក្រោយ​ពី​បាន​រំខាន​ដល់​សកម្ម​ភាព​នៃ​ការ​ព្យាយាម​បង្ក​ជំងឺ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​។

    រាប់​ចាប់​ពី​វីរុស​COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិក មាន​អ្នក​ទោស​357​នាក់​បាន​ឆ្លង​វីរុស​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​នេះ​​ ក្នុង​ចំណោម​នោះ​ មាន​អ្នក​ទោស​117​នាក់​បាន​ជា​សះស្បើយ​។

    ចំនួន​អ្នក​ទោស​នៅ​ក្នុង​តំបន់ Los Angeles ត្រូវ​បាន​កាត់​បន្ថយ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅ បណ្ដា​ពន្ធ​នាគារ​ដែល​មាន​អ្នក​ទោស​ប្រមាណ​ជា​17,000​នាក់ ពេល​នេះ​នៅ​សល់​ត្រឹម​11,723​នាក់​ប៉ុណ្ណោះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! តួលេខ​​អ្នក​ស្លាប់​នៅ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​​នៅ​​ប្រទេស​ចិន​

    COVID-19! តួលេខ​​អ្នក​ស្លាប់​នៅ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​​នៅ​​ប្រទេស​ចិន​

    សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ស្លាប់​ថ្មី​ជិត​1,000​នាក់ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​82,000​នាក់​ នៅក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​1.4​លាន​នាក់​។

    បច្ចុប្បន្ន​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​ COVID-19 សរុប​1,384,033​នាក់ កើន​18,501​ករណី​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​ស្លាប់​​នៅ​ប្រទេស​នេះ​ក៏​បាន​កើន​971​នាក់​​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​81,703​នាក់​។ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​ ជិត​ស្មើ​នឹង​តួលេខ​អ្នកជំងឺ​នៅ​ប្រទេស​ចិន​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​82,918​នាក់ ពោល​គឺ​អ្នក​ជំងឺ​នៅ​ប្រទេស​ចិន ច្រើន​ជាង​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ត្រឹម​តែ​​1,215​នាក់​ប៉ុណ្ណោះ​​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ លោក​ Donald Trump កាលពី​ថ្ងៃទី​11​ឧសភា បាន​រិះ​ទៅ​លើ​បក្ស​ប្រជា​ធិបតេយ្យ​​​ទាក់​ទង​នឹង​ការ​ពន្យារ​ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​បាន​ចោទ​បក្ស​ប្រឆាំង​ថា កំពុង​កេង​ចំណេញ​ផ្នែក​នយោបាយ​។ លោក Trump ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​រដ្ឋ​​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ និង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​​កាន់​តែ​ឆាប់​ កាន់​តែល្អ​។

    ការ​ស្នើ​​របស់​លោក​ Trump ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​សា​ជា​ថ្មី​នៃ​វីរុស​COVID-19 នៅ​ប្រទេស​នេះ និង​បាន​ស្នើ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​នៅ​ពេល​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • មនុស្ស​ជិត​287,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    មនុស្ស​ជិត​287,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជិត​287,000​នាក់​ ខណៈបាន​បង្ក​ជំងឺ​ដល់​មនុស្ស​​ជាង​4.2​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​​ ក្នុង​នោះ​​ ​ប្រទេស​ចំនួន​10​ មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​ និង​ប្រទេស​ចំនួន​6​​ មាន​អ្នក​ស្លាប់​លើស​ពី​10,000​នាក់​។

    នៅ​លើ​ពិភពលោក​ មាន​ប្រទេស​និង​ដែន​ដី​ចំនួន​212​ ត្រូវ​បាន​រាយ​ការណ៍​ថា​ មាន​មនុស្ស​​4,246,795​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​286,740​នាក់​បាន​បាត់​បង់ជីវិត​។ រយៈ​ពេល​24ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​​ចំនួន​​72,044​នាក់ និង​អ្នក​ស្លាប់​ថ្មី​​​ចំនួន​3,129​នាក់​។ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូរ៉ូណា​នេះ បាន​ឡើង​ដល់​1,522,034​នាក់​។ តួលេខ​នេះ​គឺ​យោង​ទៅ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អឺរ៉ុប​មាន​​មនុស្ស​​1,653,012​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ឆ្លង​ COVID-19 ខណៈ​ដែល​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​សរុប​​1,517,580​នាក់​ ទ្វីប​អាស៊ី​មាន​​683,637​នាក់ អាមេរិក​ខាង​ត្បូង​មាន​​319,297​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​
    67,778​នាក់។

    ប្រទេស​ចំនួន​10​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​លើស​ពី​100,000​នាក់​ រួម​មាន​សហរដ្ឋ​អាមេរិក អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី រុស្ស៊ី​ បារាំង​ អាល្លឺម៉ង់​ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់​។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​​ COVID-19 លើស​ពី​10,000​នាក់ មាន​ចំនួន​6​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ បារាំង​ និង​ប្រេស៊ីល​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ពេទ្យភ្ញាក់ព្រើត!! លោកត្រាំ ប្រាប់ថា កូវីដ-19 នឹង “បាត់ទៅវិញឯកឯង” ដោយមិនចាំបាច់មានវ៉ាក់សាំងទេ…

    ពេទ្យភ្ញាក់ព្រើត!! លោកត្រាំ ប្រាប់ថា កូវីដ-19 នឹង “បាត់ទៅវិញឯកឯង” ដោយមិនចាំបាច់មានវ៉ាក់សាំងទេ…

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានធ្វើឱ្យអ្នកជំនាញការផ្នែកវេជ្ជសាស្ត្រ អង្គុយគូទលែងជាប់កៅអីជាថ្មីម្ដងទៀត បន្ទាប់ពីលោកបានចេញមកថ្លែងបញ្ជាក់ថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹង “បាត់ទៅវិញដោយឯកឯង” នៅទីបំផុត ទោះជាពិភពលោកនៅមិនទាន់មានវ៉ាក់សាងការពារក៏ដោយ។

    ក្នុងអំឡុងការផ្ដល់បទសម្ភាសនៅឯសេតវិមានកាលពីរសៀលថ្ងៃសុក្រ(ទី8ឧសភា)កន្លងមក លោក ត្រាំ បានថ្លែងថា “ខ្ញុំមានអារម្មណ៍ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំង ស្រដៀងនឹងរឿងការត្រួតពិនិត្យដែរ គឺ វានឹងបាត់ទៅវិញដោយឯកឯងបានដោយមិនចាំបាច់មានវ៉ាក់សាំងឡើយ…វានឹងបាត់ទៅវិញដោយឯកឯង និងសង្ឃឹមថា យើងនឹងមិនជួបប្រទះវាទៀតឡើយ ពេលឆ្លងកាត់ទៅបានមួយរយៈហើយ”

    លោកត្រាំ បានទទួលស្គាល់ថា អាចនឹងមានការ “ឆ្លងរាលដាលម្ដងទៀត” ខ្លះៗ រួមទាំងក្នុងរដូវស្លឹកឈើជ្រុះ តែលោកជឿថា ទីបំផុតទៅ វីរុស វានឹងអស់ទៅវិញដោយឯកឯង។

    លោកបន្តថា “មានវីរុស ឬគ្រុនផ្ដាសាយប្រភេទខ្លះដែលកើតឡើង បានធ្វើឱ្យគ្រូពេទ្យត្រូវរិះគិតស្វែងរកវ៉ាក់សាំង ហើយក្នុងខណៈដែលពួកគេមិនទាន់ទាំងផលិតវ៉ាក់សាំងបានសម្រេចផង វីរុសអស់នោះ ក៏បាត់ទៅវិញអស់រលីង លែងបង្ហាញខ្លួនឱ្យឃើញទៀតតែម្ដង…ពួកវាក៏ចេះស្លាប់ ដូចអ្វីៗគ្រប់យ៉ាងដែរហ្នឹងឯង”។

    នៅពេលដែលអ្នកយកព័ត៌មានសួរបញ្ជាក់ថា តើហេតុអ្វីបានលោកដឹង? លោកត្រាំ ក៏អះអាងថា លោកដកស្រង់ចេញពី “អ្វីដែលគ្រូពេទ្យបាននិយាយ”

    លោកថា “ពួកគេប្រាប់ថា វានឹងបាត់ទៅវិញនៅទីបំផុត ដែលមិនបានមានន័យថា នៅក្នុងឆ្នាំនេះទេ មិនបានមានន័យថា វានឹងបាត់ទៅវិញក្នុងអំឡុងពេលមុន ឬក្រោយរដូវស្លឹកឈើជ្រុះនោះទេ…តែទីបំផុត វាក៏ត្រូវតែអស់ទៅវិញ។ សំណួរ ក៏គឺ តើយើងត្រូវការវ៉ាក់សាំងឬទេ? ជួនកាលវាក៏បាត់ទៅវិញបានដោយឯកឯង តែបើយើងមានវ៉ាក់សាំង វានឹងជួយបានច្រើន…”

    យ៉ាងណាក៏ដោយ សម្ដីរបស់លោកត្រាំ មើលទៅវាហាក់ដូចជាផ្ទុយគ្នានឹងពាក្យអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅហ្ស៊ី អគ្គនាយកស្ថាប័នរោគប្រតិកម្មចាញ់ និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក ដែលបានផ្ដល់បទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Fox news កាលពី 2-3សប្ដាហ៍មុនថា “ការឆ្លងរាតត្បាតនឹងមិនទាន់បញ្ចប់នៅឡើយទេ រហូតទាល់តែយើងមានវ៉ាក់សាំង”។

    កាលពីពេលមុននោះ អ្នកយកព័ត៌មានប្រចាំនៅសេតវិមាន បានធ្លាប់ដាក់សំណួរទៅលោក ហ្វៅហ្ស៊ី ថា តើសហរដ្ឋអាមេរិក នឹងអាចត្រឡប់មករកសភាវប្រក្រតី មុនពេលយើងមានវ៉ាក់សាំងសម្រាប់មនុស្សគ្រូបគ្នា បានដែរឬទេ?…ហើយចម្លើយ គឺលោកវេជ្ជបណ្ឌិត ហ្វៅហ្ស៊ី បានឆ្លើយបដិសេធ។

    លោកហ្វៅហ្ស៊ី ថ្លែងថា “បើពាក្យថា វិលមករកសភាវប្រក្រតីវិញ មានន័យពីការធ្វើអ្វីគ្រប់យ៉ាងបានដូចមិនធ្លាប់មានវីរុសកើតឡើងដូចកាលពីមុន ខ្ញុំគិតថា ប្រហែលជាមិនអាចទៅរួចទេ រហូតទាល់តែយើងនឹងស្ថិតក្នុងស្ថានការណ៍ដែលអាចការពារឃុំគ្រងប្រជាពលរដ្ឋបានយ៉ាងល្អឥតខ្ចោះ”។

    លោកវេជ្ជបណ្ឌិត ថម អ៊ីងហ្គើលស្ប៊ី អគ្គនាយកមជ្ឈមណ្ឌលដើម្បីសុវត្ថិភាពសុខភាព ចន ហប់គីនស៍ គឺជាអ្នកជំនាញការចុងក្រោយគេបំផុតដែលបានចេញមកជំទាស់អៃឌៀរបស់មេដឹកនាំសហរដ្ឋអាមេរិក ដោយបានផ្ដល់សម្ភាសនៅក្នុងកម្មវិធី Fox news Sunday ថា ទោះជាលោកត្រាំ នឹងសម្លឹងមើលពិភពលោកក្នុងន័យល្អប៉ុនណាក៏ដោយ តែកូវីដ-19 នឹងនៅតែជាបញ្ហាធំតទៅទៀត បើមិនដោយសាររឿងណាមួយ ក៏ដោយសាររឿងណាមួយទៀតដែរ រហូតទាល់តែមានការរកឃើញវ៉ាក់សាំងបានសម្រេច។

    លោកថ្លែងថា “មិនមែនទេ! វីរុសមួយនេះ នឹងមិនបាត់អស់ទៅណាទេ! ពេលឆ្លងផុតទៅបានមួយរយៈ យើងអាចរៀនយល់ដឹងក្នុងការរស់នៅជាមួយវាបាន និងអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការចម្លងមេរោគបាន តែវានឹងនៅតែជាបញ្ហារ៉ាំរ៉ៃ ទាំងចំពោះសហរដ្ឋអាមេរិក និងទូទាំងពិភពលោកដដែល រហូតទាល់តែយើងមានវ៉ាក់សាំង”

    លោកត្រាំ ធ្លាប់បានផ្ដល់សម្ភាសនៅក្នុងកម្មវិធី Town Hall របស់ Fox news កាលពីសប្ដាហ៍កន្លងទៅថា សហរដ្ឋអាមេរិក “ចាំបាច់” ត្រូវតែមានវ៉ាក់សាំង ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់កូវីដ-19។

    កាលនោះ លោកថ្លែងថា “ខ្ញុំខ្លួនឯង ក៏ត្រូវការវាដែរ ខ្ញុំត្រូវការវ៉ាក់សាំង…យើងគ្រប់គ្នា និងប្រទេសមួយនេះ ត្រូវការវ៉ាក់សាំង ហើយអ្នកនឹងបានវាក្នុងអំឡុងពេលប្រហែលជាចុងឆ្នាំនេះឯង ខ្ញុំជឿជាក់ដូច្នេះ តែ ខ្ញុំអាចនឹងគិតខុសក៏អាចថាបានដែរ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • នេប៉ាល់​ខឹងនឹង​ចិន​ ស្ទើរ​ “ដាច់​ក្បាល​ ដាច់​កន្ទុយ” ព្រោះ​តែ​រឿង​កំពូល​ភ្នំ​អេវ៉ឺរ៉េស

    នេប៉ាល់​ខឹងនឹង​ចិន​ ស្ទើរ​ “ដាច់​ក្បាល​ ដាច់​កន្ទុយ” ព្រោះ​តែ​រឿង​កំពូល​ភ្នំ​អេវ៉ឺរ៉េស

    សំណេរ​នៅ​លើ​ Twitter របស់​បណ្ដាញ​ទូរទស្សន៍​សកល​​ចិន​ CGTN(China Global Television Network) កាល​ពី​សប្ដាហ៍​កន្លង​ទៅ​បាន​ប្រកាស​ថា​ កំពូល​ភ្នំ​អេវ៉ឺរ៉េស​​ (Everest) ទាំង​មូល​គឺជា​របស់​ខ្លួន​ បណ្ដាល​ឱ្យ​ប្រទេស​នេប៉ាល់​ “ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​”។

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter នៅ​ប្រទេស​នេប៉ាល់ កំពុង​តែ​ខឹង​យ៉ាង​ខ្លាំង​ និង​បាន​បង្កើត​និន្នា​ការ​ #backoffchina (ចិន​ចេញ​ឱ្យ​ឆ្ងាយ) នៅ​លើ​បណ្ដាញ​សង្គម​ ព្រោះ​យល់​ថា CGTN​ បាន​រំលោភ​យក​កំពូល​ភ្នំ​អេវ៉ឺរ៉េស​​ទាំង​មូល​ទុក​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។ ពលរដ្ឋ​នេប៉ាល់​ជា​ច្រើន​បាន​ស្នើ​ឱ្យ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​នេប៉ាល់​ បក​ស្រាយ​ឱ្យ​បាន​ច្បាស់​អំពី​សារ​របស់ CGTN។

    ប្រតិកម្ម​ខាង​លើ​នេះ​ គឺ​ទាក់​ទិន​នឹង​សារ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Twitter ដោយ​បណ្ដាញ​ទូរទស្សន៍​ CGTN កាល​ពី​សប្ដាហ៍​មុន​។ កាលពី​ថ្ងៃទី​2ឧសភា​ ទូរទស្សន៍​ CGTN របស់​ចិន​ បាន​បង្ហោះ​​​រូប​ភាព​មួយ​​​សន្លឹក ជាមួយ​នឹង​សារ​មួយ​ឃ្លា​នៅ​លើ​ Twittere ដោយ​សរសេរ​ថា “ក្នុង​រូប​ថត​៖ រស្មី​​ដ៏ស្រស់​ស្អាត​ខុ​សពី​ធម្មតា​ ត្រូវ​បានថត​កាល​ពី​ថ្ងៃ​​សុក្រ​នៅ​លើ​កំពូល​ភ្នំ Qomolangma ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​មួយ​ទៀត​ នោះ​គឺ​​​អេវឺរ៉េស​ ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ ដែលស្ថិត​ក្នុង​តំបន់​ស្វយ័ត​​ទីបេត៍​របស់​ប្រទេស​ចិន​”។

    អ្នក​ប្រើ​ប្រាស់​ Twitter ម្នាក់​សរសេរ​ថា​ “ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នេប៉ាល់​ជា​ទី​រាប់​អាន​ តើ​លោក​យល់​ថា​ ប្រការ​នេះ វា​យុត្តិ​ធម៌​ដែរ​ ឬទេ? យើង​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​បញ្ហា​នេះ​បាន​ច្បាស់​លាស់​។ #BackoffChina”។ ចំណែក​អតីត​និពន្ធ​នាយក​របស់​សារ​ព័ត៌មាន​ Kathmandu Post របស់​ Nepal មាន​ប្រតិកម្មថា “ជា​ការ​ពិត​នោះ​គឺ​ថា យើង​ខ្ញុំ​ត្រូវ​បាន​បង្រៀន​ថា ជួរ​ភ្នំ​អេវឺរ៉េស​ គឺ​ស្ថិត​ក្នុង​ដែន​ដី​របស់​នេប៉ាល់​”។

    ជម្លោះ​ដណ្ដើម​​ទឹក​ដី​រវាង​នេប៉ាល់​ និង​ចិន​ ទាក់​ទង​នឹង​កំពូល​ភ្នំ​អេវឺវ៉េស​​ បាន​​ចាប់​ផ្ដើម​កើត​មាន​​​ពី​ទសវត្សរ៍​ឆ្នាំ​1960។ នេប៉ាល់​បាន​ប្រកាស​​ថា ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​កាល​ពី​ពេល​នាយក​រដ្ឋ​មន្ត្រី​ Bishweshwar Prasad Koirala​ កំពុង​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​។

    ឯកសារ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​ដោយ​​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​1998​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​ស្នើ​ឱ្យ​​បែង​ចែក​កំពូល​ភ្នំ​នេះ​ជា​2​ចំណែក​ ប៉ុន្តែ​​ការ​ដណ្ដើម​គ្នា​នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​។ មហាក្សត្រ​ Mahendra របស់​ប្រទេស​នេប៉ាក់​ កាល​ពី​ឆ្នាំ​1961​​បាន​ប្រកាស​ថា កំពូល​ភ្នំ​អេវឺរ៉េស​ទាំង​មូល​គឺជា​របស់​ប្រទេស​នេះ​។

    អេវឺរ៉េស​ ដែល​ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ ដោយ​មាន​កម្ពស់​ដល់​ទៅ​8,848​ម៉ែត្រ​ គឺជា​ប្រភព​ចំណូល​ចម្បង​បំផុត​របស់​ប្រទេស​នេប៉ាល់​។ មនុស្ស​2​នាក់​ដែល​បាន​ឈាន​ជើង​ឡើង​ដល់​កំពូល​ភ្នំ​អេវឺរ៉េស​ដំបូង​គេ​ក្នុង​ពិភពលោក គឺ ​Edmund Hillary ជា​ជន​ជាតិ​អាមេរិកាំង​ និង​ Tenzing Norgay Sherpa ​ជា​ពលរដ្ឋ​នេប៉ាល់​។ ផ្លូវ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​នេះ​ មាន​ចំនួន​2 ប៉ុន្តែ ផ្លូវ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រទេស​នេប៉ាល់​ គឺជា​ផ្លូវ​សំខាន់​បំផុត​​ដែល​នាំ​ទៅ​កាន់​កំពូល​ភ្នំ​នេះ​។

    សូម​បញ្ជាក់​ថា CGTN គឺជា​បណ្ដាញ​ទូរទស្ស​អន្តរជាតិ​របស់​ទូរទស្សន៍​ជាតិ​ចិន​ ដែល​គេ​ស្គាល់​ថា CCTV៕

    ប្រភព​៖ សារព័ត៌មាន​បរទេស

    ព័ត៌មាន​ទាក់​ទង​>អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

  • ក្រសួងការបរទេសចិន បដិសេធការចោទប្រកាន់ខុសរឿង 24ចំណុចរឿងមេរោគកូវីដ-19 របស់អ្នកនយោបាយអាមេរិក

    ក្រសួងការបរទេសចិន បដិសេធការចោទប្រកាន់ខុសរឿង 24ចំណុចរឿងមេរោគកូវីដ-19 របស់អ្នកនយោបាយអាមេរិក

    ក្រសួងការបរទេសចិនបានចេញមកបដិសេធការចោទប្រកាន់ 24ចំណុច របស់អ្នកនយោបាយអាមេរិក ដែលចិនបានបញ្ជាក់ថា គឺជារឿងកុហកបោកប្រាស់ដែលគ្មានខ្លឹមសារ ពាក់ព័ន្ធនឹងការទប់ទល់របស់ចិនចំពោះការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីថ-19 ដែលកំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោកក្នុងខណៈពេលនេះ។

    វេបសាយរបស់ក្រសួងការបរទេសចិន បានផ្សព្វផ្សាយអត្ថបទមួយដែលមានប្រវែងដល់ទៅ 30ទំព័រកាលពីចុងសប្ដាហ៍កន្លងទៅ ដែលជាការរួបរួម និងរៀបរាប់ពីការបដិសេធគ្រប់ចំណុចចោទប្រកាន់ផ្សេងៗ ដែលបានធ្វើឡើងក្នុងអំឡុងការថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីអំឡុងសប្ដាហ៍កន្លងទៅ។

    ចំណុចបកស្រាយទាំងអស់ គឺជារឿងដែលពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនយោបាយសហរដ្ឋអាមេរិក ជាពិសេសបំផុត គឺលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបាននិយាយថា ចិនបានបិទបាំងព័ត៌មានពាក់ព័ន្ធនឹងមេរោគកូវីដ-19 រួមទាំងការបញ្ជាក់ថា មេរោគវីរុសនោះ មានដើមកំណើតចេញពីបន្ទប់ពិសោធន៍ក្នុងទីក្រុងវូហាន។

    របាយការណ៍បដិសេធមួយនេះ បានលើកយកពាក្យសម្ដីរបស់លោក អាប្រាហាំ លិនខុន អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ល្បីល្បាញ មកចាប់ផ្ដើមក្នុងកថាខណ្ឌដំបូងថា “លីនខុន ធ្លាប់បាននិយាយថា អ្នកអាចបោកប្រាស់មនុស្សមួយចំនួនបានគ្រប់ពេលវេលា ឬបោកប្រាស់មនុស្សគ្រប់គ្នាបាននៅក្នុងពេលខ្លះ តែអ្នកមិនអាចកុហកបោកប្រាស់មនុស្សគ្រប់គ្នាបានគ្រប់ពេលវេលានោះឡើយ”

    រដ្ឋបាលចិន អះអាងថា ភ័ស្តុតាងគ្រប់យ៉ាងបង្ហាញឱ្យឃើញថា មេរោគវីរុសកូរ៉ូណា មិនបានចេញមកពីការផលិតរបស់មនុស្សទេ ខណៈដែលមន្ទីរពិសោធន៍ក្នុងទីក្រុងវូហានដែលត្រូវសហរដ្ឋអាមេរិកបញ្ជាក់ថា ជាកន្លែងផលិតមេរោគវីរុស រហូតដល់បែកធ្លាយចេញមកនោះ ក៏គ្មានសមត្ថភាពក្នុងការច្នៃប្រឌិតមេរោគវីរុសកូរ៉ូណាប្រភេទថ្មីចេញមកបាន ដូចដែលសហរដ្ឋអាមេរិកចោទប្រកាន់នោះដែរ។

    ឯកសារដែលត្រូវបានផ្សព្វផ្សាយចេញមកនេះ នៅបានបង្ហាញអំពីពេលវេលាក្នុងការដំណើរការរបស់ប្រទេសចិន ដែលមានការផ្ដល់ព័ត៌មានទៅប្រជាសហគមន៍អន្តរជាតិថា វាបានដំណើរការឡើងយ៉ាងស័ក្តិសម បើកចំហ និងគ្មានលាក់លៀម ដើម្បីលាងជម្រះចំណុចចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ចិនយឺតយ៉ាវក្នុងការដាស់តឿនសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

    អត្ថបទរបស់ក្រសួងការបរទេសចិន ថែមទាំងបានបដិសេធចំណុចរិះគន់របស់ប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការដំណើរការរបស់រដ្ឋបាលចិនចំពោះលោកវេជ្ជបណ្ឌិត លី វឹនលៀង ដែលជាមនុស្សដំបូងគេ ដែលចេញមកដាស់តឿនអំពីការឆ្លងរាលដាលរបស់មេរោគវីរុសប្រភេទថ្មីនេះក្នុងទីក្រុងវូហាន មុននឹងសាមីខ្លួនបានស្លាប់នៅពេលក្រោយមកដោយសារតែមេរោគវីរុសដដែលនោះ ដោយអត្ថបទនោះបានសង្កត់ធ្ងន់ថា វេជ្ជបណ្ឌិតរូបនេះ មិនមែនជាអ្នកបង្ហាញពីតម្រុយរបស់មេរោគទេ ហើយគាត់ក៏មិនដែលត្រូវចាប់ខ្លួនឡើងតុលាការដែរ ដែលទាំងអស់នេះ វាផ្ទុយគ្នានឹងព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាប្រទេសលោកខាងលិច៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ទាហាន​ឥណ្ឌា​ និង​ទាហាន​ចិន​ ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែន​(វីដេអូ)

    ទាហាន​ឥណ្ឌា​ និង​ទាហាន​ចិន​ ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែន​(វីដេអូ)

    ទាហាន​រាប់​រយ​នាក់​បាន​ចូល​រួម​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​មួយ​នៅ​ព្រំដែន​ចិន និង​ឥណ្ឌា នៅ​តំបន់​ Himalaya បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង​ខាង​ជា​ច្រើន​រូប​ ត្រូវ​រង​របួស​។

    មន្ត្រី​យោធា​ឥណ្ឌា​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ទាហាន​ឥណ្ឌា​4​នាក់ និង​ទាហាន​ចិន​7​នាក់​ ត្រូវ​រង​របួស​នៅក្នុង​ហេតុ​ការណ៍​ប្រតាយ​ប្រតប់​គ្នា​មួយ​ដែល​​មាន​ទាហាន​150​នាក់​ប៉ះទង្គិច​គ្នា​”។ មន្ត្រី​ទាហាន​រូប​នេះ​និយាយ​ថា ហេតុ​ការណ៍​នេះ​គឺជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​។

    ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​ឥណ្ឌា​ក៏បាន​បញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​​នៅ​ព្រំដែន​ ពិត​ជា​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​ជើង​តំបន់​Sikkim និង​បាន​បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង​ខាង​រង​របួស​។

    សារ​ព័ត៌មាន​ ANI និង Hindustan Times បាន​រាយ​ការណ៍​ថា ហេតុ​ការណ៍​ប្រតាយ​ប្រតប់​គ្នា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​ដោយ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​មូលដ្ឋាន​។

    កន្លង​មក ប្រទេស​ចិន និង​ឥណ្ឌា ធ្លាប់​មាន​ការ​ប៉ះទង្គិច​បែប​នេះ​ជា​ច្រើន​លើក​ ទាក់​ទិន​នឹង​បញ្ហា​ព្រំ​ដែន​។ ការ​ប៉ះទង្គិច​គ្នា​បែប​នេះ ជួន​កាល​កើត​ឡើង​ទូទាំង​បន្ទាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។

    ទីក្រុង​ប៉េកាំង និង​ទីក្រុង​នីវ​ដេលី​បាន​បើក​កិច្ច​ប្រជុំ​ជា​ច្រើន​លើក​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​។ កាលពី​ខែ​ធ្នូ​ឆ្នាំ​2019 ប្រទេស​ទាំង​ពីរ​​បាន​យល់​ព្រម​បង្កើត​ខ្សែ​ទូរស័ព្ទ​​សំខាន់​មួយ​ដើម្បី​ចៀស​វាង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំ​ដែន​​​នៃ​ប្រទេស​ទាំង​ពីរ​​៕

    https://www.youtube.com/watch?v=dLkMNYfxEAg

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជាង​4.1​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​4.1​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​​​មាន​អ្នក​ស្លាប់​​ជាង​283,000​នាក់​ នៅក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជាង​4.1​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ ក្នុង​ពិភពលោក ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នក​ឆ្លង​វីរុស​​សរុប​ឡើង​ដល់​4,174,751​នាក់​ និង​អ្នក​​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​283,611​នាក់​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ថ្មី​77,759​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​មាន​3,472​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​​ មាន​ចំនួន​1,483,147​នាក់​។​ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldemeters។

    ទ្វីប​អឺរ៉ុប​ទាំង​មូល​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​1,628,576​នាក់ ខណៈ​ដែល​អាមេរិកខាង​ជើង​មាន​​1,496,765​នាក់ អាមេរិក​ខាង​ត្បូង​មាន​​310,070​នាក់ ទ្វីប​អាស៊ី​មាន​​668,733​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​64,750​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​10,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ​ បារាំង​ និង​ប្រទេស​ប្រេស៊ីល​។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ COVID-19 លើស​ពី​100,000​នាក់​ មាន​ចំនួន​10​ប្រទេស ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​​ឈរ​លំដាប់​លេខ​1 ដោយ​មាន​​អ្នក​ជំងឺ​សរុប​ 1,365,532​នាក់ ខណៈ​ប្រទេស​អ៊ីរ៉ង់​ឈរ​លំដាប់​លេខ​10​ ដោយ​មាន​អ្នក​ជំងឺ​សរុប​107,603​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

    អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះគន់​លោក Trump យ៉ាង​ចាស់​ដៃ​ ខណៈ​ជាង​80,000​នាក់បាន​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហ​រដ្ឋអាមេរិក

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Barack Obama បាន​បញ្ចេញ​មតិដ៏​កម្រ​មួយ​ ​រិះ​គន់​ទៅលើ​​វិធី​ទប់​ទល់​នឹង​ COVID-19 ​របស់​រដ្ឋាភិបាល​​លោក​ Trump ក្នុង​ពេល​ដែល​​​វីរុស​​កូរ៉ូណា​នេះបាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​​ជាង​80,000​នាក់​។

    ទិន្នន័យ​នៅ​លើ​គេហទំព័រ​ Worldometers បាន​បង្ហាញ​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​​​ដល់​80,004​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​ជិត1.389​​នាក់​។ ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​​ជាង​24,000​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,346,332​នាក់​។

    ទស្សនាវដ្ដី​ Forbes ថ្ងៃ​នេះ​ បាន​នាំ​ពាក្យ​អតីត​មន្ត្រី​ជាន់​ខ្ពស់​3​រូប​ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​លោក Barack Obama បាន​ឱ្យ​ដឹង​ថា លោក​ Obama បាន​រិះគន់​យ៉ាង​​ខ្លាំង​ទៅលើ​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​COVID-19 របស់​រដ្ឋាភិបាល​លោក​ Donald Trump ដោយ​បាន​ហៅ​​វិធី​ដែល​លោក​ Trump ប្រើ​ប្រាស់​នោះ​ថា​ជា “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​” (an absolute chaotic disaster)។

    លោក​ Obama ថ្លែង​ថា ប្រការ​នេះ​គឺជា​ការ​ក្រើន​រំឭក​មួយ​ចំពោះ​មូលហេតុ​ដែល​គេ​ត្រូវ​ការ​ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រឈម​នឹង​វិបត្តិ​សកល​។

    លោក​ Obama បាន​ថ្លែង​ថា​ “ការ​បោះ​ឆ្នោត​ដែល​ជិត​មក​ដល់​ គឺពិត​ជា​រឿង​សំខាន់​ ព្រោះ​ថា​ អ្វី​ដែល​យើង​កំពុង​ប្រឈម​មុខ​ននេះ មិន​មែនជា​បុគ្គល​មួយ​រូប​​ ឬ​បក្ស​នយោបាយ​មួយ​ក្រុម​នោះ​ទេ។ វា​គឺជា​និន្នា​ការ​យូរអង្វែង​​ ក្នុង​នោះ​មាន​​ភាព​អត្មានិយម​ រើសអើង និង​ការ​ចាត់​ទុក​​អ្នក​​ដទៃ​ជា​សត្រូវ​។ នេះ​គឺជា​​ផ្នែក​​មួយ​​នៃ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​ទៅ​នឹង​វិបត្តិ​សកល​នេះ​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។ល។ នេះ​គឺជា​ “គ្រោះ​មហន្តរាយ​សុទ្ធ​សាធ​”។

    ក៏ប៉ុន្តែ ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​សេត​វិមាន លោក​ស្រី​​ Kayleigh McEnany បាន​ច្រាន​ចោល​ការ​រិះ​គន់​របស់​លោក​ Obama។ លោក​ស្រី​ថ្លែង​ថា “វិធាន​ការ​ទប់​ទល់​នឹង​មេរោគ​រាត​ត្បាត​ COVID-19 របស់​លោក​ប្រធានាធិបតី​ Trump គឺជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ និង​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ទៀត​ផង”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​280,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​280,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​​មនុស្ស​ជាង​280,000​នាក់​បាន​បាត់​បង់ជីវិត​​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19សរុប​ ជិត​4.1​លាន​នាក់​។

    យោង​តាម​ស្ថិតិ​ពី​ WorldMeters ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​មនុស្ស​ចំនួន​4,096,992​នាក់​​បាន​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 និង​280,139​នាក់​បាន​ស្លាប់ដោយ​សារ​វីរុស​នេះ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​​​88,882​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​4,355​នាក់​​។ អ្នកជំងឺដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​1,431,446​នាក់​។

    ទ្វីប​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក​​ ក្នុង​នោះ​​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​សរុប​1,472,075​នាក់ អាមេរិក​ខាង​ត្បូង​មាន​297,930​នាក់ អឺរ៉ុប​មាន​​1,605,838​នាក់ ​អាស៊ី​មាន​650,884​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​61,983​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19 ច្រើន​ជាង​​10,000​នាក់​ បាន​កើន​ដល់​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​​80,032​នាក់ អង់គ្លេស​31,587​នាក់ អ៊ីតាលី​30,395​នាក់ អេស្ប៉ាញ​26,478​នាក់ បារាំង​26,310​នាក់ និង​ប្រេស៊ីល​មាន​10,656​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ឆ្លង​វីរុស​​​COVID-19 ​ច្រើន​ជាង​100,000​នាក់ មាន​ចំនួន​10​ប្រទេស​ រួម​មាន​ សហរដ្ឋអាមេរិក​ អង់គ្លេស​ រុស្ស៊ី បារាំង​ អាល្លឺម៉ង់​ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស