Author: សឿន សំណាង

  • មូល​បត្រ​​នៅ​ផ្សារ​ហ៊ុន​សហរដ្ឋ​អាមេរិក​ ត្រូវ​លក់​ឡាយ​ឡុង​ ដោយសារ​លោក​ Trump ចេញ​បទ​បញ្ជា​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​

    មូល​បត្រ​​នៅ​ផ្សារ​ហ៊ុន​សហរដ្ឋ​អាមេរិក​ ត្រូវ​លក់​ឡាយ​ឡុង​ ដោយសារ​លោក​ Trump ចេញ​បទ​បញ្ជា​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​

    មូលបត្រ​ Twitter បាន​ធ្លាក់ថ្លៃ​4.5​% និង​ Facebook ធ្លាក់​1.6​% បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិកាំង បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ដក​ហូត​សិទ្ធិ​លើក​លែង​ផ្នែក​ច្បាប់​ពី​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ទាំង​នេះ​។

    ចប់​ការ​ជួញ​ដូរ​នៅ​ថ្ងៃទី​28​ឧសភា សន្ទស្សន៍ DJIA បាន​ថយ​ចុះ​ 0.58​% មក​នៅ​ត្រឹម​25,400​ពិន្ទុ។ សន្ទស្សន៍​ S&P 500 បាត់​បង់​ 0.21​% មក​នៅ​ត្រឹម​ 3,029​ពិន្ទុ។ ចំណែក​ Nasdaq Composite ថយ​ចុះ​ 0.46​% មកនៅ​ត្រឹម​ 9,368​ពិន្ទុ។

    ភាគ​ហ៊ុន​នានា​នៅ​ផ្សារ​មូលបត្រ​អាមេរិក​បាន​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ចាប់​ផ្ដើម​ការ​ជួញ​ដូរ​​កាល​ពី​ម្សិល​មិញ​ដោយ​សារ​តែ​វិនិយោគិន​មាន​ការ​ពេញ​ចិត្ត​ និង​សង្ឃឹម​ទៅលើ​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ឆ្លង​ផុត​ពី​ចំណុច​កំពូល​នៃ​ការ​រាតត្បាត​របស់​ COVID-19។ សន្ទស្សន៍​ S&P 500 បច្ចុប្បន្ន​បាន​កើន​ខ្ពស់​គួរ​សម​បើ​ធៀប​នឹង​កម្រិត​ទាប​បំផុត​ក្នុង​ខែ​មីនា​ ដោយ​សារ​តែ​សេដ្ឋ​កិច្ច​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញជា​បណ្ដើរ​ៗ រួម​នឹង​កញ្ចប់ថវិកា​​ជំនួយ​សេដ្ឋកិច្ច​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​រដ្ឋាភិបាល​។ ចំណែក​ក្រុម​ហ៊ុន​ Boeing ក៏​បាន​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ការ​ផលិត​យន្ត​ហោះ​ 737 MAX​ នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីង​តោន​ បើ​ទោះ​ជា​ដំណើរ​ការ​យឺត​ៗ​ក៏ដោយ​។

    Twitter កាល​ពី​ថ្ងៃទី​27​ឧសភា បាន​ដាក់​ tag នៅ​លើ​សារ​ចំនួន​2ឃ្លា​​របស់​លោក Trump ហើយ​បានបន្ថែម​​ឧទាន​សញ្ញា​​​នៅ​ខាង​ក្រោម​សារ​ទាំង​នេះ​។ ពេល​ចុច​ទៅលើ​តំណ​ភ្ជាប់​(link) ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​សារនោះ​​​ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទំព័រ​មួយ​ដែល​​គ្រប់គ្រង​ដោយ​ Twitter ដែល​មាន​សរសេរ​ថា ប្រសាសន៍​របស់​ម្ចាស់​សេត​វិមាន​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ នេះ​អាច​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ Trump ខឹង​សម្បា

    ក៏ប៉ុន្តែ​ តម្លៃ​មូលបត្រ​ខាងលើ​បាន​ដើរ​ថយ​ក្រោយ​នៅ​ចុង​ការ​ជួញ​ដូរ​នៃ​ថ្ងៃ​ដដែល​នោះ​។ មូលបត្រ​​របស់​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ Twitter និង​ Facebook បាន​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី​ប្រធានាធិបតី​ Donald Trump ថ្លែង​ថា​ នឹង​ចុះ​ហត្ថ​លេខា​លើ​បញ្ជា​ទាក់​ទង​នឹង​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​។ ចប់​ការ​ជួញ​ដូរ​​កាល​ពី​ម្សិល​មិញ តម្លៃ​មូល​បត្រ​របស់​ Twitter បាន​ថយ​ចុះ​4.4% ខណៈ​ Facebook ធ្លាក់​ចុះ​1.6​%។

    មូលហេតុ​​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មូលបត្រ​នៅ​ផ្សារ​ហ៊ុន​អាមេរិក​ធ្លាក់ថ្លៃ​ នោះ​គឺ​ ភាព​តាន​តឹង​រវាង​អាមេរិកាំង​ជាមួយ​ចិន​ ពិសេស​គឺ​បញ្ហា​នៅ​ហុងកុង​ បញ្ហា​ COVID-19 និង​បញ្ហា​សង្គ្រាម​ពាណិជ្ជ​កម្ម​។ល។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដី​ពី​បញ្ហា​បណ្ដាញ​សង្គម​

    លោក​ Trump ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដី​ពី​បញ្ហា​បណ្ដាញ​សង្គម​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ទាក់​ទិន​នឹង​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​28​ឧសភា​ ហើយ​បាន​ហៅ​នេះ​ថាជា “សកម្មភាព​​ដើម្បី​ការ​ពារ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​អាមេរិកាំង​”។

    “ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ភាគ​តិច​កំពុង​កាន់​កាប់​ព័ត៌មាន​ទំនាក់​ទំនង​​សាធារណៈ​និង​ឯក​ជន​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​។ ពួកគេ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ កាត់​បន្ថយ​ កែ​ប្រែ​ លាក់​បាំង​ និង​ផ្លាស់​ប្ដូរ​រាល់​ទំនាក់​ទំនង​គ្រប់​រូប​ភាពរវាង​​ពលរដ្ឋ​ និងសាធារណជន​ ដោយ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​បញ្ហា​នេះ​បន្ត​កើត​មាន​ទៀត​នោះ​ទេ​”។ ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះកាល​ពី​ថ្ងៃទី​28​ឧសភា​ បន្ទាប់​ពី​បាន​ចុះ​ហត្ថ​លេខា​​លើ​បទ​បញ្ជា​ទាក់​ទង​នឹង​បញ្ហា​បណ្ដាញ​សង្គម​។

    លោក Trump បានអះអាង​ថា បទ​បញ្ជា​​នេះ​គឺ​ដើម្បី​ “ការ​ពារ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​មួយ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​​អាមេរិក​។ Twitter លែង​នៅ​ជា​ទី​តាំង​ប្រមូល​ផ្ដុំ​របស់​សាធារណ​ជន​ទៀត​ហើយ​ តែ​វា​បាន​ក្លាយ​ជា​និពន្ធ​នាយក​​ដែល​មាន​ការ​យល់​ឃើញ​ដោយ​ឡែក​។ ខ្ញុំ​គិត​ថា យើង​អាច​និយាយ​អំពី​បញ្ហា​​ដូច​គ្នា​នេះ​ចំពោះ​​ក្រុម​ហ៊ុន​ Google ក្រុម​ហ៊ុន​ Facebook និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​”។

    បទបញ្ជា​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដក​ហូត​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​ផ្នែក​ច្បាប់​របស់​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ ដូច​ជា​ Twitter ជា​ដើម​ ដោយ​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋ​វាយ​តម្លៃ​ថា​តើបណ្ដាញ​សង្គម​ទាំង​នេះ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​​​ឬ​ទេក្នុង​ការ​​ធានា​លើការ​ទទួលខុស​ត្រូវ​​ផ្លូវ​ច្បាប់​សម្រាប់​​ខ្លឹម​សារ​ដែល​​ត្រូវ​បាន​មនុស្ស​រាប់​លាន​នាក់​បង្ហោះ​។

    បទ​បញ្ជា​របស់​លោក​ Trump នេះ​ នឹង​ផ្លាស់​ប្ដូរ​ទម្លាប់​ដែល​មាន​តាំង​ពី​រាប់​​ឆ្នាំ​មុន​ ដែល​បាន​ចាត់​ទុក​បណ្ដាញ​សង្គម​ជា​​ផលិត​ករ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ខ្លឹម​សារ​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​។

    Twitter កាល​ពី​ថ្ងៃទី​27​ឧសភា បាន​ដាក់​ tag នៅ​លើ​សារ​ចំនួន​2ឃ្លា​​របស់​លោក Trump ហើយ​បានបន្ថែម​​ឧទាន​សញ្ញា​​​នៅ​ខាង​ក្រោម​សារ​ទាំង​នេះ​។ ពេល​ចុច​ទៅលើ​តំណ​ភ្ជាប់​(link) ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​សារនោះ​​​ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទំព័រ​មួយ​ដែល​​គ្រប់គ្រង​ដោយ​ Twitter ដែល​មាន​សរសេរ​ថា ប្រសាសន៍​របស់​ម្ចាស់​សេត​វិមាន​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

    លោក​ Trump ក្រោយ​មក​ក៏​បាន​ចោទ​ប្រកាន់​ Twitter និង​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ថា “បិទ​មាត់​”​ អ្នក​អភិរក្ស​និយម​។ កាល​ណោះ​ លោក​ Trump បាន​គំរាម​ថា​នឹង​កែ​ប្រែ​ឱ្យ​បាន​ខ្លាំង​ក្លា​ ឬ​បិទ​បណ្ដាញ​សង្គម​ទាំង​នេះ​។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​យល់​ថា លោក​ Trump ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គំរាម​របស់​លោក​ក្លាយ​ជា​ការ​ពិត​ ព្រោះ​ថា រាល់​ការ​កែ​ប្រែ​​ទៅ​លើ​បណ្ដាញ​សង្គម​នានា​ ទាក់​ទិន​នឹង​ខ្លឹម​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ គឺ​តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​រដ្ឋ​សភា​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ជិត​5.9​លាន​នាក់​​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក

    ជិត​5.9​លាន​នាក់​​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​​ជិត​ 5.9លាន​នាក់​ និង​ជាង​ 360,000​នាក់​បាន​បាត់​បង់​ជីវិត​​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយការណ៍​ថា មាន​​អ្នក​ឆ្លង​វីរុស​COVID-19 ​សរុប​ 5,880,081​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​360,695​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​ 99,678​នាក់​ និង​អ្នកស្លាប់​ថ្មី​មាន​ 3,907​នាក់​។ អ្នក​ជំងឺ​ចំនួន​ 2,576,260​នាក់​បាន​ជាសះស្បើយ​។

    ទ្វីប​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​​ជើង​មាន​អ្នក​ជំងឺ​COVID-19 សរុប​​​1,980,527​នាក់ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​757,461​​នាក់​ ខណៈ​​ដែល​ទ្វីប​​អឺរ៉ុប​​មាន​​1,969,899​​នាក់​ អាស៊ី​​​មាន​​​1,051,266​​​នាក់​​ និង​​អាហ្វ្រិក​​មាន​​​131,570​​នាក់​។

    សហរដ្ឋ​អាមេរិក ប្រស៊ីល និង​រុស្ស៊ី​ គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​1,767,571នាក់ និង​អ្នក​ស្លាប់​សរុប​103,302​នាក់​ ចំណែក​ប្រទេស​ប្រេស៊ីល​មាន​អ្នក​ជំងឺសរុប​438,812​នាក់​​ (អ្នក​ជំងឺ​ថ្មី​មាន​24,151​នាក់​) និង​អ្នក​ស្លាប់​សរុប​26,991​នាក់​ (អ្នក​ស្លាប់​ថ្មី​1,294​នាក់​) ខណៈ​ដែល​​ប្រទេស​រុស្ស៊ី​មាន​អ្នក​ជំងឺ​សរុប​ 379,051​នាក់​ (ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ 8,371​នាក់)​ និង​អ្នក​ស្លាប់​សរុប​​4,142​នាក់ (ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​ ​​174​នាក់​)៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ​ផែន​ដី​និង​ព្រះចន្ទ​មាន​​ទិដ្ឋ​ភាព​បែប​ណា​ នៅ​ពេល​មើល​ពី​ពិភព​សៅរ៍ដែល​មាន​ចម្ងាយ​1.4​ពាន់​លាន​គម?

    ​ផែន​ដី​និង​ព្រះចន្ទ​មាន​​ទិដ្ឋ​ភាព​បែប​ណា​ នៅ​ពេល​មើល​ពី​ពិភព​សៅរ៍ដែល​មាន​ចម្ងាយ​1.4​ពាន់​លាន​គម?

    យាន​អវកាស​ Cassini ដែល​មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ពិភព​សៅរ៍​ ថត​បាន​រូប​ភាព​ផែន​ដី​ និង​ព្រះ​ចន្ទ​នៅ​ពេល​ដែល​​យាន​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃជីវិត​របស់​វា​ បន្ទាប់​ពី​បាន​​​បំពេញ​បេសក​កម្ម​នៅ​ក្នុង​លម្ហ​អវកាស​។

    រូប​ថត​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផែនដី​និង​ព្រះចន្ទ​ដែល​យើង​លើក​យក​មក​និយាយ​នៅ​ទីនេះ​។

    កាល​ពី​ថ្ងៃទី​27​ឧសភា អង្គការ​ NASA បាន​ចែក​រំលែក​រូប​ភាព​នៃ​​ផែន​ដី ​និង​ព្រះចន្ទ​ដែល​ត្រូវ​បាន​ថត​កាល​ពី​3ឆ្នាំ​មុន​ដោយ​យាន​អវកាស​ Cassini។ ពេល​នោះ ព្រះអាទិត្យ​ត្រូវ​បាន​ពិភព​សៅរ៍បាំង​​ពន្លឺ​អស់​មួយ​រយៈ​ពេល​ខ្លី បង្ក​បាន​ជា​ឱកាស​ល្អ​សម្រាប់​យាន​ ដើម្បី​បង្វែរ​កាមេរ៉ា​ទៅ​រក​តំបន់​កណ្ដាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​។ ផ្កាយ​ព្រះ​សៅរ៍​គឺជា​ពិភព​ទី​6 បើ​រាប់​ពី​ព្រះ​អាទិត្យ​ ចំណែក​ផែនដី​គឺជា​ភព​ទី​3​ មាន​ន័យ​ថាផែនដី​ស្ថិត​នៅ​​ក្នុង​តំបន់​កណ្ដាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​។

    ជាមួយ​នឹង​រយៈ​ចម្ងាយ​1.4​ពាន់​លាន​គីឡូម៉ែត្រ ផែនដីនិង​ព្រះចន្ទ​​នៅក្នុង​រូប​ថត គឺគ្រាន់​តែ​ជា​​ចំណុច​តូច​ល្អិត​​​នៅ​កណ្ដាល​រង្វង់​ខ្សែក្រវាត់នានា​​របស់​ពិភព​សៅរ៍​​ដ៏​មហិមា​តែ​ប៉ុណ្ណោះ​។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​រូប​ភាព​គឺជា​រង្វង់​ខ្សែក្រវាត់​​A របស់​ពិភព​សៅរ៍​ ចំណែក​នៅ​ក្បែរ​ជ្រុង​ខាង​ស្ដាំង​គឺជា​លម្ហ​Encke ដ៏ធំល្វឹង​ល្វើយ​ ខណៈ​ដែល​លម្ហ​​Keeler រាង​ចង្អៀត​បន្តិច​ដែល​ស្ថិត​នៅ​ក្បែរ​ចំណុច​កណ្ដាល​នៃ​រូប​ភាព​។ រី​ឯ​នៅ​ជ្រុង​ខាង​ឆ្វេង​គឺជា​ខ្សែ​ក្រវាត់​F ដែល​មាន​ការ​ប្រែប្រួល​ជា​ប្រចាំ​។

    យាន​អវកាស Cassini ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​អវកាស​ពី​រដ្ឋ​ Florida នៃ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​15​តុលា​1997។ ឆ្នាំ​2004 យាន​ដែល​មាន​តម្លៃ​3.3​ពាន់​លាន​ដុល្លារ​​របស់​ NASA នេះ បាន​ហោះទៅ​ដល់​ពិភព​សៅរ៍​ និង​បាន​ចាប់​ផ្ដើមការ​​ស្រាវ​ជ្រាវ​​របស់​ខ្លួន​។ ឆ្នាំ​2017 យាន​នេះ​ក៏អស់​ថាម​ពល​។ អ្នកវិទ្យា​សាស្ត្រ​បាន​បញ្ជា​ឱ្យ​យាន​អវកាស​នេះ​ ​​​ហោះចូល​ក្នុង​បរិយាកាស​របស់​ភព​សៅរ៍​​ដើម្បី​កម្ចេច​​ចោល​នៅ​ទីនោះ​។ ការ “ធ្វើ​អត្តឃាត” បែប​នេះគឺ​ដើម្បី​បញ្ជៀស​មិន​ឱ្យ​វា​អណ្ដែត​ត្រសែត​គ្មាន​គោល​ដៅ​ ដែល​អាច​ហោះ​ធ្លាក់​ទៅ​លើ​ព្រះចន្ទ​នានាដែល​អាច​មាន​ជីវិត​​របស់​ភព​សៅរ៍​ បង្ក​ការ​ឆ្លង​​ជីវិត​ពី​ផែន​ដី​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

    សភានីតិកម្មហុងកុងកើត​ចលាចល និង​ត្រូវ​ផ្អាក​កិច្ច​ប្រជុំ ព្រោះ​តែ​តំណាង​រាស្ត្រ​​​គប់​ថង់​ឈើ​ស្អុយ​ទៅ​លើ​ប្រធាន​សភា

    តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ បាន​គប់​​ថង់​ដែល​មាន​វត្ថុ​ស្អុយ​ទៅ​លើ​ប្រធាន​សភានីតិកម្មហុងកុង​ ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​​ភ្លៀង​ជាតិ​ត្រូវ​បាន​អាក់​ខាន​។

    សភានីតិកម្មហុងកុង LEGCO (Legislative Council of Hong Kong) ព្រឹក​មិញ​នេះ​បាន​បន្ត​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​អំពី​ភ្លេង​ជាតិ​។ នៅ​ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​ តំណាង​រាស្ត្រ​ម្នាក់​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ គឺ​លោក Ted Hui Chi-fung ស្រាប់​តែ​រត់​ទៅរក​ប្រធានសភា​ Andrew Leung Kwan-yuen ហើយ​បាន​គប់​ថង់​ពណ៌​ស​មួយ​សំដៅ​ទៅ​កាន់​ប្រធាន​សភា​រូប​នេះ​។ ធាតុ​រាវ​នៅក្នុង​ថង់​ក៏​បាន​បែក​ខ្ចាយ​ចេញ​មក​ក្រៅ​ ធ្វើ​ឱ្យ​ស្អុយ​ពេញ​សាល​ប្រជុំ​។

    ភ្លាម​នោះ តំណាង​រាស្ត្រ Ted Hui ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​នាំ​ខ្លួន​ចេញ​ទៅ​ខាង​ក្រៅ​ ហើយ​កិច្ច​ប្រជុំ​ខាង​លើ​ក៏ត្រូវ​បាន​ពន្យារ​ពេល​។ ចំណែក​ តំណាង​រាស្ត្រ Chan Hoi-yan ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ព្រោះ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ដោយ​សារ​ក្លិន​ស្អុយ​នោះ​។

    ក្រុម​សន្តិសុខ​បាន​នាំ​គ្នា​យក​ផួយ​មក​គ្រប​ពី​លើ​ថង់​ឈើស្អុយ​ និង​ប្រើ​ថ្នាំ​បាញ់​បំបាត់​ក្លិន​​ក្នុង​សាលប្រជុំ នៅ​មុន​ពេល​បុគ្គលិក​អនាម័យ​មក​ដល់​។ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​ និង​ប៉ូលិស​ជា​ច្រើន​នាក់​ក៏ត្រូវ​បាន​បញ្ជូន​មក​កាន់​វិមាន​សភា​នេះ​ដែរ​។

    Ted Hui បាន​ប្រកាស​ថា ខ្លួន​ប្រើ​ប្រាស់​ថង់​ដាក់​ឈើ​ស្អុយ​ដើម្បី​​តវ៉ា ព្រោះ​តែលោក​​ Leung បាន​កាត់​បន្ថយ​ពេល​វេលា​​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក្នុងការ​សម្ដែង​មតិ​ទាក់ទិន​នឹង​សេចក្ដី​ព្រាង​ច្បាប់​ភ្លេង​ជាតិ​។

    សេចក្ដី​ព្រាង​ច្បាប់​​ភ្លេង​ជាតិ​ តម្រូវ​ឱ្យ​​សាលា​រៀន​នានា​នៅ​ហុង​កុង​ បង្រៀនភ្លេង​ជាតិ​ប្រទេស​ចិន​ដល់​សិស្ស​ រួម​នឹង​អង្គ​ការ​ផ្សេង​ៗក៏​ត្រូវ​ចាត់​ចែង​ការ​ច្រៀង​ចម្រៀង និង​លេង​ភ្លេង​​ជាតិ​នេះ​ដែរ​។ ចំណែក​អ្នក​ដែល​មាន​ឥរិយាបថ​ប្រមាថ​មើល​ងាយភ្លេង​ជាតិ​នេះ​​នឹង​ត្រូវ​ដាក់​ទោស​ឱ្យជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់​ទៀត​ផង៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • Quantum Levitation នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ហោះ​ហើរ​ថ្មី​ដ៏អាស្ចារ្យ​បំផុត​​សម្រាប់​អនាគត

    Quantum Levitation នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ហោះ​ហើរ​ថ្មី​ដ៏អាស្ចារ្យ​បំផុត​​សម្រាប់​អនាគត

    បន្ទះ​វត្ថុ​ធាតុដ៏ស្ដើងមួយ​​អាច​ផ្ទុក​វត្ថុ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​វា​ដល់​ទៅ​ 70,000​ដង​ឯណោះ​​នៅ​ក្នុង​លម្ហ​បរិយា​កាស​ ជាមួយ​នឹង​គន្លង​គោចរ​ប្រកប​ដោយ​មហា​​​ស្ថិរ​ភាព​។ នេះ​គឺជា​បច្ចេកវិទ្យា​​មហា​​ចម្លង​​ Superconductivity ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​បង្កើត​យាន​យន្ត​ដែល​អាច​ហោះ​បាន​ប្រកប​ដោយ​ភាព​អស្ចារ្យ​ជាង​យន្ត​ហោះ​ ឬ​យាន​អវកាស​នា​បច្ចុប្បន្ន​ទៅ​ទៀត​ ដោយ​សារ​វា​មិន​ទទួល​ឥទ្ធិ​ពល​នៃ​ដែន​ទំនាញ​ពី​ផែន​ដី។

    ជា​ដំបូង​ សូម​ទស្សនា​ឃ្លីប​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​​ដំណើរ​ការ​នៃ​​បច្ចេក​វិទ្យា​ខាង​លើ​នេះ​នៅ​ឯតូប​ឧទ្ទេស​នាម​ផលិត​ផល​របស់​សាកល​វិទ្យា​ល័យ​ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល​​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ ASTC (Association of Science and Technology Centers) កាល​ពី​ឆ្នាំ​2011 នា​​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ Maryland ក្នុង​ទីក្រុង​ Baltimore សហរដ្ឋ​អាមេរិក​។

    នៅក្នុង​វីដេអូ​នេះ យើង​ឃើញ​ថា មាន​បន្ទះ​វត្ថុធាតុ​​​មួយ​ដែល​ត្រូវ​បាន​ក្លា​សេ​យ៉ាង​ត្រជាក់​ដោយ​ប្រើ​អាសូតរាវ (Liquid nitrogen​​​) អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​ដែល​មាន​គម្លាត​ពី​មេដែក​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។ នៅ​ពេល​បន្ទះ​វត្ថុ​ធាតុ​នេះ​​ត្រូវ​បាន​ដាក់ពី​លើ​​ក្បែរ​ប្រព័ន្ធ​មេដែក​ដែល​មាន​រាង​​រង្វង់​មូល ហើយ​យក​ដៃ​រុញ​វា​តែ​បន្តិច​ វា​នឹង​ហោះ​​​ទៅ​តាម​រង្វង់​មូល​នៃ​មេដែក​នេះ​​។

    ជាពិសេស វត្ថុ​ធាតុ​នេះ​នៅ​តែ​អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​ បើ​ទោះ​ជា​វា​ត្រូវ​បាន​ដាក់​ពី​ខាង​ក្រោម​មេដែក​ក៏ដោយ​។ បាតុ​ភូត​នេះ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា quantum levitation ឬ​ quantum trapping។ Quantum levitation គឺជា​បច្ចេកវិទ្យា​មួយ​​ដែល​អ្នកវិទ្យា​សាស្ត្រ​ប្រើ​ប្រាស់​លក្ខណៈ​ពិសេស​របស់​រូប​វិទ្យា​កង់​ទិក​​​ដើម្បី​លើក​វត្ថុ​អ្វី​មួយ​ (ក្នុង​ករណី​នេះ​គេ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​​​មហា​​ចម្លង​​ Superconductivity) ឱ្យ​អណ្ដែត​ទៅ​លើ​ នៅ​ខាង​លើ​ប្រភព​ដែន​ទំនាញ​ (ករណី​នេះ​ គេ​ប្រើ​​ប្រព័ន្ធ​ផ្លូវ​មេដែករាង​រង្វង់​មូល)​ ជាក់​លាក់​មួយ។

    យើង​គួរ​បកស្រាយ​បែប​ណា​?

    Superconductivity គឺជា​​បាតុភូត​ដែល​កើត​ឡើង​នៅ​ពេល​វត្ថុ​ធាតុ​ជាក់​លាក់​មួយ​ស្ថិត​ក្នុង​សីតុណ្ហ​ភាព​ទាប​ជាង​សីតុណ្ហ​ភាព​ដល់​កម្រិត​ជាក់​លាក់​មួយ​ ដែល​ពេល​នោះ​កម្លាំង​រារាំង​​ការ​ចន្លង​​អគ្គិសនី​របស់​វា​ក៏​បាន​ថយ​ចុះ​ភ្លាម​ៗ​ដល់​ចំណុច ​0។

    ជាមួយ​នឹង​វត្ថុ​ធាតុ​ឌីយ៉ាម៉ាញេទិក (Diamagnetic materials)​ ធម្មតា លំហូរ​នៃ​អគ្គិសនី​​ Foucault ដែល​មាន​និន្នាការ​ប្រឆាំង​ទៅ​នឹង​មូលហេតុ​ដែល​បាន​បង្កើត​វា​ឡើង​ (នៅ​ក្នុងករណី​នេះ​គឺចលនា​ប្រហាក់​ប្រហែល​គ្នា​រវាង​ដែន​ម៉ាញេទិក​ និង​វត្ថុ​ធាតុ​) បាន​ចុះ​​ខ្សោយ​យ៉ាង​លឿន​ ដោយ​សារ​តែ​ រ៉េស៊ីស្ទ័រ (resistor) ដែល​ជា​កម្លាំង​រារាំង​​​នៅ​ខាង​ក្នុង​វត្ថុ​ធាតុ​នោះ​។ ប៉ុន្តែ ដោយ​សារ​វត្ថុ​មហាចម្លង Superconductivity​ មិន​មាន​រ៉េស៊ីស្ទ័រ ដូច្នេះ​លំហូរ​ Foucault ដែល​កើត​ឡើង​ ក៏​មិន​មាន​ការ​ចុះ​ខ្សោយ​។ ហេតុ​នេះ​​ហើយ​ ដែន​ម៉ាញេទិក​​បន្ទាប់​បន្សំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក៏​មិន​ថយ​ចុះ​ ហើយ​វា​​កម្ចាត់​ដែន​ទំនាញ​​ទាំង​ស្រុង​ពីក្នុង​ខ្លួន​វា​ ដែល​វា​ទទួល​បាន​ពី​​ខាង​ក្រៅ​ (ដូច​ជា​ទំនាញ​ផែន​ដី​ជា​ដើម)​។ ពេល​នោះ ដែន​ទំនាញ​នៅ​ក្នុង​វត្ថុ​ធាតុ​មហា​ចម្លង Superconductivity ​នេះ​មាន​ប្រហាក់​ប្រហែល​នឹង​​ 0 ហើយ​ក៏​​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​ស្រុង​។ ប្រការ​នេះ​ ធ្វើ​ឱ្យ​វត្ថុ​ធាតុ​មហា​ចម្លង​ Superconductivity អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​​ដែល​មាន​ចម្ងាយ​ពី​មេដែក​បន្តិច​។

    យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​អ៊ីស្រាអែល បើសិន​ជា​វត្ថុធាតុ​ Superconductivity រុញ​ច្រាន​ដែន​ទំនាញ​ពី​ខាងក្រៅ​ចេញ​អស់​ពី​ខ្លួន​​ វា​អាច​ហោះ​ឡើង​​ទៅ​លើ ប៉ុន្តែ ទីតាំង​ និង​គន្លង​គោចរ​របស់​វា​មិនមាន​លំនឹង​ ដោយ​សារ​តែ​វា​ចេះ​តែ​ប្រឹង​ហោះ​ ​ដើម្បី​ជៀស​ពី​ដែន​ទំនាញ​ខាង​ក្រៅ​។ វត្ថុ​ធាតុ​មហា​ចម្លង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ធាតុ​មហា​ចម្លង​ប្រភេទ​ទី​1។

    ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ Quantum Levitation ក្នុង​វិស័យ​ឧស្សាហកម្ម

    (វីដេអូ) Quantum Levitation នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ហោះ​ហើរ​ថ្មី​សម្រាប់​អនាគតបើ​ទោះ​ជា​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថភ្លើង​ល្បឿន​លឿន​នៅ​ជប៉ុន​ បាន​ប្រើប្រាស់​ទ្រឹស្ដី​នៃ​បច្ចេក​វិទ្យា Quantum Levitation នៅក្នុង​​ការ​បង្កើត​រថភ្លើង​ល្បឿន​លឿន​ដែល​អាច​ធ្វើ​ដំណើរ​បាន​ជិត​600​គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែ វា​មិន​មែន​ជា​បច្ចេកវិទ្យា​ពិត​ប្រាកដ​របស់​ Quantum Levitation​ នោះ​ទេ។ វា​គ្រាន់​តែ​ជា​​បច្ចេកវិទ្យា​ Maglev – Magnetic Levitation តែ​ប៉ុណ្ណោះ​។

    យោង​តាម​អ្នកវិទ្យា​សាស្ត្រ​នៃ​ប្រទេស​អ៊ីស្រាអែល ឱ្យដឹង​ថា វត្ថុ​ធាតុ​​ Superconductivity ដែល​ប្រើ​ប្រាស់​ក្នុង​វីដេអូ​ខាង​លើ​ មាន​កម្រាស់​ត្រឹម​តែ​ 0,5មីក្រូមម (micromet) ប៉ុណ្ណោះ ប៉ុន្តែ វា​អាច​លើក​វត្ថុ​មួយ​ដែល​ធ្ងន់​ជាង​វា​ដល់​ទៅ​70,000​​ដង​ឯណោះ​។ មាន​ន័យ​ថា វត្ថុ​ធាតុ​ Superconductivity មួយ​បន្ទះ​ដែល​មាន​អង្កត់​ផ្ចិត​ 7,62សម និង​កម្រាស់​ 2មម អាច​លើក​រថយន្ត​ដែល​មាន​ទម្ងន់​1​តោន​បាន​។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាមេរិកាំង​និង​ចិនបង្កើត​ “សង្គ្រាម​វោហារ​សាស្ត្រ​” នៅ​អង្គ​ការ​សហប្រជា​ជាតិ​ ព្រោះ​តែ​បញ្ហា​​ហុង​កុង

    អាមេរិកាំង​និង​ចិនបង្កើត​ “សង្គ្រាម​វោហារ​សាស្ត្រ​” នៅ​អង្គ​ការ​សហប្រជា​ជាតិ​ ព្រោះ​តែ​បញ្ហា​​ហុង​កុង

    ប្រតិភូ​អាមេរិកាំង​ និង​ប្រតិភូ​ចិន​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​ ទាក់ទិន​នឹង​ការ​ដែល​ទីក្រុង​ប៉េកាំង​បង្កើត​ច្បាប់​សន្តិសុខ​សម្រាប់​គ្រប់​គ្រង​ទីក្រុង​ហុង​កុង​។

    សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ប្រតិភូ​អាមេរិកាំង​ និង​ចិន​ នៅ​ឯ​ទីស្នាក់​ការ​នៃ​អង្គ​ការ​សហប្រជា​ជាតិ​ កាល​ពី​ថ្ងៃទី​27​ឧសភា បាន​​បើក​សង្គ្រាម​វោហារ​សាស្ត្រ​ដាក់​គ្នាជា​បន្ត​បន្ទាប់​​ ក្រោយ​​ពី​ទីក្រុង​ប៉េកាំង​បាន​ទាត់​ចោល​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​ស្នើ​ឱ្យ​បើក​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សន្តិ​សុខ​​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ដែល​ចិន​កំពុង​បង្កើត​ច្បាប់​សន្តិសុខ​សម្រាប់​តំបន់​ពិសេស​ហុង​កុង​។

    នៅក្នុង​សេចក្ដី​ប្រកាស​មួយ ប្រតិ​ភូអាមេរិកាំង​នៅ​អង្គ​សហប្រជាជាតិ​បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា “បញ្ហា​បន្ទាន់​ដែល​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពិភពលោក​ទាំង​មូល​ដោយ​វា​ទាក់​ទង​នឹង​សន្តិ​ភាព​ និង​សន្តិសុខ​អន្តរ​ជាតិ​ ហើយ​វា​ក៏​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមាជិក​ទាំង​15​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ​ការ​សហប្រជា​ជាតិ​។

    ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ​ លោក​ Zhang Jun ក្រោយ​មក​ក៏​បាន​បង្ហោះ​សារ​នៅ​លើទំព័រ​ Twitter ថា “ទីក្រុង​ប៉េកាំង​ ដាច់ខាត​មិន​ទទួល​យក​សំណើ​មិន​សម​ហេតុ​ផល​” ដូច​ខាង​លើ​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​គឺជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ចិន​ និង​ “​មិន​ទាក់​ទង​អ្វី​ជាមួយ​ភារ​កិច្ច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គ​ការ​សហប្រជាជាតិ​​នោះ​ដែរ​”។

    អាមេរិកាំង​និង​ចិនបង្កើត​ "សង្គ្រាម​វោហារ​សាស្ត្រ​" ដាក់​គ្នា នៅ​អង្គ​ការ​សហប្រជា​ជាតិ​ ព្រោះ​តែ​បញ្ហា​នៅ​ហុង​កុង
    កិច្ច​ប្រជុំ​មួយ​របស់​អង្គ​ការ​សហប្រជាជាតិ​។

    សហរដ្ឋ​អាមេរិក​និយាយ​ថា ការ​ដែល​ចិន​បាន​ទាត់​ចោល​កិច្ច​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​ស្ដី​អំពី​បញ្ហា​ហុង​កុង​ រួម​ជាមួយ​នឹង​ “ការ​លាក់​បាំង​អំពី​ COVID-19 និង​ការ​រំលោភ​ជា​បន្ត​បន្ទាប់​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​​នានា ការ​បំពាន​ច្បាប់​នៅ​លើសមុទ្រ​ចិន​ខាង​ត្បូង​ជាដើម បាន​បង្ហាញ​ថា​ ទីក្រុង​ប៉េកាំង​​បាន​អនុវត្ត​ផ្ទុយ​ពី​ភារ​កិច្ច​ជា​សមាជិក​មួយ​​របស់​អង្គ​ការ​សហប្រជា​ជាតិ​”។

    ជា​ការ​ឆ្លើយ​តប អគ្គរដ្ឋ​ទូត​ចិន លោក Zhang Jun ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកថា ជាប្រទេស​ “បង្ក​​ភាព​​ច្របូក​ច្របល់​​​ក្នុង​ពិភព​លោក​” និង​ “បំពាន​ច្បាប់​អន្តរ​ជាតិ​”។

    សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​របស់​​ប្រទេស​ចិន​នេះ​ តាម​គម្រោង​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទៅ​28​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​។​ ច្បាប់​នេះ​នឹង​ហាម​មិន​ឱ្យ​មាន​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ និង​អំពើ​រដ្ឋ​ប្រហារ​ ក៏ដូច​ជា​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ការ​ធ្វើ​ភេរវ​កម្ម​ក្នុងទីក្រុង​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រន្ធត់ចិត្តណាស់! បុរសអ៊ីរ៉ង់ម្នាក់ កាត់កកូនស្រីពេលគេងលក់…សម្លាប់ដើម្បីកិត្តិយស ព្រោះរត់តាមប្រុស…

    រន្ធត់ចិត្តណាស់! បុរសអ៊ីរ៉ង់ម្នាក់ កាត់កកូនស្រីពេលគេងលក់…សម្លាប់ដើម្បីកិត្តិយស ព្រោះរត់តាមប្រុស…

    ប៉ូលិសអ៊ីរ៉ង់ បានចាប់ខ្លួនបុរសម្នាក់ ក្រោយពីបង្កហេតុសម្លាប់កូនស្រីខ្លួនឯង អាយុ 14ឆ្នាំ ដើម្បីរក្សាកិត្តិយសវង្សត្រកូល ដោយសារតែកូនស្រី រត់តាមប្រុសស្នេហ៍ មុននឹងប៉ូលិសតាមរកឃើញ និងនាំខ្លួនមកផ្ទះវិញ។

    ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា យុវតី រ៉ូមិណា អច្ឆារ៉ាហ្វ៊ី បានរត់ចេញពីផ្ទះនៅក្នុងខេត្តគីឡាន ទៅជាមួយប្រុសស្នេហ៍វ័យ 35ឆ្នាំ ក្រោយពីឪពុករបស់នាងបានជំទាស់រឿងរៀបការរបស់ពួកគេទាំង2 តែទីបំផុតប៉ូលិស ក៏តាមរកយុវតីអច្ឆារ៉ាហ្វ៊ីទាល់តែឃើញ ហើយបាននាំនាងត្រឡប់មកផ្ទះវិញ ទោះជានាងខំព្យាយាមប្រាប់ប៉ូលិសម្ដងហើយម្ដងទៀតថា បើត្រឡប់ទៅផ្ទះវិញ នាងអាចនឹងមានគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ។

    រួចហើយក្ដីកង្វល់របស់នាង ក៏ក្លាយជាការពិតនៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍ ទី21 ឧសភា…នាងត្រូវបុរសជាឪពុកលបចូលទៅសម្លាប់ដល់ក្នុងបន្ទប់គេងរបស់នាងតែម្ដង។ សារព័ត៌មានក្នុងតំបន់ Gilkhabar.ir បានរាយការណ៍ថា អច្ឆារ៉ាហ្វ៊ី ត្រូវបានកាត់ក្បាលដោយផ្លែកន្ដៀវ និងបន្ទាប់ពីនោះមក បុរសជាឪពុក ក៏ដើរចេញមកពីផ្ទះ ព្រមជាមួយផ្លែកន្ដៀវនៅក្នុងដៃ ហើយសារភាពគ្រប់យ៉ាង មុននឹងប៉ូលិសចាប់ខ្លួនគាត់យកទៅ។

    ព័ត៌មានពីការស្លាប់របស់អច្ឆារ៉ាហ្វ៊ី បានធ្វើឱ្យកើតមានចរន្តនៃកំហឹងទូទាំងប្រទេស ហ៊ែចធែក#Romina_Asharafi នៅលើធ្វីតធើរ ត្រូវបានប្រើប្រាស់ជាង 50,000ដង ដោយអ្នកប្រើប្រាស់ភាគច្រើន សុទ្ធតែថ្កោលទោសអំពើឃាតកម្ម និងស្ថានភាពសង្គមរបស់អ៊ីរ៉ង់ជារួម ខណៈដែលសារព័ត៌មានអ៊ីរ៉ង់ Ebtekar ដែលមានទំំនោរលើការផ្លាស់ប្ដូរទំនៀមទម្លាប់សង្គម បានបញ្ជាក់ថា នេះគឺជាការបរាជ័យរបស់ច្បាប់សម្រាប់គាំពារស្ត្រី និងកុមារដែលប្រទេសអ៊ីរ៉ង់កំពុងមាន។

    ខណៈដែលលោកស្រី ឆាហ៊ីនដកត៍ ម៉ូឡាវើឌី អគ្គលេខាធិការរបស់សមាគមគាំពារសិទ្ធិស្ត្រីអ៊ីរ៉ង់ បានផូស្តសំណេរមួយឃ្លាថា អច្ឆារ៉ាហ្វ៊ី មិនមែនជាជនរងគ្រោះទី1 និងក៏មិនមែនចុងក្រោយគេនៃការសម្លាប់ដើម្បីកិត្តិយសនេះដែរ ដរាបណាដែលច្បាប់ និងវប្បធម៌ក្នុងតំបន់មិនអាចហាមប្រាមទង្វើបែបនេះឱ្យបានយ៉ាងពេញលេញនោះ។

    ទាំងអស់នេះ ច្បាប់អ៊ិស្លាមរបស់អ៊ីរ៉ង់ នឹងដាក់ទោសដល់ឪពុក ឬសមាជិកគ្រួសារណាម្នាក់ក៏ដោយ ដែលបានបង្កហេតុឃាតកម្ម ឬប្រើអំពើហិង្សាទៅលើកុមារ។ ក្នុងករណីការប្រើអំពើហិង្សាក្នុងគ្រួសារ ឬការសម្លាប់ដើម្បីកិត្តិយស ដូចជា បើបុរសនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានរកឃើញថា មានកំហុសពិត ពីបទសម្លាប់កូនស្រី នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី 3-10ឆ្នាំ ជំនួសឱ្យការត្រូវកាត់ទោសដោយការប្រហាជីវិតដូចប្រក្រតី៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តុលាការ​កាណាដា​សម្រេច​មិន​​ដោះ​លែង​នាយិកាហិរញ្ញ​វត្ថុ​របស់​ Huawei ខណៈ​ចិន​ចាប់​ផ្ដើម​រិះ​គន់​

    តុលាការ​កាណាដា​សម្រេច​មិន​​ដោះ​លែង​នាយិកាហិរញ្ញ​វត្ថុ​របស់​ Huawei ខណៈ​ចិន​ចាប់​ផ្ដើម​រិះ​គន់​

    នាយិកាផ្នែក​ហិរញ្ញ​វត្ថុ​របស់​ Huawei អ្នក​ស្រី​ Meng Wanzhou ប្រឈម​មុខ​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​អាមេរិកាំង​ បន្ទាប់​ពី​តុលាការ​កាណាដា​បាន​ចេញ​សាល​ក្រម​​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​អ្នក​ស្រី​ គឺ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​បង្ហាញ​ថា អ្នក​ស្រី​ “មាន​ទោស​ពីរ​ទន្ទឹម​គ្នា​” ពិត​មែន។

    ចៅ​ក្រម​ Heather Holmes នៃ​តុលាការ​កំពូល​​របស់​ British Columbia នៃ​ប្រទេស​កាណាដា​ កាលពី​ថ្ងៃទី​27​ឧសភា​ បាន​ចេញ​សាល​ក្រម​​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​នាយិកាផ្នែក​ហិរញ្ញ​វត្ថុ​របស់ក្រុម​ហ៊ុន​ចិន​ Huawei គឺ​អ្នក​ស្រី​ Meng Wanzhou គឺ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​បង្ហាញ​ថា អ្នក​ស្រី​មាន​ទោស​ពីរ​ទន្ទឹម​គ្នា​ ដូច្នេះ​​​ហើយ​អ្នក​ស្រី​ Meng Wanzhou នឹង​ត្រូវ​បាន​ពិចារណា​បន្ត​ទៀត​ក្នុង​ការ​ធ្វើ​បត្យាប័ន​នាំ​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​។

    សាល​ក្រម​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​កាត់​ទោស​បន្ត​ទៀត​ចំពោះ​ជន​ជាប់​ចោទ​ Meng Wanzhou ដើម្បី​ពិចារណា​ក្នុង​ការ​ធ្វើ​បត្យា​ប័ន​បញ្ជូន​ខ្លួន​​នឹង​ទៅ​ឱ្យ​​​អាមេរិកាំង​នៅ​ខែ​មិថុនា​ខាងមុខ​។​ ការ​ជំនុំ​ជម្រះ​នោះ​នឹង​ពិនិត្យឱ្យ​ដឹង​ច្បាស់​ថា​ តើ​មន្ត្រី​កាណាដា​បាន​គោរព​ច្បាប់​​ដែរ​ឬ​ទេ​ពេល​ឃាត់​ខ្លួន​អ្នក​ស្រី​ Meng Wanzhou ទៅ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ តាម​គម្រោង​ ការ​ប្ដឹង​តវ៉ា​ពី​ជន​ជាប់​ចោទអាច​​ត្រូវ​បាន​បិទ​បញ្ចប់​​នៅ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​ ឬ​ដើមខែ​តុលាខាង​មុខ​។

    ក្រោយ​ពី​តុលាការ​បាន​ចេញ​សាល​ក្រម​ភ្លាម ចិន​ក៏​បាន​ធ្វើ​ការ​រិះគន់​ភ្លាម​ដែរ​ទៅ​លើ​កាណាដា​។ ទីក្រុង​ប៉េកាំង​មុន​នោះ​ក៏ធ្លាប់​បាន​ស្នើ​ឱ្យ​ទីក្រុង​តូរ៉ុន​តូ “កែប្រែ​កំហុស​ឆ្គង” ហើយ​ដោះ​លែង​អ្នកស្រី​ Meng Wanzhou ជា​បន្ទាន់​។ មេធាវី​របស់​អ្នក​ស្រី Meng Wanzhou បាន​និយាយ​ថា កូន​ក្ដី​របស់​ខ្លួន​ “មិន​សម​ជា​ចំណាប់​ខ្មាំង​” នោះ​ទេ​ នៅក្នុង​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិកាំង​។ មេធាវី Weingarten ថ្លែង​ថា “សាល​ក្រម​ថ្ងៃ​នេះនៅ​កាណាដា គ្រាន់​តែ​ជា​ការ​បើក​ផ្លូវ​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ដំណើរ​ការ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​។ យើង​ជឿ​ថា ចុង​ក្រោយ​ យុត្តិធម៍៌នឹង​ត្រូវ​បាន​អនុវត្ត​”​។

    អ្នកស្រី Meng Wanzhou នៅ​តែ​អះអា​ងថា ខ្លួន​គ្មាន​កំហុស​អ្វី​នោះ​ទេ​។ អ្នកស្រី​ Meng មាន​អាយុ​48​ឆ្នាំ នឹង​បន្ត​ស្ថិត​នៅ​ក្រៅ​ឃុំ​​​បណ្ដោះ​អាសន្ន​នៅ​ឯភូមិ​គ្រឹស​របស់​ខ្លួន​ដែល​មាន​តម្លៃ​ជិត​10​លាន​ដុល្លារ​អាមេរិក ក្នុង​ទីក្រុង​ Vancouver ប្រទេស​កាណាដា ក្រោម​ការ​តាម​ដាន​របស់​សមត្ថកិច្ច​។

    សមត្ថកិច្ច​កាណាដា​បាន​ឃាត់​ខ្លួន​អ្នក​ស្រី​ Meng Wanzhou នៅ​ឯព្រលាន​យន្ត​ហោះ Vancouver កាល​ពី​ថ្ងៃទី​1ធ្នូ ឆ្នាំ​2018 ទៅ​តាម​ការ​ស្នើ​ពី​សហរដ្ឋ​អាមេរិក​។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​អ្នកស្រី​ Meng ថា បាន​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​បន្លំ​បោក​ប្រាស់​ធនាគារ​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​បំណង​ “ឆ្ពិន​ភ្នែក​” ​​​សហរដ្ឋ​អាមេរិក​ ទាក់​ទិន​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​​​​ប្រទេស​អ៊ីរ៉ង់​ ពោល​គឺ​អ្នក​ស្រី​ត្រូវ​បាន​ចោទ​ថា កំពុង​រក​ស៊ី​លួច​លាក់​ជាមួយ​អ៊ីរ៉ង់​។ បើ​សិនជា​ត្រូវ​បាន​កាត់​ទោស​នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី Meng នឹង​អាច​ជាប់​ពន្ធ​នាគាររហូត​ដល់​​30​ឆ្នាំ​៕

    ប្រភព​៖ SCMP

  • សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​ចិន​ ដើម្បី​​​ជួយ​ជនជាតិ​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង​ ត្រូវ​បាន​សភា​អាមេរិកាំង​អនុម័ត​រួច​ហើយ​!

    សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​ចិន​ ដើម្បី​​​ជួយ​ជនជាតិ​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង​ ត្រូវ​បាន​សភា​អាមេរិកាំង​អនុម័ត​រួច​ហើយ​!

    សភាជាន់​ទាប​អាមេរិកាំង​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ចិន​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​អំពើ​កៀប​សង្កត់​ទៅលើ​​ជនជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) កាន់​សាសនា​ឥស្លាម ដែល​កំពុង​រស់​​នៅ​ក្នុង​តំបន់​ស៊ីនជាំង​(XinJiang) ប្រទេស​ចិន​។

    សេចក្ដី​ព្រាង​ច្បាប់​ “គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​អ៊ុយហ្គួរ​”​ នេះ​ ត្រូវ​បាន​សភា​ជាន់​ទាប​អាមេរិកាំង​អនុម័ត​កាល​ពី​ម្សិលមិញ​(27ឧសភា) ដោយ​មាន​ឆ្នោត​គាំទ្រ​ចំនួន​413​សម្លេង​ និង​បដិសេធ​1​សម្លេង​។ ដោយ​សារ​តែ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​រួច​រាល់​ពី​សភា​ជាន់​ខ្ពស់​ ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី​អាមេរិកាំង​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​។

    សេចក្ដី​ព្រាង​ច្បាប់​នេះ​ តម្រូវ​​​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

    អង្គ​ការ​សហប្រជា​ជាតិ​បាន​រកឃើញ​ថា ជនជាតិ​អ៊ុយ​ហ្គួរ​កាន់​សាសនា​ឥស្លាម​ប្រមាណជា​ជាង​1លាន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​ជំរំ​កែប្រែ​ ប៉ុន្តែ​ចិន​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​