Author: សឿន សំណាង

  • ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋ​ចំនួន​5​ ធ្វើ​ដំណើរ​មក​កាន់​ Washington D.C​ ដើម្បីជួយ​ទប់​ទល់​នឹង​​បាតុករ​

    ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋ​ចំនួន​5​ ធ្វើ​ដំណើរ​មក​កាន់​ Washington D.C​ ដើម្បីជួយ​ទប់​ទល់​នឹង​​បាតុករ​

    ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា កង​វរសេនា​តូច​​មួយ​ក្រុម​​កំពុង​ត្រូវ​បាន​​កែន​ដើម្បី​បញ្ជូន​ទៅកាន់​​ Washington D.C ខណៈ​ដែល​ឆ្មាំ​ការ​ពារ​ជាតិ​ពី​រដ្ឋ​ចំនួន​5​របស់​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​រដ្ឋ​ធានី​នៃ​ប្រទេស​នេះ​ផងដែរ​។

    សារ​ព័ត៌​មាន​ Reuters ដក​ស្រង់​ប្រភព​ព័ត៌មាន​​ពី​កង​ទ័ព​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា កង​វរសេនា​តូច​មួយ​ក្រុម​ រួម​មាន​ទាហាន​ប្រមាណ​ពី​200​ទៅ​250​នាក់​ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ Washington D.C។ ការ​បញ្ជូន​កង​កម្លាំង​នេះ​មក​កាន់​ Washington D.C គឺ​គ្រាន់​តែ​ដើម្បី​ការ​ពារ​សន្តិសុខ​ និង​មិន​ធ្វើ​ការ​ចាប់​ចង​ជន​ណា​មួយ​នោះ​ទេ​។

    កាលពី​ថ្ងៃទី​2មិថុនា​ Reuters​ បាន​ចេញ​ផ្សាយ​ថា ទាហាន​នៅ​ខាងក្រៅ​រដ្ឋ​ធានី​ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ប្រុង​ជើង​ការ​ខ្ពស់​ដើម្បី​ទប់​ទល់​នឹង​បាតុកម្ម​។

    ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋ​ចំនួន​5​ ធ្វើ​ដំណើរ​មក​កាន់​ Washington D.C​ ដើម្បីជួយ​ទប់​ទល់​នឹង​​បាតុករ​ក្រៅ​ពី​នេះ មន្ត្រីជាន់​ខ្ពស់​​ម្នាក់​មក​ពី​ក្រសួង​ការ​ពារ​ជាតិ​បាន​ប្រកាស​ថា​ ទាហាន​​ចំនួន​1.200​នាក់​ដែល​ស្ថិត​ក្រោម​អង្គ​ភាព​ឆ្មាំ​ការ​ពារ​ជាតិ​ (United States National Guard) នៅ​ក្នុង​រដ្ឋធានី ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ស្រេច​។ កង​ទ័ព​សហរដ្ឋ​អាមេរិក​កំពុង​តែ​កែន​​ទាហាន​មក​ពីអង្គ​ភាព​​ឆ្មាំ​ការ​ពារ​ជាតិ​ ប្រមាណ​ពី​600ទៅ​800​នាក់​បន្ថែម​ទៀត​ពី​រដ្ឋ​ចំនួន​5​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​នានា។

    ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ ក្នុង​គ្រា​ដែលរលក​បាតុកម្ម​បាន​រាល​ដាល​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក​។ បាតុកម្ម​ទាំង​ឡាយ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ការ​ស្លាប់​របស់​ George Floyd អាយុ​46​ឆ្នាំ នៅ​រដ្ឋ​ Minnesota។ បរុស​ស្បែក​ខ្មៅ​ម្នាក់​នេះ​បាន​បាត់​បង់​ជីត​ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​ និង​យក​ជង្គង់​សង្កត់​ក​ក្នុង​រយៈ​ពេល​ជា​ច្រើន​នាទី ដោយ​សារ​តែ​បុរស​ឈ្មោះ​ George Floyd នេះត្រូវ​បាន​ចោទ​ថា​ បាន​ប្រើប្រាស់លុយ​ក្លែង​ក្លាយ​។

    កាល​ពី​ថ្ងៃទី​1​មិថុនា​​ លោក​ Trump បាន​ប្រកាស​ថា​ លោក​បាន​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​នៅក្នុង​រដ្ឋ​ធានី​។ លោក Trump ក៏បាន​រិះ​គន់​ទៅ​លើ​មេដឹកនាំ​រដ្ឋ​មួយ​ចំនួន​ថា​ “ទន់​ទ្រាយ” ហើយ​បាន​ស្នើ​ឱ្យ​ប្រើ​កម្លាំង​ឆ្មាំ​ការ​ពារ​ជាតិ​ដើម្បី​បង្រាប​បាតុករ​ផងដែរ​។ លោក​ថែមទាំង​មាន​បំណង​បញ្ជូន​កង​ទ័ព​​ទៅកាន់​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទៀត​ផង៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”

    នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”

    បុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក បាននាំគ្នាផ្អាកធ្វើការ និងបង្ហាញពីភាពមិនពេញចិត្តតាមរយៈប្រព័ន្ធធ្វីតធើរ កាលពីថ្ងៃចន្ទ(ទី1មិថុនា)ម្សិលមិញ ករណីលោក ម៉ាក ហ្សាក់ឃើប៊ើក នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គ្មានវិធានការសិនស៊ើសំណេររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដូចដែលផ្លាតហ្វ៉មគូប្រជែងបានធ្វើ។

    បុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក រួមទាំងអ្នកគ្រប់គ្រងលំដាប់ខ្ពស់មួយចំនួន បានផូស្តសំណេររិះគន់ការសម្រេចចិត្តរបស់លោក ម៉ាក ហ្សាក់ឃើប៊ើក ដែលបណ្ដោយឱ្យលោក ត្រាំ ផូស្តសំណេរបំផុសបំផុលញុះញង់តាមអំពើចិត្ត ដោយមិនបានដំណើរការអ្វីសោះ ខណៈដែលប្រព័ន្ធបណ្ដាញសង្គមធ្វីតធើរ ជ្រើសរើសក្នុងការឡើងតួអក្សរព្រមាន។

    “ការសម្រេចចិត្តរបស់ហ្វេសប៊ុកក្នុងការមិនដំណើរការអ្វីទាំងអស់ ចំពោះសំណេរដែលបំផុសបំផុសញុះញង់ឱ្យមានអំពើហិង្សា គឺជាការធ្វើព្រងើយកន្តើយចំពោះជម្រើសផ្សេងៗក្នុងការជួយឱ្យសហគមន៍របស់យើងមានសុវត្ថិភាព…យើងសុំអង្វរឱ្យអ្នកគ្រប់គ្រងហ្វេសប៊ុក #TakeAction” នេះជាសេចក្ដីថ្លែងការណ៍រួម របស់ក្រុមបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុក ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធធ្វីតធើរ។

    លោក ចេសុន ស្ទើមែន អ្នកចាត់ការទូទៅផ្នែកឌីហ្សាញម្នាក់របស់ហ្វេសប៊ុក បានទទួលស្គាល់ថា លោកមិនឯកភាពទេ ដែល ហ្សាក់ឃើប៊ើក “មិនបានធ្វើអ្វីសោះ” ចំពោះសំណេរផូស្តរបស់លោក ត្រាំ។ លោកបានសរសេរនៅក្នុងប្រព័ន្ធធ្វីតធើរ កាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនមែនជាមនុស្សតែម្នាក់នៅក្នុងហ្វេសប៊ុសទេ ដែលគិតបែបនេះ បើវាជាការរើសអើងជាតិសាសន៍ហើយ វានឹងគ្មានពាក្យថា គោលជំហរជាកណ្ដាលទេ”

    ហេតុការណ៍ចលាចល បានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក តាំងពីសប្ដាហ៍កន្លងទៅ ដោយសារករណីការស្លាប់របស់ ចច ហ្វ្លយ បុរសស្បែកខ្មៅម្នាក់ ដែលត្រូវប៉ូលិសចាប់ខ្លួននៅក្នុងទីក្រុងមីននីអាប៉ូលិស កាលពីថ្ងៃចន្ទ ទី25ឧសភា។ ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា ប៉ូលិសស្បែកសម្នាក់ បានចាប់ក្រៀកខ្លួន ហ្វ្លយ ហើយប្រើជង្គង់របស់គេ សង្កត់ករបស់ហ្វ្លយ អស់រយៈពេលជិត 9នាទី រហូតទាល់តែហ្វ្លយ បាត់ស្មារតី និងស្លាប់។

    តមក នៅថ្ងៃសុក្រ(ទី29ឧសភា) ប្រព័ន្ធធ្វីតធើរ បានឡើងតួអក្សរព្រមានក្រោមសំណេរធ្វីតរបស់លោកត្រាំ ដែលបានសរសេរថា “នៅពេលមានការឆក់ប្លន់កើតឡើង ការបាញ់កាំភ្លើងក៏នឹងចាប់ផ្ដើមឡើងដែរ” ដោយក្រុមហ៊ុនធ្វីតធើរ បានបញ្ជាក់ហេតុផលថា មេដឹកនាំសហរដ្ឋអាមេរិក កំពុងល្មើសច្បាប់របស់ផ្លាតហ្វ៉ម ដែលបានហាមឃាត់ការលើកតម្កើងអំពើហិង្សា។

    នោះ! វីវរហើយ!! បុគ្គលិកហ្វេសប៊ុក នាំគ្នា “ធ្វីត”តវ៉ា “ហ្សាក់ឃើប៊ើក” មិនព្រមសិនស៊ើរសំណេររបស់ “ត្រាំ”
    CEO របស់​ Facebook លោក Mark Zuckerberg ក្នុង​សភាជាន់​ទាប​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​23​តុលា ឆ្នាំ2019។

    យ៉ាងណាក្ដី ហ្វេសប៊ុកបែរជាមិន “សិនស៊ើរ” សំណេរដូចគ្នានោះនៅលើប្រព័ន្ធរបស់ខ្លួន ហើយហ្សាក់ឃើប៊ើក ថែមទាំងចេញមកបញ្ចេញយោបល់ក្នុងទំនងថា មិនត្រូវការនាំហ្វេសប៊ុកចូលទៅពាក់ព័ន្ធក្នុងសង្គ្រាមពាក្យសម្ដីរវាងលោក ត្រាំ និងក្រុមហ៊ុនធ្វីតធើរទៀតផង។

    កាលពីពេលមុន ធ្វីតធើរ បានឡើងតួអក្សរព្រមាន fact-check ខាងក្រោមសំណេររបស់លោកត្រាំ 2សំណេរ កាលពីថ្ងៃទី26ឧសភា ដែលមានការអាងថា ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍(mail-in voting) នឹងនាំឆ្ពោះទៅរកការទុច្ចរិតលើការជ្រើសតាំងប្រធានាធិបតី ដែលអាចនិយាយបានថា ជាលើកដំបូងហើយដែលធ្វីតធើរប្រើវិធានការនេះជាមួយសំណេររបស់មេដឹកនាំសហរដ្ឋអាមេរិក។

    លោក ម៉ាក ហ្សាក់ឃើប៊ើក បានបញ្ចេញយោបល់ក្នុងប្រធានបទនេះ តាមរយៈ ហ្វក់ នីវស៍ ថា ក្រុមហ៊ុនរបស់លោក ដែលជាប្រព័ន្ធទំនាក់ទំនងសង្គមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក មានគោលការណ៍ខុសប្លែកពីធ្វីតធើរ។

    លោកនិយាយថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ហ្វេសប៊ុក មិនចាំបាច់ត្រូវធ្វើជាអ្នកអារកាត់ការពិតគ្រប់យ៉ាង ដែលមានអ្នកនាំយកមកផូស្តអនឡាញនោះឡើយ…ខ្ញុំយល់ឃើញថា ក្រុមហ៊ុនឯកជនទាំងឡាយ ជាពិសេស សូស្យ៉ល មីឌា មិនបានស្ថិតក្នុងឋានៈដែលនឹងត្រូវធ្វើបែបហ្នឹងទេ”

    អ្នកនាំពាក្យហ្វេសប៊ុកម្នាក់ បានផ្ដល់បទសម្ភាសជាមួយ ស៊ីអិនអិន ប៊ីស៊ីនីស ថា “យើងយល់ច្បាស់ណាស់ថា បុគ្គលិកជាច្រើននាក់ ប្រហែលជាមានអារម្មណ៍ឈឺចាប់ ជាពិសេសសហគមន៍អ្នកស្បែកខ្មៅ យើងគាំទ្រឱ្យបុគ្គលិកទាំងអស់ បានបង្ហាញការយល់ឃើញយ៉ាងទូលំទូលាយ នៅពេលដែលពួកគេមិនយល់ស្របជាមួយអ្នកគ្រប់គ្រង និងក្នុងខណៈដែលយើងនៅតែត្រូវប្រឈមនឹងការសម្រេចចិត្តដែលលំបាកនៅថ្ងៃខាងមុខ យើងក៏ត្រូវការ ហ្វ៊ីដប៊ែក ដែលត្រង់ទៅត្រង់មកអំពីពួកគេដែរ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សារព័ត៌មានចិនបានដៃ…ប្រើករណីចលាចលជាតិសាសន៍នៅអាមេរិក សងសឹកវ៉ាស៊ីន​តោន​ ​ដែល​រិះគន់​ប៉េកាំង ​រឿង​ហុងកុង…

    សារព័ត៌មានចិនបានដៃ…ប្រើករណីចលាចលជាតិសាសន៍នៅអាមេរិក សងសឹកវ៉ាស៊ីន​តោន​ ​ដែល​រិះគន់​ប៉េកាំង ​រឿង​ហុងកុង…

    ខណៈដែលទីក្រុងធំៗនៅក្នុងប្រទេសអាមេរិកជាច្រើន កំពុងកើតហេតុការណ៍ប្រឆាំងតវ៉ា និងបានប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុក កាលពីប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានរបស់រដ្ឋចិនកំពុងបានដៃ នាំគ្នាតម្រង់គោលដៅ វាយប្រហាររដ្ឋបាលសហរដ្ឋអាមេរិក ដោយបានប្រៀបធៀបជាមួយនឹងការចលាចលនៅក្នុងទីក្រុងហុងកុង ដែលកើតឡើងដោយសារបាតុកម្មទាមទារប្រជាធិបតេត្យកាលពីឆ្នាំកន្លងទៅ។

    ក្រុងប៉េកាំង ក្ដៅក្រហាយមកយូរហើយ អំពីការរិះគន់របស់ពួកប្រទេសលោកខាងលិច ជាពិសេសបំផុតសហរដ្ឋអាមេរិក ក្នុងរឿងដែលចិនបានចាត់ការលើបាតុកម្មទាមទារប្រជាធិបតេយ្យ ដែលបានអង្រួនកោះហុងកុងឱ្យរង្គោះរង្គើយ៉ាងខ្លាំងក្លាកាលពីឆ្នាំ2019 កន្លងទៅ។

    ហើយខណៈដែលភាពអសន្តិសុខ កំពុងតែផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិកដោយសារតែភាពមិនស្មើគ្នាខាងជាតិសាសន៍ និងភាពកាចឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់ក្នុងអំឡុងពេលចាប់ខ្លួនបុរសស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធក្នុងដៃ ក្នុងទីក្រុងមីននីអាប៉ូលិស រដ្ឋមីនីសូតាមក បណ្ដាអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងសារព័ត៌មានផ្លូវការរបស់ចិន បាននាំគ្នាចេញមកលើកយករឿងរ៉ាវនេះ មកវាយប្រហារសងសឹកពួកអាជ្ញាធរអាមេរិកាំងយ៉ាងគគ្រឹកគគ្រេង។

    សារព័ត៌មានចិន បានផ្សព្វផ្សាយឃ្លីបវីដេអូ 1ខ្សែ ដែលបង្ហាញឱ្យឃើញថា ប៉ូលិសហុងកុងមានភាព “ថ្នមដៃ” ច្រើនជាង បើប្រៀបធៀបនឹងទង្វើរបស់ប៉ូលិសដែលគេមើលឃើញនៅក្នុងសហរដ្ឋអាមេរិក នាពេលនេះ។

    លោក ហ៊ូ ស៊ីជីន អគ្គបណ្ណាធិការរបស់ទីភ្នាក់ងារព័ត៌មាន ហ្គ្លោប៊ល ថាមស៍ ដែលមានផ្នត់គំនិតជាតិនិយម ដែលស្ថិតក្នុងខ្សែបណ្ដាញរបស់សារព័ត៌មាន ភីផល ដេលី របស់បក្សកុម្មុយនីស្តចិន បានសរសេរចុះផ្សាយកាលពីថ្ងៃសៅរ៍(ទី30ឧសភា)ថា “ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នែនស៊ី ប៉េឡូហ្ស៊ី ដែលកាលពីមុន ធ្លាប់ហៅការធ្វើបាតុកម្មទាមទារយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងហុងកុងថា ជា “ទិដ្ឋភាពដ៏ល្អស្រស់ដែលបានឃើញទុកជាបុណ្យវាសនារបស់ភ្នែក”…ពួកអ្នកនយោបាយអាមេរិកនោះ ពេលនេះ អាចស្ងើចសរសើរទិដ្ឋភាពដូចគ្នានេះ តាមមាត់បង្អួចរបស់ពួកគេខ្លួនឯងបានហើយ”។ លោកបានសរសេរបន្តថា “វាប្រៀបដូចជា ដោយសារវិធីណាមួយ ពួកបង្កចលាចលក្បាលរឹងនៅក្នុងហុងកុង បានលបលួចចូលទៅក្នុងសហរដ្ឋអាមេរិក ហើយសាងភាពរញ៉េរញ៉ៃច្របូកច្របល់ឡើង ដូចគ្នានឹងអ្វីដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំទៅ នៅក្នុងហុងកុងដូច្នោះដែរ”

    ចិនបានអះអាងថា ត្រូវថ្កោលទោស “កងកម្លាំងបរទេស” ដែលសាងភាពច្របូកច្របល់ឡើងនៅហុងកុង ដែលមានអ្នកតវ៉ាទាមទារប្រជាធិបតេយ្យ ដែលក្រុងប៉េកាំងបានប្រាប់ថា ជា “ពួកបង្កចលាចល” ជំនុំគ្នាដើរក្បួនតវ៉ា ជួនកាលរាប់សែននាក់ ចាប់តាំងពីខែមិថុនាឆ្នាំទៅ និងកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ញឹកញាប់ណាស់ជាមួយប៉ូលិស។

    ក្រុងប៉េកាំង បានបង្កឱ្យកើតក្ដីក្ដៅក្រហាយ និងបារម្ភកង្វល់យ៉ាងខ្លាំងនៅក្នុងខែឧសភា ដោយសារមានផែនការក្នុងការបញ្ជាឱ្យបើច្បាប់ថ្មីមួយនៅហុងកុង ដោយបានបញ្ជាក់ថា មានភាពចាំបាច់ដើម្បីគ្រប់គ្រង និងការពារសន្តិសុខជាតិ និងកម្ចាត់ “ការបង្កភេរវកម្ម” ដែលធ្វើឱ្យបណ្ដាអ្នកធ្វើសកម្មភាពទាមទារប្រជាធិបតេយ្យ និងប្រទេសលោកខាងលិច នាំគ្នាចេញមកថ្កោលទោសថា ជាការព្យាយាមកាត់បន្ថយសិទ្ធិសេរីភាពដែលមាននៅក្នុងទីក្រុងហុងកុង។

    បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃសុក្រ(ទី29ឧសភា)ថា លោកនឹងដកសិទ្ធិពិសេសផ្សេងៗដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យទៅហុងកុងនោះ ឆៃណា ដេលី សារព័ត៌មានជាភាសាអង់គ្លេសរបស់រដ្ឋការចិន ក៏បានបោះពុម្ពផ្សាយបទវិចារណកថាមួយឡើង កាលពីថ្ងៃអាទិត្យ(ទី31ឧសភា) ដោយបាននិយាយថា ពួកអ្នកនយោបាយអាមេរិក កំពុងស្រមើស្រមៃក្នុងការចង់ធ្វើឱ្យចិនក្លាយជាជនរងគ្រោះ។

    បទវិចារណកថានេះបន្តថា “ឈប់ស្រមើស្រមៃទៅ ប្រសើរជាង! ហើយងាកមករកការពិតវិញ…អំពើហិង្សាកំពុងរាលដាលទូទាំងសហរដ្ឋអាមេរិក ពួកអ្នកនយោបាយអាមេរិក គួរតែត្រូវងាកមកធ្វើការងាររបស់ពួកគេ និងជួយដោះស្រាយបញ្ហានៅក្នុងសហរដ្ឋអាមេរិកវិញ ជំនួសឱ្យការចង់ព្យាយាមសាងបញ្ហា និងបង្កើតភាពរញ៉េរញ៉ៃថ្មីៗនៅក្នុងប្រទេសអ្នកដទៃ”

    ប៉ូលិសក្នុងទីក្រុងនីវយ៉ក កំពុងចាប់ឃុំខ្លួនអ្នកប្រឆាំងតវ៉ាម្នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្ម និងដើរក្បួនតវ៉ាទាមទារ ដើម្បីបង្ហាញភាពជាធ្លុងមួយជាមួយនឹង ចច ហ្វ្លយ កាលពីថ្ងៃសៅរ៍(ទី30ឧសភា)

    ចំណែកលោកស្រី ហួ ឈុនអ៊ិង អ្នកនាំពាក្យនៃក្រសួងការបរទេសចិន ក៏ចេញមកតម្រង់គោលដៅវាយប្រហារក្រុងវ៉ាស៊ីនតោនដូចគ្នាដែរ…។

    “ខ្ញុំដកដង្ហើមមិនរួចទេ” លោកស្រីបានផូស្តពាក្យនេះនៅលើធ្វីតធើរ ដោយមានរូបភាពគួបផ្សំជាសំណេរដែលធ្លាប់បានសរសេរធ្វីតដោយលោក ម័រហ្គែន អូតាហ្គុស អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានខ្លឹមសាររិះគន់រដ្ឋបាលចិនក្នុងរឿងគោលនយោបាយចំពោះទីក្រុងហុងកុង។

    ពាក្យដែលអ្នកនាំពាក្យចិនរូបនេះនាំយកមកផូស្ត គឺជាពាក្យសម្ដីរបស់ ចច ហ្វ្លយ ដែលតាមរយៈឃ្លីបវីដេអូ ដែលមានអ្នកថតបាន និងបានឮ ចច ហ្វ្លយ និយាយពាក្យនេះជាច្រើនដង ដដែលៗ មុននឹងដាច់ខ្យល់ស្លាប់ ខណៈដែលប៉ូលិសមីននីអាប៉ូលិសម្នាក់ បានយកជង្គង់សង្កត់ករបស់គេអស់រយៈពេលជិត 9នាទី ហើយហេតុការណ៍នេះ គឺជាខ្សែដុតបញ្ឆេះឱ្យកើតការចលាចលឡើងទូទាំងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

    កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានចិនថែមទាំងបានផ្សព្វផ្សាយឃ្លីបវីដេអូ នៃអំពើហិង្សារបស់ប៉ូលិសនៅក្នុងប្រទេសអាមេរិក ព្រមទាំងភ្ជាប់ហ៊ែចធែកថា “តើប៉ូលិសហុងកុង ថ្នមដៃ ប៉ុនណា?” នៅលើប្រព័ន្ធបណ្ដាញសង្គម “វេយពួ” របស់ចិនទៀតផង។

    ឃ្លីបមួយទៀតដែលផូស្តដោយ រឹនមីន រីប៉ៅ បណ្ដាញព័ត៌មានរបស់ ភីផល ដេលី កាលពីថ្ងៃអាទិត្យ(ទី31ឧសភា) ដោយបានប្រៀបធៀបពីការដែលលោក អូម៉ារ ជិមេនេហ្ស អ្នកយកព័ត៌មានរបស់ ស៊ីអិនអិន ត្រូវប៉ូលិសចាប់ខ្លួននៅមុខអេក្រង់ទូរទស្សន៍ ខណៈដែលលោកកំពុងរាយការណ៍ព័ត៌មានអសន្តិសុខនៅក្នុងទីក្រុងមីនីអាប៉ូលិស កាលពីថ្ងៃសុក្រ(ទី29ឧសភា) ជាមួយនឹងរូបភាពប៉ូលិសហុងកុង ដែលមើលទៅហាក់ដូចជាដកថយចេញឆ្ងាយពីធនធានមនុស្សខាងផ្នែកព័ត៌មាន៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ​ប៉ូលិស​ពាស​ពេញ​ទឹក​ដី​ លុត​ជង្គង់​សុំ​ទោស​ និង​គាំទ្រ​បាតុកម្ម “ខ្ញុំមិន​អាច​ដក​ដង្ហើម” នៅ​សហរដ្ឋ​អាមេរិក

    ​ប៉ូលិស​ពាស​ពេញ​ទឹក​ដី​ លុត​ជង្គង់​សុំ​ទោស​ និង​គាំទ្រ​បាតុកម្ម “ខ្ញុំមិន​អាច​ដក​ដង្ហើម” នៅ​សហរដ្ឋ​អាមេរិក

    ក្រុម​មន្ត្រី​ប៉ូលិស​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​ បាន​នាំ​គ្នា​លុត​ជង្គង់​ផ្ទាល់​ដី​ ដើម្បី​គាំទ្រ​ក្រុម​បាតុករ​ ព្រម​ទាំង​បាន​សម្ដែង​ការ​យល់​ឃើញ​ថា សកម្ម​ភាព​របស់​ប៉ូលិស​ដែល​បាន​បង្ក​ឱ្យ​​បុរស​ស្បែក​ខ្មៅ​ George Floyd បាត់​បង់​ជីវិត​នៅ​ក្នុង​ទីក្រុង​ Minneapolis កាលពីថ្ងៃទី​25​ឧសភា គឺជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​។

    https://www.youtube.com/watch?v=3vxR9ojtB58

     

    ឃ្លីប​វីដេអូ​ដែល​បង្ហាញ​អំពី​សកម្ម​ភាព​ក្រុម​ប៉ូលិស​នៅ​ទីក្រុង​ New York នាំ​គ្នា​លុត​ជង្គង់ផ្ទាល់​ដី​នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​កាល​ពីថ្ងៃទី​31​ឧសភា ត្រូវ​បាន​គេ​ចែក​រំលែត​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ និង​ទទួល​បាន​ការ​គាំទ្រ​វិជ្ជ​មាន​ពី​​សាធារណ​ជន​។

    ស្នង​ការ​នគរ​បាល​ក្រុង​ Houston ក្នុង​រដ្ឋ​ Taxas លោក Art Acevedo កំពុង​ប្រកៀក​ស្មា​គ្នា​ជាមួយ​បាតុករ​ជា​ស្ត្រី​ម្នាក់​ កាល​ពី​ថ្ងៃទី​30​ឧសភា​។

    ស្នង​ការ​នគរ​បាល​ក្រុង​ Houston ក្នុង​រដ្ឋ​ Taxas លោក Art Acevedo កំពុង​ប្រកៀក​ស្មា​គ្នា​ជាមួយ​បាតុករ​ជា​ស្ត្រី​ម្នាក់​ កាល​ពី​ថ្ងៃទី​30​ឧសភា​។ លោក Art Acevedo ថ្លែង​ថា ការ​ស្លាប់របស់​ George Floyd គួរ​តែ “ត្រូវ​បាន​ថ្កោល​ទោស​ដោយ​ស្ថាប័ន​អនុវត្ត​ច្បាប់​ និង​សាធារណជន​”។

    ទំព័រ​ Twitter របស់​​ស្នងការដ្ឋាន​នគរ​បាល​តំបន់​ Oklahoma

    ទំព័រ​ Twitter របស់​​ស្នងការដ្ឋាន​នគរ​បាល​តំបន់​ Oklahoma ក៏​បាន​បង្ហោះ​​រូប​ភាព​ក្រុម​ប៉ូលិស​របស់​ខ្លួន​ លុត​ជង្គង់​នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​នៅ​បរិវេណ​ពន្ធ​នាគារ​ Oklahoma ផងដែរ​។

    ទំព័រ​បណ្ដាញ​សង្គម​របស់​ប្រធាន​គណៈ​កម្មធិការ​សុខាភិបាល​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ New York

    ចំណែក​ទំព័រ​បណ្ដាញ​សង្គម​របស់​ប្រធាន​គណៈ​កម្មធិការ​សុខាភិបាល​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ New York លោក Mark D. Levine​ កាល​ពីថ្ងៃទី​1មិថុនា​ ក៏បាន​បង្ហោះ​រូប​ថត​បង្ហាញ​អំពី​សាមគ្គីភាព​​រវាង​ក្រុម​ប៉ូលិស​ជាមួយ​នឹង​ក្រុម​បាតុករ​ដែល​ពួក​គេ​កំពុង​ការ​ពារ​។

    ក្រុម​ប៉ូលិស​ រួម​នឹង​បាតុករ​រាប់​រយ​នាក់​បាន​នាំ​គ្នា​លុត​ជង្គង់​ផ្ទាល់​ដី ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ George Floyd

    នាយកដ្ឋាន​នគរ​បាល​ក្រុង​ Santa Cruz ក្នុង​រដ្ឋ​ California កាលពី​ថ្ងៃទី​31​ឧសភា​ បាន​​ប្រកាស​ថា​ នាយក​ដ្ឋាន​នេះ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​បាតុកម្ម​ដោយសន្តិវិធី​ក្នុង​ទីក្រុង​ និង​ថា ពួកគេ​នឹង​ការ​ពារ​បាតុករ​ទាំង​នោះ​។ ក្រុម​ប៉ូលិស​ រួម​នឹង​បាតុករ​រាប់​រយ​នាក់​បាន​នាំ​គ្នា​លុត​ជង្គង់​ផ្ទាល់​ដី ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ George Floyd៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ពណ៌សម្បុរ គឃ្លើនកាន់តែខ្លាំង សម្រុកចូលហាងលក់ឡាន មែរសឺដេស វាយកម្ទេច-ដុតបំផ្លាញខ្ទេចខ្ទី(មានឃ្លីប)

    បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ពណ៌សម្បុរ គឃ្លើនកាន់តែខ្លាំង សម្រុកចូលហាងលក់ឡាន មែរសឺដេស វាយកម្ទេច-ដុតបំផ្លាញខ្ទេចខ្ទី(មានឃ្លីប)

    ពួកអ្នកបង្កចលាចល បានដុត និងវាយបំផ្លាញរថយន្តជាច្រើនគ្រឿង នៅក្នុងសាលតាំងបង្ហាញមួយកន្លែងរបស់ក្រុមហ៊ុនផលិតរថយន្តទំនើប ម៊ែរសឺដេស បេនហ្ស៍ នៅក្នុងទីក្រុងអូកលែនដ៍ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក កណ្ដាលការធ្វើបាតុកម្ម តវ៉ាយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍ការស្លាប់របស់បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ដោយសារតែភាពឃោរឃៅរបស់ប៉ូលិស។

    ស្ថិតក្នុងសភាពរញ្ជួយចិត្ត គេបានឃើញក្រុមបាតុករ បានវាយកម្ទេចផ្ទាំងកញ្ចក់ ចូលទៅក្នុងមជ្ឈមណ្ឌលសេវាកម្ម រថយន្តមែរសឺដេស បេនហ្ស៍ ហើយបានដុតបំផ្លាញរថយន្តថ្មីៗជាច្រើនគ្រឿងក្នុងទង្វើដ៏ព្រៃផ្សៃ ដែលបានក្លាយជារូបភាព ដែលត្រូវបានគេផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គមអនឡាញ។

    ហេតុការណ៍បាត់បង់ជីវិតរបស់ ចច ហ្វ្លយ ដែលបានដាច់ខ្យល់ស្លាប់ ក្រោយពីភ្នាក់ងារប៉ូលិសបានអង្គុយយកជង្គង់សង្កត់ក ខណៈដែលរូបគេបានត្រូវចាប់ផ្ដួលឱ្យដេកផ្កាប់មុខ និងវាយខ្នោះដៃក្រពាត់មកក្រោយ បានដុតបញ្ឆេះការប្រឆាំងតវ៉ាដ៏ក្ដៅគគុកទូទាំងសហរដ្ឋអាមេរិក តែ អូកលែនដ៍ រដ្ឋកាលីហ្វ័រនៀ បានក្លាយជាទីក្រុងចម្បងនៃអំពើហិង្សា ក្រោយពីពួកអ្នកបង្កចលាចល បានចាប់ផ្ដើមចូលប្លន់ហាងលក់ទំនិញទំនើបៗជាច្រើនកន្លែង និងវាយបំបែកកញ្ចក់ចូលទៅក្នុងបន្ទប់តាំងបង្ហាញរថយន្តមែរសឺដេស បេនហ្ស៍។

    រូបភាពនៅក្នុងឃ្លីបវីដេអូបានបង្ហាញឱ្យឃើញ រថយន្តទំនើបជាច្រើនគ្រឿង ត្រូវពួកអ្នកបង្កចលាចល ប្រើថ្នាំស្ព្រេយ៍បាញ់ដាក់ វាយបំបែកកញ្ចក់ និងយកភ្លើងដុត ព្រមទាំងស្រែកថា “យើងដកដង្ហើមមិនរួចទេ!!!” ដែលជាសម្រង់សម្ដីចុងក្រោយរបស់ ចច ហ្វ្លយ មុនពេលស្លាប់។

    ក្រៅពីនេះ នៅមានរបាយការណ៍ថា ពួកអ្នកបង្កចលាចល ថែមទាំងបានលួចយករថយន្តដែលប្រើប្រាស់សម្រាប់ការងារសំណង់ ចេញពីទីកន្លែងសាងសង់ទៀតផង។

    ទង្វើដ៏គឃ្លើនទាំងនេះ បានបញ្ឈប់នៅពេលក្រុមប៉ូលិសបានធ្វើដំណើរទៅដល់ តែយ៉ាងណាក្ដី មានរបាយការណ៍ថា ពួកអ្នកប្រឆាំងតវ៉ាថែមទាំងបានសម្រុកចូលប្លន់ក្រុមហ៊ុនតំណាងចែកចាយរបស់រថយន្តហុងដា នៅក្នុងទីក្រុងអូកលែនដ៍ដូចគ្នា ព្រមទាំងបានបើកយករថយន្តចេញពីសាលតាំងបង្ហាញអស់ជាច្រើនគ្រឿងទៀតផង ដោយគោលបំណងរបស់ការលួចប្លន់រថយន្តនេះ គឺយកទៅបើកបំបុកដើម្បីបំផ្លាញរថយន្តទាំងនោះ។

    ហេតុការណ៍ចលាចលទាំងនេះ គឺជាផ្នែកមួយនៃការប្រឆាំងតវ៉ានឹងការរើសអើងជាតិសាសន៍ដែលកើតឡើងនៅក្នុងទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក ក្នុងនោះរួមទាំង ទីក្រុងនីវយ៉ក អ៊ែតលែនតា មីននិអាប៉ូលីស ដាលឡាស់ ឈិកាហ្គោ និងឡូសអ៊ែនជើលេស ដែលភាគច្រើនបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់ និងសន្តិភាព ដើម្បីទាមទារភាពយុត្តិធម៌ដល់ ចច ហ្វ្លយ និងអង្វរករឱ្យប៉ូលិសបញ្ឈប់ទង្វើព្រៃផ្សៃ ជាពិសេសជាមួយពលរដ្ឋអាមេរិកាំង ខ្សែស្រឡាយអាហ្វ្រិក៕

    ប្រភព៖ សាព័ត៌មានបរទេស

  • បន្ទប់​លាក់​ខ្លួន​ក្រោម​ដី​នៅ​សេតវិមាន​​ដែល​ការ​ពារ​លោក​ Trump ក្នុង​វិបត្តិ​សន្តិសុខ​ជាតិ

    បន្ទប់​លាក់​ខ្លួន​ក្រោម​ដី​នៅ​សេតវិមាន​​ដែល​ការ​ពារ​លោក​ Trump ក្នុង​វិបត្តិ​សន្តិសុខ​ជាតិ

    នៅ​ពេល​ក្រុម​បាតុករ​​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ George Floyd កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​សេត​វិមាន​ អង្គ​ភាព​សម្ងាត់​ បាន​សម្រេច​ចិត្ត​នាំ​​ប្រធានាធិបតី​ Donald Trump ចុះ​លាក់​ខ្លួន​នៅក្នុង​បន្ទប់​ក្រោម​ដី​។

    បន្ទប់​ក្រោម​ដី​នេះ​មាន​ឈ្មោះ​ថា PEOC (Presidential Emergency Operations Center/មជ្ឈមណ្ឌល​គ្រប់​គ្រង​អាសន្ន​នៃ​ប្រធានាធិបតី​។ PEOC ដែល​ស្ថិត​នៅក្រោម​ដី ផ្នែក​ខាង​ក្រោម​នៃ​ស្លាប​ខាង​កើត​របស់​សេតវិមាន មាន​តួនាទី​​ជា​កន្លែង​លាក់​ខ្លួន​ដ៏​មាន​សុវត្ថិ​ភាព​ និង​ជា​មជ្ឈមណ្ឌល​ទំនាក់​ទំនង​សម្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ រួម​នឹង​មន្ត្រី​សំខាន់​ៗ​​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេល​មាន​អាសន្ន​កើត​ឡើង​។​

    បន្ទប់​សម្ងាត់​ក្រោម​ដី​នេះ​ ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2 ដើម្បី​ការ​ពារ​ប្រធានាធិបតី​​ Franklin D. Roosevelt ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​លើ​អាកាស​​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​។ PEOC ត្រូវ​បាន​ការ​ពារ​​​ 24ម៉ោង​/24​ម៉ោង​​ ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​សេត​វិមាន​។

    បន្ទប់​ប្រជុំ​​ក្នុង​ PEOC របស់​សេតវិមាន

    កាល​​សម័យ​ប្រធានាធិបតី​ Bush អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Dick Cheney ក៏ធ្លាប់​ត្រូវ​បាន​នាំ​ចុះ​ជ្រក​ក្នុង​បន្ទប់​ក្រោម​ដី​នេះ​ដែរ​កាលពី​ឆ្នាំ​2001​ ខណៈ​ភេរវ​កម្ម​11កញ្ញា​បាន​កើត​ឡើង​ ដោយ​សារ​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​យន្ត​ហោះ​ដែល​ត្រូវ​បាន​​ក្រុម​ភេរវកម្ម​ al-Qaeda ប្លន់​ និង​កំពុង​ឆ្ពោះ​មក​កាន់​សេត​វិមាន​។ ប្រធានា​ធិបតី​ George W. Bush ដែល​មិន​មាន​វត្តមាន​ក្នុង​សេតវិមាន​រហូត​ដល់​ពេល​យប់ ក៏ត្រូវ​បាន​នាំ​ចុះ​លាក់​ខ្លួន​ក្នុង​បន្ទប់​ PEOC នេះ​ដែរ​ បន្ទាប់​ពី​លោក​បាន​ត្រលប់​មក​ពី​រដ្ឋ​ Florida។

    នៅមុន​​ហេតុ​ការណ៍​ភេរវកម្ម​ថ្ងៃទី​11កញ្ញា PEOC ហាក់​មិនទាន់​ត្រូវ​បាន​គេ​សាង​សង់​ឱ្យ​បាន​រឹងមាំ​ជា​ស្ថាពរ​នៅ​ឡើយ​ បន្តែ​ក្រោយ​មាន​អំពើ​ភេរវកម្ម​នេះ PEOC ត្រូវ​បាន​សាង​សង់​​បន្ថែម​យ៉ាង​រឹង​មាំ​ និងសុវត្ថិ​ភាព​បំផុត​។ នេះ​បើ​តាម​​ លោក​ស្រី​ Laura Bush ដែល​ជា​ភរិយា​​របស់​ប្រធានាធិបតី​ Bush។

    អនុប្រធានាធិបតី​អាមេរិក​ លោក Dick Cheney និង​ក្រុម​ការ​ងារ​នៅ​បន្ទប់​ក្រោម​ដី​ PEOC កាលពី​ថ្ងៃ​11កញ្ញា​ 2001

    អ្នក​កាសែតជនជាតិ​​អាមេរិកាំង​ Garrett Graff បាន​សរសេរ​នៅ​ក្នុង​សៀវ​ភៅ “Raven Rock” (និយាយ​អំពី​គម្រោង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លើយ​តប​​នឹង​សេនារីយោ​​ “សេតវិមាន​ត្រូវ​បាន​វាយ​ប្រហារ​”) ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ឆ្នាំ​2017 បាន​ឱ្យ​ដឹង​ថា PEOC មាន​ទីចាត់​ការ​និង​ទំនាក់​ទំនងមួយ​​ដែល​មាន​ទំហំ​56​ម៉ែត្រ​ក្រឡា​ ​មាន​បន្ទប់​ប្រជុំ​មួយ​ បន្ទប់​សម្រាប់​ជា​ទី​បញ្ជា​ការ​ធំ​មួយ​​ដែល​ក្នុង​នោះ​មាន​អេក្រង់​ទូរទស្សន៍​ដ៏ធំ​មួយ​​ និង​តុ​ប្រជុំ​ដែលមាន​កៅ​អី​ច្រើន​ជាង​16​កន្លែង​។

    NYTimes បាន​សរសេរ​ថា បន្ទប់​ក្រោម​ដី​នេះ មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​​​ទប់ទល់​នឹង​កម្លាំង​យន្ត​ហោះ​​ដែល​បុក​ចំ​ពី​លើ​សេតវិមាន​។

    លោក​ Bush និង​លោក​ Cheney លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី​ PEOC កាល​​ថ្ងៃ​ទី​11​កញ្ញា​2001

    កាល​ពី​ឆ្នាំ​2010​ សកម្ម​ភាព​សាង​សង់​នៅ​ផ្នែក​ខាង​ជើង​ដែល​ជាប់​នឹង​ស្លាប​ខាង​លិច​​របស់​សេត​វិមាន​ ដែល​បាន​ចំណាយ​អស់​ទឹក​ប្រាក់​375​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​4​ឆ្នាំ ត្រូវបាន​សារ​ព័ត៌មាន​នានា​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​របស់​លោក​ Obama កំពុង​សាង​សង់​ “មហា​បន្ទប់​ក្រោម​ដី” ថ្មី ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ៗ​ និង​មាន​សុវត្ថិ​ភាព​ខ្ពស់​បំផុត​។ អ្នក​សារ​ព័ត៌មាន​ Ronald Dessler បាន​សរសេរ​ថា​ បន្ទប់​ក្រោម​ដី​ខាង​លើ​នេះ “រួមមាន​យ៉ាង​តិច​5​ជាន់​ និង​អាច​ផ្ទុក​​បុគ្គលិក​ទាំង​អស់​នៅ​ស្លាប​ខាង​លិច​នៃ​សេតវិមាន​​ បើ​សិន​ជា​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​ដោយ​អាវុធ​ប្រល័យ​លោក​”។

    លោក​ Trump នៅ​ក្រុម​មន្ត្រី​របស់​លោក នៅក្នុង​បន្ទប់​ស្ថាន​ការណ៍​ White House Situation Roomកាល​ពី​ព្រឹត្តិ​ការណ៍​ធ្វើ​ឃាត​មេដឹក​នាំ​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi

    ក៏ប៉ុន្តែ ដំណឹង​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កាល​ណោះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​អង្គ​ភាព​សេវាកម្ម​សាធារណៈ​​ ដោយ​និយាយ​ថា នោះ​គ្រាន់​តែ​ជា​សកម្ម​ភាព​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បង្ហូរ​ទឹក​ ខ្សែ​ភ្លើង​ ការ​កែ​លម្អ​​ប្រព័ន្ធ​កម្ដៅ ម៉ាស៊ីន​ត្រជាក់​ និង​ប្រព័ន្ធ​ការ​ពារ​អគ្គិភ័យ​តែ​ប៉ុណ្ណោះ​៕

    ប្រភព​៖ Drive/NYTimes

  • ជិត​377,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ជិត​377,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ពិភព​លោក​ទាំង​មូល​​ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ជិត​377,000​នាក់​នៅក្នុង​ចំណោម​អ្នកជំងឺ​ជាង​6.3​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បានរកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​6,355,424​នាក់​ និង​376,807​នាក់​បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​អ្នក​ជំងឺ​​ និង​អ្នក​ស្លាប់​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​មាន​ចំនួន​96,691​នាក់ និង​3,130​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​2,888,406​នាក់​។

    គិត​មក​ដល់​បច្ចុប្បន្ន​ ទ្វីប​អាមេរិក​ទាំង​មូល​​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ដល់​ទៅ​ 2,999,384​នាក់​ ខណៈ​ទ្វីប​អឺរុប​​មាន​2,034,268​នាក់ ទ្វីប​អាស៊ី​មាន​1,163,795​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​154,907​នាក់​។

    ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​10,000​នាក់​ មានចំនួន​53​ប្រទេស​ ក្នុង​នោះ​ ​13​ប្រទេស​​​​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​ រួម​មាន​ សហរដ្ឋ​អាមេរិក​ (អ្នកជំងឺ​សរុប​1,857,817​នាក់​)​ ប្រេស៊ីល (529,018​នាក់​) រុស្ស៊ី (414,878​នាក់​) អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី ឥណ្ឌា​ បារាំង​ អាល្លឺម៉ង់ ​​ប៉េរូ ទួរគី អ៊ីរ៉ង់​ និង​ប្រទេស​ឈីលី​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​ថា “បាតុកម្ម​​ហិង្សា​អុជ​អាល​ដោយ​​​ចលនា​ ANTIFA គឺជា​ភេរវកម្ម​ក្នុង​ស្រុក

    សហរដ្ឋ​អាមេរិក​ថា “បាតុកម្ម​​ហិង្សា​អុជ​អាល​ដោយ​​​ចលនា​ ANTIFA គឺជា​ភេរវកម្ម​ក្នុង​ស្រុក

    រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​សហរដ្ឋ​អាមេរិក​ លោក William Barr កាលពី​ម្សិល​មិញ​ (31​ឧសភា) បាន​ប្រកាស​អំពី​អំពើ​ហិង្សា​ទាំង​ឡាយ​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។ លោករដ្ឋ​មន្ត្រី​ថ្លែង​ថា អំពើ​ហិង្សា​នេះ​ “ត្រូវ​បាន​អុជ​អាល​ និង​បង្កើត​ឡើង​ដោយ​ក្រុម​ Antifa”។ លោក​ក៏បាន​ហៅ​អំពើ​នេះ​ថា ជា​ភេរវ​កម្ម​ក្នុង​ស្រុក​ ហើយ​ថា នឹង​ត្រូវ​បាន​ចាត់​វិធាន​ការ​យ៉ាង​សម​ស្រប​។

    លោក William Barr

    ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ លោក Barr ថ្លែង​ថា “អំពី​ហិង្ស​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ សម្លេង​បាតុករ​អហិង្សា និង​ស្រប​ច្បាប់​ត្រូវ​បាន​លុក​លុយ​ដោយ​កត្តា​ជ្រុល​និយម​ និង​ហិង្សា​និយម”។ លោក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា “ក្រុម​ជ្រុល​និយម និង​ក្រុម​អុជ​អាល​ខាង​ក្រៅ​ កំពុង​តែ​ប្រើប្រាស់​ស្ថាន​ភាព​បច្ចុប្បន្ន​ដើម្បី​បង្កើត​ការ​បំបែក​បំបាក់​ អំពើ​ហិង្សា​ និង​អំពើ​ជ្រុល​និយម​នានា​”។

    លោក George Floyd ដែល​បាន​ស្លាប់​ដោយ​សារ​ប៉ូលិស​ក្រៀក​សង្កត់​ក​ ខណៈ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​លុយក្លែង​ក្លាយ

    ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​ប៉ូលិស​យក​ជង្គង់​សង្កត់​ក ក្នុង​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​លុយ​ក្លែង​ក្លាយលោក William Barr បាន​បន្ថែម​ថា បណ្ដា​ក្រុម​ប្រើ​អំពើ​ហិង្សា​នេះ​ កំពុង​ស្វែង​រក​វិធី​បំបែក​បំបាក់​ប្រជា​ជន​អាមេរិកាំង​ ហើយ​លោក​ក៏បាន​ព្រមាន​ថា ការ​អនុវត្ត​ច្បាប់​ “នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ចាប់​ខ្លួន​ និង​កាត់​ទោស​ក្រុម​អុជ​អាល​ឱ្យ​មាន​អំពើហិង្សា​ជ្រុល​និយម​ដែល​បាន​ជ្រៀត​ចូល​ក្នុង​ក្រុម​បាតុករ​សន្តិភាព​ និង​ចូលរួម​ក្នុង​សកម្ម​ភាព​ល្មើស​ច្បាប់​រដ្ឋ​”។

    Antifa គឺជា​ឈ្មោះ​ដែល​សរសេរ​កាត់​របស់ពាក្យ Antifascist ដែល​ហៅ​ខ្លួន​ឯង​ថា​​ជា​ ចលនាបាតុកម្ម​មិន​មាន​រចនា​សម្ព័ន្ធ​ ប្រើ​ប្រាស់​ដើម្បី​​ប្រឆាំងនឹងលទ្ធិ​​​ហ្វាស៊ីសនិយម​ថ្មី​ លទ្ធិ​ស្បែក​ស​និមយ​ និង​ការ​រើស​អើង​ពូជ​សាសន៍​ ហើយ​ក្រុម​ដែល​ជ្រុល​និយម​ជាង​នេះ​ គឺ​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ និង​ប្រឆាំង​មូលធននិយម។ លោក​ Trump និង​ក្រុម​អភិរក្ស​និយម​បាន​ចាត់​ទុក​ Antifa ថាជា​ក្រុម​ជ្រុល​និយម​ និងឆ្វេង​និយម​ ហើយ​​ថា សកម្ម​ភាព​ហិង្សា​របស់​ពួកគេ​ត្រូវ​បាន​អុជ​អាល​ ឬ​បិទ​បាំង​ដោយ​ក្រុម​សារ​ព័ត៌​មាន​ប្រឆាំង​នឹង​ Donald Trump។

    រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​បាន​អះអាង​ថា អំពើ​ហិង្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ Antifa និង​ក្រុម​ស្រដៀងគ្នា​នេះ​ គឺ​ជា​ភេរវ​កម្ម​ក្នុង​ស្រុក​ ហើយ​លោក​សន្យា​ថា ក្រុម​បង្ក​ភាព​ចលាចល​នេះ​នឹង “​ត្រូវ​បាន​ចាត់​ការ​យ៉ាង​សម​ស្រប​បំផុត​”។

    ក្រុម​មន្ត្រី​រដ្ឋាភិបាល រួម​នឹង​​លោកប្រធានាធិបតី​ Donald Trump ផងដែរ​ ក៏​បាន​ថ្លែង​ថា បាតុកម្ម​ដែល​បាន​ក្លាយ​ជា​អំពើ​ហិង្សា​នេះ​ គឺជា​លទ្ធ​ផល​នៃ​ការ​អុជ​អាល​ពី​ខាង​ក្រៅ​ ដើម្បី​បង្កើត​ជា​កំហឹង​ និង​អស្ថិរភាព​នៅ​សហរដ្ឋ​អាមេរិក​។

    លោក Trump កាលពី​ថ្ងៃទី​31​ឧសភា បាន​ប្រកាស​ថា​ “សហរដ្ឋ​អាមេរិក​នឹង​បញ្ចូល​ឈ្មោះ​ Antifa ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​ភារវ​កម្ម”​។

    ប្រភព​៖ សារ​ព៏ត៌មានបរទេស

  • ភរិយា​របស់​ប៉ូលិស​ម្នាក់​ដែល​បាន​​ក្រៀក​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លាប់ ដាក់​ពាក្យ​សុំលែង​លះ ខណៈ​ឃាត​ករ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ

    ភរិយា​របស់​ប៉ូលិស​ម្នាក់​ដែល​បាន​​ក្រៀក​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លាប់ ដាក់​ពាក្យ​សុំលែង​លះ ខណៈ​ឃាត​ករ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ

    ភរិយា​របស់​អតីត​ប៉ូលិស​​ឈ្មោះ Derek Chauvin បាន​ដាក់​ពាក្យ​សុំ​លែង​លះ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ ព្រោះ​តែ​បាន​ចាប់​ខ្លួន​ និង​សង្កត់​ក​​​បរុស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd រហូត​ដល់​ស្លាប់ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​បាតុ​កម្ម​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក​​។

    ការិយាល័យ​មេធាវី​ Sekula ជា​តំណាង​របស់​អ្នក​ស្រី​​ Kellie Chauvin បាន​ឱ្យ​ដឹង​ថា បាន​ពិភាក្សា​ជាមួយ អ្នក​ស្រី​ ​Kellie Chauvin​ និង​គ្រួ​សារ​​អំពី​ការ​លែង​លះ​​ជាមួយ​នឹងអតីត​ប៉ូលិស​​ Derek Chauvin កាល​ពីថ្ងៃទី​30​ឧសភា។

    សេចក្ដី​ប្រកាស​របស់​ការិយា​ល័យ​មេធាវី​ Sekula បាន​ឱ្យ​ដឹង​ថា “អ្នក​ស្រី​ (Kellie Chauvin) មាន​ការ​ខ្លោច​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​ Floyd និង​បាន​សុំ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ជ្រាល​ជ្រៅ​បំផុត​​ជាមួយ​គ្រួសារ​សព្វ​ រួម​នឹង​អ្នក​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ហេតុ​ការណ៍​នេះ​។ អ្នក​ស្រី​បាន​ដាក់​ពាក្យ​លែង​លះ​ជាមួយ​នឹង​​លោក Derek Chauvin រួច​រាល់​ហើយ​”។

    ភរិយា​របស់​ប៉ូលិស​ម្នាក់​ដែល​បាន​​ក្រៀក​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លាប់ ដាក់​ពាក្យ​សុំលែង​លះ ខណៈ​ឃាត​ករ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ

    សេចក្ដី​ប្រកាស​ខាង​លើ​ក៏បាន​ឱ្យ​ដឹងថា Kellie បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ឯក​ជន​ និង​សុវត្ថិ​ភាព​របស់​កូន​ស្រី ឪពុក​ម្ដាយ​ និង​គ្រួ​សារ​របស់​អ្នក​ស្រី​នៅក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ផងដែរ។

    អ្នក​ស្រី Kellie អាយុ​45​ឆ្នាំ ជាជនជាតិ​អាមេរិកាំង​​ដើម​កំណើត​ឡាវ​ គឺ​ជា​អតីត​ជ័យ​លាភី​នៃ​​កម្មវិធី​ “ស្ត្រី​មេផ្ទះ​ស្រស់​ស្អាត​នៅ​ Minnesota (Mrs. Minnesota) ឆ្នាំ​2018​។ Kellie បាន​ឆ្លង​កាត់​ការ​រស់​នៅ​ជា​មួយ​ស្វាមី​ទី​មួយ​របស់​អ្នក​ស្រី​ដោយ​មិន​មាន​សុភមង្គល​ និង​មាន​កូន​ប្រុស​2​នាក់​ មុន​ពេល​បាន​រៀប​ការ​ជាមួយ​ប៉ូលិស​ Derek កាលពី​ឆ្នាំ​2010​។ Kellie និង​ Derek មិន​ទាន់​មាន​កូន​ជាមួយ​គ្នា​នៅ​ឡើយ​។

    អតីត​ជ័យ​លាភី​នៃ​​កម្មវិធី​ “ស្ត្រី​មេផ្ទះ​ស្រស់​ស្អាត​នៅ​ Minnesota (Mrs. Minnesota) ឆ្នាំ​2018​ ដែល​ជា​ភរិយា​របស់​ប៉ូលិស​ឈ្មោះ​ Derek Chauvin

    ក្នុងកិច្ច​សម្ភាស​កាលពី​ឆ្នាំ​2018​ អ្នក​ស្រី​ Kellie បាន​ចំណាយ​ពេល​ច្រើន​សរសើរ​ Derek ដែល​ជា​បុរស​ដែល​អ្នកស្រី​បានជួប​ដំបូង​នៅមជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​ខណ្ឌ Hennepin ក្នុង​ទីក្រុង​ Minneapolis នៃ​រដ្ឋ​ Minnesota។ អ្នក​ស្រី​ Kellie បាន​ធ្វើ​ការ​នៅ​ទីនេះ​អស់​រយៈ​ពេល​13​ឆ្នាំ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជ​សាស្ត្រ​។

    អ្នក​ស្រី​ Kellie ថ្លែង​ថា “នៅ​ខាងក្រោយ​ឈុត​ឯក​សណ្ឋាន​(ប៉ូលិស)នោះ​ គាត់​ (Derek Chauvin) គឺជា​បុរស​ស្លូត​ត្រង់​ខ្លាំង​ណាស់​។ គាត់​គឺជា​មនុស្ស​ចេះ​គួរ​សម គាត់​បើក​ទ្វារ​ឱ្យ​ខ្ញុំ គាត់​ពាក់​អាវ​ក្រៅ​ឱ្យ​ខ្ញុំ​។ បន្ទាប់​ពី​បាន​លែង​លះ​ (ជាមួយ​នឹង​ស្វាមី​មុន​) ខ្ញុំ​បាន​បង្កើត​តារាងមួយ​ ​រៀប​រាប់​អំពី​លក្ខខណ្ឌ​​ដែល​ខ្ញុំ​ត្រូវ​ការ​ពី​មនុស្ស​ដែល​ខ្ញុំ​នឹង​ស្រឡាញ់ ហើយ​គាត់​ (Derek Chauvin) បាន​បំពេញ​លក្ខខណ្ឌ​ទាំង​នោះ​”។

    Derek អាយុ​44ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​​ប្រចាំ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota ត្រូវ​បាន​បញ្ឈប់​ពី​មុខ​តំណែង​ និង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​29​ឧសភា​ ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ចាយ​លុយ​ក្លែង​ក្លាយ។ ចៅ​ក្រម​បាន​ឱ្យ​ដឹង​ថា Derek បាន​ប្រើ​ជង្គង់​សង្កត់​ក​​របស់ Floyd រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ក្នុង​នោះ​មាន​2​នាទី​និង​53​វិនាទី​​ក្រោយ​ពី​ជន​រង​គ្រោះ “​លែង​មាន​ប្រតិកម្ម​”។

    ជន​ជាប់​ចោទ​ ​ឈ្មោះ Derek Chauvin

    ឯកសារ​ចោទ​ប្រកាន់​បាន​ឱ្យ​ដឹង​ថា Floyd មាន​ជំងឺ​ប្រចាំ​កាយ​ រួម​មាន​សរសៃ​ឈាម​បេះ​ដូង​ និង​ខ្សោយ​បេះ​ដូង​ ដោយ​សារ​លើស​ឈាម​។ បើ​ទោះ​ជា​ជន​រង​គ្រោះ​អង្វរ​ព្រោះ​តែ​ “មិន​អាច​ដក​ដង្ហើម​បាន​” ប៉ូលិស​ឈ្មោះ Derek នៅ​តែ​មិន​លែង​។ ឯកសារ​បន្ត​ថា “ឥទ្ធិ​ពល​រួម​ចំណែក​ក្នុង​ការ​ដែល​ Floyd ត្រូវ​បាន​ប៉ូលិស​សង្កត់​ក រួម​នឹង​ជំងឺ​ប្រចាំ​កាយ​ និង​សារធាតុ​អ្វី​មួយ​នៅ​ក្នុង​រាង​កាយ​របស់​ Floyd បាន​នាំ​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​”។

    បច្ចុប្បន្ន​ ប៉ូលិស​ឈ្មោះ Derek Chauvin ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​25​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​កម្រិត​3 និង​10​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។ ចំណែក​ប៉ូលិស​3​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង​ និង​កំពុង​ប្រឈម​​នឹង​ការ​ចោទ​ប្រកាន់​៕

    ប្រភព​៖ CBS News

  • វិធី​ធ្វើ​ការ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​មហា​សេដ្ឋី​ល្បី​ៗ​ក្នុង​ពិភពលោក​

    វិធី​ធ្វើ​ការ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​មហា​សេដ្ឋី​ល្បី​ៗ​ក្នុង​ពិភពលោក​

    មហា​សេដ្ឋី​នានា​ដូច​ជា​លោក Steve Jobs ឬ​ Bill Gates ជា​ដើម ក៏​មាន​ពេល​វេលា​ត្រឹម​តែ​24​ម៉ោង​ក្នុង​1​ថ្ងៃ ប៉ុន្តែ ពួក​គេ​ដឹង​អំពី​វិធី​ដែលជួយ​ឱ្យ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

    Steve Jobs ដឹង​ថា​ ពេល​ណា​​ត្រូវ​​និយាយ​ថា​ “ទេ”

    អតីត​កំពូល​ CEO របស់​ក្រុម​ហ៊ុន​ Apple យល់​ថា គន្លឹះ​ដែល​ជួយ​ឱ្យ​លោក​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ នោះ​គឺ​ការ​ដឹង​ថា​ ពេល​ណា​គួរ​និយាយ​ពាក្យ​ថា​ “​ទេ​”​។ លោក​បង្ហើប​ឱ្យ​ដឹងកាល​ពី​ឆ្នាំ​1997​ ​ថា “ការ​ផ្ដោត​អារម្មណ៍​គឺ​មាន​ន័យ​ថា ដឹង​អំពី​វិធី​​និយាយ​ថា​ “ទេ” ជាមួយ​នឹង​គំនិត​រាប់​រយ​ផ្សេង​ៗ​គ្នា​”។ ការ​ងារ​របស់​អ្នក​គឺ​ត្រូវ​តែ​សម្រេច​ឱ្យ​ច្បាស់​ថា អ្វី​គួរ​ចំណាយ​ពេល​ទៅលើវា និង​អ្វី​គួរ​តែ​កុំ​ចំណាយ​ពេល​។

    Bill Gates ហាត់​សមាធិ

    មាន​មហាសេដ្ឋី​​ល្បី​ៗ​ជា​ច្រើន​ ដូចជា​ Jack Dorsey ឬ Ray Dalio បាន​តាំង​សមាធិ​ជា​រៀង​រាល់​ថ្ងៃ​ ចំណែក​​លោក Bill Gates ក៏​ដូច្នេះ​ដែរ​។ នៅក្នុង​អត្ថបទ​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ Gates Notes កាល​ពី​ឆ្នាំ​2018​ មហា​សេដ្ឋី​ Bill Gates បាន​អះអាង​ថា “នេះ​ (ការ​សមាធិ) គឺជា​វិធី​ដ៏​អស្ចារ្យ​សម្រាប់​កែ​លម្អ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​”។

    លោក​ Bill Gates ថ្លែង​ថា “សមាធិគឺជា​ការ​ហ្វឹកហាត់​សម្រាប់​ផ្លូវ​អារម្មណ៍​ ដូច​ទៅ​នឹង​វិធីដែល​យើង​ធ្វើ​ចលនា​សាច់​ដុំ​នៅ​ពេល​លេង​កីឡា​ដូច្នោះ​ដែរ​”។ មហា​សេដ្ឋីរូប​នេះ​បាន​ធ្វើ​សមាធិ​ “​ចំនួន2​ទៅ​​3​ដង​ក្នុង​1​សប្ដាហ៍​ ក្នុង​នោះ​ ការ​សមាធិ​ម្ដង​ចំណាយ​ពេល​10​នាទី​”​។ លោក​បន្ត​ថា គ្រូបង្ហាត់​ផ្នែក​សមាធិ​ បាន​បង្រៀន​លោក​​អំពី​ “វិធី​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គិត​ក្នុង​ខួរ​ក្បាល​ ដូច្នេះ​វា​បាន​ជួយ​កែលម្អសមត្ថភាព​នៃការ​ផ្ដោត​អារម្មណ៍​”។

    Jeff Bezos សម្រេច​ចិត្ត​លឿន

    CEO របស់​ Amazon បាន​ឱ្យ​ដឹង​ថា ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ “លឿន​ និង​មាន​គុណ​ភាព​” ព្រោះ​ “ល្បឿន​ (នៃ​ការ​សម្រេច​ចិត្ត​) គឺជា​ប្រការ​ដែល​កំណត់​លទ្ធ​ផល​នៃ​ការ​រកស៊ី​”។ នៅ​ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅកាន់​ភាគ​ហ៊ុនិក​កាល​ពី​ឆ្នាំ​2016​ មហា​សេដ្ឋី​ Jeff Bezos បាន​ឱ្យ​ដឹង​​ថា “ក្នុង​ករណី​ភាគ​ច្រើន​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ នៅ​ពេល​មាន​ទិន្ន​ន័យ​ដែល​​អ្នក​ចង់​បាន មាន​​​ចំនួនត្រឹម​​តែ​​70​%​។ បើ​សិន​ជា​រង់​ចាំ​ដល់​ពេល​មាន​​ព័ត៌មាន​គ្រប់​90​%​​ អ្នក​ប្រាកដ​ជា​តាម​មិន​ទាន់​គេ​នោះ​ទេ​”។

    លោក Bezos អះអាង​ថា ជាក់​ស្ដែង​ ការ​សម្រេច​ចិត្ត​លឿន​ គឺ​មាន​សារ​សំខាន់​ជាង​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ទៅ​ទៀត​។ “មាន​ការ​សម្រេច​ចិត្ត​ជា​ច្រើន​នៅ​តែ​អាច​បង្វែរ​ស្ថាន​ការណ៍​បាន​ ដូច្នេះ បើ​​​ខុស​ក៏​វា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ដែរ​​”។​ លោក​បន្ត​ថា “បើ​សិន​ជា​អ្នក​កែ​ប្រែវា​បាន​ល្អ​ ការ​សម្រេច​ចិត្ត​ខុស​នឹង​អាច​ត្រូវ​ចំណាយ​តិច​ជា​ង​អ្វីដែល​អ្នក​គិត​​ទៅ​ទៀត​ ខណៈ​ដែល​ការ​សម្រេច​ចិត្ត​យឺត​ វា​​​ប្រាកដ​ណាស់​ថា គឺជា​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​”។

    Jack Dorsey ប្រជុំ​ដោយ​ប្រើ​ Google Doc

    ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ភាគច្រើន​យល់​ថា ការ​ប្រជុំ​ធ្វើ​ឱ្យ​សមត្ថភាព​បំពេញ​ការ​ងារ​ត្រូវ​ថយ​ចុះ​។ ការ​ស្ទង់​មតិ​មួយ​របស់​សាលា​ពាណិជ្ជ​កម្ម​ Harvard និង​សាកល​វិទ្យា​ល័យ Boston បាន​បង្ហាញ​ថា មេដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​នានា​ បាន​អះអាង​ថា កិច្ច​ប្រជុំ​នាំ​ឱ្យ​ពួកគេ​មិន​អាច​សម្រេច​បាន​​ភារកិច្ច​របស់​ពួកគេ​។ ក្នុង​ចំណោម​មេដឹក​នាំក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​រហូត​ដល់​70​%​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ថា កិច្ច​ប្រជុំ​នានា​មិន​មាន​ប្រសិទ្ធ​ភាព​។

    Jack Dorsey ដែល​ជា​ CEO របស់ Twitter និង Square មាន​វិធី​ប្រជុំ​ខុស​ប្លែក​ពី​គេ​ ដែល​លោក​យល់​ថា ជា​ការ​ជំរុញ​ការ​ត្រិះ​រិះ​ពិចារណា​ (Critical thinking)។ មហា​សេដ្ឋី​ Dorsey បាន​ឱ្យ​ដឹង​កាល​ពី​ឆ្នាំ​2018​ថា “កិច្ច​ប្រជុំ​របស់​យើង ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី Google Doc ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​អាន​10​នាទី រួច​ហើយ​បញ្ចេញ​មតិ​ផ្ទាល់​នៅលើ​ហ្វាល​ទិន្ន​ន័យ​”។ លោក​បន្ត​ថា “ប្រការ​នេះ​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​ងាយ​ស្រួល​ក្នុង​ការ​មូល​មតិ​គ្នា​ អនុញ្ញាត​ឱ្យ​ធ្វើ​កា​រ​ពី​ចម្ងាយ​ និង​បង្កើន​ល្បឿន​នៃ​ការ​រិះ​រិះ​ពិចារណា​”។

    Elon Musk កាត់​បន្ថយ​កិច្ច​ប្រជុំ​ដែល​មិន​ចាំ​បាច់​

    មហាសេដ្ឋី Elon Musk គឺជា​ CEO របស់​ក្រុម​ហ៊ុន​ Tesla, SpaceX, The Boring Company និង​ក្រុម​ហ៊ុន​ Neuralink។ លោក​ Musk ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​កិច្ច​ការ​សំខាន់​បំផុត​ និង​រៀប​ចំ​ពេល​វេលា​ដែល​នៅសល់​សម្រាប់​ធ្វើកិច្ច​ការ​ផ្សេង​ៗ​ទៅ​តាម​លំដាប់​លំដោយ​នៃ​អាទិភាព​។ មហា​សេដ្ឋី​រូប​នេះ​បាន​ថ្លែង​នៅ​សាកល​វិទ្យាល័យ​ Southern California កាល​ពី​ឆ្នាំ​2014​ថា “កុំ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​អ្នក​ទៅលើ​អ្វី​ដែល​មិន​អាច​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ប្រសើរ​”។

    មួយ​ក្នុង​ចំណោម​វិធី​ដែល​ជួយ​ឱ្យ​លោក Elon Musk អាច​ធ្វើ​បាន​ប្រការ​ខាង​លើ នោះ​គឺ​ការ​លុប​បំបាត់​កិច្ច​ប្រជុំ​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​។ នៅក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅកាន់​បុគ្គលិក​​កាល​ពី​ឆ្នាំ​​2018 មហាសេដ្ឋី​រូប​នេះ​ថ្លែង​ថា “ការ​ប្រជុំ​ច្រើន​ពេក​គឺជា​ជំងឺ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ ហើយ​វា​តែង​តែ​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​កាន់​តែ​ដុន​ដាប​។ ចូរ​ឈប់​បើក​កិច្ច​ប្រជុំ​ជា​ប្រចាំ លើក​លែង​តែ​មាន​កិច្ច​ការ​បន្ទាន់​បំផុត​”។

    បើសិន​ជា​ត្រូវ​តែ​ប្រជុំ​មិន​អាច​ខាន​បាន​ លោក​ Musk ថ្លែង​ថា​ អ្នក​ចាំបាច់​ត្រូវ​តែ​ “ប្រាកដ​ថា​នឹង​នាំ​មក​នូវ​ប្រយោជន៍​ និង​តម្លៃ​ដល់​អ្នក​ដែល​បាន​ចូល​រួម​”។ លោក​ក៏​តែង​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក​ “ចាក​ចេញ​ពី​កិច្ច​ប្រជុំ​​ នៅ​ពេល​ដឹង​ថា ខ្លួន​នឹង​មិន​ទទួល​បាន​ប្រយោជន៍​”។ លោក​ Musk អះអាង​ថា ប្រការ​នេះ​នឹង​មិន​មែនជា​អសុជីវ​ធម៌​នោះ​ឡើយ​៕

    ប្រភព​៖ CNBC