Author: សឿន សំណាង

  • ទាហាន​មួក​ខៀវ​កម្ពុជា​10​នាក់​នៅ​ប្រទេស​ម៉ាលី​ បាន​ឆ្លង​ COVID-19

    ទាហាន​មួក​ខៀវ​កម្ពុជា​10​នាក់​នៅ​ប្រទេស​ម៉ាលី​ បាន​ឆ្លង​ COVID-19

    រដ្ឋមន្ត្រី​ក្រ​សួ​ង​ការពារ​ជាតិកម្ពុជា​ ​កាលពី​ថ្ងៃ​ទី​០៣ ​ខែមិថុនា​​បាន​ឱ្យ​ដឹង​ថា កង​ទ័ព​អង្គ​ការ​សហប្រជា​ជាតិ​ពី​កម្ពុជា​ចំនួន​10​នាក់​បាន​ឆ្លង​វីរុស​COVID-19។

    ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ទាំង​10​នាក់​នោះ​ មាន​ម្នាក់​បាន​បាត់​បង់​ជីវិត​ នោះ​គឺ​ ឧត្តមសេនីយ៍ទោ ស សា​វី។ សពឧត្តម​សេនីយ៍​រូប​នេះ​ នឹង​​ត្រូវ​​ធ្វើ​បុណ្យ​​នៅ​នា​ថ្ងៃ​នេះ​នៅប្រទេស​ម៉ាលី​។

    សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​រាថយ​ឡើយ​ក្នុង​ការ​ជួយ​រក្សា​សន្តិ​ភាព​ពិភពលោក​ ខណៈ​កម្ពុជា​​បាន​​​​បញ្ជូនកងទ័ពរបស់ខ្លួនចំនួនជិត800នាក់ក្នុង​នាម​អង្គ​ការ​សហប្រជា​ជាតិ​ ទៅបំពេញបេសកកម្មរក្សាសន្តិភាព​នៅតាមបណ្ដាប្រទេសដែលកំពុងមានអស្ថិរភាព រួមមាន ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងប្រទេសម៉ាលី។ ក្នុងចំណោមទាហានខាងលើ មានស្ត្រីជិត80នាក់។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​ 125នាក់​ ក្នុង​នោះ​មាន​123​នាក់​បាន​ជា​សះស្បើយ​ និង​2​នាក់​កំពុង​ទទួល​ការ​ព្យាបាល​៕

  • សារព័ត៌មានលំដាប់ពិភពលោកមួយ បង្ហាញព័ត៌មានស៊ីជម្រៅថា ចិន ពិតជាផ្ញើទិន្នន័យទៅឱ្យ WHO យឺតយ៉ាវមែន…និង ទាំងចិន ទាំងអាមេរិក សុទ្ធតែនិយាយមិនត្រង់…

    សារព័ត៌មានលំដាប់ពិភពលោកមួយ បង្ហាញព័ត៌មានស៊ីជម្រៅថា ចិន ពិតជាផ្ញើទិន្នន័យទៅឱ្យ WHO យឺតយ៉ាវមែន…និង ទាំងចិន ទាំងអាមេរិក សុទ្ធតែនិយាយមិនត្រង់…

    កាលពីថ្ងៃទី2 មិថុនា អង្គភាពផ្នែកស៊ើបព័ត៌មានស៊ីជម្រៅរបស់ AP ទីភ្នាក់ងារព័ត៌មានលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិក បានបង្ហាញព័ត៌មានបែបស៊ីជម្រៅ និងទិន្នន័យនៅពីក្រោយស្ថានការណ៍ ក្នុងអំឡុងការរកឃើញជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាឆ្នាំ2019 ឬកូវីដ-19 នៅទីក្រុងវូហាន ប្រទេសចិន ដោយពួកគេបានរកឃើញថា បណ្ដាក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោក ឬ WHO សុទ្ធតែមានអារម្មណ៍មួម៉ៅនឹងភាពយឺតយ៉ាវនៃការផ្ដល់ទិន្នន័យពីខាងរដ្ឋបាលចិន។

    AP បានបញ្ជាក់ថា ព័ត៌មានថ្មីៗដែលក្រុមអ្នកស៊ើបព័ត៌មានបែបស៊ីជម្រៅរបស់ខ្លួនបានរកឃើញនោះ មិនស៊ីគ្នាជាមួយទាំងពាក្យអះអាងរបស់រដ្ឋបាលចិន និងការចោទប្រកាន់របស់លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ត្រាំ ដែលបានចោទថា រដ្ឋបាលចិន និង WHO បានរួមដៃគ្នាបិទបាំងសហគមន៍ពិភពលោកនោះឡើយ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ WHO ក្នុងការអង្វរសុំទិន្នន័យពីខាងចិនយកមកវិភាគ ដើម្បីដាស់តឿនមនុស្សលោក ទោះជាខ្លួនឯងគ្មានអំណាចអ្វី និងស្ថិតក្រោមសម្ពាធដ៏ធំមហាសាលក្ដី…។

    សារព័ត៌មានលំដាប់ពិភពលោកមួយ បង្ហាញព័ត៌មានស៊ីជម្រៅថា ចិន ពិតជាផ្ញើទិន្នន័យទៅឱ្យ WHO យឺតយ៉ាវមែន...និង ទាំងចិន ទាំងអាមេរិក សុទ្ធតែនិយាយមិនត្រង់...ថយត្រឡប់ទៅកាលពីដើមខែមករាវិញ កាលនោះ WHO ធ្លាប់បានថ្លែងសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលចិនជាបន្តបន្ទាប់ ដូចជា រឿងការទប់ទល់នឹងមេរោគដែលឆាប់រហ័ស និងដាច់ខាត និងបានសម្ដែងការអរគុណ ដែលរដ្ឋបាលចិនបានប្រញាប់ប្រគល់ទិន្នន័យខាងពូជកំណើតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនោះមកឱ្យ WHO “ភ្លាមៗ” រួមទាំងកោតសរសើររដ្ឋបាលចិនថា មានភាពប្រឹងប្រែងព្យាយាមធ្វើការ និងគ្មានលាក់បាំង “យ៉ាងគួរឱ្យពេញចិត្ត និងគ្មានពាក្យនឹងបរិយាយ”។

    ប៉ុន្តែ នៅពីក្រោយរឿងរ៉ាវទាំងនោះ AP បានរកឃើញថា បរិយាកាសនៅក្នុងស្ថាប័ន WHO នាពេលនោះ ពោរពេញទៅដោយក្ដីមួម៉ៅ និងមិនពេញចិត្តរបស់ក្រុមមន្ត្រី ដោយសារតែនៅមិនទាន់បានទទួលទិន្នន័យដែលចាំបាច់ ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់មេរោគវីរុសមួយនោះ ដោយរដ្ឋបាលចិនបានប្រគល់ទិន្នន័យកូដពូជកំណើត ឬ ជីណូម មកឱ្យ យឺតពេលជាង 1សប្ដាហ៍ ក្រោយពីបន្ទប់ប្រតិបត្តិការរបស់រដ្ឋបាលចិនបានដោះកូដរបស់ជីណូម រួចរាល់ទៅហើយយ៉ាងតិច 3កន្លែង។

    ផែនទីជីណូម របស់ពូជកំណើតវីរុសកូរ៉ូណា ទូទាំងពិភពលោក

    AP សន្និដ្ឋានថា មូលហេតុនៃការយឺតយ៉ាវនេះ បណ្ដាលមកពីកម្មវិធីគ្រប់គ្រងទិន្នន័យដ៏តឹងរ៉ឹង និងការប្រកួតប្រជែងដណ្ដើមគ្នាកសាងស្នាដៃ ផ្ទៃក្នុងស្ថាប័នសាធារណៈសុខាភិបាលរបស់ចិន ដែលការសន្និដ្ឋាននេះ គឺបានមកពីការដែល AP បានសម្ភាស និងពិនិត្យមើលឯកសារចំនួនដ៏ច្រើនរបស់ចិន។

    ការប្រគល់ទិន្នន័យជីណូម របស់រដ្ឋបាលចិនមកឱ្យ WHO កើតមានឡើងក្រោយពីបន្ទប់ប្រតិបត្តិការ 1កន្លែងនៅក្នុងប្រទេសចិន បាននាំទិន្នន័យទាំងនោះទៅផ្សព្វផ្សាយតាមរយៈវេបសាយប្រឆាំងវីរុសវិទ្យា នៅថ្ងៃទី11 មករារួចហើយ។ បន្តពីនោះមក រដ្ឋបាលចិន ថែមទាំងបានបញ្ជូនទិន្នន័យផ្នែកអាការជំងឺ និងតួលេខអ្នកឆ្លងមេរោគ យឺតយ៉ាវរហូតដល់ទៅ 2សប្ដាហ៍ទៀត តាមរយៈការពិនិត្យមើលឯកសារផ្ទៃក្នុងរបស់ WHO ដែលអាចហុចផលឱ្យនាំឆ្ពោះទៅរកការពន្យឺតការឆ្លងរាលដាលបានតាំងពីដំបូង។

    របាយការណ៍បានបញ្ជាក់ថា ការសម្ដែងការកោតសរសើររបស់ WHO ចំពោះរដ្ឋបាលចិននៅចំពោះមុខសហគមន៍ពិភពលោកនោះ គឺធ្វើឡើងដើម្បីព្យាយាមយកចិត្តស្ថាប័នរបស់ចិន ដើម្បីឱ្យពួកគេទាំងនោះបញ្ជូនទិន្នន័យផ្សេងៗទៀត ដែល WHO ត្រូវការ មកបន្ថែមទៀតឱ្យបានលឿនបំផុត ដែលរឿងនេះ ឯកសារផ្ទៃក្នុងរបស់ WHO បានបង្ហាញថា នៅផ្ទៃក្នុងស្ថាប័ន WHO វិញ ក្រុមមន្ត្រីដែលពាក់ព័ន្ធ បានសម្ដែងក្ដីមិនពេញចិត្តនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី6 មករា ដោយសារតែយល់ឃើញថា ទិន្នន័យដែលរដ្ឋបាលចិនផ្ញើមកឱ្យនោះ មិនទាន់គ្រប់គ្រាន់ចំពោះការវាយតម្លៃពីសមត្ថភាពក្នុងការឆ្លងរាតត្បាត ពីមនុស្ស ទៅមនុស្ស និងភាពប្រថុយប្រថានរបស់មនុស្សលោកនៅឡើយ។

    លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ ហ្វាន ឃើកហូហ្វ អ្នកជំនាញខាងរោគរាតត្បាតជនជាតិអាមេរិកាំងនៅក្នុងស្ថាប័ន WHO បច្ចុប្បន្នមានតំណែងជា ប្រធានក្រុមទប់ទល់នឹងមេរោគកូវីដ-19 របស់ WHO បានបញ្ជាក់ថា អង្គភាពផ្នែកវាយតម្លៃរបស់ WHO មានទិន្នន័យតិចតួចបំផុត មិនគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យរៀបផែនការទប់ទល់នឹងអ្វីបានឡើយ។

    របាយការណ៍ស៊ើបព័ត៌មានបែបស៊ីជម្រៅនេះ កើតឡើងក្នុងអំឡុងពេលដែល WHO កំពុងប្រឈមនឹងសំឡេងរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារទើបនឹងទទួលយកការតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការដំណើរការរបស់គ្រប់ភាគី ដែលការថ្លែងសរសើររដ្ឋបាលចិន របស់ WHO នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា កាន់ជើង និងសហការគ្នាជាមួយរដ្ឋបាលចិន រហូតដល់ថ្ងៃទី29 ឧសភា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានប្រកាសកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ WHO ដែលហុចផលឱ្យ WHO លែងទទួលបានប្រាក់បរិច្ចាគពីសហរដ្ឋអាមេរិកដល់ទៅ 450លានដុល្លារ និងដែលធ្វើឱ្យមានការជំទាស់ពីបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន។

    ផ្ទុយទៅវិញ លោកប្រធានាធិបតី ស៊ី ជីនភីង មេដឹកនាំចិន បានប្រកាសថា ចិននឹងផ្ដល់ប្រាក់គាំទ្រទៅ WHO ចំនួនដល់ទៅ 2ពាន់លានដុល្លារ ក្នុងរយៈពេលមិនលើស 2ឆ្នាំ ព្រមទាំងបានអះអាងថា ចិននឹងដំណើរការតាមសម្ព័ន្ធកិច្ច ដើម្បីគាំទ្រ WHO និងសហគមន៍ពិភពលោកយ៉ាងចំពេលវេលាទៀតផង។

    ទាំងអស់នេះ WHO គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើជាមជ្ឈមណ្ឌលបញ្ជាការកណ្ដាលចម្បងរបស់សហគមន៍ពិភពលោក ក្នុងការទប់ទល់ក្នុងករណីកើតមានការឆ្លងរាតត្បាតធំៗនៃជំងឺផ្សេងៗ ប៉ុន្តែ គ្មានបទប្បញ្ញត្តិណាមួយផ្ដល់អំណាចឱ្យ WHO កៀបសង្កត់ប្រទេសជាសមាជិកបានឡើយ ត្រូវតែអាស្រ័យលើការស្ម័គ្រចិត្តរួមសហការទាំងស្រុង។

    AP មើលឃើញថា ព័ត៌មានទាំងអស់ខាងលើ បានបង្ហាញថា WHO មិនបានរួមដៃគ្នាជាមួយរដ្ឋបាលចិន ដូចការចោទប្រកាន់របស់មេដឹកនាំសហរដ្ឋអាមេរិកឡើយ ប៉ុន្តែ WHO មិនអាចធ្វើការបានយ៉ាងពេញទំហឹងឡើយ ដោយសារតែការប្រគល់ទិន្នន័យដែលមានតិចតួចបំផុត តាមដែលអាចធ្វើបានរបស់រដ្ឋបាលចិន តាមបទប្បញ្ញត្តិតែប៉ុណ្ណោះ។

    ករណីដែលកើតឡើងនេះ ហុចផលឱ្យ WHO ត្រូវតែខំព្យាយាមធ្វើគ្រប់វិធី ដើម្បីអង្វរសុំទិន្ន័យពីរដ្ឋបាលចិនបន្ថែមទៀត តែការពិតមួយដែលច្បាស់លាស់បំផុតនោះគឺ ការកោតសរសើររបស់អ្នកជំនាញការ និងបណ្ដាអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក ចំពោះអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការរបស់ចិន ដែលធ្វើការបានឆាប់រហ័ស និងចំគោលដៅ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​

    រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​

    Mark Esper បាន​ធ្វើ​ការ​ជំទាស់​ទៅនឹង​ការ​អនុវត្ត​ច្បាប់​​ប្រឆាំង​កុបកម្ម​ (Anti-Riot Act) ដែល​ប្រើ​ប្រាស់​កង​​ទ័ព​ដើម្បី​បំបែក​ហ្វូង​បាតុករនៅ​ទូទាំង​ប្រទេស​។

    រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក Mark Esper ថ្លែង​ថា យុទ្ធ​សាស្ត្រ​ដាក់​ពង្រាយ​កង​ទ័ព​សម្រាប់​ការ​អនុវត្ត​ច្បាប់​​នានា​ គួរ​ប្រើ​ប្រាស់​តែ​នៅ​ក្នុង​ “ករណី​បន្ទាន់​ និង​ធ្ងន់​ធ្ងរ​បំផុត​ប៉ុណ្ណោះ​”។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រូប​នេះ​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួន​នៅ​រដ្ឋធានី​វ៉ាស៊ីង​តោន​កាល​ពីថ្ងៃទី​3​មិថុនា​ថា “យើង​មិន​មែន​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ដូច្នេះ​ទេ​។ ខ្ញុំ​មិន​គាំទ្រ​ការ​ប្រើ​ច្បាប់​ប្រឆាំង​កុប​កម្ម​នោះ​ឡើយ​”។

    ដើម្បី​អាច​ដាក់​ពង្រាយ​កង​ទ័ព​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​បំណង​អនុវត្ត​ច្បាប់​អ្វី​មួយ​ លោក Trump ត្រូវ​តែ​ធ្វើ​ឱ្យ​ច្បាប់​ប្រឆាំង​កុបកម្ម​​ឆ្នាំ​1807​ ដំណើរ​ការ​ឡើង​វិញ​ ដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​1992​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​កុបកម្ម​នៅ​ Los Angeles។

    លោក Trump កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ថ្លែង​ថា​ លោក​អាច​ប្រើ​ប្រាស់​កង​ទ័ព​ដើម្បី​ទប់​ទល់​នឹងកុបកម្ម​នៅ​ក្នុង​បណ្ដា​ទីក្រុង​​ ប៉ុន្តែ លោក​មិន​ទាន់​បាន​ធ្វើ​ឱ្យ​ច្បាប់​ប្រឆាំង​កុបកម្ម​​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​។ ទាហាន​ចំនួន​1,600​នាក់​បាន​បោះ​ជំរំ​នៅ​ខាង​ក្រៅ​រដ្ឋ​ធានីវ៉ាស៊ីង​តោន​ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចូល​ធ្វើ​អន្តរាគមន៍​​ក្នុង​រដ្ឋធានី​​បើ​សិនជា​​ចាំបាច់​។

    រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​
    លោក Mark Esper រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​

    ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ លោក Mark Esper បាន​រិះគន់​ខ្លាំង​ៗ​ទៅលើ​សកម្ម​ភាព​របស់​ប៉ូលិស​ក្រុង​ Minneapolis ដែល​បាន​ធ្វើ​ឱ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ឈ្មោះ Floyd ស្លាប់​កាល​ពីថ្ងៃទី​25​ឧសភា ដោយ​ការ​ប្រើ​ជង្គង់​សង្កត់​ក​ នៅក្នុង​ពេល​ចាប់​ខ្លួន​ជន​រង​គ្រោះនេះ​​​។ លោក Mark Esper បាន​ហៅ​អំពើ​នេះ​ថា​ជា​​ “អំពើ​មនុស្ស​ឃាត” និង​ជា “ឧក្រិដ្ឋកម្ម​ដ៏​សាហាវ”។

    បាតុកម្ម​ទាមទារ​យុត្តិ​ធម៌​ជូន​សព​លោក​ Floyd ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ជាង​140​​នៅ​សហរដ្ឋ​អាមេរិក​។ ក្រុម​ជ្រុល​និយម​ និង​ក្រុម​ឱកាស​និយម​មួយ​ចំនួន​ បាន​ប្រើ​ប្រាស់​​ហេតុ​ការណ៍​នេះ​ដើម្បី​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯកជន​។ ទីក្រុង​យ៉ាង​តិច​40 ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​។ ទាហាន​ការ​ពារ​ជាតិ​ជាង​20,000​នាក់​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​​ដើម្បី​ជួយ​ដល់​កង​កម្លាំង​នគរ​បាល​ក្នុងការ​អនុវត្ត​ច្បាប់​នៅ​វ៉ាស៊ីងតោន​ និង​28​រដ្ឋ​ផ្សេង​ទៀត​​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    យោង​តាម​វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ IIF (Institute of International Finance) បំណុល​សរុប​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ខ្ពស់​ជាង​3​ដង​បើធៀប​នឹង​ GDP ក្នុង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​2020។

    South China Morning Post (SCMP) បាន​ឱ្យ​ដឹង​ថា បំណុល​របស់​ចិន​ត្រូវ​បាន​ចែក​ជា​2ប្រភេទ​៖ បំណុល​ក្នុង​ប្រទេស​ និង​បំណុល​បរទេស​។ បំណុល​ក្នុង​ប្រទេស​​របស់​ចិន​ រួម​មាន​​ បំណុល​ក្រុម​ហ៊ុន​ បំណុល​គ្រួសារ​ និង​បំណុល​រដ្ឋាភិបាល​។

    បំណុល​បរទេស​របស់​ចិន​ រួម​មាន​ បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ខ្ចី​លុយ​ពី​ធនាគារ​បរទេស​ ឥណទាន​ដែល​ទាក់​ទង​នឹង​ពាណិជ្ជ​កម្ម​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ពី​បណ្ដា​ដៃ​គូ​បរទេស​ និង​មូលបត្រ​បំណុល​ដែល​​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ និង​ឯក​ជន​របស់​ចិន​បាន​បោះ​ផ្សាយ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។

    ពិភពលោក​​ជំពាក់​បំណុល​ចិនចំនួន​​ប៉ុន្មាន​?

    SCMP​ ចុះ​ផ្សាយ​ថា ក្នុង​អំឡុង​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ប្រទេស​ចិន​បាន​បង្កើន​ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ដែល​ទើប​តែ​មាន​សេដ្ឋកិច្ច​លូត​លាស់ថ្មី​នៅ​អាហ្វ្រី​។ ខ្ទង់​ឥណទាន​នេះ​ ភាគ​ច្រើន​បាន​មកពី​រដ្ឋាភិបាល​ចិន​ ឬ​ក្រុម​ហ៊ុន​ដែល​រដ្ឋចិន​គ្រប់​គ្រង​។

    ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំមួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ គិត​ដល់ដំណាច់​ខែ​មីនា​2020​ ប្រទេស​ចិន​បានក្លាយ​ជា​ម្ចាស់​​​បំណុល​​​ប្រមាណ​ជា​ 1.1​លាន​លាន​ (1,100,000,000,000.00) ដុល្លារ​អាមេរិក​​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ “ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​” ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។

    ដូច្នេះ បច្ចុប្បន្ន ប្រទេស​ចិន​គឺជា​ម្ចាស់​បំណុល​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​របស់​បណ្ដា​​ប្រទេស​ក្រីក្រ​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ IIF ដែល​បាន​ប្រកាសផ្សាយ​​កាល​ពី​ខែ​ឧសភា​2020​។ បំណុល​ចាស់​ដែល​ប្រទេស​ចិន​បាន​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ខ្ចី​ក្រៅ​ពី​ប្រទេស​ក្រីក្រ បាន​ឡើង​ដល់​5.5​លាន​លាន​ដុល្លារ​ មាន​ន័យ​ថា កើន​ជាង​ 875​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់​កាល​ 2004-2019។ តួលេខ​នេះ​ ជិត​ស្មើ​នឹង​ 6% នៃ​ GDP ទូទាំង​ពិភពលោក​។

    បើ​ទោះ​ចិន​ជា​ម្ចាស់​បំណុល​ធំជាង​គេ​ក្នុង​ពិភពលោក​ ប៉ុន្តែ ប្រទេស​នេះ​ក៏​ជា​កូន​បំណុល​ “យក្ស” ផងដែរ​។ IIF បាន​រាយ​ការណ៍​ថា បំណុល​ក្នុង​ប្រទេស​របស់​ចិន​ ស្មើ​នឹង​ 317​% នៃ​ GDP ក្នុង​ត្រី​មាស​ទី​1​ ឆ្នាំ​2020​។ មុន​នោះ​ ក្នុង​ត្រី​មាស​ទី​4​នៃ​ឆ្នាំ​2019​ បំណុល​ក្នុង​ប្រទេស​របស់​ចិន​ មាន​ចំនួន​300​% ធៀប​នឹង​ត្រី​មាស​មុន​ ដែលនេះ​ជា​កំណើន​ប្រចាំ​ត្រី​មាស​ធំបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។

    បំណុល​ដែល​ចិន​ខ្ចី​ពី​បរទេស​បាន​កើន​ឡើ​ង​យ៉ាង​គំហុក

    បំណុល​ក្នុង​គ្រួ​សារ​ បាន​កើន​ឡើង​ 54,3​%​ ធៀប​នឹង​ GDP របស់​ចិន​ក្នុង​ត្រី​មាស​ចុង​ក្រោយ​នៃ​ឆ្នាំ​2019 ខណៈ​អំឡុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​2018​ គឺ​ត្រឹម​ 51.4​%​។ បំណុល​​ដែល​ចិន​ខ្ចី​ពី​បរទេស​ រួម​មាន​ខ្ទង់​បំណុល​គិត​ជា​ប្រាក់​ដុល្លារ​ គឺ​ប្រមាណ​​ជា ​2.05លាន​​លាន​​​ (2,050,000,000,000.00 USD) ដុល្លារ​នៅ​ចុង​ឆ្នាំ​2019 ខណៈ​ត្រី​មាស​ទី​3​ នៃឆ្នាំ​2019 មាន​ត្រឹម​ 2.03​លាន​លាន​ដុល្លារ​។ នេះ​បើ​តាម​ស្ថិតិ​របស់​នាយកដ្ឋាន​គ្រប់​គ្រង​អត្រា​ប្ដូរ​ប្រាក់​​របស់​ប្រទេស​ចិន​។

    ខ្ទង់​បំណុល​របស់​រដ្ឋភិបាលមូលដ្ឋាន​​ចិន ត្រូវ​បាន​កាន់កាប់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ ឬ​គ្រប់​គ្រង​ដោយ​រដ្ឋ​។ ក្នុង​ចំណោម​នោះ មាន​ខ្ទង់​ប្រាក់​ឥណ​ទាន​ជា​ច្រើន​មិន​មាន​តម្លា​ភាព​​។ តាម​ការ​ប៉ាន់​ប្រមាណ​​ ខ្ទង់​បំណុល​អាថ៌​កំបាំង​ទាំង​នេះ​ អាច​មាន​ចន្លោះ​​​ពី​ 30​លាន​លាន​​ ទៅ​ 40​លាន​លាន​ (30,000,000,000,000-40,000,000,000,000)​ យន់​ (4.2​លាន​លាន​ ទៅ​ 5.6​លាន​លាន​ដុល្លារ​អាមេរិក)។ ប្រទេស​ចិន​ក៏បាន​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ 2.36​លាន​លាន​យន់​ (614​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2019​ ផងដែរ​។

    ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ "ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​" ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។ម្ចាស់​នៃ​បំណុល​ទាំង​នេះ​ ភាគ​ច្រើន​ជា​អ្នកវិនិយោគ​ក្នុង​ប្រទេស​ ដូច​ជា​ ធនាគារ​ពាណិជ្ជកម្ម​ ឬ​ធនាគារ​គោល​នយោបាយ​​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​។

    ផ្សារ​មូលបត្រ​ចិន​ រួម​មាន​ មូល​បត្រ​រដ្ឋាភិបាល​ មូលបត្រ​នៅ​មូលដ្ឋាន​ មូលបត្រ​​របស់​ក្រុម​ហ៊ុន​ឯក​ជន​ រួម​នឹង​បណ្ដា​ភាគ​ហ៊ុន​ផ្សេង​ៗ​ទៀត​។ ផ្សារ​មូលបត្រ​ចិន ជាប់​ចំណាត់​ថ្នាក់​ទី​3​ ក្នុង​ចំណោម​​ផ្សារ​មូល​បត្រ​ធំ​ៗ​របស់​ពិភពលោក​ ដោយ​មាន​កំណើន​ជា​ប្រចាំ​ ជាង​ 13​លាន​លាន​ដុល្លារ​។

    ក្រុម​អ្នក​វិនិយោគ​បរទេស​ រួម​មាន​មូលនិធិ​វិនិយោគ​ ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ មូលនិធិការ​ពារ​ហានិភ័យ​ជា​ដើម​ កាន់​កាប់​​ភាគ​ហ៊ុន​នៅ​ប្រទេស​ចិន​ចំនួន​ 2.19​លាន​លាន​យន់​ (308​ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ​2019​ ពោល​គឺ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ 457.8​ពាន់​លាន​យន់​ (64.4​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2018​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • មិត្ត​របស់ George Floyd​ ស្រែក​ថា “យើង​នឹង​ហែក​កម្ទេច​ប្រព័ន្ធ​នេះ​ពី​ក្រៅ​ទៅក្នុង​” ខណៈ​មនុស្ស​ 60,000​នាក់​ ប្រមូល​ផ្ដុំ​គ្នា​ ​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​

    មិត្ត​របស់ George Floyd​ ស្រែក​ថា “យើង​នឹង​ហែក​កម្ទេច​ប្រព័ន្ធ​នេះ​ពី​ក្រៅ​ទៅក្នុង​” ខណៈ​មនុស្ស​ 60,000​នាក់​ ប្រមូល​ផ្ដុំ​គ្នា​ ​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​

    ទីក្រុង​ Houston​ ដែលជា​ទីកំណើត​របស់ George Floyd បាន​ប្រារព្ធ​ពិធី​ហែក្បួន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​បុរស​ស្បែក​ខ្មៅ​​ដែល​ត្រូវ​បាន​ប៉ូលិស​សង្កត់​ក​ស្លាប់​​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ 60,000​នាក់​។

    ពិធី​ហែ​ក្បួន​​រំឭក​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ George Floyd ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Houston រដ្ឋ​ Texas កាលពី​ថ្ងៃទី2​មិថុនា​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សិល្បករ​ល្បី​ឈ្មោះ​ក្នុង​តំបន់​ នោះ​គឺ​អ្នក​ចម្រៀង​ Rapper ឈ្មោះ​ Trae Tha Truth ដែលជា​មិត្ត​ជិត​ស្និទ្ធ​របស់ Floyd និង​អ្នក​ចម្រៀង​ Bun B។ អភិបាល​ក្រុង​ និង​អធិការ​នគរ​បាល​ក្រុង​ Houston ក៏​បាន​ចូល​រួម​ផងដែរ​។

    តារា​ចម្រៀង​រ៉ែប​ លោក Trae Tha Truth ជា​មិត្ត​ជិត​ស្និទ្ធ​របស់ Floyd

    George Floyd បាន​រស់នៅ​​អស់​រយៈ​ពេល46​ឆ្នាំ​ក្នុង​តំបន់​​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ នៅ​ទីក្រុង​ Houston ដែល​មាន​ចម្ងាយ​ពី​កន្លែង​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ប្រមាណជា​2គីឡូម៉ែត្រ​។ George Floyd ​ទៅ​ធ្វើ​ការ​និង​រស់នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

    “យើង​នឹង​ជំនួស​មុខ​ឱ្យ​​គាត់​ (George Floyd)។ យើង​នឹង​ហែក​កម្ទេច​ប្រព័ន្ធ​នេះ​ពី​ក្រៅ​ទៅ​ក្នុង​។ George Floyd កំពុង​តែ​សម្លឹង​ពីលើ​មើល​មក​យើង​ ហើយ​គាត់​កំពុង​ញញឹម​” Trae Tha Truth និយាយ​នៅ​ចំពោះ​មុខ​មហាជន​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​។

    បន្ទាប់​ពី​ពិធី​បួង​សួង​ ក្រុម​មនុស្ស​បាន​ចាក​ចេញ​ពី​តំបន់​សួន​ច្បារ​ ឆ្ពោះ​ទៅ​កាន់​​សាលា​ក្រុង​។ Sheila Jackson Lee​ ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ នៅ​តំបន់ដែល​ Floyd រស់​នៅ​ បាន​ប្រកាស​ថា នឹង​ស្នើ​បង្កើត​ច្បាប់​កែ​ទម្រង់កង​កម្លាំង​នគរ​បាល​​នៅ​ថ្ងៃទី​4​មិថុនា​ខាង​មុខ​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់ Floyd។

    អភិបាល​ក្រុង​ Houston លោក Sylvester Turner ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែរ​នោះ​ ថ្លែង​ថា លោក​យល់​អំពី​ការ​ឈឺ​ចាប់​របស់​ពួកគេ​ ហើយ​ពួកគេ​កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​។ “យើង​មិន​ត្រឹម​តែ​ស្ដាប់​នោះ​ទេ តែ​យើង​ត្រូវ​តែ​ធ្វើសកម្ម​ភាព​។ ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ហែក្បួន​ និង​ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​រាល់​គ្នា មិន​មែន​គ្មាន​ប្រយោជន៍​នោះ​ឡើយ​”។

    ទីក្រុង​ Houston ហាក់​ដូច​មិន​មាន​បាតុកម្ម​ហិង្សា​កើតឡើង​ដូច​ទៅ​នឹង​ទីក្រុងផ្សេង​ៗ​នៅ​សហរដ្ឋ​អាមេរិកនោះ​ទេ។​ David Hill ដែល​ជា​គ្រូអាចារ្យ និង​ជា​សកម្ម​ជន​សង្គម​ម្នាក់​នៅ​ទីក្រុង​ Houston ដែល​បាន​ស្គាល់​ច្បាស់​អំពី​គ្រួសារ​របស់​ Floyd បាន​ថ្លែង​ថា “អ្នក​ដែល​បាន​ស្គាល់​ George Floyd បាន​ជួយ​បង្កើត​បរិយាកាស​សម្រាប់​ Houston។ George Floyd ជា​មនុស្ស​ស្លូត​ត្រង់ និង​ជា​មនុស្ស​ផ្អែម​ល្ហែម​ម្នាក់​”។

    Floyd បាន​ស្លាប់​ដោយ​សារ​ “បេះ​ដូង​ និង​សួត​លែង​ដំណើរ​ការ​ ព្រោះ​តែ​ត្រូវ​ប៉ូលីស​ចាប់​ក្រៀក​ និង​សង្កត់​ក” កាល​ពី​ថ្ងៃទី​25​ឧសភា នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ចាយ​លុយ​ក្លែង​ក្លាយ។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​យ៉ាង​តិច​ចំនួន​​140​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ក្រសួងសុខាភិបាលកម្ពុជា ត្រៀមសាលាវិទ្យាល័យដើម្បីដាក់អ្នកដំណើរមកពីចិននិងកូរ៉េខាងត្បូង

    ក្រសួងសុខាភិបាលកម្ពុជា ត្រៀមសាលាវិទ្យាល័យដើម្បីដាក់អ្នកដំណើរមកពីចិននិងកូរ៉េខាងត្បូង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនាថ្ងៃនេះបានឱ្យដឹងថា អ្នកដំណើរមកពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងនឹងមកដល់កម្ពុជានៅថ្ងៃនេះ តាម​រយៈ​ជើង​យន្ត​ហោះ​ចំនួន6។

    ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មន្ត្រីខាងក្រសួងសុខាភិបាលបានរៀបចំ និងយកសាលាវិទ្យាល័យជម្ពូរវ័នដែលមានទីតាំងនៅភ្នំពេញ ធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នដើម្បីទទួលពិនិត្យសុខភាពរបស់អ្នកដំណើរខាងលើ ក្នុងនោះក៏មានពលករខ្មែរមកពីកូរ៉េខាងត្បូងផងដែរ។

    ទាក់ទងទៅ​​នឹងស្ថានភាពមជ្ឈមណ្ឌលធ្វើ​តេស្ត​​សុខភាពរកវីរុស COVID-19 នៅរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា បច្ចុប្បន្នភ្នំពេញមានគ្រែសម្រាប់ទទួលពិនិត្យសុខភាពអ្នកដំណើរបរទេសចំនួន400គ្រែ ក្នុងនោះមាន មជ្ឈមណ្ឌលពិនិត្យសុខភាពនៅក្នុងទ័ពអាកាសមានចំនួន​100​គ្រែ និងមណ្ឌលសុខភាពនៅចាក់អង្រែក្រោមមាន100គ្រែ។ វិទ្យាល័យជម្ពូវ័នដែលទើបត្រូវបានយកមកប្រើប្រាស់នេះ មានគ្រែចំនួន200៕

  • ប្អូន​របស់​ George Floyd អំពាវ​នាវ​​ទៅកាន់​ក្រុម​បាតុករ​

    ប្អូន​របស់​ George Floyd អំពាវ​នាវ​​ទៅកាន់​ក្រុម​បាតុករ​

    Terrence Floyd ដែលជា​ប្អូន​ប្រុស​របស់​ George Floyd បាន​ស្រែក​អំពាវ​នាវ​ដល់​ក្រុម​បាតុករ​នានា​ ឱ្យ​ឈប់​ធ្វើ​សកម្ម​ភាព​ហិង្សា​ និង​ឆក់​​ប្លន់​ ហើយ​គួរ​ជំនួស​មក​វិញ​ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ដែល​ស័ក្ដិ​សម​​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ នា​ពេល​ខាង​មុខ​។

    “ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​មិន​សប្បាយ​ចិត្ត ប៉ុន្តែ ប្រហែល​ជា​មិន​ស្មើ​ពាក់​កណ្ដាល​នៃ​​​ការ​កើត​ទុក្ខ​​របស់​ខ្ញុំ​នោះ​ទេ​” លោក​ Terrence Floyd ថ្លែង​បែប​នេះ​កាល​ពីថ្ងៃទី​1​មិថុនា​ នៅ​ឯទីតាំង​គោរព​វិញ្ញាណក្ខន្ធ​បណ្ដោះ​អាសន្ន​នា​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​ George Floyd ត្រូវ​បាន​ប៉ូលីស​ Derek Chauvin ចាប់​សង្កត់​ក​រហូត​ដល់​ស្លាប់​។

    Terrence បន្ថែម​ថា “ដូច្នេះ បើសិន​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​ខឹង​ខ្លាំង​ និង​បង្ក​ឱ្យ​មាន​ចលាចល​ អស្ថិរ​ភាព​ក្នុង​សង្គម​ តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​? សកម្ម​ភាព​ទាំង​នោះ​មិន​បាន​ជួយ​ឱ្យ​ប្អូន​ប្រុស​របស់​ខ្ញុំ​រស់​ឡើង​វិញ​ឡើយ​។ យើង​ខ្ញុំ​ជា​គ្រួ​សារ​សន្តិ​ភាព​ និង​គោរព​ព្រះ​”។

    Floyd បាន​ស្លាប់​ដោយ​សារ​ “បេះ​ដូង​ និង​សួត​លែង​ដំណើរ​ការ​ ព្រោះ​តែ​ត្រូវ​ប៉ូលីស​ចាប់​ក្រៀក​ និង​សង្កត់​ក” កាល​ពី​ថ្ងៃទី​25​ឧសភា នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ចាយ​លុយ​ក្លែង​ក្លាយ។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​យ៉ាង​តិច​ចំនួន​​140​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd។ បាតុកម្ម​ទាំង​នោះ បាននាំ​​ឱ្យ​មាន​អំពើ​ហិង្សា​ ការ​ឆក់​ប្លន់​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​ជា​ច្រើន​កើត​ឡើង ហើយ​មនុស្ស​ប្រមាណ​ជា​4,400​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

    Terrence និយាយ​ជាមួយ​ក្រុម​បាតុករ​ថា​ ការ​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​អាច​បំពេញ​ចិត្ត​យើង​ ឬ​ត្រឹម​ត្រូវ​នៅ​ពេល​នេះ ប៉ុន្តែ​ចុង​ក្រោយ​វា​នៅ​តែ​មិន​បាន​ប្ដូរ​ផ្លាស់​អ្វី​នោះ​ឡើយ​។ ជាង​នេះ វា​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​មូលហេតុ​​នៃ​ការ​ក្រោក​តវ៉ា​របស់​យើង​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ក្រុម​ប៉ូលីស​កាល​ពី​ដំបូង​។

    ប្អូន​ប្រុស​របស់​ Terrence បន្ត​ថា “ប្រការ​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើត​ឡើង​នៅ​រាល់​ពេល​មាន​អំពើហិង្សា​ពី​ប៉ូលីស​។ អ្នក​ទាំង​ឡាយ​តែង​តែ​ធ្វើ​បាតុ​កម្ម​ បំផ្លិច​បំផ្លាញ​គ្រប់​យ៉ាង​ ប៉ុន្តែ​​ពួកគេ​ (ប៉ូលីស) នៅ​តែ​មិន​កែ​ប្រែ។ អ្នក​រាល់​គ្នា​ដឹង​ថា​មក​ពី​ហេតុ​អ្វី​ទេ​? ព្រោះ​ថា នោះ​មិន​មែន​ជា​កិច្ច​ការ​ដែល​ពួក​គេ​ធ្វើ​ ប៉ុន្តែ​ពួក​យើង​ទេ​ដែល​ជា​អ្នក​ធ្វើ​។ ដូច្នេះ សូម​ធ្វើ​វា​ដោយ​ប្រើ​វិធី​ផ្សេង​”។

    “សូម​ឈប់​​គិត​ថា​ សម្លេង​របស់​យើង​មិន​មាន​សារ​សំខាន់​ទៀត​ទៅ​ ហើយ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​។ ចូរ​កុំ​រង់​ចាំ​ស្ដាប់​ការ​និយាយ​ពី​អ្នក​ដទៃ​ដែល​ថា អ្នក​នេះ​ អ្នក​នោះ​ យ៉ាង​ដូច​ម្ដេច​។ ចូរ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​​អំពី​មនុស្ស​ដែល​អ្នក​បាន​បោះ​ឆ្នោត​ជ្រើស​រើស​” នេះ​ជា​សម្ដី​ប្រកប​ដោយ​សន្តិភាព​របស់​ Terrence ដែល​ជា​ប្អូន​ប្រុស​របស់​លោក George Floyd៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អ្នក​ថត​សកម្ម​ភាព​ប៉ូលីស​​សង្កត់​ក​ George Floyd រហូត​ដល់​ស្លាប់​ បាន​បញ្ចេញ​មតិ

    អ្នក​ថត​សកម្ម​ភាព​ប៉ូលីស​​សង្កត់​ក​ George Floyd រហូត​ដល់​ស្លាប់​ បាន​បញ្ចេញ​មតិ

    Darnella Frazier អាយុ​17​ឆ្នាំ បាន​ឱ្យ​ដឹង​ថា នាង​ទទួល​បាន​សារ​រិះ​គន់​ជា​ច្រើន​នៅ​លើ​ Facebook ​បន្ទាប់​ពី​នាង​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​ George Floyd ត្រូវ​ប៉ូលីស​​ប្រើ​ជង្គង់​សង្កត់​ក​រហូត​ដល់​ស្លាប់​។

    Frazier រៀប​រាប់​ថា មនុស្ស​ជា​ច្រើន​បាន​សួរ​នាង​ថា ហេតុ​អ្វី​មិន​សង្គ្រោះ​ Floyd ជំនួស​ឱ្យ​ការ​ឈរ​ថត​វីដេអូ​ជិត10​នាទី​ទៅវិញ ក្នុង​ពេល​ដែល​ប៉ូលីស​កំពុង​សង្កត់​ក​បរុស​ស្បែក​ខ្មៅ​អាយុ​46​ឆ្នាំ​នេះ​នៅ​លើ​ដី​? Frazier បកស្រាយ​ថា នាង​នៅ​ក្មេង​ពេក​ និង​មិន​ហ៊ាន​ប្រឆាំង​នឹង​ក្រុម​ប៉ូលីស​។

    Frazier និយាយ​ថា “ខ្ញុំ​មិន​ជឿថា​ អ្នក​ទាំង​ឡាយ​ដែល​មិន​បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ខ្ញុំ​ យល់​អំពី​មូល​ហេតុ​ និង​អារម្មណ៍​របស់​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដូច្នេះ​​នោះ​ឡើយ”​។ នាង​ថ្លែង​ថា នាង​មិន​ចង់​ឃើញ​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​ធ្លាក់ទៅ​ក្នុង​ស្ថាន​ភាព​ដូច​ Floyd។ នាង​ក៏ខ្លាច​ប៉ូលីស​ធ្វើ​ការ​សង​សឹក​ផងដែរ​។

    នារី​​វ័យ​17​ឆ្នាំ​ខាង​លើ​បន្ត​ថា “បើ​សិន​​ជា​មិន​មាន​ខ្ញុំ​នោះទេ ប៉ូលីស​​4​នាក់​នោះ​ក៏មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​។ ពួក​គេ​ប្រាកដ​ជា​នឹង​លាក់​បាំង​ការ​ពិត​ចំពោះ​រឿង​នេះ​។ ជំនួស​ឱ្យ​ការ​រិះ​គន់ អ្នក​គួរ​តែ​អរគុណ​ខ្ញុំ​ ព្រោះ​ថា​ បើ​ជា​សាច់​ញាតិ​របស់​អ្នក អ្នក​ក៏ប្រាកដ​ជា​ចង់​ដឹង​ការ​ពិត​”។

    ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​ NowThis បង្ហាញ​ថា កាល​ពីថ្ងៃទី​26​ឧសភា នាង​ Fazier បាន​ត្រលប់​មក​កាន់​កន្លែង​ដែល​ Floyd ត្រូវ​ប៉ូលីស​សម្លាប់​ និង​បាន​យំ​​នៅពេល​​នឹក​ឃើញ​ដល់​ហេតុ​ការណ៍​នោះ​។ Frazier បាន​យំ​ និង​ឱប​បាតុករ​នៅ​​ទី​នោះ​។

    លោក​ George Floyd ដែល​ត្រូវ​បាន​ប៉ូលីស​សង្កត់​ក​រហូត​ដល់​ស្លាប់​

    ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​ Frazier ចែក​រំលែក​កាល​ពី​ថ្ងៃទី​25​ឧសភា បាន​បង្ហាញ​អំពី​សកម្ម​ភាព​ប៉ូលីស​ Derek Chauvin នៅ​ទីក្រុង​ Minneapolis រដ្ឋ Minnesota កំពុង​សង្កត់​ក​ Floyd ដោយ​ប្រើ​ជង្គង់​រហូត​ដល់​9​នាទី​។ នៅ​ពេល​ជិត​ដាច់​ដង្ហើម​ Floyd បាន​ស្រែក​អង្វរ​ថា គាត់​មិន​អាច​ដក​ដង្ហើម​បាន​ ដែល​ដូច​បេះ​បិទ​ទៅ​នឹង​​សម្ដី​ចុង​ក្រោយ​របស់​ Eric Garner ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​2014​ ក្រោម​ដៃ​របស់​ប៉ូលីស​នៅ​ New York ហើយ​បាន​ក្លាយ​ជា​​កំហឹង​របស់​ចលនា​ “Black Lives Matter” (ជីវិត​របស់​ជន​ស្បែក​ខ្មៅ​ក៏​សំខាន់​)។ បុរស​ស្បែក​ខ្មៅ Floyd ក្រោយ​មក​ក៏បាន​ស្លាប់​នៅ​ឯមន្ទីរ​ពេទ្យ​។

    របាយ​ករណ៍​នៃ​ការ​ធ្វើ​កោសល្យ​វិច័យបាន​បង្ហាញ​ថា Floyd បាន​ស្លាប់​ដោយ​សារ​ “បេះ​ដូង​ និង​សួត​លែង​ដំណើរ​ការ​ព្រោះ​តែ​ត្រូវ​ប៉ូលីស​ចាប់​ក្រៀក​ និង​សង្កត់​ក”។ របាយ​ករណ៍​ក៏បាន​បន្ថែម​ថា “នេះ​ជា​ករណី​មនុស្ស​ឃាត”។ បញ្ហា​សុខ​ភាព​របស់​ Floyd ក៏ត្រូវ​បាន​លើក​ឡើង​ “គាត់​មាន​ជំងឺបេះ​ដូង​ និង​លើស​ឈាម​(សម្ពាធ​ឈាម​ខ្ពស់) និង​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ រួម​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​”​។

    ប៉ូលីស​4​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ត្រូវ​បាន​បណ្ដេញ​ចេញពី​មុខ​តំណែង​។ Chauvin ត្រូវ​បាន​ចាប់ខ្លួន​ និង​ត្រូវ​ចោទ​ពី​បទ​សម្លាប់​មនុស្ស​ក្នុង​កម្រិត​3។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​យ៉ាង​តិច​ចំនួន​​140​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd។ បាតុកម្ម​ទាំង​នោះ បាននាំ​​ឱ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​កើត​ឡើង ហើយ​មនុស្ស​ប្រមាណ​ជា​4,400​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

    គ្រួសារ​សព​លោក Floyd ឱ្យ​ដឹង​ថា ពិធី​គោរព​វិញ្ញាណក្ខន្ធ​​​របស់​គាត់​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​8​និង​ទី​9​ ខែ​មិថុនា​នៅ​ទីក្រុង​ Houston ក្នុង​រដ្ឋ​ Texas៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បារាំង​បញ្ជូន​ប៉ូលិស​បង្រាប​កុបកម្ម​ ទៅ​ទប់​ទល់​នឹង​បាតុករ​

    បារាំង​បញ្ជូន​ប៉ូលិស​បង្រាប​កុបកម្ម​ ទៅ​ទប់​ទល់​នឹង​បាតុករ​

    ប៉ូលិស​បង្រាប​កុបកម្ម​របស់​បារាំង​​ ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​រដ្ឋ​ធានី​ប៉ារីស​ នៅពេល​ដែល​បាតុករ​នាំ​គ្នា​ដុត​ភ្លើង​នៅ​លើ​ដង​ផ្លូវ ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd នៅ​សហរដ្ឋ​អាមេរិក​។

    ក្រុម​បាតុករ​នៅ​ទីក្រុង​បារីស​ កាល​ពីម្សិល​មិញ​បាន​នាំ​គ្នា​លុត​ជង្គង់​ និង​លើក​កណ្ដាប់​ដៃ​ក្នុង​បាតុកម្ម​ចម្រុះ​ជាតិ​សាសន៍ដែល​ភាគ​ច្រើន​​​ប្រកប​ដោយ​សន្តិវិធី និង​មាន​ករណី​តាន​តឹង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដោយ​សារ​មាន​ការ​ដុត​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ ប៉ុន្តែ ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិស​ភ័យ​​ចាត់​ការ​ទាន់​​ពេល​។

    សមត្ថ​កិច្ច​នៃ​ទីក្រុង​បារីស​ ប្រទេស​បារាំង បាន​ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​20,000​នាក់​បាន​ចូល​រួម​ធ្វើ​បាតុ​កម្ម​ ដោយ​មិន​អើ​ពើ​ដល់​បម្រាម​ទាក់​ទិន​នឹង​ COVID-19 ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ George Ployd ដែល​បាន​ស្លាប់​នៅ​ពេល​ប៉ូលិស​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​ Adama Traore ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​​នៅ​បារាំង​បាន​ស្លាប់​​ក្នុង​ពេល​ត្រូវ​ឃុំ​ខ្លួន​កាល​ពី​ឆ្នាំ​2016​។

    បាតុករ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ ស្ថាន​ភាព​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​ បាន​ប្រែ​ជា​អាក្រក់​ឡើង​ៗ​នៅ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​ COVID-19 ដែល​បណ្ដាល​ឱ្យ​កម្មករ​នៅ​ជាយ​ក្រុង​ ដែល​ជា​ក្រុម​ភាគ​តិច​ក្នុង​សង្គម​ កាន់​តែ​ក្ដៅ​ក្រហាយ​ព្រោះ​តែ​អយុត្តិ​ធម៌។

    ប៉ូលិស​បាន​បង្ហាញ​វត្តមាន​តិច​ជាង​ បើ​ធៀប​នឹង​បាតុកម្ម​ផ្សេង​ៗ​នៅ​បារីស​។ ពួក​គេ​បាន​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​ ក្រោយ​មក​ក៏បាន​ផ្ទុះ​អាវុធ​នៅ​ពេល​បាតុករ​គប់​​វត្ថុ​នានា​ទៅ​កាន់​ប៉ូលិស​។ ការ​ប៉ះទង្គិច​គ្នា​ប្រកប​ដោយ​ភាព​តាន​តឹង​ក៏បាន​កើត​ឡើង​នៅ​ក្នុង​បាតុកម្ម​ដែល​ទាក់​ទិន​នឹង​រឿង​ខាង​លើ​នៅឯ​​ទីក្រុង​ Marseille ផង​ដែរ​។

    បាតុកម្ម​នានា​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd ត្រូវ​បាន​ប៉ូលីស​សង្កត់​ក​រហូត​ដល់​ស្លាប់​ ធ្វើ​ឱ្យ​មាន​ការ​ក្ដៅ​ក្រហាយ​​ដោយ​សារ​ស្ថាន​ភាព​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិង្សា​របស់​ប៉ូលីស​។ តំបន់​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ និង​ដាក់​ពង្រាយ​ទាហាន​ការ​ពារ​ជាតិ​ ក្នុង​គ្រា​ដែល​មាន​ក្រុម​ជ្រុល​និយម​នាំ​គ្នា​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។

    បាតុកម្ម​នេះ​ ក្រោយ​មក​ក៏បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ ដូច​ជា​ អូស្ត្រាលី​ ហូឡង់ អ៊ីស្រាអែល ដោយ​នាំ​គ្នា​​​លើក​បដា និង​ស្រែក​​​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”។​ ការ​ខឹង​សម្បា​នេះ​ក៏ត្រូវ​បាន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​ នៅ​ពេល​​ប្រជា​ជន​ស៊ុយ​អែត​​រាប់​ពាន់​នាក់​បាន​ចូល​​រួម​ធ្វើ​បាតុកម្ម​តាម​អ៊ីនធើណិត​៕

    ប្រភព​៖ AP

  • Apple និង Amazon រួម​នឹង​ក្រុម​ហ៊ុន​ធំៗ​ បញ្ចេញ​សកម្ម​ភាព​អ្វី​ខ្លះ​ក្នុង​គ្រា​មាន​បាតុកម្ម​ច្រើន​បែប​នេះ​?

    Apple និង Amazon រួម​នឹង​ក្រុម​ហ៊ុន​ធំៗ​ បញ្ចេញ​សកម្ម​ភាព​អ្វី​ខ្លះ​ក្នុង​គ្រា​មាន​បាតុកម្ម​ច្រើន​បែប​នេះ​?

    បាតុកម្ម​ជាច្រើន​ និង​ជា​បន្ត​បន្ទាប់​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោយ​ពីការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​​ម្នាក់​ឈ្មោះ Floyd បាន​រីក​រាល​ដាល​​ទូទាំង​សហរដ្ឋអាមេរិក​​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ ដូចជា​ Apple, Amazon និង​ Target ជា​ដើម​ ត្រូវ​បញ្ចេញ​មតិ។
    ក្រុម​ហ៊ុន Amazon បាន​បង្ហោះ​សារ​នៅ​លើ Twitter អំពី “សង្គ្រាម​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អយុត្តិ​ធម៌​” ប៉ុន្តែ មិនទាន់​​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ ឬ​វិធី​ដែល​ក្រុម​ហ៊ុន​នេះ​នឹង​លើក​យក​មក​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​។

    លោក Evan Spiegel ដែល​ជា​ CEO របស់​ក្រុម​ហុ៊ន Snap

    CEO របស់​ក្រុម​ហុ៊ន Snap លោក Evan Spiegel បាន​អំពាវ​នាវ​ឱ្យ​បង្កើត​គណៈ​កម្មធិការ​ទាម​ទារ​សំណង​មួយ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់​ទល់​នឹង​ការ​រើស​អើង​ពូជ​សាសន៍​។ លោក​ Evan ក៏បាន​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ Snap នឹង​បរិច្ចាគប្រាក់​ដើម្បី​ជួយ​ដល់​អង្គ​ការ​នានា​ដែល​ធ្វើ​សកម្ម​ភាព​លើក​កម្ពស់​​យុត្តិ​ធម៌​ និង​ភាព​ស្នើ​គ្នា​ផងដែ​រ។

    CEO របស់​ក្រុម​ហ៊ុន Target

    ចំពោះ​ CEO របស់​ក្រុម​ហ៊ុន Target គឺ​លោក Brian Cornell​ វិញ បាន​ប្រកាស​ថា នឹង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ រួម​មាន​ជា​អាហារ​ និង​របស់​របរ​ចាំបាច់​ដល់​សាធារណ​ជន​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន​ Target ក៏នឹង​បន្ត​ផ្ដល់​ប្រាក់​ខែ​ចំនួន​2​ខែ​បន្ថែម​ទៀត​ដល់​បណ្ដា​បុគ្គលិក​នៅ​ហាងរបស់​ខ្លួន​​ដែល​​ត្រូវ​បាន​បិទ​ទ្វារ​។​ ​ក្រុម​ហ៊ុន Target ក៏​បាន​ចុះ​កិច្ច​សន្យា​​នៅ​ក្នុង​សំបុត្រ​ដែល​ទទួល​បាន​ពី​អង្គ​ការ​ Children’s Minnesota ថា​ នឹង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​រើស​អើង​ពូជ​សាសន៍​ជាមួយ​នឹង​អង្គ​ការ​នេះ​។

    CEO របស់​ Starbucks លោក Kevin Johnson

    ក្រុម​ហ៊ុន​ Starbucks ក៏បាន​ជជែក​ជាមួយ​ដៃ​គូ​របស់​ខ្លួន​អំពី​ការ​រើស​អើង​ពូជ​សាសន៍​។ CEO របស់​ Starbucks លោក Kevin Johnson សង្កត់​ធ្ងន់​ថា “សន្យា​របស់​យើង​ជាមួយ​នឹង​ដៃ​គូ គឺ​ការ​បំពេញ​បេសក​កម្ម​ និង​តម្លៃ​របស់​យើង​ជារៀង​រាល់​ថ្ងៃ”។

    ​លោក Mark Zuckerberg

    CEO របស់​ក្រុម​ហ៊ុន Facebook គឺ​លោក Mark Zuckerberg ក៏​បាន​សន្យា​ថា​នឹង​​ផ្ដល់​ជំនួយ​10​ដុល្លារ​ដើម្បី​ទប់ស្កាត់​គ្រោះ​រើស​អើង​ពូជ​សាសន៍​។ លោក Zuckerberg ថ្លែង​ថា “ព្រឹត្តិការណ៍​ដ៏ឈឺ​ចាប់​កាល​ពី​សប្ដាហ៍​មុន​បាន​រំឭក​យើង​ថា ប្រទេស​ជាតិ​យើង​​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ឱ្យ​បុគ្គល​នីមួយ​ៗ​ទទួលបាន​សេរី​ភាព​​ជាមួយ​នឹង​ភាព​ជា​មនុស្ស​ និង​សន្តិភាព​”។ ប៉ុន្តែ Mark Zuckerberg នៅ​តែ​ត្រូវ​បាន​គេ​រិះ​គន់​ ដោយ​សារ​តែ​មិន​បាន​ធ្វើ​​​សកម្ម​ភាព​អ្វី​សោះ​ចំពោះ​សារ​របស់​លោក​ Trump ដែល​ហាក់​ដូច​ជា​គំរាម​ប្រើ​កម្លាំង​ទ័ព​មក​លើ​ក្រុម​បាតុករ។

    ចំណែក​ក្រុម​ហ៊ុន The Walt Disney បាន​ប្រកាស​នៅ​លើ​ Twitter ថា “យើង​ប្រឆាំង​ចំពោះ​អំពើ​ប្រកាន់​ពូជ​សាសន៍​។​យើង​គាំទ្រ​​ការ​បង្រួប​បង្រួម​។ យើង​នៅ​ជាមួយ​បុគ្គលិក​ស្បែក​ខ្មៅ​ និង​សហគមន៍​អ្នក​មាន​សម្បុរ​ស្បែក​ខ្មៅ​ទាំង​អស់​។ យើង​ត្រូវ​តែ​សាមគ្គី​ និង​បញ្ចេញមតិ​”។

    ​រី​ឯ​ក្រុម​ហ៊ុន TokTok វិញ បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះhashtag “#BlackLivesMatter” និង “#GeorgeFloyd” ដែល​បាន​បង្ហាញ​ចំនួន​អ្នក​មើល​ស្មើ​ “0” ខណៈ​ដែល​ការ​ពិត​ វា​មាន​ដល់​ទៅ​រាប់​ពាន់​លាន​នាក់​ចូល​មើល​។ ក្រុម​ហ៊ុន​នេះ​បាន​បក​ស្រាយ​ថា នេះ​ជា​កំហុស​បច្ចេក​ទេស​។ TikTok បាន​សន្យា​ថា​នឹង​បរិច្ចាគ 3លាន​ដុល្លារ​សម្រាប់​មូលនិធី​ដើម្បី​សហគមន៍​ និង​1លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​ទប់​ស្កាត់​ការ​រើស​អើង​ពូជ​សាសន៍​ និង​បញ្ហា​អយុត្តិ​ធម៌​សង្គម​។

    លោក Tim Cook

    CEO របស់​ក្រុម​ហ៊ុន Apple គឺ​លោក Tim Cook បាន​ដក​ស្រង់​សម្ដី​របស់ Martin Luther King Jr. ៖ “សន្តិភាព​អវិជ្ជ​មាន​ដែល​បង្កប់​ដោយ​ជម្លោះ​នឹង​មិន​អាច​មក​ជំនួស​សន្តិ​ភាព​វិជ្ជមាន​បាន​ទេ ដោយ​មាន​វត្តមាន​របស់​យុត្តិធម៌”។ New York Times បាន​ឱ្យ​ដឹង​ថា នៅក្នុង​កំណត់​ហេតុ​មួយ​ផ្ញើ​ជូន​បុគ្គលិក​ Apple លោក Tim Cook បាន​សន្យា​ថា​នឹង​បរិច្ចាគ​​ប្រាក់​ជំនួយ​ទៅ​ឱ្យ​បណ្ដា​អង្គ​ការ​មិន​ស្វែង​រក​កម្រៃផងដែរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​អយុត្តិ​ធម៌​សង្គម​៕

    ប្រភព៖​ សារ​ព័ត៌មានប​រទេស