Author: សឿន សំណាង

  • បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ជាង​8.3​លាន​នាក់​ ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង​450,000​​នាក់​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​​ក្នុង​ពិភពលោក​៖

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​8,389,609​នាក់​ និង​អ្នក​ស្លាប់​សរុប​450,397​នាក់​ និង​ជា​សះស្បើយ​​ចំនួន​4,378,701​នាក់​។ អ្នក​ជំងឺ​ថ្មី​ដែលត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ មាន​ចំនួន​141,424​នាក់​ និង​អ្នក​ស្លាប់​5,253​នាក់​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៖

    >ប្រទេស​ចំនួន​4​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​1,000​នាក់​

    ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្រោយ​ពី​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​1,031​នាក់​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​សរុប​ឡើង​ដល់​41,431​នាក់​ ក្នុង​នោះ​មាន​2,276​នាក់​បាន​ស្លាប់​។ អ្នក​ស្លាប់​កើន​45​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។

    បច្ចុប្បន្ន​ភាព​នៃ​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​សិង្ហបុរី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​41,216​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​​247​នាក់​​ និង​អ្នក​ស្លាប់​សរុប​26​នាក់​។

    ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​8,515​នាក់​ អ្នក​ស្លាប់​សរុប​121​នាក់​ និង​ជា​សះស្បើយ​7,873​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    ប្រទេស​ថៃ​​៖ អ្នក​ជំងឺ​សរុប​​3,135​ អ្នក​ស្លាប់​58​នាក់​ និង​ជា​សះស្បើយ​​2,996​នាក់​។

    >ប្រទេស​ចំនួន​5​ដែល​មាន​អ្នក​ជំងឺ​ក្រោម​1,000​នាក់

    ប្រទេស​វៀតណាម​៖ អ្នកជំងឺ​សរុប​​335​នាក់​ អ្នក​​ជាសះស្បើយ​325​នាក់​។

    ប្រទេស​ម៉ាឡេស៊ី​៖ អ្នកជំងឺ​សរុប​​262​នាក់​ អ្នក​ស្លាប់​​6​នាក់​ និង​ជា​សះស្បើយ​​185​។

    ប្រទេស​ប៊្រុយ​ណេ​៖ អ្នក​ជំងឺ​សរុប​​141​នាក់​ ស្លាប់​3​នាក់​ និង​ជា​សះស្បើយ​138​នាក់​។

    ​ទីម័រ​ខាង​កើត​​៖ អ្នក​ជំងឺ​សរុប​24​នាក់​ ជា​សះស្បើយ​24​នាក់​។

    ប្រទេស​ឡាវ​៖ អ្នកជំងឺ​សរុប​19​នាក់​ ជាសះស្បើយ​19​នាក់​។

    >ប្រទេស​ចំនួន​4​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 រួម​មាន​ កម្ពុជា​ វៀតណាម ឡាវ​ និង​ទីម័រ​ខាងកើត​៕

  • កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19 ម្នាក់​ទៀត​ហើយនៅ​ក្នុង​ថ្ងៃ​ទី​18​មិថុនា​នេះ​​!

    កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19 ម្នាក់​ទៀត​ហើយនៅ​ក្នុង​ថ្ងៃ​ទី​18​មិថុនា​នេះ​​!

    ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់​ទៀត​នៅ​ក្នុង​ថ្ងៃនេះ​។

    យោង​តាម​ទំព័រ​ Facebook របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​ (CDC) និង​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ ព្រឹក​នេះ (18​មិថុនា​2020) បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1​នាក់ទៀត​​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខសរុប​នៃ​​អ្នក​ជំងឺ​COVID-19​ ដែល​បាន​រកឃើញ​នៅ​កម្ពុជា​ កើន​ឡើង​ដល់​129​នាក់​។

    អ្នក​ជំងឺ​ថ្មី​នេះ​គឺជា​ ជនជាតិ​ខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី​ ដែល​នេះ​គឺជា​ករណី​នាំ​ចូល​។ បច្ចុប្បន្ន​ អ្នក​ជំងឺ​ថ្មី​នេះ រួម​នឹង​អ្នក​ជំងឺ​2​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

    បច្ចុប្បន្ន​ កម្ពុជា​មាន​អ្នក​ជំងឺ​COVID-19 ដែល​កំពុង​ទទួល​ការ​ព្យាបាល​ ចំនួន​3​នាក់​ អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​126​នាក់​។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​COVID-19នេះ​នៅ​ឡើយ។

    កម្ពុជា​បាន​រកឃេីញករណី​ផ្ទុក​វីរុស​COVID-19​ដំបូងបំផុតនៅថ្ងៃទី​27 ខែមករា​ ឆ្នាំ​2020។ កម្ពុជា​បាន​​ធ្វេីតេស្ត​​រកវីរុស​​COVID-19 ចំនួន​​29,248​លើក​ ដែល​ស្មេីនឹង1,761នាក់​ ក្នុង1​លាននាក់។

  • អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​ (មានវីដេអូ)

    អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​ (មានវីដេអូ)

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​ឯសាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Queensland (QUT) បាន​ពិសោធ​រក​ប្រភព​ធន​ធាន​ថ្មី​​ ចម្លែក​ ដើម្បី​ប្រើ​ប្រាស់​ជា​ផលិត​ផល​បច្ចេក​វិទ្យា​។ ពួកគេ​បាន​រកឃើញ​ថា សក់​របស់​មនុស្ស​ដែល​បាន​មក​ពី​ហាង​កាត់​សក់​នានា​ អាច​យក​មក​ច្នៃ​ជា​អេក្រង់​​​ OLED ប្រភេទ​សរី​រាង្គ​បាន​។

    សក់​គឺជា​ប្រភព​នៃ​កាបូន​ និង​​អាសូត​សរីរាង្គ​ដ៏​ល្អ​ ដែលមាន​ប្រយោជន៍​ក្នុង​ការ​បង្កើត​បាន​ជា​គ្រាប់​ល្អិត​បញ្ចេញ​ពន្លឺ​។ សក់​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ដុត​​ដោយ​ប្រើ​កម្ដៅ​240​អង្សាសេ​ដើម្បី​បង្កើត​ជា​វត្ថុ​ធាតុ​មួយ​ដែល​មាន​ផ្ទុក​សារ​ធាតុ​កាបូន​និង​អាសូត​។ បន្ទាប់​មក​ វត្ថុ​ធាតុ​នេះ​ត្រូវ​បាន​ច្នៃ​ឱ្យ​ទៅ​ជា​គ្រាប់​​មហា​ល្អិត​ណាណូ​កាបូន (carbon nano​dots) ដែល​មាន​ទំហំ​តូច​ជាង​10ណាណូម៉ែត្រ​ (nanometer)។ សក់​មនុស្ស​1សរសៃ​មាន​ទំហំ​ស្មើ​នឹង​ 75,000​ណាណូម៉ែត្រ។

    ក្រោយ​​មក​ គ្រាប់​ណាណូ (nanodots) ទាំង​នេះ​ត្រូវ​បាន​បែង​ជា​ចំណែក​តាម​រយៈ​ការ​ប្រើ​សារ​ធាតុ​ polymer ដើម្បី​​ឱ្យ​ពួក​វា​តភ្ជាប់​ជាមួយ​គ្នា​ ក្នុង​បំណង​បង្កើត​បាន​ជា​វត្ថុ​ធាតុ​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ហៅ​ថា “កោះ​ណាណូ” (nano island)​។ នេះ​គឺជា​វត្ថុ​ធាតុ​ដែល​អាច​យក​ទៅ​ធ្វើ​ជា​ស្រទាប់​សកម្ម​នៅក្នុង​ឧបករណ៍អេក្រង់​ OLED។

    អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​
    សក់​មនុស្ស​1សរសៃ​មាន​ទំហំ​ស្មើ​នឹង​ 75,000​ណាណូម៉ែត្រ។

    នៅ​ពេល​ដែល​ចរន្ត​អគ្គិសនី​តូច​មួយ​ត្រូវ​បាន​បញ្ជូន​ឆ្លង​កាត់​ បណ្ដា​ណាណូ​ដត​ទាំង​នេះ​នឹង​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ។​ ថ្វី​បើ​វា​មិន​ភ្លឺ​ពេក​ ប៉ុន្តែ​វា​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​ផលិត​អេក្រង់​ខ្នាត​តូច​ ដូច​ជា​ឧបករណ៍​ពាក់​នៅ​លើ​រាង​កាយ​មនុស្ស​ជា​ច្រើន​។

    Prashant Sonar ដែល​ជា​សមាជិក​សំខាន់​ម្នាក់របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា៖ “បណ្ដា​ឧបករណ៍​បញ្ចេញ​ពន្លឺ​តាម​បែប​សរីរាង្គ​​ដែល​មាន​ប្រភព​ពី​កាបូន​ (ដូច​ជា​សក់) អាច​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ក្នុង​ផ្ទះ​ ដូច​ជា​​ប្រអប់​ឆ្លាត​វៃ​ជា​ដើម​។ ពួក​វា​ក៏​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ពេល​គេ​ត្រូវ​ការ​ប្រភព​ពន្លឺ​​ស្រាលៗ​​ដូច​ជា​នៅ​លើ​បន្ទះ​ក្ដារ​ជូន​ដំណឹង​។ល។ ក្រៅ​ពី​នេះ ដោយ​សារ​តែ​​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ វា​ក៏​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ​ផងដែរ”​។

    អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​បាន​បញ្ជាក់​ថា ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ រោម​សត្វ​ ដូច​ជា​ចៀម​ និង​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត​ ក៏​នឹង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ឧបករណ៍​បច្ចេក​វិទ្យា​ដូច​គ្នា​នេះ​ដែរ​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី Advanced Materials៕

    ប្រភព៖ New Atlas

  • ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York

    ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​ដោយ​សារ​ចៃ​ឆ្កែ​​មួយ​ប្រភេទ មាន​រោគ​សញ្ញា​ស្រដៀង​​​នឹង​ជំងឺ​រលាក​សួត​ដែល​បង្ក​​ឡើង​ដោយ​វីរុស​COVID-19 បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​។

    សារ​ព័ត៌មាន FOX6Now បាន​រាយ​ការណ៍​ថា មជ្ឈមណ្ឌល​គ្រប់​គ្រង​​នឹង​ទប់​ស្កាត់​ជំងឺ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention) បាន​ឱ្យ​ដឹង​ថា ជំងឺ​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា ជំងឺ​ចៃឆ្កែ​ Anaplasmosis នេះ​ គឺ​កើត​ឡើង​ដោយ​សារ​បាក់​តេរី​មួយប្រភេទ​​ដែល​បាន​ឆ្លង​ទៅ​មនុស្សតាម​រយៈ​ស្នាម​ខាំ​​របស់​​ចៃ​ឆ្កែ​ឈ្មោះ​ tick មួយ​ប្រភេទ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​ ក្ដៅ​ខ្លួន​ រងា​ញាក់​ញ័រ​ ឈឺក្បាល​ និង​ឈឺ​សព្វ​សារ​ពាង្គ​​កាយ​។ ​រោគ​សញ្ញា​ទាំង​នេះ​ក៏​ត្រូវ​បាន​ CDC កត់​ត្រា​ថា​ស្រដៀង​ទៅ​នឹង​​ជំងឺ​រលាក​សួត​ដែល​កើត​ឡើង​ដោយសារ​វីរុស​COVID-19ផងដែរ​។

    នាយក​រង​នៃ​​អង្គ​ភាព​គ្រប់​គ្រង់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​​នៃ​រដ្ឋ​ New York លោក Byron Backenson បាន​ប្រាប់​សារ​ព័ត៌មាន​ Adirondack Explorer ថា៖ “តួលេខ​នៃករណី​ឆ្លង​ជំងឺ​នេះ​ពិត​ជា​កំពុង​កើន​ឡើង​ខ្ពស់​ ពិសេស​គឺ​នៅ​ក្នុង​តំបន់​ភាគឦសាន​​នៃ​ទីក្រុង​ New York”។

    រោគ​សញ្ញា​របស់​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​​ តែង​តែស្ដែង​ឡើង​ក្រោយ​រយៈ​ពេល​ពី ​1-2​សប្ដាហ៍​បន្ទាប់​ពី​បានឆ្លង​បាក់តេរី​​ដោយ​សារ​ចៃ​ឆ្កែ​ខាំ​។ មន្ត្រី​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា បើ​សិនជា​មិន​បាន​ព្យាបាល​ឱ្យ​ទាន់​ពេល​ទេ​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
    នេះ​គឺជា​ចៃ​ឆ្កែ​មួយ​ប្រភេទ​ដែល​នៅ​ស្គម

    លោក Byron Backenson បាន​ឱ្យ​ដឹង​ថា នៅក្នុង​ស្ថាន​ភាព​វឹកវរ​នៃ​វិបត្តិ​សុខាភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 សាធារណជន​ពិបាក​​មើល​ឃើញ​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​ចៃ​ឆ្កែ​នេះ​។ លោក​បន្ត​ថា ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត្​ទុក​ដាក់​ស្មើ​នឹង​ជំងឺ​ Lyme ដែល​ជា​ជំងឺ​មួយ​ប្រភេទ​ឆ្លង​ពី​ចៃ​ឆ្កែ​ដែល​គេ​តែង​ជួប​ជា​ញឹក​ញាប់​នៅ​ទីក្រុង​ New York នោះ​ទេ​។

    យោង​តាម​របាយ​ការណ៍​ ក្រៅ​ពី​ទីក្រុង​ New York ក្នុង​ឆ្នាំ​2009​ នៅ​ទូទាំង​រដ្ឋ​ New York មាន​ករណី​ឆ្លង​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​​ សរុប​ចំនួន​ជាង​300​នាក់​ ប៉ុន្តែនៅ​ឆ្នាំ​2018 តួលេខ​នេះ​បាន​កើន​ជាង​ទ្វេ​ដង​។

    ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ក្រុម​វេជ្ជ​បណ្ឌិត​មិន​អាច​ពិនិត្យ​ដឹង​ជំងឺ​ Lyme បាន​ត្រឹម​ត្រូវ​នោះឡើយ​ ចំណែក​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​វិញ គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ដឹង​ច្បាស់​។ យោង​តាម​ CDC ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​ តែង​ត្រូវ​បាន​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​​អង់ទីប៊ីយ៉ូទិក។​

    ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
    ចៃ​ឆ្កែ​មាន​ច្រើន​ប្រភេទ​ និង​ច្រើន​សណ្ឋាន

    មន្ទីរ​សុខាភិបាល​ទីក្រុង​ New York ឱ្យ​ដឹង​ថា ចៃ​ឆ្កែ​​ Anaplasmosis តែង​តែ​ត្រូវ​បាន​រកឃើញ​នៅក្នុង​ព្រៃ​ ឬគុម្ពោត​​ព្រៃ។ ពួក​វា​​​តោង​ជាប់​ទៅ​នឹង​ស្មៅ​ គុម្ពោត​ព្រៃ​ ក៏ដូជា​រស់​នៅ​​​ក្រោម​ស្មៅ​ និង​ក្នុង​សួន​ផ្កា​ ជា​ពិសេស​នៅក្នុង​តំ​បន់​ក្បែរ​ព្រៃ​ និង​នៅ​ក្នុង​គំនរ​បាក់​បែក​ចាស់​ៗ​ ហើយ​នៅ​ពេល​មាន​ឆ្កែ​ទៅ​ដេក​ចំ​កន្លែង​ដែល​ពួក​វា​រស់នៅ​​ ពួក​វា​អាច​តោង​ជាប់​នឹង​រោម​ឆ្កែ​ រួច​ក៏រស់​នៅ​ក្រោម​រោម​ឆ្កែ​ ដោយ​បឺត​ឈាម​ជា​អាហារ​។

    វិធី​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​ខាង​លើ យើង​ត្រូវ​តែចៀស​វាងការ​​ប៉ះពាល់​សំរាម​ដែល​មាន​ប្រភព​ពី​ព្រៃ​ គុម្ភោត​ព្រៃ​ និង​ស្មៅ​ ព្រម​ទាំង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ​ឱ្យ​ឆ្កែ​របស់​លោក​អ្នក​ឱ្យ​បាន​ទៀង​ទាត់​ និង​ឧស្សាហ៍​ពិនិត្យ​មើល​ស្បែក​ឆ្កែ​ ឬ​ស្បែក​របស់​លោក​អ្នក​ ក្រោយ​ពេល​បាន​ឆ្លង​កាត់​កន្លែង​ដែល​សង្ស័យ​ថា​អាច​មាន​មេរោគ​៕

    ប្រភព៖ Epoch Times

  • ក្លាយ​ជា​មហាសេដ្ឋី​ឆ្នាំ​2020 ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ

    ក្លាយ​ជា​មហាសេដ្ឋី​ឆ្នាំ​2020 ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ

    Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp និង Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber មាន​ទ្រព្យ​លើស​ពី​1​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​មក​ដល់​ឆ្នាំ​នេះ​ ដោយ​សារ​ពួកគេ​​​ផលិត​ស្រោម​ដៃ​កៅ​ស៊ូ។

    ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ផលិត​ស្រោម​ដៃ​កៅស៊ូ​ប្រមាណ​ជា​65​%​ ក្នុង​ចំណោម​ស្រោម​ដៃកៅ​ស៊ូ​សរុប​​ដែល​ត្រូវ​បាន​ផលិត​នៅ​ទូទាំង​ពិភពលោក​ បច្ចុប្បន្ន​មាន​មហា​សេដ្ឋី​យ៉ាង​តិច​ចំនួន​4​រូប​ដែល​ស្ថិត​ក្នុង​វិស័យ​នេះ​។ ក្នុង​នោះ មាន​2​រូប​ទើប​តែ​​បាន​ក្លាយ​ជា​មហា​សេដ្ឋី​នៅក្នុង​ឆ្នាំ​2020​។​ យោង​តាម​ Bloomberg Billionaires Index អ្នក​ជំនួញ​ Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp គឺជា​ឈ្មោះ​ថ្មី​បំផុត​ដែល​ទើប​ត្រូវ​បាន​កត់​ត្រា​ក្នុង​បញ្ជី​នេះ​ (Bloomberg Billionaires Index) ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន​ឡើង​ដល់ខ្ទង់​​1​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក Thai Kim Sim បាន​ក្លាយ​ជា​មហា​សេដ្ឋី​ក៏​ព្រោះ​តែ​តម្លៃ​មូល​បត្រ​របស់​ក្រុ​ម​ហ៊ុន​នេះ​បាន​កើន​ឡើង​ខ្ពស់​​ក្នុង​ខែ​មិថុនា​។ ចំណែក​ Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber ក៏​ជា​មហាសេដ្ឋី​ថ្មី​នៅក្នុង​ឆ្នាំ​2020​នេះ​ ដោយ​មាន​ទ្រព្យ​​ 1.1​ពាន់​លាន​ដុល្លារ​។

    តម្រូវ​ការ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ខ្ពស់​ នាំ​ឱ្យ​តម្លៃ​មូលបត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​សម្ភារ​ការ​ពារ​សុខ​ភាព​ក៏​បាន​ឡើង​ខ្ពស់​ ជួយ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​មាន​មហា​សេដ្ឋី​កាន់​តែ​ច្រើន​។ Top Glove Corp ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ​កៅស៊ូ​ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ និង​​ក្រុម​ហ៊ុន​ Hartalega Holdings រួម​នឹង​ក្រុម​ហ៊ុន​ Kossan Rubber Industries សុទ្ធ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ COVID-19។ ប៉ុន្តែ ដោយ​មាន​កំណើន​​ខ្ពស់​ជាង​មុន​ដល់​ទៅ​5​ដង Supermax ឯណេះ​វិញ​ទេ​ទើប​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​នៅក្នុង​ឆ្នាំ​នេះ​។

    “ការ​ពាក់​ស្រោម​ដៃ​ដើម្បី​ធ្វើ​ការ​គ្រប់​បែប​សព្វយ៉ាង​ បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​​ មិន​ថា​​​នៅ​ក្នុង​វិស័យ​សុខាភិបាល​ ឬ​វិស័យ​លក់​រាយ​។ កំណើន​នៃ​ការ​ប្រើ​ប្រាស់​ស្រោម​ដៃ​កៅ​ស៊ូ នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ក្នុង​រយៈ​ពេល​វែង​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ” នេះ​បើ​តាម​ Walter Aw អ្នកវិភាគ​មក​ពី​ក្រុម​ហ៊ុន CGS-CIMB Research។​ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា “Supermax គឺជា​ដំណើរ​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ ព្រោះ​ថា ពួកគេ​ធ្វើ​ការ​ផលិត​ស្រោម​ដៃ​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​ក្រុម​ហ៊ុន​ដទៃ​ ភាគ​ច្រើន​គឺជា​អ្នក​ផ្គត់​ផ្គង់​បន្ត​”។

    ក្លាយ​ជា​មហាសេដ្ឋី​ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ
    Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp

    Thai Kim Sim និង​ភរិយា​ បាន​បង្កើត​ Supermax កាល​ពី​ឆ្នាំ​1987​ ដែល​ដំបូង​ឡើយ​ ពួកគេ​គ្រាន់​តែ​រកស៊ី​លក់​ដូរ​ស្រោម​ដៃ​ប៉ុណ្ណោះ​។ រហូត​ដល់​ឆ្នាំ​1989 ទើប​ពួកគេ​ចាប់​ផ្ដើម​ផលិត​។ នេះ​គឺជា​ក្រុម​ហ៊ុន​ផលិត​ដំបូង​គេ​ដែល​មាន​ពាណិជ្ជ​សញ្ញា​ដោយ​ឡែក​ដើម្បី​គាំទ្រ​ដល់​ការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​ បាន​និង​កំពុង​នាំចេញ​ស្រោម​ដៃ​កៅស៊ូ​ទៅ​កាន់​ប្រទេស​ជាង​160​ ដោយ​​ផ្គត់​ផ្គង់​ស្រោម​ដៃ​សុខាភិបាលបាន​​ប្រមាណ​ជា​12​%​ នៃ​​តម្រូវ​ការ​​សរុប​នៅ​ទូទាំង​ពិភពលោក​។

    លោក​ Thai និង​គ្រួសារ​របស់​លោក​ កាន់​កាប់​ភាគ​ហ៊ុន​ 38​% នៅក្នុង​ក្រុម​ហ៊ុន​ Supermax។ ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​បាន​កើន​24​%​ (447​លាន​រីងហ្គីត​/​104,461,262​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ខែ​មីនា​ឆ្នាំ​2020​ ក្នុង​នោះ​មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ឥទ្ធិ​ពល​របស់​ COVID-19។ ក្រុម​ហ៊ុន​នេះ​ផលិត​ស្រោម​ដៃ​ចំនួន​24​ពាន់​លាន​ស្រោម​​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​តាម​គម្រោង​ ពួកគេ​នឹង​ផលិត​44​ពាន់​លាន​ស្រោម​នៅ​ក្នុង​ឆ្នាំ​2024​។ នៅក្នុង​ខែ​មិថុនា​នេះ​ Supermax បាន​ទិញ​ដី​បន្ថែម​ទៀត​ដើម្បី​ពង្រីក​​ទំហំ​នៃ​ទីតាំង​ផលិត​ ក៏ដូច​ជា​ដើម្បី​បង្កើន​ផលិត​ភាព​​។

    តម្រូវ​ការ​​ស្រោម​ដៃ​កៅស៊ូ​នៅ​ទូទាំង​ពិភពលោក​ អាច​កើន​11​% ឡើង​ដល់​330​ពាន់​លាន​ស្រោម​នៅក្នុង​ឆ្នាំ​នេះ​។ ផលិត​ផល​ចំនួន​ 2/3​នៃ​តួលេខ​នេះ​នឹង​អាច​មក​ពី​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​តាម​សមាគម​នៃ​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ​កៅស៊ូ​របស់​​ម៉ាឡេស៊ី​។

    Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber
    Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber

    ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ផលិត​ស្រោម​ដៃ​កៅស៊ូ​តាំង​ពី​ទសវត្សរ៍​ទី​80​នៃ​សហស្សវត្ស​មុន​ ដោយ​សារ​តែ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​ព្រោះ​​ជំងឺ​អេដស៍ (AIDS)។ ប្រាក់​ចំណាយ​ទៅ​កម្មករ​មាន​កម្រិត​ទាប​ ដើម​កៅស៊ូ​ច្រើន​ និង​វិស័យ​ឧស្សាហកម្ម​រ៉ែប្រេង​ធំ​ គឺជា​មូល​ហេតុ​ដែល​បាន​ជួយឱ្យ​បណ្ដា​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​នេះ​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ស្រោម​ដៃ​កៅស៊ូ។

    ក្រៅ​ពី​ Supermax មូលបត្រ​របស់​ Top Glove ដែល​បាន​កើន​ឡើងច្រើន​ជាង​មុន​​3​ដង​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​បាន​ជួយ​ឱ្យ​ទ្រព្យ​របស់​ស្ថាបនិក​ Lim Wee Chai ឡើង​ដល់​​2.5​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុម​ហ៊ុន​នេះ​ក៏​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​មុន​4ដង​ ពោល​គឺ​ឡើង​ដល់​ 348​លាន​រីងហ្គីត (81​លាន​ដុល្លារ​) ក្នុង​រយៈ​ពេល​ពី​ខែ​មីនា​ដល់​ខែ​ឧសភា​​2020។ ចំណែក​ប្រាក់​ចំណូលសរុប​​ក៏​កើន​ឡើង​ខ្ពស់​មិនធ្លាប់​មាន​ពីមុន​មក​ផង​ដែរ​។

    មូលបត្រ​របស់​ Hartalega និង Kossan Rubber ​ក៏​បាន​កើន​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ​នេះ​។ ស្ថាបនិក​ Hartalega Kuan Kam Hon និង​គ្រួ​សារ​ បច្ចុប្បន្ន​មាន​ទ្រព្យ​ 4.8​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​ Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber ក៏​មាន​ទ្រព្យ​ 1.1​ពាន់​លាន​ដុល្លារ​៕

    ប្រភព៖ Bloomberg

  • ទាហាន​ឥណ្ឌា​20​នាក់​​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​​វាយ​តប់​គ្នា​​ជា​មួយ​​ទាហាន​ចិន​

    ទាហាន​ឥណ្ឌា​20​នាក់​​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​​វាយ​តប់​គ្នា​​ជា​មួយ​​ទាហាន​ចិន​

    កង​ទ័ព​ជើង​គោក​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា ទាហាន​​របស់​ខ្លួន​ចំនួន​20​នាក់​បាន​ស្លាប់​នៅក្នុង​ករណី​វាយ​តប់​គ្នា​​ជាមួយ​ទាហាន​ចិន​នៅ​តំបន់​ព្រំ​ដែន​ដែល​កំពុង​មាន​ជម្លោះ​ ដែល​ស្ថិត​នៅតំបន់​ Galwan កាល​ពី​ថ្ងៃទី​15​មិថុនា​កន្លង​ទៅ​។

    “ទាហាន​ឥណ្ឌា​17​នាក់​ដែល​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ពេល​បំពេញ​បេសក​កម្ម​នៅ​តំបន់​មាន​ជម្លោះ​ និង​ត្រូវ​ស្ថិត​ក្រោម​សីតុណ្ហ​ភាព​ក្រោម​ 0°C ក្នុង​រយៈ​ពេល​វែង​ បណ្ដាល​ឱ្យ​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត​ នាំ​ឱ្យ​ចំនួន​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​បំពេញ​ភារ​កិច្ច​នៅ​ព្រំ​ដែន​បាន​ឡើង​ដល់​20​នាក់​” នេះ​បើ​តាម​កង​ទ័ព​ជើង​គោក​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​16​មិថុនា​ ដែល​នេះ​ទាក់​ទិន​នឹង​ករណី​វាយ​តប់​គ្នា​យ៉ាង​ខ្លាំង​ក្លា​រវាង​ទាហាន​ឥណ្ឌា​ និង​ទាហាន​ចិន​នៅ​តំបន់​ព្រំ​ដែន​ដែល​កំពុង​មាន​ជម្លោះ​។

    ករណី​វាយ​តប់​គ្នា​​បាន​កើត​ឡើង​នៅ​ព្រលប់​ថ្ងៃទី​15​មិថុនា​ នៅ​ជ្រលង​ភ្នំ​ Galwan ក្នុង​តំបន់ Ladakh ជា​កន្លែង​ដែល​ឥណ្ឌា​និង​ចិន​សុទ្ធ​តែ​អះអាង​ថា​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។ នេះ​គឺជា​ករណី​វាយ​តប់​គ្នា​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ដំបូង​គេ​បង្អស់​រាប់​ចាប់​ពី​ករណី​ចិន​ស្ទាក់​វាយ​ទាហាន​ឥណ្ឌា​ក្នុង​ឆ្នាំ​1975​ នៅលើ​​បន្ទាត់​គ្រប់​គ្រង​ជាក់​ស្ដែង​ (Line of Actual Control/LAC) ជា​កន្លែង​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រំ​ដែន​ចិន​-ឥណ្ឌា​។ បន្ទាត់​​ព្រំ​ដែន​ដែល​មាន​ប្រវែង​ 3,488​គីឡូម៉ែត្រ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​​ចិន​-ឥណ្ឌា​ ឆ្នាំ​1962​។

    ទាហាន​ឥណ្ឌា​កំពុង​ការ​ពារ​ព្រំ​ដែន​នៅ​តំបន់​ភ្នំ​ Bumla ជាប់​នឹង​ព្រំ​ដែន​ចិន​កាល​ពី​ឆ្នាំ​2012

    “ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​ឱ្យ​ដឹង​ថា នៅ​ពេល​ទាហាន​ទាំង​សង​ខាង​កំពុង​ពិភាក្សា​អំពី​វិធាន​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​តំបន់​កំពុង​មាន​ជម្លោះ​ ស្រាប់​តែ​ទាហាន​ចិន​វាយ​តប់​គ្នា​ជាមួយ​នឹង​ទាហាន​ឥណ្ឌា​។ ភាគី​ចិន​បាន​បន្ថែម​កម្លាំង​ជំនួយ​ ហើយ​អំពើង​ហិង្សា​ខ្លាំង​ក្លា​ក៏​បាន​កើត​ឡើង​និង​អូស​បន្លាយ​ពេល​ជា​ច្រើន​ម៉ោង​។

    ប្រភព​ឱ្យ​ដឹង​ថា “ពួកគេ​វាយ​ប្រហារ​គ្នា​ដោយ​ដំបង​ដែក​ ធ្វើ​ឱ្យ​ទាហាន​ភាគី​របស់​ខ្ញុំ​ត្រូវ​រង​របួស​ធ្ងន់​ និងខ្លះ​​ដួល​សន្លប់​។ ក្នុង​ពេល​នោះ​ដែរ ទ័ព​ជំនួយ​របស់​ចិន​ក៏​បាន​មក​ដល់​ និង​វាយ​ប្រហារ​មក​ពួកយើង​ដោយ​ដុំ​ថ្ម​”។

    ឥណ្ឌា​ឱ្យ​ដឹង​ថា ភាគី​ខាងទាហាន​​ចិន​ក៏​រង​របួស​ និង​ស្លាប់​ផងដែរ​ ប៉ុន្តែ​ប្រទេស​ចិន​មិន​បាន​ប្រកាស​ឱ្យ​ដឹង​​អំពី​ចំនួន​អ្នក​ស្លាប់​និង​របួស​ក្នុង​ករណី​វាយ​តប់​គ្នា​នេះ​នោះ​ទេ។ ភាគី​ទាហាន​ចិន​បាន​ចោទ​ប្រកាន់​ថា ទាហាន​ឥណ្ឌា​បាន​ឆ្លង​ចូល​មក​ទឹក​ដី​របស់​ពួកគេ​ យើង​វាយ​ប្រហារ​លើ​ទាហានចិន​។

    យ៉ាង​នេះ​ក្ដី ភាគី​ទាំង​សង​ខាង​បាន​បញ្ជាក់​ថា មិន​មាន​ការ​ប្រើ​ប្រាស់​កាំភ្លើង​នោះ​ទេ​នៅក្នុង​ករណី​នេះ​ ហើយ​ការ​ស្លាប់​និង​របួសភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ប្រាស់​កណ្ដាប់​ដៃ​ ដុំ​ថ្ម​ និង​ដំបង​ដែក​។

    តំបន់​ព្រំ​ដែន​ចិន​-ឥណ្ឌា​ដែល​កំពុង​មាន​ជម្លោះ​

    អ្នក​នាំ​ពាក្យ​​បញ្ជាការដ្ឋាន​កង​ទ័ព​ចិន​ប្រចាំ​ភូមិ​ភាគ​ខាង​លិច​បាន​ចោទ​ថា “ឥណ្ឌា​មិន​គោរព​​​កិច្ច​សន្យា​ និង​បាន​ឆ្លង​កាត់​បន្ទាត់​ LAC ដោយខុស​ច្បាប់​”។ លោក​បន្ត​ថា “ពួកគេ​មាន​ចេតនា​វាយ​ប្រហារ​នាំ​ឱ្យ​មាន​ការ​វាយ​តប់​គ្នា​កើត​ឡើង​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​នាក់​”។

    ចំណែក​ឯ​ក្រសួង​ការ​បរទេស​ឥណ្ឌា​វិញ ក៏​បាន​ចោទ​ទាហាន​ចិន​ថា​បាន​បង្កើត​ឱ្យ​មាន​ករណី​វាយ​តប់​គ្នា​នៅ​ព្រំដែន​ ដោយ​សារ​ភាគី​ចិន​ស្វែង​រក​វិធី​ដោយ​ឯកតោ​ភាគី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នៅ​តំបន់​កំពុង​មាន​ជម្លោះ​។

  • ទាហាន​ឥណ្ឌា​-ចិន​ វាយ​តប់​គ្នា​នៅ​ព្រំ​ដែន​​ បណ្ដាល​ឱ្យ​មនុស្ស​3នាក់​ស្លាប់​

    ទាហាន​ឥណ្ឌា​-ចិន​ វាយ​តប់​គ្នា​នៅ​ព្រំ​ដែន​​ បណ្ដាល​ឱ្យ​មនុស្ស​3នាក់​ស្លាប់​

    ទាហាន​ឥណ្ឌា​ និង​ទាហាន​ចិន​ “ប្រវាយ​ប្រតប់​គ្នា” យ៉ាង​ខ្លាំង​ក្លា​នៅ​​​ជ្រលង​ភ្នំ​ Galwan ក្នុង​តំបន់ Ladakh បណ្ដាល​ឱ្យ​ទាហាន​ឥណ្ឌា​3​នាក់​បាន​បាត់​បង់​ជីវិត​។

    ក្នុង​ខណៈ​ពេល​ធ្វើសកម្មភាព​កាត់បន្ថយ​ភាព​តាន​តឹង​ដែល​ចេះ​តែ​កើន​ឡើង​រវាង​ចិន​និង​ឥណ្ឌា​នៅ​ជ្រលង​ភ្នំ​ Galwan មាន​ករណី​វាយ​តប់​គ្នា​មួយ​បាន​កើត​ឡើង​ នាំ​ឱ្យ​ភាគី​ទាំង​សង​ខាង​រង​របួស​ និង​ស្លាប់​។ នាយ​ទាហាន​​ម្នាក់​ និង​ទាហាន​ឥណ្ឌា​2​នាក់​បាន​បាត់​បង់​ជីវិត​” នេះ​បើ​តាម​សេចក្ដី​ប្រកាសក្នុង​ថ្ងៃ​នេះ​​របស់​កង​ទ័ព​ឥណ្ឌា​។

    កង​ទ័ព​ឥណ្ឌា​បាន​បញ្ជាក់​ថា ទាហាន​3​នាក់​របស់​ខ្លួន​ដែល​ត្រូវ​បាន​សម្លាប់​នោះ​មិន​មែន​ដោយ​សារ​ការ​បាញ់​ប្រហារ​នោះ​ទេ​។

    ក្នុង​សេចក្ដី​ប្រកាស​ខាង​លើ​បាន​ឱ្យ​ដឹង​ដែរ​ថា “ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​វិធី​កាត់​បន្ថយ​កម្ដៅ​នៃ​ស្ថានករណ៍​នេះ​”។

    ទាហាន​ឥណ្ឌា​-ចិន​ វាយ​តប់​គ្នា​ បណ្ដាល​ឱ្យ​មនុស្ស​3នាក់​ស្លាប់​

    សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សាយ​ថា នាយ​ទាហាន​និង​ទាហាន​ឥណ្ឌា​3នាក់​ដែល​បាន​ស្លាប់​នោះ គឺ​​ស្ថិត​នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​គោក​ ក្នុង​នោះមាន​​នាយ​ទាហានម្នាក់​​មាន​ឋានន្តរស័ក្ដិអនុសេនីយ៍​។ នេះ​គឺ​ជា​ហេតុ​ការណ៍​ប្រើ​ហិង្សាដាក់​គ្នា​ដំបូង​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​រវាង​ទាហាន​ចិន​និង​ឥណ្ឌា​នៅ​តំបន់​ព្រំ​ដែន​​ រាប់​ចាប់​ពី​ឆ្នាំ​1975​ រហូត​មក​ដល់​បច្ចុប្បន្ន​។

    ទាហាន​ឥណ្ឌា​និង​ទាហាន​ចិន​បាន​និង​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​នៅ​​បឹង​ Pangong Tso ជ្រលង​ភ្នំ​ Galwan ក្នុងតំបន់​ Demchok និង​មូលដ្ឋាន​ Daulat Beg Oldi នៅ​ភាគ​ខាង​ត្បូង​​តំបន់​ Ladakh។ ការ​ប្រវាយ​ប្រតប់​គ្នា​ជា​ច្រើន​លើក​កន្លង​មក​បាន​បណ្ដាល​ឱ្យ​ភាគី​ទាំង​សង​ខាង​រង​របួស​ ប៉ុន្តែ​មិន​មាន​​ករណី​ស្លាប់​នោះ​ទេ​។

    https://www.youtube.com/watch?v=oz62eFRVH8A

    ភាគីឥណ្ឌា​បាន​ចោទ​ប្រកាន់​ទាហាន​មួយ​ក្រុម​របស់​ចិន​ថា​ បាន​ឆ្លង​កាត់​បន្ទាត់​ព្រំ​ដែន​ និង​បាន​ចូល​មក​ក្នុង​ទឹក​ដី​ដែល​ឥណ្ឌា​កំពុង​កាន់​កាប់​។

    ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ករណី​ប្រវាយ​ប្រតប់​គ្នា​រវាង​ទាហាន​ចិន​និង​ទាហាន​ឥណ្ឌា​នេះ​គឺ​ដោយ​សារ​ឥណ្ឌា​​ធ្វើ​ការ​សាង​សង់​ផ្លូវ​ថ្នល់​នានា និង​ព្រលាន​យន្ត​ហោះ​ក្នុង​តំបន់​ Ladakh។​ ប្រទេស​ចិន​បាន​ធ្វើ​ការ​ប្រឆាំង​ជាច្រើន​លើក​ចំពោះ​ការ​សាង​សង់​ផ្លូវ​ និង​ព្រលាន​យន្ត​ហោះ​របស់​ឥណ្ឌា​នេះ។

    រដ្ឋាភិបាល​ឥណ្ឌា​កំពុង​អនុវត្ត​គម្រោង​កែលម្អ​ផ្លូវ​ថ្នល់​ក្នុង​តំបន់​ ក្នុង​នោះ​ផ្លូវ​ចំនួន​66​ខ្សែ​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ជាមួយ​ចិន​នឹង​ត្រូវ​បាន​ស្ថាបនា​ចាប់​ពី​ឆ្នាំ​2022​ខាងមុខ​។ ផ្លូវ​មួយ​ខ្សែ​ក្នុង​ចំណោម​នោះ​គឺ​ជា​ផ្លូវដែល​​ឆ្លង​កាត់​ជ្រលង​ភ្នំ​ Galwan ភ្ជាប់​ជាមួយ​មូលដ្ឋាន​ទ័ព​ Daulat Beg Oldi ដែល​ត្រូវ​បាន​សម្ពោធ​បើក​ករដ្ឋាន​សាង​សង់​​កាល​ពី​​ខែ​តុលា ឆ្នាំ2019។

    ចិន​និង​ឥណ្ឌា​បាន​បង្កើត​យន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​ចាប់​ពី​ឆ្នាំ​1962​ បន្ទាប់​ពី​សង្គ្រាម​ចិន​-ឥណ្ឌាបាន​បញ្ចប់​​។ ក្នុង​សង្គ្រាម​នោះ​ ឥណ្ឌា​រង​ការ​ខូច​ខាត​ច្រើន​ជាង​គេ​ បង្ខំ​ឱ្យ​ប្រទេស​នេះ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​កង​ទ័ព​ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាម​នា​ពេល​​អនាគត​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អ្នក​មាន​នៅ​ហុង​កុង​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ និងអស្ថិរ​ភាព​​សង្គម​

    អ្នក​មាន​នៅ​ហុង​កុង​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ និងអស្ថិរ​ភាព​​សង្គម​

    Cheng ដែល​ជា​អ្នក​ជំនួញ​ហុង​កុង​ម្នាក់​ បាន​ផ្ទេរ​ប្រាក់​10​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​សិង្ហបុរី​ ចំណែក​ Dennis ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ក៏កំពុង​ស្វែង​រក​ទិញ​ផ្ទះ​នៅ​ប្រទេស​អង់គ្លេស​។

    ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​អាស៊ី​ កំពុង​តែ​ឆ្លង​កាត់​វិបត្តិ​សេដ្ឋ​កិច្ច​និង​នយោបាយ​ដ៏អាក្រក់​បំផុត​ រាប់​ចាប់​ពី​ឆ្នាំ​1997។ បើ​ទោះ​ជា​មកដល់​បច្ចុប្បន្ន ទីក្រុង​ហុង​កុង​មិន​ទាន់​មាន​រលក​នៃ​ការ​ដក​ទុន​ ប៉ុន្តែ​ក្រុម​អ្នក​មាន​នៅ​ទីនេះ​​ក៏កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យ​​ដែល​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ​។ ពួកគេ​កាត់​បន្ថយ​វត្តមាន​នៅ​ហុង​កុង​ និង​ស្វែង​រក​វិធី​ដើម្បី​អាច​ដក​ទ្រព្យ​ចេញ​ពី​ទីនេះ​​។

    Cheng គឺជា​ឧទាហរណ៍​។ អ្នក​ជំនួញហុង​កុង​ ឈ្មោះ Cheng នេះ​ បាន​ផ្ទេរ​ប្រាក់​ចំនួន​10​លាន​ដុល្លារ​អាមេរិក​ ទៅកាន់​សិង្ហបុរី​ និង​​កំពុង​ដាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ហុង​កុង​ផងដែរ​។ លោក Cheng មិនទាន់​មាន​គម្រោង​ចាក​ចេញ​ពីហុង​កុង​នៅ​ឡើយ ប៉ុន្តែ​កំពុង​ពិចារណា​ទៅ​លើ​ជម្រើស​ដទៃ​។ លោក​និង​ក្រុម​គ្រួសារ​សុទ្ធ​តែ​មាន​លិខិត​ឆ្លង​ដែន​សម្រាប់​ទៅ​កាន់សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី និង​បារាំង​។ គ្រួសារ​លោក Cheng កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ដែល​ចិន​រឹត​បន្តឹង​ក្នុងការ​គ្រប់​គ្រង​ហុង​កុង​ និង​ហានិភ័យ​នៃ​អស្ថិរ​ភាព​ដែល​កាន់​តែ​តាន​តឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

    អ្នក​មាន​នៅ​ហុង​កុង​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ និង​អស្ថេរ​ភាព​សង្គម​
    ទីក្រុង​ហុង​កុង

    ធនាគារ​ដែល​ផ្ដល់​សេវាកម្មសម្រាប់ឯកត្តជន(Retail Banking)នានា​បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ពន្លឿន​ផែន​ការ​បន្ទាន់​ បន្ទាប់​ពី​ប្រទេស​ចិន​កាល​ពី​ខែ​មុន​ បាន​ប្រកាស​ថា​នឹង​អនុវត្ត​ច្បាប់​សន្តិ​សុខ​ជាតិ​លើ​ហុង​កុង​។ ច្បាប់​នេះ​ត្រូវ​បាន​គេ​យល់​ថា​នឹង​គំរាម​កំហែង​ដល់​សិទ្ធិ​ស្វ័យសម្រេច​របស់​ហុង​កុង​ នាំ​ឱ្យ​អាមេរិកាំង​ដាក់​ទណ្ឌ​កម្ម​ទៅលើ​ទីក្រុង​នេះ​ និង​ធ្វើ​ឱ្យ​មាន​រលក​បាតុកម្ម​ជា​ថ្មី​។

    “រថភ្លើង​កំពុង​តែ​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក​បន្តិច​ម្ដង​” Richard Harris នាយក​​របស់​ Port Shelter Investment Management ថ្លែង​បែប​នេះ​។ លោក​បន្ត​ថា “អ្នក​ដែល​មិន​ទាន់​បាន​បញ្ចេញ​សកម្ម​ភាព​អ្វី​សោះ​ នឹង​អាច​ត្រូវ​បាន​ដាស់​តឿន​ជាមួយ​នឹង​ការ​គិត៖ “ខ្ញុំ​គួរ​តែ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ចេញ​ពី​ទីនេះ​ហើយ​មើល​ទៅ​”។ ដំណើរ​ការ​នេះ​នឹង​អាច​នៅ​តែ​បន្ត​កើត​ឡើង​”។

    យ៉ាង​នេះ​ក្ដី មាន​ភ័ស្តុ​តាង​តិច​តួច​ណាស់​ដែល​បង្ហាញ​ថា រលក​នៃ​ការ​ដក​ទ្រព្យ​ចេញ​ពី​ហុង​កុង​កំពុង​កើត​ឡើង​។ ខ្ទង់​ប្រាក់​ដែល​បាន​ផ្ញើ​នៅ​ក្នុង​ធនាគារនៅ​ហុង​កុង​ នៅ​តែ​កើន​ឡើង​ក្នុង​ខែ​មេសា​។ ដុល្លារ​ហុង​កុង​នៅ​តែ​មាន​តម្លៃ​ខ្ពស់​។

    អាជ្ញាធរ​ហុង​កុង​និយាយ​ថា ច្បាប់​សន្តិសុខ​ហុង​កុង​នឹង​ជួយ​ឱ្យ​ទីក្រុង​នេះ​ក្លាយ​ជា​តំបន់​ “សុវត្ថិ​ភាព​ និង​ស្ថិរ​ភាព​ជាង​បច្ចុប្បន្ន​” ព្រម​ទាំង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ និង​សេរី​ភាព​​របស់​ប្រជា​ជន​ ឬ​អ្នកវិនិយោគ​បរទេស​នោះ​ឡើយ​។ មហា​សេដ្ឋី​ហុង​កុង​មួយ​ចំនួន​ក៏​បាន​គាំទ្រ​ដល់​ច្បាប់​នេះ​ផងដែរ​។

    អ្នក​មាន​នៅ​ហុង​កុង​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ និង​អស្ថេរ​ភាព​សង្គម​
    មេដឹក​នាំ​ហុង​កុង​ និង​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនភីង​

    ប៉ុន្តែ ក្រុម​អ្នក​ជំនួញ​ និង​អ្នកមាន​ចំណូល​ខ្ពស់​បែរ​ជា​មិន​យល់​ស្រប​នឹង​មតិ​ខាង​លើ​។ Sam ដែល​ជា​បុគ្គលិក​ធនាគារ​វិនិយោគ​លំដាប់​ខ្ពស់​នៅ​ហុង​កុង​ បាន​សម្រេច​ចិត្ត​ថា​នឹង​ចាក​ចេញ​ពី​ទី​នេះ​។ លោក​នឹង​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយ​ប្រពន្ធ​និង​កូន​ៗ​​​នៅ​3​ខែ​ខាង​ទៀត។

    Margaret Chau ដែល​នាយក​កម្មវិធី​ចំណាកស្រុកនៃ​ក្រុម​ហ៊ុន​ Goldmax Immigration Consulting បាន​ឱ្យ​ដឹង​ថា ចំនួន​អតិថិជន​ដែល​បាន​មក​ទាក់​ទង​ក្រុម​ហ៊ុន​ដើម្បី​សុំ​ប្រឹក្សា​យោបល់​បាន​កើន​ឡើង​5ដង​ក្រោយ​ពី​​មាន​ដំណឹង​ស្ដី​អំពី​ច្បាប់​សន្តិសុខ​ហុងកុង​។ បច្ចុប្បន្ន​ អតិថិជន​ស្ទើរ​តែ​ទាំង​អស់​របស់​អ្នក​ស្រី​ មាន​ចំណាប់​អារម្មណ៍​ក្នុងការ​រៀប​គម្រោង​ចាក​ចេញ​ពី​ហុង​កុង​ច្រើន​ជាង​ការ​ចាក​ចេញ​ទៅ​ភ្លាម​ៗ​។ អ្នក​ស្រី​ Margaret Chau និយាយ​ថា “ពួកគេ​ចាត់​ទុក​នេះ​ជា​គម្រោង​បង្ការ”។

    នាយក​ក្រុម​ហ៊ុន ​Kamet Capital លោក Kerry Goh វិញ​ បាន​ប្រាប់​ថា អតិថិជន​របស់​លោក​​លែង​សួរ​សំណួរ​ទូទៅ​ដូចមុនទាក់​ទិន​នឹង​ការ​ចាក​ចេញ​ពី​ហុង​កុង​​ ប៉ុន្តែពួក​គេ​ងាក​មក​សួរ​អំពី​ព័ត៌មាន​លម្អិត​ តាំង​ពី​សាលា​រៀន ទិដ្ឋាការ រហូត​ដល់​គណនី​ធនាគារ​។ “អ្វី​ដែល​បាន​កើត​ឡើង​នៅ​ហុង​កុង​នាបច្ចុប្បន្ន​ គឺពិត​ជា​កំពុង​ពន្លឿន​នៃ​ដំណើរ​ការ​ទៅរក​​ឆ្នាំ​2047​” លោក Goh និយាយ​បែប​នេះ​សំដៅ​ទៅ​លើរយៈ​ពេល​កំណត់​ដែល​ហុង​កុង​បាន​ទទួលសិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យភាព​ទៅ​តាម​កិច្ច​សន្យា​របស់​ប្រទេស​ចិន​ដែល​ត្រូវ​បាន​លើក​ឡើង​កាល​ពី​អង់គ្លេស​ប្រគល់​ហុង​កុង​មក​ឱ្យ​ចិន​វិញ​កាល​ពី​​ឆ្នាំ​1997 ពោល​គឺ​ហុង​កុង​នឹង​បាត់​បង់​សេរី​ភាព​មុន​ឆ្នាំ​2047។

    អ្នក​មាន​នៅ​ហុង​កុង​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ និង​អស្ថេរ​ភាព​សង្គម​
    ព្រឹត្តិការណ៍​មួយ​ក្នុង​មហា​ព្រឹត្តិការណ៍​ “អង់គ្លេស​ប្រគល់​ហុង​កុង​ឱ្យចិន​ក្នុង​ឆ្នាំ​2097″។

    Dennis ដែលជា​អ្នក​ដឹក​នាំ​ម្នាក់​ អាយុ​34​ឆ្នាំ មក​ពី​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​មួយ​នៅ​ហុង​កុង​បាន​ថ្លែង​ថា គ្រួសារ​ និង​មិត្ត​របស់​លោក​បាន​ចាប់​ផ្ដើម​ផ្ទេរ​ប្រាក់​ចេញ​ពី​ហុង​កុង​។ ចំណែក​លោក​ ក៏​កំពុង​តែស្វែង​រក​ទិញ​អចលន​ទ្រព្យ​នៅ​អង់គ្លេស​​ ដែល​ជា​កន្លែង​លោក​ធ្លាប់​បាន​សិក្សា​ជិត​10​ឆ្នាំ​ ព្រោះ​តែ​តម្លៃ​អចលន​ទ្រព្យ​នៅ​ហុង​កុង​មាន​តម្លៃ​ខ្ពស់​។

    Dennis និយាយ​ថា “នៅ​ទីក្រុង​ឡុង​ដ៍ ខ្ញុំ​អាច​ទិញ​​ផ្ទះ​មួយ​ខ្នង​ធំជាង​នៅ​ហុងកុង​។ ដូច្នេះ តើ​ហេតុ​អ្វី​យើង​មិន​ទិញ​?”។ លោក​បន្ត​ថា​ “ខ្ញុំ​គ្រាន់​តែ​ចង់​ការ​ពារ​ប្រាក់​របស់​ខ្ញុំ​ឱ្យ​គេច​ផុត​ពី​អស្ថិរភាព​តែ​ប៉ុណ្ណោះ​”៕

    ប្រភព៖ Bloomberg

  • ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    Inditex ដែល​ក្រុម​ហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ កំពុង​តែ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់ដំណើរ​ការ​​​ហាង​អនឡាញ​ ទន្ទឹម​នឹង​ការ​បើក​ហាង​លំដាប់​ខ្ពស់ដែល​លក់​ផ្ទាល់​​ បើ​ទោះ​ជា​រកស៊ី​ខាត​ដោយ​សារ​ COVID-19។

    កាល​ពី​សប្ដាហ៍​មុន​ ម្ចាស់​របស់​បណ្ដាញ​លក់​រាយសម្លៀក​បំពាក់​ Zara​ បាន​ឱ្យ​ដឹង​ថា នឹង​វិនិយោគ​ប្រមាណ​ជា​3​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​3​ឆ្នាំ​​ទៅ​មុខ​ដើម្បី​បង្កើត​ហាង​អនឡាញ​ និង​ហាង​លំដាប់​ខ្ពស់សម្រាប់​លក់​ផ្ទាល់​​។ ក្នុង​នោះ​ 1.1​ពាន់​លាន​ដុល្លារ​ប្រើ​សម្រាប់​ដំណើរ​ការ​តាម​បច្ចេក​វិទ្យាព័ត៌មាន​​។ ក្រុម​ហ៊ុន​អេស្ប៉ាញ​នេះ​ ក៏មាន​គម្រោង​​បិទ​ហាង​ចំនួន​ 1,200​ នៅ​ក្នុង​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ​ ដើម្បី​អាច​បើក​ហាងលក់​ផ្ទាល់​​​លំដាប់​ខ្ពស់​ចំនួន​450​កន្លែង​បន្ថែម​ទៀត​។

    “ហាង​ថ្មី​ទាំង​នោះ​នឹង​មាន​តួនាទី​សំខាន់​ក្នុងការ​លក់​តាម​អនឡាញ​ ព្រោះ​ថា ឌីជីថល់​​អាច​ទាក់ទាញ​អតិថិ​ជន​​ពី​គ្រប់​ទិស​ទី​ក្នុង​សកល​លោក​” នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Inditex។

    នៅក្នុង​បទ​បង្ហាញ​មួយ​នៅ​លើ​គេហទំព័រ​ផ្ទៃ​ក្នុង Inditex បាន​បង្ហាញ​ថា Barcelona, Edinburgh, Riyadh, Beijing និង Bogota​ គឺជា​ទីក្រុង​ដែល​សម​ស្រប​សម្រាប់បើក​ហាង​ដែល​មាន​​ឈ្មោះ​ល្បី​​ និង​ខុស​ប្លែក​ពី​គេឯង​។

    COVID-19 បាន​កែ​ប្រែ​និន្នាការ​នៃ​ការ​ទិញ​ដូរ​​របស់​អតិថិ​ជន​ និង​បាន​ជះឥទ្ធិ​ពល​អាក្រក់​យ៉ាង​ខ្លាំង​ក្លា​ដល់​វិស័យ​ឧស្សាហ​កម្ម​លក់​រាយ​ និង​បាន​ធ្វើ​ឱ្យ​បណ្ដាញ​លក់​រាយ​ធំ​ៗ​ជា​ច្រើន​ជួប​វិបត្តិ​។ ក្រុម​ហ៊ុន Inditex បានឱ្យ​ដឹង​ថា ចំណូល​បាន​មក​ពី​ការ​លក់​តាម​អនឡាញ​ក្នុង​ខែ​មេសា​បាន​កើន​ឡើង​95​% បើ​ធៀប​ជា​មួយ​នឹង​​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​2019។

    ក្រុម​ហ៊ុន​លក់​រាយ និង​​ក្រុម​ហ៊ុន​លក់​ផលិត​ផល​ “ប្រែនៗ” ជាច្រើន​ សុទ្ធ​តែ​កំពុង​ “រត់​ប្រណាំង​” ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​​និន្នាការ​ថ្មី​យូរ​អង្វែង​នៃ​ការ​ទិញ​ដូរ​។ យោង​តាម​របាយការណ៍​ដែល​ត្រូវ​បាន​ប្រកាស​​កាល​ពី​សប្ដាហ៍​មុន​ដោយ​ Corestght Research បាន​ឱ្យ​ដឹង​ថា​ ហាង​លក់​រាយ​ផ្ទាល់​ចំនួន​ 25,000​កន្លែង​នៅ​សហរដ្ឋ​អាមេរិក​ មាន​គម្រោង​បិទ​ទ្វារ​ជា​រៀង​រហូត​​នៅក្នុង​ឆ្នាំ​2020​នេះ​។

    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ
    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    ក្រុម​ហ៊ុន​ Inditex សង្ឃឹម​ថា ចំណូល​បាន​មក​ពី​ការ​លក់​តាម​អនឡាញ​នឹង​ឡើង​ដល់​25​%នៃ​ចំណូល​សរុប​នា​ឆ្នាំ​2022 ពោល​គឺ​កើន​ពី​14​%​ នៃ​​ឆ្នាំ​2019។ Inditex ឱ្យ​ដឹង​ដែរ​ថា ក្រុម​ហ៊ុន​នេះ​នឹង​វិនិយោគ​ទៅ​លើ​ថ្នាលបច្ចេក​វិទ្យា​ទំនើប​ដើម្បី​អភិវឌ្ឍ​ផ្នែក​ទន់​ (software) ប្រកប​ដោយ​​ភាព​បត់​បែន​ និង​ប្រមូល​ទិន្ន​ន័យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាងបច្ចុប្បន្ន​​។

    Sophie Lund-Yates ដែល​ជា​អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្មហិរញ្ញ​វត្ថុ​ Hargreaves Lansdown ថ្លែង​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ហាង​លក់​ផ្ទាល់​ជាមួយ​នឹង​ហាង​លក់​អនឡាញ​នឹង​កែ​លម្អ​ខ្សែ​​ចង្វាក់​​ផ្គត់ផ្គង់​​របស់​ Inditex។ ប្រការ​នេះ​ក៏​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​ប្រតិកម្ម​បាន​ឆាប់​រហ័ស​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មិន​ឈប់​ឈរ​​នៃ​វិស័យ​សម្លៀក​បំពាក់​។

    គិត​ត្រឹម​ខែ​មេសា​2020 ក្រុម​ហ៊ុន​ Inditex បាន​ខាត​បង់​ចំនួន​ 464.8​លាន​ដុល្លារ​ ដោយ​ប្រាក់​ចំណូល​ត្រូវ​ថយ​ចុះ​ 834.2​លាន​ដុល្លារ​បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​នៃ​​ឆ្នាំ​2019​។ ប្រាក់​ចំណូល​ថយ​ចុះ​44% មក​នៅ​ត្រឹម​ 3.8​ពាន់​លាន​ដុល្លារ​។ ចាប់​ពី​ថ្ងៃទី​2ដល់​ទី​8​ ខែ​មិថុនា​ ឆ្នាំ2020 ប្រាក់​ចំណូល​របស់​ Inditex បាន​ថយ​ចុះ​ប្រហាក់​ប្រហែល​នឹង​34​%​ បើ​ធៀប​នឹង​មុន​នោះ​1​ថ្ងៃ​។

    មហា​រោគ​រាត​ត្បាត​ COVID-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​​​នៅ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាមេរិក​ បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា JCPenney, Neiman Marcus និង J.Crew ជា​ដើម​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ក្ស័យ​ធន​ ខណៈ​ដែល Gap Inc. (GPS) ទើប​តែ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ខ្ទង់​ខាត​បង់​ដ៏​ធំ​មិន​ធ្លាប់​មាន​របស់​ខ្លួន គឺ​ប្រមាណ​ជា​ 932​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី​1​ ឆ្នាំ​2020​៕

    ប្រភព៖ CNN

  • យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​

    យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​

    យន្ត​ហោះ​ចម្បាំង​ប្រភេទ​ស្រាល​ Hawk 209 មួយ​គ្រឿង​របស់​ឥណ្ឌូនេស៊ី​ បាន​ជួប​នឹង​បញ្ហា​ម៉ាស៊ីន​ អ្នក​បើក​បរ​បាន​ចុច​កៅអី​រំដោះ​ខ្លួន​ទាន់​ពេល​ ខណៈ​យន្ត​ហោះ​ធ្លាក់​ចំ​ផ្ទះ​ជា​ច្រើន​ខ្នង​​របស់​ប្រជា​ពលរដ្ឋ​។

    “មាន​យន្ត​ហោះ​ចម្បាំង​3គ្រឿង​បាន​ចូល​រួម​ធ្វើសមយុទ្ធ​កាល​ពី​ថ្ងៃទី​15​មិថុនា​កន្លង​ទៅ​នៅក្នុង​ខេត្ត​ Riau នៅលើ​កោះ Sumatra។ នៅ​ពេលយន្ត​ហោះ​​​ទាំង​នេះ​ត្រៀម​ចុះ​ចត​ ក៏ស្រាប់​តែ​មាន​មួយ​គ្រឿង​បាន​ជួប​នឹង​បញ្ហា​ម៉ាស៊ីន ហើយ​ក៏បាន​ធ្លាក់​នៅ​លើ​តំបន់​ Kampar ដែល​មាន​ចម្ងាយ​2​គីឡូម៉ែត្រ​ពី​ផ្លូវ​ចុះ​ចត​” នេះ​បើ​តាម​មេបញ្ជា​ការ​កង​ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ Fadjar Prasetyo។

    អ្នក​បើក​បរ​តែ​ម្នាក់​គត់​នៅលើ​យន្ត​ហោះ​ចម្បាំង​ធុន​ស្រាល​ Hawk 209 បាន​ចុច​កៅ​អី​រំដោះ​ខ្លួន​ដោយ​សុវត្ថិភាព​ ចំណែក​យន្ត​ហោះ​បាន​ធ្លាក់​ទៅ​លើ​ផ្ទះ​របស់​ប្រជា​ជន​ជា​ច្រើន​ខ្នង ប៉ុន្តែ​មិន​បាន​បង្កឱ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់​បង់​ជីវិត​នោះ​ឡើយ​។

    យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​។ មុន​ហេតុ​ការណ៍​ខាង​លើ​នេះ​10​ថ្ងៃ​ក៏​មាន​ករណី​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ Mi-17 មួយ​គ្រឿង​របស់ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ ខណៈ​កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ បណ្ដាល​ឱ្យ​មនុស្ស​4​នាក់​បាន​បាត់​បង់​ជីវិត​។

    Hawk 209​ គឺ​ជា​យន្ត​ហោះ​ចម្បាំង​ធុន​ស្រាល​ដែល​មាន​ម៉ាស៊ីន​តែ​មួយ​ ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ British Aerospace របស់​ប្រទេស​អង់គ្លេស​ ដែល​អភិវឌ្ឍ​សម្រាប់​កង​ទ័ព​ឥណ្ឌូនេស៊ី​ ដោយ​យោង​ទៅ​លើ​ម៉ូដែល​យន្ត​ហោះ​ប្រដេញ​សម្រាប់​ហ្វឹក​ហាត់​ Hawk 200។ Hawk 209 មាន​ប្រព័ន្ធ​បំពាក់​​អាវុធ​ចំនួន​7​ និង​អាច​បំពាក់​កាំជ្រួច​ និង​គ្រាប់​បែក​ជា​ច្រើន​ប្រភេទ រួម​នឹង​ប្រព័ន្ធ​យក​ការណ៍​ដែល​អនុញ្ញាត​ឱ្យ​វា​អាច​បំពេញ​បេសក​កម្ម​អាពារ​ដែន​អាកាស​ ប្រឆាំង​នាវា​ចម្បាំង​ វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ និង​ការ​ពារ​កង​ទ័ព​ថ្មើរ​ជើង​ផងដែរ​។

    យន្ត​ហោះ​ចម្បាំង​ឥណ្ឌូនេស៊ី ធ្លាក់​ចំ​ផ្ទះ​ប្រជា​ជន​ជា​ច្រើន​ខ្នង​ពេល​កំពុង​ហ្វឹក​ហាត់​
    យន្ត​ហោះ​ចម្បាំង​ប្រភេទ​ស្រាល​ Hawk 209

    ទ័ព​អាកាស​ឥណ្ឌូនេស៊ី​មាន​យន្ត​ហោះ​ចម្បាំង​ Hawk 209 ចំនួន​23​គ្រឿង​ ប៉ុន្តែ តាម​គម្រោង​​យន្ត​ហោះ​ទាំង​នេះ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​យន្ត​ហោះ​ចម្បាំង​ទំនើប​ F-16 បន្តិច​ម្ដង​ៗ​នា​ពេល​ដ៏ខ្លី​ខាង​មុខ​៕

    ប្រភព​៖ Reuters