Author: សឿន សំណាង

  • ចិនសាងសង់ទីក្រុងអាកាសចរណ៍អវកាសនៅក្បែរសមុទ្រចិនខាងត្បូង (វីដេអូ)

    ចិនសាងសង់ទីក្រុងអាកាសចរណ៍អវកាសនៅក្បែរសមុទ្រចិនខាងត្បូង (វីដេអូ)

    ប្រទេសចិន កំពុងតែបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មផ្នែកអាកាសចរណ៍អវកាសនៅលើកោះ Hainan ក្បែរសមុទ្រចិនខាងត្បូង។

    ប្រទេសចិនកំពុងតែសាងសង់ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិមួយដែលមានឈ្មោះថា Wenchang International Aerospace City នៅលើកោះ Hainan ភាគខាងត្បូងប្រទេស។

    “ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang ក៏ជាទីតាំងដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍវិស័យអាកាសចរណ៍អវកាសរបស់ប្រទេសចិន។ វាក៏ជាតំបន់ដែលមានសារសំខាន់របស់កំពង់ផែពាណិជ្ជកម្មសេរីនៅលើកោះ Hainan ផងដែរ ដែលនាំមកនូវគោលនយោបាយអាទិភាពជាច្រើន។ សង្ឃឹមថា ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang នឹងក្លាយជាចំណុចចាប់ផ្ដើមសម្រាប់ការរីកចម្រើនរបស់យើង ហើយរួមចំណែកបម្រើសេវាកម្មអាកាសចរណ៍អវកាសនៅ Hainan”។ នេះបើតាមសម្ដីរបស់ Niu Min ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Future Aerospace។

    តាមគម្រោង ទីក្រុងនេះនឹងមានមជ្ឈមណ្ឌលកំពូលកុំព្យូទ័រអាកាសចរណ៍អវកាសដំបូងនៅប្រទេសចិ។ ក្រោយពីបានសាងសង់មជ្ឈមណ្ឌលនេះ វិស័យជាង40 រួមមាន ទិន្នន័យធំរបស់អាកាសចរណ៍អវកាស ផ្កាយរណបរុករក និងបច្ចេកវិទ្យាកំណត់ទិស (GPS) BeiDou របស់ចិននឹងអាចត្រូវបានដំឡើងនៅទីនេះ។

    ទៅថ្ងៃមុខ ទីក្រុងអាកាសចរណ៍អវកាស នឹងផ្ដោតទៅលើការអភិវឌ្ឍ និងផលិតឡើងនូវផលិតផលផ្នែកអាកាសចរណ៍អវកាសគុណភាពខ្ពស់ សេវាកម្មបាញ់បង្ហោះយានអវកាស និងសេវាកម្មផ្ដល់ជំនួយផ្សេងៗទៀត។

    Han Yong ដែលជាអ្នកគ្រប់គ្រងគម្រោងទីក្រុងអាកាសចរណ៍អវកាស Wenchang ឱ្យដឹងថា “យើងកំពុងបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រព័ន្ធផ្លូវថ្នល់កំពុងត្រូវបានសាងសាង់ ចំណែកសេវាកម្មផ្ដល់ជំនួយក៏កំពុងដំណើរការ។ ឧទាហរណ៍ដូចជា សាលាមធ្យមសិក្សាតភ្ជាប់ជាមួយនឹងសាកលវិទ្យាល័យ Tsinghua ក៏បានចាប់ផ្ដល់ជ្រើសរើសនិស្សិតហើយដែរ”។

    លោក​ Han Yong បន្ត​ថា “ជំហានបន្ទាប់ ពួកគេនឹងពន្លឿនការតាក់តែងគម្រោង និងជំរុញការវិនិយោគ។ ក្រុមហ៊ុនមួយចំនួនបានដំណើរការប្រកបដោយស្ថិរភាព។ យើងត្រូវបង្កើតបរិយាកាសពាណិជ្ជកម្មឱ្យបានល្អ ដើម្បីជួយឱ្យក្រុមហ៊ុននានាមានការរីកចម្រើន និងធ្វើឱ្យមានភាពងាយស្រួលនៅក្នុងដំណាក់កាលពិនិត្យ និងអនុម័ត។ យើងត្រូវការពន្លឿនការសាងសង់ទីក្រុងអាកាសចរណ៍អវកាសនេះ”៕

    ប្រភព៖ CCTV

  • វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

    ក្រុមហ៊ុន Moderna ដើមឡើយមានទុនស្ដួចស្ដើងពេក មិនអាចទាក់ទាញបានក្រុមមនុស្សដែលមានទេពកោសល្យខ្ពស់ដូចគេ ហើយម៉្យាងទៀតក៏ទទួលរងការសង្ស័យចំពោះវិធីសាស្ត្រផលិតឱសថបែបថ្មី ដែលមិនធ្លាប់មានពីមុនមក។

    នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី11សីហា ប្រធានាធិបតី Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Moderna ដែលមានតម្លៃ 1.5ពាន់លានដុល្លារ ក្នុងការផលិតវ៉ាក់សាំងCOVID-19 ចំនួន100លានឈុត។ ក្រុមហ៊ុន Moderna សហការជាមួយនាយកដ្ឋានសុខាភិបាលជាតិសហរដ្ឋអាមេរិក (NIH) កំពុងតែសាកល្បងប្រើប្រាស់វ៉ាក់សាំងCOVID-19 ដំណាក់កាលទី3 ដែលមានឈ្មោះថា mRNA-1273។

    Moderna គឺជាក្រុមហ៊ុនមួយដែលត្រូវបានរួមបង្កើត និងដឹកនាំដោយ Noubar Afeyan។ លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia) ប៉ុន្តែ ពួកគេបានទៅរស់នៅឯប្រទេសកាណាដាកាលពីនៅក្មេង។ ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក Noubar Afeyan បានទៅរៀននៅសហរដ្ឋអាមេរិក រួចក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកជីវសាស្ត្រពីវិទ្យាស្ថានជីវបច្ចេកវិទ្យា Massachusetts (MIT)។ លោក Noubar Afeyan បានបង្កើតក្រុមហ៊ុន Moderna កាលពីលោកនៅមានអាយុ24ឆ្នាំ និងបានគ្រប់គ្រងវាក្នុងរយៈពេល10ឆ្នាំ។

    ក្នុងគ្រានោះ លោកថែមទាំងធ្លាប់ជាស្ថាបនិក និងសហស្ថានិកក្រុមហ៊ុនចំនួន5ផ្សេងទៀតផងដែរ។ ជាសរុប បច្ចុប្បន្ន លោក Afeyan កាន់កាប់ប័ណ្ណកម្មសិទ្ធបញ្ញាចំនួនជាង100 និងជាសហស្ថាបនិកនៃក្រុមហ៊ុនចំនួន38ឯណោះ។ ឆ្នាំ2009 លោកបានចូលរួមបង្កើតក្រុមហ៊ុន Moderna ដែលមានទីស្នាក់ការកណ្ដាលនៅ Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
    លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia)

    ក្រុមហ៊ុន Moderna បានរងការសង្ស័យជាច្រើនរាប់ចាប់ពីទើបត្រូវបានបង្កើតឡើងមកម្លេះ ទាក់ទិននឹងវិធីសាស្ត្រថ្មីក្នុងការផលិតឱសថទៅតាមបច្ចេកវិទ្យា mRNA ដែលមិនធ្លាប់មានពីមុនមក និងមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ និងទទួលស្គាល់នៅឡើយ ហើយច្រើនឆ្នាំក្រោយការបង្កើត ក្រុមហ៊ុននេះក៏មិនទាន់បានបញ្ចេញប្រភេទថ្នាំណាមួយទៅក្នុងទីផ្សារនោះដែរ។ កាលពីទើបតែបានបង្កើតក្រុមហ៊ុន លោក Afeyan មានទុនត្រឹមតែ2លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រឆ្នើមៗមកធ្វើការឡើយ។

    ឆ្នាំ2011 លោក Afeyan បានទៅរក Stéphane Bancel ដែលជាវិស្វករជើងចាស់ ធ្លាប់ធ្វើជាមេដឹកនាំនៅក្នុងក្រុមហ៊ុនផលិតឱសថ Eli Lilly និង bioMerieux។

    ថ្វីបើបានទទួលយកការអញ្ជើញរបស់ Afeyan ប៉ុន្តែ Stéphane Bancel នៅតែមានការសង្ស័យ។ លោក Stéphane Bancel ថ្លែងថា៖ “ខ្ញុំបានពិនិត្យទៅលើបច្ចេកវិទ្យារបស់ពួកគេ ហើយនិយាយថា “មិនអាចទៅរួច”។ Stéphane Bancel បានយល់ព្រមជួយធ្វើកិច្ចការឱ្យ Afeyan ក្រោយពីមានការបញ្ចុះបញ្ចូលថា វិធីសាស្ត្រថ្មីក្នុងការផលិតឱសថនេះ នឹងមានប្រសិទ្ធភាព ហើយ Moderna អាចអភិវឌ្ឍវ៉ាក់សាំងរាប់រយប្រភេទនាពេលខាងមុខ។

    វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
    លោក Stéphane Bancel បច្ចុប្បន្ន​ជា​ CEO របស់​ក្រុម​ហ៊ុន​ Moderna

    ឆ្នាំ2013 Stéphane Bancel បញ្ចុះបញ្ចូលក្រុមហ៊ុនចែកចាយឱសថ AstraZeneca បានដោយជោគជ័យ ដោយក្រុមហ៊ុននេះ ត្រូវបង់ប្រាក់240លានដុល្លារសម្រាប់កម្មសិទ្ធិបញ្ញានៃឱសថនានាដែលត្រូវបានផលិតចេញពីការស្រាវជ្រាវរបស់ Moderna។ ក្រោយមក Moderna ក៏បានសហការជាមួយ Merk ដើម្បីអភិវឌ្ឍវ៉ាក់សាំងទប់ស្កាត់ជំងឺមហារីក និងវ៉ាក់សាំងជាច្រើនប្រភេទផ្សេងទៀត។ ឆ្នាំ2018 Moderna ប្រមូលទុនបាន500លានដុល្លារពី Pictet Group, Arrowmark Partners, Viking Global Investors និងអ្នកវិនិយោគជាច្រើនទៀត។

    យ៉ាងនេះក្ដី កាលពីដើមឆ្នាំនេះ Moderna នៅតែជាក្រុមហ៊ុនមួយដែលមិនមានគេស្គាល់ច្រើននៅឡើយ រហូតដល់ពួកគេផលិតវ៉ាក់សាំងCOVID-19 ដែលត្រូវបានវាយតម្លៃថា មានសក្តានុពលខ្លាំង និងត្រូវបានយកទៅប្រើប្រាស់សាកល្បងជាមួយនឹងល្បឿនយ៉ាងលឿនមិនធ្លាប់មាន។ Moderna គឺជាឈ្មោះនាំមុខគេនៅក្នុងការ “រត់ប្រណាំង” ដើម្បីផលិតវ៉ាក់សាំងCOVID-19 នៅសហរដ្ឋអាមេរិក ដោយប្រជែងជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗនៅទីនេះ។ Bill Gates ក៏ធ្លាប់បានសរសេរនៅលើទំព័រ Washington Post ថា លោក “ពិតជារំភើប” ជាមួយនឹងបច្ចេកវិទ្យា mRNA នេះខ្លាំងណាស់។

    នៅខាង​ក្នុង​នៃ​មន្ទីរ​ពិសោធន៍​របស់​ក្រុម​ហ៊ុន​ Moderna នៅ​សហរដ្ឋ​អាមេរិក

    បន្ទាប់ពីបាននាំវ៉ាក់សាំងCOVID-19 ទៅប្រើប្រាស់សាកល្បងនៅនាយកដ្ឋាន NIH លោក Bancel បានថ្លែងប្រាប់ Business Insider ថា “បើសិនជា Moderna ប្រើប្រាស់បច្ចេកវិទ្យាបុរាណដើម្បីអភិវឌ្ឍវ៉ាក់សាំង នោះបច្ចុប្បន្នប្រហែលជាក្រុមហ៊ុននេះកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយវាក៏ប្រហែលជានឹងមិនអាចចាប់ផ្ដើមផលិតដូចអ្វីដែលទទួលបាននាពេលនេះនោះដែរ”។

    ដោយសារតែមានការជឿនលឿនក្នុងការផលិតវ៉ាក់សាំងCOVID-19 មូលបត្ររបស់ Moderna នៅលើផ្សារហ៊ុន Nasdaq បានកើនឡើងខ្ពស់ជាង3ដង បើធៀបនឹងដើមឆ្នាំ2020។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកធ្វើការពេញម៉ោងប្រមាណជា820នាក់ ជាមួយនឹងតម្លៃទុនក្នុងទីផ្សារឡើងដល់27ពាន់លានដុល្លារអាមេរិក៕

    ប្រភព៖ WSJ, Forbes

  • វ៉ាក់សាំង ក្នុងសង្គ្រាមត្រជាក់

    វ៉ាក់សាំង ក្នុងសង្គ្រាមត្រជាក់

     

    ការប្រកួតប្រជែងគ្នាផលិតវ៉ាក់សាំង ដើម្បីប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា ដែលកំពុងបញ្ចេញឫទ្ធិ ធ្វើឱ្យមនុស្សឆ្លងមេរោគ និងស្លាប់បាត់បង់ជីវិតទូទាំងពិភពលោកជារៀងរាល់ថ្ងៃនេះ បានក្លាយជារឿងរបស់សង្គ្រាមត្រជាក់ រវាងប្រទេសរុស្ស៊ីនឹងសហរដ្ឋអាមេរិក ក្រោយពីរុស្ស៊ីប្រកាសថា ខ្លួនមានវ៉ាក់សាំងដែលប្រើការបានហើយ។

    នេះ គឺដោយសារតែរុស្ស៊ី ដែលបានអះអាងថា ខ្លួនជាអ្នកផលិតបានមុនគេ និងត្រៀមខ្លួនរួចហើយសម្រាប់ការបញ្ជូនទៅឱ្យប្រទេសផ្សេងៗនោះ បានសាងនូវក្ដីសង្ស័យដល់សហគមន៍ពិភពលោក ជាពិសេសមេដឹកនាំសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ព្រោះកំពុងស្ថិតក្នុងសភាវយ៉ាប់យ៉ឺន ដោយសារពិន្ទុនិយមចូលចិត្តកំពុងធ្លាក់ចុះខ្លាំង ប្រជាជនអាមេរិកាំងឆ្លងមេរោគ និងស្លាប់ ជាប់លំដាប់លេខ1 លើពិភពលោកហ្នឹងឯង។

    សំណួរដំបូងគឺ តើវ៉ាក់សាំង Sputnik-5(ឈ្មោះវ៉ាក់សាំងដែលរុស្ស៊ីផលិតបាន)អាចប្រើការបានមែនឬ? ព្រោះទើបនឹងឆ្លងកាត់ការសាកល្បងដំណាក់កាលទី1 និងទី2 ហើយត្រូវនៅរង់ចាំដំណាក់កាលទី3 ដែលត្រូវប្រើជាមួយមនុស្សទៀត តែក៏មានការអធិប្បាយថា នៅក្នុងប្រទេសរុស្ស៊ី មានច្បាប់ដាក់ឱ្យប្រើវ៉ាក់សាំងដំណាក់កាលទី3 ជាមួយអ្នកជំងឺធ្ងន់ធ្ងរបាន និងមិនទាន់មានជម្រើសណាផ្សេង សម្រាប់ការព្យាបាលនៅឡើយ។

    ប្រទេសលោកខាងលិច មើលឃើញថា វ៉ាក់សាំងរបស់រុស្ស៊ីនេះ គួរឱ្យសង្ស័យណាស់ ព្រោះការវិភាគ ការអភិវឌ្ឍ និងការសាកល្បង មិនបើកចំហ ដូចនៅក្នុងប្រទេសលោកខាងលិច ដែលមានបរិយាកាសប្រជាធិបតេយ្យ និងត្រួតពិនិត្យបាននោះឡើយ។

    មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏កំពុងស្ថិតក្នុងសភាវរងសម្ពាធដូចគ្នាដែរថា ត្រូវតែមានទាំងវ៉ាក់សាំងការពារ និងថ្នាំព្យាបាល នៅពេលដែលតួលេខអ្នកជំងឺ អ្នកឆ្លងមេរោគ និងស្លាប់ ស្ថិតក្នុងលំដាប់ខ្ពស់ដូចគ្នា គឺអ្នកឆ្លងមេរោគ មានជិត 9សែននាក់ អ្នកស្លាប់ ជាង 15,000នាក់ ហើយតួលេខនេះ ក៏ថែមទាំងគួរឱ្យសង្ស័យទៀតផងថា តើប៉ុណ្ណឹងមែន ឬមិនមែន?។

    ការប្រើឈ្មោះតាមផ្កាយរណប Sputnik ដែលជាផ្កាយរណបដំបូងគេរបស់ប្រទេសរុស្ស៊ី ដែលបានបង្ហោះទៅក្នុងអវកាសក្នុងឆ្នាំ1957 នោះ ប្រៀបដូចជាការប្រកាសសក្ដានុពលថា រុស្ស៊ី គឺជាប្រទេសដំបូងគេ ដែលអាចបញ្ជូនទាំងផ្កាយរណប និងមនុស្សអវកាស ទៅក្រៅផែនដី រួមទាំងការបង្កើតស្ថានីយអវកាសបានទៀតផង។ ដូច្នេះ ការយកឈ្មោះផ្កាយរណប មកធ្វើជាឈ្មោះវ៉ាក់សាំងនេះ ប្រៀបដូចជាការបញ្ជូនសារ ឱ្យប្រទេសលោកខាងលិចបានមើលឃើញថា រុស្ស៊ីមានសមត្ថភាពមិនចាញ់នរណាឡើយ ទាំងផ្នែកអវកាស និងតិចណូឡូជី។

    កាលពីពេលមុននេះ រុស្ស៊ីត្រូវរងការចោទប្រកាន់ដោយអង្គភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកថា មានក្រុមហ៊ែកឃើរ ចោះចូលក្នុងទិន្នន័យ លួចយកការសម្ងាត់ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក តែក៏ត្រូវរុស្ស៊ី ប្រកែកយ៉ាងដាច់អហង្ការ។

    លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា សហរដ្ឋអាមេរិក នឹងអាចមានវ៉ាក់សាំងការពារបាន ក្នុងអំឡុងពេលមុនថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នោះគឺថ្ងៃទី3 វិច្ឆិកា តែមើលទៅ ហាក់ដូចជាពិបាកនឹងធ្វើបានណាស់។

    គ្រូពេទ្យ និងអ្នកជំនាញការអាមេរិក សុទ្ធតែប្រាប់ថា មិនអាចទៅរួចបានទេ ក្នុងការកំណត់ពេលវេលាសម្រាប់ការប្រើវ៉ាក់សាំងបានក្នុងអំឡុងពេលនោះ។ យ៉ាងលឿនបំផុត ដែលអាចទៅរួច គឺឆ្នាំក្រោយ ដែលជាអំឡុងពេលនៃការចូលទទួលតំណែងប្រធានាធិបតីរបស់មនុស្សដដែល ឬអ្នកថ្មី ក៏ស្រេចតែលើការសម្រេចចិត្តរបស់ប្រជាជនអាមេរិកាំង។

    លោក ត្រាំ ប្រៀបដូចជាមនុស្សភ្លើងឆេះគូទអ៊ីចឹង ណាមួយត្រូវប្រឈមនឹងការនិយមចូលចិត្តរបស់ប្រជាជនមកលើរូបលោក ដែលកំពុងធ្លាក់ចុះ តាមពីក្រោយគូប្រជែង ណាមួយមានបញ្ហាសេដ្ឋកិច្ច មនុស្សគ្មានការងារធ្វើច្រើន ធុរកិច្ចដួលរលំ ការធ្វើបាតុកម្មហិង្សារឿងរើសអើងពូជសាសន៍ និងការបរាជ័យក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា។

    ការនឹងមានវ៉ាក់សាំងបានសម្រេច ឬអត់នោះ បានក្លាយជាផ្នែកមួយ នៃការវាស់ស្ទង់សមត្ថភាពរបស់មេដឹកនាំមន្ទីរសេតវិមាន ដែលពេលកន្លងមក នៅមិនទាន់បង្ហាញអ្វីឱ្យឃើញ ក្រៅពីការធ្វើជាតួកំប្លែង តាមរយៈការណែនាំបែបឡប់ៗ ក្នុងការប្រើថ្នាំព្យាបាលជំងឺគ្រុនចាញ់ ឬថ្នាំសម្លាប់មេរោគ ដើម្បីការពារវីរុសកូវីដ-19 តែប៉ុណ្ណោះ។

    លោក Kirill Dmitriev ដែលជាអ្នកគ្រប់គ្រងចាត់ចែងមូលនិធិ RDiF នៅក្នុងប្រទេសរុស្ស៊ី និងជាអ្នកផ្ដល់ប្រាក់ឧបត្ថម្ភការផលិតវ៉ាក់សាំង 1នេះ បានអធិប្បាយថា ការផលិត និងចំណាយវ៉ាក់សាំង រួមទាំងការប្រើប្រាស់ នឹងដំណើរការទៅយ៉ាងមានដំណាក់កាល ហើយសមាជិកក្នុងគ្រួសារ ក៏នឹងបានប្រើប្រាស់វ៉ាក់សាំង 1នេះដែរ។

    វ៉ាក់សាំង Sputnik-5 ត្រូវបានអភិវឌ្ឍឡើងដោយស្ថាប័ន Gamakeya ក្នុងក្រុងមូស្គូ នឹងត្រូវប្រើសាកល្បងកម្រិតទី3 ទៅលើអ្នកជំងឺច្រើនពាន់នាក់ ហើយនឹងបញ្ជូនទៅប្រទេសជាច្រើន រួមមាន សហរដ្ឋអារ៉ាប់ អេមីរេត អារ៉ាប៊ី សាអ៊ូឌីត ប្រេស៊ីល និងហ្វ៊ីលីពីន ដែលកំពុងមានការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ មានអ្នកស្លាប់ច្រើន។

    អង្គការសុខភាពពិភពលោក បានចេញសេចក្ដីថ្លែងការណ៍មួយថា ការប្រញាប់ប្រញាល់ស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង គួរតែធ្វើទៅតាមលំដាប់ដំណាក់កាល ដើម្បីឱ្យប្រាកដក្នុងចិត្តថា វ៉ាក់សាំងនោះ មានទាំងសុវត្ថិភាព និងប្រសិទ្ធផល តែWHO ក៏មិនបានបង្ហាញពីភាពមិនជឿជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីនោះ ប្រើការមិនបានដែរ។

    ប្រទេសលោកខាងលិច ប្រហែលជាពិបាកនឹងធ្វើចិត្តបន្តិចហើយ ក្នុងការទទួលស្គាល់ថា រុស្ស៊ីមានភាពពូកែចំណានជាងពួកខ្លួន ក្រោមចរន្តសង្គ្រាមត្រជាក់ រវាងក្រុមប្រទេសលោកខាងលិចនឹងរុស្ស៊ី និងចិន ព្រោះការផលិតវ៉ាក់សាំង មានន័យទៅលើទាំងផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។

    ប្រធានគណៈក្រុមការងាររបស់មន្ទីរសេតវិមាន លោកវេជ្ជបណ្ឌិតល្បីឈ្មោះ អ៊ែនថូនី ហ្វៅស៊ី ក៏សង្ស័យដូចគ្នាដែរថា តើវ៉ាក់សាំងរបស់រុស្ស៊ី 1នេះ នឹងមានសុវត្ថិភាព និងប្រសិទ្ធផលដែរឬទេ? តែសម្រាប់ខ្លួនលោក សង្ឃឹមថា រុស្ស៊ីនឹងទទួលបានជោគជ័យ ទោះជាដំណាក់កាលការវិភាគ ការផលិត មុនការសាកល្បង មានភាពគួរឱ្យសង្ស័យក៏ដោយ។

    លោកដុកទ័រ ហ្វៅស៊ី ថ្លែងថា ពេលនេះមានវ៉ាក់សាំងចេញមក ច្រើនជាងកន្លះឡូ តែនៅត្រូវរង់ចាំការសាកល្បង និងសាកល្បងដើម្បីឱ្យប្រាកដក្នុងចិត្តថា នឹងមិនមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ និងបើសិនជាប្រើទៅហើយ មិនមានប្រសិទ្ធផល សហរដ្ឋអាមេរិក មានវិធានការសាកល្បង និងត្រួតពិនិត្យ រហូតទាល់តែប្រាកដក្នុងចិត្តថា ប្រើទៅ ពិតជាបានផលល្អមែន។ ដូច្នេះ ព័ត៌មានពាក់ព័ន្ធនឹងរឿងជោគជ័យក្នុងការផលិតវ៉ាក់សាំង ទាំងនៅរុស្ស៊ី និងចិន នៅត្រូវរង់ចាំលទ្ធផលការពិសោធសាកល្បងតាមស្តង់ដា ដែលអាចទទួលស្គាល់បាន។

    អង្គការ អាហារ និងថ្នាំ របស់សហរដ្ឋអាមេរិក ក៏បានប្រាប់ដែរថា នឹងទទួលស្គាល់វ៉ាក់សាំងណាមួយ ក៏ទាល់តែវ៉ាក់សាំងនោះទទួលបានលទ្ធផលដល់ 50% ក្នុងការប្រើការ ហើយអង្គការសុខភាពពិភពលោក បានថ្លែងថា ខ្លួនបានធ្វើការទាក់ទងជាមួយអ្នកវិទ្យាសាស្ត្ររបស់រុស្ស៊ី ដើម្បីមើលលទ្ធផល នៃការសាកល្បងតាមដំណាក់កាលផ្សេងៗថា ជាស្តង់ដាសកល អាចទទួលស្គាល់បាន ឬទេ?។

    ខណៈនេះ តួលេខជារួមរបស់វ៉ាក់សាំង ដែលកំពុងស្ថិតក្នុងអំឡុងការសាកល្បងទូទាំងពិភពលោកមាន 28ប្រភេទ។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។

    តួលេខអ្នកឆ្លងមេរោគរួមនៅក្នុងសហរដ្ឋអាមេរិក មានច្រើនជាង 5.13លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 1.64សែននាក់ និងក្នុង 1ថ្ងៃៗ មានជនអាមេរិកាំង ឆ្លងមេរោគច្រើនជាង 50,000នាក់ និងចំនួនអ្នកស្លាប់ ច្រើនជាង 1,000នាក់ ជាប់លំដាប់លេខ1 តាមពីក្រោយដោយ ឥណ្ឌា និងប្រេស៊ីល។

    ប្រហែលជាពិបាកណាស់ បើចង់ឱ្យប្រទេសលោកខាងលិច ប្រើវ៉ាក់សាំងរបស់រុស្ស៊ី បើអាមេរិកមិនបញ្ជូនសញ្ញាអនុញ្ញាតច្បាស់លាស់ទេនោះ ព្រោះនេះ ជាផ្នែកមួយនៃការប្រកួតប្រជែង រវាងប្រទេសមហាអំណាច2 ហើយនៅមានចិន ជាបច្ច័យជ្រៀតជ្រែក 1ទៀត ព្រោះចិននៅតែត្រូវរងការចោទប្រកាន់ដោយមេដឹកនាំមន្ទីរសេតវិមានថា ជាដើមហេតុនៃការឆ្លងរាលដាលដ៏ធំធេងនេះនៅឡើយ។

    ក្នុងសភាវដែលកំពុងជួបប្រទះសព្វថ្ងៃ ធ្វើឱ្យយើងមើលឃើញថា ទោះជាមានវ៉ាក់សាំងអាចប្រើការបានហើយក៏ដោយ ក៏នៅតែត្រូវរង់ចាំការពិសោធមើលថា តើវានឹងអាចទប់ទល់ជាមួយនឹងការក្លាយពូជរបស់មេរោគវីរុសកូរ៉ូណា ដែលប្រែប្រួលគ្រប់ពេលវេលា មានទាំងកាន់តែសាហាវឡើង និងអន់ជាងសព្វថ្ងៃនេះបានដែរឬទេ?៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    កម្ពុជា​នា​ព្រឹក​នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​សរុប​នៅ​កម្ពុជា​កើន​ឡើង​ដល់​272​នាក់​ ខណៈនៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ តួលេខ​សរុប​នៃ​​អ្នក​ឆ្លង​វីរុស​នេះ​ មាន​ចំនួន​​143,749​នាក់​។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​2​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ច្រើន​ជាង​1សែន​នាក់​ នោះ​គឺ​​ហ្វីលីពីន​ (143,749នាក់​) និង​ឥណ្ឌូនេស៊ី​ (130,718​នាក់​)។ ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ច្រើន​ជាង​1​ម៉ឺន​នាក់​នៅ​តំបន់​នេះ​ នោះ​គឺ​សិង្ហបុរី​ (55,395​នាក់​)។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់ដោយសារ​​វីរុស​COVID-19 ច្រើន​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​មាន​រហូត​ដល់​5,903នាក់​។

    សូម​ពិនិត្យ​មើល​តារាង​ចំណាត់​ថ្នាក់​ខាង​ក្រោម​៖

    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍
    តារាង​ចំណាត់​ថ្នាក់ស្ដី​អំពី​តួលេខ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍

    ប្រភព៖ Worldometers

  • បក្ខភាពអនុប្រធានាធិបតីដែលទើបត្រូវបានជ្រើសរើសដោយលោក Joe Biden មានដើមកំណើតអាស៊ី-អាហ្វ្រិក

    បក្ខភាពអនុប្រធានាធិបតីដែលទើបត្រូវបានជ្រើសរើសដោយលោក Joe Biden មានដើមកំណើតអាស៊ី-អាហ្វ្រិក

    ការដែលត្រូវបានលោក Joe Biden ជ្រើសរើសជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខាងមុខ លោកស្រី Kamala Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីនិងអាហ្វ្រិកដំបូងគេ ដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតី តំណាងឱ្យគណបក្សមួយនៅសហរដ្ឋអាមេរិក។

    បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យអាមេរិក លោក Joe Biden កាលពីថ្ងៃទី11សីហា បានប្រកាសជ្រើសរើសស្ត្រីតំណាងរាស្ត្រម្នាក់ឈ្មោះ Kamala Harris អាយុ55ឆ្នាំ ឱ្យធ្វើជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោត “ប្រជែងចូលកាន់កាប់” សេតវិមាននាឆ្នាំ2020នេះ។

    លោកស្រី Harris កើតឆ្នាំ1964 នៅទីក្រុង Oakland រដ្ឋ California និងមានឈាមជ័រជាជនជាតិអាស៊ីនិងអាហ្វ្រិក។

    ម្ដាយរបស់លោកស្រី Harris ឈ្មោះ Shyamala Gopalan ដែលជាកូនស្រីម្នាក់របស់អ្នកការទូតឥណ្ឌា និងធ្លាប់រៀនចប់មហាវិទ្យាល័យ Delhi ក្នុងវ័យ19ឆ្នាំ។ ដើម្បីចៀសវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំ លោកស្រី Gopalan ក៏បានទៅសិក្សានៅសហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យ Califoria ក្នុងតំបន់ Berkeley។ នៅទីនេះ លោកស្រី Gopalan បានជួបលោក Donald Harris ជាបុរសមកពី Jamaica និងជានិស្សិតស្រាវជ្រាវផ្នែកសេដ្ឋកិច្ច។

    ក្នុង​រូប​ថត​ខាងលើ លោកស្រី Harris (ខាងឆ្វេងបង្អស់) ថតជាមួយសមាជិកគ្រួសារ។

    បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ California លោកស្រី Harris ក៏បានចាប់ផ្ដើមធ្វើជាមេធាវីនៅមុនពេលឆ្លងកាត់តំណែងផ្សេងៗនៅ California។ លោកស្រីគឺជាស្ត្រីអ្នកនយោបាយដ៏លេចធ្លោម្នាក់នៅក្នុងរដ្ឋនេះ ហើយក៏ជាសមាជិកម្នាក់ដែលមានការគាំទ្រច្រើននៅក្នុងបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិនានាផងដែរ។

    លោកស្រី Harris បានជាប់ឆ្នោតជាតំណាងរាស្ត្រនៃសភាជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីឆ្នាំ2016 ដែលនេះគឺជាតំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាស៊ីដំបូងគេដែលត្រូវបានជ្រើសរើសជាអ្នកតាក់តែងច្បាប់នៅក្នុងស្ថាប័ននេះ។

    លោកស្រី Harris ក៏ធ្លាប់ជាបេក្ខភាពប្រធានាធិបតីឆ្នាំ2020 របស់បក្សប្រជាធិបតេយ្យ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតបឋមក្នុងការជ្រើសរើសតំណាងរបស់បក្សនេះសម្រាប់ទៅប្រកួតប្រជែង​ដណ្ដើម​យក​តំណែងប្រធានាធិបតីនៅក្នុងខែវិច្ឆកាខាងមុខ។ លោកស្រីក៏ធ្លាប់បានចូលរួមតតាំងជាមួយនឹងបេក្ខភាពប្រធានាធិបតីដទៃទៀតរបស់បក្សប្រជាធិបតេយ្យ ក្នុងនោះក៏មានលោក Joe Biden ផងដែរ នៅមុនពេលដកថយកាលពីខែធ្នូ2019 ដោយសារអត្រានៃសំឡេងឆ្នោតបានថយចុះ និងបញ្ហាខ្វះហិរញ្ញវត្ថុដើម្បីប្រជែងរកសម្លេងឆ្នោត។

    លោកស្រី Harris មានទំនាក់ទំនងល្អជាមួយនឹងអតីតប្រធានាធិបតី Barack Obama ដែលជាមនុស្សម្នាក់ធ្លាប់បានបញ្ចេញសំឡេងគាំទ្រអតីតប្រធានាធិបតី Joe Biden ក្នុងការ “រត់ប្រណាំង” ចូលសេតវិមាន។ លោក Obama និងលោកស្រី Harris នៅក្នុងរូបដែលបានថតកាលពីឆ្នាំ2013 ដែលកាលណោះលោកស្រីនៅជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ California នៅឡើយ។

    លោកស្រី Harris ក៏ជាមិត្តជិតស្និទ្ធរបស់ Beau Beden ដែលជាកូនប្រុសរបស់លោក Joe Beden និងធ្លាប់ជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ Delaware ផងដែរ។ លោក Beau បានស្លាប់កាលពីឆ្នាំ2015 ដោយសារជំងឺដុះសាច់ក្នុងខួរក្បាល។

    លោកស្រី Harris ទទួលទានអាហារថ្ងៃត្រង់នៅក្នុងអាហារដ្ឋានមួយនៅពេលកំពុងចូលរួមការឃោសនារកសំឡេងឆ្នោតសម្រាប់តំណែងប្រធានាធិបតី នៅឯទីក្រុង Charleston ក្នុងរដ្ឋ South Carolina កាលពីខែកុម្ភៈ2019។

    លោកស្រី Harris ចូលរួមធ្វើការទាមទារដំឡើងប្រាក់ខែឱ្យបាន15ដុល្លារ/ម៉ោង ជូនកម្មករនៅ Las Vegas នៃរដ្ឋ Nevada កាលពីខែមិថុនា2019។

    លោកស្រី Harris អាំងសាច់ក្នុងពេលចូលរួមពិធីតាំងពិព័ណ៍មួយនៅ Des Moines រដ្ឋ Iowa ដែលស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយកាលពីខែសីហា2019។

    លោកស្រី Harris គាំទ្រសហគមន៍ LGBTQ (ជាសហគមន៍របស់មនុស្សភេទទី3) នៅក្នុងព្យុហយាត្រាមួយដែលមានឈ្មោះថា Pride នៅក្នុងទីក្រុង San Francisco នៃរដ្ឋ California។

    លោកស្រី Harris បានរៀបការជាមួយមេធាវី Douglas Emhoff កាលពីឆ្នាំ2014។ អ្នកទាំង2 មិនទាន់មានកូនជាមួយគ្នាទេ ប៉ុន្តែលោក Emhoff មានកូន2នាក់ជាមួយនឹងអតីតភរិយារបស់លោក។ គិតមកដល់ខែសីហា2019 គ្រួសាររបស់លោកស្រី Harris មានទ្រព្យសរុបប្រមាណជា5.8លានដុល្លារអាមេរិក។

    ក្រោយពីត្រូវបានជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីពីសំណាក់លោក Biden លោកស្រី Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ី និងអាហ្វ្រិកដំបូងគេដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតីដែលតំណាងឱ្យបក្សធំមួយនៅសហរដ្ឋអាមេរិក។ ដោយសារជាមនុស្សម្នាក់នៅមានកម្លាំងមាំមួន មានបទពិសោធន៍ច្រើនផ្នែកច្បាប់ និងនយោបាយ លោកស្រី Harris ត្រូវបានរំពឹងថានឹងនាំមកនូវ “ជំនោរថ្មី” សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខភាពប្រធានាធិបតី Joe Biden នៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕

    ប្រភព៖ Reuters, AP

  • ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំ

    ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំ

    ឪពុកបង្កើត រួមជាមួយនឹងម្ដាយចុងចំនួន3នាក់របស់ក្មេងប្រុសនេះ ត្រូវបានចាប់ខ្លួនក្រោយពីក្រុមអ្នក​ជួយ​សង្គ្រោះ​បានប្រទះឃើញជនរងគ្រោះត្រូវចងនឹងច្រវាក់នៅក្នុងក្រោលសត្វចិញ្ចឹម ព្រមទាំងមានរូបរាងស្គាំងស្គម និងបាក់កម្លាំងទៀតផង។

    បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមមេធាវីសិទ្ធិមនុស្ស កាលពីថ្ងៃទី9សីហា បុគ្គលិកជួយសង្គ្រោះមួយក្រុមបាននាំគ្នាទៅកាន់​ក្រោលសត្វចិញ្ចឹមនៅឯទីលំនៅរបស់កុមារនេះ ដែលស្ថិតក្នុងតំបន់ Badariya នៃប្រទេសនីហ្សេរីយ៉ា ហើយក៏បានរកឃើញជនរងគ្រោះកំពុងជាប់ច្រវាក់នៅទីនោះ។ ស្ថានភាពរបស់កុមាររូបនេះ ពិតជាគួរឱ្យអាណិតអាសូរ​ខ្លាំងណាស់ ដោយរូបរាងកាយ​មានសភាពទ្រុឌ​ទ្រោម​ ស្គមស្គាំង ដោយសារត្រូវបង្អត់អាហារ និងមិនអាចក្រោកឈរដោយខ្លួនឯងបាន។

    យោងតាម BBC កុមារនេះត្រូវបានចងទៅនឹងគំនរឈើមួយ និងទុកឱ្យរស់នៅជាមួយសត្វមាន់​ និងពពែអស់រយៈពេល2ឆ្នាំ។ Hamza Attahiru Wala ដែលជាប្រធានក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា គ្រួសាររបស់ក្មេងប្រុសនេះ រួមមានឪពុកបង្កើត និងម្ដាយចុង3នាក់ កំពុងរស់នៅយ៉ាងសុខស្រួល និងមានជីវភាពល្អ ជាមួយនឹងកូនៗចំនួន17នាក់ផ្សេងទៀតនៅក្នុងផ្ទះ។ ពួកគេបានឱ្យដឹងថា ម្ដាយបង្កើតរបស់កុមាររងគ្រោះនេះ បានស្លាប់កាល​ពី​2​ឆ្នាំ​មុនមកម្លេះ។

    ដោយសារតែត្រូវបង្អត់អាហារ កុមាររងគ្រោះក៏ត្រូវបង្ខំចិត្ត ហូបស្មៅ និងអាហារផ្សេងៗដែលជារបស់សត្វពពែដើម្បីចម្អែក​ក្រពះ​។

    ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំក្រោយពីបានរំដោះជនរងគ្រោះ ក្រុមអ្នកជួយសង្គ្រោះក៏បាននាំកុមារនេះទៅកាន់មន្ទីរពេទ្យនៅ Birnin Kebbi ជាកន្លែងដែលក្មេងនេះត្រូវបញ្ជូនចូលបន្ទប់ថែទាំពិសេស។

    Nafi’u Abubakar ដែលជាមន្ត្រីផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមជួយសង្គ្រោះ បានថ្លែងថា៖ “ក្រុមរបស់យើង បានចាប់ខ្លួន Jibrin Aliyu ដែលជាឪពុកបង្កើតរបស់កុមាររងគ្រោះ រួមនឹងប្រពន្ធ3នាក់របស់បុរសនេះ ក្រោមបទល្មើស “ដាក់ច្រវាក់ និងឃុំឃាំងកូនរបស់ខ្លួនក្នុងក្រោលសត្វជាង2ឆ្នាំ។ យើងកំពុងតែបន្តស៊ើបអង្កេតលើ​ករណី​នេះ”។

    បងប្រុសម្នាក់របស់កុមាររងគ្រោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា កុមាររងគ្រោះនេះមានជំងឺឆ្កួតជ្រូក (តំបន់ខ្លះហៅថា ជំងឺប្រកាច់ជ្រូក) ហើយគ្រួសារក៏ចងកុមារនេះឱ្យនៅមួយកន្លែងដើម្បីកុំឱ្យដើរវង្វេងបាត់ពីផ្ទះ។ បុរសដែលជាបងប្រុសរបស់កុមាររងគ្រោះបាននិយាយបន្ត​ថា ប្អូនរបស់ខ្លួនត្រូវចងតែពេលថ្ងៃប៉ុណ្ណោះ។ ក្រុមគ្រួសារនេះក៏បានអះអាងថា ធ្លាប់បានលក់ផ្ទះ លក់មធ្យោបាយធ្វើដំណើរផ្សេង​ៗ​ដើម្បីយកប្រាក់មកព្យាបាលជំងឺឱ្យកុមារនេះទៀតផង៕

    ប្រភព៖ Mail

  • កំពូលតារាសិល្បៈទាំង10រូបដែលពូកែរកប្រាក់បំផុតលើលោក នៅក្នុងវិស័យសិល្បៈនាឆ្នាំ2020

    កំពូលតារាសិល្បៈទាំង10រូបដែលពូកែរកប្រាក់បំផុតលើលោក នៅក្នុងវិស័យសិល្បៈនាឆ្នាំ2020

    Dwayne Johnson ដែលជាតារាសម្ដែងជនជាតិអាមេរិកាំងដើមកំណើតកាណាដា រកបានប្រាក់ច្រើនជាងគេបង្អស់ក្នុងឆ្នាំកន្លងទៅ ជាមួយនឹងខ្ទង់ចំណូលជិត88លានដុល្លារអាមេរិក និងតាមពីក្រោយដោយតារាសម្ដែងកំពូលៗដូចជា Ryan Reynolds, Ben Affleck និង Vin Diesel ជាដើម។ល។

    1. Dwayne Johnson (ជនជាតិ​កាណាដា ដើម​កំណើត​អាមេរិកាំង) ៖ 87.5លានដុល្លារ

    តារាសម្ដែងរបស់ Hobbs and Shaw បានឈរលើកំពូលតារាងរយៈពេល2ឆ្នាំជាប់ៗគ្នានៅក្នុងតារាងចំណាត់ថ្នាក់តារាសម្ដែងប្រុសដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក នេះបើតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes។ កំពូលតារាសិល្បៈវ័យ48ឆ្នាំរូបនេះ រកបាន23.5លានដុល្លារពីការសម្ដែងក្នុងខ្សែភាពយន្ត រឿង Red Notice ដែលជិតចាប់បញ្ចាំងនៅលើ Netflix នាពេលដ៏ខ្លីខាងមុខ។ ក្រៅពីនេះ Dwayne Johnson ក៏ទទួលបានជោគជ័យច្រើនជាមួយនឹងក្រុមហ៊ុនសម្លៀកបំពាក់ Project Rock ផងដែរ។

    2. Ryan Reynolds (កាណាដា) ៖ 71.5លានដុល្លារ

    តារាសម្ដែងរបស់ Deadpool រកបានចំណូលតិចជាង Dwayne Johnson ប្រមាណ 6លានដុល្លារប៉ុណ្ណោះ នៅឆ្នាំមុន។ Ryan Reynolds រកបានចំណូលច្រើនជាងគេពីខ្សែភាពយន្តចំនួន2 គឺ Six Underground និង Red Notice។ Ryan Reynolds ក៏នឹងជាតារាសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីរបស់ Netflix ដែលកំពុងត្រៀមបង្ហាញខ្លួននាពេលខាងមុខផងដែរ។

    3. Mark Wahlberg (អាមេរិកាំង) ៖ 58លានដុល្លារ

    ខ្សែភាពយន្ត Spenser Confidential របស់ Mark Wahlberg ទទួលបានជោគជ័យធំ នៅពេលបានបញ្ចាំងក្នុងឆ្នាំនេះ ហើយក៏បានក្លាយជាខ្សែភាពយន្តដែលទាក់ទាញអ្នកចូលទស្សនាច្រើនបំផុតនៅលើទំព័រ Netflix។ តារាសម្ដែងរូបនេះ ក៏រកបានប្រាក់ចំណេញច្រើនពីខ្សែភាពឯកសារចំនួន2ដែលលោកបានផលិត នោះគឺ McMillions និង Wahl Street។

    4. Ben Affleck (អាមេរិកាំង) ៖ 55លានដុល្លារ

    តារាវ័យ47ឆ្នាំ Ben Affleck បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើនក្នុងឆ្នាំនេះ ក្នុងនោះមានខ្សែភាពយន្ត The Last Thing He Wanted និង The Way Back ផងដែរ។

    5. Vin Diesel (អាមេរិកាំង) ៖ 54លានដុល្លារ

    Vin Diesel រកបានចំណូលច្រើនសន្ធឹកពីវគ្គទី9 នៃខ្សែភាពយន្តរឿង Fast & Furious (បច្ចុប្បន្នត្រូវបានពន្យារពេលដល់ឆ្នាំ2021 ទើបចាប់ញ្ចាំង ដោយសារតែCOVID-19)។ បុរសរូបនេះ ក៏ជាផលិតករនៃភាពយន្តជីវចលន៍ រឿង Fast & Furious Spy Races ដែលបញ្ចាំងនៅលើទំព័រ Netflix។ ដើមឆ្នាំនេះ Vin Diesel ថែមទាំងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Bloodshot ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការថត។

    ក្រៅពីតារាសម្ដែងខាងលើដែលស្ថិតក្នុង Top 5 នៃតារាងចំណាត់ថ្នាក់របស់ Forbes ក៏មានតារាចំនួន5ដួងផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Top 10 របស់ទស្សនាវដ្ដីនេះ រួមមាន៖

    6. Akshay Kumar (ជនជាតិកាណាដា ដើមកំណើតឥណ្ឌា) ៖ 48.5 លានដុល្លារ

    7. Lin-Manuel Miranda (ជនជាតិអាមេរិកាំង) ៖ 45.5 លានដុល្លារ

    8. Will Smith (អាមេរិកាំង) ៖ 44.5 លានដុល្លារ

    9. Adam Sandler (អាមេរិកាំង) ៖ 41 លានដុល្លារ

    10. Jackie Chan (ឈ្មោះដើម Chan Kong-sang ខ្មែរហៅថាឈិនឡុង ជាជនជាតិចិនហុងកុង) ៖ 40 លានដុល្លារអាមេរិក

    ប្រភព​៖ Forbes

  • ផ្អើលភូមិ!! ទស្សនារូបភាពអ្នកស្រុកឥណ្ឌូនេស៊ី ចាប់បាន “ក្រពើបិសាច ប្រវែង 4ម៉ែត្រកន្លះ” ទម្ងន់ជាងកន្លះតោន ក្រោយជាប់សំណាញ់ផ្លែឡាម

    ផ្អើលភូមិ!! ទស្សនារូបភាពអ្នកស្រុកឥណ្ឌូនេស៊ី ចាប់បាន “ក្រពើបិសាច ប្រវែង 4ម៉ែត្រកន្លះ” ទម្ងន់ជាងកន្លះតោន ក្រោយជាប់សំណាញ់ផ្លែឡាម

    ក្លាយជារឿងល្បីល្បាញភ្លាមៗឡើងតែម្ដង នៅពេលរូបភាពរថយន្តគ្រឿងចក្រចូកដី ពណ៌លឿងស្រស់ 1គ្រឿង កំពុងដឹកក្រពើយក្ស 1ក្បាលប្រវែង 4ម៉ែត្រកន្លះ និងទម្ងន់ជាងកន្លះតោន បើកទៅតាមផ្លូវ មុននឹងដឹកយកទៅកាត់ក្បាល ចេញពីដងខ្លួន ហើយកប់ដោយឡែកពីគ្នា តាមជំនឿរបស់អ្នកស្រុកកោះបាំងកា បេលីទុង ក្រោយពីសត្វក្រពើយក្ស អាយុ 50ឆ្នាំ 1ក្បាលនេះ ធ្លាប់បានសាងក្ដីភិតភ័យខ្លាចដល់ពួកអ្នកស្រុក បានបណ្ដែតខ្លួនមកជាប់សំណាញ់ដែលមានបំពាក់ផ្លែឡាម កាលពីព្រលប់ថ្ងៃចន្ទ សប្ដាហ៍មុន។

    សារព័ត៌មាន ដេលី មេល របស់ប្រទេសអង់គ្លេស បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី11សីហា)ថា “ក្រពើបិសាច” ដែលជារហស្សនាមរបស់សត្វក្រពើខ្នាតធំមួយ ត្រូវចាប់បានដោយអ្នកស្រុកនៅលើកោះបាំងកា បេលីទុង តាមដងទន្លេខេយូបេស៊ី កាលពីពេលព្រលប់ថ្ងៃចន្ទ ទី3 សីហា បន្ទាប់ពីវាហែលមកជាប់អន្ទាក់សំណាញ់បំពាក់ផ្លែឡាម ដែលពួកអ្នកស្រុកបានដាក់ និងបានដឹងថា សត្វក្រពើដ៏ធំនេះ មានទម្ងន់ជាងកន្លះតោន និងមានប្រវែងខ្លួនប្រមាណជា 4ម៉ែត្រកន្លះ និងស្លាប់ 2ថ្ងៃមកហើយ ដោយសារតែភាពនឿយហត់។ ហើយរឿងរ៉ាវនេះ បានក្លាយជាព័ត៌មានល្បីល្បាញជាទូទៅ នៅពេលមានការបង្ហោះរូបភាពការដឹកជញ្ជូនសត្វក្រពើយក្សបែបមិនធម្មតាមួយនេះ ឆ្ពោះទៅកាន់រណ្ដៅ ដើម្បីកប់។ ដោយសារតែ អាក្រពើបិសាច 1ក្បាលនេះ មានទម្ងន់សរុបដល់ទៅជាងកន្លះតោននោះ ធ្វើឱ្យអ្នកស្រុកត្រូវប្រើរថយន្តគ្រឿងចក្រចូកដី ដែលមានសាកសពសត្វក្រពើដេកនៅលើដៃចូក និងបើកបរទៅតាមដងផ្លូវ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកដែលបានឃើញ និងមានកងទ័ពម៉ូតូជាច្រើនគ្រឿងបើកហែហមលើកទឹកចិត្តតាមពីក្រោយ។

    យ៉ាងណាក្ដី សារព័ត៌មានដដែល បានបញ្ជាក់ថា អ្នកស្រុកបានបដិសេធក្នុងការប្រគល់សាកសពសត្វក្រពើយក្ស 1នេះទៅឱ្យក្រុមអ្នកការពារ និងអនុរក្សធម្មជាតិ កោះបាំងកា បេលីទុង ដោយសារតែជឿថា ភូមិស្រុកនឹងធ្លាក់ក្នុងភាពគ្រោះថ្នាក់ បើវាត្រូវបានបញ្ជូនទៅកន្លែងផ្សេង។

    ដេលី មេល បានរាយការណ៍ទៀតថា មុននឹងកប់ មានការកាប់ផ្ដាច់ក្បាលសត្វក្រពើនេះ បំបែកចេញពីដងខ្លួន ដើម្បីធ្វើការកប់ដាច់ដោយឡែកពីគ្នា ព្រោះតាមជំនឿអំពីដួងវិញ្ញាណរបស់អ្នកស្រុកនោះ បើមិនធ្វើបែបហ្នឹងទេ ដួងវិញ្ញាណបិសាចក្រពើ នឹងត្រឡប់មកលងបន្លាចម្ដងទៀត។

    អាជ្ញាធរ បានធ្វើការវះកាត់ធ្វើកោសល្យវិច័យសាកសពសត្វក្រពើនោះ ហើយបានដឹងថា ក្រពើ 1ក្បាលនេះ មានអាយុប្រមាណជា 50ឆ្នាំ និងគ្មានសល់ធ្មេញនៅក្នុងមាត់ឡើយ រួចហើយការកប់ជាផ្លូវការ បានចាប់ផ្ដើមឡើង ក្រោយពីមនុស្សនៅក្នុងភូមិបានចូលរួមក្នុងពិធីរួចរាល់៕

    ប្រភព៖ សាព័ត៌មានបរទេស

  • WHO ចង់ពិនិត្យទិន្នន័យស្ដីអំពីសុវត្ថិភាពនៃវ៉ាក់សាំងCOVID-19 របស់រុស្ស៊ី

    WHO ចង់ពិនិត្យទិន្នន័យស្ដីអំពីសុវត្ថិភាពនៃវ៉ាក់សាំងCOVID-19 របស់រុស្ស៊ី

    ក្រោយពីប្រទេសរុស្ស៊ី បានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 កាលពីម្សិលមិញ (11សីហា) អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសថា វ៉ាក់សាំងCOVID-19 គ្រប់ប្រភេទ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យទិន្នន័យសុវត្ថិភាព ទើបត្រូវបានទទួលស្គាល់​ជា​ផ្លូវ​ការ​។

    “យើងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលរុស្ស៊ី ហើយក៏កំពុងពិភាក្សាអំពីបញ្ហាដែលថា តើវ៉ាក់សាំងនេះមានលក្ខណគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងស្ដង់ដារបស់អង្គការសុខភាពពិភពលោកដែរ ឬអត់” អ្នកនាំពាក្យរបស់ WHO លោក Tark Jasarevic បានថ្លែងដូច្នេះ ក្រោយពីរុស្ស៊ីបានប្រកាសថា ខ្លួនជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 របស់ប្រទេសនេះ ថា “មានសមត្ថភាពយូរអង្វែង” ក្នុងការទប់ស្កាត់COVID-19។

    លោក Tark Jasarevic បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី11សីហា នៅទីក្រុងហ្សឺណែវថា៖ “ការទទួលស្គាល់ជាផ្លូវការស្ដីអំពីគុណភាពនៃវ៉ាក់សាំងគ្រប់ប្រភេទ គឺរួមមានទាំង​ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាង​ម៉ត់​ចត់ទៅលើរាល់ទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាព (របស់​វ៉ាក់​សាំង​) ទៅតាមតម្រូវការ”។

    វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ត្រូវបានរកឃើញ និង​អភិវឌ្ឍ​ដោយមន្ទីរស្រាវជ្រាវ Gamaleya សហការជាមួយក្រសួងការពារជាតិរុស្ស៊ី។ យោងតាម WHO បច្ចុប្បន្ន ពិភពលោកមានវ៉ាក់សាំង COVID-19 សរុប 168ប្រភេទដែលកំពុងត្រូវបានអភិវឌ្ឍ ក្នុងនោះមាន28ប្រភេទកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើមនុស្ស និងក្នុងដំណាក់កាលផ្សេងៗគ្នា។ ក្នុងចំណោមវ៉ាក់សាំងចំនួន28ប្រភេទដែលកំពុងប្រើប្រាស់សាកល្បង ក៏មានវ៉ាក់ចំនួន6ប្រភេទកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 ដែលធ្វើឡើងជា​ទ្រង់​ទ្រាយ​ធំ​នៅលើមនុស្ស។

    វ៉ាក់សាំងរបស់ Gamaleya (រុស្ស៊ី) នេះ ក៏ស្ថិតក្នុងចំណោមវ៉ាក់សាំងទាំង28ប្រភេទដែលកំពុងទទួលការវាយតម្លៃ និងចុះបញ្ជីនៅក្នុងដំណាក់កាលទី1។

    លោក Kirill Dmitriev មេដឹកនាំមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលជាស្ថាប័នផ្ដល់ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងខាងលើ បានឱ្យដឹងថា ដំណាក់កាលទី3នឹងត្រូវចាប់ផ្ដើមធ្វើ​ឡើង​ក្នុងថ្ងៃនេះ (12​សីហា)។ តាមគម្រោង ការផលិតវ៉ាក់សាំងនេះនឹងត្រូវចាប់ផ្ដើមក្នុងខែកញ្ញាខាងមុខ។

    គិតមកដល់ពេលនេះ វ៉ាក់សាំង​ប្រឆាំង​ COVID-19 របស់រុស្ស៊ី ទទួលបានការបញ្ជាទិញសរុបជាង1ពាន់លានឈុត ពីប្រទេសចំនួន20ក្នុងពិភពលោក៕

    ប្រភព៖ AFP

  • អ្នក​ជំងឺ​COVID-19 កំពុង​ព្យាបាល​នៅ​កម្ពុជា​កើន​ឡើង​ដល់​48​នាក់​ ក្រោយ​រកឃើញ​2​ករណី​ទៀត​

    អ្នក​ជំងឺ​COVID-19 កំពុង​ព្យាបាល​នៅ​កម្ពុជា​កើន​ឡើង​ដល់​48​នាក់​ ក្រោយ​រកឃើញ​2​ករណី​ទៀត​

    ក្រសួងសុខាភិបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​12​សីហា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ឆ្លងវីរុស​COVID-19 ចំនួន​2​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​កំពុង​ផ្ទុក​វីរុស​នៅ​កម្ពុជា​ កើន​ឡើង​ដល់​48​នាក់​។

    គិត​ត្រឹម​ព្រឹក​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន​268​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន​220​នាក់​បាន​ជា​សះស្បើយ​ និង​48​នាក់​កំពុង​ទទួល​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ដែល​ត្រូវ​បាន​រាយ​ការណ៍​ជា​ផ្លូវ​ការ​នៅ​ឡើយ​។

    តំបន់​ចំនួន​3​ ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ច្រើន​ជាង​គេ​ រួម​មាន​ រាជ​ធានី​ភ្នំ​ពេញ​រកឃើញ​170​នាក់ ខេត្ត​ព្រះសីហនុ​រកឃើញ​40​នាក់​ និង​កំពុង​ចាម​រកឃើញ16​នាក់​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ខេត្ត​ជា​ច្រើន​ទៀត​ដែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ រួម​មាន​ ខេត្ត​បាត់​ដំបង ត្បូង​ឃ្មុំ សៀម​រាប បន្ទាយ​មាន​ជ័យ កែប កំពង់ឆ្នាំង​ កណ្ដាល កោះ​កុង កំពត និង​ព្រះវិហារ​ផងដែរ​។