Author: សឿន សំណាង

  • ដោយនាំយកខ្សែ​ភាពយន្តតុក្កតាពីប្រទេសជប៉ុនមកលក់នៅប្រទេសចិន អ្នកជំនួញនេះបង្កើតបានក្រុមហ៊ុនមួយដែលមានចំណួលនិងចំណេញខ្ពស់ជាងមុន300% ក្នុងរយៈពេលតែ3ឆ្នាំ

    ដោយនាំយកខ្សែ​ភាពយន្តតុក្កតាពីប្រទេសជប៉ុនមកលក់នៅប្រទេសចិន អ្នកជំនួញនេះបង្កើតបានក្រុមហ៊ុនមួយដែលមានចំណួលនិងចំណេញខ្ពស់ជាងមុន300% ក្នុងរយៈពេលតែ3ឆ្នាំ

    ប្រាក់ចំណេញក្នុងឆ្នាំសារពើពន្ធ2019 ដែលបញ្ចប់នៅក្នុងខែមីនា2019 របស់ Medialink បានកើនឡើង12% ដែលស្មើនឹង106លានដុល្លារហុងកុង (14លានដុល្លារអាមេរិក)។ ចំណូលរបស់ក្រុមហ៊ុនក៏កើនឡើងជាង50% ស្មើនឹង476លានដុល្លារហុងកុង។ រយៈពេល3ឆ្នាំ គិតមកដល់ឆ្នាំ2019 ទាំងប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Medialink សុទ្ធតែកើនឡើងជិត300%។

    កាលពីខែមករា2020 អ្នកជំនួញ Lovinia Chiu បានត្រលប់ពីសហរដ្ឋអាមេរិកមកកាន់ហុងកុងដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមនៅទូទាំងពិភពលោក នោះគឺការរកវិធីដើម្បីបញ្ចៀសការបិទក្រុមហ៊ុននៅក្នុងរដូវ COVID-19។

    ក្រុមហ៊ុន Medialink របស់អ្នកស្រី Lovinia Chiu បាននិងកំពុងផ្ដោតទៅលើការទិញកម្មសិទ្ធិបញ្ញាផ្នែកគំនូរជីវចលន៍ពីប្រទេសជប៉ុន មកលក់ឱ្យដៃគូនានានៅប្រទេសចិនដើម្បីទទួលបានចំណាញ។

    អ្នកស្រី Lovinia Chiu បានឱ្យដឹងថា៖ នៅក្នុងសម័យ COVID-19 នេះ យើងមិនអាចទៅពិភាក្សាជាមួយអតិថិជន ដូច្នេះហើយ ឱកាសរកស៊ីមួយចំនួនត្រូវបានបាត់បង់”។

    បច្ចុប្បន្ន ប្រាក់ចំណូលប្រមាណជា80% របស់ក្រុមហ៊ុន Medialink គឺបានមកពីការទិញកម្មសិទ្ធនៃភាពយន្តគំនូរជីវចលន៍ពីប្រទេសជប៉ុន មកលក់ឱ្យក្រុមហ៊ុនធំៗនៅប្រទេសចិន ក្នុងនោះមានដូចជាក្រុមហ៊ុន Bilibili និង iQiyi ជាដើម។ល។

    ក្រុមហ៊ុន Medialink ឱ្យដឹងថា នៅក្នុងឆ្នាំសារពើពន្ធ2020ដែលបានបញ្ចប់ក្នុងខែមីនា2020កន្លងទៅ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានថយចុះ1/3 នៅសល់ត្រឹម315លានដុល្លារហុងកុង ដែលស្មើនឹង40លានដុល្លារអាមេរិក។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏ថយចុះ66% នៅសល់ត្រឹម36លានដុល្លារហុងកុង។

    មុនពេល COVID-19 មកដល់ ប្រាក់ចំណេញក្នុងឆ្នាំសារពើពន្ធ2019 ដែលបញ្ចប់នៅក្នុងខែមីនា2019 របស់ Medialink បានកើនឡើង12% ដែលស្មើនឹង106លានដុល្លារហុងកុង (14លានដុល្លារអាមេរិក)។ ចំណូលរបស់ក្រុមហ៊ុនក៏កើនឡើងជាង50% ស្មើនឹង476លានដុល្លារហុងកុង។ រយៈពេល3ឆ្នាំ គិតមកដល់ឆ្នាំ2019 ទាំងប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Medialink សុទ្ធតែកើនឡើងជិត300%។

    ការលក់មូលបត្រ (IPO) ដំបូងរបស់ Medialink កាលពីឆ្នាំ2019 តម្លៃមូលបត្ររបស់ក្រុមហ៊ុននេះបានឡើងថ្លៃ15ដង បើធៀបនឹងតម្លៃលក់ដំបូង ដែលនេះបានជួយឱ្យទុនសរុបរបស់ Medialink កើនដល់600លានដុល្លារហុងកុង (77,417,880 ដុល្លារអាមេរិក)។

    ក៏ប៉ុន្តែ ដោយសារតែ COVID-19 ពេលនេះ Medialink ត្រូវគិតដល់ការបង្កើតផ្សារអនឡាញដើម្បីដាក់លក់ផលិតផលដែលទាក់ទងនឹងយីហោភាពយន្តតុក្កតា ដូចជាសម្លៀកបំពាក់ ប្រដាប់ប្រដាលេងកម្សាន្ត និងផលិតផលិតផ្សេងៗទៀត។

    បច្ចុប្បន្ន ប្រទេសចិនគឺជាទឹកដីដែលមានសក្ដានុពលសម្រាប់ Medialink ក្នុងការវាយលុកទីផ្សារ ពិសេសគឺក្រុមយុវជនក្មេងៗ និងកុមារដែលរងឥទ្ធិពលពីខ្សែភាពយន្តជីវចលន៍ជប៉ុន។

    ឆ្នាំ2018 ជំនួញផ្នែកភាពយន្តតុក្កតា សៀវភៅរឿងព្រេង ហ្គេមអេឡិចត្រូនិច និងផលិតផលនានាដែលទាក់ទិននឹងវា ដែលត្រូវបានហៅថា ACG រកបានចំណូលសរុប6.9ពាន់លានដុល្លារអាមេរិកពីអ្នកគាំទ្រជាង400លាននាក់នៅប្រទេសចិន ដែលតួលេខនេះបានកើន10% ធៀបនឹងឆ្នាំ2017។

    អំពីស្ថាបនិករបស់ក្រុមហ៊ុន Medialink៖

    បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Shue Yan នៅហុងកុងកាលពីឆ្នាំ1987 អ្នកស្រី Chiu ក៏បានធ្វើជាលេខាផ្នែកទីផ្សារឱ្យក្រុមហ៊ុនផ្សព្វផ្សាយតូចមួយ។ ក្រោយមក អ្នកស្រីក៏បានក្លាយជានាយកផ្នែកជំនួញនៅក្រុមហ៊ុន Star TV នៅទីក្រុងហុងកុងក្នុងឆ្នាំ1993។

    អ្នកស្រី Lovinia Chiu

    ប៉ុន្តែ 1ឆ្នាំក្រោយមក អ្នកស្រីក៏បានសម្រេចចិត្តបោះបង់ការងារនោះ ហើយប្រើប្រាស់ខ្ទង់ប្រាក់100,000ដុល្លារហុងកុង (12,900ដុល្លារអាមេរិក) ដើម្បីបង្កើត Medialink។ បច្ចុប្បន្ន ភាគហ៊ុនដែលស្ថាបនិក Chiu កំពុងកាន់កាប់ក្នុងក្រុមហ៊ុន Medialink មានតម្លៃឡើងដល់ជាង20លានដុល្លារអាមេរិក។

    ជំនួញដំបូងរបស់សេដ្ឋិនី Chiu នោះគឺការទិញកម្មសិទ្ធិបញ្ហារបស់ខ្សែភាពយន្តជីវចលន៍មួយរបស់ប្រទេសកាណាដា ប៉ុន្តែ ភ្លាមៗនោះ អ្នកស្រីបានដឹងច្បាស់ថាការពេញនិយមភាពយន្តតុក្កតាជប៉ុននៅប្រទេសចិនទើបជា “ទឹកដីដ៏មានជីជាតិ” សម្រាប់អ្នកស្រី។ ឆ្នាំ1994 អ្នកជំនួញរូបនេះបានចំណាយពេល5ថ្ងៃនៅរាជធានីតូខ្យូ (Tokyo) ដើម្បីពិភាក្សាជាមួយដៃគូរកស៊ី។

    នៅក្នុងគ្រានោះ ផលិតកម្មនានាដែលមានជំនាញខាងផលិតភាពយន្តគំនូរជីវចលន៍នៅជប៉ុន សុទ្ធតែមិនសូវមានទំនុកចិត្តជាមួយនឹង Startup វ័យក្មេងដូចជា Chiu។ និយាយដល់រឿងនេះ អ្នកស្រី Chiu ប្រាប់ថា “ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់” កាលពីពេលនោះ។

    រហូតដល់ជិត1ឆ្នាំក្រោយមក ទើបអ្នកជំនួញរូបនេះ រកបានដៃគូ និងការជួញដូរជាលើកដំបូងសម្រាប់ Medialink នៅប្រទេសជប៉ុន នោះគឺការទទួលបានសិទ្ធិចែកចាយផ្ដាច់មុខពីផលិតកម្ម Sogo Vision។ អ្នកស្រីថ្លែងថា ជោគជ័យនេះគឺបានមកដោយសារមានការយល់ដឹងទូលំទូលាយអំពីទីផ្សារភាពយន្តតុក្កតា និងចំណង់ចំណូលចិត្តរបស់ក្រុមយុវវ័យ និងកុមារនៅប្រទេសចិន។

    ប៉ុន្មានឆ្នាំក្រោយមកទៀត Medialink ក៏បង្កើតបានបញ្ជីឈ្មោះដៃគូរបស់ខ្លួននៅជប៉ុន ក្នុងនោះក៏មានក្រុមហ៊ុន Aniplex, Avex Pictures និង Kadokawa Corp ផងដែរ។ គិតមកដល់ចុងឆ្នាំ2019 Medialink បានកាន់កាប់កម្មសិទ្ធិនៃខ្សែភាពយន្តគំនូរជីវចលន៍ចំនួន386រឿង។

    ជោគជ័យរបស់ Medialink ក៏មានការរួមចំណែកពីប្អូនស្រីរបស់អ្នកស្រី Chiu ផងដែរ នោះគឺនាង Noletta។ នាង Noletta បានចូលធ្វើការឱ្យក្រុមហ៊ុននេះចាប់ពីឆ្នាំ1994 ក្រោយពីបានបញ្ចប់ការសិក្សាផ្នែកភាពយន្ត និងថតរូបនៅសាលា Southerns Illinois University សហរដ្ឋអាមេរិក។

     ដោយនាំយកភាពយន្តតុក្កតាពីប្រទេសជប៉ុនមកលក់នៅប្រទេសចិន អ្នកជំនួញនេះបង្កើតបានក្រុមហ៊ុនមួយដែលមានចំណួលនិងចំណេញខ្ពស់ជាងមុន300% ក្នុងរយៈពេលតែ3ឆ្នាំ
    Lovinia Chiu និង Lovinia Noletta

    Noletta ដែលបច្ចុប្បន្នជានាយិកាផ្នែកចែកចាយរបស់ Medialink ថ្លែងថា៖ “កាលនោះ ខ្ញុំមិនយល់អ្វីអំពីជំនួញកម្មសិទ្ធិបញ្ហាផ្នែកភាពយន្តគំនូរជីវចលន៍អ្វីសោះឡើយ។ យើងត្រូវស្រាវជ្រាវដោយខ្លួនឯងជាជំហានៗ”។

    ក្រៅពីភាពយន្តគំនូរជីវចលន៍ បច្ចុប្បន្ន Medialink ថែមទាំងធ្វើជំនួញផ្នែកកម្មសិទ្ធិរូបថតរបស់តួអង្គក្នុងខ្សែភាពយន្តតុក្កតានានាដែលបោះពុម្ភនៅលើផលិតផលផ្សេងៗផងដែរ ដូចជាឧបករណ៍សម្រាប់លេងកម្សាន្ត សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាដើម។ គិតមកដល់ឆ្នាំ2019 Medialink មានទំនិញបែបនេះប្រមាណជា114មុខ កំពុងដាក់លក់ក្នុងទីផ្សារ។ ក្រៅពីប្រទេសចិន Medialink ក៏មានមុខជំនួញដូចគ្នានេះនៅប្រទេសជាច្រើនទៀត ដូចជាម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃជាដើម។

    តាមគម្រោង Medialink នឹងដំណើរការគេហទំព័រមួយដែលដាក់លក់ផលិតផលដែលមានភ្ជាប់រូបភាពមានកម្មសិទ្ធិនៃតួអង្គក្នុងខ្សែភាពយន្តគំនូរជីវចលន៍ផ្សេងៗនាពេលដ៏ខ្លីខាងមុខ៕

    ប្រភព៖ Forbes

     

  • រដ្ឋមន្ត្រីបារាំង ចេញមុខការពារសិទ្ធិអាក្រាតកាយពេលលម្ហែនៅលើឆ្នេរសមុទ្រ ក្រោយពីមានមន្ត្រីមួយចំនួនស្នើឱ្យពលរដ្ឋបិទបាំងដើមទ្រូង

    រដ្ឋមន្ត្រីបារាំង ចេញមុខការពារសិទ្ធិអាក្រាតកាយពេលលម្ហែនៅលើឆ្នេរសមុទ្រ ក្រោយពីមានមន្ត្រីមួយចំនួនស្នើឱ្យពលរដ្ឋបិទបាំងដើមទ្រូង

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង ថ្មីៗនេះបានចេញមុខជំទាស់ទៅនឹងសំណើរបស់មន្ត្រីកងអាវុធហត្ថដែលបានស្នើឱ្យពលរដ្ឋជាស្ត្រី បិទបាំងដើមទ្រូងនៅពេលដេកលម្ហែកាយហាលថ្ងៃនៅលើឆ្នេរសមុទ្រភាគខាងត្បូងប្រទេសនេះ។

    កាលពីសប្ដាហ៍មុន នៅឯស្រុក Sainte-Marie-la-Mer ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) មន្ត្រីអាវុធហត្ថរបស់បារាំងមួយក្រុមបានស្នើឱ្យក្រុមស្ត្រីអាក្រាតកាយមួយចំនួនដែលកំពុងដេកហាលថ្ងៃ ឱ្យបិទបាំងដើមទ្រូងឡើងវិញ បន្ទាប់ពីមានការត្អូញត្អែរពីក្រុមគ្រួសារមួយ។

    ក្រុមមន្ត្រីអាវុធហត្ថខាងលើបានទទួលស្គាល់ថា ការស្នើនេះហាក់មិនត្រឹមត្រូវ ប៉ុន្តែពួកគេឱ្យដឹងថា នេះគ្រាន់តែជាដំណោះស្រាយមួយដើម្បីសម្រួលស្ថានការណ៍នាពេលនោះតែប៉ុណ្ណោះ ព្រមទាំងបានអះអាងថា មិនមានច្បាប់ណាមួយហាមមិនឱ្យពលរដ្ឋអាក្រាតកាយដេកហាលថ្ងៃនៅទីរួមស្រុកនេះទេ។

    យ៉ាងណាក៏ដោយ សកម្មភាពរបស់ក្រុមមន្ត្រីអាវុធហត្ថខាងលើ បានធ្វើឱ្យមានរលកប្រតិកម្ម និងរិះគន់ជាច្រើនលើបណ្ដាញសង្គម ដែលនៅទីនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានដាក់សំណួរថា តើទម្លាប់អាក្រាតកាយក្នុងពេលដេកហាលថ្ងៃនេះ វាបានដើរហួសព្រំដែនហើយឬនៅ?

    អ្នកលេងបណ្ដាញសង្គមម្នាក់បានសរសេរថា “តើ Sainte-Marie-la-Mer ពេលនេះ បានក្លាយទៅជាអារ៉ាប់ប៊ីសាអូឌីតហើយមែនទេ?” ខណៈដែលអ្នកផ្សេងបញ្ចេញមតិអំពី “ការរឹតត្បិត” និងការកំណត់ “របៀបរបប” ស្លៀកពាក់ដែលហាក់កំពុងកើនឡើងនៅប្រទេសបារាំង។

    ក្រោយពីហេតុការណ៍ខាងលើបានកើតឡើង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានចេញមុខការពារសិទ្ធិអាក្រាតកាយលម្ហែប្រាណនៅលើឆ្នេរសមុទ្ររបស់ពលរដ្ឋបារាំង។

    លោក Gerald Darmanin បានសរសេរនៅលើបណ្ដាញសង្គមថា “ពិតជាមានកំហុសឆ្គង នៅពេលស្ត្រីទាំងនោះត្រូវបានព្រមានដោយសារតែវិធីស្លៀកពាក់របស់ខ្លួន”។ លោក Gerald Darmanin បន្តថា “សេរីភាពគឺជាប្រការដែលមិនអាចកាត់ថ្លៃបាន។ ចំណែកការដែលក្រុមមន្ត្រីទាំងនោះ បានទទួលស្គាល់ថាមានកំហុស នោះគឺជារឿងធម្មតា”។

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin

    រីឯអ្នកនាំពាក្យរបស់កងកម្លាំងអាវុធហត្ថបារាំង លោកស្រី Maddy Scheurer បានថ្លែងថា៖ “គ្រប់គ្នានឹងតែងតែឃើញខ្ញុំស្លៀកពាក់ឈុតខោអាវយោធា។ ប៉ុន្តែ ការអាក្រាតកាយហាលថ្ងៃគឺជាសកម្មភាពស្របច្បាប់នៅឆ្នេរសមុទ្រ Sainte-Marie-la-Mer។ ក្រុមមន្ត្រីអាវុធហត្ថ2រូបនោះ បានធ្វើសកម្មភាពប្រកបដោយកំហុសឆ្គង បើទោះក្នុងបំណងល្អណាមួយក៏ដោយ”។

    ការលែងខ្លួនហាលថ្ងៃនៅប្រទេសបារាំង មិនមែនជាសកម្មភាពខុសច្បាប់ និងមិនត្រូវបានគេចាត់ទុកថាជាការទាក់ទាញអារម្មណ៍ផ្លូវភេទនោះទេ បើទោះបីជាត្រូវបានហាមឃាត់នៅក្នុងតំបន់មួយចំនួនក៏ដោយ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទម្លាប់អាក្រាតកាយខាងលើហាក់មានការថយចុះ។

    ការស្ទង់មតិជាច្រើនបានបង្ហាញថា នារីវ័យក្មេងកាន់តែមានការព្រួយបារម្ភអំពីបញ្ហារំលោភបំពានផ្លូវភេទ និងការ “វិភាគរិះគន់” ទៅលើរូបរាងកាយរបស់ពួកគេនៅលើឆ្នេរសមុទ្រ។ យោងតាមការស្ទង់មតិទៅលើជនជាតិអឺរ៉ុបចំនួន5,000នាក់ ក្នុងនោះមានជនជាតិបារាំង1,000នាក់ របស់ Ifop បច្ចុប្បន្នមានស្ត្រីអាយុក្រោម50ឆ្នាំមិនដល់20%ផង ដែលនៅតែចូលចិត្តអាក្រាតកាយពេលនៅលើឆ្នេរសមុទ្រ ដែលតួលេខនេះតិចជាងបើធៀបនឹង28%កាលពី10ឆ្នាំមុន និង43%កាលពីឆ្នាំ1984។

    ទិន្នន័យខាងលើក៏បានបង្ហាញថា ការនិយមលែងខ្លួនពេលលម្ហែកាយនៅឆ្នេរសមុទ្ររបស់ជនជាតិបារាំងបច្ចុប្បន្ន មានការថយចុះច្រើន បើធៀបនឹងប្រទេសផ្សេងៗនៅអឺរ៉ុប ក្នុងនោះ ស្ត្រីជនជាតិអេស្ប៉ាញប្រមាណជា50% បានឱ្យដឹងថា ពួកគេតែងតែងអាក្រាតកាយនៅពេលហាលថ្ងៃលើឆ្នេរខ្សាច់ ខណៈដែលជនជាតិអាល្លឺម៉ង់វិញគឺ34%៕

    ប្រភព៖ AFP

  • KFC ឈប់ប្រើពាក្យស្លោកដ៏ល្បី​ល្បាញ​របស់ខ្លួនដោយសារCOVID-19

    KFC ឈប់ប្រើពាក្យស្លោកដ៏ល្បី​ល្បាញ​របស់ខ្លួនដោយសារCOVID-19

    ពាក្យស្លោក (Slogan) “រសជាតិឆ្ងាញ់នៅលើគ្រប់ម្រាមដៃ” (It’s Finger Lickin’ Good) របស់ក្រុមហ៊ុន KFC ត្រូវបានវាយតម្លៃថា មិនសមស្របជាមួយនឹងស្ថានភាពនៃសម័យCOVID-19 ដូច្នេះ វាក៏ត្រូវបានលុបបំបាត់ជាបណ្ដោះអាសន្ន។

    ក្រុមហ៊ុនលក់អាហារចម្អិនលឿន (fast food) KFC កាលពីម្សិលមិញ (24សីហា) បានប្រកាសថា ផ្អាកប្រើប្រាស់ពាក្យស្លោក It’s Finger Lickin’ Good នៅក្នុងការផ្សាយពាណិជ្ជកម្មនានារបស់ខ្លួនជាបណ្ដោះអាសន្ន។ មូលហេតុនៃប្រការនេះ គឺដោយសារជាច្រើនខែមកនេះ ក្រុមមន្ត្រីសុខាភិបាលបានណែនាំឱ្យប្រជាជន ឈប់យកដៃទៅប៉ះមុខមាត់ ដើម្បីចៀសវាងការឆ្លងវីរុសCOVID-19។

    នាយកទីផ្សារសកលរបស់ KFC អ្នកស្រី Catherine Tan-Gillespie បានឱ្យដឹងថា៖ “យើងកំពុងស្ថិតក្នុងកាលៈទេសៈពិសេស។ ពាក្យស្លោកនេះលែងសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្នទៀតហើយ”។ ប៉ុន្តែ ក្រុមហ៊ុននេះបានអះអាងថា បញ្ជីមុខអាហារនឹងមិនប្ដូរផ្លាស់នោះទេ ចំណែកពាក្យស្លោកនេះនឹងត្រលប់មកវិញនៅក្នុងពេលវេលាដ៏សមស្រប”។

    KFC បានបិទបាំងពាក្យស្លោកនេះនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មចាស់ៗរបស់ខ្លួន និងបានបង្ហោះវីដេអូមួយអំពីករណីនេះនៅលើ Youtube។ ចំណែក CNN វិញ យល់ថា សេចក្ដីប្រកាសនេះ គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារតែប៉ុណ្ណោះ។

    ដោយសារតែ COVID-19 ក្រុមហ៊ុន KFC បានបិទទ្វារហាងជាច្រើនកាលពីខែមីនា និងបានលើកទឹកចិត្តឱ្យអតិថិជន ទិញអាហារយកទៅញ៉ាំនៅឯផ្ទះ។

    ក្រុមហ៊ុនមេរបស់ KFC គឺក្រុមហ៊ុន Yum! Brands បានឱ្យដឹង ក្រុមហ៊ុននេះរកបានប្រាក់ចំណេញសរុប1.2ពាន់លានដុល្លារនៅក្នុងត្រីមាសទី2 ដែលនេះបានថយចុះ8.5% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ក៏ប៉ុន្តែ ស្ថានភាពនេះកំពុងល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយសារតែប្រទេសជាច្រើនបានចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ៕

    ប្រភព៖ CNN

  • AI បំប្លែងទិដ្ឋភាពវីដេអូបុរាណដែលមានអាយុកាលជិត120ឆ្នាំ ឱ្យទៅជាទិដ្ឋភាពបច្ចុប្បន្ន (វីដេអូ)

    AI បំប្លែងទិដ្ឋភាពវីដេអូបុរាណដែលមានអាយុកាលជិត120ឆ្នាំ ឱ្យទៅជាទិដ្ឋភាពបច្ចុប្បន្ន (វីដេអូ)

    អ្នកជំនាញម្នាក់បានប្រើប្រាស់ AI (បញ្ញាសិប្បនិម្មិត) ដើម្បីបន្ថែមពណ៌ និងសម្រួលទម្រង់ដើមឱ្យមកជាទម្រង់ទំនើបយ៉ាងស្រស់ស្អាតដោយជោគជ័យទៅលើវីដេអូប្រភេទសខ្មៅមួយត្រូវបានថតតាំងពីឆ្នាំ1902 ដែលគិតមកដល់បច្ចុប្បន្ន (2020) វីដេអូនេះមានអាយុ118ឆ្នាំទៅហើយ។

    Neural Love ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងដើម្បីស្ដារឡើងវិញនូវវីដេអូចាស់ៗដែលមានអាយុកាលរាប់សិប ឬរាប់រយឆ្នាំ ឱ្យមានពណ៌ស្រស់ស្អាតដូចបច្ចុប្បន្ន។ អ្នកជំនាញឈ្មោះ Denis Shiryaev មកពីក្រុមហ៊ុនខាងលើ បានធ្វើការស្ដារ និងកែលម្អវីដេអូបុរាណមួយដែលមានថិរវេលា2នាទីដែលត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរសិល្បៈទំនើបរបស់​សហរដ្ឋ​អាមេរិក​ (MoMA)។ វីដេអូនេះត្រូវបានថតពីលើរថភ្លើងព្យួរ Wuppertaler Schwebebahn ដ៏ល្បីឈ្មោះ នៅទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ1902។

    MoMA បានឱ្យដឹងថា វីដេអូនេះ ថតដោយខ្សែអាតទំហំ68មម របស់ក្រុមហ៊ុនផលិតភាពយន្តអាមេរិកាំង Biograph ទើបវាមានរូបភាពច្បាស់ជាងប្រភេទខ្សែអាតទំហំតូច ដូចជា 16មម ឬ35មម កាលពីជំនាន់នោះ។

    ដើម្បីស្ដារ និងកែលម្អទិដ្ឋភាពក្នុងវីដេអូនេះ Shiryaev បានបញ្ចូលឈុតវីដេអូនេះទៅក្នុងប្រព័ន្ធមួយដែលប្រើប្រាស់បណ្ដាញ neural មានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីដំឡើងទិដ្ឋភាពឱ្យទៅដល់កម្រិត 4K។ ក្រោយមក ប្រព័ន្ធនេះក៏បន្តបន្ថែមពណ៌ បង្កើនលំនឹងនៃទិដ្ឋភាព និងបង្កើនទំហំស៊ុមរូបភាពឱ្យឡើងដល់60fps។

    ជាចុងក្រោយ Shiryaev ក៏បានបន្ថយល្បឿនរបស់វីដេអូនេះឱ្យយឺតជាងមុន ដើម្បីធ្វើឱ្យវាមានលក្ខណៈដូច​ជា​ទិដ្ឋភាព​នា​បច្ចុប្បន្ន។ ​បន្ទាប់ពីបានបញ្ចប់ការស្ដារ និងកែលម្អរួចរាល់ វីដេអូនេះមានថិរវេលា4នាទី ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាត រួមនឹងភាពច្បាស់កម្រិតខ្ពស់ ចំណែកលំនឹងក៏បានប្រសើរជាងមុន។

    Wuppertaler Schwebebahn គឺជាផ្លូវដែកព្យួរដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក និងចម្លែកជាងគេនៅប្រទេសអាល្លឺម៉ង់។ ប្រព័ន្ធរថភ្លើងព្យួរនេះ ត្រូវបានរចនាឡើងដោយ Eugen Langen និងសាងសង់តាំងពីឆ្នាំ1897ដល់ឆ្នាំ1903 និងត្រូវបានបើកឱ្យប្រើប្រាស់ចាប់ពីឆ្នាំ1901។ Wuppertaler Schwebebahn មានប្រវែង13គីឡូម៉ែត្រ។

    បច្ចុប្បន្ន Wuppertaler Schwebebahn នៅតែត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរសាធារណៈចម្បងរបស់អ្នកស្រុក។ យោងតាមស្ថិតិឆ្នាំ2008 ប្រព័ន្ធផ្លូវដែកនេះ បានដឹកអ្នកដំណើរប្រមាណជា25លាននាក់ជារៀងរាល់ឆ្នាំ៕

    ប្រភព៖ PetaPixel

  • លោក លី ខឺឈាង ប្រជុំ MLC សន្យា ចែករំលែកទិន្នន័យទន្លេមេគង្គ និងរៀបចំវ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គ មុនគេ

    លោក លី ខឺឈាង ប្រជុំ MLC សន្យា ចែករំលែកទិន្នន័យទន្លេមេគង្គ និងរៀបចំវ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គ មុនគេ

    ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី24 សីហា) នៅក្នុងកិច្ចប្រជុំមេដឹកនាំគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ឬMLC លើកទី3 តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វឺរេន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានប្រកាសចែករំលែកទិន្នន័យជលវិទ្យាប្រចាំឆ្នាំរបស់ដងទន្លេមេគង្គឡានឆាង ឱ្យទៅក្រុមប្រទេសតាមដងទន្លេមេគង្គ ចាប់តាំងពីឆ្នាំនេះតទៅ។

    លោកនាយករដ្ឋមន្ត្រីចិន បញ្ជាក់ថា ក្រៅពីចិននឹងដំណើរការតាមផែនប្រតិបត្តិការរយៈពេល 5ឆ្នាំ ក្រោមគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង(2018-2022)ហើយ ចិននឹងរៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី រៀបចំវេទិកាសហការស្ដីពីធនធានទឹកឱ្យបានជាប់ជាប្រចាំ និងសាងផ្លាតហ្វ៉ម ចែករំលែកទិន្នន័យកិច្ចសហការផ្នែកធនធានទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលនៃអាកាសធាតុ និងគ្រោះធម្មជាតិ ទឹកជំនន់ និងរាំងស្ងួត។

    គម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ជាគម្រោងកិច្ចសហការ ដែលកើតឡើងពីចំណុចចាប់ផ្ដើមរបស់ប្រទេសថៃក្នុងឆ្នាំ2012 ប្រកបដោយប្រទេសជាសមាជិក 6ប្រទេស មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ដោយមានគោលបំណង ដើម្បីបង្កើនកម្រិតសមត្ថភាពខាងការប្រកួតប្រជែង និងសាងភាពរីកចម្រើនធំធាត់ខាងសេដ្ឋកិច្ច រួមទាំងកាត់បន្ថយគម្លាតខាងសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសសមាជិកដងទន្លេមេគង្គ។ ក្រៅអំពីនេះ ចិននឹងដំណើរការគ្រោងការកិច្ចសហការផ្សេងៗទៀត ដូចជា សុវត្ថិភាពរបស់ទំនប់ទឹក ការប្រកាសអាសន្នទឹកជំនន់ និងកែសម្រួលការចាត់ការគ្រប់គ្រងធនធានទឹក។

    លោក លី បានបញ្ជាក់ទៀតថា សមាជិកទាំង 6ប្រទេសរបស់គម្រោងកិច្ចសហការមេគង្គ-ឡានឆាង សុទ្ធតែទទួលផលពីដងទន្លេមេគង្គតែមួយដូចគ្នា អាចនិយាយបានថា មានជោគវាសនារួមគ្នា ព្រោះទឹកមិនត្រឹមតែជាសារៈសំខាន់នៃកិច្ចសហការនោះទេ តែនៅបានជួយបង្កើនអត្ថន័យខាងចិត្តវិញ្ញាណដល់យន្តការនេះ ក្នុងការរិះរកវិធីរស់នៅរួមគ្នាយ៉ាងមិត្តភាព និងទទួលបានផលប្រយោជន៍រួមគ្នាទៀតផង។

    លោកនាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា ចិនរីករាយផ្ដល់ជំនួយដល់គ្រប់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែល្អប្រសើរឡើង។ ទាំងអស់នេះ គ្រប់ប្រទេស គួរតែគោរពសិទ្ធិ និងផលប្រយោជន៍ដែលត្រឹមត្រូវតាមច្បាប់ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ធនធានទឹកយ៉ាងសមហេតុសមផល ថែទាំផលប្រយោជន៍ និងចំណុចកង្វល់រវាងគ្នានឹងគ្នា និងរួមពិភាក្សាលើចំណុចផ្សេងៗដែលពាក់ព័ន្ធ។

    កាលពីពេលមុននេះ ចិនត្រូវបានអ្នកជំនាញការលោកខាងលិចវាយប្រហារ ពាក់ព័ន្ធនឹងផលប៉ះពាល់ពីទំនប់ទឹករបស់ចិន ដែលមានចំពោះ
    ដងទន្លេមេគង្គ(ចិនហៅថា ទន្លេឡានឆាង) ដែលចង្អុលបង្ហាញថា ទំនប់ចិនបានទប់ស្កាត់ទឹកទុកក្នុងបរិមាណដ៏ច្រើនមហាសាល ក្នុងអំឡុងពេលដែលប្រទេសតាមដងទន្លេមេគង្គ ជួបបញ្ហាសភាវរាំងស្ងួតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ2019 ខណៈដែលចិនបានប្រកែកថា ការសិក្សាស្រាវជ្រាវទាំងនោះ មិនបានឆ្លុះបញ្ចាំងពីបរិមាណខ្សែទឹកក្នុងរដូវរាំងស្ងួតយ៉ាងពិតប្រាកដឡើយ។

    កន្លងមក ចិនព្យាយាមបង្កើនតួនាទីដែលល្អប្រសើររបស់ខ្លួនក្នុងគម្រោងកិច្ចសហការមេគង្គ-ឡានឆាងកាន់តែច្រើនឡើង ដោយក្នុងកិច្ចប្រជុំគម្រោងកិច្ចសហការមេគង្គ-ឡានឆាងលើកនេះ ចិនបានសន្យាថា នឹងផ្ដល់ភាពសំខាន់ទៅលើការរៀបចំចាត់ចែងបែងចែកវ៉ាក់សាំងការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ឱ្យដល់ប្រទេសតាមដងទន្លេមេគង្គ មុនគេ នៅពេលដែលវ៉ាក់សាំងនេះ បានទទួលការអភិវឌ្ឍរហូតបានសម្រេចជោគជ័យ និងត្រូវបាននាំយកមកប្រើបានយ៉ាងពិតប្រាកដ។

    ក្រៅពីនេះ ចិន នឹងរៀបចំបង្កើតមូលនិធិពិសេសមួយឡើង ដើម្បីជំរុញផ្នែកសុខភាពសាធារណៈ ក្រោមគម្រោងកិច្ចសហការរបស់មូលនិធិពិសេសទន្លេឡានឆាង-ទន្លេមេគង្គ(LMC Special Fund) ហើយនឹងដំណើរការរៀបចំចែករំលែកឧបករណ៍ការពារជំងឺរាតត្បាត និងការឧបត្ថម្ភគាំទ្រខាងតិចនិកដល់ក្រុមប្រទេសតាមបណ្ដោយដងទន្លេមេគង្គជាបន្តទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រ​​វ័យ​19​ឆ្នាំ​ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការ​មិន​ទាន់​បាន​3​ឆ្នាំ​ផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

    កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រ​​វ័យ​19​ឆ្នាំ​ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការ​មិន​ទាន់​បាន​3​ឆ្នាំ​ផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

    Alexandr Wang គឺជារឿងជោគជ័យដែលលេចធ្លោជាងគេបង្អស់នៅជ្រលងភ្នំ Silicon៖ “ឈប់រៀនពីសាលា MIT (Massachusetts Institute of Technology) ដ៏ល្បីឈ្មោះ ដើម្បីបង្កើតក្រុមហ៊ុនក្នុងវ័យ19ឆ្នាំ និងទទួលបានជោគជ័យមកដល់សព្វថ្ងៃ។

    កាលពីឆ្នាំទៅ2019 ក្រុមហ៊ុនរបស់ Alexandr Wang ដែលមានឈ្មោះថា Scale AI បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃលើសពី1ពាន់លានដុល្លារ ដែលគេហៅថា Unicorn បន្ទាប់ពីបានធ្វើសកម្មភាពរយៈពេលតែ3ឆ្នាំប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ Scale AI ប្រមូលទុនបាន123លានដុល្លារអាមេរិក។ ក្រុមអ្នកវិនិយោគសំខាន់របស់ Scale AI រួមមានដូចជា ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Dropbox ក្រុមហ៊ុន Quora និងសហស្ថាបនិក2រូបរបស់ Instagram ផងដែរ។

    បច្ចុប្បន្ន ក្រោយពីប្រមូលទុនបន្ថែមបាន100លានដុល្លារ និងត្រូវបានកំណត់តម្លៃជាង1ពាន់លានដុល្លារ ក្រុមហ៊ុនរបស់ Wang មានបុគ្គលិកចំនួន180នាក់ និងកំពុងធ្វើការជាមួយដៃគូធំៗជាច្រើន ក្នុងនោះមានក្រុមហ៊ុន Airbnb, Pinterest, Samsung, Lyft និងក្រុមហ៊ុន Toyota ជាដើម។ល។

    ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីភាពជោគជ័យយ៉ាងឆាប់រហ័សរបស់ Wang នោះគឺប្រការដែលគាត់មិនធ្លាប់មានគំនិតបង្កើត Scale AI សោះឡើយ។ អ្វីដែលគាត់ចង់ធ្វើកាលពីនៅជាអ្នកសរសេរកូដវ័យជំទង់ គឺចង់ “បង្កើតអ្វីមួយ” ដោយខ្លួនឯង។

    ក្នុងវ័យ19ឆ្នាំ Wang បានរកឃើញបញ្ហាបច្ចេកទេសមួយ៖ “បញ្ញាសិប្បនិម្មិត (AI) នឹងឆ្លាតវៃបាន លុះត្រាតែមានមនុស្សម្នាក់ជួយកំណត់ឱ្យបានច្បាស់ថា វាកំពុងត្រូវបានហ្វឹកហាត់ប្រកបដោយភាពត្រឹមត្រូវបំផុត”។ ដូច្នេះ Wang ក៏បានសម្រេចចិត្តបង្កើតថ្នាលបណ្ដុះបណ្ដាលមួយទាក់ទិននឹងដំណោះស្រាយនានាដោយប្រើប្រាស់ទិន្នន័យដែលអតិថិជនប្រមូលបាន ប្រកបដោយភាពជាក់លាក់ខ្ពស់ និងត្រូវបានបញ្ជាក់ដោយមនុស្ស។

    កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យ19ឆ្នាំ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការមិនទាន់បាន3ឆ្នាំផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ
    រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្ត​មួយ​គ្រឿង​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​ Scale AI

    ឧទាហរណ៍៖ បើសិនជាអតិថិជនចង់បង្កើតដំណោះស្រាយដើម្បីជួយឱ្យរថយន្តបើកបរស្វ័យប្រវត្តរបស់ពួកគេ ឱ្យស្គាល់រាល់រថយន្ត អ្នកថ្មើរជើង និងអ្នកជិះកង់នៅលើដងផ្លូវ នោះ Scale នឹងប្រើប្រាស់រូបថត និងវីដេអូដែលរថយន្តបើកបរស្វ័យប្រវត្តទាំងនោះថតបានក្នុងអំឡុងបើកបរសាកល្បង និងធ្វើការបញ្ជាក់ជាថ្មីថា ពួកវាអាចស្គាល់ ឬដឹងច្បាស់ដែរ ឬអត់។

    ក៏ប៉ុន្តែ ពេលនោះ Wang នៅមិនទាន់មានគំនិតទាក់ទិននឹងការបង្កើត Scale AI នៅឡើយ រហូតដល់ពេលបានចូលជាសមាជិកនៃក្រុម Y Combinator កាលពីឆ្នាំ2016។ Wang ឱ្យដឹងថា៖ “ពេលនោះ ខ្ញុំមានគំនិតរាប់លានផ្សេងៗគ្នា ដូចជាការជួយឱ្យគ្រប់គ្នាអាចស្វែងរកវេជ្ជបណ្ឌិតបានងាយស្រួលជាដើម”។

    ទីប្រឹក្សាម្នាក់របស់ក្រុម Y Combinator បាននិយាយជាមួយ Wang ថា៖ ចូរស្វែងរកស្ថានភាពមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ជូនដើម្បីទទួលបានដំណោះស្រាយ។ ក្នុងអត្ថបទមួយស្ដីអំពីវិធីដើម្បីទទួលបានគំនិតក្នុងការបើកមុខជំនួញថ្មី ស្ថាបនិករបស់ក្រុមហ៊ុន Y Combinator ធ្លាប់បានណែនាំថា៖ “ចូររស់នៅក្នុងអនាគត ហើយកសាងនូវអ្វីដែលពេលនេះវានៅមានភាពខ្វះចន្លោះ”។

    បន្ទាប់ពីបានដឹងច្បាស់អំពីអនាគតដ៏ត្រចះត្រចង់នៃវិស័យបញ្ញាសិប្បនិម្មិត Wang ក៏បានផ្ដោតទៅលើវិស័យ AI នេះ។ ប៉ុន្តែ ជំនួសឱ្យការបង្កើតផលិតផល AI ជាក់លាក់ណាមួយ Wang បែរជាជ្រើសយកការបង្កើតមូលដ្ឋានដើម្បីជួយឱ្យផលិតផល AI របស់ក្រុមហ៊ុននានា មានភាពងាយស្រួលក្នុងការអភិវឌ្ឍ និងដំណើរការ។ ពេលនោះ ក្រុមហ៊ុន Scale AI ក៏ត្រូវបានបង្កើតឡើង។

    ដោយសារតែជាកំពូលអ្នកសរសេរកូដវ័យក្មេង Wang មានភាពងាយស្រួលក្នុងការប្រមូលទុនវិនិយោគសម្រាប់ក្រុមហ៊ុនថ្មីរបស់ខ្លួន។ មានស្រុកកំណើតនៅទីក្រុង Los Alamos រដ្ឋ New Mexico នៃសហរដ្ឋអាមេរិក ក្នុងគ្រួសារមួយដែលមានឪពុកនិងម្ដាយជាអ្នកវិទ្យាសាស្ត្រ Wang ទទួលបានចំណេះដឹងយ៉ាងច្រើនពីពួកគេ។ Wang ដណ្ដើមបានជ័យជំនះនៅក្នុងពិធីប្រកួតប្រជែងគណិតវិទ្យា និងសរសេរកូដដែលត្រូវបានរៀបចំដោយសាលាមធ្យមសិក្សាដែល Wang កំពុងរៀន។

    Alexandr Wang និង​ដៃ​គូ Lucy Guo ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Scale AI

    ប្រការនេះបាននាំឱ្យ Wang ទទួលបានចំណាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យានានា។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា Wang ត្រូវបានបញ្ជូនទៅកាន់ជ្រលងភ្នំ Silicon ដើម្បីហាត់ការនៅឯក្រុមហ៊ុន Addepar។ ក្រោយមក Wang ក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Quora។

    ក្រោយពីបានធ្វើការនៅទីនេះអស់មួយរយៈពេល Wang ក៏បានចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) ដែលមានឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ បន្ទាប់ពីបានសិក្សារយៈពេល1ឆ្នាំ Wang ក៏សម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្ដោតទៅលើ Scale។

    ត្រឹមតែរយៈពេល10ខែដំបូង ក្រុមហ៊ុនរបស់ Wang ប្រមូលទុនបានដល់ទៅ4.5លានដុល្លារអាមេរិក និងបង្កើតបានផលិតផលដំបូងដែលផ្ដោតសំខាន់លើ machine vision ជាប្រព័ន្ធមួយដែលប្រើប្រាស់វិញ្ញាណសិប្បនិម្មិត (sensor) ក្បូនដំណោះស្រាយផ្នែករឹងនិងផ្នែកតន់ (hardware and software algorithm) ដើម្បីបង្កើតស្វ័យភាពនៃមុខងារត្រួតពិនិត្យទិន្នន័យជារូបភាព ចាប់ពីសាមញ្ញដល់ស្មុគស្មាញ។ តាមរយៈនេះ Scale AI ក៏ចាប់ផ្ដើមមានអតិថិជនដំបូងៗ ក្នុងនោះមានដូចជាបណ្ដាក្រុមហ៊ុនផលិតរថយន្តបើកបរស្វ័យប្រវត្ត និងយន្តហោះ drone ជាដើម។

    ចាប់តាំងពីពេលនោះមក Wang ក៏មានឈ្មោះល្បីល្បាញនៅជ្រលងភ្នំ Silicon ជាមួយនឹងរហ័សនាមថា “Mark Zuckerberg ទី2”។ ពាក្យណែនាំរបស់ Wang សម្រាប់ក្រុមអ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មី នោះគឺ “ផ្ដោតទៅលើការកសាងផលិតផលដែលអាចជួយដោះស្រាយបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ដែលពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ដើម្បីទទួលបានដំណោះស្រាយ”៕

    ប្រភព៖ Business Insider

  • អ្នកការទូតកូរ៉េខាងត្បូងអះអាងថា លោក គីម ជុង អ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ ប្អូនស្រីត្រៀមឡើងកាន់តំណែងជំនួស

    អ្នកការទូតកូរ៉េខាងត្បូងអះអាងថា លោក គីម ជុង អ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ ប្អូនស្រីត្រៀមឡើងកាន់តំណែងជំនួស

    ទីភ្នាក់ងារព័ត៌មាន ដេលី មេល បានរាយការណ៍ថា កើតមានព័ត៌មានអង្រួនកៅអីតំណែងរបស់លោក គីម ជុង អ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើងជាថ្មីម្ដងទៀត នៅពេលអ្នកការទូតសំខាន់ម្នាក់របស់កូរ៉េខាងត្បូង បានចេញមកអះអាងព័ត៌មានដែលខ្លួនបានទទួលមកថា លោក គីម ជុងអ៊ុន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដល់ថ្នាក់សន្លប់បាត់ស្មារតី(ខូម៉ា) ហើយលោកស្រី គីម យ៉ូ ចង វ័យ 33ឆ្នាំ នឹងបានឡើងបំពេញតួនាទីជាអ្នកដឹកនាំប្រទេសជំនួស។

    លោក ឆាង សុងមីន អតីតជំនួយការរបស់លោក គីម ទែជុង អតីតប្រធានាធិបតីដែលបានទទួលមរណភាពទៅហើយរបស់កូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងថា លោក គីម ជុងអ៊ុន មានអាការជំងឺកាន់តែធ្ងន់ធ្ងរឡើងៗជារឿយៗ រហូតមកដល់ពេលនេះកំពុងស្ថិតក្នុងអាការខូម៉ា លែងដឹងខ្លួន បើទោះបីជាប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបភាពការប្រជុំបក្សកុម្មុយនីស្ត ដែលមានលោកគីម អង្គុយដឹកនាំការប្រជុំក៏ដោយ និងពេលនេះកំពុងតែងតាំងឱ្យប្អូនស្រី គឺលោកស្រី គីម យ៉ូចង ចូលមកមានមុខតំណែងតួនាទីកាន់តែច្រើនឡើងទៀតផង។

    តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា មិនអាចអះអាងឱ្យបានច្បាស់លាស់ថា រូបភាពនោះ ជារូបភាពអាប់ឌែតថ្មី ឬយ៉ាងណានោះទេ តែអ្វីដែលសំខាន់ គឺលោកគីម ជុងអ៊ុន មិនបានចេញបង្ហាញខ្លួន ជួបជាមួយសាធារណជនសោះឡើយ នៅក្នុងឆ្នាំនេះ។

    លោក ឆាង សុងមីន បានប្រាប់ថា “ការត្រៀមបន្តវេនតំណែង និងអំណាចយ៉ាងពេញលេញ បានចាប់ផ្ដើមដំណើរការហើយ លោកស្រី គីម យ៉ូចង ត្រូវបានកំណត់ទុកមុន រួចស្រេចទៅហើយ ព្រោះមិនអាចពន្យារអំឡុងពេលដ៏សំខាន់នេះ ក្នុងរយៈពេលវែងបានឡើយ”

    កាលពីពេលមុននេះ នាខែឧសភា នៅពេលមានលេចឮព័ត៌មានក្នុងលក្ខណៈដូចគ្នានេះថា លោកគីម ជុងអ៊ុន កើតជំងឺធ្ងន់ធ្ងរ ឬដល់ថ្នាក់ស្លាប់បាត់ទៅហើយនោះ ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានបញ្ចេញរូបភាពលោកគីម ទៅចូលរួមកាត់ខ្សែបូ បើកសម្ពោធរោងចក្រផលិតជី ចេញមកដើម្បីលប់ព័ត៌មានខាងលើនោះម្ដងរួចមកហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នក​ស្នង​តំណែង​ដ៏​មាន​សក្ដានុពល​របស់​ Jeff Bezos ជិត​ចាក​ចោល​​ Amazon ហើយ

    អ្នក​ស្នង​តំណែង​ដ៏​មាន​សក្ដានុពល​របស់​ Jeff Bezos ជិត​ចាក​ចោល​​ Amazon ហើយ

    Jeff Wilke ដែលជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ដែល​មាន​អំណាច​ខ្លាំង​​របស់​ក្រុម​ហ៊ុន Amazon នឹង​ចាក​ចេញ​ពី​​ក្រុម​ហ៊ុន​នេះ នៅ​ដើម​ឆ្នាំ​​ក្រោយ​។

    លោក Jeff Wilke ដែល​ជា​នាយក​ប្រតិបត្តិជើង​ចាស់​​ម្នាក់​​របស់​ Amazon និង​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក Jeff Bezos នឹង​ឈប់ពី​ការ​ងារ​នៅ​ក្នុងក្រុម​ហ៊ុន​ផ្សារ​អេឡិច​ត្រូនិច​ធំជាង​គេ​លំដាប់​ទី​1​នេះនៅ​ដើម​ឆ្នាំ​2021។ លោក​ Jeff Wilke បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ឱ្យ​ Amazon តាំង​ពី​ឆ្នាំ​1999​។ លោក​កាន់​កាប់​តំណែង​ប្រធាន​ផ្នែក​គ្រប់​គ្រង​អតិថិជន​​នៅ​ទូទាំង​ពិភពលោក​​របស់​ក្រុម​ហ៊ុន​ Amazon ចាប់​ពី​ឆ្នាំ​2016​។

    ក្រោយពី​លោក​ Wilke បាន​ចាក​ចេញ តំណែង​របស់​លោក​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​ Dave Clark ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​ទទួល​បន្ទុក​គ្រប់​គ្រង​សកម្ម​ភាព​សកល​របស់​ Amazon។ លោក Clark ក៏​បាន​ចូល​រួម​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ ចាប់​ពី​ឆ្នាំ​1999​។

    ការ​ចាក​ចេញ​​ខាងលើ​នេះ​​បាន​កើតឡើង​​​នៅ​ពេល​តម្រូវ​ការ​នៃការ​ប្រគល់​ទំនិញ​របស់​ Amazon កំពុង​តែ​កើន​ឡើង​ជា​លំដាប់​នៅក្នុង​អំឡុង​COVID-19កំពុង​រាត​ត្បាត​ខ្លាំង​។ ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​ក្នុង​រយៈ​ពេល​3​ខែ​ដែល​បាន​បញ្ចប់​កាល​ពី​ខែ​មីថុនា មាន​ចំនួន​88.9​ពាន់​លាន​ដុល្លារ​អាមេរិក​ កើន​40​% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​2019។

    អ្នក​ស្នង​តំណែង​ដ៏​មាន​សក្ដានុពល​របស់​ Jeff Bezos ជិត​ចាក​ចោល​​ Amazon ហើយ
    អ្នក​ស្នង​តំណែង​ដ៏​មាន​សក្ដានុពល​របស់​ Jeff Bezos ជិត​ចាក​ចោល​​ Amazon ហើយ

    ប្រាក់​ចំណេញ​សុទ្ធ​នៅក្នុង​ត្រី​មាស​​នោះ​បាន​កើន​ឡើង​ទ្វេដង​ ពោល​គឺ​ឡើង​ដល់​5.2​ពាន់​លាន​ដុល្លារ​ បើ​ទោះ​ជា​ក្រុម​ហ៊ុន​នេះ​បាន​ចំណាយ​4​ពាន់​លាន​ដុល្លារ​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ក្នុង​អំឡុង​COVID-19 ក៏ដោយ៕

    ប្រភព​៖ CNN

  • ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជិត24លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះជិត816,000នាក់ ខណៈកម្ពុជាមានអ្នកជំងឺសរុបជាង270នាក់។

    ប្រទេសនិងដែនដីជាង200នៅក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុបចំនួន23,806,794នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់816,950នាក់ ក្នុងនោះមានអ្នកជំងឺថ្មីជាង202,450នាក់ និងអ្នកស្លាប់ថ្មីជាង3,810នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ខណៈដែលជាង16,356,800នាក់បានជាសះស្បើយ។ នេះបើតាមស្ថិតិរបស់ទំព័រ Worldometers។

    សហរដ្ឋអាមេរិកនៅតែជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប5,915,630នាក់ អ្នកស្លាប់សរុប181,114នាក់ អ្នកបានជាសះស្បើយសរុប3,217,981នាក់ អ្នកកំពុងព្យាបាល2,516,535នាក់ ក្នុងនោះមានអ្នកជំងឺ16,483នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

    ប្រទេសឥណ្ឌាឈរលំដាប់ទី3ក្នុងពិភពលោក និងលំដាប់ទី1នៅអាស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ឥណ្ឌាបានរកឃើញអ្នកឆ្លងវីរុសសរុប3,164,881នាក់ អ្នកស្លាប់សរុប58,546នាក់ ជាសះស្បើយ2,403,101​នាក់ ​កំពុង​ព្យាបាល​703,234​នាក់ និងកំពុងប្រឈមនឹងការបាត់បង់ជីវិត8,944នាក់។

    នៅតំបន់អាស៊ីអាគ្នេយ៍វិញ ហ្វីលីពីនគឺជាប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទី1 ដោយមានអ្នកជំងឺសរុប194,252នាក់ និងស្លាប់សរុប3,010នាក់។ ឈរលំដាប់ទី2ក្នុងតំបន់នេះ គឺឥណ្ឌូនេស៊ី ដោយមាន​អ្នក​ជំងឺ​សរុប​155,412​នាក់ ​និងស្លាប់សរុប6,759នាក់។ សិង្ហបូរីជាសម្បូកវីរុសធំជាងគេលំដាប់ទី3 ជាមួយនឹងអ្នកជំងឺ​សរុប​56,404​នាក់ និង​ស្លាប់​សរុប​27​នាក់​។

    កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសដែលមានអ្នកជំងឺCOVID-19 ក្នុងពិភពលោក និងឈរលំដាប់ទី8ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប273នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន263នាក់ និងអ្នកកំពុងព្យាបាលចំនួន10នាក់។ តំបន់ដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេរួមមាន ទីក្រុងភ្នំពេញ171នាក់ ទីក្រុងព្រះសីហនុ40នាក់ និងខេត្តកំពង់ចាម16នាក់៕

  • តួអង្គ​តារា​ប្រឌិត​ល្បី​ៗ​ដែលកំពុង “កើបលុយ” បានច្រើនជាងគេក្នុងពិភពលោក តាម​រយៈ Instagram

    តួអង្គ​តារា​ប្រឌិត​ល្បី​ៗ​ដែលកំពុង “កើបលុយ” បានច្រើនជាងគេក្នុងពិភពលោក តាម​រយៈ Instagram

    Lil Miquela ជាតួអង្គតារាប្រឌិតមួយដួងដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ អាចរកប្រាក់ចំណូលបាន​រហូត​ដល់​11,738,406​លានដុល្លារនៅក្នុង1ឆ្នាំៗ តាមរយៈការបង្ហោះរូបថតនៅលើបណ្ដាញសង្គម Instagram។

    បណ្ដាញសង្គមនានាក្នុងពេលថ្មីៗនេះ បានក្លាយជាទីឋានដ៏ល្អប្រសើរក្នុងការ “កើបលុយ” សម្រាប់ក្រុមមនុស្សដែលមានឥទ្ធិពល (influencer) មកពីជុំវិញពិភពលោក។ សូម្បីតែរ៉ូបូត ឬតួអង្គប្រឌិតក៏បានចាប់ផ្ដើមសាកល្បងរកប្រាក់តាមរយៈបណ្ដាញសង្គមផងដែរ។ ថ្មីៗនេះ OnBuy បានបង្ហើបឱ្យដឹងព័ត៌មានស្ដីអំពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកដែលក្រុមតារាប្រឌិត ឬតារានិម្មិតអាចរកបានតាមរយៈបណ្ដាញសង្គម Instagram។

    យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OnBuy៖ “ចំនួនតួអង្គនិម្មិតដែលមានឥទ្ធិពល កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ ដែលហៅថា CGI (Computer-generated imagery) ឬរ៉ូបូត ដែលមានចំណុចពិសេស និងមានលក្ខណៈស្រដៀងនឹងមនុស្សពិត។ ពួកគេបានក្លាយជាកម្លាំងពិតនៅក្នុងវិស័យ influencer ដែលកំពុងដណ្ដើមកាន់កាប់ឥទ្ធិពលនៅលើបណ្ដាញសង្គម។ តើនេះគឺជាសញ្ញាមួយដែលបង្ហាញអំពីទីអវសានរបស់ influencer ដែលជាមនុស្សពិតមែនដែរ ឬយ៉ាងណា?

    តួអង្គប្រឌិតដែល “ស៊ីថ្លៃ” បំផុត នោះគឺ Lil Miquela

    របាយការណ៍របស់ OnBuy បានឱ្យដឹងថា តួអង្គប្រឌិតដែល “ស៊ីថ្លៃ” បំផុត នោះគឺ Lil Miquela។ នាងរកបាន​ប្រហែល​8,000​ដុល្លារអាមេរិក សម្រាប់អត្ថបទនីមួយៗដែលបង្ហោះនៅលើបណ្ដាញសង្គម Instagram។ ជារៀងរាល់ឆ្នាំ នាងអាចរកបានប្រាក់ដល់ទៅ8.96លានផោន (11,738,406លានដុល្លារអាមេរិក) តាមរយៈការផ្សាយពាណិជ្ជកម្ម។

    Noonoouri ត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងរចនាក្រាហ្វិច ឈ្មោះ Joerg Zuber

    ឈរលំដាប់ទី2បន្ទាប់ពី Lil Miquela នោះគឺ Noonoouri ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងរចនាក្រាហ្វិច ឈ្មោះ Joerg Zuber។ ដោយមានអ្នកតាមដានចំនួនជាង362,000នាក់ តាមការគណនា នាងអាចរកបាន1,382ផោន (1,810ដុល្លារអាមេរិក) សម្រាប់អត្ថបទផ្សាយពាណិជ្ជកម្មនីមួយៗ និងរកបានជាង​2​លាន​ផោន (2,620,000ដុល្លារ)/ឆ្នាំ។

    តួអង្គ​តារា​ប្រឌិត​ នាង Imma ឈរលំដាប់ទី3

    តារារូបនិម្មិតមកពីជប៉ុន គឺនាង Imma ឈរលំដាប់ទី3។ ទាក់ទងនឹងវប្បធម៌ ភាពយន្ត និងសិល្បៈជប៉ុន បណ្ដារូបថតដ៏គួរឱ្យស្រលាញ់របស់នាង ត្រូវបានអ្នកប្រើប្រាស់ Instagram ចំនួនជាង237,000នាក់ “គយគន់” ជារៀងរាល់លើក ហើយនាងក៏រកបានប្រាក់ប្រមាណជាជាង498,000ផោន (652,424ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដែលតួលេខនេះ គឺច្រើនជាង13ដង បើធៀបនឹងប្រាក់ខែជាមធ្យមនៅប្រទេសអង់គ្លេសទៅទៀត។

    ឈរលំដាប់ទី4 គឺនាង Bermuda Is Bae ដោយរកបានប្រាក់ប្រមាណជា576,000ដុល្លារ/ឆ្នាំ។
    Blawko មានអ្នកតាមដានជាង155,000នាក់នៅលើ Instagram និងរកបានប្រហែល208,000ដុល្លារ/ឆ្នាំ។
    ចំណែកនាង Shudu វិញ មានអ្នកតាមដានជាង206,000នាក់ និងអាចរកប្រាក់បានប្រាក់ចំនួនជាង​125,000​ដុល្លារ/ឆ្នាំ។

    ប្រភព៖ Mirror