Author: សឿន សំណាង

  • អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី

    អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី

    មហាសេដ្ឋី2រូបដែលមានភាពលេចធ្លោជាងគេក្នុងពិភពលោក កំពុងតែប្រឹងប្រែងដណ្ដើមទីផ្សារឱសថអនឡាញដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា។

    “សង្គ្រាម” ដណ្ដើមទីផ្សារឱសថអនឡាញនៅលើទឹកដីឥណ្ឌា កំពុងតែទទួលបានចំណាប់អារម្មណ៍ជាងពេលណាៗទាំងអស់ នៅពេលដែលក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋី Jeff Bezos និងក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋី Mukesh Ambani ដែលជាអ្នកមានជាងគេបង្អស់នៅអាស៊ី ចាប់ផ្ដើមចូលលេង “ល្បែងពាណិជ្ជកម្ម”។

    ក្នុងគ្រាដែល COVID-19 នៅតែបន្តធ្វើឱ្យពលរដ្ឋឥណ្ឌាប្រមាណជា1.3ពាន់លាននាក់ត្រូវនៅក្នុងផ្ទះ តម្រូវការនៃការទិញទំនិញតាមអនឡាញចាប់ផ្ដើមកើនឡើងខ្ពស់។ ពេល Amazon បានចាប់ផ្ដើមដំណើរការផ្ដល់សេវាកម្មលក់និងប្រគល់ទំនិញជាឱសថនៅក្នុងតំបន់មួយចំនួននៃប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែសីហា Reliance Industries ដែលជាក្រុមហ៊ុនធំជាងគេបង្អស់របស់ប្រទេសឥណ្ឌាក៏បានបង្កើតសេវាកម្មដូចគ្នានេះដែរ។ ក្រុម “អ្នកលេង” ទាំងនេះ ថ្មីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទីផ្សារឱសថនៅប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងពិភពលោក។

    បច្ចុប្បន្ន Amazon មានលក់ថ្នាំពេទ្យទៅតាមវេជ្ជបញ្ជា និងថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងនោះមានដូចជា ទីក្រុង Bengaluru នៅភាគខាងត្បូងប្រទេស ដែលត្រូវបានគេចាត់ទុកថាជា “ជ្រលងភ្នំ Silicon” របស់ឥណ្ឌា។ អតិថិជនគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន រួចធ្វើការបញ្ជាទិញដោយមានភ្ជាប់ជាមួយរូបថតវេជ្ជបញ្ជា និងជ្រើសរើសកូដបញ្ចុះតម្លៃ (បើមាន) ហើយចុចយល់ព្រមជាការស្រេច។

    អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី ក្នុង​វិស័យ​លក់​ឱសថ
    លោក Mukesh Ambani អ្នកមានជាងគេនៅទ្វីបអាស៊ី

    ក្នុងគ្រានោះដែរ Reliance Industries របស់លោក Mukesh ដែលផ្ដោតទៅលើការបង្កើត “អាណាចក្រ” ឌីជីថលនៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុនដែលបាននិងកំពុងរកស៊ីក្នុងវិស័យជាច្រើន រាប់ចាប់ពីថាមពល លក់រាយ រហូតដល់វិស័យទូរគមនាគមន៍ បានប្រកាសកាលពីថ្ងៃទី18សីហាថា ក្រុមហ៊ុននេះសម្រេចចូលប្រលូកក្នុងវិស័យលក់ឱសថតាមអនឡាញនេះដែរ ដោយការទិញយកស្ថាប័នគ្រប់គ្រង Netmeds.com។ នេះគឺជាស្ថាប័នដែលទទួលបានការគាំពារដោយក្រុមហ៊ុនផលិត និងលក់រាយឱសថដែលមានអាយុកាល100ឆ្នាំ នោះគឺក្រុមហ៊ុន Dadha Pharma។

    Isha Ambani ដែលជាអគ្គនាយកក្រុមហ៊ុន Reliance Retail Ventures និងជាកូនស្រីរបស់មហាសេដ្ឋី Mukesh Ambani បានអះអាងថា The Netmeds នឹងពង្រីកសកម្មភាពទៅក្នុងពាណិជ្ជកម្មអនឡាញសម្រាប់ក្រុមហ៊ុនមេ Reliance Industries។

    នៅចំពោះមុខគូប្រជែងនានាដែលមានអំណាចខ្លាំងក្លា បណ្ដាក្រុមហ៊ុនតូចៗដូចជា PharmEasy និង Medlife ជាដើម ត្រូវបង្ខំចិត្តស្វែងរកវិធីច្របាច់បញ្ចូលគ្នា។ ក្រុមហ៊ុនលក់រាយលើអនឡាញផ្សេងមួយទៀតក៏បានចូលរួម “ល្បែងពាណិជ្ជកម្ម” នេះដែរ រួមមានទាំង MedPlusMart និងបណ្ដាញមន្ទីរពេទ្យផងដែរ។

    ទីផ្សារលក់រាយឱសថតាមអនឡាញរបស់ប្រទេសឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ជាងមុន7ដង និងមានតម្លៃប្រមាណជា3.6ពាន់លានដុល្លារក្នុងឆ្នាំ2022 បើធៀបនឹង500លានដុល្លារកាលពីឆ្នាំ2018។ នេះបើតាម Frost & Sullivan។

    វត្តមានរបស់ Amazon នៅក្នុងវិស័យលក់រាយឱសថតាមអនឡាញ គឺជាការប្រមាន និងជាការដាស់ស្មារតីរបស់ក្រុមហ៊ុនឱសថផ្សេងៗនាបច្ចុប្បន្ន។

    លោក​ Jeff Bezos អ្នកមានជាងគេបង្អស់ក្នុងពិភពលោក

    ចំណែកសមាគមមួយដែលតំណាងឱ្យឱសថស្ថានលក់រាយ និងបោះដុំចំនួន850,000កន្លងនៅក្នុងប្រទេសឥណ្ឌាវិញ បានអះអាងថា ការពង្រីក “ទឹកដី” របស់ Amazon ទៅក្នុងវិស័យលក់ឱសថអនឡាញគឺជារឿងខុសច្បាប់ ព្រោះថា ក្រុមហ៊ុននេះមិនមានអាជ្ញាប័ណ្ណអាជីវកម្មលើឱសថនៅក្នុងប្រទេសនេះ។ សមាគមនេះក៏បានផ្ញើលិខិតតវ៉ាមួយទៅកាន់ Jeff Bezos ដែលជា CEO របស់ Amazon ផងដែរ ដើម្បីជំទាស់លើបញ្ហានេះ។

    ខណៈនោះ មហាសេដ្ឋី Ambani របស់ប្រទេសឥណ្ឌា កំពុងតែស្វែងរកវិធីពង្រីកលទ្ធភាពរបស់ Reliance Industries ដើម្បីផ្គត់ផ្គង់ទីផ្សារអនឡាញរបស់ប្រទេសជាតិ រួមទាំងវិស័យលក់រាយឱសថផងដែរ។ សាខាឌីជីថល Jio Platform របស់ក្រុមហ៊ុន Reliance Industries កាលពីខែមិថុនាក៏ទទួលបានខ្ទង់វិនិយោគទំហំទឹកប្រាក់ 4.5ពាន់លានដុល្លារពី Google ដែលក្រុមហ៊ុននេះក៏ជាអ្នកវិនិយោគថ្មីបំផុតរបស់ Reliance Industries បន្ទាប់ពី Facebook, Intel និង Qualcomm៕

    ប្រភព៖ SCMP

  • រដ្ឋមន្ត្រីចិន៖ “មិនប្រាកដថា COVID-19 មានប្រភពពីប្រទេសចិន” ខណៈពិភពលោករកឃើញអ្នកឆ្លងវីរុសនេះជាង24.5លាននាក់

    រដ្ឋមន្ត្រីចិន៖ “មិនប្រាកដថា COVID-19 មានប្រភពពីប្រទេសចិន” ខណៈពិភពលោករកឃើញអ្នកឆ្លងវីរុសនេះជាង24.5លាននាក់

    សកលលោកទាំងមូល បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជាង24.5លាននាក់ អ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់ជាង834,000នាក់ ក្នុងគ្រាដែលរដ្ឋមន្ត្រីចិនអះអាងថា មិនទាន់ប្រាកដថា COVID-19 កើតចេញពីប្រទេសចិន។

    យោងតាមទំព័រ Worldometers ប្រទេសនិងដែនដីជាង200 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញមនុស្សចំនួន24.585.039នាក់បានឆ្លងរោគ និង834,441នាក់បានស្លាប់ដោយសារCOVID-19 ក្នុងនោះមានអ្នកជំងឺចំនួន289,858នាក់ និងអ្នកស្លាប់ចំនួន6,218នាក់បានកើតឡើងនៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់ជាង17លាននាក់។

    ទាក់ទិននឹងបញ្ហាCOVID-19 រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងកាលពីពេលថ្មីៗនេះថា មិនទាន់ប្រាកដថា COVID-19 មានប្រភពពីប្រទេសចិននៅឡើយ។ លោក Wang Yi សង្ស័យចំពោះការយល់ឃើញរបស់ក្រុមមន្ត្រីសុខាភិបាល និងរដ្ឋាភិបាលបរទេស ដែលបានអះអាងថា COVID-19 កើតចេញពីប្រទេសចិន។។

    លោក Yi ថ្លែងថា ប្រទេសចិនគឹជាប្រទេសដំបូងគេដែលបានរាយការណ៍អំពីវត្តមានរបស់ COVID-19 ទៅឱ្យអង្គការសុខភាពពិភពលោក (WHO) ក៏ប៉ុន្តែ “ប្រការនេះមិនមែនមានន័យថា វីរុសនេះមានប្រភពចេញពីទឹកដីចិននោះឡើយ”។

    “នៅក្នុងរយៈពេលច្រើនខែមកនេះ យើងបានឃើញរបាយការណ៍ជាច្រើនបង្ហាញថា វីរុសបានបង្ហាញវត្តមាននៅតំបន់ផ្សេងៗក្នុងពិភពលោក អាចមុនប្រទេសចិនទៅទៀត” លោក Yi ថ្លែងបែបនេះនៅចំពោះមុខក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Oslo របស់ប្រទេសន័រវែសកាលពីថ្ងៃទី 27សីហា2020។

    នាយកដ្ឋានសុខាភិបាលរបស់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្ដាលប្រទេសចិន បានរាយការណ៍ករណីឆ្លងវីរុសCOVID-19 ដំបូងបង្អស់នៅក្នុងខែធ្នូ2019 និងករណីស្លាប់ដំបូងនៅដើមខែមករា2020។

    រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បញ្ជាក់ថា៖ “បញ្ហា COVID-19 មានប្រភពដំបូងនៅទីណា ហើយវាកើតឡើងបែបណា នោះគួរទុកឱ្យក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកសុខាភិបាលជាអ្នកធ្វើការ ហើយគេមិនគួរធ្វើនយោបាយកម្មទៅលើCOVID-19 ឬរើសអើងនោះទេ។ អ្នកណាជាអ្នកជំងឺទី0 បញ្ហានេះមិនទាន់ច្បាស់លាស់នៅឡើយ”។ ប្រសាសន៍របស់លោក Yi ហាក់សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាមនុស្សម្នាក់តែងតែប្រើប្រាស់កន្សោមពាក្យ “វីរុសចិន” នាពេលកន្លងមក។

    លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស បន្ទាប់ពីបានធ្វើទស្សនកិច្ចប្រទេសហូឡង់ និងអ៊ីតាលី កាលពីដើមសប្ដាហ៍។ នេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិនទៅកាន់ប្រទេសន័រវែស ចាប់តាំងពីឆ្នាំ2006។ ន័រវែសគឺជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាសមាជិករបស់អង្គការ NATO។ ប្រទេសនេះនឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីឆ្នាំ2021 និង2022។ រីឯប្រទេសចិនវិញ គឺជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានេះ៕

    ប្រភព៖ Reuters

  • ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែក​ប្រាក់​233​លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់

    ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែក​ប្រាក់​233​លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់

    Trevor Milton ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nikola Corp., បានយកមូលបត្ររបស់ខ្លួនដែលមានតម្លៃ233លានដុល្លារអាមេរិក ទៅ​ចែកជូនបុគ្គលិកជើងចាស់ដំបូងៗចំនួន50នាក់របស់​ខ្លួន​ដើម្បីជាការលើកទឹកចិត្ត។

    “កាលពីទើបតែបង្កើតក្រុមហ៊ុននេះ ខ្ញុំបានស្វែងរកមនុស្សពូកែៗបំផុតក្នុងពិភពលោក ហើយនោះគឺជាហានិភ័យធំ។ លទ្ធភាពជោគជ័យរបស់យើងកាល​ណោះគឺមានត្រឹមតែលេខ0ប៉ុណ្ណោះ ក៏ប៉ុន្តែ សំណាងល្អណាស់ ខ្ញុំរកបានក្រុមសហការីដ៏ឆ្នើម និងអស្ចារ្យតាំងពីថ្ងៃដំបូង” លោក Trevor Milton ថ្លែងអំពីការសម្រេចចិត្តចែករំលែកមូលបត្ររបស់ខ្លួនដែលមានតម្លៃជិត1/4ពាន់លានដុល្លារទៅឱ្យសហការីទាំងឡាយដែលបានប្រឹងប្រែងតស៊ូជាមួយលោក។

    ទឹកប្រាក់233លានដុល្លារនេះ គឺស្មើនឹងមូលបត្រចំនួន6លានហ៊ុន។ ទាំងនេះត្រូវបានផ្ទេរនៅក្នុងករិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះ​នៅ Phoenix។ មូលបត្ររបស់ Nikola បានកើនឡើងខ្ពស់ ចាប់តាំងពីបានធ្វើ IPO (ការបោះផ្សាយលក់មូលបត្រ) នៅផ្សារហ៊ុន Nasdaq ក្រោយពីមានការច្របាច់បញ្ជូលគ្នាជាមួយនឹងក្រុមហ៊ុនមួយផ្សេងទៀតកាលពីដើមខែមិថុនា។ ជោគជ័យនេះ មួយផ្នែកក៏ដោយសារមានការពេញនិយមខ្លាំងចំពោះរថយន្តប្រើថាមពលអគ្គិសនី។ ការប្រាថ្នារបស់ក្រុមអ្នកវិនិយោគចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី គឺជាមូលហេតុដែលនាំឱ្យតម្លៃមូលបត្ររបស់ Nikola កើនឡើងខ្ពស់ បើទោះមិនទាន់ផលិលបានរថយន្តមួយគ្រឿងណាក៏ដោយ។ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk គឺជាឧទាហរណ៍លេចធ្លោដែល​នាំ​ឱ្យ​ Nikola ទទួល​បាន​ចំណាប់​អារម្មណ៍​។

    ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី
    ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី

    Milton ហាក់​បាន​យក​គំរូ​តាម​ Elon Musk នៅ​ពេល​គាត់​​ប្រើប្រាស់បណ្ដាញសង្គមដើម្បីឃោសនាអំពីក្រុមហ៊ុនរបស់ខ្លួន​ ដែល​នេះ​​ជាប្រការដែល Elon Musk ធ្លាប់ធ្វើបានយ៉ាងល្អនា​ពេល​កន្លង​មក។ យោងតាម Bloomberg នៅក្នុងវ័យ 37ឆ្នាំ លោក​ Milton បច្ចុប្បន្នមានទ្រព្យសរុប4.6ពាន់លានដុល្លារអាមេរិក ដែលនេះ​បាន​ជួយ​ឱ្យ​លោក​មាន​ឈ្មោះ​នៅ​ក្នុង​​ក្រុម​មនុស្សទាំង500នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក៕

    ប្រភព៖ Bloomberg

  • អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

    រាជរដ្ឋាភិបាលអង់គ្លេសកំពុងតែជួបការលំបាកខ្លាំងក្នុងការលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនត្រលប់ចូលទីក្រុង ឬ​ចូល​ទទួល​ទាន​អាហារ​ ភេសជ្ជៈ ដើម្បីឱ្យ​មាន​ការ​ចាយវាយ ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ច ខណៈប្រជាជននៅតែខ្លាចរអាចំពោះ COVID-19។

    ថ្មីៗនេះ អាជ្ញាធរទីក្រុងឡុងដ៍បានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា “Eat out to help out” (EOHO) ដែលក្នុងនោះ រដ្ឋនឹងទូទាត់វិក្កយបត្រក្នុងអត្រា50% ជំនួសពលរដ្ឋទាំងឡាយណាដែលបានទៅញ៉ាំអាហារ ឬភេសជ្ជៈ​នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ ឬហាងស្រា នៅក្នុងខែសីហា2020នេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ ការ​ទទួលទានអាហារ ឬភេសជ្ជៈមួយពេល នៅក្នុងហាងទាំងនោះ ត្រូវបានកំណត់មិនឱ្យលើសពី10ផោន ដែលប្រហាក់ប្រហែលនឹង​13ដុល្លារសម្រាប់​ពលរដ្ឋ​ម្នាក់ និងការ​ទូទាត់​ជំនួស​នេះ​ត្រូវបានអនុវត្តតែក្នុងថ្ងៃចន្ទ អង្គារ និងថ្ងៃពុធតែប៉ុណ្ណោះ។

    David Williams ដែលជាម្ចាស់បណ្ដាញភោជនីយដ្ឋាន Baltic Market បានប្រាប់ថា៖ “កាលពីថ្ងៃ​ពុធកន្លងទៅ វា​​ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ភ្ញៀវដែលមកតម្រង់ជួររង់ចាំ មានចំនួនច្រើនជាងភ្ញៀវដែលកំពុងទទួលទានអាហារទៅទៀត”។

    ត្រឹមតែរយៈពេល3សប្ដាហ៍ដំបូងនៃការធ្វើយុទ្ធនាការ EOHO រដ្ឋបានទូទាត់វិក្កយបត្រជាង64លានលើកជូនពលរដ្ឋរបស់​ខ្លួន​ ដែលនេះប្រហាក់ប្រហែលទៅនឹងចំនួនប្រជាជនសរុប (67លាននាក់) របស់ប្រទេសនេះ។ វិក្កយបត្រទាំងនេះ បាននាំឱ្យរដ្ឋត្រូវចំណាយប្រាក់ដល់ទៅ336លានផោន ស្មើនឹង441លានដុល្លារអាមេរិក។

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន
    យុទ្ធ​នាការ​នេះ​ មាន​ឈ្មោះ​ថា “ហូប​ដើម្បី​ជួយ” (Eat Out To Help Out)

    យុទ្ធនាការខាងលើនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការដោយរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Runak កាលពី​ខែកក្កដា2020 ដែលកាលណោះ លោកមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធនាការបែបនេះក្នុងបំណងជួយដល់កម្លាំង​ពលកម្ម​ប្រមាណជា1.8លាននាក់ដែលកំពុងធ្វើការនៅក្នុងវិស័យអាហារ និងទេសចរណ៍។ ក្នុងអំឡុងចាប់ពី​ខែមេសាដល់ខែសីហា2020 វិស័យនេះនៅអង់គ្លេសបានធ្លាក់​ចុះ​87% បើធៀបនឹងអំឡុងពេលមុនខែមេសា2020 ដោយសារតែ COVID-19។

    ទីភ្នាក់ងារផ្ដល់ប្រឹក្សាយោបល់ CGA បានចេញរបាយការណ៍មួយបង្ហាញ​ថា ក្នុងថ្ងៃដំបូង (3សីហា2020) នៃការអនុវត្តយុទ្ធនាការ EOHO ប្រាក់ចំណូលរបស់ភោជនីយដ្ឋាននានានៅអង់គ្លេស បានកើនឡើងដល់100% បើធៀបនឹង1សប្ដាហ៍មុននោះ។

    បើទោះជាទទួលបានលទ្ធផលគាប់ប្រសើរយ៉ាងនេះក្ដី ក៏នៅមានការព្រួយបារម្ភច្រើននៅឡើយ ដោយមតិខ្លះថា យុទ្ធនាការនេះមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលរដូវត្រជាក់ចូលមកដល់ ពលរដ្ឋភាគច្រើនប្រាកដជាមិនអាចអង្គុយទទួលទានអាហារនៅខាងក្រៅភោជនីយដ្ឋានដូចពេលនេះឡើយ។

    ជាងនេះទៀត កញ្ចប់ជំនួយនៅក្នុងរដូវ COVID-19 របស់រាជរដ្ឋាភិបាលអង់គ្លេសសម្រាប់អ្នកបាត់បង់ការងារក៏ជិតនឹងត្រូវបានបញ្ចប់នៅក្នុងខែតុលា2020 ហើយមកដល់ពេលនេះមិនទាន់មានកម្មវិធីជំនួយណាមួយចូលមកជំនួសនៅឡើយ។

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋានទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសទទួលរងការខាតបង់ធ្ងន់ធ្ងរជាងគេបង្អស់នៅទ្វីបអឺរ៉ុបនៅក្នុងត្រីមាសទី2 ឆ្នាំ2020នេះ។ មូលហេតុគឺបណ្ដាលមកពីការបណ្ដែតបណ្ដោយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យស្ថានភាព COVID-19 កាន់តែស្មុគស្មាញ នាំឱ្យរយៈពេលនៃការធ្វើគម្លាតសង្គមត្រូវអូសបន្លាយយូរ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកច្រើនទៅលើការចាយវាយរបស់ពលរដ្ឋ។

    ដើម្បីដោះស្រាយបញ្ហាខាងលើ អាជ្ញាធរក្រុងឡុងដ៍ ត្រូវធ្វើការលើកទឹកចិត្តពលរដ្ឋឱ្យត្រលប់ចូលភោជនីយដ្ឋាន ឬហាងលក់អាហារ និងភេសជ្ជៈជាដើម ដើម្បីចាយវាយ។ រាជរដ្ឋាភិបាលអង់គ្លេស ថែមទាំងបាន​ត្រៀមកញ្ចប់​ថវិកា​រហូតដល់500លានផោន (660លាន​ដុល្លារអាមេរិក) សម្រាប់កម្មវិធី EOHO ទៀតផង។ មុននោះ អង់គ្លេសបានសម្រេចប្រ​ប្រាស់​ខ្ទង់​ប្រាក់190ពាន់លានផោន (251ពាន់លាន​ដុល្លារអាមេរិក) សម្រាប់ចំណាយនានាក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រោយការវាយលុករបស់ COVID-19៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Amazon គឺលោក Jeff Bezos បានកើនដល់ជាង200ពាន់លានដុល្លារកាលពីថ្ងៃពុធកន្លងទៅ ក្រោយពីមូលបត្ររបស់ Amazon បានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រការនេះក៏បានជួយឱ្យ​អ្នកស្រី MacKenzie ដែលជាអតីតភរិយារបស់លោក Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ក្រុមហ៊ុន L’Oreal។

    ក្នុងគ្រានោះដែរ ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏បានកើនឡើងថែមមួយកម្រិតទៀត នាំឱ្យលោកមានឈ្មោះនៅក្នុងក្រុម​ “centibillionaire” ជាក្រុមមនុស្សដែលមានទ្រព្យលើសពី100ពាន់លានដុល្លារ។ មូលបត្រ Tesla ដែលបានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ក៏​បាននាំឱ្យទ្រព្យរបស់លោក Musk កើនដល់101ពាន់លានដុល្លារ ដែលនេះជាស្ថិតិរបស់ Bloomberg។

    អ្នកមានជាងគេទាំង​500នាក់នៅទូទាំងពិភពលោក រកបានប្រាក់809ពាន់លានដុល្លារក្នុងឆ្នាំនេះ កើន14% រាប់ចាប់ពីខែមករា បើទោះជា COVID-19 បានធ្វើឱ្យ GDP នៃប្រទេសជាច្រើនត្រូវធ្លាក់ចុះ និងមនុស្សរាប់លាននាក់បានបាត់បង់ការងារ។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    លោក Jeff Bezos និង​អតីត​ភរិយា​របស់​លោក គឺ​អ្នកស្រី MacKenzie Scott

    លោក Elon Musk អាយុ49ឆ្នាំ បច្ចុប្បន្នគឺជាកំពូល​មហាសេដ្ឋីម្នាក់ក្នុងចំណោម “centibilianaires” 4រូបនៅទូទាំងពិភពលោក។ ទ្រព្យរបស់លោក Musk បានកើនបន្ថែម73.6ពាន់លានដុល្លារក្នុងឆ្នាំ2020នេះ ខណៈលោក Jeff Bezos កើនបន្ថែម87.1ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ Facebook គឺលោក Mark Zuckerberg ក៏បានកើនឡើងដល់100ពាន់លានដុល្លារកាលពីដើមខែនេះ។ ដោយឡែកក្នុងថ្ងៃពុធកន្លងទៅ លោក Mark ក៏រកបាន8.5ពាន់លានដុល្លារអាមេរិក​។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង

    មហាសេដ្ឋីផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក មិនមែនជាក្រុមមនុស្សតែមួយគត់​ដែលទទួលបានផលប្រយោជន៍ច្រើននៅដើមឆ្នាំនេះនោះទេ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ក៏បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ស្ដីអំពីអ្នកមានជាងគេទាំង5រូបនៅទូទាំងពិភពលោកកាលពីខែមុនផងដែរ​។ លោក Mukesh រកបាន22.5ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃមូលបត្រនៃក្រុមហ៊ុន Reliance Industries របស់លោក បានកើនឡើងខ្ពស់៕

    ប្រភព៖ Bloomberg

  • Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

    Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

    លោក Donald Trump បានថ្លែងថា នឹងស្នើឱ្យធ្វើតេស្តរកសារធាតុញៀន នៅមុនកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងលោក Joe Biden ដោយសង្ស័យថា គូប្រជែងរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀនដើម្បីបង្កើតសមត្ថភាព។

    ឆ្លើយតបទៅនឹង Washington Examiner នៅសេតវិមាន កាលពីថ្ងៃទី26សីហា ប្រធានាធិបតីអាមេរិក បានឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលបានឃើញការប្រសើរឡើងនៃសមត្ថភាពក្នុងការជជែកតវ៉ារបស់បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងការជជែកតវ៉ាទល់មុខគ្នាជាមួយតំណាងរាស្ត្រ Bernie Sanders មកពីសភាជាន់ខ្ពស់ កាលពីខែមីនា។ លោក Trump សង្ស័យថា នេះអាចជាលទ្ធផលដែលកើតឡើងពីគ្រឿងញៀន ប៉ុន្តែលោកមិនបានបញ្ចេញភស្តុតាងណាមួយទាក់ទិននឹងការសន្និដ្ឋាននេះទេ។

    លោក Trump ថ្លែងថា៖ “គ្មាននរណាគិតថា គាត់ទទួលបានជោគជ័យនោះឡើយ ព្រោះតែសមត្ថភាពនៃការជជែកតវ៉ារបស់គាត់ អន់ណាស់។ និយាយដោយត្រង់ទៅចុះ ការជជែកតវ៉ាដែលល្អបំផុតរបស់គាត់ គឺការទប់ទល់នឹង Bernie។ ឆ្លៀតឱកាសនេះ យើងនឹងស្នើឱ្យមានការធ្វើតេស្តរកគ្រឿងញៀន”។

    លោក Trump បន្ថែមថា៖ “គាត់មិនមែនជា Winston Churchill នោះទេ ហើយនោះគឺជាការជជែកតវ៉ាធម្មតា និងគួរឱ្យធុញ។ ប៉ុន្តែ ដូចដែលអ្នកដឹងហើយថា មិនមានអ្វីដែលមិនអាចកើតឡើងនោះឡើយ។ ហើយយើងនឹងអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន”។

    លោក Joe Biden បានចូលរួមក្នុងកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងគូប្រជែងចំនួន11លើកនៅក្នុងការប្រកួតដណ្ដើមតំណែងជាបេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យ និងការជជែកតវ៉ាជាមួយនឹងតំណាងរាស្ត្រ Bernie Sanders ដែលបានធ្វើឡើងកាលពីថ្ងៃទី15មីនា។

    “គំនិតរបស់ខ្ញុំ នោះគឺថា ប្រសិនបើអ្នកបានមើលឡើងវិញនូវការជជែកតវ៉ាគ្នានោះ គាត់ពិតជាអន់ខ្លាំងណាស់។ ជាងនេះ គាត់ថែមទាំងនិយាយមិនបានប្រទាក់ក្រឡាគ្នាទៀតផង តែនៅតែអាចឈ្នះ Bernie បាន។ ហើយយើងកំពុងតែអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន” នេះជាប្រសាសន៍របស់លោក Trump ហើយលោកបានបន្តថា លោកពិតជាមានទំនុកចិត្តលើខ្លួនឯង ព្រោះថា “ពូកែក្នុងវិស័យនេះ”។

    លោក Trump និងលោក Biden នឹងត្រូវឡើងជជែកតវ៉ាទល់មុខគ្នាជាលើកដំបូងនៃការ “រត់ប្រណាំង” ទៅកាន់សេតវិមានក្នុងឆ្នាំនេះ នៅឯសាកលវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង Cleveland រដ្ឋ Ohio នៅថ្ងៃទី29កញ្ញាខាងមុខ។ ក៏ប៉ុន្តែ ទាក់ទងនឹងបញ្ហាធ្វើតេស្តរកគ្រឿងញៀនខាងលើនេះ លោក Trump មិនបានថ្លែងច្បាស់ថានឹងធ្វើការស្នើពិនិត្យរកគ្រឿងញៀននៅពេលណា ក៏ដូចជាធ្វើទៅលើអ្នកណាឱ្យបានច្បាស់លាស់នោះដែរ។

    Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង
    លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%

    ភាគីខាងលោក Biden មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។ លទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ Morning Consult ដែលជាក្រុមហ៊ុនមួយមានទីស្នាក់ការនៅ Washington D.C សហរដ្ឋអាមេរិក កាលពីថ្ងៃទី24សីហា បានបង្ហាញថា ពិន្ទុរបស់លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%៕

    ប្រភព៖ The Hill

  • យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021

    យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021

    យានអវកាស Starliner នឹងដឹកអវកាសចរឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំក្រោយ បើសិនជាការហោះហើរសាកល្បងដែលគ្មានមនុស្សបើកនាពេលខាងមុខ ទទួលបានជោគជ័យ។

    ក្រុមហ៊ុនផលិតយន្តហោះ និងយានអវកាស Boeing កាលពីថ្ងៃទី25សីហាបានឱ្យដឹងថា ពួកគេកំពុងរៀបចំគម្រោងសម្រាប់ការហោះហើរសាកល្បងគ្មានមនុស្សបើករបស់យាន Starliner ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងខែធ្នូ2020 ឬខែមករា2021 អាស្រ័យទៅលើពេលវេលាសម្រេចជាស្ថាពរនៃការអភិវឌ្ឍផ្នែកទន់ និងការសាកល្បងផ្នែករឹងនៅលើយាន។ ប្រសិនបើការហោះហើរសាកល្បងទទួលបានជោគជ័យ Boeing និង NASA នឹងធ្វើការហោះហើរដោយមានមនុស្សបើកបរជាមួយនឹងយាន Starliner នេះ នៅក្នុងរដូវក្ដៅឆ្នាំ2021។

    Boeing កំពុងតែប្រឹងប្រែងបញ្ជាក់អំពីសមត្ថភាពនៃដំណើរការរបស់យានអវកាស Starliner ក្រោយពីមានបញ្ហាបច្ចេកទេសកន្លងមក ដែលនាំឱ្យក្រុមហ៊ុននេះមានការអន់ថយជាងគូប្រជែង SpaceX ក្នុងការនាំមនុស្សឡើងទៅកាន់ទីអវកាស។ កាលពីខែធ្នូ2019 Boeing បានធ្វើការហោះហើរសាកល្បងដោយគ្មានមនុស្សបើកជាលើកដំបូងទៅកាន់ទីអវកាសម្ដងរួចហើយ ប៉ុន្តែ ដោយសារមានបញ្ហាផ្នែកទន់ និងបញ្ហានៅលើឧបករណ៍កំណត់ម៉ោងស្វ័យប្រវត្ត យាន Starliner ក៏មិនអាចតភ្ជាប់ជាមួយនឹងស្ថានីយអវកាសអន្តរជាតិបាន ហើយត្រូវវិលត្រលប់មកកាន់ផែនដីវិញ មុនកាលកំណត់1សប្ដាហ៍។

    កាលពីខែកុម្ភៈ2020 គណៈគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់ NASA បានរកឃើញថា Boeing វិះនឹងត្រូវរងការ​ខូចខាតធ្ងន់ធ្ងរនៅក្នុងការសាកល្បង។ កាលណោះ NASA បានស្នើឱ្យមានការពិនិត្យឡើងវិញនូវដំណើរការនៃការត្រួតពិនិត្យលើផ្នែកទន់របស់ក្រុមហ៊ុន Boeing នៅមុនពេលអនុញ្ញាតឱ្យយាន Starliner ដឹកមនុស្សទៅកាន់ទីអវកាស។

    យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021
    Starliner ធ្លាប់​ទទួល​បរាជ័យ​ម្ដង​រួច​ហើយ​នៅក្នុង​ការ​តភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អន្តរ​ជាតិ​

    ក្រុមហ៊ុន Boeing បានចំណាយពេលរាប់ទសវត្សរ៍ដើម្បីអភិវឌ្ឍយានអកវាស Starliner សម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាស។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចុះកិច្ចព្រមព្រៀង អនុញ្ញាតឱ្យក្រុមហ៊ុន Boeing អភិវឌ្ឍយានអវកាសដែលអាចដឹកអវកាសចរឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយនឹងខ្ទង់ចំណាយចំនួន4.2ពាន់លានដុល្លារកាលពីឆ្នាំ2014 ក្រោយពីបានបញ្ឈប់កម្មវិធីយានអវកាស Space Shuttle។ តាមគម្រោងដំបូង យាន Starliner នឹងត្រៀមខ្លួនរួចរាល់ក្នុងការបំពេញបេសកកម្មចាប់ពីឆ្នាំ2017 ក៏ប៉ុន្តែ វាត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន ដោយសារតែជួបបញ្ហាច្រើនផ្នែកបច្ចេកទេស៕

    ប្រភព៖ Reuters

  • 7ក្នុងចំណោមមនុស្ស10នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក គឺសុទ្ធតែជាមហាសេដ្ឋីនៅ​ក្នុងវិស័យបច្ចេកវិទ្យា

    7ក្នុងចំណោមមនុស្ស10នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក គឺសុទ្ធតែជាមហាសេដ្ឋីនៅ​ក្នុងវិស័យបច្ចេកវិទ្យា

    ខាងក្រោមនេះគឺជាមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាទាំង7រូបដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេបំផុតទាំង10របស់ពិភពលោក ដែលនេះគឺជាស្ថិតិរបស់ Bloomberg Billionaires Index៖

    1. លោក Jeff Bezos

    -ទ្រព្យ៖ 195ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖79.8ពាន់លានដុល្លារ

    តម្រូវការទិញទំនិញតាមអនឡាញកើនឡើងខ្ពស់ក្នុងពេលមានអាសន្នរោគ COVID-19 បានជួយឱ្យលោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ផ្សារអនឡាញ Amazon កាន់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Bezos បច្ចុប្បន្នជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ដោយមានទ្រព្យសរុបចំនួន195ពាន់លានដុល្លារអាមេរិក គឺច្រើនជាងលោក Bill Gates ដែលជាអ្នកមានលំដាប់ទី2 ដល់ទៅ72ពាន់លានដុល្លារឯណោះ។

    2. លោក Bill Gates

    -ទ្រព្យ៖ 123ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 9,73ពាន់លានដុល្លារ

    លោក Bill Gates គឺជាសហស្ថាបនិករបស់ Microsost ដែលជាក្រុមហ៊ុនមួយត្រូវបានលោក រួមជាមួយនឹងលោក Paul Allen បង្កើតឡើងកាលពីឆ្នាំ1975។ លោក Bill Gates បានធ្វើជា CEO រហូតមកដល់ឆ្នាំ2000 មុនពេលប្រគល់តំណែងនេះទៅឱ្យ Steve Ballmer។ កាលពីខែមីនាកន្លងទៅ លោក Gates ក៏បានប្រកាសចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Microsoft ផងដែរ។ បច្ចុប្បន្ន ពេលវេលាភាគច្រើនរបស់លោកគឺសម្រាប់សកម្មភាពមនុស្សធម៌។

    3. លោក Mark Zuckerberg

    -ទ្រព្យសរុប៖ 103ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 24,4ពាន់លានដុល្លារ

    ទ្រព្យរបស់លោក Zuckerberg បានកើនដល់100ពាន់លានដុល្លារជាលើកដំបូងកាលពីថ្ងៃទី6សីហា2020 ក្រោយពីវិនិយោគិននានាមានការជឿជាក់ទៅលើសកម្មភាពដែល Facebook ដំណើរការ Reels ដែលជាគូប្រជែងដ៏ខ្លាំងក្លារបស់ TikTok។ ទ្រព្យរបស់លោក ភាគច្រើនបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុន Facebook។

    4. លោក Elon Musk

    -ទ្រព្យសរុប៖ 95,3ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 67,7ពាន់លានដុល្លារ

    តម្លៃមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងជាបន្តបន្ទាប់នៅក្នុងមួយរយៈពេលចុងក្រោយនេះ នាំឱ្យលោក Musk ក្លាយជាអ្នកមានជាងគេលំដាប់ទី4ក្នុងពិភពលោក។ លោកក៏ជាអ្នកដែលរកបានប្រាក់ច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោកនាឆ្នាំនេះផងដែរ បន្ទាប់ពីលោក Jeff Bezos។

    5. លោក Steve Ballmer

    -ទ្រព្យសរុប៖ 76,8ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 18,7ពាន់លានដុល្លារ

    លោក Steve Ballmer បានចូលធ្វើការឱ្យ Microsoft កាលពីឆ្នាំ1980 និងជាបុគ្គលិកទី30របស់ក្រុមហ៊ុននេះ។ លោក Steve Ballmer ធ្លាប់បានធ្វើជាប្រធាន រួចក៏ឡើងជា CEO ជំនួសលោក Bill Gates កាលពីឆ្នាំ2000។ ឆ្នាំ2014 លោក Steve Ballmer បានចាកចេញពី Microsoft ក្រោយតស៊ូជាមួយក្រុមហ៊ុននេះអស់រយៈពេលជាង3ទសវត្សរ៍។

    6. លោក Larry Page

    -ទ្រព្យសរុប៖ 75,4ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 10.8ពាន់លានដុល្លារ

    7ក្នុងចំណោមមនុស្ស10នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក គឺសុទ្ធតែជាមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាលោក Larry Page និង លោក Sergey Brin គឺជាសហស្ថាបនិកដែលបានបង្កើត Google កាលពីឆ្នាំ1998។ កាលពីដើមខែធ្នូ2019 លោក Larry Page បានប្រកាសថានឹងចាកចេញពីតំណែង CEO របស់ Alphabet (ក្រុមហ៊ុនមេរបស់ Google)។ ចំណែក Sergey Brin ក៏លាលែងពីតំណែងប្រធាននៃក្រុមហ៊ុននេះផងដែរ។

    7. លោក Sergey Brin

    -ទ្រព្យសរុប៖ 73ពាន់លានដុល្លារ
    -ទ្រព្យដែលកើនឡើង/ថយចុះ បើធៀបនឹងដើមឆ្នាំ៖ 10,3ពាន់លានដុល្លារ

    បើទោះជាបានចាកចេញពីកៅអីរបស់ថ្នាក់ដឹកនាំ ទាំង Page ទាំង Brin នៅតែស្ថិតក្នុងក្រុមប្រឹក្សាភិបាល និងកាន់កាប់សិទ្ធិគ្រប់គ្រងក្រុមហ៊ុននេះដដែល។ បច្ចុប្បន្ន CEO របស់ Alphabet គឺលោក Sundar Pichai មកពីប្រទេសឥណ្ឌា៕

    ប្រភព៖ Bloomberg

  • វៀតណាមជំទាស់នឹងសមយុទ្ធយោធារបស់ចិននៅប្រជុំកោះ Paracel នៃ​សមុទ្រចិនខាងត្បូង

    វៀតណាមជំទាស់នឹងសមយុទ្ធយោធារបស់ចិននៅប្រជុំកោះ Paracel នៃ​សមុទ្រចិនខាងត្បូង

    ក្រសួងការបរទេសវៀតណាម បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ចិននៅលើប្រជុំកោះ Paracel ដែលវៀតណាមហៅថា Hoang Sa នេះថាជាការរំលោភលើអធិបតេយ្យរបស់វៀតណាម ហើយបានស្នើឱ្យទីក្រុងប៉េកាំងបញ្ឈប់ជាបន្ទាន់នូវលំហាត់សមយុទ្ធយោធានេះ។

    អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះ (26សីហា) ថា៖ “ការដែលចិនធ្វើលំហាត់សមយុទ្ធជាបន្តបន្ទាប់នៅតំបន់ប្រជុំកោះ Hoang Sa គឺបានរំលោភលើអធិបតេយ្យរបស់វៀតណាម ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ផ្ទុយទៅនឹងស្មារតីដែលបានប្រកាសស្ដីអំពីដំណោះស្រាយរបស់ភាគីពាន់ព័ន្ធនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) (DOC) និងមិនមានផលប្រយោជន៍សម្រាប់ដំណើរការចរចាស្ដីអំពីគោលការណ៍ដោះស្រាយរវាងប្រទេសពាក់ព័ន្ធនៅសមុទ្រខាងកើត (COC) និងការរក្សាសន្តិភាព ស្ថិរភាព រួមនឹងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រខាងកើត”។

    ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅពេលប្រទេសចិនធ្វើលំហាត់សមយុទ្ធយោធានៅលើដែនសមុទ្រក្នុងតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រជុំកោះ Paracel ដែលកំពុងមានជម្លោះរវាងប្រទេសទាំង2។

    កាលពីថ្ងៃទី23សីហា នាយកដ្ឋានគ្រប់គ្រងដែនសមុទ្ររបស់ខេត្ត Hainan ប្រទេសចិន បានប្រកាសអំពីការធ្វើលំហាត់សមយុទ្ធយោធាមួយរបស់កងទ័ពនៃប្រទេសនេះ ចាប់ពីថ្ងៃទី24សីហា ដល់ថ្ងៃទី29សីហានៅតំបន់ប្រជុំកោះ Paracel និងតំបន់ភាគអាគ្នេយ៍នៃកោះ Hainan។ នេះគឺជាលើកទី2ហើយដែលចិនបានធ្វើសមយុទ្ធយោធានៅតំបន់ប្រជុំកោះ Paracel ក្នុងអំឡុង2ខែកន្លងមកនេះ។

    ចំណុច​ក្រហម​គឺជា​តំបន់​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា ចាប់​ពី​ថ្ងៃទី​24​-29​សីហា​

    លោកស្រី Hang បានថ្លែងថា៖ “វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយត្រូវលុបចោល និងមិនត្រូវបង្កការរំលោភបំពានសាជាថ្មីទៀតនោះទេ”៕

    ប្រភព៖ VNEXPRESS

  • លី អ៊ិង ស្ត្រីនៅលីវ-មានជាងគេបំផុត អ្នកនៅក្រោយខ្នងភាពជោគជ័យ មូលនិធិជែក ម៉ា

    លី អ៊ិង ស្ត្រីនៅលីវ-មានជាងគេបំផុត អ្នកនៅក្រោយខ្នងភាពជោគជ័យ មូលនិធិជែក ម៉ា

    សារព័ត៌មាន សៅឆាយណា ម៉នីង ផូស្តិ៍ រាយការណ៍យ៉ាងស៊ីជម្រៅ អំពីប្រវត្តិ លី អ៊ិង ស្ត្រីអ្នកវិនិយោគទុនជនជាតិចិន អ្នកដែលបានទទួលរហស្សនាមថា ជា “វ៉រេន បាហ្វហ្វេតត៍ របស់ចិន”។

    ឆ្នាំ2010 ខណៈដែលលី អាយុ 29ឆ្នាំ ជែក ម៉ា សហស្ថាបនិកក្រុមហ៊ុនអាលីបាបា ហូលឌីងស៍ និងម្ចាស់ទីភ្នាក់ងារព័ត៌មានសៅឆាយណា ម៉នីង ផូស្តិ៍ បានបបួលលី 3ដង ដើម្បីឱ្យនាង ផ្លាស់ពីស៊ីលីខន វ៉ាលលេយ៍ មកមើលការខុសត្រូវមូលនិធិ យុនហ្វឹង ដែលជាភាគហ៊ុនក្រៅផ្សារហ៊ុនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងហាយ-ថេក និងប្រភពថាមពលថ្មី។

    ទីបំផុត លីយល់ព្រមមករួមការងារ និងក្លាយជាសហស្ថាបនិកជាមួយម៉ា និងដេវីដ អ៊ូ។

    លី ត្រូវចាត់ការប្រាក់រាប់ពាន់លាន និងមានម្ដងនោះ លីធ្លាប់ប្រកួតប្រជែងជាមួយ យ៉ាង ហ៊ុយអាន់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាសេដ្ឋីនីមានជាងគេបំផុតនៅក្នុងប្រទេសចិន។

    ទោះជាមិនដែលមានការបង្ហើបឱ្យដឹងអំពីតម្លៃខ្លួនមែន តែសារព័ត៌មានចិនសន្និដ្ឋានថា លីអាចមានទ្រព្យសម្បត្តិជាង 10,000យន់ ឬប្រមាណជា 1,500លានដុល្លារ និងមិនសូវមានទិន្នន័យបែកខ្ចរខ្ចាយច្រើន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនប៉ុន្មានឡើយ។ គេគ្រាន់តែបានដឹងច្បាស់ថា លីជាអ្នកនិយមចូលចិត្តរថយន្តសូភើរ ខារ៍ និងមានរថយន្តទំនើបៗជាច្រើនគ្រឿង ទាំងបេនថ៍លីយ៍ មើរស៊ីដេស ម៉ាយបាក់ និងរថយន្តបើកដំបូលរ៉ូលស៍ រ៉យ ហ្វ៊ែនថម។

    ដំណើរផ្លូវឆ្ពោះទៅរកភាពជាសេដ្ឋីនី របស់ស្ត្រីម្នាក់ដែលមានបំផុតនៅក្នុងប្រទេសចិន

    លី ធំធាត់ឡើងនៅក្នុងមណ្ឌលហ្សឹនជិន របស់ប្រទេសចិន និងរៀនសូត្រនៅក្នុងប្រទេសចិន រហូតដល់ថ្នាក់មធ្យមទី2 បន្ទាប់ពីនោះ លីត្រូវបានឪពុកម្ដាយណែនាំឱ្យទៅរៀនបន្តនៅសហរដ្ឋអាមេរិក ដែលនាងហាក់ដូចជាមិនសូវជាយល់ស្របប៉ុន្មានឡើយនាពេលដំបូងៗក្នុងរឿងផ្លាស់ប្ដូរកន្លែងរស់នៅ តែនៅពេលឪពុកម្ដាយសំណូមពរថា មិនចាំបាច់រៀនថ្នាក់មធ្យមសិក្សាដំបូងៗនោះ លីក៏យល់ព្រម។

    ការរៀនសូត្ររបស់លី ឈានទៅមុខលឿនជាងមិត្តភក្តិខ្លាំងណាស់ ខណៈដែលអាយុបាន 17ឆ្នាំ នាងមានលទ្ធផលការរៀនល្អបំផុត រហូតក្លាយជាមុខសញ្ញារបស់មហាវិទ្យាល័យល្បីៗជាច្រើន ដែលចង់បានសិស្សពូកែៗទៅចូលសិក្សា មានទាំង អេមអៃធី យែល និងស្ទែនហ្វ៉ត ដែលពេលនោះ លីជ្រើសរើសរៀននៅ អេមអៃធី និងបញ្ចប់ការសិក្សាក្នុងរយៈពេល 3ឆ្នាំ។

    ពេលអាយុបាន 20ឆ្នាំ លីបានទទួលបរិញ្ញាត្រី ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សេដ្ឋសាស្ត្រ និងបរិញ្ញាទោ ផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ។
    លី ចូលធ្វើការដំបូងជាមួយមែកឃិនហ្ស៊ី អ៊ែនដ៍ ខាំផានី ក្នុងឋានៈជាទីប្រឹក្សាស្ថាប័ន ក្នុងស៊ីលីខន វ៉ាលលេយ៍។

    13ឆ្នាំ តមក លីផ្លាស់ទៅធ្វើការជាមួយក្រុមហ៊ុនវិនិយោគទុនលំដាប់ជួរមុខគេនៅក្នុង វ៉លស្ទ្រីត ដូចជា អ៊ិកាណុ យូធី និងខេឌីស៊ីប៊ី ដែលបានឡើងមុខតំណែងខ្ពស់ឡើងៗ យ៉ាងឆាប់រហ័ស។ រហូតដល់ ជែក ម៉ា មើលឃើញពីភាពប៉ិនប្រសប់ និងសមត្ថភាពពិសេសរបស់លី និងពេញចិត្តលើប្រវត្តិរូបសង្ខេប និងប្រវត្តិការងារ ដែលល្អលើសលប់ ទើបម៉ា ទំនាក់ទំនងស្នើឱ្យមកចូលរួមធ្វើការងារជាមួយអាលីបាបា គ្រុប ជាច្រើនដង និងអញ្ជើញមករួមការងារជាមួយមូលនិធិយុនហ្វឹង។

    លី ជាអ្នកចាត់ការទូទៅ របស់គណៈកម្មការ និងទទួលខុសត្រូវការងារពាក់ព័ន្ធនឹងការវិនិយោគទុនផ្នែកហាយ-ថេក និងប្រភពថាមពលថ្មី។ ស្នាដៃរបស់លី ហុចផលឱ្យក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងស្រស់បំព្រង និងធ្វើឱ្យមូលនិធិយុនហ្វឹង មានប្រាក់ដើមទុនដំណាក់កាលដំបូងរីកធំធាត់ឡើងជាច្រើនម៉ឺនលានយន់ មុននឹងលាឈប់កាលពីឆ្នាំកន្លងទៅ ដែលប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លីបង្កើតក្រុមហ៊ុនរបស់ខ្លួនឯង។

    ស្ត្រីពូកែម្នាក់នេះ ជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ តែនៅពេលបង្ហាញខ្លួនក្នុងទីសាធារណៈលើកដំបូង គ្រប់គ្នាត្រូវភ្ញាក់ផ្អើលនឹងរូបសម្ផស្សដ៏ស្រស់ស្អាត និងភាពឆ្លាតវាងវៃរបស់នាង និងក្រៅពីនោះ លីនៅបានទទួលការសរសើរតម្កើងថា ជាស្ត្រីនៅលីវ និងមានបំផុតម្នាក់ នៅក្នុងប្រទេសចិនទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស