Author: សឿន សំណាង

  • ហូបអាហារមួយ​ពេល​អស់​ត្រឹម​ 7,200​រៀល​ ក្នុង​រយៈ​ពេល​5​ឆ្នាំ​ ប្ដី​ប្រពន្ធ​ជន​ជាតិ​អូស្ត្រាលី​មួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ហូបអាហារមួយ​ពេល​អស់​ត្រឹម​ 7,200​រៀល​ ក្នុង​រយៈ​ពេល​5​ឆ្នាំ​ ប្ដី​ប្រពន្ធ​ជន​ជាតិ​អូស្ត្រាលី​មួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ដោយសារតែមានការព្រួយបារម្ភចំពោះការដែលត្រូវបង់ថ្លៃផ្ទះជួល ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូនេះ បានសម្រេចចិត្តកាត់បន្ថយការចំណាយទៅលើតម្រូវការទាំងអស់របស់ពួកគេ ដោយសង្ឃឹមថា នឹងមានផ្ទះផ្ទាល់ខ្លួនមួយខ្នងសម្រាប់ជ្រកកោន។

    ជារៀងរាល់ខែ ពួកគេត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីបង់ថ្លៃផ្ទះដែលពួកគេជួលសម្រាប់ស្នាក់នៅ ដូច្នេះ គ្រួសាររបស់លោក Mattia អាយុ30ឆ្នាំ បច្ចុប្បន្នជានាយកក្រុមហ៊ុនទូរគមនាគមន៍មួយ បានសម្រេចចិត្តរស់នៅដោយការប្រិតសំច័យបំផុតតាមដែលអាចធ្វើទៅបាន។ មុននោះ ពួកគេបានជួលផ្ទះមួយកន្លែងដែលមានបន្ទប់គេងចំនួនមួយ និងស្ថិតនៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី ក្នុងតម្លៃ 650 AUD (ដុល្លារអូស្ត្រាលី) ដែលស្មើនឹង​460ដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍។

    ក្នុងរយៈពេល5ឆ្នាំ ពេលបាយរបស់គូស្វាមី-ភរិយានេះ គឺមានតែកាហ្វេឆុងដោយខ្លួនឯងមួយកូនប៉ាន់សម្រាប់ពេលព្រឹក ញាំបន្លែ បាយ និងត្រីធូណាសម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច ដោយពេលខ្លះពួកគេប្ដូរមកហូបមីជំនួសវិញ។ លោក Mattia បានឱ្យដឹងថា អាហារមួយពេលបែបនេះ គាត់ចំណាយតែ2.5ដុល្លារអូស្ត្រាលី ដែលស្មើនឹង7,200រៀលតែប៉ុណ្ណោះ។ បន្លែ ផ្លែឈើដែលពួកគេជ្រើសរើស គឺតែងតែជាប្រភេទដែលមានសម្បកមិនសូវល្អ ដែលត្រូវបានផ្សារទំនើបប្រមូលដាក់លក់ដោយឡែក ដែលមានតម្លៃមិនដល់2AUD នោះដែរ។

    ហូបអាហារមួយពេលអស់ត្រឹម 7,200រៀល ក្នុងរយៈពេល5ឆ្នាំ ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ
    ហូបអាហារមួយពេលអស់ត្រឹម 7,200រៀល ក្នុងរយៈពេល5ឆ្នាំ ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ជាមួយនឹងវិធីរស់នៅប្រកបដោយការ “សន្សំសំច័យកម្រិតកំពូល” បែបនេះ ពួកគេសន្សំបាន20AUD ជារៀងរាល់ថ្ងៃបន្ថែមទៀតទៅក្នុងខ្ទង់ប្រាក់សន្សំរបស់ពួកគេ។ ការកាត់បន្ថយការចេញទៅញ៉ាំអាហារនៅខាងក្រៅ បាន​ជួយ​ឱ្យពួកគេសម្រេចបានគោលដៅយ៉ាងឆាប់រហ័ស។ កាលពីខែធ្នូ ឆ្នាំ2019 គ្រួសារលោក Mattia សន្សំបានប្រាក់គ្រប់ចំនួនដែលអាចយកទៅកក់ផ្ទះមួយខ្នងដែលមានតម្លៃ1.5លានដុល្លារអាមេរិក។ ពួកគេទទួលបានកូនសោផ្ទះមួយខ្នងនៅតំបន់Darlinghurst ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី។

    ជាងនេះ ចាប់តាំងពី COVID-19 បានផ្ទុះឆ្លងរាលដាល ប្ដីប្រពន្ធមួយគូនេះ ត្រូវធ្វើការពីផ្ទះ ទើបពួកគេមិនត្រូវចំណាយប្រាក់សម្រាប់ការធ្វើដំណើររាល់ថ្ងៃ។ ដូច្នេះ ពួកគេក៏សន្សំបាន6,000AUD បន្ថែមទៀត។ លោក Mattia និងភរិយា ក៏មានអារម្មណ៍ថាមានសំណាងខ្លាំងណាស់ដែលមានផ្ទះជ្រកកោននឹងគេនៅក្នុងសម័យ COVID-19 ខណៈដែលមនុស្សជាច្រើនកំពុងតែជួបការលំបាកដោយសារបាត់បង់ការងារ គ្មានប្រាក់ចំណូលប្រចាំខែ និងត្រូវ​បង់​ថ្លៃផ្ទះ។ល។

    ប្រភព៖ News

  • កូរ៉េខាងត្បូងនិយាយថា មន្ត្រីរបស់ខ្លួនត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ ពេលកំពុង “គេចខ្លួនទៅកាន់កូរ៉េខាងជើង”

    កូរ៉េខាងត្បូងនិយាយថា មន្ត្រីរបស់ខ្លួនត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ ពេលកំពុង “គេចខ្លួនទៅកាន់កូរ៉េខាងជើង”

    យោងតាមព័ត៌មានចារកម្ម និងទិន្នន័យស្ដីអំពីលំហូរទឹកសមុទ្រ ប៉ូលិសកូរ៉េខាងត្បូងអះអាងថា មន្ត្រីជលផលម្នាក់ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នោះ មានបំណងគេចខ្លួនចូលទៅកាន់ប្រទេសកូរ៉េខាងជើង។

    “មន្ត្រីរូបនេះ ពាក់អាវពោង និងតោងជាប់ទៅនឹងវត្ថុអណ្ដែតមួយនៅពេលត្រូវបានក្រុមទាហានកូរ៉េខាងជើងប្រទះឃើញ” នេះបើតាមលោក Yoon Seong-hyun ប្រធានក្រុមអ្នកស្រាវជ្រាវនៃនគរបាលល្បាតសមុទ្រកូរ៉េខាងត្បូង ដែលបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបន្តថា “ក្រៅពីនេះ កូរ៉េខាងជើងក៏បានដឹងអំពីព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរូបនេះ ដូចជាឈ្មោះ អាយុ ស្រុកកំណើត និងកម្ពស់”។

    ទិន្នន័យទាំងឡាយខាងលើ រួមនឹងព័ត៌មានចារកម្មពីកងទ័ព និងលទ្ធផលនៃការពិនិត្យលើលំហូរទឹកជោរនៅក្នុងថ្ងៃកើតហេតុ ប៉ូលិសល្បាតសមុទ្រកូរ៉េខាងត្បូងយល់ថា មន្ត្រីរូបនេះត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅពេលកំពុងរកផ្លូវគេចខ្លួនចូលទឹកដីកូរ៉េខាងជើង។

    Yoon Seong-hyun ប្រធានក្រុមអ្នកស្រាវជ្រាវនៃនគរបាលល្បាតសមុទ្រកូរ៉េខាងត្បូង

    ការស្រាវជ្រាវរបស់ក្រុមប៉ូលិសល្បាតសមុទ្រកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ អាយុ47ឆ្នាំ ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅក្នុងតំបន់សមុទ្រនៃប្រទេសនេះកាលពីថ្ងៃទី22កញ្ញា។ មន្ត្រីវ័យ47ឆ្នាំនេះ បានបាត់ខ្លួនមុននោះមួយថ្ងៃនៅពេលកំពុងត្រួតពិនិត្យជលផលក្បែរព្រំដែនសមុទ្រភាគខាងជើង (NLL) ដែលជាបន្ទាត់បែងចែកដែនសមុទ្ររវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

    កងទ័ពកូរ៉េខាងត្បូងយល់់ថា ទាហានកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីរូបនេះ រួចដុតសាកសពបំបាត់ភស្ដុសតាង ខណៈដែលទីក្រុងព្យុងយ៉ាងបានសរសេរលិខិតសុំទោសមួយច្បាប់ទៅកាន់ទីក្រុងសេអ៊ូល ទាក់ទិននឹងហេតុការណ៍នេះ និងបញ្ជាក់ថា ពួកគេគ្រាន់តែដុតពោងរបស់មន្ត្រីរូបនេះទៅតាមវិធានការទប់ស្កាត់COVID-19 ក្រោយពីមិនបានរកឃើញសាកសព។

    ប័ណ្ណសម្គាល់​ខ្លួន​របស់​មន្ត្រី​ជលផល​ដែល​ត្រូវ​បាន​គេ​បាញ់សម្លាប់​

    ក្រុមមន្ត្រីស្រាវជ្រាវមកពីកងនគរបាលសមុទ្រកូរ៉េខាងត្បូងបានវិភាគទៅលើលំហូរនៃទឹកសមុទ្រកាលពីថ្ងៃទី21កញ្ញា និងបានសន្និដ្ឋានថា បុរសនេះមិនអាចត្រូវបានទឹកគួចទៅដល់កន្លែងកើតហេតុនោះឡើយ លើកលែងតែមានការព្យាបាលហែលទៅទីនោះ។ លោក Yoon ឱ្យដឹងថា មូលហេតុបណ្ដាលមកពីគ្រោះថ្នាក់ ឬការធ្វើអត្តឃាត ត្រូវបានគេចាត់ទុកថា ពិបាកកើតឡើង។

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញស្បែកជើងរបស់មន្ត្រីដែលត្រូវគេបាញ់សម្លាប់នេះ និងបានបញ្ជូនទៅកាន់អង្គភាពកោសល្យវិច្ច័យដើម្បីធ្វើការវិភាគ។ ក្រុមនេះក៏បានពិនិត្យទៅលើវីដេអូចំនួន731ឈុតដែលថតបានដោយកាមេរ៉ានៅលើនាវា ប៉ុន្តែមិនបានរកឃើញព័ត៌មានសំខាន់អ្វីនោះឡើយ។

    ផែន​ទីបង្ហាញ​អំពី​ទីតាំង​នៃ​កោះ Yeonpyeong

    លោក Yoon និយាយថា៖ “យោងតាមលទ្ធផលនៃការស្រាវជ្រាវ រហូតមកដល់ពេលនេះ យើងជឿថា គាត់មានបំណងរត់គេចចូលទៅកាន់ទឹកដីកូរ៉េខាងជើង”។ លោកបន្តថា មន្ត្រីរូបនេះ “ដឹងច្បាស់អំពីតំបន់សមុទ្រនៅជុំវិញកោះ Yeonpyeong” ដែលជាកោះមួយនៅក្បែរ NLL ជាកន្លែងដែលមន្ត្រីរូបនេះបាត់ខ្លួន។

    នាវា​កូរ៉េខាង​ត្បូង​កំពុង​ស្វែង​រក​សាកសព​មន្ត្រី​ជល​ផល​កងទ័ពជើងទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី27កញ្ញា បានបញ្ជូននាវាចម្បាំង16គ្រឿង និងយន្តហោះ6គ្រឿង ខណៈប៉ូលិសល្បាតសមុទ្របញ្ជូននាវាល្បាត23គ្រឿង ទៅកាន់កន្លែងកើតហេតុដើម្បីស្វែងរកសាកសពមន្ត្រីជលផលដែលបានបាត់ខ្លួនខាងលើ។ ភាគីកូរ៉េខាងជើងបានព្រមានថា សកម្មភាពនេះរបស់កូរ៉េខាងត្បូង អាចបង្កឱ្យមានបញ្ហារំលោភដែនសមុទ្ររបស់ប្រទេសនេះ ហើយទន្ទឹមនឹងនេះ កូរ៉េខាងជើងក៏បានសន្យាថា នឹងប្រគល់សាកសពឱ្យកូរ៉េខាងត្បូង បើសិនពួកគេរកឃើញ៕

    ប្រភព៖ Yonhap

     

  • គូស្នេហ៍នារីដូចគ្នា សម្លាប់បុរសម្នាក់ កាត់ម្រាមដៃ ស្គែនទូរស័ព្ទ ដកប្រាក់ជាង 7ម៉ឺនដុល្លារ

    គូស្នេហ៍នារីដូចគ្នា សម្លាប់បុរសម្នាក់ កាត់ម្រាមដៃ ស្គែនទូរស័ព្ទ ដកប្រាក់ជាង 7ម៉ឺនដុល្លារ

    ទីភ្នាក់ងារព័ត៌មាន The Mirror បានរាយការណ៍ពី រឿងក្ដីឃាតកម្មដ៏សាហាវ រន្ធត់ស្មារតីមួយ នៅក្នុងប្រទេសព័រទុយហ្គាល់។ ក្រមុំគូស្នេហ៍ 2នាក់ រួមគ្នាសម្លាប់បុរសគូស្នេហ៍ម្នាក់ កាត់ជាកង់ៗ និងកាត់យកម្រាមដៃរបស់ជនរងគ្រោះ ដើម្បីប្រើស្នាមខ្ចៅដៃរបស់សាកសព ស្គែនចូលបញ្ជីធនាគារនៅក្នុងទូរស័ព្ទដៃជនរងគ្រោះ កាលពីខែមីនាកន្លងទៅ។

    នាងក្រមុំ ម៉ារីអាណា ហ្វ៉នសេកា

    នាងក្រមុំ ម៉ារីយ៉ា ម៉ាល់វេអ៊ីរ៉ូ ជាបុគ្គលិកសន្តិសុខ អាយុ 19ឆ្នាំ និងសង្សាររបស់នាង គឺកញ្ញា ម៉ារីអាណា ហ្វ៉នសេកា(ស្រីស្រឡាញ់ភេទដូចគ្នា) ជាជំនួយការគ្រូពេទ្យ អាយុ 23ឆ្នាំ បានក្លាយជាជនសង្ស័យក្នុងអំពើឃាតកម្មលោក ឌីយ៉ូគូ កនខាល់វេស ជាបុគ្គលិកសណ្ឋាគារ អាយុ 21ឆ្នាំ រស់នៅភូមិភាគ អាល់កាវី ភាគខាងត្បូង កាលពីថ្ងៃទី18 មីនា 2020 កន្លងទៅ។

    សារព័ត៌មាន Correio da Manha បានចុះផ្សាយមួយផ្នែករបស់ពាក្យបណ្ដឹងដោយបុគ្គលិកអយ្យការនៅថ្ងៃទី28 កញ្ញាថា នាងក្រមុំ ម៉ាល់វេអ៊ីរ៉ូ និងនាង ហ្វ៉នសេកា បានកាត់ម្រាមដៃខាងស្ដាំទាំងអស់របស់លោក ឌីយ៉ូគូ ដើម្បីប្រើស្នាមខ្ចៅដៃរបស់សាកសព ស្គែនចូលទូរស័ព្ទរបស់ជនរងគ្រោះ ដើម្បីផ្ទេរប្រាក់ចំនួន 75,000ដុល្លារអាមេរិក ពីបញ្ជីធនាគាររបស់ជនរងគ្រោះ ចូលទៅលេខបញ្ជីធនាគារររបស់ខ្លួន។

    បន្ទាប់ពីនោះ នាងក្រមុំទាំង 2នាក់ ក៏ចាត់ការពន្លះ និងកាត់រាងកាយជនរងគ្រោះជា 2ចំណែក។ ចំណែកទី1 គឺក្បាល ដៃ និងជើង និងចំណែកទី2 គឺដងខ្លួន ប្រមូលដាក់ដោយឡែកពីគ្នា នៅក្នុងរថយន្ត 2គ្រឿង ដោយ 1គ្រឿង គឺរថយន្តមែរសឺដេស របស់ជនរងគ្រោះ។

    រហូតដល់ 4ថ្ងៃក្រោយការបង្កហេតុ ពួកគេបានយកដងខ្លួនសាកសពទៅបោះចោលជាមុនសិន ដោយបោះពីលើប៉មភ្លើង នៅលើមាត់ច្រាំងខ្ពស់ ជិតឆ្នេរបេលីឆេ ចូលទៅក្នុងសមុទ្រក្នុងទីក្រុងសាក្រេស និង1ថ្ងៃបន្ទាប់មក ទើបនាំយកបំណែកអវយវៈដែលនៅសល់របស់សាកសព ទៅបោះចោលនៅជិតកន្លែងទឹកជ្រោះប៉េកូ ដូអ៊ីន ហ្វើណូ ជិតទីក្រុងថាវីរ៉ា។

    នាងក្រមុំ ម៉ារីយ៉ា ម៉ាល់វេអ៊ីរ៉ូ

    ក្រៅពីនេះ នាងក្រមុំគូស្នេហ៍ភេទដូចគ្នាទាំង2 បានប្រើពេលវេលា 3ថ្ងៃ ក្នុងចន្លោះថ្ងៃទី20-23 មីនា ផ្ញើសំណេរឆាតតាមហ្វេសប៊ុករបស់លោកឌីយ៉ូគូ ទៅបណ្ដាមិត្តរួមការងាររបស់ជនរងគ្រោះ ដើម្បីបន្លំធ្វើជាជនរងគ្រោះនៅមានជីវិតរស់នៅឡើយ។

    ចំណែក សារព័ត៌មាន Jornal de Noticias បានបង្ហាញពីសេចក្ដីលម្អិតនៃការធ្វើឃាតនោះថា នាងក្រមុំម៉ាល់វេរ៉ូ ស្គាល់លោកឌីយ៉ូគូ និងឆ្លៀតឱកាសដាក់ថ្នាំសន្លប់នៅក្នុងកែវទឹកក្រូចរបស់ជនរងគ្រោះ បន្ទាប់ពីនោះ ក៏ចាប់ជនរងគ្រោះចងជាប់នឹងកៅអី រួចយកខ្សែរឹត-ក រហូតដល់ស្លាប់ ហើយនាងក្រមុំហ្វ៉នសេកា បានមកចូលរួមពន្លះ និងកាត់សាកសពជាកង់ៗ និងដឹកយកទៅបោះចោលដើម្បីបំបាត់ភ័ស្តុតាង។

    លោក ឌីយ៉ូគូ កនខាល់វេស

    យ៉ាងណាក៏ដោយ ដងខ្លួនរបស់សាកសពលោកឌីយ៉ូគូ មិនបានលិចទៅក្នុងសមុទ្រទេ តែបែរជាអណ្ដែតមកទើរនៅលើឆ្នេរខ្សាច់ ក្លាយជាភ័ស្តុតាងសំខាន់ នាំឆ្ពោះទៅរកការតាមដានរកតម្រុយ ហើយប៉ូលិសបានរកឃើញ និងចាប់ឃាត់ខ្លួនស្រីគូស្នេហ៍ទាំង2 បាននៅទីបំផុត។

    នាងកញ្ញា ម៉ាល់វេអ៊ីរ៉ូ បានផ្ដល់ចម្លើយទៅតុលាការថា ខ្លួន និងគូស្នេហ៍(កញ្ញា ហ្វ៉នសេកា) បានទទួលកម្លាំងជំរុញចិត្តពី ដេកស៍ធើរ៍ កម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់អាមេរិក ដែលបានចាក់បញ្ចាំងពីរឿងរ៉ាវរបស់អ្នកនីតិវិទ្យាសាស្ត្រម្នាក់ ដែលក្លាយខ្លួនជាឃាតករសម្លាប់ឥតរើសមុខ។

    ទាំងអស់នេះ នាងកញ្ញា ម៉ាល់វេអ៊ីរ៉ូ និងនាងកញ្ញា ហ្វ៉នសេកា មិនធ្លាប់មានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្មម្ដងណាឡើយ តែនឹងត្រូវជាប់ទោសទណ្ឌពីបទឃាតកម្មគិតទុកជាមុន កម្ទេចសាកសព កេងបន្លំខាងកុំព្យូទ័រ និងលួចរថយន្តអ្នកដទៃ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សភាជាន់ទាបអាមេរិក ស្នើបញ្ចេញថវិកា2.2លានលានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹង​ឥទ្ធិពល​របស់​វីរុស​COVID-19

    សភាជាន់ទាបអាមេរិក ស្នើបញ្ចេញថវិកា2.2លានលានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹង​ឥទ្ធិពល​របស់​វីរុស​COVID-19

    ក្រុមតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបសហរដ្ឋអាមេរិក បានស្នើឱ្យបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានទំហំទឹកប្រាក់ 2.2លានលានដុល្លារ (2,200,000,000,000) បន្ថែមទៀត ដើម្បីទប់ទល់នឹងCOVID-19 ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការចរចាជាមួយសេតវិមានផងដែរ។

    ក្រុមអ្នកតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យនៅសភាជាន់ទាបសហរដ្ឋអាមេរិក កាលពីថ្ងៃទី28កញ្ញាកន្លងទៅ បានប្រកាសបង្ហាញសេចក្ដីព្រាងច្បាប់មួយដែលបើកផ្លូវឱ្យរដ្ឋាភិបាលប្រើប្រាស់កញ្ចប់ថវិកាមួយបន្ថែមទៀត ដើម្បីជួយដល់សកម្មភាពទប់ទល់នឹងCOVID-19 នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ កញ្ចប់ថវិកាដែលមានទឹកប្រាក់ចំនួន 2.2លានលានដុល្លារនេះ គឺតិចជាងឆ្ងាយបើធៀប​ជា​មួយ​នឹងការស្នើដំបូងដែលមានទំហំទឹកប្រាក់ដល់ទៅ 3.4​លាន​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​​ (3,400,000,000,000)​ របស់​សភា​ជាន់​ទាប។ ខ្ទង់ប្រាក់ជំនួយនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងរដ្ឋបាលមូលដ្ឋាន ការជួយដល់វិស័យអប់រំ ក្រុមហ៊ុនខ្នាតតូច និងសកម្មភាពទប់ទល់នឹងCOVID-19 ដូចជា ការធ្វើតេស្តរកវីរុស ការតាមដាន ស្វែងរក និងដាក់ដោយឡែកចំពោះអ្នកបានឆ្លងវីរុស។

    ប្រធានសភាជាន់ទាប លោកស្រី Nancy Pelosi មានប្រសាសន៍ថា៖ “សមាជិកទាំងឡាយរបស់បក្សប្រជាធិបតេយ្យ កំពុងតែអនុវត្តត្រឹមត្រូវទៅតាមការសន្យាអំពីការព្រមព្រៀងជាមួយនឹងសេចក្ដីព្រាងច្បាប់នេះ។ នេះគឺជាប្រការចាំបាច់ដើម្បីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច និងសុខាភិបាល ដែលក្រុមគ្រួសារអ្នកពលកម្មអាមេរិកាំងកំពុងជួបប្រទះ”។

    លោកស្រី Pelosi រួមនឹងមេដឹកនាំមកពីបក្សប្រជាធិបតេយ្យនៅសភាជាន់ខ្ពស់ រដ្ឋមន្ត្រីការសួងហិរញ្ញវត្ថុ Steven Mnuchin និងប្រធានការិយាល័យរបស់សេតវិមាន លោក Mark Medows កាលពីថ្ងៃទី7សីហា បានចរចាជាមួយគ្នាអំពីកញ្ចប់ថវិកាជំនួយទំហំ 3.4លានលានដុល្លារ ក៏ប៉ុន្តែ មិនទទួលបានជោគជ័យ ដោយសារតែមានការខ្វែងគំនិតគ្នាច្រើនពេក។

    ប្រធានសភាជាន់ទាបនៃ​សហរដ្ឋ​អាមេរិក​ លោកស្រី Nancy Pelosi

    សមាជិកមួយចំនួនរបស់បក្សសាធារណរដ្ឋនៅសភាជាន់ខ្ពស់អាមេរិក បានស្នើកញ្ចប់ថវិកាជំនួយដែលមានទំហំទឹកប្រាក់ 1លានលានដុល្លារ ប៉ុន្តែត្រូវបានសមាជិកជាច្រើននៅក្នុងបក្ស មិនយល់់ស្រប ព្រោះគិតថា វាច្រើនហួស ខណៈក្រុមមកពីបក្សប្រជាធិបតេយ្យយល់ថា តិចហួស។

    “យើងត្រៀមខ្លួនជានិច្ចសម្រាប់ការចរចា” លោកស្រី Pelosi កាលពីចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងដូច្នេះ និងបញ្ជាក់ថា លោកស្រីទើបតែបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Mnuchin។

    ប្រធានគណៈកម្មាធិការយន្តការនិងនិតិវិធី (United States House Committee on Ways and Means) នៃសភាជាន់ទាបអាមេរិក កាលពីសប្ដាហ៍មុន បានឱ្យដឹងថា កិច្ចខិតខំដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីអំពីកញ្ចប់ថវិកា​ជំនួយ 2.2​លាន​លាន​ដុល្លារ​នេះ នឹងត្រូវបានអនុវត្តនាពេលដ៏ខ្លីខាងមុខ។ ចំណែកប្រធានអង្គភាពបម្រុងនៃសហរដ្ឋអាមេរិក (Chair of the Federal Reserve) លោក Jerome Powell មុននោះក៏បាននិយាយថា ក្រុមតំណាងរាស្ត្រគួរតែជួយដល់សេដ្ឋកិច្ចដែលកំពុងជួបបញ្ហាវឹកវរដោយសារCOVID-19។

    បច្ចុប្បន្ន គេមិនទាន់បានដឹងច្បាស់ថា តើសេតវិមានយល់ព្រមជាមួយនឹងកញ្ចប់ថវិកាជំនួយដ៏ធំនេះដែរ ឬយ៉ាងណានៅឡើយ។

    សូមរំឭកថា COVID-19 បានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសចិន និងបានឆ្លងរាលដាលដល់ប្រទេសនិងដែនដី​ជាង​200​នៅ​ទូទាំង​ពិភព​លោក​ បណ្ដាលឱ្យមនុស្សជាង 33.5លាននាក់ត្រូវឆ្លងវីរុស និងជាង1លាននាក់បានស្លាប់។ សហរដ្ឋអាមេរិក​ គឺជាសម្បុកវីរុសCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកឆ្លងវីរុសជាង7.3លាននាក់ និងជាង2សែននាក់បានបាត់បង់ជីវិត៕

    ប្រភព៖ Reuters/ USA Today

  • អ្នកអនុរក្សធម្មជាតិបារម្ភ ត្រីឆ្លាម កន្លះលានក្បាល អាចនឹងត្រូវសម្លាប់ ដើម្បីផលិតវ៉ាក់សាំងកូវីដ-19

    អ្នកអនុរក្សធម្មជាតិបារម្ភ ត្រីឆ្លាម កន្លះលានក្បាល អាចនឹងត្រូវសម្លាប់ ដើម្បីផលិតវ៉ាក់សាំងកូវីដ-19

    មានភាពអាចទៅរួច ដែលការផលិតវ៉ាក់សាំងបង្កើនប្រព័ន្ធប្រឆាំងវីរុសកូវីដ-19 នៅក្នុងខ្លួនមនុស្ស ដែលអាចត្រូវប្រើប្រាស់ត្រីឆ្លាមជាង 5សែនក្បាល។

    អ្នកវិទ្យាសាស្ត្រ បានព្យាយាមសិក្សាស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 ដែលអាចនឹងប្រើសារធាតុ Squalene ឬខ្លាញ់ចម្រាញ់ចេញពីថ្លើមត្រីឆ្លាម ធ្វើជាចំណែកផ្សំក្នុងការផលិតសារធាតុបង្កើនឥទ្ធិពល បង្កើនប្រសិទ្ធភាព និងជំរុញឱ្យរាងកាយផលិតប្រព័ន្ធប្រឆាំងជំងឺបានល្អ ដោយប្រើបរិមាណវ៉ាក់សាំងកាន់តែតិច។ អ្នកជំនាញការ បញ្ជាក់ថា ការចម្រាញ់យកសារធាតុ Squalene ឱ្យបាន 1តោន នឹងត្រូវប្រើត្រីឆ្លាមប្រមាណជា 3ពាន់ក្បាល ខណៈដែលក្រុមហ៊ុន គ្លែកសូស្ម៊ីត ក្លាញន៍ អ្នកផលិតវេជ្ជភណ្ឌដ៏ធំមួយរបស់ប្រទេសអង់គ្លេស ដែលប្រើប្រាស់សារធាតុ Squalene នៅក្នុងវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនោះ បានប្រកាសកាលពីខែឧសភារួចហើយថា ខ្លួននឹងផលិតសារធាតុបង្កើនឥទ្ធិពលនេះ 1ពាន់លានដូស ដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាប្រភេទថ្មី។

    Shark Allies ជាអង្គការNGO នៅក្នុងរដ្ឋកាលីហ្វ័រនៀ បានវាយតម្លៃថា បើប្រជាជននៅទូទាំងពិភពលោកត្រូវទទួលវ៉ាក់សាំងកូវីដ-19 ដែលមានខ្លាញ់ថ្លើមត្រីឆ្លាមជាចំណែកផ្សំក្នុងម្នាក់ចំនួន 1ដូស គឺមានន័យថា ត្រីឆ្លាមនឹងត្រូវសម្លាប់ដើម្បីការងារនេះប្រមាណ 2.5សែនក្បាល តែទាំងអស់នេះ វាអាស្រ័យលើបរិមាណសារធាតុ Squalene ដែលនឹងត្រូវប្រើដែរ។ តួលេខខាងលើនេះ ឃើញហើយគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តែអ្នកស្រាវជ្រាវជឿថា ការសាងប្រព័ន្ធប្រឆាំងជំងឺនេះ នឹងត្រូវប្រើវ៉ាក់សាំងក្នុងមនុស្សម្នាក់ចំនួន 2ដូស ដូច្នេះវាមានន័យថា ត្រីឆ្លាមអាចនឹងត្រូវសម្លាប់ប្រមាណជា 5សែនក្បាលឯណោះ។

    លោកស្រី ស្តេហ្វានី ប្រេនឌើល ស្ថាបនិក និងជាប្រធានគ្រប់គ្រងអង្គការ Shark Allies ថ្លែងថា ការប្រមូលយកអ្វីម្យ៉ាង ពីសត្វនៅក្នុងធម្មជាតិ មកប្រើក្នុងបរិមាណច្រើន គ្មានផ្លូវនឹងស្ថិតស្ថេរគង់វង្សបានទេ ជាពិសេសបើសត្វដែលត្រូវតាមប្រមាញ់នោះ មិនបានពង្រីកពូជក្នុងចំនួនច្រើនគ្រប់គ្រាន់។ ពេលនេះ យើងនៅមិនទាន់ដឹងថា តើជំងឺរាតត្បាតនេះ នឹងអូសបន្លាយយូរតទៅទៀតប៉ុនណា? និងមានវ៉ាក់សាំងប៉ុន្មានបែបទៀត ដែលកំពុងផលិតចេញមកពីចំនួនត្រីឆ្លាមដែលត្រូវនាំយកមកប្រើ ដែលនឹងកើនឡើង 1ឆ្នាំហើយ 1ឆ្នាំទៀត។

    បច្ចុប្បន្ន គេអាចវាយតម្លៃបានថា ក្នុង 1ឆ្នាំៗ ត្រីឆ្លាមត្រូវបានសម្លាប់ដើម្បីចម្រាញ់យកសារធាតុ​ Squalene ដែលប្រើក្នុងការផលិតថ្នាំ និងគ្រឿងសម្អាង រួចស្រេចទៅហើយ ក្នុង 1ឆ្នាំប្រមាណជា 3លានក្បាល។ តម្រូវការដែលកើនឡើងយ៉ាងឆាប់រហ័សបែបនេះ អាចនឹងបំពានទៅលើប្រភេទត្រីឆ្លាមដែលមានសារធាតុ Squalene ខ្ពស់ និងប្រថុយនឹងការដាច់ពូជ។ អង្គការ Shark Allies បានអំពាវនាវឱ្យឧស្សាហកម្មឱសថ ព្យាយាមស្វែងរកជម្រើសផ្សេងទៀតដែលមិនមែនជាសត្វ និងស្ថិតស្ថេរគង់វង្សជាង ក្នុងការសាកល្បងផលិតផលទាំងបច្ចុប្បន្ន និងអនាគត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេនីគំរាមពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិន​បើ​​ទួរគី​បញ្ជូន​យន្ត​ហោះ​​ចូល​មក​ជួយ​​កង​ទ័ព​អាហ្សែបែហ្សង់

    អាមេនីគំរាមពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិន​បើ​​ទួរគី​បញ្ជូន​យន្ត​ហោះ​​ចូល​មក​ជួយ​​កង​ទ័ព​អាហ្សែបែហ្សង់

    ប្រទេសអាមេនីបានធ្វើការព្រមានថានឹងប្រើប្រាស់ប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិនបើប្រទេសទួរគីបញ្ជូនយន្តហោះចម្បាំង F-16 ចូលមកជួយអាហ្សែបែហ្សង់ នៅក្នុងជម្លោះដណ្ដើមទឹកដីនៅតំបន់ ណាហ្គូរណូ-ការ៉ាបាក់ (Nagorno-Karabakh)។

    អគ្គរដ្ឋទូតអាមេនីប្រចាំនៅប្រទេសរុស្ស៊ី លោក Vardan Toghanyan បានឱ្យដឹងកាលពីថ្ងៃទី28កញ្ញាថា៖ “វិធានការទាំងឡាយសុទ្ធតែត្រូវបានពិចារណា រួមទាំងការប្រើប្រាស់ប្រព័ន្ធកាំជ្រួចផ្លោង Iskander បើសិនជាប្រទេសទួរគីបញ្ជូនយន្តហោះចម្បាំង F-16 ចូលមកគាំទ្រដល់យុទ្ធនាការវាយលុករបស់អាហ្សែបែហ្សង់។ យើងសង្ឃឹមថា ស្ថានភាពតានតឹងនឹងមិនឡើងកម្ដៅខ្លាំងដល់កម្រិតនោះ។ ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់អាហ្សែបែហ្សង់ និងទួរគី”។

    ចំណែកអ្នកនាំពាក្យនៃក្រសួងការពារជាតិរបស់អាមេនី លោក Artsrun Hovhannisyan ក៏បានព្រមានថា ប្រទេសនេះអាចដាក់ពង្រាយអាវុធធុនធ្ងន់ នៅពេលមានតម្រូវការក្នុងសមរភូមិ។ ប្រធានាធិបតីអាមេនី លោក Armen Sarkissian មុននេះក៏បានចោទប្រកាន់ថា ប្រទេសទួរគីបានបញ្ជូនទាហានស៊ីឈ្នួល យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក (UAV) រួមនឹងយន្តហោះចម្បាំង F-16 ចូលមកជួយអាហ្សែបែហ្សង់ នៅក្នុងជម្លោះប្រដាប់អាវុធរវាងប្រទេសអាមេនី និងអាហ្សែបែហ្សង់ នៅតំបន់ ណាហ្គូរណូ-ការ៉ាបាក់។

    លោក Hikmat Hajiyev ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាហ្សែបែហ្សង់ បានច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងអង់ការ៉ា (Ankara) កំពុងបញ្ជូនកម្លាំងទៅជួយដល់ទីក្រុង Baku។ រដ្ឋមន្ត្រីការបរទេសរបស់អាហ្សែបែហ្សង់ លោក Jeyhun Bayramov បានអះអាងថា ប្រទេសនេះ “នឹងឆ្លើយតបយ៉ាងសមស្រប” បើសិនអាមេនីដាក់ពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ក្នុងសមរភូមិ។

    ប្រទេសអាមេនី បានបញ្ជាទិញប្រព័ន្ធកាំជ្រួចផ្លោង Iskander ចំនួន4ក្រុម រួមជាមួយនឹងកាំជ្រួចយ៉ាងតិច25គ្រាប់ដែលអាចបាញ់ក្នុងរយៈចម្ងាយ280គីឡូម៉ែត្រ ពីប្រទេសរុស្ស៊ី ដែលនេះបានធ្វើឱ្យអាមេនីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលមានប្រព័ន្ធកាំជ្រួចផ្លោងយុទ្ធសាស្ត្រនេះ ក្រៅតែពីរុស្ស៊ី។ រថយន្តដែលមានបំពាក់ជើងទម្រសម្រាប់បាញ់កាំជ្រួចផ្លោង បានបង្ហាញខ្លួននៅក្នុងព្យុហយាត្រានៅរដ្ឋធានី Yerevan កាលពីឆ្នាំ2016។ ដោយមានសមត្ថភាពបាញ់ចំគោលដៅកម្រិតខ្ពស់ និងកម្លាំងបំផ្លាញដ៏ខ្លាំងក្លា Iskander ត្រូវបានគេវាយតម្លៃថា ជាអាវុធដែលអាចគំរាមកំហែងយ៉ាងអស្ចារ្យរបស់អាមេនី។

    សូមរំឭកថា កងទ័ពនៃប្រទេសអាមេនី និងអាហ្សែបែហ្សង់ កាលពីថ្ងៃទី27កញ្ញា បានប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំងក្លា នៅពេលភាគីទាំងសងខាងបានចោទដាក់គ្នាថា ជាអ្នកវាយប្រហារមុនសំដៅទៅលើគោលដៅនានានៅក្នុងតំបន់ ណាហ្គូរណូ-ការ៉ាបាក់ ដែលប្រទេសទាំងពីរកំពុងដណ្ដើមគ្នាកាន់កាប់។ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំដាក់គ្នា បានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង ក្នុងនោះមានរថក្រោះ រថពាសដែក និងក្រុមការពារដែនអាកាសជាច្រើនត្រូវបានបំផ្លាញ ខណៈដែលប្រជាជនជាច្រើននាក់ក៏ត្រូវស្លាប់ និងរងរបួសផងដែរ។

    ក្រសួងការពារជាតិអាហ្សែបែហ្សង់ បានប្រកាសថា ខ្លួនបានកម្ទេចទាហាន550នាក់ រថពាសដែក22គ្រឿង ប្រព័ន្ធការពារដែនអាកាស 9K33 Osa ចំនួន15កន្លែង យន្តហោះគ្មានមនុស្សបើក18គ្រឿង សមរភូមិកាំភ្លើងធំ8កន្លែង និងឃ្លាំងអាវុធចំនួន3 របស់ប្រទេសអាមេនី។ ក៏ប៉ុន្តែ អាមេនី បានបដិសេធសេចក្ដីប្រកាសនេះ និងបានឱ្យដឹងដែរថា ភាគីអាហ្សែបែហ្សង់ បានបាត់បង់ទាហានប្រមាណជា200នាក់ និងរថពាសដែកដល់ទៅ30គ្រឿងឯណោះ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេនី បាននិយាយថា ទាហាន16នាក់របស់ប្រទេសនេះបានបាត់បង់ជីវិត និង100នាក់ផ្សេងទៀតរងរបួស។

    ក្រុមអ្នកតាមដានសភាពការណ៍បានបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងអាមេនី និងអាហ្សែបែហ្សង់ កាលពីសប្ដាហ៍មុន មានសភាពខ្លាំងក្លាជាងការប្រយុទ្ធគ្នាកាលពីខែកក្កដាកន្លងទៅ ដោយសារប្រទេសទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើននៅក្នុងសមរភូមិ។

    ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរខាងលើនេះ បានធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានការព្រួយបារម្ភជាខ្លាំង ដោយសារថា បញ្ហានេះនឹងនាំឱ្យបាត់បង់ស្ថេរភាពនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ លោក Putin កាលពីថ្ងៃទី27កញ្ញា ក៏បានស្នើឱ្យអាមេនី និងអាហ្សែបែហ្សង់ “ធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឡើងកម្ដៅខ្លាំងនៃការប្រយុទ្ធគ្នានេះ និងបញ្ឈប់ឥរិយាបថជាអរិភាពនឹងគ្នា”៕

    ប្រភព៖ RT

    អត្ថបទ​ទាក់​ទង​>អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

  • អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

    អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

    ភាពតានតឹងមិនលេចធ្លោដែលកើតឡើងអស់ជាច្រើនទសវត្សរ៍រវាងប្រទេសអាមេនី (Armenia) និងប្រទេសអាហ្សែបែហ្សង់ (Azerbaijan) ទាក់ទងនឹងបញ្ហាដែនដីបំបែកខ្លួន បានផ្ទុះឡើងខ្លាំងក្លា និងបានក្លាយទៅជាសង្គ្រាមតូចមួយកាលពីថ្ងៃទី27កញ្ញា2020។

    កងទ័ពនៃប្រទេសអាមេនី និងប្រទេសអាហ្សែបែហ្សង់ កាលពីចុងសប្ដាហ៍កន្លងទៅ បានផ្ទុះអាវុធដាក់គ្នាយ៉ាងខ្លាំងក្លា ក្នុងគ្រាប្រទេសទាំងពីរបានចោទដាក់គ្នាថា បានវាយប្រហារមុនទៅលើគោលដៅនានានៅតំបន់ណាហ្គូរណូ-ការ៉ាបាក់ (Nagorno-Karabakh)។ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំដាក់គ្នា បានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង ក្នុងនោះមានរថក្រោះ រថពាសដែក និងក្រុមការពារដែនអាកាសជាច្រើនត្រូវបានបំផ្លាញ ខណៈដែលប្រជាជនជាច្រើននាក់ក៏ត្រូវស្លាប់ និងរងរបួសផងដែរ។

    តំបន់ ណាហ្គូរណូ-ការ៉ាបាក់ គឺជាប្រភពនៃភាពតានតឹងដែលកើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងសាធារណរដ្ឋទាំងពីរដែលធ្លាប់ស្ថិតក្នុងការគ្រប់គ្រងរបស់សហភាពសូវៀតនេះ។ ណាហ្គូរណូ-ការ៉ាបាក់ ស្ថិតក្នុងតំបន់ភាគនិរតីនៃប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនគឺជាជនជាតិអាមេនី ដែលកន្លងមកពួកគេតែងតែព្យាយាមបំបែកខ្លួនពីអាហ្សែបែហ្សង់ ដើម្បីបង្រួបបង្រួមជាមួយប្រទេសអាមេនី។

    ភាពតានតឹងនៃជម្លោះដណ្ដើមទឹកដីរបស់ប្រទេសអាមេនី និងអាហ្សែបែហ្សង់ បានកើតឡើងយ៉ាងស្ងាត់ស្ងៀមអស់ជាច្រើនឆ្នាំ ហើយបានឡើងដល់ចំណុចកំពូល នៅពេលដែលប្រទេសទាំងពីរវាយប្រហារគ្នាកាលពីខែកុម្ភៈ1988 ខណៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត និងបានអូសបន្លាយដល់ខែឧសភាឆ្នាំ1994 បន្ទាប់ពីសហភាពសូវៀតបានដួលរលំ។ ក្រោយរយៈពេល6ឆ្នាំ សង្គ្រាមក៏បានបញ្ចប់ បន្ទាប់ពីមេដឹកនាំរបស់អាមេនី អាហ្សែបែហ្សង់ ណាហ្គូរណូ-ការ៉ាបាក់ និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី15ឧសភា ឆ្នាំ1994។

    ផែនទីនៃ​ប្រទេស​អាហ្សែបែហ្សង់ និង​អាមេនី

    ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខា តំបន់ ណាហ្គូរណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ថាជាដែនដីរបស់ប្រទេសអាហ្សែបែហ្សង់ ក៏ប៉ុន្តែប្រទេសនេះ ហាក់មិនអាចអនុវត្តសិទ្ធិគ្រប់គ្រងនៅលើដែនដីនេះបាន។ ប្រជាជនអាមេនីនៅក្នុងតំបន់ណាហ្គូរណូ-ការ៉ាបាក់ បានធ្វើប្រជាមតិ និងបង្កើតជា “សាធារណរដ្ឋអាតសាក់ (Artsak)” ឬហៅថា សាធារណរដ្ឋ ណាហ្គូរណូ-ការ៉ាបាក់ (Republic of Nagorno-Karabakh) ដែលមាននិន្នាការផ្ដាច់ខ្លួនចេញពីអាហ្សែបែហ្សង់ ដើម្បីបង្រួបបង្រួមជាមួយប្រទេសអាមេនី។

    “សាធារណរដ្ឋ ណាហ្គូរណូ-ការ៉ាបាក់” បានបង្កើតកងទ័ពដោយឡែក និងទទួលបានការគាំទ្រពីអាមេនី ប៉ុន្តែ អាហ្សែបែហ្សង់ មិនទទួលស្គាល់ប្រទេសនេះ និងតែងតែចង់គ្រប់គ្រងរាល់សភាពការណ៍នៅលើដែនដីនេះ។

    អាហ្សែបែហ្សង់ ធ្លាប់បានស្នើឱ្យអាមេនី ដកទ័ពគាំទ្រសាធារណរដ្ឋណាហ្គូរណូ-ការ៉ាបាក់ ចេញពីតំបន់ចំនួន7ដែលនៅជុំវិញតំបន់ ការ៉ាបាក់ (Karabakh) ដោយសន្យាថា អាហ្សែបែហ្សង់នឹងចែករំលែកប្រយោជន៍សេដ្ឋកិច្ចដល់អាមេនី។ ប៉ុន្តែ អាមេនីមិនទទួលយកការស្នើនោះ បណ្ដាលឱ្យកិច្ចចរចានានាបានធ្លាក់ទៅក្នុងភាពជាប់គាំង។

    Thomas de Waal អ្នកជំនាញការនៃតំបន់ Kavkaz (ឬំបន់ Caucasus) បានឱ្យដឹងថា៖ “នេះមិនមែនជាករណីដណ្ដើមទឹកដីតូចតាចនោះទេ តែវាបានក្លាយជាសង្គ្រាមធំទាក់ទិននឹងប្រវត្តិសាស្ត្រ និងអត្តសញ្ញាណនៃប្រទេសទាំងពីរ បណ្ដាលឱ្យមនុស្សប្រមាណជា20,000នាក់បានស្លាប់ និងជាង1លាននាក់ត្រូវជម្លៀសខ្លួន។

    កិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសអាមេនី អាហ្សែបែហ្សង់ ណាហ្គូរណូ-ការ៉ាបាក់ និងរុស្ស៊ី មិនអាចបញ្ចប់ការផ្ទុះអាវុធដាក់គ្នាទាំងស្រុងរវាងអាមេនី និងអាហ្សែបែហ្សង់ឡើយ។ កាលពីខែមេសា2016 កងទ័ពនៃប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាអស់ជាច្រើនថ្ងៃ ធ្វើឱ្យមនុស្សប្រមាណជា200នាក់បានបាត់បង់ជីវិត ហើយវិះនឹងក្លាយជាសង្គ្រាមធំ។ ប៉ុន្តែ ក្រោយមក ជម្លោះប្រដាប់អាវុធនេះក៏ត្រូវបានសម្របសម្រួលពីភាគីរុស្ស៊ី។

    មកដល់ខែកក្កដា2020នេះ ការប៉ះទង្គិចគ្នាក៏បានកើតឡើងម្ដងទៀត នៅពេលកងទ័ពបានបាញ់កាំភ្លើងធំដាក់គ្នា នាំឱ្យទាហានអាហ្សែបែហ្សង់11នាក់ និងទាហានអាមេនី4នាក់បាត់បង់ជីវិត ក្នុងនោះក៏មានមេបញ្ជាការម្នាក់របស់អាហ្សែបែហ្សង់ផងដែរ។

    ការផ្ទុះអាវុធដាក់គ្នាកាលពីចុងសប្ដាហ៍មុនបង្ហាញថា ភាពតានតឹងនៃប្រទេសទាំងពីរ ទំនងជាបានឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត ដោយសារប្រទេសទាំងពីរបានបញ្ជូនទាំងរថក្រោះ រថពាសដែក កងកាំភ្លើងធំ និងកងទ័ពអាកាសទៅកាន់តំបន់មានជម្លោះ បើទោះជាមិនទាន់ដឹងច្បាស់ថា ភាគីណាមួយបានបាញ់ប្រហារមុនក៏ដោយ។

    កងទ័ពនៃប្រទេសទាំងពីរ បច្ចុប្បន្នសុទ្ធតែមានអាវុធដែលអាចវាយប្រហារដល់រដ្ឋធានីរបស់ប្រទេសនីមួយៗ ប៉ុន្តែប្រការនេះមិនទាន់ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធគ្នាកាលពីឆ្នាំ2016នៅឡើយ។ អ្នកជំនាញអះអាងថា ការផ្ទុះអាវុធដាក់គ្នាលើកនេះ មានសភាពធ្ងន់ធ្ងរជាងកាលពីខែកក្កដាកន្លងទៅ ព្រោះតែប្រទេសទាំងពីរ ហាក់មិនព្រមបន្ទន់ឥរិយាបថ។

    យោងតាមអ្នកជំនាញការ Tom Rogan មកពី Washington Examiner មូលហេតុមួយផ្សេងទៀតដែលនាំឱ្យជម្លោះប្រដាប់អាវុធរវាងប្រទេសអាហ្សែបែហ្សង់ និងអាមេនី លើកនេះ មានភាពស្មុគស្មាញជាងមុន នោះគឺដោយសារតួនាទីប្រកបដោយប្រវត្តិសាស្ត្រនៃប្រទេសទួរគី ដែលនៅជាប់ព្រំដែនភាគខាងលិចនៃប្រទេសអាមេនី។

    ប្រទេសទួរគី តាំងពីយូរយារមកហើយ បានសម្ដែងការខឹងក្រោធខ្លាំង បន្ទាប់ពីអាមេនីប្រកាសថា ចក្រភពអូតូម៉ង់ (Ottoman Empire) បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍សំដៅលើជនជាតិអាមេនីក្នុងចន្លោះឆ្នាំ1914ដល់ឆ្នាំ1923 បណ្ដាលឱ្យពលរដ្ឋអាមេនីប្រមាណ1.5លាននាក់បានស្លាប់។ ការចោទប្រកាន់នេះបានធ្វើឱ្យប្រធានាធិបតី Recep Tayyip Erdogan ដែលជាអ្នកមានមហិច្ឆតាកសាងកេរ្តិ៍ឈ្មោះជា “កងកម្លាំងការពារសីលធម៌ក្នុងតំបន់”។

    អាហ្សែបែហ្សង់ តាំងពីយូរមកហើយ គឺជាសម្ព័ន្ធមិត្តរបស់ទួរគី។ បន្ទាត់ព្រំដែនវែងដែលជាប់ជាមួយអាមេនី អនុញ្ញាតឱ្យទួរគីអាចដាក់សម្ពាធទៅលើប្រទេសនេះដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តអាហ្សែបែហ្សង់របស់ខ្លួន នៅក្នុងការផ្ទុះអាវុធដាក់គ្នាជាមួយនឹងអាមេនី។

    ប្រភពព័ត៌មានមួយចំនួនបានរាយការណ៍ថា កងទ័ពទួរគីបានបញ្ជូនយន្តហោះគ្មានមនុស្សបើក (UAV) ដែលបំពាក់ដោយអាវុធទំនើប វាយប្រហារទៅលើទីតាំងប្រព័ន្ធការពារដែនអាកាស និងឃ្លាំងអាវុធរបស់ប្រទេសអាមេនី ដើម្បីគាំទ្រដល់អាហ្សែបែហ្សង់។ កាលពីថ្ងៃទី27កញ្ញា ប្រធានាធិបតី Erdogan បានព្រមានថា ទួរគី “នឹងបន្តឈរខាងបងប្អូននៅអាហ្សែបែហ្សង់ ដូចអ្វីដែលបានធ្វើកន្លងមក”។

    យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានសភាពការណ៍ បានអះអាងថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសទាំងពីរ នឹងនៅតែមានទ្រង់ទ្រាយតូចក្នុងរយៈពេលខ្លី ដោយសារតែឥទ្ធិពលរបស់រុស្ស៊ី។

    ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី27កញ្ញា បានស្នើឱ្យអាមេនី និងអាហ្សែបែហ្សង់ “ធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឡើងកម្ដៅខ្លាំងនៃការផ្ទុះអាវុធនេះ និងបញ្ឈប់ឥរិយាបថជាអរិភាពនឹងគ្នា”។

    រុស្ស៊ីមានទំនាក់ទំនងល្អជាមួយអាហ្សែបែហ្សង់ និងអាមេនី ប៉ុន្តែទីក្រុងម៉ូស្គូ រក្សាទំនាក់ទំនងផ្នែកសន្តិសុខការពារជាតិជាមួយអាមេនីប៉ុណ្ណោះ។ លោក Putin មិនចង់ឃើញការប៉ះទង្គិចប្រដាប់អាវុធរវាងអាហ្សែបែហ្សង់ និងអាមេនីនោះឡើយ ព្រោះថា បញ្ហានេះនឹងនាំឱ្យបាត់បង់ស្ថិរភាពនៅក្នុងតំបន់កភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

    Viktor Murakhovsky ដែលជាអគ្គនិពន្ធនាយកនៃទស្សនាវដ្ដី Arsenal Otechestva របស់រុស្ស៊ី បានសង្កត់ធ្ងន់ថា ការផ្ទុះអាវុធដាក់គ្នារវាងអាហ្សែបែហ្សង់ និងអាមេនី កាលពីសប្ដាហ៍មុន ពិបាកនឹងក្លាយជាសង្គ្រាម។ លោកនិយាយថា “សង្គ្រាមនឹងទាមទារឱ្យមានប្រភពកម្លាំងជាច្រើន ហើយប្រទេសទាំងពីរសុទ្ធតែមានការលំបាកក្នុងការធ្វើកំណែននានាក្នុងពេលនេះ”។

    ប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev ថ្មីៗនេះបានថ្លែងថា ប្រជាជននៃប្រទេសនេះតែប៉ុន្មានសិបនាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តចូលធ្វើសង្គ្រាម ខណៈដែលភាគីខាងអាមេនីវិញ ក៏មិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើសង្គ្រាមនោះដែរ ដោយទើបតែបានធ្វើការលើកទឹកចិត្តក្នុងការធ្វើកំណែនកងទ័ព បន្ទាប់ពីមានការប៉ះទង្គិចគ្នានេះ។

    អ្នកជំនាញការ Murakhovsky យល់ថា មូលហេតុដែលនាំឱ្យកើតមានការផ្ទុះអាវុធដាក់គ្នានេះ អាចបណ្ដាលមកពីអាហ្សែបែហ្សង់ចង់បង្ហាញកម្លាំងទ័ពរបស់ខ្លួន ក្រោយពីអាមេនីបានចូលរួមធ្វើសមយុទ្ធយោធា Kavkaz-2020 និងអះអាងអំពីសម្ព័ន្ធមិត្តយោធាជាមួយរុស្ស៊ី។

    ក៏ប៉ុន្តែ នៅតែមានហានិភ័យមួយដែលគេសង្ស័យថា អាហ្សែបែហ្សង់ និងទួរគី អាចរុញច្រានជម្លោះប្រដាប់អាវុធនេះឱ្យធ្លាក់ទៅក្នុងវិបត្តិកម្រិតធ្ងន់ដោយការធ្វើសកម្មភាពជាក់ស្ដែងនៅលើដែនដីកំពុងមានជម្លោះ។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា សម្ពាធពីអន្តរជាតិពិតជាមានសារសំខាន់ក្នុងការបង្កើតសន្តិភាពឡើងវិញរវាងអាហ្សែបែហ្សង់ និងអាមេនី៕

    ប្រភព៖ RT

     

  • ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់ Forbes លោកស្រី Abigail Johnson ដែលជា CEO និងជាប្រធានរបស់ក្រុមហ៊ុន Fidelity Investments បច្ចុប្បន្នគឹជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យហិរញ្ញវត្ថុនិងវិនិយោគ ដោយមានទ្រព្យសរុបឡើងដល់15ពាន់លានដុល្លារអាមេរិក។

    1. Abigail Johnson៖ 15ពាន់លានដុល្លារអាមេរិក

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Abigail Johnson

    Abigail Johnson បានឡើងកាន់តំណែង CEO របស់ក្រុមហ៊ុន Fidelity Investments ចាប់ពីឆ្នាំ2014 និងក្លាយជាប្រធានក្រុមហ៊ុននេះចាប់ពីឆ្នាំ2016។ Fidelity Investments គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មហិញ្ញវត្ថុធំជាងគេក្នុងពិភពលោក ដែលត្រូវបានបង្កើតឡើងនៅBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ1946 ដោយលោក Edward C. Johnson II ដែលជាជីតារបស់លោកស្រី Abigail។ បច្ចុប្បន្ន លោកស្រី Abigail កាន់កាប់ភាគហ៊ុនចំនួន24.5% នៅក្នុងក្រុមហ៊ុននេះ។

    2. Elizabeth Johnson៖ 3,4ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោកស្រី Elizabeth Johnson

    Elizabeth Johnson គឺជាប្អូនស្រីរបស់លោកស្រី Abigail Johnson។ លោកស្រី Elizabeth Johnson កាន់កាប់ភាគហ៊ុនចំនួន5.56% នៅក្នុងក្រុមហ៊ុន Fidelity។ នេះបើតាមឯកសារដែលត្រូវបានបញ្ជូនទៅកាន់ស្ថាប័នធានារ៉ាប់រងរបស់រដ្ឋ Utah កាលពីឆ្នាំ2000។

    3. Dinara Kulibaeva: 2,8ពាន់លានដុល្លារ

    >ប្រទេស៖ កាហ្សាក់ស្ថាន

    លោក​ស្រី Dinara Kulibaeva

    Dinara Kulibaeva គឺជាកូនស្រីរបស់អតីតប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន លោក Nursultan Nazarbayev។ លោកស្រី Dinara Kulibaeva និងស្វាមី Timur Kulibaev កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងធនាគារ Halyk។ ក្រៅពីនេះ ពួកគេថែមទាំងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាសំណង់ និងអណ្ដូងប្រេងជាដើម។ Forbes បានគន់គូរឃើញថា ទ្រព្យសម្បត្តិរបស់ Dinara Kulibaeva និង Timur Kulibaev ដែលត្រូវបានចែកស្មើគ្នា (50/50) ពួកគេម្នាក់ៗមានទ្រព្យ 2.8ពាន់លានដុល្លារអាមេរិក។

    4. Penny Pritzker: 2,7ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Penny Pritzker

    Penny Pritzker គឺជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋី11រូបរបស់ត្រកូល Pritzker។ លោកស្រី Penny Pritzker មានតួនាទីសំខាន់ក្នុងការបង្កើតមូលនិធិសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្លោតរបស់លោក Obama ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកស្រី Penny Pritzker ក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2017ផងដែរ។ Penny Pritzker ក៏ជាស្ថាបនិក និងជាប្រធានរបស់ក្រុមហ៊ុន PSP Partners ដែលជាក្រុមហ៊ុនវិនិយោគឯកជន រកស៊ីជាមួយដៃគូនានាក្នុងវិស័យអចលនទ្រព្យ មូលនិធិការពារហានិភ័យ និងបណ្ដាក្រុមហ៊ុនថ្មីៗជាដើម។

    5. Alicia Koplowitz៖ 2,6ពាន់លានដុល្លារ

    >ប្រទេស៖ អេស្ប៉ាញ

    លោក​ស្រី Alicia Koplowitz

    Alicia Koplowitz ទទួលបានមរតកជាភាគហ៊ុននៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកលោកស្រីកាលពីទសវត្សរ៍ឆ្នាំ​1960។ ឆ្នាំ1997 លោកស្រីបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យប្អូនស្រីរបស់ខ្លួន ឈ្មោះ Esthter ក្នុងតម្លៃ​​800​លានដុល្លារ រួចយកប្រាក់ទាំងនេះទៅវិនិយោគក្នុងវិស័យផ្សេង។ បណ្ដាក្រុមហ៊ុនដែលធ្លាប់ទទួលបានការវិនិយោគពីលោក​ស្រី Alicia Koplowitz មានដូចជា ក្រុមហ៊ុនផលិតដែកថែប Acerinox ក្រុមហ៊ុនផលិតអគ្គិសនី Iberdrola និងក្រុមហ៊ុនគ្រប់គ្រងធនាគារ Banco Sadadell ជាដើម។ល។ Alicia Koplowitz ក៏ជាម្ចាស់សណ្ឋាគារជាច្រើននៅប្រទេសអ៊ីតាលី រួមនឹងសណ្ខាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ក៏ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន Hospes ដែលគ្រប់គ្រងបណ្ដាញសណ្ឋាគារប្រណិតមួយនៅប្រទេសអេស្ប៉ាញផងដែរ៕

    ប្រភព៖ Forbes

  • កំពុងលុតជង្គង់ សុំគូស្នេហ៍រៀបការ សែនរ៉ូមែនទិក លើស្ពានប្រ៊ូគ្លីន ស្រាប់តែអ្នកជិះកង់មកដល់…

    កំពុងលុតជង្គង់ សុំគូស្នេហ៍រៀបការ សែនរ៉ូមែនទិក លើស្ពានប្រ៊ូគ្លីន ស្រាប់តែអ្នកជិះកង់មកដល់…

    សម្រួលអារម្មណ៍ស្ទើរតែមិនទាន់ ព្រោះកំពុងលុតជង្គង់សុំសង្សាររៀបការយ៉ាងសែនរ៉ូមែនទិក នៅលើស្ពានអៃខន់ របស់ទីក្រុងនីវយ៉ក ហើយគូស្នេហ៍មិនទាន់ទាំងបានឆ្លើយចាសផង ស្រាប់តែអ្នកជិះកង់ម្នាក់ ក៏ជិះចូលមកចូកយកអ្នកថតរូបដួលបះជើងមុនបាត់ទៅហើយ។

    លោក គ្រីស វីហ្គោ បានលុតជង្គង់សុំគូស្នេហ៍ អ្នកនាង អ៊ែងជេលីកា រិវេរ៉ា រៀបការ នៅលើផ្លូវដើរលើស្ពានប្រ៊ូគ្លីន ទីកន្លែងនិមិត្តរូបមួយរបស់ទីក្រុងនីវយ៉ក ដោយបានស្នើសុំឱ្យលោក ចច រ៉ូហ្សារីអូ សម្លាញ់របស់គេ ធ្វើជាអ្នកថតរូបភាពក្នុងវិនាទីដ៏សំខាន់នៃជីវិតលើកនេះកាលពីថ្ងៃទី18កញ្ញាកន្លងទៅ តែនៅក្បែរនោះ គេសង្កេតឃើញមានអ្នកជិះកង់ទៅមកឥតឈប់ និងបើតាមព័ត៌មានបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានអ្នកជិះកង់ទៅមកក្នុងទីក្រុងនីវយ៉កច្រើនជាងប្រក្រតី ព្រោះមនុស្សម្នាជាច្រើន បានចៀសវាងពីការប្រើរថភ្លើងក្រោមដី ព្រោះមិនចង់ប្រថុយប្រថាននឹងការឆ្លងកូវីដ-19ហ្នឹងឯង។

    ខណៈពេលដែល ចច ស្ទុះចូលទៅឈរក្នុងទីតាំងថ្មីនៅលើផ្លូវសម្រាប់អ្នកជិះកង់ ដើម្បីឱ្យបានជ្រុងថតរូបបានល្អ សម្រាប់ម៉ូមេនត៍ពេលដែលគ្រិសសួរថា សុខចិត្តរៀបការជាមួយបងទេ ហើយខាងស្រីនឹងឆ្លើយតបនោះ…

    ស្រាប់តែមានអ្នកជិះកង់ម្នាក់បានមកដល់ និងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជាងថតរូបយើង រហូតដួលផ្កាប់មុខទាំង 2នាក់ តែសំណាងល្អណាស់ ដែលគ្មានអ្នកណាម្នាក់រងរបួសអីធ្ងន់ធ្ងរ ខណៈដែលគ្រិសនៅមិនទាន់លែងដៃពីគូស្នេហ៍ និងថែមទាំងងាកទៅប្រាប់យ៉ាងអស់សំណើចថា មិនអីទេ ចាំកាត់អាឆាកបុកគ្នាហ្នឹងចេញក៏បាន…។

    តែមានមិត្តភក្ដិម្នាក់ទៀតរបស់គ្រិស បានថតយកបានទិដ្ឋភាពហេតុកាណ៍នេះទាំងអស់ និងបន្ទាប់មក គ្រិសបាននាំយកឃ្លិបវីដេអូនេះទៅចែករំលែកនៅក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ព្រមទាំងសរសេរឃែបស្សិនទៀតផងថា “បើអ្នកណាចង់សុំគូស្នេហ៍រៀបការ កុំភ្លេចទីក្រុងនីវយ៉កណា៎”។ ក្រៅពីនេះ គ្រីសថែមទាំងបានផ្ដល់សម្ភាសជាមួយ NBC NEWYORK នៅពេលក្រោយមកទៀតផងថា ភ្លាមៗនោះលោកគិតថា តើត្រូវរង់ចាំឱ្យអ៊ែងជេលីណា ឆ្លើយយល់ព្រមសិន ឬក៏ទៅជួយលើកពួកម៉ាកមុន?។

    ចំណែកឯ អេរិក ឆយ បុរសអ្នកជិះកង់បុកអ្នកថតរូប បាននិយាយថា រូបគេត្រេកអរណាស់ ដែលគ្មានអ្នករងគ្រោះអីធ្ងន់ធ្ងរ និងចង់ឱ្យមនុស្សទាំងអស់ប្រយ័ត្នប្រយែងឱ្យខ្លាំងជាងនេះ ពេលនៅលើផ្លូវសម្រាប់ជិះកង់៕

    https://www.youtube.com/watch?v=DZ-7Gxvc_3c

    ប្រភព៖ សារព័ត៌មានបរទេស

  • ភ្លើងឆេះអគារ Huawei មានអ្នកស្លាប់ 3នាក់

    ភ្លើងឆេះអគារ Huawei មានអ្នកស្លាប់ 3នាក់

    រូបភាពដែលផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអនឡាញដោយទីភ្នាក់ងារព័ត៌មាន CCTV របស់រដ្ឋចិន បានបង្ហាញឱ្យឃើញអំពីហេតុការណ៍ភ្លើងឆេះអគារស្រាវជ្រាវអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងតុងកួន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសុក្រ ទី25កញ្ញា ដោយមានអ្នកស្លាប់ចំនួន 3នាក់។

    អ្នកពន្លត់អគ្គិភ័យ បាននាំគ្នារូតរះទៅពន្លត់ភ្លើងនៅឯអគារស្រាវជ្រាវ ដែលមួយផ្នែកកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។ អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃសុក្រថា មានអ្នកស្លាប់ 3នាក់ ក្រោយពីកើតហេតុការណ៍ភ្លើងឆេះដ៏ធំមួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនដ៏ធំមួយខាងផ្នែកតិចណូឡូជីរបស់ចិន។

    តាមរបាយការណ៍របស់រដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានចាប់ផ្ដើមឡើងនៅឯអគារដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ  នៅលើផ្លូវអាលីសាន ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍធ្វើជាទីតាំងសម្រាប់ការស្រាវជ្រាវ ហើយអណ្ដាតភ្លើងបានរលត់ទៅវិញ បន្ទាប់ពីភ្នាក់ងារពន្លត់អគ្គិភ័យចំនួន 140នាក់ បានផ្ដុំកម្លាំងគ្នាចូលទៅក្នុងទីតាំងនោះដើម្បីទប់ស្កាត់ភ្លើង។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុននៅមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យនេះបានទេ។ រដ្ឋបាលតំបន់តុងកួន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ចំណុចដែលជាដើមហេតុនៃអគ្គិភ័យនេះគឺជា “គ្រោងសាងដែកដែលនៅមិនទាន់បានប្រើការ” ដែលនៅជិតបន្ទប់ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាវជ្រាវរបស់ក្រុមហ៊ុន។

    ប្រភពព័ត៌មានពីអ្នកជំនាញ បានឱ្យដឹងថា បន្ទប់ប្រតិបត្តិការភាគច្រើន ធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងវត្ថុសម្ភារ ដូចគ្នានឹងការសាកល្បងបង្គោលអង់តែន 4G និង 5G ដែលពាក់ព័ន្ធនឹងមុខជំនួញស្ថានីយរបស់ Huawei។

    កាលពីពេលមុននេះ អង្គភាពពន្លត់អគ្គិភ័យ បានថ្លែងថា ភ្លើងបានឆេះចេញពីសម្ភារចម្បងៗ គឺសំឡីកប្បាសបឺតសំឡេង។

    ទាំងអស់នេះ ទីស្នាក់ការក្នុងតំបន់របស់Huawei ស្ថិតនៅក្នុងទីក្រុងភាគខាងត្បូងរបស់ហ្សឹនជិន តែមានទីស្នាក់ការធំរបស់សាខា ស្ថិតនៅក្នុងទីក្រុងតុងកួន៕

    ប្រភព៖ សារព័ត៌មានបរទេស