Author: សឿន សំណាង

  • កូរ៉េខាងជើង ចេញច្បាប់តឹងរ៉ឹង ហាម “ជក់បារី” នៅក្នុងទីសាធារណៈ

    កូរ៉េខាងជើង ចេញច្បាប់តឹងរ៉ឹង ហាម “ជក់បារី” នៅក្នុងទីសាធារណៈ

    សភាប្រជាជនកំពូលកូរ៉េខាងជើង(Supreme People’s Assembly) បានចេញច្បាប់ ហាមការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីឱ្យពលរដ្ឋ មាន “សភាពបរិស្ថាន ដែលអំណោយផលល្អដល់ការរស់នៅ​ យ៉ាងមានអនាម័យ”

    ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃនេះ(ទី5 វិច្ឆិកា)ថា ច្បាប់ហាមជក់បារីនេះ មានគោលបំណងដើម្បីការពារជីវិត និងសុខភាពរបស់ពលរដ្ឋកូរ៉េខាងជើង ដោយប្រើវិធានការគ្រប់គ្រងការផលិត និងលក់បារី ទាំងក្នុងន័យច្បាប់ និងសង្គម។

    ច្បាប់នេះ បានកំណត់ឱ្យការជក់បារី គឺជារឿងត្រូវហាមឃាត់ នៅក្នុងទីកន្លែងប្រភេទខ្លះ ដូចជា មណ្ឌលអប់រំកម្រិតនិយមខាងនយោបាយ, រោងភាពយន្ត, រោងល្ខោន, មជ្ឈមណ្ឌលសុខភាព និងអង្គភាពការងារសាធារណសុខាភិបាលផ្សេងៗ ជាដើម។

    កូរ៉េខាងជើង ជាប្រទេសដែលមានចំនួនប្រជាជនជក់បារី ហាក់ដូចជាច្រើនគួរសម គឺ 43.9% នៃចំនួនប្រជាជនទាំងអស់ក្នុងឆ្នាំ2013។ នេះបើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។


    មេដឹកនៃខ្ពស់បំផុតនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខ្លួនឯងក៏ជាមនុស្សបៀមផ្សែង(ជក់បារីឥតឈប់) ដែលតែងតែឃើញមានរូបភាពខណៈឈរកាន់បារីនៅក្នុងដៃដូចគ្នាដែរ ហើយកាលពីឆ្នាំ2019 ក៏មានអ្នកសង្កេតឃើញលោក គីម ឈរសម្រាក ជក់បារីនៅឯស្ថានីយរថភ្លើង ក្នុងទីក្រុង ណាននីង ភាគខាងត្បូងប្រទេសចិន ក្នុងអំឡុងពេលធ្វើដំណើរទៅទីក្រុងហាណូយ របស់ប្រទេសវៀតណាម ដើម្បីប្រជុំសាមមិត លើកទី2 ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ៕

    ប្រភព៖ សារព័ត៌មានរ៉យទ័រ

     

  • នៅសល់​វិធី​មួយ​ដែល​ជួយឱ្យលោក Trump ជាប់ឆ្នោតជាថ្មី!

    នៅសល់​វិធី​មួយ​ដែល​ជួយឱ្យលោក Trump ជាប់ឆ្នោតជាថ្មី!

    ដើម្បីកែប្រែស្ថានការណ៍បច្ចុប្បន្ន និងដណ្ដើមបានឱកាសជាប់ឆ្នោតជាថ្មី លោក Donald Trump ត្រូវតែឈ្នះនៅក្នុងរដ្ឋយ៉ាងតិចចំនួន4ទៀត ក្នុងនោះរួមទាំងរដ្ឋដែលកំពុងនាំមុខដោយ Joe Biden ផងដែរ។

    គិតដល់ដំណាច់ថ្ងៃទី4វិច្ឆិកា (ម៉ោងនៅអាមេរិក) បេក្ខភាព Joe Biden បានទទួលសំឡេងឆ្នោតគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន264សំឡេង ខណៈលោក Donald Trump បានទទួល214សំឡេង។ ឱកាសជាប់ឆ្នោតមិនទាន់បានបញ្ចប់នៅឡើយទេ នៅពេលដែលរដ្ឋសំខាន់ៗមួយចំនួននៅតែបន្តរាប់សន្លឹកឆ្នោត។

    សារព័ត៌មាន Guardian បានអះអាងថា បេក្ខភាពទាំងពីរនៅតែមានឱកាសដើម្បីជាប់ឆ្នោត ប៉ុន្តែ ផ្លូវទៅកាន់ជោគជ័យរបស់លោក Biden ជិតជាង និងទូលាយជាង បើធៀបនឹងផ្លូវរបស់លោក Trump។

    ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ214សំឡេង ហើយបើបូករួមទាំង3សំឡេងទៀតនៅ Alaska ដែលអាចបានទៅលើលោក Trump នោះលោកត្រូវការរកឱ្យបាន53សំឡេងទៀតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីជាប់ឆ្នោតជាថ្មី។ ដូច្នេះ វិធីតែមួយគត់ដែលនៅសល់របស់លោក Trump នាពេលនេះ នោះគឺត្រូវតែឈ្នះនៅក្នុងរដ្ឋទាំងឡាយដែលកំពុងរាប់សន្លឹកឆ្នោត រួមមាន រដ្ឋ Pennsylvania, North Carolina, Georgia និង Nevada ដែលជារដ្ឋមួយកំពុងលំអៀងទៅរក Joe Biden ដោយមានសំឡេងឆ្នោតប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន6សំឡេង។ ការឈ្នះនៅក្នុងរដ្ឋទាំង4ខាងលើនេះ នឹងជួយឱ្យលោក Trump ទទួលបានសំឡេងឆ្នោត57សំឡេងបន្ថែមទៀត។

    ក៏ប៉ុន្តែ ដោយនៅមានសន្លឹកឆ្នោតយ៉ាងច្រើននៅទីក្រុង Philadelphia និង Pittsburgh របស់រដ្ឋ Pennsylvania ដែលភាគច្រើនជាសំឡេងគាំទ្ររបស់បក្សប្រជាធិបតេយ្យ មិនទាន់ត្រូវបានរាប់រួចរាល់ ដូច្នេះ ការកែប្រែស្ថានការណ៍របស់លោក Trump ដូចខាងលើ គឺជាសេណារីយ៉ូមួយដ៏មហាសែនលំបាកនៅក្នុងដំណាក់កាលនេះ។

    ផ្ទុយទៅវិញ បេក្ខភាព Joe Biden មានឱកាសឈ្នះច្រើនជាង ព្រោះថា លោក Biden ត្រូវការសំឡេង​ឆ្នោត​គាំទ្រ​តែ​6​សំឡេង​ទៀត​​ប៉ុណ្ណោះ គឺគ្រប់ចំនួន270សន្លឹក ដែលជាសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត ដើម្បីបានក្លាយជាប្រធានាធិបតី។ និយាយរួម លោក Biden គ្រាន់តែឈ្នះនៅក្នុងរដ្ឋ Nevada (6សំឡេង) ទៀតប៉ុណ្ណោះ នឹងទទួលបានជោគជ័យក្នុងការបោះឆ្នោត ដោយមិនចាំបាច់ឈ្នះនៅក្នុងបណ្ដារដ្ឋ ដូចជា Pennsylvania, Georgia និង North Carolina នោះទេ៕

    ប្រភព៖ Guardian

  • Joe Biden​ បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​បោះ​ឆ្នោត​នៅ​អាមេរិក

    Joe Biden​ បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​បោះ​ឆ្នោត​នៅ​អាមេរិក

    លោក Joe Biden កំពុងកាន់កាប់សន្លឹកឆ្នោតគាំទ្រពីពលរដ្ឋផ្ទាល់ ច្រើនជាងលោក Donald Trump ជិត 3.5លានសំឡេង ដែលនេះគឺជាកំណត់ត្រាថ្មីបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

    យោងតាម Guardian បើទោះជាការរាប់សន្លឹកឆ្នោតនៅតែត្រូវបានធ្វើបន្ត បន្តែ ជាមួយនឹងសំឡេងឆ្នោតជាង70លានសន្លឹក គិតត្រឹមថ្ងៃទី4វិច្ឆិកា (ម៉ោងនៅអាមេរិក) បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden បានបង្កើតកំណត់ត្រាថ្មី ក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិកដែលបានទទួលសន្លឹកឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅប្រទេសនេះ។

    ទិន្នន័យថ្មីបំផុតនៅលើសារព័ត៌មាន Fox News បង្ហាញថា លោក Biden បានទទួលសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋចំនួន 72លានសន្លឹក។

    Joe Biden បានទទួលសន្លឹកឆ្នោតគាំទ្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្របោះឆ្នោតនៅអាមេរិកក្នុងគ្រានេះដែរ គូបដិបក្ខរបស់លោក Biden គឺប្រធានាធិបតី Donald Trump បានទទួលសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋត្រឹមតែ 68.5លានសន្លឹកប៉ុណ្ណោះ ដែលនេះបង្ហាញថា សន្លឹកឆ្នោតគាំទ្រលោក Trump តិចជាងលោក Biden ជិត3.5លានសំឡេង។

    តួលេខខាងលើនេះ មិនទាន់រាប់បញ្ចូលទាំងសន្លឹកឆ្នោតដែលកំពុងត្រូវបានរាប់ជាបន្តបន្ទាប់នៅក្នុងរដ្ឋចំនួន5ផ្សេងទៀត គឺ Pennsylvania, North Carolina, Georgia, Nevada និង Alaska។

    នៅមុនកំណត់ត្រារបស់លោក Biden បេក្ខភាពប្រធានាធិបតីអាមេរិកដែលបានទទួលសន្លឹកឆ្នោតគាំទ្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ នោះគឺអតីតប្រធានាធិបតី Barack Obama។ លោក Obama បានទទួលសន្លឹកឆ្នោតគាំទ្រជិត69.5លានសន្លឹកកាលពីឆ្នាំ2018 នៅពេលដែលលោកបានផ្ដួលគូប្រជែង John McCain៕

    ប្រភព៖ Guardian

  • Joe Biden ​ដំណើរ​​ការ​​គេហទំព័រ​​​ “ប្រគល់​​អំណាច”​ ដើម្បី​​ត្រៀម​​ចូល​​កាន់​កាប់​សេត​វិមាន

    Joe Biden ​ដំណើរ​​ការ​​គេហទំព័រ​​​ “ប្រគល់​​អំណាច”​ ដើម្បី​​ត្រៀម​​ចូល​​កាន់​កាប់​សេត​វិមាន

    បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក Joe Biden មិន​ទាន់​ប្រកាស​ជោគជ័យ​របស់​ខ្លួន​នៅក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅឡើយ ប៉ុន្តែ​លោក​កំពុង​តែ​សង្ឃឹម​យ៉ាង​មុត​មាំ​លើ​លទ្ធភាព​នេះ​។

    លោក​ Biden ទំនង​ជា​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ “ការ​ធ្វើ​ដំណើរ​ចូល​កាន់កាប់​សេតវិមាន​” នា​ពេល​ដ៏ខ្លី​ខាង​មុខ ដោយ​ការ​បង្ហាញ​អំពី​គេហ​ទំព័រ​ប្រគល់​អំណាច​ថ្មី​មួយ​ដល់​សាធារណជន​។

    Joe Biden បញ្ចេញ​គេហទំព័រ​ "ប្រគល់​អំណាច"

    នៅលើ​គេហទំព័រ buildbackbetter.com មាន​ឃ្លា​សរសេរ​ថា​៖ “ពលរដ្ឋ​អាមេរិកាំង​នឹង​សម្រេច​ថា​ អ្នក​ណា​នឹង​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​។ សន្លឹក​ឆ្នោត​នៅ​តែ​កំពុង​ត្រូវ​បាន​រាប់​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​”។

    ចំណែក​នៅ​លើ​គេហ​ទំព័រ​របស់​ Joe Biden វិញ គេ​ឃើញ​ថា​មាន​ការ​ចាប់​ផ្ដើម​ដោយ​ឃ្លា “Keep The Faith” (រក្សា​ការ​ជឿ​ជាក់​) និង​ខាង​ក្រោម​មាន​ឃ្លា “When all of the votes are counted, Joe Biden will be the​ next ​President of the United States” ដែល​មាន​ន័យ​ថា “នៅ​ពេល​ដែល​សន្លឹក​ឆ្នោត​ទាំងអស់​ត្រូវ​បាន​រាប់​ Joe Biden នឹង​ក្លាយ​ជា​ប្រធានាធិបតី​​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក​”។

    ប្រភព​៖ Forexlive

  • Trump ប្រញាប់​ធ្វើ​ពាក្យ​បណ្ដឹង​និង​​តវ៉ា ​បន្ទាប់​​​ពី​​ ​Biden​ ​ដណ្ដើម​​បាន​​264​​សំឡេង​​

    Trump ប្រញាប់​ធ្វើ​ពាក្យ​បណ្ដឹង​និង​​តវ៉ា ​បន្ទាប់​​​ពី​​ ​Biden​ ​ដណ្ដើម​​បាន​​264​​សំឡេង​​

    ក្រោយ​ពី​ចាញ់​ឆ្នោត​នៅ​ Michigan លោក​ Trump ក៏​បាន​ស្នើឱ្យ​តុលាការ​ជាន់​ខ្ពស់​ធ្វើ​អន្តរាគមន៍​នៅ​លើ​ការរាប់​សន្លឹក​ឆ្នោត​នៅ​ Pennsylvania។

    លោក Trump បាន​ប្រញាប់ធ្វើពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលនៅ Michigan បន្ទាប់​ពី​បេក្ខភាព Joe Biden ទទួលបានជ័យជំនះបន្ថែមនៅក្នុងរដ្ឋចំនួន2ទៀត នោះគឺ Wisconsin និង Michigan ដែលនេះបាននាំឱ្យលោកខិតចូលទៅកាន់តែជិតនឹង​គោល​ដៅ​ចុង​ក្រោយ។

    ទន្ទឹម​នឹង​ការ​ប្ដឹង​ចំពោះ​រដ្ឋ​ Michigan គណៈគ្រប់​គ្រង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ Trump ក៏​បាន​ស្នើ​ឱ្យ​តុលាការ​កំពូល​ធ្វើ​អន្តរាគមន៍​​ដើម្បី​កែប្រែ​សេចក្ដី​សម្រេច​របស់​តុលា​ការ Pennsylvania ដែល​អនុញ្ញាត​ឱ្យ​ផ្ទៀង​ផ្ទាត់​សន្លឹក​ឆ្នោត​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​។

    Pennsylvania គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​យុទ្ធ​សាស្ត្រ​ ដោយ​មាន​សំឡេង​ឆ្នោត​នៃ​ប្រតិភូតំណាង​ម្ចាស់​ឆ្នោត​ដល់​ទៅ​20​សំឡេង​។ លោក​ Trump បច្ចុប្បន្ន គឺជា​អ្នក​នាំ​មុខ​នៅក្នុង​រដ្ឋ​នេះ​ ប៉ុន្តែ មាន​ការ​ព្រួយបារម្ភ​ថា ការ​នាំ​មុខ​នេះ​នឹង​ត្រូវ​បាត់​បង់​ ក្រោយពី​ Pennsylvania បន្ត​រាប់​សន្លឹក​ឆ្នោត​ ដែល​នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នៅក្នុង​រដ្ឋ​​ Michigan និង​ Wisconsin។

    ប្រភព៖ Fox News

  • បច្ចុប្បន្ន​ភាព​បណ្ដោះ​អាសន្ន​នៃ​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​

    បច្ចុប្បន្ន​ភាព​បណ្ដោះ​អាសន្ន​នៃ​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​

    បេក្ខភាព Joe Biden ទទួលបានជ័យជំនះបន្ថែមនៅក្នុងរដ្ឋចំនួន2ទៀត នោះគឺ Wisconsin និង Michigan ដែលនេះបាននាំឱ្យលោកខិតចូលទៅកាន់តែជិតនឹងគោលដៅជោគជ័យ។

    ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ2020៖

    TRUMP៖ 214 សំឡេង BIDEN៖ 264 សំឡេង

    បេក្ខភាពរូបណាដែលរកបានសំឡេងឆ្នោតគាំទ្រយ៉ាងតិច270សំឡេងក្នុងចំណោម538សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត នឹងក្លាយជាប្រធានាធិបតីអាមរិក។

    ការបោះឆ្នោតនៅសភាជាន់ខ្ពស់៖

    បក្សសាធារណរដ្ឋ៖ 48 កៅអី បក្សប្រជាធិបតេយ្យ៖ 47 កៅអី

    បក្សនីមួយៗត្រូវការកៅអីយ៉ាងតិច51ក្នុងចំណោម100កៅអីដើម្បីក្លាយជាសំឡេងភាគច្រើនក្នុងសភាជាន់ខ្ពស់។

    ការបោះឆ្នោតនៅសភាជាន់ទាប៖

    បក្សសាធារណរដ្ឋ៖ 188 កៅអី បក្សប្រជាធិបតេយ្យ៖ 203 កៅអី

    បក្សនីមួយៗត្រូវការកៅអីយ៉ាងតិច218 ក្នុងចំណោម435កៅអី ដើម្បីក្លាយជាសំឡេងភាគច្រើនក្នុងសភាជាន់ខ្ពស់។

    ប្រភព៖ Fox News

  • រដ្ឋមន្ត្រី​កម្ពុជា​2រូប​នឹងនៅដាច់​ដោយ​ឡែក​ ដោយ​សារ​រដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី​បាន​ឆ្លង​Covid-19

    រដ្ឋមន្ត្រី​កម្ពុជា​2រូប​នឹងនៅដាច់​ដោយ​ឡែក​ ដោយ​សារ​រដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី​បាន​ឆ្លង​Covid-19

    បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ហុង​គ្រី​បាន​ឆ្លង​វីរុស​Covid-19 រដ្ឋមន្ត្រី​កម្ពុជា​2​រូប​ដែល​​ក៏​បាន​ប្រកាស​ថា លោក​ចាប់​ផ្ដល់​នៅ​ដាច់​ពី​គេ​ឯង​ ដោយ​សារ​តែ​ធ្លាប់​បាន​ជួប​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​កាលពី​ពេល​ថ្មី​ៗ​នេះ​។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម​ វេង សាខុន បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ​ថា លោក​ រួម​នឹង​រដ្ឋមន្ត្រី​ក្រសួងដែល​បាន​អញ្ជើញ​ជួប​លោក Peter Szijjarto ដែល​ជា​រដ្ឋមន្រ្តីការបរទេស​ហុងគ្រីកាលពីម្សិលមិញ នឹងនៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​Covid-19។

    រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ឯកឧត្តម លឹម​ គានហោ បាន​ថ្លែង​ថា លោក​ក៏​បាន​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ Anutin Charnvirakul ថ្ងៃ​ទី​4​វិច្ឆិកា​នេះ​បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ លោក Peter Szijjarto មាន​លទ្ធផល​វិជ្ជមាន​ជា​មួយ​នឹង​Covid-19 នៅពេល​ធ្វើទស្សនកិច្ច​ប្រទេស​នេះ​ ក្រោយ​ការ​ធ្វើ​ទស្សនកិច្ច​កម្ពុជា​បាន​មួយ​ថ្ងៃ​។

    ប្រភព៖ ក្រសួងការបរទេស/Channelnewsasia/VOD

  • Trump នាំ​​មុខ​​1​កៅអី​​នៅ​​សភា​​ជាន់​​ខ្ពស់​​ ខណៈ​​នៅ​​សភា​​ជាន់​​ទាប​​ត្រូវ​​ Biden​ នាំ​​មុខ​​5​​កៅអី

    Trump នាំ​​មុខ​​1​កៅអី​​នៅ​​សភា​​ជាន់​​ខ្ពស់​​ ខណៈ​​នៅ​​សភា​​ជាន់​​ទាប​​ត្រូវ​​ Biden​ នាំ​​មុខ​​5​​កៅអី

    លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​បង្ហាញ​ថា លោក Trump ទទួល​បាន​213​សំឡេង​គាំទ្រ​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​ ខណៈ​លោក​ Biden ទទួល​បាន​238​សំឡេង​។

    តាម​ច្បាប់​នៃ​ការ​បោះ​ឆ្នោត ដើម្បី​បានក្លាយ​ជា​ប្រធានាធិបតី​ បេក្ខ​ភាព​ត្រូវ​តែ​មាន​​​សំឡេង​គាំទ្រ​យ៉ាង​តិច​270​សំឡេង​ក្នុង​ចំណោម​538​សំឡេង​របស់​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​។

    នៅ​សភា​ជាន់​ខ្ពស់​៖ បក្សសាធារណរដ្ឋ (Trump) ទទួល​បាន​47​កៅអី ចំណែក​បក្ស​ប្រជាធិបតេយ្យ​ (Biden) បាន​46​កៅ​អី។ បក្ស​នីមួយ​ៗ​ត្រូវ​ការ​51​កៅ​អី​ក្នុង​ចំណោម​100​កៅអី​ដើម្បី​ក្លាយជា​សំឡេង​ភាគ​ច្រើន​​។

    នៅ​សភា​ជាន់​ទាប​៖ បក្សសាធារណរដ្ឋ (Trump) ទទួល​បាន​170​កៅអី ចំណែក​បក្ស​ប្រជាធិបតេយ្យ​ (Biden) បាន​175​កៅ​​អី។ បក្ស​នីមួយ​ៗ​ត្រូវ​ការ​218​​កៅ​អី​ក្នុង​ចំណោម​435​​កៅអី​ដើម្បី​បាន​ក្លាយជា​សំឡេង​ភាគ​ច្រើន​​។

    ប្រភព​៖ Fox News

  • (វីដេអូ) Trump ថ្លែង​​ថា​ លោក​​បាន​​ឈ្នះ​​ក្នុង​ការ​​បោះ​​ឆ្នោត​ ហើយ​​ថា​​នឹង​​ប្ដឹង​​ទៅ​កាន់​​តុលាការ​​កំពូល​ ទាក់​​ទង​​នឹង​​ការ​​បន្លំ​​សន្លឹក​​ឆ្នោត​

    (វីដេអូ) Trump ថ្លែង​​ថា​ លោក​​បាន​​ឈ្នះ​​ក្នុង​ការ​​បោះ​​ឆ្នោត​ ហើយ​​ថា​​នឹង​​ប្ដឹង​​ទៅ​កាន់​​តុលាការ​​កំពូល​ ទាក់​​ទង​​នឹង​​ការ​​បន្លំ​​សន្លឹក​​ឆ្នោត​

    ប្រធានាធិបតី​ Donald Trump ថ្លែង​ការណ៍​​ពី​សេត​វិមាន​នៅ​ព្រឹកព្រលឹម​ថ្ងៃទី​4​វិច្ឆិកា បន្ទាប់​ពី​សន្យា​ថានឹង “ឈ្នះ​ធំ”។

    លោក Trump បាន​សរសើរ​ទៅ​លើ​ជ័យ​ជំនះ​របស់ខ្លួន​នៅ​ក្នុង​បណ្ដា​រដ្ឋ​ ព្រម​ទាំង​បាន​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​នេះ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។ លោក​ថា “នេះ​គឺ​ជា​អំពើ​លួច​បន្លំ​ទៅ​លើ​សាធារណជន​អាមរិកាំង​។ នេះ​គឺ​ជា​ភាព​អាម៉ាស់​ចំពោះ​ប្រទេស​ជាតិ​របស់​យើង​”។

    នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​នេះ លោក​ Trump បាន​ថ្លែង​ដែរ​ថា “យើង​បាន​ទទួល​ជ័យ​ជំនះ​ក្នុងការ​បោះ​ឆ្នោត​នេះ​”។

    លោក​ Trump ក៏​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​ទាក់​ទង​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​។ លោក​ថា “យើង​ចង់​ឱ្យ​ផ្អាក​រាល់​កិច្ច​ការ​ដែល​ទាក់​ទិន​នឹង​ការ​រាប់​ និង​ពិនិត្យ​សន្លឹក​ឆ្នោត​”។

    លោក​ថ្លែង​ដូច្នេះ ទំនង​ជា​ចង់​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍ ដែល​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទទួល​ស្គាល់​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​បាន​បញ្ចប់ ឱ្យ​តែ​សន្លឹក​ឆ្នោតទាំង​នោះ​​ត្រូវ​បាន​ផ្ញើ​មក​តាម​ពេល​ដែល​បាន​កំណត់​។

    NBC News

  • មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ ​និ​ង​ក្រុម​ប្រឆាំង​លោក​ Trump ​នៅ​ខាង​ក្រៅ​សេត​វិមាន (វីដេអូ)

    មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ ​និ​ង​ក្រុម​ប្រឆាំង​លោក​ Trump ​នៅ​ខាង​ក្រៅ​សេត​វិមាន (វីដេអូ)

    ការប៉ះទង្គិចគ្នាដោយការរុញច្រានរវាងក្រុមបាតុករ Black Lives Matter ជាមួយនឹងក្រុមគាំទ្ររបស់លោក Trump នៅខាងក្រៅសេតវិមានបានផ្ទុះឡើង បើទោះជាមានវត្តមានរបស់កងកម្លាំងប៉ូលិសក៏ដោយ។

    ក្រុមបាតុករ Black Lives Matter (BLM-ជីវិតរបស់ជនស្បែកខ្មៅក៏សំខាន់) បានខឹងយ៉ាងខ្លាំងនៅពេលដែលមានមនុស្សម្នាក់ដែលប្រឆាំងនឹងពួកគេបានស្រែកឡើងថា “ជីវិតរបស់ជនសម្បុរណាក៏សំខាន់ដែរ ជនស្បែកសក៏សំខាន់”។

    វីដេអូមួយបង្ហាញថា មនុស្សម្នាក់ដែលបានធ្វើឱ្យក្រុមបាតុករស្បែកខ្មៅខឹងខាងលើ បាននិយាយគ្នាជាមួយនឹងក្រុមបាតុករនៅមុនពេលត្រូវរុញច្រានខ្ទប់ទៅនឹងរបងការពារ និងត្រូវឡោមព័ទ្ធ។ បុរសនេះត្រូវបានគេវាយតប់ រុញច្រានឱ្យដួលទៅលើដីមុនពេលបាន​រត់គេចខ្លួន។

    វីដេអូមួយផ្សេងទៀតបង្ហាញថា បុរសម្នាក់ដែលពាក់អាវមានសរសេរឃ្លា “ជួយឱ្យទឹកដីអាមេរិកមហស្ចារ្យឡើងវិញ” ដែលជាជ័យឃោសន៍របស់លោក Trump បានត្រវាយប្រតប់នឹងបាតុករ BLM ម្នាក់ បន្ទាប់មកក៏បានលោតចូលវាយគ្នាតែ​ម្ដង​។

    សំឡេងស្រែកយ៉ាងកងរំពងក៏លាន់ឡើងនៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងក្រុមប៉ូលិសផងដែរ ធ្វើឱ្យក្រុមប៉ូលិសត្រូវដកថយដើម្បីកាត់បន្ថយការខឹងសម្បាពី​សំណាក់​ក្រុម​បាតុករ​ BLM។

    ក្រុមបាតុករ BLM បានព្រមានថា នឹងឡោមព័ទ្ធសេតវិមានក្នុងរយៈពេលច្រើនសប្ដាហ៍ បើសិនជាលោក Trump ជាប់ឆ្នោតម្ដងទៀត។

    ប្រភព៖ BCFocus/Dailymail