Author: សឿន សំណាង

  • ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធាន​រដ្ឋ​សភា​រហូត​ដល់សម្លប់

    ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធាន​រដ្ឋ​សភា​រហូត​ដល់សម្លប់

    ដោយសារតែមានការខឹងខ្លាំងចំពោះកិច្ចព្រមព្រៀងប្រកបដោយការខាតបង់នៅតំបន់ Nagorno-Karabakh ជាមួយនឹងភាគីអាហ្សែបែហ្សង់ ប្រជាជនអាមេនីបានប្រមូលផ្ដុំគ្នា និងបានសម្រុកចូលកាន់កាប់អគារនានារបស់រដ្ឋាភិបាល ព្រមទាំងបានវាយប្រធានសភាឱ្យសន្លប់ទៀតផង។

    យោងតាមសារព័ត៌មាន Guardian កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអាមេនី និងអាហ្សែបែហ្សង់នៅតំបន់ Nagorno-Karabakh ដែលមានរុស្ស៊ីជាអាជ្ញាកណ្ដាលនេះ បានបង្កឱ្យមានប្រតិកម្មផ្ទុយគ្នារវាងប្រទេសអតីតសហភាពសូវៀតទាំងពីរនេះ នៅពេលវាបានចូលជាធរមានកាលពីថ្ងៃទី10វិច្ឆិកា2020។

    ក្នុងគ្រាដែលជនជាតិអាហ្សែបែហ្សង់ ជប់លៀងអបអរសាទរ ដោយសារពួកគេដណ្ដើមបានសិទ្ធិគ្រប់គ្រងទឹកដីសំខាន់ៗមួយចំនួន ប្រជាជនអាមេនីមានការខឹងយ៉ាងខ្លាំង ព្រមទាំងបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ហើយក៏បានចូលទៅកាន់កាប់វិមានរដ្ឋាភិបាលក្នុងរយៈពេលខ្លីកាលពីថ្ងៃទី10វិច្ឆិកា។ ក្រុមបាតុករបានសម្រុកចូលអគារសភា ហើយក៏បានវាយបំផ្លាញទ្រព្យសម្បត្តិនានា និងបានបណ្ដាលឱ្យប្រធានសភាអាមេនី លោក Ararat Mirzoyan ត្រូវសន្លប់។

    នៅកន្លែងផ្សេងៗ ក្រុមបាតុករក៏បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងនាំគ្នាស្រែកឡើងថា៖ “Nikol Pashinyan (នាយករដ្ឋមន្ត្រីអាមេនី) បានក្បត់យើងហើយ”។

    ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធានរដ្ឋសភារហូតដល់សម្លប់
    មន្ត្រី​អាមេនី​ម្នាក់​កំពុង​រារាំង​ក្រុម​បាតុករ​នៅក្នុង​វិមាន​សភា​អាមេនី​កាល​ពី​ថ្ងៃទី​10​វិច្ឆិកា

    អាហ្សែបែហ្សង់ប្រកាសថា នេះជា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ” ខណៈអាមេនីថា ជា “កិច្ចព្រមព្រៀងដ៏ឈឺចាប់”

    កិច្ចព្រមព្រៀងសន្តិភាពខាងលើត្រូវបានប្រកាសកាលពីយប់ថ្ងៃទី9វិច្ឆិកា ដែលនេះបានបើកផ្លូវឱ្យរុស្ស៊ីបញ្ជូនទាហាន​ជិត​2,000​នាក់​ទៅកាន់តំបន់មានជម្លោះដើម្បីរក្សាសន្តិភាព។ ប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev បានហៅកិច្ចព្រមព្រៀងនេះថា ជា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយភាគីអាមេនី​អស់​រយៈ​ពេល​6​សប្ដាហ៍”។ ​ចំណែក​នាយករដ្ឋមន្ត្រីអាមេនី លោក Pashinyan បានហៅកិច្ចព្រមព្រៀងនេះថា ជា “កិច្ចព្រមព្រៀងដ៏ឈឺចាប់”។

    កាលពីថ្ងៃទី10វិច្ឆិកា ប្រធានាធិបតី Aliyev ឱ្យដឹងថា ក្រៅពីរុស្ស៊ី ប្រទេសទួរគីក៏នឹងទទួលបានការអនុញ្ញាតឱ្យដាក់ពង្រាយកម្លាំងការពារសន្តិភាពនៅក្នុងតំបន់ Nagorno-Karabakh ផងដែរ ប៉ុន្តែក្រោយមក ប្រទេសរុស្ស៊ីបានបដិសេធប្រការនេះ។ ក្រុមអ្នកជំនាញបានវាយតម្លៃថា នេះគឺជាជោគជ័យរបស់អាហ្សែបែហ្សង់ ក៏ប៉ុន្តែ វាមិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញទេ ព្រោះថា ចំណុចជាច្រើននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់នេះ នៅតែមានភាពមិនច្បាស់លាស់។

    ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធានរដ្ឋសភារហូតដល់សម្លប់
    ជនជាតិ​ Baku នៅ​ប្រទេស​អាហ្សែបែហ្សង់ នាំ​គ្នា​អបអរ​ជ័យ​ជំនះ​កាល​ពីថ្ងៃទី​10​វិច្ឆិកា

    លោក Pashinyan និងក្រុមមេដឹកនាំនៅតំបន់ Nagorno-Karabakh បានថ្លែងថា ពួកគេត្រូវបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងពេលដែលអាហ្សែបែហ្សង់ដណ្ដើមបានតំបន់យុទ្ធសាស្ត្រ ហើយអាចវាយប្រហារមកលើ Stepanakert ដែលជាទីក្រុងធំបំផុតក្នុងតំបន់នេះ។

    ការប្រយុទ្ធគ្នារវាងប្រទេសអាហ្សែបែហ្សង់ និងអាមេនី នៅក្នុងឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាបញ្ហាអាក្រក់បំផុតរាប់ចាប់ពីឆ្នាំ1994។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់រយនាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនក្នុងពេលភាគីទាំងពីរប្រយុទ្ធគ្នាចាប់ពីថ្ងៃទី27កញ្ញា៕

    ប្រភព៖ Guardian

  • កម្ពុជារកឃើញករណីវិជ្ជមានជា​មួយ​Covid-19 ចំនួន1នាក់ទៀតដែលជាករណីនាំចូល ខណៈ​ពិភព​លោក​រក​បាន​ជាង​6,000​នាក់​

    កម្ពុជារកឃើញករណីវិជ្ជមានជា​មួយ​Covid-19 ចំនួន1នាក់ទៀតដែលជាករណីនាំចូល ខណៈ​ពិភព​លោក​រក​បាន​ជាង​6,000​នាក់​

    ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី11វិច្ឆិកានេះ បានប្រកាសនៅលើទំព័រ Facebook ថា បានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន1ករណីទៀត ដែលនេះបានកើតឡើងលើស្ត្រីជនជាតិអាមេរិកាំង។

    អ្នកជំងឺដែលមានអាយុ35ឆ្នាំខាងលើ ស្នាក់នៅក្នុងសណ្ឋាគារមួយនាទីក្រុងភ្នំពេញ បន្ទាប់ពីបានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី4វិច្ឆិកា។ បច្ចុប្បន្ន ស្ត្រីជនជាតិអាមេរិកាំងរូបនេះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប 301នាក់ ក្នុងនោះមានអ្នកជំងឺចំនួន13នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង 288នាក់បានជាសះស្បើយ។

    ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ចំនួន​ 51,802,767នាក់​​បាន​ឆ្លង​វីរុស​Covid-19 ក្នុង​នោះ​មាន​1,279,159​នាក់​បាន​ស្លាប់​ និង​36,390,908​នាក់​បាន​ជា​សះស្បើយ​ ខណៈ​ដែល​ 14,132,700​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ពិភព​លោក​បាន​រកឃើញ​ករណីវិជ្ជមាន​ថ្មី​ជាង​6,000​នាក់​៕

  • ឧទ្ធម្ភាគ​ចក្រ​របស់​លោក​ Trump​ ត្រូវ​បាន​ពពាយ​នាយ​លក់

    ឧទ្ធម្ភាគ​ចក្រ​របស់​លោក​ Trump​ ត្រូវ​បាន​ពពាយ​នាយ​លក់

    ឧទ្ធម្ភាគចក្រ Sikorsky S76-B មួយគ្រឿងដែលនៅក្នុងឃ្លាំងយន្តហោះរបស់ប្រធានាធិបតី Donald Trump កំពុងត្រូវបានផ្សាយលក់ក្នុងតម្លៃដែល “អាចចរចាគ្នាបាន”។

    គេហទំព័រ Avbuyer កំពុងតែផ្សាយលក់ឧទ្ធម្ភាគចក្រ Sikorsky S76-B របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អមដោយខ្លឹមសារថា៖ “ហៅទូរស័ព្ទដើម្បីបានដឹងតម្លៃ។ អាចចរចាគ្នាបាន”។

    Emmanuel Dupuy ដែលជាអ្នកបង្ហោះការពពាយនាយនេះនៅលើ Avbuyer បានបញ្ជាក់ថា ដំណឹងដាក់លក់ឧទ្ធម្ភាគចក្រនេះគឺជារឿតពិត ប៉ុន្តែបានបដិសេធការស្នើឱ្យមានការអធិប្បាយបន្ថែម។

    យោងតាមគេហទំព័រពាណិជ្ជកម្មផ្សេងៗ ឧទ្ធម្ភភាគចក្រ Sikorsky 76-C មួយគ្រឿងដែលផលិតឆ្នាំ1997 មានតម្លៃប្រមាណជា 1.6លានដុល្លារអាមេរិក ខណៈដែលកំណែឆ្នាំ2008 មានតម្លៃ 3.3លានដុល្លារ។ គេហទំព័រ Globalair.com បានឱ្យដឹងថា តម្លៃដាក់លក់ដំបូងរបស់ Sikorsky S76-B ជាមធ្យមគឺ 1.396លានដុល្លារ។

    ឧទ្ធម្ភាគចក្ររបស់លោក Trump ត្រូវបានពពាយនាយលក់
    សម្ភារ​ខាង​ក្នុង​នៃ​ឧទ្ធម្ភាគ​ចក្រ​ Sikorsky S76-B របស់​លោក​ Trump

    ឧទ្ធម្ភាគចក្រ Sikorsky S76-B របស់លោក Trump ត្រូវបានផលិតក្នុងឆ្នាំ1989 និងហោះហើរបានជាង 6ពាន់ម៉ោង។ ឧទ្ធម្ភាគចក្រនេះត្រូវបានបំពាក់ប្រព័ន្ធការពារសំឡេងសម្រាប់កាប៊ីនអ្នកដំណឹងដែលមានកៅអីចំនួន6។ ចាប់ពីបាតដល់ដំបូងត្រូវបានក្រាលនិងបិទដោយឈើពិសេសរបស់អាហ្វ្រិកដែលគេហៅថា African mahogany និងមានថតសម្រាប់ដាក់ភេសជ្ជ។ ក្រៅពីនេះ ក៏មានទូមួយនៅចំកណ្ដាលដែលអាចដាក់ស្រាបាន3ដប និងអេក្រង់ដែលបង្ហាញអំពីទិដ្ឋភាពខាងក្រៅ។

    បាតរបស់ឧទ្ធម្ភាគចក្រត្រូវបានក្រាលដោយព្រំពណ៌ត្នោតខ្ចី (beige) ចំណែកកៅអីប្រភេទសាឡុងត្រូវបានពាសដោយស្បែកពណ៌ស កៅអីនីមួយៗសុទ្ធតែមានខ្សែក្រវាត់សុវត្ថិភាពដែលលាបពណ៌ទឹកមាស ហើយនៅក្បែរនោះគឺជាធ្នើរដាក់ទស្សនាវដ្ដី។ ក៏ប៉ុន្តែ ឧទ្ធម្ភាគចក្រនេះមិនមានប្រព័ន្ធ Wifi ទេ។

    ក្រៅពីឧទ្ធម្ភាគចក្រ Sikorsky S76-B ចំនួន 3គ្រឿង លោក Trump ក៏មានយន្តហោះខ្នាតតូច Cessna Citation X 1គ្រឿង និង Boeing 757 1គ្រឿងទៀតផងដែរ៕

    ប្រភព៖ Forbes

  • សន្និសីទ​នៃ​សហគមន៍​សន្តិ​សុខ​-​នយោបាយ​ ASEAN 22​៖ ​សង្ឃឹម​ថា ​ASEAN​ និង​ចិន​ អាច​​បង្កើត​ក្រម​ប្រតិ​បត្តិ ​COC ​ប្រកប​ដោយ​សុពល​ភាព​ និងប្រសិទ្ធ​ភាព ​ដើម្បី​សន្តិ​សុខ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

    សន្និសីទ​នៃ​សហគមន៍​សន្តិ​សុខ​-​នយោបាយ​ ASEAN 22​៖ ​សង្ឃឹម​ថា ​ASEAN​ និង​ចិន​ អាច​​បង្កើត​ក្រម​ប្រតិ​បត្តិ ​COC ​ប្រកប​ដោយ​សុពល​ភាព​ និងប្រសិទ្ធ​ភាព ​ដើម្បី​សន្តិ​សុខ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

    នៅព្រឹកថ្ងៃទី10វិច្ឆិកា រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានបើកកិច្ចប្រជុំលើកទី22 គឺ “កិច្ចប្រជុំសហគមន៍សន្តិសុខ-នយោបាយ ASEAN 22 (APSCC)” ដែលសន្និសីទនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh។

    នៅក្នុងសន្និសីទដែលត្រូវបានធ្វើឡើងតាមរយៈវីដេអូផ្សាយផ្ទាល់ រដ្ឋមន្ត្រីនានានៃបណ្ដាប្រទេសបានសម្ដែងការពេញចិត្តចំពោះសហគមន៍នយោបាយ-សន្តិសុខ ASEAN ដែលមានការរីកចម្រើន និងផ្លាស់ប្ដូរថ្មី បើទោះជាមានការលំបាកច្រើន និងពិសេសនៅក្នុងសម័យ Covid-19។

    រដ្ឋមន្ត្រីការបរទេសនានាបានវាយតម្លៃខ្ពស់ទៅលើការរួមចំណែកនៃបណ្ដាស្ថាប័នសំខាន់ៗនៅក្នុងសហគមន៍ ដូចជា ក្រុមរដ្ឋមន្ត្រីការពារជាតិ ASEAN (ADMM) ក្រុមរដ្ឋមន្ត្រី ASEAN ទទួលបន្ទុកផ្នែកទប់ស្កាត់និងប្រឆាំងបទល្មើសឆ្លងដែន (AMMTC) នៅក្នុងកិច្ចសហការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងរយៈពេលកន្លង។ រដ្ឋមន្ត្រីរបស់បណ្ដាប្រទេស ASEAN យល់ថា ការសម្រេចបាន 98% នៃផែនការសកម្មភាព APSC គឺជាសញ្ញាលេចធ្លោនៅក្នុងដំណើរការនៃការកសាងសហគមន៍ ASEAN។

    យ៉ាងនេះក្ដី រដ្ឋមន្ត្រីនានាក៏យល់ថា នៅតែមានបញ្ហាជាច្រើនត្រូវការធ្វើឱ្យបានសម្រេចក្នុងពេលខាងមុខ។ ក្រុមរដ្ឋមន្ត្រីក៏បានរំឭកអំពីការបង្កើតឡើងវិញនូវកិច្ចចរចា COC ដោយបានអះអាងថា បានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចារវាង ASEAN និងចិន។ រដ្ឋមន្ត្រីមួយចំនួនបានបន្តអំពាវនាវឱ្យមានការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួម DOC ដោយសង្ឃឹមថា ASEAN និងចិន អាចកសាងដោយជោគជ័យនូវក្រមប្រតិបត្តិ COC ប្រកបដោយសុពលភាព និងប្រសិទ្ធភាពស្របទៅតាមច្បាប់អន្តរជាតិ UNCOLS 1982៕

     

  • លោក Trump ប្រកាស “ដំណឹងល្អ ឈ្នះធំ លទ្ធផលគួរភ្ញាក់ផ្អើល”៖ រដ្ឋយ៉ាងតិច4 នឹងប្រែជាពណ៌ក្រហមនាពេលឆាប់ៗ?

    លោក Trump ប្រកាស “ដំណឹងល្អ ឈ្នះធំ លទ្ធផលគួរភ្ញាក់ផ្អើល”៖ រដ្ឋយ៉ាងតិច4 នឹងប្រែជាពណ៌ក្រហមនាពេលឆាប់ៗ?

    លោកប្រធានាធិបតី Donald Trump បានប្រកាសថា Nevada គឺជា “រូងដែលផ្ទុកពេញដោយសន្លឹកឆ្នោតក្លែងក្លាយ” ហើយលោកក៏អះអាងថា នឹងបន្តស្រាវជ្រាវលើ Wisconsin និង Pennsylvania ព្រមទាំងបញ្ជាក់ថា នឹង “ឈ្នះធំ” នៅ Georgia ផងដែរ។

    ក្នុងរយៈពេលជាង24ម៉ោងកន្លងទៅ លោក Trump បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅពេលបង្ហោះសារ និងចែករំលែងអត្ថបទ/វីដេអូរហូតដល់29លើកនៅលើទំព័រ Facebook “Donald J. Trump”។ អត្ថបទទាំងអស់សុទ្ធតែទាក់ទងនឹងការបោះឆ្នោត និងមានអត្ថបទខ្លះនិយាយអំពីសង្គ្រាមផ្លូវច្បាប់នៅក្នុងបណ្ដារដ្ឋដែលមានតំណាងម្ចាស់ឆ្នោតច្រើន ដូចជារដ្ឋ Wisconsin, Pennsylvania, Georgia និងរដ្ឋ Nevada ជាដើម។

    អត្ថបទមួយចំនួនត្រូវបានចាប់ផ្ដើមដោយខ្លឹមសារ៖ “ចំនួនសន្លឹកឆ្នោតត្រូវតែពិនិត្យឡើងវិញ។ សន្លឹកឆ្នោតមួយចំនួនធំត្រូវបានគេលូកដៃធ្វើអន្តរាគមន៍។ ចូររង់ចាំមើល?”។

    បន្ទាប់មក លោកសរសេរថា៖ Nevada តាមពិតគឺជារូងដែលផ្ទុកពេញដោយសន្លឹកឆ្នោតក្លែងក្លាយ។ Matt Schlapp និង Adam Laxalt កំពុងស្រាវជ្រាវ លទ្ធផលនឹងធ្វើឱ្យយើងភ្ញាក់ផ្អើលនៅពេលត្រូវបានប្រកាស”។

    ដំណឹងនានាដែលត្រូវបានលោក Trump បង្ហោះ ក៏មានលក្ខណៈទាក់ទាញគួរឱ្យចាប់អារម្មណ៍៖

    ស្ថានភាពនៅ Wisconsin ក៏នៅតែល្អ។ ត្រូវការពេលវេលាខ្លះដើម្បីអនុវត្តតាមច្បាប់។ នឹងមានការប្រែប្រួលឆាប់ៗនេះ! Reince Priebus, Sean Duff”។

    “Pennsylvania រារាំងមិនឱ្យយើងតាមដានដំណើរការនៃការរាប់សន្លឹកឆ្នោត។ មិនគួរឱ្យជឿ និងខុសច្បាប់”។

    “នឹងឈ្នះធំនៅរដ្ឋ Georgia ហើយដូចទៅនឹងយប់នៃថ្ងៃបោះឆ្នោតដូច្នោះដែរ!”។

    “Fox News, Quinnipiac, ABC/WaPo, NBC/WSJ ពិតជាខុស នៅពេលលូកដៃចូលក្នុងការបោះឆ្នោត។ ពួកគេបានដើរហូសតួនាទីនៅក្នុងកិច្ចការបោះឆ្នោត។ បញ្ហានេះអាចត្រូវបានបញ្ចូលទៅក្នុងទោសជ្រៀតជ្រែកកិច្ចការបោះឆ្នោត។ ABC/WaPo បានបន្ថយពន្ទុះចំនួន17របស់ខ្ញុំនៅ Wiscoonsin នៅមុនការបោះឆ្នោត ហើយខ្ញុំបានឈ្នះ! នៅ Iowa ការស្ទង់មតិនានាបានទន្លាក់ពន្ទុះរបស់ខ្ញុំចំនួន4ពិន្ទុ ហើយ4ឆ្នាំក្រោយ ពួកគេនៅតែធ្វើបែបនេះ។ នេះគឺជាបញ្ហាអាក្រក់ គឺអាក្រក់ជាងការបង្ខំឱ្យមនុស្សទៅបោះឆ្នោត ឬចូលរួមវិភាគទានសម្រាប់ការបោះឆ្នោតទៅទៀត”។

    លោក Trump ក៏សរសេរថា៖ “ដូចដែលខ្ញុំបាននិយាយកាលពីមុន Pfizer និងបណ្ដាក្រុមហ៊ុនផ្សេងទៀតនឹងប្រកាសអំពីវ៉ាក់សាំងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ព្រោះថា ពួកគេមិនមានភាពក្លាហានក្នុងការប្រកាស (ដំណឹងអំពីវ៉ាក់សាំង) មុន (ថ្ងៃបោះឆ្នោត)។ ដូចគ្នានេះដែរ FDA ក៏គួរប្រកាសឱ្យបានឆាប់ ដោយមិនមែនក្នុងបំណងនយោបាយនោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះជីវិតមនុស្ស”។

    “បើសិនជា Joe Biden ជាប្រធានាធិបតី នោះគ្រប់គ្នានឹងមិនមានវ៉ាក់សាំងឡើយនៅក្នុងរយៈពេល4ឆ្នាំខាងមុខ ឬត្រូវបាន FDA អនុម័តបានលឿនបែបនេះ។ ប្រព័ន្ធរដ្ឋបាលនឹងបំផ្លាញជីវិតរាប់លាននាក់”។

    “FDA និងបក្សប្រជាធិបតេយ្យមិនចង់ឱ្យខ្ញុំជោគជ័យក្នុងរឿងវ៉ាក់សាំង ដូច្នេះហើយ 5ថ្ងៃក្រោយ (ការបោះឆ្នោត) ទើបដំណឹងអំពីវ៉ាក់សាំងត្រូវបានគេបញ្ចេញ ដូចអ្វីដែលខ្ញុំបាននិយាយពីមុន!”។

    អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរ នោះគឺលោក Trump ទទួលបានការចុចចូលចិត្ត (Like) ខ្ទង់លានលើក ទៅលើឃ្លាមួយដែលសរសេរថា “ទីផ្សារមូលបត្រឈ្នះធំ ជិតមានវ៉ាក់សាំង។ របាយការណ៍ថា មានប្រសិទ្ធភាព90%។ ដំណឹងនេះពិតជាអស្ចារ្យ!”។

    លោក Trump នឹងក្រុមការងាររបស់ខ្លួន បានចាប់ផ្ដើមសង្គ្រាមផ្លូវច្បាប់ដើម្បីធ្វើការពិនិត្យ ឬរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។ តាមរយៈសង្គ្រាមនេះ លោក Trump នៅតែមានឱកាសកែប្រែស្ថានការណ៍ និងជាប់ឆ្នោតជាថ្មី៕

  • បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន

    បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន

    ក្រោយការបញ្ចប់តំណែងរបស់លោក Mark Esper មន្ត្រីកំពូលៗជាច្រើននាក់ទៀត កំពុងប្រឈមនឹងការបាត់​បង់​តំណែងដោយសារតែលោក Trump មុនពេលប្រធានាធិបតីរូបនេះប្រគល់អំណាចជូនលោក Joe Biden ដែលនេះនឹងនាំឱ្យសហរដ្ឋអាមេរិក ធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់។

    កាលពីល្ងាចថ្ងៃទី9វិច្ឆិកា ប្រធានាធិបតី Trump បានប្រកាសថា បានសម្រេចចិត្តដកហូតតំណែង “ដែលមានសុពលភាពភ្លាមៗ” ចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mark Esper ដោយការបង្ហោះសារមួយនៅលើទំព័រ Twitter។ លោក Trump បានសរសេរថា៖ “Mark Esper ត្រូវបានដកហូត។ ខ្ញុំអរគុណដល់ការបំពេញភារកិច្ចរបស់គាត់”។ លោក Trump ក៏បានប្រកាសថា ប្រធានអង្គភាពប្រឆាំងភេរវកម្មជាតិ លោក Christopher Miller នឹងក្លាយជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក។

    Chris Cillizza ដែលជាអ្នកវិភាគម្នាក់មកពី CNN យល់ថា ការសម្រេចចិត្តនេះរបស់លោក Trump មិនបានធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងនោះទេ។ ក្នុងរយៈពេលត្រឹមតែ2ឆ្នាំកន្លងមកនេះ ក្រសួងការពារជាតិអាមេរិក មានរដ្ឋមន្ត្រីស្តីទីដល់ទៅ4រូបទៅហើយ ក្នុងពេលដែល Esper បានក្លាយជា “បន្លាក្នុងភ្នែក” របស់លោក Trump អស់រយៈពេលច្រើនខែកន្លងមក។

    Esper មានការខ្វែងគំនិតគ្នាជាមួយលោក Trump នៅពេលលោកមិនយល់ស្របចំពោះការដាក់ពង្រាយកងទ័ពដើម្បីបង្ក្រាបបាតុករហិង្សានៅក្នុងបណ្ដាទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ក្រោយការស្លាប់របស់ George Floyd កាលពីខែឧសភា2020។ កាលពីថ្ងៃទី4វិច្ឆិកា រយៈពេល5ថ្ងៃមុនពេលត្រូវលោក Trump ដកហូតតំណែង លោក Esper បានសម្ភាសជាមួយសារព័ត៌មាន Military Times ក្នុងនោះលោក Esper បានព្យាករថា ខ្លួននឹងត្រូវបញ្ចប់តំណែង ដោយសារតែមិនស្ដាប់បង្គាប់ប្រធានាធិបតី។

    បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
    រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mark Esper

    ការដកហូតតំណែងរបស់ Esper នឹងមិនបង្កឱ្យមានការចាប់អារម្មណ៍ច្រើនប៉ុន្មាននោះទេ បើសិនកើតឡើងនៅក្នុងពេលផ្សេង។ ក៏ប៉ុន្តែ ក្នុងដំណាក់កាលនេះ ករណីនេះគឺជារឿងគួរឱ្យកត់សម្គាល់ ព្រោះថា វាជាសញ្ញាដំបូងនៃភាពច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃ ដែលលោក Trump នឹងបង្កឱ្យមានឡើងប្រកបដោយភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកក្នុងសម័យទំនើប។

    គិតមកដល់ពេលនេះ លោក Trump នៅតែមិនទាន់ទទួលស្គាល់បរាជ័យនៅឡើយ នៅចំពោះមុខលោក Joe Biden ដែលត្រូវបានសារព័ត៌មានអាមេរិកាំងហៅថាជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីបានឈ្នះក្នុងការបោះ​ឆ្នោត។ ក្រុមការងារផ្នែកបោះឆ្នោតរបស់លោក Trump បានបើកកិច្ចប្រជុំធំមួយកាលពីថ្ងៃទី9វិច្ឆិកា ហើយពួក​គេ​យល់ថា លោក Trump នៅតែមានឱកាសក្នុងការប្រកួតប្រជែងនេះ។ ជាក់ស្ដែង ប្រធានាធិបតី Trump បានប្រកាសថា នឹងធ្វើការប្ដឹងផ្ដល់ដល់ទីបំផុត ព្រោះថា បរាជ័យគឹជាថ្នាំដែលល្វីងបំផុតសម្រាប់លោក។

    លោក Trump ធ្លាប់បានថ្លែងថា៖ “ឈ្នះគឺជារឿងងាយស្រួលណាស់”។ លោកបន្តថា៖ “ចាញ់គឺមិនមែនងាយស្រួលឡើយ ពិសេសគឺសម្រាប់ខ្ញុំ”។

    Cillizza អះអាងថា បរាជ័យនឹងធ្វើឱ្យលោក Trump ខឹងខ្លាំង និងជារសជាតិល្វីងជូរចត់ជាទីបំផុតសម្រាប់លោក​ ដូច្នេះ លោកអាចនឹងស្វែងរកវិធីនានាដើម្បីសងសឹក ដោយមិនធ្វើតាមការកំណត់ដែលជាទម្លាប់នៃការប្រគល់អំណាចផ្នែកនយោបាយនៅសហរដ្ឋអាមេរិក។ ប្រការនេះមានន័យថា ការដកហូតតំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Esper គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ នៅក្នុងសកម្មភាពរាប់មិនអស់ដទៃទៀតដែលលោក Trump នឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី20មករាឆ្នាំ2021។

    បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
    Christopher Wray ប្រធានអង្គភាពស៊ើបការសម្ងាត់សហព័ន្ធ​ (FBI)

    Washington Post កាលពីខែតុលា បានចេញផ្សាយថា Trump កំពុងពិចារណាក្នុងការដកតំណែងរបស់ Christopher Wray ដែលជាប្រធានអង្គភាពស៊ើបការសម្ងាត់របស់ FBI ដោយសារគ្មានសមត្ថភាពក្នុងការស្រាវជ្រាវលើការចោទប្រកាន់អំពីបញ្ហា “ក្បត់បក្ខពួក” នៅក្នុងផ្ទៃក្នុង។ នេះក៏ជាសារមួយដែលព្រមានដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ដែលជាអ្នកស្មោះត្រង់នឹង Trump ប៉ុន្តែ បានធ្វើឱ្យបាត់បង់ទំនុកចិត្តព្រោះតែបានពន្យារការស៊ើបអង្កេតលើកំហុសឆ្គងក្នុងបេសកកម្មប្រឆាំងនឹងការស៊ើបអង្កេតរបស់ FBI នៅក្នុងរដូវឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំ2016។ សារព័ត៌មាន Axios កាលពីខែតុលា ក៏បានចេញផ្សាយថា Trump អាចនឹងដកហូតតំណែងប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់សហព័ន្ធ​ CIA លោកស្រី Gina Haspel ផងដែរ។

    បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
    ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់សហព័ន្ធ​ CIA លោកស្រី Gina Haspel

    ការដកតំណែងរបស់ក្រុមមេដឹកនាំក្រសួងការពារជាតិ រួមនឹង CIA និង FBI ឬរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាដើម ទំនងគ្រាន់តែជាជំហានដំបូងនៅក្នុងការ “ចម្រាញ់” ក្រុមមនុស្សដែលមិនមានភាពស្មោះត្រង់គ្រប់គ្រាន់ចំពោះលោក Trump តែប៉ុណ្ណោះ៕

    ប្រភព៖ CNN

  • វ៉ាក់សាំង Covid-19 របស់ Pfizer មានប្រសិទ្ធភាព90% និងអាចប្រើប្រាស់នៅពាក់កណ្ដាលដើមឆ្នាំក្រោយ

    វ៉ាក់សាំង Covid-19 របស់ Pfizer មានប្រសិទ្ធភាព90% និងអាចប្រើប្រាស់នៅពាក់កណ្ដាលដើមឆ្នាំក្រោយ

    ជាមួយនឹងប្រសិទ្ធភាពទប់ស្កាត់ឡើងដល់90% បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរបាន1សប្ដាហ៍ វ៉ាក់សាំងរបស់ Pfizer បាននាំមកនូវក្ដីសង្ឃឹមថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។

    ការប្រកាសព័ត៌មានកាលពីថ្ងៃទី9វិច្ឆិការបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូ BioNTech បានឱ្យដឹងថា នេះគឺជា “ថ្ងៃមួយដ៏អស្ចារ្យរបស់វិទ្យាសាស្ត្រ និងមនុស្សជាតិ”។

    94នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង43,500នាក់ ដែលបានចូលរួមក្នុងការពិសោធវ៉ាក់សាំងដំណាក់កាលទីបី ត្រូវបានចែកជា2ក្រុម៖ ចាក់វ៉ាក់សាំង និងប្រើថ្នាំ placebo (ថ្នាំដែលមិនមែនជាថ្នាំ)។ ក្រុមអ្នកជំនាញមកពីគណៈកម្មការតាមដានទិន្នន័យ ដែលមិនស្ថិតក្នុងក្រុមស្រាវជ្រាវ ធ្វើការវិភាគទៅលើលទ្ធផលដែលទទួលបាន។

    វ៉ាក់សាំងមានប្រសិទ្ធភាពទប់ស្កាត់វីរុសដល់ទៅ90% ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធ។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ បានកើតឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីពីរ។ និយាយរួម វ៉ាក់សាំងរបស់ Pfizer ចាប់ផ្ដើមការពាររាងកាយមនុស្សក្រោយរយៈពេល28ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីមួយ។

    លទ្ធផលចុងក្រោយស្ដីអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer អាចផ្លាស់ប្ដូរ នៅពេលក្រុមអ្នកវិទ្យាសាស្ត្របន្តប្រមូលបានទិន្នន័យថ្មីៗនាពេលខាងមុខ។

    ប្រធាន និងជានាយកប្រតិបត្តិរបស់ Pfizer បណ្ឌិត Albert Bourla អះអាងថា៖ “ខ្ញុំគិតថា ចុងក្រោយយើងក៏បានមើលឃើញពន្លឺនៅខាងចុងផ្លូវរូង។ សន្និដ្ឋានដំបូងពីការពិសោធវ៉ាក់សាំងប្រឆាំងCovid-19 ដំណាក់កាលទីបី បាននាំមកនូវភ័ស្ដុតាងដំបូងបង្ហាញអំពីលទ្ធភាពទប់ស្កាត់Covid-19 របស់វ៉ាក់សាំង Pfizer”។

    យោងតាម Bourla វ៉ាក់សាំង Pfizer កំពុងតែឆ្ពោះទៅកាន់ដំណាក់កាលសំខាន់នៅក្នុងកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ក្នុងគ្រាដែលពិភពលោកកំពុងត្រូវការវ៉ាក់សាំងជាទីបំផុត។ ជាមួយនឹងអត្រាប្រសិទ្ធភាពជាង90% មនុស្សជាតិកំពុងតែធ្វើដំណើរជិតដល់ដំណាក់កាលដែលត្រូវបញ្ចប់វិបត្តិសុខភាពនៅទូទាំងពិភពលោក។

    William Gruber ដែលជាអនុប្រធានជាន់ខ្ពស់ គ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងរបស់ Pfizer យល់ថា លទ្ធផលនេះគឺជា “ដំណឹងល្អបំផុតសម្រាប់ពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិក និងវិស័យសុខាភិបាលសាធារណៈ” ដែលនេះបានលើសពីប្រការល្អបំផុតដែលលោកធ្លាប់បានសង្ឃឹម។

    នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BioNTech លោក Ugur Sahin ឱ្យដឹងថា “វីរុស Covid-19 នឹងត្រូវបានគ្រប់គ្រង។ នេះគឺជាជ័យជំនះរបស់ក្រុមអ្នកវិទ្យាសាស្ត្រ”។

    ភាគីខាង Pfizer និង BioNTech បានបញ្ជាក់ថា 42% នៃអ្នកស្ម័គ្រចិត្តនៅក្នុងការពិសោធរបស់ពួកគេនៅទូទាំងពិភពលោករបស់ គឺជាការពិសោធចម្រុះជាតិសាសន៍ ហើយមិនទាន់មានបញ្ហាធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយ។

    វ៉ាក់សាំងCovid-19 របស់ Pfizer ប្រើប្រាស់បច្ចេកវិទ្យាវត្ថុតំណពូជ ដែលប្រើ Messenger RNA (mRNA) ផ្ដល់ព័ត៌មាន និង “ណែនាំ” ឱ្យប្រព័ន្ធការពាររបស់រាងកាយ ប្រតិកម្មប្រឆាំងនឹងមេរោគ។

    ក្រុមហ៊ុនឱសថខាងលើកំពុងតែរៀបគម្រោងដាក់ពាក្យសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់ នៅពេលបានប្រមូលទិន្នន័យគ្រប់គ្រាន់នៅក្នុងសប្ដាហ៍ទីបីនៃខែវិច្ឆិកានេះ។

    តាមគម្រោង Pfizer និង BioNTech នឹងផលិតវ៉ាក់សាំងនេះចំនួន50លានអំពូលនៅក្នុងឆ្នាំ2020 និង1.3ពាន់លានអំពូលនៅក្នុងឆ្នាំ2021។

    ក្រុមមន្ត្រី និងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកសង្ឃឹមថា វ៉ាក់សាំងនេះអាចត្រូវបានចែកចាយចាប់ពីពាក់​កណ្ដាល​ដើម​ឆ្នាំ​2021​ខាង​មុខ។ បើសិនជាគ្រប់យ៉ាងដំណើរការរលូនទៅតាមផែនការ វ៉ាក់សាំងរបស់ Pfizer និងក្លាយជាវ៉ាក់សាំងដែលចំណាយពេលខ្លីបំផុតនៅក្នុងការផលិត (12-18ខែ បន្ទាប់ពីCovid-19 ត្រូវបានរកឃើញដំបូងនៅប្រទេសចិន)។ រហូតមកដល់បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងនឹងជំងឺស្រឡទែន Mumps គឺជាវ៉ាក់សាំងដែលប្រើប្រាស់ពេលវេលាអភិវឌ្ឍលឿនបំផុត ដែលត្រូវបានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់កាលពីឆ្នាំ1967 បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល4ឆ្នាំ។

    មកទល់នឹងបច្ចុប្បន្ន ពិភពលោកបានរកឃើញវ៉ាក់សាំងប្រឆាំងCovid-19 ចំនួន11ប្រភេទ ដែលបានឈាន​ដល់​ការ​សាក​ល្បង​ដំណាក់​កាល​ទីបី ខណៈដែលវ៉ាក់សាំងចំនួន43ប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលទីមួយ និងទីពីរ។ បណ្ដាវ៉ាក់សាំងដែលត្រូវបានគេវាយតម្លៃថា មានសក្ដានុពលបំផុត គឺជាវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងចិន ដែលត្រូវបានអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាចំនួនបីប្រភេទ គឺបច្ចេកវិទ្យា virus vector បច្ចេកវិទ្យា inactivated virus និងបច្ចេកវិទ្យាហ្សែន (genetic technology)។

    គិតមកដល់ពេលនេះ វីរុសCovid-19 បានសម្លាប់មនុស្សជាង 1.269.000នាក់ ក្នុងចំណោមអ្នកជំងឺជាង 51,239,000នាក់នៅទូទាំងពិភពលោក៕

    ប្រភព៖ Bloomberg/Worldometers/CNBC

  • Biden កំពុងរៀបផែនការកែប្រែគោលនយោបាយរបស់លោក Trump

    Biden កំពុងរៀបផែនការកែប្រែគោលនយោបាយរបស់លោក Trump

    ប្រធានាធិបតីហសរដ្ឋអាមេរិកដែលទើបតែជាប់ឆ្នោត លោក Joe Biden កំពុងតែរៀបចំផែនការដើម្បីចុះហត្ថលេខាលើក្រឹត្យជាច្រើន ក្រោយពីចូលកាន់កាប់តំណែង ដើម្បីផ្លាស់ប្ដូរអាទិភាពរបស់ប្រទេសជាតិ។

    ប្រភពដែលយល់ដឹងអំពីបញ្ហា និងការសន្យារបស់លោក Biden ឱ្យដឹងថា ប្រធានាធិបតីថ្មីរូបនេះនឹងនាំអាមេរិកត្រលប់ទៅកាន់សន្ធិសញ្ញាទីក្រុងបារីសទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុ រួមនឹងកែប្រែសេចក្ដីសម្រេចដកខ្លួនពីអង្គការសុខភាពពិភពលោកដែលលោក Trump បានដាក់ចេញ។

    លោក Biden ក៏នឹងលុបចោលនូវបម្រាមលើការធ្វើដំណើរចេញចូលរបស់អ៊ីស្លាមសាសនិក និងដំណើរការឡើងវិញនូវកម្មវិធីដែលអនុញ្ញាតឱ្យក្រុមមនុស្សដែលត្រូវបាននាំទៅសហរដ្ឋអាមេរិកពេលនៅក្មេង អាចបន្តរស់នៅទីនេះ។ តាមគម្រោង លោក Joe Biden នឹងបង្កើតក្រុមពិសេសមួយដើម្បីទប់ទល់នឹង Covid-19 នៅថ្ងៃទី9វិច្ឆិកា។

    ក្រៅពីនេះ បញ្ហាប្រើប្រាស់អាវុធស្របច្បាប់ បញ្ហាកាត់បន្ថយពន្ធ បញ្ហាសុខាភិបាលសាធារណៈ បញ្ហាសមាជិករដ្ឋាភិបាលមានឥទ្ធិពលលើក្រសួងយុត្តិធម៌ជាដើម ក៏នឹងត្រូវបានលោក Biden យកមកធ្វើជាអាទិភាពនៅក្នុងពេលចូលកាន់តំណែងថ្ងៃដំបូងផងដែរ។

    លោក Biden បានឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania និងរកបានសំឡេងឆ្នោតពី​តំណាង​ម្ចាស់​ឆ្នោត​លើស​ពី​270​សំឡេងរួចហើយ។ ប៉ុន្តែ Trump ប្រកាសថា ការបោះឆ្នោតនេះនឹងត្រូវការពេលយូរទៀតទើបបញ្ចប់។

    មកដល់ពេលនេះ លោក Trump មិនទាន់បានទាក់ទងទៅកាន់លោក Biden ដើម្បីទទួលថាចាញ់ឆ្នោតនៅឡើយ ហើយក៏មិនមានគម្រោងចូលរួមក្នុងពិធីទទួលតំណែងរបស់ប្រធានាធិបតីអាមេរិកទី46នោះដែរ។ ក្រុមការងារបោះឆ្នោតរបស់លោក Trump បានធ្វើការប្ដឹងផ្ដល់ជាច្រើនករណី ទាក់ទិននឹងការលួចបន្លំសន្លឹកឆ្នោត ប៉ុន្តែ បណ្ដឹងស្ទើរតែទាំងអស់ត្រូវបានបដិសេធដោយចៅក្រម ដោយសារតែមិនមានភស្ដុតាង៕

    ប្រភព៖ Washington Post

  • ក្រោយពីចាញ់​ឆ្នោត​ តើ ​​​Trump នឹង​ធ្វើ​​កិច្ច​ការ​សំខាន់​អ្វី​ខ្លះ​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន?

    ក្រោយពីចាញ់​ឆ្នោត​ តើ ​​​Trump នឹង​ធ្វើ​​កិច្ច​ការ​សំខាន់​អ្វី​ខ្លះ​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន?

    នៅមុនពេលត្រូវចាកចេញពីសេតវិមាន ប្រធានាធិបតីអាមេរិក Donald Trump អាចនឹងចេញបទបញ្ជាជាច្រើន ក្នុងនោះមានដូចជាការលើកលែងទោសឱ្យបុគ្គលមួយចំនួន ឬដកហូតតំណែងរបស់ក្រុមមនុស្សដែលលោកចាត់ទុកថា បានរារាំងការងាររបស់លោកកន្លងមក។

    អាណត្តិ4ឆ្នាំរបស់ប្រធានាធិបតី Trump នឹងត្រូវបញ្ចប់ក្រោយរយៈពេលប្រហែល2ខែទៀត។ លោក Trump នឹងត្រូវចាកចេញពីសេតវិមាន និងប្រគល់អំណាចជូនប្រធានាធិបតី Joe Biden នៅថ្ងៃទី20មករា2021។ ចាប់ពីពេលនេះរហូតដល់ពេលចាកចេញពីតំណែង លោក Trump នឹងមានការងារច្រើនត្រូវធ្វើ។

    លើកលែងទោស

    លោក Trump អាចនឹងដាក់ចេញនូវបទបញ្ជាជាច្រើនក្នុងការលើកលែងទោសដល់បុគ្គលមួយចំនួននៅក្នុងសប្ដាហ៍ចុងក្រោយនៃអាណត្តិរបស់ខ្លួន។ ជាធម្មតា ប្រធានាធិបតីមុនៗ តែងតែចេញបទបញ្ជាលើកលែងទោសនៅក្នុងបណ្ដាថ្ងៃចុងក្រោយនៃអាណត្តិ ក្នុងនោះក៏ធ្លាប់មានបទបញ្ជាប្រកបដោយចម្រូងចម្រាសផងដែរ។ ជាក់ស្ដែង ប្រធានាធិបតី Bill Clinton ធ្លាប់ត្រូវគេរិះគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីបានលើកលែងទោសដល់បងប្អូនប្រុសឪពុកជាមួយតែម្ដាយទីទៃរបស់ខ្លួន គឺលោក Roger Clinton បន្ទាប់ពីមនុស្សនេះជាប់ពន្ធនាគារបាន1ឆ្នាំ ព្រោះតែចែកចាយគ្រឿងញៀន។ នេះគឺជាករណីមួយក្នុងចំណោមបទបញ្ជាចំនួន140 ដែលលោកបានចុះហត្ថលេខានៅក្នុងថ្ងៃចុងក្រោយនៃអាណត្តិប្រធានាធិបតីរបស់ខ្លួន។

    សំណួរសួរថា តើលោក Trump នឹងលើកលែងទោសឱ្យអ្នកណាខ្លះ? មនុស្សម្នាក់ក្នុងចំណោមមនុស្សដែលអាចនឹងត្រូវបានលើកលែងទោស នោះគឺអតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលបានជាប់ទោសដោយសារជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបទចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ2016 ក៏ដូចជាបញ្ហាទំនាក់ទំនងរវាងទីក្រុង Moscow និងក្រុមឃោសនាបោះឆ្នោតរបស់លោក Trump។ លោក Flynn ត្រូវបានចោទថា បាននិយាយកុហក FBI អំពីការទាក់ទងជាមួយអតីតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក មុនពេលលោក Trump ចូលកាន់កាប់សេតវិមាន។

    លោក Trump ក៏អាចនឹងលើកលែងទោសដល់មនុស្សមួយចំនួនទៀត ដូចជា Paul Manafort អតីតនាយកផ្នែកឃោសនាបោះឆ្នោតរបស់លោក Trump ឬជួយដល់សមាជិកក្នុងគ្រួសារ និងក្រុមហ៊ុន Trump Organization របស់លោក ឱ្យចាកផុតពីសំណាញ់ច្បាប់ ដោយសារតែពួកគេត្រូវបានគេជឿថា កំពុងរងការស៊ើបអង្កេតជាច្រើនករណីពីចៅក្រមនៅ New York។

    ដកហូតតំណែង

    ក្រុមមន្ត្រីរដ្ឋាភិបាលស្ទើរតែទាំងអស់នឹងចាកចេញពីសេតវិមាន ប៉ុន្តែក៏មានមន្ត្រីមួយចំនួននៅតែបន្តធ្វើការនៅក្នុងរដ្ឋាភិបាលថ្មី ក្នុងនោះអាចនឹងមានប្រធានអង្គភាពស៊ើបការសម្ងាត់ FBI លោក Chris Wray ផងដែរ។ លោក Trump បានតែងតាំងលោក Wray ជាប្រធាន FBI ក្នុងអាណត្តិ10ឆ្នាំទៅតាមច្បាប់។ ប៉ុន្តែ លោក Trump ក៏មានសិទ្ធិកាត់បន្ថយរយៈពេលនេះដោយការចេញបទបញ្ជាបដកហូតតំណែងមន្ត្រីរូបនេះ មុនពេលខ្លួនចាកចេញពីសេតវិមាន ព្រោះថា លោក Wray មិនបានឈរខាងលោក Trump នៅក្នុងការព្យាយាមចោទប្រកាន់បក្សប្រជាធិបតេយ្យថា លេងល្បិចក្នុងការបោះឆ្នោត។

    លោក Trump ក៏អាចនឹងដកហូតតំណែងរបស់មន្ត្រីស៊ើបអង្កេតមួយចំនួន ក្នុងនោះមាន នាយក​អង្គ​ភាព​ស៊ើប​អង្កេត​សហគមន៍​ស៊ើបការសម្ងាត់អាមេរិក លោក Michael Atkinson ផងដែរ ដោយសារមន្ត្រីរូបនេះបានរារាំងកិច្ចការសំខាន់របស់លោក Trump។ ក្រៅពីនេះ អគ្គនាយកអង្គភាពស៊ើបការនៃក្រសួងយុត្តិធម៌ លោក Micheal Horowitz ក៏អាចត្រូវលោក Trump ដកពីតំណែង ព្រោះតែជាមនុស្សដែលទទួលបានការតែងតាំងពីអតីតប្រធានាធិបតី Barack Obama។

    ក្រឹត្យ ឬបទបញ្ជាផ្លូវច្បាប់

    លោក Trump អាចនឹងចេញក្រឹត្យ ឬបទបញ្ជាជាច្រើនទៀត ទាក់ទងនឹងការកាត់បន្ថយចំនួនពលរដ្ឋអន្តោប្រវេសន៍ ដែលលោកធ្លាប់បានប្រឹងប្រែងធ្វើកន្លងមក។

    ក្នុងបណ្ដាថ្ងៃចុងក្រោយនៃការកាន់កាប់អំណាច ប្រធានាធិបតីអាមេរិកទី45រូបនេះ អាចនឹងបន្តប្រើប្រាស់ក្រឹត្យនានាដើម្បីលុបបំបាត់ “កេរដំណែល” របស់រដ្ឋាភិបាលមុន ក្នុងនោះមានដូចជា កម្មវិធីការពារកុមារអន្តោប្រវេសន៍ខុសច្បាប់ (DACA) និងច្បាប់ថែទាំសុខភាពដែលមានតម្លៃសមរម្យ (ACA) ឬហៅថា Obamacare។

    យ៉ាងណាក៏ដោយ ម្ចាស់ថ្មីរបស់សេតវិមាន គឺប្រធានាធិបតីដែលទើបជាប់ឆ្នោត លោក Joe Biden អាចនឹងស្វែងរកមធ្យោបាយដើម្បីកែប្រែកិច្ចខិតខំរបស់លោក Trump បន្ទាប់ពីបានចូលកាន់តំណែង។ ក៏ប៉ុន្តែ រដ្ឋាភិបាលថ្មីនឹងអាចជួបការលំបាកនៅក្នុងការកែប្រែនូវគោលនយោបាយរបស់រដ្ឋាភិបាលមុន៕

     

  • Biden ពន្យារពេលការធ្វើសេចក្ដីថ្លែងការណ៍ បន្ទាប់​ពី​ Trump បាន​ព្រមាន

    Biden ពន្យារពេលការធ្វើសេចក្ដីថ្លែងការណ៍ បន្ទាប់​ពី​ Trump បាន​ព្រមាន

    បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden មានគម្រោងធ្វើសេចក្ដីថ្លែងការណ៍ពីទីក្រុង Wilmington ក៏ប៉ុន្តែ បានពន្យារពេលវិញ ដើម្បីរង់ចាំលទ្ធផលរាប់សន្លឹកឆ្នោតពីរដ្ឋ Pennsylvania ជាកន្លែងដែលអាច “កាត់ក្ដី” បានថា លោក Biden បានជាប់ឆ្នោត ឬយ៉ាងណា។

    តាមគម្រោង លោក Biden នឹងត្រូវឡើងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅយប់ថ្ងៃទី6វិច្ឆិកា (7វិច្ឆិកានៅកម្ពុជា) បើទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ រហូតដល់ម៉ោង21និង30នាទីហើយ (ម៉ោង9កន្លះព្រឹកថ្ងៃទី7វិច្ឆិកានៅកម្ពុជា) លោក Biden នៅតែមិនទាន់បង្ហាញវត្តមាន ឬជូនដំណឹងអ្វីមួយនៅឡើយ នៅក្នុងពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុង Pennsylvania មិនទាន់បានបញ្ចប់។ លោក Biden កំពុងនាំមុខលោក Trump ជិត22,000សំឡេងនៅក្នុងរដ្ឋនេះ។

    មុន​នេះ ប្រធានាធិបតី Donald Trump បាន​ព្រមាន​លោក​ Biden ដោយ​ការ​សរសេរនៅលើទំព័រ Twitter កាលពីថ្ងៃ6ទីវិច្ឆិកាថា៖ “Joe Biden មិនគួរប្រកាសប្រកបដោយកំហុសឆ្គងថាជាប់ឆ្នោតប្រធានាធិបតី។ ខ្ញុំក៏អាចប្រកាសបែបនេះបានដែរ។ នីតិវិធីផ្លូវច្បាប់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ”។

    ប្រភពពីក្រុមអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានអះអាងថា លោក Biden នឹងនៅតែធ្វើសេចក្ដីថ្លែងការណ៍ ប៉ុន្តែមិនបានឱ្យដឹងជាក់លាក់អំពីពេលវេលានោះទេ។

    ប្រភព​៖ Bloomberg