Author: សឿន សំណាង

  • វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ​របស់​វៀតណាម​ដែលមាន​ឈ្មោះថា Nanogen បានប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​អំពី​គម្រោង​តម្លៃ​របស់​វ៉ាក់សាំង Covid-19 «made in Vietnam» ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ។

    សារព័ត៌មាន​វៀតណាម បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Nanogen ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ប្រមាណ​ពី 10-20 លាន​ដូ​ស​នៅក្នុង​មួយឆ្នាំ។ ក្នុងដំណាក់កាល​នៃ​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស ក្រុមហ៊ុន​នេះ​នឹង​បង្កើន​បរិមាណ​នៃ​ការផលិត​ឱ្យបាន​ចាប់ពី 50-70 លាន​ដូ​ស​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នេះ នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ដូ​ស នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ ក្រោយមក ស្ថានីយទូរទស្សន៍​ជាតិ​វៀតណាម VTV Go បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Nanogen បានប្រកាស​ជា​ផ្លូវការ​ថា វ៉ាក់សាំង​ប្រឆាំង Covid-19 «made in Vietnam» របស់​ក្រុមហ៊ុន​នេះ នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហែល 120,000 ដុង/ដូ​ស (5.22 ដុល្លារ​អាមេរិក)។

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមានតម្លៃ 120,000ដុងក្នុងមួយដូស

    ដូច្នេះ មនុស្ស​ម្នាក់​នឹងត្រូវ​ចំណាយ​ប្រាក់​សរុប 240,000 ដុង (10.44 ដុល្លារ​អាមេរិក/42,070 ​រៀល) សម្រាប់​ការចាក់​វ៉ាក់សាំង​ចំនួន 2ដូ​ស ដើម្បី​មាន​អង្គ​បដិបក្ខ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំងនឹង Covid-19៕

    ប្រភព៖ VTV Go

  • ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    មនុស្ស​ជិត 1.6 លាន​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​ជាង 70លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​វីរុស Covid-19 នាំឱ្យ​ប្រទេស​អ្នកមាន​ជាច្រើន បាននិងកំពុង​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង​ក្នុង​បរិមាណ​លើសពី​តម្រូវការ​ជាក់ស្ដែង ជាហេតុ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យមាន​ការចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​របស់​ទ្វីប​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 70,711,368នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,588,247នាក់ និង​អ្នក​កំពុង​ព្យាបាល 19,983,563នាក់។ នេះ​បើតាម Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ Covid-19 បាន​លឿង​ជាងគេ​បង្អស់។

    ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង Covid-19 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 10ធ្នូ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​លើសពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពួកគេ ពី 4 ទៅ 5 ដង​ឯណោះ»។ ក៏ប៉ុន្តែ លោក មិនបាន​បង្ហាញ​ឈ្មោះ​នៃ​ប្រទេស​ទាំង​នោះទេ។

    លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិក​ពិតជា​ពិបាក​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​បរិមាណ​វ៉ាក់សាំង​ដែល​ទ្វីប​នេះ​ត្រូវការ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ។ លោក​បន្តថា ភាគច្រើន​នៃ​ប្រទេស​នៅក្នុង​ទ្វីប​នេះ កំពុងតែ​រង់ចាំ​គម្រោង​បែងចែក​វ៉ាក់សាំង​ជា​សកល​ដែលមាន​ឈ្មោះថា COVAX ដែល​ជំរុញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង
    ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong

    COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ដើមខែ​ធ្នូ 2020 នេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន​ជាង 700លាន​ដូ​ស។ តាម​ផែនការ អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅ COVAX ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ក៏ដូចជា​នៅ​ពាសពេញ​ពិភពលោក​អាច​រង់​ចាំបាន នោះ​គឺ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Reuters, Worldometers, Nature

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 1នាក់​ទៀត ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 1នាក់​ទៀត ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    នា​ព្រឹក​ថ្ងៃទី 11ធ្នូ ឆ្នាំ2020 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី 1ករណី​បន្ថែមទៀត នាំឱ្យ​តួលេខ​សុ​រប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា កើន​ដល់ 357នាក់។

    ករណី​ឆ្លង Covid-19 ថ្មី​នេះ បាន​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ទឹម ស្រី​ពេជ្រ អាយុ 26ឆ្នាំ ស្នាក់​នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្រិ​ការណ៍28វិច្ឆិកា ដែលជា​ការចាប់ផ្ដើម​ឆ្លង Covid-19 ក្នុង​សហគមន៍​នៅ​កម្ពុជា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 357នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 50នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕

  • ចិន​ណែនាំ​ឱ្យ​បុគ្គលិក​លើ​យន្តហោះ ស្លៀកខោ​ទឹកនោម ដើម្បី​ទប់ស្កាត់ Covid-19

    ចិន​ណែនាំ​ឱ្យ​បុគ្គលិក​លើ​យន្តហោះ ស្លៀកខោ​ទឹកនោម ដើម្បី​ទប់ស្កាត់ Covid-19

    យោងតាម​ការណែនាំ​រប​ស់​នាយកដ្ឋាន​គ្រប់គ្រង​អាកាសចរណ៍​ចិន ការ​ស្លៀកខោ​ទឹកនោម​នឹង​ជួយ​ឱ្យ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ កាត់បន្ថយ​ការប្រើប្រាស់​បន្ទប់ទឹក នាំឱ្យ​ហានិភ័យ​នៃ​ការឆ្លង Covid-19 តាមរយៈ​ការប៉ះពាល់​ឧបករណ៍​ក្នុង​បន្ទប់ទឹក​ត្រូវ​ថយចុះ។

    សារព័ត៌មាន Bloomberg បានចេញ​ផ្សាយ​ថា នៅក្នុង​សៀវភៅ​ណែនាំ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) បាន​ណែនាំ​ឱ្យ​បុគ្គលិក​បម្រើការ​នៅលើ​យន្តហោះ ស្លៀកខោ​ទឹកនោម សម្រាប់​​ជើង​ហោះ​ហើរ​​ពី​បណ្ដា​ប្រទេស និង​តំបន់​ដែលមាន​អត្រា​ឆ្លង​វីរុស Covid-19 ខ្ពស់ ពោលគឺ​លើសពី 500ករណី/1លាន​នាក់។

    ក្រៅពី​ខោ​ទឹកនោម ក្រុម​បុគ្គលិក​លើ​យន្តហោះ​ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​យកតាម​ខ្លួន​នូវ​សម្ភារ​ការពារ​ខ្លួន ដូចជា​ម៉ាស ស្រោមដៃ​កៅស៊ូ2ជាន់ វ៉ែនតា​ការពារ​មេរោគ សម្លៀកបំពាក់​ការពារ​មេរោគ និង​ស្បោង​ផ្លា​ស្ទិ​ក​សម្រាប់​រុំ​ស្បែកជើង​ផងដែរ។

    ការណែនាំ​ក៏បាន​ស្នើឱ្យ​បែងចែក​យន្តហោះ​ជា​តំបន់​ដាច់ដោយឡែក​ពីគ្នា រួមមាន «តំបន់​ស្អាត តំបន់​អន្តរ​កម្ម តំបន់​ភ្ញៀវ និង​តំបន់​ច​ត្តា​ឡី​ស័ក» ដោយ​ប្រើប្រាស់​វាំងនន​ប្រើ​មួយដង។ ចំណែក​កៅអី3ជួរ​ខាងក្រោយ​បង្អស់ ត្រូវ​ទុកជា​តំបន់​ច​ត្តា​ឡី​ស័ក​បន្ទាន់។

    បច្ចុប្បន្ន វិស័យ​អាកាសចរណ៍​ចិន ពិសេស​គឺ​ទីផ្សារ​ក្នុងស្រុក បាន​ងើប​ឡើងវិញ​ជិត​ស្មើនឹង​ដំណាក់កាល​មុន​វិបត្តិ​សុខភាព ខណៈដែល​តំបន់​ជាច្រើន​ផ្សេងទៀត​ក្នុង​ពិភពលោក ដូចជា អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម នៅតែ​បន្ត​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ Covid-19៕

    ប្រភព៖ Bloomberg

  • CEO ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​តម្លៃ 32ពាន់​លាន​ដុល្លារ៖ អាយុ 9ឆ្នាំ ស៊ីឈ្នួល​លាងចាន កាត់​ស្មៅ សូម្បីតែ​ចូល​ហាង McDonald’s ក៏​ជា​រឿង​កម្រ

    CEO ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​តម្លៃ 32ពាន់​លាន​ដុល្លារ៖ អាយុ 9ឆ្នាំ ស៊ីឈ្នួល​លាងចាន កាត់​ស្មៅ សូម្បីតែ​ចូល​ហាង McDonald’s ក៏​ជា​រឿង​កម្រ

    ជាមួយនឹង​ការកំណត់​តម្លៃ​ជាង 30ពាន់​លាន​ដុល្លារ​អាមេរិក​របស់ DoorDash បន្ទាប់ពី IPO មូល​ប​ត្រ​របស់ CEO Tony Xu មានតម្លៃ​ប្រមាណ 1.6ពាន់​លាន​ដុល្លារ​អាមេរិក។

    ក្រោយពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ (IPO) ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 9ធ្នូ​កន្លងទៅ សេវាកម្ម​ដឹកជញ្ជូន​អាហារ DoorDash កំពុងតែ​ឆ្ពោះទៅកាន់​គោលដៅ​កំណត់​តម្លៃ​ឡើងដល់ 32ពាន់​លាន​ដុល្លារ​អាមេរិក។ សម្រាប់​នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក លោក Tony Xu វិញ នេះ​គឺជា​ឱកាសល្អ​ដែល​ជួយ​ឱ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 36ឆ្នាំ។

    យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន បច្ចុប្បន្ន លោក Xu កាន់កាប់​ភាគហ៊ុន​ចំនួន 5% របស់​ក្រុមហ៊ុន​ដែល​លោក​រួម​នឹង​មិត្តភក្ដិ​មួយចំនួន​នៅ​សាកលវិទ្យាល័យ Stanford ជា​អ្នក​បង្កើតឡើង​កាលពី​ឆ្នាំ 2013។ ជាមួយនឹង​ការកំណត់​តម្លៃ​ជាង 30ពាន់​លាន​ដុល្លារ​អាមេរិក​របស់ DoorDash បន្ទាប់ពី IPO មូល​ប​ត្រ​របស់ Tony Xu នឹងមាន​តម្លៃ​ប្រមាណ 1.6ពាន់​លាន​ដុល្លារ​អាមេរិក។

    ការ​ក្លាយជា​មហាសេដ្ឋី គឺជា​ជំហាន​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការរកស៊ី​របស់​លោក Xu។ ឪពុកម្ដាយ​របស់លោក​គឺជា​ជនជាតិ​ចិន ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងតែ​ពី​ឆ្នាំ 1989 ដែល​ពេលនោះ Xu មាន​អាយុ​ទើបតែ 5ឆ្នាំ។

    គ្រួសារ​របស់ Xu រស់នៅក្នុង​តំបន់ ChamPaign ដែលជា​ទីក្រុង​តូច​មួយ​នៅក្នុង​រដ្ឋ Illinois។ ពេលទៅដល់​ទឹកដី​អាមេរិក ពួកគេ​មាន​ប្រាក់​ក្នុង​ហោប៉ៅ​ត្រឹមតែ​ប៉ុន្មាន​រយ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ពុក​ម្ដាយ​របស់ Xu ធ្វើការ​នៅក្នុង​អាហា​រដ្ឋា​ន​មួយ បើ​ទោះ​កាល​នៅ​ប្រទេស​ចិន ម្ដាយ Xu ជា​វេជ្ជបណ្ឌិត​ក៏ដោយ (អាមេរិក​មិន​ទទួលស្គាល់​សញ្ញាបត្រ​រប​ស់​អ្នកស្រី) ចំណែក​ឪពុក​វិញ ធ្លាប់​បានបញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកទេស​អាកាសចរ​ណ៍ និង​គណិតវិទ្យា​អនុវត្ត​ពី​សាកលវិទ្យាល័យ Illinois។ ដើម្បី​មាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​សិស្ស​ដទៃ​នៅ​សហរដ្ឋអាមេរិក Xu ត្រូវ​ប្ដូរ​ឈ្មោះ​ពី Xu Xun ទៅជា Tony Xu។

    សហស្ថាបនិក​របស់​ DoorDash៖ Tony Xu, Stanley Tang, Evan Moore និង Andy Fang (ពី​ឆ្វេង​ទៅ​ស្ដាំ)

    ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ Xu មានការ​លំបាក​ដល់​ថ្នាក់​ត្រូវ​ទទួល​ជំនួយ​ពី​កម្មវិធី​នានា​របស់​រដ្ឋាភិបាល​អាមេរិក។ ការចូលទៅ​ហូប​អាហារ​នៅក្នុង​ហាង McDonald’s ក៏​ជា​ប្រការ​កម្រ​សម្រាប់​គ្រួសារ​នេះ។ ប៉ុន្តែ ពួកគេ​មិនបាន​ចុះចាញ់​ឡើយ ម្ដាយ​របស់ Xu បានធ្វើការ3កន្លែង​ក្នុង1ថ្ងៃ ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​ផ្នែក​វេជ្ជសាស្ត្រ​របស់​អាមេរិក និង​បើក​បន្ទប់​ពិនិត្យ​សុខភាព។ បន្ទាប់ពី​ការប្រឹងប្រែង​រយៈពេល 12ឆ្នាំ ចុងក្រោយ អ្នកស្រី​ក៏បាន​ទៅដល់​គោលដៅ និង​បាន​ដំណើរការ​បន្ទប់​ពិនិត្យ​សុខភាព​អស់​រយៈពេល 20ឆ្នាំ។

    ដើម្បី​ជួយ​ដល់​គ្រួសារ Xu បាន​ចូលធ្វើការ​ជា​អ្នក​លាងចាន​នៅក្នុង​ហាង​ដែល​ម្ដាយ​របស់ Xu កំពុងធ្វើការ។ អាយុ 9ឆ្នាំ Xu បាន​បង្កើត​សេវាកម្ម​កាត់​ស្មៅ​ទៅតាម​ការណែនាំ​របស់​មិត្តភក្ដិ​ម្នាក់។

    «យើង​កាត់​ស្មៅ និង​គិត​ប្រាក់​បន្ថែម សម្រាប់​គ្រួសារ​ណា​ដែល​ចង់​កាត់​ទៅតាម​ម៉ូ​ដែល ឧទាហរណ៍​ដូចជា ស្មៅ​មាន​រាង​ជា​ផ្ទៃក្រឡា​ជាដើម។ ខ្ញុំ​យល់ឃើញថា អ្នកណា​ក៏​អាច​ធ្វើបាន​ច្រើនជាង​អ្វីដែល​ពួកគេ​គិតថា​ខ្លួន​អាចធ្វើ​បាន។ ពេលនោះ ដៃ​របស់ខ្ញុំ​លូក​ស្ទើរ​មិន​ដល់ដៃ​ម៉ាស៊ីន​កាត់​ស្មៅ​ទៀតផង» លោក Xu រៀបរាប់​ដូច្នេះ។

    នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ CNBC លោក Xu និយាយថា៖ «DoorDash ប្រៀបដូចជា​ការលើកទឹកចិត្ត​សម្រាប់​មនុស្ស​ដែល​ប្រឹងប្រែង​ប្រែក្លាយ​សុបិន​ឱ្យទៅជា​ការពិត​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដូច​ម្ដាយ​របស់ខ្ញុំ។ ការធ្វើ IPO កន្លងទៅ ពិតជា​ថ្ងៃ​ដ៏​អស្ចារ្យ​ចំពោះ​ពួកយើង និង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ពួកយើង​សហការ»។

    កន្លងមក ថ្វីបើ​មានការ​លំបាក​ខ្លាំង ប៉ុន្តែ ម្ដាយ​របស់ Xu តែង​ផ្ដល់​អាទិភាព​ដល់​ការសិក្សា​របស់ Xu។ គ្រួសារ​ពួកគេ​សន្សំ​ប្រាក់​ដើម្បី​ទុកឱ្យ Xu បាន​សិក្សា និង​ទទួលបាន​សញ្ញាបត្រ​វិស្វករ​ឧស្សាហកម្ម​របស់​សាកលវិទ្យាល័យ California, Berkeley, និង MBA របស់ Stanford។

    ក្នុងពេល​កំពុង​រៀន​នៅឯ​សាកលវិទ្យាល័យ Stanford យុវ​សិស្ស Xu និង​មិត្តភក្ដិ 3នាក់​ទៀត គឺ Stanley Tang, Andy Fang និង Evan Moore បាន​រួមដៃគ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ។ ពួកគេ​សុទ្ធតែ​ធ្លាប់បាន​ធ្វើការ​នៅ​ជ្រលង Silicon (Silicon Valley) នៃ​រដ្ឋ California ក្នុងនោះ Xu ធ្លាប់​ហាត់​ការ​នៅក្នុង​ក្រុមហ៊ុន Square និង​ធ្វើការ​ក្នុង​វិស័យ​អភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ក្រុមហ៊ុន RedLaser ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ eBay។

    កាលពី​ឆ្នាំ 2012 អ្នក​ទាំង4ខាងលើ​បាន​ជួបគ្នា​តាមរយៈ​គម្រោង​មួយ​របស់​ថ្នាក់រៀន។ បន្ទាប់មក ពួកគេ​ក៏បាន​សម្រេចចិត្ត​សហការគ្នា​ដើម្បី​បង្កើត​កម្មវិធី (App) មួយ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ខ្នាតតូច។ ឆ្នាំ​ដដែល​នោះ ពួកគេ​បាន​ដំណើរការ​កម្មវិធី​អន​ឡាញ​មួយ​ដែលមាន​ឈ្មោះថា PaloAltoDelivery.com។ ដំណើរ​ដើមទង​បានចាប់ផ្ដើម​នៅពេល​ម្ចាស់​ហាង​ជាច្រើន​នៅក្បែរ Stanford រអ៊ូ​ប្រាប់​ពួកគេ​អំពី​លទ្ធភាព​នៃ​ការឆ្លើយតប​នឹង​ការបញ្ជាទិញ​ពី​អតិថិជន។

    ឆ្នាំ 2013 ក្រុមហ៊ុន​របស់​ពួកគេ​បាន​ចូលរួម​កម្មវិធី​បង្កើន​ល្បឿន​ចាប់ផ្ដើម​អាជីវកម្ម​របស់ Y Combinator ហើយក៏​ទទួលបាន​ប្រាក់​វិនិយោគ​ចំនួន 120,000ដុល្លារ​អាមេរិក។ ឆ្នាំ​នោះ Xu និង​សហ​ស្ថាបនិក បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅជា DoorDash និង​ចាប់ផ្ដើម​ជ្រើសរើស​បុគ្គលិក​បន្ថែម ក៏ដូចជា​អ្នក​ប្រគល់​ទំនិញ។

    ឆ្នាំ 2014 DoorDash ទទួលបាន​ទុនវិនិយោគ​ចំនួន​ជិត 20លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត។ ក្រុមហ៊ុន​នេះ​គឺជា​អ្នក​ប្រគល់​ទំនិញ​ជា​អាហារ​របស់​ភោជនីយដ្ឋាន​ជាង 1,000កន្លែង​នៅ​តំបន់ Bay Area និង Los Angeles មុនពេល​ពង្រីក​ខ្លួន​ពេញ​ទឹកដី​អាមេរិក។ គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ប្រមូល​ទុន​បាន​ជាង 2.5ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នកវិនិយោគធំៗ ដូចជា SoftBank, Sequoia Capital និង​មូលនិធិ​វិនិយោគ​របស់​សិង្ហ​បុរី​ជាដើម។

    ក្នុងនាម​ជានា​យក​ប្រតិបត្តិ លោក Xu គឺជា​អ្នកគ្រប់គ្រង​កម្មវិធី (App) ប្រគល់​ទំនិញ​ជា​អាហារ​ដែលមាន​គេ​ស្គាល់​ច្រើន​បំផុត​នៅ​សហរដ្ឋអាមេរិក។ DoorDash បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រគល់​ទំនិញ​ជាង 1លាន​នាក់ និង​មាន​អតិថិជន​ចំនួន 18លាន​ស្ថាប័ន។ គិត​មកដល់​ចុងខែ​កញ្ញា ឆ្នាំ 2020 របាយការណ៍​របស់​ក្រុមហ៊ុន​នេះ បង្ហាញថា ក្រុមហ៊ុន​រកចំណូលបាន 1.9ពាន់​លាន​ដុល្លារ​អាមេរិក រួម​នឹង​ខ្ទង់​ខាតបង់​ចំនួន 149លាន​ដុល្លារ ដោយសារ​មិនទាន់មាន​ចំណេញ។ យោងតាម​ឯកសារ ប្រាក់បៀវត្ស​គោល​របស់ Xu នៅក្នុង​ឆ្នាំ 2019 គឺ 300.000ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg

  • ក្រសួង​អប់រំ​ណែនាំ​ប្រព័ន្ធ​វាស់​ស្ទង់​សមត្ថភាព​សិស្ស ដោយ​ប្រើ​កម្មវិធី​កុំព្យូទ័រ​អន​ឡាញ​របស់​ក្រសួង

    ក្រសួង​អប់រំ​ណែនាំ​ប្រព័ន្ធ​វាស់​ស្ទង់​សមត្ថភាព​សិស្ស ដោយ​ប្រើ​កម្មវិធី​កុំព្យូទ័រ​អន​ឡាញ​របស់​ក្រសួង

    សម្រាប់​សិស្សានុសិស្ស​ដែលមាន​បំណង​ចង់ដឹង​អំពី​សមត្ថភាព ឬ​ចំណេះដឹង​របស់ខ្លួន​ដែល​បាន​សិក្សា​នាពេល​កន្លង ឬមួយ​ចង់​សាកល្បង «ប្រលង​ក្រៅផ្លូវការ» ជាមុន អាច​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​ចុះឈ្មោះ និង​ធ្វើតេស្ត​ដោយ​ខ្លួនឯង។

    នៅលើ​បណ្ដាញ​សង្គម នា​រសៀល​ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឧទ្ទេសនាម​កម្មវិធី​វាស់​ស្ទង់​សមត្ថភាព​របស់​សិក្សា​នុ​សិស្ស បែប​ថ្មី​មួយ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ធ្វើតេស្ត​លើ​ចំណេះដឹង​ផ្ទាល់ខ្លួន ដោយ​គ្រាន់តែ​ចុះឈ្មោះ និង​ធ្វើតេស្ត​នៅលើ​គេហទំព័រ​របស់​ក្រសួង​នេះ។

    ក្រសួង​អប់រំ​បាន​បញ្ចា​ក់ថា រាល់​លំ​ហាត់ និង​សំណួរ​ទាំងនេះ​គឺ សម្រាប់​ឱ្យ​សិស្សានុសិស្ស​អនុវត្ត ការវាស់ស្ទង់​និង​ការពង្រឹង​សមត្ថភាព​ខ្លួនឯង។ លំ​ហាត់ និង​សំណួរ​ដែលមាន​ក្នុង​ប្រព័ន្ធ​នេះ មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​ឡើយ។

    ដើម្បី​​ស្វែង​យល់​​លម្អិត​ទាក់​ទង​ទៅ​នឹង​​ការ​ណែនាំ​ផ្សេង​ៗ​របស់​ក្រសួង​ និង​ដើម្បី​ប្រើប្រាស់​កម្មវិធី​ថ្មី​​នេះ សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ https://exam.moeys.gov.kh/

    https://www.youtube.com/watch?v=lqYK8AzEUsY&feature=emb_logo

     

  • កម្ពុជា​បន្ត​ការផ្អាក​សកម្មភាព​អប់រំ និង​កីឡា រហូតដល់​ចប់​ព្រឹត្តិការណ៍ 28 វិច្ឆិកា

    កម្ពុជា​បន្ត​ការផ្អាក​សកម្មភាព​អប់រំ និង​កីឡា រហូតដល់​ចប់​ព្រឹត្តិការណ៍ 28 វិច្ឆិកា

    ក្រសួង​អប់រំ​យុវជន និង​កីឡា តាមរយៈ​ទំព័រ Facebook បានប្រកាស​ឱ្យដឹងថា សកម្មភាព​អប់រំ និង​កីឡា ត្រូវបាន​ដាក់ឱ្យ​ផ្អាក​ដំណើរការ​មួយរយៈ​ពេល​ទៀត​ក្រោយពី​មាន​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលជា​ការចាប់ផ្ដើម​ឆ្លង​វីរុស Covid-19 នៅក្នុង​សហគមន៍។

    នៅក្នុង​លិខិត​ជូនដំណឹង​នេះ ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។ វិធានការ​មាន​ដូចខាងក្រោម៖

    ទី1-ផ្អាក​រាល់​សកម្មភាព​ជួបជុំ សិក្ខាសាលា និង​កិច្ចប្រជុំ​ដែលមាន​មនុស្ស​ចូលរួម​លើសពី 20នាក់

    ទី2-ផ្អាក​ដំណើរការ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន ជា​បណ្ដោះអាសន្ន ដោយ​បន្ត​ការបង្រៀន និង​រៀន​តាម​អន​ឡាញ

    ទី3-ផ្អាក​រាល់​ការហាត់​ប្រាណ និង​លេង​កីឡា​ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ។

    ក្រសួង​អប់រំ​បាន​បញ្ជាក់ថា រាល់​ការផ្អាក​ខាងលើនេះ​នឹងត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ជូនដំណឹង (10ធ្នូ 2020) នេះ រហូតដល់​ព្រឹត្តិការណ៍​សហគមន៍ 28វិច្ឆិកា ត្រូវបាន​បញ្ចប់៕

  • ទីតាំង​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់​ធំជាងគេ​ក្នុង​លោក​នៅលើ​លម្ហ​សមុទ្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2021

    ទីតាំង​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់​ធំជាងគេ​ក្នុង​លោក​នៅលើ​លម្ហ​សមុទ្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2021

    ក្រុមហ៊ុន Vineyard Wind បានប្រកាស​អំពី​គម្រោង​សាងសង់​ទីតាំង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​នៅក្នុង​លម្ហ​សមុទ្រ ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​បង្អស់​នៅ​សហរដ្ឋអាមេរិក និង​នៅក្នុង​ពិភពលោក ជាមួយនឹង​ទួ​រ​ប៊ី​ន​កង្ហារ​ដែលមាន​កម្ពស់​ដល់​ទៅ 260ម៉ែត្រ។

    ទីតាំង​ផលិត​អគ្គិសនី​ដែលមាន​ទួ​រ​ប៊ី​ន​កង្ហារ​យក្ស​ចំនួន​ជាង 60 នឹងត្រូវ​បាន​ដំឡើង​នៅក្នុង​លម្ហ​សមុទ្រ​ដែលមាន​ចម្ងាយ​ប្រហែល 24គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ Martha’s Vineyard នៃ​រដ្ឋ Massachusetts។ នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ 2023 មូលដ្ឋាន​នេះ​នឹង​ផលិត​បាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ​ចំនួន 400,000គ្រួ នៅ​តំបន់ New England។

    ដោយមាន​កម្ពស់​ដល់​ទៅ 260ម ទួ​រ​ប៊ី​ន Haliade-X នីមួយៗ មាន​កម្លាំង 13MW ដែល​ខ្លាំង​ដល់​ថ្នាក់ ការវិល​មួយ​ជុំ​របស់​កង្ហារ អាច​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​មួយ​គ្រួសារ​ប្រើប្រាស់​ក្នុង​រយៈពេល 2ថ្ងៃ នេះ​បើតាម ​ក្រុម​ហ៊ុន​ GE Renewable Energy។ ទាំងនេះ​គឺជា​ម៉ូ​ដែល​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    ទីតាំងផលិតអគ្គិសនីប្រើកម្លាំងខ្យល់ធំជាងគេក្នុងលោកនៅលើលម្ហសមុទ្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ2021
    លោក Lars T. Pedersen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Vineyard Wind

    ជាមួយនឹង​ទួ​រ​ប៊ី​ន​សរុប​ចំនួន 62 នៅពេល​ដំណើរការ​អស់ពី​សមត្ថភាព ទីតាំង​ផលិត​អគ្គិសនី Vineyard Wind នេះ នឹង​អាច​ផលិត​បាន​អគ្គិសនី​ចំនួន 312 MWh/ថ្ងៃ ច្រើនជាង 10% បើ​ធៀប​នឹង​ឯតទគ្គ​កម្ម 262 MWh ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ទីតាំង​ទួ​រ​ប៊ី​ន​ខ្យល់​នៅ​ប្រទេស​ហូ​ឡង់។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vineyard Wind លោក Lars T. Pedersen បញ្ជាក់ថា៖ «នេះ​គឺជា​គម្រោង​ដ៏​សំខាន់​សម្រាប់​យើងខ្ញុំ និង​សម្រាប់​អនាគត​នៃ​វិស័យ​ថាមពល​ស្អាត ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នាពេលខាងមុខ»។

    ការ​ប្រៀប​ធៀប​រវាង​បង្គោល​កង្ហារ Haliade-X របស់​ក្រុមហ៊ុន​ Vineyard Wind ជាមួយ​នឹង​សំណង់​ខ្ពស់​ៗ​ក្នុង​ពិភពលោក

    គម្រោង​ខាងលើនេះ ក៏ត្រូវ​បាន​គេ​សង្ឃឹមថា នឹង​ជួយ​កាត់បន្ថយ​ឧស្ម័ន​កា​បោ​ន​ចំនួន​ជាង 1.6លាន​តោន​ក្នុងមួយឆ្នាំៗ ដែល​នេះ​នឹង​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក​ផងដែរ។

    ក្រុមហ៊ុន Vineyard Wind ឱ្យដឹងថា ការសាងសង់​ទីតាំង​ផលិត​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​​ចុងឆ្នាំ 2021 ជាមួយនឹង​ទុនវិនិយោគ​ឡើងដល់ 3ពាន់​លាន​ដុល្លារ​អាមេរិក។ បង្គោល​កង្ហារ​យក្សនីមួយៗ នឹងត្រូវ​បានដាក់​ឃ្លាត​ពីគ្នា 0.8 ម៉ា​យល៍ (ប្រហែល 1.3គីឡូម៉ែត្រ)៕

    ប្រភព៖ Amed Post

  • រដ្ឋ​ទាំង 50 របស់​អាមេរិក បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

    រដ្ឋ​ទាំង 50 របស់​អាមេរិក បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

    រដ្ឋ​ទាំង 50 និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន នៃ​សហរដ្ឋអាមេរិក បានទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ខណៈដែល​ក្រុម​តំណាង​ម្ចាស់ឆ្នោត​នឹងធ្វើ​ការជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ដើម​សប្ដាហ៍​ក្រោយ។

    West Virginia កាលពី​ថ្ងៃទី 9ធ្នូ បាន​ក្លាយជា​រដ្ឋ​ចុងក្រោយ​គេ​ដែល​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយបាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រធានាធិបតី Donald Trump ទទួលបាន 5សំឡេង​នៃ​តំណាង​ម្ចាស់ឆ្នោត​របស់​រដ្ឋ​នេះ។

    ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ត្រូវបាន​គេ​ព្យាករ​ថា ទទួលបាន 306សំឡេងឆ្នោត​នៃ​ក្រុម​តំណាង​ម្ចាស់ឆ្នោត ខណៈដែល​លោក Trump ត្រូវបាន​ព្យាករ​ថា ទទួលបាន 232សំឡេង។ បេក្ខភាព​ប្រធានាធិបតី ត្រូវការ​សំឡេងឆ្នោត​នៃ​ក្រុម​តំណាង​ម្ចាស់ឆ្នោត​យ៉ាងតិច 270សំឡេង​នៅក្នុង​ចំណោម 538សំឡេង ទើប​ក្លាយជា​ប្រធានាធិបតី។

    ការទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ ត្រូវបានធ្វើ​ចប់សព្វគ្រប់ ខណៈដែល​លោក Trump ធ្វើការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​មិនបាន​បង្ហាញ​ភ័ស្តុតាង​ជាក់លាក់។ ក្រុម​របស់លោក Trump បានដាក់​ពាក្យបណ្ដឹង​រាប់សិប​លើក ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត ក៏ប៉ុន្តែ ពាក្យបណ្ដឹង​ជាច្រើន​ត្រូវបាន​ច្រានចោល​នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់ជាតិ។

    កាលពី​ថ្ងៃទី 4ធ្នូ រដ្ឋ Texas បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ​កំពូល ដោយ​ពន្យល់ថា តំណាង​ម្ចាស់ឆ្នោត​នៃ​បណ្ដា​រដ្ឋ Georgia, Michigan, Pennsylvania និង Wisconsin មិនគួរ​ត្រូវបាន​អនុញ្ញាតឱ្យ​បោះឆ្នោត ព្រោះថា​រដ្ឋ​ទាំងនេះ​បាន​ផ្លាស់ប្ដូរ​នីតិវិធី​បោះឆ្នោត​ដោយ​អធម្មនុញ្ញភាព​នៅក្នុង​វិបត្តិ​សុខភាព​ដើម្បី​អនុញ្ញាតឱ្យ​មានការ​កើនឡើង​នៃ​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍។ រដ្ឋ Texas ក៏បាន​ស្នើឱ្យ​តុលាការ​កំពូល​ពន្យារពេល​ក្នុងការ​ទទួលស្គាល់​ជ័យជំនះ​របស់លោក Biden ពី​សំណាក់​តំណាង​ម្ចាស់ឆ្នោត​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 14ធ្នូ​ខាងមុខ​ផងដែរ។

    បច្ចុប្បន្ន មាន​រដ្ឋ​ចំនួន 17 ដែល​ភាគច្រើន​ដឹកនាំ​ដោយ​បក្ស​សាធារណរដ្ឋ បានដាក់​ពាក្យបណ្ដឹង​គាំទ្រ​ដល់​ពាក្យបណ្ដឹង​របស់​រដ្ឋ Texas។ លោក Trump ក៏បាន​បញ្ជូន​ពាក្យបណ្ដឹង​របស់ខ្លួន​ឡើងទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​ចូលរួម​ក្នុង​រឿងក្ដី​ខាងលើ​នេះដែរ។

    រដ្ឋនីមួយៗនៅ​សហរដ្ឋអាមេរិក មាន​នីតិវិធីផ្សេងៗគ្នា​ក្នុងការ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​រដ្ឋ​មួយចំនួន​ទទួលស្គាល់​សំឡេងឆ្នោត​នៃ​តំណាង​ម្ចាស់ឆ្នោត​ដាច់ដោយឡែក​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​រដ្ឋ និង​មូលដ្ឋាន។ ប៉ុន្តែ រដ្ឋ​មួយចំនួន ក៏មាន​ច្បាប់​ដែល​តម្រូវឱ្យ​ក្រុម​តំណាង​ម្ចាស់ឆ្នោត បោះឆ្នោតឱ្យ​បេក្ខភាព​ដែល​បានទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​សកល​នៅ​ថ្នាក់​រដ្ឋ ក្នុងនោះ​ក៏មាន​ការកំណត់​ខ្លះ​ដែល​តម្រូវឱ្យ​ពិន័យ ឬ​ដកហូត​តួនាទី​ចំពោះ​តំណាង​ម្ចាស់ឆ្នោត​រូប​ណា​រូប​ណា​ដែល​មិន​គោរព​តាម​ការកំណត់៕

    ប្រភព៖ CNN

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2ករណី​បន្ថែមទៀត ជា​ករណី​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2ករណី​បន្ថែមទៀត ជា​ករណី​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 2ករណី​ទៀត ដែលនាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា ឡើងដល់ 356នាក់។

    ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ខាងលើនេះ រួមមាន៖

    ទីមួយ៖ បុរស​ជ​ជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ 29ឆ្នាំ នៅ​ខេត្តកណ្ដាល ជា​ករណី​នាំចូល ដោយបាន​ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​តាម​កូរ៉េខាងត្បូង។

    ទី​ពីរ៖ បុរស​ជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ 37ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់2 ខណ្ឌទួលគោក ក្រុងភ្នំពេញ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ 28វិច្ឆិកា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប 356នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 49នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕