Author: សឿន សំណាង

  • ជនសង្ស័យ​ក្នុង​ករណី​​​បំផ្ទុះ​គ្រាប់បែក​នៅ Nashville «ចង់ឱ្យ​ពិភពលោក​ចងចាំ​ខ្លួន»

    ជនសង្ស័យ​ក្នុង​ករណី​​​បំផ្ទុះ​គ្រាប់បែក​នៅ Nashville «ចង់ឱ្យ​ពិភពលោក​ចងចាំ​ខ្លួន»

    រហូតដល់​គ្រាប់បែក​បាន​ផ្ទុះឡើង​នៅ​កណ្ដាល​ទីក្រុង Nashville កាលពី​ព្រឹក​នៃ​ទិវា​បុណ្យ​ណូអែល ទើប Laude យល់​អំពី​គំនិត​ដែល​បង្កប់​ដោយ​អាថ៌កំបាំង​នៅ​ពីក្រោយ​សម្ដី​របស់​អ្នកជិតខាង​ដែលមាន​ឈ្មោះថា Warner។

    Rick Laude កាលពី​ថ្ងៃទី 28 ខែធ្នូ បាន​និយាយថា ខ្លួន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​បានដឹងថា អ្នកជិតខាង​របស់ខ្លួន​ដែលមាន​ឈ្មោះថា Anthony Quinn Warner គឺជា​ជនសង្ស័យ​នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពី​ចុង​សប្ដាហ៍​មុន ដែល​បណ្ដាលឱ្យ​មនុស្ស 3 នាក់​រងរបួស និង​អគារ​រាប់សិប​ត្រូវ​រង​ការខូចខាត។

    Laude បានឱ្យដឹងថា កាលពី​ជិត​មួយ​សប្ដាហ៍​មុន​ថ្ងៃបុណ្យ​ណូអែល លោក​បានឃើញ Warner ឈរ​ខាងមុខ​ប្រអប​សំបុត្រ ហើយ Laude ក៏បាន​ឈប់​រថយន្ត ដើម្បី​និយាយ​គ្នា​លេង។ ក្រោយពី​សួរសុខទុក្ខ​ម្ដាយ​របស់ Warner លោក Laude ក៏បាន​សួរថា៖ «តើ​តា​ណូអែល​បាន​នាំយក​ពរល្អៗជូន​លោក​នៅក្នុង​ឱកាស​បុណ្យ​គ្រិស្ត​ម៉ាស​នេះដែរ​ទេ?»។

    លោក Warner សើច រួច​និយាយថា៖ «អូ! ពិតណាស់ Nashville និង​ពិភពលោក​ទាំងមូល​នឹងមិន​ភ្លេច​ខ្ញុំ​ទេ។ ហើយក៏​មិនមាន​សញ្ញា​ណាមួយ​បង្ហាញថា Warner កំពុង​គំរាមកំហែង​នោះដែរ» Laude រៀបរាប់។

    ទិដ្ឋ​ភាព​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​

    យោងតាម Laude លោក Warner ពេលខ្លះ​មិនបាន​ឆ្លើយតប​នៅពេល​លោក និង​អ្នកជិតខាង​លើកដៃ​ស្វាគ​មន៍​នោះដែរ ប៉ុន្តែ Laude មិនបាន​វាយតម្លៃ​ចំពោះ​ប្រការនេះ​ទេ។ «ខ្ញុំ​ដឹងថា គាត់​គឺជា​មនុស្ស​ដែល​រស់នៅ​ដោយ​ការ​លាក់បាំង»។

    ករណី​ផ្ទុះ​កាលពី​ថ្ងៃទី 25 ខែធ្នូ បានធ្វើឱ្យ​កក្រើក​ទីក្រុង Nashville ដែលជា «មជ្ឈមណ្ឌល» នៃ​វិស័យ​សិល្ប​ចម្រៀង​ស្រុកស្រែ​របស់​សហរដ្ឋអាមេរិក ក្រោយពី​រថយន្ត​បែប picnic មួយគ្រឿង​ដែល​កំពុង​ចត​នៅក្បែរ​ផ្លូវ បន្លឺសំឡេង​ប្រកាសអាសន្ន​ឱ្យ​គ្រប់គ្នា​ជម្លៀស​ខ្លួន ដោយ​ព្រមាន​ថា រថយន្ត​នឹង​ផ្ទុះ​នៅ​បន្តិចទៀតនេះ។

    សមត្ថកិច្ច​បាន​រកឃើញ DNA នៃ​បំណែក​សាកសព​នៅក្នុង​ក​ន្លែ​ង​កើតហេតុ និង​ពិនិត្យឃើញថា វា​ដូច​ទៅនឹង DNA របស់ Anthony Quinn Warner។ ប្រការនេះ​បាន​ជួយ​បញ្ជាក់បន្ថែម​ទៅលើ​ការសង្ស័យ​មុននេះ​ថា Warner អាចជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។ ក៏ប៉ុន្តែ សមត្ថកិច្ច​នៅតែ​មិនទាន់​ដឹង​អំពី​គោលបំណង​ពិតប្រាកដរ​បស់ជនស​ង្ស័​យ Warner នៅឡើយ។ សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត។

    កាលពីពេល​កន្លងទៅថ្មីៗនេះ Warner បាន​ជូនអំណោយ​ជា​រថយន្ត និង​និយាយប្រាប់​អ្នកទទួល​ថា គាត់​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា មាន​រោគ​មហារីក។ Warner ក៏បាន​ជូនអំណោយ​ជា​ផ្ទុះ​មួយ​ខ្នង​នៅ​ជាយក្រុង​ដល់​ស្ត្រី​ម្នា​ក់នៅ Los Angeles កាលពី​មួយខែ​មុន​ការ​បំផ្ទុះ​គ្រាប់បែក។ គាត់​បានរស់នៅ​ក្នុងផ្ទះ​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។

    Warner ធ្លាប់ជា​អ្នកឯកទេស​ខាង​កុំព្យូទ័រ ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ ប៉ុន្តែ បាន​សុំ​ឈប់​កាលពី​ដើមខែ​នេះ។ បុរស​នេះ​ក៏​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ 1978 ទាក់ទិន​នឹង​រឿង​កញ្ឆា។

    ប្រធានាធិបតី​ជាប់ឆ្នោត លោក Joe Biden បាន​ហៅ​ការ​ណី​បំផ្ទុះ​គ្រាប់បែក​នេះ​ថា ជា «ការ​រំលឹក​អំពី​កម្លាំង​បំផ្លាញ​ដែល​បុគ្គល​មួយរូប ឬ​ក្រុម​តូច​មួយ​អាច​ធ្វើបាន ខណៈដែល​លោក Trump មិនបាន​បញ្ចេញមតិ​ជា​សាធារណៈ ប៉ុន្តែ​បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ Tennessee លោក Bill Lee និង​ស្នើ​ឱ្យមាន​ជំនួយ​ជាបន្ទាន់៕

    ប្រភព៖ AP

  • ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    តេ​ឡេ​ស្កុប​រលក​វិទ្យុ FAST ចូលមក​ជំនួស​ស្ថានីយ​សង្កេត​តារា Arecibo ដើម្បី​ជួយ​ដល់​សហគមន៍​អ្នកស្រាវជ្រាវ បន្ត​ស្វែងរក​ដាន​នៃ​ជីវិត​នៅក្នុង​ចក្រវាល។

    តេ​ឡេ​ស្កុប​ដែលមាន​រូបរាង​ពាក់កណ្ដាល​រង្វង់​មូល និង​មាន​ជម្រៅ 500ម ស្ថិតនៅ​ក្នុងស្រុក Pingtang ខេត្ត Quizhou ប្រទេស​ចិន និង​មាន​ឈ្មោះថា FAST បាន​យកឈ្នះ​លើ​ស្ថានីយ​សង្កេត​អវកាស Arecibo នៅ​តំបន់ Puerto Rico ហើយ​ក្លាយជា​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ 2016។ មុននេះ ស្ថានីយ Arecibo កាន់កាប់​ឯតទគ្គ​កម្មនេះ​ក្នុង​រយៈពេល 53 ឆ្នាំ។ ក្រោយ​ការ​ដាច់​ខ្សែកាប​ពីរលើក​កាលពីដើមឆ្នាំ 2020 ស្ថានីយ Arecibo ក៏បាន​ដួលរលំ​កាលពី​ខែវិច្ឆិកា 2020 បណ្ដាលឱ្យ​វា​ត្រូវ​បញ្ចប់​សកម្មភាព​ទាំងស្រុង។ ជំនួស​ឱ្យ Arecibo ស្ថានីយ​តេ​ឡេ​ស្កុប FAST របស់​ចិន កំពុងបើក​ទ្វារ​ទទួល​ក្រុម​តារាវិទូ​មកពី​ជុំវិញ​ពិភពលោក។

    «ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​យើង មាន​ទិសដៅ​បើកទ្វារ​ទទួល​សហគម​ន៍​អន្តរជាតិ» Wang Qiming អ្នកគ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ដំណើរការ និង​អភិវឌ្ឍ FAST បានឱ្យដឹង​ដូច្នេះ។

    ប្រទេស​ចិន​នឹង​ទទួលយក​សំណើ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ចាប់ពី​ឆ្នាំ 2021 តទៅ។ ជា​មួយ​នឹង​​ថាស​​ស្រូប​រលក​វិទ្យុ​ដែលមាន​អង្កត់ផ្ចិត 500 ម៉ែត្រ តេ​ឡេ​ស្កុប FAST មិន​ត្រឹមតែ​ធំ​ជាង​តេ​ឡេ​ស្កុប Arecibo ដែល​បាន​ខូច​ទាំងស្រុង​ហើយ​នោះទេ តែ​វា​ក៏មាន​ថាមពល​ខ្លាំង​ជាង​ដល់​ទៅ 3 ដង​ឯណោះ។ ត្រូវបាន​ចាប់ពី​ដំណើរការ​តាំងតែ​ពី​ខែមករា ឆ្នាំ 2020 តេ​ឡេ​ស្កុប FAST ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​តំបន់​ដែល​ត្រូវ​កាត់បន្ថយ​រលកសញ្ញា​រំខាន​ដែលមាន​អង្កត់ផ្ចិត 5 គម ដែល​ក្នុង​តំបន់​នេះ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​កុំព្យូទ័រ​នោះទេ។

    តេ​ឡេ​ស្កុប​រលក​វិទ្យុ​ដូចជា FAST នេះ ប្រើប្រាស់​អង់​តែ​ន និង​បង្គោល​ស្រូប​រលកសញ្ញា​ដើម្បី​រុករក​រលក​វិទ្យុ​ដែល​ផ្សាយ​ចេញពី​ទី​អវកាស ដូចជា​ផ្កាយ កាឡាក់ស៊ី និង​ប្រហោង​ខ្មៅ​ជាដើម។ ឧបករណ៍​បែបនេះ​អាច​ប្រើ​ដើម្បី​បញ្ចេញ​រលក​វិទ្យុ ឬ​ចំណាំងផ្លាត​ពន្លឺ​ពី​វត្ថុ​អវកាស​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទៀតផង។ អ្នកវិទ្យាសាស្ត្រ​អាច​ប្រើប្រាស់ FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បី​ស្វែងយល់​អំពី​អវកាស ក៏ដូចជា​ភព​ដែល​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាច​កំណត់​បាន​ថា ពួកវា​កំពុងស្ថិត​នៅក្នុង​តំបន់​អំណោយផល​សម្រាប់​កកើត​ជីវិត​បានដែរ ឬ​យ៉ាងណា​ផងដែរ៕

    ប្រភព៖ Live Science

  • លិច​កប៉ាល់​ដឹក​មនុស្ស 19នាក់​នៅ​កណ្ដាល​សមុទ្រ សង្ស័យ​ថា​​ មក​ពី​ទឹក​កក

    លិច​កប៉ាល់​ដឹក​មនុស្ស 19នាក់​នៅ​កណ្ដាល​សមុទ្រ សង្ស័យ​ថា​​ មក​ពី​ទឹក​កក

    កប៉ាល់​នេសាទ​ត្រី Onega បាន​លិច​នៅក្នុង​សមុទ្រ Barents បណ្ដាលឱ្យ​មនុស្ស 19 នាក់​បាត់​ខ្លួន និង 2 នាក់​ទៀត​ត្រូវបាន​សង្គ្រោះ​ដោយ​កប៉ាល់​មួយ​នៅក្បែរនោះ។

    ក្រសួង​កិច្ចការ​បន្ទាន់​របស់​រុស្ស៊ី (Ministry of Emergency Situations of the Russian Federation) ថ្ងៃនេះ (28 ធ្នូ) បានឱ្យដឹងថា កប៉ាល់​នេសាទ​ត្រី​ឯកជន​ដែលមាន​ឈ្មោះថា Onega បាន​លិច​នៅវេលា​ម៉ោង 7កន្លះ (ម៉ោង 11កន្លះ​នៅ​ភ្នំពេញ) នៅក្បែរ​ប្រជុំ​កោះ Novaya Zemlya។

    «នាវិក​របស់​កប៉ាល់​នេះ មាន​ចំនួន 19 នាក់។ 2 នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល» ខណៈដែល 17 នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន នេះ​បើតាម​ក្រសួង​ខាងលើ។ ក្នុងចំណោម​នាវិក 2 រូប​ដែល​រួច​ផុតពី​ការស្លាប់​នោះ មាន​ម្នាក់​ជា​អ្នកដឹកនាំ​កប៉ាល់ និង​ម្នាក់​ជា​បុគ្គលិក​ធម្មតា​របស់ Onega។

    ក្រុមមន្ត្រី​រុស្ស៊ី​ជឿថា ទឹកកក​ដែល​កក​នៅលើ​កប៉ាល់​គឺជា​មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​លិច​កើតឡើង។ បច្ចុប្បន្ន ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួមរ​បស់​កប៉ាល់​ចំនួន 5 គ្រឿង។ ចំណែក​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​វិញ មិនអាច​ចូលរួម​សង្គ្រោះបាន ដោយសារ​អាកាសធាតុ​មិន​អំណោយផល។

    ប្រភពព័ត៌មាន​របស់​កាសែត​រុស្ស៊ី TASS ឱ្យដឹងថា អាកាសធាតុ​ត្រជាក់​ខ្លាំង​ធ្វើឱ្យ​ដងខ្លួន​របស់​កប៉ាល់ Onega ត្រូវ​ជាប់​ពេញ​ដោយ​ទឹកកក​យ៉ាង​ក្រាស់។ នៅក្បែរ​ប្រជុំ​កោះ Novaya Zemlya សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ 0អង្សា​សេ ដែល​នេះ​មានន័យថា ទឹកភ្លៀង​នឹង​កក​ជា​ទឹកកក​នៅពេល​វា​ស្ថិតនៅលើ​វត្ថុ​អ្វីមួយ។

    ប្រភពព័ត៌មាន​មួយ​របស់ Interfax និយាយថា ក្រុម​នាវិក​ត្រូវបាន​ទឹក​គួច​អណ្ដែត​ចេញពី​កប៉ាល់​ដោយសារ​មាន​ព្យុះ​មួយ​កើតឡើង។ ចំណែក TASS ចុះផ្សាយ​ថា ក្រុម​នាវិក​ដែល​បាន​បាត់​ខ្លួន ត្រូវគេ​ជឿថា បាន​បាត់បង់​ជីវិត​ទៅហើយ។

    Onega គឺជា​កប៉ាល់​នេសាទ​មួយគ្រឿង​ដែល​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1979 និង​មាន​ដោត​ទង់ជាតិ​រុស្ស៊ី។ អាជ្ញាធរ​​រុស្ស៊ី បានចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ៕

    ប្រភព៖ Reuters, AFP, RT

  • អ្នកជំនួញ​ថៃ​ដែល​ធ្វើអត្តឃាតព្រោះតែ Covid-19​៖ «បើ​មាន​ជាតិ​ក្រោយមែន ខ្ញុំ​នឹង​ត្រលប់​មក​សង​បំណុល​ឱ្យ​អស់!»

    អ្នកជំនួញ​ថៃ​ដែល​ធ្វើអត្តឃាតព្រោះតែ Covid-19​៖ «បើ​មាន​ជាតិ​ក្រោយមែន ខ្ញុំ​នឹង​ត្រលប់​មក​សង​បំណុល​ឱ្យ​អស់!»

    ឈ្មួញ​បង្កង​ម្នាក់​នៅ​ខេត្ត Sa Kaeo ប្រទេស​ថៃ បានធ្វើ​អត្តឃាត ក្រោយពី​ក្ស័យធន​នៅពេល​ស្ថិតក្នុង​រលក​នៃ​ការធ្វើ​ពហិការ​មិន​ទទួលទាន​ជលផល​ដែល​ទាក់ទង​នឹង​សម្បុក​វីរុស Covid-19 ថ្មី​បំផុត​របស់​ប្រទេស​នេះ។

    នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha កាលពី​ចុង​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​សមាជិក​ទាំង​អស់នៃ​គណៈរដ្ឋមន្ត្រី​​​របស់លោក ទទួលទាន​បង្កង​ដើម្បី​ជួយ​ស្ដារឡើងវិញ​នូវ​ជំនឿ​របស់​ប្រជាជន​ចំពោះ​អាហារ​នេះ ក្រោយពី​មាន​រលក​នៃ​ការ​ធ្វើពហិការ​ទូទាំងប្រទេស​ចំពោះ​បង្កង​មកពី​ខេត្ត Samut Sakhon ជា​កន្លែង​ដែល​ទើបតែ​មាន​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​របស់​វីរុស Covid-19។

    ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Chawalit Inchan ដែលជា​ឈ្មួញ​បង្កង​ម្នាក់ អាយុ 31 ឆ្នាំ បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី 25 ខែធ្នូ នៅ​ខេត្ត Sa Keo។ នៅក្នុង​វីដេអូ​ថត​ដោយ​ខ្លួនឯង​នៅមុន​ការធ្វើអត្តឃាត Chawalit Inchan និយាយថា របរ​លក់ដូរ​បង្កង​របស់គាត់​បាន​ក្ស័យធន ហើយ​គាត់​មិនអាច​សងបំណុល​ចំនួន 60,000 បាត ​(ប្រហែល​ 2,000​ដុល្លារ​​អាមេរិក) ​បាន​ឡើង។

    Chawalit Inchan បញ្ជាក់ថា «ខ្ញុំ​មិនអាច​បន្តទៀត​បាន។ បើសិន​មាន​ជាតិ​ក្រោយ​ពិតមែន ខ្ញុំ​នឹង​ត្រលប់មក​សងបំណុល​ទាំងនេះ​ឱ្យអស់​មិន​ខាន»។

    ករណី​ធ្វើអត្តឃាត​ខាងលើ បាន​កើតឡើង​ក្នុង​គ្រា​ដែល​ពលរដ្ឋ​ថៃ កំពុងមាន​ការភ័យខ្លាច​ចំពោះ​ការឆ្លង​រាលដាល​ថ្មី​នៃ Covid-19 ដែល​ចាប់​ផ្ដើមឡើង​ដោយ​ករណី​ឆ្លង​នៅលើ​អ្នកលក់​បង្កង​នៅ​ផ្សារ​ត្រី​មួយកន្លែង​ក្នុង​ខេត្ត Samut ​Sakhon។ ក្នុង​រយៈពេល 10 ថ្ងៃ​កន្លងទៅនេះ ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ថ្មី​ដល់​ទៅ​ជាង 1,300 ករណី។

    បុគ្គលិក​សុខាភិបាល​ថៃ កំពុង​ធ្វើ​ការ​​ស្រាវ​​ជ្រាវ​លើ​ប្រវត្តិ​ដើរ​ហើរ​របស់​ពលករ​មក​ពី​ប្រទេស​មីយ៉ានម៉ា​ កាល​ពីថ្ងៃទី 25​ ខែ​ធ្នូ នៅឯ​ទីក្រុង​ ​Nakhon Si Thammarat

    ការដែល​ពលរដ្ឋ​ថៃ​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា ការទទួល​ទាន​បង្កង ឬ​គ្រឿង​សមុទ្រ អាច​នាំឱ្យ​ឆ្លង​វីរុស​នេះ បាន​បណ្ដាលឱ្យ​ទីផ្សារ​បង្កង​ត្រូវ​ជួប​ការលំបាក​ខ្លាំង។ «ការភ័យខ្លាច​មាន​លក្ខ​ណ​ជ្រុល​ហួស» Taweesin Wisanuyothin ដែលជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ចាត់ការ​ស្ថានការណ៍ Covid-19 របស់​រដ្ឋាភិបាល​ថៃ បាន​និយាយ​កាលពី​ថ្ងៃទី 25 ខែធ្នូ។ ក្រុមមន្ត្រី​ថៃ កំពុងតែ​ព្យាយាម​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់ថា ការទទួល​ទាន​បង្កង​នឹង​មិនអាច​នាំឱ្យ​ឆ្លង Covid-19 នោះទេ បើសិន​វា​ជា​អាហារ​ឆ្អិន។

    ក្រៅពី​ការភ័យខ្លាច​ចំពោះ​បង្កង ពលរដ្ឋ​ថៃ​មួយចំនួន​ក៏មាន​ការព្រួយបារម្ភ​ខ្លាច​ឆ្លង Covid-19 ពី​ពលករ​មកពី​ប្រទេស​មី​យ៉ាន​ម៉ា ជា​ក្រុមមនុស្ស​ដែល​ត្រូវ​ថៃ​ជឿថា ជា​ប្រភព​ចម្លង Covid-19 នៅក្នុង​ខេត្ត Samut Sakhon ទៀតផង៕

    ប្រភព៖ Khaosod

  • «Covid-19 ក្លាយ​ពូជ» កំពុង​ឆ្លង​​រាល​ដាល​​យ៉ាង​​ឆាប់រហ័ស ខណៈ​អាហ្វ្រិក​ខាងត្បូង​វិជ្ជមាន​ជាង​មួយ​លាន​ករណី

    «Covid-19 ក្លាយ​ពូជ» កំពុង​ឆ្លង​​រាល​ដាល​​យ៉ាង​​ឆាប់រហ័ស ខណៈ​អាហ្វ្រិក​ខាងត្បូង​វិជ្ជមាន​ជាង​មួយ​លាន​ករណី

    ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ជាង​មួយ​លាន​នាក់ នៅក្នុង​ស្ថានភាព​ដែល​វីរុស​ក្លាយ​ពូជ​ឈ្មោះ 501.V2 កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅក្នុង​ប្រទេស​នេះ។

    យោងតាម​ទិន្នន័យ​នៅលើ​ទំព័រ World Ometers បច្ចុប្បន្ន ប្រទេស​អាហ្វ្រិក​ខាងត្បូង មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 1,004,413 នាក់ ក្នុងនោះ​មាន 26,735 នាក់ បាន​បាត់​បង់ជីវិត ខណៈ​អ្នកជំងឺ 1,038,766 នាក់​បានជា​សះស្បើយ។

    បើតាម​ក្រុម​អ្នកជំនាញ វីរុស Covid-19 ប្រភេទ​ក្លាយ​ពូជ (501.V2) នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ងាយ​នឹង​ឆ្លង​រាលដាល​ជាង Covid-19 ធម្មតា និង​បាន​បង្ហាញខ្លួន​នៅក្នុង​តំបន់​សម្បុក​វីរុស​មួយចំនួន​ដែល​កំពុង​ផ្ទុះ​ឆ្លង​ជាថ្មី។

    នៅពេល​មន្ទីរពេទ្យ​នៅ​អាហ្វ្រិក​ខាងត្បូង​ឈានដល់​ដំណាក់កាល​លើស​ចំណុះ និង​មិនមាន​សញ្ញា​នៃ​ការ​រាលដាល់​ដល់​ចំណុចកំពូល តាម​គម្រោង ប្រធានាធិបតី Ramaphoasa នឹង​ប្រកាស​បទបញ្ជា​រឹតបន្តឹង​លើ​ការកាត់បន្ថយ​ការធ្វើដំណើរ​ដើម្បី​រារាំង Covid-19។

    ផែន​ទី​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

    វេជ្ជបណ្ឌិត Richard Lessells ជា​អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង ឱ្យដឹងថា៖ «យើង​មិនមែន​គ្មាន​សមត្ថភាព​នៅពេល​ត្រូវ​ប្រឈម​នឹង​វីរុស​ក្លាយ​ពូជ​នេះ​ទេ។ យើង​អាច​ប្ដូរ​សកម្មភាព​ដើម្បី​គ្រប់គ្រង​វីរុស​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ជាង​មុន»។ លោក​បន្តថា ប្រការ​សំខាន់បំផុត នោះ​គឺ​ការចៀសវាង​ការជួប​ជុំគ្នា​ក្នុង​ផ្ទុះ ឬ​ទីកន្លែង​ដែល​បិទ​ជិត។

    វេជ្ជបណ្ឌិត Richard Lessells បញ្ជាក់ថា ករណី​ឆ្លង​លើសពី​មួយ​លាន​នាក់​គឺជា​របត់​ធ្ងន់ធ្ងរ ប៉ុន្តែ ស្ថានភាព​ជាក់ស្ដែង​នៅ​អាហ្វ្រិក​ខាងត្បូង​ប្រាកដជា​អាក្រក់​ជាង​នេះ​ឆ្ងាយ​ណាស់។ លោក​បន្ថែមថា វីរុស​ក្លាយ​ពូច 501.V2 បានបង្ហាញ​ខ្លួន​ច្រើន​នៅ​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ ដូចជា Western Cape, Eastern Cape និង KwaZulu-Natal ជាដើម។

    ប្រទេស​អាហ្វ្រិក​ខាងត្បូង​មិនទាន់មាន​វ៉ាក់សាំង Covid-19 នៅឡើយ បើ​ទោះ​ប្រធានាធិបតី Ramaphosa ធ្លាប់បាន​ថ្លែងថា លោក​សង្ឃឹមថា 10% ក្នុងចំណោម​ប្រជាជន​សរុប​ជាង 60 លាន​នាក់​នៃ​ប្រទេស​នេះ នឹង​ទទួលបាន​វ៉ាក់សាំង​នៅក្នុង​ខែដំបូងៗនៃ​ឆ្នាំ 2021៕

    ប្រភព៖ Guardian

  • ឡាវ​ហាម​នាំចូល​គ្រឿង​សមុទ្រ​ពី​ថៃ ព្រោះ​ខ្លាច Covid-19

    ឡាវ​ហាម​នាំចូល​គ្រឿង​សមុទ្រ​ពី​ថៃ ព្រោះ​ខ្លាច Covid-19

    ប្រទេស​ឡាវ​បានចេញ​បទបញ្ជា​ផ្អាក​នាំចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ ទន្ទឹមនឹង​ការ​រឹតបន្តឹង​សកម្មភាព​នៅតាម​បន្ទាត់​ព្រំដែន​របស់​ប្រទេស​ទាំងពីរ បន្ទាប់ពី​នៅ​ប្រទេស​ថៃ​មាន​រលក​នៃ​ការឆ្លង​រាលដាល Covid-19 ដែល​ទាក់ទង​នឹង​ផ្សារ​ត្រី។

    ក្រសួងពាណិជ្ជកម្ម​ឡាវ បាន​ផ្អាក​ជាបន្ទាន់​នូវ​ការ​នាំចូល​គ្រឿង​សមុទ្រ​ស្រស់ និង​ក្លាសេ​ពី​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 25 ខែធ្នូ ដោយសារតែ​មានការ​ព្រួយបារម្ភ​ខ្លាច​គ្រឿង​សមុទ្រ​មាន​ផ្ទុក Covid-19។ បទបញ្ជា​ខាងលើ​ត្រូវបាន​ប្រទេស​ឡាវ​ធ្វើឡើង ក្រោយពី​ខេត្ត Samut Sakhon របស់​ថៃ ក្លាយជា​ចំណុចកណ្ដាល​នៃ​រលក​ឆ្លង​ថ្មី​របស់​វីរុស Covid-19 ដោយមាន​មនុស្ស​ជាង 1,000 នាក់​ទទួលបាន​លទ្ធផល​វិជ្ជមាន បន្ទាប់ពី​អ្នកជំនួញ​បង្កង​ម្នា​ក់មាន​ផ្ទុក​វីរុស​នេះ។

    បទបញ្ជា​ខាងលើ​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​អ្នក​នាំចូល​គ្រឿង​សមុទ្រ​នៅ​ប្រទេស​ឡាវ។ អាជ្ញាធរ​ឡាវ​កំពុងតែ​តាមដាន​ក្រុម​អ្នក​នាំចូល​គ្រឿង​សមុទ្រ​នៅ​រដ្ឋធានី Vientiane និង​បណ្ដា​ខេត្ត​របស់​ឡាវ ព្រមទាំង​កំពុង​បង្កើន​ការត្រួតពិនិត្យ​លើ​ទំនិញ​នាំចូល​តាម​កុងតឺន័រ ដើម្បី​ស្វែងរក​វត្តមាន​របស់ Covid-19។ យោងតាម​បទបញ្ជា​របស់​ក្រសួងពាណិជ្ជកម្ម អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​ក្នុងស្រុក គោរព​តាម​វិធានការ​នានា ដោយ​មិនត្រូវ​ទិញ និង​បរិភោគ​គ្រឿង​សមុទ្រ​ដែល​នាំចូល​ពី​ប្រទេស​ថៃ។

    ក្រុមមន្ត្រី​ឱ្យដឹងថា នេះ​គឺជា​វិធានការ​បណ្ដោះអាសន្ន ហើយ​វា​នឹងត្រូវ​បាន​បន្ត​អនុវត្ត​រហូតដល់​កិច្ច​ការធានា​សុវត្ថិភាព​សម្រាប់​គ្រឿង​សមុទ្រ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ត្រូវបាន​គេ​ធ្វើឡើង។

    សូមបញ្ជាក់ថា ឡាវ និង​ទី​ម័​រ​ខាងកើត​គឺជា​ប្រទេស​ពីរ​ដែលមាន​ករណី​វិជ្ជមាន​នឹង Covid-19 តិចជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ប្រទេស​ឡាវ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប 41 ករណី ក្នុងនោះ​មាន 37 ករណី​បានជា​សះស្បើយ និង 4 ករណី​កំពុង​ព្យាបាល។ ដូច​ទៅនឹង​កម្ពុជា ប្រទេស​ឡាវ​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​វីរុស Covid-19 នៅឡើយ៕

    ប្រភព៖ Vientiane Times

  • អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ឆ្លង​វីរុស​ Covid-19!

    អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ឆ្លង​វីរុស​ Covid-19!

    ការិយាល័យ​អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល បានប្រកាស​ឱ្យដឹងថា លោក Hamilton Mourao វិជ្ជមាន​នឹង Covid-19 ដែល​នេះ​បានធ្វើឱ្យ​តួលេខ​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ឆ្លង​វីរុស​សរុប​នៅក្នុង​ប្រទេស​នេះ កើនឡើង​ថែម​មួយកម្រិត​ទៀត។

    ការិយាល័យ​របស់​អនុ​ប្រធានាធិបតី Hamilton Mourao ឱ្យដឹងថា លោក​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​កាលពី​រសៀល​ថ្ងៃទី 27 ខែធ្នូ ហើយ​លោក​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិមាន Jabiru នា​រដ្ឋធានី Brasilia ជា​កន្លែង​ស្នាក់នៅ​ផ្លូវការ​របស់​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​នេះ។

    ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល ក្នុង​ថ្ងៃ​ដដែល​ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 18,479 នាក់ និង​ស្លាប់​ថ្មី 344 នាក់ ដោយសារ Covid-19។ បច្ចុប្បន្ន ប្រេ​ស៊ី​ល​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ឥណ្ឌា ដោយមាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង 7 លាន​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ជាង 191,000 នាក់ បាន​បាត់​បង់ជីវិត។

    សូម​រំលឹកថា ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro កាលពី​ខែកក្កដា ក៏បាន​ឆ្លង​វីរុស Covid-19 និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​គេហដ្ឋាន​របស់លោក។ ចំណែក​សមាជិក​គណរ​ដ្ឋ​មន្ត្រី​ចំនួន​ពាក់កណ្ដាល​របស់លោក Jair Bolsonaro ក៏បាន​ឆ្លង​វីរុស​នេះ​នៅក្នុង​អំឡុង​ច្រើន​ខែ​កន្លងមកនេះ​ផងដែរ៕

    ប្រភព៖ Reuters

  • កម្ពុ​ជាមាន​ករណី​ជាសះស្បើយ​ពី Covid-19 ចំនួន 4 នាក់នា​ព្រឹក​នេះ

    កម្ពុ​ជាមាន​ករណី​ជាសះស្បើយ​ពី Covid-19 ចំនួន 4 នាក់នា​ព្រឹក​នេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា មិនមាន​ករណី​វិជ្ជមាន​នឹង Covid-19 នោះទេ សម្រាប់​ព្រឹក​ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 និង​មាន​ករណី​ជាសះស្បើយ​ចំនួន 4 នាក់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 364 ករណី ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន 360 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស មាន​ចំនួន 4 នាក់។

    ព័ត៌មាន​លម្អិត សូម​ពិនិត្យ​តារាង​ខាងក្រោម៖

  • វេជ្ជបណ្ឌិត​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19 របស់ Moderna

    វេជ្ជបណ្ឌិត​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19 របស់ Moderna

    វេជ្ជបណ្ឌិត Hossein Sadrzadeh ដែលជា​អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​ប្រចាំ​ទីក្រុង Boston ត្រូវ​រង​ប្រតិកម្ម​យ៉ាងធ្ងន់ធ្ងរ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង Covid-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Moderna ប៉ុន្តែ បាន​ប្រក្រតី​ឡើងវិញ​ហើយ។

    វេជ្ជបណ្ឌិត Hossein Sadrzadeh ធ្វើការ​នៅឯ​មជ្ឈមណ្ឌល​សុខាភិបាល Boston (BMC) ជា​មនុស្ស​ដែល​តែងតែ​ប្រតិកម្ម​នឹង​សត្វ​មាន​សម្បក បានកើត​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19 មួយ​ម្ជុល​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Moderna របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 24 ខែធ្នូ។

    BMC បានបញ្ជាក់ និង​ទទួលស្គាល់​ហេតុការណ៍​ខាងលើ និង​បានឱ្យដឹងថា លោក Sadrzadeh ត្រូវបាន​តាមដាន​ដោយ​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង។

    «គាត់​មាន​អារម្មណ៍​ថា កំពុងមាន​ប្រតិកម្ម ហើយក៏​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ប៊ិក​ឯកជន Epinephrine សម្រាប់​​ចាក់​ថ្នាំ» BMC បានឱ្យដឹង​ដូច្នេះ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃទី 25 ខែធ្នូ ដោយ​ក្នុង​នោះ​ក៏​មានការ​រំលឹក​អំពី​ប្រភេទ​ប៊ិក​ចាក់​ថ្នាំ Epinephrine ដែល​ប្រើ​សម្រាប់​ព្យាបាល​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ។

    លោក Sadrzadeh ក៏ត្រូវ​បាន​បញ្ជូន​ចូលទៅ​កាន់​សាល​សង្គ្រោះបន្ទាន់​ដើម្បី​វាយតម្លៃ​ស្ថានភាព ព្យាបាល និង​តាមដាន។ បច្ចុប្បន្ន លោក​បាន​ចេញពី​ពេទ្យ​ប្រកបដោយ​សុខភាព​ល្អ។

    មុននេះ​ក៏​ធ្លាប់មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​រួចមកហើយ​ដែរ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក។ អគ្គនាយក​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វាយតម្លៃ​ផ្នែក​ជីវសាស្ត្រ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក (FDA) ថ្មីៗនេះ ឱ្យដឹងថា «សមាសធាតុ​ដែល​គេ​ហៅថា polyethylene អាចជា​ដើមហេតុ​នៃ​ប្រតិ​កម្មនេះ»។ បច្ចុប្បន្ន FDA និង CDC របស់​សហរដ្ឋអាមេរិក កំពុង​សហការគ្នា​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ៕

    ប្រភព៖ Boston Herald

  • ទីក្រុង​ប៉េកាំង​រឹតបន្តឹង​ការធ្វើដំណើរ​ឡើងវិញ នៅមុន​ចូលឆ្នាំថ្មី ដោយសារ​តែមាន​ករណី​ឆ្លង Covid-19 ដែល​មិនមាន​រោគសញ្ញា

    ទីក្រុង​ប៉េកាំង​រឹតបន្តឹង​ការធ្វើដំណើរ​ឡើងវិញ នៅមុន​ចូលឆ្នាំថ្មី ដោយសារ​តែមាន​ករណី​ឆ្លង Covid-19 ដែល​មិនមាន​រោគសញ្ញា

    អាជ្ញាធរ​នៃ​រដ្ឋធានី​ប៉េកាំង​បានចាប់ផ្ដើម​រឹតបន្តឹង​លើ​ការ​ដើរហើរ​ឡើងវិញ ដោយ​ការស្នើ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិនត្រូវ​ចាក​ចេញពី​រដ្ឋធានី បន្ទាប់ពី​មាន​ករណី​ឆ្លង Covid-19 មុន​ឆ្នាំ​ថ្មី និង​ពិធីបុណ្យ​រដូវ​ផ្កា​រីក​មក​ដល់។

    យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​រាតត្បាត Covid-19 របស់​ទីក្រុង​ប៉េកាំង កំពុង​ប្រឈម​នឹង​ឧបសគ្គ​ធំ​មួយទៀត នៅពេល​មាន​ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ត្រូវបាន​រកឃើញយូរៗមួយ និង​ការឈប់​សម្រាក​ចូលឆ្នាំថ្មី រួម​នឹង​ពិធីបុណ្យ​រដូវ​ផ្កា​រីក​កំពុងតែ​ខិតជិត​មកដល់។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​នៃ​ទីក្រុង​ប៉េកាំង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 25 ខែធ្នូ។

    ទីក្រុង​ប៉េកាំង លើកទឹកចិត្ត​ឱ្យ​ប្រជាជន បន្ត​ស្នាក់​នៅក្នុង​រដ្ឋធានី នៅក្នុង​រដូវ​បុណ្យ​នាពេលខាងមុខ ដោយ​មិនត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង ឬ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​មធ្យម ក្នុង​ការឆ្លង​វីរុស Covid-19។ អាជ្ញាធរ​ក៏​អំពាវនាវ​ឱ្យ​បណ្ដា​ក្រុមហ៊ុន ផ្អាក​ការបំពេញ​បេសកកម្ម​ទៅកាន់​តំបន់​ក្រៅ​រដ្ឋធានី និង​បរទេស​ផងដែរ ទ​ន្លឹ​ម​នឹង​ការ​ស្នើឱ្យ​សាលារៀន និង​ក្រុមហ៊ុន រៀបចំ​ការឈប់​សម្រាក​ឱ្យបាន​ខុសពេល​គ្នា។

    Chen Bei ដែលជា​អនុ​លេខាធិការ​នៃ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង បានឱ្យដឹងថា ក្រុមមន្ត្រី​បក្ស និង​អាជ្ញាធរ គួរតែ​ធ្វើជា​គំរូ​ក្នុង​ការមិន​ចាក​ចេញពី​ប៉េកាំង​នៅក្នុង​រដូវ​បុណ្យ ហើយ​ត្រូវតែមាន​ការពិនិត្យ​ម៉ត់ចត់ ឬ​ត្រូវតែ​សុំ​ការអនុញ្ញាត បើសិន​ចង់​ធ្វើដំណើរ​ចេញពី​រដ្ឋធានី។

    លោកស្រី Chen Bei បញ្ជាក់​បន្ថែមថា រោងភាពយន្ត បណ្ណាល័យ សារមន្ទីរ និង​ទីតាំង​កម្សាន្ត​នានា ត្រូវតែ​ធ្វើ​សកម្មភាព​មិនឱ្យ​លើសពី 75% នៃ​លទ្ធភាព​ដែលមាន។

    វិធានការ​ខាងលើនេះ ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​រដ្ឋធានី​របស់​ចិន​បាន​រាយការណ៍​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី នៅក្នុង​សប្ដាហ៍​នេះ។ ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 25 ខែធ្នូ​នេះ​គឺជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាស​​ចរណ៍ Asiana ដែល​ធ្វើដំណើរ​ត្រលប់​មកពី​កូរ៉េខាងត្បូង។ អាជ្ញាធរ​ចិន​បញ្ជាក់ថា នេះ​គឺជា​ករណី​ឆ្លង​ដែល​មិនមាន​រោគសញ្ញា៕

    ប្រភព៖ Global Times