Author: សឿន សំណាង

  • ខាងក្នុង​ព្រះអាទិត្យ​សិប្បនិម្មិត​ដែល​បង្កើត​កម្ដៅ​ឡើងដល់ 100,000,000 អង្សា​សេ

    ខាងក្នុង​ព្រះអាទិត្យ​សិប្បនិម្មិត​ដែល​បង្កើត​កម្ដៅ​ឡើងដល់ 100,000,000 អង្សា​សេ

    ឧបករណ៍​បង្កើត​ប្រតិកម្ម​នុយ​ក្លេ​អែ tokamak ដែល​ប្រើប្រាស់​ដែន​ម៉ាញេទិក​ដ៏​ខ្លាំងក្លា​ដើម្បី​រារាំង plasma ដ៏​សែន​ក្ដៅ​មិនឱ្យ​ប៉ះពាល់​ទៅនឹង​គ្រឿង​ម៉ាស៊ីន ដែល​អាចធ្វើឱ្យ​លោហធាតុ​ត្រូវ​រលាយ​និង​ហួត​ជា​ចំហាយ។

    ឧបករណ៍​បង្កើត​ប្រតិកម្ម​នុយ​ក្លេ​អែ tokamak របស់​កូរ៉េខាងត្បូង (KSTAR) បាន​បង្កើត​ឯតទគ្គ​ម្ម​ពិភពលោក​ថ្មី នៅពេល​រក្សា plasma ក្នុង​សីតុណ្ហភាព ion ដែល​លើសពី 100 លាន​អង្សា​សេ​ក្នុង​រយៈពេល 20 វិនាទី កាលពី​ថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2020។ នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ និង​យ៉ាងសំខាន់​មួយ​ក្នុង​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ក្នុងការ​បង្កើត​ថាមពល​ស្អាត​ជាង​មុន តាមរយៈ​ប្រតិកម្ម​សំយោគ​នុយ​ក្លេ​អែ។

    ក្នុងដំណាក់កាល​ប្រតិកម្ម នុយ​ក្លេ​អែ​អាតូម​ពីរ​ដែលមាន​ទំហំ​តូច រួមបញ្ចូល​គ្នា​បង្កើតបានជា​នុយ​ក្លេ​អែ​អាតូម​ដែល​ធំ​ជាង នាំឱ្យ​បង្កើតបានជា​ថាមពល។ ដើម្បី​ធ្វើបាន​ដូច្នេះ បណ្ដា​អ៊ីសូតូប (isotopes) អ៊ីដ្រូសែន ត្រូវ​បានដាក់​នៅក្នុង​ឡ​ប្រតិកម្ម​នុយ​ក្លេ​អែ tokamak ដូចជា KSTAR ដើម្បី​បង្កើត plasma ជា​កន្លែង​ដែល​អ៊ីយ៉ុង(ion) និង អេ​ឡិច​ត្រុ​ង (electron) ត្រូវបាន​បំបែកចេញ​ពីគ្នា បន្ទាប់មក អ៊ីយ៉ុង​ត្រូវបាន​កម្ដៅ និង​រក្សា​នៅក្នុង​សីតុណ្ហ​​ភាព​មហា​ក្ដៅ។

    Tokamak បង្កើត​ដែន​ម៉ាញេទិកខ្លាំងៗចំនួន​បី​ដើម្បី​ទប់ plasma ដែល​ឡើងក​ម្ដៅ​ខ្លាំង។ កម្លាំង​ខ្លាំង​នៃ​ដែន​ម៉ាញេទិក​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់​មិនឱ្យ plasma ប៉ះ​នឹង​គ្រឿង​ម៉ាស៊ីន ព្រោះថា plasma អាចធ្វើឱ្យ​លោហធាតុ​រលាយ​បើសិន​វា​ចេញមកក្រៅ។

    ប្រព័ន្ធ​ខ្សែ​រុំ​ម៉ាញេទិក​នៅ​ខាងក្រៅ ជួយ​កំណត់​ទិស និង​កំណត់​រូបរាង plasma ដែល​ក្ដៅ​ខ្លាំង ឱ្យ​ស្ថិតនៅក្នុង​ទម្រង់រ​ង្វិ​ល​ជុំ ក្នុង​បំណង​រក្សា​ស្ថិរភាព​របស់ plasma ឱ្យ​បានយូរ​គ្រប់គ្រាន់​ដើម្បី​កកើត​ប្រតិកម្ម​នុយ​ក្លេ​អែ៕

    ប្រភព៖ Next

  • មន្ត្រី​ចិន​និយាយថា «មិនចាំបាច់​ខ្លាច Covid-19 ដែល​បានក្លាយ​ពូជ​ថ្មី​នោះទេ»

    មន្ត្រី​ចិន​និយាយថា «មិនចាំបាច់​ខ្លាច Covid-19 ដែល​បានក្លាយ​ពូជ​ថ្មី​នោះទេ»

    មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយថា មិនទាន់មាន​សញ្ញា​ណាមួយ​បង្ហាញថា Covid-19 ក្លាយ​ពូជ​ថ្មី​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង Covid-19 ដែល​ចិន​ទើបតែ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅឡើយ។

    «មិនចាំបាច់​ភ័យខ្លាច​នោះទេ។ Covid-19 ប្រភេទ​ថ្មី មកដល់ពេលនេះ​មិនទាន់​ប្ដូរផ្លាស់​ជាក់លាក់​ទៅលើ​លទ្ធភាព​នៃ​ការបង្ក​ជំងឺ​នៅឡើយ បើ​ធៀប​នឹង​ប្រភេទ​មុននេះ» លោក Yu Wang ប្រធាន​វិទ្យាស្ថាន​ទប់ស្កាត់​រោគ​ឆ្លង​ដោយសារ​វីរុស​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​របស់​ចិន (China CDC) ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 1 ខែមករា។

    ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​ចិន​បានផ្ដល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinopharm។ លោក Yu Wang បានឱ្យដឹងថា មិនទាន់​រកឃើញ​ផលប៉ះពាល់​របស់ Covid-19 ក្លាយ​ពូជ​ថ្មី ទៅលើ​សមត្ថភាព​នៃ​ការបង្ក​អង្គ​ប​ដិ​ប្រាណ​នៃ​វ៉ាក់សាំង​របស់ Sinopharm នៅឡើយ។

    ក្រុមមន្ត្រី​ចិន កាលពី​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 បាន​បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង Covid-19 ក្លាយ​ពូជ B.1.1.7 ដំបូង​នៅ​ប្រទេស​នេះ ដែល​កើត​ឡើងលើ​នារី​វ័យ 23 ឆ្នាំ​ម្នាក់​ដែល​បាន​ត្រលប់​ពី​ប្រទេស​អង់គ្លេស កាលពី​ពាក់កណ្ដាល​ខែធ្នូ។ នារី​នេះ​ត្រូវបាន​បញ្ជូន​ចូល​ពេទ្យ នៅពេល​មាន​រោគសញ្ញា​មួយចំនួន។

    ក្រុម​អ្នកឯកទេស​ផ្នែក​សុខាភិបាល​ចិន បានធ្វើ​តេស្ត​ហ្សែ​ន​នៃ​សំណាក​កាលពី​ថ្ងៃទី 24 ធ្នូ ដោយសារតែ​នារី​ខាងលើ «មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅមក​ប្រទេស​អង់គ្លេស និង​ភាពមិនប្រក្រតី​មួយចំនួន​នៃ​លទ្ធផល​ធ្វើតេស្ត Nucleic acids»។

    លទ្ធផល​បាន​បង្ហាញថា ប្រភេទ Covid-19 នៅលើ​អ្នកជំងឺ​នេះ ខុស​ទៅនឹង​ប្រភេទ​ដែល​បានបង្ហាញ​ខ្លួន​នៅ​ទីក្រុង Wuhan និង Shanghai។ ការធ្វើ​តេស្ត​លម្អិត​បង្ហាញថា វា​គឺជា Covid-19 ក្លាយ​ពូជ​ថ្មី B.1.1.7 ដែលមាន​សមត្ថភាព​ចម្លង​ខ្ពស់ ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អង់គ្លេស​នាពេល​កន្លងមក។

    សូម​រំលឹកថា កាលពី​ថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2020 ប្រទេស​អង់គ្លេស​បានប្រកាសថា បាន​រកឃើញ​ប្រភេទ Covid-19 ក្លាយ​ពូជ​ថ្មី​ដែលមាន​សភាព​ប្រែប្រួល​ដ​ល់​ទៅ 20 ទម្រង់​ផ្សេងទៀត បើ​ធៀប​នឹង​វីរុស​ដើម ព្រមទាំង​មាន​សមត្ថភាព​ចម្លង​ខ្ពស់ជាង 70% ទៀតផង។ ក៏ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា មិនទាន់មាន​ភ័ស្តុតាង​បង្ហាញថា B.1.1.7 មាន​សមត្ថភាព​សម្លាប់​មនុស្ស​ខ្ពស់ជាង​ប្រភេទ Covid-19 ដើម​នៅឡើយ។

    ប្រទេស​រាប់សិប​នៅលើ​ពិភពលោក បាន​រកឃើញ​ករណី​ឆ្លង Covid-19 ប្រភេទ​ថ្មី។ មកដល់ពេលនេះ ប្រទេស​ជាង 50 បាន​ហាម ឬ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ពី​ប្រទេស​អង់គ្លេស​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី​នេះ។

    Covid-19 បាន​ផ្ទុះ​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន​ចាប់ពី​ខែធ្នូ ឆ្នាំ 2019 ហើយ​គិតដល់​បច្ចុប្បន្ន វា​បាន​បង្ហាញខ្លួន​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 218 ក្នុង​ពិភពលោក ដោយមាន​មនុស្ស​ជាង 84 លាន​នាក់​បាន​ឆ្លង​វីរុស និង​ជាង 1,8 លាន​នាក់​បាន​ស្លាប់ ខណៈ​ជាង 59 លាន​នាក់​បានជា​សះស្បើយ។ ប្រទេស​ចិន​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ជាង 87 លាន​នាក់ និង​ជាង 4.600 នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters

  • រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ម្នាក់ទៀត​នៅ​ខេត្តកណ្ដាល

    រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ម្នាក់ទៀត​នៅ​ខេត្តកណ្ដាល

    ក្រសួងសុខាភិបាល​កម្ពុ​ជា​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 1 ករណី​បន្ថែមទៀត ដែលជា​ករណី​នាំចូល។

    អ្នកជំងឺ​ខាងលើនេះ​គឺជា​ស្ត្រី​អាមេរិកាំង​ដើមកំណើត​ខ្មែរ អាយុ 36 ឆ្នាំ ស្នាក់នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។ ស្ត្រី​នេះ​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក ឆ្លងកាត់​ជើងហោះហើរ​នៅ​កោះ​តៃវ៉ាន់ មុននឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 1 ខែមករា ឆ្នាំ2021។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 379 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 322 នាក់ និង​កំពុង​ព្យាបាល មាន​ចំនួន 17 នាក់៕

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 12 នាក់​បន្ថែមទៀត ក្នុង​រយៈ​ពេល​ 24​ ម៉ោង​ចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 12 នាក់​បន្ថែមទៀត ក្នុង​រយៈ​ពេល​ 24​ ម៉ោង​ចុង​ក្រោយ​នេះ​

    ព្រឹក​ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 12 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​ឡើងដល់ 378 នាក់។

    ​អ្នក​វិជ្ជមាន​ទាំង 12 នាក់​នេះ សុទ្ធ​តែ​ជា​ពលករ​ ពលការិនី​ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​ថៃ​។ សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីអំពីករណី​វិជ្ជមាន​ទាំង​នេះ​ សូម​អាន​ទិន្នន័យ​ក្នុង​តារាង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ដែល​មាននៅ​ខាងក្រោម​នៃ​អត្ថបទ​នេះ។

    គិត​មកដល់​ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 378 នាក់ ក្នុងនោះ​មាន 362 នាក់​បានជា​សះស្បើយ និង 16 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

  • (វីដេអូ) ក្រុម​រ៉ូ​បូត​របស់ Boston Dynamics នាំគ្នា​រាំរែក​ជូនពរ​ឆ្នាំ​ថ្មី

    (វីដេអូ) ក្រុម​រ៉ូ​បូត​របស់ Boston Dynamics នាំគ្នា​រាំរែក​ជូនពរ​ឆ្នាំ​ថ្មី

    ក្រុមហ៊ុន Boston Dynamics បាន​ចែករំលែក​វីដេអូ​ថ្មី​បំផុត​មួយ​របស់ខ្លួន បង្ហាញ​អំពី​សកម្មភាព​របស់​ឆ្កែ​យន្ត និង​រ៉ូ​បូត​ជាច្រើន​ទៀត នាំគ្នា​រាំរែក​ទៅតាម​ចង្វាក់​នៃ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «Do You Love Me» របស់​ក្រុម​ចម្រៀង Contours ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី។

    ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​មនុស្ស​យន្ត Atlas ឆ្កែ​យន្ត Spot និង​រ៉ូ​បូត​ជញ្ជូន​ទំនិញ Handle ផងដែរ។ ពួកគេ​រាំ​ទៅតាម​ចង្វាក់ភ្លេង​នៃ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​នៃ​ទសវត្សរ៍​ឆ្នាំ 1962 ហើយ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ជិត 5 សែន​នាក់។

    មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក៏បាន​សំដែង​ការកោតសរសើរ​ផងដែរ បន្ទាប់ពី​បាន​មើល​វីដេអូ​នេះ។ លោក Musk បញ្ចេញយោបល់​ថា៖ «នេះ​មិនមែនជា​ការកាត់ត​នោះទេ»។

    Boston Dynamics បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់ពី​បាន​ដំណើរការ​កាលពី​ឆ្នាំ 2009 ហើយ​បាន​ឧទ្ទេសនាម Atlas ក្នុង​ឆ្នាំ 2013 និង Spot Classic ក្នុង​ឆ្នាំ 2015។ ចាប់ពីពេលនោះ​មក ក្រុមហ៊ុន​ក៏បាន​អភិវឌ្ឍ​ម៉ូ​ដែល​រ៉ូ​បូត​ជាច្រើន​ផ្សេងទៀត​ប្រកបដោយ​ភាព​ទាក់ទាញ និង​អាច​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ រ៉ូ​បូត​របស់ Boston Dynamics អាច​ឈរ​ដោយ​ជើង 2 ឬ​ជើង 4 ក៏មាន។

    ក្រុមហ៊ុន Boston Dynamics ឱ្យដឹងថា រ៉ូ​បូត Atlas ដែលមាន​កម្ពស់ 145សម និង​ទម្ងន់​ជាង 75គក ត្រូវបាន​រចនា​ឡើង​សម្រាប់​ធ្វើការ​នៅ​ខាងក្រៅ អគារ ឬ​លើ​ទីតាំង​ដែលមាន​សណ្ឋាន​ដី​រដិបរដុប។ Atlas អាច​ដើរ​ដោយ​ជើង 2 និង​ធ្វើការ​ស្ទើរតែ​ដូច​ទាំងស្រុង​ទៅនឹង​មនុស្ស។

    ចំណែក​រ៉ូ​បូត Spot វិញ វា​អាចជួយ​ក្រុមគ្រូពេទ្យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 និង​ដើរល្បាត​ជុំវិញ​ទីតាំង​ពិសោធន៍​នានា​របស់លោក Elon Musk នៅ​តំបន់ Boca Chica នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក។

    ចុងក្រោយ​គឺ​រ៉ូ​បូត Handle។ រ៉ូ​បូត​នេះ​អាច​ឈរ​នៅលើ​ប្រព័ន្ធ​កង់2 នៅក្នុងពេល​លើកដាក់​ទំនិញ។ ខណៈដែល Atlas និង Handle កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​បន្ថែម រ៉ូ​បូត Spot ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ទៅហើយ៕

    ប្រភព៖ New Atlas

  • បាក់​ចង្កេះភ្នំ​នៅ​ន័​រ​វែ​ស! ផ្ទះ​ច្រើន​ខ្នង​នៅក្នុង​ភូមិ​ត្រូវ «ធរណី​ស្រូប»

    បាក់​ចង្កេះភ្នំ​នៅ​ន័​រ​វែ​ស! ផ្ទះ​ច្រើន​ខ្នង​នៅក្នុង​ភូមិ​ត្រូវ «ធរណី​ស្រូប»

    គ្រោះ​បាក់​ដី​ដ៏​ធំ​មួយ​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​ភូមិ Ask ក្បែរ​រដ្ឋធានី Oslo ប្រទេស​ន័​រ​វែ​ស កាលពី​យប់​ថ្ងៃទី 29 ខែធ្នូ បណ្ដាលឱ្យ​មនុស្ស​ចំនូ​ន 10 នាក់​រងរបួស និង 12 នាក់​បាត់​ខ្លួន។

    វីដេអូ​ពី​កន្លែងកើតហេតុ​បាន​បង្ហាញថា ចង្កេះភ្នំ​យ៉ាង​វែង​បាន​បាក់​ទៅលើ​ភូមិ Ask ស្ថិតក្នុង​ទីប្រជុំជន Gjerdrum ដែលមាន​ចម្ងាយ​ពី​រដ្ឋធានី Oslo ប្រហែល 24 គម ទៅ​ទិសឦសាន។ ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​កប់​ទៅក្នុង​ភក់​ខ្មៅ។

    ព្រឹល​បាន​ធ្លាក់​ពេញ​មួយ​ព្រឹក​នៃ​ថ្ងៃទី 30 ខែធ្នូ នៅក្នុង​ពេលដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជម្លៀស​អ្នករងរបួស និង​ព្យាយាម​រក្សា​ផ្ទះ​មិនឱ្យ​រលំ។ ផ្ទះ​ជាច្រើន​ខ្នង​ដែល​ផ្អៀង​ទៅរក​មាត់​រណ្ដៅ​ដែល​បាន​កើតឡើង​ក្រោយ​ការបាក់​ដី​ចង្កេះភ្នំ ក្រោយមក​ក៏បាន​បាក់​រលំ​និង​ធ្លាក់ចូល​ក្នុង​រណ្ដៅ​នោះ។

    នាយករដ្ឋមន្ត្រី​ន័​រ​វែ​ស Erna Solberg ដែល​បាន​ទៅ​មើល​កន្លែងកើតហេតុ បាន​ថ្លែងថា «នេះ​គឺជា​គ្រោះ​បាក់​ដី​ធំ​បំផុត» ដែល​ប្រទេស​នេះ​ធ្លាប់បាន​ជួប។

    លោកស្រី Solberg បន្តថា៖ «ស្ថានភាព​មិនទាន់​ប្រសើរ​ឡើយ​នៅឡើយ ហើយ​យើង​ក៏​មិនទាន់​ធ្វើ​អ្វី​បាន​ក្រៅពី​ការជួយ​សង្គ្រោះ​មនុស្ស​ដោយ​ឧទ្ធម្ភាគចក្រ»។

    សារព័ត៌មាន​ប្រទេស​នេះ​បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ 700 នាក់ ត្រូវបាន​ជម្លៀស​ចេញពី​កន្លែងកើតហេតុ ខណៈ​អាជ្ញាធរ​ក្រុង​បាន​ព្រមាន​ថា មនុស្ស​ប្រហែល 1,500 នាក់ អាច​នឹងត្រូវ​ចាកចេញ​ពី​តំបន់ ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព។

    មកដល់​យប់​ថ្ងៃទី 30 ខែធ្នូ មនុស្ស​ចំនួន 12 នាក់​នៅតែ​បន្ត​បាត់​ខ្លួន ខណៈ 10 នាក់​បាន​រងរបួស ក្នុងនោះ​មាន​មនុស្ស​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់ Oslo ដោយសារ​របួស​មា​នស​ភាព​ធ្ងន់ធ្ងរ នេះ​បើតាម​ការ​ឱ្យដឹងពី​សម​ត្ថ​កិច្ច។

    យោងតាម​នាយកដ្ឋាន​គ្រប់គ្រង​ធនធានទឹក​និង​ថាមពល​របស់​ន័​រ​វែ​ស (NVE) គ្រោះ​បាក់​ដី​នេះ​បាន​កើតឡើង​នៅពេល​ចង្កេះភ្នំ​ប្រវែង​ពី 300-700 ម៉ែត្រ បាន​រអិល​បាក់ និង​ធ្លាក់​មកក្រោម​ដោយសារតែ​បាតុភូត «ដីឥដ្ឋ​ហូរ»៕

    ប្រភព៖ CBS

  • (វីដេអូ) ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​ដ៏​មហស្ចារ្យ បង្ហាញខ្លួន​នៅ​​ក្នុង​តំបន់ Harbin ប្រទេស​ចិន

    (វីដេអូ) ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​ដ៏​មហស្ចារ្យ បង្ហាញខ្លួន​នៅ​​ក្នុង​តំបន់ Harbin ប្រទេស​ចិន

    ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​ដែល​យក​គំរូ​តាម​ស្ថាបត្យកម្ម​ល្បីឈ្មោះ​នានា​របស់​ពិភពលោក កំពុង​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​ឧទ្យាន​ដែលមាន​ទំហំ 600,000 ម៉ែត្រការ៉េ នៅ​ប្រទេស​ចិន។

    ស្ថាបត្យកម្ម​ល្បីឈ្មោះ​នានា​របស់​ពិភពលោក មានដូចជា វិហារ Yekaterinburg របស់​រុស្ស៊ី មហោស្រប Dionysus របស់​ប្រទេស​ក្រិ​ក វិហារ Peter នៅ​ប្រទេស​ឡា​ត​វី​យ៉ា (Latvia) និង​ក្លោងទ្វារ Viru របស់​ប្រទេស​អេ​ស្តូ​នី (Estonia) ជាដើម ត្រូវបាន​ចម្លង​តាម​ដោយ​ក្រុម​ស្ថាបត្យករ តាមរយៈ​ចម្លាក់​នៅលើ​ទឹកកក និង​ត្រូវបាន​ចាប់ផ្ដើម​តាំង​បង្ហាញ​នៅក្នុង​ឧទ្យាន​មួយ​ដែលមាន​ទំហំ 600,000 ម៉ែត្រក្រឡា កាលពី​ថ្ងៃទី 24 ខែធ្នូ ឆ្នាំ2020 នៅក្នុង​ខេត្ត Heilongjiang ប្រទេស​ចិន។

    ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​ស្ថាបត្យករ មកពី​ប្រទេស និង​តំបន់​ចំនួន 17 ក្នុង​ពិភពលោក ដោយ​ពួកគេ​នឹងចូលរួម​ប្រកួតប្រជែង​ស្នាដៃ​របស់ខ្លួន​តាមរយៈ​ចម្លាក់​ទឹកកក ដែល​តាម​គម្រោង​នឹងត្រូវ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី 5 ខែមករា ឆ្នាំ 2021 ហើយក៏​នឹង​អូសបន្លាយ​រហូតដល់ 1 ខែ​ឯណោះ។

    https://www.youtube.com/watch?v=l4NcKV-1Iww

    នេះ​គឺជា​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ទឹកកក​ធំជាងគេ​ទាំង 4 របស់​ពិភពលោក។ Harbin គឺជា​ទីកន្លែង​ចាប់កំណើត​នៃ​សិល្ប «គោម​ទឹកកក» របស់​ប្រទេស​ចិន៕

    ប្រភព៖ Xinhua/CNS

  • សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19​ ដល់​ពលរដ្ឋ​អាទិភាព

    សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19​ ដល់​ពលរដ្ឋ​អាទិភាព

    ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី 30 ខែធ្នូ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Pfizer ដល់​ពលរដ្ឋ​របស់ខ្លួន ដោយ​ផ្ដល់​អាទិភាព​ដំបូង​គេ​ដល់​បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​វ័យ​ចំណាស់។

    តាម​គម្រោង រដ្ឋាភិបាល​ប្រទេស​នេះ​នឹងមាន​វ៉ាក់សាំង​ក្នុង​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ 5.7 លាន​នាក់ នៅក្នុង​ត្រីមាស​ទី 3 នៃ​ឆ្នាំ 2021 ក្នុងនោះ ពលរដ្ឋ​សិង្ហ​បុរី និង​ជនបរទេស​ដែល​រស់នៅ​យូរអង្វែង​ក្នុងប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ។

    គិត​មកដល់​បច្ចុប្បន្ន សិង្ហ​បុរី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 58,569 នាក់ ក្នុងនោះ​មាន 29 នាក់​បាន​ស្លាប់ និង 58,411 នាក់​បានជា​សះស្បើយ។ ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ សិង្ហ​បុរី​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 27 ករណី​បន្ថែមទៀត។

    នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ មាន​មនុស្ស​ចំនួន 83,060,556 នាក់​បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន​អ្នកស្លាប់ 1,812,050 នាក់ និង​អ្នក​បានជា​សះស្បើយ​​ចំនួន 58,862,045 ខណៈ​អ្នក​កំពុង​ព្យាបាល​​ចំនួន 22,386,461 នាក់៕

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 2 នាក់​បន្ថែមទៀត

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 2 នាក់​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 ចំនួន 2 នាក់​បន្ថែមទៀត​កាលពី​ថ្ងៃទី30ខែធ្នូ នាំឱ្យ​តួលេខ​សរុប​នៃ​ករណី​ឆ្លង​នៅ​កម្ពុជា​ឡើងដល់ 366នាក់។

    ករណី​វិជ្ជមាន​ថ្មី​ចំនួន 2 នាក់​ខាងលើនេះ​គឺជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ រួមមាន៖ ស្ត្រី​ម្នាក់​អាយុ 36 ឆ្នាំ នៅ​ខេត្តបាត់ដំបង និង​ស្ដ្រី​ម្នាក់ទៀត​អាយុ 33 ឆ្នាំ នៅ​ខេត្ត​ប៉ៃលិន។

    គិត​មកដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 366 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 361 នាក់ និង​អ្នក​កំពុង​ព្យាបាល 5 នាក់។

  • មាន​ករណី​ផ្ទុះ​យ៉ាង​ធំ​មួយ​នៅពេល​យន្តហោះ​ដឹក​នាយករដ្ឋមន្ត្រី​យេ​មែន​ចុះចត

    មាន​ករណី​ផ្ទុះ​យ៉ាង​ធំ​មួយ​នៅពេល​យន្តហោះ​ដឹក​នាយករដ្ឋមន្ត្រី​យេ​មែន​ចុះចត

    យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 16 នាក់​បាន​ស្លាប់​នៅក្នុង​ករណី​ផ្ទុះ​មួយ​យ៉ាង​កក្រើក​នៅ​ព្រលានយន្តហោះ Aden កាលពី​ថ្ងៃទី 30 ខែធ្នូ បន្ទាប់ពី​នាយករដ្ឋមន្ត្រី រួម​នឹង​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង បាន​ចុះចត​ភ្លាម។

    សាក្សី​បានឱ្យដឹងថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ រួម​នឹង​សំឡេង​កាំភ្លើង​នៅក្នុង​ព្រលានយន្តហោះ នៅពេល​យន្តហោះ​បាន​ចុះចត​ភ្លាម។ ប្រភពព័ត៌មាន​ពី​ក្រុម​សន្តិសុខ​ក្នុង​តំបន់​បាន​ប្រាប់ថា គ្រាប់កាំភ្លើង​ត្បាល់​ចំនួន 3 គ្រាប់​បាន​ធ្លាក់​លើ​ព្រលានយន្តហោះ។ មនុស្ស​យ៉ាងតិច 13 នាក់​បាន​ស្លាប់ និង 60 នាក់​បាន​រងរបួស។ មិនទាន់មាន​ក្រុម​ណាមួយ​បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ករណីនេះ​នៅឡើយ ប៉ុន្តែ ក្រុមមន្ត្រី​យល់ថា នេះ​អាចជា​ការវាយប្រហារ​រ​បស់​ក្រុម​ឧទ្ទាម Houthi ដែលមាន​អ៊ីរ៉ង់​នៅ​ពីក្រោយ។

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​យេ​មែន លោក Moammar Al-Eryani ឱ្យដឹងថា មន្ត្រី​ទាំងអស់​មាន​សុវត្ថិភាព និង​បាន​ទៅដល់​វិមាន​ប្រធានាធិបតី​នៅក្នុង​ទីក្រុង។ នាយករដ្ឋមន្ត្រី Maeen Abdulmalik បាន​សរសេរ​នៅលើ Twitter ថា៖ «យើង​និង​ក្រុម​សមាជិក​គណៈរដ្ឋមន្ត្រី​កំពុងស្ថិត​នៅក្នុង​ទីក្រុង Aden ជា​បណ្ដោះអាសន្ន ហើយ​គ្រប់គ្នា​មិនមាន​បញ្ហា​អ្វី​ទេ។ សកម្មភាព​ភេរវកម្ម​ដ៏​កំសាក វាយប្រហារ​លើ​ព្រលានយន្តហោះ Aden គឺជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធ​ដែល​កំពុង​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ពលរដ្ឋ​យេ​មែន។

    រដ្ឋាភិបាល​ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ និង​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគខាងត្បូង បាន​ចាប់ដៃគ្នា​បង្កើតជា​គណៈរ​ដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី 18 ខែធ្នូ ដើម្បី​បង្កើត​សមរភូមិ​រួមមួយ​ក្នុង​បំណង​ទប់​ទល់នឹង​ឧទ្ទាម Houthi ដែល​កំពុង​កាន់កាប់រ​ដ្ឋ​ធានី Sana’a និង​ភាគច្រើន​នៃ​តំបន់​ភាគ​ខាងជើង។

    សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ទៅកាន់​ទីក្រុង Aden តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ប្រធានាធិបតី​យេ​មែន Abedrabbo Mansour Hadi បានតែងតាំង​ពួកគេ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​សម្ព័ន្ធមិត្ត​យោធា​ប្រឆាំងនឹង​ឧទ្ទាម Houthi។ លោក Hadi បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី Riyadh របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​រដ្ឋធានី Sana’a បាន​ធ្លាក់​ទៅលើ​កណ្ដាប់ដៃ​របស់​ក្រុម Houthi កាលពី​ឆ្នាំ 2014។

    មនុស្ស​រាប់ម៉ឺន​នាក់ ដែល​ភាគច្រើន​គឺជា​ជន​ស៊ីវិល បាន​បាត់​បង់ជីវិត និង​រាប់លាន​នាក់​បាន​ភៀសខ្លួន​ចោលផ្ទះ​សម្បែង​ក្នុងអំឡុង​សង្គ្រាម​ដែល​អូសបន្លាយ 5 ឆ្នាំ​នៅ​យេ​មែន។ អង្គការសហប្រជាជាតិ​បាន​ហៅ​សង្គ្រាម​នេះ​ថា​ជា​សោកនាដកម្ម​មនុស្សធម៌​អាក្រក់​បំផុត​ក្នុង​ពិភពលោក៕

    ប្រភព៖ Reuters, AFP