Author: សឿន សំណាង

  • ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក ក្នុងអំឡុង24ម៉ោង​ចុងក្រោយ

    ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក ក្នុងអំឡុង24ម៉ោង​ចុងក្រោយ

    នៅក្នុង​អំឡុង 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​មិនមាន​ករណី​វិជ្ជមាន​នឹង Covid-19 នោះទេ ខណៈ​ពិភពលោក​ទាំងមូល​រក​ឃើញ 531,138 នាក់ ដែលជា​ករណី​វិជ្ជមាន​ថ្មី។

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា សម្រាប់ 24 ម៉ោង​មកនេះ កម្ពុជា​មិនមាន​ករណី​វិជ្ជមាន​នឹង Covid-19 ប៉ុន្តែ​មាន​ករណី​ជាសះស្បើយ​ចំនួន 1 នាក់។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​នេះ​គឺជា​ពល​ការិនី​ខ្មែរ​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម។

    គិត​មកដល់​ថ្ងៃទី 18 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 439 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 386 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 53 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​វិជ្ជមាន​នឹង Covid-19 បាន​កើន​ឡើងដល់ 95,464,775 នាក់ ក្នុងនោះ​មាន 2,039,083 បាន​បាត់​បង់ជីវិត។ ក្នុង​រយៈពេល 24 ម៉ោង​កន្លងមកនេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន 531,138 នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 9,151 នាក់។ សម្រាប់​តួលេខ​នៃ​អ្នក​កំពុង​ទទួល​ការព្យាបាល មាន​ចំនួន 25,270,240 នាក់ ក្នុងនោះ​មាន 113,222 នាក់ កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការស្លាប់ ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

  • (វីដេអូ)-ឆេះ​ព្រៃ​នៅ​ឈី​លី! មនុស្ស​ជាង 25,000នាក់​ត្រូវ​ជម្លៀស​ខ្លួន

    (វីដេអូ)-ឆេះ​ព្រៃ​នៅ​ឈី​លី! មនុស្ស​ជាង 25,000នាក់​ត្រូវ​ជម្លៀស​ខ្លួន

    កាលពី​ថ្ងៃទី 15 មករា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឈី​លី Roberto Delgado បានប្រកាសថា ភ្លើង​ឆេះ​ព្រៃ​មួយចំនួន​ដែល​បាន​កើតឡើង​ក្នុង​តំបន់​មួយ​នៃ​ទីក្រុង Valparaiso នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ បាន​បំផ្លាញ​ផ្ទះ​ចំនួន 6 ខ្នង ព្រៃឈើ​ជាង 300 ហិកតា និង​នាំឱ្យ​មនុស្ស​យ៉ាងហោច 25,000 នាក់​ត្រូវ​ជ​ម្លៀ​ង​ខ្លួន​ដើម្បី​ការពារ​ជីវិត។

    នាយកដ្ឋាន​គ្រប់គ្រង​បញ្ហា​អាសន្ន​របស់​ឈី​លី (Onemi) មុននេះ​បាន​បញ្ជាក់ថា ក្នុងអំឡុង​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ 4 លើក​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់ Quilpue មាន​ចម្ងាយ​ពី​រដ្ឋធានី Santiago ប្រហែល 110 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ។ ករណី​ឆេះ​ព្រៃ​ដំបូង​បានកើត​ឡើង​នៅ Quilpue កាលពី​ព្រលប់​ថ្ងៃទី 14 មករា។ ផ្សែង​ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ​នេះ មាន​ទំហំ​ធំ​ដែល​អាច​មើលឃើញ​ពី​រដ្ឋធានី Santiago។

    រដ្ឋមន្ត្រី Delgado បង្ហើប​ឱ្យដឹងថា ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​នេះ នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ឆេះ​ព្រៃ​នៅ Valparaiso បន្ទាប់ពី​នាយកដ្ឋាន​ព្រៃឈើ​ជាតិ (Conaf) យល់ថា ករណី​ឆេះ​ព្រៃ​ទាំងនេះ​ទំនងជា​ចេតនា​អាក្រក់​របស់​ជន​ណាមួយ។

    https://www.youtube.com/watch?v=tx2XZGmrOAg

    ឈី​លី​ដែលជា​ប្រទេស​ទទួលរង​គ្រោះធម្មជាតិ​ច្រើន​នៅក្នុង​រដូវក្ដៅ បច្ចុប្បន្ន​កំពុងតែ​ឆ្លងកាត់​គ្រោះរាំងស្ងួត​អាក្រក់​បំផុត​ក្នុងអំឡុង 6 ទសវត្សរ៍​មកនេះ ដោយ 76% នៃ​ផ្ទៃដី​របស់​ប្រទេស​នេះ​ត្រូវ​ខ្វះ​ទឹក​ប្រើប្រាស់។ ស្ថានភាព​អាក្រក់​បំផុត​កំពុង​កើតឡើង​នៅ​ភាគ​កណ្ដាល ដោយសារតែ​បរិមាណ​ទឹកភ្លៀង​បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2019 មកនេះ។

    ចាប់ពី​ខែកក្កដា ឆ្នាំ 2019 ដល់​ខែមិថុនា ឆ្នាំ 2020 ឈី​លី​មាន​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ជាង 8,125 ករណី​ដែល​បានកើត​ឡើង​នៅលើ​ផ្ទៃដី​ប្រហែល 102,000 ហិកតា ក្នុងនោះ​មាន​ជាង 3,500 ករណី បណ្ដាលមកពី​មនុស្ស៕

    ប្រភព៖ Garda, Tetova News

  • ទាហាន​ការពារជាតិ​អាមេរិក 25,000​ នាក់ កំពុង​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី

    ទាហាន​ការពារជាតិ​អាមេរិក 25,000​ នាក់ កំពុង​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី

    កាលពី​ថ្ងៃទី 15 មករា កងទ័ព​អាមេរិក​បាន​បញ្ជាក់ថា ទាហាន​ការពារជាតិ​ប្រមាណ 25,000 នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ។

    យោងតាម​សេចក្ដីប្រកាស​មួយ ក្រសួងការពារជាតិ​បានផ្ដល់​សិទ្ធិ​ដល់​ទាហាន​ចំនួន 25,000 នាក់ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អង្គភាព​ស៊ើប​ការសម្ងាត់​អាមេរិក (កើន 5,000 នាក់ ធៀប​នឹង​តួលេខ​ដែល​ត្រូវបាន​បញ្ជាក់​កាលពីដើម​សប្ដាហ៍​នេះ) ដើម្បី​ជួយ​ដល់​សកម្មភាព​អនុវត្ត​ច្បាប់ និង​ត្រៀម​សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ពិធី​ឡើងកាន់​អំណាច​របស់​ប្រធានាធិបតី​ថ្មី។ ឧ​ត្ត​ម​សេនីយ៍ Daniel Hokanson មេបញ្ជាការ​នៃ​កងកម្លាំង​ការពារជាតិ បានឱ្យដឹងថា ក្រុម​ទាហាន និង​អ្នកបើកបរ​យន្តហោះ ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ទីក្រុង​ដើម្បី​ការពារ​រដ្ឋធានី​របស់​ប្រទេស​នេះ។

    ក្រៅពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន រដ្ឋតូចៗ និង​តំបន់​ជាច្រើន​ផ្សេងទៀត​ក៏បាន​បញ្ជូន​កងកម្លាំង​ការពារជាតិ​របស់ខ្លួន​មកកាន់​ទីក្រុង​វ៉ា​ស៊ី​ង​តោន ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ខាងមុខ ក្រោយពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 មករា​កន្លងទៅ។ ប្រការនេះ​ត្រូវបាន​មនុស្ស​មួយចំនួន​ប្រដូច​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ទៅនឹង​សមរភូមិ​ក្នុងសម័យ​សង្គ្រាម។

    ក្រុម​ទាហាន​ដែល​បានដាក់​ពង្រាយ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវបាន​បញ្ជូន​មកពី​រដ្ឋ​មួយចំនួន រួមមាន Arizona, Colorado, Delaware, Illinois, Maryland, New Jersey, New Mexico, New York, Ohio, Pennsylvania, Vermont, Virginia និង​រដ្ឋ Washington ជាមួយនឹង​ការបន្ថែម​ទាហាន​មួយចំនួន​ផ្សេង​ទៀត​ពី​បណ្ដា​រ​ដ្ឋ Wisconsin, Nebraska, Oklahoma, New Mexico និង​រដ្ឋ Maine ផងដែរ៕

    ប្រភព​៖ Washington Post

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 10នាក់​ទៀត ដែលជា​ករណី​នាំចូល

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 10នាក់​ទៀត ដែលជា​ករណី​នាំចូល

    ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 10 នាក់​បន្ថែមទៀត ដែល​សុទ្ធតែជា​ពលករ​កម្ពុជា​មកពី​ប្រទេស​ថៃ។

    ក្នុងចំណោម​នាក់​វិជ្ជមាន​នឹង Covid-19 ខាងលើនេះ មាន​បុរស 3 នាក់ និង​ស្ត្រី 7 នាក់ មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ បាត់ដំបង និង​ប៉ៃលិន ដែល​ក្នុងនេះ​ភាគច្រើន​គឺជា​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ។ ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 436 នាក់ ក្នុងនោះ​មាន 382 នាក់​បានជា​សះស្បើយ និង 54 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប បាន​កើន​ដល់ 94,278,325 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,016,529 និង​អ្នកជា​សះស្បើយ​សរុប​ចំនួន 67,318,670 នាក់។ ក្នុងចំណោម​អ្នក​កំពុង​ព្យាបាល​ចំនួន 24,943,126 នាក់ មាន​អ្នកជំងឺ​ជាង 111,460 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ព្រោះ​តែមាន​អាការ​ធ្ងន់ធ្ងរ៕

  • CEO ថ្មី​របស់ Intel៖ ពី «ក្មេង​​គង្វាល​គោ​ និង​មើលថែ​ជ្រូក ត្រូវបាន Intel ហៅចូល​ធ្វើការ​ក្នុង​វ័យ 18ឆ្នាំ បើ​ទោះ​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ»

    CEO ថ្មី​របស់ Intel៖ ពី «ក្មេង​​គង្វាល​គោ​ និង​មើលថែ​ជ្រូក ត្រូវបាន Intel ហៅចូល​ធ្វើការ​ក្នុង​វ័យ 18ឆ្នាំ បើ​ទោះ​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ»

    កាលពី​ថ្ងៃទី 13 ខែមករា ក្រុមហ៊ុន​បច្ចេកវិទ្យា Intel បានប្រកាសថា CEO បច្ចុប្បន្ន​របស់​ពួកគេ​គឺ​លោក Bob Swan នឹង​លាលែង​ពី​តំណែង​នៅ​ខែក្រោយ ហើយ Pat Gelsinger (Patrick P. Gelsinger) នឹង​ចូលមក​ជំនួស។ នេះ​គឺជា​ការវិល​ត្រលប់​មកវិញ​របស់ «កូន​ក្បាលខូច» ព្រោះថា Gelsinger អាយុ 59 ឆ្នាំ ធ្លាប់បាន​តស៊ូ​ជាមួយ Intel រយៈពេល 3 ទសវត្សរ៍ មុនពេល​ចូល​បម្រើ​ការឱ្យ EMC នៅ​ឆ្នាំ 2009 និង​ក្រោយមក​ក៏បាន​ក្លាយជា​មេដឹកនាំ​កំពូល​នៅ VMware។

    Intel កំពុងតែជួបប្រទះ​ការលំបាក​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ឈី​ប​កុំព្យូទ័រ​ដើម្បី​ផ្គត់ផ្គង់​ដល់​ដៃគូ​របស់ខ្លួន ដោយសារតែ​ដៃគូ​ជំនួញ​ទាំងនេះ កំពុង​ចាកចោល Intel ម្ដងមួយៗ ខណៈដែល​គូប្រជែង​នានា​ក៏​កំពុង​ពង្រីក​ឥទ្ធិពល និង​ដណ្ដើម​ទីផ្សារ។ ប្រការនេះ​បង្ហាញថា Intel ដល់ពេល​ត្រូវមាន​កំពូល​យុទ្ធសាស្ត្រ​ថ្មី ឬ​ត្រូវ​ប្ដូរ​ថ្នាក់ដឹកនាំ ដែល​នេះ​ក៏​អាចជា​មូលហេតុ​ដែល CEO បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ សុំលាលែង​ពី​តំណែង ហើយ​ប្រការ​នេះដែរ​បាន​នាំឱ្យ​មានឱកាស​សម្រាប់​អតីត​បុគ្គលិក Intel ម្នាក់ ក្នុងការ​ត្រលប់​មកវិញ នោះ​គឺ Pat Gelsinger។

    ធំ​ឡើង​នៅក្នុង​គ្រួសារ​ចិញ្ចឹមសត្វ​គោ និង​ជ្រូក នៅក្នុង​តំបន់ Amish ដែលជា​ជនបទ​មួយ​ក្នុង​រដ្ឋ Pennsylvania ​សហរដ្ឋ​អាមេរិក ​Gelsinger តែងតែ​ត្រូវ​ក្រោក​ពី​ព្រលឹម​មុន​ថ្ងៃ​រះ​ដើម្បី​មើលថែ​ជ្រូក និង​គោ។ ភារកិច្ច​ចម្បង​ក្នុងពេល​ព្រឹក​របស់ Gelsinger គឺ «ដើរ​តម្រង់​ទៅកាន់​កន្លែង​ពលកម្ម​ដែល​ពោរពេញ​ភាពកខ្វក់ ហើយ​ត្រូវ​ព្យាយាម​គេចចេញ​ពី “កណ្ដាប់​ជើង” របស់​សត្វ​គោ​ទាំង​ផង» នេះ​បើតាម​ទស្សនាវដ្ដី Forbes។

    ឪពុកម្ដាយ​របស់ Gelsinger រៀន​បានត្រឹមតែ​ថ្នាក់​ទី 7 ប៉ុណ្ណោះ ប៉ុន្តែ «កាលពីកូនៗនៅ​ក្មេង ពួកគាត់​តែងតែ​ជំរុញ​ឱ្យ​ខំ​សិក្សា​រៀនសូត្រ»។ ដោយសារតែ​ខំរៀន និង​ពូកែ​ខាង​គណិតវិទ្យា វិទ្យាសាស្ត្រ Gelsinger ក៏បាន​បញ្ចប់​ការសិក្សា​ក្រោយពី​ទទួលបាន​អាហារូបករណ៍​ពីសា​ខា​មួយ​របស់​វិទ្យាស្ថាន​បច្ចេកទេស Lincoln។ នោះ​គឺជា​កន្លែង​ដែល Gelsinger បាន​ប៉ះ​កុំព្យូទ័រ​ជា​លើកដំបូង​ក្នុង​ជីវិត។ ក្រោយមក ព្រោះតែ​ពូកែ​ក្នុង​វិស័យ​អេឡិចត្រូនិក ទើប Gelsinger ទទួលបាន​ចំណាប់អារម្មណ៍​ពី​ក្រុមហ៊ុន Intel។ បន្ទាប់មក Gelsinger ក៏បាន​ជិះ​យន្តហោះ​ជា​លើកដំបូង​ដើម្បី​ទៅ​សម្ភាស​ការងារ​នៅ​ជ្រលង Silicon។ ថ្វីបើ​មាន​អាយុ​ទើបតែ 18 ឆ្នាំ និង​មិនទាន់មាន​បរិញ្ញាបត្រ ប៉ុន្តែ Gelsinger នៅតែ​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Intel ​ជា​មួយ​នឹង​​តួនាទី​ជា​បុគ្គលិក​បច្ចេកទេស​គ្រប់គ្រង​គុណភាព​ក្នុង​ឆ្នាំ 1979។

    ដោយបាន​ប្រើប្រាស់​កម្មវិធី​បង់ថ្លៃ​សិក្សា​ដ៏​ល្អ​របស់ Intel និង​ម៉ោង​ធ្វើការ​ដែល​អាច​បត់បែន​បាន​នៅទីនេះ Gelsinger ក៏បាន​ឆ្លៀត​រៀន​បន្ថែម​រហូត​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ Santa Clara ក្នុង​ឆ្នាំ 1983 និង​​អនុ​បណ្ឌិត​​នៅ Stanford ក្នុង​ឆ្នាំ 1985 ដែល​ទាំងនេះ​បានកើត​ឡើង​នៅក្នុង​អំឡុងពេល​កំពុង​ធ្វើការ​ពេញ​ម៉ោង។

    លោក Patrick P. Gelsinger

    ពេលធ្វើការ​នៅ Intel កំលោះ Gelsinger ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​សំណាក់ CEO ដែល​ពេលនោះ​គឺ​លោក Andy Grove។ កាលនោះ Gelsinger ទទួល​ភារកិច្ច​ជា​អ្នក​រចនា​ឈី​ប 486 ដ៏​ល្បីឈ្មោះ ខណៈ​លោក​មាន​អាយុ 20 ឆ្នាំ។ មិនយូរប៉ុន្មាន Gelsinger ក៏បាន​ក្លាយជា​នាយ​កប​ច្ចេក​វិទ្យា​ដំបូង​របស់​ក្រុមហ៊ុន​នេះ នា​ឆ្នាំ 2001 ក្នុងពេល​មាន​វ័យ 40 ឆ្នាំ។

    បើទោះជា​បាន​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​រយៈពេល​យ៉ាងយូរ ប៉ុន្តែ​ចុងក្រោយ Gelsinger នៅតែ​មិនបាន​ទទួល​តំណែង​ខ្ពស់បំផុត​ក្នុង​ឆ្នាំ 2005 ដោយពេល​នោះ Paul Otellini ជា​អ្នក​ត្រូវបាន​ជ្រើសរើស។ ដោយសារ​ខកចិត្ត Gelsinger ក៏បាន​សុំ​ឈប់ និង​ទៅធ្វើ​ការឱ្យ​ក្រុមហ៊ុន​រក្សា​ទិន្នន័យ EMC ក្នុងឋានៈ​ជា​ប្រធាន​ផ្នែក​មួយរូប នា​ឆ្នាំ 2009។

    ក្នុង​បំណង​ក្លាយជា CEO លោក Gelsinger បាន​ស្នើឱ្យ​ក្រុមហ៊ុន អនុញ្ញាតឱ្យ​ខ្លួន​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាភិបាល​របស់ EMC ដែល​ក្រោយមក​ក៏​ទទួលបាន​ដំបូន្មាន​ច្រើន​ពី​សហ​ស្ថាបនិក Jack Egan ក្នុងនោះ​ក៏មាន​បញ្ហា​ទាក់ទង​នឹង​ការ​ស្លៀកពាក់ ការយល់ដឹង​អំពី​ហិរញ្ញវត្ថុ​ក្រុមហ៊ុន។ល។ ដូច្នេះ Gelsinger ក៏បាន​ចំណាយពេល​មួយឆ្នាំ​ដើម្បី​ទទួលយក​ចំណេះដឹង​ពី​សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​នៅ​សាកលវិទ្យាល័យ Columbia។

    ការប្រឹងប្រែង​របស់ Gelsinger ចុងក្រោយ​ក៏​ទទួលបាន​លទ្ធផល​ល្អ នៅពេល​លោក​បាន​ឡើង​គ្រប់គ្រង​តំណែង​ខ្ពស់បំផុត​នៅក្នុង​ក្រុមហ៊ុន VMware ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ EMC នា​ឆ្នាំ 2012។

    ការដឹកនាំ​ក្រុមហ៊ុន​នេះ​ក្នុង​គ្រា​ដំបូង​របស់ Gelsinger បាន​បរាជ័យ ទាក់ទង​នឹង​ការ​ទប់​ទល់នឹង​បច្ចេកវិទ្យា cloud computing។ ក្រោយមក បន្ទាប់ពី​បាន​យល់ច្បាស់​ពី​បញ្ហា លោក​ក៏បាន​កែប្រែ​យុទ្ធសាស្ត្រ​ទាំងស្រុង និង​បាន​សហការ​ជាមួយ Amazon និង Microsoft ទន្ទឹមនឹង​ការបង្កើត​ផ្នែក​ទន់ (software) ដើម្បី​ជួយ​ដល់​អតិថិជន​របស់ខ្លួន ក្នុងការ​ងាក​ទៅរក​បច្ចេកវិទ្យា​ខាងលើ។

    ចំណេះដឹង និង​បទពិសោធន៍​ស៊ីជម្រៅ​របស់ Gelsinger នឹង​អាចជួយ​ដឹកនាំ Intel ឱ្យ​គេច​ផុតពី​ការលំបាក​នៅក្នុង​វិស័យ​ផលិត​ឈី​ប​នាពេលខាងមុខ។ សូម​រង់ចាំ​តាមដាន​មើល​ទាំងអស់គ្នា!

  • ចិន​បង្ហាញ​គំរូ​ក្បាលរថភ្លើង​មហា​ល្បឿន៖ 620 គីឡូម៉ែត្រ/ម៉ោង និង​អាចធ្វើ​ដំណើរ​បាន 1,600គម/ម៉ោង នៅក្នុង​បំពង់​ដែក

    ចិន​បង្ហាញ​គំរូ​ក្បាលរថភ្លើង​មហា​ល្បឿន៖ 620 គីឡូម៉ែត្រ/ម៉ោង និង​អាចធ្វើ​ដំណើរ​បាន 1,600គម/ម៉ោង នៅក្នុង​បំពង់​ដែក

    គំរូ​រថភ្លើង​ថ្មី​ និង​ទំនើប​បំផុត​​នេះ​ ប្រើប្រាស់​បច្ចេកវិទ្យា​មេដែក​នាំ​កម្ដៅ​កម្រិត​កំពូល maglev/HTS (high-temperature superconducting) អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ពី​ក្រុង​ឡុង​ដ៍​ទៅកាន់​ក្រុង​បារី​ស (344 គម) ក្នុង​រយៈពេល 47 នាទី។

    ក្បាលរថភ្លើង​គំរូ​នេះ​ត្រូវបាន​ឧទ្ទេសនាម​នៅក្នុង​ទីក្រុង Chengdu ប្រទេស​ចិន។ រថភ្លើង​នេះ​ធ្វើដំណើរ​ក្នុង​ល្បឿន​អតិបរមា 620 គម/ម៉ោង។ ដងខ្លួន​របស់​វា​ត្រូវបាន​ធ្វើឡើង​អំពី​សរសៃ​កា​បោ​ន​មហា​ស្រាល ចំណេ​ក​ច្រមុះ​របស់​វា​មាន​រាង​ស្រដៀង​នឹង​ច្រមុះជ្រូក​ផ្នែក​ខាងលើ។ វា​ប្រើប្រាស់​បច្ចេកវិទ្យា​មេដែក​នាំ​កម្ដៅ​កម្រិត​កំពូល ដូច​បាន​រៀបរាប់​ខាងដើម។

    ផ្លូវដែក​ប្រវែង 165 ម៉ែត្រ សម្រាប់​ប្រើ​ក្នុងការ​ពិសោធ​ក្បាលរថភ្លើង​ថ្មី​នេះ ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ។

    មធ្យោបាយ​ធ្វើដំណើរ​នេះ មាន​បច្ចេកវិទ្យា​ហ្វ្រាំង​បន្ទាន់​ពិសេស ប៉ុន្តែ​ជាក់ស្ដែង​ពួកគេ​មិនត្រូវ​ការប្រើ​វា​ទេ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ ឱ្យដឹងថា ពួកគេ​ក៏​អាច​តាមដាន​គ្រប់យ៉ាង​នៃ​រថភ្លើង​នេះ​ពី​ចម្ងាយ​នៅលើ​ដី។

    យោងតាម​សាកលវិទ្យាល័យ Southwest Jiaotong ដែលជា​ក្រុម​អ្នក​រចនា​មួយ​នៃ​គម្រោង​រថភ្លើង​នេះ ឱ្យដឹងថា រថភ្លើង​ប្រភេទ maglev នេះ ត្រូវបាន​រចនា​ឡើង​ក្នុងប្រទេស និង​អាចធ្វើ​ដំណើរ​បាន 620 គម/ម៉ោង។ ធៀប​នឹង​បច្ចេកវិទ្យា «មហា​ស្រាល​ដែល​ប្រើប្រាស់​កម្លាំង​ម៉ាញេទិក» (magnetic levitation) ដែ​ទៃ រថភ្លើង​នេះ​សមស្រប​សម្រាប់​អនាគត​នៃ​បណ្ដាញ​គមនាគមន៍​ល្បឿន​មហា​លឿន​ដែល​ធ្វើដំណើរ​ក្នុង​បំពង់​ដែក ជា​កន្លែង​ដែល​រថភ្លើង​អាចធ្វើ​ដំណើរ​បាន 1,600 គម/ម៉ោង៕

    ប្រភព៖ Xinhua, CCTV

  • វៀតណាម​អះអាងថា «វ៉ាក់សាំង Covid-19 របស់ខ្លួន បង្កើត​អង់​ទី​ក័​រ​ច្រើនជាង 20ដង ធៀប​នឹងអ្នក​មិន​បាន​ចាក់»

    វៀតណាម​អះអាងថា «វ៉ាក់សាំង Covid-19 របស់ខ្លួន បង្កើត​អង់​ទី​ក័​រ​ច្រើនជាង 20ដង ធៀប​នឹងអ្នក​មិន​បាន​ចាក់»

    ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 កម្រិត​នៃ​ការ​ទប់​ទល់នឹង​ការឆ្លង​វីរុស​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​វា​បង្កើត​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង ទៅ 20 ដង បើ​ធៀប​នឹង​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​​នេះ។

    អនុប្រធាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​វៀតណាម លោក Ho Anh Son កាលពី​ថ្ងៃទី 14 មករា ឱ្យដឹង​ថា យោងតាម​ការស្រាវជ្រាវថ្មីៗនេះ កម្រិត​នៃ​ការឆ្លើយតប​របស់​អង្គ​ប​ដិ​ប្រាណ​នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង បើ​ធៀប​នឹង​មនុស្ស​ធម្មតា។ ជាង​នេះ ក៏មាន​អ្នកស្ម័គ្រចិត្ត​ខ្លះ​កកើត​អង់​ទី​ក័​រ​ច្រើនជាង 20 ដង​ក៏មាន។

    លោក Son បញ្ជាក់ថា ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 លើក​ទី​ពីរ បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​របស់​អ្នកស្ម័គ្រចិត្ត​នឹង​កើនឡើង​ខ្ពស់ និង​រក្សា​កម្រិត​នេះ​បានយូរ​អង្វែង។ ដូច្នេះ ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​លើក​ទី​ពីរ​ក្នុង​ថ្ងៃទី 14 មករា នឹង​ត្រូវបាន​តាមដាន​ក្នុង​រយៈពេល 6 ខែ ដើម្បី​ឱ្យដឹងថា សមត្ថភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​នេះ​អាច​បន្លាយពេល​យូរ​ប៉ុនណា។ ក្រោយ​រយៈពេល​មួយឆ្នាំ ក្រុម​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​វាយតម្លៃ​លើ​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ក្នុង​រាងកាយ ដើម្បីឱ្យ​​អ្នក​ស្រាវ​ជ្រាវ​​កំណត់​​បរិមាណ​វ៉ាក់សាំង និង​ផែនការ​ចម្រាញ់​ជ្រើសរើស។

    អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាវៀតណាម លោក Ho Anh Son

    ប៉ុន្តែ មកដល់​បច្ចុប្បន្ន មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​អាច​កំណត់​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​នៅ​ឡើយ​។ ក្រោយ​ចូលឆ្នាំ​ចិន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​វៀតណាម​នឹងមាន​គម្រោង​ពិសោធ​វ៉ាក់សាំង Covid-19 ឈ្មោះ Nanocovax នេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ ដែល​គ្រោង​នឹង​ចាក់​ពីរ​ម្ជុល​ក្នុង​មួយ​ដូ​ស។

    Nanocovax គឺជា​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ដំបូង​របស់​វៀតណាម ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ជីវ​បច្ចេកវិទ្យា Nanogen។ វ៉ាក់សាំង​នេះ​ត្រូវការ​សីតុណ្ហភាព​ចាប់ពី 2 អង្សា​សេ ដល់ -8 អង្សា​សេ ដើម្បី​រក្សា​គុណភាព​បានល្អ។

    កាលពី​ព្រឹក​ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2020 វ៉ាក់សាំង Covid-19 មួយ​ម្ជុល​ដំបូង​របស់​វៀតណាម ត្រូវបាន​ចាក់ឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 3 នាក់ ក្នុងចំណោម​ជាង 200 នាក់​ដែល​បាន​ចុះឈ្មោះ។ គិត​មកដល់​បច្ចុប្បន្ន ការពិសោធ​វ៉ាក់សាំង Nanocovax លើ​មនុស្ស​ដំណាក់កាល​ដំបូង​នេះ សម្រេចបាន 50% ហើយ​តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2021។ ក្រសួងសុខាភិបាល​នឹងធ្វើ​ការវាយតម្លៃ នៅ​មុនពេល​អនុញ្ញាតឱ្យ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​ពីរ ដោយមាន​អ្នកស្ម័គ្រចិត្ត​ចំនួន 560 នាក់៕

    ប្រភព៖ CB

  • រញ្ជួយ​ដី​លើ​កោះ​មួយ​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ជាច្រើន​នាក់

    រញ្ជួយ​ដី​លើ​កោះ​មួយ​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ជាច្រើន​នាក់

    គ្រោះ​រញ្ជួយ​ដី​ដែលមាន​កម្លាំង 6.2 រិច​ទ័​រ នៅក្បែរ​កោះ Sulawesi របស់​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​មិញ​នេះ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ផ្ទះ​រាប់សិប​ខ្នង​ត្រូវបាន​បំផ្លាញ។

    នាយកដ្ឋាន​គ្រប់គ្រង​គ្រោះធម្មជាតិ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ ស្ថិតនៅ​ជម្រៅ 10 គីឡូម៉ែត្រ​ក្រុម​ដី​ដែលមាន​ចម្ងាយ 6 គីឡូម៉ែត្រ​ទៅ​ទិស​ភាគ​ឦសាន​នៃ​ទីក្រុង Majene ក្នុង​ខេត្ត Sulawesi ខាងលិច។ គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃទី 15 មករា​នេះ មិន​បង្កឱ្យមាន​រលក​យក្ស​នោះទេ ប៉ុន្តែ​គេ​អាច​ដឹក​បាន​យ៉ាងច្បាស់​ថា វា​កើតឡើង​ក្នុង​រយៈពេល 7 វិនាទី។

    គ្រោះធម្មជាតិ​នេះ​ក៏​នាំឱ្យមាន​មនុស្ស​យ៉ាងតិច 7 នាក់​បាត់​បង់ជីវិត និង​រាប់រយ​នាក់​ត្រូវ​រងរបួស។ ទីក្រុង Majene មាន​អ្នកស្លាប់​ចំនួន 4 នាក់ និង 637 នាក់​រងរបួស ខណៈ​នៅ​ខេត្ត Mamuju មាន​មនុស្ស​ស្លាប់ 3 នាក់ និង​ជាង 20 នាក់​រងរបួស។ ផ្ទះ​របស់​ប្រជ​ន​ជន​ជាង 60 ខ្នង​បាន​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំងស្រុង។

    អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានប្រកាសថា ពលរដ្ឋ​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ចេញពី​កន្លែងកើតហេតុ។ ការិយាល័យ​របស់​សណ្ឋាគា​រ​មួយ និង​ការិយាល័យ​របស់​អភិបាលខេត្ត Sulwesi ក៏​ត្រូវបាន​រាយការណ៍​ថា ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​កំពុង​ដាច់​ភ្លើង។

    មុន​នោះ​ប៉ុន្មាន​ម៉ោង ក៏មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង 5.9 រិច​ទ័​រ បានកើត​ឡើង​នៅ​តំបន់​នេះ​កាលពី​យប់​ថ្ងៃទី 14 មករា ធ្វើឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ខូចខាត ប៉ុន្តែ​មិនមាន​សេចក្ដីរាយការណ៍​ណា​បញ្ជាក់​អំពី​ករណី​ស្លាប់ ឬ​របួស​នៅឡើយ។

    ឥណ្ឌូនេស៊ី​តែងតែ​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតក្នុង​តំបន់ «ខ្សែក្រវាត់​ភ្លើង» របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជា​កន្លែង​ដែល​បន្ទះ tectonic plate ក្រោម​ស្រទាប់ដី និង​លើ​ថ្ម​រាវ ប៉ះទង្គិច​នឹង​គ្នា។ កាលពី​ឆ្នាំ 2018 មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង 7.5 រិច​ទ័​រ និង​រលក​យក្ស​មួយ​បាន​កើតឡើង​នៅលើ​កោះ Sulawesi បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាង 4,300 នាក់៕

    ប្រភព៖ Reuters

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន 15នាក់​បន្ថែមទៀត ខណៈ​ពិភពលោក​រក​ឃើញ​ជិត​ 700,000​​នាក់​

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន 15នាក់​បន្ថែមទៀត ខណៈ​ពិភពលោក​រក​ឃើញ​ជិត​ 700,000​​នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 15 នាក់​បន្ថែមទៀត​ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ នាំឱ្យ​តួលេខ​សរុប​បាន​កើន​ដល់ 426 នាក់។

    អ្នក​វិជ្ជមាន​ទាំង 15 នាក់​ចុង​ក្រោយនេះ សុទ្ធតែជា​ពលរដ្ឋ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​អាន​បញ្ជី​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន (15 មករា) អ្នកជំងឺ Covid-19 ចំនួន 381 នាក់​បានជា​សះស្បើយ ខណៈ 45 នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នកជំងឺ​សរុប 426នាក់។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន 93,458,721 នាក់ ក្នុងនោះ​មាន 2,000,453 នាក់​បាន​ស្លាប់ និង 66,754,559 នាក់​បានជា​សះស្បើយ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24,703,709 នាក់ ដែល​ក្នុង​នេះដែរ​ក៏មាន​អ្នកជំងឺ 111,779 នាក់​អាច​នឹង​បាត់បង់​ជីវិត​ព្រោះតែ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ៕

  • ស្ថានភាព Covid-19 នៅ​អាស៊ីអាគ្នេយ៍​ក្នុងអំឡុង 24ម៉ោង​មុន

    ស្ថានភាព Covid-19 នៅ​អាស៊ីអាគ្នេយ៍​ក្នុងអំឡុង 24ម៉ោង​មុន

    យោងតាម​ស្ថិតិ​នៅលើ​ទំព័រ Worldometers មកដល់​នាទីចុងក្រោយ​នៃ​ថ្ងៃទី 14 មករា បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បាន​រកឃើញ​មនុស្ស​ចំនួន 17,750 នាក់​បន្ថែមទៀត​ដែល​វិជ្ជមាន​នឹង Covid-19។

    ក្នុងអំឡុង 24 ម៉ោង​កន្លងទៅ ASEAN មាន​សមាជិក​ចំនួន 5 ប្រទេស មាន​ករណី​ស្លាប់​ដោយសារ Covid-19 រួមមាន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មី​យ៉ាន​ម៉ា និង​ម៉ាឡេស៊ី។

    ឥណ្ឌូនេស៊ី​បន្ត​ជា​សម្បុក​វីរុស​ធំជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយបាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 869,600 នាក់ និង​ស្លាប់​ចំនួន 25,246 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន 11,557 នាក់ និង​ស្លាប់​ថ្មី​ចំនួន 295 នាក់។

    ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន​ម៉ា ថៃ ក៏​កំពុងតែ​ជា​ប្រទេស​ដែលមាន​ភាពវឹកវរ​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ វីរុស Covid-19 បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន 38,611 នាក់​នៅ​ទូទាំង​តំបន់​នេះ កើន 362 នាក់ បើ​ធៀប​នឹង​ម្សិលមិញ ខណៈ​អ្នក​វិជ្ជមាន​បាន​កើន​ដល់ 1,717,424 នាក់។ ចំណែក​អ្នក​បានជា​សះស្បើយ មាន​ចំនួន 1,468,261 នាក់៕