Author: សឿន សំណាង

  • ក្រុមហ៊ុន​វៀតណាម​បង្ហាញ​រថយន្ត​ស្វ័យប្រវត្ត ប្រើ​បញ្ហា​សិប្បនិម្មិត និង​ទទួល​ការបញ្ជាទិញ​ចាប់ពី​ខែឧសភា

    ក្រុមហ៊ុន​វៀតណាម​បង្ហាញ​រថយន្ត​ស្វ័យប្រវត្ត ប្រើ​បញ្ហា​សិប្បនិម្មិត និង​ទទួល​ការបញ្ជាទិញ​ចាប់ពី​ខែឧសភា

    ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម VinFast បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​រថយន្ត​ឆ្លាត​វៃ 3 ម៉ូ​ដែល​ដំបូង​របស់ខ្លួន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI/Artificial intelligence) រួម​នឹង​កាមេរ៉ាពិសេសៗ និង​អង្គ​ញាណ​ជាច្រើន​ផងដែរ។

    ក្រុមហ៊ុន VinFast ថ្មីៗនេះ​បានប្រកាស​បង្ហាញ​ម៉ូ​ដែល​រថយន្ត​ប្រភេទ SUV ឆ្លាត​វៃ​ចំនួន 3 ម៉ូ​ដែល បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​អស់​រយៈពេល 3 ឆ្នាំ។

    ម៉ូ​ដែល​រថយន្ត​ខាងលើនេះ មាន​ឈ្មោះថា VF31, VF32 និង VF33 ក្នុងនោះ VF31 គឺជា​រថយន្ត​ប្រភេទ SUV ខ្នាតតូច និង​មានតែ​កំណែ​ប្រើ​អគ្គិសនី​ប៉ុណ្ណោះ ចំណែក VF32 គឺជា​ប្រភេទ SUV ខ្នាត​មធ្យម ខណៈដែល VF33 ជា​ប្រភេទ SUV ខ្នាត​ធំ។ VF32 និង VF33 សុទ្ធ​តែមាន​កំណែ​អគ្គិសនី និង​កំណែ​សាំង។

    VinFast VF31

    រថយន្ត​ទាំងនេះ​សុទ្ធ​តែមាន​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត 2-3។ មុខងារ​ឆ្លាត​វៃ​ចំនួន 30 នៅលើ​ក្នុង​រថយន្ត​នេះ​ត្រូវបាន​ចែកជា 7 ប្រភេទ រួមមាន ប្រព័ន្ធ​ជំនួយការ​បើកបរ​ឆ្លាត​វៃ ប្រព័ន្ធគ្រប់គ្រង​គន្លង​ចរាចរណ៍ ប្រព័ន្ធគ្រប់គ្រង​ការធ្វើដំណើរ ប្រព័ន្ធ​ព្រមាន​ការប៉ះទង្គិច​ពហុ​ទិស ប្រព័ន្ធ​កាត់បន្ថយ​បញ្ហា​ប៉ះទង្គិច​ទូទៅ ប្រព័ន្ធ​ចូល​ចត​ស្វ័យប្រវត្តិ​ឆ្លាត​វៃ និង​ប្រព័ន្ធ​តាមដាន​អ្នកបើកបរ។

    កំណែ​លំដាប់​ខ្ពស់​របស់ VF31, VF32 និង VF33 ក៏​សុទ្ធ​តែមាន​អង្គ​ញាណ LiDAR កាមេរ៉ា​មើលឃើញ​ឧបសគ្គ​រយៈ​ចម្ងាយ 687 ម៉ែត្រ ចំនួន 17 គ្រាប់ និង​អង្គ​ញាណ 360 អង្សា​ចំនួន 19 គ្រាប់​ដែល​អនុញ្ញាតឱ្យ​ព្រមាន និង​ចាត់ការ​នៅក្នុង​ល្បឿន​លើសពី 100 គម/ម៉ោង។

    VinFast VF32

    កំណែ​លំដាប់​ខ្ពស់​របស់​ម៉ូ​ដែល​រថយន្ត​ទាំងនេះ​ក៏ត្រូវ​បាន​បំពាក់​បន្ថែម​នូវ​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត 4 មួយចំនួនទៀត ដូចជា ការបង្កើត​ផែនទី 3 ទិស​ស្វ័យប្រវត្ត រួម​នឹង​មុខងារ​ត​ភ្ជាប់​ប្រព័ន្ធ​ចរាចរណ៍​ឆ្លាត​វៃ។

    តាម​គម្រោង VF31 កំណែ​ស្ដង់ដា​នឹង​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​នៅ​វៀតណាម ចាប់ពី​ខែឧសភា ឆ្នាំ 2021 និង​ប្រគល់ជូន​ដល់ដៃ​អតិថិជន​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2021។ VF32 និង VF33 នឹង​ទទួល​ការបញ្ជាទិញ​នៅ​វៀតណាម​ចាប់ពី​ខែកញ្ញា ឆ្នាំ 2021 និង​ប្រគល់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ 2022 ខណៈ​នៅ​អាមេរិក កាណាដា និង​អឺរ៉ុប ទទួល​ការបញ្ជាទិញ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2021 និង​ប្រគល់​ចាប់ពី​ខែ មិថុនា ឆ្នាំ 2022៕

    VinFast VF33

    ក្រៅពី​មាន​រោងចក្រ​ទំនើប​លេចធ្លោ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ប្រចាំ​នៅ​វៀតណាម ក្រុមហ៊ុន VinFast បច្ចុប្បន្ន​មាន​បណ្ដាញ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ R&D (Research and development)  នៅ​អូស្ត្រាលី អាល្លឺម៉ង់ និង​អាមេរិក និង​មជ្ឈមណ្ឌល​ធ្វើតេស្ត​រថយន្ត​ទំនើប​នៅ​អូស្ត្រាលី​ផងដែរ៕

    ប្រភព៖ Vingroup, Taiwannews

  • Trump នៅសល់​ទ្រព្យ​ប៉ុន្មានទៀត​ ក្រោយ 4ឆ្នាំ​ធ្វើជា​ប្រធានាធិបតី?

    Trump នៅសល់​ទ្រព្យ​ប៉ុន្មានទៀត​ ក្រោយ 4ឆ្នាំ​ធ្វើជា​ប្រធានាធិបតី?

    ឆ្នាំ 2020 គឺជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump ព្រោះថា ទន្ទឹមនឹង​ការ​ចាញ់ឆ្នោត លោក Trump ក៏​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ។

    ឆ្នាំ 2016 លោក Trump បាន​ក្លាយជា​មហាសេដ្ឋី​ដំបូង​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ នៅក្នុង​អំឡុង 4 ឆ្នាំ​នៅ​សេត​វិមាន ចំណាត់ថ្នាក់​មហាសេដ្ឋីរ​ប​ស់លោក Trump បាន​ធ្លាក់​មក​នៅ​លំដាប់​ទី 1001 នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​លោក​របស់​ទស្សនាវដ្ដី Forbes។

    តាម​ការស្រាវជ្រាវ ទ្រព្យ​សុទ្ធ​របស់លោក Trump បាន​ថយចុះ​ពី 4.5 ពាន់​លាន​ដុល្លារ​កាលពី​ខែមីនា ឆ្នាំ 2016 (មុនពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី) មក​នៅត្រឹម 2.1 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020។ ក្នុង​ឆ្នាំ 2016 លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន 66 លាន​ដុល្លារ​ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​ដែល​ប្រាក់​ប្រមូលបាន​ពី​ការ​អ្នកគាំទ្រ មាន​ចំនួន 368 លាន​ដុល្លារ។

    យោងតាម Forbes ទ្រព្យ​របស់លោក Trump បាន​ថយចុះ​ច្រើន​បំផុត​គឺ​នៅក្នុង​ឆ្នាំ 2017 និង 2020។ ទ្រព្យ​របស់​មហាសេដ្ឋី​រូបនេះ បាន​ថយ​ពី 3.7 ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ 2016 មក​នៅត្រឹម 3.1 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017 ​​ដោយ​សារ​តែ «ឱនភាព» ក្នុង​វិស័យ​លក់រាយ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង New York ព្រោះ​លោក​មានទ្រព្យ​ច្រើន​ក្នុង​វិស័យ​ទាំងនេះ។

    អគារ​សណ្ឋាគារ​ Trump International Hotel Las Vegas

    ការថយចុះ​នៃ​ទ្រព្យ​ដ៏​គួរឱ្យកត់សម្គាល់​របស់​អតីត​ប្រធានាធិបតី Trump គឺ​កើតឡើង​នៅក្នុង​ឆ្នាំ 2020។ បច្ចុប្បន្ន ទ្រព្យ​សុទ្ធ​របស់លោក​គឺមាន​ត្រឹមតែ 2.1 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​បើតាម​ស្ថិតិ​របស់ Forbes។ ទស្សនាវដ្ដី Forbes បាន​រកឃើញថា Covid-19 គឺជា​កត្តា​សំខាន់បំផុត​ដែល​បានធ្វើឱ្យ​ទ្រព្យ​របស់លោក Trump ត្រូវ​ថយចុះ​នៅក្នុង​ឆ្នាំ 2020។

    ប្រភព​ចំណូល​សំខាន់​របស់លោក Trump គឺ​បានមកពី​បណ្ដាញ​ហាង អគារ​ការិយាល័យ និង​សណ្ឋាគារខ្ពស់ៗ រួម​នឹង​ទីលាន​វាយកូនគោល​ជាដើម។ ជាក់ស្ដែង ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស Covid-19 ប្រជាជន​ទូទៅ​ត្រូវធ្វើ​ការ​ពី​ផ្ទះ ក្រុមហ៊ុន​ត្រូវ​បិទទ្វារ ធ្វើឱ្យ​ប្រភព​ចំណូល​របស់លោក Trump ក៏ត្រូវ​ថយចុះ​ទៅតាម​នោះដែរ។

    យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ចុងក្រោយ​របស់លោក Trump បង្ហាញថា ចំណូល​របស់លោក​បាន​ថយចុះ​នៅត្រឹម​ពី 273 ដល់ 308 លាន​ដុល្លារ​ក្នុងដំណាក់កាល​ពី​ឆ្នាំ 2020 បូក​នឹង 20 ថ្ងៃ​ដើមឆ្នាំ 2021។ ក្នុង​របាយការណ៍​ឆ្នាំ 2017 លោក​រកបាន​ជាង 528.9 លាន​ដុល្លារ​ក្នុង​រយៈពេល 15.5 ខែ ដោយបាន​បូក​ជាមួយនឹង 3 ខែ​ដើម​អាណត្តិ​ប្រធានាធិបតី​របស់លោក។

    ជាង​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​របស់លោក Trump ក៏​កំពុងតែ​លិចលង់​ក្នុង​បំណុល​ជាង 1 ពាន់​លាន​ដុល្លារ​ផងដែរ ដែល​ភាគច្រើន​នឹង​ដល់​ថ្ងៃ​កំណត់​នៅ 3 ឆ្នាំ​ទៀត។ ក្នុងចំណោម​នេះ មាន​បំណុល​ចំនួន 1/3 ត្រូវបាន​ធានា​ដោយ​បុគ្គល៕

    ប្រភព៖ ព័ត៌មាន​ចម្រុះ

  • តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

    តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

    កាលពី​ព្រឹក​មិញ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក ក្នុងនោះ​ក៏មាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ផងដែរ។

    នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា អនុក្រឹត្យ​ដែល​ត្រូវ​បានចេញ​កាលពី​លើក​មុន​គឺ​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៃ​បឹង​លិច​ទឹក​នៅ​ខាងជើង​ទីក្រុង​ភ្នំពេញ ដូច្នេះ សម្តេច​នឹង​ចេញ​អនុក្រឹត្យ​ថ្មី​ដើម្បី​កែប្រែ​អនុក្រឹត្យ​ចាស់ ទាក់ទង​នឹង​ទំហំ​ផ្ទៃ​បឹង​តា​មោក។

    ទាក់ទង​នឹង​តំបន់​បឹង​តា​មោក​នេះដែរ សម្ដេច មាន​បន្ថែមថា ការ​លុប​បឹង ឬ​ប្រឡាយ ដែល​បិទមុខ​ទឹក​នៅ​តំបន់​បឹង​តា​មោក​នេះ សម្តេច​មិន​យល់ស្រប​នោះទេ។ យ៉ាងនេះ​ក្ដី ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា សម្ដេច​គាំទ្រ​ដល់​ការ​លុប​បឹង ប្រឡាយ ក្នុង​បំណង​អភិវឌ្ឍ និង​ពង្រីក​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ។

    នៅ​តំបន់​បឹង​តា​មោក បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​តែមាន​គម្រោង​អភិវឌ្ឍន៍ រួម​នឹង​សំណង់​នានា​​គួរ​ឱ្យ​កត់​សម្គាល់​ បន្ទាប់ពី​រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​ចំនួន 2។

    បឹងតាមោក ឬបឹង​កប់ស្រូវដែល​មាន​ចម្ងាយ​​ពី​អាកាស​យានដ្ឋានអន្តរ​ជាតិ​​ភ្នំ​ពេញ​ប្រមាណ​ 12 គីឡូម៉ែត្រ​ គឺ​ជា​បឹង​ធម្មជាតិធំជាង​គេ​នៅ​រាជធានី​ភ្នំពេញនាបច្ចុប្បន្ន និង​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង​តាម​បណ្តោយ​មហាវិថីឈ្នះឈ្នះ លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន 2 សង្កាត់ចំនួន 6 និងភូមិចំនួន 25៕

  • អាមេរិក​ប្រកាស​បន្ត​ផ្ដល់ជំនួយ​ដល់ WHO

    អាមេរិក​ប្រកាស​បន្ត​ផ្ដល់ជំនួយ​ដល់ WHO

    កាលពី​ថ្ងៃទី 21 មករា សហរដ្ឋអាមេរិក​បាន​ប្រកាសថា នឹង​បន្ត​ជួយ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​គ្រា​ដែល​ប្រធានាធិបតី Joe Biden កំពុង​ចាប់ផ្ដើម​គោលនយោបាយ​សហការ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​ជាង​មុន នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​វីរុស Covid-19។

    ក្នុង​ថ្ងៃ​ធ្វើការ​ដំបូង​ក្នុងឋានៈ​ជា​ប្រធានាធិបតី​អាមេរិក លោក Biden បាន​បញ្ជាក់ថា លោក​បាន​លុបចោល​សេចក្ដីសម្រេច​របស់​អតីត​ប្រធានាធិបតី Trump ទាក់ទង​នឹង​បញ្ហា​ដកខ្លួន​ចេញពី WHO។ មួយថ្ងៃ​បន្ទាប់ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​អាមេរិក លោក Anthony Fauci បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្ដល់​វិភាគទាន​ជា​ទឹកប្រាក់​ក្នុង​ទំហំ​ធំ​ដល់ WHO។ នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញរ​បស់​អង្គការ​សុខភាព​ពិភពលោក លោក Anthony Fauci បាន​​លើក​ឡើង​ថា​៖ «ក្នុងស្ថានភាព​លំបាក WHO ប្រមូលបាន​សហគមន៍​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​អភិវឌ្ឍ​ដើម្បី​ព​ន្លឿ​ន​ការបង្កើត​វ៉ាក់សាំង វិធីសាស្ត្រ​ព្យាបាល និង​វិធី​ពិនិត្យ​ជំងឺ»។

    មុននេះ លោក Fauci បានប្រកាស​អំពី​សេចក្ដីសម្រេច​របស់​សហ​រដ្ឋ​អាមេរិក​ថា នៅតែ​ជា​សមាជិក​របស់ WHO ព្រមទាំង​បាន​អរគុណ​ដល់​អង្គការ​នេះ​ដែល​បាន​ដឹកនាំ​បេសកកម្ម​ទប់ទល់​នឹង Covid-19 នៅ​ទូទាំង​សកលលោក។ ប្រធាន WHO លោក Tedros Adhanon Ghegreyesus បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ​របស់​អាមេរិក ខណៈដែល​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ «ជំហាន​ប្រកបដោយ​វិជ្ជមាន» ដែល​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​បានប្រកាស។

    លោក Anthony Fauci (ឆ្វេង) និង​ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក

    ក្រៅពី​ការសម្រេចចិត្ត​ខាងលើ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក កាលពី​ថ្ងៃទី 21 មករា ក៏បាន​ប្រកាស​អំពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅក្នុង​ស្រុក ក្នុងនោះ​ក៏មាន​ការជំរុញ​លើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្តរ​កវី​រុស និង​ផ្ដោតទៅលើ​កត្តា​វិទ្យាសាស្ត្រ​ផងដែរ។ បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការការពារ​ជន​ងាយ​រងគ្រោះ​បំផុត ការជំរុញ​ឱ្យមាន​យុត្តិធម៌​លើ​បញ្ហា​ពូជសាសន៍ ការស្ដារ​តួនាទី​គ្រប់គ្រង​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក​ជាមួយនឹង​ស្មារតី​ត្រៀមខ្លួន​ខ្ពស់​សម្រាប់​ទប់ទល់​នឹង​មហា​រោគរាតត្បាត​នាពេល​អនាគត ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ជាង​មុន។

    រដ្ឋាភិបាល​ថ្មី​នៃ​សហ​រដ្ឋ​អាមេរិក​ក៏មាន​សង្ឃឹមថា សភា​នឹង​អនុម័ត​យល់ព្រម​ឱ្យ​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន 1.9 លាន​លាន (1,900,000,000,000.00) ដុល្លារ សម្រាប់​ការពារ និង​ការប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ក្នុងនោះ ទឹកប្រាក់​ចំនួន 20 ពាន់​លាន​ដុល្លារ​ទុក​សម្រាប់​ទិញ​វ៉ាក់សាំង និង 50 ពាន់​លាន​ដុល្លារ​សម្រាប់​យុទ្ធនាការ​ធ្វើតេស្តរ​កវី​រុស។

    សហរដ្ឋអាមេរិក បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារតែ Covid-19 ដោយមាន​មនុស្ស​ជាង 405,000 នាក់ បាន​បាត់​បង់ជីវិត។ ការវិភាគ និង​ការ​ព្យាករ​របស់​រដ្ឋាភិបាល​អាមេរិក បានឱ្យដឹងថា វីរុស​ក្លាយ​ពូជ​ថ្មី​របស់ Covid-19 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អង់គ្លេស អាច​ឆ្លង​ចូល​ទឹកដី​សហរដ្ឋអាមេរិក និង​ធ្វើឱ្យ​សម្បុក​វីរុស​នៅទីនេះ​កើនឡើង​ខ្ពស់​នា​ប៉ុន្មាន​ខែ​ខាងមុខ៕

    ប្រភព​៖ UN

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 3នាក់​ទៀត ខណៈ​​តួលេខ​អ្នក​វិជ្ជមាន​សរុប​ទូទាំង​ពិភពលោក​ កើន​ដល់​ជាង​ 98​លាន​នាក់​

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 3នាក់​ទៀត ខណៈ​​តួលេខ​អ្នក​វិជ្ជមាន​សរុប​ទូទាំង​ពិភពលោក​ កើន​ដល់​ជាង​ 98​លាន​នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា នៅក្នុង​រយៈពេល 24 ម៉ោង​កន្លង មាន​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 3 នាក់​ត្រូវបាន​រកឃើញ ហើយ​អ្នកជំងឺ​ទាំងនេះ​គឺ​សុទ្ធតែជា​ករណីនេះ​ចូល​ដែល​មិនមែនជា​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ។

    សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ករណី​រកឃើញ​ថ្មី​នេះ សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម​របស់​ក្រសួងសុខាភិបាល​កម្ពុជា។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 456 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 399 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 59 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​វិជ្ជមាន​នឹង Covid-19 សរុប បាន​កើន​ដល់ 98,050,016 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 2,098,160 នាក់ និង​អ្នកជា​សះស្បើយ​ចំនួន 70,446,519 នាក់។ ក្នុងចំណោម​អ្នក​ជំងឺ​ដែល​​កំពុង​ព្យាបាល​ចំនួន 25,505,337 នាក់គឺ​មាន​ 111,298 នាក់​កំពុងមាន​អាការ​ធ្ងន់ធ្ងរ ​អាច​ប្រឈម​នឹង​ការស្លាប់​គ្រប់ពេល៕

  • ឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ធំជាងគេ​ក្នុង​ពិភពលោក! មនុស្ស 5នាក់​បាត់​បង់ជីវិត

    ឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ធំជាងគេ​ក្នុង​ពិភពលោក! មនុស្ស 5នាក់​បាត់​បង់ជីវិត

    អណ្ដាតភ្លើង​បាន​ឆាបឆេះ​នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ក្នុង​រដ្ឋ Maharashtra ជា​កន្លែង​ដែល​កំពុង​ផលិត​វ៉ាក់សាំង Covid-19 រាប់លាន​ដូ​ស បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាន​ស្លាប់។

    រូបភាព​នៅលើ​កញ្ចក់​ទូរទស្សន៍​បង្ហាញថា ផ្សែង​ខ្មួលខ្មាញ់​បាញ់​ចេញពី​អគារ​មួយ​នៃ​វិទ្យាស្ថាន Serum ផលិត​វ៉ាក់សាំង នៅ​ទីក្រុង Pune រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃទី 21 មករា។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​នៅក្នុង​ទីតាំង​ដែល​កំពុង​សាងសង់​លើ​ផ្ទៃដី​ទំហំ 40 ហិកតា។

    សេចក្ដីរាយការណ៍​បានឱ្យដឹងថា តំបន់​ដែល​រង​អគ្គិភ័យ​នេះ មាន​ចម្ងាយ​ពី​ទីតាំង​ផលិត​វ៉ាក់សាំង Covid-19 ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​ធ្វើដំណើរ​តាម​រថយន្ត។ មាន​អគារ​ចំនួន 9 ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​តំបន់​ដែលមាន​អគ្គិភ័យ ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ការផលិត​វ៉ាក់សាំង។

    Murlidhar Mohol អភិបាលក្រុង Pune បានឱ្យដឹងថា «មនុស្ស 5 នាក់់​បាន​បាត់​បង់ជីវិត។ សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង។

    បច្ចុប្បន្ន គេ​មិនទាន់​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​នៅឡើយ។

    វិទ្យាស្ថាន Serum ឥណ្ឌា (SII) ជាទី​តាំង​ផលិត​វ៉ាក់សាំង​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កំពុង​ផលិត​វ៉ាក់សាំង Covishield ប្រឆាំង Covid-19 រាប់លាន​ដូ​ស ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា អគ្គិភ័យ​នេះ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​នោះទេ។

    វិទ្យាស្ថាន Serum របស់​ឥណ្ឌា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1966 ដោយ​លោក Cyrus Poonawalla។ វិទ្យាស្ថាន​នេះ​ផលិត​វ៉ាក់សាំង​ចំនួន 1.5 ពាន់​លាន​ដូ​ស​ជា​រៀងរាល់ឆ្នាំ រួមមាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ស្វិតដៃជើង រលាក​ថ្លើម​ប្រភេទ B ជំងឺ​ក​ញ្ជ្រិ​ល។ល។ វ៉ាក់សាំង​របស់ SII ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជាង 170 នៅ​ទូទាំង​ពិភពលោក។

    វិទ្យាស្ថាន​ខាងលើ​ក៏មាន​គម្រោង​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ដែល​ស្ថិតក្នុង​កម្មវិធី Covax ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ប្រមូល​ទិញ និង​ចែកចាយ​វ៉ាក់សាំង Covid-19 ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ផងដែរ៕

    ប្រភព៖ AFP

  • ខេត្តស្ទឹងត្រែង​កំពុង​សិក្សា​​អំពី​ទីតាំង​​​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​ថ្មី

    ខេត្តស្ទឹងត្រែង​កំពុង​សិក្សា​​អំពី​ទីតាំង​​​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​ថ្មី

    អាជ្ញាធរខេត្ត​ស្ទឹងត្រែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បានឱ្យដឹងថា ក្នុងករណី​ដែល​ព្រលានយន្តហោះ​ចាស់​មាន​ទំហំ​តូច ពិបាក​ក្នុងការ​ពង្រីក​បន្ថែម និង​មិន​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ធុន​ធំ នោះ​អាកាសយានដ្ឋាន​ថ្មី​មួយ​អាច​នឹងត្រូវ​បង្កើតឡើង។

    កាលពី​ថ្ងៃទី 21 ខែមករា​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោម​ប្រធានបទ «វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ ​និង​​ទិស​ដៅ​​ការ​ងារ​បន្ដ​ខេត្ដ​ស្ទឹងត្រែង» លោក ដួង ពៅ អភិបាលរង​នៃ​គណៈ​ឣ​ភិ​បាល​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ព្រលាន​យន្ត​ហោះ​​នៅ​ក្នុង​​ខេត្តស្ទឹងត្រែង អាច​នឹងត្រូវ​សាងសង់​ឡើង​នាពេល​អនាគត ដោយ​ពង្រីក​ពី​ព្រលានយន្តហោះ​ចាស់។ លោក​បាន​​ថ្លែងថា អនាគត​អាកាសយានដ្ឋាន​នេះ​នឹងមាន​ទំហំ​ផ្ទៃដី​ប្រមាណ 500 ហិកតា និង​​បន្ថែមថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ធ្វើការ​សិក្សា និង​រៀបចំ​ផែនទី​គោល​សម្រាប់​ការសាងសង់​ដើម្បី​ពង្រីក​ព្រលានយន្តហោះ​ចាស់​ក្នុង​ខេត្ត​នេះ។

    ខេត្តស្ទឹងត្រែងកំពុងសិក្សាទីតាំងសម្រាប់សាងសង់អាកាសយានដ្ឋានថ្មី
    អគារ​មួយ​នៃ​អាកាស​យានដ្ឋាន​ចាស់​របស់​ខេត្ត​ស្ទឹង​ត្រែង

    ទាក់ទង​នឹង​គម្រោង​សាងសង់​ខាងលើ អភិបាលរង​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា គោលដៅ​រយៈពេល 5 ឆ្នាំ​ខាងមុខ​ទៀត អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល និង​ក្រសួងទេសចរណ៍​កម្ពុជា កំពុងតែ​សិក្សា​លម្អិត​ជាមួយ​ភាគី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​អាជ្ញាធរ​ក៏​កំពុងតែ​សិក្សា​អំពី​ទីតាំង​ដទៃទៀត​ដែល​អាច​សាងសង់​ជា​អាកាសយានដ្ឋាន​ថ្មី​បាន ក្នុង​ករណី​​ព្រលាន​យន្ត​ហោះ​​ចាស់​​មិន​​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ប្រភេទធំ។

    លោក​អភិបាលរង​ខេត្តស្ទឹងត្រែង បានបញ្ជាក់​យ៉ាងច្បាស់​ថា អនាគត​អាចមាន​ព្រលានយន្តហោះ​នៅ​ខេត្ត​នេះ ដោយ​ការស្ដារ ពង្រីក និង​អភិវឌ្ឍ​នៅពេល​ណាមួយ។ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា មិនទាន់​ដឹង​ច្បាស់​ថា នឹង​អាចមាន​នៅពេលណា​ឱ្យ​ប្រាកដ​នៅឡើយ៕

  • ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្ថាបនា​រួចរាល់​បាន 36% ហើយ

    ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្ថាបនា​រួចរាល់​បាន 36% ហើយ

    យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​មន្ទីរ សាធារណការ រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី 20 ខែមករា ឆ្នាំ 2021 ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ត្រូវបាន​សាងសង់​រួច​ប្រមាណ 36%។

    ស្ពាន​នេះ​មាន​ប្រវែង 922 ម៉ែត្រ និង​ទទឹង 20.5 ម៉ែត្រ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង 1.25 ម៉ែត្រ​សងខាង សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន មាន​កម្ពស់ 34 ម៉ែត្រ។

    ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប​នេះ មាន​តួនាទី​សំខាន់ ក្នុង​ការរួម​ម​ចំណែក ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ 6 និង​ផ្លូវជាតិ​លេខ 5 រួម​នឹង ច្រកចេញចូល​រាជធានី​ភ្នំពេញ​ផងដែរ៕

    ប្រភព៖ មន្ទីរសាធារណការរាជធានី​ភ្នំពេញ

  • ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    សារព័ត៌មាន Washington Post បានចេញ​ផ្សាយ​ថា ការិយាល័យ​រាង​ពងក្រពើ​គឺជា​និមិត្តរូប​នៃ​អំណាច​របស់​ប្រធានាធិបតី​អាមេរិក។ នៅពេល​ក្លាយជា​ម្ចាស់​សេត​វិមាន ប្រធានាធិបតីនីមួយៗ តែងតែ​ស្នើឱ្យ​មានការ​តុបតែង​កា​រិ​យា​ល័យ​នេះ​ទៅតាម​ចំណូលចិត្ត​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ភាព​ដោយឡែក និង​របៀប​នៃ​ការដឹកនាំ។

    សម្រាប់​លោក Joe Biden វិញ លោក​បាន​ស្នើឱ្យ​ដាក់តាំង​រូបភាព និង​រូបចម្លាក់​នានា​រប​ស់បុ​គ្គល​ល្បីឈ្មោះ​ជាច្រើនរូប​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ការិយាល័យ​ពងក្រពើ (Oval Office) នេះ។

    កម្រាល​ព្រំ​ថ្មី​នៅក្នុង​បន្ទប់ការិយាល័យ​របស់​ប្រធានាធិបតី​​ Joe Biden

    អ្វី​ដែលជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ការិយាល័យ​នេះ នោះ​គឺ​រូបភាព​ទំហំ​ធំ​របស់​ប្រធានាធិបតី​ទី 32 ឈ្មោះ Franklin Delano Roosevelt ដែល​ត្រូវបាន​ដាក់តាំង​នៅក្បែរ​តុ Resolute របស់​ប្រធានាធិបតី។ Franklin Delano Roosevelt គឺជា​ប្រធានាធិបតី​ដែល​បាន​ជួយ​ឱ្យ​សហរដ្ឋ​អា​មេ​រក ឆ្លង​ផុតពី​វិបត្តិ​ដ៏​ធំ ដែល​ដូច​ទៅនឹង​ឧបសគ្គ​ដែល​លោក Biden កំពុង​ជួបប្រទះ។

    រូបថត​មួយចំនួន​ត្រូវបាន​ព្យួរ​ជា​គូ ដូចជា រូបថត​របស់​ប្រធានាធិបតី​ទី 3 Thomas Jefferson និង​រូប​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Alexander Hamilton ជាដើម ដែលជា​បុគ្គល​មិនសូវ​ចុះសម្រុង​នឹង​គ្នា ដែល​នេះ​បង្ហាញ​អំពី​ផលប្រយោជន៍​ដែល​បានមកពី​ការយល់ឃើញ​ផ្ទុយគ្នា។ ការិយាល័យ​របស់​ប្រធានាធិបតី Biden ឱ្យដឹងថា ការដែល​រូបថត​ត្រូវបាន​ដាក់តាំង​ជា​គូ​បែបនេះ​គឺ​ដើម្បី​បញ្ជាក់ និង​សង្កត់ធ្ងន់ថា ភាពខុសគ្នា​នៅក្នុង​ការយល់ឃើញ​គឺជា​ប្រការ​ដ៏​ចាំបាច់​នៃ​លទ្ធិប្រជាធិបតេយ្យ។

    រូប​របស់​បុគ្គល​ល្បី​ៗ​ដែល​ត្រូវ​បាន​ដាក់​តាំង​ជា​គូ

    ក្រៅពី​រូបថត​នានា ការិយាល័យ​ពងក្រពើ​នេះ​ក៏មាន​តាំង​រូបចម្លាក់​ពាក់កណ្ដាល់​ខ្លួន​ជាច្រើន​ផងដែរ ក្នុងនោះ​ក៏មាន​រូបចម្លាក់​របស់ Martin Luther King និង Robert F. Kennedy ដែល​ត្រូវ​បានដាក់​នៅក្បែរ​ម៉ាស៊ីនកម្ដៅ។ លោក Biden តែងតែ​រំលឹក​ដល់​បុគ្គល​ទាំងពីរ​រូបនេះ នៅពេល​លោក​និយាយ​ដល់​សិទ្ធិ​ពលរដ្ឋ។

    រូបភាព​របស់ Benjamin Franklin នៅក្នុង​ការិយាល័យ​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​ប​ស់លោក Biden នៅក្នុង​ការដើរតាម​មា​គ៌ា​វិទ្យាសាស្ត្រ។ រូបភាព​នេះ​ត្រូវបាន​ដាក់តាំង​នៅក្បែរ​ដុំថ្ម​របស់​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិតនៅលើ​ធ្នើរ​សៀវភៅ ក្នុង​បំណង​រំលឹក​ដល់​ប្រជាជន​អាមេរិកាំង​អំពី​មហិច្ឆតា និង​សមិទ្ធផល​របស់​មនុស្ស​ជំនាន់​មុន។

    រូប​ចម្លាក់​របស់​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ Cesar Chavez និង​រូប​ថត​ឯក​ជន​របស់​លោក Biden

    គ្រឿងសង្ហារិម​ក្នុង​ការិយាល័យ​ប្រធានាធិបតី ត្រូវបាន​ប្ដូរ​នៅក្នុង​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​របស់លោក Biden។ ទង់ជ័យ​របស់​កងទ័ព​អាមេរិក​ដែល​លោក Trump ដាក់​តាំងនៅ​ខាងក្រោយ​តុ​ប្រធានាធិបតី ត្រូវបាន​ដកចេញ និង​ជំនួស​ដោយ​ទង់ជាតិ​អាមេរិក និង​ទង់​ដែលមាន​រូប​ត្រា​ប្រធានាធិបតី។

    រូប​ចម្លាក់​របស់​លោក Martin Luther King

    រូបភាព​របស់​ប្រធានាធិបតី Andrew Jackson ដែល​លោក Trump បាន​តាំង ក៏ត្រូវ​បាន​យកចេញ។ លោក Trump និង​លោក Jackson សុទ្ធតែជា​អ្នកដើរ​តាម​មាគ៌ា​ប្រជា​និយម។ លោក Andrew Jackson គឺជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ត្រូវបាន​បោះឆ្នោត​ផ្ទាល់ ហើយ​លោក​ក៏​ជា​អ្នក​ដែល​បានស្នើ​ឱ្យ​លុបបំបាត់​របប​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត (ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​គឺជា​ក្រុមតំណាងរាស្ត្រ​ដែល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់ បន្ទាប់ពី​ការបោះឆ្នោត​ពី​ពលរដ្ឋ​ទូទៅ) ផងដែរ។

    ក្នុង​ការិយាល័យ​ពងក្រពើ​នេះ មាន​វត្ថុ​មួយ​ដែល​មិន​ត្រូវបាន​ប្ដូរផ្លាស់ នោះ​គឺ​តុ Resolute របស់​ប្រធានាធិបតី។ តុ​នេះ​សុទ្ធតែ​ត្រូវបាន​ប្រធានាធិបតីមុនៗប្រើប្រាស់ រួមទាំង​លោក Trump ផងដែរ។

    ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden

    នៅលើ​តុ​នេះ ក្នុង​ថ្ងៃ​ចូលធ្វើការ​ដំបូង លោក Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន 15 ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយចំនួន ដូចជា បញ្ហា Covid-19 បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​រើសអើង​ពូជសាសន៍ រួម​នឹង​ការលុបចោល​គោលនយោបាយ​មួយចំនួន​ដែល​ត្រូវបាន​អតីត​ប្រធានាធិបតី Donald Trump ដាក់ចេញ៕

    ប្រភព៖ Washington Post

  • ធ្លាក់​យន្តហោះ​នៅ​អាមេរិក ចំ​ថ្ងៃ​​លោក​ Biden ស្បថ​ឡើង​កាន់​តំណែង! ទាហាន 3នាក់​បាត់​បង់ជីវិត

    ធ្លាក់​យន្តហោះ​នៅ​អាមេរិក ចំ​ថ្ងៃ​​លោក​ Biden ស្បថ​ឡើង​កាន់​តំណែង! ទាហាន 3នាក់​បាត់​បង់ជីវិត

    នៅ​យប់​ថ្ងៃទី 20 ខែមករា (នៅ​អាមេរិក) ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​កងកម្លាំង​ឆ្មាំ​ការពារជាតិ​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​នៅពេល​កំពុង​បំពេញបេសកកម្ម​ហ្វឹកហាត់​តាម​ធម្មតា​របស់ខ្លួន​នៅ​ជាយក្រុង New York បណ្ដាលឱ្យ​ទាហាន​ចំនួន 3 នាក់​បាន​ស្លាប់។

    CNN បាន​ដឹក​ស្រង់​ប្រភពព័ត៌មាន​ពី​ការិយាល័យ​យោធា និង​កងទ័ពជើងទឹក​នៃ​រដ្ឋ New York ឱ្យដឹងថា ករណី​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​កើតឡើង​នៅក្នុង​ទីរួមស្រុក Mendon ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង​នៃ​ទីក្រុង Rochester។

    យោងតាម​អធិការដ្ឋាន​នគរបាល​នៃ​តំបន់ Monroe ឧទ្ធម្ភាគចក្រ​ដែល​ជួប​គ្រោះថ្នាក់​នេះ​គឺជា​ប្រភេទ UH-60 ប្រើប្រាស់​សម្រាប់​ជម្លៀស​ផ្នែក​សុខាភិបាល។ UH-60 បាន​ធ្លាក់​ទៅលើ​វាលស្រែ​ស្ងាត់​មួយ​នៅវេលា​ម៉ោង 6 និង 32 នាទី​ល្ងាច ថ្ងៃទី 20 មករា។

    ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ UH-60

    ព័ត៌មាន​ដែល​ទទួលបាន​ពី​ការហៅ​ទូរស័ព្ទ​មកកាន់​លេខ 911 បានឱ្យដឹងថា មុនពេល​ធ្លាក់ ឧទ្ធម្ភាគចក្រ​នេះ​បាន​ហោះ​ក្នុង​កម្ពស់​ទាប និង​មាន​របាយការណ៍​អំពី​បញ្ហា​ម៉ាស៊ីន​ផងដែរ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រលប់​ថ្ងៃទី 20 ខែមករា។

    អធិការដ្ឋាន​នគរបាល​ខាងលើ​ក៏បាន​ឱ្យដឹងថា ក្រុម​ពន្លត់​អគ្គិភ័យ ប៉ូលិស​ថ្នាក់​រដ្ឋ និង​តំណាង​កងទ័ព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ ឧទ្ធម្ភាគចក្រ​នេះ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅពេល​ក្រុម​អ្នក​ជួយសង្គ្រោះ​ដំបូង​បាន​ទៅដល់។

    បច្ចុប្បន្ន ផ្លូវ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ត្រូវបាន​បិទ​ការចេញចូល​ជា​បណ្ដោះអាសន្ន ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​ធ្វើការ។

    ទិដ្ឋ​ភាព​នៃ​ការ​ធ្លាក់​ឧទ្ធភាគ​ចក្រ​

    Andrew Cuomo អភិបាលរដ្ឋ New York បានប្រកាសថា៖ «ក្រុម​ឆ្មាំ​ការពារជាតិ​គឺជា​ក្រុម​ទាហាន​របស់​ប្រជាជន ជា​ក្រុមមនុស្ស​ដែល​ស្ម័គ្រចិត្ត​បម្រើ និង​ការពារ​ប្រទេសជាតិ។ ខ្ញុំ​ជំនួសមុខ​ឱ្យ​ប្រជាជន New York សូម​ផ្ញើ​សេចក្ដី​បួងសួង និង​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព អ្នកជា​ទីស្រលាញ់ និង​មិត្ត​រួម​ក្រុម​របស់​អ្នកក្លាហាន​ដ៏​គួរឱ្យ​គោរព​ទាំងនេះ ពួកគេ​គឺជា​មនុស្ស​ដែល​យើង​នឹងមិន​បំភ្លេចចោល​ឡើយ»។

    អភិបាលរដ្ឋ​ខាងលើ​ក៏បាន​បញ្ជា​ឱ្យ​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​នៅលើ​អគារ​ទាំងអស់​របស់រ​ដ្ឋ New York នៅ​ថ្ងៃទី 21 ខែមករា​នេះ ដើម្បី​គោរព និង​ផ្ដល់​កិត្តិយស​ដល់​ទាហាន​រងគ្រោះ​ទាំងនេះ។

    ការិយាល័យ​យោធា និង​កងទ័ពជើងទឹក​របស់​រដ្ឋ New York បាន​បញ្ជាក់ថា ការ​ណី​គ្រោះថ្នាក់​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់៕

    ប្រភព៖ CNN