Author: សឿន សំណាង

  • ទីប្រឹក្សា​ជាតិ​មី​យ៉ាន​ម៉ា Aung San Suu Kyi ត្រូវបាន​កងទ័ព​ចាប់ខ្លួន

    ទីប្រឹក្សា​ជាតិ​មី​យ៉ាន​ម៉ា Aung San Suu Kyi ត្រូវបាន​កងទ័ព​ចាប់ខ្លួន

    ទីប្រឹក្សា​ជាតិ​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់អំណាច​នៃ​ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​របស់​កងទ័ព​នា​ព្រឹក​នេះ។

    Myo Nyunt ដែលជា​អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​បក្ស National League for Democracy (NLP) បាន​បញ្ជាក់ថា លោកស្រី Suu Kyi ប្រធាន​ធិបតី Win Myint រួម​នឹង​មេដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​នា​វេលា​ទៀបភ្លឺ​ថ្ងៃទី 1 កុម្ភៈ​នេះ។

    Myo Nyunt បាន​ប្រាប់ថា លោក​ក៏​ប្រហែលជា​នឹងត្រូវ​បាន​ចាប់ខ្លួន​នាពេលខាងមុខ ប៉ុន្តែ​លោក​បញ្ជាក់ថា «ខ្ញុំ​ចង់​និយាយប្រាប់​ប្រជាជន​ថា កុំ​ប្រតិកម្ម​ដោយ​ប្រញាប់ប្រញាល់ ហើយ​ខ្ញុំ​សង្ឃឹមថា ពួកគេ​ធ្វើ​សកម្មភាព​ទៅតាម​ច្បាប់»។

    សកម្មភាព​ចាប់ខ្លួន​នេះ​បាន​កើតឡើង​បន្ទាប់ពី​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​កងទ័ព​មី​យ៉ាន​ម៉ា បាន​កើនឡើង​ខ្ពស់ ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា អាចមាន​រដ្ឋប្រហារ​ក្រោយ​ការបោះឆ្នោត​មួយ​ដែល​ត្រូវ​កងទ័ព​បាន​ចោទថា មាន​ការលួចបន្លំ។

    សភា​ថ្មី​របស់​មី​យ៉ាន​ម៉ា​គ្រោង​នឹង​ចូលប្រជុំ​លើកដំបូង​នៅថ្ងៃនេះ ក្រោយពី​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ដែល​បក្ស NLD របស់លោក​ស្រី Aung San Suu Kyi ដណ្ដើមបាន 346 កៅអី ក្នុងចំណោម 412 កៅអី​នៅ​សភា៕

    ប្រភព៖ Reuters, ABC News

  • រថយន្ត​ក្រុង​ធ្លាក់​ចូល​ជ្រលង​ភ្នំ​នៅ​អេត្យូពី យ៉ាងតិច 24នាក់​បាន​ស្លាប់

    រថយន្ត​ក្រុង​ធ្លាក់​ចូល​ជ្រលង​ភ្នំ​នៅ​អេត្យូពី យ៉ាងតិច 24នាក់​បាន​ស្លាប់

    យោងតាម​ក្រុមមន្ត្រី​នៃ​ប្រទេស​អេ​ត្យូ​ពី រថយន្ត​ក្រុម​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ចេញពី​ផ្លូវ​ល្បឿន​លឿន និង​ធ្លា​ក់លើ​ច្រាំង​ថ្ម​ចោត​នៅក្នុង​រដ្ឋ Amhara ភាគ​ខាងជើង​ប្រទេស​នេះ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 24 នាក់​ត្រូវ​បាត់បង់​ជីវិត។

    គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃទី 30 មករា នៅពេល​រថយន្ត​កំពុង​បរ​នៅលើ​ផ្លូវជាតិ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ទៅលើ​ច្រាំង​ថ្ម​ចោត​ដែល​លយ​ចេញពី​ជ្រលង​ភ្នំ​ជម្រៅ 200 ម៉ែត្រ។ ជនរងគ្រោះ​មួយចំនួន បាន​រួច​ផុតពី​ការស្លាប់ ប៉ុន្តែ​រងរបួស​ធ្ងន់ធ្ង​រ។

    បច្ចុប្បន្ន អ្នករងរបួស​ក្នុង​ឧបទ្ទវ​ហេតុនេះ​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មជ្ឈមណ្ឌល​សុខភាព​នៅក្បែរ​កន្លែងកើតហេតុ ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ។

    ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​បានកើត​ឡើងជា​ញឹកញាប់​នៅ​ប្រទេស​អេ​ត្យូ​ពី ព្រោះតែ​ប្រព័ន្ធ​ផ្លូវថ្នល់​កំពុង​ខូច អ្នកបើកបរ​មិន​ធ្វេសប្រហែស និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម៕

    ប្រភព៖ Xinhua

  • របាយការណ៍ 24ម៉ោង​នៃ​ថ្ងៃទី 30​មករា៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស​​Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5សែន​នាក់

    របាយការណ៍ 24ម៉ោង​នៃ​ថ្ងៃទី 30​មករា៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស​​Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5សែន​នាក់

    ព្រឹក​ថ្ងៃទី 31 មករា ក្រសួងសុខាភិបាល​បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី​នឹង Covid-19 ចំនួន 1 នាក់ នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ ដែល​នេះ​គឺជា​ករណី​នាំចូល។

    ករណី​ឆ្លង Covid-19 ខាងលើនេះ​កើតឡើង​លើ​អ្នកដំណើរ​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ 29 ឆ្នាំ ធ្វើដំណើរ​ពី​ប្រទេស​ហ្វីលីពីន និង​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម​របស់​ក្រសួងសុខាភិបាល។

    ក្រៅពី​ករណី​ឆ្លង Covid-19 កម្ពុជា​មិនមាន​ករណី​ជាសះស្បើយ​នោះទេ នៅក្នុង​អំឡុង 24 ម៉ោង​កន្លងទៅនេះ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 465 នាក់ ក្នុងនោះ​មាន 443 នាក់​បានជា​សះស្បើយ និង 22 នាក់​កំពុង​ព្យាបាល។

    ដោយឡែក នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 103,099,841 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 2,227,644 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 74,729,629 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​នេះ​មាន​ចំនួន 26,142,568 នាក់៕

  • តំណាងរាស្ត្រ​អាមេរិក​ឆ្លង Covid-19 បើ​ទោះ​បាន​ចាក់​វ៉ាក់សាំង 2ម្ជុល​​រួច​ហើយ​ក្ដី

    តំណាងរាស្ត្រ​អាមេរិក​ឆ្លង Covid-19 បើ​ទោះ​បាន​ចាក់​វ៉ាក់សាំង 2ម្ជុល​​រួច​ហើយ​ក្ដី

    តំណាងរាស្ត្រ​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ជាន់​ទាប​របស់​រដ្ឋ Massachusetts លោក Stephen Lynch កាលពី​ថ្ងៃទី 29 មករា បាន​បញ្ជាក់ថា បាន​ឆ្លង Covid-19 បើទោះជា​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​កាលពី​ជាង 1 សប្ដាហ៍​មុន។

    Stephen Lynch ទទួលបាន​លទ្ធផល​វិជ្ជមាន ក្រោយពី​បុគ្គលិក​ម្នាក់​នៃ​ការិយាល័យ​របស់លោក នៅក្នុង​ទីក្រុង Boston បាន​ឆ្លង Covid-19 កាលពីដើម​សប្ដាហ៍ នេះ​បើតាម​អ្នកនាំពាក្យ Molly Rose Tarpey។

    តំណាងរាស្ត្រ​ខាងលើ​ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 របស់ Pfizer-BioNTech លើក​ទី​ពីរ និង​បានធ្វើ​តេស្ត​រកឃើញថា អវិជ្ជមាន​នៅមុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden កាលពី​ថ្ងៃទី 20 មករា។ បច្ចុប្បន្ន លោក Lynch កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

    យោងតាម​សេចក្ដីប្រកាស​ពី​ក្រុមហ៊ុន Pfizer ម្ជុល​ទី​ពីរ​នៃ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន​នេះ ត្រូវការ​ពេល 7 ថ្ងៃ ទើប​បញ្ចេញ​ប្រសិទ្ធភាព។ ប៉ុន្តែ ព័ត៌មាន​ពី​ការិយាល័យ​របស់លោក Lynch ឱ្យដឹងថា លោក​ត្រូវបាន​ចាក់​វ៉ាក់សាំង​កាលពី 9 ថ្ងៃ​មុនពេល​ទទួលបាន​លទ្ធផល​វិជ្ជមាន។

    លោក Lynch គឺជា​សមាជិក​ទី​ពីរ​របស់​ក្រុមតំណាងរាស្ត្រ Massachusetts នៅ​សភា បាន​ឆ្លង Covid-19 ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅថ្មីៗនេះ។ មុននេះ តំណាងរាស្ត្រ​សភា​ជាន់​ទាប លោកស្រី Lori Trahan ក៏បាន​ប្រកាសថា បាន​ឆ្លង Covid-19 និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​ក្រុមគ្រួសារ។

    សហរដ្ឋអាមេរិក គិតដល់​ព្រឹក​ថ្ងៃទី 31 មករា ឆ្នាំ 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 26,652,143 នាក់ និង​អ្នកស្លាប់​ដោយសារ​វីរុស​នេះ បាន​កើន​ដល់ 450,381 នាក់ ខណៈ​អ្នក​កំពុង​ផ្ទុក​វីរុស មាន​ចំនួន 9,878,665 នាក់៕

    ប្រភព៖ Boston Herald

  • វីដេអូ-ផ្ទះសម្រាប់រស់នៅលើផែនដីនា​ពេល​អនាគតកាល៖ សាងសង់​ក្នុង​រយៈ​ពេល​តែ 200ម៉ោង និងកម្មករ 4នាក់ ដោយប្រើម៉ាស៊ីនបោះពុម្ភ 3D

    វីដេអូ-ផ្ទះសម្រាប់រស់នៅលើផែនដីនា​ពេល​អនាគតកាល៖ សាងសង់​ក្នុង​រយៈ​ពេល​តែ 200ម៉ោង និងកម្មករ 4នាក់ ដោយប្រើម៉ាស៊ីនបោះពុម្ភ 3D

    ផ្ទះ​ដីឥដ្ឋ TECLA ដែល​សមស្រប​ជាមួយនឹង​ការថែរក្សា​បរិស្ថាន ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើពេល​ខ្លី និង​ត្រូវការ​កម្លាំង​ពលកម្ម​តែ 4 នាក់ រួម​នឹង​ម៉ាស៊ីន​បោះ​ពុ​ម្ភ​ចំនួន 2 គ្រឿង​ប៉ុណ្ណោះ។

    នេះ​មិនមែនជា​ការសាកល្បង​សាង​សង់ផ្ទះ​សម្រាប់​បរិស្ថាន​នៅលើ​ផ្កាយ​ព្រះ​អង្គារ​នោះឡើយ ប៉ុន្តែ​វា​អាចជា​ផ្ទះ​សម្រាប់​​មនុស្ស​រស់នៅ​នាពេល​អនាគត​នៅលើ​ផែនដី។

    វា​គឺ TECLA ដែលជា​ប្រភេទ​ផ្ទះ​ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ដីឥដ្ឋ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 4D ធ្វើ​ការមិន​ឈប់ឈរ ដើម្បី​បោះ​ពុ​ម្ភ​ផ្ទះ​ដែលមាន​រាង​មូល​នេះ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ចំនួន 2 គ្រឿង ធ្វើការ​ទន្ទឹមគ្នា ក្នុងពេល​តែមួយ និង​ចំណាយពេល​ត្រឹមតែ 200 ម៉ោង ដើម្បី​សាងសង់​ផ្ទះមួយ​ខ្នង។

    ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

    វិស្វករ Ailberto Chiusoli នៃ​ក្រុមហ៊ុន Crane Wasp ដែលជា​អ្នក​អភិវឌ្ឍ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D បានឱ្យដឹងថា «យោងតាម​គោលដៅ​អភិវឌ្ឍ​ចេរភាព​របស់​អង្គការសហប្រជាជាតិ (UN) វិធី​ប្រើប្រាស់​បច្ចេកទេស​បុរាណ​ត្រូវតែ​ប្ដូរ​ទៅជា​វិធីសាស្ត្រ​ចិ​រ​ភាព និង​មាន​ពណ៌​បៃតង​ជាង​មុន»។

    Ailberto Chiusoli បន្តថា៖ «យើង​ជឿជាក់ថា ការបោះ​ពុ​ម្ភ 3D គឺជា​ចម្លើយ​សម្រាប់​គោលដៅ​ខាងលើ។ នេះ​គឺ​ជា​​វិធីសាស្ត្រ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព និង​សន្សំសំច័យ​ធនធាន»។

    ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

    ដំណាក់កាល​នៃ​សាងសង់​ក៏​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ប្រភព​ដី​នៅក្នុង​តំបន់ លាយ​ជា​មួយនឹង​សំណល់​ដែល​បានមកពី​ការដាំ​ស្រូវ និង​វត្ថុ​ធាតុ​រក្សា​លំនឹង​ដើម្បី​បង្កើន​ភាព​ធន់ និង​ប្រសិទ្ធភាព​ក្នុងការ​ទប់​ទល់​នឹង​ទឹក។

    តំណាង​ក្រុមហ៊ុន Crane Wasp ឱ្យដឹងថា ការគ្រប់គ្រង​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ទាំង 2 គ្រឿង​នេះ ត្រូវការ​មនុស្ស​តែ 4 នាក់​ប៉ុ​ណ្នោះ៕

    ប្រភព៖ Amaze Lab

  • ឧកញ៉ា ប៉ិច បូ​ឡែ​ន៖ សិស្ស​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី១០ ដើម្បី​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ការសិក្សា​បន្ត និង​ពង្រឹងសមត្ថភាព​ការងារ​ថ្ងៃក្រោយ

    ឧកញ៉ា ប៉ិច បូ​ឡែ​ន៖ សិស្ស​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី១០ ដើម្បី​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ការសិក្សា​បន្ត និង​ពង្រឹងសមត្ថភាព​ការងារ​ថ្ងៃក្រោយ

    «សិស្ស​ត្រូវ​គិតគូរ និង​សម្រេចចិត្ត​ឲ្យ​ច្បាស់​ក្នុងការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រា​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី 10 ទៅ​ឲ្យ​ហើយ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ឈានទៅ​ចាប់យក​ជំនាញ​សិក្សា​ពិតប្រាកដ​មួយ​នៅ​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​បច្ចេកទេសផ្សេងៗ ក៏ដូចជា​ពង្រឹងសមត្ថភាព​ការងារ»។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា បឋមភូមិ នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ច្បារអំពៅ។

    ឧកញ៉ា​បាន​បន្ថែមទៀតថា សិស្ស​ខ្លះ​ចូលរៀន​ខុស​ជំនាញ ដោយសារ​នៅ​វិទ្យាល័យ ពួកគេ​ខិតខំ​រៀនសូត្រ​តែ​មុខវិជ្ជា​​វិទ្យា​សាស្ត្​រ​សង្គម​ ពីព្រោះ​មិន​ចង់​ប្រើ​ខួរក្បាល និង​មិន​ចូលចិត្ត​ការគិត វិភាគ​ស្មុគស្មាញ​ច្រើន តែ​នៅពេល​រៀន​ចប់​វិទ្យាល័យ បែរជា​ជ្រើស​រើសយក​ជំនាញ​ផ្នែក​វិស្វកម្ម ឬ​ហិរញ្ញវត្ថុ​ទៅវិញ ដែល​ជំនាញ​ទាំងនោះ​ត្រូវ​ប្រើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ជួយ​គាំទ្រ។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ការសិក្សា​ខុស​ទិសដៅ និង​មិន​ទទួលបាន​ជោគជ័យ។

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បែង​ចែកជា​ពីរ​ផ្នែក​មុខវិជ្ជា​សិក្សា គឺ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ដែលមាន​មុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯ​ផ្នែក​វិទ្យាសាស្ត្រ​មានមុខ​វិជ្ជា ភាសា​ខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​និង​ពលរដ្ឋវិទ្យា ផែនដីវិទ្យា និង​ភាសាបរទេស ហើយ​ចាប់​អនុវត្ត​នៅ​ថ្នាក់​ទី 12។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​បាន​សង្កត់ធ្ងន់ថា សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​ត្រូវ​ការជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ច្រើនជាងគេ ដូចជា​ផ្នែក​វិស្វកម្ម ស្ថាបត្យកម្ម សរសេរ​កូដកម្ម​វិធី វិ​ជ្ជ​សាស្ត្រ បច្ចេកវិទ្យា វិភាគ​សេដ្ឋកិច្ច វិភាគ​ហិរញ្ញវត្ថុ​ជាដើម ដែល​ជំនាញ​ទាំងនោះ​មាន​ឪ​កាស​ទទួលបាន​ការងារ​ច្រើន ជាមួយនឹង​ប្រាក់បៀវត្សរ៍​ក៏​ច្រើន​គួរសម​ផងដែរ។

    សូមជម្រាបថា ដោយ​ស្ថានភាព Covid-19 សិ្ថ​ត​ក្នុងការ​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដូចនេះ​សាលា​បាន​ព្យាយាម​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​គោរព​តាម​វិធាន​ការពារ​របស់​ក្រសួង ដោយមាន​ការពាក់​ម៉ាស វាស់​កម្តៅ និង​លាងដៃ​នឹង​អាល់កុល និង​បាន​បែងចែក​ការប្រគល់​វិញ្ញាបនបត្រ​តាម​កាលបរិច្ឆេទ នៅ​បួន​ទីតាំង​ផ្សេងគ្នា រួមមាន៖  សាខា​ច្បារអំពៅ សាខា​ចំការ​ដូង សាខា​ដូនពេញ និង​សាខា​សន្ធរម៉ុក៕

  • ថៃ​ជិត​បាន​ចាក់​វ៉ាក់សាំង Covid-19 ដែល​ផលិត​ក្នុងស្រុក

    ប្រទេស​ថៃ​មាន​គម្រោង​ផលិត​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ត្រៀម​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយ​ធំ​នៅក្នុង​ខែមិថុនា​ខាងមុខ។

    ប្រធាន​វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង​របស់​ថៃ លោក Nakorn Premsri កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តាម​ផែនការ ប្រទេស​នេះ​នឹង​បញ្ចប់​ការពិសោធ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក នៅ​ចុងខែ​ឧសភា និង​ផលិត​រួចរាល់​នៅក្នុង​ខែមិថុនា 2021​ ដើម្បី​ត្រៀម​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ។ លោក Nakorn Premsri បាន​និយាយ​ថា ​ប្រទេស​​ថៃ​​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ចំនួន 18 លាន​ដូ​ស​រៀងរាល់ខែ។

    យោងតាម​មេដឹកនាំ​វិទ្យាស្ថាន​ខាងលើ មូល​ហេតុដែល​ប្រទេស​នេះ​បានជ្រើសរើស​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​គឺ​ព្រោះ​ពួកគេ​ចង់​ធានាឱ្យមាន​ប្រភព​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ក្នុង​គ្រា​ដែល​ពិភពលោក​​កំពុង​​ប្រយុទ្ធ​​ប្រឆាំង​នឹង​វីរុស​ Covid-19 ដែល​បានសម្លាប់​មនុស្ស​ជាង 2 លាន​នាក់។

    ប្រធានវិទ្យាស្ថានជាតិវ៉ាក់សាំងរបស់ថៃ លោក Nakorn Premsri

    ប្រទេស​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca កាលពី​ខែតុលា ឆ្នាំ 2020 តាម​ពីក្រោយ​ប្រទេស​មួយចំនួន ដូចជា អង់គ្លេស អាមេរិក និង​ឥណ្ឌា។ ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងប្រទេស​ថៃ ចំនួន 61 លាន​ដូ​ស គ្រប់គ្រាន់​សម្រាប់​មនុស្ស 30 លាន​នាក់ ដែល​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ពលរដ្ឋ​អាយុ​ក្រោម 18 ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ។

    គិត​រហូតដល់​ខែមិថុនា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​នឹង​នៅតែ​បន្ត​ពឹង​ផ្អែកលើ​វ៉ាក់សាំង Covid-19 ដែល​នាំចូល​ពី​បរទេស។ តាម​ផែនការ ប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​នាំចូល​ចំនួន 50,000 ដូ​ស​ដំបូង ពី​ក្រុមហ៊ុន AstraZeneca នៅ​ខែ​ក្រោយនេះ រួចហើយ​នឹង​បន្ត​ទទួល 100,000 ដូ​ស​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​នោះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul កាលពី​ម្សិលមិញ​បាន​សំដែង​ការព្រួយបារម្ភ​លើ​បញ្ហា​ផ្គត់ផ្គង់​នៅ​អឺរ៉ុប ដែល​អាច​នាំឱ្យ​កាលបរិច្ឆេទ​ទទួល​វ៉ាក់សាំង​ពី AstraZeneca ត្រូវ​ពន្យារពេល។

    AstraZeneca គឺជា​ក្រុមហ៊ុន​ផលិត​ឱសថ​ពហុ​ប្រទេស​របស់​ស៊ុយអែត និង​អង់គ្លេស។ ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Cambridge ប្រទេស​អង់គ្លេស និង​មាន​សាខា​រោងចក្រ​ផលិត​ឱសថ​នៅក្នុង​ប្រទេស​មួយចំនួន​​ផងដែរ។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul

    ប្រទេស​ថៃ​ក៏បាន​ប​ញ្ជេ​ទិញ​វ៉ាក់សាំង Sinovac Biotech របស់​ចិន​ចំនួន 2 លាន​ដូ​ស ដែល​ថៃ​នឹងត្រូវ​ទទួលបាន 200,000 ដូ​ស​នៅក្នុង​ខែកុម្ភៈ បើទោះជា​វ៉ាក់សាំង​នេះ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​អនុម័ត​ឱ្យប្រើ​ប្រាស់​ក៏ដោយ។

    ប្រទេស​ថៃ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 17,023 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 76 នាក់ និង​ជាសះស្បើយ​ចំនួន 11,396 នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 5,551 នាក់៕

    ប្រភព៖ Reuters

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5.6សែន​នាក់

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5.6សែន​នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 30 មករា​នេះ បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 ករណី​ទៀត ដែលជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ។

    អ្នក​វិជ្ជមាន​ខាងលើនេះ​គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ 37 ឆ្នាំ នៅ​ខេត្តបាត់ដំបង។ ក្រៅពី​ករណី​វិជ្ជមាន ថ្ងៃនេះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 5 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត​សូម​អាន​បញ្ជី​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 30 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 464 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 443 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 21 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 102,577,402 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,214,032 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 26,086,562 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 74,273,103 នាក់៕

  • មិន​នឹកស្មានថា អាច​​រកបាន​ប្រាក់​​ខ្ទង់​សែន​ដុល្លារ/ខែ ក្រោយពី​បាត់បង់​ការងារ​ជាជាង​កាត់​ស​ត់ ដោយសារ Covid-19! តើ​មាន​អ្វី​ជាពិសេស និង​អាថ៌កំបាំង​នៃ​ជោគជ័យ​នេះ?

    មិន​នឹកស្មានថា អាច​​រកបាន​ប្រាក់​​ខ្ទង់​សែន​ដុល្លារ/ខែ ក្រោយពី​បាត់បង់​ការងារ​ជាជាង​កាត់​ស​ត់ ដោយសារ Covid-19! តើ​មាន​អ្វី​ជាពិសេស និង​អាថ៌កំបាំង​នៃ​ជោគជ័យ​នេះ?

    វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស Covid-19 បាន និង​កំពុង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ធ្លាក់ខ្លួន​ក្រ​ដោយសារ​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​បានក្លាយ​ជា​អ្នកមាន​ដោយសារ​វីរុស​នេះដែរ។

    កំលោះ Ben Gulliver អាយុ 20 ឆ្នាំ ដើមឡើយ​គឺជា​បុគ្គលិក​នៅ​ហាង​កាត់​ស​ត់ Advanced Hair Studio នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។ ខែមីនា ឆ្នាំ 2020 កំលោះ Ben បាន​ក្លាយជា​មនុស្ស​គ្មាន​ការងារ​ធ្វើ ដោយសារតែ​រដ្ឋាភិបាល​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19។

    ក្នុងពេល​នៅផ្ទះ Ben មានគំនិត​រកស៊ី​ដោយ​ខ្លួនឯង។ ភ្លាមនោះ គាត់​ក៏​ចូលទៅ​កាន់​ទំព័រ Youtube ដើម្បី​ស្រាវជ្រាវ​ឱ្យដឹងថា ខ្លួន​គួរតែ​លក់​អ្វីខ្លះ។ Ben និយាយថា៖ «ខ្ញុំ​បានគិត​ដល់​ផលិតផល​ដែល​ល្អ ផលិតផល​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ»។

    ក្នុង​បន្ទប់​គេង​ដ៏​តូច​របស់ខ្លួន Ben ចាប់ផ្ដើម​ស្វែងរក​ប្រភព​ទំនិញ​ដែល​ទាក់ទង​នឹង​ការសម្អាត​មាត់​ធ្មេញ ដែលមាន​ប្រភពពី​ចិន ហើយ​ក្រោយមក​គឺ​ម៉ាស៊ីន​ធ្វើ​លំ​ហាត់ប្រាណ និង​ប៉ាន់តែ។ល។ ដូច​អ្វីដែល​ខ្លួន​បានគិត ផលិតផល​ទាំងនេះ​សុទ្ធតែ​ទទួលបាន​ការ​ជាវ​យ៉ាងច្រើន ដែល​នេះ​បាន​នាំឱ្យ Ben រកបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​សន្ធឹក។

    ខែ​ខ្លះ Ben លក់បាន​ប្រាក់​ជាង 2 សែន​ផោន (ប្រហែល 273,828 ដុល្លារ​អាមេរិក) ហើយ​មាន​ខែ​ខ្លះ​ក៏​រកបាន​ជាង 1 សែន​ផោន (136,914 ដុល្លារ) ក្នុង​រយៈពេល​តែ 10 ថ្ងៃ។

    Ben បង្ហើប​ឱ្យដឹងថា៖ «យើង​ចែកចាយ​ផលិតផល​តាមរយៈ​ផ្សារ​អន​ឡាញ Amazon ហើយ​យើង​លក់ទំនិញ​ទូទាំង​ពិភព​លោក ចាប់ពី​អាមេរិក អាហ្វ្រិក រហូតដល់​អាស៊ី។ មកដល់​បច្ចុប្បន្ន ខ្ញុំ​រកបាន​ជាង 1 លាន​ដុល្លារ​អាមេរិក នេះ​គឺជា​ប្រាក់ចំណូល មិនមែន​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​នឹង​ជោគជ័យ​នេះ»។

    Ben បន្តថា «ខ្ញុំ​ចង់​ជួយ​ដល់​យុវវ័យ​ក្នុងការ​ចាប់ផ្ដើម​ការរក​ស៊ី​ផ្ទាល់ខ្លួន និង​ផ្ដល់យោបល់​ដល់​ពួកគេ។ អ្វីដែល​ពួកគេ​ត្រូវការ នោះ​គឺ​កម្លាំងចិត្ត​ដើម្បី​ចាប់ផ្ដើម»។

    «ឱ្យតែ​អ្នកមាន​កុំព្យូទ័រ​យួរដៃ ឬ​ទូរស័ព្ទ​មួយគ្រឿង និង​មានភ្ជាប់​អ៊ី​ន​ធើ​ណិ​ត អ្នក​អាចបង្កើត​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង។ ចូរ​កុំ​បោះបង់​អ្វីមួយ​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក»។ ប្រការ​មួយគត់​ដែល Ben ចង់​ផ្ដាំ​ដល់​គ្រប់គ្នា នោះ​គឺ «ការប្ដេជ្ញាចិត្ត» ព្រោះថា វា​អាចជួយ​ឱ្យ​ពួកគេ​បង្កើតបាន​នូវ​ប្រការ​ខុសប្លែក​ពីមុន។

    Ben បាន​លក់​ការងារ​អាជីវកម្ម​ផ្នែក​លក់​ម៉ាស៊ីន​សម្អាត​ធ្មេញ​ទៅឱ្យ​អ្នកវិនិយោគ​ជនជាតិ​អាមេរិក​ម្នាក់​ក្នុងតម្លៃ​ខ្ទង់លាន​ដុល្លារ​អាមេរិក ក្រោយពី Ben លក់ទំនិញ​អស់​រាប់ពាន់​មុខ​នៅក្នុង​អំឡុង​មាន​បម្រាម​គោចរ។

    កាលពី​នៅ​ក្មេង Ben ធ្លាប់ «ធ្វើ​ជំនួញ» តូចតាច ដោយ​ទិញ​ស្ករ​គ្រាប់​មាន​ដង​តម្លៃ 15 កាក់ រួច​លក់​ឱ្យ​មិត្តភក្ដិ​ក្នុងតម្លៃ 1 ផោន។ អាយុ 14 ឆ្នាំ Ben ធ្លាប់​រកបាន 1,000 ផោន (ជាង 1,000 ដុល្លារ​អាមេរិក) ពី​ការលក់​ខោអាវ ក្នុង​រយៈពេល 1 ខែ។

    Ben បាន​ប្រាប់ថា ក្រោយពី​បញ្ចប់​ការសិក្សា​កម្រិត​មធ្យម​ក្នុង​វ័យ 16 ឆ្នាំ គាត់​ធ្លាប់​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​បទពិសោធន៍​ថ្មី។ «ពេលនោះ ខ្ញុំ​នឹក​ផ្ទះ​ណាស់ ប៉ុន្តែ បទពិសោធន៍​នៅទីនេះ​ពិតជា​អស្ចារ្យ។ ខ្ញុំ​រៀន​បាន​ប្រការ​ជាច្រើន ហើយ​ប្រការ​ធំធេង​ដែល​ខ្ញុំ​ប្រមូលបាន នោះ​គឺ​ទំនាក់ទំនង»៕

    ប្រភព៖ Birminghammail

  • កំពុង​ស្វែង​រកអាហារូបករណ៍​ផ្នែក​បច្ចេក​វិទ្យា​? «Techo Digital Talent Scholarship» តម្លៃ​ជាង 1.7ម៉ឺន​ដុល្លារ/ម្នាក់ កំពុង​រង់ចាំ​អ្នក​

    កំពុង​ស្វែង​រកអាហារូបករណ៍​ផ្នែក​បច្ចេក​វិទ្យា​? «Techo Digital Talent Scholarship» តម្លៃ​ជាង 1.7ម៉ឺន​ដុល្លារ/ម្នាក់ កំពុង​រង់ចាំ​អ្នក​

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នា​ព្រឹក​ថ្ងៃទី 29 មករា បានប្រកាស​ឱ្យដឹងថា “អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ Techo Digital Talent Scholarship” ដែល​ផ្ដល់ឱកាស​ដល់​សិស្ស​ចំនួន 100 នាក់ កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវជន យុវនារី​នៅ​កម្ពុជា ក្រោយពី​ត្រូវបាន​ប្រកាស​ព័ត៌មាន។

    ក្រសួង​ប្រៃសណីយ៍​បាន​បន្ថែមថា បេក្ខភាព​ចំនួន 2,207 នាក់ បានដាក់​ពាក្យសុំ​អាហារូបករណ៍​ខាងលើ​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា ក្នុងនោះ​មាន​នារី​ចំនួន​ជាង 800 នាក់​ផងដែរ គិត​ត្រឹម​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021។

    អាហារូបករណ៍​ខាងលើនេះ​នឹង​ផ្ដល់ជូន​បេក្ខភាព​ជ័យលាភី ម្នាក់ៗ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ 17,000 ដុល្លារ សម្រាប់​ការសិក្សា​រយៈពេល 4 ឆ្នាំ ក្នុងនោះ​មាន​ប្រាក់ឧបត្ថម្ភ 120 ដុល្លារ/ខែ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ទៀតផង។

    បេក្ខភាព​ជ័យលាភី​នៃ​អាហារូបករណ៍​នេះ​នឹងត្រូវ​មក​សិក្សា​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ដែលជា​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​របស់​រដ្ឋ​ឈានមុខ​គេ​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល លើ​មុខជំនាញ​កម្រិត​បរិញ្ញាបត្រ មានដូចជា ទីមួយ​គឺ «ទូរគមនាគមន៍​និង​បណ្ដាញ-Telecoms & Networking» ទី​ពីរ​គឺ «វិទ្យាសាស្ត្រ​កុំព្យូទ័រ-Computer Science» និង​ទី​បី​គឺ «ពាណិជ្ជកម្ម​អេឡិចត្រូនិក-e-Commerce»។

    បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​កម្មវិធីសិក្សា​និង​វិធីសាស្ត្រ​បង្រៀន​យ៉ាង​សម្បូរបែប ដោយមាន​បញ្ចូល​ជំនាញ​បច្ចេកទេស (Technical Skill) ជំនាញ​ទន់ (Soft Skill) សហគ្រិនភាព (Entrepreneurship) និង​ភាពជា​អ្នកដឹកនាំ(Leadership)។

    រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​អំពាវនាវ​ដល់​សិស្ស​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តែ​មិនទាន់បាន​ដាក់ពាក្យ​ប្រឡង សូម​មកកាន់​បណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថល ដើម្បី​ដាក់ពាក្យ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021។

    បេក្ខជន​ដែលមាន​បំណង​សុំ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ សូម​ចុះឈ្មោះ​ប្រឡងប្រជែង​តាមរយៈ​តំណរ​ភ្ជាប់ https://bit.ly/ApplyNIPTICT ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​បណ្ឌិត្យសភា​ឌីជីថល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) តាម​ទូរស័ព្ទ​លេខ 010 340 000 ឬ​អ៊ី​ម៉ែ​ល [email protected]