Author: សឿន សំណាង

  • អាមេរិក​ចាប់ខ្លួន​អ្នក​លួច​ឡើង​​យន្ត​ហោះ​​ដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់

    អាមេរិក​ចាប់ខ្លួន​អ្នក​លួច​ឡើង​​យន្ត​ហោះ​​ដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់

    បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​បាន​លួច​ឡើង​យន្តហោះ C-40 របស់​ក្រុម​ហោះហើរ​នៅ​មូលដ្ឋានទ័ព Andrews ដែល​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 4 កុម្ភៈ។

    «បុរស​នេះ​បាន​រំលោភ​ចូល​កន្លែង​ចត​យន្តហោះ និង​បាន​ចូលទៅក្នុង​យន្តហោះ C-40 មួយគ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ហោះហើរ​លេខ 89។ កងកម្លាំង​សន្តិសុខ​នៅ​មូលដ្ឋានទ័ព Andrews បាន​ចាប់ខ្លួន និង​សួរនាំ​បុរស​នេះ» ការិយាល័យ​នៃ​មូលដ្ឋានទ័ព Andrews នៅ Maryland ប្រកាស​កាលពី​ថ្ងៃទី 5 កុម្ភៈ។

    អ្នកនាំពាក្យ​នៃ​មន្ទីរ​បញ្ច​កោណ លោក John Kerby បានឱ្យដឹងថា ក្រសួងការពារជាតិ និង​ទ័ពអាកាស កំពុងតែ​ពិនិត្យ​ហេតុការណ៍​នេះ​យ៉ាង​ម៉ត់ចត់។ លោក Kerby បន្ថែមថា «មូលដ្ឋានទ័ព បានប្រគល់​បុរស​នេះ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​តំបន់​រួចហើយ។ មិនមាន​តម្រុយ​ណាមួយ​បង្ហាញថា បុរស​នេះ​ជាប់​ទាក់ទិន​នឹង​ក្រុម​ជ្រុលនិយម​នោះទេ»។

    ក្រុម​ហោះហើរ​លេខ 89 មាន​យន្តហោះ Air Force One សម្រាប់​ដឹក​ប្រធានាធិបតី និង​យន្តហោះ​មួយចំនួនទៀត​ដែល​ប្រើប្រាស់​ដើម្បី​ដឹក​អនុ​ប្រធានាធិបតី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផងដែរ។

    មន្ត្រី​ម្នា​ក់នៅ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា យន្តហោះ C-40 ដែល​បុរស​នេះ​បាន​លួច​ចូលទៅ​ខាងក្នុង មិន​ស្ថិតនៅក្នុង​ក្រុម​យន្តហោះ​អមដំណើរ​ប្រធានាធិបតី​នោះទេ៕

    ប្រភព៖ CNN

  • កម្ពុជា​រកឃើញ 2នាក់​ទៀត​ដែល​វិជ្ជមាន​នឹង Covid-19

    កម្ពុជា​រកឃើញ 2នាក់​ទៀត​ដែល​វិជ្ជមាន​នឹង Covid-19

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2 ករណី​បន្ថែមទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ដល់ 472 នាក់។

    ករណី​ឆ្លង​ថ្មី​ខាងលើនេះ កើតឡើង​ចំពោះ អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា ក្នុងនោះ​មាន​ជនជាតិខ្មែរ​ម្នាក់ ស្នាក់​នៅក្នុង​ទីក្រុង​តាខ្មៅ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ស្នាក់​នៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​នៅក្នុង​សេចក្ដីប្រកាស​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 472 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 453 នាក់ និង​កំពុង​ព្យាបាល​ចំនួន 19 នាក់។

  • គម្រោង​ចាក់​វ៉ាក់សាំង Covid-19 ជូន​ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ ត្រូវបាន​លុបចោល

    គម្រោង​ចាក់​វ៉ាក់សាំង Covid-19 ជូន​ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ ត្រូវបាន​លុបចោល

    ក្រសួងសុខាភិបាល នៅ​ព្រលប់​ថ្ងៃទី 5 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាស​ឱ្យដឹង​អំពី​ការប្រើប្រាស់​វ៉ាក់សាំង Covid-19 ជា​ជំនួយ​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 7 កុម្ភៈ​ខាងមុខ។

    សេចក្ដីប្រកាស​ថ្មី​ដែល​យោងទៅតាម​សេចក្ដីប្រកាស​ចាស់​ចុះ​នៅ​ថ្ងៃទី 3 កុម្ភៈ ឆ្នាំ 2021 បាន​បញ្ជាក់ថា វ៉ាក់សាំង​ចំនួន 3 សែន​ដូ​ស និង​សេ​រ៉ាំ​ង​ចំនួន 300,800 ដើម នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 7 កុម្ភៈ ឆ្នាំ 2021។ ចំណែក​អាយុ​ដែល​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន គឺ​ត្រូវមាន​ចាប់ពី 18 ដល់ 59 ឆ្នាំ ខណៈ​អ្នក​ដែលមាន​អាយុ​លើសពី 60 ឆ្នាំ នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​ជា​បន្តទៀត។

    ក្រសួង​បាន​បញ្ជាក់ថា គម្រោង​ចាក់​វ៉ាក់សាំង​ជូន សម្ដេច​តេ​ជោ និង​ឥស្សរជន​ជាន់ខ្ពស់​អមដំណើរ​ដែល​មាន​អាយុ​លើសពី 60 ឆ្នាំ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 10 ខាងមុខ ក៏ត្រូវ​បាន​លុបចោល និង​ត្រូវ​ចាក់​ជូន​អ្នក​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ដល់ 59ឆ្នាំ ទៅតាម​អាទិភាព​ដែល​បានចែង​នៅក្នុង​ពិធីសារ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19។

    ក្រុមមនុស្ស​អាទិភាព​នឹងត្រូវ​បានជ្រើសរើស​ចេញពី​បញ្ជី​ឈ្មោះ​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​សប្ដាហ៍​ក្រោយ។ ការចាក់​វ៉ាក់សាំង​នឹងត្រូវ​បានធ្វើ​ឡើង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ ខេត្ត និង​ស្រុក។ សម្រាប់​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង និង​ព័ត៌មាន​លម្អិត​ផ្សេងទៀត ក្រសួងសុខាភិបាល​នឹង​ជ​ម្រាម​ជូន​នៅពេល​ក្រោយ៕

  • បាតុករ​ប្រឆាំង​រដ្ឋប្រហារ​​យោធា​នៅ​មី​យ៉ាន​ម៉ា ចាប់ផ្ដើម​បង្ហាញ​សញ្ញា​យក​គំរូ​តាម​បាតុករ​ថៃ

    បាតុករ​ប្រឆាំង​រដ្ឋប្រហារ​​យោធា​នៅ​មី​យ៉ាន​ម៉ា ចាប់ផ្ដើម​បង្ហាញ​សញ្ញា​យក​គំរូ​តាម​បាតុករ​ថៃ

    មនុស្ស​ប្រមាណ 200 នាក់ ដែលជា​និស្សិត និង​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ Dagon នៃ​ទីក្រុង Yangon របស់​មី​យ៉ាន​ម៉ា នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព​ដែល​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​របស់លោក​ស្រី Suu Kyi។

    នៅក្នុង​បាតុកម្ម​នា​ថ្ងៃទី 5 កុម្ភៈ​នេះ គេ​ឃើញ​ក្រុម​គ្រូបង្រៀន​ចង​ក្រណាត់​ក្រហម​នៅលើ​ដៃ ដែលជា​ពណ៌​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតី (NLD) របស់លោក​ស្រី Aung San Suu Kyi ខណៈដែល​ក្រុមនិស្សិត​លើក​ម្រាមដៃ​ចំនួន 3 ស្រែក​ហ៊ោ​ថា «អ្នក​ម្ដាយ Suu អមត!» (ទម្លាប់​របស់​ពលរដ្ឋ​មី​យ៉ាន​ម៉ា​មួយចំនួន ដែល​តែង​ហៅ​លោកស្រី Suu Kyi បែបនេះ)។ នេះ​គឺជា​សញ្ញា​មួយចំនួន​ដែល​បង្ហាញថា ជា​ការយក​គំរូ​តាម​បាតុករ​នៅ​ប្រទេស​ថៃ។

    ក្រុមបាតុករ​មី​យ៉ាន​ម៉ា បាន​ហែ​ក្បួន​ព័ទ្ធជុំវិញ​ទីលាន​របស់​សាកលវិទ្យាល័យ Dagon និង​បាននាំគ្នា​ស្រែកច្រៀង​ចម្រៀង​បដិវត្ត​ដ៏​ល្បីឈ្មោះ។

    «ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​មិន​ទទួលយក​ការធ្វើ​រដ្ឋប្រហារ​យោធា​បែបនេះ។ យើង​ត្រូវតែ​ប្រឆាំងនឹង​អំពើ​កៀបសង្កត់​នេះ» គ្រូបង្រៀន​ឈ្មោះ Win Win Maw និយាយ​ដូច្នេះ ខណៈដែល​និស្សិត​ឈ្មោះ Min Sithu អះអាងថា៖ «យើង​នឹងមិន​បណ្ដោយឱ្យ​ជំនាន់​របស់​យើង ត្រូវ​រស់​ក្រោម​រដ្ឋអំណាច​យោធា​បែបនេះ​ជាដាច់ខាត»។

    បាតុកម្ម​ខាងលើ​បានកើត​ឡើង បន្ទាប់ពី Win Htein ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស NLD និង​ជំនួយការ​សំខាន់​របស់​លោកស្រី Suu Kyi ត្រូវបាន​ចាប់ខ្លួន។

    ចលនា​ប្រឆាំង​ដែលមាន​ឈ្មោះថា «Myanmar Civil Disobedience Movement» បាន​អំពាវនាវ​នៅលើ​បណ្ដាញ​សង្គម​ឱ្យ​ប្រជាជន​សម្ដែង​ការជំទាស់​នឹង​រដ្ឋប្រហា​រ​យោធា ដោយ​ការ​គោះ​ឆ្នាំង ឬ​ខ្ទះ​ជា​រៀងរាល់​យប់។

    សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា បានធ្វើ​រដ្ឋប្រហារ​យោធា ដែល​ចាប់ផ្ដើម​ដោយ​ការចាប់​ឃុំខ្លួន​លោកស្រី Suu Kyi និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល​ស៊ីវិល ក្រោយពី​អាជ្ញាធរ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បាន​បដិសេធ​ការតវ៉ា​របស់​កងទ័ព ស្ដីអំពី​បញ្ហា​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ចុងឆ្នាំ 2020។ កងទ័ព និង​ប៉ូលិស ក្រោយមក​ក៏បាន​ចោទប្រកាន់​លោកស្រី Suu Kyi ថា បាន​នាំចូល​ដោយ​ខុសច្បាប់​នូវ​វិទ្យុទាក់ទង និង​បានសម្រេច​ឃុំខ្លួន​លោកស្រី​រហូតដល់​ថ្ងៃទី 15 កុម្ភៈ ដើម្បី​បន្ត​ស៊ើបអង្កេត។

    សមាគម​ជំនួយ​អ្នកទោសនយោបាយ​របស់​មី​យ៉ាន​ម៉ា (AAPP) កាលពី​ថ្ងៃទី 4 កុម្ភៈ បានឱ្យដឹងថា មនុស្ស​ប្រមាណ​ជា 147 នាក់ ត្រូវបាន​ចាប់ឃុំខ្លួន បន្ទាប់ពី​មាន​រដ្ឋប្រហារ ក្នុងនោះ​ក៏មាន​ក្រុម​សកម្មភាព តំណាងរាស្ត្រ និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់លោក​ស្រី Suu Kyi ផងដែរ៕

    ប្រភព៖ AFP, RT

  • ផ្ទៃ​បឹង​កប់​ស្រូវ 4 ហិកតា នឹងត្រូវ​​យក​មក​​សាង​សង់​ទីស្ដីការ​ថ្មី​នៃ​​ក្រសួង​​មុខ​ងារ​សាធារណៈ

    ផ្ទៃ​បឹង​កប់​ស្រូវ 4 ហិកតា នឹងត្រូវ​​យក​មក​​សាង​សង់​ទីស្ដីការ​ថ្មី​នៃ​​ក្រសួង​​មុខ​ងារ​សាធារណៈ

    ទីស្ដីការ​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ​នឹង​ត្រូវបាន​សាងសង់​លើ​តំបន់​បឹង​កប់​ស្រូវ (បឹង​តា​មោក) បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានសម្រេច​ប្រគល់ឱ្យ​ក្រសួង​នេះ​តាមរយៈ​អនុក្រឹត្យ មួយ ចុះ​ថ្ងៃទី 28 ខែមករា​កន្លងទៅ។

    នៅក្នុង​អនុក្រឹត្យ លេខ 63 សជណ ចុះ​ថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ខាងលើ បានឱ្យដឹងថា ទីតាំង​ផ្ទៃដី​បឹង​តា​មោក​ទំហំ 4 ហិកតា ដែល​ត្រូវបាន​ប្រគល់ឱ្យ​ក្រសួង​មុខងារសាធារណៈ​នេះ ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ ក្រុងភ្នំពេញ ជាប់​នឹង​ភាគ​ខាងលិច​នៃ​តំបន់​ដី​របស់​ក្រសួងយុត្តិធម៌។ ទីតាំង​នេះ​មាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ 12 គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង និង​ចម្ងាយ​ពី​វត្តភ្នំ​ប្រមាណ 18 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច។

    នៅ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការកំណត់​ផ្ទៃ​បឹង ចំនួន 3,239 ហិកតា ​ដែល​​គ្រប​ដណ្តប់​​លើ​​តំបន់​បឹង​តា​មោក និង​ដី​ជុំវិញ​បឹង​នេះ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ ក្នុង​ឆ្នាំ 2020 រដ្ឋ​ក៏បាន​សម្រេច​កាត់​ដី​បឹង​តា​មោក​ប្រមាណ 682 ហិកតា ឱ្យទៅជា​កម្មសិទ្ធិឯកជន និង​ស្ថាប័នរដ្ឋ​មួយចំនួន ប៉ុន្តែ ក្នុងនោះ​ក៏មាន​ករណី​ជាច្រើន​ត្រូវបាន​ទុកជា​មោ​ឃៈ​ផងដែរ។

    បឹង​កប់​ស្រូវ គឺជា​បឹង​មួយ ដែល​ត្រូវបាន​ចាប់ផ្ដើម​អភិវឌ្ឍ​ក្រោយ​គេ​នៅក្នុង​ចំណោម​បឹងធំៗនៅ​រាជធានី​ភ្នំពេញ។ នៅ​ជុំវិញ​បឹង​នេះ មាន​ខណ្ឌ​ចំនួន 2 គឺ​ខណ្ឌ​ព្រែក​ព្នៅ និង ខណ្ឌ​សែន​សុខ។ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021 សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​រដ្ឋ​ចំនួន 2។

    ក្រោយពី​មាន​អនុក្រឹត្យ ចុះ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 និង​គម្រោងខ្លះៗរបស់​រដ្ឋាភិបាល រហូតមកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​ឯកជន​ជាច្រើន បានចាប់ផ្ដើម​មាន​ឡើង​នៅ​តំបន់​នេះ៕

  • មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    ជាធម្មតា នៅពេល​និយាយ​អំពី​ផែនការ​យូរអង្វែង គ្រប់គ្នា​តែងតែ​កំណត់​គោលដៅ​ក្នុង​រយៈពេល​មធ្យម​ដែល​ប្រកបដោយ​ភាពជាក់លាក់​ណាមួយ រួច​ភ្ជាប់​គំនិត​នានា​ជាមួយគ្នា។ ប៉ុន្តែ បញ្ហា​នៅទីនេះ នោះ​គឺ ផែនការ​នេះ​មាន​លក្ខណ​រឹង និង​តឹងតែង​នៅ​ចំពោះមុខ​ការប្រែប្រួល​រប​ស់​អនាគត ក៏ដូចជា មាន​លក្ខណ​ជាក់លាក់​ពេក ធ្វើឱ្យ​គ្រប់គ្នា​ងាយ​នឹង​បាត់បង់​ភាព​អត់ធ្មត់​នៅពេលអ្វីៗត្រូវ «ដួល​រំលំ»។

    បើទោះជា​ការកំណត់​គោលដៅ​ក្នុង​រយៈពេល 10-20 ឬ 30 ឆ្នាំ មាន​លក្ខណ​មិនសូវ​ជា​ច្បាស់លាស់​បើ​ធៀប​នឹង​រយៈពេល 5 ឆ្នាំ ប៉ុន្តែ វា​ជួយ​ឱ្យ​គ្រប់គ្នា​អាចបង្កើត​យុទ្ធសាស្ត្រ​ប្រកបដោយ​ភាពបត់បែន​ក្នុង​អនាគត ទន្ទឹមនឹងនេះ​ក៏​ជួយ​ឱ្យ​គ្រប់គ្នា​អាច​រក្សាបាន​នូវ​ការអត់ធ្មត់ ភាព​មាំមួន នៅពេល​គម្រោង​ខ្លះ​ត្រូវ​បរាជ័យ។

    នេះ​គឺជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​កំពូល​មហាសេដ្ឋី​លំដាប់​លេខ​ពីរ​ក្នុង​លោក និង​ជា​ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos នៅក្នុង​ដំណាក់កាលដំបូងៗនៃ​ការដឹកនាំ​ក្រុមហ៊ុន​នេះ។ គ្រប់គ្នា​ចូលចិត្ត​ផ្ដោតទៅលើ​លទ្ធផល​ទៅតាម​ត្រីមាស ដោយ​មិនអាច​មើលឃើញ​បាន​នូវ​ប្រព័ន្ធ​ទាំងមូល​ដែល​ត្រូវការ​ការកសាង​សម្រាប់​អនាគត​រយៈពេល​វែង​រាប់សិប​ឆ្នាំ។

    ការកំណត់​ទិសដៅ​ក្នុង​រយៈពេល 5 ឆ្នាំ គឺ​ពិតជា​ជាក់លាក់ និង​ងាយស្រួល​បញ្ចុះបញ្ចូល​ជាង​សម្រាប់​មនុស្ស​ភាគច្រើន ក៏ប៉ុន្តែ ជោគជ័យ​អាចជា​រឿង​ហេងស៊យ។ ចំពោះ​ក្រុមមនុស្ស​ដែល​កំណត់​គោលដៅ ក៏ដូចជា​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដើម្បី​រៀបចំ​គោលដៅ​សម្រាប់​រយៈពេល​វែង ត្រឹម 20-30 ឆ្នាំ នឹងមិន​ងាយ​បរាជ័យ​នោះទេ។ សូម្បីតែ​នៅពេល​មិនអាច​សម្រេចបាន​តាម​ផែនការ ក៏​កម្លាំងកាយ​ចិត្ត បទពិសោធន៍ និង​ចំណេះដឹង​នៅក្នុង​អំឡុង 30 ឆ្នាំកន្លងមក​របស់​គ្រប់គ្នា ក៏​នឹងត្រូវ​បានទទួល​ស្គាល់​ខ្លះ​ផងដែរ។

    យោងតាម​មហាសេដ្ឋី Jeff Bezos គ្រប់គ្នា​កំពុងតែ​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​ការប្ដូរ​ផ្លាស់​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព នោះ​គ្រប់គ្នា​គួរតែ​ចៀសវាង​ឱ្យបាន​នូវ​លក្ខណ «ត្រង់ រឹង និង​ច្រំ​ដែល» ប៉ុន្តែ ជំនួស​មកវិញ ត្រូវតែ​ប្រកបដោយ​ភាពបត់បែន និង​ធ្វើ​ពិពិធ​កម្ម​ដើម្បី​ឱ្យមាន​ជម្រើស​ច្រើន។

    ថ្វីបើ​អនាគត​យូរអង្វែង ពិតជា​ធ្វើឱ្យ​គ្រប់គ្នា​ពិបាក​ក្នុងការ​ព្យាករ ឬ​ដឹង​ជាមុន​បាន ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា គ្រប់គ្នា​មិនអាច​កំណត់​បាន​នូវ​រូបរាង​នៃ​ផ្លូវ​ដែល​ត្រូវ​ដើរទៅ​កាន់​គោលដៅ​របស់ខ្លួន​នោះដែរ៕

    ប្រភព៖ Tipsmake

  • រដ្ឋប្រហារ​យោធា​ជាច្រើន​ដែល​ធ្វើឱ្យ​កក្រើក​ពិភពលោក អំឡុង 10ឆ្នាំ​កន្លងមកនេះ

    រដ្ឋប្រហារ​យោធា​ជាច្រើន​ដែល​ធ្វើឱ្យ​កក្រើក​ពិភពលោក អំឡុង 10ឆ្នាំ​កន្លងមកនេះ

    ការធ្វើ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន​ម៉ា ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​រដ្ឋប្រហារ​នានា​ដែល​បាន​កើតឡើង​ក្នុងអំឡុង​មួយ​ទសវត្សរ៍​កន្លងទៅនេះ ក្នុងនោះ អាហ្វ្រិក​គឺជា​ទ្វីប​ដែល​កើតមាន​អំពើ​រដ្ឋប្រហារ​ច្រើនជាងគេបង្អស់។

    ប្រទេស​ម៉ាលី (Mali) នៅ​អាហ្វ្រិក​ខាងលិច

    កាលពី​ថ្ងៃទី 18 ខែ​សីហា ឆ្នាំ ​2020 កងទ័ព​ម៉ាលី​បានធ្វើ​រដ្ឋប្រហារ​នៅក្នុង​មូលដ្ឋានទ័ព​ធំ​មួយ​នៅក្បែរ​រដ្ឋធានី បា​ម៉ា​កូ​ (Bamako)។ ក្រុម​ទាហាន​បះបោរ​បានស្នើ​ឱ្យធ្វើ​កំណែទម្រង់​នយោបាយ ការប្រគល់អំណាច និង​ធ្វើការ​បោះ​ឆ្នោត។ មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​រដ្ឋាភិបាល​ត្រូវបាន​ចាប់ឃុំខ្លួន ក្នុងនោះ​មាន​ប្រធានាធិបតី Ibrahim Boubacar Keita និង​នាយករដ្ឋមន្ត្រី Boubou Cisse ផងដែរ។

    ប្រទេស​ស៊ូដង់ (Sudan) នៅ​អាហ្វ្រិក​ខាងជើង

    កងទ័ព​ស៊ូដង់​បាន​ផ្ដួលរំលំ និង​ចាប់ខ្លួន​ប្រធានាធិបតី​កាន់អំណាច​ជិត 30 ឆ្នាំ Omar al-Bashir កាលពី​ថ្ងៃទី 11 មេសា 2019 នាំឱ្យ​ក្រុមប្រឹក្សា​យោធា​ឡើងកាន់​អំណាច ក្រោយពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​កក្រើក​ទឹកដី​នេះ​អស់​រយៈពេល​ជាច្រើន​ខែ។ Omar al-Bashir ត្រូវបាន​ចោទប្រកាន់​ពីបទ​ទាក់ទិន​នឹង​អំពើ​សម្លាប់​រង្គាល​បាតុករ លួច​បន្លំ​ហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោក Bashir កំពុង​ត្រូវ​ជាប់ពន្ធនាគារ 2 ឆ្នាំ។

    ហ្ស៊ី​មបា​វ៉េ (Zimbabwe) នៅ​អាហ្វ្រិក​ខាងត្បូង

    កាលពី​ថ្ងៃទី 15 វិច្ឆិកា 2017 កងទ័ព​របស់​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ បាន​បង្ខំ​ឱ្យ​ប្រធានាធិបតី Robert Mugabe ដែល​កាន់អំណាច​យូរ​ជាងគេ​នៅ​អាហ្វ្រិក ឱ្យ​ចុះ​ចេញពី​តំណែង ក្រោយពី​ត្រូវបាន​ឃុំខ្លួន​ក្នុង​ផ្ទះមួយ​រយៈពេល។ រដ្ឋប្រហារ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​រារាំង Mugabe ផ្ទេរអំណាច​ទៅឱ្យ​ភរិយា​របស់ខ្លួន គឺ​លោកស្រី Grace Mugabe។

    បួរ​គី​ណា​ហ្វា​សូ (Burkina Faso) នៅ​អាហ្វ្រិក​ខាងលិច

    កងវរសេនាធំ​ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី (RSP) ដែលជា​អង្គភាព​ពាក់កណ្ដាល​កង​ទ័ព​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​ប្រធានាធិបតី Blaise Compaore កាលពី​ថ្ងៃទី 16 កញ្ញា 2015 បាន​ចាប់ខ្លួន​សមាជិក​គណរ​ដ្ឋ​មន្ត្រី​ប្រទេស​នេះ ក្នុងនោះ​មាន​ប្រធានាធិបតី​ស្ដីទី Michel Kafando នាយករដ្ឋមន្ត្រី Yacouba Isasc Zida (អតីត​អគ្គមេបញ្ជាការ​របស់ RSP)។ មូលហេតុ​នៃ​រដ្ឋប្រហារ​នេះ កើតឡើង​ដោយសារ​អស្ថិរភាព​នយោបាយ​ដែល​បណ្ដាលមកពី​រដ្ឋប្រហា​រ​ឆ្នាំ 1987។

    ប្រទេស​ថៃ

    អំឡុង​ពាក់កណ្ដាល​ឆ្នាំ 2014 ប្រទេស​ថៃ​បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​អស្ថិរភាព​នយោបាយ នៅពេល​បាតុកម្ម​របស់​ក្រុមប្រឆាំង​បានកើត​មាន​ទ្រង់ទ្រាយ​ធំ នាំឱ្យមាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមប្រឆាំង​និង​ក្រុមគាំទ្រ​ត្រកូល Shiawatra។

    ខែឧសភា ឆ្នាំ 2014 កងទ័ព​ថៃ​បានធ្វើ​រដ្ឋប្រហារ ដោយ​ប្រើ​ជ័យ​ឃោស​ន៍ «ផ្សះផ្សា​ជាតិ»។ រដ្ឋប្រហារ​នេះ​បាន​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Yingluck Shinawatra និង​ដកហូត​អំណាច​របស់លោក Thaksin Shinawatra ដែលជា​បងប្រុស​របស់​លោកស្រី Yingluck។

    ប្រទេស​អេ​ហ្ស៊ី​ប នៅ​ភាគ​ឦសាន​នៃ​ទ្វីបអាហ្វ្រិក

    ឆ្នាំ 2012 ក្រុម «បងប្អូន​មូស្លីម/ភាតរភាព​មូស្លីម» (Muslim Brotherhood) បាន​ឆ្លៀត​យក​បញ្ហា​អស្ថិរភាព​នយោបាយ​នៅ​អេ​ហ្ស៊ី​ប ក្រោយ​ប្រធានាធិបតី Hosni Mubarak ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2011 ជួយ​ឱ្យ​លោក Mohamed Morsi ឡើងកាន់​អំណាច។ ប៉ុន្តែ នៅ​ខែកក្កដា 2013 ក្រោយពី​បាតុកម្ម និង​អស្ថិរភាព​ដែល​ទាក់ទង​នឹង​ការដឹកនាំ​របស់​ក្រុម​ភាតរភាព​មូស្លីម អគ្គមេបញ្ជាការ​កងទ័ព​អេ​ហ្ស៊ី​ប ឧត្ដមសេនីយ៍ Abdel Fattah al-Sisi បានធ្វើ​រដ្ឋប្រហារ​​យោធា​ ទម្លាក់​ប្រធានាធិបតី Mohamed Morsi។ ក្រុម​ភាតរភាព​មូស្លីម ក្រោយមក​ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​ភេរវកម្ម។

    សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (Central African Republic)

    ថ្ងៃទី 24 មីនា 2013 សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​នយោបាយ​នៅពេល​កងកម្លាំង Seleka ដែល​ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម បាន​ផ្ដួលរំលំ​ប្រធានាធិបតី Francois Bozize ដែលជា​អ្នក​កាន់សាសនា​គ្រិស្ត។ មេដឹកនាំ​រដ្ឋប្រហារ Michel Jotodia បាន​ឡើង​ធ្វើជា​ប្រធានាធិបតី ខណៈ Bozizet ត្រូវ​រត់​ភៀសខ្លួន​ទៅកាន់ កា​មេ​រូ​ន។

    ហ្គី​ណេ​ប៊ី​សូ (Guinea-Bissau)

    ថ្ងៃទី 12 មេសា 2012 រដ្ឋប្រហារ​បានកើត​ឡើង​នៅ​ចំ​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​ពីរ​ដើម្បី​ជ្រើសរើស​បេក្ខភាព Carlos Gomes Junior និង Kumba Iala ជិត​ចូល​មកដល់។

    កងទ័ព​ហ្គី​ណេ​ប៊ី​សូ​បាន​គ្រប់គ្រង​ប្រទេស​ស្ទើរតែ​ទាំងស្រុង។ ប្រធានាធិបតី​ស្ដីទី Raymund Pereira និង​អតីត​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខភាព​ប្រធានាធិបតី លោក Gomes Junior ក៏​ត្រូវបាន​ចាប់ខ្លួន។ ខែមេសា 2014 Jose Mario Vaz មកពី​បក្ស អាហ្វ្រិក​ដើម្បី​ឯករាជ្យ​របស់​ហ្គី​ណេ​ប៊ី​សូ​និង​កាប​វែ​រ ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​សភា៕

    ប្រភព៖ Sputnik

  • កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 3ករណី​បន្ថែមទៀត

    កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 3ករណី​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 5 កុម្ភៈ បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 3 ករណី​បន្ថែមទៀត​អំឡុង​ថ្ងៃទី 4 កុម្ភៈ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​កើន​ដល់ 470 នាក់។

    ករណី​វិជ្ជមាន​ថ្មី​ខាងលើ​គឺ​សុទ្ធតែជា​ករណី​នាំចូល រួមមាន ជនជាតិ​ឥណ្ឌា 2 នាក់ និង​ជនជាតិខ្មែរ 1នាក់។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 5 ខែកុម្ភៈ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 470 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 452 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​មាន​ចំនួន 18 នាក់៕

  • កោះ​កុង​នឹង​មាន​​ព្រលានយន្ដហោះ​​ថ្មី​ទីពីរ​ ខណៈ​ទីមួយ​​នឹង​ហោះហើរ​សាកល្បង​នៅ​ត្រីមាស​ទី​បួន ឆ្នាំ2021

    កោះ​កុង​នឹង​មាន​​ព្រលានយន្ដហោះ​​ថ្មី​ទីពីរ​ ខណៈ​ទីមួយ​​នឹង​ហោះហើរ​សាកល្បង​នៅ​ត្រីមាស​ទី​បួន ឆ្នាំ2021

    នៅ​ចុងឆ្នាំ 2021 នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរការ​ជើងហោះហើរ​សាកល្បង​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​ដែល​ស្ថិតនៅក្នុង​តំបន់​តារា​សាគរ ក្នុងស្រុក​បទុម​សាគរ​នៃ​ខេត្តកោះកុង ដែល​នេះ​គឺ​ប្រសាសន៍​របស់​អភិបាលរង​ខេត្តកោះកុង។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី 4 កុម្ភៈ​នេះ អភិបាលរង​ខេត្តកោះកុង លោក សុខ សុ​ទ្ធី បានឱ្យដឹងថា ផ្លូវ​រត់​សម្រាប់​យន្តហោះ​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅឡើយ​តែ​ការបំពាក់​ភ្លើង​សញ្ញា​ប៉ុណ្ណោះ។

    ទាក់ទង​នឹង​ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​តារា​សាគរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Union Development Group របស់​ចិន ជាមួយនឹង​ទំហំ​ទឹកប្រាក់ 150 លាន​ដុល្លារ​នេះ លោក​អភិបាលរង​ខេត្តកោះកុង បាន​សង្កត់ធ្ងន់ថា៖ «នឹងត្រូវ​ពន្យារពេល​រហូតដល់​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ 2021 នេះ» ដោយសារតែ​បញ្ហា​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។

    អាកាសយានដ្ឋាន​តារា​សារ​គរ​នេះ មិនមែនជា​ព្រលានយន្តហោះ​ថ្មី​តែមួយ​នៅ​ខេត្តកោះកុង​នោះទេ អភិបាលរង​ខេត្តកោះកុង បាន​បង្ហើប​ឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​មួយ​ផ្សេងទៀត​ដែល​អាច​នឹងត្រូវ​សាងសង់​នៅត្រង់​ព្រំប្រទល់​នៃ​ស្រុក​កោះកុង និង​ស្រុក​មណ្ឌលសីមា ក៏​កំពុង​ត្រូវបាន​សិក្សា​លម្អិត​ផងដែរ៕

  • ទារក​អាយុ 8ខែ​ម្នាក់ នៅ​វៀតណាម ឆ្លង Covid-19

    ទារក​អាយុ 8ខែ​ម្នាក់ នៅ​វៀតណាម ឆ្លង Covid-19

    ក្រោយពី​ត្រូវបាន​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះតែ​ជាប់ទាក់ទង​នឹង​ករណី​ឆ្លង Covid-19 នៅ​ខេត្ត Hai Duong ទារិកា​អាយុ 8 ខែ​ម្នា​ក់នៅ​ខេត្ត Binh Duong ជាប់​ព្រំប្រទល់​នឹង​ក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​វេជ្ជបណ្ឌិត Nguyen Hong Chuong ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត Binh Duong ឱ្យដឹង កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ។

    យ៉ាងនេះ​ក្ដី ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​បញ្ជាក់ថា ដោយសារតែ​ទារិកា​នេះ​ត្រូវបាន​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាំងតែ​ពីដំបូង ដូច្នេះ លទ្ធភាព​នៃ​ការចម្លង​វីរុស​ទៅ​អ្នកដទៃ​គឺ​មិនមាន​នោះទេ។

    គិត​មកដល់​ថ្ងៃទី 4 កុម្ភៈ​នេះ ប្រទេស​វៀតណាម​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,948 នាក់ ក្នុងនោះ​មាន 449 នាក់​កំពុង​ព្យាបាល និង 1,461 បានជា​សះស្បើយ ខណៈ 35 នាក់​បាន​បាត់​បង់ជីវិត៕