Author: សឿន សំណាង

  • Covid-19! កូរ៉េខាងត្បូង បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការដើរ​ហើរ

    Covid-19! កូរ៉េខាងត្បូង បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការដើរ​ហើរ

    ប្រទេស​កូរ៉េខាងត្បូង នា​ថ្ងៃនេះ​បានចាប់ផ្ដើម​បន្ធូរបន្ថយ​លើ​ការកំណត់​មួយចំនួន​ដោយសារ Covid-19 នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ប៉ុន្តែ នៅតែ​រឹតបន្តឹង​លើ​ការជួបជុំ​លក្ខណ​ឯកជន។

    ឥរិយាបថ​បែបនេះ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (KDCA) បាន​រាយការណ៍​ថា តួលេខ​អ្នក​ឆ្លង​ថ្មី​បាន​ថយចុះ​ពី 400 ករណី​មុន​ចូលឆ្នាំ​ចិន មក​នៅត្រឹម 344 ករណី គិត​ត្រឹម​ពាក់កណ្ដាល​យប់​នៃ​ថ្ងៃទី 14 កុម្ភៈ។

    យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Kwon Deok-cheol បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈដែល​សម្បុក​វីរុស​នៅ​រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ក្បែរ​ខាង​មិនទាន់​ត្រូវបាន​គ្រប់គ្រង។

    គោលនយោបាយ​បន្ធូរបន្ថយ​ខាងលើនេះ ត្រូវធ្វើឡើង​នៅ Sudogwon ដែលមាន​តំបន់​ក្រុង​ចំនួន​ពីរ រួមមាន សេ​អ៊ូ​ល និង Incheon រួម​នឹង​បណ្ដា​ទីក្រុង​រណប​មួយចំនួនទៀត នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 15 នេះ​តទៅ។ ម៉ោង​ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​បំរាម​គោចរ​សម្រាប់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ត្រូវបាន​ប្ដូរ​ពី​ម៉ោង 21យប់ ទៅ​ម៉ោង 22យប់។ បារ និង​ក្លឹប​រាត្រី​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ត្រូវគោរព​ទៅតាម​ម៉ោង​ដែល​ត្រូវ​ហាមឃាត់ គឺ​ម៉ោង 10 យប់ ចំណែក​ចំនួន​ភ្ញៀវ​ក៏ត្រូវ​បានកំណត់។ បំរាម​គោចរ​ត្រូវបាន​លើកលែង​ចំពោះ​រោងកុន ហាង​អ៊ី​ន​ធើ​ណិ​ត មជ្ឈមណ្ឌល​បង្រៀន​លើ​ការត្រៀម​ប្រលង ឧទ្យាន​កំសាន្ត ផ្សារ​ទំនើបធំៗ និង​ហាង​ធ្វើ​សក់។

    នៅ​ខាងក្រៅ Sudogwon អាជីវកម្ម​ទាំងឡាយ​មិនត្រូវ​បាន​បង្ខំ​ឱ្យធ្វើតាម​បំរាម​គោចរ​នោះទេ។ ចំនួន​អ្នក​មកកាន់​វិហារ និង​អ្នកចូលរួម​ព្រឹត្តិការណ៍​កីឡា​នៅតែ​ត្រូវបាន​រឹតបន្តឹង ប៉ុន្តែ ការកំណត់​ត្រូវបាន​បន្ធូរបន្ថយ។ ចំណែក​ការហាម​មិនឱ្យ​ជួបជុំ​ក្នុងផ្ទះ​លើសពី 4 នាក់ នៅតែ​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស​ដដែល។

    គិត​មកដល់​បច្ចុប្បន្ន កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 83,869 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,527 នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង 73,000 នាក់ ខណៈ​អ្នក​កំពុង​វិជ្ជមាន មាន​ចំនួន 8,548នាក់៕

    ប្រភព៖ Reuters

  • យាន​រុករក​របស់​ចិន ប្រទះឃើញ​បង្គោល​ថ្ម​ចម្លែក​នៅលើ​ឋាន​ព្រះ​ចន្ទ

    យាន​រុករក​របស់​ចិន ប្រទះឃើញ​បង្គោល​ថ្ម​ចម្លែក​នៅលើ​ឋាន​ព្រះ​ចន្ទ

    យាន​រុករក​របស់​ចិន ឈ្មោះ Yutu-2 ឬ Jade Rabbit បាន​ដំណើរការ​ជាថ្មី និង​ថត​បាន​បង្គោល​ថ្ម​ចម្លែក​មួយ​នៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ច​ន្ត។

    យាន​ចុះចត Chang’e 4 និង​រ៉ូ​បូត​រុករក Yutu-2 បាន «ភ្ញាក់​ដឹងខ្លួន» ឡើងវិញ នៅ​ថ្ងៃទី 6 កុម្ភៈ ក្រោយពី​បាន «ដេកលក់» នៅក្នុង​រដូវ​ត្រជាក់ និង​បាន​បញ្ជូន​រូបភាពថ្មីៗមកកាន់​ផែនដី ក្នុង​នោះគេ​ឃើញ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ដុំថ្ម​ចម្លែក​មួយ​ដែលមាន​រាង​ស្រដៀង​នឹង​បង្គោល​មួយ​ត្រូវបាន​បោះ​នៅ​ផ្នែក​ងងឹត​របស់​ព្រះ​ចន្ទ។

    នៅក្នុង​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​ដោយ​ទំព័រ Our Space ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​និយាយថា បង្គោល​ថ្ម​នេះ​គួរតែ​ត្រូវបាន​ពិនិត្យ​ឱ្យមាន​លម្អិត​ជាង​នេះ។

    ក្រុម​អ្នកគ្រប់គ្រង​យាន បានរៀបចំ​ផែនការ​ដើម្បី​បញ្ជា​ឱ្យ​យាន Yutu-2 ចូលទៅ​ក្បែរ​ដុំថ្ម​ខាងលើ និង​ធ្វើ​ការវិភាគ​ដោយ​ប្រើ​បច្ចេកវិទ្យា VNIS ដែល​បំពាក់​នៅលើ​យាន។ មុននេះ VNIS ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​ទៅលើ​សំណាក​ថ្ម និង​ថ្មកំបោរ​នៅតាម​បណ្ដោយ​ផ្លូវ​ដែល​រ៉ូ​បូត​ដើរកាត់​តាម​រណ្ដៅ Von Karman។

    យាន​រុក​រក​ Yutu-2 របស់​ចិន​ នៅ​លើ​ឋាន​ព្រះចន្ទ

    អ្នកស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ Dan Moriarty មកពី​មជ្ឈមណ្ឌល​អវកាស Goddard របស់​អង្គការ NASA ប្រចាំ​តំបន់ Greenbelt រដ្ឋ Maryland បាន​និយាយថា «បង្គោល​ថ្ម​នេះ ដូច​ទៅនឹង​បំណែក​អ្វីមួយ​ដែល​លយ​ចេញពី​ដី។ ប្រការនេះ​ប្រាកដ​ជាមាន​អ្វី​មិនធម្មតា»។

    អ្នកវិទ្យាសាស្ត្រ​ខាងលើ​បកស្រាយ​ថា ឥទ្ធិពលដដែលៗដែល​កើតឡើង​ដោយសារ​វដ្ដ​នៃ​សីតុណ្ហភាព និង​បាតុភូត​រំលីង​នៅលើ​ផ្ទៃ​របស់​ព្រះ​ចន្ទ តែងតែ​ធ្វើឱ្យ​ដុំថ្ម​នានា​ត្រូវ​ប្រេះ​បែក និង​រំលីង​ពួកវា​ជា​រាងមូល។ បង្គោល​ថ្ម​ថ្មី​ដែល​ទើបត្រូវ​បាន​រកឃើញ​នេះ អាចជា​លទ្ធផល​នៃ​ការធ្លាក់​អាចម៍ផ្កាយ​នៅក្បែរនោះ​ដោយ​មិនបាន​ឆ្លងកាត់​ដំណាក់កាល​ខាងលើ។

    ក្រុម​អ្នក​វ​វិទ្យាសាស្ត្រ​សង្ឃឹមថា ទិន្នន័យ​ដែល​បានមកពី VNIS នៅក្នុង​ការស្រាវជ្រាវ​បន្ទាប់​នឹង​ផ្ដល់​ចម្លើយ​បាន​លម្អិត​ជាង​បច្ចុប្បន្ន ដែល​អនុញ្ញាត​ឱ្យគេ​ដឹងបាន​ថា បង្គោល​ថ្ម​នោះ ធ្លាក់​ពី​ទី​អវកាស ឬ​យ៉ាងណា៕

    ប្រភព៖ Space

  • រាសី​ពិភពលោក​ក្នុង​ឆ្នាំឆ្លូវ ហោរា​ល្បីល្បាញ​ហុងកុង ទាយ​ថា លោក ស៊ី ជីន​ភីង ហេង ខណៈ​លោក​បៃ​ដិ​ន នឿយ…

    រាសី​ពិភពលោក​ក្នុង​ឆ្នាំឆ្លូវ ហោរា​ល្បីល្បាញ​ហុងកុង ទាយ​ថា លោក ស៊ី ជីន​ភីង ហេង ខណៈ​លោក​បៃ​ដិ​ន នឿយ…

    សារព័ត៌មាន សៅ ឆាយ​ណា ម៉​រ​នី​ង ផូ​ស្ត បាន​រាយការណ៍ ពី​ការ​ទស្សន៍ទាយ​ជោគជតារាសី របស់​មេដឹកនាំ​ពិភពលោក ដោយ​ហោរា​ល្បីឈ្មោះ​ជនជាតិ​ហុងកុង ស្វាគមន៍​ឆ្នាំឆ្លូវ ដែល​ទើបតែ​ចាប់​ផ្ដើមឡើង តាម​ឆ្នាំ​តារានិករ​របស់​ចិន ដែល​ក្នុង​រង្វង់​ជុំនីមួយៗ នឹង​កើតឡើង ៥ដង ក្នុង​ជុំ ៦០ឆ្នាំ និង​ក្នុង​ជុំនីមួយៗ នឹង​ចេញមក​ព្រមជាមួយ​ធាតុផ្សេងៗ ដូចជា ឈើ ភ្លើង ដី មាស(លោហៈ) និង​ទឹក។

    សត្វ​ប្រចាំឆ្នាំ​តារានិករ នឹងមាន​លក្ខណៈពិសេស​ដោយឡែក ដែល​ហុច​ផល​ទៅដល់​អ្នក​ដែល​កើត​ឆ្នាំ​នោះ រួមទាំង​អ្នក​ដែល​មិន​បានកើត​ក្នុង​ឆ្នាំ​តារានិករ​នោះ​ផងដែរ។

    សម្រាប់​ឆ្នាំឆ្លូវ ក្នុងឆ្នាំនេះ មាន​ភាពលេច​ធ្លោ​ក្នុង​រឿង​ភាព​ឧស្សាហ៍​ព្យាយាម ស្មោះត្រង់ និង​កម្លាំង​ថាមពល។

    ចាប់ផ្ដើម​ពី​មេដឹកនាំ​របស់​ទីក្រុង​ហុងកុង…ឆ្នាំនេះ នឹង​ក្លាយជា​ឆ្នាំ​ដែល​ល្អ​មួយ របស់លោក​ស្រី ឃែ​រី ឡាំ អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង បើទោះជា​កូ​វីដ-១៩ រាតត្បាត​ខ្លាំងក្លា និង​វិបត្តិ​សេដ្ឋកិច្ច​វាយលុក​ខ្លាំង​ក៏ដោយ។

    អ្នកស្រី ឆ​យ អ៊ីង វ៉ា សាស្ត្រាចារ្យ​ផ្នែក​ហោរាសាស្ត្រ​ហុងកុង បាន​ទស្សន៍ទាយ​ថា នឹងមាន​រឿងរ៉ាវល្អៗ កើតឡើង​ចំពោះ​លោកស្រី​ឡាំ ដែល​កើត​ក្នុង​ឆ្នាំ១៩៥៧ ត្រូវ​នឹង​ឆ្នាំរកា (មាន់) ព្រោះ​មាន់ ជា​សត្វ​ដែល​អាច​ទៅ​ជាមួយគ្នា បានល្អ​ជាមួយ​គោ(ឆ្លូវ) ដែលជា​រួម​ទៅ ឆ្នាំឆ្លូវ នឹង​ល្អ​ចំពោះ​អ្នក​ដែល​កើត​ឆ្នាំរកា។

    មេដឹក​នាំ​ហុង​កុង​ លោក​ស្រី ឡាំ

    លោកស្រី​ឡាំ នឹងមាន​សំណាង និង​ចេះ​រៀប​យុទ្ធសាស្ត្រ​បានល្អ​ប្រសើរ​នាពេល​អនាគត ដោយ​ការតាំង​ប្រណិធាន​ដែល​មុតមាំ​នឹងនរ នឹង​ហុច​ផល​ឱ្យ​លោកស្រី​ឡាំ ឆ្លងកាត់​ឧបសគ្គ និង​ការសាកល្បងផ្សេងៗទៅបាន ទោះ​ជាមាន​បន្ទុក​ធំ ឱ្យ​ចាត់ការ​ក្ដី តែ​ក៏​នឹង​កែខៃ ដោះស្រាយបាន​ដោយ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បានដែរ។

    ចំណែក​លោក រេ​យ៍​ម៉ុ​ន ឡូ បរមគ្រូ​ហុងស៊ុយ វិញ បាន​ព្យាករ​ថា លោកស្រី​ឡាំ នឹងមាន​ឱកាស​មាស ក្នុងឋានៈ​ជា​មន្ត្រី​របស់​រដ្ឋ រហូតដល់​ឆ្នាំ​ខាងមុខ តែ​មិនបាន​ទស្សន៍ទាយ​ថា តើ​លោកស្រី​ឡាំ នឹង​បាន​គ្រង​តំណែង ជា​អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង ១អាណត្តិ​ទៀត​ដែរឬទេ? ឬ​លោកស្រី​ឡាំ នឹង​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​ក្នុង​ឆ្នាំក្រោយ ឬ​យ៉ាងណា​នោះទេ?

    អ្នកស្រី ឆ​យ អ៊ីង វ៉ា-លោក រេ​យ៍​ម៉ុ​ន ឡូ-អ្នកស្រី យុន វឹ​ន ស៊ី

    អូឡាំពិក ឫក្ស​មិនល្អ ឯ​តៃវ៉ាន់ គួរឱ្យ​បារម្ភ

    ចំណែក​អ្នកស្រី យុន វឹ​ន ស៊ី អ្នកជំនាញការ​ខាង​សាស្ត្រា ឈី មឹន ទុន ចៀ អាស្រ័យ​លើ​ការ​តាម​សង្កេតមើល​សកម្មភាព​ខាង​កម្លាំង​ថាមពល បាន​ដាស់តឿន​ថា សម្ព័ន្ធភាព​រវាង​ចិន-ជប៉ុន នឹង​តានតឹង ក្នុងអំឡុង​ពាក់កណ្ដាល​ចុងក្រោយ​នៃ​ឆ្នាំនេះ ពាក់ព័ន្ធ​នឹង​បណ្ដុំ​កោះតៀវ​យូ ឬ​ដែល​ជប៉ុន​ដាក់ឈ្មោះថា សេន​សា​គុ។

    ឯ​អ្នកស្រី ឆ​យ អ៊ីង វ៉ា បាន​ទស្សន៍ទាយ​បន្ថែម អំពី​ឧបសគ្គ​របស់​ប្រទេស​ជប៉ុន​ថា អូឡាំពិក​ហ្គេម​ស៍ ដែល​ទីក្រុង​តូ​ក្យូ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ និង​បាន​ពន្យារពេល​មក​រៀប​ចំ​ក្នុង​ពាក់កណ្ដាល​ឆ្នាំនេះ ពីថ្ងៃ​ទី១០ កក្កដា ដល់​ថ្ងៃទី៧ សីហា​នោះ ត្រូវចំ​នឹង​អំឡុង​ចង្វាក់​ឫក្ស​មិនល្អ​របស់​ឆ្នាំឆ្លូវ ហើយ​បើ​នៅតែ​អះអាងថា នឹង​រៀបចំ​ក្នុងអំឡុង​ពេលនេះ​តទៅទៀត ត្រូវតែ​ប្រយ័ត្នប្រយែង​បំផុត ទើប​ជាការ​ប្រសើរ។

    អូឡាំពិក​នៅ​ជប៉ុន កាល​ពី​ខែ​មករា​ ឆ្នាំ​2021

    ចំណែក​សម្ព័ន្ធភាព​រប​ស់​ចិន​នឹង​សហរដ្ឋអាមេរិក នឹង​នៅតែ​ស្ពឹក​ស្រពន់​ដដែល ទោះ​ជាការ​ងើបឡើង​របស់​ប្រទេស​ចិន នឹងមិន​អាច​ថយ​ត្រឡប់​ទៅវិញ​ដោយងាយៗក៏ដោយ តែ​អ្វីដែល​ត្រូវ​វិតក្ក​កង្វល់​នោះ គឺ​តៃវ៉ាន់។

    លោកគ្រូ​ហុងស៊ុយ រេ​យ៍​ម៉ុ​ន ឡូ បាន​ដាស់តឿន​ថា មាន​ថាមពល​អវិជ្ជមាន ស្ថិតនៅ​ឯជើង​មេឃ…តៃវ៉ាន់​នឹង​កើត​បញ្ហា​ស្មុគស្មាញ និង​មិនមែនជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​លោកស្រី​ប្រ​ធា​ធិបតី ឆៃ អ៊ឹង​វឹ​ន ឡើយ តែ​ក៏​មិន​ដល់​ថ្នាក់ ប្រើប្រាស់​កម្លាំងយោធា​ដែរ។

    ខុសគ្នា​នឹង​លោក ស៊ី ជីន​ភីង អ្នក​កើត​ឆ្នាំរោង ក្រោយពី​ទើបបាន​ជួបនឹង​ការប៉ះទង្គិច ក្នុង​ឆ្នាំជូត​កន្លងមកថ្មីៗ ឆ្នាំឆ្លូវ​នេះ ការប៉ះទង្គិច​នឹង​ស្រាកស្រាន្ត។ ប្រទេស​ចិន នឹងមាន​ស្ថិរភាព និង​ភាពមានបាន​ខាង​សេដ្ឋកិច្ច និង​ស្ថានភាព​លើ​វេទិកា​ពិភពលោក។

    ចំណែក​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​កើត​ឆ្នាំមមែ វិញ នឹង​បាន​ជួបនឹង​ឆ្នាំ​ដែល​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំងក្លា ទម្រាំ​នឹង​បាន​ធូរស្រាល ក៏ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំខាល ក្នុង​ឆ្នាំ២០២២ ឯណោះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • Bitcoin ឡើងថ្លៃ​​ជិត​ 50,000​ដុល្លារ​/​Bitcoin​ បន្ទាប់​ពី​សកម្មភាព​ថ្មី​មួយចំនួន​នៅ Wall Street

    Bitcoin ឡើងថ្លៃ​​ជិត​ 50,000​ដុល្លារ​/​Bitcoin​ បន្ទាប់​ពី​សកម្មភាព​ថ្មី​មួយចំនួន​នៅ Wall Street

    សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា មូលនិធិ​វិនិយោគ​តម្លៃ 150 ពាន់​លាន​ដុល្លារ​របស់​ធនាគារ Morgan Stanley កំពុង​ពិចារណា​លើ​ការបណ្ដាក់ទុន​ទៅលើ Bitcoin ដែល​នេះ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឱ្យ Bitcoin ឡើងថ្លៃ​កប់​ពពក។

    ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិចត្រូនិក Bitcoin ទើបតែ​បង្កើតបាន​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត ដោយ​តម្លៃ​របស់​វា​ឡើងដល់ 49,000 ដុល្លារ​ក្នុង​មួយ Bitcoin ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

    តម្លៃ​របស់​ប្រាក់​ឌីជីថល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​នេះ បាន​ហក់​ឡើងដល់ 49,433 ដុល្លារ​ក្នុង​មួយ Bitcoin ប៉ុន្តែ​ក្រោយមក​ក៏បាន​ធ្លាក់​មក​នៅត្រឹម 49,202 ដុល្លារ​នៅវេលា​ម៉ោង10 និង 20នាទី​ព្រឹក នៅ​ទីក្រុង​ឡុង​ដ៍។ ជា​សរុប តម្លៃ​របស់ Bitcoin បាន​កើនឡើង​ប្រមាណ 70% រាប់​ចាប់ពី​ដើមឆ្នាំ 2021។ គូប្រជែង​របស់ Bitcoin គឺ​ប្រាក់​អេឡិចត្រូនិក Ether ក៏បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ខ្លួន និង​បាន​ឡើងថ្លៃ​ប្រហែល 150% ចាប់តាំងពី​ដើមឆ្នាំ។

    ក្នុងអំឡុង​ច្រើន​ខែ​កន្លងទៅ ប្រាក់ Bitcoin ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អ្នកវិនិយោគ​ជាច្រើន​ដូចជា Paul Tudor Jones និង Stan Druckenmiller ជាដើម។ ថ្មីៗនេះ Bloomberg បាន​ចុះផ្សាយ​ថា មូលនិធិ​វិនិយោគ​តម្លៃ 150 ពាន់​លាន​ដុល្លារ​របស់​ធនាគារ Morgon Stanley កំពុងតែ​ពិចារណា​លើ​ការ​បោះទុន​ទៅក្នុង​ប្រាក់ Bitcoin ខណៈ​កាលពី​សប្ដាហ៍​មុន ធនាគារ BNY Mellon ក៏បាន​ឱ្យដឹងថា កំពុងតែ​រៀបចំ​គម្រោង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន​ជួញដូរ​ដោយ​ប្រាក់​ឌីជីថល​ផងដែរ។ បន្ទាប់មកទៀត ក៏មាន​ដំណឹង​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បណ្ដាក់ទុន​ប្រមាណ 1.5 ពាន់​លាន​ដុល្លារ​អាមេរិក​ទៅក្នុង Bitcoin៕

    ប្រភព៖ Bloomberg

  • មី​យ៉ាន​ម៉ា​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់ពង្រាយ​រថពាសដែក​នៅ​ទីក្រុងធំៗ ក្រោយ​រដ្ឋប្រហារ​យោធា

    មី​យ៉ាន​ម៉ា​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់ពង្រាយ​រថពាសដែក​នៅ​ទីក្រុងធំៗ ក្រោយ​រដ្ឋប្រហារ​យោធា

    កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​បាននិងកំពុង​ដាក់ពង្រាយ​រថពាសដែក​ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ​នៅក្នុង​បណ្ដា​ទីក្រុងធំៗ ព្រមទាំង​បាន​កាត់ផ្ដាច់​សេវា​អ៊ី​ន​ធើ​ណិ​តតាំង​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 15 កុម្ភៈ​នេះ។

    អ្នកប្រើប្រាស់​សេវាកម្ម​ទូរគមនាគមន៍​នៃ​ក្រុមហ៊ុន​ទាំង 4 របស់​មី​យ៉ាន​ម៉ា មិនអាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​ចាប់ពី​វេលា​ម៉ោង 1 ទៀបភ្លឺ​នៃ​ថ្ងៃទី 15 កុម្ភៈ (ប្រហែល​ម៉ោង 1និង30នាទី​នៅ​ភ្នំពេញ)។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការធ្វើ​រដ្ឋប្រហារ អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​នេះ​ក៏​ត្រូវបាន​កាត់ផ្ដាច់​នៅ​ទូទាំង​ពិភពលោក។

    Alex Warofka ប្រធាន​ផ្នែក​គោលនយោបាយ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​ប្រចាំ Facebook បាន​និយាយថា អ៊ី​ន​ធើ​ណិ​ត​អាច​ត្រូវបាន​ផ្ដាច់​រហូតដល់​ម៉ោង 9 ព្រឹក​នេះ (ម៉ោង 9និង30នាទី​ព្រឹក​នៅ​ភ្នំពេញ)។

    កាលពី​យប់​ថ្ងៃទី 14 កន្លងទៅ បាតុកម្ម​ទី 9 ត្រូវបាន​ធ្វើឡើង​នៅ​មី​យ៉ាន​ម៉ា ទន្ទឹមនឹងនេះ គេ​ក៏​ឃើញ​មាន​រថពាសដែក​ជាច្រើន​គ្រឿង​បង្ហាញ​វត្ត​មាននៅ​ទីក្រុង Yangon, Myitkyina និង​ទីក្រុង Sittwe។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រថពាសដែក​ត្រូវបាន​ដាក់ពង្រាយ​ទ្រង់ទ្រាយ​ធំ​បែបនេះ រាប់​ចាប់ពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី 1 កុម្ភៈ។ ក្នុង​ថ្ងៃ​ម្សិលមិញ កងកម្លាំង​សន្តិសុខ​មី​យ៉ាន​ម៉ា​ក៏បាន​ផ្ទុះអាវុធ​ដើម្បី​រំសាយ​បាតុកម្ម​នៅ​ខាងក្រៅ​រោងចក្រ​មួយ​នៅ​ទីក្រុង Myitkyina ប៉ុន្តែ​មិនបាន​ដឹង​ច្បាស់​ថា ពួកគេ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត ឬ​ជ័រ​នោះទេ។ សារព័ត៌មាន 74 Media បានចេញ​ផ្សាយ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកកាសែត​ចំនួន 5 នាក់ ក្រោយ​ការផ្ទុះអាវុធ។

    ថ្ងៃទី 15 កុម្ភៈ​នេះ រថយន្ត​ដឹក​ប៉ូលិស​ជាង 10 គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន 4 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​វត្ត Sule ក្នុង​ទីក្រុង Yangon ដែលជា​ទីតាំង​មាន​បាតុកម្ម​ដ៏​ធំ​មួយ។

    កាលពី​ថ្ងៃទី 14 កុម្ភៈ ស្ថានទូត​របស់​បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ​មានដូចជា សហភាព​អឺរ៉ុប អង់គ្លេស កាណាដា និង​ប្រទេស​ចំនួន 11 ផ្សេងទៀត បានចេញ​សេចក្ដីប្រកាស អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ «គ្រប់គ្រង​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមបាតុករ និង​ជន​ស៊ីវិល ដែល​កំពុងតែ​ជំទាស់​នឹង​ការផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ពួកគេ»។

    ចំណែក​អង្គការសហប្រជាជាតិ​ក៏បាន​ចេញ​សេចក្ដីអំពាវនាវ​ដូចគ្នានេះដែរ ទន្ទឹមនឹង​ការស្នើ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា «អនុញ្ញាត​ជាបន្ទាន់» ឱ្យ​អ្នកការទូត​ស្វី​ស Christine Schraner Burgener ចូលមកក្នុង​ប្រទេស​នេះ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍។

    កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi ដែលជា​មេដឹកនាំ​ជាក់ស្ដែង​របស់​ប្រទេស​នេះ រួម​នឹង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ប្រទេស​នេះ​ជាច្រើនរូប​ទៀត ដោយ​ចោទប្រកាន់ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ រដ្ឋប្រហារ​នេះ​បាន​នាំឱ្យមាន​បាតុកម្មធំៗជាច្រើន​កើត​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ក្រុម​ពលករ​ផងដែរ៕

    ប្រភព៖ AFP

  • ព័ត៌មាន​អំពី​តួលេខ Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 14កុម្ភៈ

    ព័ត៌មាន​អំពី​តួលេខ Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 14កុម្ភៈ

    ក្រសួងសុខាភិបាល​បានឱ្យដឹងថា ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​មិនមាន​ករណី​ឆ្លង Covid-19 ថ្មី​នោះទេ ប៉ុន្តែ ពិភពលោក​រកឃើញ​ជាង 369,240 នាក់​បន្ថែមទៀត។

    កម្ពុជា នៅ​ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021 នេះ បាន​រាយការណ៍​ថា អ្នកជំងឺ Covid-19 ចំនួន 3 នាក់ បានជា​សះស្បើយ ខណៈ​ករណី​ឆ្លង​ថ្មី​មិនត្រូវ​បាន​រកឃើញ​នោះទេ។ ព័ត៌មាន​បន្ថែម​អំពី​ករណី​ជាសះស្បើយ សូម​បន្ត​អាន​របាយការណ​ណ៍​រប​ស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    គិត​មកដល់​ថ្ងៃទី 14 កុម្ភៈ​នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 469 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 10 នាក់។

    នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 បាន​កើន​ដល់ 109,086,929 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,404,041 នាក់ និង​ជាសះស្បើយ​ចំនួន 81,110,385 នាក់។ អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​មាន​ចំនួន 25,422,223 នាក់ ក្នុងនោះ​ក៏មាន 98,684 (0.4%) កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

  • លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​អ៊ីតាលី! 23នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន

    លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​អ៊ីតាលី! 23នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន

    កងទ័ពជើងទឹក​នៃ​ប្រទេស​ទុយ​នី​ស៊ី កាលពី​ថ្ងៃទី 13 កុម្ភៈ បានឱ្យដឹងថា ជនភៀសខ្លួន​ម្នាក់​បាន​ស្លាប់ និង 22 នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ក្រោយពី​កប៉ាល់​ដែល​ដឹក​ពួកគេ​ត្រូវ​លិច​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ លើ​លម្ហ​សមុទ្រ​ក្បែរ​កោះ Lampedusa នៃ​ប្រទេស​អ៊ីតាលី។

    កងកម្លាំង​ល្បាត​សមុទ្រ​ទុយ​នី​ស៊ី សង្គ្រោះ​មនុស្ស​បាន 25 នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 6នាក់​ផងដែរ។ ប៉ុន្តែ អាកាសធាតុ​មិន​អំណោយផល​បាន​រំខាន​ដល់​សកម្មភាព​ជួយសង្គ្រោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​កើតហេតុ ចម្ងាយ​ប្រហែល 100 គីឡូ​ម៉ែត្រ​ទៅ​ទិស​ពាយព្យ​នៃ​កោះ Lampedusa។

    ក្រុម​ជនភៀសខ្លួន​បានឱ្យដឹងថា នៅលើ​កប៉ាល់​ដែល​ជួប​គ្រោះថ្នាក់ មាន​មនុស្ស​ចំនួន 48 នាក់។ ពួកគេ​ចេញដំណើរ​កាលពី​ថ្ងៃទី 12 កុម្ភៈ ពី​តំបន់ Sidi Mansour នៃ​ខេត្ត Sfax របស់​ប្រទេស​ទុយ​នី​ស៊ី។

    ប្រទេស​ទុយ​នី​ស៊ី ដែលមាន​ចម្ងាយ​ពី​ទ្វីបអឺរ៉ុប​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ តាំងពី​យូរ​មកហើយ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ចេញដំណើរ​ដ៏​ល្អ​សម្រាប់​ក្រុម​ជន​ចំណាកស្រុក​ខុសច្បាប់​ដែលមាន​បំណង​ទៅកាន់​ទ្វីបអឺរ៉ុប។ យោងតាម​អង្គភាព​គ្រប់គ្រង​ព្រំដែន​របស់​សហភាព​អឺរ៉ុប (Frontex) តួលេខ​ជន​ចំណាកស្រុក​ពី​ទុយ​នី​ស៊ី​ដែល​ឆ្លងកាត់​សមុទ្រ​ចូលមក​ទ្វីប​នេះ បាន​កើនឡើង​ជាថ្មី​ក្នុង​ឆ្នាំ 2020៕

    ប្រភព៖ Alarabiya

  • រកឃើញ​អង្គ​ប​ដិ​ប្រាណ​អាច​ទប់ស្កាត់ Covid-19 នៅលើ​សត្វ​ប្រចៀវ​ក្នុងប្រទេស​ថៃ

    រកឃើញ​អង្គ​ប​ដិ​ប្រាណ​អាច​ទប់ស្កាត់ Covid-19 នៅលើ​សត្វ​ប្រចៀវ​ក្នុងប្រទេស​ថៃ

    ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​វីរុស​កូ​រ៉ូ​ណា​ដែល​ដូច​ទៅនឹង Covid-19 រហូតដល់ 91.5% នៅលើ​សត្វ​ប្រចៀវ​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ ជាមួយនឹង​អង្គ​ប​ដិ​ប្រាណ​ដែលមាន​សមត្ថភាព​ទប់​ស្កាត់​ការឆ្លង​វីរុស Covid-19។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Wang Linfa នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Duke នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ប្រភេទ​សត្វ​ប្រចៀវ និង​សត្វ​ពង្រូល ដោយសារ​សត្វ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​វីរុស Covid-19 នាពេល​កន្លង។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​វីរុស​កូ​រ៉ូ​ណាមួយ​ប្រភេទ​ដែលមាន​ឈ្មោះថា RacCS203 នៅលើ​សត្វ​ប្រចៀវ​ក្រចក​ជើងសេះ (Horseshoe bat) នៅក្នុង​រូងភ្នំ​សិប្បនិម្មិត​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ មាន​ប្រព័ន្ធ​ហ្សែ​ន​ដូច Covid-19 ដល់​ទៅ 91.5%។

    វីរុស RacCS203 ក៏​ជា​សែស្រឡាយ​ជិត​ជាមួយនឹង RmYN02 ដែលជា​វីរុស​កូ​រ៉ូ​ណា​មាន​នៅលើ​សត្វ​ប្រចៀវ​ក្នុង​រូងភ្នំ​នៅ​ខេត្ត Yunnan ភាគ​និរតី​ប្រទេស​ចិន។ សាស្ត្រាចារ្យ Wang និយាយថា វីរុស​នានា​នៅលើ​សត្វ​ប្រចៀវ​នៅក្នុង​ប្រទេស​ថៃ និង​ចិន មាន​តួនាទី​ដូច «ច្បាប់​ចម្លង​ដ៏​ពេញលេញ អាច​រួមផ្សំ​ជាមួយនឹង​វីរុសផ្សេងៗឡើងវិញ និង​អាចមាន​វិវឌ្ឍន៍​ទៅជា​មេរោគ​ថ្មី»។

    ការរកឃើញ​នេះ បាន​នាំមក​នូវ​តម្រុយ​បន្ថែម​សម្រាប់​ការស្វែងរក​ប្រភព​ពិត​របស់​វីរុស Covid-19។ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ឃើញថា ប្រភេទ​វីរុស​កូ​រ៉ូ​ណា​ដែលមាន​ហ្សែ​ន​ដូច​ទៅនឹង Covid-19 នៅលើ​សត្វ​ប្រចៀវ​គឺមាន​វត្តមាន​នៅក្នុង​ប្រទេស និង​ដែនដី​ជាច្រើន​នៅ​ពាសពេញ​ទ្វីបអាស៊ី រួមមាន ប្រទេស​ចិន ជប៉ុន និង​ប្រទេស​ថៃ។ ព័ត៌មាន​ទាំងនេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី Nature Communications កាលពី​ថ្ងៃទី 9 កុម្ភៈ ឆ្នាំ 2021៕

    ប្រភព៖ BBC

  • Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 13កុម្ភៈ 2021

    Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 13កុម្ភៈ 2021

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ខណៈ​ពិភពលោក​មាន​ដល់​ទៅ​ជាង 108,702,000 នាក់។

    នា​ព្រឹក​ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​ប្រកាសថា មិនមាន​ករណី​វិជ្ជមាន​នឹង​វ​វីរុស Covid-19 នោះទេ នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ប៉ុន្តែ​មាន​ករណី​ជាសះស្បើយ​ចំនួន 3 នាក់ ដែលជា​ករណី​នាំចូល។

    គិត​មកដល់​ព្រឹក​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 466 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 13 នាក់។

    នៅ​ទូទាំង​ពិ​ភ​លោក ករណី​វិជ្ជមាន​សរុប​ដែល​ត្រូវបាន​រកឃើញ​រហូត​មក​ដល់​បច្ចុប្បន្ន​ បាន​កើន​ដល់ 108,702,262 នាក់ ក្នុងនោះ​មាន 2,392,289 នាក់​បាន​ស្លាប់ និង 80,699,756 នាក់​បានជា​សះស្បើយ។ បច្ចុប្បន្ន​មាន​អ្នកជំងឺ 25,460,454 នាក់​កំពុង​សម្រាក​ព្យាបាល ក្នុងចំណោម​នេះដែរ មាន​អ្នកជំងឺ 99,809 នាក់ មាន​អាការ​ធ្ងន់ធ្ងរ​ដែល​អាច​បាត់បង់​ជីវិត៕

  • រញ្ជួយ​ដី​កម្លាំង 58រ៉ិ​ច​ទ័​រ នៅ​តំបន់​ព្រំដែន​របស់​តា​ហ្ស៊ី​គិ​ស្ថាន-ចិន

    រញ្ជួយ​ដី​កម្លាំង 58រ៉ិ​ច​ទ័​រ នៅ​តំបន់​ព្រំដែន​របស់​តា​ហ្ស៊ី​គិ​ស្ថាន-ចិន

    មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិសាស្ត្រ (GFZ) របស់​ប្រទេស​អាល្លឺម៉ង់ បានប្រកាសថា មាន​រញ្ជួយ​ដី​មួយ​ករណី​ដែលមាន​កម្លាំង 5.8 រ៉ិច​ទ័​រ កើតឡើង​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​តា​ហ្ស៊ី​គិ​ស្ថាន និង​តំបន់​ស៊ីន​ជាំ​ង (ចិន) កាលពី​យប់​ថ្ងៃទី 12 កុម្ភៈ (ម៉ោង​ក្នុងស្រុក)។

    យោងតាម​មជ្ឈមណ្ឌល GFZ គ្រោះធម្មជាតិ​រញ្ជួយ​ដី​នេះ ស្ថិតនៅក្នុង​ជម្រៅ​ប្រមាណ 100 គីឡូម៉ែត្រ​ក្រោយ​ដី។

    បច្ចុប្បន្ន​មិន​ទាន់​មាន​​ព័ត៌មាន​ទាក់ទង​នឹង​ការខូចខាត​ចំពោះ​ទ្រព្យសម្បត្តិ និង​មនុស្ស​ដែល​បង្កឡើង​ដោយ​ការរញ្ជួយ​ដី​នេះ​នៅឡើយ។

    ប្រភព​៖ Volcanodiscovery